សុខោបាយកថា

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ខ្ញុំព្រះករុណា សូមបង្អោនកាយ វាចា ចិត្ត ក្រាបថ្វាយបង្គំចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដោយសេចក្ដីគោរព ។

លំដាប់ពីនេះទៅ អាត្មាភាពសូមសម្ដែងនូវព្រះសទ្ធម្មទេសនា ដើម្បីបំភ្លឺការសុខទុក្ខគ្រប់ចំពូក​ តាមរបៀបច្បាប់ព្រះពុទ្ធសាសនា ដែលមានចារឹកទុកក្នុងព្រះត្រៃបិដក ផ្សាយចែកជូនដល់អស់លោកអ្នកកាន់ព្រះពុទ្ធសាសនា ដោយសង្ខេបដូចតទៅនេះ ៖

សត្វសព្វទាំងឡាយ សុទ្ធតែស្វែងរកសេចក្ដីសុខគ្រប់ៗប្រាណ តែមិនងាយនឹងបានចួបប្រទះនូវសេចក្ដីសុខនោះសោះ ដូចយ៉ាងខេមរជនយើងនេះ ច្រើនតែចួបប្រទះនូវសេចក្ដីទុក្ខលំបាកច្រើនជាងជនជាតិនានា នោះមិនមែនមក​ពីយើងកាន់ព្រះពុទ្ធសាសនាទេ ប្រាកដជាមកពីយើងមិនដឹងច្បាប់ព្រះពុទ្ធសាសនាឱ្យច្បាស់លាស់ ឬក៏ដឹងដែរ តែយើងមិនប្រតិបត្តិតាមឱ្យសព្វគ្រប់ បានជាយើងឃ្វាងចាកសុខដែលគួរបានអំពីផ្លូវព្រះពុទ្ធសាសនា ។

ហេតុនេះ អាត្មាភាពសូមពណ៌នាអំពីផ្លូវសុខ ។ ពាក្យថាសុខ សុខនេះបានដល់សេចក្ដីសប្បាយ រីករាយ ធូរទូលាយ ស្រួលកាយ ស្រណុកចិត្ត ។ ឯសុខសម្រាប់មនុស្សជាតិក្នុងសកលលោកនេះ លោកចែកចេញជា ៦ ពួកគឺ ៖

១- សុខរបស់អ្នកគ្រប់គ្រងផ្ទះ

២- សុខរបស់មនុស្សមួយរូបៗ

៣- សុខរបស់អ្នកមានប្តីប្រពន្ធ

៤- សុខរបស់អ្នកជាមាតាបិតានិងកូនប្រុស-ស្រី

៥- សុខរបស់អ្នកជានាយចៅហ្វាយនិងកូនក្មួយ

៦- សុខរបស់គ្រូអាចារ្យនិងកូនសិស្ស ។

សូមអធិប្បាយមួយពួកម្ដងៗ ដោយសេចក្ដីសង្ខេបដូចតទៅនេះ ៖

១- សុខរបស់អ្នកនៅគ្រប់គ្រងផ្ទះ

ជាជនគ្រហស្ថអ្នកមានផ្ទះសម្បែងក្រុមគ្រួសារ នៅក្នុងស្រុកភូមិមួយៗនោះ លុះត្រាតែបានប្រព្រឹត្តប្រតិបត្តិនូវ ”ឃរាសធម៌” ទើបកើតសុខ ។ ឃរាវាសធម៌នោះមាន ៤ យ៉ាងគឺ ៖

១- សច្ចៈ ត្រូវប្រតិបត្តិរក្សាសេចក្ដីពិតត្រង់ និងមិនកុហកបោកបញ្ឆោតគ្នា ដោយផ្លូវលក់ដូរជំនួញជួយប្រែផ្សេងៗជាដើម ។

២- ទមៈ ត្រូវប្រតិបត្តិបន្ទន់កាយ វាចា ចិត្ត ឱ្យទន់ភ្លន់ និងមិនរំលោភបំពានទៅរកគ្នា ដោយកម្លាំងលោភៈ ទោសៈ ជាដើម ។

៣- ខន្តី ត្រូវមានអំណត់អត់ធន់ មិនខឹងចំពោះអ្នកនៅរួម និងអត់ធន់ចំពោះការងារដ៏លំបាកៗ ដែលខ្លួនត្រូវធ្វើ ដូចកសិកម្មឬពាណិជ្ជកម្មជាដើម ។

៤- ចាគៈ ត្រូវលះវត្ថុឱ្យជាប្រយោជន៍ដល់អ្នកនៅជាមួយ ដែលគួរចែកជាដើម ។

២- សុខរបស់មនុស្សមួយរូបៗ

មនុស្សម្នាក់ៗដែលតាំងចិញ្ចឹមជីវិតខ្លួនឱ្យរស់នៅបានសុខក្នុងបច្ចុប្បន្ននោះ លុះត្រាតែប្រកបដោយសុខរបស់អ្នករស់នៅ ៤ យ៉ាងគឺ ៖

១- សុខកើតអំពីមានទ្រព្យសម្បត្តិដ៏បរិបូណ៌ ឯទ្រព្យសម្បត្តិរបស់បុគ្គលម្នាក់ៗ ដែលពេញបរិបូណ៌បាននោះ លុះតែប្រកបដោយសម្បទា៤យ៉ាងទៀតគឺ ត្រូវមានការប្រឹងប្រែងខ្នះខ្នែងស្វែងរកភោគសម្បត្តិឱ្យបានច្រើន តាមផ្លូវសម្មាអាជីវោ ១ ត្រូវចេះរក្សាថែទាំទ្រព្យសម្បត្តិ ដែលរកបានមកនោះឱ្យគង់វង្សនៅឋិតថេរល្អ ១ ត្រូវចេះសេពគប់មិត្តល្អៗគឺ លោកបណ្ឌិតនិងលោកសក្តិធំៗ ឱ្យបានជាទីទំនុកទុកចិត្ត ១ ត្រូវចេះចាយធនធានឱ្យមានប្រយោជន៍ និងចេះលៃលកចាយឱ្យសមល្មមតាមកម្លាំងដែលរកបាន គឺមិនចំណាយចាយវាយខ្ជះខ្ជាយឱ្យហួសកម្លាំងដែលរកបាន ១ ។

២- សុខកើតពីបានចាយទ្រព្យ ជនខ្លះមានទ្រព្យមិនចេះចាយ អ្នកចេះចាយតែងចាយទំនុកបម្រុងលោកមាតាបិតារបស់ខ្លួនឱ្យបានសុខរីករាយផង ចាយចិញ្ចឹមគ្រួសារឱ្យបានរុងរឿងផង ចាយក្នុងកាលដែលខ្លួនមានទោសគ្រោះថ្នាក់ផង ។

៣- សុខកើតអំពីមិនមានចំពាក់បំណុលគេ កាលដែលមិនចំពាក់បំណុលគេនោះ លុះតែបុគ្គលនោះវៀរបង់ទោសពីរយ៉ាងគឺ ៖ ជាអ្នកមិនបង្កហេតុឱ្យកើតក្ដីក្តាំដល់គ្នានិងគ្នា ១ មិនប្រព្រឹត្តអបាយមុខដែលជាគ្រឿងវិនាស មានលេងស្រី ស្រា បៀ​ ប៉ោជាដើម ១ ។

៤- សុខកើតអំពីប្រកបការងារប្រាសចាកទោស ការដែលប្រកបការងារប្រោសចាកទោសនោះលុះតែជាអ្នកប្រតិបត្តិឱ្យល្អត្រឹមត្រូវតាមច្បាប់រដ្ឋមានមិនប្រព្រឹត្តចោរកម្មលួចប្លន់ជាដើម ។

៣- សុខរបស់អ្នកមានប្ដី-ប្រពន្ធ

បុរសស្រ្ដីដែលបានគ្នាជាគូរស្រករហើយ ត្រូវប្រតិបត្តិធម៌ប្រាំៗម្នាក់ៗ ទើបកើតសុខដល់គ្នាបាន គឺប្ដីត្រូវទំនុកបម្រុងប្រពន្ធរបស់ខ្លួនដោយធម៌ ៥ យ៉ាងគឺ​ ៖

១- ត្រូវរាប់អានលើកមុខប្រពន្ធថាជាប្រពន្ធពិតប្រាកដ

២- ត្រូវកុំមើលងាយប្រពន្ធរបស់ខ្លួន ដូចជាទាសី

៣- ត្រូវកុំក្បត់ចិត្តប្រពន្ធដោយមានស្រីដទៃទៀត

៤- ត្រូវប្រគល់ការងារក្នុងផ្ទះឱ្យប្រពន្ធត្រួតត្រា

៥- ត្រូវរកគ្រឿងអលង្ការឱ្យប្រពន្ធ ។

ចំណែកប្រពន្ធ ត្រូវប្រតិបត្តិស្វាមីដូចជាទេវតាក្នុងផ្ទះ ត្រូវគោរពស្វាមីដោយធម៌ ៥ យ៉ាងគឺ ៖

១- ត្រូវចេះតាក់តែងភោជនាអាហារឱ្យមានឱជារសឆ្ងាញ់ពិសាជូនស្វាមីដូចជានាង អមរា កាលចាត់ចែងបម្រើព្រះមហោសថជាស្វាមីរបស់នាងដូច្នោះ !​ ។

២- ត្រូវរាប់អានញាតិមិត្ត-វង្សត្រកូលខាងស្វាមី ។

៣- ត្រូវកុំក្បត់ចិត្តប្ដីដោយមានប្រុសដទៃ ។

៤- ត្រូវចេះថែទាំទ្រព្យសម្បត្តិដែលស្វាមីរកបានមក យកទៅទុកដាក់ឱ្យស្រួលបួលល្អ គឺមិនមែនជាស្រីខ្ជះខ្ជាយ ។

៥- ត្រូវជាស្រីឈ្លាសវៃក្នុងការគ្រប់គ្រងផ្ទះ និងជាអ្នកមិនខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង គឺជួសជុលដេរ ប៉ះ គ្រីប ប៉ាក់ ចាក់ អន្ទង ត្បាញ រវៃ ការខាងស្រីទាំងប៉ុន្មានត្រូវឱ្យចេះស្ទាត់ទាំងអស់ ។

 សុខរបស់អ្នកជាមាតាបិតា និងកូនប្រុស-ស្រី

ជនជាមាតាបិតាអាចទទួលសុខពីកូនប្រុស-ស្រីបាននោះ លុះតែបានសង្គ្រោះកូនដោយធម៌ ៥ យ៉ាងគឺ ៖

១- ត្រូវហាមឃាត់កូនកុំឱ្យធ្វើអំពើអាក្រក់ឱ្យសោះ ត្រូវខំបង្ហាត់ ពត់បង្វឹកកូនតាំងពីនៅតូចៗឱ្យមានសណ្ដាប់ធ្នាប់ល្អ​ ។

 ២- ត្រូវដឹកនាំកូនឱ្យតាំងនៅក្នុងសុចរិតទាំង ១០ មានកាយសុចរិតជាដើម ។

៣- ត្រូវដឹងនាំកូនប្រុស-ស្រី ឱ្យរៀនតម្រិះវិជ្ជាផ្លូវលោក ផ្លូវធម៌ ឱ្យបានចេះដឹង ត្រូវទំនុកបម្រុងកូនឱ្យចូលសាលា សិក្សាឱ្យចេះដឹង អក្សរសាស្ត្រ ភាសាសាស្ត្រ លេខ​ ក្បាច់ នព្វន្ត ជញ្ជីង នាឡិកា ហាប ង្វាស់​រង្វាល់ ក្បួនច្បាប់ សម្រាប់លោកិយគ្រប់ផ្លូវ ។ ត្រូវស្រឡាញ់គ្រូដែលបង្រៀនកូនរបស់ខ្លួន ត្រូវជូនចំណីអាហារដល់គ្រូរបស់កូននោះ តាមរដូវតាមកាលដ៏គួរ​ ។

៤- លុះកូនប្រុសស្រីធំចម្រើនឡើងល្មមរកស្វាមីភរិយាឱ្យ គប្បីផ្សំផ្គុំឱ្យល្មមតាមវង្សត្រកូលរបស់ខ្លួន

៥- ត្រូវបែងចែកទ្រព្យមត៌កឱ្យកូនប្រុស-ស្រី ឱ្យមានគ្រឿងសម្គាល់ជាប្រាកដ ឱ្យកូនមានឋានៈល្អ តាំងពីខ្លួននៅរស់ ដើម្បីការពារសេចក្ដីសុខដល់កូន ។

ចំណែកកូនប្រុស-ស្រី ត្រូវគោរពមាតាបិតា ដោយកិច្ចតបគុណូបការធម៌ ៥ យ៉ាងគឺ ៖

១- ត្រូវចិញ្ចឹមមាតាបិតាឱ្យបានរស់នៅជាសុខ ឱ្យដូចជាលោកចិញ្ចឹមខ្លួន ។

២- បើមាតាបិតាកំពុងប្រកបកិច្ចការណា យើងជាកូនត្រូវនាំគ្នាជួយធ្វើកិច្ចការនោះជូនលោក បើលោកចាស់ជរា ត្រូវថែទាំរក្សាបម្រើដោយទឹកក្ដៅត្រជាក់គ្រប់យ៉ាង វេលាមាតាបិតាចូលដំណេក ត្រូវគក់ច្របាច់ ដកជើងដៃ និងរឹតសរសៃជូនលោក វេលាលោកមានជំងឺ ត្រូវមើលព្យាបាលដោយថ្នាំពេទ្យហ្មប្រចាំការ ។

៣- ត្រូវរក្សាវង្សត្រកូលរបស់មាតាបិតាឱ្យតាំងនៅល្អ ។

៤- ត្រូវប្រតិបត្តិខ្លួនឯងឱ្យបានសមរម្យ ល្មមឱ្យមាតាបិតាទំនុកបម្រុង ទុកចិត្តបាន ជាអ្នកគួរទទួលយកទ្រព្យកេរមត៌កបាន ល្មមលោកចែកឱ្យដោយងាយ

៥- វេលាមាតាបិតាធ្វើការកិរិយាទៅ កូនប្រុស-ស្រីត្រូវនាំគ្នាធ្វើសរីរកិច្ចតាមធនធានគ្រប់គ្នា រួចត្រូវធ្វើបុណ្យទក្ខិណានានុទ្ទិសផ្សាយផលជូនដល់លោក ។

ឯកិច្ចទាំង ៥ យ៉ាងនេះ បើកូនប្រុសស្រីណាបានធ្វើហើយ កូនប្រុសស្រីនោះ លោកហៅថាជាអ្នក ” កតញ្ញូកតវេទី” ។

៥- សុខរបស់លោកជានាយចៅហ្វាយនិងកូនក្មួយ

ពួកជនដែលនៅជ្រកកោនឬធ្វើការស៊ីឈ្នួល នៅក្រោមបង្គាប់របស់លោកជានាយចៅហ្វាយណា នាយចៅហ្វាយនោះត្រូវសង្គ្រោះដល់បាវព្រាវ ឬកូនក្មួយនោះដោយធម៌ ៥ យ៉ាងគឺ ៖

១- ត្រូវចេះចាត់ចែងការឱ្យស្ទាត់ជំនាញ ហើយចេះលៃលកការឱ្យសមគួរដល់កម្លាំងនិងតម្រិះវិជ្ជា ដែលបាវព្រាវ កូនក្មួយល្មមធ្វើការបាន ។

២- ត្រូវតាំងចិត្តអាណិតបាវព្រាវ កូនក្មួយ ឱ្យស្មើៗគ្នា ត្រូវចែករង្វាន់ប្រាក់កាសឱ្យបរិភោគ ចាយវាយល្មមគ្រប់គ្រាន់ ។

៣- ត្រូវថែទាំងបាវព្រាវ កូនក្មួយ ក្នុងវេលាមានជំងឺឈឺចាប់ ត្រូវជួយព្យាបាលឆ្នាំ និងរកពេទ្យហ្ម ជួយការពារក្នុងវេលាមានទោសទុក្ខ គ្រោះថ្នាក់ផ្សេងៗ ។

៤- ត្រូវចែកលាភសក្ការ និងអាហារដែលមានឱជារសប្លែកៗ ឱ្យបាវព្រាវកូនក្មួយបរិភោគផង ។

៥- ត្រូវបើកឱ្យបាវព្រាវកូនក្មួយ បានសប្បាយតាមរដូវ និងមានពេលឈប់សម្រាក មានរដូវចូលឆ្នាំជាដើម ។

ចំណែកបាវព្រាវ កូនក្មួយ ត្រូវប្រតិបត្តិលោកនាយចៅហ្វាយ ដោយធម៌ ៥ យ៉ាងដែរគឺ ៖

១- ត្រូវក្រោកឡើងធ្វើការមុននាយចៅហ្វាយ ជាអ្នកមិនខ្ជិលច្រអូសប្រចែប្រចាំនិងនាយចៅហ្វាយឡើយ ។

២- ត្រូវធ្វើការជាខាងក្រោយនាយចៅហ្វាយ មិនហ៊ានផ្ដើមការងារមុនចៅហ្វាយនាយ លុះតែកាលណា​ដែលលោកអនុញ្ញាតឱ្យ ទើបធ្វើការនោះបាន ។

៣- ត្រូវទទួលយកតែរបស់ដែលនាយចៅហ្វាយឱ្យ ។

៤- ត្រូវធ្វើការងារឱ្យត្រឹមត្រូវល្អ ជូននាយចៅហ្វាយ ។

៥- បាវព្រាវកូនក្មួយ ត្រូវនាំយកគុណសម្បត្តិនិងសមត្ថភាពរបស់នាយចៅហ្វាយ ទៅសរសើរអួតប្រាប់ក្នុងទីប្រជុំជននិងមិត្តអាមាត្យធំៗជាដើម ។

៦- សុខរបស់គ្រូ និងកូនសិស្ស

គ្រូដែលគួរទទួលសុខអំពីកូនសិស្សបាននោះ លុះតែសង្គ្រោះកូនសិស្សដោយធម៌ ៥ យ៉ាងគឺ ៖

១- ត្រូវដឹកនាំសិស្សឱ្យរៀននៅដោយល្អ ត្រូវញ៉ាំងសិស្សឱ្យតាំងចិត្តប្រកបដោយសុចរិត យុត្តិធម៌យ៉ាងចំណាន ឬថ្លៃថ្នូរ ។

២- ត្រូវដឹកនាំសិស្សឱ្យរៀនច្បាប់ផ្លូវលោក ផ្លូវធម៌ ឱ្យចេះអំណានដើម្បីរក្សាជាតិ សាសនា មហាក្សត្រ ។

៣- ត្រូវបង្ហាត់បង្ហាញសិល្ប៍វិជ្ជាដល់សិស្សឱ្យអស់តម្រិះពីខ្លួន មិនលាក់លៀមទុក ។

៤- ត្រូវលើកតម្កើងសិស្សក្នុងទីប្រជុំមិត្តអាមាត្យ មិនបន្ទោស បង្អាប់សិស្សក្នុងទីប្រជុំជន ។

៥- ត្រូវធ្វើសេចក្ដីការពារសិស្សក្នុងទិសទាំងពួងថា មិនឱ្យសិស្សលំបាកដោយអាហារជាដើម ក្នុងវេលាមានដំណើរទៅកាន់ទិសទាំងពួង ។

ចំណែកយុវជន យុវនារី ជាសិស្សទាំងឡាយ ត្រូវនាំគ្នាប្រតិបត្តិគោរពគ្រូអាចារ្យរបស់ខ្លួនដោយធម៌ ៥យ៉ាងគឺ ៖

១- សិស្សត្រូវនាំគ្នាសេចក្ដីគោរពចំពោះគ្រូអាចារ្យរបស់ខ្លួន មានការបបួលគ្នាក្រោកទទួលគ្រូជាដើម ។

២- សិស្សត្រូវនាំគ្នាចាំបម្រើគ្រូដោយកិច្ចការផ្សេងៗក្ដី មិនមានកិច្ចការអ្វីក្ដី មានទឹកក្ដៅត្រជាក់ជានិច្ចជាដើម ។

៣- សិស្សត្រូវនាំគ្នាទំនុកបម្រុងគ្រូ ពេលណាដែលគ្រូមានអាពាធឬជំងឺ សិស្សត្រូវរកថ្នាំឬពេទ្យហ្ម មកព្យាបាលគ្រូ និងជូនចំណីអាហារផ្សេងៗដល់គ្រូរបស់ខ្លួនជារឿយៗ ក្នុងរដូវម្ដងមួយកាលឬក៏រដូវចូលឆ្នាំថ្មីជាដើម ។

៤- សិស្សត្រូវជឿឱវាទដែលគ្រូប្រៀនប្រដៅ គឺត្រូវយកចិត្តទុកដាក់ស្ដាប់ឱ្យបានការ ដើម្បីយកទៅធ្វើជាច្បាប់ទម្លាប់របស់ខ្លួន ឱ្យចេះចាំប្រាកដ ចូលចិត្តឱ្យច្បាស់លាស់ ។

៥- សិស្សត្រូវនាំគ្នារៀនសូត្រដោយគោរព ពាក្យថារៀនសូត្រដោយគោរពនោះ គឺត្រូវខំប្រឹងប្រែងខ្នះខ្នែងរៀនសូត្រ មិនខ្ជិលច្រអូសក្នុងការសិក្សា បើសិក្សាវិជ្ជានោះៗ ទើបឈ្មោះថារៀនសូត្រដោយគោរព ។

ហៃយុវជន យុវនារីទាំងឡាយ អ្នកត្រូវការសិក្សា​សិល្ប៍សាស្ត្រអក្សរសាស្ត្រ វិទ្យាសាស្ត្រ និងនព្វន្តសាស្ត្រ-លេខជាដើម ត្រូវនឹកពិចារណាដល់ច្បាប់លោកនីនិបករណ៍ថា ៖

កុំមើលងាយមន្តសិល្ប៍សាស្ត្រា  គិតថាតិចតួចក្រែងមិនស្រេច

វិជ្ជាមួយមែនបើមិនភ្លេច  គង់និងសម្រេចប្រយោជន៍បាន ។

ចេះមួយចេះពីរឱ្យតែស្ទាត់   ប្រកបប្រាកដអ្នកចំណាន

ជាហេតុចិញ្ចឹមជីវិតបាន  សន្តានជួលពឹងពំនឹងអើយ ។

សិល្ប៍សាស្ត្រឯណាមិនស្ទាត់ពិត   នៅក្នុងស្លឹករឹតឬសៀវភៅ

ទ្រព្យធនឯណាដែលមាននៅ   ធ្លាក់ទៅក្នុងដៃអ្នកដទៃ ។

បើមានកិច្ចការណាមកដល់    សិល្ប៍ទ្រព្យនោះយកមកអាស្រ័យ

ពុំបានដូចចិត្តដ្បិតឆ្ងាយដៃ    សិល្ប៍ទ្រព្យនោះនៃហៅគ្មានហោង ។

សុភាសិតថា ៖

មានទ្រព្យលើកឱ្យគេខ្ចីទៅ   តម្រិះចេះនៅតែក្នុងក្បួន

ប្រពន្ធនៅឆ្ងាយអំពីខ្លួន   ដល់ចួនត្រូវការរអាចិត្ត ។

ធម៌ទេសនាសម្ដែងមកនេះ ដើម្បីឱ្យខេមរជនទាំងឡាយស្ទុះក្រោកឡើង ខំប្រឹងប្រែងស្វែងរកសេចក្ដីសុខដល់ខ្លួន និងដល់ជាតិប្រទេសក្នុងបច្ចុប្បន្ននេះ សូមសន្មតថាចប់តែប៉ុណ្ណេះឯវំ ។

 ដោយអំណាចនៃធម៌ទេសនានេះ សូមឱ្យជាតិ សាសនា មហាក្សត្រ នៃខេរមជាតិយើង ចម្រើនសេចក្ដីសុខគ្រប់ប្រការ អស់កាលដ៏យូរអង្វែងតទៅ​ ! ៖

ជោគវាសនាញញឹមទទួល

ចំពោះតែអ្នកមានសេចក្ដីក្លាហាន

អ្នកចិត្តក្លាហានបានជួយជាតិ

យិតយោងឱ្យឃ្លាតទាសភាព

រមែងមានឈ្មោះខ្ពង់ដរាប

បើទុកដុនដាបគង់ទេពជួយ ។

យ.អ

ដកស្រង់និងសម្រួលពីអត្ថបទធម្មទេសនាផ្សាយតាមវិទ្យុនៃប្រទេសកម្ពុជា ពីថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត សំរិទ្ធិស័ក ព.ស. ២៤៩១ (២២-៥-៤៨) និងចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយាលេខ ២ គ.ស. ១៩៥២ ។ ឱម ខែម

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៩៩

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖