ប្រវត្តិ​ខេត្ត​កំពត

តាមការស្រាវជ្រាវរបស់ខ្ញុំអំពីខេត្តខ្លះនៅក្នុងប្រទេសកម្ពុជា ខ្ញុំបានអានសៀវភៅខ្លះ ហើយនិងឯកសារខ្លះទៀត ដែលលោក ឌឿ – វ៉ាន់ បានសរសេរជូនមកក្រុមទំនៀមទម្លាប់ខ្មែរ (ពីថ្ងៃ ២២ – ៨ – ៥៣) ។ លោក ឌឿ – វ៉ាន់ ថា បានដឹងឮតាម លោក ហាស់ – ត្ដៀង អាយុ ៨៨ឆ្នាំ និងលោក ទៀប – សំរិទ្ធិ អាយុ ៨៥ឆ្នាំ និយាយប្រាប់ ។ ការធៀបអត្ថបទរបស់លោក ឌឿ – វ៉ាន់ ទៅនឹងអត្ថបទមួយជាភាសាបារាំងរបស់លោក ម៉ាដ្រូល (Madrolle) ឃើញមានកន្លែងមួយមានឈ្មោះដូចគ្នា ដូច្នេះខ្ញុំសូមជូនប្រវត្តិដូតតទៅនេះ ។

១- តាមឯកសាររបស់លោក ឌឿ វ៉ាន់ ថា ក្រុងកំពតពីដើមដុះសុទ្ធតែកូនស្មាច់ កូនផ្អាវ នៅតាមមាត់សមុទ្ទដែលជាកំពង់សម្រាប់ឲ្យអ្នកជំនួញចតទូកនិងសំពៅ ។ តក្រោយមក មានចិន យួន ចាម ទៅសង់ខ្ទមនៅជាកំប៉ូតៗទទឹងថ្ងៃ នៅតាមបណ្ដោយមាត់ព្រែកដៃសមុទ្ទដើម្បីលក់ដូររកស៊ី ។ កន្លែងដែលចាម ចិន យួន មកសង់ខ្ទមនៅ គេសង្កេតទៅឃើញជាកំប៉េតកំប៉ូត ទើបគេសន្មតហៅថា “ភូមិកំប៉ូត” ។ ចំណេរក្រោយមក ទឹកសមុទ្ទកាន់តែថយទៅៗ ទើបមានដីខ្សាច់ដុះនាឡើង ដើមឈើល៏មានដុះមកជាលំដាប់ដែរ ហើយខ្មែរ ចិន ចាម យួន ជ្វា ក៏ហ៊ានសង់ផ្ទះខ្ពស់ៗឡើង ព្រោះអាងថាបើមានខ្យល់មកបានដើមឈើគ្រាន់ការពារផ្ទះសម្បែង ។

ពេលដែលមានផ្ទះនៅហើយ អ្នកលក់ដូរធ្វើតៀមលក់បាយសម្រាប់ឲ្យឈ្មួញអម្រែកជិតឆ្ងាយ ពួកឈ្មួញតែងចូលចតទូកឬឈប់ដំណើរ ដើម្បីបរិភោគបាយនៅកន្លែងនោះ ។ ពេលក្រោយមក ពួកឈ្មួញជើងគោកទឹកឲ្យឈ្មោះផ្សារកំប៉ូតឬភូមិកំប៉ូតថា “ផ្សារកំពង់បាយ” ។ នាមបញ្ញត្តិទាំងពីរនេះប្រើច្របូកច្របល់គ្នា ខ្លះហៅថា “ផ្សារកំប៉ូត” ខ្លះហៅថា “ផ្សារកំពង់បាយ” តែក្រោយមកទៀតរហូតមកដល់សព្វថ្ងៃនេះ គេហៅថាខេត្ត “កំពត” ។

២- តាមលោកម៉ាដ្រូល (Madrolle) ថា ទីប្រជុំជននៅតាមឆ្នេរសមុទ្ទ មានដុះសុទ្ធតែដើមផ្អាវ ។ ទីប្រជុំនេះមានសង្កាត់ជាច្រើន តែកន្លែងដែលឈ្មោះថាកំពតសព្វថ្ងៃនេះ ឈ្មោះថា “កំពង់បាយ” ។

លោកម៉ាដ្រូល និងលោក ឌឿ – វ៉ាន់ ថា “កំពង់បាយ” ដូចគ្នា តែត្រង់លោក ឌឿ – វ៉ាន់ ថា ផ្សារកំប៉ូត ឃើញថាប្លែកគ្នា តែមានឃ្លាមួយ លោក ម៉ាដ្រូល ថា កំពត ប្រហែលមកពីកម្ពុជា (D’autres voient dans Kampot l’origine,ou le dérivé, du nom Kampuchea…)

ត្រង់នេះ បើតាមយោបល់ខ្ញុំថា លោក ម៉ាដ្រូល សន្និដ្ឋានថាមកពីពាក្យថា កម្ពុជា ដូចជា​សមដែរ ។ រឿងនេះខ្ញុំសូមជូនតាមអក្ខរាវិរុទ្ធថា កម្ពុជា គេអាចសរសេរទៅជាកម្ពុជរដ្ឋ ដល់គេកាត់រដ្ឋចេញទៅ នៅសល់តែ កម្ពុជ ។ ពេលដែលក្រុងកំពតកំពុងតែកកើត ខ្ញុំសន្និដ្ឋានថា មានឈ្មួញជាតិសៀមតាមសមុទ្ទមកឈប់អាស្រ័យបាយនៅត្រង់កន្លែងនោះ ។ ភាសាសៀម ពាក្យថា កម្ពុជ អាចថាកម្ពុត ដល់យូរៗដោយសេចក្ដីធ្វេសប្រហែសបាត់ស្រៈ (ុ) ទៅនៅសល់ថា កំពត ។

សរុបសេចក្ដីទៅឃើញថាលោក ឌឿ – វ៉ាន់ និយាយថា “ផ្សារកំប៉ូត” ក្លាយទៅជាកំពត ឯ លោក ម៉ាដ្រូល ថាមកពីកម្ពុជា ក្លាយទៅជាកំពត ។

ពាក្យរបស់លោក ឌឿ – វ៉ាន់ “ផ្សារកំប៉ូត” សមទៅតាម “សូរ” “កំប៉ូត” < “កំពត” ពាក្យលោក ម៉ាដ្រូល “កម្ពុជា” សមទៅតាមអក្ខរាវិរុទ្ធិ “កម្ពុជ – កម្ពុជា” > “កំពត” ។

ចំពោះរឿងនេះ សូមអ្នកអានទាំងឡាយជួយវិនិច្ឆ័យផងចុះ ។

ស្រាវជ្រាវដោយ ឌឹក គាម

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៣

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖