ល្បែងចោះប្រមាត់

ក្នុងប្រទេសកម្ពុជា អ្នកភូមិកំពង់ភ្លុក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាភូមិនៅមាត់ទន្លេសាប គេតែងលេងល្បែងម្យ៉ាង ហៅ “ល្បែងចោះប្រមាត់” ប្លែកពីស្រុក – ភូមិឯទៀត ។

ល្បែងនេះ គេលេងក្នុងរដូវវស្សា ពីថ្ងៃទី ១ រោច ខែភទ្របទ ទៅទល់នឹងថ្ងៃ ១៥ កើត ខែកត្តិក រៀងរាល់ឆ្នាំ ។

របៀបលេង ៖ មានទូកពីរ មួយសម្រាប់ដេញ សុទ្ធតែប្រុស មួយ​សម្រាប់រត់ សុទ្ធតែស្រី ទំហំនិងចំណុះទូកប្រហែលគ្នា ហើយចំណុះមានកម្រិតត្រឹម ៤ នាក់ ទៅ ១០ នាក់យ៉ាងច្រើន ។ បើមានអ្នកលេងច្រើន គេផ្គូ​ទូកជាគូៗ គឺទូកប្រុស ១ ស្រី ១ ជាមួយគូ ។

ល្បែងនេះគេលេងក្នុងទីដែលមានទឹករាក់ៗ ជម្រៅត្រឹមកឬលិចក្បាល ។ ពេលផ្ដើមលេង អ្នកលេងទាំងពីរពួក គេចុះទូកពេញៗ​ចំណុះតែរៀងខ្លួន ហើយទូកខាងប្រុសធ្វើជាអុំលេងៗ ទៅរកទូកខាងស្រីដែលជាគូនឹងទូកខ្លួន លុះខាងប្រុសអុំលេងៗទៅជិតទូកខាងស្រី ប្រុសៗស្រែកសួរថា “ចោះប្រមាត់” ស្រីៗ ។ ចួនកាលឆ្លើយថា “ចោះក៏ចោះ” ចួនកាលឆ្លើយថា “ទេ” ចួនកាលឥតឆ្លើយតប ។ ខាងប្រុសបានឮពាក្យថា ព្រមក្ដី មិនព្រមក្ដី ឬស្ងៀមក្ដី ក៏ស្រែកព្រមគ្នាថា “ដេញៗ” ។ ឮតែថាដេញប៉ុណ្ណោះ ខាងស្រីក៏អុំទូករត់ ខាងប្រុសក៏ខំអុំតាម ។ ការដេញតាមនោះ ចួនកាលក៏ទាន់ ចួនកាលក៏ទេ ស្រេចលើកម្លាំងរៀងខ្លួន បើខាងប្រុសដេញទាន់ ក៏លោតទៅតោងទាញទូកខាងស្រីឱ្យលិចហែលព្រាតព្រោង ។ ពេលនោះ ខាងស្រីគេលែងប្រកាន់ខ្លួនគេក្រមុំហើយ គេចេះតែប្រឡែងប្រឡូកគ្នាក្នុងទឹក ប្រុសៗដេញញៀចស្រីៗ ត្រាតែអស់ចិត្តអស់ថ្លើម ហត់រៀងខ្លួន ទើបគេនាំគ្នាស្ដារទូកឡើង ហើយគេនាំគ្នាអុំលេងតទៅទៀតសារជាថ្មី ។ កាលដេញទាន់គេពន្លិច គេ​​ញៀចគ្នាជាថ្មីទៀត ។ បើលេងពេលព្រឹកត្រាតែដល់ពេលបាយ បើលេងពេលយប់ត្រាតែពាក់កណ្ដាលអធ្រាត្រ ទើបខាងប្រុស គេបើកឱ្យខាងស្រីទៅផ្ទះរៀងខ្លួន ។

ល្បែងនេះ ជាទំនៀមរបស់អ្នកស្រុក ដូចមានឈ្មោះខាងលើ គេលេងដោយស្មោះត្រង់ ឥតមានប្រកាន់ថាខុសត្រូវអ្វីឡើយ គិតតែពីនាំគ្នារីករាយ សប្បាយជាកម្សាន្តម្យ៉ាងប៉ុណ្ណោះ ។

ល្បែងនេះរាប់ចូលក្នុងកីឡាហាត់ប្រាណ ឱ្យរាងកាយឡើងសាច់ដុំ មានសុខភាពបរិបូណ៌ ។

តាមឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ

ទំនៀមទម្លាប់        នៃខេមរជាតិ

ខ្មែរគួរខ្មីឃ្មាត        សិក្សាពេញទី ។

ព្រោះខេមរជាតិ     ជាជាតិសោភី

     ក្នុងទ្វីបអាស៊ី         តាំងពីព្រេងនាយ ។

ច. ព.

ប្រភព  ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៣

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖