វយប្បកាសិនី

  •  
  •  

របស់​អាចារ្យ ហិម ក្រុម​ពុទ្ធ​សាសនបណ្ឌិត្យ
រៀបរៀង
១- ពាក្យ​ប្រារព្ធ

ធម៌​អាថ៌​ដែល​ខ្ញុំ​បំបែក​ចេញ ឱ្យ​សមរម្យ​នឹង​វ័យ​៣ប្រការ​នេះ ខ្ញុំ​តែង​តែ​អធិប្បាយ​ពន្យល់​សិស្សានុសិស្ស​គ្រប់​កន្លែង តាំង​អំពី​ខ្ញុំ​បាន​ទទួល​ដើរ​ត្រួតត្រា​ការ​សិក្សា​បឋម​វិជ្ជា​សាលា​វត្ត​ក្នុង​រាជការ លុះ​ដល់​ថ្ងៃ១៤កើត ខែអស្សុជ ឆ្នាំ​ម្សាញ់​ឯកស័ក គឺ​ថ្ងៃ១៨ ខែឧកតូប្រិ៍(តុលា) ឆ្នាំ១៩២៧ នោះ​ខ្ញុំ​បាន​សរសេរ​ចុះ​សៀវភៅ តែ​នៅ​មិន​ទាន់​សព្វ​គ្រប់ តាំង​ពី​ពេល​នោះ​មក​ខ្ញុំ​មាន​កិច្ចការ​ច្រើន​លើ​ខ្លួន​មិន​បាន​ធ្វើ​បង្ហើយ ដោយ​សេចក្ដី​បំណង​នឹង​ប្ដឹង​រាជការ​បោះ​ពុម្ព​ផ្សាយ ដល់​ពួក​អ្នក​សិក្សា​ដើម្បី​សេចក្ដី​សុខ​ចម្រើន តាំង​ពី​ក្នុង​លោក​នេះ​ដរាប​ដល់​លោក​ខាង​នាយ ព្រោះ​សេចក្ដី​នេះ​ជា​គុណ​អាច​នឹង​ឱ្យ​សម្រេច​ប្រយោជន៍​ទាំង​២​នោះ​បាន ទើប​តែ​ដល់​មក​ថ្ងៃ​៧រោច ខែអាសាឍ ឆ្នាំ​ជូត ​អដ្ឋស័ក គឺ​ថ្ងៃ១២ ខែស៊ូយេត ឆ្នាំ១៩៣៦ នេះ ខ្ញុំ​មាន​ឱកាស​បាន​ទំនេរ​ពេល​ព្រឹក ហើយ​និង​ថ្ងៃ​សីល​គ្រប់​សីល ហេតុ​នេះ​ខ្ញុំ​ខំ​ឆ្លៀត​ធ្វើ​បង្ហើយ ដើម្បី​នឹង​បាន​សូម​អនុញ្ញាត​បោះ​ពុម្ព​ផ្សាយ តាម​សេចក្ដី​បំណង​ដើម ។

ដោយ​អំណាច​បុញ្ញ​រាសី​នេះ ខ្ញុំ​សូម​ឧទ្ទិស​ផល​ជូន​លោក​អ្នក​ដ៏​មាន​គុណ​ទាំង​ឡាយ មាន​មាតា​បិតានិង​លោក​គ្រូ​អាចារ្យ​ជា​ដើម សូម​ឱ្យ​លោក​បាន​សេចក្ដី​សុខ​ចម្រើន គ្រប់​កាល​ទាំង​ពួង ចំណែក​ឯ​ខ្លួន​ខ្ញុំ ​សូម​បាន​សម្រេច​ព្រះ​និព្វាន​ក្នុង​អនាគត​ទៅ​ហោង ។

ខ្ញុំ​ព្រះ​ករុណា

សូម​នមស្ការ​ចំពោះ ព្រះ​រតនត្រ័យ​ដោយ​សិរសា គឺ​ត្បូង

២- វយប្បកាសិនី

បណ្ដា​មនុស្ស​ក្នុង​លោក​សន្និវាស​ទាំង​មូល លោក​អ្នក​ប្រាជ្ញ​ពោល​ថា​មាន​វ័យ​៣​ប្រការ គឺ​ពី​ក្មេង​ហៅ​ថា បឋម​វ័យ កណ្ដាល​ហៅ​ថា មជ្ឈិម​វ័យ និង​ដល់​ចាស់​ហៅ​ថា បច្ឆិម​វ័យ វ័យ​បាន​សេចក្ដី​ថា​សូន្យ ចំណែក​លោក​វោហារ វ័យ​ថា​កិរិយា​ចម្រើន​ទៅ​វិញ ដោយ​យល់​ថា​ចម្រើន​ពី​តូច​ទៅ​ធំ ពី​ក្មេង​ទៅ​ចាស់ ពី​ចាស់​ទៅ​ស្លាប់ ទាំង​នេះ​យល់​ថា​ចម្រើន​ជា​ដរាប ពាក្យ​ទាំង​ពីរ​យ៉ាង​នេះ បើ​សង្កេត​គិត​ទៅ​ឃើញ​ដូច​ជា​ពាក្យ​រួម​ត្រូវ​គ្នា​តែ​ម្យ៉ាង សេចក្ដី​ដែល​ចម្រើន​ឡើង​តាម​លំដាប់​ដូច​បាន​ពោល​ហើយ​ក៏​សម​ជា​ចម្រើន​មែន ប៉ុន្តែ​ថា​ចម្រើន​ទាំង​អម្បាល​នោះ ក៏​ចម្រើន​ទៅ​រក​តែ​សេចក្ដី​វិនាស​ស្លាប់​សាប​សូន្យ​ដដែល ដូច​ក្នុង​ធម៌​ថា កើត​ហើយ​បណ្ដេញ​ទៅ​រក​ទ្រុឌទ្រោម​គ្រាំគ្រា សេចក្ដី​គ្រាំគ្រា​មាន​ហើយ បណ្ដេញ​ទៅ​រក​ឈឺ​ចាប់ សេចក្ដី​ឈឺ​ចាប់​មាន​ហើយ​បណ្ដេញ​ទៅ​រក​ស្លាប់​សាប​សូន្យ​ដែរ ម្យ៉ាង​ទៀត​ដូច​ដំណើរ​ព្រះ​អាទិត្យ រះ​ឡើង​ហើយ​ចម្រើន​ឡើង​តាម​លំដាប់ ប៉ុន្តែ​ចម្រើន​ទាំង​អម្បាល​ណោះ ក៏​ស្រូតរូត​ទៅ​រក​តែ​អស្ដង្គត​រលត់​សូន្យ​ដែរ ពាក្យ​ដែល​ថា​ចម្រើន​ឡើង​ត្រូវ​ខាង​ដើម​ឃើញ​ថា​ចម្រើន​មែន​ៗ ពាក្យ​ដែល​ថា​សូន្យ​ទៅ​ត្រូវ​ខាង​ចុង ឃើញ​ថា​សូន្យ​មែន​ៗ​ដែរ ហេតុ​នេះ​ពាក្យ​ទាំង​ពីរ​យ៉ាង​គឺ​ចម្រើន​និង​សូន្យ ដូច​ជា​រួម​ទៅ​លើ​តែ​សេចក្ដី​ស្លាប់​សូន្យ​តែ​ម្យ៉ាង​ប៉ុណ្ណេះ​ឯង អស់​លោក​អ្នក​គប្បី​កំណត់​តាម​តួ​ព្យញ្ជនៈ វយ ថា សេចក្ដី​សាប​សូន្យ​ទៅ​ចុះ ។

៣- វយភាជនី

លំដាប់​នេះ​ខ្ញុំ​នឹង​ចំណែក​ចែក​វ័យ​ដូច​មាន​ត​ទៅ​នេះ កាល​ពី​ដើម​មនុស្ស​មាន​អាយុ​១០០​ឆ្នាំ​ជា​អាយុក្ខ័យ លោក​ចែក​ថា​តាំង​ពី​កើត​ទៅ​ទល់​នឹង​អាយុ​៣៣ ហៅ​ថា​បឋម​វ័យ ពី​អាយុ​៣៤​ទៅ​ទល់​នឹង​អាយុ​៦៦ ហៅ​ថា​មជ្ឈិម​វ័យ ពី​អាយុ​៦៧ ទៅ​ទល់​នឹង​អាយុ​១០០ ហៅ​ថា​បច្ឆិម​វ័យ ជំនាន់​មនុស្ស​ឥឡូវ​នេះ មាន​អាយុ​ខ្លី​ថយ​ចុះ​តាម​កាល តាម​សម័យ​លោក​ចែក​ថា តាំង​ពី​កើត​ឡើង​ទៅ​ទល់​នឹង​អាយុ​២៥ ហៅ​ថា​បឋម​វ័យ​ៗ ដំបូង​ឬ​វ័យ​ទី​១ ពី​អាយុ​២៦​ទៅ​ទល់​នឹង​អាយុ​៥០ ហៅ​ថា​មជ្ឈិម​វ័យ ឬ​មធ្យម​វ័យ​ៗ កណ្ដាល​ឬ​វ័យ​ទី​២​ពី​អាយុ​៥១ទៅ​ទល់​នឹង​អាយុ​៧៥ ហៅ​ថា​បច្ឆិម​វ័យ​ៗ ខាង​ចុង​ឬ​វ័យ​ទី​៣​ថា ​បើ​មាន​មនុស្ស​ណា​មួយ​មាន​អាយុ​វែង​កើន​ឡើង​ដល់​៨០ ឬ​៨០ប្លាយ ​ឬ​៩០​នោះ អស់​លោក​អ្នក​គប្បី​ដឹង​ថា មនុស្ស​នោះ​ជា​អ្នក​សម​ប្រកប​ដោយ​គុណ មាន​សីល​គុណ​ជា​ដើម​គឺ​មិន​សម្លាប់​សត្វ មិន​បៀត​បៀន​សត្វ​ដោយ​ពិត ថា​បើ​មាន​មនុស្ស​ណា​មួយ​មាន​អាយុ​ខ្លី​រួញ​ចុះ​មិន​ដល់​៧៥​ឆ្នាំ នោះ​អស់​លោក​អ្នក​គប្បី​កំណត់​ដឹង​ថា មនុស្ស​នោះ​ជា​មនុស្ស​ដាច់​សីល​ប្រកប​ដោយ​ពៀរ គឺ​សម្លាប់​សត្វ បៀត​បៀន​សត្វ​នោះ​ឯង ដែល​ខ្ញុំ​កំណត់​ថា​៧៥ ឆ្នាំ​ជា​អាយុ​ក្ខ័យ​នោះ ដោយ​ហេតុ​កំណត់​តាម​ព្រះ​ពុទ្ធ​សាសនា ១០០ឆ្នាំ​ថយ​អស់​១​ឆ្នាំ ឥឡូវ​ព្រះ​ពុទ្ធ​សាសនា​កន្លង​ទៅ​២៤០០​ប្លាយ​ឆ្នាំ​ហើយ ឃើញ​ថា​ថយ​អស់​ទៅ​២៥​ឆ្នាំ នៅ​តែ​៧៥​ឆ្នាំ​ជា​កាល​កំណត់​អាយុ​ក្ខ័យ​ប៉ុណ្ណោះ​ឯង ​ព្រោះ​ថា​កាល​ដែល​ត្រូវ​ថយ​ចុះ​១០០​ឆ្នាំថយ​អស់​១​ឆ្នាំ ទោះ​កាល​ដែល​ត្រូវ​ចម្រើន​ឡើង​វិញ ក៏​១០០​ឆ្នាំ​ចម្រើន​ឡើង​១​ឆ្នាំ​ដូច​គ្នា​ដែរ ។

៤- ត្រៃ​វិជ្ជា

ក្នុង​ឱកាស​នេះ​ខ្ញុំ​នឹង​រៀប​រាប់​ពី​ចំណេះ​វិជ្ជា ដើម្បី​នឹង​លើក​ការ​សិក្សា​ឱ្យ​ចម្រើន​ឡើង តាម​សុភាសិត​ថា វ័យ​ទី​១​ឱ្យ​ខំ​ស្វែង​រក​រៀន​វិជ្ជា វ័យ​ទី​២ ឱ្យ​ខំ​សន្សំ​រក​ទ្រព្យ​សម្បត្តិ វ័យ​ទី​៣ ឱ្យ​ខំ​ប្រតិបត្តិ​ធម៌​អាថ៌ អំពី​នេះ​ខ្ញុំ​នឹង​អធិប្បាយ​រឿង​ចំណេះ​វិជ្ជា​ជា​មុន ដែល​ហៅ​ថា​វិជ្ជា​នោះ មាន​៣​ផ្នែក គឺ​បឋម​វិជ្ជា មជ្ឈិម​វិជ្ជា និង​ឧត្ដម​វិជ្ជា បឋម​វិជ្ជា​នោះ​ចំណែក​ខាង​រៀន​អក្សរ​និង​លេខ​នព្វន្ត រៀន​អក្សរ​នោះ​រៀន​ឱ្យ​ចេះ​មើល​ពាក្យ ចេះ​សរសេរ​និង​ចេះ​តែង​សេចក្ដី រៀន​លេខ​នព្វន្ត​នោះ រៀន​ឱ្យ​ចេះ​បូក ចេះ​សង ចេះ​គុណ និង​ចេះ​ចែក ទាំង​ចំណេះ​អក្សរ​ទាំង​ចំណេះ​លេខ​នពន្ត ខំ​ប្រឹង​ប្រែង​រៀន​ឱ្យ​ចេះ​ចាំ​ស្ទាត់​ចំណាន​ល្មម​ធ្វើ​ការ​បាន ហើយ​នឹង​ចេះ​ធម្ម​ក្រឹត្យា​ជា​ច្បាប់​សម្រាប់​ចម្រើន​ខ្លួន​ផង នេះ​ឯង​ឈ្មោះ​ថា​បឋម​វិជ្ជា មជ្ឈិម​វិជ្ជា​នោះ រៀន​ច្បាប់​ទម្លាប់ រៀន​កិច្ច​រាជការ​ផ្សេង​ៗ ឱ្យ​ស្ទាត់​ស្ទាញ​ក្នុង​ក្រសួង​រដ្ឋបាល​និង​ក្រសួង​តុលាការ ហើយ​និង​ចេះ​គតិ​លោក​គតិ​ធម៌ ល្មម​នឹង​រក្សា​ខ្លួន​ឱ្យ​សុខ​បាន​ផង នេះ​ឯង​ឈ្មោះ​ថា​មជ្ឈិម​វិជ្ជា ឧត្ដម​វិជ្ជា​នោះ រៀន​លទ្ធិ​អក្សរ​ដែល​សម្រាប់​ប្រើ​ក្នុង​ភាសា​បាលី ឱ្យ​ស្ទាត់​ដល់​ចេះ​ប្រែ​ភាសា​បាលី​មក​ជា​ភាសា​ខ្មែរ ហើយ​និង​ចេះ​ធម៌​វិន័យ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដល់​នូវ​ភាវៈ​ជា​អ្នក​ប្រាជ្ញ​នេះ​ឯង​ឈ្មោះ​ថា​ឧត្ដម​វិជ្ជា ។

៥- បឋម​វិជ្ជា

វិជ្ជា​មាន​៣​ផ្នែក​ដូច​បាន​ថ្លែង​មក​ហើយ​នេះ ប៉ុន្តែ​វិជ្ជា​ទាំង​នេះ​ជា​វិជ្ជា​ទាក់​ទង​គ្នា អ្នក​ដែល​មាន​ប្រាថ្នា​ចំណេះ​វិជ្ជា​ទាំង​អស់​នោះ លុះ​តែ​ចេះ​បឋម​វិជ្ជា​ក្លៀវក្លា ហើយ​ទើប​ឈោង​ទៅ​ចាប់​វិជ្ជា​ទាំង​នោះ​ៗ​បាន ប្រសិន​បើ​មិន​ចេះ​បឋម​វិជ្ជា​សោះឬ​ចេះ​តែ​បន្តិច​បន្តួច នោះ​ជា​បុគ្គល​ឆ្ងាយ​ចាក​មជ្ឈិម​វិជ្ជានិង​ឧត្ដម​វិជ្ជា​នោះ​ពេក​ណាស់ បាន​ជា​ពេល​នេះ​ខ្ញុំ​មាន​បំណង​នឹង​ពណ៌នា​បឋម​វិជ្ជា ដើម្បី​ពន្យល់​អស់​លោក​អ្នក​ឱ្យ​ភ្ញាក់​រឭក​ស្គាល់​ប្រយោជន៍​វិជ្ជា​ដ៏​ថ្លៃថ្លា ចំណេះ​វិជ្ជា​ដែល​ចេះ​អក្សរ​និង​លេខ​នព្វន្ត​នេះ ជា​វិជ្ជា​មាន​តម្លៃ​ច្រើន​ណាស់ វិជ្ជា​នេះ​ហើយ​ដែល​ជា​វិជ្ជា​តែង​លើក​ស្ទួយ​អ្នក​សិក្សា​មួយ​ៗ ឱ្យ​ខ្ពស់​ផុត​ពី​ថ្នាក់​ក្រោម​ដែល​ជា​ថ្នាក់​ដុនដាប​ទាប​ថោក ឱ្យ​ស្ទុះ​ឡើង​ទៅ​កាន់​ថ្នាក់​លើ​ជា​ថ្នាក់​ប្រសើរ​ថ្កើងថ្កាន គឺ​ជា​អ្នក​មាន​ឬ​ជា​អ្នក​ធំ​ខ្ពង់ខ្ពស់​ក្នុង​លោក ។

៦- សេចក្ដី​ពន្យល់​តាម​ការ​រាជការ

បឋម​វិជ្ជា​នេះ ជា​វិជ្ជា​ពេញ​ចិត្ត​ក្នុង​លោក មិន​មែន​ពេញ​ចិត្ត​តែ​ត្រឹម​អស់​យើង​នេះ​ទេ ទោះ​រាជការ​ដ៏​ជា​ធំ​ក៏​គង់​ពេញ​ចិត្ត​ចំពោះ​វិជ្ជា​នេះ​ដែរ ហេតុ​ពី​សេចក្ដី​ពេញ​ចិត្ត​នេះ​ហើយ បាន​ជា​រាជការ​ជា​ធំ​ចំណាយ​ប្រាក់​បោះ​ពុម្ព​សៀវភៅ​បឋម​សិក្សា​គ្រប់​បែប ផ្សាយ​ចែក​គ្រប់​សាលា​បង្រៀន​ក្នុង​ព្រះ​នគរ ហើយ​មាន​បញ្ញត្តិ​ឱ្យ​រៀប​សាលា​បង្រៀន​គ្រប់​វត្ត តែង​ឱ្យ​មាន​គ្រូ​បង្រៀន​ឱ្យ​ចូល​បង្រៀន​តាំង​ពី​ម៉ោង​១ទៅ​ដល់​ម៉ោង​៥​រាល់​ថ្ងៃ លើក​តែ​ថ្ងៃ​សីល​និង​ថ្ងៃ​បុណ្យ ហើយ​មាន​បញ្ញត្តិ​ដល់​អ្នក​ស្រុក​ដែល​មាន​បុត្រ​ប្រុស​ៗ មាន​អាយុ​៧​ខួប ឱ្យ​បញ្ជូន​ចូល​ទៅ​រៀន​ក្នុង​សាលា​វត្ត ក្នុង​សាលា​ទោះ​ខ្វះ​ខាត​គ្រឿង​ប្រើប្រាស់​រាជការ​ជា​ធំ តែង​ជួយ​ទំនុក​បម្រុង​បើក​ដាក់​ឱ្យ​មិន​គិត​ថ្លៃ នេះ​ហើយ​ដែល​ថា​រាជការ​ជា​ធំ​ពេញ​ចិត្ត​ណាស់​ដែរ បើ​រាជការ​ជា​ធំ​មិន​ពេញ​ចិត្ត​កាលណា នឹង​ចំណាយ​ធំ​យ៉ាង​នេះ​បាន គួរ​ចូល​ចិត្ត​ចុះ ។

៧- សេចក្ដី​ពន្យល់

ហេតុ​នេះ​ហើយ លោក​គ្រូ​ចៅ​អធិការ លោក​គ្រូ​សូត្រ និង​អ្នក​ស្រុក​ជើង​វត្ត គប្បី​មាន​សោមនស្ស​ចំពោះ​ផល​ប្រយោជន៍​របស់​យើង នឹង​ប្រហែស​ធ្វេស​មិន​បាន​ទេ ត្រូវ​តែ​ធ្វើ​ឱ្យ​សម​តាម​បញ្ញត្តិ ដើម្បី​បាន​ជា​ការ​ជួយ​ទំនុក​បម្រុង​ជាតិ​ឱ្យ​ចេះ​ដឹង​វិសេស​វិសាល​ថ្លៃថ្លា​គ្រប់​រូប តំបន់​ណា​មួយ​ដែល​មិន​ទំនុក​បម្រុង​សាលា​រៀន ហើយ​បណ្ដែត​បណ្ដោយ​ពួក​កុមារ​ឱ្យ​ដើរ​លេង​ឥត​ប្រយោជន៍ តែ​១​តំណ ២​តំណ​ទៅ តំបន់​នោះ​ឯង​ដេរដាស​ទៅ​ដោយ​មនុស្ស​ល្ងង់​ខ្លៅ មនុស្ស​ល្ងង់​នេះ​ហើយ​ដែល​ជា​មនុស្ស​បណ្ដែត​បណ្ដោយ​កូន​សិស្ស កូន​បង្កើត កូន​ខ្មួយ និង​បាវ​ព្រាវ​ក្នុង​បន្ទុក​ឱ្យ​ឥត​ប្រយោជន៍ មនុស្ស​ទាំង​អស់​នោះ​ហើយ ដែល​ធ្វើ​វិជ្ជា​ឱ្យ​សាប​សូន្យ ធ្វើ​ស្រុក​ទេស​ឱ្យ​សាប​សូន្យ ធ្វើ​ទ្រព្យ​សម្បត្តិ​ឱ្យ​សាប​សូន្យ ធ្វើ​ប្រយោជន៍​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ​ឱ្យ​សាប​សូន្យ​ផង ។

៨- ពាក្យ​ឱវាទ

អស់​ទាំង​ពួក​កូន​សិស្ស​ក៏​ដែរ បា​ឯង​នៅ​កំពុង​ពេញ​ពេល​រៀន កុំ​បី​មាន​សេចក្ដី​ប្រាថ្នា​តិច​ក្នុង​ការ​សិក្សា បើ​ប្រាថ្នា​តិច​ក្នុង​គ្រឿង​បរិភោគ គឹ​អត់ធ្មត់​បន្ថយ​បរិភោគ​តិច​តួច​ទៅ នេះ​ជា​ការ​គួរ​ណាស់ ព្រោះ​នាំ​ឱ្យ​ចម្រើន​ខ្លួន ចំណែក​ខាង​ឯ​ការ​សិក្សា​រៀន​សូត្រ បើ​បន្ថយ​ឱ្យ​តិច​ទៅ រមែង​មាន​សេចក្ដី​ខ្ជិល​ច្រអូស​គ្រប​សង្កត់​បាន​ហើយចំណេះ​វិជ្ជា​មុខ​ជា​ចេះ​ដឹង​មិន​គ្រប់គ្រាន់​ចំណេះ​ដែល​ចេះ​ស្ទាក់​ស្ទើរ​ដល់​ធ្វើ​ការ​អ្វី​ៗ​មិន​កើត ក៏​ប្រហែល​គ្នា​នឹង​មិន​ចេះ​ដែរ តែង​ធ្លាក់​ចុះ គឺ​ថា ស្ទុះ​ទៅ​មិន​រួច​ពី​ការ​កាប់​គាស់ សែង លី ភ្ជួរ​ស្រែ​ចម្ការ​នោះ​ឡើយ ហេតុ​នេះ​ពួក​កូន​សិស្ស​ត្រូវ​ឱ្យ​មាន​ប្រាថ្នា​ច្រើន​ក្នុង​ការ​សិក្សា គឺ​ឱ្យ​មាន​ឧស្សាហ៍​សង្វាត​រៀន​សូត្រ របៀប​រៀន បើ​រៀន​ចេះ​នេះ​ហើយ ខំ​ខឺន​រៀន​ឱ្យ​ចេះ​នោះ​ទៀត ឱ្យ​បាន​ស្ទាត់ស្ទាញ​ចេះ​គ្រប់​គ្រាន់ ហើយ​ជា​គ្រឿង​បណ្ដេញ​បង់​ចោល​នូវ​សេចក្ដី​ល្ងង់​ខ្លៅ ព្រោះ​មនុស្ស​ល្ងង់​ខ្លៅ​នាំ​ឱ្យ​ឥត​ប្រយោជន៍​ធំ​ណាស់ ។

៩- សប្បុរិសធម៌

មនុស្ស​ល្ងង់​ខ្លៅ ជា​មនុស្ស​មិន​ដឹង​ធម៌​៧​ប្រការ ជា​ធម៌​របស់​ពួក​សប្បុរស ធម៌​៧​ប្រការ​នោះ​គឺ​១​- ដឹង​ហេតុ ២​- ដឹង​ផល ៣- ​ដឹង​ប្រមាណ​ខ្លួន ៤- ​ដឹង​ប្រមាណ​ភោជនាហារ ៥- ​ដឹង​កាល ៦- ​ដឹង​បុគ្គល ៧​- ដឹង​បរិសទ្យ ។ ដែល​ថា​មិន​ដឹង​ហេតុ​នោះ គឺ​មិន​ដឹង​ថា​អំពើ​​ដែល​ខ្លួន​ធ្វើ​ទាំង​អស់​ជា​ហេតុ ធ្វើ​អំពើ​ល្អ ហេតុ​ល្អ នាំ​យក​សេចក្ដី​សុខ​មក​ឱ្យ ធ្វើ​អំពើ​អាក្រក់ ហេតុ​អាក្រក់​នាំ​យក​សេចក្ដី​ទុក្ខ​មក​ឱ្យ ដែល​ថា​មិន​ដឹង​ផល​នោះ គឺ​មិន​ដឹង​ថា​អំពើ​សុចរិត​ឱ្យ​សម្រេច​សេចក្ដី​សុខ អំពើ​ទុច្ចរិត​ឱ្យ​សម្រេច​សេចក្ដី​ទុក្ខ ដែល​ថា​មិន​ដឹង​ប្រមាណ​ខ្លួន​នោះ គឺ​មិន​ដឹង​ថា​ខ្លួន​អញ​មាន​ជាតិ​ត្រកូល វ័យ ចំណេះ​វិជ្ជា ទ្រព្យ​សម្បត្តិ ​និង​កេរ្តិ៍​ឈ្មោះ​យស​សក្តិ​ត្រឹម​ប៉ុណ្ណេះ ដែល​ថា​មិន​ដឹង​ប្រមាណ​ភោជនាហារ​នោះ គឺ​មិន​ដឹង​ថា​អាហារ​ដែល​ស្វែង​រក​បាន​មក​យ៉ាង​នេះ បរិភោគ​ទៅ​បាន​សេចក្ដី​សុខ ស្វែង​រក​បាន​មក​យ៉ាង​នេះ បរិភោគ​ទៅ​បាន​សេចក្ដី​ទុក្ខ ដែល​ថា​មិន​ដឹង​កាល​នោះ គឺ​មិន​ដឹង​ថា​ពេល​នេះ​គួរ​ប្រកប​ការ​នេះ ពេល​នេះ​មិន​គួរ​ប្រកប​ឡើយ ដែល​ថា​មិន​ដឹង​បុគ្គល​នោះ គឺ​មិន​ដឹង​ថា មនុស្ស​នេះ​ល្អ​គួរ​សេពគប់ មនុស្ស​នេះ​មិន​ល្អ​មិន​គួរ​សេពគប់ ដែល​ថា​មិន​ដឹង​បរិសទ្យ​នោះ​គឺ​មិន​ដឹង​ថា ប្រជុំ​ជន​នេះ​កាល​អញ​ចូល​ទៅ​រក​ត្រូវ​ធ្វើ​ដោយ​កាយ​យ៉ាង​នេះ ដោយ​វាចា​យ៉ាង​នេះ​ជា​ដើម ។

១០– សាប​សូន្យ​ប្រយោជន៍

មនុស្ស​ដែល​មិន​ដឹង​ធម៌​៧​ប្រការ​នេះ​ហើយ ដែល​ទំនើង​តាម​ចិត្ត គិត​ធ្វើ​ឱ្យ​សាប​សូន្យ​ចាក​ប្រយោជន៍​ទាំង​ពួង កាល​បើ​នឹង​ប្រកប​ការងារ ក៏​ប្រកប​តែ​ការ​ណា​ដែល​ជា​ការ​ជូរផ្អូម ដែល​ធ្វើ​ទៅ​បាន​ជា​ហេតុ​ដ៏​លាមក​អាក្រក់​ក្រៃលែង ព្រោះ​មិន​ដឹង​ហេតុ បើ​នឹង​បាន​ផល​ក៏​ទទួល​សោយ​តែ​ផល​អាក្រក់​ជា​ផល ហឹរ ហាង ក្ដៅ​ក្រហាយ ព្រោះ​មិន​ដឹង​ផល បើ​នឹង​ធ្វើ​ឫកពា​ច្រឡើស​លើស​ឥត​សណ្ដាប់​ធ្នាប់ វាយ​ឫក​ស្មើ​តែ​នឹង​លោក​អ្នក​ប្រាជ្ញ លោក​អ្នក​ធំ​ព្រោះ​មិន​ដឹង​ប្រមាណ​ខ្លួន បើ​នឹង​ស្វែង​រក​ភោជនាហារ​ក៏​ប្រាស​ចាក​ការ​ត្រឹម​ត្រូវ ស្រវា​ទៅ​រក​មិច្ឆា​អាជីវៈ ព្រោះ​មិន​ប្រមាណ​ភោជនាហារ បើ​នឹង​ប្រកប​ផ្លូវ​ប្រយោជន៍ ពេល​ដែល​ត្រូវ​រៀន​បែរ​ទៅ​ប្រកប​ការ​របរ​ទាល់​តែ​ផុត​ពេល​រៀន រា​ត្រឡប់​មក​រក​រៀន​វិញ ព្រោះ​មិន​ដឹង​កាល​បើ​នឹង​សេពគប់​មិត្ត​ភក្តិ ក៏​សេព​គប់​តែ​បាប​មិត្ត គឺ​ទៅ​ចូល​ដៃ​តែ​នឹង​ពួក​ចោរ​និង​ពួក​ក្បត់ ព្រោះ​មិន​ដឹង​បុគ្គល បើ​នឹង​ចូល​ជំនុំ​ចំណោម​ក៏​ធ្វើ​កិរិយា​ច្រងេង​ច្រងាង ឆ្គាំ​ឆ្គង​ដោយ​កាយ​វាចា​ជា​ដើម ព្រោះ​មិន​ដឹង​បរិសទ្យ ។

១១- សុភាសិត

មនុស្ស​ល្ងង់​ខ្លៅ​ដូច​វែក​ដួស​សម្ល ក៏​ឯ​វែក​នោះ​ទោះ​ត្រាំ​នៅ​ក្នុង​សម្ល​​ជានិច្ច វែក​សូម្បី​នឹង​ដែល​ដឹង​ថា សម្ល​នេះ​សាប សម្ល​នេះ​ប្រៃ​ដូច្នេះ​ក៏​គ្មាន​ឡើយ ដូច​មនុស្ស​ល្ងង់​ខ្លៅ​មិន​ដឹង​រស​ធម៌​៧​ប្រការ​ហើយ នឹង​មិន​ដឹង​បាប​បុណ្យ​គុណ​ទោស​ដូច​វែក​ដែរ ។ ម្យ៉ាង​ទៀត​មនុស្ស​ល្ងង់​ខ្លៅ​ដូច​គោ ឯ​សត្វ​គោ​តែង​តែ​ត្រេកត្រអាល​នឹង​ស៊ី​ស្មៅ ហើយ​និង​សេព​មេថុន​ប៉ុណ្ណោះ ឥត​មាន​ឧបាយ​ប្រាជ្ញា​ណា​មួយ​នឹង​ដោះ​ខ្លួន​ឱ្យ​រួច​ពី​ការ​បម្រើ​ម្ចាស់​នោះឡើយ មនុស្ស​ល្ងង់​ដូច​គោ​ដែរ ត្រេក​ត្រអាល​តែ​ក្នុង​កាម​គុណ​ជំហរ​តែ​ខាង​ស៊ី​និង​សេព​មេថុន ឥត​មាន​ឧបាយ​ប្រាជ្ញា​ណា​មួយ​នឹង​ពិចារណា​រើ​រលាស់​ខ្លួន​ឱ្យ​រួច​ចាក​វដ្ដ​សង្សារ ដែល​វិល​កើត​វិល​ស្លាប់​នោះ​ឡើយ ។

១២- វិនាស​ប្រយោជន៍

ក្លាក់​របស់​មនុស្ស​ល្ងង់​ខ្លៅ តែង​ធ្វើ​ប្រយោជន៍​របស់​ខ្លួន​ឱ្យ​វិនាស​យ៉ាង​នេះ ប្រសិន​បើ​មាន​បុគ្គល​ដទៃ​ទៅ​សេព​គប់​ផង ក៏​តែង​ណែ​នាំ​គេ​ឱ្យ​វិនាស​ប្រយោជន៍​ដូច​ខ្លួន​ដែរ ហេតុ​ដូច្នោះ​អស់​ទាំង​លោក​អ្នក​គប្បី​ធុញ​ទ្រាន់នឹង​សេចក្ដី​ល្ងង់​ខ្លៅ​កុំ​ឱ្យ​មាន​នៅ​ក្នុង​បន្ទុក ត្រូវ​តែ​មាន​ខ្នះខ្នែង​ដោយ​ឧបាយ​បំបរ​បង់​ចោល​នូវ​សេចក្ដី​ល្ងង់​ខ្លៅ​ឱ្យ​ខ្ចាត់​ខ្ចាយ​ចេញ ដោយ​រហ័ស​រួសរាន់ ការ​ដែល​គិត​នឹង​បន្ទោបង់​ល្ងង់ខ្លៅ នោះ​តោង​ប្រតិបត្តិ​តាម​សេចក្ដី​បញ្ញត្តិ​ខាង​ដើម កុំ​ឱ្យ​ឃ្លៀងឃ្លាត ។

១៣- ចម្រើន​ប្រយោជន៍

តំបន់​ណា​មួយ​ដែល​ឃើញ​ទោស​ក្នុង​ការ​ល្ងង់​ខ្លៅ​ហើយ ទំនុក​បម្រុង​សាលា​រៀន​តែង​បញ្ជូន​កុមារ ឱ្យ​ចូល​រៀន​តាម​បញ្ញត្តិ​របស់​រាជការ តែ​១​តំណ ២តំណ​ទៅ តំបន់​នោះ​សឹង​ដ៏​ដេរដាស​ទៅ​ដោយ​អ្នក​ចេះ​ដឹង អ្នក​ចេះ​ដឹង​នេះ​ហើយ​ដែល​ជា​អ្នក​លើក​វិជ្ជា​ឱ្យ​រុងរឿង ជា​អ្នក​លើក​ស្រុក​ទេស​ឱ្យ​ថ្កុំថ្កើង ជា​អ្នក​លើក​ទ្រព្យ​សម្បត្តិ​ឱ្យ​ស្ដុកស្ដម្ភ ជា​អ្នក​លើក​ប្រយោជន៍​ក្នុង​ឥធ​លោកនិង​បរលោក​ឱ្យ​វិសេស​វិសាល ។

១៤- សប្បុរិសធម៌

អ្នក​ចេះ​ដឹង​ជា​អ្នក​កាន់​ធម៌​៧ប្រការ​ដែល​ឈ្មោះ​ថា សប្បុរិស​ធម៌​ ៗ​នេះ បាន​រៀបរាប់​ខាង​ដើម​រួច​ហើយ ចំណែក​ខាង​មិន​ដឹង ឥឡូវ​នេះ​នឹង​ពណ៌នា ចំណែក​ខាង​ដឹង​ដូច​មាន​សេចក្ដី​ត​ទៅ​នេះ ១- ដឹង​ហេតុ​ គឺ​ដឹង​ថា អំពើ​នេះ​ជា​ហេតុ​នាំ​យក​សេចក្ដី​ទុក្ខ​មក​ឱ្យ អំពើ​នេះ​ជា​ហេតុ​នាំ​យក​សេចក្ដី​សុខ​មក​ឱ្យ ដឹង​យ៉ាង​នេះ​ហើយ​អាច​នឹង​ឱ្យ​សន្សំ​យក​តែ​ហេតុ​ដែល​ល្អ​ៗ ២- ដឹង​ផល ​គឺ​ដឹង​ថា​សេចក្ដី​ទុក្ខ​មក​ពី​ផល​ទុច្ចរិត សេចក្ដី​សុខ​មក​ពី​ផល​សុចរិត ដឹង​យ៉ាង​នេះ​ហើយ​អាច​នឹង​ឱ្យ​ធ្វើ​តែ​អំពើ​សុចរិត ដើម្បី​នឹង​ទទួល​ផល​សុខ ៣- ដឹង​ប្រមាណ​ខ្លួន ​គឺ​ដឹង​ថា ខ្លួញ​អញ​មាន​ជាតិ​ត្រកូល​វ័យ​ចំណេះ​វិជ្ជា​ទ្រព្យ​សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ​យស​សក្តិ​ត្រឹម​ប៉ុណ្ណេះ ដឹង​យ៉ាង​នេះ​ហើយ​អាច​នឹង​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ចេះ​ឱន​លំទោន​គោរព​គួរសមនឹង​លោក​អ្នក​ប្រាជ្ញ លោក​អ្នក​ធំ ៤- ដឹង​ប្រមាណ​ភោជនាហារ​គឺ​ដឹង​ថា ស្វែង​រក​អាហារ​បាន​មក​យ៉ាង​នេះ បរិភោគ​ទៅ​ប្រកប​ដោយ​ទុក្ខ បាន​មក​យ៉ាង​នេះ​បរិភោគ​ទៅ​ប្រកប​ដោយ​សុខ ដឹង​យ៉ាង​នេះ​ហើយ​អាច​នឹង​ឱ្យ​ស្វែង​រក​របរ​ដោយ​ត្រឹម​ត្រូវ វៀរ​ការ​ចិញ្ចឹម​ជីវិត​ខុស ៥- ដឹង​កាល ​គឺ​ដឹង​លៃ​ពេល​ថា ពី​ក្មេង​ខំ​រៀន​ចំណេះ​វិជ្ជា​ទៅ​ទល់​នឹង​អាយុ​២៥​ឆ្នាំ ដល់​កណ្ដាល​អាយុ​ខំ​សន្សំ​ទ្រព្យ​សម្បត្តិ​ដែល​គួរ​នឹង​គន្លង​ធម៌ ដល់​ខ្លួន​ចាស់​ខំ​សង្រួម​រិះ​រក​ធម៌​អាថ៌​ជា​គ្រឿង​ទ្រង់​របស់​ខ្លួន ដឹង​ពេល​យ៉ាង​នេះ​ហើយ​ខំ​ប្រកប​ឱ្យ​ត្រឹម​ត្រូវ​តាម​ដឹង ដើម្បី​ចម្រើន​ខ្លួន​តាំង​ពី​លោក​នេះ​រហូត​ទៅ​លោក​ខាង​មុខ ៦- ដឹង​បុគ្គល ​គឺ​ដឹង​ថា នេះ​ជា​មនុស្ស​ពាល នេះ​ជា​បណ្ឌិត ការ​សេព​គប់​នឹង​មនុស្ស​ពាល​ជា​ការ​នាំ​ខ្លួន​ឱ្យ​វិនាស សេព​គប់​នឹង​បណ្ឌិត​រមែង​នាំ​ខ្លួន​ឱ្យ​បាន​សេចក្ដី​សុខ​ចម្រើន​គ្រប់​យ៉ាង ដឹង​យ៉ាង​នេះ​ហើយ​ អាច​នឹង​ឱ្យ​គិត​ជ្រើសរើស​រក​សេព​គប់​តែ​នឹង​ពួក​បណ្ឌិត ដើម្បី​ផល​ប្រយោជន៍​២​ប្រការ គឺ​ឥធ​លោក​និង​បរលោក ៧- ដឹង​បរិសទ្យ ​គឺ​ដឹង​ថា ប្រជុំ​ជន​នេះ កាល​អញ​ចូល​ទៅ​រក​នឹង​ប្រព្រឹត្ត​ដោយ​កាយ​ដូច្នេះ ដោយ​វាចា​ដូច្នេះ ដោយ​ចិត្ត​ដូច្នេះ​ជា​ដើម ដឹង​យ៉ាង​នេះ​ហើយ​អាច​នឹង​ធ្វើ​ខ្លួន​ឱ្យ​មាន​តម្លៃ​ក្នុង​ទី​ប្រជុំ​ជន ចៀស​ចាក​សំណើច​និង​តំណិះ​ដំនៀល​គ្រប់​យ៉ាង​ទៅ​បាន ។

១៥- សុភាសិត

អ្នក​ចេះ​ដឹង​ដូច​អណ្ដាត​អាច​ដឹង​រសជាតិ ចំណែក​ឯ​អណ្ដាត​នោះ​ទោះ រស​ជាតិ​អ្វី​ៗ​មួយ​មក​ប៉ះ​ពាល់​ហើយ អាច​នឹង​ដឹង​បាន​ថា​សាប​ប្រៃ​ជា​ដើម​ក្នុង​មួយ​រំពេច ធម្មតា​អ្នក​ចេះ​ដឹង​អាច​ដឹង​នូវ​សប្បុរិស​ធម៌​៧​ប្រការ មាន​ដឹង​ហេតុ​ជា​ដើម​ដោយ​ប្រាជ្ញា ។ ម្យ៉ាង​ទៀត​អ្នក​ចេះ​ដឹង​មិន​សូវ​ត្រេក​ត្រអាល ដោយ​អំពើ​ដែល​ធ្វើ​ទៅ​ហើយ​រមែង​ឱ្យ​ផល​អាក្រក់ ដូច​ជា​ខ្សែ​ចង​រឹត​រួត​ខ្លួន​ឱ្យ​ជាប់​នូវ​ក្នុង​សង្សារ​វដ្ត ជា​អ្នក​មាន​ស្មារតី​ភ្ញាក់​រឭក​កំណត់​បណ្ដេញ​បង់​នូវ​សេចក្ដី​លោភនិង​អាក់អន់​ចិត្ត​ក្នុង​លោក ដូច​សេះ​ដ៏​ចម្រើន​គឺ​នាយ​សារថី​ទូន្មាន​ហើយ មាន​ស្មារតី​ភ្ញាក់​រឭក​ប្រុង​ខ្លួន​ការពារ​នូវ​រំពាត់​មិន​ឱ្យ​ធ្លាក់​ចុះ​លើ​ខ្លួន​បាន ។

១៦- ការ​ចម្រើន​ចំណេះ​វិជ្ជា

អ្នក​រៀន​ចំណេះ​វិជ្ជា​ចង់​ចេះ​ដឹង​ច្រើន គប្បី​ប្រកប​អង្គ​៤​ប្រការ ឱ្យ​បាន​អង្គ​៤​នោះ គឺ សុ. ចិ. បុ. លិ. ។ សុ សុណេយ្យ គប្បី​ស្ដាប់​ ចិ ចិន្ដេយ្យ គប្បី​គិត បុ បុច្ឆេយ្យ គប្បី​សួរ លី លិក្ខេយ្យ គប្បី​កត់​ត្រា អង្គ​ទាំង​៤​នេះ ជា​អង្គ​របស់​អ្នក​ប្រាជ្ញ​គឺ​ថា អ្នក​រៀន​សូត្រ​លុះ​តែ​ប្រកប​ដោយ​អង្គ​៤​នេះ ទើប​បាន​ជា​អ្នក​ចេះ​ដឹង បើ​ប្រាស​ចាក​អង្គ​៤​នេះ​ហើយ ទោះ​រៀន​តាំង​ពី​ក្មេង​ដល់​ចាស់​ផង​ក៏​ពុំ​ចេះ​ដឹង​ឡើយ ។

១៧- គុណ​វិជ្ជា

អ្នក​ចេះ​ចំណេះ​វិជ្ជា​មាន​ចេះ​បឋម​វិជ្ជា​ជា​ដើម មិន​ដែល​ធ្លាក់​ខ្លួន​ចុះ​ទៅ​ជា​មនុស្ស​កាប់​គាស់​សែង​លី​ដោយ​កម្លាំង មិន​ដែល​ឱន​ថយ​ទៅ​ជា​មនុស្ស​ស្អុយ​ឈ្មោះ​ឥត​យស​សក្តិ មិន​ដែល​សៀប​ព្រៀប​ដល់​ស្ពាយ​សម្ពាយ​ដើរ​តាម​ក្រោយ​អ្នក​ដទៃ មិន​ដែល​ខ្វះ​ខាត​ញាតិ​មិត្ត​ខ្សត់​អត់​ឃ្លាន​ឡើយ ។ អ្នក​ដែល​ចេះ​ដឹង​គឺ​ចំណេះ​ឯង តែង​យឺត​យោង​អន្ទង​ដឹក​នាំ​ឱ្យ​ឈ្លាសវៃ​វាង ទោះ​នៅ​ក្នុង​ស្រុក​ស្រែ​ចម្ការ​ក៏​តែង​ចេះ​ធ្វើ​ស្រែ​ចម្ការ​ដោយ​គំនិត​ប្រាជ្ញា ឱ្យ​កើត​ផល​ប្រយោជន៍​បរិបូណ៌​ទៅ​បាន​មិន​ទាល់​ក្រ រមែង​មាន​កេរ្តិ៍​​ឈ្មោះ​ក្រអូប​ជា​អ្នក​ល្បីល្បាញ​ខ្ចរខ្ចាយ​សព្វ​ស្រុក ទោះ​ដើរ​ទៅ​កាន់​ស្ថាន​ណា​មិន​ដាក់​អង្ករ​ទៅ​ផង​ក៏​មិន​ដែល​អត់​ឃ្លាន​ឡើយ រមែង​បាន​យស​សក្តិ​អំពី​សម្នាក់​ស្ដេច​និង​នាហ្មឺន​ធំ ច្រើន​រុងរឿង​ជា​អ្នក​ដើរ​មុខ​អ្នក​ដទៃ ហើយ​ជា​អ្នក​ចិញ្ចឹម​គេ​ឯង​ផង តែង​តែ​បរិបូណ៌​ញាតិ​មិត្ត​ចោមរោម​ពឹង​ពរ​ចំណេះ ច្រើន​មាន​លាភ​មិន​ដែល​ខ្វះ​កន្លះ ច្រើន​ពេញលេញ​ទៅ​ដោយ​សេចក្ដី​អំណរ ទោះ​ស្រុក​អំណត់​អត់​ឃ្លាន​យ៉ាង​ណា គង់​មាន​ញាតិ​មិត្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ ដោយ​អាហារ​និង​សម្លៀក​​បំពាក់ ទោះ​មាន​គ្រោះ​ថ្នាក់​ដល់​ជាប់​ទោស​ទុក្ខ គង់​បាន​រួច​ជា​សុខ​វិញ​ក៏​មាន ពាក្យ​ដែល​ថា​ជាប់​ទោស​នោះ​ជា​ពាក្យ​ថា​ក្រែង​ទៅ​ទេ តាម​ពិត​នោះ​មិន​ដែល​មាន​ទោស​អ្វី​ដូច្នោះ ព្រោះ​អ្នក​ចេះ​ដឹង​ជា​អ្នក​មាន​ភ្នែក​ភ្លឺ​សព្វ​សាយ វិស័យ​អ្នក​មាន​ភ្នែក​ភ្លឺ​មិន​ដែល​ដើរ​ទៅ​ជាន់​បន្លា ដែល​ខ្លួន​មើល​ឃើញ​ច្បាស់​នោះ​ទេ ដូច​ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​ជា​អ្នក​ប្រាជ្ញ​ធំ​ក្នុង​លោក ព្រះ​អង្គ​មាន​ចក្ខុ​ភ្លឺ​ក្រៃលែង​លោក​ហើយ​នៅ​ពី​លើ ដូច​នៅ​លើ​កំពូល​ភ្នំ​អាច​ក្រឡេក​មើល​ឃើញ​គ្រប់​ទិស​ឥត​កំបាំង អំណាច​មិន​កំបាំង​ដូច្នោះ បាន​ជា​ព្រះ​អង្គ​ជម្រុះ​ចោល​អាក្រក់​ទុក​តែ​ល្អ ចោល​ខុស​ទុក​តែ​ត្រូវ​ បន្សាត់​បង់​ទុក្ខ​យក​តែ​សុខ​ម្យ៉ាង អ្នក​រៀន​សូត្រ​តាម​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​អង្គ រមែង​គ្មាន​ជាប់​ទោស​ដូច្នោះ​ទេ កុំ​ថា​ដល់​ទោស​ធ្ងន់​សូម្បី​គ្រាន់​តែ​ឈ្លោះ​ប្រកែក ឬ​កើត​ក្ដីក្ដាំង​ជាប់​កំណោះ​បន្តិច​បន្តួច​ក៏​មិន​គប្បី​មាន​ដល់​អ្នក​ភ្នែក​ភ្លឺ​នោះ​ឡើយ ។

១៨- ផល​ប្រយោជន៍​វិជ្ជា

មាន​ទ្រព្យ​ពុំ​ស្មើ​នឹង​មាន​វិជ្ជា ទ្រព្យ​សម្បត្តិ​តែង​វិនាស​ទៅ​ដោយ​ហេតុ​ផ្សេង​ៗ ឯ​វិជ្ជា​ដែល​ចេះ​ដឹង​ហើយ​ឥត​មាន​វិនាស​ចោរ​លួច​យក​ពុំ​បាន អ្នក​មាន​ចំណេះ​វិជ្ជា​រមែង​មាន​លាភ អំពី​មហា​ក្សត្រ​ ​ពី​នាហ្មឺន​សព្វ​មុខ​មន្រ្តី ​ពី​សេដ្ឋី​គហបតី និង​អំពី​អ្នក​ស្រុក​ផង​គ្នា​តែង​បូជា មិន​តែ​ប៉ុណ្ណោះ ​ទោះ​ទេព្ដា​ក៏​តែង​ជួយ​ទំនុក​បម្រុង​មិន​សូវ​មើល​បំណាំ ។ អ្នក​ដែល​ចេះ​ចំណេះ​វិជ្ជា​មិន​មែន​មាន​ផល​ប្រយោជន៍​តែ​ប៉ុណ្ណេះ​ទេ នៅ​មាន​ច្រើន​ជា​អនេក​ទៅ​ទៀត មិន​អាច​នឹង​នាំ​យក​មក​រៀប​រាប់​ឱ្យ​អស់​បាន នាំ​មក​ដំណាល​ប៉ុណ្ណេះ​នេះ គ្រាន់​តែ​នឹង​ពន្យល់​អស់​លោក- អ្នក​ឱ្យ​ពេញ​ចិត្ត ឱ្យ​មាន​គំនិត​គិត​ប្រាថ្នា​ចំណេះ​វិជ្ជា​ដល់​ខ្លួននិង​កូន​ចៅ​ផៅ​សន្ដាន​ឱ្យ​ចេះ​ដឹង​គ្រប់​ៗ​គ្នា​ទៅ ។

វ័យ​បឋម ឱ្យ​ខំ​រៀន​វិជ្ជា សង្ខេប​តែ​ប៉ុណ្ណេះ ។

១៩- មជ្ឈិម​វ័យ

កាល​បើ​បឋម​វ័យ​កន្លង​ផុត​ចូល​ក្នុង​មជ្ឈិម​វ័យ​ហើយ អស់​លោក​អ្នក​គប្បី​ខំ​សន្សំ​រក​ធនធាន​គឺ​ទ្រព្យ​សម្បត្តិ ចំណែក​ឯ​ទ្រព្យ​សម្បត្តិ​នោះ​មាន២ប្រការ​គឺ ទ្រព្យ​មាន​វិញ្ញាណ ១ ទ្រព្យ​ឥត​វិញ្ញាណ ១ ទ្រព្យ​មាន​វិញ្ញាណ​នោះ​មាន គោ ក្របី ដំរី សេះ ជាដើម ទ្រព្យ​ឥត​វិញ្ញាណ​នោះ​មាន​កេរ្តិ៍​អាករ ផ្ទះ​សម្បែង ប្រាក់ មាស ពេជ្រ ជាដើម ទ្រព្យ​របស់​ទាំង​អម្បាល​នោះ គប្បី​ខំ​រក​ឱ្យ​បាន​ក្នុង​មជ្ឈិម​វ័យ​នោះ ព្រោះ​ថា​ទ្រព្យ​ទាំងនោះ បើ​ឈ្មោះ​ណា​មិន​ខំ​រក​ឱ្យ​បាន​មាន​គ្រប់​គ្រាន់​ទេ ឈ្មោះ​នោះ​នឹង​ធ្វើ​ខ្លួន​ឱ្យ​រុងរឿង​ឡើង​ពុំ​បាន ព្រោះ​ខ្វះ​ខាត​ជានិច្ច កាលណា​បើ​ខ្លួន​មិន​រុងរឿង​ដូច្នោះ​ហើយ សេចក្ដី​រំខាន​ទុក្ខ​ព្រួយ​ក៏​កើត​មាន​ព្រម​ក្នុង​កាល​នោះ បើ​សេចក្ដី​ព្រួយ​កើត​ឡើង​រឿយៗហើយ នឹង​ធ្វើ​ចិត្ត​ឱ្យ​ស្ងប់​រម្ងាប់​ដើម្បី​ប្រយោជន៍​ទៅ​ពុំ​បាន សម​ដូច​មាន​សុភាសិត​ថា មនុស្ស​ខ្ជិល​មាន​វិជ្ជា​ពី​ណា គ្មាន​ញាតិ​មិត្រ​បាន​សេចក្ដី​សុខ​មក​ពី​ណា គ្មាន​សេចក្ដី​សុខ​ធ្វើ​ម្ដេច​នឹង​សម្រេច​ប្រយោជន៍ បាន​សេចក្ដី​ថា មាន​ឧស្សាហ៍​រៀន​សូត្រ​ទើប​មាន​វិជ្ចា មាន​វិជ្ចា​ទើប​មាន​ទ្រព្យ​សម្បត្តិ មាន​ទ្រព្យ​សម្បត្តិ​ទើប​មាន​ញាតិ​មិត្ត មាន​ញាតិ​មិត្ត​ទើប​បាន​សេចក្ដី​សុខ មាន​សេចក្ដី​សុខ​ហើយ​ទើប​ធ្វើ​ឱ្យ​ចិត្ត​ស្ងប់​រម្ងាប់​ទៅ​បាន សេចក្ដី​ស្ងប់​រម្ងាប់​នេះ​ហើយ ដែល​ជា​ទំនង​នឹង​ធ្វើ​ឱ្យ​សម្រេច​ប្រយោជន៍​គ្រប់​មុខ​ទៅ​ងាយ ។ ហេតុ​សុភាសិត​ដូច្នេះ អស់​លោក​អ្នក​គប្បី​ខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​មាន​ឧស្សាហ៍​ជាដើម ជា​ការ​សម្រួល​ឱ្យ​កើត​ទ្រព្យ​សម្បត្តិ​ជាដើម​តាម​សុភាសិត​នេះ ។ ទ្រព្យ​សម្បត្តិ​មាន​បរិបូណ៌​ហើយ​បាន​សេចក្ដី​សុខ​ដែរ ប៉ុន្តែ​ជា​សេចក្ដី​សុខ​មាន​ប្រមាណ​តិចតួច​ទេ តែ​លោក​អ្នក​ប្រាជ្ញ​បុរាណ​លោក​តែង​យក​សេចក្ដី​សុខ​មាន​ប្រមាណ​តិច​នោះ ជា​ថ្នូរ​ដូរ​យក​សេចក្ដី​សុខ​ដែល​មាន​ប្រមាណ​ច្រើន ពោល​គឺ​សេចក្ដី​សុខ​ក្នុង​ព្រះ​និព្វាន​ពិត ។

២០- អសារសូត្រ

របស់​ដែល​ឥត​ខ្លឹមសារ​នោះ​មាន៣ប្រការ​គឺ ភោគ​សម្បត្តិ​ជា​របស់​ឥត​ខ្លឹម ១ តែ​លោក​អ្នក​មាន​ឧបាយ​គប្បី​ធ្វើ​ឱ្យ​ទៅ​ជា​មាន​ខ្លឹម​វិញ​បាន រាងកាយ​យើង​គេ​ជា​របស់​ឥត​ខ្លឹម ១ តែ​លោក​អ្នក​មាន​ឧបាយ​គប្បី​ធ្វើ​ឱ្យ​ទៅ​ជា​មាន​ខ្លឹម​វិញ​បាន និង​អាយុ​ជីវិត​ជា​របស់​ឥត​ខ្លឹម ១ តែ​លោក​អ្នក​មាន​ឧបាយ​គប្បី​ធ្វើ​ឱ្យ​ទៅ​ជា​មាន​ខ្លឹម​វិញ​បាន ។

២១- ភោគ​សម្បត្តិ​ឥត​ខ្លឹម

ដែល​ថា​ទ្រព្យ​សម្បត្តិ​ឥត​ខ្លឹម​នោះ ព្រោះ​ទ្រព្យ​មាន​វិញ្ញាណ​ឥត​វិញ្ញាណ​ទាំងអស់​ជា​ទ្រព្យ​សម្រាប់​វិនាស​អន្តរាយ​ទៅ​ដោយ​ហេតុ​ផ្សេងៗ គឺ​វិនាស​ដោយ​ទឹក​លិច​ខ្លះ ភ្លើង​ឆេះ​ខ្លះ ចោរ​លួច​ប្លន់​ខ្លះ ស្ដេច​រឹប​ជាន់​ខ្លះ បើ​មិន​វិនាស​ដោយ​ហេតុ​ទាំងនោះ​ទេ តែ​ដល់​ខ្លួន​ធ្វើ​មរណកាល​ទៅ​ក៏​យក​ទៅ​ផង​ពុំ​បាន ទ្រព្យ​ទាំងនេះ​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ដទៃ​ខាង​អាយ​ទាំងអស់ ហេតុ​នេះ​បាន​ជា​ថា ទ្រព្យ​សម្បត្តិ​ឥត​ខ្លឹមសារ ដែល​ថា​គប្បី​ធ្វើ​ឱ្យ​ទៅ​ជា​មាន​ខ្លឹម​វិញ នោះ​គប្បី​ចំណាយ​ទ្រព្យ​នោះ​ឱ្យ​ទៅ​ជា​ទាន​ក្នុង​ព្រះ​ពុទ្ធ​សាសនា ទុក​ជា​កំណប់​បុណ្យ​ព្រេង​ទៅ​មុខ កំណប់​បុណ្យ​នេះ​វិសេស​ជា​ជាង​កំណប់​ធម្មតា​ច្រើន​ណាស់ កំណប់​ធម្មតា​តែងតែ​វិនាស​ទៅ​ដោយ​ហេតុ​ផ្សេងៗដែរ បើ​មិន​វិនាស​ទៅ​ដោយ​ហេតុ​ទាំងនោះ ក៏​គង់​តែ១​នៅ​ជា១ដដែល ឯ​កំណប់​បុណ្យ​នេះ​មិន​មែន​ដូច្នោះ​ទេ ឥត​មាន​វិនាស​ដោយ​ហេតុ​ណា​មួយ​ឡើយ ហើយ​បើ​ដល់​ឱ្យ​ផល​ឡើង មួយ​ចម្រើន​ជា​រយ​ពាន់​ម៉ឺន​សែន​លាន​កោដិ​ទៅ​បាន ហើយ​តែង​ឱ្យ​ផល​ជា​អនេក​ជាតិ​ផង​ទៀត មិន​តែ​ប៉ុណ្ណោះ​កំណប់​បុណ្យ​នោះ ជា​បច្ច័យ​អាច​នឹង​ធ្វើ​សង្សារ​ទុក្ខ​ឱ្យ​រលត់​ទៅ​បាន​ក្នុង​អនាគត បាន​ជា​ថា​ទ្រព្យ​សម្បត្តិ​ឥត​ខ្លឹម គប្បី​ធ្វើ​ឱ្យ​ទៅ​ជា​មាន​ខ្លឹម​វិញ​យ៉ាង​នេះ ។

២២- រាងកាយ​ឥត​ខ្លឹម

ដែល​ថា​រាងកាយ​ជា​របស់​ឥត​ខ្លឹម​នោះ ព្រោះ​រាងកាយ​នេះ​សឹង​ប្រជុំ​ព្រម​ដោយ​អាការៈ៣២ប្រការ មាន​សក់​ជាដើម អាការៈ​ទាំងនោះ​សុទ្ធ​តែ​ជា​គ្រឿង​ទន់​ជ្រាយ​ផុយ នឹង​រក​អាការៈ​ណា​មួយ​ឱ្យ​បាន​ជា​គ្រឿង​មាន​ខ្លឹមសារ​នោះ​គ្មាន​ឡើយ ហើយ​បើ​ដល់​ខ្លួន​ស្លាប់​ទៅ អាការៈ​ទាំងនោះ​ក៏​ក្លាយ​ទៅ​ជា​ដី​ទឹក​ទាំងអស់ បាន​ជា​ថា​រាងកាយ​ឥត​ខ្លឹម ដែល​ថា​គប្បី​ធ្វើ​ឱ្យ​ទៅ​ជា​មាន​ខ្លឹម​វិញ​នោះ គប្បី​យក​រាងកាយ​ដែល​ជា​របស់​ពុក​ផុយ ទៅ​បម្រើ​ព្រះ​រត្នត្រ័យ​មិន​ថ្នាក់ថ្នម​កាយ​ខ្លាច​នឿយ​ហត់​ឡើយ ខំ​ខ្វល់ខ្វាយ​ធ្វើ​វត្ត​ប្រតិបត្តិ​គ្រប់​ប្រការ​តាម​ពុទ្ធោវាទ យក​កម្រៃ​ជា​ថ្នូរ​ដូរ​យក​ព្រះ​និព្វាន​ដែល​ជា​ស្ថាន​ក្សេម​ផុត​កើត​ផុត​ស្លាប់ បាន​ជា​ថា​ធ្វើ​រាងកាយ​ដែល​ឥត​ខ្លឹម​ឱ្យ​ទៅ​ជា​មាន​ខ្លឹម​វិញ​ដូច្នេះ ។

២៣- អាយុ​ជីវិត​ឥត​ខ្លឹម

ដែល​ថា​អាយុ​ជា​របស់​ឥត​ខ្លឹម​នោះ ព្រោះ​អាយុ​ជីវិត​នេះ​តិចតួច​ស្ដួចស្ដើង​ពេក​ណាស់ អាយុ​ជីវិត​សព្វ​សត្វ​ស្ថិត​នៅ​ត្រង់​ដង្ហើម​ចេញ​ចូល​ប៉ុណ្ណោះ ផ្លូវ​ខ្យល់​ដង្ហើម​ចេញ​ចូល​ខាង​លើ​ត្រឹម​ក្ដោង​ច្រមុះ ខាង​ក្រោម​ត្រឹម​ផ្ចិត ប្រសិន​ណា​បើ​មាន​វត្ថុ​អ្វី​ទៅ​រាំង​ស្ទាក់ឬ​កាត់​ផ្ដាច់​ផ្លូវ​ខ្យល់​នោះ​កាលណា អាយុ​ជីវិត​របស់​សត្វ​ក៏​ក្ស័យ​ទៅ​ក្នុង​កាល​ណោះ បាន​ជា​ថា​អាយុ​ជីវិត​ឥត​ខ្លឹម ដែល​ថា​គប្បី​ធ្វើ​អាយុ​ជិវិត​ឱ្យ​ទៅ​ជា​មាន​ខ្លឹម​វិញ​នោះ គប្បី​យក​ជីវិត​ថ្វាយ​ចំពោះ​ព្រះ​រត្នត្រ័យ​គឺ ដល់​ត្រៃសរណគមន៍​គឺ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ជា​ទីពឹង​ជាទី​រឭក​ស្មើ​ដោយ​ជីវិត គប្បី​យក​អាយុ​ទៅប្ដូរ​ចំពោះ​សីល​គឺ រក្សា​សីល៥ និង​កុសល​កម្មបថ១០ ស៊ូ​ប្ដូរ​ថា​ទុក​ជា​អស់​អាយុ​ជីវិត​មិន​ឱ្យ​ដាច់​សីល​ឡើយ យក​កម្រៃ​សរណគមន៍​និង​សីល​នេះ​ឯង ឱ្យ​សម្រេច​ព្រះ​និព្វាន​ជា​ស្ថាន​ផុត​កង​ទុក្ខ​ទាំងពួង បាន​ជា​ថា​គប្បី​ធ្វើ​អាយុ​ជីវិត​ដែល​ឥត​ខ្លឹម ឱ្យ​ត្រឡប់​ទៅ​ជា​មាន​ខ្លឹមសារ​យ៉ាង​វិសេស​វិញ​ដូច្នេះ ។ ហេតុ​នេះ​សាធុជន​គប្បី​ខំ​សន្សំ​ទ្រព្យ​សម្បត្តិ​ឱ្យ​បាន​មាន​បរិបូណ៌ ដើម្បី​ប្ដូរ​យក​ខ្លឹមសារ បើ​គ្មាន​ទ្រព្យ​បាន​អ្វី​នឹង​ដូរ​យក​សម្បត្តិ​សុខ​ក្សេមក្សាន្ត ។

២៤- ទ្រព្យ​ប្រសើរ

ទ្រព្យ​សម្បត្តិ​លោកិយ​នេះ​មាន​ប្រយោជន៍​តែ​ប៉ុណ្ណេះ បើ​យក​ទៅ​ប្រៀបធៀប​នឹង​សម្បត្តិ​លោកុត្តរៈ​ឃើញ​ចាញ់​ឈ្នះ​គ្នា​ច្រើន​ណាស់ ទ្រព្យ​លោកិយ​មាន​អន្តរាយ​ទៅ​ដោយ​ហេតុ​ផ្សេងៗ ដូច​បាន​ពោល​រួច​មក​ហើយ ឯ​ទ្រព្យ​លោកុត្តរៈ​ឥត​មាន​អន្តរាយ​ដោយ​ហេតុ​អ្វី​ឡើយ ទ្រព្យ​លោកុត្តរៈ​នោះ ក៏​សាធុជន​ត្រូវ​ស្វែង​រក​ក្នុង​មជ្ឈិម​វ័យ​នេះ​ដែរ ទ្រព្យ​លោកុត្តរៈ​គឺ អរិយ​ទ្រព្យ​បាន​សេចក្ដី​ថា​ទ្រព្យ​ប្រសើរ ២ នោះ មាន ៧ ប្រការ គែ ១ សទ្ធា ២ សីល ៣ ហិរិ ៤ ឱតប្បៈ ៥ សុភៈ ៦ ចាគៈ ៧ បញ្ញា ធម៌ ៧ នេះ​ឈ្មោះ​ថា​ទ្រព្យ​ប្រសើរ ។

២៥ -សទ្ធា

សទ្ធា សេចក្ដី​ជឿៗនោះ មិន​មែន​ជឿ​សភាវៈ​ដទៃ ជឿ​នោះ​គឺ​ជឿ​ចំពោះ​គុណ​របស់​ព្រះ​រត្នត្រ័យ​គឺ ព្រះ​ពុទ្ធ ព្រះ​ធម៌ និង​ព្រះ​សង្ឃ សេចក្ដី​ជឿ​នោះ​មាន​មិន​ជឿ​ខ្លះ​ជា​កម្លាំង ដែល​ថា​មិន​ជឿ​ខ្លះ​ជា​កម្លាំង​នោះ គឺ​មិន​ជឿ​សភាវៈ​ដទៃ ដូច​ទេវតា មារ ព្រហ្ម​ជាដើម​ថា មិន​មែន​មាន​គុណ​វិសេស​ស្មើ​នឹង​ព្រះ​រត្នត្រ័យ ឬ​ដូច​ខ្មោច​បិសាច​មាន​បន់ស្រន់ សែនព្រេន បង្កក់ ប្រសិទ្ធ​ជាដើម​ថា មិន​ស្មើ​ដោយ​កម្លាំង​របស់​កម្ម អ្នក​កាន់​ព្រះ​ពុទ្ធសាសនា​មាន​មិន​ជឿ​យ៉ាង​នេះ​ខ្លះ ទើប​បាន​ធ្វើ​ចិត្ត​ឱ្យ​ជឿ​មាំ​ក្នុង​គុណ​វិសេស​របស់​ព្រះ​រត្នត្រ័យ​ជាក់លាក់ បើ​តាំង​ចិត្ត​ជឿ​ទាំងអស់ ឯ​នេះ​ក៏​ជឿ ឯ​នោះ​ក៏​ជឿ មិន​ឈ្មោះ​ថា​សទ្ធា​ពេញលេញ​ឡើយ ជឿ​ដែល​មាំ​នោះ​គឺ​ជឿ​គុណ​វិសេស​របស់​ព្រះ​រត្នត្រ័យ​ថា គ្មាន​វត្ថុ​អ្វី​ស្មើ​បាន ព្រោះ​ជា​វត្ថុ​ផុត​ទុក្ខ​ទាំងពួង​ដោយ​ប្រពៃ ជឿ​ថា​មាតា​បិតា​និង​លោក​គ្រូ​អាចារ្យ​មាន​គុណ​លើ​ខ្លួន​មែន ព្រោះ​បង្កើត​ហើយ​បីបាច់​រក្សា​និង​ប្រៀន​ប្រដៅ​ធម៌​វិន័យ ជឿ​អំពើ​ល្អ អំពើ​អាក្រក់​ថា​ឱ្យ​សុខ​ឱ្យ​ទុក្ខ​មែន ឯ​សភាវៈ​ដទៃ​ឱ្យ​សុខ​ឱ្យ​ទុក្ខ​មិន​បាន​ទេ ព្រោះ​មិន​ស្មើ​ដោយ​កម្លាំង​កម្ម ជឿ​យ៉ាង​នេះ​ទើប​ឈ្មោះ​ថា​សទ្ធា​មាំ ។

២៦- សុភាសិត

ក្នុង​លោក​នេះ សទ្ធា​ជា​ទ្រព្យ​ប្រសើរ​របស់​បុរស (ប្រុស​ស្រី) ធម៌ (សុចរិត) ដែល​បុគ្គល​សន្សំ​ល្អ​តែង​នាំ​យក​សេចក្ដី​សុខ​មក​ឱ្យ ពាក្យ​សត្យ (គឺ​ពាក្យ​ពិត​ពាក្យ​មែន) មាន​រស​ឆ្ងាញ់​ពិសា​លើសលប់​ជាង​របស់​ទាំងឡាយ បណ្ឌិត​លោក​ពោល​ថា អ្នក​រស់​នៅ​ដោយ​បញ្ញា ឈ្មោះ​ថា​អ្នក​​ចិញ្ចឹម​ជីវិត​ថ្កើង​ប្រសើរ ។ ព្រះ​យោគា​វចរ​ឆ្លង​អន្លង់[២] បាន​ដោយ​សទ្ធា​ឆ្លង​សមុទ្ទ[៣] បាន​ដោយ​មិន​ប្រហែស​ធ្វេស កន្លង​ចាក​កង​ទុក្ខ​បាន​ដោយ​ព្យាយាម[៤] ហ្វឹកហ្វឺន​ខ្លួន​ឱ្យ​បរិសុទ្ធ​បាន​ដោយ​បញ្ញា ។

២៧- សីល

សីល គឺ​កិរិយា​សង្រួម​កាយ​វាចា​ឱ្យ​សុភាព​រាបសា​ហើយ វៀរ​ចាក​ទោស​ផ្សេងៗ គឺ​រក្សា​សីល៥ សីល៨ និង​កុសល​កម្មបថ១០ ឱ្យ​បរិសុទ្ធ​បរិបូណ៌ សីល៥នោះ​ប្រឹងប្រែង​រក្សា​ឱ្យ​ជាប់​ជានិច្ច ហៅ​ថា​និច្ចសីល​ក៏​បាន សីល៨នោះ​តាំង​រក្សា​តាម​កាល​កំណត់​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​បញ្ញត្ត ហៅ​ថា ឧបោសថ​សីល​ក៏​បាន ឯ​កុសល​កម្មបថ​នោះ​ប្រឹងប្រែង​​ប្រព្រឹត្ត​ឱ្យ​គ្រប់គ្រាន់​ជា​វិន័យ​របស់​ខ្លួន​ជានិច្ច​ដែរ កុសល​កម្មបថ​នោះ​នឹង​មាន​ពណ៌នា​ទៅ​ខាង​មុខ សីល​នេះ​មិន​មែន​មាន​តែ​ប៉ុណ្ណេះ​ទេ នៅ​មាន​សិក្ខាបទ១០ ជា​សីល​លោក​សាមណេរឬ​ឧបាសក​ឧបាសិកា​ក៏​កាន់​សីល១០នេះ​បាន​ដែរ នៅ​មាន​ចតុបារិសុទ្ធិសីល​របស់​លោក​ភិក្ខុ​ផង​ទៀត ចតុបារិសុទ្ធិសីល​នោះ​មាន៤ គឺ​បាតោមោក្ខសំវរសីល ១ ចំណែក​ខាង​រក្សា​សិក្ខាបទ២២៧ ក្នុង​បាតិមោក្ខ ឥន្ទ្រិយ​សំវរសីល ១ ចំណែក​ខាង​សង្រួម​ឥន្ទ្រិយ ៦ មាន​ភ្នែក​ជាដើម អាជីវ​បារិសុទ្ធិសីល ១ ចំណែក​ខាង​ចិញ្ចឹម​ជីវិត​ដោយ​អាហារ​ដ៏​បរិសុទ្ធ​គឺ វៀរ​ចាក​អនេសនា២១ប្រការ​ជាដើម បច្ចយ​សន្និស្សិតសីល ១ ចំណែក​ខាង​ពិចារណា​បច្ច័យ ៤ ។ សីល​ទាំងអស់​នេះ​នាំ​មក​ដំណាល​តែ​គោល​ដើម​គ្រាន់​តែ​ជា​ដំណឹង​ដល់​លោក​អ្នក​សិក្សា បើ​ចង់​ឱ្យ​​ច្បាស់​លាស់​​គប្បី​សិក្សា​ក្នុង​អគារ​វិន័យ​និង​អនាគារ​វិន័យ​ឯ​ណោះ​ចុះ ។ អំពី​នេះ​នឹង​រៀបរាប់​អំពី​គុណ​របស់​សីល​ត​ទៅ លោក​អ្នក​រក្សា​សីល​មាន​សីល៥ជាដើម បាន​ខំ​ប្រឹងប្រែង​រក្សា​ឱ្យ​បរិសុទ្ធ​ហ្មត់ចត់​ហើយ ជា​គុណ​អាច​នឹង​បណ្ដុះ​បង្កើត​កុសល​ធម៌​ទាំងពួង មាន​ឥន្ទ្រិយ៥ជាដើម​ឱ្យ​ដុះ​លូតលាស់​ឡើង​ក្នុង​សន្ដាន​ចិត្ត ឥន្ទ្រិយ៥នោះ​គឺ

២៨- សុភាសិត

ជន​ណា​ប្រកប​ដោយ​បញ្ញា​បាន​ស្ថិត​នៅ​ក្នុង​សីល​ហើយ បាន​ចម្រើន​នូវ​សមាធិ​សិក្ខា​និង​បញ្ញា​សិក្ខា ជា​អ្នក​មាន​ព្យាយាម ដុត​រោល​កិលេស មាន​ប្រាថ្នា​ចាស់​ខ្លា​បាន​ឃើញ​ភ័យ​ក្នុង​សង្សារវដ្ដ ជន​នោះ​ទើប​គួរ​នឹង​កាប់​ឆ្ការ​ញាត​ស្បាត​គឺ​តណ្ហា​នេះ (ឱ្យ​ដាច់​ស្រឡះ​ទៅ​បាន) ។ សីល​ញ៉ាំង​ប្រយោជន៍​ឱ្យ​សម្រេច​ដរាប​ដល់​ចាស់​ជរា​ សទ្ធា​តាំង​មាំ​ហើយ ​ញ៉ាំង​ប្រយោជន៍​ឱ្យ​សម្រេច​បាន បញ្ញា​ជា​ដួងកែវ​នៃ​ជន​ទាំងឡាយ បុណ្យ​ពួក​ចោរ​លួច​យក​មិន​បាន ។

២៩- ហិរិ

ហិរិ សេចក្ដី​អៀន​ខ្មាស​បាប​អំពើ​ទុច្ចរិត ដែល​ជា​ធម៌​ល្អក់​អាក្រក់​ក្រៃលែង ទុច្ចរិត​នោះ​មាន១០ប្រការ​គឺ សម្លាប់​សត្វ​មាន​ជីវិត ១ លួច​ទ្រព្យ​អ្នក​ដទៃ ១ លួច​ប្រពន្ធ​កូន​អ្នក​ដទៃ ១ អំពើ​ទាំង ៣ នេះ​ឈ្មោះ​ថា​កាយ​ទុច្ចរិត​អាក្រក់​ដោយ​កាយ ពោល​ពាក្យ​កុហក ១ ពោល​ពាក្យ​ញុះញង់​បំបែក​មិត្ត​អ្នក​ដទៃ ១ ពោល​ពាក្យ​ទ្រគោះ​គំរោះ​គំរាម​ជេរ ១ ពោល​ពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍​ក្រៅ​ធម៌ ១ ពាក្យ​ទាំង៤នេះ​ឈ្មោះ​ថា វចី​ទុច្ចរិត​អាក្រក់​ដោយ​ពាក្យ​សម្ដី គិត​លោភ​បង្អោន​យក​ទ្រព្យ​អ្នក​ដទៃ ១ គិត​គុំគួន​ធ្វើ​មនុស្ស​និង​សត្វ​ឱ្យ​វិនាស ១ គិត​យល់​ឃើញ[៥]ខុស ១ គំនិត​ទាំង ៣ នេះ​ឈ្មោះ​ថា​មនោ​ទុច្ចរិត​អាក្រក់​ដោយ​ចិត្ត អំពើ​ទុច្ចរិត​ទាំង១០នេះ​ ជា​កម្ម​ប្រកប​ដោយ​កាយ៣ ដោយ​ពាក្យ​សម្ដី៤ ដោយ​ចិត្ត៣ រួម​ជា​កម្ម១០ ហៅ​ថា​អកុសល​កម្មបថ ប្រការ​ដូច្នេះ​វិញ​ក៏​បាន ។

៣០- ឱត្តប្បៈ

ឱត្តប្បៈ​ សេចក្ដី​តក់ស្លុតឬ​ខ្លាច​បាប​អំពើ​ទុច្ចរិត​ដែរ សេចក្ដី​អៀនខ្មាស​បាប ​និង​សេចក្ដី​តក់ស្លុត​ខ្លាច​បាប​​នេះ​ហើយ ដែល​ជា​ធម៌​យឹតយោង​អន្ទង​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា ឱ្យ​រំលៀក​ខ្លួន​លាកលះ​អំពើ​ទុច្ចរិត​ចេញ ទៅ​តម្កល់​ខ្លួន​ក្នុង​អំពើ​សុចរិត​វិញ​ដោយ​ប្រពៃ ឯ​អំពើ​សុច្ចរិត​នោះ​ក៏​មាន១០ប្រការ​ដូច​គ្នា​ដែរ គឺ​វៀរ​សម្លាប់​សត្វ​មាន​ជីវិត ១ វៀរ​លួច​ទ្រព្យ​អ្នក​ដទៃ ១ វៀរ​លួច​ប្រពន្ធ​កូន​អ្នក​ដទៃ ១ អំពើ​ទាំង៣នេះ​ឈ្មោះ​ថា ​កាយ​សុចរិត​ ល្អ​ដោយ​កាយ វៀរ​ពោល​ពាក្យ​កុហក ១ វៀរ​ពោល​ពាក្យ​ញុះញង់​បំបែក​មិត្ត​អ្នក​ដទៃ ១ វៀរ​ពោល​ពាក្យ​ទ្រគោះ​គំរោះ​គំរាម​ជេរ ១ វៀរ​ពោល​ពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍​ក្រៅ​ធម៌ ១ ពាក្យ​ទាំង៤នេះ ឈ្មោះ​ថា វចី​សុចរិត ​ល្អ​ដោយ​ពាក្យ​សម្ដី វៀរ​គិត​លោភ​បង្អោន​យក​ទ្រព្យ​អ្នក​ដទៃ ១ វៀរ​គិត​គុំគួន​ធ្វើ​មនុស្ស​និង​សត្វ​ឱ្យ​វិនាស ១ ជា​សម្មា​ទិដ្ឋិ [៦] យល់​ឃើញ​ត្រូវ ១ គំនិត​ទាំង៣នេះ​ឈ្មោះ​ថា មនោ​ទុច្ចរិត​ល្អ​ដោយ​ចិត្ត អំពើ​សុចរិត​ទាំង១០ ជា​កម្ម​ប្រកប​ដោយ​កាយ៣ ដោយ​ពាក្យ​សម្ដី៤ ដោយ​ចិត្ត៣ រួម​ជា១០ ឈ្មោះ​ថា​កុសល​កម្មបថ១០ប្រការ​វិញ​ក៏​បាន ។

៣១- ហិរិ​ឱត្តប្បៈ

ធម៌​គឺ​ហិរិ​និង​ឱត្តប្បៈ​នេះ ​ជា​ធម៌​មាន​ប្រយោជន៍​ច្រើន​ក្នុង​លោក មិនមែន​គ្រាន់​តែ​ធ្វើ​អ្នក​ប្រតិបត្តិ​ឱ្យ​រំកិល​ខ្លួន ចេញ​ចាក​ទុច្ចរិត​ទៅ​តម្កល់​ក្នុង​សុចរិត​ប៉ុណ្ណោះ​ទេ ដូច​សីល​ជា​ទីតាំង​របស់​កុសល​ធម៌ មាន​ឥន្ទ្រិយ៥ជាដើម ​ដូច​បាន​ពោល​រួច​មក​ហើយ ចំណែក​ឯ​ហិរិ​និង​ឱត្តប្បៈ​នេះ​ក៏​ជា​ទីតាំង​របស់​យើង​ដែរ ព្រោះ​ថា អ្នក​រក្សា​សីល លុះ​តែ​មាន​ហិរិ​និង​ឱត្តប្បៈ​នេះ​ទើប​សីល​បរិសុទ្ធ​បាន បើ​បុគ្គល​ណា​ប្រាស​ចាក​ធម៌​នេះ គឺ​គ្មាន​រអែង​គ្មាន​ញញើត​ហើយ បុគ្គល​នោះ​មុខ​ជា​ដេក​ត្រាំ​ក្នុង​ទុច្ចរិត១០នោះ​មិន​ខាន បុគ្គល​ណា​ននៀល​ក្នុង​អំពើ​ទុច្ចរិត​មិន​ក្រោក បុគ្គល​នោះ​ទោះ​សមាទាន​សីល​រាល់​សីល ក៏​មិនមែន​បាន​សីល​បរិសុទ្ធ​ឡើយ ហេតុនេះ​សាធុ​សប្បុរស​គប្បី​រំពឹង​ពិចារណា​ឱ្យ​ឃើញ​ដើម​ធម៌​នេះ​ថា ហិរិ​និង​ឱត្តប្បៈ​ជា​ទីតាំង​របស់​សីល ៗ ជា​ទីតាំង​របស់​កុសល​ធម៌​ទាំងឡាយ​ទាំងអស់ ។ ម្យ៉ាង​ទៀត សប្បុរស​ដែល​មាន​ខ្មាស​បាប​ខ្លាច​បាប​ហើយ អាច​ឱ្យ​មាន​សង្រួម សង្រួម​ហើយ​អាច​ឱ្យ​មាន​សីល​បរិសុទ្ធ មាន​សីល​បរិសុទ្ធ​ហើយ អាច​ឱ្យ​មាន​សមថ​កម្មដ្ឋាន​និង​សមថ​វិបស្សនា ធម៌​សមថៈទាំង២នេះ​ហើយ​ដែល​ជា​បង្កាន់​ដៃ ជា​កម្លាំង​ព្រះ​យោគា​វចរ​ចាប់​សសៀរ​ទៅ​កាន់​ខ្សែ​អរិយ​មគ្គ​ដែល​ជា​ធម៌​សម្រាប់​ស្រោចស្រង់​សត្វ​ដរាប​ដល់​ព្រះ​អរហត្ត​ផល ហេតុ​នេះ​សប្បុរស​ទាំងពួង​គប្បី​ប្រាថ្នា​ធម៌​ទាំង​ពីរ​នេះ​ទុក​ជា​គ្រឿង​ក្រសោប​ផ្អោប​ធម៌​ទាំងអស់ ។

៣២- សុភាសិត

ជន​ទាំងឡាយ​ឯណា​ដែល​មាន​សតិ​តាំង​នៅ​គ្រប់​ពេល​វេលា ជន​ទាំងឡាយ​នោះ​រមែង​បន្ទោបង់​នូវ​សេចក្ដី​អាក្រក់ ដោយ​សេចក្ដី​អៀន​ខ្មាស​ដល់​ចិត្ត​បាន ជន​ពួក​នោះ​ដល់​នូវ​ទី​បំផុត​នៃ​ទុក្ខ​ហើយ រមែង​ត្រាច់​ទៅ​ដោយ​របៀប​រយ​ក្នុង​លោក​ដែល​មិន​រាប​ស្មើ​បាន ។

បុគ្គល​ដែល​ប្រកប​ដោយ​សេចក្ដី​អៀន​ខ្មាស​បាប​និង​ខ្លាច​បាប តម្កល់​ដោយ​ធម៌​មាន​ពណ៌​ដ៏​ស​ ជា​អ្នក​ស្ងប់​រម្ងាប់ ដោយ​បុរស​ដ៏​ល្អ​ក្នុង​លោក អ្នក​ប្រាជ្ញ​ទាំងឡាយ​មាន​ព្រះ​ពុទ្ធ​ជាដើម​ពោល​ទុក​ថា​ជា​ទេវធម៌ ៗ ធ្វើ​មនុស្ស​ឱ្យ​ទៅ​ជា​ទេវតា ។

៣៣- សុតៈ

សុតៈ កិរិយា​ស្ដាប់ ៗ នោះ​គឺ​ស្ដាប់​ចំពោះ​ធម៌​វិន័យ ដែល​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​បរម​គ្រូ​ជា​ម្ចាស់ កិរិយា​ស្ដាប់​នេះ​ក៏​ជា​ធម៌​ថ្លៃថ្លា​ណាស់​គួរ​កាន់​យក ព្រោះ​ការ​ចេះ​ដឹង​ធម៌​អាថ៌​ក្នុង​ព្រះ​ពុទ្ធ​សាសនាឬ​ច្បាប់​សម្រាប់​ស្រុក ​គតិ​លោក ​គតិ​ធម៌​ដល់​តិចតួច​នោះ​គ្មាន​ឡើយ បុគ្គល​មិន​ដែល​បាន​រៀន​​បាន​ស្ដាប់​អ្វី​សោះ​តែង​ធ្លាក់​ចុះ​ទៅ​ជា​បុគ្គល​ល្ងង់​ឆ្គាំឆ្គង ទទឹង​ទទែង ​ចូល​ជំនុំ​មិន​ចុះ ​សាបសូន្យ​ទទេ ​ប្រហែល​គ្នា​នឹង​សត្វ​តិរច្ឆាន ធម្មតា​មនុស្ស​មាន​តែ​ចំណេះ​ដែល​រៀន ដែល​ស្ដាប់​នេះ​ឯង នឹង​ធ្វើ​ខ្លួន​ឱ្យ​វិសេស​ជាជាង​សត្វ​តិរច្ឆាន បើ​គ្មាន​ចេះ​ដឹង​សោះ បាន​អ្វី​នឹង​ឱ្យ​ប្លែក​ជាង​នោះ សេចក្ដី​ចេះ​ដឹង​ធម៌​វិន័យ​ច្បាស់​ក្នុង​ការ​ប្រតិបត្តិ​ទាំងអស់ ក៏​សម្រេច​ដោយ​កិរិយា​ស្ដាប់​នេះ​ដែរ ស្ដាប់​នេះ​មាន​ប្រយោជន៍៥យ៉ាង​គឺ ធម៌​អាថ៌​ដែល​មិន​ទាន់​ចេះ​ចាំ​នឹង​បាន​ចេះ​ចាំ​ឡើង ១ ធម៌​ដែល​ចេះ​ចាំ​ហើយ​រឹងរឹត​តែ​ថ្នឹក​ស្ទាត់​ឡើង ១ អាច​នឹង​ធ្វើ​ចិត្ត​ឱ្យ​ជ្រះ​ថ្លា​ផូរផង់​បាន ១ អាច​នឹង​បន្ទោបង់​នូវ​សេចក្ដី​សង្ស័យ​បាន ១ អាច​នឹង​ធ្វើ​បាន​នូវ​សេចក្ដី​យល់​ឃើញ​ឱ្យ​ត្រូវ​ត្រង់​ទៅ​តាម​ធម៌​វិន័យ​ក៏​ដោយសារ​ស្ដាប់​ប៉ុណ្ណេះ​ឯង ១ ។

៣៤- សុភាសិត

បុគ្គល​ឯណា បាន​ស្ដាប់​នូវ​ព្រះ​សទ្ធម្ម​របស់​ព្រះ​សាស្ដា (ដែល​រាប់​បញ្ចូល) ក្នុង​ពាក្យ​ប្រៀន​ប្រដៅ​នៃ​ព្រះ​ពិជិត​មារ​ទាំងពួង បុគ្គល​នោះ​រមែង​មិន​ទៅ​កាន់​ទុគ្គតិ​អស់​សែន​កប្ប ។

សេចក្ដី​ស្ងប់ស្ងាត់ របស់​អ្នក​ដែល​ត្រេកអរ (ក្នុង​ទី​ស្ងាត់) ជា​អ្នក​មាន​ធម៌​​បាន​ស្ដាប់​ហើយ ពិចារណា​ឃើញ (នូវ​ធម៌) នាំ​មក​នូវ​សេចក្ដី​សុខ ។

៣៥- ចាគៈ

ចាគៈ ការ​បរិច្ចាគ ៗ នោះ​គឺ​លះបង់​ឬ​ចំណាយ​ទ្រព្យ​របស់​ខ្លួន​ធ្វើ​ទាន ការ​បរិច្ចាគ​លោក​អ្នក​ប្រាជ្ញ​បូរាណ​ធ្លាប់​បរិច្ចាគ​ដូច្នេះ ទ្រព្យ​របស់​ដែល​បាន​ដែល​មាន​លោក​ចែក​ជា៤ចំណែក​ដោយ​ភាគ​ស្មើ ភាគ​ទី១ លោក​ចំណាយ​ចិញ្ចឹម​ខ្លួន​និង​ភរិយា​បុត្រ​ជា​ប្រក្រតី ភាគ​ទី២ លោក​តម្កល់​ទុក​សម្រាប់​ការពារ​ក្រែង​មាន​គ្រោះថ្នាក់​កើត​ឡើង គ្រាន់​នឹង​ចំណាយ​រំដោះ​គ្រោះ ភាគ​ទី៣ លោក​ចំណាយ​ជា​ជំនួញ​ដែល​គួរ​នឹង​គន្លង​ធម៌​គ្រាន់​នឹង​ទប់ទល់​សម្បត្តិ​របស់​ខ្លួន ភាគ​ទី៤ លោក​បរិច្ចាគ​ជា​ទាន​ក្នុង​ព្រះ​ពុទ្ធសាសនា​ទុក​ជា​បុញ្ញនិធិ​កំណប់​បុណ្យ​ព្រេង ទាន​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ពោល​តែ​ទាន​ដែល​មាន​របៀប​នោះ​មាន៤ប្រការ​គឺ ចីវរទាន ឱ្យ​សំពត់​មាន​ស្បង់​ចីពរ​ជាដើម ១ បិណ្ឌបាត​ទាន ឱ្យ​អាហារ​មាន​បាយ​​សម្ល​​ជាដើម ១ សេនាសនទាន ឱ្យ​ទី​អាស្រ័យ​មាន​កុដិ​អារាម​ជាដើម ១ គិលាន​ភេសជ្ជទាន ឱ្យ​ថ្នាំ​រម្ងាប់​រោគ​មាន​ទឹក​ឃ្មុំ​ទឹក​អំពៅ​ជាដើម ១ ទាន​ទាំងនេះ​ជា​ទាន​មាន​ផល​ច្រើន ។ ទាន​នេះ​ជា​ឧបាយ​ធ្វើ​សេចក្ដី​កំណាញ់​ដែល​ជា​គ្រឿង​មន្ទិល​ឱ្យ​អស់​ទៅ​ហើយ នឹង​ធ្វើ​ឱ្យ​ទ្រព្យ​តិចតួច​ឱ្យ​សាយ​ភាយ​ទៅ​ជា​ទ្រព្យ​ច្រើន ធ្វើ​ទ្រព្យ​ដែល​ឥត​ខ្លឹម​ឱ្យ​ត្រឡប់​ជា​មាន​ខ្លឹម​វិញ​ដោយ​ប្រពៃ​ពិត ។

៣៦- សុភាសិត

បុគ្គល​មាន​សេចក្ដី​ជ្រះ​ថ្លា​ឱ្យ​បាន​នោះ​ដោយ​សទ្ធា បាយ​នោះ​រមែង​ទំនុក​បម្រុង​បុគ្គល​នោះ​វិញ ក្នុង​លោក​នេះ​ព្រម​ទាំង​លោក​ខាង​មុខ ព្រោះ​ហេតុនោះ​បុគ្គល​គប្បី​កម្ចាត់​បង់​នូវ​សេចក្ដី​កំណាញ់​គ្រប​សង្កត់​មន្ទិល​​ចេញ ហើយ​ឱ្យ​នូវ​ទាន​ចុះ ព្រោះ​ថា​បុណ្យ​ទាំងឡាយ​ជា​ទីពឹង​នៃ​ពួក​សត្វ​ក្នុង​បរលោក ។

បពិត្រ​លោក​អ្នក​និរទុក្ខ ទាន​ជា​របស់​ល្អ​ណាស់ បើ​ទុក​ជា​មាន​តិច​តួច​ឱ្យ​ទាន​ទៅ​ជា​ការ​ប្រពៃ​ពេក មួយ​ទៀត​ការ​ឱ្យ​ទាន​ដោយ​សទ្ធា ជា​ទាន​ល្អ​ពិត​អ្នក​ប្រាជ្ញ​លោក​ពោល​ថា ឱ្យ​ទាន​និង​បូជា មាន​ផល​ស្មើ​គ្នា មនុស្ស​មាន​សន្ដាន​ល្អ​ទុក​ជា​គ្នា​តិច (អាច) ឈ្នះ​មនុស្ស​គ្នា​ច្រើន​ក៏​សឹង​មាន បើ​ប្រសិន​ជា​មាន​ទ្រព្យ​តិច​តួច ឱ្យ​តែ​មាន​សទ្ធា​មាំ​ក៏​ឱ្យ​ទាន​បាន ព្រោះ​ផល​នោះ​ឯង​ទើប​គេ​បាន​សេចក្ដី​សុខ​ក្នុង​លោក​ខាង​មុខ ។

៣៧- បញ្ញា

បញ្ញា មាន​ប្រាជ្ញា ៗ នោះ គឺ​ការ​ចេះដឹង​តាម​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​សាស្ដាចារ្យ​ហើយ​និង​ការ​ពិចារណា​កង​សង្ខារ​ឱ្យ​ដឹង​ថា​មិន​ទៀង​ជា​ទុក​មិន​មែន​ជា​របស់​ខ្លួន សង្ខារ បាន​សេចក្ដី​ថា​គ្រឿង​តាក់តែង​ គឺខន្ធធាតុ​និង​អាយតនៈ​ទាំងឡាយ ។

៣៨- ខន្ធ

ខន្ធ​នោះ​មាន៥ រូបក្ខន្ធ ១ វេទនា​ក្ខន្ធ ១ សញ្ញា​ក្ខន្ធ ១ សង្ខារ​ក្ខន្ធ ១ វិញ្ញាណ​ក្ខន្ធ ១ រូបក្ខន្ធ​នោះ​ចំណែក​ខាង​រូប​ដែល​ប្រជុំ​ដោយ​ធាតុ៤ គឺ​ធាតុ​ដី ១ ធាតុ​ទឹក ១ ធាតុ​ភ្លើង ១ ធាតុ​ខ្យល់ ១ វេទនា​ក្ខន្ធ​នោះ គឺ​ធម្មជាតិ​សោយ​ឬ​ទទួល​នូវ​អារម្មណ៍ សញ្ញា​ក្ខន្ធ​នោះ គឺ​ធម្មជាតិ​សម្គាល់​នូវ​អារម្មណ៍ សង្ខារក្ខន្ធ​នោះ គឺ​ធម្មជាតិ​តាក់តែង វិញ្ញាណ​ក្ខន្ធ​នោះ គឺ​ធម្មជាតិ​ដឹង​ច្បាស់​នូវ​អារម្មណ៍ ។

៣៩- ធាតុ

ធាតុ ធាតុ​នោះ​មាន១៨ គឺ ភ្នែក​ជា​ធាតុ ១ រូប​ជា​ធាតុ ១ និង​អារម្មណ៍​រូប​ដែល​ឃើញ​ដោយ​ភ្នែក​ជា​ធាតុ ១ ត្រចៀក​ជា​ធាតុ ១ សំឡេង​ជា​ធាតុ ១ និង​អារម្មណ៍សំឡេង​ដែល​ឮ​ដោយ​ត្រចៀក​ជា​ធាតុ ១ ច្រមុះ​ជា​ធាតុ ១ ក្លិន​ជា​ធាតុ ១ និង​អារម្មណ៍​ក្លិន​ដែល​ធុំ​ដោយ​ច្រមុះ​ជា​ធាតុ ១ អណ្ដាត​ជា​ធាតុ ១ រសជាតិ​ជា​ធាតុ ១ និង​អារម្មណ៍​រសជាតិដែល​ដឹង​ដោយ​អណ្ដាត​ជា​ធាតុ ១ កាយ​ជា​ធាតុ ១ សម្ផស្ស​ជា​ធាតុ ១ និង​អារម្មណ៍​សម្ផស្ស​ដែល​ដឹង​ដោយ​កាយ​ជា​ធាតុ ១ ចិត្ត​ជា​ធាតុ ១ ធម៌​ជា​ធាតុ ១ និង​អារម្មណ៍​ធម៌​ដែល​ដឹង​ដោយ​ចិត្ត​ជា​ធាតុ ១ ត្រូវ​ជា​ធាតុ ១៨ ប៉ុណ្ណេះ ។

៤០- អាយតនៈ

អាយតនៈ​ទាំងឡាយ​មាន១២ គឺ ភ្នែក​ជា​អាយតនៈ ១ ត្រចៀក​ជា​អាយតនៈ ១ ច្រមុះ​ជា​អាយតនៈ ១ អណ្ដាត​ជា​អាយតនៈ ១ កាយ​ជា​អាយតនៈ ១ ចិត្ត​ជា​អាយតនៈ ១ ទាំង៦នេះ ឈ្មោះ​ថា អាយតនៈ​ខាង​ក្នុង ​រូប​ជា​អាយតនៈ ១ សំឡេង​ជា​អាយតនៈ ១ ក្លិន​ជា​អាយតនៈ ១ រសជាតិ​ជា​អាយតនៈ ១ ផោដ្ឋព្វៈ​ជា​អាយតនៈ ១ ធម៌​ជា​អាយតនៈ ១ ទាំង៦នេះ ឈ្មោះ​ថា អាយតនៈ​ខាង​ក្រៅ រួម​ជា​អាយតនៈ ១២ ។

៤១- ត្រៃលក្ខណ៍

ប្រាជ្ញា​ពិចារណា​កង​សង្ខារ​នោះ មិនមែន​គ្រាន់តែ​ចេះដឹង​ប៉ុណ្ណេះ​ក៏​ស្រេច​ជា​ការ​ពិចារណា​នោះ​ទេ ប្រាជ្ញា​នោះ​សំដៅ​ត្រង់​បុគ្គល​ដែល​ស្គាល់​កង​សង្ខារ​ហើយ មាន​ព្យាយាម​រំពឹង​ពិចារណា​ដោយ​ត្រៃលក្ខណ៍​ថា សង្ខារ​ទាំងឡាយ​ទាំងពួង អនិច្ចំ មិន​ទៀងទាត់​ស្ថិតស្ថេរ មាន​សភាព​ប្រែប្រួល​ជា​ធម្មតា សង្ខារ​ទាំងឡាយ​ទាំងពួង ទុក្ខំ នាំ​មក​នូវ​សេចក្ដី​ទុក្ខ​ព្រួយ​ច្រើន​ពេក​ណាស់ សង្ខារ​ទាំងឡាយ​ទាំងពួង អនត្តា មិនមែន​ប្រព្រឹត្ត​ទៅ​តាម​អំណាច​របស់​ខ្លួន​ឡើយ ។

៤២- សុភាសិត

អត្តភាព​នេះ ខ្លួន​ឯង​ក៏​ធ្វើ​មិន​កើត បុគ្គល​ដទៃ​ក៏​ធ្វើ​មិន​កើត (អត្តភាព​នេះ) កើត​ឡើង​ព្រោះ​អាស្រ័យ​នូវ​ហេតុ បើ​ហេតុ​បែក​ធ្លាយ​ទៅ​ហើយ (អត្តភាព) ក៏​រលត់​រលាយ​ទៅ​ដែរ ។

ពូជ​ឯណា​នីមួយ ដែល​បុគ្គល​សាប​ព្រោះ​ហើយ​ក្នុង​ស្រែ​ឬ​ចម្ការ ដុះ​លូតលាស់​ឡើង ព្រោះ​អាស្រ័យ​នូវ​ហេតុ២ប្រការ​គឺ រសជាតិ​ផែនដី ១ នឹង​ទឹក ១ (បើ​គ្មាន​ដី​និង​ទឹក ពូជ​ក៏​គ្មាន​ដុះ​ឡើង​ឡើយ) មាន​ឧបមា​យ៉ាង​ណា ។

ខន្ធធាតុ​និង​អាយតនៈ​ទាំងឡាយ៦នេះ កើត​ឡើង​ព្រោះ​អាស្រ័យ​នូវ​ហេតុ បើ​ហេតុ​បែក​ធ្លាយ​ទៅ​ហើយ (ខន្ធធាតុ​និង​អាយតនៈ​ទាំងឡាយ) ក៏​រលត់​រលីង​ទៅ ឥត​មាន​សេសសល់​ឡើយ មាន​ឧបមេយ្យ​យ៉ាង​នេះ ។

ធម្មជាតិ​ឯណា​ដែល​កើត​ឡើង​ជា​ធម្មតា ធម្មជាតិ​ទាំងអស់​នោះ​ក៏​រលត់​ទៅ​វិញ​ជា​ធម្មតា​ដែរ ។

៤៣- សារូប

អរិយ​ទ្រព្យ​ទាំង៧នេះ​គឺ ១- សទ្ធា ២- សីល ៣- ហិរិ ៤- ឱត្តប្បៈ ៥- សុតៈ ៦- ចាគៈ ៧- បញ្ញា ធម៌​ទាំងនេះ​ឈ្មោះ​ថា​ទ្រព្យ​ប្រសើរ ៗ នេះ​មាន​ក្នុង​សន្ដាន​ចិត្ត​បុគ្គល​ណា បុគ្គល​នោះ​លោក​អ្នក​ប្រាជ្ញ​ពោល​ថា មិនមែន​ជា​អ្នក​ក្រ​លំបាក​ឡើយ គឺ​ថា​ជា​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ក្នុង​លោក​នេះ​ផង ក្នុង​លោក​ខាង​មុខ​ផង ទាំង​ជីវិត​របស់​បុគ្គល​ក៏​មិនមែន​ជា​ឥត​អំពើ​ឡើយ សាធុ​សប្បុរស​គប្បី​ប្រាថ្នា​ទ្រព្យ​ប្រសើរ​នេះ​ហើយ ប្រឹងប្រែង​ប្រតិបត្តិ​ឱ្យ​ពេញលេញ​ទុក​ជា​ផល​ប្រយោជន៍​របស់​ខ្លួន ។

មជ្ឈិម​វ័យ ខំ​សន្សំ​ធនធាន សង្ខេប​ប៉ុណ្ណេះ ។

៤៤- បច្ឆិម​វ័យ

កាល​បើ​មជ្ឈិម​វ័យ​កន្លង​ផុត​ចូល​ក្នុង​បច្ឆិម​វ័យ​ហើយ អស់​លោក​អ្នក​កុំ​បី​មាន​ប្រហែស​ធ្វេស​ភ្លេច​ស្មារតី គប្បី​បណ្ដេញ​បង់​នូវ​កិរិយា​មួស្រវឹង៣យ៉ាង គឺ​ថា​ខ្លួន​អញ​នៅ​ក្មេង​មិន​ទាន់​ចាស់​ជរា​ទេ ១ ថា​ខ្លួន​មាន​ទ្រព្យ​ច្រើន​មិន​ទាន់​ស្លាប់​ទេ ១ នឹង​ថា​ខ្លួន​នៅ​រឹងប៉ឹង​គ្មាន​រោគា​ព្យាធិ​មិន​ងាយ​នឹង​ស្លាប់​ទេ​នេះ ១ ឱ្យ​ខ្ចាត់ខ្ចាយ​ចេញ​ចាក​សន្ដាន​ចិត្ត ត្រូវ​ខំ​សន្សំ​ធម៌៣ប្រការ​គឺ បាសាទោ ជ្រះ​ថ្លា ១ សំវេគោ សង្វេគ ១ តេសុចរិតា​ ប្រព្រឹត្ត​សុចរិត៣ប្រការ ១ ។

៤៥- បាសាទោ

បាសាទោ សេចក្ដី​ជ្រះ​ថ្លា​ដោយ​ចិត្ត​ចំពោះ​ព្រះ​រត្នត្រ័យ ជ្រះ​ថ្លា​ក្នុង​ពុទ្ធគុណ​មាន​អរហំ​ជាដើម ជ្រះ​ថ្លា​ក្នុង​ធម្មគុណ​មាន​ស្វាក្ខាតោ​ជាដើម ជ្រះ​ថ្លា​ក្នុង​សង្ឃគុណ​មាន​សុបដិបន្នោ​ជាដើម ។ សេចក្ដី​ជ្រះ​ថ្លា​នោះ​ដោយ​រំឭក​គុណ​ទាំងអស់ ឱ្យ​ឃើញ​ជាក់ស្ដែង​ថា ព្រះ​រត្នត្រ័យ​នេះ​ជា​វត្ថុ​ផុត​ទុក្ខ​មាន​តែ​សុខ​ម្យ៉ាង យើង​ជា​អ្នក​ប្រតិបត្តិ​តាម​គប្បី​បង្អោន​ចិត្ត​ខ្លួន​ទៅ​ផ្ដិត​នឹង​គុណ​ទាំងនោះ ដើម្បី​សេចក្ដី​សុខ​ទុក្ខ​ជា​កម្រៃ​នឹង​ធ្វើ​ឱ្យ​ផុត​កង​ទុក្ខ​ទាំងពួង​ទៅ​តាម​ដោយ​ប្រពៃ​ពិត ។

៤៦- សង្វេគ

សង្វេគ មាន​សង្វេគ​អន្ធត់​ក្នុង​កង​សង្ខារ​ឱ្យ​ឃើញ​ច្បាស់​ថា សង្ខារ​ប្រកប​ដោយ​ត្រៃ​លក្ខណ៍​ដូច​បាន​ពណ៌នា​រួច​មក​ហើយ គប្បី​រំឭក​នូវ​វ័យ​ឱ្យ​ឃើញ​ប្រាកដ​ថា វ័យ​របស់​យើង​អស់២ទៅ​ហើយ​នៅ​តែមួយ​ទេ មួយនេះ​សោត​ដឹង​ជា​ស្មើ​ដោយ​ភាគ​ដើម​ឬ​មិន​ស្មើ ព្រោះ​ធ្លាប់​ឃើញ​បុគ្គល​ដទៃ​ដែល​មាន​ដំណើរ​ដើរ​ទៅ​មុខ ៗ នោះ​ខ្លះ​ទៅ​បឋម​វ័យ ខ្លះ​ទៅ​ក្នុង​មជ្ឈិម​វ័យ ខ្លះ​ចូល​ក្នុង​បច្ឆិម​វ័យ​ដែរ ប៉ុន្តែ​គ្រាន់​តែ​ចូល​មិន​គ្រប់​ភាគ​ដើម​ក៏​មាន​ច្រើន​ណាស់ បុគ្គល​ដែល​ដល់​កំណត់​អាយុ​ក្ខ័យ​ឬ​លើស​បន្តិច​បន្តួច​នោះ​មាន​ណាស់ បុគ្គល​ដទៃ​ក៏​ដូច​ខ្លួន​យើង ៗ ក៏​ដូច​បុគ្គល​ដទៃ​ដែរ មិន​កន្លង​ឡើយ ឥឡូវ​នេះ​ខ្លួន​យើង​នៅ​ក្នុង​វ័យ​ខាង​ចុង​បំផុត​ហើយ បើ​ធៀប​នឹង​ដំណើរ​ព្រះ​អាទិត្យ​ថា រសៀល​ទាប​ប៉ប្រះ​ព្រៃ​ទៀប​នឹង​អស្ដង្គត​លិច​ហើយ ពុំ​នោះ​សោត​ខ្លួន​យើង​ជា​អ្នក​អង្គុយ​ច្រហោង​ក្បែរ​ប្រធាន​មាត់​នៃ​មច្ចុរាជ ឬ​ដូច​សត្វ​កង្កែប​ច្រហោង​នៅ​ទៀប​មាត់​ច្រាំង ងាយ​ណាស់​នឹង​លោត​ចុះ​ទៅ​ក្នុង​ទឹក នឹង​ប្រហែស​ធ្វេស​មិន​បាន​ឡើយ ។

៤៧- តេ សុចរិតា

តេ សុចរិតា សេចក្ដី​ប្រព្រឹត្ត​សុចរិត៣ប្រការ​នោះ​គឺ កាយសុចរិត​មាន​ប្រភេទ៣ វចីសុចរិត​មាន​ប្រភេទ៤ មនោសុចរិត​មាន​ប្រភេទ៣ ដែល​ថា សុចរិត៣ប្រការ​ដូច្នេះ តែ​បើ​រួប​រួម​ទៅ​ជា​សុចរិត១០ប្រការឬ​កុសល​កម្ម​បថ១០នោះ​ដដែល កុសល​​កម្ម​បថ​មិន​បាច់​ដំណាល​ទៀត​ទេ ព្រោះ​បាន​សម្ដែង​ក្នុង​ទ្រព្យ​ប្រសើរ​ឯ​នោះ​រួច​ហើយ ខ្លួន​យើង​ចាស់​ហើយ​ប្រុង​ប្រយត្ន​កុំ​ឱ្យ​មាន​អំពើ​ទុច្ចរិត​ឱ្យ​សោះ ខ្វល់​ខ្វាយ​តែ​ក្នុង​អំពើ​សុចរិត​ឱ្យ​បាន​ល្អ​គ្រប់​ផ្លូវ​កុំ​បី​ធ្វេស​ប្រហែស​ឡើយ ។

៤៨- សង្វេគកថា

សរីរកាយ​របស់​យើង​នេះ​ប្រជុំ​ព្រម​ដោយ​អាការៈ៣២ប្រការ ពេញ​ពាស​ដោយ​សាក​អសុភ មិន​មែន​ជា​ទេវតា​និម្មិត មិន​មែន​ជា​ព្រហ្ម​និម្មិត ​មិន​មែន​ហើយ​ដោយ​មាស មិន​មែន​ហើយ​ដោយ​កែវ មិន​មែន​ហើយ​ដោយ​ខ្លឹម​ចន្ទន៍​ក្រហម មិន​មែន​កើត​ក្នុង​ផ្ទៃ​នៃ​ផ្កា​ឈូក​ស​ឈូក​ក្រហម​និង​ផ្កា​ព្រលឹត​ទាំង​ឡាយ ពោរ​ពេញ​ទៅ​ដោយ​មូត្រ​លាមក​ស្មោក​គ្រោក អាក្រក់​មិន​មែន​ជា​ទឹក​អម្រឹត ម្យ៉ាង​ទៀត​កំណើត​ដែល​កើត​អាស្រ័យ​មាតា​បិតា​ជា​កំណើត​កើត​ក្នុង​អសុភ មាន​កិរិយា​ប្រែ​ប្រួល​លុប​លាង​គក់​ច្របាច់​បែក​ធ្លាយ​នឹង​ខ្ចាត់​ខ្ចាយ​ជា​ធម្មតា ចម្រើន​ជ័យ​ជម្នះ​កើត​ឡើង​ពី​តណ្ហា មាន​សេចក្ដី​សោក​ខ្សឹក​ខ្សួល​ជា​វត្ថុ ជា​លំ​នៅ​នៃ​រោគ​ទាំង​ពួង ជា​ទី​នៅ​របស់​ត្រកូល​នៃ​សត្វ​ដង្កូវ​ទាំង​ឡាយ កាន់​យក​នូវ​កម្មករណ៍​ជា​ប្រក្រតី ខាង​ក្នុង​ស្អុយ​តែង​ហូរ​ចេញ​មក​ខាង​ក្រៅ​ជានិច្ច សរីរកាយ​នេះ​មាន​ប្រក្រតី​បម្រះ​ននៀល ក្នុង​គន្លង​ចក្ខុ​នៃ​សត្វ​លោក ប្រព្រឹត្ត​ទៅ​កាន់​ទី​ប៉ាឆា​គឺ​សេចក្ដី​ស្លាប់​ជា​ទី​បំផុត សរីរកាយ​នេះ​ប្រកប​ដោយ​ឆ្អឹង​សរសៃ បូក​ប៉ាន់​ទៅ​ដោយ​សាច់​ហើយ​និង​ស្បែក​គ្រប​ដណ្ដប់ ខាង​ក្នុង​ពេញ​ទៅ​ដោយ​ពោះ​វៀន​តូច​ ពោះ​វៀន​ធំ ថ្លើម ​សួត ​បេះដូង​ ​ក្រពះ ​ប្លោក​នោម ​ទឹក​សម្បោរ​ ទឹក​ញើស​ ទឹក​ប្រមាត់ ​ខ្លាញ់​រាវ​ជា​ដើម សរីរកាយ​នេះ​មាន​ក្លិន​អសោច​ស្អុយ​ឆ្អេះ​ឆ្អាប​អាក្រក់ វត្ថុ​ទាំង​នេះ​ប្រសិន​បើ​បារ​កកាយ​ចេញ​មក​ខាង​ក្រៅ​ដាក់​ដោយ​ដុំៗ ក្រែង​តែ​កាន់​ដំបង​ព្រនង់​ដេញ​បរ​ឆ្កែ​ក្អែក​និង​ត្មាត​ទើប​បាន បើ​ដល់​អស់​អាយុ​ទៅ​ដល់​ដេក​ស្ដូក​ស្ដឹង​លើ​ផែន​ដី ​តែ​ហួស​ខួច​ទៅ​ហើយ ហើម​ប៉ោង​ឡើង​មាន​ពណ៌​ខៀវ​អសុភ​អសោចតែង​ហូរ​ចេញ​តាម​ទ្វារ​ទាំង៩ ញាតិ​សាច់​សាលោហិត​រមែង​យក​ទៅ​បោះ​បង់​ចោល​ក្នុង​ព្រៃ​ស្ម​សាន ឥត​មាន​អាឡោះ​អាល័យ​ឡើយ មនុស្ស​ពាល​ដែល​ត្រេក​ត្រអាល​ចំពោះ​សរីរកាយ​នេះ ដល់​កៀក​ឱប​ថើប​ប្រឡែង​ក៏​ព្រោះ​តណ្ហា គឺ​សេចក្ដី​ចំណង់​ដែល​កើត​អំពី​អាយតនៈ១២នោះ​ឯង សរីរកាយ​នេះ​លុះ​​តែ​ព្រះ​ពុទ្ធ​ឬ​សាវក​របស់​ព្រះ​ពុទ្ធ​ទើប​បាន​ដឹង​ច្បាស់​ថា ជា​គ្រឿង​ស្មោក​គ្រោក​ស្អុយ​អាក្រក់​ឥត​ប្រយោជន៍ ​មិន​គប្បី​ត្រេក​ត្រអាល គប្បី​តែ​ខ្ពើម​រអើម​ធុញ​ទ្រាន់​សង្វេគ​នឿយ​ណាយ​ក្នុង​សរីរកាយ​នេះ​ជានិច្ច​កាល​ទៅ ។

៤៩- សុភាសិតសុទ្ធ

កាល​បើ​លោក​សន្និវាស គឺ​ភើ្លង​មាន​រាគៈ​ជា​ដើម ឆេះ​រុង​រឿង​អស់​កាល​ជានិច្ច​ហើយ តើ​នឹង​សើច​ដូច​ម្ដេច​បាន នឹង​ត្រេក​អរ​ដូច​ម្ដេច​បាន (អ្នក) នាង​ទាំង​ឡាយ​គឺ​ងងឹត​គ្រប​សង្កត់​ហើយ ម្ដេច​ឡើយ​ក៏​មិន​ស្វែង​រក​ប្រទីប​ជា​គ្រឿង​បំភ្លឺ ។

សេចក្ដី​យឺត​យូរ (ក្ដី) សេចក្ដី​មាំ​មួន (ក្ដី) តែង​មិន​មាន​ដល់​អត្ថភាព​ណា អ្នក (នាង) ចូរ​មើល​ចុះ អត្ថភាព​នោះ​មាន​វិចិត្រ​គឺ​កម្ម​ធ្វើ​ហើយ ជា​កាយ​ពាស​ពេញ​ទៅ​ដោយ​ដំបៅ​ដែល​ឆ្អឹង​បីរយ​កំណាត់​សង់​ចូល​គ្នា​ឡើង​ហើយ​ជា​កាយ​ក្ដៅ​ក្រហាយ​គឺ​ឈឺ​ជានិច្ច ដែល​ជន​ច្រើន​គ្នា​ប្រាថ្នា​ហើយ ។

រូប​នេះ​គ្រាំ​គ្រា​អស់​ហើយ ជា​ទី​សម្នាក់​នៃ​រោគ (ទាំងពួង) ជា​របស់​ពុក​ផុយ​រលួយ រាង​កាយ​នៃ​ខ្លួន​ជា​របស់​ស្អុយ តែង​បែក​ធ្លាយ​ទៅ (ជា​ធម្មតា) ព្រោះ​ថា​ជីវិត​របស់​សត្វ មាន​សេចក្ដី​ស្លាប់​ជា​ទី​បំផុត ។

ឆ្អឹង​ទាំងឡាយ​ឯ​ណា មាន​សម្បុរ​ដូច​សម្បុរ​នៃ​សត្វ​ព្រាប ដូច​ផ្លែ​ឃ្លោក​ដែល​គេ​ចោល​ហើយ​ក្នុង​រដូវ​សរទ​កាល សេចក្ដី​ត្រេក​អរ​ដូច​ម្ដេច​បាន ព្រោះ​តែ​ឃើញ​នូវ​ឆ្អឹង​ទាំងឡាយ​នោះ ។

សេចក្ដី​គ្រាំ​គ្រា​ក្ដី សេចក្ដី​ស្លាប់​ក្ដី សេចក្ដី​ប្រកាន់​ខ្លួន​ក្ដី សេចក្ដី​លុប​គុណ​ក្ដី ប្រជុំ​ចុះ​ហើយ​ក្នុង​សរីរកាយ សរីរ​នោះ​គឺ​កុសលា​កុសលកម្ម​ធ្វើ​ហើយ​ឱ្យ​ទៅ​ជា​នគរ​របស់​ឆ្អឹង​ទាំងឡាយ ដ៏​បូក​បាត់​ហើយ​ដោយ​សាច់​និង​ឈាម ។

រាជរថ​ទាំងឡាយ ដែល​ជាង​ធ្វើ​វិចិត្រ​ហើយ​ដោយ​ល្អ​ស្អាត គង់​តែ​ចាស់​គ្រាំ​គ្រា​ទៅ​បាន​ពិត មិន​ត្រឹម​តែ​រាជរថ​ប៉ុណ្ណោះ សូម្បី​សរីរៈ​​ក៏​គង់​ចូល​ទៅ​ជិត​ដល់​នូវ​សេចក្ដី​គ្រាំ​គ្រា​ដូច​គ្នា មាន​តែ​ធម៌​របស់​សប្បុរស​ទាំងឡាយ ទើប​មិន​ចូល​ទៅ​ជិត​ដល់​នូវ​សេចក្ដី​គ្រាំ​គ្រា​បាន ឯ​លោក​សប្បុរស​ទាំងឡាយ តែង​ពោល​នៅ​ពាក្យ​ដោយ​សប្បុរស​ទាំងឡាយ​តែ​ប៉ុណ្ណោះ ។

ជន​ពាល​ទាំងឡាយ មិន​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយធម៌ មិន​បាន​ទ្រព្យ​ធន​ក្នុង​កាល​នៃ​ខ្លួន​នៅ​ក្មេង តែង​ជ្រប់​នៅ​ដូច​សត្វ​ក្រៀល​ចាស់​ទាំងឡាយ​កាល​ជ្រប់​នៅ​លើ​ភក់​ដែល​មាន​ត្រី​អស់​ហើយ ។

ជន​ពាល​ទាំងឡាយ មិន​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយធម៌ មិន​បាន​ទ្រព្យ​ធន​ក្នុង​កាល​នៃ​ខ្លួន​នៅ​ក្មេង កាល​សោក​ស្ដាយ​អំពើ​ដែល​ខ្លួន​ធ្វើ​អំពី​មុន​ទាំងឡាយ រមែង​ដេក​នៅ​ដូច​កូន​សរ​ទាំងឡាយ ដែល​អស់​ស្រឡះ​ហើយ​ចាក​បន្លោះ ។

ឥឡូវ​នេះ​ខ្លួន​អ្នក​ដូច​ស្លឹក​ឈើ​ទុំ​ហើយ មួយ​ទៀត ឯ​បុរស​របស់​យមរាជ​ទាំងឡាយ មាន​ប្រាកដ​ដល់​អ្នក​ហើយ ខ្លួន​អ្នក​តាំង​នៅ​ហើយ ក្នុង​ប្រធាន​នៃ​សេចក្ដី​ស្លាប់​សាប​សូន្យ សូម្បី​ស្បៀង​អាហារ​គឺ​កុសល​សោត​ក៏​មិន​មាន​ដល់​អ្នក​ឡើយ ។

អ្នក​ឯង​ចូរ​ធ្វើ​ទីពឹង​របស់​ខ្លួន ចូរ​ធ្វើ​ព្យាយាម​ឱ្យ​ឆាប់ ចូរ​ធ្វើ​ជា​អ្នក​ប្រាជ្ញ​ទៅ បើ​អ្នក​ធ្វើ​យ៉ាង​នេះ​ហើយ អ្នក​នឹង​កម្ចាត់​បង់​មន្ទិល​បាន មិន​មាន​ទី​ទួល​ពោល​គឺ​កិលេស​ហើយ គង់​នឹង​ដល់​នូវ​ទី​ជា​អរិយបុគ្គល​ដ៏​ជា​ទិព្វ​មិន​ខាន​ឡើយ ។

បុគ្គល​ពិចារណា​ឃើញ​ច្បាស់​ដោយ​បញ្ញា​ថា សង្ខារ​ទាំងឡាយ​ទាំង​ពួង​មិន​ទៀង​ដូច្នេះ​ក្នុង​កាល​ណា​ហើយ គង់​នឿយ​ណាយ​ចំពោះ​សេចក្ដី​ទុក្ខ ក្នុង​កាល​ណោះ​មិន​ខាន នេះ​ជា​ផ្លូវ​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ហ្មត់​ចត់ ។

បុគ្គល​ពិចារណា​ឃើញ​ច្បាស់​ដោយ​បញ្ញា​ថា សង្ខារ​ទាំងឡាយ​ទាំង​ពួង​នាំ​មក​នូវ​សេចក្ដី​ទុក្ខ​ក្នុង​កាល​ណា​ហើយ គង់​នឿយ​ណាយ​ចំពោះ​សេចក្ដី​ទុក្ខ ក្នុង​កាល​ណោះ​មិន​ខាន នេះ​ជា​ផ្លូវ​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ហ្មត់​ចត់ ។

បុគ្គល​ពិចារណា​ឃើញ​ច្បាស់​ដោយ​បញ្ញា​ថា សង្ខារ​ទាំងឡាយ​ទាំង​ពួង​មិន​មែន​ជា​របស់​ខ្លួន​ដូច្នេះ​ក្នុង​កាល​ណា​ហើយ គង់​នឿយ​ណាយ​ចំពោះ​សេចក្ដី​ទុក្ខ ក្នុង​កាល​ណោះ​មិន​ខាន នេះ​ជា​ផ្លូវ​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ហ្មត់​ចត់ ។

ធម៌​ដែល​ឈ្មោះ​ថា ​អនិច្ចតា​ធម៌ គឺ​សភាព​ប្រែ​ប្រួល​មិន​ទៀង​ទាត់ ​អនិច្ចតា​ធម៌​នេះ​មិន​មែន​ជា​ធម៌​សម្រាប់​អ្នក​ស្រុក​តែ​មួយៗទេ មិន​មែន​ជា​ធម៌​សម្រាប់​អ្នក​និគម​មួយៗទេ​ ឬ​នឹង​ថា​ជា​ធម៌​សម្រាប់​ត្រកូល​តែ​មួយៗ ក៏​មិន​មែន​ទេ អនិច្ចតាធម៌​នេះ​ជា​ធម៌​សម្រាប់​មនុស្ស​ព្រម​ទាំង​ទេវតា ​មារ​ ព្រហ្ម​ទាំង​អស់​គ្រប់​រូប ។

ធម៌​ដែល​ឈ្មោះ​ថា​ទុក្ខតាធម៌ គឺ​សភាព​ជា​ទុក្ខ ទុក្ខតាធម៌​នេះ មិន​មែន​ជា​ធម៌​សម្រាប់​អ្នក​ស្រុក​តែ​មួយៗទេ មិន​មែន​ជា​ធម៌​សម្រាប់​អ្នក​និគម​តែ​មួយៗទេ ឬ​នឹង​ធម៌​សម្រាប់​ត្រកូល​តែ​មួយៗ ក៏​មិន​មែន​ទេ ទុក្ខតាធម៌​នេះ​ជា​ធម៌​សម្រាប់​មនុស្ស​ព្រម​ទាំង​ទេវតា ​មារ​ ព្រហ្ម​ទាំង​អស់​គ្រប់​រូប ។

ធម៌​ដែល​ឈ្មោះ​អនត្តា​ធម៌ គឺ​សភាព​មិន​មែន​ជា​របស់​ខ្លួន អនត្តាធម៌​នេះ មិន​មែន​ជា​ធម៌​សម្រាប់​អ្នក​ស្រុក​តែ​មួយៗទេ មិនមែន​ជា​ធម៌​សម្រាប់​អ្នក​និគម​តែ​មួយៗទេ ឬ​នឹង​ថា​ជា​ធម៌​សម្រាប់​ត្រកូល​តែ​មួយៗ ក៏​មិន​មែន​ទេ អនត្តាធម៌​នេះ​ជា​ធម៌​សម្រាប់​មនុស្ស​ព្រម​ទាំង​ទេវតា​មារព្រហ្ម​ទាំងអស់​គ្រប់​រូប ។

គង្វាល​គោ​កៀង​គោ​ទាំងឡាយ​ដោយ​អាជ្ញា គឺ​ដំបង​និង​រំពាត់​យ៉ាង​ណា​មិញ ជរា​គឺ​សេចក្ដី​គ្រាំ​គ្រា និង​មច្ចុរាជ​គឺ​សេចក្ដី​ស្លាប់ ក៏​កៀង​ទៅ​នូវ​អាយុ​របស់​សត្វ​ទាំងឡាយ​យ៉ាង​នោះ​ឯង ។

អាយុ​និង​ភ្លើង​ធាតុ​និង​វិញ្ញាណ លះ​បង់​នូវ​រាង​កាយ​នេះ​កាល​ណា​ហើយ រាង​កាយ​នេះ​ជា​សភាព​គួរ​អ្នក​ផង​បោះ​បង់​ចោល តែង​តែ​ដេក​ស្ដូក​ស្ដឹង​លើ​ផែន​ដី​ក្នុង​កាល​ណោះ​ឯង​ដូច​ជា​អង្កត់​ឧស​ឬ​កំណាត់​ឈើ ដែល​គេ​បោះ​បង់​ចោល ។

សេចក្ដី​សោក​កើត​មាន​ព្រោះ​សេចក្ដី​ស្រឡាញ់ សេចក្ដី​ភិត​ភ័យ​កើត​មាន​ព្រោះ​សេចក្ដី​ស្រឡាញ់ កាល​បើ​បុគ្គល​រួច​ស្រឡះ​ចាក​សេចក្ដី​ស្រឡាញ់​ហើយ សេចក្ដី​សោក​ក៏​មិន​មាន សេចក្ដី​ភិត​ភ័យ​នឹង​មាន​មក​ពី​ណា ។

អាយុ​របស់​សត្វ​ទាំង​ឡាយ រស់​នៅ​តិច​តួច​ពេក​ណាស់ គឺ​ជរា​តែង​នាំ​ចូល​ទៅ​រក​សេចក្ដី​ស្លាប់ កាល​សត្វ​ឯ​ណា​ដែល​ត្រូវ​ជរា​នាំ​ទៅ​ហើយ ​នឹង​រក​អ្វី​ជា​ទី​ឃាត់​ខាំង​រាំង​រានិង​ជា​ទី​ពឹង​ពួន​កោន​ជ្រក​មិន​មាន​ឡើយ ។ កាល​បើ​សាធុជន​បាន​សម្លឹង​ឃើញ​ភ័យ​ក្នុង​សេចក្ដី​ស្លាប់​នេះ​ហើយ គួរ​តែ​សម្លឹង​រំពឹង​យក​សេចក្ដី​ស្ងប់​រម្ងាប់ គឺ​ព្រះ​និព្វាន​ហើយ​លះ​បង់​នូវ​អាមិស​គ្រឿង​បញ្ឆោត​ចិត្ត ក្នុង​លោក​ចោល​ចេញ​ឱ្យ​បាន​កុំ​ខាន​ឡើយ ។

កាល​ទាំងឡាយ​តែង​កន្លង​ផុត​ទៅ រាត្រី​ទាំង​ឡាយ​តែង​ឆ្លង​ហួស​ទៅ ជំនាន់​វ័យ​ទាំងឡាយ​តែង​លះ​បង់​ជា​លំដាប់​ទៅ កាល​បើ​សាធុជន​បាន​សម្លឹង​ឃើញ​ភ័យ ក្នុង​សេចក្ដី​ស្លាប់​នេះ​ហើយ គួរ​តែ​សម្លឹង​​រំពឹង​យក​សេចក្ដី​ស្ងប់​រម្ងាប់ គឺ​ព្រះ​និព្វាន​ហើយ​លះ​បង់​នូវ​អមិស​គ្រឿង​បញ្ឆោត​ចិត្ត​ក្នុង​លោក​ចោល​ចេញ​ឱ្យ​បាន​កុំ​ខាន​ឡើយ ។

៥០- សតិបដ្ឋាន ៤

១- ពិចារណា​ឃើញ​រឿយៗនូវ​កាយ​ក្នុង​កាយ​ហើយ ប្រុង​តាំង​ស្មារតី ។

២- ពិចារណា​ឃើញ​រឿយៗនូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ហើយ​ប្រុង​តាំង​ស្មារតី ។

៣- ពិចារណា​ឃើញ​រឿយៗនូវ​ចិត្ត​ក្នុង​ចិត្ត​ហើយ ប្រុង​តាំង​ស្មារតី ។

៤- ពិចារណា​ឃើញ​រឿយៗនូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ហើយ​ប្រុង​តាំង​ស្មារតី ។

៥១- កាយេ កាយានុបស្សនាសតិបដ្ឋានំ

ពិចារណា​ឃើញ​រឿយៗនូវ​កាយ​ក្នុង​កាយ​ថា (មិន​ទៀង មាន​ទុក្ខ [៧]មិន​ជា​របស់​ខ្លួន ​ហើយ​ផ្ចង់​ស្មារតី​ចំពោះ​ថា កាយ​នេះ​គ្រាន់​តែ​ជា​កាយ មិន​មែន​សត្វ ​មិន​មែន​បុគ្គល មិន​មែន​ស្ត្រី​និង​បុរស​ជា​ដើម) ល្មម​តែ​កំណត់​ដើម្បី​ឱ្យ​ចម្រើន​ប្រាជ្ញា ដើម្បី​ឱ្យ​ចម្រើន​ស្មារតី​តែ​ប៉ុណ្ណោះ​ផង មាន​ចិត្ត​មិន​បាន​អាស្រ័យ​នៅ​ដោយ​តណ្ហា​និង​ទិដ្ឋិ [៨]ប្រព្រឹត្ត​នៅ​ផង មិន​ប្រកៀក​ប្រកាន់​អ្វី​តិច​តួច​ក្នុង​លោក​ផង ។ (ឃើញ​ដូច្នេះ​ហើយ) ប្រព្រឹត្ត​នៅ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​នូវ​កិលេស ប្រកប​ដោយ​ប្រាជ្ញា​ដឹង​សព្វ មាន​ស្មារតី​ជា​គ្រឿង​កំណត់​បណ្ដេញ​បង់​នូវ​អភិជ្ឈា[៩]និង​ទោមនស្ស​ក្នុង​លោក ។

៥២- វេទនាសុ វេទនានុបស្សនាសតិបដ្ឋានំ

ពិចារណា​ឃើញ​រឿយៗនូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ថា (មិន​ទៀង​មាន​ទុក្ខ​មិន​មែន​ជា​របស់​ខ្លួន​ហើយ) ផ្ចង់​ស្មារតី​ចំពោះ​ថា (វេទនា​នេះ​គ្រាន់​តែ​ជា​វេទនា មិន​មែន​សត្វ​មិន​មែន​បុគ្គល មិន​មែន​ស្រ្តី​និង​បុរស​ជា​ដើម) ល្មម​តែ​កំណត់​ដើម្បី​ឱ្យ​ចម្រើន​ប្រាជ្ញា ដើម្បី​ឱ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​ផង មាន​ចិត្ត​មិន​បាន​អាស្រ័យ​នៅ​ដោយ​តណ្ហា​និង​ទិដ្ឋិ​ប្រព្រឹត្ត​នៅ​ផង មិន​ប្រកៀក​ប្រកាន់​អ្វី​តិច​តួច​ក្នុង​លោក​ផង ។ (ឃើញ​ដូច្នេះ​ហើយ) ប្រព្រឹត្ត​នៅ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​នូវ​កិលេស ប្រកប​ដោយ​ប្រាជ្ញា​ដឹង​សព្វ ​មាន​ស្មារតី​ជា​គ្រឿង​កំណត់​បណ្ដេញ​បង់នូវ​អភិជ្ឈា​និង​ទោមនស្ស​ក្នុង​លោក ។

៥៣- ចិត្តេ ចិត្តានុបស្សនាសតិបដ្ឋានំ

ពិចារណា​ឃើញ​រឿយៗនូវ​ចិត្ត​ក្នុង​ចិត្ត​ថា (មិន​ទៀង មាន​ទុក្ខ​មិន​មែន​ជា​របស់​ខ្លួន​ហើយ) ផ្ចង់​ស្មារតី​ចំពោះ​ថា (ចិត្ត​នោះ​គ្រាន់​តែ​ជា​ចិត្ត មិន​មែន​សត្វ​មិន​មែន​បុគ្គល​មិន​មែន​ស្ត្រី​និង​បុរស​ជា​ដើម) ល្មម​តែ​កំណត់​ដើម្បី​ឱ្យ​ចម្រើន​ប្រាជ្ញា ដើម្បី​ឱ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​ផង មាន​ចិត្ត​មិន​បាន​អាស្រ័យ​នៅ​ដោយ​តណ្ហា​និង​ទិដ្ឋិ​ប្រព្រឹត្ត​នៅ​ផង មិន​ប្រកៀក​ប្រកាន់​អ្វី​តិច​តួច​ក្នុង​លោក​ផង ។ (ឃើញ​ដូច្នេះ​ហើយ) មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​នូវ​កិលេស ប្រកប​ដោយ​ប្រាជ្ញា​ដឹង​សព្វ មាន​ស្មារតី​ជា​គ្រឿង​កំណត់​បណ្ដេញ​បង់​នូវ​អភិជ្ឈា​និង​ទោមនស្ស​ក្នុង​លោក ។

៥៤- ធម្មេសុ ធម្មានុបស្សនាសតិបដ្ឋានំ

ពិចារណា​ឃើញ​រឿយៗនូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ថា (មិន​ទៀង​មាន​ទុក្ខ​មិន​មែន​ជា​របស់​ខ្លួន​ហើយ) ផ្ចង់​ស្មារតី​ចំពោះ​ថា ធម៌​នេះ​គ្រាន់​តែ​ជា​ធម៌ មិន​មែន​សត្វ​មិន​មែន​បុគ្គល មិន​មែន​ស្រ្តី​និង​បុរស​ជា​ដើម) ល្មម​តែ​កំណត់​ដើម្បី​ឱ្យ​ចម្រើន​ប្រាជ្ញា ដើម្បី​ឱ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​ផង មិន​បាន​អាស្រ័យ​នៅ​ដោយ​តណ្ហា​និង​ទិដ្ឋិ​ប្រព្រឹត្ត​នៅ​ផង មិន​ប្រកៀក​ប្រកាន់​អ្វី​តិច​តួច​ក្នុង​លោក​ផង ។ (ឃើញ​ដូច្នេះ​ហើយ) ប្រព្រឹត្ត​នៅ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​នូវ​កិលេស ប្រកប​ដោយ​ប្រាជ្ញា​ដឹង​សព្វ មាន​ស្មារតី​ជា​គ្រឿង​កំណត់​បណ្ដេញ​បង់នូវ​អភិជ្ឈា​និង​ទោមនស្ស​ក្នុង​លោក ។

៥៥- សតិបដ្ឋានវិធី

ផ្លូវ​សតិបដ្ឋាន​ទាំងឡាយ៤នេះ ជា​ផ្លូវ​មូល​តែ​មួយ​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្អាត​វិសេស​ដល់​សត្វ​ទាំងឡាយ ដើម្បី​កន្លង​បង់​នូវ​សោក​និង​ខ្សឹក​ខ្សួល​រំជួល​ចិត្ត​ទាំងឡាយ ដើម្បី​ដល់​នូវ​អរិយមគ្គ ជា​ធម៌​សម្រាប់​ស្រោច​ស្រង់​សត្វ ដើម្បី​ឱ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន (ជា​ស្ថាន​ក្សេម​ផុត​លោក) ។

៥៦- សារូបកថា និដ្ឋិតា

ធម៌​អាថ៌​ដែល​ខ្ញុំ​រៀប​រាប់​ឱ្យ​សមរម្យ​នឹង​វ័យ៣ប្រការ​នេះ មិន​មែន​មាន​តែ​ប៉ុណ្ណេះ​ទេ នៅ​មាន​ច្រើន​ជា​អនេក​ទៅ​ទៀត មិន​ឈ្នះ​នឹង​យក​មក​ថ្លែង​ឱ្យ​អស់​ឡើយ​ព្រោះ​គ្មាន​ពេល សម្ដែង​មក​ប៉ុណ្ណេះ​គ្រាន់​តែ​ជា​ប្រដាប់​ប្រាជ្ញា​របស់​លោក​អ្នក​សិក្សា ពណ៌នា​មក​នេះ​មិន​បាន​ជា​ចប់​សព្វ​គ្រប់​ទេ​តែ​សន្មត​ថា​ចប់​ដោយ​សង្ខេប​តែ​ប៉ុណ្ណេះ​ហោង ។

 

ខ្ញុំ​ចូល​មក​ធ្វើ​ការ​ជំនួយ​ពិនិត្យ​បាលី​ព្រះ​ត្រៃបិដកក្នុង​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា​ក្រុង​ភ្នំពេញ​តាំង​ពី​ថ្ងៃ១ ខែយូវ៉ាំង(មិថុនា) ​ឆ្នាំ១៩៣០ ដោយ​អំណាច​សម្ដេច​ចក្រី​លោក​បង្គាប់​ឱ្យ​ចូល​ធ្វើ​ក្នុង​ពេល​ដែល​ត្រឡប់​មក​អំពី​ដើរ​ត្រួត​ត្រា​ការ​សិក្សា​ដល់​ថ្ងៃ៤ អ៊ូត(សីហា) ​ឆ្នាំ១៩៣០ នោះ​ព្រះតេជ​ព្រះ​គុណ​លោក​គ្រូ​ព្រះ​សិរីសម្មតិវង្ស​អធិបតី​ក្រុម​ជំនុំ ប្ដឹង​ទៅ​រាជការ​សូម​ឱ្យ​ធ្វើ​ជំនួយ​ការ​ដដែល ដោយ​បៀវត្ស​អាំង​ស្បិកទ័រ ដល់​ថ្ងៃ១ អ៊ូត ​ឆ្នាំ១៩៣៣ រាជការ​ជា​ធំ​ថា​ក្រប្រាក់ បញ្ឈប់​បៀវត្ស​អាំង​ស្បិកទ័រ​ខ្ញុំ​ធ្វើ​ការ​នេះ៦ខែ​ឥត​មាន​បៀវត្ស លុះ​ដល់​ថ្ងៃ១ យ៉ាំង​វិយេ(មករា) ​ឆ្នាំ១៩៣៤ នោះ​លោក​អគ្គលេខាធិការ​នៃ​ពុទ្ធ​សាសនបណ្ឌិត្យ​លោក​ប្ដឹង​ទៅ​រាជការ​ជា​ធំ​សូម​ឱ្យ​មាន​អារេតេ​តាំង​ខ្ញុំ​ស៊ប់​ជា​ក្រុមជំនុំ​ព្រះត្រៃបិដក​ក្នុង​ក្រុម​ពុទ្ធ​សាសនបណ្ឌិត្យ​រហូត​មក ។ ដែល​ខ្ញុំ​ដំណាល​មក​ប៉ុណ្ណេះ​ដោយ​សេចក្ដី​ប៉ុន​ប៉ង​នឹង​ប្រកាស​​ឧប្បត្តិហេតុ ដែល​ចាប់​ផ្ដើម​កសាង​ព្រះត្រៃបិដក​បាលី​និង​សេចក្ដី​ប្រែ ទុក​ខាង​ចុង​នៃ​ធម៌អាថ៌​នេះ កំណត់​ដែល​តាំង​សាង​មក​ដល់​ចប់​ព្រះ​វិន័យ​បិដក ដូច​មាន​ក្នុង​តារាង​ខាង​លើ​នេះ​ហើយ​និង​សេចក្ដី​យ៉ ក្នុង​សិក្ខា​បទក្ខន្ធកៈ និង​បរិវារ ក្នុង​ផ្ទៃ​ព្រះវិន័យបិដក​ទាំង​ស្រុង ដូច​មាន​ខាង​ក្រោម​នេះ ។

ព្រះវិន័យបិដក

១- មហាវភង្គ បឋមភាគ វេរញ្ជកណ្ឌ សេចក្ដី​ដំណាល​រឿង​វេរញ្ជ​ព្រាហ្មណ៍ និង​បារាជិកកណ្ឌ កណ្ឌ​សម្ដែង​អំពី​បារាជិ៤ ។

២- មហាវិភង្គ ទុតិយភាគ តេរសកណ្ឌ កណ្ឌ​សម្ដែង​អំពី​សង្ឃា​ទិសេស១៣ និង​អនិយត-កណ្ឌ កណ្ឌ​សម្ដែង​អំពី​អនិយត២ ។

៣- មហាវិភង្គ តតិយភាគ និស្សគ្គិយកណ្ឌ កណ្ឌ​សម្ដែង​អំពី​និស្សគ្គិយ៣០ និង​បាចិត្តិយកណ្ឌ កណ្ឌ​សម្ដែង​អំពី​បាចិត្តិយ១៥សិក្ខាបទ ។

៤- មហាវិភង្គ ចតុត្ថភាគ បាចិត្តិយកណ្ឌ កណ្ឌ​សម្ដែង​អំពី​បាចិត្តិយ បាដិទេសនីយកណ្ឌ កណ្ឌ​សម្ដែង​អំពី​បាដិទេសនីយ៤ សេខិយកណ្ឌ កណ្ឌ​សម្ដែង​អំពី​សេខិយ៧៥ និង​អធិករណសមថកណ្ឌ កណ្ឌ​សម្ដែង​អំពី​អធិករណសមថ៧ (ចប់​បាតិមោក្ខ) ។

៥- ភិក្ខុនីរិភង្គ បច្ចេកភាគ សម្ដែង​អំពី​សិក្ខាបទ​ភិក្ខុនី បារាជិក៨ សង្ឃាទិសេស១៧ និស្សគ្គិយ៣០ បាចិត្តិយ១៦៦ បាដិទេសនីយ៨ សេខិយ៧៥ អធិករណសមថ៧ ជា ៣១១ )។

៦- មហាវគ្គ បឋមភាគ មហាខន្ញក សម្ដែង​អំពី​បព្វជ្ជានិង​ឧបសម្បទា​ជា​ដើម ឧបោសថក្ខន្ធក សម្ដែង​អំពី​ឧបោសថ និង​វិធី​សម្មតិសីមា​ជា​ដើម ។

៧- មហាវគ្គ ទុតិយភាគ វស្សូបនាយិកក្ខន្ធក សម្ដែង​អំពី​ចូល​វស្សា​និង​សត្តាហកិច្ច​ជា​ដើម បវារណា ខន្ធក សម្ដែង​អំពី​បវាណា​ជា​ដើម ធម្មក្ខន្ធក សម្ដែង​អំពី​សមណបរិក្ខារ​ជា​ដើម និង​ភេសជ្ជក្ខន្ធក សម្ដែង​អំពី​ត្រេក​អរ​ក្នុង​ចតុប្បច្ច័យ​ដែល​កើត​អំពី​រូបិយ​ជា​ដើម ។

៨- មហាវគ្គ តតិយភាគ កឋិនក្ខន្ធក សម្ដែង​អំពី​ក្រាល​គ្រង​អនុមោទនា​កឋិន​ជា​ដើម ចីវរក្ខន្ធក សម្ដែង​អំពី​ទឹក​ជ្រលក់៦យ៉ាង​ជា​ដើម ចម្បេយ្យក្ខន្ធក សម្ដែង​អំពី​សង្ឃ​កម្ម​ជា​ដើម​ និង​កោសម្ពិកក្ខន្ធក សម្ដែង​អំពី​ទាស់​ទែង​គ្នា​ជា​ដើម ។

៩- ចុល្លវគ្គ បឋមភាគ ចម្មក្ខន្ធក សម្ដែង​អំពី​ឥដ្ឋនីយ​កម្ម​ជា​ដើម ​បរិវាសិកក្ខន្ធក សម្ដែង​អំពី​គរុកាបត្តិ​ត្រូវ​ធ្វើ​បរិវា​សកម្ម​ជា​ដើម សមច្ចយក្ខន្ធក សម្ដែង​បរិវាសកម្ម យ៉ាង​និង​អព្ភាន​កម្ម​ជា​ដើម ។

១០- ចុល្លវគ្គ ទុតិយភាគ សមថក្ខន្ធក សម្ដែង​អំពី​អធិករណ៤យ៉ាង មាន​វិវាទាធិករណ​ជា​ដើម ខុទ្ទកវត្ថុក្ខន្ធក សម្ដែង​អំពី​សមណសារូប​ជា​ដើម សេនា​សនក្ខន្ធក សម្ដែង​អំពី​សាមគ្គី​នៃ​សង្ឃ និង​គរុភណ្ឌ​របស់​សង្ឃ​ជា​ដើម ។

១១- ចុល្លវគ្គ តតិយភាគ សង្ឃភេទក្ខន្ធក សម្ដែង​អំពី​សាមគ្គី​នៃ​សង្ឃ​ជា​ដើម វត្តក្ខន្ធក សម្ដែង​អំពី​អាគន្តុកវត្ត​ជា​ដើម បាតិមោក្ខឋបនក្ខន្ធក​សម្ដែង​អំពី​អច្ចរិយ​ភូត​ធម៌៨យ៉ាង​ជា​ដើម ភិក្ខុនីខន្ធក សម្ដែង​អំពី​ឧបសម្បទា​នៃ​ភិក្ខុនី មាន​គរុធម៌៨ប្រការ​ជា​ដើម បញ្ចសតិកក្ខន្ធក សម្ដែង​អំពី​បរិនិព្វាន​ហើយ​ត្រឹម៣ខែ​ធ្វើ​បឋម​សង្គាយនា និង​សត្តសតិកក្ខន្ធក សម្ដែង​អំពី​រឿង​ធ្វើ​ទុតិយ​សង្គាយនា វត្ថុ ១០ យ៉ាង​ជា​ដើម ។

១២- បរិវារ បឋមភាគ មហាវិភង្គ សោឡសមហាវារ ភិក្ខុនីវិភង្គ​សោឡសមហាវារ​សមុដ្ឋាន​សីល​សង្ខេប កភិបុច្ឆាវារ និង​វីសតិវារ ។

១៣- បរិវារ ទុតិយភាគ ខន្ធបុច្ឆា ឯកុត្តរិក ឧបោសថាទិបុច្ឆាវិស្សជ្ជនា អត្តវសេបករណ គាថា​សង្គណិក និង​អធិករណ​ភេទ​ជា​ដើម ។

ចប់ ព្រះ​វិន័យបិដក ១៣ សៀវភៅ ។

លក់​គ្រឿង​អាវុធ​១ លក់​មនុស្ស​១ លក់​សាច់​១ លក់​គ្រឿង​ស្រវឹង​១ លក់​ថ្នាំ​ពិស​ថ្នាំ​បំពុល ១ ។

[២]អន្លង់ ៤ កាមោឃោ អន្លង់​គឺ​សេចក្ដី​ប្រាថ្នា ១ ភវោឃោ អន្លង់​គឺ​ភព​ដែល​សត្វ​ចាប់​កំណើត ១ ទិដ្ឋោឃោ អន្លង់​គឺ​សេចក្ដី​យល់​ឃើញ​ខុស ១ អវិជ្ជោឃោ អន្លង់​គឺ​ល្ងង់​មិន​ដឹង​ខុស​ត្រូវ ១ ។

[៣]សមុទ្ទ គឺ​សង្សាវដ្ដ ដែល​វិល​កើត​វិល​ស្លាប់ ។

[៤]ព្យាយាម គឺ​សេចក្ដី​ប្រឹងប្រែង ។

[៥]យល់​ឃើញ​ខុស ១០ ប្រការ​គឺ ១ យល់​ថា​ធ្វើ​ទាន​គ្មាន​ផល ២ ថា​បូជា​តូច​គ្មាន​ផល ៣ ថា​បូជា​ធំ​គ្មាន​ផល ៤ ថា​ធ្វើ​ល្អ​ធ្វើ​អាក្រក់​មិន​ឱ្យ​ផល​សុខ​ផល​ទុក្ខ ៥ ថា​លោក​នេះ​គ្មាន ៦ ថា​បរលោក​គ្មាន ៧ ថា​មាតា​គ្មាន​គុណ ៨ ថា​បិតា​គ្មាន​គុណ ៩ ថា​សត្វ​បង្កើត​ក្នុង​លោក​គ្មាន ១០ ថា​សមណៈ​និង​ព្រាហ្មណ៍​ប្រតិបត្តិ​ល្អ​ក្នុង​លោក​នេះ​គ្មាន ។ យល់​ឃើញ​យ៉ាង​នេះ​ឈ្មោះ​ថា​មិច្ឆាទិដ្ឋិ ។

[៦]យល់​ឃើញ​ត្រូវ ១០ ប្រការ​គឺ ១ យល់​ថា​ធ្វើ​ទាន​មាន​ផល ២ ថា​បូជា​តូច​មាន​ផល ៣ ថា​បូជា​ធំ​មាន​ផល ៤ ថា​ធ្វើ​ល្អ​ធ្វើ​អាក្រក់​តែង​ឱ្យ​ផល​សុខ​ផល​ទុក្ខ ៥ ថា​លោក​នេះ​មាន ៦ ថា​បរលោក​មាន ៧ ថា​មាតា​គ្មាន​គុណ ៨ ថា​បិតា​គ្មាន​គុណ ៩ ថា​សត្វ​បង្កើត​ក្នុង​លោក​មាន ១០ ថា​សមណៈ​និង​ព្រាហ្មណ៍​ប្រតិបត្តិ​ល្អ​ក្នុង​លោក​នេះ​មាន ។ យល់​ឃើញ​យ៉ាង​នេះ​ឈ្មោះ​ថា​សម្មាទិដ្ឋិ ។

[៧]– មិន​ទៀង ជា​ទុក្ខ​មិន​មែន​របស់​ខ្លួន នេះ​គ្មាន​ក្នុង​សតិបដ្ឋាន​ទេ តែ​ធម៌​នេះ​ជា​ធម៌​ពេញ​ចិត្ត​របស់​ខ្ញុំ សូម​បញ្ចូល​ជា​ធម៌​ពិចារណា ។

[៨]-តណ្ហា សេចក្ដី​ចំណង់​កើត​អំពី​អាយតនៈ១២ ទិដ្ឋិ​សេចក្ដី​យល់​ឃើញ​ខុស១០យ៉ាង ។

[៩]– អភិជ្ឈា លោភ​បង្អោន​យក​ទ្រព្យ​អ្នក​ដទៃ ទោមនស្ស សេចក្ដី​អាក់​អន់​ចិត្ត ។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៨ ខ្សែទី១-ទី៤-ទី៨-ទី១០ — ឆ្នាំ១៩៣៩ ខ្សែទី៥


  •  
  •  

បញ្ចេញយោបល់ ៖