វិសាខបូជានិងទឹកចិត្ត​ខ្មែរ

បទកាកគតិ

(១) ពិសាខសាយណ្ហ​  សុរិយាទាបទន់  ទៅទិសបស្ចិមា  រស្មីពណ៌មាស  ឱកាសភ្លឺថ្លា  ផ្សព្វក្លិនបុប្ផា  ពិដោរល្វេងល្វើយ  ។  ពពករសាត់  ព្រះពាយផាយផាត់  បោកបក់រំភើយ  សូរសព្ទស្គរធំ  រណ្ដំឆ្លងឆ្លើយ  នៅជិតបង្កើយ  មើលឃើញដងទង់  ។  ចូលដល់អារាម  ហាក់រីកចិត្តភ្លាម  តាមផ្ការហង់  មើលទេសភាព  ខ្ពស់ទាបបញ្ចង់  មៀងមើលព្រះសង្ឃ  ទ្រង់ទឹកអម្ចត់  ។  ឃើញកុដិវិហារ  កំពូលដងក្ដារ  ជហ្វាពង់ពត់  ក្បូរក្បាច់ជាកេរ  ភណ្ឌខ្មែរប្រាកដ  មើលទីធ្លាវត្ត  គួរឱ្យជ្រះថ្លា  ។ 

(៥) ថ្ងៃនេះតិថី  ពេញបុណ្ណមី  វិសាខមាសា  ជានក្ខត្តឫក្ស  រំឭកទិវា  វិសាខបូជា  នៃពុទ្ធបរិស័ទ  ។  ព្រះសង្ឃគ្រហស្ថ  រួមគ្នាទាំងអស់  រៀបចំចាត់ចែង  ទៀនធូបភ្ញីផ្កា  មាលាវិកតិ  នាំចូលថ្វាយថ្វាត់  អង្គពុទ្ធបដិមា  ។  រំឭកប្រវត្តិ  កាលព្រះសិទ្ធត្ថ  ចាកផ្ទៃមាតា  កាលទ្រង់ត្រាស់ដឹង  និងកាលសាស្ដា  រម្លត់ជន្មា  ចូលព្រះនិព្វាន  ។  ឱកាសនេះឯង  ពុំបានថ្លាថ្លែង  រៀបរៀងនិទាន  សូមថ្លែងសង្ខេប  ជាបែបព័ត៌មាន  សូមអស់សន្ដាន  ស្ដាប់គ្រាន់ជ្រះថ្លា  ។

ថ្លែងកាលប្រសូត (ពាក្យ ៧)

សូមថ្លែងកាលអង្គពង្សពោធិ៍សត្វ  បារមីថ្លៃក្ដាត់ខ្លាំងក្លៀវក្លា  ប្រសូតចាកផ្ទៃនៃមាតា  ព្រះនាងស្រីមហាមាយាទេវី ។ 

(១០) កាលនោះព្រះនាងយាងដល់ឋាន  សាលក្នុងឧទ្យានលុម្ពិនី  ព្រះបាទជាន់លើផែនប្រឹថពី  ទេវីឈោងចាប់មែកព្រឹក្សជាតិ ។  ស្រាប់តែឱរសស្រស់ពន្លក  ប្រសូតចេញមកហើយយាងយាត្រ  បទុមប្រាំពីរទ្រព្រះបាទ  ស្ដេចទ្រង់សីហនាទប្រកាសថា ។  យើងជាចមមកុដបំផុតលោក  មានជោគចម្បងក្នុងលោកា  ជាតិនេះជាជាតិអន្តិមា  លះលាចាកភពឈប់កើតហើយ ។  នេះជាវាចាគ្រាចាកផ្ទៃ  រកន័យអ្វីប្រៀបពុំបានឡើយ  ប្រាប់ថាសត្វលោកយោគយល់ត្រើយ  ទិវានេះហើយជាមង្គល ។  នៅក្នុងឆ្នាំច ដប់ប្រាំកើត  នៃខ្នើតវិសាខវិសេសសល់  ថ្ងៃសុក្របុណ្ណមីចន្ទមណ្ឌល  ជាថ្ងៃមង្គលនក្ខត្តឫក្ស ។ 

(២៥) ចូលខួបវិសាខបូជា  ទិវានៃពុទ្ធសាសនិក  រៀបចំពិធីបុណ្យរំឭក  តែងនឹកជញ្ជឹងដឹងគ្រប់ប្រាណ ។

ថ្លែងកាលត្រាស់ដឹង (ពាក្យ ៧)

កាលអង្គសាស្ត្រាចារ្យជាម្ចាស់  ស្ដេចទ្រង់បានត្រាស់ពោធិញាណ  នាគល់ពោធិព្រឹក្សអធិកក្សាន្ត  ទ្រង់មានចិន្ដាជ្រះថ្លាខ្លាំង ។  កាលពីព្រលប់មុនយប់យាម  ក្រុងមារមកទាមទារបល្លង្ក  លើកពលយោធាដ៏ក្លាខ្លាំង  ចោមច្បាំងប្រហារព្រះជិនស្រី ។  ស្ដេចទ្រង់ផ្ចាញ់មារដោយអាវុធ  បរិសុទ្ធគឺទសបារមី  រួចស្រេចស្ដេចតាំងព្រះស្មារតី  ក្នុងយាមទាំងបីរាត្រីកាល ។  នាឆ្នាំរកា ដប់ប្រាំកើត  នៃខ្នើតពិសាខល្អពិសាល  ត្រូវនឹងថ្ងៃពុធវិសុទ្ធកាល  បណ្ដាលលោកាអស្ចារ្យក្រៃ ។ 

(៣០) ស្ដេចទ្រង់បានត្រាស់ពោធិញាណ  ផូរផង់ក្សេមក្សាន្តក្នុងព្រះទ័យ  ជាសព្វញ្ញូគ្រូភពត្រៃ  ដូចជាឧទ័យនៃសុរិយា ។  អស់ពួកពុទ្ធសាសនិក  ធ្វើបុណ្យរំឭកព្រះសាស្ដា  ហៅបុណ្យវិសាខបូជា  ចាត់ជាទិវានក្ខត្តឫក្ស ។

ថ្លែងកាលបរិនិព្វាន (ពាក្យ ៧)

ដំណាលកាលព្រះអង្គទ្រង់ញាណ  យាងចូលនិព្វានក្រោមសាលព្រឹក្ស  បរិស័ទចួបជុំយំពន្លឹក  រឭកអាល័យក្រៃឧបមា ។  កាលមុនរៀបនឹងចូលនិព្វាន  ទ្រង់ញាណផ្ដែផ្ដាំអានន្ទថា  យោ វោ អានន្ទ មយា  ហៃបាអនុជចូរចាំស្ដាប់ ។  អំណឹះពីអញនេះ ឯងទៅ  ធម៌វិន័យនៅជាគ្រូប្រាប់  ពួកអ្នកចូររៀនប្រិតប្រៀនស្ដាប់  ទុកជាក្បួនច្បាប់ប្រាប់អាត្មា ។ 

(៣៥) សង្ខារទាំងឡាយមិនទៀងទាត់  តែងតែប្រាសព្រាត់ជាធម្មតា  ចូរអ្នកពឹងខ្លួននឹងធម្មា  សិក្សាអប់រំខំជានិច្ច ។  តថាគតផ្ដាំអ្នកជាចុងក្រោយ  សូមឱ្យចងចាំកុំបីភ្លេច  ចូរខំបំពេញករណីយកិច្ច  សម្រេចដោយក្ដីមិនប្រមាទ ។  នេះជាបណ្ដាំព្រះសុគត  មុនស្ដេចរម្លត់រម្លាយជាតិ  ទើបទ្រង់ចូលកាន់និព្វានធាតុ  ព្រាត់ឃ្លាតបរិស័ទយើងគ្រប់គ្នា ។  នៅក្នុងឆ្នាំម្សាញ់ ដប់ប្រាំកើត  នៃខ្នើតវិសាខមាសា  អង្គារតិថី រាត្រីថ្លា  ចន្ទ្រាពេញវង់រុងរឿងក្រៃ ។  ពុទ្ធបរិស័ទចាត់រៀបថ្វាយ  ឱនកាយគោរពព្រះរត្នត្រ័យ  រំឭកទិវាសោកអាល័យ  ដូចផ្ទៃសុរិយាអស្ដង្គត ។

ទឹកចិត្តខ្មែរ (បទព្រហ្មគីតិ) 

(៤០) វិសាខបុណ្ណមី  ខ្មែរប្រុសស្រីដឹងប្រវត្តិ  ធ្វើបុណ្យតាមកំណត់  កាលប្រវត្តិទាំងបីគ្រា ។  តំណាលមកហូរហែ  ក្នុងថ្ងៃខែជាមួយគ្នា  ទើបខ្មែរចាត់ទុកថា  ជាទិវាល្អត្រកាល ។  ធ្វើជាប្រពៃណី  មកតាំងពីព្រេងតំណាល  សម័យពាក់កណ្ដាល  សតវត្សទីដប់ប្រាំបួន ។  តាមបែបហីនយាន  រហូតមានជាច្បាប់ក្បួន  ទឹកចិត្តខ្មែរមាំមួន  ស្ងួនគ្រងទុកលុះឥឡូវ ។  ប្រកាន់ចិត្តនឹងន  ឃើញជាល្អយល់ថាត្រូវ  រក្សាកេរ្តិ៍ម៉ែឪ  ឱ្យគង់វង់មិនបង់បាត់ ។ 

(៤៥) តែដល់ខួបទិវា  តែងនាំគ្នាទៅកាន់វត្ត  ធ្វើស្លាកវេរថ្វាយភត្ត  សូធ្យព្រះធម៌ស្ដាប់ទេសនា ។   ក្មេងៗតែងសូធ្យបទ  ថ្លែងប្រវត្តិព្រះសាស្ដា  ទឹកចិត្តខ្មែរជ្រះថ្លា  ជឿជាក់ថាជាមង្គល ។  ខ្លះស្មូធ្យរហូតភ្លឺ  សំឡេងឮផ្សព្វមណ្ឌល  ឧទ្ទិសផ្សាយភាគផល  ដល់សត្វលោកក្នុងភពត្រៃ ។  គួរឱ្យតូចចិត្តណាស់  ឥឡូវផ្លាស់កាលសម័យ  មានខ្មាំងច្បាំងប្រល័យ  ប៉ងឱ្យក្ស័យទឹកចិត្តខ្មែរ ។  សម្លាប់កាប់ព្រះសង្ឃ  ដែលទ្រង់សីលឥតវៀចវេរ  យកវត្តអារាមខ្មែរ  ធ្វើជាទីពិឃាដសត្វ ។ 

(៥០) វិហារសាងថ្មីៗ  រាបដល់ដីរាយប៉ាយបាត់  ព្រះជីវ័បាក់បែកខ្ចាត់  គង់ហាលខ្យល់យល់ខ្លោចផ្សា ។  វិនាសហិនហោចអស់  ទ្រព្យរបស់ពុទ្ធសាសនា  ប្រហែលជាយល់ថា  ទឹកចិត្តខ្មែរនឹងរលាយ ។  ប៉ុន្តែមិនដូច្នោះ  ខ្មែររងគ្រោះគ្រាអន្តរាយ  រឹតតែរួបរួមកាយ  រៀបចំធ្វើពិធីបុណ្យ ។  តាមផ្ទះរៀបជ្វាលា  ទៀនធូបផ្ការំឭកគុណ  រុងរឿងលើសលប់​មុន  កាលមិនទាន់អសន្តិសុខ ។  នៅគ្រប់វត្តអារាម  ឋិតនៅតាមទីភូមិស្រុក  ដែលនៅមានសន្តិសុខ  ខ្មែររួមគ្នាបូជាបាន ។ 

(៥៥) រឹតតែឱឡារិក  ធំអធិកគ្រប់ទីឋាន  យុទ្ធជនចិត្តក្លាហាន  ក៏រួមប្រាណទាំងប្រុសស្រី ។  ទឹកចិត្តខ្មែរភ្លឺថ្លា  ដូចចន្ទ្រាពេញបុណ្ណមី  កាន់សាសន៍ព្រះជិនស្រី  ធ្វើវិសាខបូជា ។  ជឿថានឹងបានសុខ  តទៅមុខពុទ្ធសាសនា  នឹងរីករុងរឿងថ្លា  ផ្ចាញ់សត្រូវឱ្យទៅឆ្ងាយ ។  ខ្មែរនឹងបានជោគជ័យ  អស់មានភ័យក្ដីអន្តរាយ  ទឹកចិត្តខ្មែរស្រស់ស្រាយ  ស្រឡាញ់តែសន្តិភាព

(អើយ) ។

ដោយលោក វ៉ាន់ -ជីន
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៧៤    

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖