សប្បុរិសធម៌​ ពាក្យ​កាព្យ

  •  
  •  

បាន-តេង
អារម្ភកថា

 រឿងសប្បុរិសធម៌នេះ ខ្ញុំបាទមានមនោគតិគិតផ្ដើមឡើងដោយឃើញថា ជាឧបការគុណដ៏ឧត្ដម សម្រាប់ពុទ្ធបរិស័ទ្ធដែលត្រូវការ ។

 ប៉ុន្តែធម៌នេះ ចំពូកប្រាជ្ញាជាន់ខ្ពស់លោកបានប្រែពីបាលីធ្វើជាសេចក្ដីអធិប្បាយជាធម្មទានក៏មាន តែងជាពាក្យសម្រាយចុះសៀវភៅ សម្រាប់ឱ្យមើលផ្ទាល់ខ្លួនក៏មាន នោះពុទ្ធបរិស័ទទាំងឡាយសឹងបានជ្រាបខ្លះហើយ ។

 ឥឡូវនេះ ខ្ញុំបាទតែងជាពាក្យកាព្យវិញដើម្បីជាការស្រួលសម្រាប់ពុទ្ធបរិស័ទចំពូកខ្លះដែលត្រូវការស្ដាប់ពាក្យកាព្យ អាចឱ្យបំបាត់នូវសេចក្ដីធុញទ្រាន់ក្នុងការមើលការស្ដាប់បរិយវាទពុទ្ធភាសិតនេះផង ។

 អវសានវាទនេះ ខ្ញុំបាទសូមប្រតិបត្តិថា សប្បុរិសធម៌ដែលខ្ញុំបាទតែងនេះ ប្រហែលជាខាតខ្វះលើសលស់ក្នុងបទឯណានីមួយខ្លះ ។

 ប៉ុន្តែខ្ញុំបាទសង្ឃឹមថាមុខជាបានទទួលសេចក្ដីអភ័យអំពីពុទ្ធបរិស័ទទាំងឡាយពុំខាន ។

 

សាហត្ថិកនាម

បាន-តេង

សប្បុរិសធម៌​ ពាក្យ​កាព្យ

សូម​ពោល​សូត្រ​ពុទ្ធឱស្ឋ​ប្រោស​ទូន្មាន ក្នុង​បករណៈ​អង្គុត្តរ​ជា​ប្រធាន កែ​កាព្យ​អត្ថ​បដិភាណ​វោហារ ។ នាម​ព្រះ​សូត្រ​សប្បុរិស​ធម្មោ គឺ​ជា​ឱវាទ​ពុទ្ធវិចារណ៍ ប្រទាន​ជា​ប្រយោជន៍​យ៉ាង​ពិស្ដារ បរិហារ​សព្វ​សត្វ​ឱ្យ​បាន​សុខ ។ មាន​ចំនួន​សត្តបទ​កំណត់​ប្រាប់ បាន​សារសព្ទ​អធិប្បាយ​ជា​បែប​ទុក ឱ្យ​មនុស្ស​ភ្ញាក់​កំណើត​ឆើត​ទៅ​មុខ ស្គាល់​វិថី​ផ្លូវ​សុខ​សប្បុរស ។ នឹង​សាធក​លើក​រឿង​ឡើង​ជា​អាទិ៍ សូម​ផ្ទៀង​សោត​ប្រសាទ​ស្ដាប់​ឱ្យ​អស់ ផ្ចង់​សតិន្ទ្រីយំ​តាំង​សោមនស្ស ខំ​រលាស់​ដោះ​ចិត្ត​ចាក​កង្វល់ ។

ធម្មញ្ញូ​គួរ​ដឹង​កំណើត​ហេតុ គ្រប់​ប្រភេទ​គឺ​ហេតុ​បង្កើត​ផល ទាំង​ផែន​ភព​សព្វ​សត្វ​សេព​ឥត​សល់ ដឹង​មិន​ដល់​ដោយ​ខ្លៅ​ដៅ​តែ​ស្មាន ។ ហេតុ​នោះ​ឬ​គឺ​កម្ម​ដែល​កសាង មាន​ពីរ​យ៉ាង​គួរ​យល់​សមុដ្ឋាន កម្ម​អាក្រក់​និង​ល្អ​ប្រចាំ​ប្រាណ ធ្វើ​ប៉ុន្មាន​បាន​ប៉ុណ្ណឹង​កុំ​ប្រឹង​ឆ្ងល់ ។ ចិត្ត​ខិលខូច​ផ្ដួចផ្ដើម​ថ្លើម​ថ្លោស​កាច យ៉ាង​នេះ​ប្រាជ្ញ​ប្រាប់​ថា​អកុសល អ្នក​ណា​សាង​អ្នក​នោះ​ឯង​សោយ​ផល ជាប់​សកល​កាយ​ស្ញែ​ដូច​ស្លែ​កាន់ ។ ប្រព្រឹត្ត​ត្រឹមត្រង់​ត្រូវ​ផ្លូវ​សុចរិត នោះ​បណ្ឌិត​ហៅថា​កុសល​ក្ខន្ធ ត្រូវ​ត្រង់​ត្រាប់​ត្រិះ​គិត​ឱ្យ​កើត​ឆន្ទ គង់​ចួប​សន្តិសុខ​សថាពរ ។ យើង​ជា​អ្នក​ស្វែង​មគ្គ​ឱ្យ​ជាក់​ហេតុ នឹង​ប្រភេទ​ភូមិ​ផល​កុំ​ខ្វល់​វរ ឥឡូវ​នេះ​លើក​កម្ម​ឡើង​ឧទ្ធរណ៍ ផ្ដើម​សុន្ទរ​វាទតខ​សំណៅ ។ សូម​កវី​ប្រីជា​ចេះ​ចំណាន ជួយ​ប្រោស​ប្រាណ​ពន្យល់​ដល់​ជន​ខ្លៅ ក្នុង​ធម្មញ្ញុតា​តាម​សំណៅ ប្រោស​ប្រដៅ​ដុស​ខាត់​អធ្យាស្រ័យ ។

ក្នុង​អត្ថញ្ញុតា​ថា​ដឹង​ផល គួរ​សម្គាល់​វាទី​វិនិច្ឆ័យ ព្រោះ​តួ​ហេតុ​ប្រភេទ​ដើម​និស្ស័យ ជា​បច្ច័យ​ដូច​ឧស​និង​អគ្គី ។ ប្រៀប​ដូច​ធ្វើ​អំពី​កម្ម​អាក្រក់ ផល​ខ្វក់​ល្អក់​ក៏​ដក់​ក្នុង​ឥន្ទ្រិយ អំពល់​ចិត្ត​ឥត​សុខ​ទុក្ខ​ពេញ​ទី គ្មាន​វិថី​ណា​ថយ​ឱ្យ​ស្រាកស្រាន្ត ។ បើ​ធ្វើ​ល្អ​ផល​ល្អ​កំដរ​កាយ ឱ្យ​សប្បាយ​សម​បែប​សេព​សុខ​សាន្ត ក្រ​ក៏​ខ្ចាត់​ខ្សត់​ក៏​ខ្ចាយ​ឆ្ងាយ​ចាក​ប្រាណ សុខ​សម្រាន្ត​​រាល់​ទិន​មិន​ស្រាក​ស្រន់ ។ កាល​សុខ​ទុក្ខ​មក​ដល់​ចូរ​ប្រុង​ចិត្ត រំឭក​គិត​រំពឹង​ដឹង​ឱ្យ​ទាន់ ទាំង​គេ​យើង​ក្នុង​ភព​រាប់​ម៉ឺន​ពាន់ ទុក​តែ​ជាន់​សុខ​តាម​ជួយ​តែ​រាល់​គ្នា ។ ត្រូវ​ពិនិត្យ​សមុទ័យ​ទោស​ទុច្ចរិត ដែល​បាំង​បិទ​ឥត​ភ្លឺ​គឺ​អវិជ្ជា បើ​ជម្រះ​ឱ្យ​ជ្រះ​ពី​អង្គា វេទនា​គង់​ស្ងប់​រម្ងាប់​កាយ ។ កាល​ចិត្ត​កាច​កើត​ឡើង​យើង​លះ​ចេញ ត្រូវ​បំពេញ​មេត្តា​ករុណា​ផ្សាយ ទើប​បាន​សេព​សន្តិសុខ​សប្បាយ អង្វែង​ឆ្ងាយ​តទៅ​ហៅ​ផល​ល្អ ។ ស្គាល់​​ធម៌​ពីរ​នេះ​ពេញ​ជា​ស្គាល់​ត្រូវ ព្រោះ​ដង​ផ្លូវ​ត្រូវ​កើត​ទ្រព្យ​រក​ក្រ ធម្មញ្ញូ​គួរ​ដឹង​ថា​ដើម​ខ អត្ថញ្ញូ​លោក​សរ​ប្រាប់​ថា​ចុង ។ ឯ​ស្គាល់​ដើម​គឺ​ស្គាល់​ប្រធាន​ហេតុ កំណត់​ខេត្ត​ខណ្ឌ​គ្នា​ជា​ក្រៅ​ក្នុង ការ​ស្គាល់​ផល​ត្រូវ​យល់​ដល់​ស្គាល់​ចុង ត​ពី​ក្នុង​តួ​ហេតុ​ប្រភេទ​ចាស់ ។

ក្នុង​អត្តញ្ញុតា​ថា​ស្គាល់​ខ្លួន ត្រូវ​ចេះ​ស្ងួន​ស្ងប់​ស្ងៀម​ចៀម​កេរ្តិ៍​ខ្មាស ប្រុង​ប្រយត្ន​មារយាទ​ជាតិ​ពុទ្ធសាសន៍ មើល​ឱ្យ​ច្បាស់​ច្បាប់​ធម៌​ប្រដៅ​កាយ ។ ឱ្យ​ដឹង​ខ្លួន​ដោយ​ជាតិ​ត្រកូល​កើត ពូជ​កំណើត​ក្រុង​ស្រែ​សែស្រឡាយ សម្បូណ៌​ទ្រព្យ​សម្បត្តិ​ឬ​ខ្សត់​ចាយ កំណត់​កាយ​ឱ្យ​ជាក់​ជា​ធម្មតា ។ លុះ​កំណត់​ដឹង​ជាតិ​ដឹង​កំណើត ដែល​យើង​កើត​នៅ​ក្នុង​ពូជ​ពង្ស​ណា ហើយ​ដាក់​ទុក​ខ្លួន​ប្រាណ​ប្រើ​កិរិយា ឱ្យ​សម​តាម​អត្តា​ជា​ការ​គួរ ។ កុំ​ធ្វើ​បែប​ទូក​មាត់​ចង្អៀត​ព្រែក វា​កន្ទែក​ចូក​ចែវ​មិន​ត្រូវ​ជួរ មួយ​គប្បី​កំណត់​វិជ្ជា​គួរ ឱ្យ​ស្គាល់​ខួរ​ក្បាល​ខ្លួន​ជា​ល្ងង់​ឆ្លាត ។ បើ​ដឹង​ខ្លួន​ថា​ខ្លួន​ជា​មនុស្ស​ល្ងង់ កុំ​ទ្រនង់​ទ្រនើស​ទ្រើស​ហួស​ខ្នាត លើ​ផែនដី​ក្រ​អ្វី​ប្រាជ្ញ​ឆ្លៀវឆ្លាត ត្រូវ​សង្វាត​យក​ជា​គ្រូ​អាចារ្យ ។ តែ​បន្ធំ​ចិត្ត​ខ្លួន​ខ្លាំង​វា​ខ្លៅ អាច​ហ្មងសៅ​សូន្យ​សព្វ​ទ្រព្យ​ខ្លឹមសារ បើ​សម្បូណ៌​សម្បត្តិ​បរិវារ កុំ​ឱឡារិក​ព្រើល​មើល​ងាយ​គេ ។ បូរាណ​ពោល​ថា​បើ​ឈើ​រលំ ដើរ​កន្លង​ទាំង​គុម្ព​ពុំ​អី​ទេ បើ​មនុស្ស​ដួល​កុំ​អាល​កន្លង​គេ ត្រូវ​គ្នាន់គ្នេរ​គេ​មនុស្ស​ដូច​គ្នា​ដែរ ។ បើ​វ័យ​ខ្លួន​មិន​ទាន់​បរិបូណ៌​ច្រើន កុំ​ព្រហើន​ហួស​មាឌជាតិ​កូន​ខ្មែរ ចំណែក​អ្នក​អាយុ​ច្រើន​ក៏​ដែរ ត្រូវ​បង្វែរ​សន្ដាន​ស្មាន​មើល​មាឌ ។ ឱ្យ​សម​ភូមិ​តាម​ភាព​ស្ទាបស្ទង់​វ័យ ទើប​ប្រពៃ​ពេញ​វង្ស​ពូជ​ពង្ស​ជាតិ មាន​ចំណេះ​ត្រូវ​ចេះ​ប្រើ​មារយាទ កុំ​ឃ្លោងឃ្លាត​ក្លាយ​ខឹង​ស្រវឹង​ខ្លាំង ។ គួរ​ចម្រើន​សីល​ទាន​តឿន​អត្តៈ ជា​សារៈ​ឧត្ដម​ដល់​រូបំ កែ​អត្ថញ្ញុតា​តាម​អត្ថំ ចប់​ឯវំ​ឈប់​ស្លេះ​ប៉ុណ្ណេះ​ចុះ ។ 

សរុប​ធម៌​ត​ជា​សុភាសិត ប្រដៅចិត្ត​​ជនានុជន​នោះ ក្នុង​ទី​បួន​មាន​បទ​អត្ថ​សង្គ្រោះ លោក​តាំង​ឈ្មោះ​ហៅ​មត្តញ្ញុតា ។ បាន​ដល់​ស្គាល់​ប្រាកដ​បទ​សេចក្ដី កិច្ច​អ្វីៗឱ្យ​ស្គាល់​ប្រមាណ​ថា ដូច​ការ​រក​ចិញ្ចឹម​ជីព​អាត្មា ការ​ចេតនា​ធ្វើ​ទាន​ក៏​ឱ្យ​គួរ ។ ស្វែង​រក​តាម​សម្មាអាជីវោ មិន​លោភោមោហៈ​ហិន​ជាតិ​ជួ  ឱ្យ​ដឹង​ថា​គួរ​បាន​ឬ​មិន​គួរ កុំ​សាញ​សួរ​ឆ​ចោទ​ដោយ​ទុច្ចរិត ។ ជាតិ​មនុស្ស​លោភ​ល្មោភ​លាភ​ជញ្ជាប​មាត់ ក្រ​តែ​ភ្លាត់​ចូល​ភ្លែត​រក​ហេតុ​ស្និទ្ធ យក​តែ​ខាង​បាន​ទ្រព្យ​ទើប​គាប់​ចិត្ត នេះ​បណ្ឌិត​បន្តុះ​ថា​ខុស​ធម៌ ។

របស់​ដែល​បាន​ដោយ​ផ្លូវ​អសត្យ គង់​វិបត្តិ​​កើត​ទុក្ខ​លម្អក់​ពណ៌ ដល់​ជីវិត​ជិត​ក្ស័យ​ទើប​ភ័យ​ញ័រ នឹក​ដល់​ធម៌​មិន​ចាំ​កម្ម​វា​ក្រាស់ ។ មួយ​គួរ​ចេះ​ប្រមាណ​មាត់​បរិភោគ កុំ​កញ្ជ្រោក​ស៊ី​ជ្រុល​ទ័ល​ចាក់​ច្រាស ល្វីង​ជា​ថ្នាំ​ផ្អែម​ផ្អូម​​ហើម​ពោះ​ណាស់ ប្រាជ្ញ​ប្រកាស​ប្រាប់​ផ្លូវ​ត្រូវ​ប្រយត្ន ។ គួរ​ជ្រើសរើស​ចំណី​កុំ​ឆី​ខុស ឱជារស​ពិសា​វា​ឈឺ​ថ្កាត់  យ៉ាង​ផ្អកផ្អួរខ្មួរ​ខ្មោះ​ទាស់​បញ្ញត្តិ ភ្លក់​មួយ​មាត់​ភ្លាត់​ខុស​វា​ចុះ​ផ្ទៃ ។ មួយ​ឱ្យ​ចេះ​ប្រយត្ន​សម្បត្តិ​ទ្រព្យ កុំ​ទម្លាប់​ចាយ​ធំ​ពុំ​ប្រពៃ ប្រាក់​រាប់​សែន​មែន​បើ​មិន​ចេះ​លៃ គង់​មាន​ភ័យ​ដល់​កាយ​ស្ដាយ​កម្លាំង ។ ឯ​ការ​រក​ទ្រព្យ​ធន​ធ្ងន់​គំនិត ត្រូវ​ព្រួយ​គិត​ប្រើ​កាយ​នឿយហត់​ខ្លាំង ឃ្លាត​ប្រពន្ធ​ឃ្លាត​កូន​ខ្លួន​ស្គមស្គាំង សែងសុរិយំ​ចាំង​ក្បាល​ហាល​ទាំង​កាយ ។ មាន​ស្រី​ខ្លះ​ប្រុស​ខំ​រក​គគ្រេង ខ្លួន​លួច​លេង​តែ​ល្បែង​តាម​សប្បាយ គ្មាន​អាណិត​គិត​ប្ដី​នឿយ​ព្រួយ​កាយ តែ​ប្រុស​ខ្លះ​ជះ​ចាយ​ទ្រព្យ​ដូច​គ្នា ។ កាល​បើ​មាន​ឱកាស​គួរ​ល្មម​ទៅ ដើរ​សំដៅ​រក​បន​មិន​រង់រា ចំពូក​ខ្លះ​ស្រុះ​ស្រួល​បបួល​គ្នា ព្រម​ទាំង​បុត្ត​ភរិយា​ចរចូល​វង់ ។ គួរ​សង្វេគ​ពេក​ណាស់​នឹក​ឡើង​ហើយ មិន​សម​ឡើយ​ពួក​យើង​វង្វេង​ល្ងង់ ប្រឹង​បង្ហិន​ធនធាន​គ្មាន​ឱ្យ​គង់ ហាក់​បម្រុង​ចង់​តែ​ឱ្យ​អស់​ទៅ ។ ឈ្មោះ​ថា​ទ្រព្យ​ទ្រនាប់​ដៃ​អ្នក​ចាយ ចិញ្ចឹម​កាយ​កាល​ឃ្លាន​គ្មាន​ខុស​ត្រូវ បើ​អ្នក​មាន​គំនិត​គិត​រាក់​ជ្រៅ រើស​តែ​ផ្លូវ​ឱ្យ​គុណ​ចាយ​ធនធាន ។ ដូច​ចេញ​ទុន​ចូល​ហ៊ុន​ជួញ​លក់​ដូរ គួរ​បង្ហូរ​ចាយ​ចុះ​ព្រោះ​ចង់​មាន បួន​យ៉ាង​នេះ​ហៅ​ចេះ​ប្រើ​ធនធាន បើ​សល់​មាន​ទៀត​ទុក​បង្ការ​កាយ ។ មួយ​ឯ​ស្រា​អាភៀន​ញៀន​បង្ហៀរ គួរ​លះ​វៀរ​ខំភៀស​ចៀស​ឱ្យ​ឆ្ងាយ នឹង​វិនាស​សម្បត្តិ​ទ្រព្យ​ខ្ចាត់ខ្ចាយ ផ្លូវ​អបាយមុខ​ទុក​អាត្មា ។ ទោះ​មាន​ច្រើន​បើ​ភ្លើន​ភ្លេច​លៃលក ទ្រព្យ​ដែល​រក​មក​នោះ​គង់​កាលណា ទ្រព្យ​មាន​តិច​ប្របិច​ចាយ​ហួស​មាត្រា មិន​ប្រមាណ​អាត្មា​ផ្ងារ​ច្រងាង ។ សូម​ដាស់តឿន​សតិ​ជន​ប្រុស​ស្រី ដោយ​សេចក្ដី​សុចរិត​ឥត​អួតអាង ពន្យល់​ផ្លូវ​ប៉ុណ្ណោះ​ជា​បែប​យ៉ាង នឹង​សូម​អាង​ខ​ប្រាំ​តាម​បរិយាយ ។

ខ ៥ ប្រាប់​ថា​កាលញ្ញុតា ក្នុង​អត្ថ​ថា​ឱ្យ​ស្គាល់​កាល​ទាំងឡាយ មាន​សេចក្ដី​រៀងរាយ​ទូលាយ​ឆ្ងាយ អធិប្បាយ​ពី​កាល​យូរ​និង​ឆាប់ ។ បើ​កាល​មាន​អាសន្ន​បន្ទាន់​ចង់ កុំ​បង្អង់​ឱ្យ​យូរ​គួរ​ប្រញាប់ ទើប​ទាន់​ចិត្ត​ឥត​ទាស់​ថ្លោះ​ចំណាប់ បូរាណ​ប្រាប់​ស្ដាប់​ចុះ​ពីរោះ​ពិត ។ ត្រូវ​លៃ​កាល​មុន​ក្រោយ​ឱ្យ​ជាក់​ច្បាស់ កាល​រហ័ស​គួរ​រហន់​ឱ្យ​ទាន់​គិត បើ​កាល​យូរ​គួរ​យូរ​ធូរ​​គំនិត ចូល​ប្រព្រឹត្ត​ឱ្យ​ត្រូវ​ផ្លូវ​ប្រើ​ការ ។ មាន​ភាសិត​ប្រតិដ្ឋ​ជា​អត្ថំ ថា​កាលានុ​រូបំ​ជា​ខ្លឹមសារ  អ្នក​ហាត់​ចិត្ត​គួរ​រិះ​វិចារណ៍ ស្មាន​មើល​ការ​ធូរ​តឹង​ដឹង​ឱ្យ​ទាន់ ។ ឯ​កិរិយា​កាល​នោះ​មាន​ពីរ​យ៉ាង ជា​តឹកតាង​តាំង​ទុក​តាម​លក្ខណ៍​ខណ្ឌ គឺ​កាល​ចរកាល​ប្រចាំ​បម្រុង​កាន់ ជា​កំណាន់​គ្រប់​ទិន​មិន​ខុស​ទេ ។ កាល​ប្រចាំ​ចាត់​ជា​កាល​រំឭក គឺ​ពេល​ព្រឹក​ថ្ងៃ​ត្រង់​សាយណ្ហេ ក្នុង​រវាង​ចន្លោះ​នោះ​គឺ​វេ- លា​ចរ​វិញ​ដេញ​រេ​ផ្ទេរ​សម័យ ។ កិច្ច​ណា​កូវ​ត្រូវ​ធ្វើ​ប្រចាំ​កាល ដូច​ចម្អិន​អាហារ​យើង​អាស្រ័យ ត្រូវ​រក​រៀប​រួសរាន់​ឱ្យ​ទាន់​ថ្ងៃ ចាត់​សំចៃ​ភោក្ដា​តាម​ការ​គួរ ។ លុះ​ឆ្អែត​ឆ្អល់​​ស្កប់ស្កល់​គិត​កុំ​ភ្លេច ត្រូវ​ចាប់​កិច្ចការ​ធ្វើ​កុំ​ខ្មោះខ្មួរ បើ​ហត់​ពេក​សម្រាក​ឱ្យ​តែ​គួរ កុំ​ផ្អាក​ផ្អែក​ភ្នាក់​ស្នួ​តម្រង់​ខ្នង ។ លង់​លុះ​ទាល់​ដល់​កាល​ពេល​ថ្ងៃ​ត្រង់ សឹម​បង្អង់​បង្អន់​កិច្ចការ​ផង រក​អាហារ​បរិភោគ​តាម​បំណង បំបាត់​ស្រេក​ឃ្លាន​ផង​ដែល​នឿយហត់ ។ ដល់​បរិភោគ​ស្រេច​ស្រាប់​ចាប់​ការ​ធ្វើ​ ចូរ​ខំ​រើ​ល្បើល្បឹង​ប្រឹង​អំណត់ យក​កម្លាំង​ច្បាំង​ការកុំ​គិត​ហត់ ស៊ូទ្រាំ​អត់​ដល់​បច្ចុ​សម័យ ។ ហើយ​ងូត​ទឹក​ដុះ​កាយ​ដែល​ស្មោក​គ្រោក រួច​បរិភោគ​ភោជន​តាម​វិស័យ យ៉ាង​នេះ​ហៅ​កិច្ចការ​ប្រចាំ​ថ្ងៃ ក្រៅ​ពី​នោះ​កែ​ខៃ​ជា​ការ​ចរ ។ ដូចជា​ផ្ទះ​ផ្ទុក​តែ​គ្រឿង​ក្រខ្វក់ សម្រាម​ដក់​កក​ក្ដាំង​ទាំង​គំនរ  គួរ​បោស​ច្រាស​ដុស​ខាត់​កុំ​ទុក​គរ ប្រើ​មិន​ប្រើ​វិកវរ​រវល់​រក ។ ទ្រព្យ​មាស​ប្រាក់​ទុក​ដាក់​តាម​វគ្គ​ស្នើ ត្រូវ​ការ​ប្រើ​មាន​ព្រម​តាម​ចិត្ត​ភ្នក ណា​មិន​ប្រើ​ទើ​តាំង​ដោយ​កៀន​ញក គន់​មិន​ទាស់​ខ្វះ​យើង​រក​យក​បាន​ងាយ ។ ហើយ​មើល​កាល​ហាត់​កូន​តាម​ក្បួន​ខ្នាត ឱ្យ​ឆ្លៀវឆ្លាត​វាងវៃ​មិន​រាយមាយ ពន្យល់​ផ្លូវ​ត្រូវ​ខុស​ឱ្យ​ធ្លុះធ្លាយ ការ​វិនាស​និយាយ​ឱ្យ​ចូល​ចិត្ត ។ ធម្មតា​ពត់​ព្រឹក្សា​លតាវល្លិ ត្រូវ​ពត់​ពាល់​ពី​ខ្ចី​ទើប​ទន់​ស្និទ្ធ ការ​ហ្វឹកហាត់​កូន​ចៅ​ឱ្យ​ត្រូវ​ចិត្ត គួរ​ប្រៀន​ប្រិត​ពី​តូច​ទើប​ស្ទាត់​ច្បាស់ ។ នឹង​បន្លាយ​វែង​ទៅ​ហួស​ផ្លូវ​កាព្យ នាំ​ឱ្យ​សាប​វោហារ​សាញ​ខ្លាំង​ណាស់ បាន​លើក​កាល​ទាំង​ពីរ​ឡើង​ប្រកាស ឱ្យ​ឃើញ​ច្បាស់​ប៉ុណ្ណេះ​ស្លេះ​និពន្ធ ។

សូម​តែង​ត​ខ៦ដោយ​ពាក្យ​ថា បរិសញ្ញុតា​អនុសន្ធិ៍ ប្រែ​តាម​យល់​ថា​ស្គាល់​ប្រជុំ​ជន គប្បី​គន់​គិត​មើល​ឱ្យ​មាំមួន ។ មនុស្ស​ល្អ​មែន​គង់​មាន​អធ្យាស្រ័យ ក្នុង​ហទ័យ​វត្ថុ​ទុក​ជា​ក្បួន ចូល​ត្រង់​ណា​ចូល​ចុះ​ចេះ​ចៀម​ខ្លួន មិន​ឱ្យ​ស្ទួន​ស្ទាត់​ហួស​ជ្រលួស​កាល ។ ធម្មតា​បង្កើត​កំណើត​មនុស្ស មាន​ជាន់​ខ្ពស់​ជាន់​ទាប​ជាន់​កណ្ដាល មាន​ទាំង​ប្រាជ្ញ​ទាំង​ព្រើល​ទាំង​ខួរ​ស្រាល ទាំង​ស្របាលៗគ្នាពេញ​ធានី ។ មនុស្ស​គ្រប់​ជាន់​គួរ​សម្ព័ន្ធ​មេត្រី​ចិត្ត ចង​ជា​មិត្ត​ជា​ភក្ដិ​សាមគ្គី  តែ​ឱ្យ​ស្គាល់​កិរិយា​ប្រវេណី រើស​វិថី​ណា​ល្អ​ប្រព្រឹត្ត​តាម ។ មារយាទ​អធ្យាស្រ័យ​កាយ​វាចា លោក​និយម​យ៉ាង​ណា​ក្នុង​ទី​ស្នាម ត្រូវ​សម្រួល​ផ្ដួល​ដោយ​កុំ​ឱ្យ​ដាម ទើប​សម​តាម​ឋានៈ​ទុកដាក់​អង្គ ។ ទោះ​ជា​ទាប​ក៏​មិន​ទាប​ពី​កំណើត ប្រើ​កិរិយា​ឱ្យ​ឆើត​កុំ​លះបង់ ត្រូវ​ស្គាល់​សព្ទ​បញ្ជោរ​ឬសូរ​ត្រង់ កណ្ដាល​វង្ស​ចំណោម​ប្រជុំ​ជន ។ សំឡេង​ប្រាប់​សម្រែក​ដូច​ក្អែក​បូល មារយាទ​ប្រាប់​ត្រកូល​ចូរ​ប្រុង​គន់ អធ្យាស្រ័យ​សមគួរ​ឬ​ស្មូរ​ជន ផ្សាយ​ចេញ​ឯង​ឱ្យ​គន់​ឃើញ​ស​ខ្មៅ ។ ទោះ​រូប​ឆោម​លោមពណ៌​ល្អ​ស្អាងស្អាត តែ​មារយាទ​ខុស​ខ្នាត​គេ​ថា​ខ្លៅ ស្រឡាញ់​ខ្លួន​ស្ងួន​កាយ​កុំ​ឱ្យ​សៅ អាក្រក់​ល្អ​ក៏​នៅ​តែ​លើ​ខ្លួន ។

ខ៧ ក្បិល​ខ្ទប់​បញ្ចប់​ផ្ដាច់ ព្រះ​សារពេជ្ញ​ត្រាស់​ទុក​តាម​ចំនួន ប្រសាទ​សុខារម្មណ៍​ឱ្យ​មាំមួន កាល​បើ​ខ្លួន​សេវនា​សមាគម ។ បទ​ដើម​គឺ​បុគ្គល​ញ្ញុតា មាន​អត្ថាធិប្បាយ​ដោយ​និយម ប្រែថា​ស្គាល់​ចរិត​ជន​តូច​ធំ គួរ​សមាគម​ឬ​គេច​មិន​សេពគប់ ។ ឯ​មនុស្ស​នៅ​ក្រុង​កំលុង​ខេត្ត មាន​ប្រភេទ​ពីរ​យ៉ាង​អាង​ប្រារព្ធ គឺ​ពាល​កាច​និង​ប្រាជ្ញ​ប្រាប់​ឱ្យ​គ្រប់ មិន​ទាន់​គប់​គាស់​កាយ​ផ្សាយ​ចេញ​ឯង ។ ឯ​សញ្ជាតិ​ជន​ពាល​ចណ្ឌាល​ទាប គ្មាន​សុភាព​រៀបរយ​គួរ​ឱ្យ​ក្រែង មាន​វិស័យ​ចិត្ត​ស្មគ្រ​ជា​អ្នក​ល្បែង ច្រើ​ន​សម្ដែង​អាការ​កាច​តក់ម៉ក់ ។ ផ្លូវ​វិនាស​រូបកាយ​អបាយមុខ ទទួល​ផ្ទុក​គ្រប់​យ៉ាង​ខាង​អាក្រក់ អណ្ដាត​ផ្ទាត់​បទ​ភរ​ឆ​កុហក វៀច​ក្ងក់​មុខ​ងប់​គ្រប់​ប្រការ ។ តែ​ទៅ​ស្និទ្ធ​ផ្ដិត​អង្គ​បង់​មារយាទ ថោក​ថយ​ជាតិ​ពូជ​ពង្ស​វង្សាវតារ គួរ​តែ​ចៀស​ភៀស​កាយ​ឆ្ងាយ​ឱចារ ទើប​ជា​ឧបការគុណ​ដល់​កាយ ។ ឯ​បណ្ឌិត​ត្រង់​គិត​មិន​ចេះ​ខុស ជន​ស្រី​ប្រុស​ត្រងត្រាប់​គង់​សប្បាយ នឹង​ថ្កំថ្កើង​កេរ្តិ៍​ឈ្មោះ​ខ្ពស់​វែង​ឆ្ងាយ បាន​សុខ​ចិត្ត​សុខ​កាយ​គ្រប់​ប្រការ ។ ពោល​ក៏​ល្អ​ធ្វើ​ក៏​ល្អិត​គិត​ក៏​ត្រូវ សំដៅ​ផ្លូវ​សន្តិសុខ​សង្ខារ វាង​វិថី​កាឡីមិច្ឆាចារ សាង​តែ​ការ​បុណ្យ​ទាន​គ្មាន​ខ្មោះខ្មួរ ។ ត្រឹម​ប៉ុណ្ណេះ​ណែនាំ​ឱ្យ​ឃើញ​ហេតុ គ្រឿង​សង្កេត​ជាតិ​មនុស្ស​ជា​ឬ​ជួ  ក្នុង​លោក​នេះ​នឹង​គប់​គប្បី​សួរ ឃើញ​សមគួរ​ល្អ​ពិត​សឹម​ផ្ដិត​អង្គ ។ ធម៌​ខ​នេះ​ជា​ច្បាប់​សម្រាប់​ប្រើ ឱ្យ​សប្បុរស​រើ​រក​ផ្លូវ​ត្រង់ ក្នុង​រឿង​សន្ថវ​មិត្ត​ចិត្ត​ចំណង ឱ្យ​ផូរផង់​យឺនយូរ​អង្វែង​កប្ប ។ មុន​នឹង​គប់​គប្បី​មើល​មុខ​មិត្ត ឱ្យ​ឃើញ​ពិត​តាម​ពុទ្ធ​ដីកា​ប្រាប់ អាក្រក់​ល្អ​ស​ខ្មៅ​ដៅ​បាន​ឆាប់ មិន​ខុស​ច្បាប់​បណ្ឌិត​ដូច​សម្ដែង ។ បើ​មនុស្ស​ពាល​តែ​ពោល​យល់​ប្រភេទ ឱ្យ​ឃើញ​ហេតុ​ឧបាយ​ដែល​ក្លាយក្លែង គួរ​ជ្រាប​អត្ថរស​ព្រះ​ពុទ្ធ​ថ្លែង កុំ​រអែង​សង្ស័យ​អាល័យ​ឆ្ងល់ ។ គប់​ជន​ល្អ​គង់​ល្អ​ប្រសើរ​ឆើត អាច​ឱ្យ​កើត​សុភអត្ថ​ពិភឌ្ឍ​ផល គប់​ជន​អាក្រក់​ចិត្ត​ល្អក់​ក្រខ្វក់​ខ្វល់ ទុក្ខ​ដាប​ដល់​សកល​កាយ​រាល់​គ្នា ។ មនុស្ស​យើង​នេះ​ឧត្ដម​ដោយ​កំណើត មិនមែន​កើត​មក​ភ្លាម​ក៏​ខូច​ជា លុះ​ច្របល់​ចូល​ជាប់​ជាតិ​ពាលា ខូច​និង​ជា​តោង​ស្អិត​ចិត្ត​អស់​ស្អាត ។ បុគ្គលាធិដ្ឋាន​មាន​ក្នុង​អត្ថ បោត​កោ​កូន​សត្វ​សេក​ជា​អាទិ៍  កាល​ញាស់​ឡើង​ដំបូង​គ្មាន​ខ្វះ​ខាត ចិត្ត​ក៏​ស្អាត​បរិសុទ្ធ​ឥត​ឃោរឃៅ ។ លុះ​ខ្យល់​បក់​ឆក់​បាត់​សាត់​ចាក​ទី ក៏​ព្រាត់​ពី​សម្បុក​បែក​គ្នា​ទៅ សេក​មួយ​នោះ​ជ្រុល​ធ្លាក់​លើ​លំនៅ ព្រះ​តាបស​រើស​ទៅ​ថែរក្សា ។ សេក​មួយ​ទៀត​វាត​ផាត់​សាត់​ទៅ​ដល់ ទី​មណ្ឌល​សម្នាក់​ពួក​ចោរា ចោរ​រើស​ទៅ​ចិញ្ចឹម​ដោយ​មេត្តា ថ្នម​រក្សា​ឥត​ល្ហែ​ថែទាំ​ទុក ។ សេក​ដែល​នៅ​សម្នាក់​ព្រះ​តាបស ចិត្ត​សប្បុរស​រក​ផល​ខ្វល់​ចង់​សុខ សាង​សន្សំ​សុចរិត​បិទ​ផ្លូវ​ទុក្ខ ឆ្ពោះ​តាំង​មុខ​តាម​មគ្គ​លោក​អ្នកប្រាជ្ញ ។ សេក​ដែល​នៅ​នឹង​ចោរ​ចិត្ត​អាក្រក់ រៀន​តែ​ឆក់​នឹង​លួច​ឫស្យា​កាច  ចេះ​ខិល​ខួច​ឱ្យ​ដូច​ចោរ​កំណាច ក្លា​ឥត​ខ្លាច​ឥត​គិត​ជីវិត​ក្ស័យ ។ ចូរ​មើល​ចុះ​តែ​ជាតិ​សត្វ​តិរច្ឆាន បើ​គប់​ពាល​មិន​ខាន​ខូច​និស្ស័យ បើ​គប់​ប្រាជ្ញៗប្រៀន​ព្រះ​ធម៌​ថ្លៃ អធ្យាស្រ័យ​ប្រែ​តាម​ស្នាម​នោះ​ហោង ៕

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៦ ខ្សែ១១


  •  
  •  

បញ្ចេញយោបល់ ៖