ការ​បូជា​ដើមឈើ​របស់​ជនជាតិ​ខ្មែរ

ក្នុងព្រះរាជាណាចក្រកម្ពុជា ការគោរពបូជាដើមឈើឬរុក្ខជាតិ ដែលទាក់ទិននឹងជំនឿបែបជីវចលនិយម មានតាំងតែសម័យមុនប្រវត្តិសាស្ត្រម៉េ្លះ ។  ប្រជាពលរដ្ឋ ខ្មែរចាត់ទុកថា ដើមឈើ មានជីវិតដូចមនុស្ស ពោលគឺ ចេះកើតទុក្ខ ចេះយំ ចេះសើច ចេះច្រៀងរាំឬចេះបំពេ ព្រោះមានបេះដូង មានវិញ្ញាណ មានសាច់ មានឈាម​ពិត​ៗ ។

ចំណុចមួយដែលយើងត្រូវតែចាប់អារម្មណ៍ គឺចាប់ពីពេលដែលវប្បធម៌ឥណ្ឌាបានហូរចូល ហើយជ្រួតជ្រាបក្នុងសង្គមខ្មែរ នាសម័យនគរភ្នំមក ប្រជាប្រិយភាពរបស់ដើមឈើកាន់តែរីកសុះ-សាយឡើង ។ ដូច្នេះហើយ បានជាមានប្រភេទដើមឈើជាច្រើន បានរក្សាឬទទួលនូវតួនាទីសំខាន់ៗថ្មី ក្នុងប្រព័ន្ធគំនិតបែបឥណ្ឌា និយមទៅវិញ ។

ទោះបីជាមានការច្របាច់ជំនឿចាស់ ឱ្យចូលក្នុងប្រព័ន្ធជំនឿថ្មីក៏ដោយ មកដល់ពេលនេះ ក៏ពុំទានមានទស្សនា​ទានមួយណា បញ្ជាក់ច្បាស់លាស់ថា វាជាការខុសឆ្គងឬក៏ជាការចៃដន្យនោះដែរ ។ ក៏ប៉ុន្តែផ្ទុយទៅវិញ ការបញ្ចូលជំនឿថ្មីក្នុងប្រព័ន្ធគំនិតចាស់នេះ គ្រាន់តែចង្អុលបញ្ជាក់នូវភាពស្រដៀងគ្នាផ្នែកនិមិត្តរូបនិយមនៃសមាសភាពទាំងពីរ ដែលជាមូលហេតុនៃនិរន្តរភាពនៃជំនឿខ្មែរតែប៉ុណ្ណោះ ។

ដើម្បីបញ្ជាក់ភាពត្រឹមត្រូវមនោគមន៍វិជ្ជា សាសនាសំយោគ ខាងលើនេះយើងអាចលើកយកគំនូរតំណាងព្រះប្រក់នាគប្រថាប់ក្រោមដើមពោធិ៍ ដែលគេគូរលើកំណាត់ ឬលើជញ្ជាំង ឬវត្ថុសម្រាប់គោរពបូជា ។ នេះជាហេតុផលមួយ ដែលគេមិនអាចបដិសេធបាន ពីព្រោះវាបញ្ជាក់ឱ្យឃើញថា ប្រជានុរាស្ត្រខ្មែរ ជឿគោរពខ្លបខ្លាច ដើមពោធិ៍ឬជ្រៃ ដែលគេជឿថាជាសញ្ញាដ៏មានមហិទ្ធិឫទ្ធិ ។ ម្យ៉ាងវិញទៀត ដើមពោធិ៍នេះ ក៏ជាជម្រកសម្រាប់ មនុស្ស សត្វ និងតំណាងនូវពុទ្ធិឬការត្រាស់ដឹងរបស់ព្រះពុទ្ធអង្គផងដែរ ។

ក្នុងរឿងព្រេងបុរាណខ្មែរ ព្រៃព្រឹក្សាឬរុក្ខជាតិទាំងឡាយ បានបំពេញនូវតួនាទីចម្បងបំផុត ដោយហេតុថា វាជាលំនៅស្ថាន របស់ពពួកទេពរក្ស ឬអារុក្ខអារក្សអ្នកតា ដែលបីបាច់ថែរក្សាព្រៃភ្នំឬធម្មជាតិ ។ កុំភ្លេចថា មុខងារ​ដ៏សំខាន់របស់ព្រៃឈើ មិនទាន់បានបាត់ទាំងស្រុងនៅឡើយ គឺវាផ្ដល់នូវផលានុផលគ្រប់ប្រភេទសម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃរបស់មនុស្ស សត្វ ថែមទៀតផង ។

ដោយប្រការនេះហើយ បានជាមនុស្សខ្មែរនៅពេលចូលបរបាញ់ កាប់ឈើ ឬរុករកឃ្មុំម្ដងៗរមែងតែបន់ស្រន់អារក្ខ អារក្ស ដើម្បីសូមក្ដីអនុញ្ញាតឬសូមទោស បើពុំដូច្នេះទេ ពុំអាចទទួលនូវសេចក្ដីសុខសប្បាយបានទេ ។ ការសូមលើកលែងទោស គឺជាពិធីចាំបាច់ អនុវត្តដោយមានតង្វាយជាចំណីចំណុកថែមទៅទៀតផង ដើម្បីជាស្ពានមេត្រី ឬជាការដឹងគុណដ៏ស្មោះសរបស់ពួកគេ ចំពោះមច្ឆរិយបុគ្គលទាំងនោះ ដែលជាម្ចាស់ ជាអ្នកថែរក្សាព្រៃភ្នំឬសត្វទាំងនោះ ។

ដោយឡែក តាមរយៈរឿងនិទានឬល្ខោនខ្លះ បានឱ្យយើងដឹងទៀតថា រុក្ខជាតិក៏អាចបំពេញតួនាទីជាឪពុក ម្ដាយដល់កូនកំលោះឬក្រមុំ ដែលត្រូវគេធ្វើបានឱ្យព្រាត់ប្រាសគ្នា ។ គូស្នេហាដ៏កម្សត់ អាចសូមឱ្យដើមឈើតូចធំទាំងឡាយក្នុងព្រៃភ្នំ ដូចជាដើមជ្រៃជាដើម ដើម្បីធ្វើជាសាក្សីនៃសេចក្ដីស្នេហាដ៏បរិសុទ្ធរបស់ពួកគេ ។ នៅទីនេះ រុក្ខជាតិពិសិដ្ឋទាំងនោះគឺបំពេញតួនាទីជំនួសព្រលឹងបុព្វការីជនឬមេបារបស់មនុស្ស ។

ភស្តុតាងដ៏សំខាន់មួយទៀត កឺក្នុងព្រះរាជពង្សាវតារ ត្រង់ចំណុចដែលពាក់ព័ន្ធនឹងបក្សីចាំក្រុងគេឃើញមានដើមជ្រៃមួយ ដែលបានជួយសង្គ្រោះជីវិត ក្នុងខណៈដែលអ្នកអម្ចាស់នេះ ត្រូវតាកុ យោរដាញ់ ធ្វើឃាត ។ ក្រោយពីឡើងសោយរាជ្យសម្បត្តិ ព្រះបាទបក្សីចាំក្រុង បានយកអដ្ឋិរបស់ តាកុយោវ មកបញ្ចុះក្នុងចេតិយមួយនៅខាងលិចត្រង់កន្លែងដែលដើមជ្រៃជាសក្តិសិទ្ធនេះដុះ ។

តាមពិត ជំនឿលើអំណាចអាថ៌កំបាំងរបស់រុក្ខជាតិ ខ្មែរយើងមានតាំងពីយូរយារណាស់មកហើយ គឺមានតាំងពីសម័យមុនប្រវត្តិសាស្ត្រម៉េ្លះ ។ ជំនឿនេះ បានជ្រួតជ្រាបក្នុងទំនៀមទម្លាប់ហើយអាចឆ្លុះបញ្ចាំង តាមរយៈគំនូរជាត់ពណ៌លើកុលាលភាជន៍ មួយចំនួន ក្នុងអំឡុងរវាង ១០០០ – ១០០ ឆ្នាំមុនគ.ស. ។

ក្រោយមក ដោយជំនឿលើរុក្ខជាតិនេះ ក៏មានការវិវត្តផ្លាស់ប្ដូរទម្រង់ នាដើមសតវត្សទី១នៃគ.ស ក្នុងសម័យឥណ្ឌូរូបនីយកម្ម ហើយទោះជាយ៉ាងនេះក្ដី ក៏នៅថែរក្សាឬបំពេញតួនាទីដដែល ។ សូមជម្រាបថា ក្នុងដំណាក់កាលប្រវត្តិសាស្ត្រខ្មែរ នាសម័យវប្បធម៌នគរភ្នំ បានបន្សល់នូវចម្លាក់ជាក្បាច់យ៉ាងច្រើន តំណាងឱ្យដើមឈើ ។ នៅសម័យនេះទៀតសោត គេឃើញថា ដើមឈើខ្លះមានប្រភពចេញពីឥណ្ឌា ដូចជាកល្បតរុ ខ្មែរយើងលោកគោរពបូជា ដូចជាប្រពៃណី របស់ខ្លួនអ៊ីចឹងដោយលើកតម្លៃខាងនិមិត្តរូបយ៉ាងខ្ពស់ ។

សូមជម្រាបថា ក្នុងវប្បធម៌សំស្ក្រឹតនិងបាលី គេកត់សម្គាល់ឃើញប្រភេទឈើពិសិដ្ឋមានច្រើនប្រភេទណាស់ ដែលអារក្សឬទេវព្រឹក្សចូលចិត្តស្នាក់អាស្រ័យជាពិសេសដើមពោធិ៍ឬជ្រៃ ហើយជានិច្ចកាល នៅលើរុក្ខជាតិ​ដ៏ពិសេសទាំងនោះ គេឃើញមានអារក្សជ្រៃ ដែលប្រកបដោយគុណធម៌និងព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ ។ ពពួកទេពព្រឹក្សទាំងនោះ មានទម្លាប់យកអាសារឬជួយសង្គ្រោះមនុស្សលោកមិនខកខានម្ដងណាឡើយ តាម​រយៈ​ការផ្ដល់នូវសេចក្ដីសុខ សេចក្ដីសប្បាយ ឬជួយសង្គ្រោះមនុស្សលោកមិនខកខានម្ដងណាឡើយ តាមរយៈការផ្ដល់នូវសេចក្ដីសុខ សេចក្ដីសប្បាយ ឬក៏បញ្ចៀសនូវរាល់បាបកម្មឬសេចក្ដីទុក្ខទោសនានាជូនមនុស្សល្អ ។

រីឯក្នុងវិស័យអក្សរសិល្ប៍និងអក្សរសាស្ត្រឥណ្ឌូ – ខ្មែរវិញ ជាញឹកញាប់ដែរដែលគេចួបវត្តមានរបស់អារក្ស ឬរុក្ខទេវតាមួយប្រភេទ មានឈ្មោះថាព្រឹក្សទេវតា (ទេពព្រឹក្ស ) ឬកល្បតរុ ។ ជានិច្ចកាលរុក្ខទេវតាអង្គនេះ ជួយបីបាច់ថែរក្សា ជ្រោមជ្រែងការពារ មនុស្សលោកហើយចួនកាលផ្ដល់នូវទ្រព្យសម្បត្តិ មានមាស ពេជ្រ កែវកង ដល់សាសនិកជនថែមទៀតផង ។ តាមរយៈគម្ពីរឬចម្លាក់បែបពុទ្ធនិយម យើងក៏ដឹងទៀតថា គឺរុក្ខទេវតាអង្គនេះ ដែលអាស្រ័យនៅលើដើមកល្បព្រឹក្ស ផល់នូវទ្រព្យសម្បត្តិទាំង០៤ប្រភេទដូចជា សំពត់ ឬក្រណាត់សូត្រល្អៗ ផ្កាដ៏ស្រស់ប្រិមប្រិយ ស្រាដ៏ឈ្ងុយឆ្ងាញ់ និងលក្ដពណ៌ ដើម្បីគូរឬផាត់រូបគំនូរនៅលើជើង ងាយស្រួលក្នុងការទាក់ទាញគូស្នេហ៍ភេទបុរសជាដើម ។

សូមជម្រាបថា ក្នុងការអប់រំពុទ្ធសាសនិកជនឱ្យស្គាល់នូវតម្លៃនៃទស្សនាទានឬនិមិត្តរូបស៊ីជម្រៅនៃដើមកល្បព្រឹក្សខាងលើនេះ និងគុណសម្បត្តិគ្រប់បែបយ៉ាង ត្រូវបានសិល្បករខ្មែរនាសម័យបុរេអង្គរ បានឆ្លាក់រុក្ខជាតិដ៏ពិសិដ្ឋនេះនៅលើជញ្ជាំងរូងភ្នំ ដែលផ្សារភ្ជាប់ទៅនិងប្រវត្តិនៃលទ្ធិព្រះពុទ្ធសាសនា ។ ដើមឈើដែល តំណាងឱ្យការសម្រេចនូវសំណូមពរទាំងឡាយរបស់មនុស្ស ត្រូវបានរកឃើញក្នុងរូងភ្នំថាំជាថូ ក្នុងខេត្តរាជបុរី ដែលជាក្បាច់មួយ ចុងសម័យវប្បធម៌បុរេអង្គរ ជាបាយអរគួរឱ្យគយគន់យ៉ាងក្រៃលែង ។ ពីព្រោះដើមឈើបែកមែកសាខាដ៏មហិទ្ធិឫទ្ធិនេះ កាលបើមើលពីនៅលើមានរូបរាងដូចជាមនុស្សម្នាក់ឈរ មានព្យួរសំពត់ និងគ្រឿងអលង្ការផ្សេងៗផង ។

  ដោយ បណ្ឌិត មីសែល ត្រាណេ

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ២០០៦

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖