បណ្ឌិតកថា

មោ តស្ស ភគវតោ អហរតោ សម្មាសម្ពុទ្ធស្ស  ។

ពុទ្ធសាសនិកជនទាំងឡាយ !

ថ្ងៃនេះជាថ្ងៃឧបោសថ ដែលពុទ្ធបរិស័ទជាគ្រហស្ថ គួរលះបង់កង្វល់ក្នុងផ្ទះ អប់រំឧបោសថសីល ដើម្បីញាំញីរាគៈ ទោសៈ មោហៈ មានៈ ជាដើម ។ ដើម្បីធ្វើឧបោសថឲ្យមានផលច្រើនគួរបំពេញកិច្ចពិសេសតាមកាលគួរ គឺការស្ដាប់ធម្មទេសនា ការសាកសួរធម៌ ការហាត់ធ្វើឧបោសថ ។ ឯកាលនេះ ជាកាលគួរស្ដាប់ធម្មទេសនា ។

វិទ្យុជាតិ ផ្សាយធម្មទេសនា អំពីបណ្ឌិតកថា ជូនជាសណ្ដាប់ចំពោះពុទ្ធបរិស័ទ ដើម្បីតម្រូវនឹងឧបោសថកាលផង ដើម្បីជួយអបរំចរិតអធ្យាស្រ័យ នៃមនុស្សជាតិឲ្យងាកចេញអំពីពាលភាពមកកាន់បណ្ឌិតភាព តាមន័យនៃពុទ្ធទស្សនៈផង ។

 ព្រះពុទ្ធជាបណ្ឌិតឯក​ខាងសន្តិភាព ឥតមានអាមិស មានការពិសោធ​គ្រប់គ្រាន់ ទ្រង់ណែនាំពួកសត្វឲ្យលះបង់អំពើពាល ដែលបណ្ដាលឲ្យកើតទុក្ខទោស ភ័យ អន្តរាយ ឧបសគ្គ គ្រោះថ្នាក់ ឧបទ្រពអពមង្គលគ្រប់ប្រការ ឲ្យឧស្សាហ៍បំពេញអំពើបណ្ឌិត ដែលប្រព្រឹត្តទៅដើម្បីសុខសួស្ដី សិរីមង្គលគ្រប់យ៉ាង បានខាងសុខមនុស្ស សុខសួគ៌ សុខនិព្វានគ្មានកង្វល់រវល់នឹងកើតចាស់ស្លាប់ជាអវសាន ទ្រង់ទូន្មានបុគ្គលដែលជាពាល ឲ្យប្រញាប់ប្រញាល់ឆ្នៃខ្លួនឲ្យជាបណ្ឌិត ទ្រង់ឲ្យឱវាទបន្ថែមដល់បណ្ឌិតឲ្យរឹតតែកាន់ភាពបណ្ឌិតល្អឡើង ។

សឹងមានព្រះពុទ្ធភាសិតពីរគាថាក្នុងធម្មបទ បណ្ឌិតវគ្គ ដែលមានអត្ថន័យសម្ដែងអំពីបណ្ឌិត និងធម៌របស់បណ្ឌិតជានិទស្សន៍ថា ៖

កណ្ហំ ធម្មំ វិប្បហាយ សុក្កំ ភាវេថ បណ្ឌិតោ

ឱកា អនោកមាគម្ម វីវេកេ យត្ថ ទូរមំ

តត្រាភិវតិមិច្ឆេយ្យ ហិត្វា កាមេ អកិញ្ចនោ

បរិយោទបេយ្យ អត្តានំ ចិត្តក្លេសេហិ បណ្ឌិតោ  ។

បណ្ឌិតចេញចាកអាល័យ អាស្រ័យនិព្វាន ឥតអាល័យ គប្បីលះឲ្យស្រឡះនូវធម៌ខ្មៅ គប្បីចម្រើននូវធម៌ស បណ្ឌិតលះបង់នូវកាមទាំងឡាយអស់កង្វល់ គប្បីប្រាថ្នានូវសេចក្ដីត្រេកអរក្រៃលែងក្នុងវិវេក ដែលសត្វកម្រត្រេកអររក គប្បីញ៉ាំងខ្លួនឲ្យស្អាតផូរផង់ ចាកធម៌ទាំងឡាយជាគ្រឿងសៅហ្មងចិត្ត ។

សេចក្ដីអធិប្បាយ

ពាក្យថា “បណ្ឌិត” បានសេចក្ដីថា អ្នកប្រព្រឹត្តទៅដោយបញ្ញាដោយញាណគតិអ្នកប្រកបដោយបញ្ញាស្អាត អ្នកប្រាជ្ញ អ្នកមានប្រាជ្ញាអ្នកចេះដឹង អ្នកចេះសម្ដែងសេចក្ដីច្បាស់លាស់ អ្នកចេះវែកញែកបើកបង្ហាញសម្ដែងពន្យល់ ឲ្យងាយយល់នូវអាថ៌ធម៌ អ្នកឈ្លាស អ្នកប៉ិនប្រសប់ អ្នកវាងវៃមានប្រាជ្ញារឹងប៉ឹង អ្នកមានប្រាជ្ញាខ្ជាប់ខ្លួន អ្នកមានប្រាជ្ញា​កាប់ឆ្ការ អ្នកចេះលៃលក អ្នកមានញាណ អ្នកមានមតិល្អ អ្នកមានឧត្ដគតិ អ្នកចេះអប់រំខ្លួនដោយសុចរិត ។

ពាក្យថា ចេញចាកអាល័យ អាស្រ័យនៅព្រះនិព្វានគ្មានអាល័យបានសេចក្ដីថា ចេញចាកលំនៅគឺ ឃរាវាសធម៌ ជាលំនៅតណ្ហា ជាចំណងមារ ជាគ្រឿងអាឡោះអាល័យរបស់ចិត្ត ដែលធ្លាប់ដេកត្រាំ លះភេទគ្រហស្ថទាំងអស់ហើយតោងយកព្រះនិព្វាន ដែលចេញផុតអាល័យគឺតណ្ហាឲ្យជាអារម្មណ៍ ហើយបំពេញនេក្ខម្មក្នុងសាសនា ។

ពាក្យថា គប្បីលះបង់ឲ្យស្រឡះនូវធម៌ខ្មៅ បានសេចក្ដីថាកាលបានបួសហើយ គួរលះបង់នូវអកុសលទាំងអស់ មានទុច្ច​រិតជាដើម ហើយបំពេញចតុប្បារិសុទ្ធិសីលឲ្យផូរផង់ឲ្យស្អាត ឲ្យបរិបូណ៌ជាអបរិមាណ ។

ពាក្យថា គប្បីចម្រើននូវធម៌ស បានសេចក្ដីថា គួរប្រឹងប្រែងព្យាយាមតាំងសម្មប្បធាន ៤ ឲ្យម៉ឺងម៉ាត់ និងឥទ្ធិបាទ ៤ ឲ្យរឹងប៉ឹង បំពេញនូវកុសលធម៌ទាំងអស់ មានសុចរិតជាដើមឲ្យបានចម្រើន ធ្វើសមាធិចិត្តឲ្យមាំមួនដរាបដល់បានអរហត្តមគ្គ ។

ពាក្យថា លះបង់នូវកាមទាំងឡាយឲ្យអស់កង្វល់ បានសេចក្ដីថាលះបង់ ផ្ដាច់បង់ រម្លើងចោលនូវកាមពីរយ៉ាងគឺ វត្ថុកាម បានដល់កាមគុណារម្មណ៍ ៥ ឧបភោគបរិភោគវត្ថុ សវិញ្ញាណកាវិញ្ញាណកវត្ថុ ។ កិលេសកាម បានដល់ឆន្ទៈ រាគៈ សង្កប្បៈ តណ្ហា ស្នេហៈ មុច្ឆា អជ្ឈោសានៈ យោគៈ ឧបាទាន ចំពោះវត្ថុកាមនោះ ហើយអស់មានការរវល់ខ្វល់ស្មុគស្មាញ ព្រោះកង្វល់គឺ រាគៈ ទោសៈ មោហៈ មានៈ ទិដ្ឋិនៅជាស្រួល ។

ពាក្យថា គប្បីប្រាថ្នានូវសេចក្ដីត្រេកអរក្រៃលែងក្នុងវិវេក ដែលពួកសត្វកម្រត្រេកអររក បានសេចក្ដីថា បន្ទាប់មក ចង់បាននូវសេចក្ដីរីករាយស្រោះស្រាយ កន្លងនូវសេចក្ដីរីករាយប្រកបដោយអាមិស ក្នុងព្រះនិព្វានដ៏ស្ងប់ស្ងាត់ចាកកិលេស ខន្ធ អភិសង្ខារ បានដោយងាយ ព្រោះសេចក្ដីត្រេកអររីករាយបែបនេះ ពួកសត្វដែលត្រូវកាមនឹងកង្វល់រួបរឹតជិះជាន់ញាំញីជានិច្ច ពុំបានឱកាសត្រេកអរនឹកដល់ទេ ។

ពាក្យថា គប្បីញ៉ាំងខ្លួនឲ្យស្អាតផូរផង់ ចាកធម៌ទាំងឡាយជាគ្រឿងសៅហ្មងចិត្ត បានសេចក្ដីថា តមកទៀត គប្បីដុសខាត់អាត្ម័នគឺចិត្ត ឲ្យរឹតតែផូរផង់ពិសេសជាងនោះទៅទៀត ឲ្យជ្រះរលីងអំពីកិលេសរបស់ចិត្ត គឺនីវរណធម៌ ៥ យ៉ាង ។

បណ្ឌិតលោកយកនិព្វានជាអារម្មណ៍ហើយ ឈានទៅកាន់និព្វានសោយនេក្ខម្មៈ សីល សមាធិ បញ្ញា ដរាបសម្រេចអវសានកិច្ច ។

បណ្ឌិតចែកដោយន័យ ជាដំណើរមក ដោយសង្ខេបមាន ៤០ គឺ ៖

          ១- សីប្បិយបណ្ឌិត បណ្ឌិតព្រោះស្ទាត់ខាងសិល្បៈមានសិល្បៈធ្នូជាដើម

          ២- ឧគ្គណ្ហនបណ្ឌិត បណ្ឌិតព្រោះរៀនចេះអក្សរសាស្ត្រ ធម្មសាស្ត្រ បរិយត្តិជាដើម

          ៣- ពាហុសច្ចបណ្ឌិត បណ្ឌិតព្រោះចេះចាំច្រើន រៀនសូត្រស្ដាប់ច្រើន

          ៤- បណ្ឌិតបសំសេវបណ្ឌិត បណ្ឌិតព្រោះចូលសេពបណ្ឌិតរៀនស្ដាប់ជាមួយ

          ៥- សុតបណ្ឌិត បណ្ឌិតព្រោះស្ដាប់អ្នកប្រាជ្ញសម្ដែងរឿយៗ

          ៦- ចិត្តបណ្ឌិត បណ្ឌិតព្រោះគិតត្រិះរិះ រាវរក ពិនិត្យពិសោធ ល្បង

          ៧- ភាវនាបណ្ឌិត បណ្ឌិតព្រោះការចម្រើននូវគន្ធ ធាតុ អាយតនៈ ឥន្ទ្រិយ សច្ច

          ៨- សជាតិបណ្ឌិត បណ្ឌិតព្រោះមានបញ្ញាពីកំណើតដែលកើតអំពីធ្លាប់អប់រំ

          ៩- អត្តវិមោចនបណ្ឌិត បណ្ឌិតព្រោះចេះដោះខ្លួន​ឲ្យរួចអំពី​ឧបសគ្គ កណ្ដាប់ដៃសត្រូវ

          ១០- ឧបាយកោសល្លបណ្ឌិត បណ្ឌិតព្រោះឈ្លាសក្នុងឧបាយសព្វផ្លូវ

          ១១- ការណាការណជាននបណ្ឌិត បណ្ឌិតព្រោះស្គាល់ហេតុតូច-ធំ គួរមិនគួរ

          ១២- លោកវត្តជាននបណ្ឌិត បណ្ឌិតព្រោះចេះស្គាល់វត្តទំនៀមលោក ប្រើឫកពាសមតាម

          ១៣- កាលវិចក្ខណបណ្ឌិត បណ្ឌិតព្រោះប្រសប់លៃទុកដាក់ខ្លួនតាមកាលៈទេសៈ

          ១៤- បញ្ហាវិស្សជ្ជនបណ្ឌិត បណ្ឌិតព្រោះវាងវៃក្នុងការដោះស្រាយបញ្ហា

          ១៥- ធនសន្និចយបណ្ឌិត បណ្ឌិតព្រោះចេះតម្កើងខ្លួនដោយសន្សំទ្រព្យឲ្យមាន

          ១៦- ឃរាំវាសបណ្ឌិត បណ្ឌិតព្រោះគ្រប់គ្រងផ្ទះ តាមប្រយោជន៍ទាន់ភ្នែកនឹងឯភ្នែក

          ១៧- អជ្ឈាសយគ្គហណបណ្ឌិត បណ្ឌិតព្រោះចេះតម្រូវអធ្យាស្រ័យ បុគ្គល បរិស័ទ

          ១៨- កតញ្ញូកតវេទិបណ្ឌិត បណ្ឌិតព្រោះដឹងគុណគេ ហើយធ្វើតបវិញ

          ១៩- សង្គហបណ្ឌិត បណ្ឌិតព្រោះចេះសង្គ្រោះដោយទាន សម្ដីផ្អែម ប្រយោជន៍ស្មោះស្មើ

          ២០- អត្តប្បដិជគ្គនបណ្ឌិត បណ្ឌិតព្រោះចេះថែទាំខ្លួនដោយល្អ ប្រាសចាកអកុសល

          ២១- បដិរូបនិវេសនបណ្ឌិត បណ្ឌិតព្រោះចេះតម្កល់ខ្លួនក្នុងគុណដ៏សមគួរ

          ២២- កល្យាណបណ្ឌិត បណ្ឌិតព្រោះមានកល្យាណកម្ម អំពើល្អជាទីគាប់ចិត្ត

          ២៣- មលនិទ្ធមបណ្ឌិត បណ្ឌិតព្រោះព្យាយាមកម្ចាត់មន្ទិលដោយបំពេញកុសល

          ២៤- បុញ្ញឧច្ចយបណ្ឌិត បណ្ឌិតព្រោះចេះសន្សំបុណ្យបន្តិចម្ដងៗ

          ២៥- បរិច្ចាគបណ្ឌិត បណ្ឌិតព្រោះលះកំណាញ់បំពេញទាន

          ២៦- សីលបណ្ឌិត បណ្ឌិតព្រោះមានសីល ៥-៨-១០-៤,

          ២៧- បញ្ញាបណ្ឌិត បណ្ឌិតព្រោះមានបញ្ញាដឹងនូវទុក្ខ ហេតុនៃ​ទុក្ខ ការរលត់ទុក្ខ ហេតុរលត់ទុក្ខ

          ២៨- ពុទ្ធិបណ្ឌិត បណ្ឌិតព្រោះត្រាស់ដឹងនូវសច្ចៈ ហើយឲ្យគេត្រាស់ដឹងផង

          ២៩- អនុពុទ្ធិបណ្ឌិត បណ្ឌិតព្រោះត្រាស់ដឹងនូវសច្ចៈតាមក្រោយ

          ៣០- ខន្តិបណ្ឌិត បណ្ឌិតព្រោះចេះអត់ធន់នឹងសភាវធម៌ ធម្មជាតិ អន្តរាយ

          ៣១- វីរិយបណ្ឌិត បណ្ឌិតព្រោះព្យាយាមកម្ចាត់កិលេសអកុសលលាមក

          ៣២- អវេរបណ្ឌិត បណ្ឌិតព្រោះមិនមានពៀរភ័យរវាងខ្លួននិងអ្នកដទៃ

          ៣៣- សមចរិយាបណ្ឌិត បណ្ឌិតព្រោះការប្រព្រឹត្តស្មើដោយ កាយ វាចា ចិត្ត

          ៣៤- មោនបណ្ឌិត បណ្ឌិតព្រោះការដឹងនូវលោក ព្រោះស្ងៀមចាកអកុសល

          ៣៥- បច្ចវេក្ខណបណ្ឌិត បណ្ឌិតព្រោះពិចារណាឃើញត្រកូលវ័យជាដើម វៀរចាកអកុសល

          ៣៦- អត្ថគ្គហណបណ្ឌិត បណ្ឌិតព្រោះមានបញ្ញាចក្ខុកាន់យកនូវប្រយោជន៍ទាំងពីរ

          ៣៧- អត្តបរហិតបណ្ឌិត បណ្ឌិតព្រោះធ្វើប្រយោជន៍ឲ្យខ្លួនផងឲ្យអ្នកដទៃផង

          ៣៨- សុខីករណបណ្ឌិត បណ្ឌិតព្រោះធ្វើខ្លួនឲ្យបានស្រួលឲ្យសុខសាន្ត

          ៣៩- អត្តវិសោធនបណ្ឌិត បណ្ឌិតព្រោះការច្នៃខ្លួនឲ្យបានចម្រើនល្អ ចេះ

          ៤០- កាមាទីនវទស្សនបណ្ឌិត បណ្ឌិតព្រោះការឃើញទោសកាមគុណារម្មណ៍

បណ្ឌិតទាំងនេះ មានសទិសភាពតែមួយ ដោយលក្ខណៈ ៣ គឺការធ្វើល្អ ការនិយាយស្ដីល្អ ការគិតល្អ ។ បំប្រួញមកនៅត្រឹម ៣ គឺ ៖

          ១- សយម្ភូបណ្ឌិត បណ្ឌិតចេះ ដឹងឯង ដោយផលបារមីធម៌

          ២- អនុបណ្ឌិត បណ្ឌិតចេះដឹង តាមសយម្ភូបណ្ឌិត

          ៣- ពីជីបណ្ឌិត បណ្ឌិតដែលមានពូជជាតិបណ្ឌិតក្នុងខ្លួន ។

ក្នុងទីនេះ គួរយកពីរបណ្ឌិតជាប្រមាណ ព្រោះជាខាងដើម ។

ក្នុងលោកនេះ បុគ្គលដែលបានកើតជាមនុស្សហើយ បានជាបណ្ឌិតតែម្ដង កម្រមានណាស់ ប៉ុន្តែ បុគ្គលដែលមិនក្លាយជាបណ្ឌិតសោះនោះមិនមានទេ បើទុកជាបុគ្គលនោះ កាន់អំពើពាលយ៉ាងណាក៏ដោយគង់អាច​ច្នៃ​​ខ្លួនបាន ដោយការសេពគប់បណ្ឌិត ព្យាយាមជាដើម ព្រោះក្នុងសន្តានរបស់គេ តែងតែមានពូជជាបណ្ឌិតឋិតនៅ ដូចជាធាតុថ្លាតែងតែមានក្នុងទឹកជ្រាំ ឬដូចជាតិរសផ្អែមតែងតែមានក្នុងផ្លែស្វាយខ្ចី ឬក៏ដូចពូជឈូកមាននៅក្នុងស្រះរីងទឹកក្នុងគិម្ភរដូវ ។ ដូច្នេះ មនុស្សឈ្មោះថាបណ្ឌិតដោយពូជជាតិបណ្ឌិត ។ ពូជជាតិបណ្ឌិតនេះនឹងដុះដាលឡើង ដោយការរៀន ដោយការសេពគប់បណ្ឌិតកល្យាណមិត្ត ដោយព្យាយាមជាដើមដូចពូជឈូកនៅក្នុងស្រះ តែងតែដុះក្នុងពេលមានទឹក ក្នុងវស្សានរដូវដូច្នោះ បើពុំដូច្នោះទេ មិនលូតលាស់ ដើម្បីបណ្ឌិតភាពឡើយ ដូចពូជឈូកមិនដុះក្នុងស្រះ ឥតដូច្នោះ ។

បុគ្គលជាពីជបណ្ឌិត អាចដើម្បីសាងខ្លួនឲ្យជាសយម្ភូបណ្ឌិត ឬអនុបណ្ឌិតបាន ដោយព្យាយាមបណ្ដុះពូជបណ្ឌិត ដោយឧបដ្ឋាន អប្បមាទ សញ្ញាមៈ ទមៈ ដោយការសេពគប់សប្បុរស ដោយការអប់រំខ្លួនក្នុងរវាងរៀន វិទ្យាស្ថាន វិទ្យាល័យ ដោយការនៅក្នុងសម្នាក់អាចារ្យ​ចេះច្រើនមានការពិសោធច្រើន មានសីលាចារ្យសមរម្យស្រគត់ស្រគំ ដោយការស្ដាប់ គិត ចម្រើន ដោយការលះបង់ចិត្ត គំនិត ចរិត អធ្យាស្រ័យអាក្រក់ដោយឧបាយបន្តិចម្ដងៗ ដោយភាពទៀងត្រង់ ទន់ភ្លន់សុភាពប្រដៅងាយដោយទាន សីល ព្រហ្មវិហារ ។

ពីជបណ្ឌិត កាលបានអប់រំខ្លួនយ៉ាងនេះហើយ បានឈ្មោះថាបណ្ដុះពូជបណ្ឌិតឲ្យដុះតាមលំដាប់ យូរៗទៅ មានបញ្ញាចាស់ក្លា មានកម្លាំងភ្លឺថ្លា អាចមើលឃើញច្បាស់ នូវត្រៃលោក ដូចគំនរភ្លើងគគីរ ៣ ភ្នក់ធំនូវលោកដែលកើលនឹងត្រៃលក្ខណ៍ នូវភ្លើងទុក្ខ ភ្លើងកិលេស នូវសង្សារវដ្ដឥតចុងឥតដើម នូវភ័យក្នុងសំសារសាគរដ៏ធំធេងជ្រៅស្រឡូងឃើញយកឃរាវាសធម៌ពេញដោយកង្វល់សាំញ៉ាំ ។ ឃើញទេ ទោសកាមជាមេអសន្តិសុច ព្យាបាទ វិហឹសា ជាមេភ្លើង ប្រល័យលោក ដុតរោលលោក ឲ្យខ្លោចក្រៀមក្រមសៅហ្មងសោកសៅ ហើយធុញទ្រាន់នឹងលោក នឹងការកើត ចាស់ ឈឺ ស្លាប់ ឃើញច្បាស់នូវអានិសង្សនេក្ខម្មថាក្សេម ឥតកង្វល់ លះបង់ភេទគ្រហស្ថទាំងអស់ ថ្វាយជីវិតបួសក្នុងព្រះពុទ្ធសាសនាប្រាសចាកឧបករណ៍ក្នុងផ្ទះ ។

បណ្ឌិតចេញចាកអាល័យរបស់គ្រហស្ថគឺកាមតណ្ហាហើយ ក៏ផ្គងចិត្តបោះគោលលើព្រះនិព្វាន ដែលឥតអាល័យឲ្យជាអារម្មណ៍ជាខាងដើមឲ្យជាទីសម្រាប់​ដើរទៅនៃចិត្ត ។ ត​មកលោកតាំងយកអសុតានុទស្សនៈសំវរៈ មត្តញ្ញុតា សទ្ធា វីរយៈ ជាសេនាឯក ហើយតតាំងញាំញីមារ លះបង់ឲ្យជ្រះស្រឡះនូវធម៌ខ្មៅ គឺអកុសលធម៌ទាំងអស់ ដែលជាធម៌នាំចិត្តឲ្យខ្មៅ ឲ្យសៅហ្មងល្អក់កករ នាំសត្វទៅកាន់កន្លែងខ្មៅ កំណើតខ្មៅ ឥតសិរីសុខចម្រើន ដែលជាធម៌ មានឫស ៣ គឺ លោភៈ ទោសៈ មោហៈ ចែកទៅមានទុច្ចរិត ៣ ជាដើម ។ តមក លោកព្យាយាមចម្រើនធម៌ស គឺកុសលធម៌ទាំងអស់ មានសុចរិតបីជាដើម ដែលជាធម៌ស្អាតបរិសុទ្ធហ្មត់ចត់ផូរផង់ឥតទោស ជាធម៌នាំចិត្ត ឲ្យសឲ្យភ្លឺថ្លា នាំសត្វទៅកាន់កន្លែងស្អាត កំណើតស្អាត នាំសត្វទៅកាន់និព្វានដែលជាកន្លែងស្អាតចាកតណ្ហាមន្ទិលទុក្ខគ្រប់ប្រការ ។ លុះលោកបានចម្រើនធម៌សហើយ លោកត្រូវការចង់បាននូវអភិរតិ សេចក្ដីត្រេកអរដែលកន្លងលែងនូវត្រេកអរជារបស់មនុស្សទេព្ដាទាំងអស់ ក្នុងវិវេកគឺអមតនិព្វាន ដែលស្ងប់ស្ងាត់សូន្យចាកឧបធិកិលេសទាំងអស់ អស់តណ្ហា ប្រាកចាកតម្រេក រលត់ទុក្ខ អស់កង្វល់វានវណ្ឌ គឺតណ្ហាគ្រឿងដោត ដែលពួកសត្វកំពុងត្រូវអវិជ្ជាបិទបាំងមុខភ្នែកជិត មិនដែលនឹកឃើញ ចង់រីករាយសប្បាយសោះ ហើយលោកក៏លះបង់នូវកាមពីរយ៉ាង ៖

១- វត្ថុកាម អារម្មណ៍របស់ជាទីត្រូវការ ឆ្ងាញ់នៃកាមលោកបានដល់អារម្មណ៍ជាទីពេញចិត្ត ៥ រូប សំឡេង ក្លិន រស សម្ផស្ស បានដល់វិញ្ញាណកវត្ថុ គឺសំពត់ មាស ប្រាក់ ផ្ទះ ស្រែ ចម្ការ ស្រុក ដែន លោក សវិញ្ញាណកវត្ថុគឺ ប្រពន្ធ បុត្រ ធីតា ទាសី ទាសា គោ ក្របី ដំរី សេះ ។

២- កិលេសកាម បានដល់សេចក្ដីពេញចិត្តតម្រេក ឆន្ទរាគ តម្រិះរកកាម សេចក្ដីគាប់ចិត្ត សេចក្ដីរីករាយត្រេកត្រអាល អន្ទះសារសាប់រសល់ជ្រួលក្នុងកាម ការស្អិតដាមក្នុងកាម សេចក្ដីក្ដៅរោលរាលរលាកព្រោះកាម ការជ្រប់ជ្រុល ងងុល ឈ្លក់ លង់ ក្នុងកាម ការក្រៀក ជាប់ ប្រកាន់ស្អិតក្នុងកាម ការរាំងរាការពារកាម លុះលះហើយលោកជាបុគ្គលទំនេរ ស្រាលអស់កង្វល់ អស់អំពល់ចិត្ត ។

លំដាប់ពីនោះ លោកសម្អាតខ្លួនលោកឲ្យរឹតតែស្អាតចាកកិលេស គឺឲ្យផូរផង់រលីងចាកធម៌ដែលនាំឲ្យសៅហ្មង ធម៌ដែលនាំឲ្យចិត្តសៅហ្មងបានដល់នីវរណធម៌ ៥ យ៉ាងគឺ ៖

          ១- កាមច្ឆន្ទៈ សេចក្ដីទាក់ចិត្តនឹងកាម

          ២- ព្យាបាទៈ  សេចក្ដីឈ្នានីសបំផ្លិចបំផ្លាញ

          ៣- ថីនមិទ្ធៈ សេចក្ដីងោកងុយ

          ៤- ឧទ្ធច្ចកុក្កុច្ចៈ សេចក្ដីអណ្ដែតរាយមាយ

          ៥- វិចិកិច្ឆា សេចក្ដីសង្ស័យ មិនអស់ហើយ ។

បណ្ឌិតថ្ពក់គោលដៅនឹងព្រះនិព្វានហើយ បានប្រព្រឹត្តធម៌បណ្ឌិតតាំងអំពីថ្នាក់ទាប កណ្ដាលរហូតថ្នាក់ឧក្កដ្ឋ ដើម្បីឲ្យសម្រេចនិព្វានក៏បានដល់នូវទីបំផុតនៃគោលដៅ ត្រង់ការអស់អាសវៈជាទីបំផុត ។

និគមវចនៈ

ពាក្យថា លះបង់នូវធម៌ខ្មៅ គួរចូលក្នុងសីល ចម្រើននូវធម៌ស គួរចូលក្នុងសមាធិ ចេញចាកអាល័យ គួរចូលក្នុងបញ្ញា លះបង់កាមឥតកង្វល់គួរចូលក្នុងបញ្ញា សម្អាតចិត្តឲ្យផូរផង់ចាកគ្រឿងសៅហ្មងចិត្ត គួរចូលក្នុងបញ្ញា ។

របស់ព្រះមហា អ៊ុក-អីន ទេសនាតាមវិទ្យុជាតិថ្ងៃទី ១៦-១១-៥៨

ប្រភព ​៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៩

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖