វិធី​បង្កក់​ឆ្មប

  •  
  •  

ព្រះមហាពិទូរក្រសេម

ប្រវេណី​ជនជាតិ​ឥណ្ឌា អំពី​ដើម​គេ​ធ្វើ​មង្គល​កិច្ច​ដល់​បុត្ត​ធីតា​តាំង​អំពី​សម្រាល​ហើយ ដរាប​ដល់​អាយុ ៧ ឆ្នាំ​មាន ៥ ដង គឺ​ក្នុង​វេលា​សម្រាល​ហើយ​នេះ​ម្ដង ហៅ​តាម​ភាសា​មគធៈ​ថា បសូតិ​មង្គល ប្រែ​ថា​មង្គល​ក្នុង​វេលា​សម្រាល​ហើយ ។ វេលា​សម្រាល​ហើយ​បាន ៧ ថ្ងៃ​ម្ដង ហៅ​ថា នាមគ្គហណ​មង្គល[១] ប្រែ​ថា មង្គល​ក្នុង​វេលា​ឱ្យ​ឈ្មោះ ។ ក្នុង​វេលា​ចេះ​ដើរ​ម្ដង ហៅ​ថា បទ​សាគមន​មង្គល ប្រែ​ថា មង្គល​ក្នុង​វេលា​ចេះ​ដើរ ។ ក្នុង​វេលា​ចេះ​ស្លៀក​សំពត់​ម្ដង​ ហៅថា ទុសគ្គហណ​មង្គល ប្រែ​ថា មង្គល​ក្នុង​វេលា​ចេះ​ស្លៀក​សំពត់ ។ ក្នុង​វេលា​កាត់​សក់​ជុក​ម្ដង ហៅ​ថា ចូឡារោបន​មង្គល ប្រែ​ថា មង្គល​ក្នុង​វេលា​កាត់​ជុក[២]

ទំនៀម​ខ្មែរ​យើង​អំពី​ដើម ជា​ដូច្នេះ​ដែរ​ឬ​ទេ មិន​អាច​ដឹង​បាន តែ​សព្វ​ថ្ងៃ​នេះ​មាន​ធ្វើ​តែ​ក្នុង​វេលា​សម្រាល​ហើយ​បាន ៣ ថ្ងៃ​ម្ដង ជា​ការ​តូច​បន្តិច​បន្តួច និង​កោរ​សក់​ព្រៃ​កាត់​ជុក ក្រោយ​អំពី​កាត់​ជុក​ហើយ​មាន​ដល់​ចូល​ម្លប់ និង​អាវាហ​វិវាហ​មង្គល​តែ​ម្ដង ។ កិច្ច​ដែល​យើង​រៀប​បង្កក់​ឆ្មប​ក្នុង​វេលា​សម្រាល​ហើយ​បាន ៣ ថ្ងៃ​នោះ បើ​នឹង​ធៀប​ដោយ​មង្គល​របស់​ឥណ្ឌា អាច​ត្រូវ​នឹង​​បសូតិ​មង្គល​ក៏​បាន នាមគ្គហណ​មង្គល​ក៏​បាន ។

របៀប​ដែល​គេ​បង្កក់ឆ្មប សឹង​ពោល​តាម​តម្រា​ចាស់​នោះ​ដូច្នេះ តាម​ប្រក្រតី​ គេ​អាំង​ភ្លើង​តែ​ត្រឹម ៣ ថ្ងៃ​ប៉ុណ្ណោះ​ហើយ​ឈប់​អាំង ហៅ​ថា ទម្លាក់​ចង្ក្រាន ក្នុង​ថ្ងៃ​ទី ៣ នោះ​វេលា​ព្រឹក ​ឆ្មប​ត្រូវ​ទៅ​ឯ​ផ្ទះ​អ្នក​សម្រាល​កូន ដើម្បី​នឹង​ធ្វើ​កិច្ច​ប្រការ​ខ្លះ​បង្ហើយ ហើយ​នឹង​ទទួល​យក​របស់​កំណល់ ។ ខណៈ​ឆ្មប​មក​ដល់ អ្នក​ម្ចាស់​ការ​ត្រូវ​យក​បាយ​សម្ល​មួយ​ថាស​លើក​មក​ប្រគល់​ឱ្យ​ឆ្មប​ហើយ​និង​កូន​ខ្ចី​នោះ​ផង ឆ្មប​ក៏​យក​ទឹក​ខ្មៅ​ដុះ ឬ​ទឹក​ខ្មៅ​សរសេរ​ធម្មតា​នេះ មក​គូ​ជា​ចិញ្ចើម​និង​ជើង​សក់​ឱ្យ​កូន​ខ្ចី​នោះ ឱ្យ​មាន​ទ្រង់​ល្អ ហើយ​ថា​ល្អ​ហើយៗ ដែល​ធ្វើ​ដូច​នេះ​ជា​ប្រផ្នូល​ដើម្បី​ឱ្យ​ទារក​នោះ​មាន​ចិញ្ចើម​និង​ជើង​សក់​ល្អ លំដាប់​នោះ​ឆ្មប​យក​កន្ត្រៃ​កាត់​សក់​ត្រង់​បង្ហើយមួយ​ដុំ​ចេញ ហើយ​ទំពា​ពន្លៃ ចួន​កាល​មាន​ថ្នាំ​ឯ​ទៀត​លាយ​ផង ឱ្យ​ម៉ដ្ឋ​ហើយ​យក​ទៅ​បិទ​ត្រង់​ដែល​កោរ​នោះ ជា​ថ្នាំ​រក្សា​កុំ​ឱ្យ​ធ្លាក់​សម្បោរ​កុំ​ឱ្យ​ផ្ដាសាយ និង​ដើម្បី​ការពារ​ខ្មោច មួយយ៉ាង​ដែល​គេ​ហៅ​ថា ម្ដាយ​ដើម កុំ​ឱ្យ​វា​មក​បៀតបៀន ដោយ​ទម្លាប់​គេ​កាន់​មក​ថា ខ្មោច​នោះ​ខ្លាច​ពន្លៃ ហើយ​ត្រូវ​បិទ​បង្ហូត​ទៅ​ទាល់​តែ​ទារក​នោះ​រឹង​ដៃ​រឹង​ជើង​ទ្រើស​បន្តិច​ឡើង ។ បើ​ជា​កូន​ស្រី​គេ​ចោះ​ត្រចៀក​ក្នុង​វេលា​នេះ​ផង​ក៏​មាន ។ អ្នក​ខ្លះ​គេ​ទុក​យូរ​បន្តិច​ទៅ​ទើប​ចោះ​ក៏​មាន ។ ស្រេច​ហើយ​ក៏​សែន​ព្រេន ដោយ​បាយ​សម្ល​​នោះ​ជា​ប្រយោជន៍​ដល់​គ្រូ​ឆ្មប​ដើម​ថា “ឥឡូវ​នេះ​គេ​បាន​កាត់​សក់​បង្កក់​ឆ្មប​ហើយ សូម​សែន​ក្រយា​នេះ​ដល់​គ្រូ​ឆ្មប សុំ​ឱ្យ​កូន​នេះ​សុខ​សប្បាយ ព្រម​ទាំង​ម្ដាយ​ក៏​ឱ្យ​ធូរ​ដៃ​ធូរ​ជើង ​ស្រួល​អំពី​ថ្ងៃ​នេះ​ទៅ” ហើយ​ចាប់​យក​ម្ហូប​បន្តិចៗគ្រប់​មុខ និង​បាយ​និង​សក់​ដែល​កាត់​នោះ​ដាក់​ចុះ​ក្នុង​កន្ទោង អុជ​ធូប ៣ សរសៃ​ដោត​នឹង​កន្ទោង ឱ្យ​មនុស្ស​ម្នាក់​នាំ​យក​ទៅ​ដាក់​នៅ​ជើង​របង ។ ក្នុង​វេលា​នោះ​ចួន​កាល​គេ​តាំង​ឈ្មោះ​ឱ្យ​កូន​នោះ​ផង អ្នក​ឱ្យ​ឈ្មោះ​នោះ​ចួន​កាល​មាតា​បិតា​ឱ្យ​ខ្លួន​ឯង ចួន​កាល​គេ​រើស​យក​បុគ្គល​ដែល​គួរ​គោរព ដូច​យ៉ាង​ជា​គ្រូ​ជា​អាចារ្យ​ឬ​អ្នក​មាន​បណ្ដា​សក្ដិ​ណា​មួយ សន្មត​ឱ្យ ។  ប៉ុណ្ណោះ​ឈ្មោះ​ថា ស្រេច​កិច្ច​របស់​ឆ្មប​ហើយ ។

លំដាប់​នោះ អ្នក​ម្ចាស់​ការ​ត្រូវ​ចាត់​រៀប​អាហារ​យក​មក​លៀង​ឆ្មប កាល​ឆ្មប​បរិភោគ​ហើយ​ត្រូវ​លើក​យក​របស់​កំណល់​ឆ្មប​ដែលរៀប​ទុក​ពី​ថ្ងៃ​មុន និង​របស់​ដែល​ថែម​ថ្មី ២ មុខ​ទៀត គឺ​មាន់​ស្ងោរ ១ ប្រាក់ ១ រៀល​មក​ជូន​ឆ្មប ហើយ​សាមី​ខ្លួន គឺ​អ្នក​សម្រាល​កូន​ត្រូវ​មក​សុំ​ស្មា​លា​ទោស​នឹង​ឆ្មប ក្នុង​ការ​ដែល​ឆ្មប​ជួយ​ដោះ​ទុក្ខ​ធុរៈ​បាន​នូវ​សេចក្ដី​នឿយ​ហត់ កុំ​ឱ្យ​មាន​ទោស​ពៃរ៍​ដល់​ខ្លួន ។

ឆ្មប​នោះ​វេលា​ទៅ​ផ្ទះ​វិញ ត្រូវ​យក​ដី​ក្នុង​ចង្ក្រាន​ដែល​អាំង​ភ្លើង ២-៣ ដុំ​ទៅ​ផង ជា​គ្រឿង​សម្គាល់​ថា​បាន​ទម្លាក់​ចង្ក្រាន​ហើយ ។ អ្នក​ម្ចាស់​ការ​ត្រូវ​ចាត់​ឱ្យ​ជួយ​នាំ​យក​របស់​កំណល់​ទៅ​ឱ្យ​ដល់​ផ្ទះ​ឆ្មប ។

រណ្ដាប់​បង្កក់​ឆ្មប​ដែល​ពោល​មក​នេះ កំណត់​តាម​ប្រក្រតី​ដែល​គេ​បាន​ធ្វើ​ជា​ធម្មតា មិនមែន​ជា​កំណត់​ទៀងទាត់​ត្រូវ​តែ​មាន​ដូច្នេះ​ទេ បើ​អ្នក​សាមី​ខ្លួន​មាន​សម្បត្តិ​ស្ដុកស្ដម្ភ គេ​អាច​ឱ្យ​ច្រើន​ជាង​នេះ​ទៅ​ក៏​បាន អ្នក​ទ័ល​ក្រ​ចុះ​មក គេ​ឱ្យ​តែ​បន្តិច​បន្តួច ឬ​ឱ្យ​តែ​របស់​ខ្លះ​ក៏​បាន ប្រសិន​ជា​គ្មាន​របស់​ទ្រព្យ​សោះ​ដូច​យ៉ាង​ទៅ​សម្រាល​តាម​ផ្លូវ​តាម​ព្រៃ ឆ្មប​ក៏​ត្រូវ​តែ​ជួយ​សង្គ្រោះ ។

របស់​និង​កិរិយា​ដែល​ធ្វើ​ក្នុង​រឿង​បង្កក់​ឆ្មប​នោះ ដើម្បី​ប្រយោជន៍​អ្វី បាន​អធិប្បាយ​មក​ខ្លះ​ហើយ​ក្នុង​ផ្ទៃ​រឿង ក្នុង​ទី​បំផុត​នេះ​នឹង​អធិប្បាយ​អំពី​ស្រូវ​និង​អង្ករ ។ ស្រូវ​ដែល​គេ​ដាក់​ឱ្យ​ឆ្មប​ជា​គ្រឿង​សម្គាល់​ថា គេ​បាន​ពូជ ពោល​គឺ​កូន​នោះ​ហើយ ប្រៀប​ដូចជា​បាន​ស្រូវ​ពូជ គង់​ជា​នឹង​កើត​កាល​ចម្រើន​តទៅ ស្រូវ​នោះ​ត្រូវ​ឱ្យ​ទៅ​ឆ្មប ព្រោះ​ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​ការ​កើត​រូប​កាយ ។ ឯ​អង្ករ ១ ចាន ប្រាក់ ៤ ប៉ែ ឬ ៤ សេន ទៀន​ស្នែង​ក្របី ជម ៤ នោះ​ជា​របស់​ថ្វាយ​ដល់​គ្រូ​ឆ្មប​ដើម កាល​គ្រូ​ឆ្មប​មិន​យក​ទៅ​ក៏​ត្រូវ​បាន​ដល់​ឆ្មប​ជា​កូន​សិស្ស ។ របស់​ក្រៅ​អំពី​នេះ គ្មាន​អាថ៌​ប្រស្នា​អ្វី​ទេ គេ​ដាក់​ទៅ​ចំពោះ​ដើម្បី​ឱ្យ​ឆ្មប​ប៉ុណ្ណោះ ។

[១] កាល​ព្រះ​ពុទ្ធ​អង្គ​ប្រសូត​បាន ៧ ថ្ងៃ ព្រះ​ពុទ្ធ​បិតា​ក៏​បាន​ធ្វើ​ពិធី​នាមគ្គហណ​មង្គល​នេះ ។

[២] អ្នក​ខ្លះ​គេ​ហៅ​ថា សក់​កំប៉ោយ ។

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី១


  •  
  •  

បញ្ចេញយោបល់ ៖