ព្រហ្មចរិយកថា

  •  
  •  

របៀប​ពាក្យ​ទេសនា
ព្រះ​មហា (សែស ) ក្រុម​ជំនុំ​ព្រះត្រៃបិដក
ប្រែ​និង​រៀប​រៀង

នមោ ឧមាត្យារទ្ធស្ស      រតនត្តយស្ស  សាធុកំ

សូម​ថ្វាយ​បង្គំ​ចំពោះ ព្រះ​រត្នត្រ័យ  ដែល​ប្រារព្ធ​ហើយ​ថា

ឱម គឺ អ. ឧ .ម.ដូច្នេះ គឺ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ប្រកប​ដោយ​អនន្តគុណ មាន​ឆ្ងាយ​ចាក​កិលេស​ជា​ដើម និង​ព្រះ​ធម្ម​ដ៏​ខ្ពស់​បំផុត ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​អង្គ​នោះ ទ្រង់​ត្រាស់​សម្ដែង​ហើយ​ដោយ​ល្អ​និង​ព្រះ​អរិយ​សង្ឃ ពពួក​ធំ មាន​ព្រះ​សង្ឃ​ដែល​បាន​ដល់​នូវ​សោតាបត្តិ​មគ្គ​ជា​ដើម សូម​ឱ្យ​សម្រេច​ប្រយោជន៍​ទាំង​ពួង ។

ព្រហ្មចរិយកថា
សម្ដែង​អំពី​ព្រហ្ម​ចរិយធម៌

ជន​ជា​សប្បុរស​ទាំង​ឡាយ ដែល​ជា​សម្មាទិដ្ឋិ មាន​បញ្ញា​យល់​ត្រូវ​ល្អ ប្រកប​ដោយ​ការ​ប្រព្រឹត្ត​យ៉ាង​ប្រសើរ​ឯ​ណា ការ​ប្រព្រឹត្ត​យ៉ាង​ប្រសើរ​នោះ បាន​ឈ្មោះ​ថា​ព្រហ្ម​ចរិយ ។ ព្រោះ​ការ​ដែល​ប្រព្រឹត្ត​នោះ​ប្រាស​ចាក​បាប​ធម៌ មាន​សេចក្ដី​កំណាញ់​ជា​មន្ទិល​ជា​ដើម និង​នាំ​ឱ្យ​ចម្រើន​នៃ​គុណ​ធម៌​មាន​មេត្តា​ជា​ដើម ។

ក៏​ឯ​ព្រហ្ម​ចរិយ​នោះ ព្រះ​សិរិ​មង្គលាចារ្យ លោក​បាន​សម្ដែង​ទុក​ក្នុង​គម្ពីរ​មង្គលត្ថទីបនី អដ្ឋកថា​មង្គលសូត្រ​ថា​មាន​១០​ប្រការ ដោយ​បទ​បាលី​ថា

ព្រហ្មចរិយំ នាម ទាន វេយ្យាវច្ច បញ្ចសីល អប្បមញ្ញា មេថុនវិរតិ សទារសន្ដោស វិរិយ ឧបោសថង្គ អរិយមគ្គ សាសនវសេន ទសវិធំ ហោតិ ។

(ប្រែ​ថា) ព្រហ្ម​ចរិយធម៌​មាន​១០​ប្រការ គឺ​ទាន ការ​ឱ្យ​នូវ​វត្ថុ​មាន​បាយ​ជា​ដើម ១ វេយ្យាវច្ច សេចក្ដី​ខ្វល់ខ្វាយ​ក្នុង​ការ​កុសល​របស់​អ្នក​ដទៃ​ជា​ដើម ១ បញ្ចសីល សីល​ទាំង​៥​មាន​វៀរ​សម្លាប់​សត្វ​ជា​ដើម ១ អប្បមញ្ញា គឺ​ព្រហ្ម​វិហារ​ទាំង​៤ មាន​មេត្តា​ជា​ដើម ១ មេថុនវិរតី ការ​វៀរ​មេថុន​ធម្ម​១​សទារ​សន្ដោស សេចក្ដី​សន្ដោស​ដោយ​ភរិយា​របស់​ខ្លួន​ ១ វិរិយ សេចក្ដី​ព្យាយាម​មិន​ខ្ជិល​ច្រអូស ១ ឧបោសថង្គ អង្គ​នៃ​ឧបោសថ​ទាំង​៨ មាន​វៀរ​សម្លាប់​សត្វ​ជា​ដើម ១ អរិយ​មគ្គ ផ្លូវ​មាន​អង្គ​៨​ដ៏​ប្រសើរ មាន​សម្មាទិដ្ឋិ​ជា​ដើម ១ សាសន ​ពាក្យ​ប្រៀន​ប្រដៅ​ទាំង​អស់​របស់​ព្រះ​សាស្ដា ១ ត្រូវ​ជា​១០​ប្រការ​ផង​គ្នា ។

ឯ​ទាន​ដែល​ឈ្មោះ​ថា ព្រហ្ម​ចរិយ​នោះ មាន​មក​ក្នុង​វិធុរ​ជាតក សេចក្ដី​ថា​ព្រះ​ពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ទាំង​ឡាយ ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​ពោធិសត្វ ទ្រង់​ព្រះ​នាម​ថា វិធុរ​បណ្ឌិត​ជា​អ្នក​ប្រាជ្ញ​មាន​បញ្ញា​ឆ្លៀវឆ្លាស ឯ​វិធុរ​បណ្ឌិត​នោះ​ក៏​បាន​ទៅ​កាន់​ពិភព​នាគ បាន​ចួប​នឹង​ព្រះ​បាទ​វរុណ​នាគ​រាជ បាន​ឃើញ​សម្បត្តិ​របស់​ព្រះ​បាទ​វរុណ​នាគរាជ ថ្កុំថ្កើង​ថ្លៃថ្លា ហើយ​ក៏​ក្រាប​ទូល​សួរ​ថា កាល​ពី​ដើម​ព្រះ​អង្គ​បាន​ប្រព្រឹត្ត​វត្ត​ដូចម្ដេច ប្រព្រឹត្ត​ព្រហ្ម​ចរិយ​ធម៌​ដូចម្ដេច ឫទ្ធិ ​គឺ​អានុភាព​ក្ដី ជុតិ គឺ​រស្មី​កាយ​ក្ដី កម្លាំង​កាយ​ក្ដី សេចក្ដី​ព្យាយាម​ក្ដី កំណើត​ក្នុង​ពិភព​នាគ​នេះ​ក្ដី ជា​ផល​នៃ​កម្ម​អ្វី នេះ​ជា​មហា​វិមាន​របស់​ព្រះ​អង្គ​ឬ​អ្វី ?

ព្រះ​បាទ​វរុណ​នាគ​រាជ​ឆ្លើយ​ថា

អហញ្ច  ភរិយា  ច  មនុស្ស​លោកេ

សទ្ធា  ឧភោ ទានបតី  អហុម្ហា

ឱបានភូតំ  មេ  ឃរំ  ត​ទាសិ

សន្តប្បិតា  សមណព្រាហ្មណា ច

មាលញ្ច  គន្ធញ្ច  វិលេបនញ្ច

បទីបយំ  សេយ្យមុបស្សយញ្ច

អច្ឆាទនំ  សយនំ  អន្នបានំ

សក្កច្ចំ  ទានានិ  អទម្ហ  តត្ថ

តំ  មេ វតំ  តម្បន  ព្រហ្ម​ចរិយំ

តស្ស  សុចិណ្ណស្ស  អយំ  វិបាកោ

ឥទ្ធី ជុតី ពល  វីរិយូបបត្តិ

ឥទញ្ច មេ  ធីរ  មហា​វិមានន្តិ ។

(ប្រែ​ថា ) ជន​ទាំង​២​នាក់ គឺ​ខ្លួន​យើង​និង​ភរិយា​របស់​យើង បាន​កើត​ក្នុង​មនុស្ស​លោក ជា​អ្នក​មាន​សទ្ធា​ជា​ម្ចាស់​នៃ​ទាន ផ្ទះ​របស់​យើង​មាន​សភាព​ជា​អណ្ដូង ជា​ទី​ប្រជុំ​នៃ​សមណ​ព្រាហ្មណ៍​ៗ យើង​ក៏​បាន​អង្គាស​ឱ្យ​ឆ្អែត​ស្កប់ស្កល់​ហើយ យើង​ឱ្យ​ទាន​ទាំង​ឡាយ​ដោយ​គោរព ក្នុង​មនុស្ស​លោក​នោះ​គឺ​កម្រង​ផ្កា​ ១ គ្រឿង​ក្រអូប ​១ គ្រឿង​លាប​ ១ គ្រឿង​ប្រទីប​ ១ សេយ្យា​ទី​ដេក​មាន​ពូក​កន្ទេល កម្រាល​ជា​ដើម ១ ទី​លំនៅ ​១ បាយ ​១ គ្រឿង​ស្លៀក​ដណ្ដប់​ ១ ទី​ដេក – អង្គុយ មាន​គ្រែ​តាំង​ជា​ដើម ១ ទឹក ​១ ទាន​នោះ​ជា​វត្ត​របស់​យើង ទាន​នោះ​ជា​ព្រហ្ម​ចរិយ​របស់​យើង ឫទ្ធិ​គឺ​អានុភាព​ក្ដី ​ជុតី​គឺ​រស្មី​កាយក្ដី និង​កម្លាំង​កាយ​ក្ដី និង​សេចក្ដី​ព្យាយាម​ក្ដី និង​កំណើត​ក្នុង​ពិភព​នាគ​នេះ​ក្ដី នេះ​ជា​ផល​របស់​ព្រហ្ម​ចរិយ​នោះ ដែល​យើង​បាន​ប្រព្រឹត្ត​ធ្វើ​ហើយ​ដោយ​ប្រពៃ ម្នាល​បុរស​ជា​អ្នក​ប្រាជ្ញ​នេះ​ជា​មហា​វិមាន​របស់​យើង ។

ព្រះ​គាថា​ដែល​ព្រះ​បាទ​វរុណ​នាគ​រាជ ពោល​មក​នេះ សំដៅ​យក​ទាន​ជា​វត្ត និង​ជា​ព្រហ្ម​ចរិយ​របស់​ខ្លួន ព្រោះ​ហេតុ​នោះ​បាន​ជា​អដ្ឋកថា​ចារ្យ លោក​អធិប្បាយ​ថា ទាន​ឈ្មោះ​ថា​ព្រហ្ម​ចរិយ​ដោយ​ប្រការ​ដូច្នេះ​ឯង ។

ម្យ៉ាង​ទៀត ទាន​ប្រែ​ថា ចេតនា​ជា​ហេតុ​បណ្ដាល​ឡើង​នាំ​ឱ្យ​ ៗ នូវ​ទេយ្យ​ធម៌​ដល់​អ្នក​ដទៃ បើ​នឹង​ចែក​ដោយ​ប្រភេទ​ទាន​នេះ​មាន​៣​ប្រការ គឺ​ចាគ​ចេតនា​ទាន ​១ វិរតិទាន​ ១ ទេយ្យ​ធម្មទាន ​១ ។

ឯ​ចាគ​ចេតនា​ទាន ប្រែ​ថា​ចេតនា​ជា​គ្រឿង​លះបង់​នូវ​ទេយ្យធម៌​ដល់​អ្នក​ដទៃ សម​តាម​ព្រះ​បាលី​ក្នុង​ទាន​សូត្រ គម្ពីរ​អង្គុត្តរ​និកាយ អដ្ឋកនិបាតថា << សទ្ធា ហិរិយំ កុសលញ្ចទានំ (ប្រែ​ថា ) សទ្ធា គឺ​សេចក្ដី​ជឿ​ក្ដី ហិរិ គឺ​សេចក្ដី​ខ្មាស បាប​ឬ​ខ្ពើម បាប​ក្ដី កុសល គឺ​អំពើ​ដែល​ល្អ ឬ​កុសល​ចិត្ត​ក្ដី បាន​ឈ្មោះ​ថា​ទាន ចំណែក​អដ្ឋកថា អធិប្បាយ​ថា បុគ្គល​ឱ្យ​ទាន​ដោយ​សទ្ធា​ឯ​ណា សទ្ធា​នោះ​បាន​ឈ្មោះ​ថា​ទាន បុគ្គល​ឱ្យ​ទាន​ដោយ​ហិរិ​ឯ​ណា ហិរិ​នោះ​បាន​ឈ្មោះ​ថា​ទាន កុសល​គឺ​អំពើ​ដែល​ឥត​មាន​ទោស​បាន​ឈ្មោះ​ថា​ទាន ចាគ​ចេតនា​ទាន​មាន​សេចក្ដី​អធិប្បាយ​ដោយ​សង្ខេប​ដូច្នេះ ។

ឯ​វិរតិទាន គឺ​ការ​វៀរ​អំពើ​ទុច្ចរិត មាន​សម្លាប់​សត្វ​ជា​ដើម បាន​ខាង​សីល​ទាំង​៥ គឺ​វៀរ​សម្លាប់​សត្វ​ ១ វៀរ​លួច​ទ្រព្យ​គេ​ ១ វៀរ​លួច​ប្រពន្ធ​កូន​គេ​ ១ វៀរ​និយាយ​ពាក្យ​កុហក​ ១ វៀរ​ផឹក​ទឹក​ស្រវឹង​ដែល​ជា​ទី​តាំង​នៃ​សេចក្ដី​ប្រមាទ ១ ។

ឯ​ទេយ្យ​ធម្មទាន បាន​ខាង​ទេយ្យ​វត្ថុ​ទាំង​១០ មាន​បាយ​ជា​ដើម ដូច​មាន​ព្រះ​គាថា​ថា ៖

អន្នំ  បានំ  វត្ថំ  យានំ  មាលា  គន្ធំ  វិលេបនំ

សេយ្យាវសថំ  បទីបេយ្យំ  ទាន​វត្ថូ ឥមេ  ទស ។

(ប្រែ​ថា) ទាន​វត្ថុ​ទាំង​១០​នេះ គឺ​បាយ ​​១ ទឹក​ ១ សំពត់​ ១ យាន ​១ កម្រង​ផ្កា ​១ គ្រឿង​ក្រអូប​ ១ គ្រឿង​លាប​ ១ ទី​ដេក ១ ទី​លំនៅ ​១ គ្រឿង​ប្រទីប ១ ។

ត្រង់​ពាក្យ​ថា​បាយ  សំដៅ​យក​គ្រឿង​ស៊ី គឺ​ខាទនីយនិង​ភោជនីយ​ទាំង​អស់ ។ ពាក្យ​ថា​ទឹក​សំដៅ​យក​ទឹក​បាន ទាំង​៨​ប្រការ មាន​ទឹក​បាន​ដែល​គេ​ធ្វើ​ដោយ​ផ្លែ​ស្វាយ​ជា​ដើម ។ ពាក្យ​ថា​សំពត់​សំដៅ​យក​សំពត់​សម្រាប់​ស្លៀកនិង​សំពត់​សម្រាប់​ដណ្ដប់​ជា​ដើម ។ ពាក្យ​ថា យាន សំដៅ​យក​វត្ថុ​ដែល​ញ៉ាំង​ដំណើរ​ឱ្យ​សម្រេច មាន​រថនិងវហ៍​ជា​ដើម មាន​ស្បែក​ជើង​ជា​ទី​បំផុត ។ ពាក្យ​ថា​កម្រង​ផ្កា​សំដៅ​យក​ផ្កា​ឈើ​ទាំង​អស់ ដែល​ផ្សេង​គ្នា​ដោយ​ក្លិន ។ ពាក្យ​ថា​គ្រឿង​ក្រអូប​សំដៅ​យក​គន្ធ​ជាតិ​ទាំង​អស់ និង​គ្រឿង​ឧបករណ៍​ដល់​គ្រឿង​ក្រអូប ដែល​គេ​កិន​ក្ដី មិន​បាន​កិន​ក្ដី ។ ពាក្យ​ថា ​គ្រឿង​លាប​ សំដៅ​យក​វត្ថុ​សម្រាប់​ធ្វើ​ស្បែក​ខាង​ក្រៅ​ឱ្យ​គួរ​ជា​ទី​ត្រេកអរ ។ ពាក្យ​ថា​ទី​ដេក​សំដៅ​យក​វត្ថុ​ដែល​គួរ​ជា​ទី​ដេក – អង្គុយ មាន​គ្រែ​តាំង​ចៀម​ព្រំ​ជា​ដើម ។ ពាក្យ​ថា​ទី​លំនៅ​សំដៅ​យក​ផ្ទះ​សម្បែង​ជា​ទី​អាស្រ័យ សម្រាប់​បន្ទោបង់​នូវ​សេចក្ដី​អន្តរាយ សេចក្ដី​លំបាក មាន​ខ្យល់​និង​កម្ដៅ​ថ្ងៃ​ជា​ដើម ។ ពាក្យ​ថា​គ្រឿង​ប្រទីប​សំដៅ​យក​វត្ថុ​សម្រាប់​ទំនុក​បម្រុង​ដល់​ប្រទីប មាន​អំបែង​ប្រទីប​ជា​ដើម ។ ទាន​មាន​៣​ប្រការ​ដូច្នេះ​ឯង ។

ម្យ៉ាង​ទៀត​ទៀន​នោះ លុះ​តែ​ប្រកប​ដោយ​អង្គ​ទាំង​៦ ទើប​មាន​ផល​ច្រើន សម​ដោយ​ព្រះ​បាលី​ពុទ្ធ​ភាសិត ក្នុង​គម្ពីរ​អង្គុត្តរនិកាយ ឆក្កនិបាត មាន​រឿង​ថា សម័យ​មួយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេតពន របស់​អានាថ​បិណ្ឌិក​សេដ្ឋី ទៀប​ក្រុង​សាវត្ថី ។

សម័យ​នោះ​ឯង ឧបាសិកា​ឈ្មោះ​វេឡុកណ្ឌកីនន្ទ​មាតា កំពុង​ថ្វាយ​ទាន​ដែល​ប្រកប​ដោយ​អង្គ​ទាំង​៦ ដល់​ភិក្ខុ​សង្ឃ មាន​ព្រះ​សារីបុត្តនិង​ព្រះ​មោគ្គល្លាន​ជា​ប្រធាន ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់ ទ្រង់​មាន​ទិព្វ​ចក្ខុដ៏​បរិសុទ្ធ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ទ្រង់​ឃើញ​ឧបាសិកា​ឈ្មោះ​វេឡុកណ្ឌកីនន្ទ​មាតា កំពុង​តែ​ថ្វាយ​ទាន​ដែល​ប្រកប​ដោយ​អង្គ​ទាំង​៦​ដល់​ភិក្ខុ​សង្ឃ មាន​ព្រះ​សារីបុត្តនិង​ព្រះ​មោគ្គល្លាន​ជា​ប្រធាន លុះ​ឃើញ​ហើយ​ក៏​មាន​ព្រះ​បន្ទូល​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​មក​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ឥឡូវ​នេះ​ឧបាសិកា​ឈ្មោះ​វេឡុកណ្ឌកីនន្ទ​មាតា កំពុង​ថ្វាយ​ទាន​ប្រកប​ដោយ​អង្គ​ទាំង​៦​ដល់​ភិក្ខុ​សង្ឃ មាន​សារីបុត្ត​និង​មោគ្គល្លាន​ជា​ប្រធាន ម្នាល​ភិក្ខុ​ទាំង​ឡាយ ក៏​ឯ​ទាន​ប្រកប​ដោយ​អង្គ​ទាំង​៦​នោះ តើ​ដូចម្ដេច ​ម្នាល​ភិក្ខុ​ទាំង​ឡាយ អង្គ​របស់​ទាយក​គឺ​អ្នក​ឱ្យ​មាន​៣​អង្គ​របស់​បដិគ្គាហក​គឺ​អ្នក​ទទួល​មាន​៣​អង្គ ៣​របស់​ទាយក​នោះ តើ​ដូចម្ដេច ឥធ​ភិក្ខវេ ទាយកោ បុព្វេវ ទានា សុមនោ ហោតិ ទទំ ចិត្តំ  បសាទេតិ ទត្វា អត្តមនោ ហោតិ ។ (ប្រែ​ថា ) ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ទាយក​ក្នុង​លោក​នេះ មាន​ចិត្ត​ត្រេកអរ​ក្នុង​កាល​មុន​ឱ្យ​ ១ កំពុង​ឱ្យ​ញ៉ាំង​ចិត្ត​ឱ្យ​ជ្រះ​ថ្លា ​១ ​ឱ្យ​រួច​ហើយ​មាន​ចិត្ត​ត្រេកអរ​ទៀត ​១ អង្គ​៣​របស់​ទាយក​ដូច្នេះ ។

អង្គ​៣​របស់​បដិគ្គាហក​នោះ តើ​ដូចម្ដេច ឥធ ភិក្ខវេ បដិគ្គាហកា វីតរាគា វា ហោន្តិ  រាគវិនយាយ វា បដិបន្នា វីតទោសា វា ហោន្តិ  ទោសវិនយាយ វា បដិបន្នា វីតមោហា វា  ហោន្តិ  មោហវិនយាយ វា បដិបន្នា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បដិគ្គាហក​ក្នុង​សាសនា​នេះ មាន​រាគៈ​ប្រាស​ហើយ (អស់​រាគៈ ) ឬប្រតិបត្តិ​ដើម្បី​កម្ចាត់​បង់​នូវ​រាគៈ​ ១ មាន​ទោសៈ​ប្រាស​ហើយ ឬ​ប្រតិបត្តិ​ដើម្បី​កម្ចាត់​បង់​នូវ​ទោសៈ ១ មាន​មោហៈ​ប្រាស​ហើយ ឬ​ប្រតិបត្តិ​ដើម្បី​កម្ចាត់​បង់​នូវ​មោហៈ ​១ អង្គ​៣​របស់​បដិគ្គាហក​ដូច្នេះ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​ទាន​ប្រកប​ដោយ​អង្គ​ទាំង​៦​យ៉ាង​នេះ​ហើយ បុគ្គល​មិន​អាច​នឹង​គណនា​ត្រា​រាប់​បុណ្យ​ថា​ប៉ុណ្ណេះ​ប៉ុណ្ណោះ​បាន​ឡើយ គឺ​ថា​បុណ្យ​ច្រើន​រាប់​ពុំ​បាន ។

ម្យ៉ាង​ទៀត ទាន​មាន​២​ប្រការ​គឺ បាដិបុគ្គលិក​ទាន ​១ សង្ឃ​គតា​ទាន​​ ១ បាដិ​បុគ្គលិក​ទាន ជា​ទាន​ដែល​គេ​ឱ្យ​ចំពោះ​បុគ្គល​មួយ​ៗ​តាម​ស្រឡាញ់ តាម​គាប់​ចិត្ត សង្ឃគតាទាន​ ជា​ទាន​ដែល​តាំង​នៅ​ក្នុង​សង្ឃ គឺ​ទាន​ដែល​គេ​ឱ្យ​ចំពោះ​សង្ឃ​មិន​បាន​ចំពោះ​បុគ្គល​ឡើយ ។

ឯ​បាដិបុគ្គលិក​ទាន​មាន​១៤​ប្រការ សង្ឃ​គតា​ទាន​មាន​៧​ប្រការ សម​ដោយ​ព្រះ​បាលី​ក្នុង​ទក្ខិណា​វិភង្គសូត្រ​គម្ពីរ​មជ្ឈិម​និកាយ ឧបរិបណ្ណាសក មាន​និទាន​ថា សម័យ​មួយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​ក្នុង​និគ្រោធារាម ទៀប​ក្រុង​កបិល​វត្ថុ​ក្នុង​សក្ក​ជនបទ ។

គ្រា​នោះ នាង​បជាបតិគោតមី នាំ​យក​សំពត់​ថ្មី​១​គូ​ទៅ​ថ្វាយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ រួច​អង្គុយ​នៅ​ក្នុង​ទី​ដ៏​សមគួរ ។

លុះ​នាង​បជាបតិគោតមី អង្គុយ​នៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ ក៏​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សំពត់​ថ្មី​១​គូ​នេះ​ខ្ញុំ​ម្ចាស់​រវៃ​ខ្លួន​ឯង ត្បាញ​ខ្លួន​ឯង ចំពោះ​ថា​នឹង​ប្រគេន​ព្រះ​អង្គ សូម​ព្រះ​អង្គ​ទទួល​យក​សំពត់​នេះ​ចុះ ដោយ​សេចក្ដី​អនុគ្រោះ​ដល់​ខ្ញុំ​ព្រះ​អង្គ ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ មាន​ព្រះ​បន្ទូល​នឹង​នាង​បជាបតិគោតមី​ថា បពិត្រ​ព្រះ​នាង​គោតមី ចូរ​ព្រះ​នាង​ឱ្យ​ដល់​សង្ឃ​ចុះ កាល​បើ​ព្រះ​នាង​ឱ្យ​ដល់​សង្ឃ​ហើយ ក៏​ឈ្មោះ​ថា​បូជា​ដល់​តថាគត​ផង ដល់​សង្ឃ​ផង ។

ព្រះ​នាង​បជាបតិគោតមី ក្រាប​បង្គំ​ទូល​យ៉ាង​នេះ​ជា​គម្រប់​២​ដង ៣​ដង ព្រះ​អង្គ​ក៏​មាន​ព្រះ​បន្ទូល​ដូច្នោះ​ដដែល ។

ទើប​ព្រះ​អានន្ទ​ជា​ម្ចាស់ ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា សូម​ព្រះ​អង្គ​ទទួល​យក​សំពត់​ថ្មី​១​គូ​របស់​ព្រះ​នាង​មហាបដាបតី​គោតមី​នោះ​ទៅ ព្រោះ​ថា​ព្រះ​នាង​មហាបជាបតិគោតមី ជា​ព្រះ​មាតុច្ឆា​របស់​ព្រះ​អង្គ មាន​ឧបការ​ច្រើន​ដល់​ព្រះ​អង្គ ជា​អ្នក​ចិញ្ចឹម​រក្សា​ថ្វាយ​ទឹក​ក្សីរ ព្រោះ​ថា​កាល​ដែល​ព្រះ​មាតា​ព្រះ​អង្គ​សោយ​ព្រះ​វិលាល័យ​ទៅ មាន​តែ​ព្រះ​នាង​ថ្វាយ​ព្រះ​ក្សីរ (បំដៅ​ដោះ ) ព្រះ​អង្គ ចំណែក​ព្រះ​អង្គ​ក៏​មាន​ឧបការ​ច្រើន​ដល់​ព្រះ​នាង​ដែរ លុះ​ព្រះ​នាង​អាស្រ័យ​នឹង​ព្រះ​អង្គ​ហើយ​ក៏​បាន​ដល់​នូវ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ​ជា​ទីពឹង ព្រះ​នាង​អាស្រ័យ​និង​ព្រះ​អង្គ​ហើយ ក៏​វៀរ​សម្លាប់​សត្វ វៀរ​លួច​ទ្រព្យ​គេ វៀរ​ប្រព្រឹត្ត​ខុស​ក្នុង​កាម វៀរ​និយាយ​ពាក្យ​កុហក វៀរ​ហេតុ​ជា​ទី​តាំង​នៃ​សេចក្ដី​ប្រមាទ ព្រោះ​ទឹក​ស្រវឹង​គឺ​សុរានិង​មេរ័យ (ហើយ​ថែម​ទាំង ) ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​មិន​ញាប់​ញ័រ​ក្នុង​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ និង​ប្រកប​ដោយ​សីល​ជា​ទី​ត្រេកអរ​នៃ​ព្រះ​អរិយបុគ្គល ​ព្រះ​នាង​អាស្រ័យ​និង​ព្រះ​អង្គ​ហើយ ក៏​អស់​សេចក្ដី​សង្ស័យ​ក្នុង​កង​ទុក្ខ​និង​តណ្ហា​ជា​ហេតុ​ឱ្យ​កើត​ទុក្ខ និង​ព្រះ​និព្វាន ជា​ទី​រលត់​នៃ​កង​ទុក្ខ និង​សេចក្ដី​ប្រតិបត្តិ ដំណើរ​ទៅ​កាន់​ព្រះ​និព្វាន ជា​ទី​រលត់​នៃ​កង​ទុក្ខ​ព្រះ​អង្គ​មាន​ឧបការ​ច្រើន​ដល់​ព្រះ​នាង​យ៉ាង​នេះ ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ បុគ្គល (ជា​កូន​សិស្ស ) អាស្រ័យ​នឹង​បុគ្គល (ជា​អាចារ្យ ) ឯ​ណា​ហើយ​បាន​ដល់​នូវ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ជា​ទី​ពឹង ហើយ​ធ្វើ​អភិវាទនកម្ម() បច្ចុដ្ឋានកម្ម  (២)  អញ្ជលិកម្ម (៣)  សាមីចិកម្ម (៤)  ព្រម​ទាំង​បូជា​ដោយ​បច្ច័យ​៤ ចំពោះ​បុគ្គល​នោះ (ដោយ​ការ​តប​គុណ ) តថាគត​មិន​បាន​ពោល​ថា​ ធ្វើ​ដោយ​ល្អ​ឡើយ ។

ម្នាល​អានន្ទ  បុគ្គល​អាស្រ័យ​នឹង​បុគ្គល​ឯ​ណា​ហើយ វៀរ​ចាក​វេរា​ទាំង​៥ ហើយ​ធ្វើ​អភិវាទន កម្ម​ជា​ដើម ចំពោះ​បុគ្គល​នោះ តថាគត​មិន​បាន​ពោល​ថា ​ធ្វើ​ដោយ​ល្អ​ឡើយ ។

ម្នាល​អានន្ទ បុគ្គល​អាស្រ័យ​នឹង​បុគ្គល​ឯ​ណា ហើយ​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា មិន​ញាប់ញ័រ​ក្នុង​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ប្រកប​ដោយ​សីល​ជា​ទី​ត្រេកអរ​នៃ​ព្រះ​អរិយ​បុគ្គល ហើយ​ធ្វើ​អភិវាទន​កម្ម​ជា​ដើម ចំពោះ​បុគ្គល​នោះ តថាគត​មិន​បាន​ពោល​ថា ធ្វើ​ដោយ​ល្អ​ឡើយ ។

ម្នាល​អានន្ទ បុគ្គល​អាស្រ័យ​នឹង​បុគ្គល​ឯ​ណា ហើយ​អស់​សេចក្ដី​សង្ស័យ​ក្នុង​អរិយសច្ច​ទាំង​៤ ហើយ​ធ្វើ​អភិវាទន​កម្ម​ជា​ដើម ចំពោះ​បុគ្គល​នោះ ​តថាគត​មិន​បាន​ពោល​ថា ធ្វើ​ដោយ​ល្អ​ឡើយ ។

ម្នាល​អានន្ទ បាដិបុគ្គលិក​ទាន​មាន ​១៤ ប្រការ​គឺ បុគ្គល​ឱ្យ​ទាន​ដល់​ព្រះ​តថាគត ជា​អរហន្ត​សម្មាសម្ពុទ្ធ ​១ ដល់​ព្រះ​បច្ចេក​សម្ពុទ្ធ​ ១ ដល់​ព្រះ​អរហន្ត​ជា​សាវក​របស់​ព្រះ​តថាគត​ ១ ដល់​បុគ្គល​ដែល​ប្រតិបត្តិ ដើម្បី​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​ព្រះ​អរហត្ត​ផល​ ១ ដល់​ព្រះ​អនាគាមិ​បុគ្គល​ ១ ដល់​បុគ្គល​ដែល​ប្រតិបត្តិ​ដើម្បី​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​អនាគាមិផល ​១ ដល់​ព្រះ​សកទាគាមិ​បុគ្គល ​១ ដល់​បុគ្គល​ដែល​ប្រតិបត្តិ ដើម្បី​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​សកទាគាមិ​ផល​ ១ ដល់​ព្រះ​សោតា​បន្ន​បុគ្គល ​១ ដល់​បុគ្គល​ដែល​ប្រតិបត្តិ ដើម្បី​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​សោតាបត្តិ​ផល​ ១ ដល់​បុគ្គល​ខាង​ក្រៅ​ព្រះ​ពុទ្ធ​សាសនា តែ​មាន​សេចក្ដី​នឿយ​ណាយ​ក្នុង​កាម​ ១ ដល់​បុថុជ្ជន​មាន​សីល​បរិសុទ្ធ​ ១ ដល់​បុថុជ្ជនទ្រុស្ត​សីល ១ ​ឱ្យ​ទាន​ដល់​សត្វ​តិរច្ឆាន ។

ម្នាល​អានន្ទ ឱ្យ​ទាន​ដល់​សត្វ​តិរច្ឆាន បាន​អានិសង្ស () មួយ​រយ​អត្តភាព ។

ឱ្យ​ទាន​ដល់​មនុស្ស​បុថុជ្ជន​ទ្រុស្ត​សីល បាន​អានិសង្ស​មួយ​ពាន់​អត្តភាព ។

ឱ្យ​ទាន​ដល់​បុថុជ្ជន​មាន​សីល​បរិសុទ្ធ បាន​អានិសង្ស​មួយ​សែន​អត្តភាព ។

ឱ្យ​ទាន​ដល់​បុគ្គល​ខាង​ក្រៅ​ព្រះ​ពុទ្ធ​សាសនា ដែល​មាន​សេចក្ដី​នឿយ​ណាយ​ក្នុង​កាម បាន​អានិសង្ស​មួយ​សែន​កោដិ​អត្តភាព ។

ឱ្យ​ទាន​ដល់​បុគ្គល​ដែល​ប្រតិបត្តិ ដើម្បី​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​សោតា​បត្តិ​ផល បាន​អានិសង្ស​រាប់​ពុំ​បាន ប្រមាណ​ពុំ​អស់​ឡើយ ។

ចំណែក​សោតា​បន្ន​បុគ្គល​ក្ដី បុគ្គល​ដែល​ប្រតិបត្តិ​ដើម្បី​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​សកទាគាមិ​ផល​ក្ដី​ព្រះ​សកទាគាមិ​បុគ្គល​ក្ដី បុគ្គល​ដែល​ប្រតិបត្តិ​ដើម្បី​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​អនាគាមិផល​ក្ដី ព្រះ​អនាគាមិ​បុគ្គល​ក្ដី បុគ្គល​ដែល​ប្រតិបត្តិ ដើម្បី​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​អរហត្ត​ផល​ក្ដី ព្រះ​អរហន្ត​ជា​សាវក​របស់​ព្រះ​តថាគត​ក្ដី ព្រះ​បច្ចេក​សម្ពុទ្ធ​ក្ដី ព្រះ​តថាគត​ជា​ព្រះ​អរហន្ត​សម្មា​សម្ពុទ្ធ​ក្ដី មិន​បាច់​និយាយ​ឡើយ ។

ម្នាល​អានន្ទ ចំណែក​សង្ឃ​គតាទាន មាន​៧​ប្រការ​ គឺ​បុគ្គល​ឱ្យ​ទាន​ដល់​ឧភតោសង្ឃមាន​ព្រះ​ពុទ្ធ​អង្គ​ជា​ប្រធាន​ ១ ដល់​ឧភតោសង្ឃ ក្នុង​កាល​ដែល​តថាគត​បរិនិព្វាន​ទៅ​ហើយ​ ១ ដល់​ភិក្ខុ​សង្ឃ ​១ ដល់​ភិក្ខុនី​សង្ឃ ​១ ដល់​បុគ្គល​ដែល​គេ​ឧទ្ទិសយក​អំពី​ឧភតោសង្ឃ ​១ ដល់​បុគ្គល​ដែល​គេ​ឧទ្ទិស​យក​អំពី​ភិក្ខុ​សង្ឃ​ ១ ឱ្យ​ទាន​ដល់​បុគ្គល​ដែល​គេ​ឧទ្ទិស​យក​អំពី​ភិក្ខុនី​សង្ឃ​ ១ ។

ម្នាល​អានន្ទ លុះ​កាល​ជា​អនាគត​អង្វែង​យូរ​ទៅ មាន​តែ​គោត្រ​ភូបុគ្គល ជា​អ្នក​ទ្រុស្ត​សីល​មាន​ធម៌​លាមក មាន​តែ​សំពត់​កាសាវ​ពស្ត្រ​ព័ន្ធពទ្ធ បើ​មាន​គេ​ឱ្យ​ទាន​ឧទ្ទិស​សង្ឃ ក្នុង​ពួក​បុគ្គល​ទ្រុស្ត​សីល​ទាំង​នោះ គង់​នៅ​មាន​ផល​ច្រើន ម្នាល​អានន្ទ​ តថាគត​ពោល​ថា សង្ឃ​គតា​ទាន​នោះ​មាន​ផល​ច្រើន​រាប់​ពុំ​បាន ម្នាល​អានន្ទ តថាគត មិន​ដែល​ពោល​ថា​បាដិ​បុគ្គលិក​ទាន មាន​ផល​ច្រើន​ជាង​សង្ឃ​គតា​ទាន ដោយ​បរិយាយ​ឯ​ណា​មួយ​ឡើយ ។

ម្នាល​អានន្ទ ទក្ខិណាវិសុទ្ធ គឺ​ការ​បរិសុទ្ធ​នៃ​ទាន​មាន​៤​ប្រការ ទាយកតោ វិសុជ្ឈតិ នោ បដិគ្គាហកតោ គឺ​ទាន​បរិសុទ្ធ​អំពី​អ្នក​ឱ្យ មិន​បរិសុទ្ធ​អំពី​អ្នក​ទទួល ​១ បដិគ្គាហកតោ វិសុជ្ឈតិ នោ ទាយកតោ ទាន​បរិសុទ្ធ​អំពី​អ្នក​ទទួល មិន​បរិសុទ្ធ​អំពី​អ្នក​ឱ្យ​ ១ នេវ ទាយកតោ វិសុជ្ឈតិ នោ បដិគ្គាហកតោ ទាន​មិន​បរិសុទ្ធ​អំពី​អ្នក​ឱ្យ​ផង មិន​បរិសុទ្ធ​អំពី​អ្នក​ទទួល​ផង ​១ ទាយកតោ ចេវ វិសុជ្ឈតិ បដិគ្គាហកតោ ច ទាន​បរិសុទ្ធ​អំពី​អ្នក​ឱ្យ​ផង អំពី​អ្នក​ទទួល​ផង​ ១ ។

ក៏​​ឯ​ទាន​ដែល​បរិសុទ្ធ​អំពី​អ្នក​ឱ្យ មិន​បរិសុទ្ធ​អំពី​អ្នក​ទទួល​នោះ គឺ​អ្នក​ឱ្យ​មាន​សីល​បរិសុទ្ធ មាន​ធម៌​ល្អ អ្នក​ទទួល​ទ្រុស្ត​សីល មាន​ធម៌​អាក្រក់ ។

ទាន​ដែល​បរិសុទ្ធ​អំពី​អ្នក​ទទួល មិន​បរិសុទ្ធ​អំពី​អ្នក​ឱ្យ​នោះ គឺ​អ្នក​ឱ្យ​ជា​អ្នក​ទ្រុស្ត​សីល មាន​ធម៌​អាក្រក់ អ្នក​ទទួល​ជា​អ្នក​មាន​សីល​បរិសុទ្ធ មាន​ធម៌​ល្អ ។

ទាន​ដែល​មិន​បរិសុទ្ធ​អំពី​អ្នក​ឱ្យ​ផង មិន​បរិសុទ្ធ​អំពី​អ្នក​ទទួល​ផង​នោះ គឺ​អ្នក​ឱ្យ​ក៏​ជា​អ្នក​ទ្រុស្ត​សីល មាន​ធម៌​អាក្រក់ អ្នក​ទទួល​ក៏​ជា​អ្នក​ទ្រុស្ត​សីល មាន​ធម៌​អាក្រក់​ដូច​គ្នា ។

ទាន​ដែល​បរិសុទ្ធ​អំពី​អ្នក​ឱ្យ​ផង អំពី​អ្នក​ទទួល​ផង​នោះ គឺ​អ្នក​ឱ្យ​ក៏​ជា​អ្នក​មាន​សីល​បរិសុទ្ធ​មាន​ធម៌​ល្អ អ្នក​ទទួល​ក៏​ជា​អ្នក​មាន​សីល​បរិសុទ្ធ មាន​ធម៌​ល្អ​ដូច​គ្នា ទាំង​ពីរ​ខាង ។

ចប់​ទក្ខិណាវិភង្គសូត្រ ។

ម្យ៉ាង​ទៀត ទាន​ដែល​បុគ្គល​បាន​ឱ្យ​ដោយ​ប្រពៃ​ហើយ រមែង​កើត​មាន​អានិសង្ស​៥​ប្រការ ដល់​បុគ្គល​អ្នក​ឱ្យ​នោះ​មិន​ខាន ព្រោះ​ហេតុ​នោះ​បាន​ជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​សម្ដែង​ធម៌​ទេសនា​ដល់​សេនា​បតី​ឈ្មោះ​ថា សីហ មាន​ក្នុង​គម្ពីរ​អង្គុត្តរនិកាយ បញ្ចកនិបាតថា ទាយកោ សីហ​ទានបតិ ពហុនោ ជនស្ស បិយោ ហោតិ មនាបោ ។ល។ ឥទម្បិ សីហសន្ទិដ្ឋិកំ ទានផលំ ។ ម្នាល​សីហ​សេនា​បតី បុគ្គល​ជា​អ្នក​ឱ្យ ​ជា​ម្ចាស់​នៃ​ទាន រមែង​ជា​ទី​ស្រឡាញ់ ជា​ទី​គាប់​ចិត្ត​នៃ​ជន​ច្រើន​គ្នា ម្នាល​សីហ​សេនា​បតី នេះ​ជា​ផល​ទាន​កើត​មាន​ក្នុង​បច្ចុប្បន្ន​ ១ ។

បុន ច បរំ សីហ ទាយកំ ទានបតី  សន្ដោ សប្បុរិសា ភជន្តិ ។ល។ ឥទម្បិ សីហ សន្ទិដ្ឋិកំ ទានផលំ ។ ម្នាល​សីហ​សេនា​បតី មួយ​វិញ​ទៀត ពួក​សប្បុរស​ដែល​មាន​ចិត្ត​ស្ងប់​រម្ងាប់ រមែង​សេពគប់​នូវ​បុគ្គល​ជា​អ្នក​ឱ្យ ជា​ម្ចាស់​នៃ​ទាន ម្នាល​សីហ​សេនា​បតី នេះ​ជា​ផល​ទាន​កើត​មាន​ក្នុង​បច្ចុប្បន្ន ​១ ។

បុន ច បរំ សីហ ទាយកស្ស ទានបតិនោ កល្យាណោ កិត្តិសទ្ទោ  អព្ភុគ្គច្ឆតិ ។ល។ ឥទម្បិ សីហ សន្ទិដ្ឋិកំ ទានផលំ ។ ម្នាល​សីហ​សេនា​បតី មួយ​វិញ​ទៀត កិត្តិសព្ទ​ដែល​ល្អ​របស់​បុគ្គល​ដែល​ជា​អ្នក​ឱ្យ ជា​ម្ចាស់​នៃ​ទាន រមែង​ផ្សាយ​ទៅ​សព្វ​ទិស ម្នាល​សីហ​សេនា​បតី នេះ​ជា​ផល​ទាន​កើត​មាន​ក្នុង​បច្ចុប្បន្ន​ ១ ។

បុន ច បរំ សីហ ទាយកោ ទានបតិ យញ្ញទេវ បរិសំឧបសង្កមតិ យទិ ខត្តិយបរិសំ យទិ ព្រាហ្មណបរិសំ យទិ គហបតិបរិសំ យទិ សមណបរិសំ វិសារទោ ឧបសង្កមតិ អមង្កុភូតោ។ល។ ឥទម្បិ សីហ សន្ទិដ្ឋិកំ ទានផលំ ។ ម្នាល​សីហ​សេនា​បតី មួយ​វិញ​ទៀត បុគ្គល​ជា​អ្នក​ឱ្យ ជា​ម្ចាស់​នៃ​ទាន ទោះ​បី​ចូល​ទៅ​កាន់​បរិសទ្យ​ឯ​ណា​ៗ គឺ​ខត្តិយ បរិសទ្យ​ក្ដី ព្រាហ្មណ​បរិសទ្យ​ក្ដី គហបតិ​បរិសទ្យ​ក្ដី សមណ​បរិសទ្យ​ក្ដី រមែង​ជា​អ្នក​ក្លៀវក្លា ឥត​កោត​ញញើត មាន​មុខ​មិន​ឱន​ចុះ ម្នាល​សីហ​សេនា​បតី នេះ​ជា​ផល​ទាន​កើត​មាន​ក្នុង​បច្ចុប្បន្ន ​១ ។

បុន ច បរំ សីហ ទាយកោ ទាន​បតិ កាយស្ស ភេទា បរម្មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជតិ ។ល។ ឥទំសីហ សម្បរាយិកំ ទានផលំ ។ ម្នាល​សីហ​សេនា​បតី បុគ្គល​ជា​អ្នក​ឱ្យ ជា​ម្ចាស់​នៃ​ទាន កាល​បើ​មាន​កាយ​បែក​ធ្លាយ​ទៅ​ហើយ ខាង​មុខ​អំពី​សេចក្ដី​ស្លាប់ ក៏​រមែង​ចូល​ទៅ​កាន់​លោក គឺ​ស្ថាន​សួគ៌​ជា​សុគតិ ម្នាល​សីហ​សេនា​បតី នេះ​ជា​ផល​ទាន​កើត​មាន​ក្នុង​បរលោក​​ ១ ។

មួយ​វិញ​ទៀត ទាន​មាន​២​ប្រការ គឺ​អាមិសទាន​ ១ ធម្មទាន​ ១ សម​ដោយ​ភាសិត​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​សម្ដែង​ទុក​មក មាន​នៅ​ក្នុង​គម្ពីរ​អង្គុត្តរ​និកាយ ទុក​និបាត​ថា​ទ្វេមានិ ភិក្ខវេ ទានានិ កតមានិ ទ្វេ អាមិសទានញ្ច ធម្មទានញ្ច ។ ឯតទគ្គំ ភិក្ខវេ ឥមេសំ ទ្វិន្នំ ទានានំ យទិទំ ធម្មទានំ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទាន​មាន​២​ប្រការ ឯ​ទាន​២​ប្រការ​នោះ​តើ​ដូម្ដេច ទាន​២​ប្រការ​នោះ​គឺ អាមិសទាន​ ១ ធម្មទាន ​១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ដា​ទាន​ទាំង​២​ប្រការ​នេះ ចំណែក​ធម្មទាន​ប្រសើរ​ជាង​អាមិស​ទាន ។

ឯ​អាមិស​ទាន គឺ​ចេតនា​ជា​គ្រឿង​លះបង់​នូវ​អាមិស​វត្ថុ បាន​ដល់​បច្ច័យ​ទាំង​៤ គឺ​ចីវរប្បច្ច័យ​ ១ បិណ្ឌបាតប្បច្ច័យ​ ១ សេនាសនប្បច្ច័យ ​១ គិលាន​ភេសជ្ជប្បច្ច័យ​ ១ ដ៏​សមគួរ​តាម​ពុទ្ធានុញ្ញាត ។

បុគ្គល​ដែល​ប្រកប​ដោយ​សទ្ធា បាន​ធ្វើ​ទាន​ដោយ​បច្ច័យ​ទាំង​៤​នោះ រមែង​បាន​អានិសង្ស​ផ្សេង​ៗ រមែង​បាន​ប្រយោជន៍​និង​សេចក្ដី​សុខ​ជា​ច្រើន ដូច​មាន​វត្ថុ​និទាន​ថា ៖

អតីតេ ពារាណសិវាសី ឯកោ កុដុម្ពិកោ ក្នុង​កាល​ដ៏ កន្លង​ទៅ​ហើយ មាន​កុដុម្ពី​មួយ​នាក់ នៅ​ក្នុង​នគរ​ពារាណសី មាន​កាល​មួយ​ថ្ងៃ​ត្រាច់​ដើរ​ទៅ​ក្នុង​ព្រៃ បាន​ចួប​នឹង​ព្រះ​បច្ចេក​ពុទ្ធ​១​អង្គ កំពុង​ដេរ​ចីវរ នៅ​ខ្វះ​សំពត់​មិន​ទាន់​គ្រប់គ្រាន់​ត្រង់​អនុវាត​បណ្ដោយ ។

ឯ​កុដុម្ពី​នោះ ក៏​មាន​ចិត្ត​ជ្រះ​ថ្លា ហើយ​យក​សំពត់​សម្រាប់​បង់​ក​របស់​ខ្លួន ប្រគេន​ទៅ​ព្រះ​បច្ចេក​ពុទ្ធ ។ ដោយ​អានុភាព​នៃ​បុញ្ញកម្ម​នោះ បុរស​នោះ​ក៏​បាន​ទៅ​កើត​ក្នុង​ស្ថាន​តាវត្តិង្ស​ទេវលោក​បាន​សោយ​ទិព្វ​សម្បត្តិ​ជា​យូរ​អង្វែង លុះ​ច្យុត​អំពី​ទេវលោក​នោះ​មក ក៏​បាន​មក​កើត​ក្នុង​ត្រកូល​អាមាត្យ នៅ​ក្នុង​ទី​ចម្ងាយ​១​យោជន៍​អំពី​នគរ​ពារាណសី បុរស​នោះ​ក៏​មាន​វ័យ​វឌ្ឍនា​ការ​ចម្រើន​ធំ​ឡើង មាន​កាល​មួយ​ថ្ងៃ ជា​ថ្ងៃ​លេង​នក្ខត្តឫក្ស បុរស​នោះ​និយាយ​នឹង​មាតា​របស់​ខ្លួន​ថា បពិត្រ​អ្នក​ម៉ែ ​ចូរ​ឱ្យ​សំពត់​១​មក​ខ្ញុំ ​ៗ នឹង​ទៅ​លេង​នក្ខត្តឫក្ស​នឹង​គេ មាតា​នោះ​ក៏​ឱ្យ​សំពត់​ស្អាត​មួយ​ទៅ បុរស​នោះ​និយាយ​ថា​សំពត់​នេះ​មាន​សាច់​គ្រោតគ្រាត​ណាស់​ខ្ញុំ​មិន​យក​ទេ មាតា​ក៏​ឱ្យ​សំពត់​ដទៃ​ទៀត​បុរស​នោះ​ក៏​មិន​ព្រម​យក​សំពត់​នោះ​ទៀត ។ មាតា​ក៏​និយាយ​ថា ក្នុង​ផ្ទះ​យើង​មិន​មាន​សំពត់​ឯ​ណា​ល្អ​ជាង​សំពត់​នេះ​ទៀត​ទេ ។ បុរស​នោះ​និយាយ​ថា បើ​ដូច្នោះ​ខ្ញុំ​ទៅ​ស្វែង​រក​សំពត់​គួរ​ជា​ទី​គាប់​ចិត្ត​ឱ្យ​បាន ។ មាតា​និយាយ​ថា ម្នាល​កូន​ ម្ដាយ​មិន​ស្អប់​កូន​ទេ សព្វ​ថ្ងៃ​នេះ​ម្ដាយ​មាន​ចិត្ត​ចង់​ឱ្យ​កូន​ឯង​បាន​សោយរាជ្យ​ក្នុង​នគរ​ពារាណសី​នេះ​ផង ។ បុរស​នោះ​ក៏​ថ្វាយ​បង្គំ​មាតា​ដើរ​ចេញ​ទៅ ហេតុ​តែ​មាន​កុសល​រាសី​អំពី​បុព្វ​ជាតិ ក៏​ត្រូវ​មាន​កំណត់​បុណ្យ​មក​ដាស់តឿន បុរស​នោះ​ដើរ​ចូល​ទៅ​កាន់​នគរ​ពារាណសី ក៏​ចូល​ទៅ​ដេក​ទទូរ​លើ​ផែន​ថ្ម​មង្គល​សិលា​ក្នុង​សួន​ឱទ្យាន ។ កាល​នោះ ជា​ថ្ងៃ​ដែល​ព្រះ​រាជា​ក្នុង​នគរ​ពារាណសី ទ្រង់​សោយ​ព្រះ​ទីវង្គត​ទៅ​បាន​៧​ថ្ងៃ​ហើយ ។ ពួក​ជន​មាន​អមាត្យ​ជា​ដើម នាំ​គ្នា​ធ្វើ​សរីរកិច្ច​ដល់​ព្រះ​រាជា​ជា​ស្រេច ក៏​ប្រឹក្សា​គ្នា​ថា ឥឡូវ​ព្រះ​រាជា​មាន​តែ​ព្រះ​រាជ​ធីតា​១ ឯ​ព្រះ​រាជ​បុត្រ​ពុំ​មាន​ឡើយ ធម្មតា​ស្រុក​នគរ​បើ​ឥត​មាន​ស្ដេច នឹង​មិន​បាន​ស្ថិតស្ថេរ​នៅ​ឡើយ គឺ​ថា​នឹង​វិនាស​ទៅ​ជា​ប្រាកដ ហើយ​ក៏​រៀប​ចំ​បុស្សរថ ទឹម​សេះ​សិន្ធ​ព​៤ មាន​សម្បុរស​ដូច​ផ្កា​កុមុទ ហើយ​យក​រាជ​កកុធភណ្ឌទាំង​៥​ប្រការ តម្កល់​ទុក​លើ​រថ ហើយ​ក៏​លែង​បុស្ស​រថ​ទៅ ។ ចំណែក​បុស្ស​រថ​ក៏​ចេញ​ទៅ​តាម​ទ្វារ​ខាង​កើត ហើយ​ចូល​ទៅ​កាន់​សួន​ឱទ្យាន ហើយ​ប្រទក្សិណ​កុមារ​ដែល​ដេក​ក្នុង​ទី​នោះ ហើយ​ឈប់​នៅ​ស្ងៀម​បម្រុង​ប្រុង​ប្រៀប​នឹង​ឱ្យ​កុមារ​ឡើង​ជិះ ។

ចំណែក​បុរោហិត​ក៏​បើក​ជាយ​សំពត់​ដណ្ដប់​ឡើង ហើយ​រមិល​មើល​ផ្ទៃ​ជើង​សព្វ​គ្រប់ ហើយ​ទាយ​ថា​បុរស​នេះ​គួរ​នឹង​សោយរាជ្យ​បាន ហើយ​ក៏​ប្រគំ​តូរ្យតន្រ្តី​អស់​វារៈ​៣​ដង ។ លំដាប់​នោះ កុមារ​បើក​មុខ​ឡើង​សួរ​ថា អ្នក​ទាំង​ឡាយ​នាំ​គ្នា​មក​រក​អ្វី ជន​ទាំង​ឡាយ​តប​ថា បពិត្រ​ព្រះ​សម្មតិទេព ឥឡូវ​រាជ​សម្បត្តិ​ធ្លាក់​លើ​ព្រះ​អង្គ​ហើយ ។ កុមារ​សួរ​ថា ចុះ​ព្រះ​រាជា​របស់​អ្នក​ទាំង​ឡាយ​ទៅ​ឯ​ណា ។ ព្រះ​រាជា​របស់​យើង​ខ្ញុំ​ទាំង​ឡាយ ទ្រង់​សោយ​ព្រះ​ទិវង្គត​ទៅ​ហើយ ។ សោយ​ព្រះ​ទីវង្គត​ទៅ​ប៉ុន្មាន​ថ្ងៃ​ហើយ ។ មក​ដល់​ថ្ងៃ​នេះ​៧​ថ្ងៃ​ហើយ ។ ចុះ​ព្រះ​រាជ​បុត្រី​ក្ដី ព្រះ​រាជ​ធីតា​ក្ដី មិន​មាន​ទេ​ឬ ។ មាន​តែ​ព្រះ​រាជ​ធីតា ព្រះ​រាជ​បុត្រ​ពុំ​មាន​ទេ ។ កុមារ​ឆ្លើយ​ថា បើ​ដូច្នោះ​យើង​នឹង​សោយរាជ្យ​ចុះ ។ ជន​ទាំង​នោះ ក៏​ធ្វើ​មណ្ឌប​សម្រាប់​អភិសេក​មួយ​រំពេច ហើយ​ក៏​រៀប​ចំ​អភិសេក​ក្នុង​មណ្ឌប​នោះ នាំ​យក​សំពត់​មាន​តម្លៃ​១​ពាន់កហាបណៈ​ទៅ​ថ្វាយ ។ ព្រះ​រាជា​នោះ​មាន​ព្រះ​បន្ទូល​ថា សំពត់​នេះ ជា​សំពត់​មាន​សាច់​គ្រោតគ្រាត​ណាស់ យើង​មិន​ត្រូវ​ការ​ទេ អ្នក​ទាំង​ឡាយ​ចូរ​យក​កុណ្ឌី​មាស​មក យើង​មុខ​ជា​នឹង​បាន​សំពត់​ល្អ ហើយ​ក៏​ក្រោក​ឡើង​យក​ព្រះ​ហស្ត​កាន់​ទឹក​បាច​សាច​ទៅ​ក្នុង​ទិស​ខាង​កើត ។ ដើម​កល្បព្រឹក្ស​៨ដើម​ក៏​ទម្លាយ​ផែន​ដី​តាន់​ផុស​ឡើង​ភ្លាម ។ ទិស​ខាង​ត្បូង​ក្ដី ខាង​លិច​ក្ដី ខាង​ជើង​ក្ដី មាន​ដើម​កល្បព្រឹក្ស​៨​ដើម​ៗ ផុស​ឡើង​ដូច​គ្នា ។ មាន​ដើម​កល្បព្រឹក្ស​៣២​ដើម ផុស​ឡើង​ដោយ​ប្រការ​ដូច្នេះ ។ សំពត់​ក៏​កើត​ឡើង​បរិបូណ៌ ក្នុង​ដើម​កល្បព្រឹក្ស​ទាំង​អម្បាល​នោះ ។ ព្រះ​រាជា​នោះ​ក៏​ទ្រង់​ស្លៀក​សំពត់​ទិព្វ ​១ ដណ្ដប់​សំពត់​ទិព្វ ​១ ហើយ​ទ្រង់​ឱ្យ​ទូង​ស្គរ​ភេរី​ប្រកាស​ប្រាប់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ដែន​ថា ពួក​ស្រ្តី​ក្នុង​ដែន​ព្រះ​បាទ​នន្ទរាជ កុំ​បាច់​រវៃ​សូត្រ​អំបោះ​ឡើយ ហើយ​ទ្រង់​ឱ្យ​លើក​ឆត្រ​ឡើង ទ្រង់​គង់​លើក​ដំរី​ដ៏​ប្រសើរ យាង​ចូល​ទៅ​កាន់​ព្រះ​នគរ ទ្រង់​ឡើង​កាន់​ប្រាសាទ​សោយ​សម្បត្តិ​ដ៏​ថ្កុំថ្កើង ទ្រង់​រៀប​ចំ​ដែន​ទាំង​មូល​ឱ្យ​ស្អាត​ល្អ​ប្រហែល​នឹង​ឧត្ដរកុរុទ្វីប ទ្រង់​ព្រះ​រាជ​ទាន​សំពត់​ទិព្វ​ដល់​ពួក​មនុស្ស ដែល​មក​ទាំង​អម្បាលម៉ាន លុះ​កាល​ជា​ចំណែក​ខាង​ក្រោយ​មក ទ្រង់​មាន​សេចក្ដី​នឿយណាយ​ក្នុង​ឃរាវាស ហើយ​ទ្រង់​ព្រះ​ផ្នួស​ជា​មួយ​នឹង​នាង​ទេវី​ជា​អគ្គ​មហេសី ទ្រង់​គង់​នៅ​ក្នុង​សួន​ឱទ្យាន ក៏​បាន​ឈាន​សមាបត្តិ មាន​សភាព​ជា​បុគ្គល​មិន​បានសាប​សូន្យ​ចាក​ឈាន លុះ​អស់​ព្រះ​ជន្មាយុ​ទៅ ក៏​បាន​ទៅ​កើត​ក្នុង​ព្រហ្ម​លោក​នាយ ។ ព្រះ​បាទ​នន្ទរាជ​នោះ គឺ​ព្រះ​មហាកស្សបត្ថេរ ក្នុង​កាល​ឥឡូវ​នេះ ។ ចំណែក​ខាង​នាង​ទេវី គឺ​នាងភទ្ទាកាបិលានី ជា​ភរិយា​ព្រះ​ថេរ ក្នុង​កាល​នៅ​ជា​គ្រហស្ថ ។

រឿង​ព្រះ​បាទ​នន្ទរាជ​នេះ មាន​មក​ក្នុង​អដ្ឋកថា សំសារមោចក បេតវត្ថុ ។

សម្ដែង​រឿង​នេះ ដើម្បី​ញ៉ាំង​សាធុជន​ឱ្យ​ជ្រាប ក្នុង​អានិសង្ស​ចីវរ​ទាន ដែល​បុគ្គល​បាន​ធ្វើ​ដល់​ព្រះ​អរិយ​បុគ្គល​ជា​បុញ្ញក្ខេត្ត​ដ៏​វិសេស ។

មាន​រឿង​មួយ​ទៀត​ថា ក្នុង​នគរ​សាវត្ថី មាន​ធីតា​នៃ​នាយ​មាលាការ​ម្នាក់ ជា​ស្រី​មាន​រូប​ល្អ មាន​បញ្ញា​ច្រើន មាន​អាយុ​១៦​ឆ្នាំ ។ មាន​កាល​មួយ​ថ្ងៃ នាង​ធីតា​នោះ​យក​នំ​៣​ដុំ​ដាក់​ក្នុង​ច្រែង​ដែល​សម្រាប់​ដាក់​ផ្កា ដើរ​ទៅ​កាន់​ច្បារ​ផ្កា នាង​ក៏​បាន​ឃើញ​ព្រះ​សាស្ដា​ព្រម​ទាំង​ព្រះភិក្ខុ​សង្ឃ កំពុង​និមន្ត​ចូល​ទៅ​កាន់​នគរ​ដើម្បី​បិណ្ឌបាត នាង​ក៏​មាន​ចិត្ត​ត្រេកអរ យក​នំ​ទៅ​ដាក់​ក្នុង​បាត​ព្រះ​សាស្ដា រួច​ហើយ​ថ្វាយ​បង្គំ ញ៉ាំង​បីតិ​មាន​ព្រះ​ពុទ្ធ​ជា​អារម្មណ៍ ឱ្យ​កើត​ឡើង​ហើយ​ឈរ​នៅ​ក្នុង​ទី​ដ៏​សមគួរ ។ ព្រះ​សាស្ដា​ទ្រង់​រមិល​មើល​នាង​ធីតា​នោះ ទ្រង់​ធ្វើ​ព្រះ​ភក្រ្ត​ញញឹម ព្រះ​អានន្ទត្ថេរ​ក្រាប​ទូល​សួរ​អំពី​ហេតុ​ដែល​ទ្រង់​ញញឹម ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា ម្នាល​អានន្ទ នាង​កុមារិកា​នេះ​នឹង​បាន​ជា​អគ្គ​មហេសី នៃ​ព្រះ​បាទ​កោសល​រាជ​ក្នុង​ថ្ងៃ​នេះ ដោយ​អំណាច​ផល​ទាន​នំ​នេះ​មិន​ខាន​ឡើយ ហើយ​ទ្រង់​យាង​ចៀស​ចេញ​ទៅ ។ ក៏​ឯ​នាង​ធីតា​នោះ​ដើរ​ចូល​ទៅ​កាន់​ច្បារ​ផ្កា ស្រែក​ច្រៀង​បណ្ដើរ បេះ​ផ្កា​បណ្ដើរ ។ ចួន​ជា​ក្នុង​ថ្ងៃ​នោះ​ឯង ព្រះ​បាទ​កោសលរាជ ទ្រង់​ច្បាំង​គ្នា​នឹង​ព្រះ​បាទ​អជាតសត្តុរាជ ចាញ់​ទ័ព​ព្រះ​បាទ​អជាតសត្តុរាជ ក៏​រត់​ចេញ​មក​ ទ្រង់​គង់​លើ​ព្រះ​ទីន័ង​សេះ​បរ​មក បាន​ឮ​សំឡេង​នាង​ធីតា​នោះ​ច្រៀង ក៏​មាន​ព្រះ​រាជហឫទ័យ​ប្រតិពទ្ធ ទ្រង់​យាង​ចូល​ទៅ​ក្នុង​ច្បារ​ផ្កា ទ្រង់​ជ្រាប​ថា​នាង​នោះ​មិន​ទាន់​មាន​ប្ដី ហើយ​ទ្រង់​ឱ្យ​នាង​នោះ​ឡើង​ជិះ​លើ​ខ្នង​សេះ មាន​ពួក​ពល​ចោមរោម​ជា​បរិវារ ហែហម​ចូល​ទៅ​កាន់​ព្រះ​នគរ ទើប​ទ្រង់​បញ្ជូន​នាង​នោះ​ឱ្យ​ត្រឡប់​ទៅ​កាន់​ផ្ទះ​នៃ​ត្រកូល​របស់​ខ្លួន​វិញ ។ វេលា​ថ្ងៃ​រសៀល​ទ្រង់​ឱ្យ​ហែហម​នាំ​យក​អំពី​ត្រកូល​នោះ​មក​វិញ ដោយ​គ្រឿង​សក្ការៈដ៏​ថ្កុំថ្កើង ហើយ​ទ្រង់​អភិសេក​លើ​គំនរ​កែវ តាំង​ជា​មហេសី​ធំ​ក្នុង​ព្រះ​នគរ ។ ឯ​មហេសី​នោះ​ជា​ទី​ស្រឡាញ់​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ​រាជា​ ជា​ស្រ្តីស្និទ្ធ​ស្នាល​នឹង​ព្រះ​រត្នត្រ័យ មាន​ព្រះ​ពុទ្ធ​ជា​ដើម មាន​នាម​ប្រាកដ​ថា មល្លិកា​ទេវី ។ រឿង​មល្លិកា​ទេវី​នេះ មាន​ក្នុង​អដ្ឋកថាកុម្មាស បិណ្ឌិយជាតក ក្នុង​សត្តកនិបាត ។ សម្ដែង​រឿង​នេះ​ដើម្បី​ញ៉ាំង​សាធុជន​ឱ្យ​ជ្រាប​ក្នុង​បិណ្ឌបាត​ទាន ដែល​បុគ្គល​បាន​ធ្វើ​ដល់​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ជា​មហន្តអតុលខេត្ត ។

មាន​រឿង​មួយ​ទៀត​ថា តេន ច សមយេន ធរមានក កស្សបពុទ្ធស្ស សាសនេ ឯកោ ថេរោ អរញ្ញវាសំ វសតិ ។ សម័យ​នោះ​ក្នុង​សាសនា ព្រះ​ពុទ្ធ​ទ្រង់​ព្រះ​នាម កស្សប ទ្រង់​មាន​ព្រះ​ជន្មាយុ​គង់​នៅ​ឡើយ មាន​ព្រះ​ថេរ​១​អង្គ​គង់​នៅ​ក្នុង​ព្រៃ​ជា​វត្ត ។ ព្រះ​បរម​ពោធិសត្វ​កើត​ក្នុង​ត្រកូល​គហបតី ថ្ងៃ​មួយ ព្រះ​បរម​ពោធិសត្វ​ចូល​ទៅ​កាន់​ព្រៃ​ដោយ​ការងារ​របស់​ខ្លួន បាន​ឃើញ​ព្រះ​ថេរ​នោះ​ក៏​ចូល​ទៅ​ជិត​ថ្វាយ​បង្គំ ហើយ​រមិល​មើល​ទី​កន្លែង​ដែល​ព្រះ​ថេរ​អង្គុយនិង​ចង្រ្កម​ជា​ដើម ហើយ​ទូល​សួរ​ព្រះ​ថេរ​ថា លោក​ម្ចាស់​មក​គង់​ក្នុង​ទី​នេះ​ឬ​អ្វី ។ ព្រះ​ថេរ​ឆ្លើយ​ថា អើ ឧបាសក អាត្មា​មក​នៅ​ក្នុង​ទី​នេះ ។ ព្រះ​បរម​ពោធិសត្វ​គិត​ពិចារណា​ថា បើ​អាត្មា​អញ​ធ្វើ​បណ្ណ​សាលា​ប្រគេន​លោក​ម្ចាស់​ក្នុង​ទី​នេះ យល់​ជា​ការ​គួរ​ប្រពៃ​ណាស់ លុះ​គិត​ដូច្នោះ​ហើយ ក៏​លះ​បង់​ការងារ​របស់​ខ្លួន​ចោល​ចេញ ចាត់​ចែង​គ្រឿង​ទព្វ​សម្ភារ​សាង​ជា​បណ្ណ​សាលា​មួយ​ប្រក់​ហើយ​ស្រេច យក​ដី​ស្អិត​មក​លាប​បូក​ជញ្ជាំង ហើយ​ធ្វើ​ឱ្យ​មាន​ទ្វារ​បើក​បិទ​ចេញ​ចូល ក្រាល​ដោយ​រនាប​ឈើ ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ដោយ​សេចក្ដី​ត្រិះរិះ​ថា លោក​ម្ចាស់​នឹង​ប្រើប្រាស់​បណ្ណ​សាលា​នេះឬ​ក៏​មិន​ប្រើប្រាស់​ទេ ។ គ្រា​នោះ​ព្រះ​ថេរ​លោក​ក៏​និមន្ត​មក​អំពី​ខាង​ក្នុង​នៃ​ស្រុក ហើយ​ចូល​ទៅ​កាន់​បណ្ណ​សាលា​គង់​នៅ​លើ​រនាប​ឈើ ។ ឯ​ឧបាសក​គឺ​ពោធិសត្វ ក៏​មក​ថ្វាយ​បង្គំ​ហើយ​អង្គុយ​ជិត​ព្រះ​ថេរៈ ទូល​សួរ​ថាលោក​ម្ចាស់ បណ្ណ​សាលា​នេះ​សប្បាយ​ឬ​ទេ ។ ព្រះ​ថេរៈ​ឆ្លើយ​ថា ម្នាល​អ្នក​មាន​មុខ​ស្រស់បស់ បណ្ណ​សាលា​នេះ​សប្បាយ​ណាស់ ហើយ​សមគួរ​ដល់​អ្នក​បួស​ផង ។ ឧបាសក​ទូល​សួរ​ថា លោក​ម្ចាស់​មុខ​ជា​នឹង​គង់​នៅ​ក្នុង​ទី​នេះ​ឬ​អ្វី ។ ព្រះ​ថេរ​ឆ្លើយ​ថា អើ​ឧបាសក មើល​ទៅ​អាត្មា​ប្រហែល​ជា​នៅ​ក្នុង​ទី​នេះ​ហើយ ។ ឧបាសក​នោះ​ដឹង​ច្បាស់​ថា​ព្រះ​ថេរៈ​ទទួល​និមន្ត​ហើយ ក៏​និយាយ​ប្ដេជ្ញា​នឹ​ង​ព្រះ​ថេរៈថា សូម​លោក​ម្ចាស់​និមន្ត​ទៅ​កាន់​ទ្វារ​ផ្ទះ​ខ្ញុំ​ជានិច្ច ហើយ​សូម​ពរ​អំពី​ព្រះ​ថេរៈ​ថា សូម​លោក​ម្ចាស់​ប្រទាន​ពរ​មួយ​​ដល់​ខ្ញុំ ។ ម្នាល​ឧបាសក ធម្មតា​អ្នក​បួស​មាន​ពរ​កន្លង​អស់​ហើយ គឺ​ថា​ឥត​មាន​ពរ​អ្វី​ឡើយ ។ បពិត្រ​លោក​ម្ចាស់ ពរ​ណា​ដែល​គួរ ពរ​ណា​ដែល​ឥត​ទោស ខ្ញុំ​សូម​ពរ​នោះ​ឯង ។ ម្នាល​ឧបាសក អ្នក​ចូរ​និយាយ​ចុះ ។ បពិត្រ​លោក​ម្ចាស់ មនុស្ស​ទាំង​ឡាយ​រមែង​ប្រាថ្នា​ចង់​ឱ្យ​លោក​ម្ចាស់​និមន្ត​ទៅ​ក្នុង​ទី​លំនៅ​របស់​ខ្លួន ក្នុង​កិច្ច​ជា​មង្គល​ក្ដី មិន​មែន​ជា​មង្គល​ក្ដី កាល​បើ​លោក​ម្ចាស់​មិន​និមន្ត​ទៅ​គេ​ក៏​ខឹង ព្រោះ​ហេតុ​នោះ​បើ​ទុក​ជា​លោក​ម្ចាស់​ទៅ​កាន់​ទី​ដែល​គេ​និមន្ត​ដទៃ ក៏​សូម​និមន្ត​ទៅ​កាន់​ផ្ទះ​ខ្ញុំ សម្រេច​ភត្តកិច្ច​ក្នុង​ផ្ទះ​ខ្ញុំ​កុំ​ខាន  ព្រះ​ថេរៈ​ក៏​ទទួល​និមន្ត​ស្រេច ។ ទើប​ឧបាសក​នោះ យក​កន្ទេល​ផែង​ទៅ​ក្រាល យក​គ្រែ​តាំង​ទៅ​រៀប​ចំ​ក្នុង​សាលា ហើយ​ដាក់​ភ្នាក់​ដៃ តម្កល់​ទុក​ក្បឿង​សម្រាប់​ជូត​ជើង ជីក​ស្រះ​បោក្ខរណី​១ ធ្វើ​ទី​ចង្រ្កម​ ១ យក​ដី​ខ្សាច់​ទៅ​រោយ​រាយ​ក្នុង​ទី​នោះ កាល​បើ​ឃើញ​ពួក​សត្វ​ម្រឹគ​មក​ត្រដុស​ជញ្ជាំង​ធ្វើ​ដី​ស្អិត​ឱ្យ​ធ្លាក់​ចុះ ក៏​យក​ឈើ​មាន​បន្លា​មក​ធ្វើ​ជា​របង​ពទ្ធ​ជុំវិញ កាល​បើ​ឃើញ​ពួក​សត្វ​ម្រឹគ​ចុះ​ទៅ​ក្នុង​ស្រះ​បោក្ខរណី ធ្វើ​ទឹក​ឱ្យ​ល្អក់​វឹក​វរ ក៏​យក​ថ្ម​ទៅ​រៀប​ក្នុង​ស្រះ យក​ឈើ​មាន​បន្លា​មក​ធ្វើ​ជា​របង​ពទ្ធ​អំពី​ខាង​ក្រៅ​ជុំវិញ ហើយ​ដាំ​ដើម​ត្នោត​ជា​ជួរ​រៀប​ខាង​ក្នុង​របង កាល​បើ​ឃើញ​ពួក​សត្វ​ម្រឹគ​ចូល​មក​ក្នុង​ទី​ចង្រ្កម ធ្វើ​ទី​កន្លែង​រលីង​ស្អាត​ឱ្យ​ខូច​ខាត​កែវ ក៏​ធ្វើ​របង​ពទ្ធ​ជុំវិញ​ទី​ចង្រ្កម ហើយ​ដាំ​ដើម​ត្នោត​ជា​ជួរ​រៀប​ខាង​ក្នុង​របង ឧបាសក​ញ៉ាំង​អាវាស​ទាន​ឱ្យ​សម្រេច​យ៉ាង​នេះ​ហើយ ក៏​ប្រគេន​ត្រៃ​ចីវរ​ចង្ហាន់​បិណ្ឌបាត ថ្នាំ​កែ​រោគ ភាជនៈ​សម្រាប់​ប្រើប្រាស់ ដែក​ស្វាន កាំបិត​តូច កាំបិត​សម្រាប់​កាត់​ក្រចក ម្ជុល ឈើ​ច្រត់ ស្បែក​ជើង លក្ក​ចាន់​សម្រាប់​ដាក់​ទឹក ឆត្រ អំបែង​ប្រទីប វត្ថុ​សម្រាប់​នាំ​បង់​នូវ​មន្ទិល​គឺ​ច្រែះ ក្អែល បាត្រ សៀន​ទឹក សំពត់​តម្រង ធម្មក្រក និង​ប្រគេន​បរិក្ខារ​ឯ​ទៀត​ៗ ដែល​ជា​គ្រឿង​ប្រើប្រាស់​របស់​អ្នក​បួស​ដល់​ព្រះ​ថេរៈ ។ បរិក្ខារ​អ្វី​ដែល​ពោធិសត្វ​មិន​បាន​ប្រគេន​ដល់​ព្រះ​ថេរៈ​នោះ​មិន​មាន​ឡើយ ។ ពោធិសត្វ​នោះ​ក៏​រក្សា​និច្ច​សីល ធ្វើ​ឧបោសថកម្ម​បម្រើ​ព្រះ​ថេរៈ​អស់​មួយជីវិត ។ ព្រះ​ថេរៈ​ក៏​បាន​សម្រេច​ព្រះ​អរហត្ត ហើយ​បរិនិព្វាន​ក្នុង​ទី​នោះ ។ ពោធិសត្វ​ខំ​សាង​សន្សំ​បុណ្យ​ដរាប​ដល់​អស់​អាយុ បាន​ទៅ​កើត​ក្នុង​ទេវលោក ច្យុត​អំពី​ទេវលោក​មក​កាន់​មនុស្ស​លោក​វិញ បាន​មក​កើត​ក្នុង​ក្រុង​កុសាវតី​រាជ​ធានី បាន​សោយ​រាជ្យ​ជា​ស្ដេច ទ្រង់​ព្រះ​នាម​ថា មហាសុទស្ស​ចក្រពត្តិ​នោះ​ហោង ។

អានិសង្ស​ដែល​កើត​អំពី​អាវាស​ទាន​ជា​ដើម ដែល​ពោធិសត្វ​បាន​ធ្វើ​មាន​សេចក្ដី​អស្ចារ្យ​ផ្សេង​ៗ ដូច​មាន​ក្នុង​មហាសុទស្សន​សូត្រ គម្ពីរ​ទីឃ​និកាយ​មហា​វគ្គ ។

សម្ដែង​រឿង​នេះ ដើម្បី​ញ៉ាំង​សាធុជន​ឱ្យ​ជ្រាប ក្នុង​សេនាសនទាន ដែល​បុគ្គល​បាន​ធ្វើ​ដល់​ភិក្ខុ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​មាន​សេចក្ដី​ប្រតិបត្តិ បែរ​មុខ​ទៅ​រក​មគ្គ-ផល ព្រះ​និព្វាន ។

មាន​រឿង​មួយ​ទៀត​ថា អតីតេ ពារាណសិយំ  ឯកោ មធុវាណិជោ អាបណេ មធុំ វិក្កិណិ ។  ក្នុង​កាល​ដ៏​កន្លង​ទៅ​ហើយ ក្នុង​នគរ​ពារាណសី មាន​នាយ​ឈ្មួញ​លក់​ទឹក​ឃ្មុំ​ម្នាក់ នៅ​លក់​ទឹក​ឃ្មុំ​ក្នុង​រាន​ផ្សារ ។ គ្រា​នោះ មាន​ព្រះ​បច្ចេក​ពុទ្ធ​មួយ​​អង្គ​កើត​រោគ​ដំបៅ ។ លំដាប់​នោះ មាន​ព្រះ​បច្ចេក​ពុទ្ធ​មួយ​​អង្គ​ទៀត ដើរ​ស្វែង​រក​សូម​ទឹក​ឃ្មុំ ដើម្បី​ជា​ថ្នាំ​ដល់​ព្រះ​បច្ចេក​ពុទ្ធ​នោះ លោក​ចុះ​អំពី​ភ្នំ​គន្ធមាទន៍​មក​កាន់​នគរ​ពារាណសី ។ មាន​នាង​កុម្ភ​ទាសី​ម្នាក់​កំពុង​ដើរ​ទៅ​កាន់​កំពង់​ស្ទឹង បាន​ឃើញ​ព្រះ​​បច្ចេក​ពុទ្ធ​នោះ ទូល​សួរ​តាម​ដំណើរ បាន​ឮ​សេចក្ដី​នោះ​សព្វ​គ្រប់​ហើយ ក៏​លា​ដៃ​ឡើង​ចង្អុល​បង្ហាញ​រាន​ផ្សារ​លក់​ទឹក​ឃ្មុំ និយាយ​ថា លោក​ម្ចាស់ នាយ​ឈ្មួញ​លក់​ទឹក​ឃ្មុំ​គេ​នៅ​ក្នុង​ទី​ឯណោះ សូម​លោក​ម្ចាស់​និមន្ត​ទៅ​ក្នុង​ទី​នោះ​ចុះ ហើយ​នាង​ក៏​គិត​ពិចារណា​ថា បើ​នាយ​ឈ្មួញ​គេ​មិន​ប្រគេន​ទឹក​ឃ្មុំ​ដល់​លោក​ម្ចាស់​ទេ អាត្មា​អញ​នឹង​ទៅ​ក្នុង​ទី​នោះ យក​ទឹក​ឃ្មុំ​ប្រគេន​លោក​ម្ចាស់​ឱ្យ​បាន ហើយ​ចាំ​ស្វែង​រក​ទ្រព្យ​ជា​តម្លៃ​ឱ្យ​គេ​ជា​ខាង​ក្រោយ​វិញ ហើយ​ក៏​ទៅ​ឈរ​ចាំ​ក្នុង​ទី​នោះ ។ ព្រះ​បច្ចេក​ពុទ្ធ​ក៏​និមន្ត​ទៅ​ក្នុង​ទី​នោះ​ឯង ។ នាយ​ឈ្មួញ​បាន​ឃើញ​ព្រះ​បច្ចេក​ពុទ្ធ​នោះ​ហើយ ក៏​មាន​ចិត្ត​ត្រេកអរ​ប្រគេន​ទឹក​ឃ្មុំ​ត្រា​តែ​ពេញ​បាត្រ លុះ​ឃើញ​ទឹក​ឃ្មុំ​ហូរហៀរ​កំពប់​អំពី​មាត់​បាត្រ​ធ្លាក់​មក​លើ​ផែន​ដី ក៏​រឹងរឹត​តែ​មាន​សេចក្ដី​ជ្រះ​ថ្លា​ឡើង តាំង​សេចក្ដី​ប្រាថ្នា​ថា បពិត្រ​លោក​ម្ចាស់ ដោយ​អំណាច​បុញ្ញកម្ម​នេះ ខ្ញុំ​ម្ចាស់​សូម​ឱ្យ​បាន​ជា​ស្ដេច​ឯករាជ​ក្នុង​ជម្ពូទ្វីប ម្យ៉ាង​ទៀត​ខ្ញុំ​ម្ចាស់​សូម​ឱ្យ​មាន​អំណាច​ផ្សាយ​ទៅ​ក្នុង​អាកាស​១​យោជន៍ ក្នុង​ផែន​ដី​១​យោជន៍ ។ ព្រះ​បច្ចេក​ពុទ្ធ​មាន​ព្រះ​ពុទ្ធ​ដីកា​ថា ម្នាល​ឧបាសក ​ផល​នៃ​សេចក្ដី​ប្រាថ្នា​របស់​អ្នក ចូរ​សម្រេច​យ៉ាង​នេះ​ចុះ ហើយ​ក៏​និមន្ត​ត្រឡប់​ទៅ​ភ្នំ​គន្ធមាទន៍​វិញ ។ ឯ​នាង​កុម្ភ​ទាសី​នោះ បាន​ឃើញ​ព្រះ​បច្ចេក​ពុទ្ធ​នោះ​ហើយ ទូល​សួរ​ថា​លោក​ម្ចាស់​បាន​ទឹក​ឃ្មុំ​ឬ​ទេ ។ ព្រះ​បច្ចេក​ពុទ្ធ​ប្រាប់​ថា អើ​នាង​អាត្មា​បាន​ទឹក​ឃ្មុំ​ហើយ នាយ​ឈ្មួញ​នោះ​គេ​ប្រគេន​ដល់​អាត្មា​ហើយ គេ​ប្រាថ្នា​ជា​ស្ដេច​ឯករាជ​ក្នុង​ជម្ពូទ្វីប ។ នាង​កុម្ភទាសី​នោះ លុះ​បាន​ឮ​ពាក្យ​នោះ​ហើយ ក៏​ប្រាថ្នា​ជា​អគ្គ​មហេសី​នៃ​ស្ដេច​នោះ ។ បណ្ដា​ជន​ទាំង​២​នោះ នាយ​ឈ្មួញ​លក់​ទឹក​ឃ្មុំ​បាន​ជា​អសោក​កុមារ ជា​ព្រះ​រាជ​បុត្រ​ច្បង​បង្អស់​នៃ​ព្រះ​រាជ​បុត្រ​ទាំង​១០១ របស់​ព្រះ​បាទ​ពិន្ទុសារ​រាជ ក្នុង​ក្រុង​បាដលិបុត្រ លុះ​អំណើះ​អត់​អំពី​ព្រះ​បិតា​ទៅ​ហើយ ក៏​សម្លាប់​​ប្អូន​ៗ​ទាំង​អស់​ចោល​ចេញ ទុក​តែ​តិស្ស​កុមារ​មួយ​​ដែល​មាន​មាតា​ជា​មួយ​គ្នា ហើយ​បាន​គ្រប់​គ្រង​រាជ​សម្បត្តិ ដោយ​ពុំ​ទាន់​បាន​អភិសេក​អស់​៤​ឆ្នាំ ទើប​បាន​រាជា​ភិសេក​ជា​ឯករាជ​ក្នុង​សកល​ជម្ពូទ្វីប ក្នុង​រវាង​ពុទ្ធ​សករាជ​២១៨ ឆ្នាំ គិត​អំពី​បរិនិព្វាន​នៃ​ព្រះ​បរម​សាស្ដា​មក ។ រាជ​ឫទ្ធិ​ទាំង​អម្បាល​នេះ​ក៏​មក​ដល់​ព្រះ​រាជា​នោះ ដោយ​អានុភាព​នៃ​អភិសេក ។ សេចក្ដី​ថា​រាជ​ឫទ្ធិ​ទាំង​ឡាយ​ដែល​ស្ដេច​ត្រូវ​បាន​ដោយ​អានុភាព​នៃ​បុណ្យ រមែង​មក​ដោយ​អានុភាព​នៃ​អភិសេក ដែល​សម្រេច​មក​អំពី​បយោគ​សម្បត្តិ ប្រៀប​ដូច​គុណ​វិសេស​ទាំង​ឡាយ​មាន​បដិ​សម្ភិទា​ជា​ដើម រមែង​មក​ជា​មួយ​នឹង​អរហត្ត​មគ្គ ។ គឺ​អំណាច​ប្រព្រឹត្ត​ទៅ​បាន​១​យោជន៍​ក្នុង​ផែន​ដី ១​យោជន៍​ក្នុង​អាកាស ។ ពួក​ទេវតា​នាំ​យក​ទឹក​១៦​ក្អម​អំពី​អនោតត្ត​ស្រះ​មក​ថ្វាយ​សព្វ​ៗ​ថ្ងៃ នាំ​យក​ឈើ​ស្ទន់​ជា​វិការ​នៃ​វល្លិ​ម្លូ​ព្រៃ ដែល​ទន់​ស្និទ្ធ​មាន​រស​ល្អ និង​ផ្លែ​ស្រម៉​ជា​ថ្នាំ ផ្លែ​កន្ទួត​ព្រៃ​ជា​ថ្នាំ ​និង​ផ្លែ​ស្វាយ​ទុំ​មាន​សម្បុរស​ដូច​មាស បរិបូណ៌​ដោយ​ក្លិន​និង​រស​ អំពី​ព្រៃ​ហិមពាន្ត​មក​ថ្វាយ​សព្វ​ៗ​ថ្ងៃ ។ មួយ​វិញ​ទៀត ពួក​ទេវតា​នាំ​យក​សំពត់​សម្រាប់​ស្លៀក សម្រាប់​ដណ្ដប់​មាន​ពណ៌​៥ និង​សំពត់​មាន​ពណ៌​លឿង និង​សំពត់​សម្រាប់​ជូត​ដៃ នឹង​ទឹក​ទិព្វ​អំពី​វិមាន​ទេវតា  ដែល​តាំង​នៅ​ទៀប​ឆទ្ទន្ត​ស្រះ​មក​ថ្វាយ​សព្វ​ៗ​ថ្ងៃ ។ ពួក​នាគ​រាជ​នាំ​យក​គ្រឿង​ក្រអូប​សម្រាប់​ងូត គ្រឿង​ក្រអូប​សម្រាប់​លាប និង​សំពត់​ផ្កា​ម្លិះ គេ​មិន​ត្បាញ​ដោយ​សូត្រ (២)  ដើម្បី​ជា​សំពត់​ដណ្ដប់ និង​ថ្នាំ​សម្រាប់​លាប​ភ្នែក​មាន​តម្លៃ​ច្រើន​អំពី​ពិភព​នាគ មក​ថ្វាយ​សព្វ​ៗ​ថ្ងៃ ពួក​សត្វ​សេក​នាំ​យក​ស្រូវ​សាលី​កើត​ឯង​ក្នុង​ឆទ្ទន្ត​ស្រះ​ចំនួន​៩​ពាន់​រទេះ (៣) មក​ថ្វាយ​សព្វ​ៗ​ថ្ងៃ  ។  ពួក​កណ្ដុរ​នាំ​គ្នា​បក​ស្រូវ​សាលី​ទាំង​នោះ​ធ្វើ​ជា​អង្ករ មិន​ឱ្យ​មាន​អង្កាម​និង​កុណ្ឌក ។ អង្ករ​នោះ​មិន​មាន​អង្ករ​បាក់​មួយ​​គ្រាប់​ឡើយ ។ ពួក​មេ​ឃ្មុំ​នាំ​គ្នា​មក​ធ្វើ​ទឹក​ឃ្មុំ​ក្នុង​ទី​ជិត​បង្កើយ ។ ពួក​ខ្លា​ឃ្មុំ​នាំ​គ្នា​ពុស​ឧស​ក្នុង​រោង​ជាង​ដែក ។ ពួក​សត្វ​ករវិក​នាំ​គ្នា​មក​ថ្ងួច​ហួច​យំ​ប្រគំ​ថ្វាយ​ព្រះ​រាជា ប្រៀប​ដូច​បុគ្គល​អ្នក​ធ្វើ​ពលីកម្ម​នៅ​ក្នុង​ដែន​ជា​ប្រក្រតី ។

នាយ​ឈ្មួញ​លក់​ទឹក​ឃ្មុំ​នោះ បាន​ជា​អសោក​ធម្មរាជ​ប្រកប​ដោយ​រាជ​ឫទ្ធិ​ទាំង​អម្បាល​នេះ ដោយ​អំណាច​ឱ្យ​ទាន​ទឹក​ឃ្មុំ​សម្រាប់​ជា​ភេសជ្ជ​ដោយ​ប្រការ​ដូច្នេះ។ ឯ​នាង​កុម្ភទាសី​នោះ បាន​ជា​អគ្គ​មហេសី​ទ្រង់​ព្រះ​នាម អសន្ធិមិត្តា របស់​ព្រះ​បាទ​អសោក​ធម្មរាជ​នោះ ។ បាន​ឮ​ថា​សន្លាក់​ដៃ – ជើង​របស់​នាង​អសន្ធិមិត្តា​នោះ​ស្មើ​រលីង​ស្អាត ឥត​មាន​ប្រាកដ​ដូច​ជន​ដទៃ​ឡើយ វៀរ​លែង​តែ​កាល​ដែល​នាង​បត់​ចូល​ ដោយ​អានិ​សង្ស​នៃ​បុញ្ញ​កិរិយា​វត្ថុ គឺ​សេចក្ដី​ខ្វល់ខ្វាយ​ចង្អុល​ប្រាប់​រាន​ផ្សារ​លក់​ទឹក​ឃ្មុំ​នោះ​ឯង ព្រោះ​ហេតុ​នោះ​បាន​ជា​គេ​ថ្វាយ​ព្រះ​នាម​ថា នាង​អសន្ធិមិត្តា ។

រឿង​អសោក​ធម្មរាជ​នេះ មាន​មក​ក្នុង​គម្ពីរ​ទាំង​ឡាយ​មាន​គម្ពីរ​មហា​វង្ស​ជា​ដើម ។ សម្ដែង​រឿង​នេះ ដើម្បី​ញ៉ាំង​សាធុជន​ឱ្យ​ជ្រាប​ក្នុង​គិលាន​ភេសជ្ជទាន ដែល​បុគ្គល​បាន​ធ្វើ​ដល់​ព្រះ​អរិយ​បុគ្គល ជា​បុញ្ញ​ក្ខេត្ត​ដ៏​វិសេស ។

ឯវំ ចតុបច្ចយទាយកោ សុខំ វិន្ទតំ តស្មា ទានំ សយម្បិ បវត្តេតព្វំ ។ បុគ្គល​អ្នក​ឱ្យ​បច្ច័យ​៤​រមែង​បាន​សេចក្ដី​សុខ​ដោយ​ប្រការ​ដូច្នេះ ព្រោះ​ហេតុ​នោះ អ្នក​មាន​ប្រាជ្ញា​គួរ​ញ៉ាំង​ទាន​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ខ្លួន​ឯង ។

ចប់​អាមិស​ទាន​ដោយ​សង្ខេប​តែ​ប៉ុណ្ណេះ ។

ឯ​ធម្មទាន គឺ​ការ​ឱ្យ​ទាន​ធម៌​ដល់​អ្នក​ដទៃ​បាន​សេចក្ដី​ថា បង្ហាត់​បង្រៀន​ធម៌​ដល់​អ្នក​ដទៃ សម្ដែង​ធម៌​ដល់​អ្នក​ដទៃ សម​តាម​ពាក្យ​អដ្ឋកថា​ចារ្យ​លោក​សម្ដែង ទុក​ក្នុង​អដ្ឋកថា​អង្គុត្តរ​និកាយ​ទុក​និបាត​ថា

ធម្មទានន្តិ ឥធេកច្ចោ អមតប្បត្តិប្បដិបទំ កថេត្វា ទេតិ ឥទំ ធម្មទានំ នាម បុគ្គល​ពួក​១​ក្នុង​លោក​នេះ សម្ដែង​សេចក្ដី​ប្រតិបត្តិ​ជា​គ្រឿង​ដល់​ព្រះ​និព្វាន​ឱ្យ​ដល់​អ្នក​ដទៃ នេះ​ហៅ​ថា​ធម្មទាន ។

ក្នុង​អដ្ឋកថា ឥតិវុត្តកថា បុគ្គល​ពួក​១​ក្នុង​លោក​នេះ ចែក​កុសល​កម្ម​បថនិង​អកុសល​កម្ម​បថ ដូច្នេះ​ថា << ធម៌​នេះ​ជា​កុសល ធម៌​នេះ​ជា​អកុសល ធម៌​នេះ​ប្រកប​ដោយ​ទោស ធម៌​នេះ​មិន​មាន​ទោស ធម៌​នេះ​អ្នក​ប្រាជ្ញ​តិះដៀល ធម៌​នេះ​អ្នក​ប្រាជ្ញ​សរសើរ ធម៌​នេះ​បើ​បុគ្គល​ធ្វើ​ឱ្យ​បរិបូណ៌​ហើយ សមាទាន​យក​ហើយ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​សាបសូន្យ ដើម្បី​សេចក្ដី​ទុក្ខ ធម៌​នេះ​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ហើយ​សម្ដែង​កម្ម​និង​ផល​នៃ​កម្ម​ឱ្យ​ប្រាកដ​ក្នុង​លោក​នេះនិង​លោក​ខាង​មុខ ហាក់​ដូច​ជា​ចង្អុល​ប្រាប់​ដោយ​ជាក់​ច្បាស់ នឹង​សម្ដែង​ធម៌​ញ៉ាំង​ជន​ដទៃ ឱ្យ​ងាក​បែរ​ចេញ​អំពី​អកុសល​ធម៌ តម្កល់​នៅ​ក្នុង​កុសល​ធម៌ នេះ​ហៅ​ថា ធម្មទាន ។

ម្យ៉ាង​ទៀត បុគ្គល​ឯ​ណា​សម្ដែង​សច្ចៈ​ទាំង​៤​ថា << ធម៌​នេះ​បុគ្គល​គួរ​ត្រាស់​ដឹង ធម៌​នេះ​បុគ្គល​គួរ​កំណត់​ដឹង ធម៌​នេះ​បុគ្គល​គួរ​លះបង់ (២) ធម៌​នេះ​បុគ្គល​គួរ​ធ្វើ​ឱ្យ​ជាក់​ច្បាស់ (៣)  ធម៌​នេះ​បុគ្គល​គួរ​ចម្រើន (៤) និង​សម្ដែង​ធម៌ គឺ​សេចក្ដី​ប្រតិបត្តិ​ដើម្បី​បាន​ព្រះ​និព្វាន នេះ​ហៅ​ថា ធម្មទាន​ជា​កំពូល ។

ម្យ៉ាង​ទៀត បុគ្គល​ដែល​អាស្រ័យ​នូវ​វិវដ្ដគាមិធម្មទាន រមែង​រួច​ចាក​សេចក្ដី​វិនាស​ទាំង​ពួង រមែង​ប្រព្រឹត្ត​កន្លង​នូវ​វដ្ដ​ទុក្ខ​ទាំង​អស់ ។ ចំណែក​លោកិយ​ធម្មទាន ជា​ហេតុ​នៃ​ទាន​ទាំង​ពួង ជា​មូល​នៃ​សម្បត្តិ​ទាំង​ពួង ។ ម្យ៉ាង​ទៀត បណ្ដា​ទាន​ទាំង​នេះ អភយ​ទាន​សង្រ្គោះ​ដោយ​ធម្មទាន​ដែរ ។ ក្នុង​អដ្ឋកថា​មង្គល​សូត្រ​ថា ការ​សម្ដែង​ធម៌​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ជ្រាប​ច្បាស់ ជា​ធម៌​នាំ​ឱ្យ​អស់​ទៅ​នៃ​សេចក្ដី​ទុក្ខ នាំ​មក​នូវ​សេចក្ដី​សុខ ក្នុង​ឥធ​លោក​និង​បរលោក ដោយ​សេចក្ដី​ប្រាថ្នា​នូវ​ប្រយោជន៍​ដល់​អ្នក​ដទៃ ហៅ​ថា ធម្មទាន ។

ម្យ៉ាង​ទៀត ធម្មទាន​ជា​ទាន​ប្រសើរ​ថ្លៃថ្លា ព្រោះ​ឈ្នះ​អស់​អាមិស​ទាន​ទាំង​ពួង ។ ព្រោះ​ហេតុ​នោះ បាន​ជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​សម្ដែង​ធម៌​ដល់​សក្ក​ទេវរាជ​ជា​ធំ​ជាង​ទេវតា ក្នុង​តណ្ហា​វគ្គ​នៃ​គម្ពីរ​ធម្មបទ​ថា ៖

សព្វ ទានំ ធម្មទានំ  ជិនាតិ  សព្វរសំ  ធម្មរសោ  ជំនាតិ  សព្វរតឹ  ធម្មរតិ  ជំនាតិ តណ្ហក្ខយោ  សព្វ ទុក្ខំ ជំនាតិ ។

ធម្មទាន​ឈ្នះ​អស់​ទាន​ទាំង​ពួង រស​ធម៌​ឈ្នះ​អស់​រស​ទាំង​ពួង សេចក្ដី​ត្រេកអរ​ក្នុង​ធម៌​ឈ្នះ​អស់​សេចក្ដី​ត្រេកអរ​ទាំង​ពួង សេចក្ដី​អស់​ទៅ​នៃ​តណ្ហា ឈ្នះ​អស់​ទុក្ខ​ទាំង​ពួង ។ អដ្ឋកថា​អធិប្បាយ​ថា បើ​បុគ្គល​ឱ្យ​ចីវរ​ដែល​ល្អ​ដូច​បណ្ដូល​ចេក ដល់​ព្រះ​ពុទ្ធ ព្រះ​បច្ចេក​ពុទ្ធ​និង​ព្រះ​ខីណា​ស្រព ដែល​ប្រជុំ​គ្នា​ត្រៀបត្រា​ឥត​មាន​ចន្លោះ ក្នុង​ផ្ទៃ​ចក្កវាឡ​រហូត​ដល់​ព្រហ្ម​លោក នៅ​ក្នុង​ទី​សមាគម​នោះ មាន​ធម្មកថិក​អង្គ​ណា​មួយ ធ្វើ​អនុមោទនា​ដោយ​គាថា​៤​បាទ ក៏​ប្រសើរ​ជាង​ចីវរ​ទាន​នោះ ។ ឯ​ចីវរ​ទាន​នោះ មិន​បាន​១​ចម្រៀក​នៃ​គាថា​នោះ ដែល​គេ​ច្រៀក​ជា​១៦​ចម្រៀក​១៦​ដង ។ ការ​សម្ដែង​ធម៌​ក្ដី ការ​បង្រៀន​ធម៌​ក្ដី ការ​ស្ដាប់​ធម៌​ក្ដី ជា​ការ​ប្រសើរ​យ៉ាង​នេះ​ឯង ។ ការ​ស្ដាប់​ធម៌​នោះ បើ​បុគ្គល​ឯ​ណា​បាន​ផ្ដួចផ្ដើម​ធ្វើ​ហើយ អានិសង្ស​ច្រើន​នឹង​មាន​ដល់​បុគ្គល​នោះ​មិន​ខាន ។ ធម្មទាន​ដោយ​ហោច​ទៅ​គ្រាន់​តែ​បុគ្គល​ធ្វើ​ដោយ​អនុមោទនា​ដោយ​គាថា​៤​បាទ ក៏​នៅ​តែ​ប្រសើរ​ជាង​ទាន​ដែល​បុគ្គល​យក​ចង្ហាន់​បិណ្ឌបាត​ដ៏​ឧត្ដម ដាក់​ពេញ​ក្នុង​បាត្រ ហើយ​ឱ្យ​ដល់​បរិសទ្យ​មាន​សភាព​ដូច្នោះ​ផង ជាង​ភេសជ្ជ​ទាន​ដែល​បុគ្គល​យក​សប្បិ​និង​ប្រេង​ជា​ដើម ដាក់​ពេញ​ក្នុង​បាត្រ​ហើយ​ឱ្យ​ដល់​បរិសទ្យ​មាន​សភាព​ដូច្នោះ​ផង ជាង​សេនា​សន​ទាន​ដែល​បុគ្គល​កសាង​វិហារ ដូច​យ៉ាង​មហា​វិហារ កសាង​ប្រាសាទ​ដូច​យ៉ាង​លោហ​ប្រាសាទ​រាប់​សែន​មិន​តែ​មួយ​ ហើយ​ឱ្យ​ដល់​បរិសទ្យ​មាន​សភាព​ដូច្នោះ​ផង ជាង​បរិច្ចាគ​ដែល​អនាថបិណ្ឌិក​សេដ្ឋី ធ្វើ​ប្រារព្ធ​នូវ​វិហារ​របស់​ខ្លួន​ផង ។ ព្រោះ​ហេតុ​អ្វី ។ ព្រោះ​ថា​បុគ្គល​ធ្វើ​បុណ្យ​មាន​សភាព​ដូច្នោះ លុះ​តែ​បាន​ស្ដាប់​ធម៌​ហើយ​ទើប​ធ្វើ បើ​មិន​បាន​ស្ដាប់​ធម៌​ទេ មិន​បាន​ធ្វើ​ឡើយ ។

សេចក្ដី​ពិត​ថា សត្វ​ទាំង​ឡាយ​បើ​មិន​បាន​ស្ដាប់​ធម៌​ហើយ សូម្បី​តែ​បបរ​មួយ​បោយ​ក្ដី បាយ​មួយ​វែក​ក្ដី ក៏​មិន​អាច​នឹង​ធ្វើ​ទៅ​ជា​ទាន​បាន​ឡើយ ។ ធម្មទាន​បាន​ឈ្មោះ​ថា ប្រសើរ​ជាង​ទាន​ទាំង​ពួង​​ដោយ​ហេតុ​នេះ​ឯង ។

ម្យ៉ាង​ទៀត លើក​លែង​តែ​ព្រះ​ពុទ្ធនិង​ព្រះ​បច្ចេក​ពុទ្ធ​ចេញ ​ព្រះ​ថេរៈទាំង​ឡាយ មាន​ព្រះ​សារីបុត្ត​ជា​ដើម ដែល​ប្រកប​ដោយ​បញ្ញា​អាច​នឹង​រាប់​តំណក់​ទឹក គឺ​គ្រាប់​ភ្លៀង​ដែល​ធ្លាក់​ចុះ​អស់​កល្ប​ទាំង​មូល ក៏​មិន​អាច​នឹង​ត្រាស់​ដឹង នូវ​ផល​មាន​សោតា​បត្តិ​ផល​ជា​ដើម​បាន​ឡើយ លុះ​តែ​បាន​ស្ដាប់​ធម៌​ដែល​ព្រះ​ថេរៈទាំង​ឡាយ មាន​អស្សជិត្ថេរ​ជា​ដើម​លោក​សម្ដែង​ហើយ ទើប​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​សោតា​បត្តិ​ផល​បាន បាន​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​សាវក​បារមី​ញាណ ដោយ​ធម្ម​ទេសនា​របស់​ព្រះ​សាស្ដា ។ ធម្មទាន​បាន​ឈ្មោះ​ថា​ប្រសើរ​ដោយ​ហេតុ​នេះ​ឯង ។ ព្រោះ​ហេតុ​នោះ​បាន​ជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សម្ដែង​ថា ធម្មទាន​ឈ្នះ​អស់​ទាន​ទាំង​ពួង ។

ម្យ៉ាង​ទៀត រស​ទាំង​ពួង​មាន​រស​នៃ​ខន្ធ​ជា​ដើម​ក្ដី រស​នៃ​សុធា​ភោជន​របស់​ទេវតា​យ៉ាង​ឧក្រិដ្ឋ​ក្ដី ជា​បច្ច័យ​នាំ​ឱ្យ​លិច​នៅ​ត្រដាប​ត្រដួស​ក្នុង​សង្សារ​វដ្ឋ ហើយ​សោយ​នូវ​សេចក្ដី​ទុក្ខ​ជា​ច្រើន ។ ចំណែក​រស​នៃ​ធម៌ ពោល​គឺ​ពោធិ​បក្ខិយ​ធម៌​ទាំង​៣៧​ក្ដី លោកុត្តរ​ធម៌​ទាំង​៩​ក្ដី ប្រសើរ​ជាង​រស​ទាំង​ពួង ព្រោះ​ហេតុ​នោះ​បាន​ជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សម្ដែង​ថា រស​នៃ​ធម៌​ឈ្នះ​អស់​រស​ទាំង​ពួង ។

ម្យ៉ាង​ទៀត សេចក្ដី​ត្រេកអរ​មាន​ប្រភេទ​ច្រើន គឺ​សេចក្ដី​ត្រេកអរ​នឹង​កូន​ប្រុស ត្រេកអរ​នឹង​កូន​ស្រី ត្រេកអរ​នឹង​ស្រី ត្រេកអរ​នឹង​ល្បែង មាន​របាំ​និង​ចម្រៀង​ជា​ដើម សេចក្ដី​ត្រេកអរ​នោះ ក៏​សុទ្ធ​តែ​ជា​បច្ច័យ​នាំ​សត្វ​ឱ្យ​លិច​ទៅ ត្រដាស​ត្រដួស​ក្នុង​សង្សារ​វដ្ដ ហើយ​សោយ​នូវ​សេចក្ដី​ទុក្ខ​ជា​ច្រើន ។ ចំណែក​សេចក្ដី​ត្រេកអរ​គឺ​បីតិ ដែល​កើត​ឡើង​ក្នុង​ចិត្ត​នៃ​បុគ្គល​អ្នក​សម្ដែង​ធម៌​ក្ដី អ្នក​ស្ដាប់​ធម៌​ក្ដី នាំ​ឱ្យ​កើត​សេចក្ដី​អណ្ដែត​អណ្ដូង លន្លង់​លន្លោច​ចិត្ត​ក៏​មាន នាំ​ឱ្យ​ស្រែក​ហៀរហូរ​ទឹក​ភ្នែក​ក៏​មាន នាំ​ឱ្យ​ព្រឺព្រួច​រោម​ក៏​មាន សេចក្ដី​ត្រេកអរ​គឺ​បីតិ​នោះ អាច​ធ្វើ​នូវ​ទី​បំផុត​នៃ​សង្សារ​វដ្ដ​បាន មាន​ព្រះ​អរហត្ត​ជា​ទី​បំផុត​កិច្ច សេចក្ដី​ត្រេកអរ​ក្នុង​ធម៌​បែប​នេះ ឈ្មោះ​ថា​ប្រសើរ​ជាង​សេចក្ដី​ត្រេកអរ​ទាំង​ពួង ។ ព្រោះ​ហេតុ​នោះ បាន​ជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្ដែង​ថា សេចក្ដី​ត្រេកអរ​ក្នុង​ធម៌ ឈ្នះ​អស់​សេចក្ដី​ត្រេកអរ​ទាំង​ពួង ។

ម្យ៉ាង​ទៀត សេចក្ដី​អស់​ទៅ​នៃ​តណ្ហា បាន​ខាង​ព្រះ​អរហត្ត​ដែល​កើត​ឡើង​ក្នុង​ទី​បំផុត​នៃ​កិរិយា​អស់​ទៅ​នៃ​តណ្ហា ឯ​ព្រះ​អរហត្ត​នោះ​ឈ្មោះ​ថា​ប្រសើរ​ជាង​ធម៌​ទាំង​ពួង ។ ព្រោះ​ហេតុ​នោះ​បាន​ជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្ដែង​ថា សេចក្ដី​អស់​ទៅ​នៃ​តណ្ហា​ឈ្នះ​អស់​ទុក្ខ​ទាំង​ពួង ។

មួយ​វិញ​ទៀត បុគ្គល​អ្នក​សម្ដែង​ធម៌ ត្រូវ​មាន​ចិត្ត​ទន់​ផ្សាយ​នូវ​ប្រយោជន៍​ដល់​អ្នក​ស្ដាប់ មិន​ត្រូវ​គោរព​ក្នុង​លាភ​ឡើយ ។ ព្រោះ​ថា​ធម្មទាន​មិន​មាន​ផល​ច្រើន​ដល់​បុគ្គល​អ្នក​សម្ដែង ដែល​គោរព​ក្នុង​លាភ​នោះ​ឡើយ ។ ព្រោះ​ហេតុ​នោះ​បាន​ជា​ព្រះ​អដ្ឋកថាចារ្យ​ពោល​ទុក​ក្នុង​អដ្ឋកថា​សង្គីតិ​សូត្រ​ថា អ្នក​សម្ដែង​ធម៌​ពួក​មួយ​ចង់​ឱ្យ​តែ​គេ​ស្គាល់​ខ្លួន​ថា​ជា​ធម្មកថិក ហើយ​មាន​សេចក្ដី​គោរព​ក្នុង​លាភ សម្ដែង​ធម៌​ដល់​អ្នក​ដទៃ ធម្មទាន​នោះ​មិន​មាន​ផល​ច្រើន​ឡើយ ។ អ្នក​សម្ដែង​ធម៌​ពួក​មួយ​មិន​ប្រាថ្នា​លាភ​សក្ការៈ ហើយ​សម្ដែង​ធម៌​ដែល​ខ្លួន​ចេះ​ចាំ​ស្ទាត់​ដល់​អ្នក​ដទៃ ធម្មទាន​នេះ​ឈ្មោះ​ថា​ទេសនាម​យបុញ្ញ​កិរិយា​វត្ថុ​ប្រែ​ថា អំពើ​បុណ្យ​សម្រេច​មក​អំពី​ការ​សម្ដែង​ធម៌ ។

មួយ​វិញ​ទៀត បុគ្គល​អ្នក​សម្ដែង​ធម៌ ត្រូវ​តម្កល់​ធម៌​៥​ប្រការ​ទុក​ក្នុង​ខ្លួន ។ សមតាម​ព្រះ​ពុទ្ធ​ភាសិត​ដែល​ទ្រង់​សម្ដែង​ទុក ក្នុង​គម្ពីរ​អង្គុត្តរ​និកាយ បញ្ចក​និបាត​ថា ម្នាល​អានន្ទ ការ​សម្ដែង​ធម៌​ដល់​អ្នក​ដទៃ​មិន​ងាយ​ឡើយ ម្នាល​អានន្ទ​បុគ្គល​អ្នក​សម្ដែង​ធម៌​ដល់​អ្នក​ដទៃ គួរ​តម្កល់​ធម៌​៥​ប្រការ​ទុក​ក្នុង​ចិត្ត ហើយ​ទើប​សម្ដែង​ធម៌​ដល់​អ្នក​ដទៃ​បាន ។ ធម៌​៥​ប្រការ​នោះ​គឺ​អ្វី​ខ្លះ ?

អនុបុព្វិកថំ កថេស្សាមីតិ បរេសំ  ធម្មោ ទេសេតព្វោ ​ត្រូវ​សម្ដែង​ធម៌​ដល់​អ្នក​ដទៃ ដោយ​គិត​ថា << អាត្មា​អញ​នឹង​សម្ដែង​ធម្មកថា​ជា​លំដាប់ គឺ​សីល​ជា​លំដាប់​នៃ​ទាន ស្ថាន​សួគ៌​ជា​លំដាប់​នៃ​សីល​ជា​ដើម និង​សម្ដែង​ធម្មកថា សមគួរ​ដល់​សូត្រ​និ​គាថា​នោះ​ៗ ​១ ។ បរិយាយំ ទស្សាមិ កថំ កថេស្សាមីតិ បរេសំ ធម្មោ ទេសេតព្វោ ត្រូវ​សម្ដែង​ធម៌​ដល់​អ្នក​ដទៃ​ដោយ​គិត​ថា << អាត្មា​អញ​នឹង​ចង្អុល​ប្រាប់​ហេតុ​នៃ​អត្ថ​នោះ​ៗ ហើយ​សម្ដែង​ធម្មកថា​ ១ ។ អនុទ្ទយតំ បដិច្ច កថំ កថេស្សាមីតិ បរេសំ ធម្មោ ទេសេតព្វោ ត្រូវ​សម្ដែង​ធម៌​ដល់​អ្នក​ដទៃ​ដោយ​គិត​ថា << អាត្មា​អញ​នឹង​សម្ដែង​ធម្មកថា អាស្រ័យ​សេចក្ដី​អនុគ្រោះ គឺ​បំណង​នឹង​ដោះ​សត្វ​ដែល​ជាប់​ចំពាក់​ដោយ​សេចក្ដី​ចង្អៀត​ធំ ឱ្យ​រួច​អំពី​សេចក្ដី​ចង្អៀត​ចេញ ​១ ។ ន អាមិសន្តរោ កថំ កថេស្សាមីតិ បរេសំ ធម្មោ ទេសេតព្វោ ត្រូវ​សម្ដែង​ធម៌​ដល់​អ្នក​ដទៃ​ដោយ​គិត​ថា << អាត្មា​អញ​មិន​មាន​អាមិស​ជា​ហេតុ គឺ​ថា​មិន​ប្រាថ្នា​នូវ​លាភ គឺ​បច្ច័យ​ទាំង​៤ ហើយ​សម្ដែង​នូវ​ធម្មកថា ១ ។ អត្តានញ្ច បរញ្ច អនុបហច្ច កថំ កថេស្សាមីតិ បរេសំ ធម្មោ ទេសេតព្វោ ត្រូវ​សម្ដែង​ធម៌​ដល់​អ្នក​ដទៃ​ដោយ​គិត​ថា << អាត្មា​អញ​មិន​បាន​បៀតបៀន​ខ្លួន​ឯងនិង​អ្នក​ដទៃ​ ហើយ​សម្ដែង​នូវ​ធម្មកថា​ ១ ។

ចប់​ធម្មទាន​ដោយ​សង្ខេប តែ​ប៉ុណ្ណេះ ។

ប្រភេទ​ទាន​ដូច​បាន​សម្ដែង​មក​នេះ ចាត់​ជា​ព្រហ្ម​ចរិយ​ទី​១ ហៅ​ថា ទាន​ព្រហ្ម​ចរិយ ។

ឯ​ព្រហ្ម​ចរិយ​ទី​២ គឺ​វេយ្យាវច្ច សេចក្ដី​ខ្វល់ខ្វាយ​នោះ​មាន​មក​ក្នុង​អង្កុរ​បេតវត្ថុ ។

សេចក្ដី​ប្រារព្ធ​ខាង​ដើម​របស់​ព្រះ​សិរិ​មង្គលា​ចារ្យ​ថា វេយ្យា​វច្ចករណន្ដុ វុឌ្ឍតរានំ វត្តប្បដិ​បត្តិ​ករណា​ទិវសេន លព្ភតិ​ សេចក្ដី​ថា ការ​ធ្វើ​នូវ​សេចក្ដី​ខ្វល់ខ្វាយ អ្នក​ប្រាជ្ញ​សង្កេត​យក​សេចក្ដី​បាន​តាម​ទំនង​កិច្ច​មាន​ធ្វើ​វត្ត​ប្រតិបត្តិ ដល់​បុគ្គល​ដែល​ចាស់​ជាង​ខ្លួន ឬ​មាន​គុណ​ចម្រើន​ជាង​ខ្លួន​ជា​ដើម ។ ព្រោះ​ហេតុ​នោះ​បាន​ជា អដ្ឋកថា​ចារ្យ​ពោល​ទុក​ក្នុង​អដ្ឋកថា​សង្គីតិ​សូត្រ​ថា សេចក្ដី​ខ្វល់ខ្វាយ អ្នក​ប្រាជ្ញ​គប្បី​ដឹង​តាម​ទំនង​ដែល​គ្រហស្ថ​និង​បព្វជិត​ធ្វើ​វត្ត​ប្រតិបត្តិដល់​បុគ្គល​ចាស់​ជាង​ខ្លួន ឬ​មាន​គុណ​ចម្រើន​ជាង​ខ្លួន​ ១ តាម​ទំនង​ដែល​បុគ្គល​បាន​ឃើញ​ភិក្ខុ ចូល​ទៅ​កាន់​ស្រុក​ដើម្បី​បិណ្ឌបាត ក៏​នាំ​យក​បាត្រ​អំពី​ភិក្ខុ ហើយ​បបួល​ណែនាំ​អ្នក​ស្រុក​ឱ្យ​យក​បាយ​មក​ដាក់​បាត្រ​រួច ហើយ​នាំ​យក​បាត្រ​ទៅ​ប្រគេន​ភិក្ខុ​វិញ​១ តាម​ទំនង​ដែល​បុគ្គល​បាន​ឮ​សំឡេង​គេ​ស្រែក​ប្រាប់​ថា ឱ្យ​ទៅ​យក​បាត្រ​ភិក្ខុ​មក​ដាក់​បាយ ហើយ​ក៏​ស្ទុះ​ទៅ​ប្រញាប់​ប្រញាល់​យក​បាត្រ​មក​ឱ្យ​គេ​ជា​ដើម​ ១ ។ ដូច​មាន​វត្ថុ​និទាន​ថា ៖

អតីតេ ឯកោ ឥស្សរោ ពហិនគរេ នហាត្វា  អាគច្ឆន្ដោ អន្ដរាមគ្គេ  ឯកំ បច្ចេក​ពុទ្ធំ  អទ្ទស ក្នុង​កាល​កន្លង​ទៅ​ហើយ មាន​ឥស្សរជន​គឺ​ជន​ជា​ធំ​ម្នាក់ ទៅ​ងូត​ទឹក​ខាង​ក្រៅ​ក្រុង លុះ​ត្រឡប់​វិល​មក​វិញ​ដល់​ពាក់​កណ្ដាល​ផ្លូវ បាន​ចួប​នឹង​ព្រះ​បច្ចេក​ពុទ្ធ​១​អង្គ ។ ឯ​ព្រះ​បច្ចេក​ពុទ្ធ​នោះ និមន្ត​ចូល​ទៅ​បិណ្ឌ​បាត​ក្នុង​ក្រុង ត្រូវ​មារ​មក​បញ្ចូល​ចិត្ត​អ្នក​ស្រុក​ទាំង​អស់​មិន​ឱ្យ​នឹក​នា ត្រង់​បាយ​ដាក់​បាត្រ ព្រះ​បច្ចេក​ពុទ្ធ​ក៏​មិន​បាន​បាយ​សោះ មាន​តែ​បាត្រ​ទទេ​ហើយ​និមន្ត​ចេញ​ទៅ​វិញ ។ ឥស្សរជន​បាន​ឃើញ​ព្រះ​បច្ចេក​ពុទ្ធ ហើយ​ក៏​ថ្វាយ​បង្គំ​ទូល​សួរ​ថា លោក​ម្ចាស់​បាន​បាយ​ខ្លះ​ដែរ​ឬ ។ ព្រះ​បច្ចេក​ពុទ្ធ​ឆ្លើយ​ថា ម្នាល​អាវុសោ​អាត្មា​ភាព​ត្រាច់​ទៅ​បិណ្ឌបាត ឥឡូវ​ត្រឡប់​មក​វិញ​ហើយ ។ ឥស្សរជន​គិត​ថា លោក​ម្ចាស់​មិន​និយាយ​ត្រង់​ពាក្យ​ដែល​អញ​សួរ ត្រឡប់​ទៅ​ជា​និយាយ​ពាក្យ​ដទៃ​វិញ ប្រហែល​ជា​មិន​បាន​វត្ថុ​អ្វី​ទេ​យ៉ាង ហើយ​ក៏​សូម​បើក​បាត្រ​មើល ឃើញ​បាត្រ​ទទេ ក៏​អន្ទះសា​ឆ្លេឆ្លា​ព្រោះ​មិន​ដឹង​ថា​ក្នុង​ផ្ទះ​ខ្លួន​មាន​បាយ​ឆ្អិន​ហើយ ឬ​មិន​ទាន់​ឆ្អិន ក៏​មិន​ហ៊ាន​យក​បាត្រ​ទៅ គ្រាន់​តែ​និយាយ​ឃាត់​ថា​លោក​ម្ចាស់​រង់​ចាំ​បន្តិច​សិន ហើយ​ក៏​រត់​ទៅ​ផ្ទះ​ប្រញាប់​ប្រញាល់ ដឹង​ច្បាស់​ថា​បាយ​ឆ្អិន​ហើយ ក៏​ប្រើ​បម្រើ​ម្នាក់​ទៅ​ថា អ្នក​ឯង​រត់​ទៅ​យក​បាត្រ​លោក​មក​ឱ្យ​ឆាប់ ។ អ្នក​បម្រើ​នោះ ក៏​ស្ទុះ​រត់​ទៅ​យក​បាត្រ​ភ្លាម ។ ឯ​ឥស្សរជន​យក​បាយ​មក​ដាក់​ពេញ​បាត្រ​ស្រេច​ហើយ និយាយ​ថា អ្នក​ឯង​យក​បាត្រ​នេះ​ទៅ​ប្រគេន​លោក​ឱ្យ​ឆាប់ អញ​ឱ្យ​ចំណែក​បុណ្យ​អំពី​បិណ្ឌ​បាត​នេះ​ដល់​អ្នក​ឯង ។ អ្នក​បម្រើ​នោះ​ក៏​រត់​ទៅ​ជា​ប្រញាប់ ប្រគេន​បាត្រ​ដល់​ព្រះ​បច្ចេក​ពុទ្ធ ហើយ​ថ្វាយ​បង្គំ​ទូល​ថា បពិត្រ​លោក​ដ៏​ចម្រើន​ពេល​ឆាន់​ជិត​ណាស់​ហើយ ខ្ញុំ​ម្ចាស់​រត់​ទៅ​រត់​មក​ដោយ​ការ​ប្រញាប់​ឱ្យ​ទាន់​ពេល ដោយ​អំណាច​ផល​នៃ​កម្លាំង​របស់​ខ្ញុំ​នេះ សូម​ឱ្យ​កើត​ពាហនៈ​អាច​ដើរ​ទៅ​ក្នុង​១​ថ្ងៃ​បាន​៥០​យោជន៍ ខ្លះ​៦០​យោជន៍ ខ្លះ​១០០​យោជន៍ ខ្លះ​១២០​យោជន៍ ខ្លះ​កុំ​បី​ឃ្លាត​ឡើយ ។

ម្យ៉ាង​ទៀត ខ្ញុំ​ម្ចាស់​រត់​ទៅ​រត់​មក មាន​កាយ​ក្ដៅ​ក្រហាយ ដោយ​តេជះ​ព្រះ​អាទិត្យ ដោយ​អំណាច​ផល​កម្ម​របស់​ខ្ញុំ​នោះ ខ្ញុំ​បាន​ទៅ​កើត​ទី​ណា​ៗ សូម​ឱ្យ​មាន​អំណាច​ដូច​តេជះ​ព្រះ​អាទិត្យ ចំណែក​បុណ្យ​ក្នុង​ចង្ហាន់​បិណ្ឌ​បាត​នេះ នាយ​ចៅហ្វាយ​ក៏​បាន​ចែក​ឱ្យ​ខ្ញុំ​ហើយ ដោយ​អានិសង្ស​បិណ្ឌ​បាត​នោះ ខ្ញុំ​ម្ចាស់​សូម​ឱ្យ​បាន​ចំណែក​ធម៌​ដែល​លោក​ម្ចាស់​ត្រាស់​ដឹង​ហើយ ។ ព្រះ​បច្ចេក​ពុទ្ធ​មាន​ពុទ្ធ​ដីកា​ថា ផល​នៃ​សេចក្ដី​ប្រាថ្នា​របស់​អ្នក ចូរ​សម្រេច​យ៉ាង​នេះ​ចុះ ហើយ​ធ្វើ​អនុមោទនា ដោយ​បច្ចេក​ពុទ្ធ​គាថា​ទាំង​ឡាយ ហើយ​ក៏​ចៀស​ចេញ​ទៅ ។ ឯ​អ្នក​បម្រើ​នោះ​អន្ទោល​ទៅ​មក លុះ​ដល់​មក​ពុទ្ធុប្បាទ​នេះ បាន​ជា​ព្រះ​រាជា​ទ្រង់​ព្រះ​នាម​ថា ចណ្ឌប្បជោត ក្នុង​នគរ​ឧជ្ជេនី ។ ពាហនៈ​ទាំង​៥​ក៏​កើត​មាន​ដល់​ព្រះ​រាជា​នោះ ដោយ​អានិសង្ស​បុញ្ញ​កម្ម​នោះ​ឯង គឺ​មេ​ដំរី ១​ឈ្មោះ​ភទ្ទវតី ដើរ​បាន​៥០​យោជន៍​ក្នុង​មួយ​ថ្ងៃ ខ្ញុំ​ម្នាក់​ឈ្មោះ​កាក ដើរ​បាន​៦០​យោជន៍​ក្នុង​១​ថ្ងៃ សេះ​២​ឈ្មោះ​វេលកំសី ១ ឈ្មោះ​មុញ្ជ​កេសី ១ ដើរ​បាន​១០០ យោជន៍​ក្នុង​មួយ​ថ្ងៃ ដំរី​ឈ្មោល ១ ឈ្មោះ​នាឡាគិរី ដើរ​បាន​១២០ យោជន៍​ក្នុង​១​ថ្ងៃ ។

វេយ្យាវច្ច សេចក្ដី​ខ្វល់ខ្វាយ​ជួយ​ឈឺឆ្អាល​ក្នុង​ការ​កុសល​របស់​អ្នក​ដទៃ អ្នក​ប្រាជ្ញ​គប្បី​ដឹង​ដូច​ព្រះ​បាទ​ចណ្ឌប្បជោត ​នោះ​ចុះ ។

យាចកានំ មគ្គាចិន្ខនម្បិ វេយ្យាវច្ចំ នាម ម្យ៉ាង​ទៀត​ការ​ប្រាប់​ផ្លូវ​ដល់​ពួក​ស្មូម​ទាំង​ឡាយ ក៏​ឈ្មោះ​ថា វេយ្យាវច្ច​ដែរ ដូច​មាន​វត្ថុ​និទាន​ថា ៖

អតីតេ ឧត្តរាបថេ អសិតញ្ជនគរេ មហាកំ​សរញ្ញោ ទេវគញ្ភ នាម ធីតា អហោសិ ក្នុង​កាល​កន្លង​ទៅ​ហើយ ព្រះ​បាទ​មហាកំសរាជ ក្នុង​នគរ​អសិតញ្ជ ក្នុង​ដែន​ឧត្តរាបថ មាន​ព្រះ​រាជ​ធីតា​​មួយ​ ព្រះ​នាម​ទេវ​គញ្ភ ។ ព្រះ​រាជ​ធីតា​នោះ​អាស្រ័យ​នឹង​ព្រះ​រាជ​កុមារ ព្រះ​នាម​ឧបសាគរ ជា​ព្រះ​រាជ​បុត្រ​របស់​ព្រះ​បាទ​មហា​សាទរ​រាជ ជា​អធិបតី​ក្នុង​ដែន​ឧត្ដរ ។ ព្រះ​រាជ​ធីតា​នោះ​បាន​ប្រសូតិ​បុត្រ ១១ អង្គ គឺ​នាង អញ្ជន​ទេវី ១ វាសុទេវ​កុមារ​ ១ ពល​ទេវ​កុមារ ១ ចន្ទ​ទេវ​កុមារ ១ សុរិយ​ទេវ​កុមារ ១ អគ្គិ​ទេវ​កុមារ ១ វរុណ​កុមារ ១ អជ្ជុន​កុមារ ១ បជ្ជុន​កុមារ ១ ឃដ​បណ្ឌិត​កុមារ ១ អង្កុរ​កុមារ ១ ។ បណ្ដា​បុត្រ​ទាំង​១១​នោះ កុមារ​ទាំង​១០ មាន​វាសុទេវ​ជា​ដើម នាំ​គ្នា​សម្លាប់​ព្រះ​រាជា​ទាំង​អស់ ក្នុង​នគរ​ទាំង​៦​ហ្មឺន៣ពាន់ ក្នុង​សកល​ជម្ពូទ្វីប មាន​អសិតញ្ជនគរ​ជា​ដើម មាន​ទ្វារវតី​នគរ​ជា​ទី​បំផុត នាំ​គ្នា​ទៅ​នៅ​ក្នុង​ទ្វារវតី​នគរ  ហើយ​បែង​ចែក​រាជ​សម្បត្តិ​ជា​១០​ចំណែក ភ្លេច​នឹក​ដល់​នាង​អញ្ជន​ទេវី​ជា​ច្បង​បង្អស់ ។ លុះ​ដល់​ថ្ងៃ​ក្រោយ​ទៀត ក៏​រឭក​នឹក​ឃើញ​នាង​ទេវី​ជា​បង ក៏​ប្រឹក្សា​គ្នា​គិត​នឹង​ចែក​ជា​១១​ចំណែក​វិញ ទើប​អង្កុរ​កុមារ​ជា​ប្អូន​បង្អស់​និយាយ​ថា អ្នក​ទាំង​ឡាយ​ចូរ​ឱ្យ​ចំណែក​របស់​ខ្ញុំ​ដល់​នាង​ទេវី​ជា​បង​ចុះ ខ្ញុំ​នឹង​រកស៊ី​លក់​ដូរ​ចិញ្ចឹម​ជីវិត​ទៅ​ចុះ តែ​ថា​អ្នក​ទាំង​ឡាយ​ឱ្យ​ខ្ញុំ​រួច​ពន្ធ​ក្នុង​ជនបទ​របស់​ខ្លួន​ៗ ។ ព្រះ​រាជា​ទាំង​នោះ ក៏​ឱ្យ​ចំណែក​របស់​អង្កុរ​កុមារ​ដល់​នាង​ទេវី​ជា​បង ហើយ​នៅ​ក្នុង​នគរ​ទ្វារវតី​ជា​មួយ​នឹង​នាង​ទេវី​ជា​បង​នោះ ។ ឯ​អង្កុរ​កុមារ​រកស៊ី​ធ្វើ​ជំនួញ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បាន​ឱ្យ​ទាន​ធំ​ជានិច្ច ។ មាន​ខ្ញុំ​ម្នាក់​របស់​អង្កុរ​កុមារ​នោះ ជា​នាយ​ឃ្លាំង​មាន​អធ្យាស្រ័យ​ល្អ ប្រាថ្នា​សេចក្ដី​ចម្រើន​ដល់​ម្ចាស់ ។ អង្កុរ​កុមារ​ក៏​នាំ​យក​ស្រី​ម្នាក់​មក​ឱ្យ​ជា​ប្រពន្ធ​ខ្ញុំ​នោះ ។ កាល​បើ​មាន​កូន​មក​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​ភរិយា​ហើយ ខ្ញុំ​នោះ​ក៏​ស្លាប់​ទៅ ។ កាល​បើ​កូន​នោះ​មាន​វ័យ​វឌ្ឍនា​ការ​ចម្រើន​ធំ​ឡើង​ហើយ ក៏​កើត​វិវាទ​ក្ដី​នឹង​គ្នា​ព្រោះ​កូន​នោះ គឺ​អ្នក​ខ្លះ​និយាយ​ថា កូន​នោះ​នៅ​ជា​ខ្ញុំ​គេ​ដដែល ព្រោះ​បិតា​វា​ជា​ខ្ញុំ​គេ អ្នក​ខ្លះ​និយាយ​ថា កូន​នោះ​មិន​មែន​ជា​ខ្ញុំ​គេ​ទេ ខ្ញុំ​គេ​តែ​បិតា​របស់​វា ឥឡូវ​ស្លាប់​ទៅ​ហើយ ត្រង់​មាតា​របស់​វា​មិន​មែន​ជា​ខ្ញុំ​គេ​ទេ រឿង​ក្ដី​នោះ​ក៏​កើត​ឡើង​ក្នុង​រាជ​ត្រកូល ។ នាង​អញ្ជន​ទេវី​បាន​ឮ​រឿង​នោះ​ហើយ ក៏​នាង​កាត់​សេចក្ដី​ដោយ​យុត្តិធម៌ នាង​អធិប្បាយ​ប្រៀប​ដូច​មេ​គោ ម្ចាស់​មួយ អាស្រ័យ​នឹង​គោ​ឈ្មោល​ម្ចាស់​ដទៃ ហើយ​បាន​កូន​គោ​កើត​ឡើង កូន​គោ​នោះ​ត្រូវ​បាន​ទៅ​អ្នក​ម្ចាស់​មេ​គោ អ្នក​ម្ចាស់​គោ​ឈ្មោល​មិន​ត្រូវ​បាន​កូន​គោ​នោះ​ឡើយ រឿង​នេះ​ដូច្នោះ​ដែរ មាតា​នោះ​ជា​អ្នក​ជា កូន​នោះ​ក៏​ជា​អ្នក​ជា​ដែរ ហើយ​នាង​ដោះ​កូន​នោះ​ឱ្យ​រួច​អំពី​សភាព​ជា​ខ្ញុំ​គេ ។ ក៏​ឯ​ទារក​នោះ មាន​សេចក្ដី​អៀនខ្មាស​មិន​ហ៊ាន​នៅ​ក្នុង​នគរ​នោះ ក៏​រត់​ទៅ​នៅ​ក្នុង​រោរុវ​នគរ ទៅ​យក​កូន​ស្រី​ជាង​ជុល​ធ្វើ​ជា​ភរិយា ហើយ​សម្រេច​ទី​លំនៅ​ក្បែរ​ផ្ទះ​អសយ្ហ​មហា​សេដ្ឋី ចិញ្ចឹម​ជីវិត​ដោយ​ការងារ​របស់​ជាង​ជុល ។ ក្នុង​កាល​នោះ អសយ្ហ​មហា​សេដ្ឋី​ញ៉ាំង​ទាន​ធំ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដល់​មហាជន ។ ពួក​ស្មូម​ឯ​ណា​មិន​បាន​ដឹង​ផ្លូវ​ទៅ​កាន់​ផ្ទះ​អសយ្ហ​មហា​សេដ្ឋី ពួក​ស្មូម​នោះ​ក៏​ចូល​ទៅ​សួរ​ជាង​ជុល​នោះ ។ ជាង​ជុល​នោះ ក៏​គិត​ពិចារណា​ថា << អាត្មា​អញ​ហេតុ​តែ​មិន​បាន​ធ្វើ​បុណ្យ​មក​អំពី​បុព្វជាត បាន​ជា​ឥឡូវ​នេះ​មិន​អាច​នឹង​ឱ្យ​ទាន​បន្តិច​បន្តួច​ដល់​ស្មូម​យ៉ាង​នេះ អាត្មា​អញ​គ្រាន់​តែ​ចង្អុល​ប្រាប់​រោង​ទាន​ដល់​ស្មូម​ទាំង​នេះ ហើយ​ញ៉ាំង​បីតិ​ឱ្យ​កើត​ឡើង ដោយ​ការ​ប្រាប់​ឧបាយ​នៃ​លាភ ក៏​នឹង​បាន​សោយ​បុណ្យ​ជា​ច្រើន ដោយ​កម្ម​ប៉ុណ្ណេះ >> គិត​ហើយ​ក៏​ញ៉ាំង​សេចក្ដី​អើពើ សេចក្ដី​គោរព​ឱ្យ​កើត​ឡើង ហើយ​លា​ដៃ​ស្ដាំ ចង្អុល​ប្រាប់​ថា​ អ្នក​ទាំង​ឡាយ​ទៅ​ឯ​នោះ​នឹង​បាន​ទ្រព្យ​ដែល​គួរ​បាន ។ លុះ​កាល​ជា​ខាង​ក្រោយ ជាង​ជុល​នោះ​ធ្វើ​មរណ​កាល​ទៅ ក៏​បាន​ទៅ​កើត​ជា​ភុម្ម​ទេវតា ស្ថិត​នៅ​ក្នុង​ដើម​ជ្រៃ​ធំ​១​ដើម​ក្នុង​ព្រៃ មាន​ផ្លូវ​លំបាក​ដោយ​ដី​ខ្សាច់ ដើម​ជ្រៃ​នោះ​មាន​ម្លប់​ជិត​ល្អ មាន​ពួរ​ច្រើន​ពាន់ មាន​ទំហំ​៤​យោជន៍ ទាំង​បណ្ដោយ – ទទឹង និង​កម្ពស់ ។ ដៃ​ស្ដាំ​របស់​ទេវតា​នោះ​អាច​ឱ្យ​សេចក្ដី​ប្រាថ្នា​ទាំង​ពួង​បាន ។ ក្នុង​កាល​ជា​ខាង​ក្រោយ​ទៀត អង្កុរ​រាជ​បុត្រ​នាំ​យក​ទំនិញ​ដោយ​រទេះ​៥០០ ទៅ ដើម្បី​ជួញ​ប្រែ​ លុះ​ដល់​ផ្លូវ​លំបាក​នោះ ក៏​វង្វេង​ផ្លូវ ដើរ​វិលវល់​ក្នុង​ទី​នោះ​ច្រើន​ថ្ងៃ អស់​ទាំង​ស្មៅ​គោ អស់​ទាំង​ទឹក​ផឹក អស់​ទាំង​ស្បៀង​អាហារ ។ គ្រា​នោះ​រុក្ខ​ទេវតា រឭក​ឃើញ​ឧបការៈដែល​អង្កុរ​រាជ​បុត្រ បាន​ធ្វើ​ដល់​ខ្លួន​អំពី​បុព្វ​ជាតិ ហើយ​ក៏​ចង្អុល​ប្រាប់​ដើម​ជ្រៃ​របស់​ខ្លួន​ដល់​អង្កុរ​រាជ​បុត្រ​នោះ ។ អង្កុរ​រាជ​បុត្រ​នោះ បាន​ឃើញ​ដើម​ជ្រៃ​នោះ​ហើយ ក៏​មាន​ចិត្ត​ត្រេកអរ​រីករាយ ទៅ​នៅ​ក្រោម​ដើម​ជ្រៃ​នោះ ។ ទេវតា​ក៏​លា​ដៃ​ស្ដាំ​ឡើង បង្ហូរ​ទឹក​ឱ្យ​ជន​ទាំង​អស់​គ្នា​ផឹក​ឆ្អែត​ស្កប់ស្កល់​ជា​ដំបូង ។ តាំង​អំពី​កាល​នោះ​មក ជន​ឯ​ណា​ៗ​ចង់​បាន​វត្ថុ​ឯ​ណា​ៗ ទេវតា​ក៏​ឱ្យ​វត្ថុ​នោះ​ៗ​ដល់​ជន​នោះ​ៗ ។ អង្កុរ​រាជ​បុត្រ​ឃើញ​ហេតុ​នោះ​ហើយ ក៏​សួរ​ទេវតា​ ពោល​គថា​ក្នុង​អង្កុរ​បេត​វត្ថុ​ថា ៖

បាណិ តេ សព្វ​សោវណ្ណោ បញ្ចធារោ មធុស្សវោ

កេន តេ ព្រហ្ម​ចរិយេន  បុញ្ញំ បាណិម្ហិ ឥជ្ឈតិ ។

ដៃ​របស់​អ្នក​ឯង សុទ្ធ​សឹង​មាស មាន​ទរ ​ជា​ទី​ហូរ​នៃ​វត្ថុ​គួរ​ជា​ទី​ប្រាថ្នា អំពី​ម្រាម​ទាំង​៥ ជា​ទី​ហូរ​ចេញ​នៃ​វត្ថុ​មាន​រស​ផ្អែម​ឆ្ងាញ់​ពិសា ផល​បុណ្យ​សម្រេច​ក្នុង​ដៃ​របស់​អ្នក​ឯង ដោយ​ព្រហ្ម​ចរិយ​ដូចម្ដេច ។ លំដាប់​នោះ ទេវតា​ប្រាប់​សេចក្ដី​ដល់​អង្កុរ​រាជ​បុត្រ​ថា ក្នុង​បុរិម​ជាតិ ​ខ្ញុំ​ជា​ជាងជុល​នៅ​ក្នុង​រោរុវ​នគរ​សម្រេច​ទី​នៅ​ជិត​ផ្ទះ​អសយ្ហ​មហា​សេដ្ឋី ខ្ញុំ​មិន​មាន​ទាន​បន្តិច​បន្តួច ដែល​គួរ​ឱ្យ​ឡើយ ពួក​ស្មូម​មិន​ដឹង​ផ្លូវ​ទៅ​កាន់​រោង​ទាន របស់​អសយ្ហ​មហា​សេដ្ឋី ក៏​នាំ​គ្នា​មក​សួរ​ខ្ញុំ​ៗ​ក៏​បាន​ប្រាប់​ផ្លូវ​ដល់​ពួក​ស្មូម​ទាំង​នោះ ផល​នេះ​សម្រេច​ដោយ​បុញ្ញកម្ម្​នោះ​ឯង ហើយ​ក៏​ពោល​គាថា​ថា ៖

តេន បាណិ កាម​ទទោ តេន បាណិ មធុស្សវោ

តេន មេ ព្រហ្មចរិយេន បុញ្ញំ បាណិម្ហិ ឥជ្ឈតំ ។

ដៃ​របស់​ខ្ញុំ​អាច​ឱ្យ​នូវ​សេចក្ដី​ប្រាថ្នា​ទាំង​ពួង​បាន ដោយ​ការ​ចង្អុល​ប្រាប់​ផ្លូវ​នោះ ដៃ​របស់​ខ្ញុំ​ជា​ទី​ហូរ​ចេញ​នៃ​វត្ថុ​មាន​រស​ផ្អែម​ឆ្ងាញ់​ពិសា ដោយ​ការ​ចង្អុល​ប្រាប់​ផ្លូវ​នោះ ផល​បុណ្យ​សម្រេច​ក្នុង​ដៃ​របស់​ខ្ញុំ​ដោយ​ព្រហ្ម​ចរិយ​នោះ ។ ត្រង់​ពាក្យ​ថា ដោយ​ព្រហ្ម​ចរិយ​នោះ អ្នក​ប្រាជ្ញ​គប្បី​ដឹង ដោយ​សេចក្ដី​ខ្វល់ខ្វាយ​របស់​ទេវតា កាល​នៅ​ជា​ជាង​ជុល មាន​សេចក្ដី​ខ្វល់ខ្វាយ​ជួយ​ប្រាប់​ផ្លូវ​ទៅ​កាន់​រោង​ទាន​ដល់​ពួក​ស្មូម ដូច​បាន​ពោល​មក​ហើយ ។ វេយ្យាវច្ច សេចក្ដី​ខ្វល់ខ្វាយ​ដូច​បាន​សម្ដែង​មក​នេះ​ចាត់​ជា​ព្រហ្ម​ចរិយ​ទី​២ ហៅ​ថា​វេយ្យា​វច្ច​ព្រហ្ម​ចរិយ ។

ព្រហ្មចរិយ​ទី​៣ គឺ​បញ្ចសីល បាន​ដល់​សីល​ទាំង​៥ មាន​មក​ក្នុង​តិត្តិរ​ជាតក ។ មាន​រឿង​ក្នុង​វិនយ​បិដក សេនាសនក្ខន្ធក គម្ពីរ​ចុល្លវគ្គ​ថា​មនុស្ស​ទាំង​ឡាយ​មាន​សទ្ធា​សាង​សេនា​សនៈ ប្រគេន​ភិក្ខុ​សង្ឃ​ជា​ច្រើន ។ គ្រា​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​គង់​នៅ​ជា​សុខ​សប្បាយ ក្នុង​នគរ​វេសាលី ហើយ​ទ្រង់​យាង​អំពី​នគរ​វេសាលី​សំដៅ​ទៅ​នគរ​សាវត្ថី មាន​ភិក្ខុ​សង្ឃ​ច្រើន​ជា​បរិវារ ។ ពួក​ភិក្ខុ​ជា​សិស្ស​របស់​ឆព្វគ្គិយ​ភិក្ខុ នាំ​គ្នា​ដើរ​ស្រូត​រូត​ទៅ​មុន​ភិក្ខុ​សង្ឃ មាន​ព្រះ​ពុទ្ធ​អង្គ​ជា​ប្រធាន ដណ្ដើម​យក​សេនា​សនៈ​តាម​គាប់​ចិត្ត​ថា សេនា​សនៈ​នេះ​គួរ​បាន​ឧបជ្ឈាយ៍​យើង នេះ​គួរ​បាន​អាចារ្យ​យើង នេះ​គួរ​បាន​យើង ។ ព្រះ​សារីបុត្រ​និមន្ត​ទៅ​ក្រោយ​គេ​បង្អស់ មិន​បាន​សេនា​សនៈ​សោះ លោក​ក៏​និមន្ត​ទៅ​គង់​ក្រោម​ម្លប់​ឈើ​មួយ​ដើម ។ គ្រា​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ក្រោក​ឡើង​ក្នុង​បច្ចូស​សម័យ​នៃ​រាត្រី  ហើយ​ទ្រង់​គ្រហែម ។ ព្រះ​សារីបុត្រ ក៏​គ្រហែម​ត​នឹង​ព្រះ​អង្គ ។ ព្រះ​អង្គ​សួរ​ថា នរណា​នេះ ។ ព្រះ​សារីបុត្រ ក្រាប​ទូល​ថា ខ្ញុំ​ព្រះ​ករុណា​ឈ្មោះ​សារីបុត្រ ។ ព្រះ​អង្គ​សួរ​ថា ចុះ​ហេតុ​អ្វី​បាន​ជា​មក​អង្គុយ​ក្នុង​ទី​នេះ ។ ព្រះ​សារីបុត្រ​ក្រាប​បង្គំ​ទូល​ថា គ្មាន​សេនា​សនៈ ព្រោះ​គេ​ដណ្ដើម​យក​មុន​អស់​ទៅ ។ ព្រះ​អង្គ​ទ្រង់​ឱ្យ​ប្រជុំ​ភិក្ខុ​សង្ឃ ហើយ​ទ្រង់​សួរ​បញ្ជាក់​រឿង​នោះ​ជ្រាប​សព្វ​គ្រប់​ហើយ ទ្រង់​សួរ​ភិក្ខុ​ទាំង​ឡាយ​ត​ទៅ​ទៀត​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​យ៉ាង​ណា​គួរ​បាន​អា​សនៈ​ប្រសើរ ទឹក​ប្រសើរ ដុំ​បាយ​ប្រសើរ ។ ភិក្ខុ​ខ្លះ​ក្រាប​ទូល​ថា អ្នក​ចេញ​ចាក​ត្រកូល​ក្សត្រ​ទៅ​បួស គួរ​បាន​អា​សនៈប្រសើរ ទឹក​ប្រសើរ ដុំ​បាយ​ប្រសើរ ខ្លះ​ថា​អ្នក​ចេញ​ចាក​ត្រកូល​ពា្រហ្មណ៍​ទៅ​បួស​គួរ​ខ្លះ​ថា អ្នក​ចេញ​ចាក​ត្រកូល​គហបតី​ទៅ​បួស​គួរ ខ្លះ​ថា ភិក្ខុ​ជា​វិនយ​ធរគួរ ។ល។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​មក​ហើយ ទ្រង់​សម្ដែង​តិត្តិរ​ជាតក​ថា ភូតបុព្វំ ភិក្ខវេ ហិមវន្តបស្សេ មហា និគ្រោនោ អហោសិ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រឿង​មាន​មក​ពី​ដើម​ថា មាន​ដើម​ជ្រៃ​ធំ​មួយ​​ដើម ដុះ​នៅ​ក្បែរ​ព្រៃ​ហិមពាន្ត ។ មាន​សត្វ​ទាំង​៣ គឺ​សត្វ​ទទា​ ១ សត្វ​ស្វា​ ១ សត្វ​ដំរី​ ១ ជា​សម្លាញ់​នឹង​គ្នា ។ សត្វ​ទាំង​៣​នោះ ឥត​មាន​សេចក្ដី​គោរព​កោត​ក្រែង​ដល់​គ្នា​នឹង​គ្នា​ឡើយ ។ គ្រា​ក្រោយ​មក សត្វ​ទាំង​៣​ក៏​មាន​សេចក្ដី​ត្រិះរិះ​ថា យើង​គួរ​ឱ្យ​ដឹង​ច្បាស់​ថា នរណា​ចាស់​ជាង​គេ បើ​ដឹង​ថា​នរណា​ចាស់​ជាង​គេ​ហើយ គួរ​គោរព​បូជា​ដល់​អ្នក​នោះ គួរ​ស្ថិត​នៅ​ក្នុង​ឱវាទ​អ្នក​នោះ ។ ទើប​សត្វ​ស្វានិង​សត្វ​ទទា​សួរ​ទៅ​សត្វ​ដំរី​ថា សម្លាញ់​ឯង​រឭក​ឃើញ​រឿង​ពី​ដើម​ឬ​ទេ ដំរី​ឆ្លើយ​ថា កាល​យើង​ជា​កូន​ដំរី​នៅ​ឡើយ យើង​ដើរ​កន្លង​ដើម​ជ្រៃ​នេះ​ដាក់​ក្នុង​ចន្លោះ​ភ្លៅ​ទាំង​២ ដើរ​កន្លង​ទៅ​បាន​ចុង​ត្រួយ​កូន​ជ្រៃ គ្រាន់​តែ​ប៉ះពាល់​ក្បាល​ពោះ​របស់​យើង ម្នាល​សម្លាញ់ ​យើង​នឹក​ឃើញ​រឿង​ពី​ដើម​ដូច្នេះ​បាន ។

គ្រា​នោះ សត្វ​ទទា​និង​ដំរី​សួរ​ទៅ​សត្វ​ស្វា​ថា សម្លាញ់​ឯង​រឭក​ឃើញ​រឿង​ពី​ដើម​បាន​ដែរ​ឬ ។ សត្វ​ស្វា​ឆ្លើយ​ថា កាល​យើង​ជា​កូន​ស្វា​នៅ​ឡើយ អង្គុយ​លើ​ផែន​ដី យក​មាត់​ឱន​ខាំ​ចុង​ត្រួយ​ដើម​ជ្រៃ​នេះ​បាន ម្នាល​សម្លាញ់ យើង​រឭក​ឃើញ​រឿង​ពី​ដើម​ដូច្នេះ​បាន ។ គ្រា​នោះ​សត្វ​ស្វានិង​ដំរី​សួរ​ទៅ​សត្វ​ទទា​ថា សម្លាញ់​ឯង​រឭក​ឃើញ​រឿង​ពី​ដើម​បាន​ដែរ​ឬ ។ សត្វ​ទទា​ឆ្លើយ​ថា មាន​ដើម​ជ្រៃ​ធំ​មួយ​​ដើម ដុះ​នៅ​ត្រង់​កន្លែង​ឯ​នោះ អាត្មា​អញ​ស៊ី​ផ្លែ​ជ្រៃ​នោះ ហើយ​យក​មក​ជុះ​ដាក់​ត្រង់​កន្លែង​នេះ ទើប​ដើម​ជ្រៃ​នេះ​ដុះ​ឡើង ម្នាល​សម្លាញ់ ហេតុ​នោះ អាត្មា​អញ​ចាស់​ជាង​គេ​បង្អស់​ដោយ​ជាតិ ។ គ្រា​នោះ សត្វ​ស្វា​និង​ដំរី​និយាយ​ទៅ​នឹង​សត្វ​ទទា​ថា សម្លាញ់​ឯង​ចាស់​ជាង​គេ​ដោយ​ជាតិ​ហើយ យើង​នឹង​គោរព​បូជា​កោត​ក្រែង​ដល់​សម្លាញ់​ឯង ហើយ​ស្ថិត​នៅ​ក្នុង​ឱវាទ​សម្លាញ់​ឯង​ផង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គ្រា​នោះ សត្វ​ទទា​ញ៉ាំង​សត្វ​ស្វា​និង​ដំរី ឱ្យ​សមាទាន​សីល​៥ ហើយ​សមាទាន​ប្រព្រឹត្ត​ក្នុង​សីល​៥​ដោយ​ខ្លួន​ឯង សត្វ​ទាំង​៣​នោះ ប្រកប​ដោយ​សេចក្ដី​គោរព​កោត​ក្រែង​ដល់​គ្នា​នឹង​គ្នា លុះ​មាន​រាង​កាយ​បែក​ធ្លាយ​ទៅ​ហើយ ខាង​មុខ​អំពី​សេចក្ដី​ស្លាប់ ក៏​ចូល​ទៅ​កាន់​លោក​គឺ​ស្ថាន​សួគ៌​ជា​សុគតិ ។ ឯតំ ខោ ភិក្ខវេ  តិត្តិរិយំ នាម ព្រហ្មចរិយំ អហោសិ ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ សីល​ទាំង​៥​នេះ​ឯង ហៅ​ថា តិត្តិរិយព្រហ្មចរិយ គឺ​ការ​ប្រព្រឹត្ត​យ៉ាង​ប្រសើរ​របស់​សត្វ​ទទា ។ ព្រះ​អង្គ​ទ្រង់​សម្ដែង​ធម៌​ដោយ​គាថា​ថា យេ វុឌ្ឍមបចាយន្តិ  នរា ធម្មស្ស  កោវិទា ទិដ្ឋេ ធម្មេ ច ចាសំសា សប្បរាយោ ច សុគតិ ។

ជន​ទាំង​ឡាយ​ឯ​ណា ជា​អ្នក​ឈ្លាស​ក្នុង​ធម៌ ប្រព្រឹត្ត​កោត​ក្រែង បុគ្គល​ដែល​ចាស់​ជាង​ខ្លួន​ជន​ទាំង​ឡាយ​នោះ អ្នក​ប្រាជ្ញ​គប្បី​សរសើរ​ក្នុង​បច្ចុប្បន្ន លោក​ខាង​មុខ​របស់​ជន​ទាំង​នោះ ក៏​ជា​សុគតិ ។ ព្រះ​អង្គ​សម្ដែង​គាថា​ដូច្នេះ​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ត​ទៅ​ទៀត​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​តិរច្ឆាន​ទាំង​នោះ ប្រកប​ដោយ​សេចក្ដី​គោរព​កោត​ក្រែង​ដល់​គ្នា​នឹង​គ្នា អ្នក​ទាំង​ឡាយ​ដែល​ចូល​មក​បួស​ក្នុង​ធម្ម​វិន័យ ដែល​តថាគត​សម្ដែង​ដោយ​ល្អ​យ៉ាង​នេះ​ហើយ គួរ​ណាស់​តែ​មាន​សេចក្ដី​គោរព​កោត​ក្រែង​ដល់​គ្នា​នឹង​គ្នា​ដូច្នោះ​ឯង ។ ពាក្យ​ថា​ព្រហ្ម​ចរិយ​ក្នុង​តិត្តិរ​ជាតក​នេះ ជា​ពុទ្ធ​ភាសិត សំដៅ​យក​សីល​ទាំង​៥ ឬ​ថា​ជា​ឈ្មោះ​របស់​សីល​ទាំង​៥​ព្រោះ​ហេតុ​នោះ​បាន​ជា​ព្រះ​អដ្ឋកថា​ចារ្យ អាង​ពុទ្ធ​ភាសិត​នេះ​ហើយ អធិប្បាយ​ថា​សីល​ទាំង​៥ ហៅ​ថា​ព្រហ្ម​ចរិយ​ធម៌​មួយ​ដែរ ។

ម្យ៉ាង​ទៀត ពាក្យ​ថា​សីល​៥ គឺ​សិក្ខាបទ​ទាំង​៥​ដូច​មាន​ក្នុង​បាលី​សង្គីតិសូត្រ គម្ពីរ​ទីឃ​និកាយ បាដិកវគ្គថា បញ្ច សិក្ខាបទានិ ចាណាតិចាតា បរមណី អទិន្នាទានា វេរមណី កាមេសុ មិច្ឆាចារា យមណី មុសាវាទា វេរមណី សុរាមេរយ មជ្ជប្បមាទដ្ឋានា វេរមណី ។ សិក្ខាបទ​ទាំង​ឡាយ​មាន​៥​គឺ ការ​វៀរ​សម្លាប់​សត្វ​ ១ ការ​វៀរ​លួច​ទ្រព្យ​គេ ​១ ការ​វៀរ​ប្រព្រឹត្ត​ខុស​ក្នុង​កាម គឺ​សេព​មេថុន​ធម្ម​នឹង​ស្រ្តី​២០​ពួក​ ១ ការ​វៀរ​និយាយ​ពាក្យ​កុហក​ ១ ការ​វៀរ​ហេតុ​ជា​ទី​តាំង​នៃ​សេចក្ដី​ប្រមាទ ព្រោះ​ផឹក​ទឹក​ស្រវឹង គឺ​សុរា​និង​មេរ័យ ​១ ។

បើ​នឹង​សម្ដែង​ដោយ​សេចក្ដី ពាក្យ​ថា​វៀរ​នោះ បាន​ដល់​វិរតី គឺ​ការ​វៀរ​ដែល​ប្រកប​ដោយ​កុសល​ចិត្ត ។ ក៏​ឯ​វិរតិ​នោះ​មាន​៣​ប្រការ គឺ​សម្បត្តិ​វិរតិ​ ១ សមាទាន​វិរតិ​ ១ សមុច្ឆេទ​វិរតិ​ ១ ។ សម្បត្តិ​វិរតិ​បាន​ដល់​ការ​វៀរ​ដែល​កើត​ឡើង​ដល់​បុគ្គល ដែល​មិន​បាន​សមាទាន​សិក្ខាបទ ហើយ​មិន​ប្រព្រឹត្ត​កន្លង​នូវ​វត្ថុ ដែល​មក​ដល់​ក្នុង​ទី​ចំពោះ​មុខ គឺ​ចួប​ប្រទះ​នឹង​សត្វ​គួរ​សម្លាប់​មិន​សម្លាប់ ទ្រព្យ​គេ​គួរ​លួច​មិន​លួច​ជា​ដើម ដោយ​ពិចារណា​ឃើញ​នូវ​ជាតិ​និង​វ័យ និង​សេចក្ដី​ចេះ​ដឹង​របស់​ខ្លួន​ជា​ដើម​មួយ​ទៀត គិត​ឃើញ​ថា អំពើ​សម្លាប់​ជា​ដើម​នេះ មិន​សមគួរ​ដល់​អាត្មា​អញ​ឡើយ ដូច​វិរតិ​របស់​ចក្កន​ឧបាសក អ្នក​នៅ​ក្នុង​លង្កា​ទ្វីប ។ មាន​វត្ថុ​និទាន​ថា កាល​ឧបាសក​នោះ​នៅ​ក្មេង​នៅ​ឡើយ រោគ​ក៏​កើត​មាន​ឡើង​ដល់​មាតា​របស់​ឧបាសក​នោះ ។ យក​ពេទ្យ​មក​ព្យាបាល​រក្សា​មើល​រោគ​មាតា​នោះ ពេទ្យ​គេ​និយាយ​ថា រោគ​នេះ​ត្រូវ​នឹង​ថ្នាំ​សាច់​ទន្សាយ​ស្រស់ ។ ទើប​បង​ក៏​ប្រើ​ចក្កន​ឧបាសក​នោះ ឱ្យ​ទៅ​រក​សាច់​ទន្សាយ​ស្រស់​ឯ​ប្រទេស​ស្រែ ។  ចក្កន​ឧបាសក​ក៏​ដើរ​ទៅ​ឯ​ប្រទេស​ស្រែ​នោះ ។ ក្នុង​សម័យ​នោះ មាន​សត្វ​ទន្សាយ​មួយ​​ដើរ​មក​ដើម្បី​ទំពា​ស៊ី​សន្ទូង​ខ្ចី ។ ទន្សាយ​នោះ​បាន​ឃើញ​ចក្កន​ឧបាសក​នោះ​ហើយ ក៏​រត់​ទៅ​ប្រញាប់​ទៅ​ព័ន្ធ​ពទ្ធ​នឹង​វល្លិ​ទៅ​ណា​ពុំ​រួច ប្រឹង​ស្រែក​បម្រះ​ននៀល​នៅ​ទី​នោះ ។ ចក្កន​ឧបាសក​បាន​ឮ​សំឡេង​នោះ​ហើយ ក៏​ស្ទុះ​ទៅ​ចាប់​បាន​យក​មក​ដោយ​គិត​ថា នឹង​ធ្វើ​ថ្នាំ​ដល់​មាតា​របស់​ខ្លួន ក៏​គិត​ម្ដង​ទៀត​ថា អាត្មា​អញ​មិន​គួរ​នឹង​សម្លាប់​ជីវិត​គេ  ព្រោះ​ជីវិត​មាតា​របស់​ខ្លួន​ដូច្នេះ​ឡើយ ។ ទើប​ចក្កន​ឧបាសក​លែង​ទន្សាយ​នោះ​ទៅ​ និយាយ​ថា​ ទន្សាយ​ឯងចូរ​ទៅ​បរិភោគ​ស្មៅ​និង​​ទឹក​ជា​មួយ​នឹង​ទន្សាយ​ឯ​ទៀត​ចុះ ។ លុះ​ចក្កន​ឧបាសក​ត្រឡប់​មក​ពី​ផ្ទះ​វិញ បង​ក៏​សួរ​ថា បាន​ទន្សាយ​ឬ​ទេ ក៏​ឆ្លើយ​ប្រាប់​ដំណើរ​នោះ​សព្វ​គ្រប់​ដល់​បង ។ បង​ក៏​គម្រាម​ចក្កន​ឧបាសក​នោះ​តាម​អំពើ​ចិត្ត ។ ចក្កន​ឧបាសក​នោះ​ក៏​ទៅ​កាន់​សម្នាក់​មាតា​របស់​ខ្លួន ហើយ​ពោល​សច្ច​វាចា​ថា អាត្មា​អញ​តាំង​ពី​កើត​មក មិន​ដែល​មាន​ចិត្ត​ក្លែង​ញ៉ាំង​សត្វ​ឱ្យ​ធ្លាក់​ចុះ​ចាក​ជីវិត​ឡើយ ។ មាតា​ចក្កន​ឧបាសក​នោះ ក៏​ជា​រោគ​ភ្លាម​មួយ​រំពេច ។ សម្បត្តិ​វិរតិ មាន​សេចក្ដី​សង្ខេប​យ៉ាង​នេះ ។

ឯ​សមាទាន​វិរតិ គឺ​វិរតិ​ដែល​កើត​ឡើង​ដល់​បុគ្គល ដែល​បាន​សមាទាន​សិក្ខាបទ​ហើយ ស៊ូ​លះបង់​ជីវិត​ខ្លួន មិន​ហ៊ាន​ប្រព្រឹត្ត​ឱ្យ​កន្លង​វត្ថុ គឺ​សត្វ​គួរ​សម្លាប់និង​ទ្រព្យ​គួរ​លួច​ជា​ដើម ដូច​វិរតិ​របស់​ឧបាសក​ម្នាក់ នៅ​ក្នុង​ទន្តរ​វឌ្ឍមាន​គ្រាម ។ មាន​វត្ថុ​និទាន​ថា ​ឧបាសក​នោះបាន​សមាទាន​សិក្ខាបទ ក្នុង​សម្នាក់​ព្រះ​បិង្គល​ពុទ្ធ​រក្ខិតត្តេរ ហើយ​ក៏​ទៅ​ភ្ជួរ​ស្រែ ។ លុះ​កាល​ជា​ខាង​ក្រោយ គោ​របស់​ឧបាសក​នោះ​ក៏​បាត់​ទៅ ។ ឧបាសក​នោះ ដើរ​ស្វែង​រក​គោ​នោះ ឡើង​ទៅ​រក​លើ​ភ្នំ​ឈ្មោះ​ទន្តរ​វឌ្ឍមាន ។ មាន​ពស់​ថ្លាន់​ធំ​មួយ​​រួប​រឹត​ឧបាសក​នោះ នៅ​លើ​ភ្នំ​នោះ​ឯង ។ ឯ​ឧបាសក​នោះ​គិត​ថា អាត្មា​អញ​កាត់​ក្បាល​ពស់​ថ្លាន់​ដោយ​កាំបិត​ព្រា​ដ៏​មុត​នេះ ក៏​គិត​ម្ដង​ទៀត​ថា អាត្មា​អញ​បាន​សមាទាន​សិក្ខាបទ ក្នុង​សម្នាក់​គ្រូ​ដែល​មាន​កេរ្ត៍​ឈ្មោះ​ប្រសើរ ហើយ​មិន​គួរ​នឹង​ទម្លាយ​សិក្ខាបទ​នោះ​សោះ លុះ​គិត​ដូច្នេះ​៣​ដង​ហើយ ក៏​គិត​ម្ដង​ទៀត​ថា អាត្មា​អញ​លះបង់​ជីវិត​ខ្លួន​ចុះ មិន​គួរ​លះបង់​សិក្ខាបទ​ទេ ហើយ​ក៏​បោះ​កាំបិត​ព្រា​ដែល​លី​នៅ​លើ​ស្មា​ចោល​ទៅ​ក្នុង​ព្រៃ ។ ឯ​ពស់​ថ្លាន់​ក៏​លែង​ឧបាសក​នោះ ហើយ​លូន​ចេញ​ទៅ​មួយ​រំពេច ។ សមាទាន​វិរតិ​មាន​សេចក្ដី​សង្ខេប​យ៉ាង​នេះ ។

ឯ​សមុច្ឆេទ​វិរតិ បាន​ដល់​វិរតិ​ដែល​ប្រកប​ដោយ​អរិយ​មគ្គ​របស់​ព្រះ​អរិយ​បុគ្គល ចាប់​ដើម​តាំង​អំពី​កើត​សមុច្ឆេទ​វិរតិ​នោះ​ឡើង សន្ដាន​ចិត្ត​របស់​ព្រះ​អរិយ​បុគ្គល​នោះ មិន​បាន​គិត​នឹង​សម្លាប់​សត្វ​ឡើយ ។

ចប់​វិរតិ​៣​ប្រការ​ដោយ​សង្ខេប​តែ​ប៉ុណ្ណេះ ។

ម្យ៉ាង​ទៀត ជន​ជា​សប្បុរស​ប្រកប​ដោយ​បញ្ញា​ល្អ គួរ​រក្សា​សីល​៨ កាល​បើ​បាន​រក្សា​ហើយ ត្រូវ​ប្រព្រឹត្ត​ឱ្យ​ល្អ​ក្នុង​សីល​នោះ កុំ​ឱ្យ​ដាច់​ដាច​ធ្លុះធ្លាយ កាល​នឹង​បរិភោគ​អាហារ គួរ​បរិភោគ​ឱ្យ​បរិសុទ្ធ​ដោយ​ទី​បំផុត​ទាំង​៣ គឺ​មិន​បាន​ឃើញ​ ១ មិន​បាន​ឮ ១ មិន​បាន​រង្គៀស ១ គួរ​តែ​លះ​បង់​ជីវិត​ខ្លួន មិន​គួរ​ប្រព្រឹត្ត​ឱ្យ​កន្លង​សីល​នោះ​ឡើយ ដូច​មាន​វត្ថុ​និទាន​ថា ព្រះ​រាជា​មួយ​ព្រះ​អង្គ សោយ​រាជ្យ​ក្នុង​លង្កា​ទ្វីប ទ្រង់​ព្រះ​នាម​ថា ធម្មិក​តិស្ស​មហា​រាជ ព្រះ​រាជា​នោះទ្រង់​មាន​ព្រះ​រាជ​ហឫទ័យ ចង់​សោយ​សាច់​សត្វ​ទទា​អាំង តែ​ទ្រង់​ព្រះ​ចិន្ដា​ថា បើ​អញ​និយាយ​ប្រាប់​គេ​ថា ចង់​ស៊ី​សាច់​សត្វ​ទទា​អាំង​ហើយ មុខ​ជា​ជន​ទាំង​ឡាយ​នឹង​ធ្វើ​សត្វ​ទទា​ឱ្យ​វិនាស ក្នុង​ទី​ប្រមាណ​ជា​មួយ​យោជន៍​ជុំ​វិញ ។ ព្រះ​រាជា​នោះ ក៏​ទ្រង់​អត់​ទ្រាំ​សេចក្ដី​ស្រេក​ឃ្លាន​អស់​៣​ឆ្នាំ  មាន​រោគ​ខ្ទុះ​កើត​ក្នុង​ព្រះ​កណ្ណា ។ ព្រះ​រាជា​នោះ ក៏​មិន​អាច​នឹង​អត់​ទ្រាំ​សេចក្ដី​ស្រេក​ឃ្លាន​បាន ក៏​មាន​ព្រះ​បន្ទូល​សួរ​ថា មនុស្ស​ណា​មួយ​ជា​ខ្ញុំ​បម្រើ​របស់​អញ ហើយ​ជា​អ្នក​រក្សា​សីល​ដោយ​ត្រឹម​ត្រូវ​មាន​ដែរ​ឬ ។ ជន​ទាំង​ឡាយ​ក្រាប​បង្គំ​ទូល​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស មាន​ឧបាសក​ម្នាក់​ឈ្មោះ​តិស្ស​ឧបាសក រក្សា​សីល​ត្រឹម​ត្រូវ​មិន​ឱ្យ​ដាច់​ដាច​ធ្លុះ​ធ្លាយ​ឡើយ ។ ព្រះ​រាជា​ទ្រង់​ប្រាថ្នា​នឹង​ល្បង​ឧបាសក​នោះ​មើល ទ្រង់​បង្គាប់​ឱ្យ​ហៅ​ឧបាសក​នោះ​មក ។ ឧបាសក​នោះ​ក៏​មក​តាម​ព្រះ​រាជ​អាជ្ញា ដល់​ហើយ​ក៏​ក្រាប​បង្គំ ស្ថិត​នៅ​ក្នុង​ទី​ដ៏​សមគួរ ។ ព្រះ​រាជា​ទ្រង់​សួរ​ថា អ្នក​ឯង​ឈ្មោះ​តិស្ស​ឧបាសក​ឬ ។ ឧបាសក​ក្រាប​ទូល​ថា ព្រះ​ករុណា​ថ្លៃ​វិសេស ។ ព្រះ​រាជា​ទ្រង់​ត្រាស់​ថា អ្នក​ឯង​ចូរ​ត្រឡប់​ទៅ​វិញ​ចុះ ។ លុះ​ឧបាសក​នោះ​ត្រឡប់​ទៅ​វិញ​ហើយ ព្រះ​រាជា​ទ្រង់​បង្គាប់​បុរស​ម្នាក់​ឱ្យ​យក​មាន់​រស់​មួយ​ ទៅ​ឱ្យ​ឧបាសក​នោះ​ចម្អិន​ក្រយា​ស្ងោយ​បីមុខ​យក​មក​ថ្វាយ​ព្រះ​អង្គ ។ បុរស​នោះ​ក៏​ទៅ​តាម​ព្រះ​រាជ​បង្គាប់ ។ ឧបាសក​និយាយ​ទៅ​នឹង​ព្រះ​រាជ​បម្រើ​នោះ​ថា បើ​មាន់​នេះ​ស្លាប់​ស្រាប់ យើង​អាច​នឹង​ចាត់​ចែង​ក្រយា​ស្ងោយ​ថ្វាយ​តាម​ព្រះ​រាជ​ហឫទ័យ ឥឡូវ​មាន់​នេះ​នៅ​រស់ យើង​ធ្វើ​មិន​បាន​ឡើយ ព្រោះ​យើង​មិន​សម្លាប់​សត្វ ។ រាជ​បម្រើ​ក៏​ត្រឡប់​មក​ក្រាប​បង្គំ​ទូល​ព្រះ​រាជា​វិញ ។ ព្រះ​រាជា​ក៏​ទ្រង់​បង្គាប់​ឱ្យ​រាជ​បម្រើ​ទៅ​ប្រាប់​ដូច្នោះ​ម្ដង​ទៀត រាជ​បម្រើ​ក៏​ទៅ​ប្រាប់​ឧបាសក​នោះ​ម្ដង​ទៀត​ថា ការ​បម្រើ​ព្រះ​រាជា​ជា​ការ​ធ្ងន់​ពន់​ពេក​ណាស់ អ្នក​ឯង​កុំ​ធ្វើ​ដូច្នេះ​ឡើយ កាល​បើ​សីល​ដាច់​ទៅ​ហើយ អ្នក​ឯង​អាច​នឹង​សមាទាន​វិញ​ទៀត​បាន អ្នក​ឯង​ចូរ​ចម្អិន​មាន់​នេះ​ថ្វាយ​ព្រះ​រាជា​កុំ​ខាន ។ គ្រា​នោះ តិស្ស​ឧបាសក​និយាយ​ទៅ​នឹង​រាជ​បម្រើ​ថា ក្នុង​អត្ថភាព​មួយ​មាន​សេចក្ដី​ស្លាប់​ម្ដង​ជា​ទៀង​ឥត​ឃ្លៀង​ឃ្លាត​ឡើយ ហេតុ​នោះ​យើង​មិន​ធ្វើ បាណាតិបាត​ទេ ។ រាជ​បម្រើ​ក៏​ត្រឡប់​មក​ក្រាប​បង្គំ​ទូល​ព្រះ​រាជា​វិញ ។ ព្រះ​រាជា​ក៏​ប្រើ​រាជ​បម្រើ​ទៅ​ដូច្នោះ​ជា​គម្រប់​៣​ដង ឧបាសក​នោះ​ក៏​នៅ​តែ​មិន​ព្រម​ទទួល​ធ្វើ​តាម​ព្រះ​រាជ​អាជ្ញា ទើប​ទ្រង់​ឱ្យ​ហៅ​ឧបាសក​នោះ​មក ទ្រង់​សួរ​ដោយ​ព្រះ​អង្គ​ឯង ។ ឧបាសក​នោះ ក៏នៅ​តែ​រឹង​ទទឹង​នឹង​ព្រះ​រាជ​អាជ្ញា​ដូច្នោះ​ដដែល ។ ព្រះ​រាជា​ទ្រង់​បង្គាប់​រាជ​បុរស​ថា ឧបាសក​នេះ វា​មិន​ទទួល​ធ្វើ​តាម​ព្រះ​រាជអាជ្ញា​អ្នក​ទាំង​ឡាយ​ចូរ​នាំ​វា​ទៅ​ដាក់​ត្រង់​កន្លែង​សម្លាប់​មនុស្ស ហើយ​កាត់​ក្បាល​វា​ចោល​ចេញ តែ​ទ្រង់​ឱ្យ​សញ្ញា​ដល់​រាជ​បុរស​ក្នុង​ទី​ស្ងាត់​ថា អ្នក​ទាំង​ឡាយ​កុំ​អាល​សម្លាប់​វា គ្រាន់​តែ​គំរាម​ឱ្យ​វា​ខ្លាច​ហើយ​នាំ​វា​ទៅ យក​ក្បាល​វា​តម្កល់​ទុក​លើ​ជ្រញ់​កន្លែង​សម្លាប់​មនុស្ស ហើយ​ត្រឡប់​មក​ប្រាប់​អញ​វិញ ។ ពួក​រាជ​បុរស​នាំ​ឧបាសក​នោះ​ទៅ​ឱ្យ​ដេក​លើ​ជ្រញ់​កន្លែង​សម្លាប់​មនុស្ស ហើយ​យក​មាន់​នោះ​ទៅ​ដាក់​លើ​ដៃ​ឧបាសក ។ ឧបាសក​ក៏​យក​មាន់​ដាក់​លើ​ដើម​ទ្រូង​ខ្លួន​និយាយ​ថា ម្នាល​មាន់ អញ​ឱ្យ​ជីវិត​អញ​ដល់​ឯង យក​ជីវិត​ឯង​មក​ជា​ជីវិត​អញ​វិញ មាន់​ឯង​កុំ​ភិត​ភ័យ​អ្វី ចូរ​ឯង​ទៅ​ចុះ ថា​ដូច្នេះ​ហើយ​ក៏​លែង​មាន់​នោះ​ទៅ ។ មាន់​ក៏​ទទះ​ស្លាប​ហើរ​ទោ​ទំ​លើ​ដើម​ជ្រៃ​មួយ ។ កន្លែង​នេះ​ជា​កន្លែង​ឱ្យ​អភ័យ​ដល់​សត្វ​មាន់ មាន​ឈ្មោះ​ប្រាកដ​ថា កុក្កុដ​គិរី ។

ឯ​ព្រះ​រាជា ទ្រង់​ព្រះ​សណ្ដាប់​ដំណឹង​នោះ​ហើយ ទ្រង់​បង្គាប់​បុត្រ​នៃ​អមាត្យ​ម្នាក់​ឱ្យ​ហៅ​ឧបាសក​នោះ​មក​វិញ ហើយ​ទ្រង់​ព្រះ​រាជ​ទាន​បំពាក់​គ្រឿង​ប្រដាប់​ទាំង​ពួង​ដល់​ឧបាសក ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា យើង​មិន​បាន​ធ្វើ​ទុក្ខ​ទោស​អ្វី​ដល់​អ្នក​ឯង​ទេ យើង​គ្រាន់​តែ​ល្បង​លង​អ្នក​ឯង​មើល​ទេ ព្រោះ​យើង​មាន​ប្រាថ្នា​ចង់​សោយ​សាច់​សត្វ​ទទា​កន្លង​បី​ឆ្នាំ​មក​ហើយ អ្នក​ឯង​អាច​ចាត់​ចែង​សាច់​សត្វ​ទទា​ដែល​បរិសុទ្ធ​ដោយ​ទី​បំផុត​ទាំង​៣​ឱ្យ​យើង​បាន​ឬ​ទេ ។ ឧបាសក​ទទួល​ព្រះ​បន្ទូល​រួច​ហើយ​ក៏​ចេញ​ទៅ​ឈរ​ទៀប​មាត់​ទ្វារ ក៏​ស្រាប់​តែ​ឃើញ​បុរស​ម្នាក់​នាំ​យក​សត្វ​ទទា​ស្លាប់​ស្រាប់​៣​ដើរ​ចូល​មក​អំពី​ព្រឹក បាន​ឱ្យ​ថ្លៃ​ពីរ​កហាបណៈ ទិញ​យក​ទទា​នោះ​មក​ចាត់​ចែង​ធ្វើ​បង់​គ្រឿង​ប្រហើរ​មាន​ជីរ​ជា​ដើម អាំង​ឆ្អិន​ស្រេច​ក៏​នាំ​យក​មក​ថ្វាយព្រះ​រាជា ។ រឿង​នេះ​មាន​មក​ក្នុង​អដ្ឋកថា​អាសិវិស​វគ្គ ក្នុង​សំយុត្តិ​និកាយ សឡាយ​តន​វគ្គ ។

ម្យ៉ាង​ទៀត សីល​៥ បើ​បុគ្គល​ឯ​ណា បាន​រក្សា​ដោយ​ប្រពៃ​ហើយ បុគ្គល​នោះ​បាន​ឈ្មោះ​ថា​ជា​អ្នក​មាន​សីល ហើយ​រមែង​ទៅ​កើត​ក្នុង​សុគតិភព សម​តាម​ពុទ្ធ​ភាសិត​ដែល​ព្រះ​អង្គ​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​ធម៌​ទេសនា ដល់​អនាថ​បិណ្ឌិក​សេដ្ឋី ក្នុង​គម្ពីរ​អង្គុត្តរ​និកាយ​បញ្ចក​និបាត​ថា

យោ ចាណំ នាតិចាបេតិ  មុសាវាទំ ន ភាសតិ

លោកេ អទិន្នំ នាទិយតិ  បរទារំ ន កច្ឆតិ

សុរាមេរយ ចានញ្ច      យោ នរោ នានុយុញ្ជតិ

បហាយ បញ្ច វេរានិ  សីលវា ឥតិ វុច្ចតិ

កាយភេទា សប្បញ្ញោ សុគតឹ សោបបជ្ជតិ ។

ជន​ឯ​ណា​មិន​សម្លាប់​សត្វ មិន​និយាយ​ពាក្យ​កុហក មិន​កាន់​យក​ទ្រព្យ​ដែល​គេ​មិន​បាន​ឱ្យ ក្នុង​លោក មិន​សេព​គប់​នឹង​ភរិយា​របស់​អ្នក​ដទៃ ម្យ៉ាង​ទៀត ជន​ឯ​ណា​មិន​ប្រកប​នូវ​ការ​ផឹក​ទឹក​ស្រវឹង​គឺ​សុរានិង​មេរ័យ  ជន​នោះ​ឈ្មោះ​ថា​បាន​លះបង់​ពៀរ​ទាំង​៥​ហើយ អ្នក​ប្រាជ្ញ​ឱ្យ​ឈ្មោះ​ថា ជា​អ្នក​មាន​សីល ជន​នោះ​ប្រកប​ដោយ​បញ្ញា លុះ​រំលាង​បញ្ច​ខន្ធ​ទៅ​ហើយ រមែង​ចូល​ទៅ​កាន់​សុគតិភព ។

អ្នក​មាន​បញ្ញា​គួរ​ពិចារណា​តាម​ពុទ្ធ​ភាសិត​នេះ ឱ្យ​ឃើញ​ថា សីល​៥​នេះ មាន​អានិសង្ស​អាច​ឱ្យ​ទៅ​កើត​ក្នុង​សុគតិភព​បាន សូម្បី​តែ​បុគ្គល​រក្សា​តែ​មួយ​រំពេច ក៏​អាច​ឱ្យ​ទៅ​បង្កើត​ក្នុង​ស្ថាន​សួគ៌​ក៏​មាន​ខ្លះ​ដែរ ដូច​មាន​វត្ថុ​និទាន​ថា សម្ពហុលា កិរ សមុទ្ទវាណិជា នាវាយ សមុទ្ទំ បក្ខន្ទឹសុ ។ បាន​ឮ​ថា​ពួក​ឈ្មួញ​សមុទ្ទ​ច្រើន​នាក់ នាំ​គ្នា​ស្ទុះ​ទៅ​កាន់​សមុទ្ទ​ដោយ​សំពៅ ។ ពួក​ឈ្មួញ​ទាំង​នោះ​បើក​សំពៅ​ទៅ សំពៅ​ក៏​លឿន​រហ័ស​ឆាប់​ប្រៀប​ដូច​សរ​ដែល​គេ​បាញ់​ទៅ បាន​៧​ថ្ងៃ​ក៏​កើត​ឧត្បាត​​ធំ​ក្នុង​កណ្ដាល​សមុទ្ទ មាន​រលក​ធំ​តាំង​ឡើង​ទឹក​ចូល​ពេញ​សំពៅ ។ កាល​បើ​សំពៅ​ទៀប​នឹង​លិច​ហើយ មហាជន​ក៏​នឹក​រឭក​ដល់​ឈ្មោះ​ទេវតា​រាល់​ៗ​ខ្លួន បាន​ធ្វើ​កិច្ច​បន់​ស្រន់​ជា​ដើម ហើយ​ក៏​នាំ​គ្នា​យំ ។ មាន​បុរស​ម្នាក់​គិត​ពិចារណា​ថា អាត្មា​អញ​មាន​ទីពឹង​ក្នុង​ភ័យ​នេះ​ឬ​ទេ ក៏​នឹក​ឃើញ​ដល់​សរណគមន៍និង​សីល​ដ៏​បរិសុទ្ធ​របស់​ខ្លួន ហើយ​ក៏​អង្គុយ​ពែន​ភ្នែន​នា​កណ្ដាល​ជន​ទាំង​នោះ ប្រៀប​ដូច​ជា​ព្រះ​យោគី​ធ្វើ​កម្ម​ដ្ឋាន ។ ពួក​ជន​ដទៃ​ក៏​សួរ​ដល់​ហេតុ​ដែល​មិន​បាន​ខ្លាច​នឹង​បុរស​នោះ ។ បុរស​ក៏​ប្រាប់​ថា ម្នាល​អ្នក​ទាំង​ឡាយ ថ្ងៃ​ដែល​យើង​ឡើង​ជិះ​សំពៅ​មក យើង​បាន​ឱ្យ​ទាន​ដល់​ភិក្ខុ​សង្ឃ បាន​សមាទាន​សរណគមន៍​និង​សីល​រួច​ជា​ស្រេច ព្រោះ​ហេតុ​នោះ​បាន​ជា​យើង​មិន​ភ័យ ។ ជន​ទាំង​ឡាយ​សួរ​ថា អ្នក​ជា​ម្ចាស់ សរណ​គមន៍​និង​សីល​នោះ​គួរ​ដល់​អ្នក​ដទៃ​ដែរ​ឬ​ទេ ។ បុរស​ប្រាប់​ថា គួរ​ដល់​អ្នក​ដទៃ​ដែរ ។ ជន​ទាំង​ឡាយ​និយាយ​ថា បើ​ដូច្នោះ អ្នក​ចូរ​ឱ្យ​ដល់​យើង​រាល់​គ្នា​ផង។ បុរស​នោះ​ធ្វើ​មនុស្ស​ទាំង​អស់​នោះ ឱ្យ​ជា​៧​ចំណែក ក្នុង​មួយ​ចំណែក​ៗ ​៧០០នាក់​ៗ ។ ទើប​បុរស​នោះ​ឱ្យ​សីល​៥​ដល់​មនុស្ស​ទាំង​អស់ ។

បណ្ដា​ជន​ទាំង​នោះ ជន​១០០​នាក់​ទី​១ សមាទាន​សីល​ក្នុង​វេលា​ទឹក​ត្រឹម​ក​ជើង ។ ពួក​ជន​១០០​នាក់​ទី​២ សមាទាន​សីល​ក្នុង​វេលា​ទឹក​ត្រឹម​ជង្គង់ ទី​៣​ទឹក​ត្រឹម​ចង្កេះ ទី​៤​ត្រឹម​ផ្ចិត ទី​៥​ត្រឹម​ដោះ ទី​៦​ត្រឹម​ក​ ទី​៧​សមាទាន​សីល​ក្នុង​វេលា​ទឹក​ប្រៃ​ចូល​មាត់ ។ បុរស​នោះ​បាន​ឱ្យ​សីល​ដល់​មនុស្ស​ទាំង​អស់​នោះ​រួច​ហើយ ស្រែក​ប្រកាស​ឃោសនា​ឡើង​ថា អ្នក​រាល់​គ្នា​គ្មាន​ទីពឹង​អ្វី​ដទៃ​ក្រៅ​អំពី​សីល ចូរ​ពិចារណា​សីល​តែ​ម្យ៉ាង​ចុះ ។ ពួក​ជន​ទាំង​៧០០ នាក់​ក៏​ធ្វើ​មរណភាព​ក្នុង​សមុទ្ទ​ទាំង​អស់ ក៏​បាន​ទៅ​កើត​ក្នុង​ពិភព​តាវត្តិង្ស​ទេវ​លោក ព្រោះ​អាស្រ័យ​សីល​ដែល​ខ្លួន​បាន​សមាទាន​ក្នុង​សម័យ​ជិត​ស្លាប់ ។ វិមាន​ទាំង​ឡាយ​ក៏​កើត​មាន​ដល់​ទេវតា​ទាំង​នោះ​ដោយ​ពួក​ដោយ​ដុំ ។ វិមាន​មាស​ប្រមាណ​ជា​១០០​យោជន៍ កើត​ឡើង​ដល់​ទេវតា​ជា​អាចារ្យ នា​កណ្ដាល​វិមាន​ទាំង​អស់ ។ វិមាន​ក្រៅ​អំពី​នោះ​ជា​បរិវារ​នៃ​វិមាន​នោះ វិមាន​យ៉ាង​ទាប​ជាង​គេ​បង្អស់​ត្រឹម​១២​យោជន៍ ។ ទេវតា​ទាំង​ឡាយ​នោះ ក៏​រំពឹង​បុញ្ញកម្ម ក្នុង​ខណៈ​ដែល​ខ្លួន​បាន​ទៅ​កើត​រួច​ហើយ ក៏​ដឹង​ច្បាស់​ថា សម្បត្តិ​ដែល​ខ្លួន​បាន​នោះ បាន​ព្រោះ​អាស្រ័យ​ទេវតា​ជា​អាចារ្យ ហើយ​ក៏​នាំ​គ្នា​ទៅ​និយាយ​សរសើរ​គុណ​អាចារ្យ​ក្នុង​សម្នាក់​ព្រះ​ទសពល ។ រឿង​នេះ​មាន​ក្នុង​អដ្ឋកថា​ទេវតា​សំយុត្ត ។

មាន​រឿង​ក្នុង​បាលី សព្ភិសូត្រ ទេវតា​សំយុត្ត ក្នុង​គម្ពីរ​សំយុត្តិ​និកាយ​ថា ទេវតា​ទាំង​អស់​នោះ​ឈ្មោះ​ថា << សតុ​ល្លប​កាយិកា​ទេវតា >> មាន​រស្មី​ភ្លឺ​ព្រោងព្រាយ​ញ៉ាំង​វិហារ​ជេតពន ឱ្យ​ភ្លឺ​ស្វាង​ជុំវិញ​ទាំង​អស់ ក្នុង​វេលា​ពាក់​កណ្ដាល​រាត្រី ហើយ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​ស្ថិត​នៅ​ក្នុង​ទី​ដ៏​សមគួរ ។ ទេវតា​មួយ លុះ​ស្ថិត​នៅ​ក្នុង​ទី​ដ៏​សមគួរ ហើយ​ក៏​ពោល​គាថា​នេះ ក្នុង​សម្នាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា

សព្ភិរេវ  សមាសេថ សព្ភិ កុព្វេថ សន្ថវំ

សតំ សទ្ធម្មមញ្ញាយ សេយ្យោ ហោតិ ន ចាបិយោ​ៗ

បុគ្គល​គប្បី​អង្គុយ(១)ជា​មួយ​នឹង​សប្បុរស គប្បី​ធ្វើ​សេចក្ដី​រីករាយ​ជា​មួយ​នឹង​សប្បុរស សេចក្ដី​ល្អ​ចម្រើន​នឹង​មាន​ដល់​បុគ្គល​នោះ សេចក្ដី​អាក្រក់​មិន​មាន​ដល់​បុគ្គល​នោះ​ឡើយ ព្រោះ​បុគ្គល​នោះ​បាន​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​គឺ​សីល​៥ របស់​សប្បុរស​ទាំង​ឡាយ ។

លំដាប់​នោះ ទេវតា​ដទៃ​ទៀត បាន​ពោល​គាថា​នេះ​ក្នុង​សម្នាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា

សព្ភិរេវ  សមាសេថ  សព្ភិ កុព្វេថ សន្ថវំ

សតំ សទ្ធម្មមញ្ញាយ  បញ្ញំ លភតិ នាញ្ញតោ ។

បុគ្គល​គប្បី​អង្គុយ​ជា​មួយ​នឹង​សប្បុរស គប្បី​ធ្វើ​សេចក្ដី​រីករាយ​ជា​មួយ​នឹង​សប្បុរស បុគ្គល​នោះ​រមែង​បាន​បញ្ញា ព្រោះ​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​គឺ​សីល​៥ របស់​សប្បុរស​ទាំង​ឡាយ មិន​មែន​បាន​អំពី​សម្នាក់​បុគ្គល​ដទៃ​ឡើយ ។

លំដាប់​នោះ ទេវតា​ដទៃ​ទៀត បាន​ពោល​គាថា​នេះ​ក្នុង​សម្នាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា

សព្ភិរេវ សមាសេថ  សព្ភិ កុព្វេថ សន្ថវំ

សតំ សទ្ធម្មមញ្ញាយ សោកមជ្ឈេ ន សោចតិ ។

បុគ្គល​គប្បី​អង្គុយ​ជា​មួយ​នឹង​សប្បុរស គប្បី​ធ្វើ​សេចក្ដី​រីករាយ​ជា​មួយ​នឹង​សប្បុរស បុគ្គល​នោះ​រមែង​មិន​សោយ​សោក​ក្នុង​កណ្ដាល​នៃ​ពួក​ជន ដែល​ប្រកប​ដោយ​សេចក្ដី​សោយសោក ព្រោះ​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម គឺ​សីល​៥​របស់​សប្បុរស​ទាំង​ឡាយ ។

លំដាប់​នោះ ទេវតា​ដទៃ​ទៀត បាន​ពោល​គាថា​នេះ​ក្នុង​សម្នាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា

សព្ភិរេវ សមាសេថ  សព្ភិ កុព្វេថ  សន្ថវំ

សតំ សទ្ធម្មមញ្ញាយ  ញាតិមជ្ឈេ វិរោចតិ ។

បុគ្គល​គប្បី​អង្គុយ​ជា​មួយ​នឹង​សប្បុរស គប្បី​ធ្វើ​សេចក្ដី​រីករាយ​ជា​មួយ​នឹង​សប្បុរស បុគ្គល​នោះ​រមែង​រុងរឿង​ក្នុង​កណ្ដាល​នៃ​ញាតិ ព្រោះ​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​គឺ​សីល​៥ របស់​សប្បុរស​ទាំង​ឡាយ ។

លំដាប់​នោះ ទេវតា​ដទៃ​ទៀត បាន​ពោល​គាថា​នេះ ក្នុង​សម្នាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា

សព្ភិរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ

សតំ សទ្ធម្មមញ្ញាយ សត្តា កច្ឆន្តិ សុគតឹ ។

បុគ្គល​គប្បី​អង្គុយ​ជា​មួយ​នឹង​សប្បុរស គប្បី​ធ្វើ​សេចក្ដី​រីករាយ​ជា​មួយ​នឹង​សប្បុរស សត្វ​ទាំង​ឡាយ​បាន​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​គឺ​សីល​៥ របស់​សប្បុរស​ទាំង​ឡាយ​ហើយ រមែង​ទៅ​កាន់​សុគតិភព ។

លំដាប់​នោះ ទេវតា​ដទៃ​ទៀត បាន​ពោល​គាថា​នេះ ក្នុង​សម្នាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា

សព្ភិរេវ  សមាសេថ សព្ភិ កុព្វេថ សន្ថវំ

សតំ សទ្ធម្មមញ្ញាយ  សត្តា  តិដ្ឋន្តិ  សាតតំ ។

បុគ្គល​គប្បី​អង្គុយ​ជា​មួយ​នឹង​សប្បុរស គប្បី​ធ្វើ​សេចក្ដី​រីករាយ​ជា​មួយ​នឹង​សប្បុរស សត្វទាំង​ឡាយ​បាន​ដឹង​ច្បាស់ នូវ​ព្រះ​សទ្ធម្ម​គឺ​សីល​៥ របស់​សប្បុរស​ទាំង​ឡាយ​ហើយ រមែង​ស្ថិត​នៅ​ជា​សុខ​អស់​កាល​យូរ ។

លំដាប់​នោះ ទេវតា​ដទៃ​ទៀត ក្រាប​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស បណ្ដា​ពាក្យ​យើង​ខ្ញុំ​ព្រះ​អង្គ​ទាំង​អស់​គ្នា ពាក្យ​នរណា​ល្អ​ពីរោះ​ជាង​គេ ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា ពាក្យ​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​ពាក្យ​ល្អ​ពីរោះ ដោយ​បែប​ដោយ​យ៉ាង តែ​ថា​អ្នក​ទាំង​ឡាយ​ចាំ​ស្ដាប់​ពាក្យ​តថាគត​ម្ដង​វិញ​មើល ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា

សព្ភិរេវ  សមាសេថ  សព្ភិ  កុព្វេថ សន្ថវំ

សតំ  សទ្ធម្មមញ្ញាយ  សព្វទុក្ខា  បមុញ្ចតិ ។

បុគ្គល​គប្បី​អង្គុយ​ជា​មួយ​នឹង​សប្បុរស គប្បី​ធ្វើ​សេចក្ដី​រីករាយ​ជា​មួយ​នឹង​សប្បុរស បុគ្គល​បាន​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម គឺ​សីល​៥​របស់​សប្បុរស​ទាំង​ឡាយ​ហើយ រមែង​រួច​ចាក​ទុក្ខ​ទាំង​ពួង ។

ក៏​ឯ​មេត្តា​នោះ ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ត្រាស់​សម្ដែង​ថា បើ​បុគ្គល​ឯ​ណា​បាន​ចម្រើន​ឱ្យ​ដុះដាល​កើត​មាន​ក្នុង​សន្ដាន​ហើយ បុគ្គល​នោះ​នឹង​បាន​អានិសង្ស ១១ ប្រការ​មិន​ខាន អានិសង្ស ១១ ប្រការ​នោះ​គឺ  ៖

១- សុខំ សុបត‍ិ បុគ្គល​ប្រកប​ដោយ​មេត្តា រមែង​ដេក​លក់​ជា​សុខ​ស្រួល​ល្អ ចំណែក​ជន​ដទៃ​រមែង​ដេក​លក់​អាក្រក់ គឺ​ដេក​បម្រះ​ននៀល​ស្រមុក​លាន់​ឮ​សំឡេង​អាក្រក់​ផ្សេងៗ បុគ្គល​ប្រកប​ដោយ​មេត្តា មិន​ដូច្នោះ​ឡើយ ដេក​លក់​ជា​សុខ​ស្រួល​ហាក់​ដូចជា​ចូល​កាន់​សមាបត្តិ ។

២- សុខំ បដិពុជ្ឈត‍ិ អ្នក​ប្រកប​ដោយ​មេត្តា រមែង​ភ្ញាក់​រឭក​អំពី​លក់​ក៏​ជា​សុខ​ស្រួល​ល្អ ចំណែក​ជន​ដទៃ​រមែង​ភ្ញាក់​អំពី​លក់​ដោយ​អាក្រក់ គឺ​ធ្វើ​សំឡេង​ថ្ងូ​គ្រហឹម​មឹត​ពត់​កាយ បម្រះ​ននៀល​កាយ​ផ្សេងៗ អ្នក​ប្រកប​ដោយ​មេត្តា​មិន​ដូច្នោះ​ឡើយ រមែង​ភ្ញាក់​ឡើង​ជា​សុខ​ស្រួល​ល្អ​ ប្រៀប​ដូចជា​ផ្កា​ឈូក​រីក ។

៣- ន បាបកំ សុបិនំ បស្សុត‍ិ អ្នក​ប្រកប​ដោយ​មេត្តា កាល​នឹង​ដេក​លក់​ទៅ មិន​បាន​យល់សប្ដិ​ឃើញ​អាក្រក់​ឡើយ គឺ​យល់សប្ដិ​ឃើញ​ល្អៗ ឃើញ​ហាក់​ដូចជា​ថ្វាយ​បង្គំ​ចេតិយ ហាក់​ដូចជា​ធ្វើ​បូជា​ព្រះ​រតនៈ ហាក់​ដូចជា​ស្ដាប់​ធម៌​ជាដើម ចំណែក​ជន​ដទៃ រមែង​យល់សប្ដិ​ឃើញ​ហាក់​ដូចជា​ចោរ​ដេញ ​ហាក់​ដូចជា​មនុស្ស​ពាល​បៀតបៀន ហាក់​ដូចជា​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​ជាដើម ។

៤- មនុស្សានំ បិយោ ហោត‍ិ អ្នក​ប្រកប​ដោយ​មេត្តា រមែង​ជាទី​ស្រឡាញ់ ជាទី​គាប់​ចិត្ត​នៃ​មនុស្ស​ទាំងឡាយ ប្រៀប​ដូច​កែវ​មុក្ដាហារ សម្រាប់​ពាក់​ដើម​ទ្រូង និង​កម្រង​ផ្កា​សម្រាប់​ប្រដាប់​ក្បាល ។

៥- អមនុស្សានំ បិយោ ហោត‍ិ អ្នក​ប្រកប​ដោយ​មេត្តា រមែង​ជាទី​ស្រឡាញ់ ជាទី​គាប់​ចិត្ត​នៃ​អមនុស្ស​ទាំងឡាយ មាន​ទេវតា​ជា​ដើម ដូច​វិសាខត្ថេរ ។ មាន​រឿង​ថា វិសាខត្ថេរ​នោះ​កាល​ពី​នៅ​ជា​គ្រហស្ថ មាន​សភាព​ជា​កុដុម្ពី នៅ​ក្នុង​នគរ​បាដលិបុត្រ​បាន​ឮ​ដំណឹង​ថា ​លង្កា​ទ្វីប​ជា​ប្រទេស​មាន​ពុទ្ធសាសនា​បរិបូណ៌ ប្រដាប់​ដោយ​ប្រៀប​ចេតិយ រុងរឿង​ដោយ​សំពត់​កាសាវ គេ​អាច​អង្គុយ​ឬ​ដេក​ត្រង់​កន្លែង​ណា​បាន​តាម​ប្រាថ្នា ប្រកប​ដោយ​សេចក្ដី​សប្បាយ ៤ ប្រការ គឺ សប្បាយ​ដោយ​រដូវ ១ សប្បាយ​ដោយ​សេនាសនៈ ១ សប្បាយ​ដោយ​បុគ្គល ១ សប្បាយ​ដោយ​ការ​ស្ដាប់​ធម៌ ១ ។ វិសាខ​កុដុម្ពី​នោះ​បាន​ប្រគល់​ទ្រព្យ​សម្បត្តិ​ដល់​កូន​ប្រពន្ធ​របស់​ខ្លួន ហើយ​យក​តែ​ប្រាក់ ១ កហាបណៈ វេច​នឹង​ជាយ​សំពត់​ចេញ​អំពី​ផ្ទះ​ទៅ​នៅ​ក្បែរ​មាត់​សមុទ្ទ  ចាំ​មើល​សំពៅ​នឹង​ទៅ​លង្កា​ទ្វីប   ក៏​នៅ​ចាំ​អស់​មួយ​ខែ ។ ហេតុ​តែ​កុដុម្ពី​នោះ ជា​អ្នក​ឆ្លាស​ក្នុង​ការ​លក់ដូរ ក៏​ទិញ​ទំនិញ​បន្តិច​បន្តួច​លក់ដូរ​តៗ ទៅ​ក៏​កាន់​តែ​ចម្រើន​ច្រើន​ឡើង ក្នុង​រវាងមួយ​ខែ​នោះ ​បាន​ចំណេញ​ប្រាក់មួយ​ពាន់​កហាបណៈ ។ កុដុម្ពី​នោះ​ក៏​បាន​មក​ដល់​លង្កា​ទ្វីប បាន​ចូល​ទៅ​កាន់​មហា​វិហារ ក៏​សូម​ផ្នួស​បួស​នឹង​ភិក្ខុ​សង្ឃ ។ ភិក្ខុ​សង្ឃ​ក៏​នាំ​កុដុម្ពី​នោះ​ទៅ​កាន់​សីមា​ដើម្បី​បំបួស កុដុម្ពី​នោះ ក៏​ទម្លាក់​ប្រាក់មួយ​ពាន់​កហាបណៈ​​អំពី​ថ្នក់​ទៅ​លើ​ផែនដី ។ ភិក្ខុ​សង្ឃ​សួរ​ថា វត្ថុ​អ្វី​ឧបាសក ៗ នោះ​ទូល​ថា ប្រាក់មួយ​ពាន់​កហាបណៈ​លោក​ម្ចាស់ ភិក្ខុ​សង្ឃ​ប្រាប់​ថា នែ​ឧបាសក ចាប់​ដើម​តាំង​អំពី​បួស​រួច​ហើយ​មិន​អាច​នឹង​ចាត់ចែង​វត្ថុ​អ្វី​បាន​ទេ បើ​ដូច្នោះ​អ្នក​ចូរ​ចាត់ចែង​ឱ្យ​ស្រេច​ទៅ ឧបាសក​ក៏​គិត​ថា ពួក​មនុស្ស​ដែល​មក​កាន់​ទី​ផ្នួស​កុំ​បី​មាន​ដៃ​ទទេ​ឡើយ ហើយ​ក៏​ស្រាយ​បង្វេច​ប្រាក់​នោះ បាច​សាច​រោយរាយ​ក្នុង​រោង​សីមា​ហើយ​ក៏​បួស​បាន​ឧបសម្បទា​ជា​ភិក្ខុ​ភាព​​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ វិសាខត្ថេរ​នោះ លុះ​មាន​វស្សា ៥ ហើយ ក៏​រៀន​ទន្ទិញ​មាតិកា​ទាំង​ពីរ​ចាំ​ស្ទាត់ បាន​រៀន​កម្មដ្ឋាន​ជាទី​សប្បាយ​ដល់​ខ្លួន បាន​នៅ​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​អស់ ៤ខែ​ៗ ក្នុង​វិហារ​មួយៗ​ ។ វិសាខត្ថេរ​នោះ បាន​ដើរ​ទៅ​កាន់​ចិត្តលបព្វត​វិហារ ដល់​ផ្លូវ​បែក​ជា​ពីរ ក៏​គិត​ថា​ផ្លូវ​នេះ​ទៅ​កាន់​ចិត្ត​លបព្វត​វិហារ ឬ​ក៏​មិនមែន​ផ្លូវ​នេះ ក៏​ឈរ​នៅ​ត្រង់​ផ្លូវ​បែក​ជា​ពីរ​នោះ ។ លំដាប់​នោះ ទេវតា​នៅ​អាស្រ័យ​ក្នុង​ភ្នំ ក៏​លា​ដៃ​ឡើង​ចង្អុល​ប្រាប់​ផ្លូវ​ដល់​វិសាខត្ថេរ​នោះ ។ វិសាខត្ថេរ​នោះ ក៏​នៅ​ក្នុង​ចិត្ត​លបព្វតវិហារ​នោះ​បាន៤ខែ​ហើយ ក៏​គិត​ថា​នឹង​ចេញ​ពី​ទី​នោះ​ទៅ​ក្នុង​បច្ចូស​សម័យ ទើប​សឹង​ជា​មុន​សិន ។ ទេវតា​ដែល​នៅ​អាស្រ័យ​នឹង​ដើម​មណិល​ព្រឹក្ស[1] អង្គុយ​នៅ​លើ​ផែន​ថ្ម ទៀប​ក្បាល​ទី​ចង្ក្រម ក៏​យំ​ស្ដាយ​វិសាខត្ថេរ ។ ព្រះ​ថេរ​សួរ​ថា អ្នក​ណា​នេះៗ ទេវតា​ទូល​ថា ខ្ញុំ​ជា​ទេវតា​នៅ​នា​ដើម​មណិល​ព្រឹក្ស លោក​ម្ចាស់ ។ ចុះ​អ្នក​ឯង​យំ​ដោយ​ហេតុ​អ្វី ។ លោក​ម្ចាស់​និមន្ត​ទៅ​បាន​ជា​ខ្ញុំ​យំ ចុះ​យើង​នៅ​ក្នុង​ទី​នេះ មាន​គុណ​ប្រយោជន៍​អ្វី​ដល់​អ្នក ។ លោក​ម្ចាស់​នៅ​ក្នុង​ទី​នេះ អមនុស្ស​ទាំងឡាយ​រមែង​បាន​នូវ​មេត្តា​ដល់​គ្នា​នឹង​គ្នា កាល​បើ​លោក​ម្ចាស់​និមន្ត​ទៅ​ហើយ អមនុស្ស​ទាំងនោះ ក៏​នឹង​ឈ្លោះ​ប្រកែក​ទាស់ទែង​គ្នា ពោល​ពាក្យ​អាក្រក់​ដល់​គ្នា​នឹង​គ្នា ។ ព្រះ​ថេរៈ​ពោល​ថា បើ​យើង​នៅ​ក្នុង​ទី​នេះ អ្នក​ទាំងឡាយ​បាន​សេចក្ដី​សុខ​សប្បាយ​រាល់​គ្នា ក៏​ជា​ការ​ល្អ​ហើយ ហើយ​ក៏​នៅ​ក្នុង​កន្លែង​ដដែល​នោះ​បាន៤ខែ​ទៀត ទើប​គិត​ប្រុងប្រៀប​នឹង​ចេញ​ទៅ​ដូច្នោះ​ទៀត ។ ទេវតា​ក៏​យំ​ស្ដាយ​យ៉ាង​នោះ​ទៀត ។ ព្រះ​ថេរៈ​ក៏​នៅ​ត្រង់​កន្លែង​ដដែល​នោះ​រក​ទៅ​ណា​ពុំ​បាន ត្រា​តែ​បរិនិព្វាន​ក្នុង​ទី​នោះ បុគ្គល​ប្រកប​ដោយ​មេត្តា រមែង​ជាទី​ស្រឡាញ់​នៃ​អមនុស្ស​យ៉ាង​នេះ​ឯង ។

៦- ទេវតា រក្ខន្តំ ពួក​ទេវតា​តែង​រក្សា​បុគ្គល​ដែល​ប្រកប​ដោយ​មេត្តា ប្រៀប​ដូច​មាតា​បិតា​ដែល​រក្សា​បុត្រ ។

៧- នាស្ស អគ្គិ វា វ‍ិសំ វា សត្ថំ វា កមត‍ិ បុគ្គល​ដែល​ប្រកប​ដោយ​មេត្តា មិន​បាន​ឆេះ​រលាក ឬ​ក្ដៅ​ក្រហាយ​ដោយ​ភ្លើង មិន​បាន​ស្លាប់​វិនាស​ដោយ​ថ្នាំ​ពិល​បំពុល មិន​បាន​មុត​ដោយ​គ្រឿង​សស្ត្រា​វុធ​ផ្សេងៗ ដូច​មេ​គោ​កំពុង​បំបៅ​កូន ។ មាន​រឿង​ថា មេ​គោមួយ​កំពុង​ឈរ​បំបៅ​កូន ។ មាន​នាយ​ព្រាន​ម្នាក់​គិត​នឹង​ចាក់​មេ​គោ​នោះ​ដោយ​លំពែង ហើយ​ក៏​ពួយ​លំពែង​មាន​ដង​វែង​សំដៅ​ទៅ​មេ​គោ​នោះ ។ ឯ​លំពែង​នោះ​ស្ទុះ​ទៅ​ត្រូវ​សរីរៈ​មេ​គោ​នោះ តែ​មូរ​មុខ​ប្រៀប​ដូចជា​ស្លឹក​ត្នោត​ដែល​គេ​មូរ មិន​បាន​មុត​មេ​គោ​នោះ​ឡើយ អំពើ​នោះ​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​កម្លាំង​ឧបចារ​សមាធិ ឬ​អប្បនា​សមាធិ​ឡើយ ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​មាន​កម្លាំង​ក្នុង​កូន​គោ​ប៉ុណ្ណោះ​ឯង មេត្តា​មាន​អានុភាព​ធំ​យ៉ាង​នេះ ។

៨- តុវដំ ចិត្តំ សមាធិយត‍ិ ចិត្ត​របស់​អ្នក​ប្រកប​ដោយ​មេត្តា រមែង​តាំង​នៅ​ខ្ជាប់ខ្ជួន​ល្អ ដោយ​ឆាប់​រហ័ស​មិន​បាន​យឺត​យូរ​ឡើយ ។

៩- មុខវណ្ណោ វ‍ិប្បសីទត‍ិ អ្នក​ប្រកប​ដោយ​មេត្តា រមែង​មាន​មុខ​ស្រស់បស់ ប្រៀប​ដូច​ផ្លែ​ត្នោត​ទុំ​ដែល​ទើប​នឹង​ជ្រុះ​ចាក​ទង ។

១០- អសម្មុឡ្ហោ កាលំ អ្នក​ប្រកប​ដោយ​មេត្តា មិន​បាន​ធ្វើ​មរណកាល​ដោយ​សេចក្ដី​វង្វេង គឺ​គ្មាន​សេចក្ដី​វង្វេង​ហើយ​ស្លាប់ គឺ​ថា​ស្លាប់​ដូច​គេ​ដេក​លក់​ស្រួល ។

១១- ឧត្តំ អប្បដិរិជ្ឈន្តោ ព្រហ្មកោកុបតោ ហោត‍ិ អ្នក​ប្រកប​ដោយ​មេត្តា ទុក​ជា​មិន​បាន​ត្រាស់ដឹង​នូវ​គុណធម៌​ដ៏​ខ្ពង់ខ្ពស់​ជាង​មេត្តា​សមាបត្តិ​នោះ លុះ​ច្យុតិ​អំពី​មនុស្ស​លោក​នោះ​ទៅ ក៏​គង់​តែ​បាន​ទៅ​កើត​ក្នុង​ព្រហ្ម​លោក​ពុំ​ខាន ។ (អានិសង្ស​មេត្តា ១១ ប្រការ​នេះ មាន​ក្នុង​បដិសម្ភិទាមគ្គ ខុទ្ទកនិកាយ) ។

ចំណែក​ខាង​ករុណា​ក្ដី មុទិតា​ក្ដី ឧបេក្ខា​ក្ដី ក៏​មាន​អានិសង្ស ១១ ប្រការ​ដូច​គ្នា តែ​ប្រយោជន៍​របស់​ព្រាហ្មវិហារ​ទាំង៤ប្រការ​នោះ​ មាន​ដោយ​ឡែក គឺ​ការ​លះបង់​នូវ​ព្យាបាទ​ជា​ប្រយោជន៍​របស់​មេត្តា ការ​លះបង់​នូវ​សេចក្ដី​បៀតបៀន​គេ​ជា​ប្រយោជន៍​របស់​ករុណា ការ​លះបង់​នូវ​សេចក្ដី​អផ្សុក ឬ​សេចក្ដី​មិន​ត្រេកអរ ជា​ប្រយោជន៍​របស់​មុទិតា ការ​លះបង់​នូវ​រាគៈ​គឺ​តម្រេក ជា​ប្រយោជន៍​របស់​ឧបេក្ខា ។

មួយ​វិញ​ទៀត មេត្តា​ជា​ផ្លូវ​បរិសុទ្ធ​របស់​បុគ្គល​ដែល​មាន​ព្យាបាទ​ច្រើន ករុណា​ជា​ផ្លូវ​បរិសុទ្ធ​របស់​បុគ្គល​ដែល​មាន​សេចក្ដី​បៀតបៀន​ច្រើន មុទិតា​ជា​ផ្លូវ​បរិសុទ្ធ​របស់​បុគ្គល​ដែល​មាន​សេចក្ដី​អផ្សុក ឬ​សេចក្ដី​មិន​ត្រេកអរ​ច្រើន ឧបេក្ខា​ជា​ផ្លូវ​បរិសុទ្ធ​របស់​បុគ្គល​ដែល​មាន​រាគៈ​ច្រើន ។

ម្យ៉ាង​ទៀត ការ​ផ្សាយ​មេត្តា​មាន ៣ ប្រការ​គឺ អនោធិសោ ផរណា ផ្សាយ​ទៅ​ដោយ​មិនមាន​ចំណែក​ថា​ស្រី​ថា​ប្រុស​ជាដើម ១  ឱធិសោ ផរណា ផ្សាយ​ទៅ​ដោយ​ចំណែក​ថា​ស្រី​ថា​ប្រុស​ជាដើម ១  ទិសោ ផរណា ផ្សាយ​ទៅ​កាន់​ទិស​ទាំងពួង ១ ។ ឯ អនោធិសោ ផរណា ផ្សាយ​ទៅ​ដោយ​មិនមាន​ចំណែក​នោះ ដោយ​អាការ ៥ គឺ សព្វេ សត្តា អវេរា អព្យាបជ្ឈា អនីឃា សុខីអត្តានំ បរិហរន្តុ សត្វ​ទាំងឡាយ​ទាំងពួង​កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ បាណា ។ល។ បាណៈ​ទាំងឡាយ​ទាំងពួង កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ ភូតា ។ល។ ភូត​ទាំងឡាយ​ទាំងពួង កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ បុគ្គលា ។ល។ បុគ្គល​ទាំងឡាយ​ទាំងពួង កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ អត្តភាវបរិយាបន្នា អវេរា អព្យាបជ្ឈា អនីឃា សុខីអត្តានំ បរិហន្តុ អត្តភាវបរិយាបន្នៈ​ទាំងឡាយ​ទាំងពួង កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

ឯ​ពាក្យ​ថា សត្វ ប្រែ​ថា​ជាប់​នៅ​ក្នុង​ខន្ធ​ទាំង៥ មាន​រូបក្ខន្ធ​ជាដើម ដោយ​ឆន្ទរាគៈ​គឺ​សេចក្ដី​ប្រាថ្នា​និង​សេចក្ដី​ត្រេកអរ ។ ពាក្យ​ថា បាណៈ ប្រែ​ថា ជាប់​មក ឬ​រស់​នៅ​ដោយ​ខ្យល់​ដក​ដង្ហើម​ចេញ​ចូល ។ ពាក្យ​ថា ភូត ប្រែ​ថា កើត​នៅ​ក្នុង​លោក ។ ពាក្យ​ថា បុគ្គល ប្រែ​ថា ទៅ​ក្នុង​នរក ។ ពាក្យ​ថា អត្តភាវបរិយាបន្នៈ ប្រែ​ថា រាប់​បញ្ចូលឬ​កំណត់​ក្នុង​អត្តភាព​គឺ​ខន្ធ​ទាំង៥ ។ ឯ​ពាក្យ​ទាំង ៥ នោះ​ជា​ពាក្យ​ផ្លាស់​ប្ដូរ​គ្នា បាន​សេចក្ដី​ថា​សត្វ​ប៉ុណ្ណោះ​ឯង ។

ឯ ឱធិសោ​ផរណា ផ្សាយ​ទៅ​ដោយ​ចំណែក​នោះ ដោយ​អាការៈ៧ គឺ សព្វា ឥត្ថិយោ អវេរា អព្យាបជ្ឈា អនីឃា សុខីអត្តានំ បរិហរន្តុ ស្រី​ទាំងឡាយ​ទាំងពួង កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ បុរិសា ។ល។ ប្រុស​ទាំងឡាយ​ទាំងពួង កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ អរិយា ។ល។ ព្រះ​អរិយ​បុគ្គល​ទាំងឡាយ​ទាំងពួង កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ អនរិយា ។ល។ បុគ្គល​មិនមែន​ជា​ព្រះ​អរិយៈ គឺ ជា​បុថុជ្ជន​ទាំងឡាយ​ទាំងពួង កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ ទេវា ។ល។ ទេវតា​ទាំងឡាយ​ទាំងពួង កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ មនុស្សា ។ល។ មនុស្ស​ទាំងឡាយ​ទាំងពួង កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ វ‍ិនិបាត‍ិកា អវេរា អព្យាបជ្ឈា អនីឃា សុខីអត្តានំ បរិហរន្តុ វិនិបាតិក​សត្វ គឺ​សត្វ​ដែល​កើត​ក្នុង​អបាយ​ទាំងឡាយ​ទាំងពួង កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

ឯ ទិសា ផរណា ផ្សាយ​ទៅ​កាន់​ទិស​ទាំងពួង​នោះ ដោយ​អាការ ១០ គឺៈ

សព្វេ បរត្ថិមាយ ទិសាយ សត្តា អវេរា អព្យាបជ្ឈា អនីឃា សុខីអត្តានំ បរិហរន្តុ ​សត្វ​ទាំងឡាយ​ទាំងពួង ក្នុង​ទិស​ខាង​កើត កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ បច្ឆិហយ ទិសាយ សត្តា ។ល។ សត្វ​ទាំងឡាយ​ទាំងពួង ក្នុង​ទិស​ខាង​លិច កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ ឧត្តរាយ ទិសាយ សត្តា ។ល។ សត្វ​ទាំងឡាយ​ទាំងពួង ក្នុង​ទិស​ខាង​ជើង កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ ទក្ខិណាយ ទិសាយ សត្តា ។ល។ សត្វ​ទាំងឡាយ​ទាំងពួង ក្នុង​ទិស​ខាង​ត្បូង កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ បុរត្ថិមាយ អនុទិសាយ សត្តា ។ល។ សត្វ​ទាំងឡាយ​ទាំងពួង ក្នុង​ទិស​ជា​លំដាប់​នៃ​ទិសខាង​កើត គឺ​ទិស​អាគ្នេយ៍ កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ បច្ឆិមាយ អនុទិសាយ សត្តា ។ល។ សត្វ​ទាំងឡាយ​ទាំងពួង ក្នុង​ទិស​ជា​លំដាប់​នៃ​ទិសខាង​លិច គឺ​ទិស​ពាយព្យ កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ ឧត្តរាយ អនុទិសាយ សត្តា ។ល។ សត្វ​ទាំងឡាយ​ទាំងពួង ក្នុង​ទិស​ជា​លំដាប់​នៃ​ទិសខាង​ជើង គឺ​ទិស​ឦសាន កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ ទក្ខិណាយ អនុទិសាយ សត្តា ។ល។ សត្វ​ទាំងឡាយ​ទាំងពួង ក្នុង​ទិស​ជា​លំដាប់​នៃ​ទិសខាង​ត្បូង គឺ​ទិស​និរតី កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ  ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ ហេដ្ឋិមាយ ទិសាយ សត្តា ។ល។ សត្វ​ទាំងឡាយ​ទាំងពួង ក្នុង​ទិស​ខាង​ក្រោម កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

សព្វេ ឧបរិមាយ ទិសាយ សត្តា អវេរា អព្យាបជ្ឈា អនីឃា សុខីអត្តានំ បរិហរន្តុសត្វ​ទាំងឡាយ​ទាំងពួង ក្នុង​ទិស​ខាង​លើ កុំ​បី​មាន​ពៀរ​នឹង​គ្នា កុំ​បី​មាន​ព្យាបាទ​នឹង​គ្នា កុំ​បី​មាន​ទុក្ខ  ចូរ​រក្សា​ខ្លួន​ឱ្យ​ជា​សុខ​ចុះ ១ ។

(វិធី​ផ្សាយ​មេត្តា​នេះ មាន​ក្នុង​គម្ពីរ​បដិសម្ភិទាមគ្គ) ឯ​ករុណា​ក្ដី មុទិតា​ក្ដី ឧបេក្ខា​ក្ដី ក៏​មាន​វិធី​ផ្សាយ​ទៅ​ដោយ​អាការៈ ៥ ឬ ៧ ឬ ១០ ដូច​មេត្តា​នោះ​ដែរ ។

ម្យ៉ាង​ទៀត ក្នុង​បច្ឆិម​ពោធិកាល ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​គង់​នៅ​ក្នុង​បាដលិគ្រាម ទ្រង់​សម្ដែង​អានិសង្ស​នៃ​សីល​ទាំងពួង ថា​មាន៥ប្រការ ចំពោះ​ពួក​ឧបាសក​នៅ​ក្នុង​បាដលិគ្រាម​នោះ ក្នុង​មហា​បរិនិព្វាន​សូត្រ គម្ពីរ​ទីឃនិកាយ​មហា​វគ្គ​ថា ៖

បញ្ចមេ គហបតយោ អានិសំសា សីលវតោ សីលសម្បទាយ ម្នាល​គហបតី​ទាំងឡាយ អានិសង្ស​នៃ​បុគ្គល​មាន​សីល​នៃ​សីល​សម្បទា​មាន៥ប្រការ ។ កតមេ បញ្ច អានិសង្ស ៥ ប្រការ​នោះ  តើ​ដូចម្ដេច​ខ្លះ ។ ឥធ គហបតយោ សីលវា សីលសម្បន្នោ អប្បមាទាធិករណំ មហន្តំ ភោគក្ខន្ធំ អធិគច្ឆត‍ិ ម្នាល​គហបតី​ទាំងឡាយ បុគ្គល​មាន​សីល បរិបូណ៌​ដោយ​សីល​ក្នុង​លោក​នេះ រមែង​បាន​នូវ​គំនរ​នៃ​ភោគ​សម្បត្តិ​ដ៏​ស្ដុកស្ដម្ភ​មាន​សេចក្ដី​មិន​ប្រមាទ​ជា​ហេតុ នេះ​ជា​អានិសង្ស​ទី១ ។

បុន ចបរំ គហបតយោ សីលវតោ សីលសម្បន្នស្ស កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គច្ឆត‍ិ ម្នាល​គហបតី​ទាំងឡាយ មួយ​វិញ​ទៀត បុគ្គល​មាន​សីល បរិបូណ៌​ដោយ​សីល រមែង​មាន​កិត្តិសព្ទ​ដ៏​ពីរោះ​ផ្សាយ​ទៅ​សព្វ​ទិស នេះ​ជា​អានិសង្ស​ទី២ ។

បុន ចបរំ គហបតយោ យញ្ញទេវ បរិសំ ឧបសង្គបត‍ិយទិ ខត្តិយបរិសំ យទិ ព្រាហ្មណបរិសំ យទំ គហបត‍ិ-បរិសំ យទិ សមណបរិសំ វ‍ិសារទោ ឧបសង្កបត‌ិ អមង្កុភូតោ ម្នាល​គហបតី​ទាំងឡាយ មួយ​វិញ​ទៀត បុគ្គល​មាន​សីល បរិបូណ៌​ដោយ​សីល ទោះបី​ចូល​ទៅ​កាន់​បរិសទ្យ​ឯ​ណាៗ គឺ ខត្តិយ​បរិសទ្យ​ក្ដី ព្រាហ្មណ​បរិសទ្យ​ក្ដី  សមណ​បរិសទ្យ​ក្ដី ជា​អ្នក​ក្លៀវក្លា​ឥត​កោត​ញញើត មិន​មាន​មុខ​ឱន​ចុះ នេះ​ជា​អានិសង្ស​ទី៣ ។

បុន ចបរំ គហបតយោ សីលវា សីលសម្បន្នោ អសម្មុឡ្ហោ កាលំ ករោត‍ិ ម្នាល​គហបតី​ទាំងឡាយ មួយ​វិញ​ទៀត បុគ្គល​មាន​សីល បរិបូណ៌​ដោយ​សីល ជា​អ្នក​មិន​វង្វេង ធ្វើ​មរណកាល​ទៅ នេះ​ជា​អានិសង្ស​ទី៤ ។

បុន ចបរំ គហបតយោ សីលវា សីលសម្បន្នោ កាយស្ស ភេទា បរម្មរណា សុគតឹ លោកំ ឧបបជ្ជត‍ិ ម្នាល​គហបតី​ទាំងឡាយ មួយ​វិញ​ទៀត បុគ្គល​មាន​សីល បរិបូណ៌​ដោយ​សីល កាល​បើ​មាន​រាង​កាយ​បែក​ធ្លាយ​ទៅ​ហើយ ខាង​មុខ​អំពី​សេចក្ដី​ស្លាប់ រមែង​ចូល​ទៅ​កាន់​លោក​គឺ​ស្ថាន​សួគ៌​ជា​សុគតិ នេះ​ជា​អានិសង្ស​ទី៥ ។

សីល ៥ ដូច​បាន​សម្ដែង​មក​នេះ ចាត់​ជា​ព្រាហ្ម​ចរិយ​ទី ៣ ហៅថា បញ្ចសីល​ព្រហ្មចរិយៈ ។

ព្រហ្ម​ចរិយ​ទី៤ គឺ​អប្បមញ្ញា បាន​ដល់​ព្រហ្ម​វិហារ​ទាំង ៤ នោះ​មាន​មក​ក្នុង​មហា​គោវិន្ទសូត្រ គម្ពីរ​ទីឃនិកាយ មហា​វគ្គ ។ សេចក្ដី​សង្ខេប​ថា សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​គង់​នៅ​លើ​ភ្នំ​គិជ្ឈកូដ ក្បែរ​ក្រុង​រាជគ្រឹះ ។ គ្រា​នោះ បញ្ចសិខគន្ធព្វ​ទេវបុត្រ ចុះ​អំពី​ទេវលោក​មក​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ តាម​ពាក្យ​ដែល​ខ្លួន​បាន​ឮ​មក​អំពី​សម្នាក់​សនង្កុមារព្រហ្ម​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​សនង្កុមារព្រហ្ម បាន​សម្ដែង​អតីត​និទាន​ដល់​ពួក​ទេវតា​ថា មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​មហា​គោវិន្ទ​ព្រាហ្មណ៍ ជា​បុរោហិត​របស់​ស្ដេច​ទាំង៧ មាន​ព្រះ​បាទរេណុរាជ​ជាដើម មហា​គោវិន្ទ​ព្រាហ្មណ៍​បាន​ចម្រើន​ព្រហ្មវិហារ​ទាំ៤ដោយ​សព្វ​គ្រប់ បាន​សម្រេច​សមាបត្តិ​ទាំង៨ បាន​សម្ដែង​ប្រាប់​ផ្លូវ​ទៅ​កាន់​ព្រហ្ម​លោក ដល់​ពួក​សាវក ។ ពួក​សាវក​ឯ​ណា ដែល​ស្គាល់​ច្បាស់​ពាក្យ​ប្រដៅ​របស់​មហា​គោវិន្ទ​ព្រាហ្មណ៍​ដោយ​សព្វ​គ្រប់ ពួក​សាវក​នោះ​ក៏​ទៅ​កើត​ក្នុង​ព្រហ្ម​លោក ។ ពួក​សាវក​ឯ​ណា មិន​ស្គាល់​ពាក្យ​ប្រដៅ​ដោយ​សព្វ​គ្រប់ ពួក​សាវក​នោះ​ខ្លះ​ទៅ​កើត​ក្នុង​បរនិម្មិត​វសវត្តិ​ទេវលោក ខ្លះ​ទៅ​កើត​ក្នុង​និម្មានរតី​ទេវលោក ខ្លះ ….. តុសិត ខ្លះ ….. យាមា ខ្លះ ….. តាវត្តិង្ស ខ្លះ ….. ចាតុម្មហារាជិកា ។ បព្វជ្ជា​របស់​កុលបុត្រ​ទាំងនោះ ក៏​មិន​មាន​សោះ​សូន្យ​ទទេ ជា​គុណ​ជាតិ​ប្រកប​ដោយ​ផល​កម្រៃ​ដោយ​ប្រការ​ដូច្នេះ​ឯង ។ បញ្ចសិខគន្ធព្វ​ទេវបុត្រ​បាន​នាំ​រឿង​អតីត តាម​ពាក្យ​របស់​សនង្កុមារ​ព្រហ្ម ថ្វាយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​ក្រាប​ទូល​សួរ​ទៀត​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ព្រះ​អង្គ​នឹក​រឭក​ឃើញ​រឿង​នោះ​ឬ​ទេ ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាល​បញ្ចសិខ តថាគត​រឭក​ឃើញ​ណាស់​ទៅ​ហើយ ព្រោះ​ថា​មហា​គោវិន្ទ​ព្រាហ្មណ៍​នោះ មិន​គឺ​អ្នក​ដទៃ​ឡើយ គឺ​អង្គ​អញ​តថាគត​នេះ​ឯង តថាគត​កាល​នៅ​ជា​មហា​គោវិន្ទ​ព្រាហ្មណ៍​នោះ បាន​សម្ដែង​ធម៌​ទៅ​កាន់​ព្រហ្ម​លោក​ដល់​ពួក​សាវក​ពិត​មែន​ហើយ ។ តំ ខោ បន បញ្ចសិខ ព្រហ្មចរិយំ ន និព្វិទាយ ន វិរាគាយ ន និរោធាយ ន ឧបសមាយ ន អភិញ្ញយ សម្ពោធាយ ន និព្វានាយ សំវត្តតិ យាវទេវ ព្រហ្មលោកុបបត្តិយា ។ ម្នាល​បញ្ចសិខៈ តែ​ថា​ព្រហ្ម​ចរិយ​នោះ មិន​បាន​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រាស​ចាក​តម្រេក​ក្នុង​វដ្ដៈ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​រលត់​នៃ​វដ្ដៈ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​ស្ងប់​រម្ងាប់​នៃ​វដ្ដៈ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​ភ្ញាក់​រឭក​ចាក​វដ្ដៈ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​និព្វាន​ឡើយ បាន​ត្រឹម​តែ​ទៅ​កើត​ក្នុង​ព្រហ្ម​លោក​ប៉ុណ្ណោះ ម្នាល​បញ្ចសិខៈ លុះ​តែ​ព្រហ្ម​ចរិយៈ គឺ​អដ្ឋង្គិល​មគ្គ​មាន​សម្មា​ទិដ្ឋិ​ជាដើម ទើប​ប្រព្រឹត្ត​ទៅ​ដើម្បី​វិបស្សនា មគ្គ ផល និព្វាន​បាន ។ ពាក្យ​ថា ព្រហ្ម​ចរិយ​ខាង​ដើម​នេះ ទ្រង់​សម្ដែង​សំដៅ​យក ព្រហ្ម​វិហារ​ទាំង ៤ ព្រោះ​ហេតុ​នោះ​អដ្ឋកថាចារ្យ អធិប្បាយ​ថា ព្រហ្ម​វិហារ​ទាំង ៤ នោះ​ជា​ព្រហ្ម​ចរិយមួយដែរ ។

ក៏​ឯ​ព្រហ្ម​វិហារ​ទាំង ៤ នោះ គឺ​មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១ ឯ​មេត្តា​ប្រែ​ថា រាប់​អាន ថា​ស្រឡាញ់ ថា​កើត​មាន​ក្នុង​មិត្រ ថា​ប្រព្រឹត្ត​ទៅ​ដល់​មិត្រ ករុណា ប្រែ​ថា​អាណិត ថា​ធ្វើ​នូវ​សេចក្ដី​ញាប់ញ័រ​ដោយ​ហឫទ័យ​ដល់​ពួក​សប្បុរស ក្នុង​កាល​ដែល​សត្វ​ដទៃ​មាន​ទុក្ខ ថា​ធ្វើ​នូវ​សេចក្ដី​ទុក្ខ​របស់​សត្វ​ដទៃ​ឱ្យ​វិនាស ថា​បោះ​ចោល​នូវ​សេចក្ដី​ទុក្ខ​របស់​សត្វ​ដទៃ ថា​ផ្សាយ​ទៅ​ក្នុង​សត្វ​ដទៃ​ដែល​មាន​សេចក្ដី​ទុក្ខ មុទិតា ប្រែ​ថា ត្រេកអរ​រីករាយ ឧបេក្ខា ប្រែ​ថា ព្រងើយ​កន្តើយ ថា​ក្រឡេក​យក​ឬ​សម្លឹង​មើល ដោយ​ការ​ដល់​នូវ​សភាព​នៃ​ចិត្ត​ជា​កណ្ដាល ។ បើ​សម្ដែង​តាម​លក្ខណៈ កិច្ច ផល និង​អាសន្ន​ហេតុ ហិតាការប្បវត្តិ​លក្ខណា មេត្តា​នោះ មាន​ការ​ប្រព្រឹត្ត​ទៅ​ដោយ​អាការៈជា​ប្រយោជន៍ ជា​លក្ខណៈ​គ្រឿង​កំណត់​កត់​សម្គាល់ ហិតូបសំហារសោ មេត្តា​នោះ មាន​ការ​ប្រមូល​ទុក​នូវ​ប្រយោជន៍​ជា​កិច្ច​ភ្នាក់ងារ អាឃាដវិនយ​បច្ចុបដ្ឋានា មេត្តា​នោះ មាន​ការ​កម្ចាត់​បង់​នូវ​គំនុំ​ជា​ផល សត្តានំ បនាបភាវទស្សនបទដ្ឋានា មេត្តា​នោះ មាន​ការ​ឃើញ​នូវ​សភាព​នៃ​សត្វ​ទាំងឡាយ ជាទី​ស្រឡាញ់​គាប់​ចិត្ត​ជា​អាសន្ន​ហេតុ គឺ​ជា​ហេតុ​ជិត​នឹង​ឱ្យ​កើត​មេត្តា ។ ទុក្ខាបនយនាការប្បវត្តិ​លក្ខណា ឯ​ករុណា​នោះ មាន​ការ​ប្រព្រឹត្ត​ទៅ​ដោយ​អាការៈ គឺ​នាំ​ចេញ​នូវ​សេចក្ដី​ទុក្ខ​ជា​លក្ខណៈ​គ្រឿង​កំណត់​កត់​សម្គាល់ បរទុក្ខាសហនរសា​ករុណា​នោះ មាន​សេចក្ដី​មិន​អត់​ធន់​នឹង​ទុក្ខ​របស់​សត្វ​ដទៃ​ ជា​កិច្ច​ភ្នាក់ងារ​អវិហឹសា​បច្ចុបដ្ឋានា ករុណា​នោះ មាន​សេចក្ដី​មិន​បៀតបៀន​គេ​ជា​ផល ​ទុក្ខាភិភូតានំ អនាថភាវទស្សនបទដ្ឋានា ករុណា​នោះ មាន​ការ​ឃើញ​នូវ​សភាព​នៃ​សត្វ​ដែល​ត្រូវ​សេចក្ដី​ទុក្ខ​គ្រប​សង្កត់ ជា​សត្វ​ឥត​ទីពឹង ជា​អាសន្ន​ហេតុ ។ បមោទ​លក្ខណា ឯ​មុទិតា​នោះ មាន​សេចក្ដី​រីករាយ​ជា​លក្ខណៈ​គ្រឿង​កំណត់​កត់​សម្គាល់ អនិស្សាយនរសា មុទិតា​នោះ មាន​សេចក្ដី​មិន​ច្រណែន​ឈ្នានីស ជា​កិច្ច​ភ្នាក់ងារ អរតិវិឃាដ​បច្ចុបដ្ឋានា មុទិតា​នោះ​មាន​ការ​កម្ចាត់​បង់​នូវ​សេចក្ដី​អផ្សុកឬ​សេចក្ដី​មិន​ត្រេកអរ​ជា​ផល សត្តានំ សម្បត្តិ​ទស្សនបទដ្ឋានា មុទិតា​នោះ មាន​ការ​ឃើញ​នូវ​សម្បត្តិ​របស់​សត្វ​ទាំងឡាយ ជា​អាសន្ន​ហេតុ ។ សត្តេសុ មជ្ឈត្តាការប្បវត្តិ​លក្ខណា ឯ​ឧបេក្ខា​នោះ មាន​ការ​ប្រព្រឹត្ត​ទៅ​ដោយ​អាការ​ជា​កណ្ដាល​ក្នុង​សត្វ​ទាំងឡាយ ជា​លក្ខណៈ​គ្រឿង​កំណត់​កត់​សម្គាល់ សត្តេសុ សមភាវទស្សនរសា ឧបេក្ខា​នោះ មាន​ការ​ឃើញ​ឬ​សម្ដែង​នូវ​សភាព​ស្មើ​គ្នា ក្នុង​សត្វ​ទាំងឡាយ ជា​កិច្ច​ភ្នាក់ងារ បដិឃានុនយវូបសមបច្ចុបដ្ឋានា ឧបេក្ខា​នោះ មាន​ការ​រម្ងាប់​នូវ​ខឹង​និង​សេចក្ដី​ត្រេកអរ ឬ​សេចក្ដី​ស្អប់​និង​សេចក្ដី​ស្រឡាញ់​ជា​ផល កម្មស្សកតា​ទស្សនបទដ្ឋានា ឧបេក្ខា​នោះ មាន​ការ​ឃើញ​នូវ​សភាព​នៃ​សត្វ មាន​កម្ម​ជា​របស់​ខ្លួន ជា​អាសន្ន​ហេតុ ។

មួយ​វិញ​ទៀត ព្រហ្មវិហារ​ទាំង ៤ នោះ ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្ដែង​ទុក​ថា មាន​ក្នុង​អប្បមញ្ញាវិភង្គ គម្ពីរ​វិភង្គ​ព្រះ​អភិធម្ម​ថា ឥធ ភិក្ខុ មេត្តាសហគតេន ចេតសា ឯកំ ទិសំ ផរិត្វា វ‍ិហរត‍ិ ។ល។ ភិក្ខុ​ក្នុង​សាសនា​នេះ មាន​ចិត្ត​ប្រកប​ដោយ​មេត្តា​ផ្សាយ​ទៅ​កាន់​ទិស ១ ផ្សាយ​ទៅ​កាន់​ទិស​ជា​គម្រប់២ គម្រប់៣ គម្រប់៤ និង​ទិស​ខាង​លើ​ខាង​ក្រោម និង​ទិស​ទទឹង គឺ​ទិស​អាគ្នេយ៍ និរតី ពាយព្យ ឦសាន មាន​ចិត្ត​ប្រកប​ដោយ​មេត្តា ជា​ចិត្ត​ទូលាយ ដល់​នូវ​សភាព​ធំ មិន​មាន​ប្រមាណ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅ​កាន់​សត្វ​លោក​ទាំងពួង ដោយ​ប្រការ​ទាំងពួង ក្នុង​ទី​ទាំងពួង សេយ្យថាមិ នាម ឯកំ បុគ្គលំ បិយំ មនាបំ ទិស្វា មេត្តា យេយ្យ ឯវមេវ សព្វេ សត្តេ មេត្តាយ ផរត‌ិ ប្រៀប​ដូចជា​ម្នាក់​បាន​ឃើញ​បុគ្គល​ម្នាក់ ជាទី​ស្រឡាញ់ ជាទី​គាប់​ចិត្ត ហើយ​ផ្សាយ​មេត្តា គឺ​សេចក្ដី​រាប់អាន ស្រឡាញ់​ទៅ​រក​បុគ្គល​នោះ យ៉ាង​ណា​មិញ ភិក្ខុ​ផ្សាយ​មេត្តា​ទៅ​កាន់​សត្វ​ទាំងឡាយ​ទាំងពួង ក៏​យ៉ាង​នោះ​ឯង ។

ករុណាសហគតេន ចេតសា ឯកំ ទិសំ ផរិត្វា វ‍ិហរត‍ិ ។ល។ ភិក្ខុ​មាន​ចិត្ត​ប្រកប​ដោយ​ករុណា ផ្សាយ​ទៅ​កាន់​ទិស ១ ផ្សាយ​ទៅ​កាន់​ទិស​ជា​គម្រប់២ គម្រប់៣ គម្រប់៤ និង​ទិស​ខាង​លើ ខាង​ក្រោម និង​ទិស​ទទឹង គឺទិស​អាគ្នេយ៍ និរតី ពាយព្យ ឦសាន មាន​ចិត្ត​ប្រកប​ដោយ​ករុណា ជា​ចិត្ត​ទូលាយ ដល់​នូវ​សភាព​ធំ មិន​មាន​ប្រមាណ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅ​កាន់​សត្វ​លោក​ទាំងពួង ដោយ​ប្រការ​ទាំងពួង ក្នុង​ទី​ទាំងពួង សេយ្យថាមិ នាម ឯកំ បុគ្គលំ ទុគ្គតំ ទុរុបេតំ ទិស្វា  ករុណាយេយ្យ ឯវមេវ សព្វេ សត្តេ ករុណាយ ផរត‌ិ ប្រៀប​ដូច​បុគ្គល​ម្នាក់​បាន​ឃើញ​បុគ្គល​ម្នាក់ ជា​អ្នក​កម្សត់​ក្រីក្រ ដល់​នូវ​សេចក្ដី​ទុក្ខ​លំបាក ហើយ​ផ្សាយសេចក្ដី​អាណិត​ទៅ​រក​បុគ្គល​នោះ​យ៉ាង​ណា​មិញ ភិក្ខុ​ផ្សាយ​ករុណា​ទៅ​កាន់​សត្វ​ទាំងឡាយ​ទាំងពួង ក៏​យ៉ាង​នោះ​ឯង ។

មុទិតាសហគតេន ចេតសា ឯកំ ទិសំ ផរិត្វា វ‍ិហរត‍ិ ។ល។ ភិក្ខុ​មាន​ចិត្ត​ប្រកប​ដោយ​មុទិតា ផ្សាយ​ទៅ​កាន់​ទិស ១ ផ្សាយ​ទៅ​កាន់​ទិស​ជា​គម្រប់២ គម្រប់៣ គម្រប់៤ និង​ទិស​ខាង​លើ ខាង​ក្រោម និង​ទិស​ទទឹង គឺទិស​អាគ្នេយ៍ និរតី ពាយព្យ ឦសាន មាន​ចិត្ត​ប្រកប​ដោយ​មុទិតា ជា​ចិត្ត​ទូលាយ ដល់​នូវ​សភាព​ធំ មិន​មាន​ប្រមាណ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅ​កាន់​សត្វ​លោក​ទាំងពួង ដោយ​ប្រការ​ទាំងពួង ក្នុង​ទី​ទាំងពួង សេយ្យថាមិ នាម ឯកំ បុគ្គលំ បិយំ មនាបំ ទិស្វា មុទិតា អស្ស  ឯវមេវ សព្វេ សត្តេ មុទិតាយ ផរត‌ិ ប្រៀប​ដូច​បុគ្គល​ម្នាក់​បាន​ឃើញ​បុគ្គល​ម្នាក់ ជា​ទី​ស្រឡាញ់ ជាទី​គាប់​ចិត្តហើយ​មាន​ចិត្ត​ត្រេកអរ រីករាយ​ទៅ​រក​បុគ្គល​នោះ​យ៉ាង​ណា​មិញ ភិក្ខុ​ផ្សាយ​មុទិតា​ទៅ​កាន់​សត្វ​ទាំងពួង ក៏​យ៉ាង​នោះ​ឯង ។

ឧបេក្ខាសហគតេន ចេតសា ឯកំ ទិសំ ផរិត្វា វ‍ិហរត‍ិ ។ល។ ភិក្ខុ​មាន​ចិត្ត​ប្រកប​ដោយ​ឧបេក្ខា ផ្សាយ​ទៅ​កាន់​ទិស ១ ផ្សាយ​ទៅ​កាន់​ទិស​ជា​គម្រប់២ គម្រប់៣ គម្រប់៤ និង​ទិស​ខាង​លើ ខាង​ក្រោម និង​ទិស​ទទឹង គឺទិស​អាគ្នេយ៍ និរតី ពាយព្យ ឦសាន មាន​ចិត្ត​ប្រកប​ដោយ​ឧបេក្ខា ជា​ចិត្ត​ទូលាយ ដល់​នូវ​សភាព​ធំ មិន​មាន​ប្រមាណ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅ​កាន់​សត្វ​លោក​ទាំងពួង ដោយ​ប្រការ​ទាំងពួង ក្នុង​ទី​ទាំងពួង សេយ្យថាមិ នាម ឯកំ បុគ្គលំ នេវ មនាបំ ន អមនាបំ ទិស្វា ឧបេក្ខកោ អស្ស  ឯវមេវ សព្វេ សត្តេ ឧបេក្ខាយ ផរត‌ិ ប្រៀប​ដូចជា​បុគ្គល​ម្នាក់​បាន​ឃើញ​បុគ្គល​ម្នាក់ មិន​ជាទី​គាប់​ចិត្ត មិន​ជាទី​ស្អប់ ហើយ​ធ្វើ​ចិត្ត​ជា​ឧបេក្ខា ព្រងើយ​កន្តើយ​ជា​កណ្ដាល​ទៅ​រក​បុគ្គល​នោះ​យ៉ាង​ណា​មិញ ភិក្ខុ​ផ្សាយ​ឧបេក្ខា​ទៅ​កាន់​សត្វ​ទាំងពួង ក៏​យ៉ាង​នោះ​ឯង ។

ម្យ៉ាង​ទៀត ព្រហ្មវិហារ​ធម៌​ទាំង៤នោះ បើ​នឹង​ផ្សាយ​ដោយ​សេចក្ដី​សង្ខេប​ដូច្នេះ គឺ​មេត្តា ត្រូវ​ផ្សាយ​ថា សព្វេ សត្តា អវេរ‍ា ហោន្តុ សត្វ​ទាំងឡាយ​ទាំងពួង​កុំបី​មាន​ពៀរ​នឹង​គ្នា ។ ករុណា​ត្រូវ​ផ្សាយ​ថា សព្វេ សត្តា ទុក្ខា បមុញ្ចន្តុ សត្វ​ទាំងឡាយ​ទាំងពួង ចូរ​រួច​ចាក​ទុក្ខ ។ មុទិតា ត្រូវ​ផ្សាយ​ថា  សព្វេ សត្តា លទ្ធសម្បត្តិតោ មា វ‍ិគច្ឆន្តុ សត្វ​ទាំងឡាយ​ទាំងពួង កុំបី​ព្រាត់​ប្រាស​ចាក​សម្បត្តិ គឺ​សេចក្ដី​សុខ សេចក្ដី​ចម្រើន ដែល​ខ្លួន​បាន​ហើយ ។ ឧបេក្ខា ត្រូវ​ផ្សាយ​ថា សព្វេ សត្តា កម្មស្សកា កម្មទាយាទា សត្វ​ទាំងឡាយ​ទាំងពួង មាន​កម្ម​ជា​របស់​ខ្លួន មាន​កម្ម​ជា​មរតក ។

បើ​តាម​សេចក្ដី​នេះ គួរ​ចូលចិត្ត​ថា មេត្តា មាន​សត្វ​ទួទៅ ក្នុង​ត្រៃលោក​ជា​អារម្មណ៍ ករុណា មាន​សេចក្ដី​ទុក្ខ​របស់​សត្វ​ទាំងនោះ​ជា​អារម្មណ៍ មុទិតា មាន​សម្បត្តិ​រាប់​សត្វ​ទាំងនោះ​ជា​អារម្មណ៍ ឧបេក្ខា មាន​កម្ម​របស់​សត្វ​ទាំងនោះ​ជា​អារម្មណ៍ ។ ព្រហ្មវិហារ​ធម៌​ទាំង៤ ដូច​បាន​សម្ដែង​មក​នេះ ចាត់​ជា​ព្រហ្ម​ចរិយ​ទី ៤ ហៅថា អប្បមញ្ញា​ព្រហ្មចរិយ ។

ព្រហ្មចរិយ​ទី ៥ គឺ​មេថុនវិរតិ សេចក្ដី​ថា​ការ​វៀរ​សេព​មេថុនធម្ម​ជា​ធម៌​ថោក​ទាប ជា​របស់​អ្នក​ស្រុក ជា​របស់​បុថុជ្ជន មិន​មែន​ជា​របស់​ព្រះ​អរិយ​បុគ្គល មិន​ប្រកប​ដោយ​ប្រយោជន៍ ការ​វៀរ​នោះ​បាន​ឈ្មោះ​ថា​ប្រព្រឹត្ត​ដូច​ព្រហ្មឬ​ប្រព្រឹត្ត​យ៉ាង​ប្រសើរ ដូច​បិប្ផលិ​មាណពនិង​នាង​ភទ្ទាកាបិលានី ។ មាន​រឿង​ថា បិប្ផលិមា​មាណព​នោះ ជា​កូន​នៃ​កបិលព្រាហ្មណ៍ នៅ​ក្នុង​នគរ​រាជគ្រឹះ មាណព​នោះ​មាន​អាយុ២០ឆ្នាំ ជា​អ្នក​មាន​បុណ្យ​វាសនា​ធំ ។ មាតា​បិតា​គិត​នឹង​ចង​មាណព​នោះ ឱ្យ​ជាប់​ដោយ​ចំណង​គឺ​ផ្ទះ ក៏​បញ្ជូន​ព្រាហ្មណ៍៨នាក់​ឱ្យ​ដើរ​ស្វែង​រក​ស្ត្រី​ដែល​បរិបូណ៌​ដោយ​លក្ខណៈ ។ ទើប​មាន​ព្រាហ្មណ៍​ទាំង៨នាក់ ក៏​នាំ​យក​គ្រឿង​បណ្ណាការ ទៅ​កាន់​នគរ​សាគល ។ ក៏​ក្នុង​នគរ​សាគល​នោះ​មាន​ធីតា​របស់​កោសិយគោត្រ​ព្រាហ្មណ៍ ឈ្មោះ​នាង​ភទ្ទាកាបិលានី មាន​អាយុ១៦ឆ្នាំ ជា​ស្រី​មាន​បុណ្យ​វាសនា​ធំ ។ ព្រាហ្មណ៍​ទាំង៨នាក់​ក៏​នាំ​គ្នា​ទៅ​ក្នុង​ត្រកូល​ព្រាហ្មណ៍​នោះ បាន​និយាយ​ប្រាប់​ដំណើរ​សព្វ​គ្រប់​ដល់​មាតា​បិតា​របស់​នាង​ភទ្ទាកាបិលានី មាតា​បិតា​របស់​នាង​ក៏​ព្រម​ឱ្យ​នាង​ដល់​បិប្ផលិ​មាណព​ដោយ​ស្រួលបួល ព្រាហ្មណ៍​ទាំង៨នាក់ ក៏​បាន​ជូន​គ្រឿង​បណ្ណាការ​ហើយ​ស្រេច ទើប​បញ្ជូន​ពាក្យ​បណ្ដាំ​មក​ដល់​កបិល​ព្រាហ្មណ៍​វិញ​ថា បាន​នាង​ទារិកា​ហើយ ។ ឯ​បិប្ផលិ​មាណព​បាន​ឮ​ពាក្យ​បណ្ដាំ​នោះ​ហើយ ក៏​មិន​ត្រូវ​ការ​នឹង​ភរិយា​ឡើយ ទើប​សរសេរ​សំបុត្រមួយ​ផ្ញើ​ទៅ​នាង​ភទ្ទាកាបិលានី សេចក្ដី​សំបុត្រ​នោះ​ថា នាង​ភទ្ទា ចូរ​នៅ​ជា​ឃរាវាស​តាម​សមគួរ​ដល់​ជាតិ​គោត្រ​ត្រកូល នឹង​ភោគ​សម្បត្តិ​របស់​ខ្លួន​ចុះ  អាត្មា​អញ​មុខ​ជា​បួស​មិន​ខាន  នាង​កុំ​ក្ដៅ​ក្រហាយ​ជា​ខាង​ក្រោយ​ឡើយ ។ ឯ​នាង​ភទ្ទា​ក៏​សរសេរ​សំបុត្រមួយ​ផ្ញើ​មក​បិប្ផលិ​មាណព  សេចក្ដី​សំបុត្រ​ក៏​ដូចគ្នា  ពេល​ក៏​ស្មើ​គ្នា ។ អ្នក​នាំ​យក​សំបុត្រ​ទាំង​ពីរ​មក​ក៏​ចួប​គ្នា​ពាក់​កណ្ដាល​ផ្លូវ ក៏​នាំ​គ្នា​ហែក​សំបុត្រ​ទាំង​ពីរ​មើល បាន​ដឹង​សេចក្ដី​សព្វ​គ្រប់​ក៏​ចោល​សំបុត្រ​ទាំង​ពីរ​ទៅ​ក្នុង​ព្រៃ ហើយ​ក៏​សរសេរ​សំបុត្រ​ពីរ​សា​ជាថ្មី​ទៀត សេចក្ដី​សំបុត្រ​នោះ​ជា​ការ​រាប់អាន ព្រមព្រៀង​គ្នា​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ហើយ​នាំ​យក​ទៅ​ឱ្យ​ជន​ទាំង​ពីរ​នាក់ ។ ក៏​ឯ​ជន​ទាំង​ពីរ​នាក់​នោះ មិន​ប្រាថ្នា​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ឡើយ តែ​គង់​ចួប​គ្នា​ជា​ប្ដី​ប្រពន្ធ​ដោយ​ប្រការ​ដូច្នេះ ។ ក្នុង​ថ្ងៃ​ដែល​ចួប​គ្នា​ជា​ដំបូង​នោះ ជន​ទាំង​ពីរ​នាក់​បាន​បរិភោគ​បាយ​វេលា​ល្ងាច​រួច​ហើយ ពេល​ចូល​ដេក​ក៏​មិន​បាន​ដេក​រួម​គ្នា ដូច​ជន​ឯទៀត​ឡើយ មាណព​ដេក​ខាង​ស្ដាំ បាង​ភទ្ទា​ដេក​ខាង​ឆ្វេង ។ ជន​ទាំង​ពីរ​នាក់​ខ្លាច​ប៉ះពាល់​កាយ​គ្នា ក៏​យក​កម្រង​ផ្កា​ពីរ​មក​ដាក់​ពាក់​កណ្ដាល​ដំណេក ហើយ​ដេក​ក៏​មិន​លក់​អស់​មួយ​រាត្រី មាន​យាម៣ វេលា​ថ្ងៃ​ក៏​មិន​ញញឹម​ញញែម​រក​គ្នា​ឡើយ ។ ជន​ទាំង​ពីរ​នាក់​នោះ​មិន​ច្រឡូក​ច្រឡំ​គ្នា​ដោយ​លោកាមិស​ឡើយ នៅ​គ្រប់គ្រង​ផ្ទះ មាន​ឆន្ទៈ​ស្មើ​គ្នា ត្រា​តែ​ឥត​នឹង​មាតា​បិតា​ទៅ ក៏​និយាយ​គ្នា​ថា ភព​ទាំង៣នេះ ប្រហែល​គ្នា​នឹង​ខ្ទម​ដែល​ភ្លើង​ឆេះ គួរ​យើង​ទៅ​បួស​កុំ​ខាន ហើយ​ក៏​នាំ​គ្នា​ទិញ​សំពត់​កាសាវៈ​និង​បាត្រ​ដី​អំពី​ផ្សារ​មក នាំ​គ្នា​កោរ​សក់​ចេញ តាំង​អធិដ្ឋាន​ថា លោក​ឯ​ណា​ដែល​ជា​អរហន្ត​វិសេស​ក្នុង​លោក ​ផ្នួស​របស់​យើង​ចំពោះ​លោក​នោះ​ឯង ហើយ​ក៏​នាំ​គ្នា​បួស​ស្រេច ។

ព្រហ្មចរិយ​ទី ៧ គឺ វិរិយៈ សេចក្ដី​ព្យាយាម​ប្រឹងប្រែង​មិន​ខ្ជិល​ច្រអូស​ក្នុង​កុសលធម៌ ឯ​វិរិយៈ​ដែល​ហៅ​ថា​ព្រហ្មចរិយ​នោះ មាន​មក​ក្នុង​មហា​សូហនាទ​សូត្រ គម្ពីរ​មជ្ឈិម​និកាយ​មូលបណ្ណាសក គឺ​ព្រះ​អង្គ​ដំណាល​រឿង​ដែល​ព្រះ​អង្គ​ធ្វើ​ទុក្ករ​កិរិយា​កាល​អំពី​មុន​នឹង​បាន​ត្រាស់ ប្រាប់​ព្រះ​សារីបុត្រ​ថា អភិជានាមិ ខោ បនាហំ សារីបុត្ត ចតុរង្គ សមន្នាគតំ ព្រហ្មចរិយំ ចរិតា ។ ម្នាល​សារីបុត្រ តថាគត​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ ប្រកប​ដោយ​អង្គ៤ ហើយ​ដឹង​ពិត​ប្រាកដ មិន​ភ្លេច​វង្វេង ។ ពាក្យ​ថា ព្រហ្មចរិយ​ក្នុង​ពុទ្ធ​ភាសិត​នេះ សំដៅ​យក​វិរិយៈ សេចក្ដី​ព្យាយាម ហេតុ​ដូច្នោះ បាន​ជា​អដ្ឋកថាចារ្យ​អធិប្បាយ​ថា វិរិយៈ ជា​ព្រហ្មចរិយៈ ១ ដែរ ។ ឯ​ព្រហ្មចរិយ គឺ​ព្យាយាម​ប្រកប​ដោយ​អង្គ៤នោះ មាន​មក​ក្នុង​គម្ពីរ​អង្គុត្តរនិកាយ ទុកនិបាត​ថា អប្បដិវាណំ សុទាហំ ភិក្ខវេ បទហាបិ កាមំ តចោ នហារុ ច អដ្ឋិ ច អវសិស្សតុ សរីរេ ឧបសុស្សតុ មំសលោហិតំ ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​កាល​នៅ​ជា​ពោធិសត្វ តាំង​នៅ​ក្នុង​សេចក្ដី​មិន​រួញរា​ធូរ​ថយ ប្រាថ្នា​នូវ​សព្វញ្ញុតញ្ញាណ ហើយ​ធ្វើ​ព្យាយាម​ដោយ​តាំង​ចិត្ត​មាំមួន​ថា ស្បែក​ក្ដី សរសៃ​ក្ដី ឆ្អឹង​ក្ដី សូម​ឱ្យ​នៅ​សល់​ចុះ តែ​សាច់​នឹង​ឈាម​ក្នុង​កាយ​នេះ ចូរ​រីង​ស្ងួត​ទៅ​ចុះ គុណជាត​ឯណា​ដែល​គេ​គប្បី​បាន​ដោយ​កម្លាំង​នៃ​បុរស ដោយ​ព្យាយាម​នៃ​បុរស ដោយ​សេចក្ដី​សង្វាត​នៃ​បុរស បើ​មិន​ទាន់​បាន​សម្រេច​គុណជាត​នោះ​ទេ មិន​បញ្ឈប់​ព្យាយាម​ឡើយ ចតុមគ្គញាណនិង​សព្វញ្ញុតញ្ញាណ តថាគត​បាន​ហើយ​ដោយ​សេចក្ដី​មិន​ប្រមាទ យោគក្ខេមធម៌​ដ៏​ប្រសើរ ពោល​គឺ​អរហត្តផល​និង​និព្វាន តថាគត​បាន​ហើយ​ដោយ​សេចក្ដី​មិន​ប្រមាទ ។ ពាក្យ​ថា អង្គ៤នោះ គឺ​ស្បែក​ជា​អង្គ ១ សរសៃ​ជា​អង្គ ១ ឆ្អឹង​ជា​អង្គ ១ សាច់​និង​ឈាម​ជា​អង្គ ១ ឯ​អង្គ ៣ ខាង​ដើម​នេះ ត្រូវ​អធិដ្ឋាន​តាំង​ចិត្ត​ថា​ឱ្យ​សល់​នៅអង្គ១ខាង​ចុង ត្រូវ​អធិដ្ឋាន​តាំង​ចិត្ត​ថា ឱ្យ​រីង​ស្ងួត​ទៅ​ចុះ ។ កុលបុត្រ​ដែល​បាន​បួស​ក្នុង​ព្រះ​ពុទ្ធសាសនា ប្រាថ្នា​គុណ​វិសេស​គឺ​ឈាន​និង​វិបស្សនា មគ្គ ផល និព្វាន គប្បី​តម្កល់​ព្យាយាម​ប្រកប​ដោយ​អង្គ៤ដោយ​ប្រការ​ដូច្នេះ ។ ម្យ៉ាង​ទៀត ត្រូវ​លះបង់​កុសិត​វត្ថុ គឺ​រឿងរ៉ាវ​ឬ​ហេតុ​នៃ​សេចក្ដី​ខ្ជិល​ច្រអូស​ទាំង៨ចោល​ចេញ ហើយ​ប្រព្រឹត្ត​ទៅ​ក្នុង​អារព្ភវត្ថុ គឺ​រឿងរ៉ាវ​ឬ​ហេតុ​នៃ​ការ​ប្រារព្ធ​ព្យាយាម​ទាំង៨ ។

ឯ​កុសិតវត្ថុនិង​អារព្ភវត្ថុ​នោះ មាន​មក​ក្នុង​គម្ពីរ​អង្គុត្តរនិកាយ​អដ្ឋកនិបាត ព្រះ​អង្គ​ទ្រង់​សម្ដែង​ថា ឥធ ភិក្ខវេ ភិក្ខុនា កម្មំ កត្តព្វំ ហោតិ ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ កាល​បើ​មាន​ការងារ​ត្រូវ​ធ្វើ​ខាន​មិន​បាន ភិក្ខុ​នោះ​ក៏​មាន​សេចក្ដី​ត្រិះរិះ​គិត​ថា អាត្មា​អញ​មុខ​ជា​ត្រូវ​ធ្វើ​ការងារ មុខ​ជា​នឹង​លំបាក​កាយ​មិន​ខាន បើ​ដូច្នោះ​អាត្មា​អញ​ដេក​សិន ហើយ​ភិក្ខុ​នោះ​ដេក​ទៅ មិន​បាន​ប្រារព្ធ​ព្យាយាម ដើម្បី​បាន​នូវ​គុណធម៌ គឺ​ឈាន​វិបស្សនា មគ្គ ផល ដែល​ខ្លួន​មិន​ទាន់​បាន នេះ​ជា​កុសិត​វត្ថុ​ទី១ ។

បុម ចបរំ ភិក្ខវេ ភិក្ខុនា កម្មំ កតំ ហោត‍ិ ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញ​ទៀត កាល​បើ​ភិក្ខុ​បាន​ធ្វើ​ការងារ​រួច​ហើយ ភិក្ខុ​នោះ​ក៏​មាន​សេចក្ដី​ត្រិះរិះ​គិត​ថា អាត្មា​អញ​ទើប​នឹង​ធ្វើ​ការងារ​រួច កាល​ដែល​អាត្មា​អញ​ធ្វើ​ការងារ កាយ​ក៏​លំបាក​ពេក​ណាស់ បើ​ដូច្នោះ​អាត្មា​អញ​ដេក​សិន ភិក្ខុ​នោះ​ក៏​ដេក​ទៅ មិន​បាន​ប្រារព្ធ​ព្យាយាម ដើម្បី​បាន​នូវ​គុណធម៌​ដែល​ខ្លួន​មិន​ទាន់​បាន នេះ​ជា​កុសិត​វត្ថុ​ទី២ ។

 បុម ចបរំ ភិក្ខវេ ភិក្ខុនា មគ្គោ តន្តព្វោ ហោត‍ិ ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញ​ទៀត កាល​បើ​ភិក្ខុ​ត្រូវ​ការ​ដើរ​ផ្លូវ​ខាន​មិន​បាន ភិក្ខុ​នោះ​ក៏​មាន​សេចក្ដី​ត្រិះរិះ​គិត​ថា អាត្មា​អញ​មុខ​ជា​នឹង​ត្រូវ​ការ​ដើរ​ផ្លូវ កាល​បើ​អាត្មា​អញ​ដើរ​ផ្លូវ មុខ​ជា​នឹង​លំបាក​កាយ បើ​ដូច្នោះ​អាត្មា​អញ​ដេក​សិន ភិក្ខុ​នោះ​ក៏​ដេក​ទៅ មិន​បាន​ប្រារព្ធ​ព្យាយាម ដើម្បី​បាន​នូវ​គុណធម៌​ដែល​ខ្លួន​មិន​ទាន់​បាន នេះ​ជា​កុសិត​វត្ថុ​ទី៣ ។

 បុម ចបរំ ភិក្ខវេ ភិក្ខុនា មគ្គោ គតោ ហោត‍ិ ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញ​ទៀត កាល​បើ​ភិក្ខុ​ដើរ​ផ្លូវ​រួច​ហើយ ភិក្ខុ​នោះ​មាន​សេចក្ដី​ត្រិះរិះ​គិត​ថា អាត្មា​អញ​ទើប​នឹង​រួច​មក​អំពី​ដើរ​ផ្លូវ​ឆ្ងាយ កាល​ដែល​អាត្មា​អញ​ដើរ​ផ្លូវ​ឆ្ងាយ​នោះ លំបាក​កាយ​ពន់ពេក​ណាស់ បើ​ដូច្នោះ​អាត្មា​អញ​ដេក​សិន ភិក្ខុ​នោះ​ក៏​ដេក​ទៅ មិន​បាន​ប្រារព្ធ​ព្យាយាម ដើម្បី​បាន​នូវ​គុណធម៌ ដែល​ខ្លួន​មិន​ទាន់​បាន នេះ​ជា​កុសិត​វត្ថុ​ទី ៤ ។

 បុម ចបរំ ភិក្ខវេ ភិក្ខុ គាបំ វា និគមំ វា បិណ្ឌាយ ចរន្តោ ន លភត‍ិ លូខស្ស រា បណឹតស្ស រា ភោជនស្ស យាវទត្ថំ បារិបូរឹ ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញ​ទៀត កាល​បើ​ភិក្ខុ​ត្រាច់​ទៅ​កាន់​ស្រុកឬនិគម ដើម្បី​បិណ្ឌបាត ហើយ​មិន​បាន​នូវ​ភោជនដែល​សៅហ្មងឬ​ឧត្ដម ល្មម​ឆ្អែត​គ្រប់គ្រាន់ ភិក្ខុ​នោះ​ក៏​មាន​សេចក្ដី​ត្រិះរិះ​គិត​ថា អាត្មា​អញ​ត្រាច់​ទៅ​កាន់​ស្រុកឬនិគម ដើម្បី​បិណ្ឌបាត មិន​បាន​នូវ​ភោជន​ដែល​សៅហ្មងឬឧត្ដម​ល្មម​ឆ្អែត​គ្រប់គ្រាន់ កាយ​របស់​អាត្មា​អញ​លំបាក​ពេក​ណាស់ មិន​គួរ​ដល់​ភាវនា​កម្ម​អ្វី​ឡើយ បើ​ដូច្នោះ​អាត្មា​អញ​ដេក​សិន ភិក្ខុ​នោះ​ក៏​ដេក​ទៅ មិន​បាន​ប្រារព្ធ​ព្យាយាម ដើម្បី​បាន​នូវ​គុណធម៌​ដែល​ខ្លួន​មិន​ទាន់​បាន នេះ​ជា​កុសិត​វត្ថុ​ទី៦ ។

 បុម ចបរំ ភិក្ខវេ ភិក្ខុនា ឧប្បន្នោ ហោត‍ិ អប្បមត្តកោ អាពាធោ ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញ​ទៀត កាល​បើ​អាពាធ​បន្តិច​បន្តួច​កើត​ឡើង​ដល់​ភិក្ខុ​ហើយ ភិក្ខុ​នោះ​ក៏​មាន​សេចក្ដី​ត្រិះរិះ​គិតថា អាពាធ​បន្តិច​បន្តួច​នេះ​កើត​ឡើង​ដល់​អាត្មា​អញ​ហើយ គួរ​តែ​អាត្មា​អញ​ដេក បើដូច្នោះ​អាត្មា​អញ​ដេក​សិន ភិក្ខុ​នោះ​ក៏​ដេក​ទៅ មិន​មាន​ប្រារព្ធ​ព្យាយាម ដើម្បី​បាន​នូវ​គុណធម៌​ដែល​ខ្លួន​មិន​ទាន់​បាន នេះ​ជា​កុសិត​វត្ថុ​ទី៧ ។

 បុន ចបរំ ភិក្ខវេ ភិក្ខុនា គិលានា វុដ្ឋិតោ ហោត‍ិ អចិរវុដ្ឋិតោ គេលញ្ញា ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញ​ទៀត កាល​បើ​ភិក្ខុ​ជា​ស្បើយ​អំពី​ជំងឺ​ហើយ តែ​ទើប​នឹង​ជា​ថ្មី ៗ អំពី​ជំងឺ​នោះ ភិក្ខុ​នោះ​មាន​សេចក្ដី​ត្រិះរិះ​គិត​ថា អាត្មា​អញ​ជា​អំពី​ជំងឺ​ហើយ តែ​ទើប​នឹង​ជា​ថ្មីៗ អំពី​ជំងឺ កាយ​របស់​អាត្មា​អញ​ថយ​កម្លាំង​ពន់ពេក​ណាស់ មិន​គួរ​ដល់​ភាវនាកម្ម​អ្វី​ឡើយ បើ​ដូច្នោះ​អាត្មា​អញ​ដេក​សិន ភិក្ខុ​នោះ​ក៏​ដេក​ទៅ​មិន​បាន​ប្រារព្ធ​ព្យាយាម ដើម្បី​បាន​នូវ​គុណធម៌ ដែល​ខ្លួន​មិន​ទាន់​បាន នេះ​ជា​កុសិត​វត្ថុ​ទី​៨ ។

ចប់​កុសិត​វត្ថុ​ទាំង ៨ តែ​ប៉ុណ្ណេះ ។

ឯ​អារព្ភ​វត្ថុ ៨ ព្រះ​អង្គ​ទ្រង់​សម្ដែង​ថា

 ឥធ ភិក្ខវេ ភិក្ខុនា កម្មំ កត្តព្វំ ហោត‍ិ ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ កាល​បើ​មាន​ការងារ​ត្រូវ​ធ្វើ​ខាន​មិន​បាន ភិក្ខុ​នោះ​ក៏​មាន​សេចក្ដី​ត្រិះរិះ​គិត​ថា អាត្មា​អញ​មុខ​ជា​ត្រូវ​ធ្វើ​ការងារ កាល​បើ​អាត្មា​អញ​ធ្វើ​ការងារ មិន​ងាយ​នឹង​យក​ចិត្ត​ទុកដាក់​នឹង​ព្រះ​ពុទ្ធសាសនា​បាន​ឡើយ បើ​ដូច្នោះ​អាត្មា​អញ​ប្រារព្ធ​ព្យាយាម​ជា​មុន ដើម្បី​បាន​នូវ​គុណធម៌​ដែល​ខ្លួន​មិន​ទាន់​បាន ។ ភិក្ខុ​នោះ​ក៏​ប្រារព្ធ​ព្យាយាម​ប្រឹងប្រែង​ទៅ នេះ​ជា​អារព្ភ​វត្ថុ​ទី១ ។

 បុន ចបរំ ភិក្ខវេ ភិក្ខុនា កម្មំ កតំ ហោត‍ិ ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញ​ទៀត ភិក្ខុ​បាន​ធ្វើ​ការងារ​រួច​ហើយ ភិក្ខុ​នោះ​ក៏​មាន​សេចក្ដី​ត្រិះរិះ​គិត​ថា អាត្មា​អញ​ធ្វើ​ការងារ​រួច​ហើយ កាល​ដែល​អាត្មា​អញ​ធ្វើ​ការងារ​នោះ ក៏​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​ពុទ្ធសាសនា​ឡើយ បើ​ដូច្នោះ​អាត្មា​អញ​ប្រារព្ធ​ព្យាយាម ដើម្បី​បាន​នូវ​គុណធម៌ដែល​ខ្លួន​មិន​ទាន់​បាន ។ ភិក្ខុ​នោះ​ក៏​ប្រារព្ធ​ព្យាយាម​ប្រឹងប្រែង​ទៅ នេះ​ជា​អារព្ភ​វត្ថុ​ទី២ ។

 បុន ចបរំ ភិក្ខវេ ភិក្ខុនា មគ្គោ គន្តព្វោ ហោត‍ិ ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញ​ទៀត កាល​បើភិក្ខុ​មាន​បើ​ត្រូវ​ការ​ដើរ​ផ្លូវ ភិក្ខុ​នោះ​ក៏​មាន​សេចក្ដី​ត្រិះរិះ​គិត​ថា អាត្មា​អញ​​មុខ​ជា​ត្រូវ​ការ​ដើរ​ផ្លូវ​មិន​ខាន កាល​ដែល​អាត្មា​អញ​ដើរ​ផ្លូវ មិន​ងាយ​នឹង​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​ពុទ្ធសាសនា​បាន​ឡើយ បើ​ដូច្នោះ​អាត្មា​អញ​ប្រារព្ធ​ព្យាយាម ដើម្បី​បាន​នូវ​គុណធម៌ ដែល​ខ្លួន​មិន​ទាន់​បាន ។ ភិក្ខុ​នោះ​ក៏​ប្រារព្ធ​ព្យាយាម​ប្រឹងប្រែង​ទៅ នេះ​ជា​អារព្ភ​វត្ថុ​ទី៣ ។

 បុន ចបរំ ភិក្ខវេ ភិក្ខុនា បគ្គោ គតោ ហោត‍ិ ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ កាល​បើភិក្ខុ​ដើរ​ផ្លូវ​រួច​ហើយ ភិក្ខុ​នោះ​ក៏​មាន​សេចក្ដី​ត្រិះរិះ​គិត​ថា អាត្មា​អញ​ដើរ​ផ្លូវ​រួច​ហើយ កាល​ដែល​អាត្មា​អញ​ដើរ​ផ្លូវ​នោះ មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​ពុទ្ធសាសនា​ឡើយ បើ​ដូច្នោះ​អាត្មា​អញ​ប្រារព្ធ​ព្យាយាម ដើម្បី​បាន​នូវ​គុណធម៌ ដែល​ខ្លួន​មិន​ទាន់​បាន ។ ភិក្ខុ​នោះ​ក៏​ប្រារព្ធ​ព្យាយាម​ប្រឹងប្រែង​ទៅ នេះ​ជា​អារព្ភ​វត្ថុ​ទី៤ ។

 បុន ចបរំ ភិក្ខវេ ភិក្ខុ គាមំ វា និគមំ វា បិណ្ឌាយ ចរន្តោ ន លភត‍ិ ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញ​ទៀត កាល​បើភិក្ខុ​ត្រាច់​ទៅ​កាន់​ស្រុកឬនិគម ដើម្បី​បិណ្ឌបាត ហើយមិន​បាន​នូវ​ភោជន​ដែល​សៅហ្មងឬឧត្ដម​ល្មម​ឆ្អែត​គ្រប់គ្រាន់ ភិក្ខុ​នោះ​ក៏​មាន​សេចក្ដី​ត្រិះរិះ​ថា អាត្មា​អញ​ត្រាច់​ទៅ​បិណ្ឌបាត មិន​បាន​ល្មម​ឆ្អែត​គ្រប់គ្រាន់​ឡើយ កាយ​របស់​អាត្មា​អញ​ក៏​ស្រាល​គួរ​ដល់​ភាវនា​កម្ម បើ​ដូច្នោះ អាត្មា​អញ​ប្រារព្ធ​ព្យាយាម ដើម្បី​បាន​នូវ​គុណធម៌​ដែល​ខ្លួន​មិន​ទាន់​បាន ។ ភិក្ខុ​នោះ​ក៏​ប្រារព្ធ​ព្យាយាម​ប្រឹងប្រែង​ទៅ នេះ​ជា​អារព្ភ​វត្ថុ​ទី៥ ។

 បុន ចបរំ ភិក្ខវេ ភិក្ខុ គាមំ វា និគមំ វា បិណ្ឌាយ ចរន្តោ ន លភត‍ិ ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញ​ទៀត កាល​បើភិក្ខុ​ត្រាច់​ទៅ​កាន់​ស្រុកឬនិគម ដើម្បី​បិណ្ឌបាត ហើយមិន​បាន​នូវ​ភោជន​ដែល​សៅហ្មងឬឧត្ដម​ល្មម​ឆ្អែត​គ្រប់គ្រាន់ ភិក្ខុ​នោះ​ក៏​មាន​សេចក្ដី​ត្រិះរិះ​ថា អាត្មា​អញ​ត្រាច់​ទៅ​បិណ្ឌបាត ហើយ​បាន​ឆ្អែត​គ្រប់គ្រាន់​ឡើយ កាយ​របស់​អាត្មា​អញ​ក៏​ស្រាល​គួរ​ដល់​ភាវនា​កម្ម បើ​ដូច្នោះ អាត្មា​អញ​ប្រារព្ធ​ព្យាយាម ដើម្បី​បាន​នូវ​គុណធម៌​ដែល​ខ្លួន​មិន​ទាន់​បាន ។ ភិក្ខុ​នោះ​ក៏​ប្រារព្ធ​ព្យាយាម​ប្រឹងប្រែង​ទៅ នេះ​ជា​អារព្ភ​វត្ថុ​ទី៦ ។

 បុន ចបរំ ភិក្ខវេ ភិក្ខុវេ ភិក្ខុនោ ឧប្បន្នោ ហោត‍ិ អប្បមត្តកោ អាពាធោ ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញ​ទៀត កាល​បើអាពាធ​បន្តិច​បន្តួច​កើត​ឡើង​ដល់​ភិក្ខុ​ហើយ ភិក្ខុ​នោះ​ក៏​មាន​សេចក្ដី​ត្រិះរិះ​ថា អាពាធ​បន្តិច​បន្តួច​នេះ​កើត​ឡើង​ដល់​អញ​ហើយ ឬអាពាធ​នោះ​មុខ​ជា​ចម្រើន​ឡើង​ដល់​អញ​ទៀត​មិន​ខាន បើ​ដូច្នោះ អាត្មា​អញ​ប្រារព្ធ​ព្យាយាម​ជា​មុន ដើម្បី​បាន​នូវ​គុណធម៌​ដែល​ខ្លួន​មិន​ទាន់​បាន ។ ភិក្ខុ​នោះ​ក៏​ប្រារព្ធ​ព្យាយាម​ប្រឹងប្រែង​ទៅ នេះ​ជា​អារព្ភ​វត្ថុ​ទី៧ ។

 បុន ចបរំ ភិក្ខវេ ភិក្ខុ គាមំ គិលានា វុដ្ឋិតោ ហោត‍ិ អចិរវុដ្ឋំតោ គេលញ្ញា ។ល។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញ​ទៀត កាល​បើភិក្ខុ​ជា​ស្បើយ​អំពី​ជំងឺ​ហើយ តែ​ទើប​នឹង​ជា​ថ្មីៗអំពី​ជំងឺ​នោះ ភិក្ខុ​ក៏​មាន​សេចក្ដី​ត្រិះរិះ​ថា អាត្មា​អញ​ជា​អំពី​ជំងឺ​ហើយ ឯ​អាពាធ​អាត្មា​អញ​នោះ មុខ​ជា​នឹង​ត្រឡប់​មក​វិញ​មិន​ខាន បើ​ដូច្នោះ អាត្មា​អញ​ប្រារព្ធ​ព្យាយាម​ជា​មុន ដើម្បី​បាន​នូវ​គុណធម៌​ដែល​ខ្លួន​មិន​ទាន់​បាន ។ ភិក្ខុ​នោះ​ក៏​ប្រារព្ធ​ព្យាយាម​ប្រឹងប្រែង​ទៅ នេះ​ជា​អារព្ភ​វត្ថុ​ទី៨ ។

ចប់​អារព្ភ​វត្ថុ​ទាំង ៨ តែ​ប៉ុណ្ណេះ ។

បុគ្គល​ដែល​មាន​អធ្យាស្រ័យ​ក្នុង​កុសល កាល​បើ​ដឹង​ច្បាស់​នូវ​ហេតុ​ទាំង​ពីរ​គឺ​កុសិត​វត្ថុនិង​អារព្ភ​វត្ថុ​ហើយ គួរ​លះបង់​នូវ​សេចក្ដី​ខ្ជិល​ច្រអូស​ចោល​ចេញ ហើយ​ធ្វើ​ព្យាយាម​ប្រកប​ដោយ​អង្គ៤ ដូច​ពោល​មក​ហើយ​ខាងដើម មិន​គួរ​បន្ធូរ​បន្ថយ​ឬ​លះបង់​ចោល​ឡើយ បើ​ទុក​ជា​លះបង់​ចោល​ហើយ ក៏​គួរ​គប្បី​ផ្គង​ឡើង​វិញ ដូច​ភិក្ខុមួយ​អង្គ​ដែល​លះបង់​ព្យាយាម ។ មាន​រឿង​ថា ភិក្ខុ​នោះ​រៀន​កម្មដ្ឋាន​ក្នុង​សម្នាក់​ព្រះ​បរម​គ្រូ ហើយ​ចូល​ទៅ​កាន់​ព្រៃ ប្រព្រឹត្ត​ព្យាយាម​អស់បីខែ ក៏​មិន​បាន​គុណ​វិសេស​បន្តិច​បន្តួច​សោះ ក៏​គិត​ថា ព្រះ​បរម​គ្រូ​ជា​ម្ចស់​ទ្រង់​សម្ដែង​ថា បុគ្គល​មាន៤ពួក គឺ​ឧគ្ឃដិតញ្ញូ បុគ្គល​ដែល​បាន​សម្រេច​មគ្គ​ផល​ក្នុង​វេលា​ស្ដាប់​ធម៌ដែល​ធម្មកថិក​ទើប​នឹង​ប្រារព្ធ​ដោយ​សង្ខេប ១ វិបច្ចិតញ្ញូ បុគ្គល​ដែល​បាន​សម្រេច​មគ្គ​ផលក្នុង​កាល​ស្ដាប់​ធម៌ដែល​ធម្មកថិក​សម្ដែង​ចែក​សេចក្ដី​ដោយ​ពិស្ដារ ១ នេយ្យោ បុគ្គល​ដែល​ស្ដាប់​ធម៌​សង្ខេបឬ​ពិស្ដារ ក៏​មិន​បាន​សម្រេច​មគ្គ​ផល លុះ​តែ​សិក្សា​រៀន​សូត្រ​យក​ចិត្ត​ទុក​ដាក់ សេពគប់​នឹង​កល្យាណ​មិត្រ​យូរ​ទៅ​ ទើប​បាន​សម្រេច​មគ្គ​ផល ១ បទ​បរមោ បុគ្គល​ដែល​បាន​ស្ដាប់​បាន​រៀន​ជាដើម ក៏​មិន​បាន​សម្រេច​មគ្គ​ផល​អស់មួយ​ជាតិ​នោះ ១ អាត្មា​អញ​ប្រហែល​ជា​បទ​បរម​បុគ្គល​ហើយ មើល​ទៅ​មិន​បាន​សម្រេច​មគ្គ​ផល​ក្នុង​អត្តភាព​នេះ​ទេ បើ​ដូច្នោះ អាត្មា​អញ​ត្រឡប់​ទៅ​កាន់​សម្នាក់​ព្រះ​បរម​គ្រូ​វិញ គ្រាន់​តែ​មើល​រូប​ព្រះ​ពុទ្ធ​និង​ស្ដាប់​ធម៌​ប៉ុណ្ណោះ​ចុះ គិត​ដូច្នោះ​ហើយ​ក៏​ត្រឡប់​មក​កាន់​វិហារ​ជេតពន​វិញ ។ គ្រា​នោះ ពួក​ភិក្ខុ​ផង​គ្នា បាន​ជ្រាប​ហេតុ​នោះ​ហើយ ក៏​នាំ​ភិក្ខុ​នោះ​ទៅ​កាន់​សម្នាក់​ព្រះ​បរម​គ្រូ​ក្រាប​បង្គំ​ទូល​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ភិក្ខុ​នេះ​លះបង់​ព្យាយាម​ចោល ត្រឡប់​មក​វិញ​ហើយ ។ ព្រះ​បរម​គ្រូ​ទ្រង់​ទ្រង់​ទំនុក​បម្រុង​ភិក្ខុ​នោះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ម្នាល​ភិក្ខុ អ្នក​ឯង​បាន​បួស​ក្នុង​សាសនា​ជា​និយ្យានិក​បែប​នេះ​ហើយ ហេតុ​អ្វី​ក៏​មិន​ចង់​ឱ្យ​គេ​ស្គាល់​ថា ជា​អ្នក​ប្រាថ្នា​តិច ជា​អ្នក​សន្ដោស ជា​អ្នក​ស្ងាត់​កាយ-ចិត្ត ជា​អ្នក​មិន​ច្រឡូក​ច្រឡំ​ដោយ​ពួក​គណៈ ជា​អ្នក​ប្រារព្ធ​ព្យាយាម ក៏​បែរ​ទៅ​ជា​ឱ្យ​គេ​ដឹង​ថា ជា​អ្នក​លះបង់​ព្យាយាម​ទៅ​វិញ កាល​អំពី​ដើម​អ្នក​ឯង​មាន​ព្យាយាម​ល្អ​ណាស់ ជន​ច្រើន​នាក់​គេ​បាន​អាស្រ័យ​នឹង​ព្យាយាម ដែល​អ្នក​ឯង​ធ្វើ​តែ​ម្នាក់​ឯង ​ក៏​បាន​ទឹក​ផឹក បាន​សេចក្ដី​សុខ​ក្នុង​ផ្លូវ​លំបាក​ដោយ​ខ្សាច់ ឥឡូវ​នេះ ហេតុ​អ្វី​ក៏​លះបង់​ព្យាយាម​ចោល​ទៅ​វិញ ។ ភិក្ខុ​នោះ​បាន​ព្រះ​បរម​គ្រូ​ទំនុក​បម្រុង​ដោយ​ពាក្យ​ប៉ុណ្ណេះ​ហើយ ។ គ្រា​នោះ ពួក​ភិក្ខុ​ក្រាប​ទូល​សួរ​អតីត​និទាន ព្រះ​អង្គ​ក៏​នាំ​អតីត​និទាន​ថា ក្នុង​កាល​ដ៏​កន្លង​ទៅ​ហើយ ព្រះ​ពោធិសត្វ​មាន​សភាព​ជា​នាយ​ឈ្មួញ​រទេះ នៅ​ក្នុង​នគរ​ពារាណសី សម័យ​មួយ​បាន​ត្រាច់​ទៅ​ធ្វើ​ការ​ជួញ​ប្រែ​ដោយ​រទេះ ៥០០ បាន​ទៅ​ដល់​ផ្លូវ​ដែល​លំបាក​ដោយ​ខ្សាច់​ចម្ងាយ ៦០ យោជន៍ ។ ក៏​ក្នុង​ផ្លូវ​លំបាក​នោះ មាន​ដី​ខ្សាច់​ឆ្មារ​ល្អិត បើ​យក​ដៃ​ទៅ​ចាប់​ក្ដាប់​លើក​ឡើង ក៏​ជ្រុះ​ចេញ​អស់​មិន​ស្ថិត​នៅ​ក្នុង​ដៃ​ឡើយ ។ តាំង​ពី​ព្រះ​អាទិត្យ​រះ​ឡើង​ខ្សាច់​នោះ​ក៏​ក្ដៅ​ដូច​គំនរ​រងើក​ភ្លើង មិន​អាច​នឹង​ជាន់​បាន​ឡើយ ។ ហេតុ​ដូច្នោះ ពួក​ឈ្មួញ​ទាំងឡាយ​ដែល​ដើរ​ទៅ​កាន់​ផ្លូវ​នោះ ក៏​យក​វត្ថុ​មាន​ឧស​ ទឹក​ ប្រេង​ និង​អង្ករ​ជាដើម​ដាក់​ក្នុង​រទេះ​ទើប​ទៅ​បាន ហើយ​ទៅ​បាន​តែ​យប់ៗផង លុះ​អរុណ​រះ​ឡើង​ក៏​ឈប់ ហើយ​អូស​រទេះ​តម្រៀប​គ្នា​ពទ្ធ​ដោយ​មូល​ជុំ​វិញ​រួច​ធ្វើ​ជា​មណ្ឌប​ប្រក់​អំពី​លើ​ឱ្យ​ម្លប់ នាំ​គ្នា​អង្គុយ​នៅ​សម្រាក ដល់​ព្រះ​អាទិត្យ​លិច​ទៅ ក៏​បរិភោគ​បាយ​វេលា​ល្ងាច​រួច​បង្អង់​ចាំ​ឱ្យ​ផែនដី​ត្រជាក់ ក៏​នាំ​គ្នា​ទៅ​ទៀត ។ ឯ​ព្រះ​ពោធិសត្វ​​ដើរ​ទៅ​កាន់​ផ្លូវ​លំបាក​នោះ ក៏​ធ្វើ​តាម​ទំនង​នេះ​ដែរ លុះ​ដើរ​ទៅ​បាន​ចម្ងាយ ៥៩ យោជន៍ ក៏​គិត​ថា នៅ​តែ ១ យប់​ទៀត​ផុត​អំពី​ផ្លូវ​លំបាក​ដោយ​ខ្សាច់​ហើយ ក៏​នាំ​គ្នា​បរិភោគ​បាយ​វេលា​ល្ងាច​រួច​ប្រើប្រាស់​ទឹក​អស់ ក៏​នាំ​គ្នា​ដើរ​ទៅ​ទៀត ។ បុរស​អ្នក​នាំ​ផ្លូវ​ក៏​ដេក​លើ​រទេះ​មុន​បង្អស់ សម្លឹង​មើល​ផ្កាយ​ក្នុង​អាកាស​និយាយ​ប្រាប់​ឱ្យ​បរ​គោ​ទៅ​ខាង​នេះ​ខាង​នោះ លុះ​អត់​ដំណេក​យូរ​ពេក ព្រួយ​លំបាក​ណាស់​ក៏​ដេក​លក់​ទៅ គោ​ដើរ​ត្រឡប់​បែរ​មក​ក្រោយ​វិញ​ក៏​មិន​ដឹង ។ គោ​ក៏​ដើរ​មក​ក្រោយ​វិញ​អស់មួយ​យប់ ។ វេលា​អរុណ​រះ​​ឡើង បុរស​អ្នក​នាំ​ផ្លូវ​ក៏​ភ្ញាក់​ឡើង ដឹង​សេចក្ដី​នោះ​ហើយ ក៏​ស្រែក​ប្រាប់​គ្នីគ្នា​ថា គោ​ដើរ​ត្រឡប់​មក​ក្រោយ​វិញ​ហើយ អ្នក​ទាំងឡាយ​ចូរ​ត្រឡប់​រទេះ​ទៅ​វិញ ។ ជន​ទាំងអស់​នោះ​បាន​ដល់​កន្លែង​ដែល​ខ្លួន​ឈប់​នៅ​អំពី​ថ្ងៃ​ម្សិល ក៏​និយាយ​គ្នា​ថា យើង​អស់​ទឹក​ផឹក​ហើយ មុខ​ជា​ស្លាប់​ទាំងអស់​គ្នា​ហើយ ៗ ក៏​នាំ​គ្នា​សោយ​សោក​ដេក​ក្រោម​រទេះ​រាល់​តែ​ខ្លួន ។ ព្រះ​ពោធិសត្វ​ដើរ​គន់​មើល​ក្នុង​វេលា​ព្រឹក​ព្រហាម​ត្រជាក់ បាន​ឃើញ​ទី១ កន្លែង​មាន​ស្មៅ​ចិញ្ចៀន ដុះ​នៅ​ស្រស់​ជាង​ទី​ឯ​ទៀត ក៏​គិត​ថា ស្មៅ​នេះ​ដុះ​ឡើង​ដោយ​ត្រជាក់​អំពី​ទឹក​នៅ​ខាង​ក្រោម ក៏​បង្គាប់​ឱ្យ​ជីក​ត្រង់​កន្លែង​នោះ ។ ជន​ទាំងនោះ​នាំ​គ្នា​ជីក​កកាយ​បាន​ជម្រៅ​ប្រមាណ​ជា៦ហត្ថ ក៏​ទៅ​ទើស​នឹង​ផែនថ្ម​ខាង​ក្រោម ក៏​នាំ​គ្នា​បញ្ឈប់​ព្យាយាម​លែង​ជីក​ទាំងអស់ ។ ព្រះ​ពោធិសត្វ​គិត​ថា មុខ​ជា​មាន​ទឹក​នៅ​ក្រោម​ថ្ម​នេះ​មិន​ខាន ហើយ​ក៏​ចុះ​ទៅ​ខ្លួន​ឯង​ផ្ទៀង​ត្រចៀក​ចាំ​ស្ដាប់​ក៏​ឮ​សូរ​សំឡេង​ទឹក​ខាង​ក្រោម ក៏​ឡើង​មក​វិញ ប្រើ​អ្នក​បម្រើ​ម្នាក់​ថា បើ​អ្នក​ឯង​បញ្ឈប់​ព្យាយាម​លែង​ជីក យើង​មុខ​ជា​ស្លាប់​ទាំងអស់​គ្នា បើ​ដូច្នោះ​អ្នក​ឯង​យក​ដែក​ស្រួច​នេះ​ចុះ​ទៅ​ដាប់​ថ្ម​នោះ​ឱ្យ​បែក​ទៅ ។ អ្នក​បម្រើ​នោះ​ក៏​ធ្វើ​តាម​បង្គាប់​ពោធិសត្វ ។ ផែនថ្ម​ក៏​បែក​ជា​ពីរ​ទៅ​ខ្ទប់​ខ្សែ​ទឹក មាន​ខ្សែ​ទឹក​ប្រមាណ​ប៉ុន​ដើម​ត្នោត​ហូរ​ឡើង​លើ ។ ជន​ទាំងអស់​គ្នា ក៏​នាំ​គ្នា​ងូត​ទឹក​ផឹក​ទឹក​ជា​សុខ​សប្បាយ​ដូច​ប្រាថ្នា​គ្រប់​គ្នា ។ ព្រះ​បរម​គ្រូ​ទ្រង់​នាំ​អតីត​និទាន​នេះ​ហើយ ទ្រង់​ឱ្យ​ឱវាទ​ដល់​ភិក្ខុ​ទាំងឡាយ ហើយ​ទ្រង់​សម្ដែង​គាថា​មាន​មក​ក្នុង​វណ្ណបថ​ជាតិ ក្នុង​ឯកនិបាត​ថា

អកិលាសុនោ  វណ្ណបថេ  ខណន្តា

ឧទង្គំណេ  តត្ថ  បបំ  អវ‍ិន្ទុំ

ឯរំ  មុនិ  វីរិយពលុបបន្នោ

អកិលាលុ  វ‍ិន្ទេ  ហទយស្ស  សន្តឹ  ។

ជន​ទាំងឡាយ​មិន​ខ្ជិល​ច្រអូស នាំ​គ្នា​ជីក​អណ្ដូង​ក្នុង​ផ្លូវ​ខ្សាច់ បាន​ទឹក​ក្នុង​ផ្លូវ​ខ្សាច់​នោះ ក្នុង​ផែនដី​ដែល​ជា​ទី​ដើរ​ទៅ​មក​នៃ​ពួក​មនុស្ស ​យ៉ាង​ណា​មិញ ​អ្នក​ប្រាជ្ញ​ដែល​ប្រកប​ដោយ​ព្យាយាម​នឹង​កម្លាំង​កាយ កម្លាំង​បញ្ញា មិន​បាន​ខ្ជិល​ច្រអូស រមែង​បាន​នូវ​អរិយធម៌​គឺ​ឈាន វិបស្សនា អភិញ្ញា និង​អរហត្ត​មគ្គ​ញ្ញាណ ជាទី​ត្រជាក់​ចិត្ត​ក៏​ដូច្នោះ​ឯង ។ ភិក្ខុ​នោះ លុះ​ព្រះ​សាស្ដា​ទំនុក​បម្រុង​យ៉ាង​នេះ ហើយ ​ក៏​ផ្គង​ព្យាយាម​ឡើង​វិញ ចម្រើន​វិបស្សនា​បាន​សម្រេច​ព្រះ​អរហត្ត ។ ឯ​អ្នក​បម្រើ​ពោធិសត្វ​ក្នុង​កាល​នោះ​គឺ​ភិក្ខុ​នេះ​ឯង ។

ម្យ៉ាង​ទៀត បុគ្គល​ខ្ជិល​ច្រអូស​រមែង​នៅ​ជា​ទុក្ខ​លំបាក បុគ្គល​មាន​ព្យាយាម​រមែង​នៅ​ជា​សុខ​សប្បាយ សម​គួរ​តាម​ពុទ្ធ​ភាសិត​ដែល​មាន​មក​ក្នុង​សូត្រ​ផ្សេងៗថា ទុក្ខំ ភិក្ខវេ កុសិតោ វិហរតិ រោកិណ្ណោ បាបកេហិ អកុសលេហិ ច ខោ ភិក្ខវេ សុខំ វិហរតិ បវិវិត្តោ បាបកេហិ អកុសលេហិ ធម្មេហិ មហន្តព្វា សទត្ថំ បរិបូរេតិ ន ភិក្ខវេ ហីនេន អត្ថស្ស បត្តិ ហោតិ ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ខ្ជិល​ច្រអូស រមែង​នៅ​ជា​ទុក្ខ​លំបាក ហើយ​ច្រឡូក​ច្រឡំ​ដោយ​ធម៌ជា​អកុសល​ដ៏​លាមក មិន​តែ​ប៉ុណ្ណោះ​សោត ថែម​ទាំង​ញ៉ាំង​ប្រយោជន៍​របស់​ខ្លួន​ដ៏​ធំ​ទូលាយ​ឱ្យ​សាប​សូន្យ​ផង ម្នាល​ភិក្ខុ​ទាំងឡាយ ចំណែក​ខាង​បុគ្គល​អ្នក​ប្រារព្ធ​ព្យាយាម រមែង​នៅ​ជា​សុខ​សប្បាយ ហើយ​ស្ងាត់​ចាក​ធម៌​ជា​អកុសល​ដ៏​លាមក មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​ញ៉ាំង​ប្រយោជន៍​របស់​ខ្លួន​ដ៏​ធំ​ទូលាយ​ឱ្យ​បរិបូណ៌ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​ព្យាយាម​ថោក​ថយ​មិន​សម្រេច​ប្រយោជន៍​ឡើយ ។ សេចក្ដី​ព្យាយាម​ដូច​បាន​សម្ដែង​មក​នេះ​ចាត់​ជា​ព្រហ្ម​ចរិយ​ទី៧ ហៅ​ថា វីរិយ​ព្រហ្មចរិយៈ ។

ព្រះចរិយ​កថា​ទី៨ គឺ​ឧបោស​ថង្គ អង្គ​នៃ​ឧបាសថ​មាន៨ មាន​ពៀរ​សម្លាប់​សត្វ​ជាដើម មាន​វៀរ​ទី​ដេក​អង្គុយ​ខ្ពស់ និង​ទៅ​ដេក​អង្គុយ​ធំឬ​ប្រសើរ​ជាទី​បំផុត ឯ​ឧបាសក​នោះ មាន​មក​ក្នុង​នេមិ​ជាតក ក្នុង​មហា​និបាត មាន​រឿង​ថា ព្រះ​ពុទ្ធ​ជា​ម្ចាស់​របស់​យើង ទ្រង់​សោយ​ព្រះ​ជាតិ​ក្នុង​ត្រកូល​ក្សត្រ បាន​សោយរាជ​ជា​ស្ដេច ព្រះ​នាម​ថា ព្រះ​បាទ​នេមិរាជ ក្នុង​នគរ​មិថិលា ក្នុង​ដែន​វិទេហៈ ព្រះ​បាទ​នេមិរាជ​នោះ ទ្រង់​មាន​ព្រះ​រាជ​ហឫទ័យ​ត្រេកអរ​ក្នុង​ទាននិង​និច្ចសីល និង​ឧបោសថ​កម្ម សម័យ​មួយ​ទ្រង់​រក្សា​ឧបោសថ​ក្នុង​ថ្ងៃ​ទី១៥ ទ្រង់​ដោះ​គ្រឿង​ប្រដាប់​ចេញ​អស់​អំពី​ព្រះ​អង្គ គឺ​បឋម​យាមនិង​មជ្ឈិម​យាម លុះ​បច្ចិម​យាម ទ្រង់​តើន​ឡើង​គង់​ផ្គត់​ព្រះភ្នែន​ពែន​ព្រះ​បាទ​ស្អាត​ហើយ ទ្រង់​ព្រះ​ចិន្ដា​ថា អាត្មា​អញ​នឹង​បាន​ឱ្យ​ទាន​ដល់​មហា​ជន​ជាច្រើន ទាំង​សីល​ក៏​បាន​រក្សា ផល​របស់​ទាន​ធំ​ជាង ឬ​ក៏​ផល​របស់​ព្រហ្មចរិយ​ធំ​ជាង ទ្រង់​ព្រះ​ចិន្ដា​ដូច្នេះ ក៏​មិន​អាច​កាត់​សេចក្ដី​សង្ស័យ ដោយ​ព្រះ​អង្គ​ឯង​បាន ។ ក្នុង​ខណៈ​នោះ ពិភព​របស់​ព្រះ​ឥន្ទ្រាធិរាជ ក៏​កើត​ក្ដៅ​រំជួល​ឡើង ។ ព្រះ​ឥន្ទ្រាធិរាជ​ទ្រង់​រំពឹង​ហេតុ​នោះ ទ្រង់​ជ្រាប​ថា ព្រះ​បាទ​នេមិរាជ សង្ស័យ​នឹង​ផល​ទាន និង​ផល​ព្រហ្មចរិយ​គឺ​សីល ទើប​ទ្រង់​យាង​ចុះ​មក​តែ​មួយ​ព្រះ​អង្គ​ឯង ធ្វើ​ព្រះរាជ​និវេសន៍​ទាំងអស់​ឱ្យ​ភ្លឺ​ព្រោងព្រាយ ចូល​ទៅ​កាន់​ក្រឡា​ព្រះ​បន្ទំ​ក៏​មាន​សិរី​បញ្ចេញ​រស្មី​ភ្លឺស្វាង​ហើយ​ស្ថិត​ក្នុង​អាកាស ឯ​ព្រះ​បាទ​នេមិរាជ​ទ្រង់​ជ្រាប​ជា​ព្រះ​ឥន្ទ្រាធិរាជ ហើយ​ទ្រង់​សួរ​ព្រះ​ឥន្ទ្រ​ថា ផល​ទាន​និង​ផល​ព្រហ្មចរិយ​គឺ​សីល តើ​ណា​ប្រសើរ​ជាង​ណា​ ។ ព្រះ​ឥន្ទ្រ​មាន​ព្រះ​បន្ទូល​ថា

ហីនេន  ព្រហ្មចរិយេន ខត្តិយំ  ឧននជ្ជតិ

មជ្ឆិមេន  ច  ទេវត្តំ     ឧត្តមេន  វិសុជ្ឈតិ  ។

ន  ហេតេ  សុលព្ភា កាយា    យា  ច  យោគេន  កេន  ចិ

យេ  កាយេ  ឧបបជ្ជន្ថិអនាគារា  តបស្សិនោ  ។

បុគ្គល​ទៅ​កើត​ជា​ក្សត្រ ដោយ​ព្រហ្មចរិយ​ថោកទាប ទៅ​កើត​ជា​ទេវតា ដោយ​ព្រហ្មចរិយ​យ៉ាង​កណ្ដាល បាន​បរិសុទ្ធិ​គឺ​ទៅ​កើត​ក្នុង​ព្រហ្ម​លោក ដោយ​ព្រហ្មចរិយ​ដ៏​ឧត្ដម ។ អ្នក​បួស​ទាំងឡាយ​ដែល​មាន​តបះ​រមែង​ចូល​ទៅ​កាន់​ពពួក​ព្រហ្ម​ទាំងឡាយ​ឯណា ពពួក​ព្រហ្ម​ទាំងឡាយ​នេះ បុគ្គល​ជា​ទាយក​ឯណា​នីមួយ​មិន​ងាយ​នឹង​បាន​ឡើយ ។ ពាក្យ​ថា ព្រហ្មចរិយ​ថោកទាប​បាន​ដល់​សីល​គ្រាន់​តែ​វៀរ​សេពមេថុន​ធម្ម​របស់​ពួក​តិរ្ថិយ ។ ពាក្យ​ថា​ព្រហ្មចរិយ​យ៉ាង​កណ្ដាល បាន​ដល់​ឧបចារៈ​នៃ​ឈាន គឺ​បុគ្គល​រក្សា​ឧបោសថសីល​បរិសុទ្ធ ចម្រើន​ឈាន​បាន​ត្រឹម​ឧបចារៈ អាច​ទៅ​កើត​បាន​ត្រឹម​ទេវតា ។ ពាក្យ​ថា​ព្រហ្មចរិយ​ដ៏​ឧត្ដម​បាន​ដល់​សមាបត្តិ៨ អាច​ទៅ​កើត​ក្នុង​ព្រហ្ម​លោក ។ ចំណែក​ទាយក​គ្រាន់​តែ​បរិច្ចាគ​ទាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​មិន​បាន​ឡើយ ។ ព្រះ​ឥន្ទ្រាធិរាជ​សម្ដែង​ថា ព្រហ្មចរិយ​គឺ​ឧបោសថសីល​មាន​ផល​ច្រើន​ជាង​ទាន ១០០គុណ ១០០០គុណ ១០០០០គុណ ដោយ​ប្រការ​ដូច្នេះ ។ ពាក្យ​ថា ព្រហ្មចរិយៈ ក្នុង​ជាតក​នេះ សម្ដែង​យក​ឧបោសថ ហេតុដូច្នោះ បាន​ជា​អដ្ឋកថាចារ្យ​អធិប្បាយ​ថា ឧបោសថ​ជា​ព្រហ្ម​ចរិយមួយដែរ ។

ឯ​ឧបោសថ​នោះ មាន​នៅ​ក្នុង​ឧបោសថ​សូត្រ ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្ដែង​ទុក​មក​ក្នុង​គម្ពីរអង្គុត្តរនិកាយ តិកនិបាត មាន​សេចក្ដី​ក្នុង​សូត្រ​នោះ​ថា សម័យ​មួយ​ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​គង់​នៅ​នាមិគារមាតុ​ប្រាសាទ ក្នុង​វត្តបុព្វារាម ទៀប​នគរ​សាវត្ថី ។ គ្រា​នោះ នាង​វិសាខា​មិគារ​មាតា ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​បុណ្យ លុះ​ចូល​ទៅ​ដល់​ហើយ ក្រាប​ថ្វាយ​បង្គំ រួច​អង្គុយ​នៅ​ក្នុង​ទី​ដ៏​សមគួរ លុះ​នាង​អង្គុយ​នៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​សួរ​ថា ម្នាល​នាង​វិសាខា ចុះ​នាង​មក​អំពី​ណា​ក្នុង​វេលា​ព្រឹក​ព្រហាម​ម៉្លេះ មាន​កិច្ច​អ្វី ។ នាង​ក្រាប​ទូលថា ខ្ញុំ​ព្រះ​អង្គ​មក​រក្សា​ឧបោសថ​ក្នុង​ថ្ងៃ​នេះ ។ ព្រះ​អង្គ​ទ្រង់​សម្ដែង​ថា ម្នាល​នាង​វិសាខា ឯ​ឧបោសថ​នោះ​មាន៣ប្រការ​គឺ ឧបោសថ​របស់​បុគ្គល​ជា​អ្នក​រក្សា​ដែល​មាន​គំនិត​ចិត្ត​ដូចជា​អ្នក​ឃ្វាល​គោ ម្នាល​នាង​វិសាខា បុរស​អ្នក​ឃ្វាល​គោ តែ​វេលា​ល្ងាច​ប្រគល់​គោ​ឱ្យ​ម្ចាស់​គេ​វិញ ហើយ​រមែង​ពិចារណា​ថា ថ្ងៃ​នេះ​គោ​វា​ត្រាច់​ទៅ​ក្នុង​ប្រទេស​ឯនោះៗ បានផឹក​ទឹក​ក្នុង​ប្រទេស​ឯនោះៗ ស្អែក​នេះ​គោ​វា​នឹង​ត្រាច់​ទៅ​ក្នុង​ប្រទេស​ឯនោះៗ វា​នឹង​ផឹក​ទឹក​ក្នុង​ប្រទេស​ឯនោះៗ យ៉ាង​ណា​មិញ ។ បុគ្គល​ពួក​មួយ​ក្នុង​សាសនា​នេះ រក្សា​ឧបោសថ​ហើយ​ពិចារណា​ថា ថ្ងៃ​នេះ​អាត្មា​អញ​ស៊ី​ខាទនីយ​នេះ ៗ បរិភោគ​ភោជនីយៈ​នេះ ៗ ស្អែក​នេះ​ទៀត​អាត្មា​អញ​នឹង​ស៊ី​ខាទនីយ​នេះ ៗ នឹង​បរិភោគ​ភោជនីយៈ​នេះ ៗ បុគ្គល​មាន​ចិត្ត​ប្រកប​ដោយ​សេចក្ដី​លោភ រក្សា​ឧបោសថ យ៉ាង​នោះ​ឯង ។ គោបាលក​ឧបោសថ​នោះ​យ៉ាង​នេះ ។ ម្នាល​នាង​វិសាខា ឯ​គោបាលក​ឧបោសថ ដែល​បុគ្គល​រក្សា​យ៉ាង​នេះ​ហើយ មិនមាន​ផល​ច្រើន មិនមាន​អានិសង្ស​ច្រើន​ឡើយ ។ ឯនិគ្គណ្ឋ​ឧបោសថ​នោះ គឺ​ឧបោសថ​របស់​ពួក​និគ្រន្ថ​នោះ​រមែង​ប្រដៅ​សាវកថា ម្នាល​បុរស​ដ៏​ចម្រើន អ្នក​ចូរ​មក ពួក​សត្វ​ឯណា​ដែល​នៅ​ក្នុង​ទិស​ខាង​កើត ហួស​កំណត់ ១០០យោជន៍​ទៅ ពួក​សត្វ​នោះ​អ្នក​ឯង​កុំ​សម្លាប់​វា ពួក​សត្វ​ឯណា​ដែល​នៅ​ក្នុង​ទិស​ខាង​លិច ហួស​កំណត់១០០យោជន៍​ទៅ ពួក​សត្វ​នោះ​អ្នក​ឯង​កុំ​សម្លាប់​វា ពួក​សត្វ​ឯណា​ដែល​នៅ​ក្នុង​ទិស​ខាង​ជើង ហួស​កំណត់១០០យោជន៍​ទៅ ពួក​សត្វ​នោះ​អ្នក​ឯង​កុំ​សម្លាប់​វា ពួក​សត្វ​ឯណា​ដែល​នៅ​ក្នុង​ទិស​ខាង​ត្បូង ហួស​កំណត់១០០យោជន៍​ទៅ ពួក​សត្វ​នោះ​អ្នក​ឯង​កុំ​សម្លាប់​វា ។ ពួក​និគ្រន្ថ​នោះ​ប្រដៅ​បបួល​គេ ដោយ​សេចក្ដី​អាណិត​អាសូរ​ដល់​សត្វ​ខ្លះ មិន​អាណិត​អាសូរ​ដល់​សត្វ​ខ្លះ​ដូច្នេះ ។ ពួក​និគ្រន្ថ​នោះ រមែង​ប្រដៅ​សាវក​ក្នុង​ថ្ងៃ​ឧបោសថ​ថា ម្នាល​បុរស​ដ៏​ចម្រើន អ្នក​ឯង​ចូរ​មក អ្នក​ឯង​ចូរ​យក​សំពត់​ស្លៀក​ដណ្ដប់​ទាំងអស់​ចេញ​អំពី​ខ្លួន​ហើយ​និយាយ​ថា អាត្មា​អញ​គ្មាន​កង្វល់​អំពល់​នឹង​របស់​អ្វីមួយ​ឡើយ ការ​កង្វល់​អំពល់​នឹង​គ្រឿង​ប្រដាប់​ឯណា​នីមួយ​មិនមាន​ដល់​អាត្មា​អញ​ឡើយ ។ មាតា​បិតា​របស់​បុគ្គល​នោះ​គង់​ដឹង​ថា នេះ​ជា​កូន​របស់​យើង ។ កូន​ប្រពន្ធ​របស់​បុគ្គល​នោះ​គង់​ដឹង​ថា នេះ​ជា​ភស្ដារ​របស់​យើង ចំណែក​បុគ្គល​នោះ​គង់​ដឹង​ថា នេះ​ជា​កូន​ប្រពន្ធ​របស់​យើង ។ ខ្ញុំ​នឹង​បុរស​ជា​កម្មករ​របស់​បុគ្គល​នោះ​គង់​ដឹង​ថា នេះ​ជា​ម្ចាស់​របស់​យើង ចំណែក​បុគ្គល​នោះ​ក៏​គង់​ដឹង​ថា នេះ​ជា​ខ្ញុំ​នឹង​បុរស​ជា​កម្មករ​របស់​យើង ។ និគ្គណ្ឋ​ឧបោសថ​យ៉ាង​នេះ​ឯង ។ ម្នាល​នាង​វិសាខា និគ្គណ្ឋ​ឧបោសថ​ដែល​បុគ្គល​រក្សា​យ៉ាង​នេះ មិនមាន​ផល​ច្រើន មិនមាន​អានិសង្ស​ច្រើន​ឡើយ ។ ឯ​អរិយ​ឧបោសថ​នោះ គឺ​ឧបោសថ​របស់​ព្រះ​អរិយ​សាវក ។ ម្នាល​នាង​វិសាខា វិធី​ធ្វើ​ចិត្ត​ដែល​សៅហ្មង ឱ្យ​ផូរផង់​ស្អាត​ល្អ​ដោយ​ឧបាយ​រមែង​មាន គឺ​ព្រះ​អរិយ​សាវក​ក្នុង​សាសនា​នេះ ជា​អ្នក​រក្សា​ឧបោសថ រមែង​រឭក​ព្រះ​តថាគត​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ ព្រះ​អង្គ​ឆ្ងាយ​ចាក​កិលេស​ហើយ ព្រះ​អង្គ​ត្រាស់ដឹង​នូវ​ញេយ្យធម៌ ដោយ​ខ្លួន​ឯង ដោយ​ត្រូវ​ពិត​ឥត​មាន​ខុស ព្រះ​អង្គ​បរិបូណ៌​ដោយ​វិជ្ជា​និង​ចរណៈ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពីរោះ ព្រះ​អង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក ព្រះ​អង្គ​ប្រសើរ​ដោយ​គុណ​មាន​សីល​ជាដើម ព្រះ​អង្គ​ជា​នាយ​សារថី​ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន ព្រះ​អង្គ​ជា​គ្រូ​នៃ​ទេវតា​និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ត្រាស់ដឹង​នូវ​សច្ចៈ​ទាំង៤ ហើយ​ញ៉ាំង​អ្នក​ដទៃ​ឱ្យ​ត្រាស់ដឹង​ផង ព្រះ​អង្គ​មាន​គុណធម៌​ដែល​អ្នក​ប្រាជ្ញ​គប្បី​សេព កាលបើ​ព្រះ​អរិយ​សាវក​រឭក​នឹក​ព្រះ​តថាគត​ដូច្នេះ​ហើយ ចិត្ត​ក៏​ជ្រះ​ថ្លា​ឡើង បាមោជ្ជៈ ​គឺ​សេចក្ដី​រីករាយ​ក៏​កើត​ឡើង នីវរណធម៌​ឯណា ដែល​ជា​គ្រឿង​សៅហ្មង​ដល់​ចិត្ត នីវរណធម៌​នោះ​ក៏​សាបសូន្យ​ទៅ ប្រៀបដូច​ការ​កាត់​ជម្រះ​ក្បាល​ដែល​សៅហ្មង​ឱ្យ​ជ្រះ​ស្អាត​ដោយ​ឧបាយ​បាន ក៏​អាស្រ័យ​នឹង​កាក​ផ្លែ​កន្តួត​ព្រៃ អាស្រ័យ​នឹង​ដី​ស្អិត អាស្រ័យ​នឹង​ទឹក អាស្រ័យ​នឹង​ព្យាយាម​របស់​បុរស​ដែល​ខំ​ប្រឹង​ដុសលាង ។ ម្នាល​វិសាខា ព្រះ​អរិយ​សាវក​នេះ​បាន​ឈ្មោះ​ថា រក្សា​ព្រហ្ម​ឧបោសថ បាន​ឈ្មោះ​ថា នៅ​ជា​មួយ​នឹង​ព្រះ​ព្រហ្ម​គឺ​ព្រះ​ពុទ្ធ ចិត្ត​របស់​ព្រះ​អរិយ​សាវក​នោះ ប្រារព្ធ​នូវ​ព្រះ​ព្រហ្ម​គឺ​ព្រះ​ពុទ្ធ ហើយ​ក៏​ជ្រះ​ថ្លា​ឡើង បាមោជ្ជៈ​គឺ​សេចក្ដី​រីករាយ​ក៏​កើត​ឡើង នីវរណធម៌​ឯណា​ដែល​មាន​គ្រឿង​សៅហ្មង​ដល់​ចិត្ត នីវរណធម៌​នោះ​ក៏​សាបសូន្យ​ទៅ ។

ម្នាល​នាង​វិសាខា មាន​វិធី​ធ្វើ​ចិត្ត​ដែល​សៅហ្មងឱ្យ​ផូរផង់ ឱ្យ​ស្អាត​ល្អ ដោយ​ឧបាយមួយ​បែប​ទៀត គឺ​ព្រះ​អរិយ​សាវក​ក្នុង​សាសនា​នេះ ជា​អ្នក​រក្សា​ឧបោសថ​រមែង​រឭក​នូវ​ព្រះ​ធម៌​ថា ព្រះ​បរិយត្តិធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​សម្ដែង​ទុក​ល្អ​ហើយ ព្រះ​នវលោកុត្តរធម៌ ជា​ធម៌​គឺ​ព្រះ​អរិយ​បុគ្គល​គប្បី​ឃើញ​ដោយ​ខ្លួន​ឯង ជា​ធម៌​ឱ្យ​ផល​មិន​បង្អង់​ចាំ​កាល ជា​ធម៌​គួរ​ដល់​ឯហិបស្ស​វិធី​គឺ​ហៅថា អ្នក​ចូរ​មក​មើល​នូវ​ធម៌​នេះ​ចុះ ជា​ធម៌​គួរ​នឹង​នាំ​យក​មក​ទុក​ក្នុង​ចិត្ត​នៃ​ខ្លួន ជា​ធម៌​គឺ​អ្នក​ប្រាជ្ញ​ទាំងឡាយ​គប្បី​ដឹង​ដោយ​ជាក់ច្បាស់ កាល​បើ​ព្រះ​អរិយ​សាវក​នោះ​នឹក​រឭក​នូវ​ព្រះ​ធម៌​ដូច្នេះ​ហើយ ចិត្ត​ក៏​ជ្រះ​ថ្លា​ឡើង បាមោជ្ជៈ​គឺ​សេចក្ដី​រីករាយ​ក៏​កើត​ឡើង នីវរណធម៌​ឯណា​ដែល​ជា​គ្រឿង​សៅហ្មង​ដល់​ចិត្ត នីវរណធម៌​នោះ​ក៏​សាបសូន្យ​ទៅ ប្រៀប​ដូច​ការ​ជម្រះ​កាយដែល​សៅហ្មង ឱ្យ​ជ្រះ​ស្អាត​ដោយ​ឧបាយ​បាន ក៏​អាស្រ័យ​ខ្សែ​អំបោះ​សោត្តិ [2] អាស្រ័យ​គ្រឿង​លម្អិត​សម្រាប់​ងូត អាស្រ័យ​ទឹក អាស្រ័យ​សេចក្ដី​ព្យាយាម​របស់​បុរស​ដែល​ខំ​ប្រឹង​ដុស​លាង ម្នាល​វិសាខា ព្រះ​អរិយ​សាវក​នេះ បាន​ឈ្មោះ​ថា រក្សា​នូវ​ធម៌​ឧបោសថ បាន​ឈ្មោះ​ថា នៅ​ជា​មួយ​នឹង​ធម៌ ចិត្ត​របស់​ព្រះ​អរិយ​សាវក​នោះ​ប្រារព្ធ​នូវ​ធម៌​ហើយ​ក៏​ជ្រះ​ថ្លា​ឡើង បាមោជ្ជៈ​​គឺ​សេចក្ដី​រីករាយ​ក៏​កើត​ឡើង​នីវរណធម៌​ឯណា​ដែល​ជា​គ្រឿង​សៅហ្មង​ដល​ចិត្ត នីវរណធម៌​នោះ ក៏​សាបសូន្យ​ទៅ  ។

ម្នាល​នាង​វិសាខា មាន​វិធី​ធ្វើ​ចិត្ត ដែល​សៅហ្មង​ឱ្យ​ផូរផង់​ស្អាត​ល្អ​ដោយ​ឧបាយមួយ​បែប​ទៀត គឺ​ព្រះ​អរិយ​សាវក​ក្នុង​សាសនា​នេះ​ជា​អ្នក​រក្សា​ឧបោសថ រមែង​រឭក​នូវ​ព្រះ​សង្ឃ​ថា ពពួក​នៃ​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ប្រតិបត្តិ​ហើយ​ដោយ​ល្អ ពពួក​នៃ​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ប្រតិបត្តិ​ហើយ​ដោត​ត្រង់ ពពួក​នៃ​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ប្រតិបត្តិ​ហើយ​ដើម្បី​ញេយ្យធម៌​គឺ​ព្រះ​និព្វាន ពពួក​នៃ​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ប្រតិបត្តិ​ហើយ​ដោយ​សមគួរ ឯ​ពពួក​នៃ​សាវក​នេះ​បើ​រាប់​ជា​គូ​នៃ​បុរស​បាន៤គូ បើ​រាប់​ជា​បុរស​បុគ្គល​រៀង​ទៅ​បាន៨ ពពួក​នៃ​សាវក​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នេះ គួរ​ទទួល​នូវ​គ្រឿង​សក្ការៈ​ដែល​គេ​នាំ​មក​អំពី​ចម្ងាយ​ហើយ​បូជា គួរ​ទទួល​នូវ​គ្រឿង​សក្ការៈ​ដែល​គេ​តាក់តែង​ដើម្បី​ភ្ញៀវ គួរ​ទទួល​នូវ​ទក្ខិណា​គឺ​ទាន គួរ​គេ​ធ្វើ​នូវ​អញ្ជលិកម្ម ជា​ស្រែ​បុណ្យ​ដ៏​ប្រសើរ​របស់​សត្វ​លោក កាល​បើ​ព្រះ​អរិយ​សាវក​នោះ​នឹក​រឭក​ព្រះ​សង្ឃ​ដូច្នេះ​ហើយ ចិត្ត​ក៏​ជ្រះ​ថ្លា​ឡើង នីវរណធម៌​ឯណា​ដែល​ជា​គ្រឿង​សៅហ្មង​នៃ​ចិត្ត នីវរណធម៌​នោះ​ក៏​សាបសូន្យ​ទៅ ប្រៀប​ដូច​ការ​បោក​លាង​សំពត់​ដែល​សៅហ្មង​ឱ្យ​ជ្រះ​ស្អាត​ដោយ​ឧបាយ​បាន ក៏​អាស្រ័យ​នឹង​ចំហាយ​អប់​កម្ដៅ​ដែល​គេ​ស្ងោរ អាស្រ័យ​ទឹក​ក្បុង អាស្រ័យ​ទឹក​នោម​គោ អាស្រ័យ​ទឹក អាស្រ័យ​ព្យាយាម​របស់​បុរស​ដែល​ខំ​ប្រឹង​ដុស​លាង ម្នាល​នាង​វិសាខា ព្រះ​អរិយ​សាវក​នេះ​បាន​ឈ្មោះ​ថា រក្សា​នូវ​សង្ឃ​ឧបោសថ បាន​ឈ្មោះ​ថា​នៅ​ជា​មួយ​នឹង​សង្ឃ ចិត្ត​របស់​ព្រះ​អរិយ​សាវក​នោះ​ប្រារព្ធ​នូវ​សង្ឃ​ហើយ​ក៏​ជ្រះ​ថ្លា​ឡើង បាមោជ្ជៈ​គឺ​សេចក្ដី​រីករាយ​ក៏​កើត​ឡើង នីវរណធម៌​ឯណា​ដែល​ជា​គ្រឿង​សៅហ្មង​ដល់​ចិត្ត នីវរណធម៌​នោះ ក៏​សាបសូន្យ​ទៅ ។

ម្នាល​នាង​វិសាខា មាន​វិធី​ធ្វើ​ចិត្ត​ដែល​សៅហ្មង ឱ្យ​ផូរផង់​ស្អាត​ល្អ ដោយ​ឧបាយមួយ​បែប​ទៀត គឺ​ព្រះ​អរិយ​សាវក​ក្នុង​សាសនា​នេះ ជា​អ្នក​រក្សា​ឧបោសថ រមែង​រឭក​នូវ​សីល​របស់​ខ្លួន ជា​សីល​មិន​ដាច មិន​ធ្លុះ​ធ្លាយ ជា​សីល​ជា​ល្អ មិន​នៅ​ជា​ខ្ញុំ​តណ្ហា ជា​សីល​ដែល​អ្នក​ប្រាជ្ញ​សរសើរ​ហើយ ជា​សីល​មិន​បាន​ជ្រោកជ្រាក​ដោយ​តណ្ហា​និង​ទិដ្ឋិ ជា​សីល​អាច​ញ៉ាំង​សមាធិ​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន កាល​បើ​ព្រះ​អរិយ​សាវក​នោះ នឹក​រឭក​នូវ​សីល​ដូច្នេះ​ហើយ ចិត្ត​ក៏​ជ្រះ​ថ្លា​ឡើង នីវរណធម៌​ឯណា​ដែល​ជា​គ្រឿង​សៅហ្មង​ដល់​ចិត្ត នីវរណធម៌​នោះ ក៏​សាបសូន្យ​ទៅ ប្រៀប​ដូច​ការ​ដុស​ខាត់​កញ្ចក់​ដែល​សៅហ្មង​ឱ្យ​ជ្រះ​ស្អាត​ល្អ​ដោយ​ឧបាយ​បាន ក៏​អាស្រ័យ​ប្រេង អាស្រ័យ​ផេះ អាស្រ័យ​ច្រាស​ដែល​ធ្វើ​ដោយ​រោម​កន្ទុយ​សត្វ អាស្រ័យ​សេចក្ដី​ព្យាយាម​របស់​បុរស​ដែល​ខំ​ប្រឹង​ដុស​ខាត់ ម្នាល​នាង​វិសាខា ព្រះ​អរិយ​សាវក​នេះ​បាន​ឈ្មោះ​ថា រក្សា​នូវ​សីល​ឧបោសថ បាន​ឈ្មោះ​ថា នៅ​ជា​មួយ​នឹង​សីល​ចិត្ត​របស់​ព្រះ​អរិយ​សាវក​នោះ ប្រារព្ធ​នូវ​សីល​ហើយ ក៏​ជ្រះ​ថ្លា​ឡើង បាមោជ្ជៈ គឺ​សេចក្ដី​រីករាយ​ក៏​កើត​ឡើង នីវរណធម៌​ឯណា​ដែល​ជា​គ្រឿង​សៅហ្មង​ដល់​ចិត្ត នីវរណធម៌​នោះ​ក៏​សាបសូន្យ​ទៅ ។

ម្នាល​នាង​វិសាខា មាន​វិធី​ធ្វើ​ចិត្ត​ដែល​សៅហ្មង​ឱ្យ​ផូរផង់​ស្អាត​ល្អ​ដោយ​ឧបាយមួយ​បែប​ទៀត គឺ​ព្រះ​អរិយ​សាវក​ក្នុង​សាសនា​នេះ ជា​អ្នក​រក្សា​ឧបោសថ រមែង​រឭក​នូវ​ទេវតា​ទាំងឡាយ​ថា ទេវតា​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​ចាតុម្មហារាជិកា​ក៏​មាន ទេវតា​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​តាវត្តិង្ស​ក៏​មាន ទេវតា​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​យាមា​ក៏​មាន ទេវតា​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​តុសិត​ក៏​មាន ទេវតា​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​និម្មានរតី​ក៏​មាន ទេវតា​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​បរនិម្មិត​វសវត្តី​ក៏​មាន ទេវតា​ដែល​ជា​ពពួក​ព្រហ្ម​ក៏​មាន ទេវតា​ទាំងនោះ​ប្រកប​ដោយ​សទ្ធា​យ៉ាង​ខ្លាំង ហើយ​ច្យុត​អំពី​មនុស្ស​លោក​នេះ​ទៅ បាន​ទៅ​កើត​ក្នុង​ស្ថាន​នោះៗ សទ្ធា​របស់​អាត្មា​អញ ក៏​មាន​យ៉ាង​នោះ​ដែរ ទេវតា​ទាំងនោះ​ប្រកប​ដោយ​សីល​យ៉ាង​ណា ហើយ​ច្យុត​អំពី​មនុស្ស​លោក​នេះ​ទៅ បាន​ទៅ​កើត​ក្នុង​ស្ថាន​នោះៗ សីល​របស់​អាត្មា​អញ ក៏​មាន​យ៉ាង​នោះ​ដែរ ទេវតា​ទាំងនោះ​ប្រកប​ដោយ​សុតៈគឺ​ការ​ចេះ​ដឹង​ធម៌​យ៉ាង​ណា ហើយ​ច្យុត​អំពី​មនុស្ស​លោក​នេះ​ទៅ បាន​ទៅ​កើត​ក្នុង​ស្ថាន​នោះៗ សុតៈគឺ​ការ​ចេះ​ដឹង​ធម៌​របស់​អាត្មា​អញ ក៏​មាន​យ៉ាង​នោះ​ដែរ ទេវតា​ទាំងនោះ​ប្រកប​ដោយ​ចាគៈ គឺ​ការ​បរិច្ចាគ​ទាន​យ៉ាង​ណា ហើយ​ច្យុត​អំពី​មនុស្ស​លោក​នេះ​ទៅ បាន​ទៅ​កើត​ក្នុង​ស្ថាន​នោះៗ ចាគៈ គឺ​ការ​បរិច្ចាគ​ទាន​របស់​អាត្មា​អញ ក៏​មាន​យ៉ាង​នោះ​ដែរ ទេវតា​ទាំងនោះ​ប្រកប​ដោយ​បញ្ញា​យ៉ាង​ណា ហើយ​ច្យុត​អំពី​មនុស្ស​លោក​នេះ​ទៅ បាន​ទៅ​កើត​ក្នុង​ស្ថាន​នោះៗ បញ្ញា​របស់​អាត្មា​អញ ក៏​មាន​យ៉ាង​នោះ​ដែរ កាល​បើ​ព្រះ​អរិយ​សាវក​នោះ​នឹក​រឭកនូវ​សទ្ធា សីល សុតៈ ចាគៈ និង​បញ្ញា​របស់​ខ្លួន​នឹង​របស់​ទេវតា​ទាំងនោះ ដូច្នេះ​ហើយ ចិត្ត​ក៏​ជ្រះ​ថ្លា​ឡើង បាមោជ្ជៈ គឺ សេចក្ដី​រីករាយ​ក៏​កើត​ឡើង នីវរណធម៌​ឯណា​ដែល​ជា​គ្រឿង​សៅហ្មង​ដល់​ចិត្ត នីវរណ​នោះ​ក៏​សាបសូន្យ​ទៅ ប្រៀប​ដូច​ការ​ឱ្យ​ដី​មាស​ដែល​សៅហ្មង ឱ្យ​មាន​សម្បុរ​ផូរផង់​ភ្លឺ​ថ្លា​ល្អ ដោយ​ឧបាយ​បាន​ក៏​អាស្រ័យ​ជើងក្រាន អាស្រ័យ​អំបិល អាស្រ័យ​ជ័ររង់ អាស្រ័យ​បំពង់​សម្រាប់​ផ្លុំ និង​ដង្កៀប​សម្រាប់​ចាប់​ប្រែ​ត្រឡប់ អាស្រ័យ​សេចក្ដី​ព្យាយាម​របស់​បុរស​ដែល​ខំ​ប្រឹង​ធ្វើ​កិច្ចការ​នោះៗ ម្នាល​នាង​វិសាខា ព្រះ​អរិយ​សាវក​នេះ​បាន​ឈ្មោះ​ថា រក្សា​នូវ​ទេវតា​ឧបោសថ បាន​ឈ្មោះ​ថា នៅ​ជា​មួយ​នឹង​ទេវតា ចិត្ត​របស់​ព្រះ​អរិយ​សាវក​នោះ​ប្រារព្ធ​នូវ​ទេវតា ហើយ​ក៏​ជ្រះ​ថ្លា​ឡើង បាមោជ្ជៈ គឺសេចក្ដី​រីករាយ​ក៏​កើត​ឡើង នីវរណធម៌​ឯណា​ដែល​ជា​គ្រឿង​សៅហ្មង​ដល់​ចិត្ត នីវរណធម៌​នោះ​ក៏​សាបសូន្យ​ទៅ ម្នាល​នាង​វិសាខា ឯ​វិធី​ធ្វើ​ចិត្ត​ដែល​សៅហ្មង ឱ្យ​ផូរផង់​ស្អាត​ល្អ​ដោយ​ឧបាយ​យ៉ាង​នេះ ។ ម្នាល​នាង​វិសាខា មួយ​វិញ​ទៀត ព្រះ​អរិយ​សាវក​នោះ​រមែង​ពិចារណា​អង្គ​នៃ​ឧបោសថ​ដូច្នេះ​ថា យាវជីវំ  អរហន្តោ  បាណាត‍ិបាតំ បហាយ បាណាត‍ិបាតា  បដិវ‍ិរតា  និហិតទណ្ឌា  និហិតសត្ថា  លជ្ជី  ទយាបន្នា  សព្វបាណ ភូតហិតានុកម្បី  វ‍ិហរន្តិ  អហម្បជ្ជ  ឥមញ្ច  រត្តឹ  ឥមញ្ច  ទិវសំ បាណាត‍ិបាតំ  បហាយ បាណាត‍ិបាតា  បដិវ‍ិរតោ  និហិតទណ្ឌោ  និហិតសត្ថោ  លជ្ជី  ទយាបន្នោ  សព្វបាណភូតហិតានុកម្បី វ‍ិហរាមិ  ឥមិនាបិអង្កេន  អរហតំ  អនុករោមិ  ឧបោសថោ  ច  មេ  ឧបវុត្ថោ  ភវ‍ិស្សត‍ិ  ។ ព្រះ​អរហន្ត​ទាំងឡាយ លោក​លះបង់​បាណាតិបាត វៀរ​ស្រឡះ​ចាក​បាណាតិបាត ដរាប​ដល់​អស់​ជីវិត ដាក់​ចុះ​នូវ​ដំបង ដាក់​ចុះ​នូវ​កាំបិត មាន​សេចក្ដី​ខ្មាស​បាប ដល់​នូវ​សេចក្ដី​អាណិត​អាសូរ មាន​សេចក្ដី​អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់​សត្វ​មាន​ជីវិត​ទាំងពួង ថ្ងៃ​នេះ​អាត្មា​អញ​ក៏​លះបង់​បាណាតិបាត វៀរ​ស្រឡះ​ចាក​បាណាតិបាត អស់​យប់​នេះ​និង​ថ្ងៃ​នេះ ដាក់​ចុះ​នូវ​ដំបង ដាក់​ចុះ​នូវ​កាំបិត មាន​សេចក្ដី​ខ្មាស​បាប ដល់​នូវ​សេចក្ដី​អាណិត​អាសូរ មាន​សេចក្ដី​អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់​សត្វ​មាន​ជីវិត​ទាំងពួង ធ្វើ​តាម​ព្រះ​អរហន្ត​ទាំងឡាយ​ដោយ​អង្គ​នេះ មួយ​វិញ​ទៀត ឧបោសថ អាត្មា​អញ​នឹង​រក្សា​តទៅ ។

យាវជីវំ  អរហន្តោ  អទិន្នាទានំ  បហាយ  អទិន្នាទានា  បដិវ‍ិរតា  ទិន្នាទាយី  ទិន្នបាដិកង្ខី  អថេនេន សុចិភូតេន  អត្តនា  វ‍ិហរន្តិ  អហម្បជ្ជ  ឥមញ្ច  រត្តឹ  ឥមញ្ច  ទិវសំ ​អទិន្នាទានំ  បហាយ  អទិន្នាទានា  បដិវ‍ិរតោ  ទិន្នាទាយី ទិន្នបាដិកង្ខី  អថេនេន  សុចិភូតេន អត្តនា  វ‍ិហរាមិ  ឥមិនាបិ  អង្កេន  អរហតំ  មនុករោមិ  ឧបោសថោ  ច  មេ  ឧបវុត្ថោ  ភវ‍ិស្សត‍ិ  ។ ព្រះ​អរហន្ត​ទាំងឡាយ លោក​លះបង់​អទិន្នាទាន វៀរ​ស្រឡះ​ចាក​អទិន្នាទាន ដរាប​ដល់​អស់​ជីវិតា កាន់​យក​តែ​របស់​ដែល​គេ​ឱ្យ ប្រាថ្នា​តែ​របស់​ដែល​គេ​ឱ្យ មាន​អត្តភាព​មិនមែន​ជា​អ្នក​លួច មាន​សភាព​ស្មោះត្រង់ ថ្អៃ​នេះ​អាត្មា​អញ​លះបង់​អទិន្នាទាន វៀរ​ស្រឡះ​ចាក​អទិន្នាទាន អស់​យប់​នេះ​និង​ថ្ងៃ​នេះ កាន់​យក​តែ​របស់​ដែល​គេ​ឱ្យ ប្រាថ្នា​តែ​របស់​ដែល​គេ​ឱ្យ មាន​អត្តភាព​មិនមែន​ជា​អ្នក​លួច មាន​សភាព​ស្មោះត្រង់ ធ្វើ​តាម​ព្រះ​អរហន្ត​ទាំងឡាយ​ដោយ​អង្គ​នេះ មួយ​វិញ​ទៀត ឧបោសថ អាត្មា​អញ​នឹង​រក្សា​តទៅ ។

យាវជីវំ  អរហន្តោ  អព្រហ្មចរិយំ បហាយ  ព្រហ្មចារី  អារាចារី  វ‍ិរតា  មេថុនា  គាមធម្មា  អហម្បជ្ជ  ឥមញ្ច  រត្តឹ  ឥមញ្ច  ទិវសំ អព្រហ្មចរិយំ  បហាយ  ព្រហ្មចារី  អារាចារី  វ‍ិរតោ  មេថុនា  គាមធម្មា  ឥមិនាបិ  អង្កេន  អរហតំ  មនុករោមិ  ឧបោសថោ  ច  មេ  ឧបវុត្ថោ  ភវ‍ិស្សត‍ិ  ។ ព្រះ​អរហន្ត​ទាំងឡាយ លោក​លះបង់​នូវ​ការ​ប្រព្រឹត្ត​ធម៌​មិន​ប្រសើរ​ដរាប​ដល់​អស់​ជីវិត ប្រព្រឹត្ត​តែ​ធម៌​ប្រសើរ ចៀសវៀង​មេថុន​ជា​ធម៌​របស់​អ្នក​ស្រុក ថ្អៃ​នេះ​អាត្មា​អញ​លះបង់​ការ​ប្រព្រឹត្ត​ធម៌​មិន​ប្រសើរ អស់​យប់​នេះ​និង​ថ្ងៃ​នេះ ប្រព្រឹត្ត​តែ​ធម៌​ប្រសើរ ចៀសវៀង​វៀរចាក​មេថុន​ជា​ធម៌​របស់​អ្នក​ស្រុក ធ្វើ​តាម​ព្រះ​អរហន្ត​ទាំងឡាយ​ដោយ​អង្គ​នេះ មួយ​វិញ​ទៀត ឧបោសថ អាត្មា​អញ​នឹង​រក្សា​តទៅ ។

យាវជីវំ  អរហន្តោ  មុសាវាទំ បហាយ  មុសាវាទំ  បដិវ‍ិរតា  សច្ចវាទី សច្ចសទ្ធា  ថេតា បច្ចយិកា  អវ‍ិសំវាទកា  លោកស្ស  អហម្បជ្ជ  ឥមញ្ច  រត្តឹ  ឥមញ្ច  ទិវសំ មុសាវាទំ  បហាយ  មុសាវាទំ  បដិវ‍ិរតា  សច្ចវាទី សច្ចសទ្ធា  ថេតា បច្ចយិតា  អវ‍ិសំវាទកា  លោកស្ស  ឥមិនាបិ  អង្កេន  អរហតំ  មនុករោមិ  ឧបោសថោ  ច  មេ  ឧបវុត្ថោ  ភវ‍ិស្សត‍ិ  ។ ព្រះ​អរហន្ត​ទាំងឡាយ លោក​លះបង់​មុសាវាទ ដរាប​ដល់​អស់​ជីវិត លោក​និយាយ​តែ​ពាក្យ​ពិត ត​នូវ​ពាក្យ​ពិត មាន​ពាក្យ​នឹងនួន​មិន​រុះរើ មាន​ពាក្យ​គួរ​ជឿ មិន​ពោល​ពាក្យ​បំភាន់​សត្វ​លោក ថ្អៃ​នេះ​អាត្មា​អញ​លះបង់​មុសាវាទ វៀរ​ស្រឡះ​ចាក អស់​យប់​នេះ​និង​ថ្ងៃ​នេះ ហើយ​ពោល​ពាក្យ​ពិត ត​នូវ​ពាក្យ​ពិត មាន​ពាក្យ​នឹងនួន​មិន​រើរុះ មាន​ពាក្យ​គួរ​ជឿ មិន​ពោល​ពាក្យ​បំភាន់​សត្វ​លោក ធ្វើ​តាម​ព្រះ​អរហន្ត​ទាំងឡាយ​ដោយ​អង្គ​នេះ មួយ​វិញ​ទៀត ឧបោសថ​អាត្មា​អញ​នឹង​រក្សា​តទៅ ។

យាវជីវំ  អរហន្តោ  សុរាមេរយមជ្ជប្បហទដ្ឋានំ  បហាយ  សុរាមេរយមជ្ជប្បហទដ្ឋានា  បដិវ‍ិរតា  អហម្បជ្ជ  ឥមញ្ច  រត្តឹ  ឥមញ្ច  ទិវសំ សុរាមេរយមជ្ជប្បហទដ្ឋានំ  បហាយ  សុរាមេរយមជ្ជប្បហទដ្ឋានា  បដិវ‍ិរតោ  ឥមិរាបិ  អង្កេន  អរហតំ  មនុករោមិ  ឧបោសថោ  ច  មេ  ឧបវុត្ថោ  ភវ‍ិស្សត‍ិ  ។ ព្រះ​អរហន្ត​ទាំងឡាយ លោក​លះបង់​ទីតាំង​នៃ​សេចក្ដី​ប្រមាទ ព្រោះ​ទឹក​ស្រវឹង គឺ​សុរា​និង​មេរ័យ ដរាប​ដល់​អស់​ជីវិត ថ្អៃ​នេះ​អាត្មា​អញ​លះ ទីតាំង​នៃ​សេចក្ដី​ប្រមាទ ព្រោះ​ទឹក​ស្រវឹង គឺ​សុរា​និង​មេរ័យ វៀរ​ស្រឡះ​ចាក​ទីតាំង​នៃ​សេចក្ដី​ប្រមាទ ព្រោះ​ទឹក​ស្រវឹង គឺ​សុរា​និង​មេរ័យ អស់​យប់​នេះ​នឹង​ថ្ងៃ​នេះ ធ្វើ​តាម​ព្រះ​អរហន្ត​ទាំងឡាយ​ដោយ​អង្គ​នេះ មួយ​វិញ​ទៀត ឧបោសថ​អាត្មា​អញ​នឹង​រក្សា​តទៅ ។

យាវជីវំ  អរហន្តោ  នច្ចគីតវាទិតវ‍ិសូកទស្សនា មាលាគនូវ‍ិលេបនធារណមណ្ឌនវ‍ិភូសនដ្ឋានា បដិវ‍ិរតា  អហម្បជ្ជ  ឥមញ្ច  រត្តឹ  ឥមញ្ច  ទិវសំ នច្ចគីតវាទិតវ‍ិសូកទស្សនា មាលាគនូវ‍ិលេបនធារណមណ្ឌនវ‍ិភូសនដ្ឋានា  បដិវ‍ិរតោ  ឥមិរាបិ  អង្កេន  អរហតំ  មនុករោមិ  ឧបោសថោ  ច  មេ  ឧបវុត្ថោ  ភវ‍ិស្សត‍ិ  ។ ព្រះ​អរហន្ត​ទាំងឡាយ លោក​វៀរ​ស្រឡះ​ចាក​ការ​មើល​នូវ​របាំ​និង​ស្ដាប់​​នូវ​ចម្រៀង​និង​ភ្លេង​ប្រគំ​ដែល​ជា​សត្រូវ​ដល់​សាសនា ចាក​ទីតាំង​នៃ​ការ​ទ្រទ្រង់​ប្រដាប់​ស្អិតស្អាង​កាយ​ដោយ​កម្រង​ផ្កា ​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ ដរាប​ដល់​អស់​ជីវិត ថ្ងៃ​នេះ​អាត្មា​អញ​វៀរ​ស្រឡះ​ចាក​ការ​មើល​នូវ​របាំ​​និង​ស្ដាប់​នូវ​ចម្រៀង​និង​ភ្លេង​ប្រគំ​ដែល​ជា​សត្រូវ​ដល់​សាសនា ចាក​ទីតាំង​នៃ​ការ​ទ្រទ្រង់​ប្រដាប់​ស្អិតស្អាង​កាយ​ដោយ​កម្រង​ផ្កា គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ អស់​យប់​នេះ​និង​ថ្ងៃ​នេះ ធ្វើ​តាម​ព្រះ​អរហន្ត​ទាំងឡាយ​ដោយ​អង្គ​នេះ មួយ​វិញ​ទៀត ឧបោសថ​អាត្មា​អញ​នឹង​រក្សា​តទៅ ។

យាវជីវំ  អរហន្តោ  ឧច្ចាសយនមហាសយនំ បហាយ  ឧច្ចាសយនមហាសយនា  បដិវ‍ិរតា  នីចសេយ្យំ កប្បេន្តិ  មញ្ចកេ  វា  ត‍ិណសន្ថារកេ  វា  អហម្បជ្ជ  ឥមញ្ច  រត្តឹ  ឥមញ្ច  ទិវសំ   ឧច្ចាសយនមហាសយនំ បហាយ  ឧច្ចាសយនមហាសយនា  បដិវ‍ិរតោ  នីចសេយ្យំ កប្បេន្តិ  បញ្ចកេ  វា  ត‍ិណសន្ថារកេ  វា  ឥមិរាបិ  អង្កេន  អរហតំ  មនុករោមិ  ឧបោសថោ  ច  មេ  ឧបវុត្ថោ  ភវ‍ិស្សត‍ិ  ។ ព្រះ​អរហន្ត​ទាំងឡាយ លោក​លះបង់​ទី​ដេក​ទី​អង្គុយ​ខ្ពស់និង​ទី​ដេក​ទី​អង្គុយ​ដ៏​ប្រសើរ វៀរ​ស្រឡះ​ចាក​ទី​ដេក​ទី​អង្គុយ​ខ្ពស់និង​ទី​ដេក​ទី​អង្គុយ​ដ៏​ប្រសើរ ដរាប​ដល់​អស់​ជីវិត សម្រេច​នូវ​ទី​ដេក​ដ៏​ទាប គឺ​ដេក​លើ​គ្រែ​ក្ដី លើ​កម្រាល​ស្មៅ​ក្ដី ដែល​ជា​កប្បិយៈ ថ្ងៃ​នេះ​អាត្មា​អញ​លះបង់​ទី​ដេក​ទី​អង្គុយ​ខ្ពស់និង​ទី​ដេក​ទី​អង្គុយ​ដ៏​ប្រសើរ វៀរ​ស្រឡះ​ចាក​ទី​ដេក​ទី​អង្គុយ​ខ្ពស់ និង​ទី​ដេក​ទី​អង្គុយ​ដ៏​ប្រសើរ  អស់​យប់​នេះ​នឹង​ថ្ងៃ​នេះ សម្រេច​នូវ​ទី​ដេក​ដ៏​ទាប គឺ​ដេក​លើ​គ្រែ​ក្ដី លើ​កម្រាល​ស្មៅ​ក្ដី ដែល​ជា​កប្បិយៈ ធ្វើ​តាម​ព្រះ​អរហន្ត​ទាំងឡាយ​ដោយ​អង្គ​នេះ មួយ​វិញ​ទៀត ឧបោសថ​អាត្មា​អញ​នឹង​រក្សា​តទៅ ។ 

ម្នាល​នាង​វិសាខា អរិយ​ឧបោសថ ដែល​បុគ្គល​បាន​រក្សា​យ៉ាង​នេះ​ហើយ រមែង​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន ចុះ​ផល​ច្រើន អានិសង្ស​ច្រើន​នោះ តើ​ច្រើន​ប៉ុន្មាន​ទៅ ម្នាល​នាង​វិសាខា ប្រៀប​ដូច​បុគ្គល​ឯណា បាន​សោយរាជ្យ​ជា​ស្ដេច​ធំ លើ​បណ្ដា​ជន​ដែល​នៅ​ក្នុង​មហា​ជនបទ​ទាំង ១៦ នេះ ជា​ជនបទ​មាន​កែវ៧ប្រការ​ជា​ច្រើន ឯ​ជនបទ​ទាំង១៦នោះ​គឺ អង្គ​ជនបទ ១ មគធ​ជនបទ ១ កាសិ​ជនបទ ១ កោសល​ជនបទ ១ វជ្ជិ​ជនបទ ១ មល្ល​ជនបទ ១ ចេតិ​ជនបទ ១ វង្ស​ជនបទ ១ កុរុ​ជនបទ ១ បញ្ចាល​ជនបទ ១ មច្ឆ​ជនបទ ១ សុរសេន​ជនបទ ១ អស្សក​ជនបទ ១ អវន្តិ​ជនបទ ១ គន្ធារ​ជនបទ ១ កម្ពោជ​ជនបទ ១ ។ ឯ​រាជ​សម្បត្តិ​របស់​បុគ្គល​នោះ មិន​ដល់មួយ​ចម្រៀក​ឧបោសថ​ដែល​ប្រកប​ដោយ​អង្គ៨ដែល​គេ​ច្រៀក​ជា ១៦ចម្រៀក អស់​វារៈ១៦ដង ។ ព្រោះ​ហេតុ​អ្វី​បាន​ជា​ដូច្នោះ ម្នាល​នាង​វិសាខា ព្រោះ​ថា​យក​រាជ​សម្បត្តិរបស់​មនុស្ស​ដែល​ស្ដួចស្ដើង​ទៅ​ប្រៀបធៀប​គ្នា​នឹង​សេចក្ដី​សុខ​ទិព្វ ម្នាល​នាង​វិសាខា ៥០ឆ្នាំ​មនុស្ស​បាន១យប់១ថ្ងៃ​ទេវតា​ក្នុង​ចាតុម្មហារាជិកា ៣០រាត្រី​នោះ​ត្រូវ​ជា១ខែ ១២ខែ​នោះ​ត្រូវ​ជា១ឆ្នាំ អាយុ​ទេវតា​ក្នុង​ស្ថាន​ចាតុម្មហារាជិកា កំណត់៥០០ឆ្នាំ​ទិព្វ (ត្រូវ​ជា៩លាន​ឆ្នាំ​មនុស្ស) បុគ្គល​ពួកមួយ​ក្នុង​លោក​នេះ ជា​ស្ត្រី​ក្ដី ជា​បុរស​ក្ដី បាន​រក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ៨ លុះ​មាន​រាង​កាយ​បែក​ធ្លាយ​ទៅ​ហើយ ខាង​មុខ​អំពី​សេចក្ដី​ស្លាប់ ចួនកាល​ក៏​បាន​ទៅ​កើត​ជា​មួយ​នឹង​ទេវតា ក្នុង​ស្ថាន​ចាតុម្មហារាជិកា ម្នាល​នាង​វិសាខា ពាក្យ​ដែល​តថាគត​ថា យក​រាជ​សម្បត្តិ​របស់​មនុស្ស​ដែល​ស្ដួចស្ដើង​ទៅ​ប្រៀបធៀប​គ្នា​នឹង​សេចក្ដី​សុខ​ទិព្វ​នោះ ព្រោះ​អាស្រ័យ​ហេតុ​នេះ​ឯង ។ ម្នាល​នាង​វិសាខា ១រយ​ឆ្នាំ​មនុស្ស ត្រូវ​ជា១យប់១ថ្ងៃ​ទេវតា​ក្នុង​ស្ថាន​តាវត្តិង្ស ៣០រាត្រី​នោះ​ត្រូវ​ជា១ខែ ១២ខែ​នោះ​ត្រូវ​ជា១ឆ្នាំ អាយុ​ទេវតា​ក្នុង​ស្ថាន​តាវត្តិង្ស កំណត់១ពាន់​ឆ្នាំ​ទិព្វ (ត្រូវ​ជា៣កោដិ ៦លាន​ឆ្នាំ​មនុស្ស) បុគ្គល​ពួកមួយ​ក្នុង​លោក​នេះ ជា​ស្ត្រី​ក្ដី បុរស​ក្ដី បាន​រក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ៨ លុះ​មាន​រាង​កាយ​បែក​ធ្លាយ​ទៅ​ហើយ ខាង​មុខ​អំពី​សេចក្ដី​ស្លាប់ ចួនកាល​ក៏​បាន​ទៅ​កើត​ជា​មួយ​នឹង​ទេវតា ក្នុង​ស្ថាន​តាវត្តិង្ស ម្នាល​នាង​វិសាខា ពាក្យ​ដែល​តថាគត​ថា យក​រាជ​សម្បត្តិ​របស់​មនុស្ស​ដែល​ស្ដួចស្ដើង​ទៅ​ប្រៀបធៀប​នឹង​សេចក្ដី​សុខ​ទិព្វ​នោះ ព្រោះ​អាស្រ័យ​ហេតុ​នេះ​ឯង ។

ម្នាល​នាង​វិសាខា ២រយ​ឆ្នាំ​មនុស្ស ត្រូវ​ជាយប់១ថ្ងៃ​ទេវតា​ក្នុង​ស្ថាន​យាមា ៣០រាត្រី​នោះ​ត្រូវ​ជា១ខែ ១២ខែ​នោះ​ត្រូវជា១ឆ្នាំ ​អាយុ​ទេវតា​ក្នុង​ស្ថាន​យាមា កំណត់២ពាន់​ឆ្នាំ​ទិព្វ (ត្រូវជា១៤កោដិ ៤លាន​ឆ្នាំ​មនុស្ស) បុគ្គល​ពួកមួយក្នុង​លោក​នេះ ជា​ស្ត្រី​ក្ដី បុរស​ក្ដី បាន​រក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ៨ លុះ​មាន​រាង​កាយ​បែក​ធ្លាយ​ទៅ​ហើយ ខាង​មុខ​អំពី​សេចក្ដី​ស្លាប់ ចួនកាល​ក៏​បាន​ទៅ​កើត​ជា​មួយ​នឹង​ទេវតា ក្នុង​ស្ថានយាមា ម្នាល​នាង​វិសាខា ពាក្យ​ដែល​តថាគត​ថា យក​រាជ​សម្បត្តិ​របស់​មនុស្ស ដែល​ស្ដួចស្ដើង​ទៅ​ប្រៀបធៀប​នឹង​សេចក្ដី​សុខ​ទិព្វ​នោះ ព្រោះ​អាស្រ័យ​ហេតុ​នេះ​ឯង ។

ម្នាល​នាង​វិសាខា ៤រយ​ឆ្នាំ​មនុស្ស ត្រូវ​ជា១យប់១ថ្ងៃ​ទេវតា​ក្នុង​ស្ថាន​តុសិត ៣០រាត្រី​នោះ​ត្រូវ​ជា១ខែ ១២ខែ​នោះ​ត្រូវជា១ឆ្នាំ​ អាយុ​ទេវតា​ក្នុង​ស្ថាន​តុសិត កំណត់៤ពាន់​ឆ្នាំ​ទិព្វ (ត្រូវជា៥៧កោដិ ៦លាន​ឆ្នាំ​មនុស្ស) បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ ជា​ស្ត្រី​ក្ដី បុរស​ក្ដី បាន​រក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ៨ លុះ​មាន​រាង​កាយ​បែក​ធ្លាយ​ទៅ​ហើយ ខាង​មុខ​អំពី​សេចក្ដី​ស្លាប់ ចួនកាល​ក៏​បាន​ទៅ​កើត​ជា​មួយ​នឹង​ទេវតា ក្នុង​ស្ថាន​តុសិត ម្នាល​នាង​វិសាខា ពាក្យ​ដែល​តថាគត​ថា យក​រាជ្យ​សម្បត្តិ​របស់​មនុស្ស​ដែល​ស្ដួចស្ដើង​ទៅ​ប្រៀបធៀប​នឹង​សេចក្ដី​សុខ​ទិព្វ​នោះ ព្រោះ​អាស្រ័យ​ហេតុ​នេះ​ឯង ។

ម្នាល​នាង​វិសាខា ៨រយ​ឆ្នាំ​មនុស្ស ត្រូវ​១យប់១ថ្ងៃ​ទេវតា​ក្នុង​ស្ថាន​និម្មានរតី ៣០រាត្រី​នោះ​ត្រូវ​ជា១ខែ ១២ខែ​នោះ​ត្រូវជា១ឆ្នាំ​ អាយុ​ទេវតា​ក្នុង​ស្ថាន​និម្មានរតី កំណត់៨ពាន់​ឆ្នាំ​ទិព្វ (ត្រូវជា ២៣០កោដិ ៤លាន​ឆ្នាំ​មនុស្ស) បុគ្គល​ពួកមួយ​ក្នុង​លោក​នេះ ជា​ស្ត្រី​ក្ដី បុរស​ក្ដី បាន​រក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ៨ លុះ​មាន​រាង​កាយ​បែក​ធ្លាយ​ទៅ​ហើយ ខាង​មុខ​អំពី​សេចក្ដី​ស្លាប់ ចួនកាល​ក៏​បាន​ទៅ​កើត​ជា​មួយ​នឹង​ទេវតា ក្នុង​ស្ថាននិម្មានរតី ម្នាល​នាង​វិសាខា ពាក្យ​ដែល​តថាគត​ថា យក​រាជ​សម្បត្តិ​របស់​មនុស្សដែល​ស្ដួចស្ដើង ទៅ​ប្រៀបធៀប​នឹង​សេចក្ដី​សុខ​ទិព្វ​នោះ ព្រោះ​អាស្រ័យ​ហេតុ​នេះ​ឯង ។

ម្នាល​នាង​វិសាខា ១ពាន់ ៦រយ​ឆ្នាំ​មនុស្ស ត្រូវ​ជា១យប់ ១ថ្ងៃ​ទេវតា​ក្នុង​ស្ថាន​បរនិម្មិតវសវត្តី ៣០រាត្រី​នោះត្រូវ​ជា១ខែ ១២ខែ​នោះ​ត្រូវជា១ឆ្នាំ ​អាយុ​ទេវតា​ក្នុង​ស្ថាន​បរនិម្មិតវសវត្តី កំណត់១ម៉ឺន ៦ពាន់ឆ្នាំ​ទិព្វ (ត្រូវជា៩២១កោដិ ៦លាន​ឆ្នាំ​មនុស្ស) បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ ជា​ស្ត្រី​ក្ដី បុរស​ក្ដី បាន​រក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ៨ លុះ​មាន​រាង​កាយ​បែក​ធ្លាយ​ទៅ​ហើយ ខាង​មុខ​អំពី​សេចក្ដី​ស្លាប់ ចួនកាល​ក៏​បាន​ទៅ​កើត​ជា​មួយ​នឹង​ទេវតា ក្នុង​ស្ថានបរនិម្មិតវសវត្តី ម្នាល​នាង​វិសាខា ពាក្យ​ដែល​តថាគត​ថា យក​រាជសម្បត្តិ​របស់​មនុស្ស ដែល​ស្ដួចស្ដើង​ទៅ​ប្រៀបធៀប​នឹង​សេចក្ដី​សុខ​ទិព្វ​នោះ ព្រោះ​អាស្រ័យ​ហេតុ​នេះ​ឯង ។

បាណំ  ន  ហញ្ញេ  ន  ចាទិន្នមាទិយេ

មុសា  ន  ភាសេ  ន  ច  មជ្ជបោ  សិយា

អព្រហ្មចារា  វ‍ិរមេយ្យ មេថុនា

រត្តឹ  ន  ភុញ្ជេយ្យ  វ‍ិកាលភោជនំ

មាលំ  ន  ធារេ  ន  ច  គន្ធមាចរេ

មញ្វេ  ឆមាយំវ  សយេថ  សន្ថតេ

ឯតញ្ហិ  អដ្ឋង្គិកមាហុបោសថំ

ពុទ្ធេន  ទុក្ខន្តគុនា  បកាសិតំ ។

បុគ្គល​មិន​គប្បី​សម្លាប់​សត្វ មិន​គប្បី​កាន់​យក​នូវ​ទ្រព្យ​ដែល​គេ​មិន​បាន​ឱ្យ មិន​គប្បី​ពោល​ពាក្យ​កុហក មិន​គប្បី​ផឹក​ទឹក​ស្រវឹង គប្បី​វៀរ​ចាក​មេថុន​ជា​ការ​ប្រព្រឹត្ត​មិន​ប្រសើរ មិន​គប្បី​បរិភោគ​ក្នុង​រាត្រី មិន​គប្បី​បរិភោគ​ភោជន​ក្នុង​កាល​ខុស​ក្នុង​វេលា​ថ្ងៃ មិន​គប្បី​ទ្រទ្រង់​កម្រង​ផ្កា មិន​គប្បី​ប្រព្រឹត្ត​គ្រឿង​ក្រអូប គប្បី​ដេក​លើ​គ្រែ​ជា​កប្បិយៈ​មាន​ជើង​កម្ពស់មួយ​គត់​ក្ដី លើ​ផែនដី​ដែល​គេ​បរិកម្ម​ដោយ​កំបោរ​ជាដើម​ក្ដី លើ​កម្រាល​ស្មៅ​ស្លឹក​ឈើ​និង​ចំបើង​ជាដើម​ក្ដី អ្នក​ប្រាជ្ញ​ទាំងឡាយ​បាន​ពោល​នូវ​ឧបោសថ​ប្រកប​ដោយ​អង្គ៨យ៉ាង​នេះ ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ព្រះ​អង្គ​ដល់​នូវ​ព្រះ​និព្វាន​ជាទី​បំផុត​នៃ​ទុក្ខ​ទ្រង់​ប្រកាស​ហើយ ។

ចន្ទោ  ច  សូរោ  ច  ឧភោ  សុទស្សនា

ឱភាសយន្តា  អនុយន្តិ  យាវតា

តមោនុទា  តេ  បន  អន្តលិក្ខគា

នភេ  បភាសន្តិ  ទិសាវ‍ិរោចនា

ឯតម្ហិ  យំ  វ‍ិជ្ជត‍ិ  អន្តរេ  ធនំ

មុត្តា  មណិ  វេឡុរិយញ្ច ភទ្ទកំ

សិង្គិសុវណ្ណំ  មថវាបិ  កាញ្ចនំ

យំ  ជាតរូបំ  ហដកន្តិ  វុច្ចតិ

អដ្ឋង្គុបេតស្ស  ឧបោសថស្ស

កល្លម្បិ  តេ  នានុភវន្តិ  សោឡសឹ

ចន្ទប្បភា  តារគណា  ច  សព្វេ  ។

ព្រះ​ចន្ទ្រ​និង​ព្រះ​អាទិត្យ​ទាំង​ពីរ​ជា​សភាវៈ​ល្អ​មើល មាន​រស្មី​ភ្លឺ​ស្វាង​ដើរ​ទៅ​តាម​កំណត់ ព្រះ​ចន្ទ្រ​និង​ព្រះ​អាទិត្យ​នោះ​តែង​បន្ទោបង់​នូវ​ងងឹត​ដើរ​ទៅ​ក្នុង​អាកាស បញ្ចេញ​រស្មី​ក្នុង​អាកាស រុងរឿង​សព្វ​ទិស ទ្រព្យ​ឯណា​មាន​នៅ​ក្នុង​ចន្លោះ​នេះ គឺ​ប្រទេស​ដែល​មាន​រស្មី​ព្រះ​ចន្ទ្រ​ព្រះ​អាទិត្យ​ឆ្លុះ​ទៅ​ដល់ គឺ​កែវមុក្ដា​ក្ដី កែវមណី​ក្ដី កែវពិទូរ្យ​ក្ដី មាស​សង្គី​ក្ដី មាស​សភាញ្ចន​ក្ដី មាស​ជាត​រូប​ក្ដី មាស​ហដក​ក្ដី ដែល​បុគ្គល​បាន​ហើយ ទ្រព្យ​ទាំងនោះ​មិន​ដល់មួយ​ចម្រៀក​ឧបោសថ​ប្រកប​ដោយ​អង្គ៨ដែល​គេ​ច្រៀក​ជា១៦ចម្រៀក​ អស់​វារៈ១៦ដង ប្រៀប​ដូច​ពពួក​ផ្កាយ​ទាំងអស់​មិន​ដល់​មួយ​ ចម្រៀក​រស្មី​ព្រះ​ចន្ទ្រ​ឡើយ ។

តស្មា  ហិ  នារី  ច  នរោ  ច  សីលវា

អដ្ឋង្គុបេតំ  ឧបវស្សុបោសថំ

បុញ្ញានិ  កត្វាន  សុខុទ្រយានិ

អនិន្ទិតា  សគ្គមុបេន្តិ  ឋានន្តិ  ។

ហេតុ​ដូច្នោះ ជន​ទាំង​ស្រី​ទាំង​ប្រុស​ដែល​មាន​សីល បាន​រក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ហើយ​ធ្វើ​បុណ្យ​ដែល​មាន​ផល​ជា​សុខ​ឥត​មាន​គេ​និន្ទា​ឡើយ រមែង​ចូល​ទៅ​កាន់​ស្ថាន​សួគ៌​ជា​ប្រាកដ ។

ចប់​ឧបោសថ​សូត្រ តែ​ប៉ុណ្ណេះ ។

អង្គ​ឧបោសថ​ដូច​បាន​សម្ដែង​មក​នេះ ចាត់​ជា​ព្រហ្ម​ចរិយ​ទី​៨ ហៅ​ថា ឧបោសថង្គ​ព្រហ្មចរិយ ។

ព្រហ្មចរិយ​ទី៩ គឺ​អរិយ​មគ្គ ជា​ផ្លូវ​យ៉ាង​ប្រសើរឬ​ជា​ផ្លូវ​ដំណើរ​ទៅ​កាន់​ព្រះ​និព្វាន​របស់​ព្រះ​អរិយ​បុគ្គល​មាន​ព្រះ​ពុទ្ធ​ជាដើម ឯ​ព្រហ្មចរិយ​គឺ​អរិយ​មគ្គ​នោះ មាន​មក​ក្នុង​ព្រហ្មចរិយ​សូត្រ គម្ពីរ​សំយុត្តនិកាយ មហា​វារ​វគ្គ មាន​សេចក្ដី​ថា សម័យ​មួយ​ព្រះ​ដ៏​មាន​បុណ្យ គង់​ក្នុង​វត្ត​ព្រះ​ជេតពន​របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​នគរ​សាវត្ថី ។ គ្រា​នោះ​ភិក្ខុមួយ​រូប​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​បុណ្យ លុះ​ចូល​ទៅ​ដល់​ហើយ​ក្រាប​ថ្វាយ​បង្គំ រួច​អង្គុយ​នៅ​ក្នុង​ទី​ដ៏​សមគួរ ។ ភិក្ខុ​នោះ​លុះ​អង្គុយ​នៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ ក៏​ក្រាប​ទូល​សួរ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពាក្យ​ដែល​ព្រះ​អង្គ​តែង​មាន​ព្រះ​បន្ទូល​ថា ព្រហ្មចរិយៗ ដូច្នេះ ឯ​ព្រហ្មចរិយ​នោះ​តើ​គឺ​អ្វី​ខ្លះ មួយ​ទៀត អ្វី​ជា​ទី​បំផុត​នៃ​ព្រហ្ម​ចរិយ​នោះ ។ ព្រះ​ដ៏​មាន​បុណ្យ​មាន​ព្រះ​បន្ទូល​ថា ម្នាល​ភិក្ខុ មគ្គ​ប្រកប​ដោយ​អង្គ៨ដ៏​ប្រសើរ​នោះ​ឯង ​ហៅ​ថា ព្រហ្មចរិយ ។ មគ្គ​ប្រកប​ដោយ​អង្គ ៨ នោះ​គឺ សម្មា​ទិដ្ឋិ សេចក្ដី​យល់​ត្រូវ ១ សម្មា​សង្កប្បោ សេចក្ដី​ត្រិះរិះ​ល្អ ១ សម្មា​វាចា វាចា​ល្អ ១ សម្មាកម្មន្តោ ការងារ​ល្អ ១ សម្មា​អាជីវោ ការ​ចិញ្ចឹម​ជីវិត​ល្អ ១ សម្មាវាយាមោ សេចក្ដី​ព្យាយាម​ល្អ ១ សម្មា​សតិ សេចក្ដី​រឭក​ល្អ ១ សម្មា​សមាធិ ការ​តម្កល់​ចិត្ត​ល្អ ១ ។ ម្នាល​ភិក្ខុ សេចក្ដី​អស់​ទៅ​នៃ​រាគៈ ទោសៈ មោហៈ ហៅ​ថា​ជា​ទី​បំផុត​នៃ​ព្រហ្មចរិយ ។ ក្នុង​សូត្រ​នេះ ព្រះ​អង្គ​សម្ដែង​អរិយមគ្គ​ហៅ​ថា ព្រហ្ម​ចរិយ ដូច្នេះ ហេតុ​ដូច្នោះ​បាន​ជា​អដ្ឋកថាចារ្យ​អធិប្បាយ​ថា អរិយ​មគ្គ​ជា​ព្រហ្មចរិយមួយ​ដែរ ឯ​អរិយ​មគ្គ នោះ​ព្រះ​អង្គ​ទ្រង់​សម្ដែង​ចែក​ជា​សេចក្ដី​ក្នុង​សូត្រ​ដទៃៗ មាន​ច្រើន​កន្លែង​ដោយ​ពាក្យ​ថា យំ  ខោ  ភិក្ខវេ  ទុក្ខេ ញាណំ ទុក្ខសមុទយេ  ញាណំ  ទុក្ខនិរោធេ  ញាណំ ទុក្ខនិរោគាមិនិយា  បដិបទាយ  ញាណំ ។  អយំ វុច្ចត‍ិ  ភិក្ខវេ  សម្មាទិដ្ឋិ  ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​ដឹង​ក្នុង​កង​ទុក្ខ សេចក្ដី​ដឹង​ក្នុង​តណ្ហា​ជា​ហេតុ​ឱ្យ​កើត​កង​ទុក្ខ សេចក្ដី​ដឹង​ក្នុង​ព្រះ​និព្វាន​ជា​គ្រឿង​រលត់​នៃ​កង​ទុក្ខ សេចក្ដី​ដឹង​ក្នុង​ផ្លូវ​ប្រតិបត្តិ​ដំណើរ​ទៅ​កាន់​ព្រះ​និព្វាន​ជា​គ្រឿង​រលត់​នៃ​កង​ទុក្ខ​ឯណា ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​តថាគត​ហៅថា សម្មា​ទិដ្ឋិ ។ យោ  ខោ  ភិក្ខវេ  នេក្ខម្មសង្កប្បោ  អព្យាបាទ-សង្កប្បោ អវ‍ិហឹសាសង្កប្បោ  ។  អយំ វុច្ចត‍ិ  ភិក្ខវេ  សម្មាសង្កប្បោ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​ត្រិះរិះ​ក្នុង​ផ្នួស សេចក្ដី​ត្រិះរិះ​ក្នុង​ការ​មិន​ព្យាបាទ សេចក្ដី​ត្រិះរិះ​ក្នុង​ការ​មិន​បៀតបៀន​ឯណា ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​តថាគត​ហៅ​ថា សម្មាសង្កប្ប ។ យោ  ខោ  ភិក្ខវេ  មុសាវាទា វេរមណី បិសុណាយ វាចាយ វេរមណី ផរុសាយ  វាចាយ  វេរមណី សម្ផប្បលាបា វេរមណី  ។  អយំ វុច្ចត‍ិ  ភិក្ខវេ  សម្មាវាចា ម្នាល​ភិក្ខុ​ទាំងឡាយ ការ​វៀរចាក​និយាយ​ពាក្យ​កុហក ការ​វៀរចាក​វាចា​ស៊កសៀត​ញុះញង់​ឱ្យ​គេ​បែក​គ្នា ការ​វៀរចាក​វាចា​ទ្រគោះ​អាក្រក់ ការ​វៀរចាក​និយាយ​ពាក្យ​រោយរាយ​ឥត​ប្រយោជន៍​ឯណា ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​តថាគត​ហៅ​ថា សម្មា​វាចា ។ យោ  ខោ  ភិក្ខវេ  បាណាតិបាតា វេរមណី អទិន្នាទានា វេរមណី ធពញរហ្មចរិយ វេរមណី  ។  អយំ វុច្ចត‍ិ  ភិក្ខវេ  សម្មាកម្មន្តោ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​វៀរចាក​បាណាតិបាត ការ​វៀរចាក​អទិន្នាទាន ការ​វៀរចាក​ប្រព្រឹត្ត​ធម៌​មិន​ប្រសើរ​គឺ​សេពមេថុនធម្ម ឯណា ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​តថាគត​ហៅ​ថា សម្មា​កម្មន្តៈ ។ ឥធ ភិក្ខវេ  អរិយសាវកោ មិច្ឆាអាជីវំ បហាយ សម្មាអាជីវេន ជីវ‍ិតំ កប្បេត‍ិ ។ អយំ វុច្ចត‍ិ  ភិក្ខវេ  សម្មាអាជីវោ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះ​អរិយ​សាវក​ក្នុង​សាសនា​នេះ លះបង់​នូវ​ការ​ចិញ្ចឹម​ជីវិត​ខុស ហើយ​សម្រេច​ជីវិត​ដោយ​ការ​ចិញ្ចឹម​ជីវិត​ត្រូវ ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​តថាគត​ហៅ​ថា សម្មា​អាជីវៈ ។ ឥធ ភិក្ខវេ  ភិក្ខុ អនុប្បន្នានំ បាបកានំ  អកុសលានំ  ធម្មានំ  អនុប្បាទាយ  ធន្ទំ  ជនេតិ  វាយមត‍ិ  វីរិយំ  អារភត‍ិ ចិត្តំ  បគ្គណ្ហាត‍ិ  បទហត‍ិ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ញ៉ាំង​ឆន្ទៈ​ឱ្យ​កើត​មាន​ឡើង ព្យាយាម ប្រារព្ធ​សេចក្ដី​ព្យាយាម ផ្គង​ចិត្ត តម្កល់​ចិត្ត​ឡើង ដើម្បី​រារាំង​អកុសលធម៌​ដ៏​លាមក​ដែល​មិន​ទាន់​កើត​មាន​ឡើង កុំ​ឱ្យ​កើត​ឡើង ១ ឧប្បន្នានំ  បាបតោនំ  អកុសលានំ  ធម្មានំ  បហានាយ  ធន្ទំ  ជនេតិ  វាយមតិ  វិរិយំ  អារភតិ  ចិត្តំ  បគ្គណ្ហាតិ  បទហតិ  ភិក្ខុ​ញ៉ាំង​ឆន្ទៈ​ឱ្យ​កើត​មាន​ឡើង ព្យាយាម ប្រារព្ធ​សេចក្ដី​ព្យាយាម ផ្គង​ចិត្ត​តម្កល់​ចិត្ត​ឡើង ដើម្បី​លះបង់​នូវ​អកុសល​ធម៌​ដ៏​លាមក ដែល​កើត​មាន​រួច​ហើយ ១ អនុប្បន្នោនំ កុសលានំ  ធម្មានំ  ឧប្បាទាយ  ឆន្ទំ  ជនេត‍ិ  វាយមត‍ិ  វីរិយំ អារភត‍ិ  ចិត្តំ  បគ្គណ្ហាត‍ិ  បទហត‍ិ  ភិក្ខុ​ញ៉ាំង​ឆន្ទៈឱ្យ​កើត​មាន​ឡើង ព្យាយាម​ប្រារព្ធ​នូវ​សេចក្ដី​ព្យាយាម ផ្គង​ចិត្ត​តម្កល់​ចិត្ត​ឡើង ដើម្បី​បណ្ដុះ​បណ្ដាល​កុសល​ធម៌​ដែល​មិន​ទាន់​កើត​មាន​ឡើង ឱ្យ​កើត​មាន​ឡើង ១  អនុប្បន្នោនំ កុសលានំ  ធម្មានំ  ឋិត‍ិយា  អសម្មោសាយ  ភិយ្យោភាវាយ  វេបុល្លាយ  ភាវនាយ  បារិបូរិយោ  ឆន្ទំ  ជនេត‍ិ  វាយមត‍ិ  វីរិយំ អារភត‍ិ  ចិត្តំ  បគ្គណ្ហាត‍ិ  បទហត‍ិ  ភិក្ខុ​ញ៉ាំង​ឆន្ទៈ​ឱ្យ​កើត​មាន​ឡើង ព្យាយាម​ប្រារព្ធ​នូវ​សេចក្ដី​ព្យាយាម ផ្គង​ចិត្ត​តម្កល់​ចិត្ត​ឡើង ដើម្បី​ក​ពូន​កុសល​ធម៌​ដែល​កើត​មាន​ឡើង​ហើយ ឱ្យ​ស្ថិតថេរ​មិន​ឱ្យ​វិនាស ឱ្យ​រឹងរឹត​តែ​ចម្រើន​ឡើង​ទៀត ឱ្យ​ធំ​ទូលាយ​ឡើង ឱ្យ​ពោរពេញ​ឡើង ១ អយំ  វុច្ចត‍ិ  ភិក្ខវេ  សម្មាវាយោមោ  ម្នាល​ភិក្ខុ​ទាំងឡាយ ព្យាយាម​ទាំង ៤ នេះ តថាគត​ហៅ​ថា សម្មា​វាយាម ។

ឥធ ភិក្ខវេ កាយេ  កាយានុបស្សី  វ‍ិហរត‍ិ  អាតាបី  សម្បជានោ  សត‌ិមា  វ‍ិនេយ្យ លោកេ  អភិជ្ឈា-ទោមនស្សំ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណា​ឃើញ​រឿយៗ នូវ​កាយ​ក្នុង​កាយ មាន​ព្យាយាម​ញ៉ាំង​កិលេស​ឱ្យ​ក្ដៅ​ក្រហាយ ជា​អ្នក​ដឹង​ខ្លួន​ដោយ​ល្អ មាន​ស្មារតី​មិន​ប្រមាទ កម្ចាត់បង់​នូវ​អភិជ្ឈានិង​ទោមនស្ស ក្នុង​លោក​គឺ​កាយ​ឬ​ឧបាទានក្ខន្ធ​ទាំង​ប្រាំ ១ វេទនាសុ  វេទនានុបស្សី  វ‍ិហរត‍ិ  អាតាបី  សម្បជានោ  សត‍ិមា  វ‍ិនេយ្យ  លោកេ  អភិជ្ឈាទោបនស្សំ  ភិក្ខុ​ពិចារណា​ឃើញ​រឿយៗនូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ មាន​ព្យាយាម​ញ៉ាំង​កិលេស​ឱ្យ​ក្ដៅ​ក្រហាយ ជា​អ្នក​ដឹង​ខ្លួន​ដោយ​ល្អ មាន​ស្មារតី​មិន​ប្រមាទ កម្ចាត់បង់​នូវ​អភិជ្ឈា​និង​ទោមនស្ស​ក្នុង​លោក គឺ​កាយឬ ឧបាទាមក្ខន្ធ​ទាំង​ប្រាំ ១ ចិត្តេ  ចិត្តានុបស្សី វ‍ិហរត‍ិ  អាតាបី  សម្បជានោ  សត‍ិមា  វ‍ិនេយ្យ  លោកេ  អភិជ្ឈាទោមនស្សំ ភិក្ខុ​ពិចារណា​ឃើញ​រឿយៗ នូវ​ចិត្ត​ក្នុង​ចិត្ត មាន​ព្យាយាម​ញ៉ាំង​កិលេស​ឱ្យ​ក្ដៅ​ក្រហាយ ​ជា​អ្នក​ដឹង​ខ្លួន​ដោយ​ល្អ មាន​ស្មារតី​មិន​ប្រមាទ កម្ចាត់បង់​នូវ​អភិជ្ឈា​និង​ទោមនស្ស ក្នុង​លោក​គឺ​កាយឬឧបាទានក្ខន្ធ​ប្រាំ ១ ធម្មេសុ  ធម្មានុបស្សី  វ‍ិហរត‍ិ អាតាបី  សម្បជានោ  សត‍ិមា  វ‍ិនេយ្យ  លោកេ  អភិជ្ឈាទោមនស្សំ ភិក្ខុ​ពិចារណា​ឃើញ​រឿយៗនូវធម៌​ក្នុង​ធម៌​ទាំងឡាយ មាន​ព្យាយាម​ញ៉ាំង​កិលេស​ឱ្យ​ក្ដៅ​ក្រហាយ ជា​អ្នក​ដឹង​ខ្លួន​ដោយ​ល្អ មាន​ស្មារតី​មិន​ប្រមាទ  កម្ចាត់បង់​នូវ​អភិជ្ឈា​និង​ទោមនស្ស ក្នុង​លោក​គឺ​កាយឬឧបាទានក្ខន្ធ​ប្រាំ ១ អយំ  វុច្ចត‍ិ ភិក្ខវេ សម្មាសត‍ិ  ម្នាល​ភិក្ខុ​ទាំងឡាយ  សតិបដ្ឋាន​ទាំង ៤ នេះ តថាគត​ហៅ​ថា សម្មា​សតិ ។

ឥធ ភិក្ខវេ ភិក្ខុ  វ‍ិវ‍ិច្ចេវ  កាមេហិ  វ‍ិវ‍ិច្ច  អកុសលេហិ  ធម្មេហិ  សវ‍ិតក្កំ  សវ‍ិចារំ  វ‍ិវេកជំ  បីត‍ិសុខំ  បឋមំ ឈានំ  ឧបសម្បជ្ជ  វ‍ិហរត‍ិ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ស្ងាត់​ចាក​កាម​ទាំងឡាយ ស្ងាត់​ចាក​អកុសល​ធម៌​ទាំងឡាយ ហើយ​បាន​ដល់​នូវ​ឈាន​ទី១ ប្រកប​ដោយ​វិត្តកៈ​ប្រកប​ដោយ​វិចារៈ មាន​បីតិ​និង​សុខ​កើត​អំពី​សេចក្ដី​ស្ងាត់​នោះ ១ ។

វ‍ិតក្កវ‍ិចារនំ  វូបសហ  អជ្ឈត្តំ  សម្បសាទនំ  ចេតសោ  ឯកោទិភាវំ  អវ‍ិតក្កំ  អវ‍ិចារំ  សមាធិជំ  បីតិសុខំ  ទុត‍ិយំ  ឈានំ  ឧបសម្បជ្ជ  វ‍ិហរត‍ិ  ភិក្ខុ​បាន​រម្ងាប់​វិតក្កៈ​និង​វាចារៈ​អស់​ហើយ បាន​ដល់​នូវ​ឈាន​ទី២ ជា​ធម្មជាតិ​កើត​មាន​ក្នុង​សន្ដាន​នៃ​ខ្លួន មាន​សេចក្ដី​ជ្រះ​ថ្លា​ដ៏​ឧត្ដម​គឺ​សទ្ធា មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក មិន​មនា​វិតក្កៈ មិន​មាន​វិចារៈ មាន​តែ​បីតិ​និង​សុខ កើត​អំពី​សមាធិ​គឺ​បឋមជ្ឈាន ១ ។

 បីត‍ិយា  ច  វ‍ិរាគា  ឧបេក្ខកោ  ច  វ‍ិហរត‍ិ  សតោ  ច  សម្បជានោ  សុខញ្ច  កាយេន  បដិសំវេទេត‍ិ យន្តំ  អរិយា  អាចិក្ខន្តិ  ឧបេក្ខកោ  សត‍ិមា  សុខវ‍ិហារីត‍ិ  តត‍ិយំ  ឈានំ  ឧបម្បជ្ជ  វ‍ិហរត‍ិ  ភិក្ខុ​មាន​ចិត្ត​នឿយណាយ​ចាក​បីតិ​ហើយ ប្រកប​ដោយ​ឧបេក្ខា  មាន​ស្មារតី​ល្អ ជា​អ្នក​ដឹង​ខ្លួន​ដោយ​ល្អ បាន​សោយ​នូវ​សុខ​ដោយ​នាម​កាយ ព្រះ​អរិយ​ទាំងឡាយ​តែង​សរសើរ​នូវ​បុគ្គល​ដែល​បាន​ឈាន​ទី៣នោះ​ថា បុគ្គល​ដែល​បាន​ឈាន​ទី៣ រមែង​ប្រកប​ដោយ​ឧបេក្ខា​មាន​ស្មារតី​ល្អ មាន​ធម៌​ជា​គ្រឿង​នៅជា​សុខ​ដូច្នេះ ព្រោះ​ហេតុ​នៃ​ឈាន​ទី៣ ឯណា ក៏​បាន​ដល់​នូវ​ឈាន​ទី៣នោះ ១ ។

សុខស្ស  ច  បហានា  ទុក្ខស្ស  ច  បហានា  បុព្វេវ  សោមនស្សទោមនស្សានំ  អត្ថង្គមា  អទុក្ខមសុខំ  ឧបេក្ខាសត‍ិបរិសុទ្ធឹ  ចតុត្ថំ  ឈានំ  ឧបសម្បជ្ជ វ‍ិហរត‍ិ ភិក្ខុ​បាន​លះបង់​នូវ​សុខ​នឹង​ទុក្ខ​អស់​ហើយ មាន​សោមនស្ស​និង​ទោមនស្ស​អស់​ហើយ ក្នុង​កាល​មុន ក៏​បាន​ដល់​នូវ​ឈាន​ទី៤ មាន​វេទនា​មិនមែន​ជា​ទុក្ខ​មិនមែន​ជា​សុខ គឺ​ជា​ឧបេក្ខា មាន​សតិ​ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា ហើយ​សម្រេច​សម្រាន្ត នៅ​ដោយ​ឥរិយាបទ​ទាំង​បួន ១ ។ អយំ  វុច្ចត‍ិ  ភិក្ខវេ  សម្មាសមាធិ ម្នាល​ភិក្ខុ​ទាំងឡាយ ឈាន​ទាំង៤ នេះ តថាគត​ហៅ​ថា សម្មា​សមាធិ ។

ម្យ៉ាង​ទៀត អង្គ​នៃ​មគ្គ​ទី១ គឺ​សម្មា​ទិដ្ឋិ​នោះ មាន​ទំនង​សេចក្ដី​ក្នុង​សម្មា​ទិដ្ឋិ​សូត្រ គម្ពីរ​មជ្ឈិមនិកាយ មូល​បណ្ណាសក ថា​ព្រះ​អរិយ​សាវក​ដែល​តាំង​នៅ​ក្នុង​សម្មា​ទិដ្ឋិ រមែង​ដឹង​ច្បាស់​នូវ​អកុសល​និង​ហេតុ​នាំ​ឱ្យ​កើត​អកុសល ដឹង​ច្បាស់​នូវ​កុសល​និង​ហេតុ​នាំ​ឱ្យ​កើត​កុសល ឯ​អកុសល​នោះ​គឺ បាណាត‍ិបាតា ការ​សម្លាប់​សត្វ អទិន្នានានំ ការ​លួច​ទ្រព្យ​គេ កាមេសុ មិច្ឆាចារោ ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ មុសាវាទោ ពោល​ពាក្យ​កុហក បិសុណា វាចា សម្ដី​ស៊ក​សៀត​ញុះញង់ ផរុសា វាចា សម្ដី​ទ្រគោះ​អាក្រក់ សម្ផប្បលាបោ ពោល​ពាក្យ​រោយរាយ​ឥត​ប្រយោជន៍ អភិជ្ឈា គឺ​កាម​ឆន្ទៈ ​សេចក្ដី​ប្រាថ្នា​ក្នុង​កាម ព្យាបាទោ ការ​ញ៉ាំង​ប្រយោជន៍និង​សេចក្ដី​សុខ​របស់​អ្នក​ដទៃ​ឱ្យ​វិនាស មិច្ឆាទិដ្ឋិ សេចក្ដី​យល់​ខុស កម្ម​ទាំង ១០ នេះ​ហៅ​ថា អកុសល ។ ឯ​ហេតុ​នាំ​ឱ្យ​កើត​អកុសល​នោះ​គឺ លោភោ សេចក្ដី​ចង់​បាន ទោសោ សេចក្ដី​ខឹង មោហោ សេចក្ដី​ល្ងង់​វង្វេង​ភាន់​ច្រឡំ ទាំង ៣ នេះ​ជា​ហេតុ​នាំ​ឱ្យ​កើត​អកុសល ហៅថា អកុសល​មូល ។ ឯ​កុសល​នោះ​គឺ បាណាត‍ិបាតា វេរមណី ការ​វៀរ​សម្លាប់​សត្វ អទិន្នាទានា វេរមណី ការ​វៀរ​លួច​ទ្រព្យ​គេ កាមេសុ មិច្ឆាចារា វេរមណី ការ​វៀរ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ មុសាវាទា វេរមណី ការ​វៀរ​និយាយ​ពាក្យ​កុហក បិសុណាយ វាចាយ វេរមណី ការ​វៀរ​សម្ដី​ស៊កសៀត​ញុះញង់ ផរុសាយ វាចាយ វេរមណី ការ​វៀរ​សម្ដី​ទ្រគោះ​អាក្រក់ សម្ផប្បលាចា វាចាយ វេរមណី ការ​វៀរ​និយាយ​ពាក្យ​រោយរាយ​ឥត​ប្រយោជន៍ អនភិជ្ឈា សេចក្ដី​មិន​ប្រាថ្នា​ក្នុង​កាម អព្យាបាទោ សេចក្ដី​មិន​ព្យាបាទ សម្មាទិដ្ឋិ សេចក្ដី​យល់​ត្រូវ កម្ម​ទាំង១០នេះ​ហៅថា កុសល ។ ឯ​ហេតុ​នាំ​ឱ្យ​កើត​កុសល​នោះ​គឺ អលោភោ សេចក្ដី​មិន​ចង់​បាន អទោសោ សេចក្ដី​មិន​ខឹង អមោហោ សេចក្ដី​មិន​ល្ងង់​វង្វេង​ភាន់​ច្រឡំ ទាំង៣នេះ​ជា​ហេតុ​នាំ​ឱ្យ​កើត​កុសល ហៅថា​កុសល​មូល ។ ព្រះ​អរិយ​សាវក​ដឹង​ដូច្នោះ​ឈ្មោះ​ថា​តាំង​នៅ​ក្នុង​សម្មា​ទិដ្ឋិ ។

មួយ​វិញ​ទៀត ព្រះ​អរិយ​សាវក​ដឹង​ច្បាស់​នូវ​អាហារនិង​ហេតុ​នាំ​ឱ្យ​កើត​អាហារ ដឹង​ច្បាស់​នូវ​សេចក្ដី​រលត់​នៃ​អាហារនិង​ផ្លូវ​ប្រតិបត្តិ​ជា​គ្រឿង​ដល់​នូវ​សេចក្ដី​រលត់​នៃ​អាហារ ។ ឯ​អាហារ​នោះ​មាន៤ប្រការ គឺ កវឡិង្ការាហារ [3]អាហារ​ដែល​គួរ​ធ្វើ​ឱ្យ​ជា​ដុំ​មាន​បាយ​នំ​ជា​ដើម ១ ។

ផស្សហារ [4]អាហារ​គឺ​ផស្សៈ​ទាំង ៦ មាន​ចក្ខុ​សម្ផស្ស​ជាដើម ១ មនោសញ្ចេតនាហារ  [5]អាហារ​គឺ​សេចក្ដី​គិត​ដោយ​ចិត្ត ១ វិញ្ញាណាហារ  [6]អាហារ​គឺ​វិញ្ញាណ ១ ។ សេចក្ដី​កើត​ឡើង​នៃ​អាហារ ព្រោះ​សេចក្ដី​កើត​ឡើង​នៃ​តណ្ហា គឺ​ថា​តណ្ហា​ជា​ហេតុ​នាំ​ឱ្យ​កើត​អាហារ សេចក្ដី​រលត់​នៃ​អាហារ​ព្រោះ​សេចក្ដី​រលត់​នៃ​តណ្ហា គឺ​ថា​កាល​បើ​តណ្ហា​រលត់​ហើយ អាហារ​ក៏​រលត់​ដែរ អដ្ឋង្គិកមគ្គ​ដូច​បាន​ពោល​មក​ហើយ​ខាង​ដើម​ជា​ផ្លូវ​ប្រតិបត្តិ​ជា​គ្រឿង​ដល់​សេចក្ដី​រលត់​នៃ​តណ្ហា ។

មួយ​វិញ​ទៀត ព្រះ​អរិយ​សាវក​ដឹង​ច្បាស់​នូវ​កង​ទុក្ខនិង​ហេតុ​នាំ​ឱ្យ​កើត​កង​ទុក្ខ ដឹង​ច្បាស់​នូវ​សេចក្ដី​រលត់​នៃ​កង​ទុក្ខនិង​សេចក្ដី​ប្រតិបត្តិ​ជា​គ្រឿង​ដល់​នូវ​សេចក្ដី​រលត់​នៃ​កង​ទុក្ខ ឯ​កង​ទុក្ខ​នោះ គឺ ជាតិ សេចក្ដី​កើត​​ជា​ទុក្ខ ១ ជរា សេចក្ដី​ចាស់​គ្រាំ​គ្រា​ជា​ទុក្ខ ១ មរណៈ សេចក្ដី​ស្លាប់​ជា​ទុក្ខ ១ សោកៈ សេចក្ដី​ស្ដាយ​ស្រណោះ​ជា​ទុក្ខ ១ បរិទេវៈ សេចក្ដី​ខ្សឹក​ខ្សួល​យំ​ស្រែក​ជា​ទុក្ខ ១ ទុក្ខៈ សេចក្ដី​ឈឺ​កាយ​ជា​ទុក្ខ ១ ទោមនស្សៈ សេចក្ដី​ឈឺ​ចិត្ត​ជា​ទុក្ខ ១ ឧបាយសៈ សេចក្ដី​ចង្អៀត​ចង្អល់​ចិត្ត​ជា​ទុក្ខ ១ អប្បិយេហិ សម្បយោគៈ សេចក្ដី​ចួប​ប្រសព្វ​ដោយ​សត្វ​និង​សង្ខារ​មិន​ជា​ទី​ស្រឡាញ់​ជា​ទុក្ខ ១ បិយេហិ វិប្បយោគៈ សេចក្ដី​ព្រាត់​ប្រាស​ចាក​សត្វ​និង​សង្ខារ​ជា​ទី​ស្រឡាញ់​ជា​ទុក្ខ ១ យម្បិច្ឆំ ន លកតិ ប្រាថ្នា​របស់​ឯ​ណា​ហើយ​មិន​បាន​របស់​នោះ​ជា​ទុក្ខ ១ បើ​និយាយ​ដោយ​សង្ខេប​រួប​រួម គឺ​ឧបាទានក្ខន្ធ​ទាំង៥ជា​ទុក្ខ ១ ។ ឯ​ហេតុ​នាំ​ឱ្យ​កើត​កង​ទុក្ខ​នោះ​គឺ តណ្ហា​ជា​ធម្ម​ជាតិ​ញ៉ាំង​សត្វ​ឱ្យ​កើត​ទៀត​ជា​ធម្ម​ជាតិ​ប្រកប​ដោយ​សេចក្ដី​ត្រេក​អរ​រីក​រាយ​ ញ៉ាំង​សត្វ​ឱ្យ​ត្រេក​ត្រអាល​ក្នុង​ភព​នោះ​ៗ ឯ​តណ្ហា​នោះ​មាន ៣ ប្រការ គឺ កាមតណ្ហា សេចក្ដី​ប្រាថ្នា​ប្រកប​ដោយ​កាម​គុណ​ទាំង​ប្រាំ ១ ភវតណ្ហា សេចក្ដី​ប្រាថ្នា​ក្នុង​រូប​ភព​និង​អរូប​ភព ១ វិភវតណ្ហា សេចក្ដី​ប្រាថ្នា​ប្រកប​ដោយ​ឧច្ឆេទទិដ្ឋ ១ ។ សេចក្ដី​រលត់​នៃ​តណ្ហា​នោះ ដោយ​មិន​សល់​គឺ​ព្រះ​និព្វាន​ហៅ​ថា សេចក្ដី​រលត់​នៃ​កង​ទុក្ខ ឯ​ផ្លូវ​ប្រតិបត្តិ​ជា​គ្រឿង​ដល់​នូវ​សេចក្ដី​រលត់​នៃ​កង​ទុក្ខ​នោះ គឺ​អដ្ឋង្គិកមគ្គ​ដូច​បាន​ពោល​មក​ហើយ ។

មួយ​វិញ​ទៀត ព្រះ​អរិយសាវក​ដឹង​ច្បាស់​នូវ​ជរា​មរណៈ និង​ហេតុ​នាំ​ឱ្យ​កើត​ជរា​មរណៈ ដឹង​ច្បាស់​នូវ​សេចក្ដី​​រលត់​នៃ​ជរា​មរណៈ និង​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​ដល់​នូវ​សេចក្ដី​រលត់​នៃ​ជរា​មរណៈ ឯ​ជរា​មរណៈគឺ​សេចក្ដី​ចាស់​ស្លាប់ សេចក្ដី​កើត​មាន​ឡើង​នៃ​ជរា​មរណៈ ព្រោះ​សេចក្ដី​​កើត​មាន​ឡើង​នៃ​ជាតិ គឺ​ថា បើ​ជាតិ​មាន​ហើយ ជរា​មរណៈ​ក៏​មាន​ដែរ សេចក្ដី​រលត់​នៃ​ជរា​មរណៈ ព្រោះ​រលត់​នៃ​ជាតិ គឺ​ថា បើ​ជាតិ​រលត់​ហើយ ជរា​មរណៈ​ក៏​រលត់​ដែរ អដ្ឋង្គិកមគ្គ​ជា​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​ជរា​មរណៈ ។

មួយ​វិញ​ទៀត ព្រះ​អរិយ​សាវក​ដឹង​ច្បាស់​នូវ​ជាតិនិង​ហេតុ​នាំ​ឱ្យ​កើត​ជាតិ ដឹង​ច្បាស់​នូវ​សេចក្ដី​រលត់​នៃ​ជាតិនិង​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​ជាតិ ឯ​ជាតិ​នោះ​គឺ​សេចក្ដី​កើត​ដោយ​កំណើត៤ មាន​ជលាពុជ​កំណើត​ជា​ដើម សេចក្ដី​កើត​មាន​ឡើង​នៃ​ជាតិ ក៏​ព្រោះ​សេចក្ដី​កើត​មាន​ឡើង​នៃ​ភព គឺ​ថា បើ​ភព​កើត​មាន​ឡើង​ហើយ ជាតិ​ក៏​កើត​មាន​ដែរ សេចក្ដី​រលត់​នៃ​ជាតិ​ក៏​ព្រោះ​រលត់​នៃ​ភព គឺ​ថា បើ​ភព​រលត់​ហើយ ជាតិ​ក៏​រលត់​ដែរ អដ្ឋង្គិកមគ្គ​ជា​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​ជាតិ ។

មួយ​វិញ​ទៀត ព្រះ​អរិយ​សាវក​ដឹង​ច្បាស់​នូវ​ភពនិង​ហេតុ​នាំ​ឱ្យ​កើត​ភព ដឹង​ច្បាស់​នូវ​សេចក្ដី​រលត់​នៃ​ភពនិង​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​ភព ឯ​ភព​នោះ​មាន៣ប្រការ​គឺ កាមភព បាន​ត្រង់​អបាយ​ភូមិ​ទាំង៤និង​មនុស្ស​លោក​និង​កាមាវចរ​ទេវ​លោក​ទាំង៦ជាន់ ១ រូបភព បាន​ត្រង់​រូប​ព្រហ្ម​ទាំង ១៦ជាន់ ១ អរូបភព បាន​ត្រង់​អរូប​ព្រហ្ម​ទាំង៤ជាន់ ១ សេចក្ដី​កើត​មាន​ឡើង​នៃ​ភព ក៏​ព្រោះ​សេចក្ដី​កើត​មាន​ឡើង​នៃ​ឧបាទាន គឺ​ថា បើ​ឧបាទាន​កើត​មាន​ហើយ ភព​ក៏​កើត​មាន​ដែរ សេចក្ដី​រលត់​នៃ​ភព ក៏​ព្រោះ​សេចក្ដី​រលត់​នៃ​ឧបាទាន គឺ​ថា បើ​ឧបាទាន​រលត់​ហើយ ភព​ក៏​រលត់​ដែរ អដ្ឋង្គិកមគ្គ​ជា​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​ភព ។

មួយ​វិញ​ទៀត ព្រះ​អរិយ​សាវក​ដឹង​ច្បាស់​នូវ​ឧបាទានិង​ហេតុ​នាំ​ឱ្យ​កើត​នៃ​ឧបាទាន ដឹង​ច្បាស់​នូវ​សេចក្ដី​រលត់​នៃ​ឧបាទាននិង​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​ឧបាទាន ឯ​ឧបាទាន​ប្រែ​ថា សេចក្ដី​ប្រកាន់​មាំ បាន​ដល់​តណ្ហា​ដែល​មាន​កម្លាំង​ក្លា ឧបាទាន​នោះ​មាន ៤ ប្រការ​គឺ កាមុបាទាន សេចក្ដី​ប្រកាន់​មាំ​ដោយ​កាម ១ ទិដ្ឋុបាទាន សេចក្ដី​ប្រកាន់​មាំ​ដោយ​ទិដ្ឋិ ១ សីលពត្តុបាទាន សេចក្ដី​ប្រកាន់​មាំ​ដោយ​សីល​និង​វត្ត​ខាង​ក្រៅ​ព្រះ​ពុទ្ធ​សាសនា ១ អត្តវាទុបាទាន សេចក្ដី​ប្រកាន់​មាំ​ដោយ​ពាក្យ​របស់​ខ្លួន ១ សេចក្ដី​​កើត​មាន​ឡើង​នៃ​ឧបាទាន ក៏​ព្រោះ​សេចក្ដី​កើត​មាន​ឡើង​នៃ​តណ្ហា គឺ​ថា បើ​តណ្ហា​កើត​មាន​ហើយ ឧបាទាន ក៏​កើត​មាន​ដែរ សេចក្ដី​រលត់​នៃ​ឧបាទាន​ក៏​ព្រោះ​សេចក្ដី​​រលត់​នៃ​តណ្ហា​គឺ​ថា បើ​តណ្ហា​រលត់​ហើយ ឧបាទាន​ក៏​រលត់​ដែរ អដ្ឋង្គិកមគ្គ​ជា​ផ្លូវ​ប្រតិបត្ត​នាំ​ឱ្យ​រលត់​នៃ​ឧបាទាន ។

មួយ​វិញ​ទៀត ព្រះ​អរិយ​សាវក​ដឹង​ច្បាស់​នូវ​តណ្ហានិង​ហេតុ​នាំ​ឱ្យ​កើត​នៃ​តណ្ហា ដឹង​ច្បាស់​នូវ​សេចក្ដី​រលត់​នៃ​តណ្ហានិង​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​តណ្ហា ឯ​តណ្ហា​នោះ​មាន៦ប្រការ​គឺ ​រូប​តណ្ហា សេចក្ដី​ប្រាថ្នា​ឬ​ត្រេក​អរ​ក្នុង​រូប ១ សទ្ទតណ្ហា សេចក្ដី​ប្រាថ្នា​ក្នុង​សំឡេង ១ គន្ធតណ្ហា សេចក្ដី​ប្រាថ្នា​ក្នុង​ក្លិន ១ រសតណ្ហា សេចក្ដី​ប្រាថ្នា​ក្នុង​រស​អាហារ ១ ផោដ្ឋព្វតណ្ហា សេចក្ដី​ប្រាថ្នា​ក្នុង​សម្ផស្ស ១ ធម្មតណ្ហា សេចក្ដី​ប្រាថ្នា​ក្នុង​ធម្មារម្មណ៍ ១ សេចក្ដី​កើត​មាន​នៃ​តណ្ហា​ក៏​ព្រោះ​សេចក្ដី​កើត​មាន​នៃ​វេទនា គឺ​ថា បើ​វេទនា​កើត​មាន​ហើយ តណ្ហា​ក៏​កើត​មាន​ដែរ សេចក្ដី​រលត់​នៃ​តណ្ហា ក៏​ព្រោះ​សេចក្ដី​រលត់​នៃ​វេទនា​គឺ​ថា បើ​វេទនា​រលត់​ហើយ តណ្ហា​ក៏​រលត់​ដែរ អដ្ឋង្គិកមគ្គ​ជា​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​តណ្ហា ។

មួយ​វិញ​ទៀត ព្រះ​អរិយ​សាវក​ដឹង​ច្បាស់​នូវ​វេទនា​និង​ហេតុ​នាំ​ឱ្យ​កើត​វេទនា ដឹង​ច្បាស់​នូវ​សេចក្ដី​រលត់​នៃ​វេទនានិង​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​វេទនា ឯ​វេទនា​នោះ​មាន៦ប្រការ​គឺ ចក្ខុសម្ផស្សជា វេទនា វេទនា​កើត​អំពី​ចក្ខុសម្ផស្ស គឺ​ភ្នែក​ឃើញ​រូប ១ សោតសម្ផស្សជា វេទនា វេទនា​កើត​អំពី​សោត​សម្ផស្ស គឺ​ត្រចៀក​ឮ​សំឡេង ១ ឃានសម្ផស្សជា វេទនា វេទនា​កើត​អំពី​ឃានសម្ផស្ស គឺ​ច្រមុះ​ធំ​ក្លិន ១ ជីវ្ហាសម្ផស្សជា វេទនា វេទនា​កើត​អំពី​ជីវ្ហា​សម្ផស្ស គឺ​អណ្ដាត​លិឍ​​ជញ្ជាប់​រស​អាហារ ១ កាយសម្ផស្សជា វេទនា វេទនា​កើត​អំពី​កាយ​សម្ផស្ស គឺ​កាយ​ប៉ះពាល់​ផោដ្ឋព្វារម្មណ៍ ១ មនោសម្ផស្សជា វេទនា វេទនា​កើត​អំពី​មនោសម្ផស្ស គឺ​ចិត្ត​នឹក​គិត​ពិចារណា​ធម្មារម្មណ៍ ១ សេចក្ដី​កើត​មាន​នៃ​វេទនា ក៏​ព្រោះ​សេចក្ដី​កើត​មាន​នៃ​ផស្សៈ គឹ​ថា បើ​ផស្សៈ​កើត​មាន​ហើយ វេទនា​ក៏​កើត​មាន​ដែរ សេចក្ដី​រលត់​នៃ​វេទនា ក៏​ព្រោះ​សេចក្ដី​រលត់​នៃ​ផស្សៈ គឺ​ថា បើ​ផស្ស​រៈលត់​ហើយ​វេទនា​ក៏​រលត់​ដែរ អដ្ឋង្គិកមគ្គ​ជា​ផ្លូវ​ប្រតិបត្ត​នាំ​ឱ្យ​រលត់​នៃ​វេទនា ។

មួយ​វិញ​ទៀត ព្រះ​អរិយ​សាវក​ដឹង​ច្បាស់​នូវ​ផស្សៈនិង​ហេតុ​នាំ​ឱ្យ​កើត​នៃ​ផស្សៈ ដឹង​ច្បាស់​នូវ​សេចក្ដី​រលត់​នៃ​ផស្សៈនិង​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​ផស្សៈ ឯ​ផស្សៈនោះ​មាន៦ប្រការ​គឺ ចក្ខុសម្ផស្ស ភ្នែក​ឃើញ​រូប ១ សោតសម្ផស្ស ត្រចៀក​ឮ​សំឡេង ១ ឃានសម្ផស្ស ច្រមុះ​ធំ​ក្លិន ១ ជិវ្ហាសម្ផស្ស អណ្ដាត​លិឍ​ជញ្ជាប់​រស​អាហារ ១ កាយសម្ផស្ស កាយ​ប៉ះ​ពាល់​ផោដ្ឋព្វារម្មណ៍ ១ មនោសម្ផស្ស ចិត្ត​គិត​នឹក​ពិចារណា​ធម្មារម្មណ៍ ១ សេចក្ដី​កើត​មាន​នៃ​ផស្សៈ ក៏​ព្រោះ​សេចក្ដី​កើត​មាន​នៃ​សឡាយតនៈ គឺ​ថា បើ​សឡាយតនៈ​កើត​មាន​ហើយ​ផស្សៈ​ក៏​កើត​មាន​ដែរ សេចក្ដី​រលត់​នៃ​ផស្សៈ ក៏​ព្រោះ​សេចក្ដី​រលត់​នៃ​សឡាយតនៈ គឺ​ថា បើ​សឡាយតនៈ​រលត់​ហើយ ផស្សៈ​ក៏​រលត់​ដែរ​ អដ្ឋង្គិកមគ្គ​ជា​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​ផស្សៈ ។

មួយ​វិញ​ទៀត ព្រះ​អរិយ​សាវក​ដឹង​ច្បាស់​នូវ​សឡាយតនៈ​និង​ហេតុ​នាំ​ឱ្យ​កើត​នៃ​សឡាយតនៈ ដឹង​ច្បាស់​នៅ​សេចក្ដី​រលត់​នៃ​សឡាយតនៈ​និង​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​សឡាយតនៈ ឯ​សឡាយតនៈ​នោះ​បាន​ខាង​ឯ​អាយតនៈ៦ប្រការ​គឺ ចក្ខ្វាយតនៈ អណ្ដូង (ជា​ទី​កើត​បុណ្យ​បាប) គឺ​ភ្នែក ១ សោតាយតនៈ អណ្ដូង​គឺ​ត្រចៀក ១ ឃានាយតនៈ អណ្ដូង​គឺ​ច្រមុះ ១ ជិវ្ហាយតនៈ អណ្ដូង​គឺ​អណ្ដាត ១ កាយាយតនៈ អណ្ដូង​គឺ​កាយ ១ មនាយតនៈ អណ្ដូង​គឺ​ចិត្ត ១ សេចក្ដី​កើត​មាន​នៃ​សឡាយតនៈ ក៏​ព្រោះ​សេចក្ដី​កើត​មាន​នៃ​នាម​រូប គឺ​ថា បើ​នាម​រូប​កើត​មាន​ហើយ សឡាយតនៈ​ក៏​កើត​មាន​ដែរ សេចក្ដី​រលត់​នៃ​សឡាយតនៈ ក៏​ព្រោះ​សេចក្ដី​រលត់​នៃ​នាម​រូប គឺ​ថា បើ​នាម​រូប​រលត់​ហើយ សឡាយតនៈ​ក៏​រលត់​ដែរ អដ្ឋង្គិកមគ្គ​ជា​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​សឡាយតនៈ ។

មួយ​វិញ​ទៀត ព្រះ​អរិយសាវក​ដឹង​ច្បាស់​នូវ​នាម​រូបនិង​ហេតុ​នាំ​ឱ្យ​កើត​នៃ​នាម​រូប ដឹង​ច្បាស់​នូវ​សេចក្ដី​រលត់​នៃ​នាម​រូបនិង​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​នាម​រូប ឯ​នាម​នោះ​បាន​ខាង​វេទនា​ចេតសិក សញ្ញា​ចេតសិក​ ចេតនា​ចេតសិក ផស្សចេតសិក និង​មនសិការ​ចេតសិក ឯ​រូប​នោះ​បាន​ខាង​មហាភូត​រូប​ទាំង៤និង​ឧបាទានរូប​ដែល​អាស្រ័យ​នឹង​មហា​ភូត​រូប​នោះ សេចក្ដី​កើត​មាន​នៃ​នាម​រូប ក៏​ព្រោះ​សេចក្ដី​កើត​មាន​នៃ​វិញ្ញាណ គឺ​ថា បើ​វិញ្ញាណ​កើត​មាន​ហើយ នាម​រូប​ក៏​កើត​មាន​ដែរ សេចក្ដី​រលត់​នៃ​នាម​រូប​ក៏​ព្រោះ​សេចក្ដី​រលត់​នៃ​វិញ្ញាណ គឺ​ថា បើ​វិញ្ញាណ​រលត់​ហើយ នាម​រូប​ក៏​រលត់​ដែរ អដ្ឋង្គិកមគ្គ​ជា​ផ្លូវ​ប្រតិបត្ត​នាំ​ឱ្យ​រលត់​នៃ​នាម​រូប ។

មួយ​វិញ​ទៀត ព្រះ​អរិយសាវក​ដឹង​ច្បាស់​នូវ​វិញ្ញាណនិង​ហេតុ​នាំ​ឱ្យ​កើត​នៃ​វិញ្ញាណ ដឹង​ច្បាស់​នូវ​សេចក្ដី​រលត់​នៃ​វិញ្ញាណនិង​ហេតុ​នាំ​ឱ្យ​កើត​នៃ​វិញ្ញាណ ដឹង​ច្បាស់​នូវ​សេចក្ដី​រលត់​នៃ​វិញ្ញាណនិង​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​វិញ្ញាណ ឯ​វិញ្ញាណ​នោះ​គឺ​ចិត្ត ចែក​ទៅ​មាន៦ប្រការ គឺ ចក្ខុវិញ្ញាណ ចិត្ត​អាស្រ័យ​នូវ​ភ្នែក ១ សោតវិញ្ញាណ ចិត្ត​អាស្រ័យ​នូវ​ត្រចៀក ១ ឃានវិញ្ញាណ ចិត្ត​អាស្រ័យ​នូវ​ច្រមុះ ១ ជិវ្ហាវិញ្ញាណ ចិត្ត​អាស្រ័យ​នូវ​អណ្ដាត ១ កាយវិញ្ញាណ ចិត្ត​អាស្រ័យ​នូវ​កាយ ១ មនោវិញ្ញាណ ចិត្ត​អាស្រ័យ​នូវ​មនោទ្វារ ១ សេចក្ដី​កើត​មាន​នៃ​វិញ្ញាណ ក៏​ព្រោះ​សេចក្ដី​កើត​មាន​នៃ​សង្ខារ គឺ​ថា បើ​សង្ខារ​កើត​មាន​ហើយ វិញ្ញាណ​ក៏​កើត​មាន​ដែរ សេចក្ដី​រលត់​នៃ​វិញ្ញាណ​ក៏​ព្រោះ​សេចក្ដី​រលត់​នៃ​សង្ខារ គឺ​ថា បើ​សង្ខារ​រលត់​ហើយ វិញ្ញាណ​ក៏​រលត់​ដែរ អដ្ឋង្គិកមគ្គ​ជា​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​វិញ្ញាណ ។

មួយ​វិញ​ទៀត ព្រះ​អរិយសាវក​ដឹង​ច្បាស់​នូវ​សង្ខារនិង​ហេតុ​នាំ​ឱ្យ​កើត​នៃ​សង្ខារ ដឹង​ច្បាស់​នូវ​សេចក្ដី​រលត់​នៃ​សង្ខារនិង​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​សង្ខារ ឯ​សង្ខារ​នោះ​មាន៣ប្រការ​គឺ កាយសង្ខារ អំពើ​បាប​បុណ្យ​កើត​ដោយ​កាយ ១ វចីសង្ខារ អំពើ​បាប​បុណ្យ​កើត​ដោយ​វាចា ១ ចិត្តសង្ខារ អំពើ​បាប​បុណ្យ​កើត​ដោយ​ចិត្ត ១ សេចក្ដី​កើត​មាន​នៃ​សង្ខារ​ក៏​ព្រោះ​សេចក្ដី​កើត​មាន​នៃ​អវិជ្ជា គឺ​ថា បើ​អវិជ្ជា​កើត​មាន​ហើយ សង្ខារ​ក៏​កើត​មាន​ដែរ សេចក្ដី​រលត់​នៃ​សង្ខារ ក៏​ព្រោះ​សេចក្ដី​រលត់​នៃ​អវិជ្ជា គឺ​ថា បើ​អវិជ្ជា​រលត់​ហើយ សង្ខារ​ក៏​រលត់​ដែរ អដ្ឋង្គិកមគ្គ​ជា​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​សង្ខារ ។

មួយ​វិញ​ទៀត ព្រះ​អរិយសាវក​ដឹង​ច្បាស់​នូវ​អវិជ្ជានិង​ហេតុ​នាំ​ឱ្យ​កើត​នៃ​អវិជ្ជា ដឹង​ច្បាស់​នូវ​សេចក្ដី​រលត់​នៃ​អវិជ្ជានិង​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​អវិជ្ជា សេចក្ដី​មិន​ដឹង​ក្នុង​កង​ទុក្ខ មិន​ដឹង​ក្នុង​តណ្ហា ជា​ហេតុ​បណ្ដាល​ឱ្យ​កើត​កង​ទុក្ខ មិន​ដឹង​ក្នុង​ព្រះ​និព្វាន ​ជា​គ្រឿង​រលត់​នៃ​កង​ទុក្ខ​ មិន​ដឹង​ក្នុង​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​កង​ទុក្ខ ហៅ​ថា អវិជ្ជា សេចក្ដី​កើត​មាន​នៃ​អវិជ្ជា ក៏​ព្រោះ​សេចក្ដី​កើត​មាន​នៃ​អាសវៈ គឺ​ថា បើ​អាសវៈកើត​មាន​ហើយ អវិជ្ជា​ក៏​កើត​មាន​ដែរ សេចក្ដី​រលត់​នៃ​អវិជ្ជា ក៏​ព្រោះ​សេចក្ដី​រលត់​នៃ​អាសវៈ គឺ​ថា បើ​អាសវៈរលត់​ហើយ អវិជ្ជា​ក៏​រលត់​ដែរ ។

មួយ​វិញ​ទៀត ព្រះ​អរិយ​សាវក​ដឹង​ច្បាស់​នូវ​អាសវៈនិង​ហេតុ​នាំ​ឱ្យ​កើត​នៃ​អាសវៈ ដឹង​ច្បាស់​នូវ​សេចក្ដី​រលត់​នៃ​អាសវៈនិង​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​អាសវៈ ឯ​អាសវៈនោះ​មាន៣ប្រការ​គឺ កាមាសវៈ សេចក្ដី​ត្រេក​ត្រអាល​ក្នុង​កាម ១ ភវាសវៈ សេចក្ដី​ត្រេក​ត្រអាល​ក្នុង​ភព ១ អវិជ្ជាសវៈ សេចក្ដី​មិន​ដឹង​ក្នុង​អរិយសច្ច ១ សេចក្ដី​កើត​មាន​នៃ​អាសវៈ​ក៏​ព្រោះ​សេចក្ដី​កើត​មាន​នៃ​អវិជ្ជា គឺ​ថា បើ​អវិជ្ជា​កើត​មាន​ហើយ អាសវៈ​ក៏​កើត​មាន​ដែរ សេចក្ដី​រលត់​នៃ​អាសវៈ ក៏​ព្រោះ​សេចក្ដី​​រលត់​នៃ​អវិជ្ជា គឺ​ថា បើ​វិជ្ជា​រលត់​ហើយ អាសវៈ​ក៏​រលត់​ដែរ អដ្ឋង្គិកមគ្គ​ជា​ផ្លូវ​ប្រតិបត្តិ​នាំ​ឱ្យ​រលត់​នៃ​អាសវៈ ព្រះ​អរិយសាវក​ដឹង​ច្បាស់​យ៉ាង​នេះ​ហើយ ក៏​លះ​បង់​នូវ​រាគានុស័យ​បាន បន្ទោ​បង់​នូវ​បដិឃានុស័យ​បាន ដក​ចោល​នូវ​ទិដ្ឋិ​មានានុស័យ​បាន លះ​បង់​អវិជ្ជា​បាន​ហើយ​ញ៉ាំង​វិជ្ជា​ឱ្យ​កើត​ឡើង ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​ក្នុង​បច្ចុប្បន្ន​នេះ​បាន ព្រះ​អរិយសាវក​ឈ្មោះ​ថា​តាំង​នៅ​ក្នុង​សម្មាទិដ្ឋិ​ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ ទិដ្ឋិ​របស់​ព្រះ​អរិយសាវក​នោះ ក៏​ដើរ​ទៅ​ត្រង់​ក្នុង​ធម៌ ព្រះ​អរិយ​សាវក​នោះ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា មិន​ញាប់​ញ័រ​ក្នុង​ធម៌ រមែង​មក​កាន់​ព្រះ​សទ្ធម្ម​នេះ ។

ចប់​សម្មាទិដ្ឋិសូត្រ​តែ​ប៉ុណ្ណេះ ។

មួយ​វិញ​ទៀត តាម​ទំនង​សាលេយ្យក​សូត្រ គម្ពីរ​មជ្ឈិម​និកាយ​មូល​បណ្ណា​សក សេចក្ដី​ថា សម្មាទិដ្ឋិ​មាន​វត្ថុ ១០ គឺ អត្ថិ ទិន្នំ យល់​ឃើញ​ថា ទាន​ដែល​បុគ្គល​ឱ្យ​ហើយ រមែង​មាន​ផល​ជា​ពិត ១ អត្ថិ យិដ្ឋំ ការ​បូជា​ធំ គឺ​ទាន​ធំ​ជា​សាធារណ​ជន​ជន​ទាំង​ពួង រមែង​មាន​ផល ១ អត្ថិ ហុតំ គ្រឿង​​សក្ការៈ​​ល្មម គឺ​គ្រឿង​សក្ការៈ​ដែល​គួរ​ធ្វើ​ដល់​ភ្ញៀវ រមែង​មាន​ផល ១ អត្ថិ សុកដទុក្កដានំ កម្មានំ ផលំ វិបាកោ ផល​ដែល​ដែល​ហូរ​មក​លើស​លប់និង​ផល​ដែល​ហូរ​មក​ប្រហែល​គ្នា​នឹង​កម្ម របស់​កម្ម​ល្អ​អាក្រក់ រមែង​មាន ១ អត្ថិ អយំ លោកោ  លោក​នេះ​ដែល​សត្វ​ស្ថិត​នៅ​ក្នុង​លោក​ខាង​មុខ​គប្បី​បាន​ដោយ​អំពើ​កម្ម រមែង​មាន ១ អត្ថិ បរោ លោកោ  លោក​ខាង​មុខ​ដែល​សត្វ​ស្ថិត​នៅ​ក្នុង​លោក​នេះ គប្បី​បាន​ដោយ​អំពើ​កម្ម រមែង​មាន ១ អត្ថិ មាតា សេចក្ដី​ប្រតិបត្តិ​ល្អឬ​អាក្រក់ ក្នុង​មាតា រមែង​មាន​ផល​បុណ្យ ឬ​បាប ១ អត្ថិ បិតា សេចក្ដី​ប្រតិបត្តិ​ល្អឬ​អាក្រក់​ក្នុង​បិតា​រមែង​មាន​ផល​បុណ្យឬ​បាប ១ អត្ថិ សត្ថា ឱបបាតិកា សត្វ​ដែល​ច្យុត​ហើយ​ទៅ​ចាប់​កំណើត​ទៀត រមែង​មាន ១ អត្ថិ លោកេ សមណព្រាហ្មណា សម្មគ្គតា សម្មាបដិបន្នា សមណៈ​និង​ព្រាហ្មណ៍​ដែល​ប្រព្រឹត្ត​ល្អ ប្រតិបត្តិ​ល្អ រមែង​មាន​ក្នុង​លោក ១ ។

អង្គ​នៃ​មគ្គ​ទី២ គឺ​សម្មាកម្មន្តៈនោះ​បាន​ខាង​វិតក្ក​ចេតសិក មាន​លក្ខណៈ​ត្រិះ​រិះ​ល្អ គឺ​សេចក្ដី​នឿយ​ណាយ​ធុញ​ទ្រាន់​នឹង​កាម ហើយ​ត្រិះ​រិះ​រក​ផ្លូវ​ចេញ​ចាក​កាម ហៅ​ថា នេក្ខម្មសង្កប្បៈ សេចក្ដី​​ត្រិះ​រិះ​ប្រកប​ដោយ​មេត្តា ឥត​មាន​ព្យាបាទ​ដល់​សត្វ​ដទៃ ហៅ​ថា អព្យាបាទសង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ប្រកប​ដោយ​កុរណា ឥត​មាន​បៀត​បៀន​សត្វ​ដទៃ ហៅ​ថា អវិហឹសាសង្កប្បៈ ។

អង្គ​នៃ​មគ្គ​ទី៣ គឺ​សម្មា​វាចា​នោះ បាន​ខាង​វិរតិ​ចេតសិក ដែល​វៀរ​ចាក​វចីទុក្ចរិត៤ប្រការ គឺ​វចីសុចរិត៤ប្រការ​នោះ​ឯង ។

អង្គ​នៃ​មគ្គ​ទី៤ គឺ​សម្មាកម្មន្តៈ​នោះ បាន​ខាង​វិរតិចេតសិក ដែល​វៀរ​ចាក​កាយ​ទុច្ចរិត៣ប្រការ គឺ​កាយ​សុចរិត៣ប្រការ​នោះ​ឯង ។

ឯ​អង្គ​មគ្គ​ទី៥ គឺ​សម្មាអាជីវៈ​នោះ​បាន​ខាង​វិរតិចេតសិក​ដែល​វៀរ​ចាក​មិច្ចា​ជីវៈ គឺ​ចិញ្ចឹម​ជីវិត​ខុស​ឬ​អាក្រក់ របស់​បព្វជិត​និង​គ្រហស្ថ​ទាំងឡាយ ឯ​មិច្ចា​ជីវៈ​របស់​បព្វជិត​នោះ មាន​ច្រើន​ប្រការ​ណាស់ តែ​ក្នុង​ទី​នេះ សូម​សម្ដែង​តែ​មិច្ឆាជីវៈ គឺ​បាប​ធម៌៥ប្រការ​ល្មម​ជា​តួ​យ៉ាង ឯ​បាប​ធម៌ ៥ ប្រការ​នោះ គឺ កុហនា ១ លបនា ១ នេមិត្តិកតា ១ និប្បេសិកតា ១ លាភេន លាកំ និជិគឹសនតា ១ ឯ​កុហនា​នោះ គឺ​ការ​កុហក ការ​ញ៉ាំង​សត្វ​លោក​ឱ្យ​កោត​ឱ្យ​ស្ងើច ឱ្យ​ជ្រះ​ថ្លា​ដោយ​កុហន​វត្ថុ៣ប្រការ ព្រោះ​ប្រាថ្នា​លាភ​សក្ការៈនិង​សេចក្ដី​សរសើរ ឯ​កុហនវត្ថុ៣ប្រការ​នោះ មាន​មក​ក្នុង​ខុទ្ទកនិកាយ មហា​និទ្ទេស​ថា បច្ចយប្បដិសេវនសង្ខាតំ កុហនវត្ថុ រឿង​កុហក​ពោល​គឺ​ការ​ប្រើ​ប្រាស់​បច្ច័យ​ទាំង​បួន ១ ឥរិយាបថសង្ខាតំ កុហនវត្ថុ រឿង​កុហក​ពោល គឺ​ការ​ខ្សឹប​ខ្សៀវ ១ ។

ឯ​រឿង​កុហក​ពោល​គឺ​ការ​ប្រើ​ប្រាស់​បច្ច័យ​ទាំង៤នោះ គឺ​ភិក្ខុ​មាន​សេចក្ដី​ប្រាថ្នា​ច្រើន កាល​បើ​មាន​ទាយក​គេ​និមន្ត​ដោយ​បច្ច័យ​ទាំង៤ គឺ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានភេសជ្ជៈ ក៏​ត្រូវ​ការ​ណាស់ តែ​ធ្វើ​ហាក់​ដូច​ជា​មិន​ត្រូវ​ការ ក៏​ហាម​ឃាត់​មិន​ទទួល​បច្ច័យ​ទាំង​នោះ ហើយ​និយាយ​ថា ធម្មតា​​សមណៈ​មិន​ត្រូវ​ការ​នឹង​ចីវ​មាន​​តម្លៃ​​ច្រើន​ឡើយ ត្រូវ​ការ​តែ​ចីវរ​ដ៏​សម​គួរ​នឹង​ប្រើ​ប្រាស់ សមណៈ​គប្បី​រើស​យក​តែ​សំពត់​អាក្រក់ៗអំពី​ព្រៃ​ស្មសាន​ក្ដី អំពី​គំនរ​សំរាម​ក្ដី សំពត់​ដែល​ធ្លាក់​ចុះ​ទៀប​រាន​ផ្សារ​ក្ដី មក​ធ្វើ​ជា​ចីវរ​ប្រើ​ប្រាស់ សមណៈ​មិន​ត្រូវ​ការ​នឹង​បិណ្ឌបាត​មាន​តម្លៃ​ច្រើន​ឡើយ ត្រូវ​ការ​តែ​បិណ្ឌបាត​ដ៏​សម​គួរ​នឹង​ឆាន់ សមណៈ​គប្បី​ចិញ្ចឹម​ជីវិត​ដោយ​ដុំ​បាយ​ដែល​ខ្លួន​ត្រាច់​ទៅ​ស្វែង​រក សមណៈ​មិន​ត្រូវ​ការ​នឹង​សេនា​សនៈមាន​តម្លៃ​ច្រើន​ឡើយ ត្រូវ​ការ​តែ​សេនា​សនៈ​ដ៏​សម​គួរ​នឹង​នៅ​អាស្រ័យ សមណៈ​គួរ​តែ​នៅ​អាស្រ័យ​ក្រោម​ម្លប់​ឈើឬ​ព្រៃ​ស្មសានឬ​ទី​វាល​ទំនេរ សមណៈ​មិន​ត្រូវ​ការ​នឹង​គិលាន​ភេសជ្ជៈ​មាន​តម្លៃ​ច្រើន​ឡើយ ត្រូវ​ការ​តែ​គិលាន​ភេសជ្ជៈដ៏​សម​គួរ​នឹង​ប្រើ​ប្រាស់​បាន​សមណៈ​គប្បី​ធ្វើ​ថ្នាំ​ដោយ​ទឹក​នោម​ស្អុយឬ​ផ្លែ​ស្រម៉​ប៉ុណ្ណេះ ថា​ដូច្នេះ​ហើយ ក៏​ប្រើ​ប្រាស់​តែ​ចីវរ​​សៅហ្មង ឆាន់​តែ​បិណ្ឌបាត​សៅហ្មង នៅ​អាស្រ័យ​តែ​សេនា​សនៈសៅហ្មង ប្រើ​ប្រាស់​តែ​គិលានភេសជ្ជៈ​សៅហ្មង ។

ចំណែក​ទាយក​បាន​ដឹង​យ៉ាង​នេះ​ហើយ ក៏​មាន​សេចក្ដី​ជ្រះ​ថ្លា​ដោយ​គិត​ថា សមណៈ​នេះ​មាន​សេចក្ដី​ប្រាថ្នា​តិច ជា​អ្នក​សន្ដោស មាន​សេចក្ដី​ស្ងាត់ ជា​អ្នក​ប្រារព្ធ​ព្យាយាម មាន​ពាក្យ​ជា​ទី​កម្ចាត់​បង់​នូវ​កិលេស​ហើយ​ក៏​រឹង​រឹត​តែ​និមន្ត​ដោយ​បច្ច័យ​ទាំង៤ ។ ភិក្ខុ​នោះ​ក៏​និយាយ​ថា ​កុលបុត្រ​ដែល​មាន​សទ្ធា រមែង​សោយ​បុណ្យ​ជា​ច្រើន ដោយ​ប្រជុំ​នៃ​វត្ថុ​ទាំង៣ គឺ​សទ្ធា ១ ទេយ្យធម៌ ១ ទក្ខិណេយ្យបុគ្គល ១ ចំណែក​សទ្ធា​អ្នក​ទាំងឡាយ​ក៏​មាន​ស្រាប់​ហើយ ទាំង​ទេយ្យធម៌​និង​អាត្មា​ជា​អ្នក​ទទួល​ក៏​មាន​ដែរ បើ​អាត្មា​នឹង​មិន​ទទួល អ្នក​ទាំងឡាយ​ក៏​សាប​សូន្យ​ចាក​បុណ្យ ​អាត្មា​ក៏​មិន​ជា​ត្រូវ​ការ​ដោយ​ទេយ្យ​ធម៌​នេះ​ប៉ុន្មាន​ទេ តែ​ថា ទទួល​ដោយ​សេចក្ដី​អនុគ្រោះ​ដល់​អ្នក​ទាំងឡាយ ថា​ដូច្នេះ​ហើយ​ក៏​ទទួល​បច្ច័យ​ទាំង៤យ៉ាង​ច្រើនៗ អំពើ​ដូច្នេះ​របស់​ភិក្ខុ​នោះ​បាន​ឈ្មោះ​ថា រឿង​កុហក​ពោល​គឺ​ការ​ប្រើ​ប្រាស់​បច្ច័យ​ទាំង៤ ។

ឯ​រឿង​កុហក ពោល​គឺ​ការ​ផ្តត់​ផ្គង់​តម្រង់​ឥរិយា​បថ​ទាំង៤នោះ​ សេចក្ដី​ថា ភិក្ខុ​ពួក​មួយ​ក្នុង​សាសនា​នេះ មាន​សេចក្ដី​ប្រាថ្នា​ច្រើន ប្រាថ្នា​ចង់​ឱ្យ​គេ​សរសើរ​ខ្លួន ក៏​ខំ​ប្រឹង​ផ្គត់​ផ្គង់​តម្រង់​ឥរិយាបថ​ដើរ​ឈរ​អង្គុយ​ដេក​ឱ្យ​ល្អ ធ្វើ​ហាក់​ដូច​ជា​ចូល​កាន់​សមាធិ អំពើ​ដូច្នេះ​របស់​ភិក្ខុ​នោះ​ឈ្មោះ​ថា រឿង​កុហក​ពោល​គឺ​ការ​ផ្គត់​ផ្គង់​តម្រង់​ឥរិយាបថ​ទាំង៤ ។

ឯ​រឿង​កុហក​ពោល​គឺ​ខ្សឹប​ខ្សៀវ​នោះ សេចក្ដី​ថា ភិក្ខុ​ពួក​មួយ​ក្នុង​សាសនា​នេះ មាន​សេចក្ដី​ប្រាថ្នា​ច្រើន ប្រាថ្នា​ចង់​ឱ្យ​គេ​សរសើរ​ខ្លួន​ក៏​និយាយ​ពាក្យ​អាស្រ័យ​នូវ​អរិយ​ធម៌​ថា ភិក្ខុ​ឯ​ណា​ប្រើ​ប្រាស់​ចីវរ​បែប​នេះ ​ភិក្ខុ​នោះ​ជា​សមណៈ​មាន​សក្ដិ​ធំ ភិក្ខុ​ឯ​ណា​ប្រើ​ប្រាស់​បាត្រ ផ្តិល​ទឹក​ធម្មក្រក សំពត់​តម្រង កូន​សោ ស្បែក​ជើង វត្ថពន្ធ​ចង្កេះ សំពត់​អាយោគ​បែប​នេះ ភិក្ខុ​នោះ​ជា​សមណៈ​​មាន​សក្ដិ​ធំ ភិក្ខុ​ឯ​ណា​មាន​ឧបជ្ឈាយ៍​អាចារ្យ​ដើម​បែប​នេះ ភិក្ខុ​នោះ​ជា​សមណៈ​​មាន​សក្ដិ​ធំ ភិក្ខុ​ឯ​ណា​នៅ​ក្នុង​វិហារ អឌ្ឍយោគ​ប្រាសាទ​ជា​ដើម​បែប​នេះ ភិក្ខុ​នោះ​ជា​សមណៈ​មាន​សក្ដិ​ធំ ។

មួយ​វិញ​ទៀត ភិក្ខុ​ដែល​មាន​មុខ​ស្រទំ​ក្រៃ​ពេក មាន​មុខ​ស្រពោន​ក្រៃ​ពេក ញ៉ាំង​សត្វ​លោក​ឱ្យ​ស្ងើច​ក្រៃ​ពេក និយាយ​ពាក្យ​ច្រើន​ក្រៃ​ពេក​គេ​តែង​និយាយ​សរសើរ​ថា សមណៈ​នេះ​បាន​នូវ​វិហារ​សមាបត្តិ​ដ៏​ស្ងប់​រម្ងាប់ ភិក្ខុ​និយាយ​ពាក្យ​ប្រកប​ដោយ​លោកុត្តរ​ធម៌​និង​ព្រះ​និព្វាន ជា​ពាក្យ​ជ្រៅ​កំបាំង​ដ៏​ល្អិត​បែប​យ៉ាង​ដូច្នោះ អំពើ​ដូច្នេះ​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​រឿង​កុហក​គឺ​ការ​ខ្សឹប​ខ្សៀវ ។

ឯ​លបនា​នោះ គឺ​ការ​និយាយ​ពាក្យ​រាក់​ទាក់​ស្រាក​ស្រួល​នឹង​គ្រហស្ថ​ដោយ​សេចក្ដី​ប្រាថ្នា​លាភ​សក្ការៈនិង​សេចក្ដី​សរសើរ ។ ភិក្ខុ​ឃើញ​គ្រហស្ថ​ដើរ​មក​កាន់​វត្ត​ហើយ​និយាយ​រាក់​ទាក់​ថា ម្នាល​អ្នក​ទាំងឡាយ​ដ៌​ចម្រើន អ្នក​ទាំងឡាយ​អញ្ជើញ​មក​ដើម្បី​អ្វី អញ្ជើញ​មក​ដើម្បី​និមន្ត​លោក​ឬ​អ្វី បើ​អញ្ជើញ​មក​ដើម្បី​និមន្ត​លោក ចូរ​ត្រឡប់​ទៅ​វិញ​ចុះ ចាំ​អាត្មា​នាំ​លោក​ទៅ​តាម​ក្រោយ ។

ម្យ៉ាង​ទៀត ភិក្ខុ​និយាយ​អួត​ខ្លួន​ថា អាត្មា​មាន​ឈ្មោះ​ដូច្នេះ ព្រះ​រាជា​រមែង​ជ្រះ​ថ្លា​រាប់​អាន​អាត្មា​ណាស់ ទាំង​រាជ​មហា​មាត្យ​ឯ​នោះ​ក្ដីៗ ក៏​ជ្រះ​ថ្លា​រាប់​អាន​អាត្មា​ណាស់​ដែរ ។

ម្យ៉ាង​ទៀត ភិក្ខុ​និយាយ​លើក​គ្រហស្ថ​ឱ្យ​ខ្ពស់​ថា លោក​កុដុម្ពី​ លោក​នាយ​សំពៅ លោក​ជា​ម្ចាស់​ទាន ។

ម្យ៉ាង​ទៀត ភិក្ខុ​និយាយ​ល្បួង​ចង​ចិត្ត​គ្រហស្ថ​ថា អ្នក​ទាំងឡាយ​ពី​ដើម​ធ្លាប់​ឱ្យ​ទាន​ក្នុង​កាល​នេះ ឥឡូវ​នេះ​ហេតុ​អ្វី​ក៏​មិន​ឱ្យ​ទាន​ទៀត កាល​បើ​គ្រហស្ថ​និយាយ​តប​ទៅ​វិញ​ថា លោក​ម្ចាស់ ខ្ញុំ​មុខ​ជា​នឹង​ឱ្យ​ទាន​ទៀត​ដែរ តែ​ថា ខ្ញុំ​មិន​ទាន់​មាន​ឱកាស កាល​បើ​គ្រហស្ថ​និយាយ​ដូច្នេះ​ហើយ​ភិក្ខុ​នោះ​ក៏​រឹង​រឹត​តែ​និយាយ​លើក​គ្រហស្ថ ចង​ចិត្ត​គ្រហស្ថ​ថែម​ទៀត ។

ម្យ៉ាង​ទៀត ភិក្ខុ​ឃើញ​គ្រហស្ថ​កាន់​ដើម​អំពៅ​ដើរ​មក ក៏​សួរ​ថា​នែ​ឧបាសក ដើម​អំពៅ​នេះ​អ្នក​យក​ពី​ណា​មក ។ គ្រហស្ថ​ឆ្លើយ​ថា​យក​មក​អំពី​ចម្ការ​លោក​ម្ចាស់ ។ ​អំពៅ​ក្នុង​ចម្ការ​នោះ​ផ្អែម​ឬ​ទេ ។ បើ​ចង់​ដឹង​ផ្អែម​ឬ​មិន​ផ្អែម លុះ​តែ​ឆាន់​ទើប​ដឹង លោក​ម្ចាស់ ។ នែ​ឧបាសក​ការ​និយាយ​ឱ្យ​គេ​ប្រគេន​ដូច្នេះ មិន​គួរ​ដល់​ភិក្ខុ​ទេ ។

ម្យ៉ាង​ទៀត ភិក្ខុ​និយាយ​បញ្ជោរ​គ្រហស្ថ​ថា ត្រកូល​នេះ​រមែង​ស្គាល់​អាត្មា​ច្បាស់ បើ​ទេយ្យ​ធម៌​មាន​ក្នុង​ត្រកូល​នេះ ត្រកូល​នេះ​ឱ្យ​ដល់​អាត្មា​មិន​លែង​ឡើយ ។ ការ​និយាយ​មាន​សភាព​ដូច្នេះ បាន​ឈ្មោះ​ថា លបនា ។

ឯនេមិត្តិកតា នោះ​គឺ​ការ​ធ្វើ​និមិត្ត​កម្ម​ឯ​ណា​នីមួយ គឺ​ការ​បញ្ឆិត​បញ្ឆៀង​ដោយ​កាយ​ខ្លះ ដោយ​វាចា​ខ្លះ ជា​ឧបាយ​ញ៉ាំង​បច្ច័យ​ឱ្យ​កើត​ឡើង​ដល់​ខ្លួន ដូច​យ៉ាង​ភិក្ខុ​ដើរ​ទៅ​ឃើញ​កូន​ក្មេង​គង្វាល​គោ ក៏​សួរ​ថា​គោ​ទាំង​អម្បាល​នេះ ជា​គោ​ដែល​មាន​ទឹក​ដោះ​ស្រស់ឬ​ជា​គោ​ដែល​មាន​ទឹក​ដោះ​ជូរ កូន​ក្មេង​ឆ្លើយ​ថា គោ​ដែល​មាន​ទឹក​ដោះ​ស្រស់​ ​លោក​ម្ចាស់ ​ភិក្ខុ​និយាយ​ថា មិន​មែន​ជា​គោ​ដែល​មាន​ទឹក​ដោះ​ស្រស់​ទេ បើ​ជា​គោ​ដែល​មាន​ទឹក​ដោះ​ស្រស់​ពិត​មែន ភិក្ខុ​បាន​ឆាន់​ទឹក​ដោះ​ស្រស់​ហើយ ​ភិក្ខុ​និយាយ​បំភ្លឺ ចាក់​រុក ត្រា​តែ​កូន​ក្មេង​ទាំង​នោះ​នាំ​រឿង​ទៅ​ប្រាប់​មាតា​បិតា ត្រា​តែ​មាតា​បិតា​ឱ្យ​ទឹក​ដោះ​ស្រស់​ដល់​ភិក្ខុ ។

ម្យ៉ាង​ទៀត រឿង​កុលុបក​ភិក្ខុ អ្នក​ប្រាជ្ញ​គប្បី​សម្ដែង​ក្នុង​នេមិត្តិកតា​និទ្ទេស​នេះ​ឯង បាន​ឮ​ថា កុលុបក​ភិក្ខុ​នោះ មាន​ប្រាថ្នា​នឹង​ឆាន់​ភោជនាហារ ហើយ​ក៏​ចូល​ទៅ​អង្គុយ​ក្នុង​ផ្ទះមួយ​ ។ ស្រី​ជា​មេផ្ទះ​បាន​ឃើញ​ភិក្ខុ​នោះ ក៏​គ្មាន​ប្រាថ្នា​នឹង​ឱ្យ​វត្ថុ​អ្វី​សោះ និយាយ​ថា ខ្ញុំ​គ្មាន​អង្ករ​ទេ ។ ហើយ​ក៏​ដើរ​ទៅ​កាន់​ផ្ទះ​ជិត​ខាង ធ្វើ​ហាក់​ដូច​ជា​ទៅ​រក​អង្ករ ។ ភិក្ខុ​ក៏​ចូល​ទៅ​ក្នុង​ល្វែង​ផ្ទះ​គយ​គន់​មើល​ទៅ ឃើញ​ដើម​អំពៅ​នៅ​ក្បែរ​ជ្រុង​សន្ទះ​ទ្វារ​ឃើញ​ស្ករ​អំពៅ​នៅ​ក្នុង​ភាជនៈ ឃើញ​ត្រីងៀត​នៅ​ក្នុង​កញ្ជើ ឃើញ​អង្ករ​នៅ​ក្នុង​ពាង ឃើញ​ទឹក​ដោះ​ថ្លា​នៅ​ក្នុង​ឆ្នាំង ឃើញ​ហើយ​ក៏​ចេញ​មក​អង្គុយ​ធ្វើ​ព្រងើយ ។ ស្រី​ជា​មេផ្ទះ​ត្រឡប់​មក​វិញ​និយាយ​ថា ខ្ញុំ​រក​អង្ករ​មិន​បាន​ទេ ។ ភិក្ខុ​នោះ​និយាយ​ថា នែ​ឧបាសិកា ថ្ងៃ​នេះ​ប្រហែល​ជា​មិន​បាន​ចង្ហាន់​អ្វី​ឆាន់​ទេ ព្រោះ​ថា អំពី​ល្ងាច​មិញ អាត្មា​ឃើញ​សុបិន​និមិត្ត​មិន​ស្រួល ។ ស្រី​ជា​មេផ្ទះ​សួរ​ថា លោក​ម្ចាស់​ឃើញ​សុបិន​និមិត្ត​ដូច​ម្ដេច ភិក្ខុ​ឆ្លើយ​ថា អត្មា​យល់​សប្ន​ឃើញ​ពស់មួយ​ប្រហែល​គ្នា​នឹង​ដើម​អំពៅ​ដែល​នាង​ផ្អែក​ទុក​នៅ​ក្បែរ​ជ្រុង​សន្ទះ​ទ្វារ ហើយ​អត្មា​គយ​គន់​មើល​រក​វត្ថុ​អ្វី​នឹង​ចោល​ពស់​នោះ ក៏​បាន​ឯ​ដុំ​ថ្ម​ប្រហែល​គ្នា​នឹង​ដុំ​ស្ករ​អំពៅ​ដែល​នាង​ទុក​ក្នុង​ភាជនៈ លុះ​បាន​ដុំ​ថ្ម​នោះ​ចោល​ពស់​នោះ​ទៅ ពស់​នោះ​ក៏​បើក​ពពា​ឡើង ពពា​នោះ​ប្រហែល​គ្នា​នឹង​ត្រីងៀត​ដែល​នាង​ទុក​ក្នុង​កញ្ជើ ពស់​នោះ​ក៏​មាន​ប្រាថ្នា​នឹង​ខាំ​ដុំ​ថ្ម​នោះ ហា​មាត់​ឡើង​ក៏​ឃើញ​ធ្មេញ​ប្រហែល​គ្នា​នឹង​អង្ករ​ដែល​នៅ​ក្នុង​ពាង លំដាប់​នោះ ពស់​នោះ​ក៏​ក្រោធ​ខឹង​ឡើង​ទៀត ព្រួស​ពិស​ចេញ​អំពី​មាត់ ទឹក​ពិស​នោះ​ប្រហែល​គ្នា​នឹង​ទឹក​ដោះ​ថ្លា​ដែល​នាង​ដាក់​ក្នុង​ឆ្នាំង ។ ស្រី​ជា​មេផ្ទះ​នោះ​ក៏​គិត​ថា​អាត្មា​អញ​មិន​អាច​នឹង​បញ្ឆោត​សមណៈ​ត្រងោល​នេះ​បាន​ឡើយ ហើយ​ក៏​យក​ដើម​អំពៅ​មក​ប្រគេន រួច​ចម្អិន​បាយ​ប្រគេន​ជា​មួយ​នឹង​ទឹក​ដោះ​ថ្លា​និង​ស្ករ​អំពៅ​និង​ត្រីងៀត ។ អំពើ​ដូច្នេះ​ជា​ដើម​បាន​ឈ្មោះ​ថា នេមិត្តិកតា ។

ឯនិប្បេសិកតា​នោះ សេចក្ដី​ថា ការ​ជេរ​គ្រហស្ថ​ដោយ​អក្កោសវត្ថុ​ទាំង១០ ការ​និយាយ​មើល​ងាយ​គ្រហស្ថ ការ​ត្មះ​តិះ​ដៀល​គ្រហស្ថ​ថា អាមនុស្ស​មិន​មាន​សទ្ធា អាមនុស្ស​មិន​ជ្រះ​ថ្លា​ជា​ដើម និយាយ​ចំអក​ឡក​ឡាយ​ឱ្យ​គ្រហស្ថ និយាយ​ចំអក​ចំអន់​នឹង​គ្រហស្ថ​ថា មនុស្ស​ឯ​ណា​ហុច​សម្ដី​ឱ្យ​ដល់​អ្នក​បួស​ថា គ្មានៗ ដូច្នេះ​ជានិច្ច អ្នក​ទាំងឡាយ​ហៅ​មនុស្ស​នេះ​ថា មិន​មែន​ជា​ទាយក​ដូច​ម្ដេច​បាន ។

ម្យ៉ាង​ទៀត ការ​និយាយ​ដើម​ដៀល​គ្រហស្ថ នាំ​ពាក្យ​អំពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ អំពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ អំពី​ជន​បទ​មួយ​ទៅ​ជន​បទ​មួយ​និយាយ​ពាក្យ​ផ្អែម​ពីរោះ​ក្នុង​ទី​ចំពោះ​មុខ និយាយ​ដើម​អាក្រក់​ក្នុង​ទី​កំបាំង​មុខ ។ អំពើ​ដូច្នេះ​ជា​ដើម​បាន​ឈ្មោះ​ថា និប្បេសិកតា ។

ឯលាភេន លាភំ និជិគឹសនតា នោះ​គឺ​ការ​នាំ​លាភ​ដែល​ខ្លួន​បាន​អំពី​ត្រកូល​ឯ​នេះ ទៅ​ឱ្យ​ត្រកូល​ឯ​នោះ នាំ​អំពី​ត្រកូល​ឯ​នោះ ទៅ​ឱ្យ​ត្រកូល​ឯ​នោះ​ទៀត ដោយ​សេចក្ដី​ប្រាថ្នា​លាភ​សក្ការៈ​និង​សេចក្ដី​សរសើរ ។ ការ​ចិញ្ចឹម​ជីវិត​របស់​បព្វជិត​ដោយ​បាប​ធម៌​ទាំង៥ជា​ដើម​ដូច្នេះ ​ហៅ​ថា មិច្ឆាជីវៈ វៀរ​ចាក​មិច្ឆា​ជីវៈនោះ ហៅ​ថា សម្មាអាជិវៈ ។

ការ​ចិញ្ចឹម​ជីវិត​ខុស​របស់​គ្រហស្ថ ដោយ​ជំនួញ​ទាំង៥ជា​ដើម ហៅ​ថា មិច្ឆាជីវៈ ឯ​ជំនួញ​ទាំង ៥ នោះ​គឺ សត្ថវណិជ្ជា ជំនួញ​សស្រ្តាវុធ ១ សត្តវណិជ្ជា ជំនួញ​មនុស្ស ១ មំសវណិជ្ជា ជំនួញ​សត្វ​ដែល​គេ​ពិឃាត​យក​សាច់ ១ មជ្ជវណិជ្ជា ជំនួញ​ទឹក​ស្រវឹង ១ វិសវណិជ្ជា ជំនួញ​ថ្នាំ​ពិស​ពុល ១ ការ​ចិញ្ចឹម​ជីវិត​ដោយ​ជំនួញ​ទាំង៥ជា​ដើម​ដូច្នេះ ហៅ​ថា មិច្ឆា​ជីវៈ​របស់​គ្រហស្ថ វៀរ​ចាក​មិច្ឆា​ជីវៈ​នោះ ហៅ​ថា សម្មា​អាជីវៈ ។

អង្គ​នៃ​មគ្គ​ទី៦ សម្មាវាយាមៈ​នោះ បាន​ខាង​សម្មប្បធាន​ទាំង៤ គឺ​ព្យាយាម​បិទ​អកុសល​ដែល​មិន​ទាន់​កើត​ឡើង​ក្នុង​សន្ដាន កុំ​ឱ្យ​កើត​ឡើង​បាន ១ ព្យាយាម​លះ​ចោល​អកុសល​ដែល​កើត​ឡើង​ស្រាប់​ហើយ ១ ព្យាយាម​បណ្ដុះ​បណ្ដាល​កុសល​ដែល​មិន​ទាន់​កើត​ឡើង ឱ្យ​ដុះ​ដាល​ឡើង ១ ព្យាយាម​ញ៉ាំង​កុសល​ដែល​កើត​ឡើង​ស្រាប់​ហើយ ឱ្យ​រឹង​រឹត​តែ​ចម្រើន​ច្រើន​ឡើង ១ ។

អង្គ​នៃ​មគ្គ​ទី៧ គឺ​សម្មាសតិ​នោះ បាន​ខាង​សតិបដ្ឋាន​ទាំង៤ គឺ កាយានុបស្សនាសតិបដ្ឋាន ការ​តម្កល់​សតិ​​ក្នុង​ការ​ពិចារណា​កាយ ១ វេទនានុបស្សនាសតិបដ្ឋាន ការ​តម្កល់​សតិ​ក្នុង​ការ​ពិចារណា​វេទនា ១ ចិត្តានុបស្សនាសតិបដ្ឋាន ការ​តម្កល់​សតិ​ក្នុង​ការ​ពិចារណា​ចិត្ត ១ ធម្មានុបស្ស-នាសតិបដ្ឋាន ការ​តម្កល់​សតិ​ក្នុង​ការ​ពិចារណា​ធម៌ ១ ឯ​កាយានុបស្សនាសតិបដ្ឋាន​នោះ សង្គ្រោះ​ដោយ​បព្វៈ៦ គឺ អានាបានបព្វ ១ ឥរិយាបថបព្វ ១ សម្បជញ្ញបព្វ ១ បដិកូលមទសិការបព្វ ១ ធាតុមនសិការបព្វ ១ នវសីវថិកាបព្វ ១  ។

ឯអានាបានបព្វ​នោះ សេចក្ដី​ថា ភិក្ខុ​ពិចារណា​កាយ​គឺ​ខ្យល់​ដក​ដង្ហើម​ចេញ​ចូល កាល​បើ​ដក​ដង្ហើម​ចេញ​ចូល​វែង​ឬ​ខ្លី ក៏​ដឹង​ច្បាស់​ថា​អាត្មា​អញ​ដក​ដង្ហើម​ចេញ​ចូល​វែង​ខ្លី​ជា​ដើម ត្រា​តែ​ឃើញ​ច្បាស់​ថា កាយ​គឺ​ខ្យល់​ដក​ដង្ហើម​ចេញ​ចូល​នេះ ជា​របស់​កើត​ឡើង​និង​វិនាស​ទៅ​ជា​ធម្មតា ។

ឯ​ឥរិយាបថបព្វ​នោះ សេចក្ដី​ថា ភិក្ខុ​ពិចារណា​កាយ​គឺ​ឥរិយាបថ​ទាំង៤ គឺ​ដេក ​ដើរ​ ឈរ ​អង្គុយ កាល​បើ​កំពុង​ដេក​ ដើរ​ ឈរ​ ឬ​អង្គុយ ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​ដេក​ដើរ​ឈរឬ​អង្គុយ ត្រា​តែ​ឃើញ​ច្បាស់​ថា អាត្មា​អញ​ដេក​ ដើរ​​ ឈរ ឬ​អង្គុយ ត្រា​តែ​ឃើញ​ច្បាស់​ថា កាយ​គឺ​ឥរិយា​បថ​ទាំង៤ នេះ​ជា​របស់​កើត​ឡើង​និង​វិនាស​ទៅ​ជា​ធម្មតា ។

ឯ​សម្បជញ្ញបព្វ​នោះ សេចក្ដី​ថា ភិក្ខុ​ធ្វើ​នូវ​សេចក្ដី​ដឹង​ខ្លួន​ក្នុង​កិច្ច​ទាំង​ពួង​គឺ​ដើរ​ឈាន​ទៅ​មុខ ឈាន​ថយ​ក្រោយ​ការ​ក្រឡេក​មើល​ទៅ ក្រឡេក​មើល​មក ការ​បត់​ជើង​ដៃ​ចូល លា​ជើង​ដៃ​ចេញ ការ​ប្រើ​ប្រាស់​បាត្រ​ចីវរ​ ការ​បរិភោគ​អាហារ ការ​ផឹក​ទឹក ការ​ដើរ​ឈរ​អង្គុយ​ដេក​លក់ ភ្ញាក់​រឭក ការ​និយាយ ការ​ស្ងៀម​មិន​និយាយ ត្រា​តែ​ឃើញ​ច្បាស់​ថា កាយ​គឺ​កិច្ច​ទាំង​ពួង​នេះ​ជា​របស់​កើត​ឡើង​និង​វិនាស​ទៅ​ជា​ធម្មតា ។

ឯ​បដិកូល​មន​សិការ​បព្វ​នោះ សេចក្ដី​ថា ភិក្ខុ​ពិចារណា​ឃើញ​ច្បាស់​ក្នុង​កាយ​គឺ​អាការៈ​ទាំង៣២ មាន​សក់​ជា​ដើម ត្រា​តែ​ឃើញ​ច្បាស់​ថា កាយ​គឺ​អាការៈ​​ទាំង៣២នេះ​ ជា​របស់​គួរ​ខ្ពើម​រអើម ជា​របស់​កើត​ឡើង​និង​វិនាស​ទៅ​ជា​ធម្មតា ។

ឯ​ធាតុ​មនសិការ​បព្វ​នោះ សេចក្ដី​ថា ភិក្ខុ​ពិចារណា​ឃើញ​ច្បាស់​ក្នុង​កាយ​គឺ​ធាតុ​ទាំង៤ គឺ​ដី ទឹក ភ្លើង ខ្យល់ ត្រា​តែ​ឃើញ​ច្បាស់​ថា ជា​របស់​កើត​ឡើង​និង​វិនាស​ទៅ​ជា​ធម្មតា ។

ឯ​នវសីវថិកាបព្វ​នោះ សេចក្ដី​ថា ភិក្ខុ​ពិចារណា​ឃើញ​ច្បាស់​ក្នុង​កាយ​គឺ​សាក​ខ្មោច​ដែល​គេ​យក​ទៅ​ចោល​ក្នុង​ទី​ប៉ាឆា​មាន៩ប្រការ ​គឺ​សាក​ខ្មោច​ដែល​ស្លាប់​បាន១ថ្ងៃ​ក្ដី ៣ថ្ងៃ​ក្ដី ក៏​ហើម​ឡើង​មាន​សម្បុរ​ខៀវ​មាន​ទឹក​ខ្ទុះ​ហូរ​ចេញ ១ គឺ​សាក​ខ្មោច​ដែល​សត្វ​មាន​ក្អែក​ត្មាត​ជា​ដើម​ទំពា​ចឹក​ស៊ី​ជា​អាហារ ១ សាក​ខ្មោច​ដែល​នៅ​មាន​រាង​ឆ្អឹង នៅ​មាន​ទាំង​សាច់​ឈាម​មាន​ទាំង​សរសៃ​ជាប់​នៅ ១ សាក​ខ្មោច​ដែល​នៅ​មាន​រាង​ឆ្អឹង តែ​គ្មាន​សាច់ មាន​តែ​ឈាម​ប្រឡាក់​មាន​សរសៃ​ជាប់​នៅ ១ សាក​ខ្មោច​ដែល​នៅ​តែ​រាង​ឆ្អឹង​គ្មាន​សាច់​និង​ឈាម តែ​មាន​សរសៃ​ជាប់​នៅ ១ សាក​ខ្មោច​ដែល​មាន​តែ​ឆ្អឹង​ខ្ចាត់​ខ្ចាយ​រាត់​រាយ គ្មាន​សរសៃ​ទាក់​ចង​គឺ​ឆ្អឹង​ដៃ​នៅ​ទី​ទៃ​ឆ្អឹង​ជើង​នៅ​ទី​ទៃ​ជា​ដើម ១ គឺ​សាក​ខ្មោច​ដែល​នៅ​តែ​ឆ្អឹង​មាន​សម្បុរ​ស​ដូច​ជា​សម្បុរ​សង្ខ ១ សាក​ខ្មោច​ដែល​នៅ​តែ​ឆ្អឹង​ជា​គនរ​កន្លង​ហួស១ឆ្នាំ ១ សាក​ខ្មោច​ដែល​នៅ​តែ​ឆ្អឹង​ពុក​ផុយ​ជា​កម្ទេចៗ ១ ត្រូវ​ជា៩ប្រការ ភិក្ខុ​ពិចារណា​កាយ​គឺ​សាក​ខ្មោច​ទាំង៩ប្រការ​នេះ ប្រៀប​ធៀប​នឹង​កាយ​របស់​ខ្លួន​ថា​កាយ​របស់​អញ​ក៏​ដូច​ជា​សាក​ខ្មោច​នោះ​ដែរ ត្រា​តែ​ឃើញ​ច្បាស់​ថា ជា​របស់​កើត​ឡើង​និង​វិនាស​ទៅ​ជា​ធម្មតា ។

ឯ​វេទនានុបស្សនាសតិបដ្ឋាន​នោះ សេចក្ដី​ថា ភិក្ខុ​ពិចារណា​ឃើញ​ក្នុង​កង​វេទនា កាល​បើ​សោយ​វេទនា​ជា​សុខ ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​សោយ​វេទនា​ជា​សុខ កាល​បើ​សោយ​វេទនា​ជា​ទុក្ខ ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​សោយ​វេទនា​ជា​ទុក្ខ កាល​បើ​សោយ​វេទនា​មិន​​មែន​ទុក្ខ​មិន​មែន​សុខ​គឺ​ជា​ឧបេក្ខា ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​សោយ​វេទនា​មិន​មែន​ទុក្ខ​មិន​មែន​សុខ​ដូច្នេះ​ជា​ដើម ត្រា​តែ​ឃើញ​ថា ជា​របស់​កើត​ឡើង​និង​វិនាស​ទៅ​ជា​ធម្មតា ។

ឯ​ចិត្តានុបស្សនាសតិបដ្ឋាន​នោះ សេចក្ដី​ថា ភិក្ខុ​ពិចារណា​ឃើញ​ច្បាស់​ក្នុង​ចិត្ត កាល​បើ​ចិត្ត​នៅ​ប្រកប​ដោយ​រាគៈ ទោសៈ មោហៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​នៅ​ប្រកប​ដោយរាគៈ ទោសៈ មោហៈ កាល​បើ​ចិត្ត​ប្រាស​ចាករាគៈ ទោសៈ មោហៈ ហើយ​ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រាស​ចាករាគៈ ទោសៈ មោហៈ​ហើយ ដូច្នេះ​ជា​ដើម ត្រា​តែ​ឃើញ​ច្បាស់​ថា ជា​របស់​កើត​ឡើង​និង​វិនាស​ទៅ​ជា​ធម្មតា ។

ឯ​ធម្មានុបស្សនាសតិបដ្ឋាន​នោះ សង្គ្រោះ​ដោយ​បព្វ៥ គឺ នីវរណបព្វ ១ ខន្ធបព្វ ១ អាយតនបព្វ ១ ពោជ្ឈង្កបព្វ ១ សច្ចបព្វ ១    ។ 

ឯ​នីវរណបព្វ​នោះ សេចក្ដី​ថា ភិក្ខុ​ពិចារណា​ឃើញ​ច្បាស់​ក្នុង​ធម៌ គឺ​នីវរណ​ទាំង៥ គឺ កាបច្ឆន្ទ សេចក្ដី​ប្រាថ្នា សេចក្ដី​ស្រឡាញ់​ពេញ​ចិត្ត​ក្នុង​បញ្ចពិធ​កាម​គុណ ១ ព្យាបាទ សេចក្ដី​ព្យាបាទ​គឺ​ញ៉ាំង​ប្រយោជន៍​និង​សេចក្ដី​សុខ​របស់​អ្នក​ដទៃ​ឱ្យ​វិនាស ១ ថីនមិទ្ធ សេចក្ដី​ខ្ជិល​ច្រអូស ១ ឧទ្ធច្ចកុក្កុច្ច សេចក្ដី​រាយ​មាយ សេចក្ដី​ក្ដៅ​ក្រហាយ​រង្កៀស ១ វិចិកិច្ឆា សេចក្ដី​សង្ស័យ​ក្នុង​កុសល​ធម៌ ១ កាល​បើ​កាម​ឆន្ទៈ​មាន​នៅ​ក្នុង​សន្ដាន ក៏​ដឹង​ច្បាស់​ថា កាមឆន្ទៈ​មាន​នៅ​ក្នុង​សន្ដាន​អាត្មា​អញ ដូច្នេះ​ជា​ដើម ត្រា​តែ​ឃើញ​ច្បាស់​ថា ជា​របស់​កើត​ឡើង​និង​វិនាស​ទៅ​ជា​ធម្មតា ។

ឯ​ខន្ធបព្វ​នោះ សេចក្ដី​ថា ភិក្ខុ​ពិចារណា​ឃើញ​ច្បាស់​ក្នុង​ធម៌ គឺ ឧបាទានក្ខន្ធ ទាំង ៥ គឺ រូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ ១ ពិចារណា​ឃើញ​ថា រូប​ដូច្នេះ សេចក្ដី​កើត​ឡើង​នៃ​រូប​ដូច្នេះ សេចក្ដី​រលត់​ទៅ​នៃ​រូប​ដូច្នេះ យ៉ាង​នេះ​ជា​ដើម ត្រា​តែ​ឃើញ​ច្បាស់​ថា ជា​របស់​កើត​ឡើង​និង​​វិនាស​ទៅ​ជា​ធម្មតា ។

ឯ​អាយតនបព្វ​នោះ សេចក្ដី​ថា ភិក្ខុ​ពិចារណា​ឃើញ​ច្បាស់​ក្នុង​ធម៌​គឺ​អាយ​តនៈ​ទាំង១២ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត ៦ នេះ​ហៅ​ថា អាយតនៈ​ខាង​ក្នុង រូប សំឡេង ក្លិន រស សម្ផស្ស ធម្មារម្មណ៍ ៦នេះ ហៅ​ថា អាយតនៈ​ខាង​ក្រៅ ។ ភិក្ខុ​ដឹង​ច្បាស់​នូវ​ភ្នែក​និង​រូប ដឹង​ច្បាស់​នូវ​សំយោជន​ធម៌ ដែល​កើត​ឡើង ព្រោះ​អាស្រ័យ​ភ្នែក​និង​រូប​នោះ​ដូច្នេះ​ជា​ដើម ត្រា​តែ​ឃើញ​ច្បាស់​ថា ជា​របស់​កើត​ឡើង​និង​វិនាស​ទៅ​ជា​ធម្មតា ។

ឯ​ពោជ្ឈង្គបព្វ​នោះ សេចក្ដី​ថា ភិក្ខុ​ពិចារណា​ឃើញ​ច្បាស់​ក្នុង​ធម៌​គឺ​ពោជ្ឈង្គ​ទាំង៧ គឺ សតិសម្ពោជ្ឈង្គ ធម៌​ជា​ហេតុ​នៃ​បុគ្គល​ជា​អ្នក​ត្រាស់​ដឹង​នូវ​អរិយសច្ច គឺ​សតិ ១ ធម្មវិចយសម្ពោជ្ឈង្គ ធម៌​ជា​ហេតុ​នៃ​បុគ្គល​ជា​អ្នក​ត្រាស់​ដឹង​នូវ​អរិយសច្ជ គឺ​បញ្ញា ១ វីរិយសម្ពោជ្ឈង្គ ធម៌​ជា​ហេតុ​នៃ​បុគ្គល​ជា​អ្នក​ត្រាស់​ដឹង​នូវ​អរិយសច្ច ​គឺ​ព្យាយាម ១ បីតិសម្ពោជ្ឈង្គ ធម៌​ជា​ហេតុ​នៃ​បុគ្គល​ជា​អ្នក​ត្រាស់​ដឹង​នូវ​អរិយសច្ច គឺ​បីតិ ១ បស្សទ្ធិសម្ពោជ្ឈង្គ ធម៌​ជា​ហេតុ​នៃ​បុគ្គល​ជា​អ្នក​ត្រាស់​ដឹង​នូវ​អរិយ​សច្ច គឺ​បស្សទ្ធិ ១ សមាធិសម្ពោជ្ឈង្គ ធម៌​ជា​ហេតុ​នៃ​បុគ្គល​ជា​អ្នក​ត្រាស់​ដឹង​នូវ​អរិយសច្ច គឺ​សមាធិ ១ ឧបេក្ខាសម្ពោជ្ឈង្គ  ធម៌​ជា​ហេតុ​នៃ​បុគ្គល​ជា​អ្នក​ត្រាស់​ដឹង​នូវ​អរិយសច្ច គឺ​ឧបេក្ខា ១ កាល​បើ​សតិសម្ពោជ្ឈង្គ​មាន​នៅ​ក្នុង​សន្ដាន ក៏​ដឹង​ច្បាស់​ថា សតិសម្ពោជ្ឈង្គ មាន​នៅ​ក្នុង​សន្ដាន​អាត្មា​អញ​ដូច្នេះ​ជា​ដើម ត្រា​តែ​ឃើញ​ច្បាស់​ថា ជា​របស់​កើត​ឡើង​និង​វិនាស​ទៅ​ជា​ធម្មតា ។

ឯ​សច្ចបព្វ​នោះ សេចក្ដី​ថា ភិក្ខុ​ពិចារណា​ឃើញ​ច្បាស់​ក្នុង​ធម៌​គឺ​អរិយសច្ច​ទាំង៤ គឺ​ដឹង​តាម​ពិត​ថា នេះ​ជា​ទុក្ខ នេះ​ជា​តណ្ហា​នាំ​ឱ្យ​កើត​ទុក្ខ នេះ​ជា​ព្រះ​និព្វាន​ជា​គ្រឿង​រលត់​នៃ​ទុក្ខ នេះ​ជា​ផ្លូវ​ប្រតិបត្តិ​ដំណើរ​ទៅ​កាន់​ព្រះ​និព្វាន​ជា​គ្រឿង​រលត់​នៃ​ទុក្ខ​ដូច្នេះ​ជា​ដើម ត្រា​តែ​ឃើញ​ច្បាស់​ថា ជា​របស់​កើត​ឡើង​និង​វិនាស​ទៅ​ជា​ធម្មតា ។ សតិបដ្ឋាន​ទាំង៤ ដូច​បាន​សម្ដែង​មក​ដោយ​សង្ខេប​នេះ ហៅ​ថា សម្មាសតិ ។

អង្គ​នៃ​មគ្គ​ទី៨ គឺ​សម្មាសមាធិ​នោះ​បាន​ខាង​ឈាន​ទាំង៤ គឺ បឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១   ។ បឋមជ្ឈាន​បាន​ដល់​ចិត្ត​ដែល​ជា​រូបាវចរកុសល ជា​ចិត្ត​ស្ងាត់​ចាក​កាម​ស្ងាត់​ចាក​អកុសល​ធម៌ គឺ​នីវរណ​ទាំង៥ បាន​ខាង​អភិជ្ឈា សេចក្ដី​លោភ​សេចក្ដី​ចង់​បានឬ​កាម​ឆន្ទៈ សេចក្ដី​ប្រាថ្នា​ក្នុង​កាម ១ ព្យាបាទ សេចក្ដី​គុំ​គួន​ធ្វើ​ប្រយោជន៍​និង​សេចក្ដី​របស់​អ្នក​ដទៃ​ឱ្យ​វិនាស ១ ថីនមិទ្ធ​ សេចក្ដី​ច្រអូស​ចិត្ត​ច្រអូស​កាយ​គឺ​សេចក្ដី​ខ្ជិល ១ ឧទ្ទច្ចកុក្កុច្ច សេចក្ដី​រាយ​មាយ​ក្ដៅ​ក្រហាយ​ចិត្ត ១ វិចិកិច្ឆា សេចក្ដី​សង្ស័យ ១ ហើយ​ប្រកប​ដោយ​ធម៌ ៥ គឺ​វិតក្ក ១ វិចារ ១ បីតិ ១ សុខ ១ ឯកគ្គតា ១ ។

ឯ​វិតក្កៈ គឺ​សម្មាសង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ដោយ​ប្រពៃ មាន​លក្ខណៈ​លើក​ចិត្ត​ដាក់​ក្នុង​អារម្មណ៍ និង​ជា​សត្រូវ​ដល់​ថីនមិទ្ធ​ផង ។

ឯ​វិចារៈ គឺ​ការ​ពិចារណា​ត្រួត​ត្រា​អារម្មណ៍ មាន​លក្ខណៈ​ដុស​ខាត់​អារម្មណ៍​ឱ្យ​ភ្លឺ​ថ្លានិង​ជា​សត្រូវ​ដល់​វិចិកិច្ឆា​ផង ។

ឯ​បីតិ គឺ​សេចក្ដី​ត្រេក​អរ មាន​លក្ខណៈ​ញ៉ាំង​កាយ​និង​ចិត្ត​ឱ្យ​ពេញឬ​ឆ្អែត​និង​ជា​សត្រូវ​ដល់​ព្យាបាទ​ផង ។

ឯ​សុខ គឺ​សេចក្ដី​សប្បាយ​ចិត្ត មាន​លក្ខណៈ​ធ្វើ​ចិត្ត​ឱ្យ​ឆ្ងាញ់​ពិសា​ក្នុង​អារម្មណ៍ ដែល​ប្រាស​ចាក​កាម និង​ជា​សត្រូវ​ដល់​ឧទ្ទច្ចកុក្កុច្ច​ផង ។

ឯឯកគ្គតា គឺ​សមាធិ មាន​លក្ខណៈ​មិន​រាយ​មាយ​ឃ្លេង​ឃ្លោង​ទៅ​តាម​អារម្មណ៍ និង​ជា​សត្រូវ​ដល់​កាម​ឆន្ទៈ​ផង ។

ឯ​ទុតិយជ្ឈាន បាន​ដល់​ចិត្ត​ជា​រូបាវចរ​កុសល​ដែល​ឆ្លង​ផុត​អំពី​វិតក្កៈ​និង​វិចារៈ ហើយ​ប្រកប​ដោយ​ធម៌៣ គឺ​បីតិ ១ សុខ ១ ឯកត្តតា ១ ។

ឯតតិយជ្ឈាន បាន​ដល់​ចិត្ត​ជា​រូបាវចរ​កុសល ដែល​ឆ្លង​ផុត​អំពី​បីតិ​ហើយ​ប្រកប​ដោយ​ធម៌ ២ គឺ​សុខ ១ ឯកត្តតា ១ ។

ឯចតុត្ថជ្ឈាន បាន​ដល់​ចិត្ត​ជា​រូបាវចរ​កុសល ដែល​ឆ្លង​ផុត​អំពី​សុខ​ហើយ​ប្រកប​ដោយ​ធម៌២ គឺ​ឧបេក្ខា ១ ឯកត្តតា ១ ។

ម្យ៉ាង​ទៀត តាម​ន័យ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្ដែង​ក្នុង​ឈានវិភង្គ គម្ពីរ​អភិធម្ម ថា ពាក្យ​ដែល​ហៅ​ថា បឋមជ្ឈាន គឺ​ជា​ឈ្មោះ​របស់​ធម៌៥ប្រការ​គឺ វិតក្កៈ ១ វិចារៈ ១ សុខ ១ ចិត្តស្ស ឯកគ្គតា ១ ឬ​ថា រួប​រួម​ធម៌​ទាំង៥នេះ​ឱ្យ​ឈ្មោះ​ថា បឋមជ្ឈាន​ដូច្នេះ​វិញ​ក៏​បាន ។

ពាក្យ​ថា ទុតិយជ្ឈាន​ជា​ឈ្មោះ​របស់​ធម៌៤ប្រការ គឺ សម្សសាទោ សេចក្ដី​ជ្រះ​ថ្លា​ល្អ គឺ​សទ្ធា ១ បីតិ ១ សុខ ១ ចិត្តស្ស ឯកគ្គតា ១ ឬ​ថា រួប​រួម​ធម៌​ទាំង៤ នេះ​ចូល​ជា​ពាក្យ​មួយ ហៅ​ថា ទុតិយជ្ឈាន​ដូច្នេះ​វិញ​ក៏​បាន ។

ពាក្យ​ថា តតិយជ្ឈាន ជា​ឈ្មោះ​របស់​ធម៌៥ប្រការ គឺ ឧបេក្ខា ១ សតិ ១ សម្បជញ្ញ សេចក្ដី​ដឹង​ខ្លួន​ដោយ​ល្អ ១ សុខ ១ ចិត្តស្ស ឯកគ្គតា ១ ឬ​ថា រួប​រួម​ធម៌​ទាំង៥នេះ​ចង​ជា​ពាក្យ​មួយ​ហៅ​ថា តតិយជ្ឈាន ​ដូច្នេះ​វិញ​ក៏​បាន ។

ពាក្យ​ថា​ចតុត្ថជ្ឈាន គឺ​ជា​ឈ្មោះ​របស់​ធម៌៣ប្រការ គឺ ឧបេក្ខា ១ សតិ ១ ចិត្តស្ស ឯកគ្គតា ១ ឬ​ថា រួប​រួម​ធម៌​ទាំង៣នេះ​បញ្ចូល​ជា​ពាក្យ​មួយ​ហៅថា ចតុត្ថជ្ឈាន​ដូច្នេះ​វិញ​ក៏​បាន ។

អរិយមគ្គ​ដូច​បាន​សម្ដែង​មក​នេះ ចាត់​ជា​ព្រហ្មចរិយ​ទី៩ ហៅ​ថា អរិយមគ្គ​ព្រហ្មចរិយ ។

ព្រហ្មចរិយ​ទី១០ គឺ​សាសនៈ (ពាក្យ​ប្រដៅ) នោះ​មាន​មក​ក្នុង​មហា​បរិនិព្វាន​សូត្រ គម្ពីរ​ទីឃនិកាយ មហាវគ្គ មាន​សេចក្ដី​ថា គ្រា​កាល​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជិត​ចូល​បរិព្វាន ក្រុង​មារ​ចូល​មក​អារាធនា​ព្រះ​អង្គ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូម​ព្រះ​អង្គ​បរិនិព្វាន​ទៅ ព្រោះ​កាល​អំពី​ដើម​ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​នឹង​ខ្ញុំ​ថា ម្នាល​មារ គថាគត​មិន​ទាន់​បរិនិព្វាន​ទេ ព្រោះ​ថា ព្រហ្មចរិយ​របស់​តថាគត​មិន​ទាន់​សម្រេច​មិន​ទាន់​បែក​រីក​ផ្សាយ​ទៅ​សព្វ​ទិស គេ​មិន​ទាន់​ដឹង​ស្គាល់​ច្រើន​គ្នា ទេវតា​និង​មនុស្ស​ដែល​ជា​វិញ្ញូជាតិ មិន​ទាន់​សម្ដែង​បាន​ដោយ​ប្រពៃ ក៏​ឥឡូវ​នេះ​ព្រហ្មចរិយា​ធម៌​របស់​ព្រះ​អង្គ​ក៏​សម្រេច​ហើយ បែក​រីក​ផ្សាយ​ទៅ​សព្វ​ទិស​ហើយ គេ​ដឹង​ស្គាល់​ច្រើន​គ្នា​ហើយ ទេវតា​និង​មនុស្ស​ដែល​ជា​វិញ្ញូជាតិ​សម្ដែង​បាន​ដោយ​ប្រពៃ​ហើយ ហេតុ​នេះ​សូម​ព្រះ​អង្គ​បរិនិព្វាន​ទៅ ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា ម្នាល​មារ អ្នក​កុំ​ព្រួយ​អ្វី​មិន​យូរ​ទេ នៅ​តែ៣ខែ​ទៀត តថាគត​បរិនិព្វាន​ហើយ ។ ពាក្យ​ថា ព្រហ្មចរិយ​ក្នុង​ទី​នេះ សំដៅ​យក​សាសនា​ទាំង​មូល សង្គ្រោះ​ដោយ​សិក្ខា​ទាំង៣ គឺ អធិសីលសិក្ខា បាន​ខាង​បាតិមោក្ខសំវរសីល ១ អធិចិត្តសិក្ខា បាន​ខាង​សមាបត្តិ៨ ដែល​ជា​ទី​តាំង​នៃ​វិបស្សនា ១ អធិបញ្ញាសិក្ខា បាន​ខាង​វិបស្សនា​ញាណ​ជា​គ្រឿង​កំណត់​នូវ​ព្រះ​ត្រៃ​លក្ខណ៍ ១ ។ ព្រោះ​ហេតុ​នោះ បាន​ជា​អដ្ឋកថា​ចារ្យ អាង​ពុទ្ធ​ភាសិត​នេះ​ហើយ​បាន​ជា​សម្ដែង​ថា សាសនា​ទាំង​មូល​ជា​ព្រហ្មចរិយ​មួយ​ដែរ ។

ម្យ៉ាង​ទៀត សាសនា​នោះ គឺ​ព្រះ​បរិយត្តិ​ធម៌​ជា​ធម៌​សម្រាប់​រៀន​សូត្រ​ឱ្យ​ស្គាល់​ខុស​ត្រូវ​ល្អ​អាក្រក់​បុណ្យ​បាប និង​ផ្លូវ​ប្រតិបត្តិ​ដំណើរ​ទៅ​កាន់​ព្រះ​និព្វាន​ជា​ទី​បំផុត ឯ​ព្រះ​បរិយត្តិ​ធម៌​នោះ​ចាត់​ជា​ភាសិត​មាន៤ គឺ ពុទ្ធភាសិត ១ សាវកភាសិត ១ ឥសិភាសិត ១ ទេវតាភាសិត ១  ។

ឯ​ពុទ្ធ​ភាសិត​នោះ បាន​ខាង​វិន័យ​បិដក​ទាំង​អស់ អភិធម្ម​បិដក​ទាំង​អស់ និងធម្មបទ ចរិយា​បិដក ឧទាន ឥតិវុត្តក ជាតក សុត្តនិបាត វិមានវត្ថ បេត​វត្ថុ​និង​សូត្រ​ទាំងឡាយ មាន​ព្រហ្ម​ជាល​សូត្រ​ជា​ដើម ។

ឯ​សាវក​ភាសិត បាន​ខាង​ធម៌​ដែល​សាវក​រាប់​បញ្ចូល​ក្នុង​បរិសទ្យ​ទាំង៤ បាន​សម្ដែង​មាន​អនង្គណ​សូត្រ សម្មាទិដ្ឋិ​សូត្រ អនុមាន​សូត្រ​ចុល្លវេទល្ល​សូត្រ មហាវេទ​សូត្រ ជា​ដើម ។

ឯ​ឥសិកាសិត បាន​ខាង​ធម៌​ដែល​ពាហិរបរិព្វាជក គឺ​អ្នក​បួស​ខាង​ក្រៅ​បាន​សម្ដែង មាន​បរិព្វា​ជន​វគ្គ​ទាំង​អស់​ជា​ដើម ។

ឯ​ទេវតា​ភាសិត បាន​ខាង​ធម៌​ដែល​ទេវតា​បាន​សម្ដែង គឺ​ធម៌​មាន​នៅ​ក្នុង ទេវតា​សំយុត្ត ទេវបុត្តសំយុត្ត មារសំយុត្ត ព្រហ្មសំយុត្ត និង​សក្កសំយុត្ត ជា​ដើម ។

ត​អំពី​នេះ​ទៅ​នឹង​ជ្រើស​រើស​យក​គាថា​ផ្សេងៗ មក​សម្ដែង​ដើម្បី​ញ៉ាំង​សាធុជន​ឱ្យ​ជ្រាប​ក្នុង​ភាសិត​ទាំង៤នោះ ។

សេចក្ដី​ថា មាន​ទេវតាមួយ ចុះ​មក​ពោល​គាថា​នេះ​ក្នុង​សម្នាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា

នន្ទតិ  បុត្តេហិ  បុត្តិមា

គោមិកោ  គោហិ តថេវ  នន្ទតិ

ឧបធី  ហិ  នរស្ស នន្ទនា

ន  ហិ  សោ  នន្ទតិ  យោ  និរូបធិ  ។

(ប្រែ​ថា) អ្នក​មាន​កូន​ច្រើន​រមែង​ត្រេក​អរ​នឹង​កូន​ទាំង​ឡាយ អ្នក​មាន​គោ​ច្រើន​រមែង​ត្រេក​អរ​នឹង​គោ​ទាំង​ឡាយ​ដូច​គ្នា ឧបធិ​ គឺ​កាម​គុណ​ទាំង៥ ជា​ទី​ត្រេក​អរ​នៃ​ជន ជន​ឯ​ណា​គ្មាន​ឧបធិ ជន​នោះ​មិន​ត្រេក​អរ​ឡើយ ។

(គា​ថា​នេះ ជា​ទេវតា​ភាសិត)

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ភាសិត​ថា

សោចតិ  បុត្តេហិ  បុត្តិមា

កាមិកោ  គោហិ  តថេវ  សោចតិ

ឧបធី ហិ  នរស្ស  សោចនា

ន  ហិ  សោ  សោចតិ  យោ  និរូបធី  ។

អ្នក​មាន​កូន​ច្រើន​រមែង​សោយ​សោក​នឹង​កូន​ទាំង​ឡាយ អ្នក​មាន​គោ​ច្រើន​រមែង​សោយ​សោក​នឹង​គោ​ទាំង​ឡាយ​ដូច​គ្នា ឧបធិ​ ជា​ទី​សោយ​សោក​នៃ​ជន ជន​ឯ​ណា​គ្មាន​ឧបធិ ជន​នោះ​មិន​សោយ​សោក​ឡើយ ។

(គា​ថា​នេះ​ជា​ពុទ្ធ​ភាសិត)

មាន​ទេវតាមួយ​ ចុះ​មក​ពោល​គាថា​នេះ ក្នុង​សម្នាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា នត្ថិ  បុត្តសមំ  បេមំ នត្ថិ  គោសមិកំ ធនំ នត្ថិ សុរិយសមា អាភា សមុទ្ធបរមា  សរា  ។

(ប្រែ​ថា) សេចក្ដី​ស្រឡាញ់​អ្វី មិន​ស្មើ​នឹង​សេចក្ដី​ស្រឡាញ់​កូន​ឡើយ ទ្រព្យ​អ្វី​​មិន​ស្មើ​នឹង​ទ្រព្យ​គោរព​ឡើយ ពន្លឺ​អ្វី​មិន​ស្មើ​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ឡើយ ស្រះ​ទាំង​ឡាយ​មាន​សមុទ្ទ​ជា​យ៉ាង​ក្រៃ​លែង គឺ​ថា​សមុទ្ទ​ដ៏​ឧត្ដម​ធំ​ទូលាយ​ជាង​ស្រះ​ទាំង​ឡាយ ។

(នេះ​ជា​ទេវតា​ភាសិត)

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ភាសិត​ថា

នត្ថិ  អត្តសមំ  បេមំ  នត្ថិ  ធញ្ញសមំ  ធនំ

នត្ថិ  បញ្ញាសមា  អាភា  វុដ្ឋិ  វេ  បរមា  សរា  ។

(ប្រែ​ថា) សេចក្ដី​ស្រឡាញ់​អ្វី​មិន​ស្មើ​នឹង​សេចក្ដី​ស្រឡាញ់​ខ្លួន ​ទ្រព្យ​អ្វី​មិន​ស្មើ​នឹង​ទ្រព្យ​គឺ​ស្រូវ ពន្លឺ​អ្វី​មិន​ស្មើ​ពន្លឺ​គឺ​បញ្ញា ស្រះ​ទាំង​ឡាយ​មាន​ភ្លៀង​ជា​យ៉ាង​ក្រៃ​លែង គឺ​ថា​ភ្លៀង​ដ៏​ឧត្ដម​ជាង​ស្រះ​ទាំង​ឡាយ ។

(នេះ​ជា​ពុទ្ធ​ភាសិត)

មាន​ទេវតាមួយ​ ចុះ​មក​ពោល​គាថា​នេះ ក្នុង​សម្នាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា

ខត្តិយោ ទិបទំ សេដ្ឋោ  ពលិពទ្ធោ  ចតុប្បទំ  កោមារី   សេដ្ឋា  ភរិយា នំ  យោ  ច បុត្តាន  បុព្វដោ  ។

(ប្រែ​ថា) ក្សត្រ​ប្រសើរ​វិសេស​ជាង​សត្វ​មាន​ជើង​ពីរ សត្វ​គោ​ប្រសើរ​វិសេស​ជាង​សត្វ​មាន​ជើង៤ ភរិយា​ដែល​យក​អំពី​ក្មេង​ប្រសើរ​វិសេស​ជាង​ភរិយា​ទាំង​ឡាយ កូន​ឯ​ណា​កើត​មុន​គេ កូន​នោះ​ប្រសើរ​ជាង​កូន​ទាំង​ឡាយ ។

(នេះ​ជា​ទេវតា​ភាសិត)

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ភាសិត​ថា

សម្ពុទ្ធោ  ទិបទំ  សេដ្ឋោ  អាជានីយោ  ចតុប្បទំ  សុស្សូសា  សេដ្ឋា  ភរិយានំ  យោ ច បុត្តាន-មស្សវោ  ។

(ប្រែ​ថា) ព្រះ​សម្ពុទ្ធ​ប្រសើរ​វិសេស​ជាង​សត្វ​មាន​ជើង​ពីរ សត្វ​អាជា​នេយ្យ​ប្រសើរ​វិសេស​ជាង​សត្វ​មាន​ជើង៤ ភរិយា​ដែល​ស្ដាប់​បង្គាប់​ស្វាមី​ប្រសើរ​វិសេស​ជាង​ភរិយា​ទាំង​ឡាយ កូន​ឯ​ណា​ដែល​ស្ដាប់​បង្គាប់​មាតា​បិតា កូន​នោះ​ប្រសើរ​ជាង​កូន​ទាំងឡាយ ។

(នេះ​ជា​ពុទ្ធ​ភាសិត)

មាន​ទេវតាមួយ​ ចុះ​មក​ពោល​គាថា​នេះ​ក្នុង​សម្នាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា

និន្ទា  តន្ទី  វិជិម្ហិតា អរតី  ភត្តសម្មទោ  ឯតេន  នប្បកាសេតិ  អរិយបគ្គោ ឥធ  បាណិនំ  ។

(ប្រែ​ថា) សេចក្ដី​លក់ សេចក្ដី​ខ្ជិល​ច្រអូស សេចក្ដី​មឹត​ពត់​កាយ សេចក្ដី​អផ្សុក​និង​សេចក្ដី​​ស្រវឹង​បាយ រមែង​មាន​នៅ​ក្នុង​សន្ដាន​នៃ​សត្វ​ អរិយ​មគ្គ​រមែង​មិន​រុង​រឿង មិន​ប្រាកដ​ដល់​សត្វ​ទាំង​ឡាយ ក្នុង​លោក​នេះ​ក៏​ព្រោះ​ធម៌​មាន​សេចក្ដី​លក់​ជា​ដើម​នេះ​ឯង ។

(នេះ​ជា​ទេវតា​ភាសិត)

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ភាសិត​ថា

និទ្ទំ  តន្ទី  វិជិម្ហិតំ  អរតឹ  ភត្ត សម្មទំ

វីរិយេន  នំ  បណាមេត្វា  អរិយមគ្គោ  វិសុជ្ឈតិ  ។

(ប្រែ​ថា) អរិយមគ្គ​តែង​បណ្ដេញ​នូវ​កិលេស​ជាតិ​នោះៗ គឺ​សេចក្ដី​លក់ ១ សេចក្ដី​ខ្ជិល​ច្រអូស ១ សេចក្ដី​មឹត​ពត់​កាយ ១ សេចក្ដី​អផ្សុក ១ សេចក្ដី​ស្រវឹង​បាយ ១ ហើយ​បរិសុទ្ធ​បាន ដោយ​សេចក្ដី​ព្យាយាម ។

(នេះ​ជា​ពុទ្ធ​ភាសិត)

មាន​ទេវតា ១ ចុះ​មក​ក្រាប​ទូល​សួរ​ព្រះ​អង្គ​ថា

កតិ  លោក ស្មឹ បជ្ជោតា  យេហិ លោកោ  បកាសតិ ភគវន្តំ បុជ្ឋុមាគម្ម កថំ ជានេមុ តំ មយំ

(ប្រែ​ថា) លោក​រមែង​ភ្លឺ​ប្រាកដ​ដោយ​ពន្លឺ​ឯ​ណា ពន្លឺ​នោះ​មាន​ប៉ុន្មាន​ក្នុង​លោក​ខ្ញុំ​មក​ដើម្បី​សួរ​ព្រះ​អង្គ ដូច​ម្ដេច​នឹង​ដឹង​រឿង​នោះ​បាន ។

(នេះ​ជា​ទេវតា​ភាសិត)

ព្រះ​អង្គ​ទ្រង់​ភាសិត​ថា

ចត្តារោ លោកេ បជ្ជោតា    បញ្ចមេត្ថ ន វិជ្ជតិ

និវា តបតិ អាទិច្ចោ  រត្តិមាភាតិ ចន្ទិមា

អថ  អគ្គិ ទិវា រត្តឹ     តត្ថ តត្ថ បភាសតិ

សម្ពុទ្ធោ តបតំ សេដ្ឋោ      ឯសា អាភា អនុត្តរា

(ប្រែ​ថា) ពន្លឺ​មាន ៤ ក្នុង​លោក ពន្លឺ​ជា​គម្រប់៥ មិន​មាន​ក្នុង​លោក​នេះ​ឡើយ ព្រះ​អាទិត្យ​ភ្លឺ​ក្នុង​វេលា​ថ្ងៃ ព្រះ​ចន្ទ្រ​ភ្លឺ​ក្នុង​វេលា​យប់ ចំណែក​ភ្លើង​ភ្លឺ​ទាំង​យប់​ទាំង​ថ្ងៃក្នុង​ទី​នោះៗ ព្រះ​សម្ពុទ្ធ ប្រសើរ​វិសេស​ជាង​ពន្លឺ​ទាំង៣នោះ នេះ​ជា​ពន្លឺ​ដ៏​ប្រសើរ ។

(នេះ​ជា​ពុទ្ធ​ភាសិត)

មាន​ទេវតា ១ ចុះ​មក​ក្រាប​ទូល​សួរ​ព្រះ​អង្គ​ថា

ចតុចក្កំ នវទ្វារំ  បុណ្ណំ  លោភេន  សុះយុត្តំ

បង្កជាតំ មហាវីរ កថំ យាត្រា ភវិស្សតិ

(ប្រែ​ថា) បពិត្រ​ព្រះ​អង្គ​មាន​ព្យាយាម​ធំ សរីរៈ​នេះ​មាន​ចក្ក​បួន​គឺ​ឥរិយា​បថ​ទាំង​បួន មាន​ទ្វារ៩ ពេញ​ដោយ​អសុចិ​ប្រកប​ព្រម​ដោយ​លោភៈគឺ​តណ្ហា កើត​អំពី​គឺ​កិលេស នឹង​ចេញ​ទៅ​ឱ្យ​ផុត​អំពី​សរីរៈ​នេះ​ដូច​ម្ដេច​បាន ។

ព្រះ​អង្គ​ទ្រង់​ភាសិត​ថា

ធេត្វា  នទ្វឹ  វរត្តញ្ច  ឥច្ឆាលោភញ្ច  បាបកំ សមូលំ  តណ្ហំ អព្វុយ្ហ  ឯវំ  យាត្រា ភវិស្សតិ   ។

(ប្រែ​ថា) បុគ្គល​កាត់​នៅ​ខ្សែ​ចំណង​និង​ខ្សែ​ព្រត្រ គឺ​ការ​ចង​ពៀរ​ កាត់​នូវ​តច្ចា​លោភ​ដ៏​លាមក ហើយ​ដក​នូវ​តណ្ហា​ព្រម​ទាំង​ឫស​ចោល​ចេញ​ នឹង​ចេញ​ទៅ​ឱ្យ​ផុត​អំពី​សរីរៈ​នេះ ដោយ​ប្រការ​ដូច្នេះ​បាន ។

(នេះ​ជា​ពុទ្ធ​ភាសិត)

មាន​ទេវតា ១ ចុះ​មក​ក្រាប​ទូល​សួរ​ព្រះ​អង្គ​ថា

ឯណិជន្ឈំ  កិសំ វីរំ  អប្បាហារំ អលោលុបំ

សីហំវេកចរំ នាគំ  កាមេសុ អនបេក្ខិនំ

ឧបសង្កម្ម  បុច្ឆាម   កថំ ទុក្ខា  បមុច្ចតិ ។

(ប្រែ​ថា) ខ្ញុំ​ចូល​មក​ក្រាប​ទូល​សួរ​ព្រះ​អង្គ ដែល​មាន​ស្មង​ព្រះ​បាទ​មូល​ល្អ​ដូច​ជា​ស្មង​ជើង​សត្វ​ម្រឹគ​ទ្រាយ មាន​ព្រះ​កាយ​ស្គម​ល្មម​ល្អ មាន​ព្យាយាម​មាន​អាហារ​តិច មិន​មាន​សេចក្ដី​លោភ ត្រាច់​ទៅ​តែ​មួយ​ព្រះ​អង្គ​ឯង​ដូច​ជា​សត្វ​សីហៈ​និង​ដំរី​ដ៏​ប្រសើរ មិន​មាន​សេចក្ដី​ប្រាថ្នា​ក្នុង​កាម​ទាំង​ឡាយ ចុះ​បុគ្គល​រួច​ចាក​ទុក្ខ​បាន ដោយ​ប្រការ​ដូច​ម្ដេច​ទៅ ។

ព្រះ​អង្គ​ទ្រង់​ភាសិត​ថា

បញ្ច  កាមគុណា  លោកេ  មនោធដ្ឋ  បវេទិតា  ឥធ  ធន្ទំ វិរាជិត្វា      ឯវំ ទុក្ខា បមុច្ចតិ  ។

(ប្រែ​ថា) កាម​គុណ​ទាំង៥ មាន​ចិត្ត​ជា​គម្រប់៦ អ្នក​ប្រាជ្ញ​បាន​សម្ដែង​ហើយ​ក្នុង​លោក បុគ្គល​លះ​បង់​នូវ​សេចក្ដី​ប្រាថ្នាក្នុង​កាម​គុណ​នឹង​ចិត្ត​នេះ​ហើយ រមែង​រួច​ចាក​ទុក្ខ​បាន​ដោយ​ប្រការ​ដូច្នេះ

(នេះ​ជា​ពុទ្ធ​ភាសិត)

មាន​ទេវតា ១ ចុះ​មក​ក្រាប​ទូល​សួរ​ព្រះ​អង្គ​ថា

កេសំ ទិវា  ច រត្តោ ច   សទា បុញ្ញំ បវឌ្ឍតិ ធម្មដ្ឋា សីលសម្បន្នា  កេ ជនា សគ្គគាមិនោ

(ប្រែ​ថា) បុណ្យ​តែង​ចម្រើន​សព្វៗកាល​ទាំង​យប់​ទាំង​ថ្ងៃ ដល់​បុគ្គល​ណា​ខ្លះ ជន​ដែល​តាំង​នៅ​ក្នុង​ធម៌​បរិបូណ៌​ដោយ​សីល ទៅ​កាន់​ស្ថាន​សួគ៌​បាន​ឬ​ទេ ។

(នេះ​ជា​ទេវតា​ភាសិត)

ព្រះ​អង្គ​ទ្រង់​ភាសិត​ថា

អារាមរោបា វនរោបា  យេ ជនា  សេតុការកា

បបញ្ច ឧទបានញ្ច   យេ ទទន្តិ ឧបស្សយំ

តេសំ ទិវា ច រត្តោ ច សទា បុញ្ញំ បវឌ្ឍតិ

ធម្មដ្ឋា សីលសម្បន្នា  តេ ជនា សគ្គគាមិនោ ។

(ប្រែ​ថា) ជន​ឯ​ណា​ជា​អ្នក​ដាំ​ច្បារ គឺ​ឈើ​ដែល​មាន​ផ្កា​ផ្លែ​ជា​ប្រយោជន៍ ជា​អ្នក​ថែ​ទាំ​មើល​ឈើ​ដែល​ដុះ​ឡើង​ខ្លួន​ឯង​ក្នុង​ព្រៃ ជា​អ្នក​សាង​ស្ពាន មួយ​វិញ​ទៀត ជន​ឯ​ណា ឱ្យ​នូវ​ទឹក ឱ្យ​នូវ​កន្លែង​សម្រាប់​​ផឹក​ទឹក ​មាន​ស្រះ​និង​អណ្ដូង​ជា​ដើម និង​ទី​លំ​នៅ បុណ្យ​តែង​ចម្រើន​សព្វៗកាល​ទាំង​យប់​ទាំង​ថ្ងៃ​ដល់​ជន​នោះៗ ជន​ដែល​តាំង​នៅ​ក្នុង​ធម៌​បរិបូណ៌​ដោយ​សីល​នោះ រមែង​តែង​កាន់​ស្ថាន​សួរ​បាន ។

(នេះ​ជា​ពុទ្ធ​ភាសិត)

សម័យ​មួយ ព្រះ​មហា​អានន្ទនិមន្ត​ទៅ​បិណ្ឌបាត​ក្នុង​នគរ​សាវត្ថី​ជា​មួយ​នឹង​វង្គីស​ភិក្ខុ ។ ឯ​វង្គីស​ភិក្ខុ ក៏​កើត​មាន​សេចក្ដី​អផ្សុក​ឡើង​មាន​រាគៈ​គ្រប​សង្កត់​ចិត្ត ។ វង្គីស​ភិក្ខុ​ក៏​ពោល​គាថា​នេះ​នឹង​ព្រះ​មហា​អានន្ទ​ថា

កាមរាគេន  ឌយ្ហាមិ  ចិត្តំ  បេ  បរិឌយ្ហតិ  សាធុ  និព្វាបនំ  ព្រូហិ  អនុកម្បាយ  គោតម   ។

(ប្រែ​ថា) ឥឡូវ​នេះ​ខ្ញុំ​ក្ដៅ​ក្រហាយ​ដោយ​កាម​រាគៈ ចិត្ត​របស់​ខ្ញុំ ត្រូវ​កាម​រាគៈ​ដុត​រោល​ឱ្យ​ក្ដៅ​ក្រហាយ បពិត្រ​អានន្ទ​ជា​គោតមគោត្រ សូម​លោក​ប្រាប់​ឧបាយ​ជា​គ្រឿង​រម្លត់​នូវ​កាម​រាគៈ​ដោយ​សេចក្ដី​អនុគ្រោះ ។

ព្រះ​មហា​អានន្ទ​ពោល​ទូន្មាន​ថា

សញ្ញាយ វិបរិយេសា ចិត្តន្តេ  បរិឌយ្ហតិ

និមិត្តំ  បរិវជ្ជេហិ     សុភំ  រាគូបសញ្ហិតំ

សង្ខាប បរតោ  បស្ស ទុក្ខតោ  មា  ច  អត្តតោ

និព្វាបេហិ  មហារាគំ មា ឌយ្ហិត្ថោ  បុនប្បុនំ

អសុភាយ  ចិត្តំ  ភាវេហិ     ឯកគ្គំ  សុសមាហិតំ

សតិ  កាយគតា  ត្យត្ថុនិព្វិទាពហុលោ  ភវ 

អនិមិត្តញ្ច  ភាវេហិ មានានុសយមុជ្ជហ

តតោ  មានាភិសមយា      ឧបសន្តោ  ចរិស្សសិ  ។

(ប្រែ​ថា) ចិត្ត​របស់​លោក​ក្ដៅ​ក្រហាយ ព្រោះ​វិបល្លាស​នៃ​សញ្ញា ​ចូរ​លោក​លះ​បង់​នូវ​និមិត្ត​ថា​ល្អ ដែល​អាស្រ័យ​នូវ​រាគៈ ចូរ​លោក​ពិចារណា​នូវ​សង្ខារ ដោយ​ថា​ជា​របស់​អ្នក​ដ៏ទៃ គឺ​ថា​ជា​របស់​មិន​ទៀង​ដោយ​ថា​ជា​ទុក្ខ កុំ​ពិចារណា​ដោយ​ថា​ជា​របស់​ខ្លួន​ឡើយ ចូរ​លោក​រលត់​នូវ​រាគៈ​ធំ​ចេញ កុំ​ក្ដៅ​ក្រហាយ​ញយៗឡើយ ចូរ​ចម្រើន​ចិត្ត​ដើម្បី​អសុភ​ចិត្ត​នោះ​ក៏​មាន​អារម្មណ៍​តែ​មួយ តាំង​នៅ​ខ្ជាប់​ខ្លួន​ដោយ​ប្រពៃ សតិ​របស់​លោក​ចូរ​តាំង​នៅ​ក្នុង​កាយ ចូរ​លោក​ធ្វើ​ខ្លួន​ឱ្យ​ជា​បុគ្គល​មាន​សេចក្ដី​នឿយ​ណាយ​ច្រើន ចូរ​ចម្រើន​នូវ​វិបស្សនា ដែល​រក​និមិត្ត​គ្មាន ចូរ​លះ​បង់​នូវ​អនុស័យ​គឺ​មានះ ​​លោក​នឹង​បាន​ជា​បុគ្គល​មាន​ចិត្ត​ស្ងប់​រម្ងាប់ ព្រោះ​បាន​ត្រាស់​ដឹង​ដោយ​ការ​ឃើញ នឹង​លះ​បង់​នូវ​មានះក្នុង​កាល​ជា​ខាង​ក្រោយ​មិន​ខាន​ឡើយ ។

(នេះ​ជា​សាវក​ភាសិត)

ក្នុង​កាល​ដ៏​កន្លង​ទៅ​ហើយ ព្រះ​បរម​ពោធិសត្វ​បួស​ជា​តាបស​ឥសី​នៅ​ក្នុង​ប្រទេស​ព្រៃ​ហិមពាន្ត មាន​កូន​ប្រុសមួយ​ បួស​ជា​តាបស​នៅ​ជា​មួយ​ដែរ ។ តាបស​ជា​កូន​នោះ មាន​សេចក្ដី​អផ្សុក​ប្រាថ្នា​នឹង​ចេញ​អំពី​ព្រៃ​ទៅ​នៅ​ក្នុង​ស្រុក ហើយ​ក៏​លាពោធិសត្វ​ជា​បិតា​ទៅ ។ ព្រះ​ពោធិ​សត្វ​ក៏​ទូន្មាន​តាបស​ជា​កូន​ថា

យស្ស  កាយេន  វាចាយ  មនសា  នត្ថិ  ទុក្កដំ  ឧរសីវ  បតិដ្ឋាយ តំ កជេហិ  ឥតោ គតោ

(ប្រែ​ថា) បុគ្គល​ឯ​ណា​គ្មាន​អំពើ​អាក្រក់​ដោយ​កាយ​វាចា​ចិត្ត កូន​ឯង​ទៅ​អំពី​ព្រៃ​នេះ ចូរ​ទៅ​តម្កល់​ខ្លួន​ទុក​ដូច​ជា​កូន​កើត​ចេញ​អំពី​ទ្រូង​ហើយ​សេព​គប់​នឹង​បុគ្គល​នោះ​ចុះ ។

យោ  ច  ធម្មេន  ចរតិ  ចរន្តោបិ  ន  មញ្ញតិ  វិសុទ្ធការី  សប្បញ្ញំ  តំ  ភចេហិ  ឥតោ  តតោ  ។

មួយ​វិញ​ទៀត បុគ្គល​ឯ​ណា​ប្រព្រឹត្ត​តាម​ធម៌ កាល​ដែល​ប្រព្រឹត្ត​ដូច្នោះ ក៏​មិន​មើល​ងាយ​គេ​ឡើយ កូន​ឯង​ទៅ​អំពី​ព្រៃ​នេះ​ទៅ ចូរ​សេព​គប់​នឹង​បុគ្គល​នោះ​ចុះ ព្រោះ​បុគ្គល​នោះ ជា​អ្នក​ធ្វើ​នូវ​កុសល​កម្ម​បថ​ដ៏​បរិសុទ្ធ​ជា​អ្នក​មាន​បញ្ញា ។

(នេះ​ជា​ឥសី​ភាសិត)

ភាសិត​ទាំង៤ ដូច​បាន​សម្ដែង​មក​ដោយ​សង្ខេប​នេះ ជា​សាសនា​ពាក្យ​ប្រដៅ ៗ ដូច​បាន​សម្ដែង​មក​នេះ ចាត់​ជា​ព្រហ្មចរិយ​ទី១០ ហៅ​ថា​សាសន​ព្រហ្មចរិយ  ។

ចប់​ព្រហ្មចរិយកថា តែ​ប៉ុណ្ណេះ ។

ទឹក​បាន​៨ គឺ អម្ពបានំ ទឹក​បាន (ដែល​គេ​ធ្វើ​ដោយ) ផ្លែ​ស្វាយ ១ ជម្ពូបានំ  ទឹក​បាន ផ្លែ​ព្រីង ១ បោច​បានំ ទឹក​បាន​ផ្លែ​ចេក​មាន​គ្រាប់ ១ មោច​បានំ ទឹក​បាន​ផ្លែ​ចេក​ឥត​គ្រាប់​ ១ មធុកបានំ ទឹក​បាន​ផ្លែ​ស្រគំ ​១ មុទ្ទិកបានំ ទឹក​បាន​ផ្លែ​ចន្ទន៍​១ សាលុក​បានំ ទឹក​បាន​មើម​នៃ​ផល​ជាត​មាន​ព្រលឹត​ក្រហម​ជា​ដើម​ ១ ផារុសកបានំ ទឹក​បាន​ផ្លែ​មាក់ប្រាង​ ១ ។

      ទឹក​បាន​៨​ដទៃ​ទៀត​គឺ កោសម្ពបានំ ​ទឹក​បាន​ផ្លែ​សង្ឃ័រ ១ បោលបានំ ទឹក​បាន​ផ្លែ​ពុទ្រា​តូច ពទរបានំ​ទឹក​បាន​ផ្លែ​ពុទ្រា​ធំ​១ ឃតបានំ ទឹក​បាន​ធ្វើ​ដោយ​ទឹក​ដោះ​រាវឬទឹក​ដោះ​ថ្លា ១ តេលបានំ ទឹក​បាន​ធ្វើ​ដោយ​ប្រេង​មាន​ប្រេង​ល្ង​ជា​ដើម ១ បយោបានំ ទឹក​បាន​ធ្វើ​ដោយ​ទឹក​ដោះ​ស្រស់​១ យាគុបានំ​ទឹក​បាន​ធ្វើ​ដោយ​បបរ​១ រសបានំ ទឹក​បាន​ធ្វើ​ដោយ​រសជាតិ​នៃ​វត្ថុ​មាន​បន្លែ​ជា​ដើម​ ១ ។

      ទឹក​បាន​ទាំង​នេះ ជា​ភេសជ្ជៈយាម​កាលិក ភិក្ខុ​ឆាន់​ក្នុង​វិកាល​បាន តែ​ទទួល​ទុក​បាន​ត្រឹម​១​ថ្ងៃ១យប់​ប៉ុណ្ណោះ​យ៉ាង​យូរ បើ​ទុក​ឱ្យ​ហួស​ពី​កាល​កំណត់​នេះ ហើយ​យក​មក​ឆាន់​ត្រូវ​អាបត្តិ​ទុក្កដ ។

ការ​ថ្វាយ​បង្គំ​ដោយ​គោរព ។ ២ ការ​ក្រោក​ទៅ​ទទួល ។ ៣ ការ​លើក​ដៃ​ប្រណម្យ​សំពះ ។ ៤ ការ​ធ្វើ​សេចក្ដី​សមគួរ ។

បុគ្គល​មាន​សីល​អាក្រក់ គឺ​មាន​សីល​ដាច់ – ធ្លុះ – ពពាល – ពព្រុស ឬ​មិន​មាន​សីល ។

អាយុ ​១ ពណ៌​សម្បុរ​កាយ ​១ សេចក្ដី​សុខ ​១ កម្លាំង ​១ ប្រាជ្ញា ​១ ទាំង​៥​នេះ​ហៅ​ថា អានិសង្ស ។

សង្ឃ​ទាំង​ពីរ​ចំណែក គឺ​ភិក្ខុ​សង្ឃ​ ១ ភិក្ខុនី​សង្ឃ​ ១ ។

ទាយក​ទៅ​និមន្ត​អំពី​គណសង្ឃ ដោយ​មិន​ចំពោះ​រូប​ភិក្ខុឬភិក្ខុនី ជា​នាយ​បញ្ជី​កម្ចាត់​អំពី​គណ​សង្ឃ​ទៅ ។

បុគ្គល​គ្រាន់​តែ​រក្សា​គោត្រ​អ្នក​បួស​ឱ្យ​នៅ​ប៉ុណ្ណោះ គ្រាន់​តែ​មាន​ឈ្មោះ​ថា​សមណៈ​ប៉ុណ្ណោះ​គ្មាន​ផ្លូវ​ប្រតិបត្តិ ។

គ្រឿង​ប្រដាប់​សម្រាប់​អភិសេក​ស្ដេច គឺ ខគ្គោ ព្រះ​ខ័ន​ ១ ឆត្តំ ឆត្រ ​១ ឧណ្ហិសំ មកុដ​ឬ​ក្បាំង ​១ បាទុកា ទ្រនាប់​ជើង (ឆ្លង​ព្រះ​បាទ) ១ វាលវីជនី ផ្លិត​រោម​កន្ទុយ​សត្វ ​១ ។

សំពត់​នោះ​មាន​សាច់​ម៉ដ្ឋ​ល្អ មាន​ក្បាច់​ផ្កា​ម្លិះ​នៅ​ក្នុង​ផ្ទៃ​សំពត់​នោះ ។ ២ សំពត់​នោះ​កើត​អំពី​ដើម​កល្បព្រឹក្ស ជា​សំពត់​ទិព្វ គេ​មិន​ត្បាញ​ដោយ​សូត្រ​ឬ​អំបោះ​ឡើយ ។ ៣, ៤ក្ដាប់​ដៃ​ត្រូវ​ ជា​១កុឌវ (កម្បង់) ។ ៤កុឌវ ជា​១​បត្ថ (នាឡិ) ។ ៤បត្ថ ជា​១អាឡ្ហក ។ ៤អាឡ្ហក​ ជា​១​ទោណ ។ ៤ទោណ ជា​១​មានិកា ១ខារិ (អំរែក) ។ ២០ ខារិជា ១ វាហគឺ​១​រទេះ ។

កង​ទុក្ខ ។ ២ តណ្ហា ។ ៣ ព្រះ​និព្វាន ។ ៤ អដ្ឋង្គិកមគ្គ ។

ពាក្យ​ចង្អុល​ទៅ​រក​ព្រះ​ខីណាស្រព​ខាង​ដើម ។

បាលី​សៀវភៅ​សៀម ច្បាប់​សម័យ​ថ្មី​ថា បរិយាយ​ទស្សាវី ។

មិន​បាន​ប៉ះពាល់​ខ្លួន​ឯង​និង​អ្នក​ដទៃ គឺ​មិន​លើក​តម្កើង​ខ្លួន​ឯង ហើយ​បង្អាប់​បង្អោន​អ្នក​ដទៃ​ជា​ដើម ។

គប្បី ដេក ដើរ ឈរ អង្គុយ ។

[1]អាចារ្យ​ខ្លះ ប្រែ​ថា ដើម​ឥន្ទនេល ។

[2]អដ្ឋកថា​ថា​ខ្សែ​នោះ​គេ​យក​ជាតិ​សាច់​​មក​លាយ​នឹង​លម្អិត​ថ្ម​ឈ្មោះ​កុរុវិន្ទក ហើយ​សូន្យ​ឱ្យ​​ជា​ដុំ​ចោះ​ត្រង់​កណ្ដាល​ដោត​ខ្សែ​អំបោះ​​សម្រាប់​កាន់​ចុង​ខ្សែ​ទាំង​សងខាង​ដុស​ខ្នង ក្នុង​វេលា​ងូតទឹក ។ (មាន​ក្នុង​ខុទ្ទក​វត្ថុ​ខន្ធក គម្ពីរ​ចុល្លវគ្គ) ។

[3]–  កវឡិង្ការាហារ នាំ​​មក​នូវ​ឱជដ្ឋ​មក​រូប​គឺ​មាន​ឱជា​ជា​គម្រប់៨ បាន​ខាង​បឋវី ធាតុ​ដី ១ អបោ ធាតុទឹក ១ តេជោ ធាតុ​ភ្លើង ១ វាយោ ធាតុ​ខ្យល់ ១ វណ្ណោ សម្បុរកាយ ១ ​គន្ធោ ក្លិន​កាយ ១ រសោ រស​ជាតិ​របស់​អាហារ​នោះ ១ ឱជា ការ​ញ៉ាំង​អត្ត​ភាព​ឱ្យ​ប្រព្រឹត្ត​ទៅ ឬ​កម្លាំង​កើត​អំពី​រស​អាហារ​នោះ ១ ។

[4]– ផស្សាហារ នាំ​មក​នូវ​វេទនា​ទាំង ៣ គឺ សុខ ទុក្ខ ឧបេក្ខា ។

[5]– មនោសញ្ចេតនាហារ គឺ​កុសល​ចេតនា​ប្រព្រឹត្ត​ក្នុង​ភូមិ​ទាំង ៣ គឺ​កាមាវចរ​ភូមិ ១ រូបាវចរភូមិ ១ អរូបាវចរភូមិ ១ ម្យ៉ាង​ទៀត​នាំ​មក​នូវ​ភព​ទាំង៣ គឺ​កាម​ភព ១ រូប​ភព ១ អរូបភព ១ ។ វិញ្ញាណាហារ គឺ​បដិសទ្ធិ​វិញ្ញាណ​ទាំង១៩ គឺ​បដិសទ្ធិ​វិញ្ញាណ​ក្នុង​អបាយ​ទាំង៤ ដោយ​អហេតុ​អកុសល​វិបាក ១ បដិសទ្ធិ​វិញ្ញាណ​របស់​មនុស្ស​ដែល​ទាប​អាក្រក់​មាន​ភ្នែក​ខ្វាក់​ត្រចៀក​ថ្លង់​អំពី​កំណើត​ជា​ដើម ដោយ​អហេតុ​អកុសល​វិបាក ១ បដិ​សទ្ធិ​វិញ្ញាណ​របស់​មនុស្ស​និង​កាមា​វចរទេវតា ដែល​ល្ងង់​ខ្លៅ​អាប់​ឥត​ប្រាជ្ញា​ដោយ​សោមនស្ស​កាមាវចរ​កុសល​វិបាក ជា​ញ្ញាណ​វិប្បយុត្តស​សង្ខារិក ១ អសង្ខារិក ១ បដិសន្ធិ​វិញ្ញាណ​របស់​មនុស្ស​និង​កាមាវចរ​ទេវតា ដែល​មាន​បញ្ញា​អាស្រ័យ​អ្នក​ដទៃ​ខ្លះ កើត​ឡើង​ដោយ​ខ្លួន​ឯង​ខ្លះ ដោយ​សោមនស្ស​កាមាវចរ​កុសល​វិបាក ជា​ញាណ​សម្បយុត្តស​សង្ខារិក ១ អសង្ខារិក ១ បដិសន្ធិ​វិញ្ញាណ​របស់​មនុស្ស​និង​កាមា​វចរ​ទេវតា​ដែល​ល្ងង់​ខ្លៅ តែ​មាន​សេចក្ដី​ព្យាយាម​ច្រើន​មិន​ខ្ជិល​ច្រអូស ដោយ​ឧបេក្ខា​កាមាវចរ​កុសល​វិបាក ជា​ញាណ​វិប្បយុត្តស​សង្ខារិក ១ អសង្ខារិក ១ បដិសន្ធិវិញ្ញាណ​របស់​មនុស្ស​និង​កាមាវចរ​ទេវតា ដែល​មាន​បញ្ញា​អធ្យាស្រ័យ​នឹង​សេចក្ដី​ព្យាយាម​ល្អ ដោយ​ឧបេក្ខា​កាមា​វចរ​កុសល​វិបាក ជា​ញាណ​សម្បយុត្ថស​សង្ខារិក ១ អសង្ខារិក ១ បដិសន្និវិញ្ញាណ​ទាំង៥របស់​រូប​ព្រហ្ម ដោយ​រូបាវចរ​កុសល​វិបាក​ទាំង៥ មាន​បឋមជ្ឈាន​វិបាក​ជា​ដើម និង​បដិសន្ធិវិញ្ញាណ​ទាំង៤របស់​អរូប​ព្រហ្ម​ទាំង៤ ដោយ​អរូបាវចរ​កុសល​វិបាក មាន​អាកាសានញ្ចាយតន​ជ្ឈាន​វិបាក​ជា​ដើម ។ ម្យ៉ាង​ទៀត​នាំ​មក​នូវ​នាម​រូប​ក្នុង​បដិសន្ធិ ​។

[6]

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៣៨ ខ្សែទី១~១២ — ឆ្នាំ១៩៣៩ ខ្សែទី២~៤


  •  
  •  

បញ្ចេញយោបល់ ៖