គារវកថា

សូមថ្វាយបង្គំចំពោះព្រះរតនត្រ័យ មានព្រះពុទ្ធជាដើម ដោយទ្វារទាំង ៣ គឺ កាយទ្វារ ១ វចីទ្វារ ១ មនោទ្វារ ១ ។

សូមពណ៌នាអំពីគារវៈ ដែលមានមកក្នុងគម្ពីរអង្គុត្តរនិកាយ ដូចសេចក្ដីតទៅនេះ ៖

គារវៈនោះមាន ៦ យ៉ាង គឺ ៖

១- ពុទ្ធគារវតា  គោរពក្នុងព្រះពុទ្ធ

២- ធម្មាគារវតា គោរពក្នុងព្រះធម៌

៣- សង្ឃគារវតា គោរពក្នុងព្រះសង្ឃ

៤- សិក្ខាគារវតា គោរពក្នុងសិក្ខា គឺការសិក្សារៀនសូត្រ

៥- អប្បមាទគារវតា គោរពក្នុងសេចក្ដីមិនប្រមាទ

៦- បដិសណ្ឋារគារវតា គោរពក្នុងបដិសណ្ឋារៈ

សេចក្ដីអធិប្បាយ

ទី ១ – ពុទ្ធគារវតា សេចក្ដីគោរពចំពោះព្រះពុទ្ធនោះ គឺការញ៉ាំងសទ្ធាសេចក្ដីជឿ និងបសាទៈ សេចក្ដីជ្រះថ្លាឲ្យកើតឡើងក្នុងព្រះពុទ្ធយ៉ាងជាក់ច្បាស់ ហើយសម្ដែងខ្លួនជាពុទ្ធមាមកៈ ជាអ្នករាប់អាននូវព្រះពុទ្ធជាម្ចាស់ គឺទទួលយកព្រះពុទ្ធអង្គជាទីពឹងរបស់ខ្លួនដោយត្រៃទ្វារ គឺ កាយ វចា ចិត្ត ហើយប្រតិបត្តិតាមសាសនា ដែលជាពាក្យប្រៀនប្រដៅរបស់ព្រះអង្គ ដោយសេចក្ដីគោរព តាំងចិត្តខ្ជាប់ថា ៖ ព្រះពុទ្ធជាអគ្គបុគ្គលប្រសើរលើសលុបក្នុងត្រៃភពគឺ  កាមភព រូបភព អរូបភព ព្រះអង្គជាសាស្ដាចារ្យនៃពពួកមនុស្ស ទេវតា មារ ព្រហ្មទាំងអស់ មិនតែប៉ុណ្ណោះទេ សូម្បីទេវតានៅឆកាមាវចរសួគ៌និងទេវតា នៅនាព្រហ្មលោក ក៏តែងគោរពព្រះពុទ្ធទាំងអស់ដែរ ។ ការគោរពយ៉ាងនេះ ចាត់ជាគោរពក្នុងព្រះពុទ្ធម្យ៉ាង មួយយ៉ាងទៀតការរឭកដល់គុណព្រះពុទ្ធអង្គមានបទថា អរហំជាដើម និងពុទ្ធចរិយាឲ្យឃើញច្បាស់ដោយបញ្ញារបស់ខ្លួនដើម្បីបម្រុងសទ្ធានិងសេចក្ដីជ្រះថ្លាឲ្យចម្រើនច្រើនឡើងដោយលំដាប់ ហើយកាន់យកជាបែបផែន ដើម្បីអនុវត្តតាម ដូច្នេះក៏ចាត់ជាគោរពក្នុងព្រះពុទ្ធ ។ មួយទៀត ការមិនយកព្រះនាមព្រះពុទ្ធមកប្រារព្ធលេង ដោយវោហារត្លុកកំប្លែង ដើម្បីសើចលេងសប្បាយ ដូច្នេះក៏ចាត់ជាគោរពក្នុងព្រះពុទ្ធអង្គដែរ ។

ម្យ៉ាងទៀត ការចូលទៅកាន់បូជនីយដ្ឋាន ដែលជាទីប្រតិស្ឋានបូជនីយវត្ថុផ្សេងៗ ដូចព្រះស្តូប ព្រះពុទ្ធបដិមា ព្រះចេតិយ ដែលតម្កល់ព្រះសារីរិកធាតុ ហើយសម្ដែងសេចក្ដីគោរពកោតក្រែង បើពាក់មួកគប្បីដោះចេញ បើបាំងឆត្រគប្បីដោះចេញ បើពាក់ស្បែកជើងគប្បីដោះចេញ ធ្វើសក្ការបូជាដោយផ្កាឈើ ទៀន ធូប ឬក្រាបសំពះថ្វាយបង្គំ ដូច្នេះក៏ចាត់ជាគោរពក្នុងព្រះពុទ្ធអង្គដែរ ។ ម្យ៉ាងទៀត ដោយហេតុដែលព្រះបរមសាស្ដាចារ្យ កាលជិតនឹងបរិនិព្វានបានត្រាស់ថា ម្នាលអានន្ទ ! ធម៌វិន័យដែលតថាគតសម្ដែងទុកហើយ បានបញ្ញត្តទុកហើយ ដល់អ្នកទាំងឡាយ លុះតថាគតបរិនិព្វានទៅហើយ ធម៌វិន័យនោះនឹងជាសាស្ដាចារ្យនៃអ្នកទាំងឡាយ ។ ព្រោះហេតុនេះ ទើបឃើញថា ការគោរពក្នុងព្រះពុទ្ធអង្គក៏ជាប់ទាក់ដល់ការគោរពក្នុងព្រះធម៌នោះឯង ។

ទី ២ – ធម្មគារវតា គោរពក្នុងព្រះធម៌នោះ បានដល់ការសិក្សារៀនសូត្រប្រតិបត្តិចម្រើនភាវនា ដោយមិនមានសេចក្ដីប្រមាទប្រហែសធ្វេសក្នុងការសិក្សា ប្រតិបត្តិចម្រើនភាវនានោះ ឈ្មោះថាសិក្សាប្រតិបត្តិចម្រើនភាវនាដោយគោរព ។

ឯពាក្យថា ធម៌នោះតាមន័យព្រះបរមត្ថសម្ដែងថាមាន ១០ ប្រការគឺ សោតាបត្តិមគ្គ ១ សោតាបត្តិផល ១ ។ល។ ព្រះនិព្វាន ១ ថែមព្រះបរិយត្តិ ១ ទៀតជាគម្រប់ ១០ ។

ចំណែកធម៌ ៩ ខាងដើមហៅថា លោកុត្តរធម៌ ឯលោកុត្តរធម៌នេះ យោគាវចរអាចនឹងឈោងចាប់ស្រវាយកដោយការសិក្សា ដោយគោរពមិនមែនប្រតិបត្តិស្ទើរៗ ចម្រើនភាវនាដោយស្ទើរៗនោះទេ លុះណាតែមានឧបនិស្ស័យចាស់ក្លា ថែមទៀតផង ទាំងចម្រើនភាវនាដោយគោរពក្រៃលែងណាស់ ទើបអាចឈោងចាប់ស្រវាយកនូវបណ្ដាមគ្គផលទាំងឡាយ មានសោតាបត្តិមគ្គជាដើម មានព្រះនិព្វានជាទីបំផុតបានដោយងាយ ។ ឯព្រះបរិយត្តិធម៌ជាធម៌ដែលព្រះបរមសាស្ដាទ្រង់ត្រាស់សម្ដែងទុកមកដើម្បីប្រយោជន៍ដល់ពួកវេនេយ្យសត្វរៀន យកដោយគោរព គឺយកចិត្តទុកដាក់ ។ បរិយត្តិធម៌នេះ ចែកជាខន្ធមាន ៨៤ ០០០ ព្រះធម្មក្ខន្ធ បណ្ដាធម៌ទាំងនេះ បើបុគ្គលមិនបានសិក្សារៀនសូត្រដោយគោរពទេ ក៏មិនអាចនឹងយឹតយោងនូវបុគ្គលនោះ ឲ្យជាអ្នកចេះដឹងឬឲ្យរួចចាកទុក្ខបានដែរ ។ លុះណាតែបុគ្គលខំព្យាយាមប្រឹងប្រែងសិក្សារៀនសូត្រដោយសេចក្ដីគោរពផង ទើបអាចយឹតយោងបុគ្គលនោះឲ្យរួចចាកទុក្ខទាំងពួងបាន ។ ឯធម៌ទាំង១០យ៉ាងហៅថាពុទ្ធសាសនា ព្រោះសុទ្ធតែជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ឯសាសនានេះនឹងរុងរឿងថ្លៃថ្លាឡើង ក៏អាស្រ័យនូវបរិស័ទទាំង ៤ គឺ ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា រៀនធម៌ដោយគោរព ទ្រទ្រង់ដោយគោរព ពិចារណានូវធម៌ដោយគោរព ថាបើមិនបានប្រតិបត្តិតាមធម៌ ៤ ស្ថាននោះដោយគោរពទេ សាសនាមិនរុងរឿងបានមានតែសាបសូន្យទៅវិញមិនខាន ។ មួយទៀត កិរិយាស្ដាប់ធម៌ដោយគោរពនេះឯង រមែងជាឧបនិស្ស័យដល់មនុស្សទេវតា ជាទីបំផុតចុះមកដល់សត្វតិរច្ឆាន ក៏មានឧបនិស្ស័យដែរ (ដូចមាននិទានមេមាន់ ១ នៅក្នុងគម្ពីរមង្គលសូត្រឯណោះស្រាប់) ។

ម្យ៉ាងទៀត ធម្មៈ សព្ទនេះ តាមន័យអដ្ឋកថា ព្រមទាំងដីកាលោកប្រែថា ទ្រទ្រង់ ថាស្ទួយឡើង ។

អធិប្បាយថា ៖ សភាវៈណាធ្វើនូវសត្វទាំងឡាយ ដែលទ្រទ្រង់ខ្លួនទុក ហើយទ្រទ្រង់នូវសត្វទាំងឡាយនោះ មិនឲ្យលិចធ្លាក់ចុះក្នុងអបាយទាំងឡាយ៤ផង ក្នុងវដ្ដទុក្ខទាំងឡាយផង សភាវៈនោះបានឈ្មោះថា ធម្មៈពិត គឺបុគ្គលណាបានទ្រទ្រង់ធម៌ល្អ រក្សាធម៌ឲ្យល្អហើយ វិបាកធម៌ដែលល្អនោះឯងរមែងទ្រទ្រង់រក្សាបុគ្គលនោះឲ្យល្អវិញ មិនឲ្យធ្លាក់ចុះទៅក្នុងអបាយភូមិទាំង៤នោះឡើយ ម្យ៉ាងទៀត បុគ្គលណាបានទ្រទ្រង់នូវធម៌ដ៏ខ្ពង់ខ្ពស់វិសេសបំផុតក្នុងសន្ដានខ្លួនល្អហើយ ធម៌ដ៏ខ្ពង់ខ្ពស់នោះនឹងទ្រទ្រង់បុគ្គលនោះឲ្យស្ថិតនៅក្នុងឋានៈដ៏ខ្ពង់ខ្ពស់វិសេសបំផុត គឺព្រះនិព្វានជាសុខក្សេមក្សាន្ត ពុំបានឲ្យធ្លាក់ចុះទៅក្នុងវដ្ដទុក្ខទាំងឡាយនោះឡើយ ។

ទី ៣ – សង្ឃគារវតា គោរពក្នុងព្រះសង្ឃ ។ ព្រះសង្ឃនោះសំដៅយកពួកសាវក លោកបានធម៌វិសេសផ្សេងគ្នាដោយប្រភេទជាព្រះសោតាបន្ន ព្រះសកទាគាមី ព្រះអនាគាមី និងព្រះអរហន្ត ពោលដោយបរិយាយយ៉ាងទាប អនុលោមតាមន័យនេះ សូម្បីសម្មតិសង្ឃដែលលោកមានសីលបរិសុទ្ធ មានមារយាទស្ងប់ស្ងៀម មានឥន្រ្ទិយស្រគត់ស្រគំ មានគុណធម៌គួរគោរព ដែលមានសភាពបែបនេះក៏ឈ្មោះថាសង្ឃ ។ ឯការគោរពក្នុងព្រះសង្ឃគឺការក្រាបសំពះ ការក្រោកទទួល ការធ្វើអញ្ជលិកម្ម ការធ្វើសាមីចិកម្ម រហូតដល់ការអើពើផ្សេងៗ ដូចជឿតាមពាក្យប្រៀនប្រដៅរបស់លោក ប្រតិបត្តិតាមឱវាទរបស់លោក មិនសម្ដែងអាការមើលងាយដូច្នេះជាដើម ចាត់ជាគោរពក្នុងព្រះសង្ឃ ។

ទី ៤ – សិក្ខាគារវតា គោរពក្នុងសេចក្ដីសិក្សា ។ ការតាំងចិត្តសូត្ររៀនទាំងពីរផ្លូវ គឺផ្លូវធម៌និងផ្លូវលោក មិនខ្ជិលច្រអូស ឧស្សាហ៍ស្ដាប់ច្រើន មើលច្រើន បើមិនចូលចិត្តសេចក្ដីរាក់ជ្រៅត្រង់ណា គប្បីសួរដណ្ដឹងលោកអ្នកប្រាជ្ញដែលចេះដឹងត្រង់ណោះ បើចូលចិត្តជាក់ច្បាស់ គួរកំណត់ទុកក្នុងចិត្ត ឬសរសេរកត់ទុក ក្រែងភ្លេចភ្លាំងមានច្បាប់ស្រាប់ ដូច្នេះចាត់ជាគោរពក្នុងការសិក្សា ។ បើពោលដល់ប្រយោជន៍ការសិក្សាជារបស់សំខាន់បំផុតទាំងក្នុងគតិលោក ទាំងក្នុងគតិធម៌ ការសិក្សានេះជាគុណសម្បត្តិមួយ ដែលគេនិយមរាប់អានទូទៅទាំងស្រុក – ប្រទេស សូម្បីជាតិសាសន៍ណាក៏ដោយ គេតែងតែរាប់អានការសិក្សានេះដែរ ហើយខំសិក្សាសូត្ររៀនឲ្យបានចេះដឹងជ្រៅជ្រះឡើង ឲ្យបានជាអ្នកអង់អាចសីហនាទក្លាហាន ក្នុងទីប្រជុំជនធំៗ អាចនឹងជួយស្រោចស្រង់សង្រ្គោះដល់ប្រជាជាតិមាតុភូមិរបស់ខ្លួន ឲ្យបានរួចអំពីគ្រោះថ្នាក់យ៉ាងធ្ងន់ គឺសេចក្ដីល្ងង់ខ្លៅ ឲ្យឡើងកាន់ភាពជាអ្នកចេះដឹង ឲ្យជាអ្នកមានប្រាជ្ញាហៅហាន ចរចារកគ្នាគាំពារសេចក្ដីសាមគ្គីឲ្យល្អ អាចនឹងញ៉ាំងជាតិសាសនា ព្រះមហាក្សត្រិយ៍របស់ខ្លួន ឲ្យបានរុងរឿងថ្លៃថ្លាប្រសើរ ឈោងទៅរកអារ្យធម៌និងវឌ្ឍនធម៌ជាន់ខ្ពស់នឹងគេ ទៅតាមកាលសម័យថ្មីនេះឯង ។ ការសិក្សាយ៉ាងនេះ ហៅថាសិក្សាដើម្បីប្រយោជន៍ដល់ប្រទេសជាតិចាត់ជាការគោរពដ៏ឧត្ដម ម្យ៉ាងទៀតបុគ្គលដែលខំសិក្សាដើម្បីភាវៈនៃខ្លួនថាពហុស្សូត ចេះចាំនូវពាក្យពេចន៍របស់ព្រះសម្ពុទ្ធជាម្ចាស់ បុគ្គលនោះ ទោះបីមិនបរិបូណ៌ដោយភោគសម្ប័ទ ក៏បានវោហារថាជាអ្នកមិនក្រលំបាកដោយការចិញ្ចឹមជីវិត មិនប្រាសចាកប្រយោជន៍ដ៏ល្អទេ ទោះនឹងចូលទៅសហគមន៍ណា រមែងជាទីរាប់អាននៃជនទាំងឡាយ ព្រោះមានសេចក្ដីឆ្លៀវឆ្លាតអង់អាចក្លាហានក្នុងការនិយាយស្ដី មានបញ្ញា ដឹងអត្ថ ដឹងធម៌ នាំខ្លួនឲ្យតាំងនៅក្នុងសម្មាបដិបត្តិជាសប្បុរស ហើយប្រកបក្នុងសារប្រយោជន៍ ។ ហេតុដូច្នេះ សម្ដេចព្រះបរមសាស្ដា ទ្រង់សរសើរគុណធម៌គឺ ពហុសច្ចនេះជាច្រើនប្រការ ។ បុគ្គលជាពហុស្សូតមានធម៌បានស្ដាប់បានរៀនហើយដោយច្រើន ទ្រទ្រង់ធម៌ដែលបានស្ដាប់ បានរៀននោះ មានធម៌ដែលស្ដាប់ដែលរៀនហើយសន្សំទុក ធម៌ណាដែលពីរោះក្នុងខាងដើម ពីរោះក្នុងកណ្ដាល ពីរោះក្នុងទីបំផុត ប្រកាសព្រហ្មចរិយ ព្រមទាំងអត្ថទាំងព្យញ្ជនៈ បរិសុទ្ធបរិបូណ៌អស់ជើងធម៌ទាំងអម្បាលនោះ បុគ្គលបានស្ដាប់បានរៀនហើយដោយច្រើន បានសម្លឹងពិចារណា ហើយចិត្តក៏បានចាក់ធ្លុះចំពោះធម៌ ជាគុណប្រយោជន៍ធ្វើបុគ្គលនោះឲ្យជាទីពឹងអាស្រ័យនៃសព្រហ្មចារីទាំងឡាយ ការសិក្សាមានគុណានុភាពបែបនេះ ទើបលោកប្រដៅឲ្យគោរពក្នុងកិច្ចសិក្សា ។

ទី ៥ – អប្បមាទគារវតា គោរពក្នុងសេចក្ដីមិនប្រមាទ ។ សេចក្ដីមិនប្រមាទនេះ គឺធម៌ជាសត្រូវដល់សេចក្ដីប្រមាទ ដោយអត្ថថា បានដល់កិរិយាដែលមិននៅប្រាសចាកសតិ គឺកិរិយាដែលមិនវង្វេង ឈ្មោះថាសេចក្ដីមិនប្រមាទ គោរពក្នុងសេចក្ដីមិនប្រមាទនោះ គឺបំពេញសេចក្ដីមិនប្រមាទឲ្យបរិបូណ៌ក្នុងសន្ដាន ដោយអធិប្បាយថា មិនស្រវឹងក្នុងលាភ យស សរសើរ សុខ ក្នុងវ័យ ក្នុងសេចក្ដីមិនមានរោគ ក្នុងជីវិតដូច្នេះ ចាត់ជាគោរពក្នុងសេចក្ដីមិនប្រមាទ ។

ម្យ៉ាងទៀត ធ្វើសេចក្ដីមិនប្រមាទក្នុងការលះសេចក្ដីអាក្រក់ មិនប្រមាទក្នុងការបំពេញសេចក្ដីល្អ ទាំងពីរនេះមានសេចក្ដីអធិប្បាយថា ការមិនប្រមាទក្នុងការលះនោះ សេចក្ដីថា អំពើណាៗប្រព្រឹត្តទៅដើម្បីខូចប្រយោជន៍ខ្លួននឹងអ្នកដទៃ អំពើនោះៗ ជាអំពើគួរលះ ទោះបីបន្តិចបន្តួចក៏មិនត្រូវប្រមាទឡើយ ។

សមដូចសុភាសិតដែលព្រះមានព្រះភាគទ្រង់ត្រាស់សម្ដែងថា ៖

មាវមញ្ញេថ  ចាបស្ស  ន  មត្តំ  អាគមិស្សតិ
ឧទពិន្ទុនិចាតេន   ឧទកុម្ភោបិ បូរតិ
បូរតិ  ពាលោ    ចាបស្ស  ថោកំ  ថោកំបិ  អាចិនំ ។

សេចក្ដីថា ៖ បុគ្គលមិនគួរមើលងាយបាបថា បាបមានប្រមាណតិចនឹងមិនឲ្យផលឡើយ សូម្បីក្អមទឹកដែលគេបើកមាត់ចំហទុកក្នុងទីវាល ក៏រមែងពេញដោយតំណក់ទឹកភ្លៀងដែលធ្លាក់ពីលើអាកាសចុះមកបន្តិចម្ដងៗពេញបាន យ៉ាងណាមិញ  មនុស្សពាលកាលបើសន្សំបាប សូម្បីបន្តិចម្ដងៗ ក៏ពេញដោយបាបបានយ៉ាងនោះដែរ ។

ចំណែកខាងអ្នកមិនប្រមាទក្នុងការបំពេញសេចក្ដីល្អនោះ អធិប្បាយថា អំពើណាៗ ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ខ្លួននឹងអ្នកដទៃ អំពើនោះៗ ជាអំពើគួរបំពេញគួរចម្រើន ទោះបីបន្តិចបន្តួចក៏មិនត្រូវប្រមាទឡើយ ដ្បិតមានសុភាសិតនៃព្រះមានព្រះភាគ ទ្រង់ប្រដៅថា ៖

មាវមញ្ញេថ  បុញ្ញស្ស  ន  មត្តំ  អាកមិស្សតិ
ឧទពិន្ទុនិបាតេន   ឧទកុម្ភោបិ  បូរតិ
បូរតិ  ធីរោ  បុញ្ញស្ស  ថោកំ  ថោកំបិ  អាចិនំ ។

សេចក្ដីថា ៖ បុគ្គលមិនគួរមើលងាយបុណ្យថា បុណ្យមានប្រមាណតិចនឹងមិនឲ្យផលឡើយ ប្រៀបដូចក្អមទឹករមែងពេញបានដោយតំណក់ទឹកដែលធ្លាក់ចុះយ៉ាងណា, អ្នកមានប្រាជ្ញាកាលសន្សំនូវបុណ្យបន្តិចម្ដងៗ គង់ពេញបានដោយបុណ្យនោះដែរ ។

ការប្រុងប្រយត្នគ្រប់យ៉ាងចាត់ជាសេចក្ដីគោរពក្នុងសេចក្ដីមិនប្រមាទម្យ៉ាង ។

មួយវិញទៀត ព្រះសយម្ភូញាណជាម្ចាស់ទ្រង់ត្រាស់ឲ្យលះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កុំឲ្យប្រមាទក្នុងការលះទុច្ចរិតទាំងនោះ ឲ្យធ្វើកាយសុចរិត វចីសុចរិត មនោសុចរិត ឲ្យកើតមានឡើង កុំឲ្យប្រមាទក្នុងការចម្រើនសុចរិតទាំងនោះ ។ សេចក្ដីមិនប្រមាទនេះ បើពោលតាមសេចក្ដី ក៏គឺមានសតិបរិបូណ៌មិនប្រាសចាកសតិសម្បជញ្ញៈ សមដូចព្រះពុទ្ធដីកានៃព្រះមានព្រះភាគជាម្ចាស់ត្រាស់ថា ចតូសុ  កិក្ខវេ  ឋានេសុ  អត្ថរូបេន  អប្បមាទោ  សតិ  ចេតសោ  អារក្ខោ ករណីយោ ម្នាលភិក្ខុទាំងឡាយ ! សេចក្ដីមិនប្រមាទគឺសតិ ថាធម៌រក្សាទុកនូវចិត្តជាធម្មជាតិដែលអ្នកទាំងឡាយត្រូវធ្វើ ក្នុងទី ៤ ស្ថាន តាមសមគួរដល់ខ្លួន សេចក្ដីមិនប្រមាទដែលអ្នកទាំងឡាយត្រូវធ្វើក្នុងទី ៤ ស្ថាននោះ គឺ ១ – ចិត្តរបស់អាត្មាអញកុំត្រេកត្រអាលក្នុងធម៌ដែលជាហេតុឲ្យកើតសេចក្ដីត្រេកត្រអាល ២ – ចិត្តរបស់អាត្មាអញកុំប្រទូស្តក្នុងធម៌ដែលជាហេតុឲ្យកើតសេចក្ដីប្រទូស្ត ៣ – ចិត្តរបស់អាត្មាអញកុំវង្វេងក្នុងធម៌ដែលជាហេតុឲ្យកើតសេចក្ដីវង្វេង ៤ – ចិត្តរបស់អាត្មាអញកុំស្រវឹងក្នុងធម៌ដែលជាហេតុឲ្យកើតសេចក្ដីស្រវឹង ។ កាលបើពោលដោយសេចក្ដីប្រតិបត្តិជាឧបការដល់សេចក្ដីមិនប្រមាទនោះ ក៏គឺមនសិការ (ធ្វើទុកក្នុងចិត្ត ) ដល់ខយវធម៌ ។ បុគ្គលនឹករំពឹងដល់សេចក្ដីសូន្យនៃសង្ខារ ដោយអំណាចចាស់ ឈឺ ស្លាប់ក្ដី នឹករំពឹងថា ឱ ! សេចក្ដីចាស់ ឈឺ ស្លាប់ ជាភ័យរុករានទន្រ្ទានចូលកាន់តែជិតៗមកហើយ ដូច្នេះក្ដី តអំពីនោះទៅ ទើបមិនប្រមាទ ខំខ្មីឃ្មាតបំពេញកុសលឲ្យកើតឡើងក្នុងសន្ដាន ។ ព្រោះហេតុនោះ បានជាព្រះបរមសាស្ដាជាម្ចាស់  កាលនឹងត្រាស់ដាស់តឿនពុទ្ធបរិស័ទមិនឲ្យប្រមាទក្នុងកាលដែលព្រះអង្គទៀបបរិនិព្វានថា ហន្ទទានិ  ភិក្ខវេ  អាមន្តយាមិ  វោ ម្នាលភិក្ខុទាំងឡាយ ! តថាគតដាស់តឿនអ្នកទាំងអស់គ្នា វយធម្មា សង្ខារា  សង្ខារទាំងឡាយមានសេចក្ដីសូន្យជាធម្មតា អប្បមាទេន  សម្បាទេថ អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍ឲ្យសម្រេចដោយសេចក្ដីមិនប្រមាទចុះ ។ មួយវិញទៀត ពោលដោយអត្ថ កាលនឹងប្រកបកិច្ចការណាមួយទាំងផ្លូវលោក ទាំងផ្លូវធម៌  មិនប្រាសចាកសតិស្មារតីនៅសព្វកាលវេលា នេះចាត់ជាគោរពក្នុងសេចក្ដីមិនប្រមាទ ។

ទី ៦ – បដិសណ្ឋារគារវតា  គោរពក្នុងបដិសណ្ឋារៈ ។  បដិសណ្ឋារៈនោះបានដល់ការទទួលដោយមេត្រី ចែកចេញជាពីរប្រការ គឺ  អាមិសប្បដិសណ្ឋារៈ ១ ធម្មប្បដិសណ្ឋារៈ ១ ។ ការទទួលភ្ញៀវដោយទ្រព្យ របស់ជាការសមគួរដល់ភ្ញៀវ ដែលមកដល់លំនៅខ្លួនដូចឲ្យភោជនាហារ ទីសម្នាក់អាស្រ័យជាដើម ហៅថាអាមិសប្បដិសណ្ឋារៈ ។ ការដែលធ្វើអាមិសប្បដិសណ្ឋារៈនោះ គួរតែឲ្យប្រព្រឹត្តទៅដោយធម៌ ដូចសម្ដែងខ្លួនតាមគួរសម យ៉ាងដូច្នេះហើយ លើកមុខមាត់ភ្ញៀវដែលមកនោះ ដោយសេចក្ដីអើពើដល់ភ្ញៀវក្ដី ការទូន្មានណែនាំទៅក្នុងផ្លូវល្អក្ដី ហៅថាធម្មប្បដិសណ្ឋារៈ ។ ការគោរពអើពើក្នុងបដិសណ្ឋារៈដល់ភ្ញៀវដែលមកទីកន្លែងរបស់ខ្លួន ដោយអាមិសឬដោយធម៌ដូចពោលមកហើយនោះ ឬគ្រាន់តែប្រាស្រ័យដោយវាចាដែលហៅថា សម្មោទនា គឺនិយាយប្រាស្រ័យឲ្យកើតសេចក្ដីត្រេកអរមានសួរដល់សុខ – ទុក្ខ ជាដើមនេះ ចាត់ជាគោរពក្នុងបដិសណ្ឋារៈ ។ កាលបើពោលដោយអាការដែលប្រព្រឹត្តទៅហើយ ការធ្វើបដិសណ្ឋារៈនេះជាប្រពៃណីនិយម តមករបស់បុរាណបណ្ឌិត សូម្បីក្រៅពុទ្ធសម័យ ទោះបីភ្ញៀវនោះមកល្អក៏ដោយ អាក្រក់ក៏ដោយ ក៏ឲ្យសម្គាល់ឃើញថា ជាកិច្ចដែលត្រូវធ្វើតាមនាទី សេចក្ដីនេះគប្បីឃើញក្នុងរឿងព្រះវេស្សន្ដរ ទ្រង់ធ្វើបដិសណ្ឋារៈ ដល់ជូជកព្រាហ្មណ៍ដែលមកទូលសុំព្រះរាជកុមារទាំងពីរនិងសម្ដេចសហស្សនេត្រ ដែលកាឡាភេទជាព្រាហ្មណ៍មកទូលសុំនាងមទ្រី ព្រះអង្គក៏ត្រាស់ប្រាស្រ័យឲ្យកើតសេចក្ដីត្រេកអរ ហើយអញ្ជើញឲ្យលាងជើងឲ្យចូលទៅក្នុងអាស្រមបទ ឲ្យរើសផលានុផល មធុរសជារបស់ព្រៃបរិភោគ ឲ្យផឹកវារីថ្លាត្រជាក់ដែលដងមកអំពីជ្រោះភ្នំតាមសេចក្ដីគាប់ចិត្ត ។ លុះដល់មកពុទ្ធុប្បាទសម័យ សម្ដេចព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ប្រដៅឲ្យគោរពក្នុងបដិសណ្ឋារៈដូចគ្នា សូម្បីបព្វជិតក៏ត្រូវធ្វើដែរ ដូចយ៉ាងអាគន្តុកៈមកដល់ទីសម្នាក់ជានាទីនៃចៅអាវាស នឹងគួរទទួលដោយកិច្ចវត្ត ។

បើពោលដោយទូទៅ សេចក្ដីគោរពនេះ ជាគុណធម៌មួយដ៏ល្អ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ បានត្រាស់ទុកថាជាធម៌ជាគ្រឿងទ្រទ្រង់សាសនា ឲ្យរុងរឿងអស់កាលជាអង្វែងទៅបាន គឺថាព្រះពុទ្ធសាសនានឹងទន់ទាបឬចម្រើនរុងរឿងឡើង ក៏ព្រោះសេចក្ដីគោរព និងសេចក្ដីមិនគោរពនេះឯងជាហេតុ សេចក្ដីនេះគប្បីដឹងដោយទេសនាន័យ ដែលព្រះអង្គត្រាស់ដល់ មហាកស្សបៈ ប្រារព្ធសេចក្ដីអន្តរធាននៃព្រះសទ្ធម្ម ដែលនឹងមានឡើងក៏ព្រោះភិក្ខុ ភិក្ខុនី  ឧបាសក ឧបាសិកា មិនមានសេចក្ដីគោរពកោតក្រែង ក្នុងព្រះសាស្ដា  ក្នុងព្រះសង្ឃ ក្នុងការសិក្សា មិនមានអ្វីដទៃដែលអាចលុបលាងព្រះសទ្ធមឲ្យសាបសូន្យទៅបាន ក្រៅអំពីហេតុ គឺសេចក្ដីគោរពនិងសេចក្ដីមិនគោរពកោតក្រែងនោះឡើយ ព្រោះហេតុដូច្នេះ សាធុជនអ្នកប្រាថ្នាសេចក្ដីចម្រើនដល់ជាតិ សាសនា ព្រះមហាក្សត្រ ប្រាថ្នាសេចក្ដីចម្រើនដល់ខ្លួន គប្បីធ្វើសេចក្ដីគោរព ៦ ប្រការនេះចុះ ។

ការពណ៌នាអំពីគារវៈ ចប់ដោយសេចក្ដីសង្ខេបតែប៉ុណ្ណេះ ។

របស់ព្រះមហា  ចក់ សុវឌ្ឍន៍  វត្តមហាមន្រ្តី

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៩

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖