ល្បើក​ច្បាប់​សង្ឃ

  •  
  •  

របស់​ក្រម ង៉ុយ

ខ្ញុំ​សូម​បង្គំ​ព្រះ​សម្មា សម្ពុទ្ធ​ណាៗក្នុង​ភព​ត្រៃ ចម្រើន​កម្មដ្ឋាន​ក្រោម​ពោធិ៍​ម្លប់ នមស្ការ​គោរព​រំឭក​គុណ ។ ព្រះ​ចម​ចក្រ​ពង្ស​វង្ស​មុនីនាថ កំពូល​ផុត​ជាតិ​ជាង​មហាជន សោយ​រាជ​សម្បត្តិ​សម្បើម​​បុណ្យ សម្បូណ៌​លើស​លន់​លុប​លោកា ។ លោកិយ​ដឹង​ហើយ​គួរ​កោត​ខ្លាច ទ្រង់​មាន​អំណាច​ព្រះ​ចេស្ដា  គួរ​ស្ដាប់​ព្រះ​រាជ​ឱង្ការ បន្ទូល​ត្រួតត្រា​គួរ​ត្រងត្រាប់ ។ ព្រះ​ទ័យ​ទ្រង់​ត្រេក​ស្រឡាញ់​សង្ឃ ប្រមាណ​សែន​អង្គ​ក្បុង​ភទ្ទ​កប្ប ព្រះ​អង្គ​បាន​ទ្រង់​ត្រាស់​ប្រញប្ដិ ឈ្មោះ​ច្បាប់​បាដិមោក្ខ​សំវរ​សីល ។ ចែក​ចេញ​ជា​កង​សិក្ខាបទ កំណត់​ពីរ​រយ​ម្ភៃ​ប្រាំពិល(ប្រាំពីរ) មិន​ឱ្យ​មាន​មោះ​ម៉ង​មន្ទិល អ្នក​បួស​កុំ​ខ្ជិល​កាន់​ឱ្យ​ខ្ជាប់ ។ បាណា​អទិន្នា​ជា​បឋម ជាត​រូប​ទៀត​ផ្សំ​ត្រូវ​ជា១០ លោក​សង្ឃ​ឥឡូវ​កាន់​មិន​សព្វ កាន់​ក្នុង​បន្លប់​លាយ​បន្លំ ។ បន្លិច​លុយ​កាក់​លាក់​សម្ងាត់ ទោស​ត្រូវ​អាបត្តិ​លាក់​សម្ងំ បាសក​ផ្ញើ​ទាន​គ្មាន​អារម្មណ៍ សន្សំ​តែ​ទ្រព្យ​ក្ដៅ​ក្រហាយ ។ ប្រសិន​បើ​កាន់​ច្បាប់​ព្រះ​ពុទ្ធ មិន​មាន​ធម្មយុត្តិ​មហានិកាយ បើ​ចេះ​ខ្លាច​ក្រែង​មិន​ក្លែង​ក្លាយ សម​សុខ​សប្បាយ​មិន​ទាស់​គ្នា ។ លោក​សង្ឃ​គ្រប់​វត្ត​មាន​ធំ​តូច សង្ឃ​ខ្លះ​ខិល​ខូច​សង្ឃ​ខ្លះ​ជា បរិសទ្យ​ថ្កោល​ទោស​គ្រូ​ឧបជ្ឈាយ៍ មាន​ពាក្យ​និន្ទា​តែ​រាល់​វត្ត ។ បាដិមោក្ខ​ពីរ​រយ​ម្ភៃ​ប្រាំពិល លោក​សង្ឃ​ណា​ខ្ជិល​ចាំ​មិន​ស្ទាត់ កង​បាចិត្តិយ​និង​ទុក្កដ ចូល​មាត់​ចូល​ក​មិន​ដឹង​ខ្លួន ។ ពួក​បាចិត្តិយ​កៅសិប​ពីរ និស្សគ្គិយ​សាមសិប​បារាជិក​បួន បើ​ចេះ​ហើយ​ចាំ​ឱ្យ​មាំមួន ល្អ​បរិសុទ្ធ​សូន្យ​មិន​សាយ​សុស ។ ប៉ុន្តែ​សិក្សា​មិន​សូវ​ចាំ ចំណាំ​ត្រង់​ណេះ​ចោល​ត្រង់​ណោះ ត្រង់​ណា​ដែល​ដឹង​ជា​ខ្លួន​ខុស ហ៊ាន​ឈ្លោះ​ពីព្រោះ​គេ​មិន​ដឹង ។ សង្ឃា​ទិសេស​ប្រហែស​បាន ដប់បី​សណ្ឋាន​ប្រមាណ​ថ្លឹង បើ​ធ្លាប់​សង្រួម​ឱ្យ​យ៉ាង​តឹង មិន​អរ​មិន​ខឹង​មិន​បាន​ខុស ។ ឥន្ទ្រិយ​ប្រាំមួយ​នាំ​ឱ្យ​ភ្លាត់ បាចិត្តិយ​ទុក្កដ​លាយ​ចម្រុះ ត្រចៀក​អណ្ដាត​ភ្នែក​ច្រមុះ ភ្នែក​មើល​ណេះ​ណោះ​ឃើញ​សុះ​សាយ ។ សោតិន្ទ្រិយោ​សូរ​តិច​ខ្លាំង ចក្ខិន្ទ្រិយំ​មើល​ជិត​ឆ្ងាយ ជិវិ្ហន្ទ្រិយា​ពោល​នាយ​អាយ សើច​លេង​សប្បាយ​ចំអន់​គ្នា ។ បរិសទ្យ​អាបត្តិ​ទុក្កដ​ញឹក បារាជិក​ច្រើន​ណាស់​តែ​ឧបជ្ឈាយ៍ ទ្រព្យ​ក្នុង​សម្បាច់​សម្បូណ៌​ហៀរ ត្រូវ​ទោស​អទិន្នា​គរុភណ្ឌ ។ ទ្រព្យ​សង្ឃ​ជាដើម​គឺ​ដំណាំ អវហារ​ម្ភៃប្រាំ​ចាំ​គ្នេរ​គ្នាន់ ឱប​ទុក​ខ្នះខ្នែង​ក្រែង​មិន​គ្រាន់ អវហារ​ប្រាំ​ជាន់​បរាជិក ។ របស់​បាន​ច្រើន​ក្នុង​ចំណែក កិប​ទុក​មិន​ចែក​ឱ្យ​លោក​ភិក្ខុ គ្រឿង​យាវជីវិក​ឬ​កាលិក ទុក​ខួប​ល្ងាច​ព្រឹក​ម៉ៅ​តែ​ឯង ។ ម្យ៉ាង​ទ្រព្យ​គេ​ហែ​ចូល​វិហារ បាសក​បូជា​ដល់​គម្ដែង គេ​វេរ​បាលី​មាន​ខ្លី​វែង គេ​តែង​នឹង​ថា​សង្ឃ​ស្ស ។ ប្រកាស​ប្រគេន​ជំនុំ​សង្ឃ ចំពោះ​គ្រប់​អង្គ​ថា​ទេមៈ លោក​សង្ឃ​សាធុ​មិន​សល់​ម្នាក់ សង្ឃរាជ​ទុក​ដាក់​មិន​ចែក​ចាយ ។ ខ្ញុំ​ចាត់​ចែង​តាម​ខ្ញុំ​ចេះ​ចាំ អវហារ​​ម្ភៃប្រាំ​បែក​បរិយាយ នេះ​សុទ្ធ​តែ​សីល​ផ្នួស​អន្តរាយ លោក​សង្ឃ​ទាំងឡាយ​កុំ​ប្រព្រឹត្ត ។ ពីព្រោះ​ឥន្ទ្រិយ​ទាំង​ប្រាំមួយ លោក​ណា​មិន​ព្រួយ​មិន​ប្រុង​គិត លោភោ​មោហោ​បាំង​ងងឹត សិស្ស​មាន​គំនិត​មិន​ហ៊ាន​ថា ។ សង្ឃរាជ​គ្រូ​សូត្រ​សិស្ស​បរិសទ្យ គួរ​ប្រុង​ប្រតិបត្តិ​តាម​ពុទ្ធដីកា ពួក​បាចិត្តិយ​សេក្ខិយា កម្រ​សង្ឃ​ណា​រក្សា​បាន ។ ញឹក​ណាស់​តែ​ហ្វូង​កង​ទុក្កដ មិន​ដឹង​កំណត់​មាត់​ប៉ុន្មាន លោក​សង្ឃ​ចូល​សិង​មិន​ដឹង​ប្រាណ ទុក្កដ​សម្រាន្ត​សម្រាក​ចាំ ។ ក្រវែល​ដល់​ពេល​បាយ​សម្ល ចូល​មាត់​ចូល​ក​ពី​ឆ្វេង​ស្ដាំ កង​សេក្ខិយា​ចិតសិបប្រាំ បាចិត្តិយ​ប្លម​ប្លា​លើ​ទុក្កដ ។ លោក​សង្ឃ​ស្រណុក​នឹង​រួច​ខ្លួន បាដិទេស​ទាំង​បួន​សិក្ខាបទ បារាជិក​បួន​មិន​កំណត់ បើ​កាន់​ប្រាកដ​ប្រកែក​បាន ។ រង្វើល​មើល​ឃើញ​ស្រណុក​គេច កុំ​ឱ្យ​តែ​ភ្លេច​ផ្លូវ​កម្មដ្ឋាន សង្រួម​សុចរិត​ប្រិត​ប្រុង​ប្រាណ អាបត្តិ​មិន​ហ៊ាន​ចូល​មក​ជិត ។ សង្ឃរាជ​គ្រូ​សូត្រ​បី​សណ្ឋាន ម្យ៉ាង​បួស​ចង់​បាន​និព្វាន​ពិត ម្យ៉ាង​បួស​ចង់​ថ្កើង​ដំឡើង​ឫទ្ធិ គំនិត​ចង់​ខ្ពស់​ក្នុង​លោកិយ ។ ម្យ៉ាង​បួស​មិន​ត្រង់​ចង់​ធ្វើ​ធំ រៀន​សិល្ប​អាគម​មន្ត​បាលី ធ្វើ​ពេទ្យ​ព្រោះ​ហេតុ​ចង់​ឱ្យ​ល្បី ស្ដោះ​ផ្លុំ​ប្រុស​ស្រី​ឱ្យ​ជា​រោគ ។ ស្ដោះ​ផ្លុំ​ក្រមុំ​ឬ​មេម៉ាយ មិន​ដែល​ស្ដោះ​ឆ្ងាយ​អង្គុយ​ឈ្ងោក ដល់​មន្ត​អាគម​វា​ចូល​ជោក លែង​ស្គាល់​ជា​លោក​ជា​បាសក ។ ម្យ៉ាង​ទៀត​មារយាទ​ស្រី​ក្រមុំ ពោះ​ធំ​ក្នុង​ពុត​បទ​អាក្រក់ វា​ផើម​វា​ថា​វា​កើត​ត្រក់ កុហក​លោក​គ្រូ​ឱ្យ​ច្រក​ថ្នាំ ។ ច្រក​ទាល់​តែ​ជ្រុល​រោគ​រលួយ រលាយ​រូប១និង​ខន្ធ៥ នេះ​ហៅ​បួស​ក្រៅ​បន្ទូល​ផ្ដាំ ប្រព្រឹត្ត​សាង​កម្ម​ឱ្យ​អន្តរាយ ។ ធ្វើ​ពេទ្យ​បំពាន​ពាក្យ​ព្រះ​ពុទ្ធ រម្លត់​រំលាង​រាង​រូប​កាយ ម្ល៉ឹង​ហើយ​មិន​សិក្ខ​នៅ​នឹក​ស្ដាយ សប្បាយ​ចិត្ត​ណាស់​ធ្លាប់​ធ្វើ​ធំ ។ ព្រះ​ពុទ្ធ​មិន​ហាម​ឱ្យ​ដាច់​សោះ បើ​រោគ​បុរស​ឱ្យ​ស្ដោះ​ផ្លុំ កុំ​ភ្លើ​ច្រក​ថ្នាំ​ស្រី​ក្រមុំ រូបក្ខន្ធ​ផ្ដើម​ផ្លុំ​រលាយ​ស្លាប់ ។ សង្ឃរាជ​ម្យ៉ាង​ទៀត​គ្រប់​ជា​បី ប៉ែក​ឈាន​លោកិយ​ធម៌​ក្រៅ​ច្បាប់ ចេញ​ភរ​បរិយាយ​អធិប្បាយ​ប្រាប់ ឱ្យ​រៀប​ប្រដាប់​តាម​ចំណាំ ។ មាន​ប្រាក់១រៀល​សំពត់​ស អង្ករ​និង​ទៀន៥ធូប៥ បាយសី​ស្លា​ធម៌​អម​ឆ្វេង​ស្ដាំ ខាប​ឃើញ​ពៀរ​កម្ម​និង​បុណ្យ​បាប ។ គ្រោះថ្នាក់​យ៉ាង​ណា​មិន​កំបាំង ជំងឺតិច​ខ្លាំង​ដឹង​ដរាប ស្លាប់​រស់​ដូចម្ដេច​ស្រេច​នូវ​ខាប ខ្មោច​ប្រេត​ព្រាយ​អាប​ឃើញ​ទាំងអស់ ។ ឃើញ​គ្រូ​អារក្ខ​ចំបួរ​ជួរ ឃើញ​នរក​ឃើញ​សួគ៌​គ្មាន​ចន្លោះ ឃើញ​សាយ​សុស​សព្វ​ទ្រព្យ​របស់ ជិត​ឆ្ងាយ​កៀន​កោះ​ធ្លុះ​ក្នុង​ដី ។ អ្នក​ខ្លះ​ឱ្យ​យឹត​រក​កូន​ស្លាប់ ហៅ​ឱ្យ​មក​ចាប់​កំណើត​ថ្មី រំលង​ឆ្នាំ​ពីរ​ឬ​ឆ្នាំ​បី ប្រុស​មក​ជា​ស្រី​ខុស​ប្រាថ្នា ។ នេះ​ឯង​ធ្វើ​ក្លែង​ក្រៅ​គម្ពីរ ឧត្តរ​ពេញ​ទី​ខុស​សិក្ខា វិន័យ​មិន​កាន់ៗតម្រា ពុទ្ធដីកា​ប្រិត​ប្រាម​មិន​ព្រម​ស្ដាប់ ។ សង្ឃរាជ​ស្លូត​ត្រង់​មាន​ច្រើន​វត្ត សូត្រ​ធម៌​ចាំ​ស្ទាត់​មិន​ចាំ​ច្បាប់ បើ​មាន​អ្នក​ចេះ​រំឭក​ប្រាប់ ថា​ធ្វើ​តែ​ត្រាប់​តាម​គ្រូ​មុន ។ ប៉ុន្មាន​ត​មក​ដល់​ឥឡូវ នឹង​រើ​រក​ត្រូវ​ដូច​ភ្លេច​គុណ ល្ងង់​ហើយ​មានះ​ចចេស​ស៊ុន បាសក​ធ្វើ​បុណ្យ​រាល់​រដូវ ។ បំបួស​ខែ​ជេស្ឋ​ខែ​អាសាធ ចីវរ​និង​បាត្រ​ខ្នាត​មិន​ត្រូវ ឃើញ​ចិន​លក់​ថោក​ទិញ​យក​ទៅ មិន​សូវ​រិះ​គិត​ពិនិត្យ​ខ្នាត ។ របស់​ឥឡូវ​ផ្លាស់​ប្លែកៗ បាត្រ​ស្ពាន់​ដី​ដែកៗស៊ីវីឡាត ធំ​ជាង​ឆ្នាំង​បាយ​ហៅ​ថា​បាត្រ បាន​ថ្មី​ល្អ​ស្អាត​ក៏​យក​ដែរ ។ គ្រូ​សូត្រៗញត្តិ​តាម​បន្ទូល បាសក​លូន​ចូល​ប្រគេន​តែ លោក​សង្ឃ​អង្គុយ​រៀង​បង្ហែ បាសក​ចិន​ខ្មែរ​ទាំង​ក្មេង​ចាស់ ។ អង្គុយ​ជ្រក​ជ្រៀត​នឹង​លោក​សង្ឃ មិន​ចង់​ឱ្យ​ឆ្ងាយ​ឱ្យ​ស្រឡះ លុត​ក្រាប​ប្រណម្យ​ឱន​សំពះ អន្តរាយ​ហត្ថ​បាស​ខូច​លោក​សង្ឃ ។ អ្នក​បួស​មិន​កើត​ឧបសម្ប័ទ បរិសទ្យ​អង្គុយ​នឿយ​គ្រប់​អង្គ គ្រូ​សូត្រ​នឿយ​សូត្រ​គួរ​ផ្ចិតផ្ចង់ ប្រឹង​ប្រិត​តម្រង់​តម្រូវ​ខ្យល់ ។ ច្បាប់​បួស​ត្រូវ​គ្នា​នឹង​កឋិន តែ​ចេះ​មិន​ឆ្អិន​មិន​ឡើង​ផល គួរ​រៀន​ឱ្យ​សព្វ​កុំ​ឱ្យ​ឆ្ងល់ បើ​រៀន​ចេះ​ដល់​ត្រូវ​សាមគ្គា ។ លោក​សង្ឃ​វត្ត​ក្រៅ​ទៅ​ជួយ​បុណ្យ បើ​បាន​និមន្ត​ចូល​វិហារ ត្រូវ​គង់​ប្រជុំ​រួប​រួម​គ្នា កុំ​ឱ្យ​ឃ្លាត​ឃ្លា​ពី​ហត្ថ​បាស ។ លោក​សង្ឃ​រៀន​សូត្រ​អង្គ​កឋិន បាសក​ខ្មែរ​ចិន​ទាំង​ក្មេង​ចាស់ ត្រូវ​ថយ​ឱ្យ​ឆ្ងាយ​ឱ្យ​ស្រឡះ កុំ​ឱ្យ​ពាល់​ប៉ះ​នឹង​លោក​សង្ឃ ។ សូត្រ​ស្រេច​គ្រង​ស្រេច​សូត្រ​សន្មត ឱ្យ​ឮ​ប្រាកដ​លោក​គ្រប់​អង្គ មិន​ត្រូវ​សូត្រ​ខ្សឹប​ខ្លាច​គេ​ថ្លង់ ត្រូវ​ឱ្យ​អស់​សង្ឃ​ដឹង​រាល់​គ្នា ។ សូត្រ​ក្រាល​ក៏​ដូច​សូត្រ​សន្មត ឱ្យ​ឮ​ប្រាកដ​ក្នុង​វិហារ មាន​កាល​លោក​គ្រូ​ធំ​ឧបជ្ឈាយ៍ ចិត្ត​ជា​ចែក​ឱ្យ​គ្រូ​សូត្រ​គ្រង ។ បើ​គ្មាន​លោក​គ្រូ​មាន​លោក​ចាស់ គោរព​សំពះ​កុំ​រំលង ត្រូវ​សូត្រ​ភន្តេ​តាម​ទំនង ក្រាល​គ្រប់​ពីរ​ដង​ប្រាប់​បរិសទ្យ ។ លោក​ចាស់​វស្សា​មិន​បាន​គ្រង គ្រាន់​តែ​ផ្គូ​ផ្គង​រៀប​ចែក​ចាត់ អានិសង្ស​កឋិន​បាំង​អាបត្តិ បង្ហាត់​សូត្រ​ធម៌​ឱ្យ​ល្បប​គ្នា ។ ក្រាល​គ្រប់​ឈប់​ស្លេះមួយ​ស្របក់ បាសក​ប្រគេន​អស់​ភស្ដុភារ ចំពោះ​រាល់​អង្គ​ក្នុង​វិហារ អាមិស​បូជា​គ្រប់​លំដាប់ ។ ប្រគេន​រួច​ហើយ​ចូល​ជិត​ចុះ ទាំង​ស្រី​ទាំង​ប្រុស​មិន​ខុស​ច្បាប់ ប៉ុន្តែ​អ្នក​ឆ្ងាយ​ច្រើន​ប្រញាប់ មិន​សូវ​ចាំ​ស្ដាប់​លោក​យថា ។ សូម​ទាន​សន្ដោស​សម្ដែង​ច្បាប់ ព្រះ​សង្ឃ​កុំ​ចាប់​ចង​ទោសា ខ្ញុំ​ភ័យ​ខ្លាច​អាប់​ព្រះ​សាសនា ប្រោស​ប្រាណ​មេត្តា​បណ្ដា​សង្ឃ ។ ខ្ញុំ​ពោល​មិន​មាន​ពាក្យ​បង្កាច់ ក្រែង​សីល​លោក​ដាច់​ខ្ញុំ​តម្រង់ តម្រូវ​តែ​តាម​ច្បាប់​ព្រះ​អង្គ ព្រះ​ឱស្ឋ​ត្រឹម​ត្រង់​ត្រូវ​មាត្រា ។ កាល​អង្គ​សម្ដេច​ព្រះ​ចម​ភព ជា​ម្លប់​មនុស្ស​សត្វ​និង​ទេវតា ជិត​ចូល​និព្វាន​មាន​ពុទ្ធដីកា ផ្ដាំ​ផ្ញើ​សាសនា​​មហា​បរិសទ្យ ។ ភិក្ខុ​ភិក្ខុនី​អង្គ​អរហន្ត អានន្ទ​មិន​ទាន់​បាន​អរហត្ត រក្សា​វិន័យ​កុំ​ឱ្យ​បាត់ ប្រយត្ន​ឱ្យ​មាន​ប្រយោជន៍​យូរ ។ ក្រោយ​នោះ​ព្រះ​អង្គ​ចូល​និព្វាន អរហន្ត​ហោះ​ធ្យាន​មាន​ជា​គ្រូ មិន​មាន​អក្ខរា​ណា​ដាក់​ទូ ទេសនាបង្ហូរ​ពី​ព្រះ​ឱស្ឋ ។ ព្រះ​អគ្គ​សាវក​រាល់​ព្រះ​អង្គ ព្រះ​ទ័យ​ស្រោច​ស្រង់​ទ្រង់​សន្ដោស សម្ដែង​ធម៌​អាថ៌​មេត្តា​ប្រោស បាប​បុណ្យ​គុណ​ទោស​និង​សីល​ទាន ។ ឈ្វេង​យល់​ថា​ធម៌​នឹង​សូន្យ​ស្ងាត់ អស់​អង្គ​អរហត្ត​ចូល​និព្វាន សង្ឃ​សេក្ខ​បុគ្គល​មិន​ទ្រង់​ញាណ នឹង​មាន​អក្ខរា​ណា​តែង​ទុក ។ ព្រះ​ធម៌​ប្រាំបីម៉ឺន​​បួន​ពាន់ ស្រេច​នៅ​អានន្ទ​ចាំ​ទំនុក ដំណែល​ព្រះ​អង្គ​ដឹង​គ្រប់​មុខ ជង្រុក​ធម៌​អាថ៌​មហា​អានន្ទ ។ ជា​ព្រះ​អនុជ​អាណិត​សត្វ ក្រែង​បាត់​ធម៌​អាថ៌​មិន​គ្រប់គ្រាន់ ព្រះ​ធម៌​ប្រាំបីម៉ឺន​បួន​ពាន់ គ្នេរ​គ្នាន់​ខ្នះ​ខ្នែង​ចាត់​ចែង​ចារ ។ ចេះ​ចប់​អភិធម្ម​ចាំ​រហូត វិន័យ​ព្រះ​សូត្រប្រាំ​ប្រការ ប្រកាស​អស់​អង្គ​អរហន្តា បិដក​ឯណា​ជា​ឫស​គល់ ។ បរមត្ថ​ព្រះ​សូត្រ​អានន្ទ​ចាំ វិន័យ​ទាំងប្រាំឧបាលី​យល់ អរហន្ត​ទាំងអស់​កើត​រវល់ អំពល់​អំពី​រឿង​ធម៌​អាថ៌ ។ ព្រះ​បាទ​អជាត​សត្រូវ ជួយ​គិត​តម្រូវ​ព្រះ​សាសនា សន្មត​ឱ្យ​ឈ្មោះ​ហៅ​ក្សត្រា ព្រះ​មហា​ក្សត្រ​ចូល​គំនិត ។ និយាយ​ឱ្យ​ដឹង​ដើម​កំណើត កាល​កើត​អក្ខរា​ចារ​ស្លឹករឹត បកប្រែ​បាលី​សេចក្ដី​ពិត ពិនិត្យ​ត្រឹមត្រូវ​តាម​ពុទ្ធដីកា ។ ប្រាំ​រយ​ឆ្នាំ​គត់​ផុត​ភិក្ខុនី មនុស្ស​ស្រី​លែង​បួស​ខ្លាច​សិក្ខា កំណត់​មួយ​ពាន់​ប្លាយ​វស្សា អស់​អរហន្តា​ចូល​និព្វាន ។ នៅ​សល់​តែ​សង្ឃ​បុថុជ្ជន កិលេស​នៅ​ធ្ងន់​នៅ​ស្រេក​ឃ្លាន សង្វាត​ឱហាត​ចម្រើន​ឈាន ហោះ​ធ្យាន​មិន​រួច​ដូច​បំណង ។ កើត​មាន​គម្ពីរ​នៅ​លង្កា ព្រះ​ពុទ្ធ​ឃោសាចារ​ចម្លង កើត​មាន​បាលី​សម្រាយ​ផង ធ្វើ​បុណ្យ​ម្ដងៗស្ដាប់​ទេសនា ។ ទសជាតិ​ទាំង១០មាន​គ្រប់​វត្ត ប្រែ​ត្រូវ​ប្រាកដ​ព្រះ​គាថា ព្រះ​ធម៌​សូត្រ​មន្ត​ឬ​សូត្រ​ដារ អ្នក​រៀន​អក្ខរា​ពីរ​ចំណែក ។ ចំណេះ​ចំណាំ​ចាំ​រាល់​ខ្លួន អ្នក​រៀន​បាន​ក្បួន​ចាស់​ចារ​ចែក ហ៊ាន​ភ្នាល់​ព្រោះ​អាង​ឃើញ​នឹង​ភ្នែក កើត​ឈ្លោះ​ប្រកែក​ប្រកួត​ខឹង ។ ប្រកាន់​តែ​ខាង​ខុស​រហូត មិន​រៀន​មេសូត្រ​ឱ្យ​ចេះ​ដឹង អាង​ចេះ​តែ​ក​កា​ប៉ុណ្ណឹង ខំ​ប្រឹង​ចំអឺត​អួត​ខ្លួន​ត្រូវ ។ សព្វ​ថ្ងៃ​ជជែក​ពី​យោ-យ៉ោ ដំឡើង​ភ្នែក​ស្លោ​មុខ​ក្រញូវ ថា​ធ្លាប់​យោនពី​ខ្មោច​ឪ ឥឡូវ​យ៉ោ​ណា​មិន​សុខ​ចិត្ត ។ អ្នក​ម្ខាង​អាង​ស្រៈ​តួ​ប្រាំបី ឱ្យ​នឹង​បាលី​ជា​កម្រិត ផ្សំ​តួ​មេសូត្រ​ប្រឹង​ប្រែ​ប្រិត ព្រោះ​ដ្បិត​ឱ្យ​ត្រឹម​ត្រូវ​មាត្រា ។ អ្នក​រៀន​គ្រប់​វត្ត​គ្រប់​នគរ ស​ដាក់​ជើង​លរាប់​ស្ល​ស្លា បើ​ស​និងម​រាប់​ស្ម​ស្មា អ្នក​មាន​ប្រាជ្ញា​គួរ​ស្ដាប់​បាន ។ កុំ​ល្ងង់​ទាល់​ងាប់​ធ្លាប់​មិន​ដឹង បើ​ខឹង​កុំ​ឃាត់​ថា​ឱ្យ​បាន ខ​ដាក់​ជើង​ម​ពី​បូរាណ ក្មេង​តូច​ប៉ុន្មាន​ស្គាល់​ខ្ម​ខ្មា ។ រាល់​រាស្ត្រ​ចាស់​ក្មេង​កុំ​ចិត្ត​ខ្មាំង គួរ​ខ្មាស​បារាំង​អ្នក​រាជការ ដើម​ហេតុ​អំពី​ព្រះ​ករុណា ឱ្យ​សាង​សាលា​ប្រែ​បាលី ។ ទ្រង់​ចាំ​ទំនៀម​ពី​បូរាណ ហើយ​បាន​ជំនុំ​ព្រម​កុង្សីយ៍ បំណាច់​ធ្វើ​ស្ដេច​គ្រង​ផែនដី ទិស​ទាំង​ប្រាំបី​រំពៃ​គ្រប់ ។ ព្រះ​កាយ​ពល​មិន​រវល់​រែក ព្រះ​ទ័យ​រំលែក​ទាំង​ថ្ងៃ​យប់ ចូល​ទែន​បន្ទំ​ទី​បន្ទប់ បន្ទូល​មិន​ឈប់​រាល់​វេលា ។ មេត្តា​ប្រោស​ប្រាណ​អ្នក​មាន​សក្តិ ចែក​លុយ​ចែក​កាក់​គ្រប់​ភ្នាក់ងារ ម្យ៉ាង​ត្រួត​ក្សត្រី​ស្នំ​ស្រិង្គា ក្រែង​គ្រុន​រងា​មិន​បាន​សុខ ។ ព្រះ​ទ័យ​មេត្តា​សត្វ​មនុស្ស​សត្វ សោយរាជ​សម្បត្តិ​សម្បើម​ស្ដុក ព្រះ​កាយ​ប្រកប​គង់​ស្រណុក ព្រះ​ទ័យ​វិតុក្ក​ជា​ធម្មតា ។ ១-​ព្រួយ​នឹង​ឱប​ព្រះ​នគរ ២-ព្រួយ​នឹង​ព​ព្រះ​សាសនា ៣-ត្រួត​លោក​សង្ឃ​កាន់​សិក្ខា សង្រួម​កិរិយា​មិន​បរិសុទ្ធ ។ នឿយ​ណាស់​ព្រះ​នេត្រ​ព្រះ​កម្មា ព្រះ​ឱស្ឋ​ត្រួតត្រា​តឿន​បំផុត ដាស់​តឿន​បំភ័យ​ពួក​កុលបុត្រ ឱ្យ​ចេះ​លំអុត​សង្រួម​កាយ ។ ទ្រង់​ចេញ​ប្រកាស​ជាក់​ប្រាកដ ប្រគល់​រាល់​វត្ត​ទោះ​ជិត​ឆ្ងាយ លោក​សង្ឃ​មិន​ត្រូវ​ស្រើប​សប្បាយ អស់​ល្បែង​ទាំងឡាយ​គ្រប់​ជំពូក ។ មិន​ត្រូវ​ចំពោះ​ស្ដាប់​តន្ត្រី កុំ​បី​មើល​រាំ​វា​នាំ​ភ្លូក កុំ​ដើរ​ភ្លើៗមើល​អុំ​ទូក អ្នក​បួស​ធ្វើ​លោក​មិន​ត្រូវ​ការ ។ បើ​មាន​ត្រូវ​កិច្ច​ដើរ​យប់​ថ្ងៃ សង្ឃ​បង​និស្ស័យ​ចាស់​វស្សា កុំ​ដើរ​ទឹម​ស្មើ​ទៅ​ណាៗ អ្នក​ចេះ​សិក្ខា​គេ​ទាស់​ភ្នែក ។ លោក​នេន​កុំ​សុំ​លុយ​ចិន​ចាយ បិណ្ឌបាត​តែ​បាយ​ម្នាក់ៗវែក គ្រឿង​ម្ហូប​ចំណី​បាសក​ចែក កុំ​យួរ​ពុន​រែក​វា​ថោក​រឹក ។ របស់​បាសក​គេ​ប្រគេន ប្រគល់​លោក​នេន​បាន​លោក​ភិក្ខុ ចិញ្ចឹម​ជីវិត​នឹង​បាយ​ទឹក បិណ្ឌបាត​ពេល​ព្រឹក​យប់​សូត្រ​រៀន ។ លោក​ណា​ត្រឹមត្រូវ​មិន​សូវ​ខុស ស្ងៀម​ស្ងាត់​ទៅ​ចុះ​កុំ​អន់​អៀន លោក​ណា​មិន​ចេះ​កុំ​វេះ​វៀន ពាក្យ​ប្រៀន​ប្រដៅ​ឱ្យ​ផ្អើល​ភ្ញាក់ ។ បំណាច់​ព្រះ​អង្គ​ទ្រង់​ផ្ដាំ​ផ្ញើ សាសនា​​ឋិត​លើ​ស្ដេច​មហា​ចក្រ ព្រះ​មហា​ចម​ពង្ស​ទ្រង់​ចំពាក់ ចំពោះ​ធុរៈ​នឹង​សាសនា ។ ពី​ត្រឹម​ណោះ​រៀង​ដរាប​មក ដល់​ស្រក​គោកធ្លក​មាន​សាវតារ ប៉ុន្មាន​រាជ​ហើយ​មិន​ដឹង​ថា ដល់​មក​ករុណា​យើង​សព្វ​ថ្ងៃ ។ ហេតុ​នេះ​លោក​សង្ឃ​ប្រុង​ពិនិត្យ សៀវភៅ​ស្លឹករឹត​មាន​រាល់​ដៃ ផ្ទៀង​មើល​សុភោក​វិនិច្ឆ័យ បើ​នៅ​សង្ស័យ​ឱ្យ​សិក្សា ។ សព្វ​សង្ឃ​ចាស់​ខ្ចី​គប្បី​ស្ដាប់ ឈ្មោះ​ច្បាប់​បំពាន​ព្រះ​ពុទ្ធ​ដីកា បង្គំ​ថ្វាយ​ដល់​ព្រះ​ករុណា សូម​ទ្រង់​មេត្តា​ជ្រាប​ព្រះ​ទ័យ ។ ក្រែង​ចួន​ប្រទះ​ពាក្យ​ឆ្គាំ​ឆ្គង ពុំ​ត្រូវ​ទំនង​ក្រឹត្យ​វិន័យ សុំ​ទ្រង់​មេត្តា​អត់​ទោស​ពៃរ៍ ក្រួញ​ក្រាប​សិរសី​ក្រោម​ព្រះ​បាទ ។ ព្រះ​សង្ឃ​ទាំងអស់​ទោះ​តូច​ធំ ខ្ញុំ​ឱន​បង្គំ​សុំ​អនុញ្ញាត ខ្ញុំ​ពោល​មិន​មាន​ពាក្យ​ប្រមាទ សង្ឃ​ជា​ល្អ​ស្អាត​ខ្ញុំ​មិន​ថា ។ ខ្ញុំ​ពោល​តែ​សង្ឃ​ធ្វើ​អាក្រក់ បើ​ខ្ញុំ​កុហក​ខូច​មុសា ហេតុ​នេះ​ខ្ញុំ​សុំ​បវារណា សង្ខេប​និដ្ឋិតា​រឿង​លោក​សង្ឃ ។

សុំ​ក្រើន​រំឭក​ឫក​បាសក ច្រើន​ចិត្ត​អាក្រក់​ខ្ញុំ​តម្រង់ តម្រូវ​តាម​ផ្លូវ​ច្បាប់​ព្រះ​សង្ឃ កុំ​បី​លះបង់​ចោល​សាសនា ។ កើត​មក​ពូជ​ពង្ស​ពេញ​ពុទ្ធ​សាសន៍ កុំ​ភ្លើ​កុំ​ផ្លាស់​ភ្លេច​សាវតារ មាន​រូប​មាន​ចិត្ត​មាន​ប្រាជ្ញា គួរ​ពិចារណា​រក​ខុស​ត្រូវ ។ កាល​កើត​មិន​ទាន់​ដឹង​ទោស​ទុក្ខ បន្ទោ​មូត្រ​លាមក​ដាក់​ម៉ែ​ឪ លាង​ដុះ​ជ្រះ​ស្អាត​ផ្ដេក​ទុក​នៅ បុក​ស្រូវ​អង្ករ​ស្ល​ដណ្ដាំ ។ ដេក​ឱប​គ្រប់​ក្រុង​ប្រុង​ប្រយត្ន ក្រែង​សត្វ​ស្រមោច​មូស​ចុច​ខាំ លំបាក​នឿយ​ណាស់១៥ឆ្នាំ ម៉ែ​ឪ​រង​កម្ម​ចិញ្ចឹម​កូន ។ កំលោះ​ក្រមុំ​ពេញ​រូបកាយ អាពុក​និង​ម្ដាយ​ចាស់​ទ្រម​ខ្លួន ប្រមុំ​រូប​ល្អ​បរិសុទ្ធ​សូន្យ បាន​ស៊ី​ជំនូន​នំ​ចំណី ។ រៀបការ​រក​ស៊ី​រួម​បន្ទុក សូម​ម្ដាយ​ឪពុក​ប្រពន្ធ​ប្ដី មួយ​ឆ្នាំ​ពីរ​ឆ្នាំ​កើត​កូន​ខ្ចី ជីដូន​ព​បី​ចៅ​ជុះ​ដាក់ ។ កាល​កូន​ពី​តូច​នឿយ​ដុស​លាង ធំ​ពេញ​រូបរាង​ខាង​ប្រឡាក់ លាង​លាមក​​ចៅ​ទៀត​ឡើង​ពីរ​ថ្នាក់ ធម្ម​មាន​ចំពាក់​ថែម​ពីរ​ជាន់ ។ ចំណែក​កូន​ប្រុស​បាន​បួស​ភិក្ខុ ខ្លះ​បួស​រឭក​សហាយ​ស្មន់ សឹក​មក​មិន​ឈប់​ទៅភពភាន់ រៀបការ​មិន​ទាន់​រាន់​ចិត្ត​ឯង ។ អ្នក​ខ្លះ​បួស​ចេះ​ដឹង​ធម៌​អាថ៌ បួន​ប្រាំ​វស្សា​យូរ​អង្វែង សឹក​មក​រក​ស៊ី​ខំ​ខ្នះខ្នែង មិន​លែង​ឱ្យ​ទុក្ខ​ឪពុក​ម្ដាយ ។ ព្រួយ​ចិត្ត​ព្រោះ​ដ្បិត​រក​ប្រពន្ធ ថែម​ទោស​ទុក្ខ​ធ្ងន់​រាល់​រូបកាយ រក​ស៊ី​នៅ​ជិត​មិន​នៅ​ឆ្ងាយ កូន​ធ្វើ​ខ្ញុំ​ម្ដាយៗខ្ញុំ​ខ្លួន ។ បើ​មាន​ប្រពន្ធ​នៅ​ស្រុក​ឆ្ងាយ ឪពុក​និង​ម្ដាយ​ឃ្លាត​ដោយ​ខ្លួន មាន​ម្ដាយ​ខាង​ស្រី​នៅ​ថៃថួន មិន​លែង​ជីដូន​ធ្វើ​ខ្ញុំ​ចៅ  ។ ពីព្រោះ​រក​ស៊ី​ក្នុង​បន្ទុក ចំណី​គ្រប់​មុខ​ទោះ​ឆ្អិន​ឆៅ ស្វាយ​ខ្នុរ​ចេក​ដូងដំឡូង​ត្រាវ របស់​នោះ​ម៉ៅ​ក្នុង​ចំណែក ។ អាពុក​ម្ដាយ​ចាស់​ឈឺ​ទម្ងន់ ចំណី​ជោរ​ជន់​ជូន​ដាច់​ប៉ែក លើក​ឡើង​ប្រគល់​ម្ដាយ​ប្រកែក សម្រក់​ទឹក​ភ្នែក​ស្ដាយ​ចំណី ។ ចង់​ដែរ​ប៉ុន្ដែ​លេប​មិន​រួច ជិប​បាន​តិច​តួច​ចោល​ទៅ​ដី យ៉ាង​នេះ​គ្រប់​មនុស្ស​ទាំង​ប្រុស​ស្រី គប្បី​សម្គាល់​រាល់​រូបកាយ ។ ពី​តូច​ទាល់​ធំ​ពេញ​ចំណាស់ មិន​ដែល​សំពះ​អាពុក​ម្ដាយ សំពះ​ម្ដងៗតែ​អ្នក​ឆ្ងាយ ត្រង់​ម្ដាយ​អាពុក​ថា​អៀន​ខ្មាស ។ ម្ដាយ​រលត់​វេលា​ណា អាចារ្យ​ស្រោច​ទឹក​លើក​ចំអាស ប្រមូល​ចូល​ដុស​លាង​ជម្រះ ឱ្យ​ក្រាប​សំពះ​បវារណា ។ ប្រណម្យ​សុំ​ទោស​ម្ដាយ​មិន​ដឹង ត្រង់​អរ​ឬ​ខឹង​ម្ដាយ​មិន​ថា គ្មាន​ប្រាក់​ទៅ​ជឿ​ទំនិញ​ផ្សារ ខ្លះ​ខ្ចី​ចងការ​ញាតិ​សន្ដាន ។ មាន​តែ​កម្លាំង​តាំង​ខំ​រត់ ទៅ​ទិញ​សំពត់​ផ្តិល​ថាស​ចាន គ្រប់​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ឱ្យ​បាន​ដាក់​ផ្លុង​ឱ្យ​ម៉ែ​ឪ ។ ដាក់​ចោល​បោះបង់​លោក​សង្ឃ​ទស់ បើ​ឱ្យ​កាល​រស់​នោះ​ពេញ​ត្រូវ ជវ័ន​វិញ្ញាណ​ចេញ​អស់​ទៅ អ្នក​ណា​នឹង​នៅ​នឹង​ត្រេកអរ ។ កាល​ម្ដាយ​រស់​នៅ​មិន​សូវ​លុះ បាន​នេះ​ខ្វះ​នោះ​ចេះ​តែ​ក្រ ម្ដាយ​ស្លាប់​មិន​ដឹង​ប្រឹង​ត្រដរ អង្វរ​ខ្ចី​ជឿ​គេ​ធ្វើ​បុណ្យ អ្នក​មាន​សំណាង​ប្រសើរ​គាប់ បុគ្គល​មាន​ភព្វ​មាន​ទ្រព្យ​ធន គេ​នឿយ​តែ​ទិញ​ទូល​រែក​ពុន មាន​ប្រាក់​ជា​ទុន​ធ្វើ​ជា​ទាន ។ ច្រើន​ចិត្ត​អាក្រក់​តិច​ចិត្ត​ល្អ ច្រើន​ខាង​អ្នក​ក្រ​តិច​អ្នក​មាន កំណាញ់​ស្វិត​ពេក​ច្រើន​ស្រេក​ឃ្លាន គួរ​គិត​សន្និដ្ឋាន​ចូល​ចិត្ត​ចុះ ។ កើត​មក​តែង​រក​ប្រពន្ធ​ប្ដី មួយ​រយ​មាន​ពីរ​បី​ទាំង​ស្រី​ប្រុស បើ​បួស​ត្រឹមត្រូវ​មិន​សូវ​ខុស ស្លាប់​រស់​កុំ​សឹក​យក​ប្រពន្ធ ។ បើ​ទ្រាំ​មិន​បាន​ហើយ​សឹក​មក ឱ្យ​គិត​លៃ​លក​រក​ទ្រព្យ​ធន ជូន​ម្ដាយ​អាពុក​ទុក​ធ្វើ​បុណ្យ គោរព​តប​គុណ​ចម្រើន​ផល ។ បើ​យក​ប្រពន្ធ​នៅ​ឱ្យ​ឆ្ងាយ ល្មម​ម្ដាយ​អាពុក​ទៅ​មក​ដល់ កុំ​នៅ​ជា​មួយ​កើត​អកុសល ព្រោះ​ម្ដាយ​ខ្វាយ​ខ្វល់​នឹង​កូន​ឯង ។ ប្រពន្ធ​និង​ប្ដី​ស្រី​និង​ប្រុស មិន​ដឹង​ទោស​ខុស​គ្រប់​កន្លែង គ្មាន​ប្ដី​ប្រពន្ធ​គេ​ថា​ឆ្នែង អ្នក​ប្រាជ្ញ​សម្ដែង​ថា​សេស​បាប ។ ឃើញ​ត្រូវ​តែ​នៅ​ឃ្លាត​ដោយ​ខ្លួន ចំណី​ជំនូន​ជូន​ដរាប កុំ​នៅ​ជា​មួយ​កើត​ឆ្អេះ​ឆ្អាប លុត​ក្រាប​សំពះ​កុំ​ខ្មាស​គុណ ។ កូន​ចៅ​ខាង​ក្រោយ​ឱ្យ​ប្រតិបត្តិ ប្រយត្ន​កុំ​ធ្វើ​ដូច​អ្នក​មុន អ្នក​មាន​កូន​ចៅ​បាន​ជា​ស៊ុន ទោស​ធ្ងន់​ឱ្យ​ទុក្ខ​អាពុក​ម្ដាយ ។ ស្រួល​ណាស់​តែ​នៅ​ឆ្ងាយ​ដោយ​ខ្លួន ឱ្យ​ចេះ​ថែថួន​មើល​នាយ​អាយ ផ្ទះ​ធំ​ស្រណុក​សុខ​សប្បាយ កុំ​ស្ដាយ​ស្រណោះ​របស់​នៅ ។ មេបា​សុខ​ចិត្ត​ឱ្យ​កូន​ស្រី យើង​សង់​ផ្ទះ​ថ្មី​ដូច​ម៉ែ​ឪ មេបារ​រៀបការ​ជា​ត្រឹមត្រូវ ខ្លួន​នៅ​មិន​នៅ​នោះ​តាម​ចិត្ត ។ ប៉ុន្តែ​ម៉ែ​ឪ​ត្រូវ​សប្បុរស ឱ្យ​ទ្រព្យ​របស់​ព្រោះ​អាណិត ធ្វើ​តាម​ទំនៀម​ច្បាប់​ក្រម​ក្រឹត្យ សាច់​សាលោហិត​មាន​សង្ស័យ ។ យើង​ខំ​រក​ស៊ី​មាន​ពេល​ឈប់ គួរ​ឆ្លៀត​គោរព​ទោះ​យប់​ថ្ងៃ ចំណី​ផ្អែម​ឆ្អាប​ទោះ​សាប​ប្រៃ កុំ​លាក់​សំចៃ​ស៊ី​ភ្លេច​គុណ ។ ខ្លួន​ខ្ញុំ​កំណើត​រាស្ត្រ​អ្នក​ស្រែ ឆោត​ឆៅ​ខ្លៅ​ដែរ​ពី​កាល​មុន កាល​មក​ពី​បួស​ខុះ​រែក​ពុន ធ្វើ​បាប​និង​បុណ្យ​ទម្ងន់​ស្មើ ។ ខ្ញុំ​ស្មោះ​គោរព​អាពុក​ម្ដាយ អស់​លោក​ទាំងឡាយ​ល្មម​សរសើរ ខ្ញុំ​ជូន​ដំណឹង​តាម​ដំណើរ ព្រះ​ខ្ញុំ​គ្រាន់​បើ​ជាង​អ្នក​ល្ងង់ ។ ជាតិ​ក្រោយ​កុំ​ឱ្យ​ខ្ញុំ​ល្ងីល្ងើ ជាតិ​នេះ​ចាស់​ស្ទើរ​ខ្ញុំ​ប្រឹង​ស្ទង់ ប្រឹង​ស្ទុះ​ឱ្យ​រួច​ពី​អន្លង់ ភ័យ​ភិត​ខ្លាច​ផុង​ទៅ​ក្នុង​ភក់ ។ ក្នុង​ភព​សង្សារ​ខ្ញុំ​សង្ស័យ សព្វ​ថ្ងៃ​ខ្ញុំ​ភ័យ​ខ្លាច​នរក ម្យ៉ាង​ទៀត​ខ្ពើម​ជាតិ​អាជិវក ជាតិ​ល្មោភ​ហូបលាមក​​ព្រោះ​ល្មើស​គុណ ។ ក្រែង​ខ្ញុំ​បាន​ល្មើស​ម៉ែ​ឪ​ខ្លះ ខ្ញុំ​ភ័យ​ខ្ញុំ​ណាស់​ក្រែង​ខ្ញុំ​ស៊ុន ខ្ញុំ​សុំ​ស្មា​លា​ទោស​ពី​មុន សុំ​បុណ្យ​ជួយ​បាំង​បាប​ឱ្យ​បាត់ ។ ឱ្យ​បាន​ទាន់តួ​ព្រះ​ស្រីអារ្យ ឱ្យ​បែក​ប្រាជ្ញា​ក្នុង​បរមត្ថ ព្រះ​អង្គ​ទេសនា​​ទ្រង់​ប្រោស​សត្វ សុំ​លុះ​អរហត្ត​ដូច​បំណង ។ ចំណែក​ខ្ញុំ​ផ្សាយ​ច្បាប់​រំឭក អស់​លោក​ជួយ​នឹក​សច្ចា​ផ្សង ធ្វើ​បុណ្យ​ចែក​ផល​ដល់​ខ្ញុំ​ផង នឹក​ឈ្មោះ​ម្ដងៗដូច​ធម្មតា ។ មាន​ម្ដាយ​អាពុក​រាល់​រូប​រាង នោម​ជុះ​ដុស​លាង​គួរ​ល្អើម​ល្អា(រអើមរអា) ព្រះ​ពុទ្ធ​ចាក​ផុត​វដ្ដសង្សារ ប្រាថ្នា​រក​ផ្លូវ​ទៅ​និព្វាន ។ រលាយ​កង​ទុក្ខ​អកុសល​កម្ម រលត់​ខន្ធ​ប្រាំ​លែង​ស្រេក​ឃ្លាន យើង​នៅ​សង្ខារ​និង​វិញ្ញាណ ទោស​ទុក្ខ​តែង​មាន​តែ​រាល់​គ្នា ។ ខ្ញុំ​ទូល​បង្គំដើម​ឈ្មោះ​អ៊ូ ពូជ​ពង្ស​អម្បូរ​ខ្មែរ​អ្នក​ជា អាពុក​ឈ្មោះ​អុក​មាន​សក្តិ​ងារ ចៅ​ពញា​ធម្មធារា​ធ្វើ​មេ​ស្រុក ។ ក្នុង​ខេត្ត​​ភ្នំពេញ​ឃុំ​កំបូល ពូជ​ពង្ស​ត្រកូល​ម្ចាស់​អង្គ​ប៉ុក អាពុក​អ្នក​ម្ដាយ​ឈ្មោះ​ពញា​ម៉ុក គាត់​ធ្វើ​មេ​ស្រុក​ឃុំ​ស្ពាន​ថ្ម ។ អ្នក​ម្ដាយ​អាពុក​បង​ប្អូន​ជិត ជំទួត​មួយ​ពិត​ពូជ​ចិត្ត​ល្អ ដូនតា​ផ្សំ​ផ្គុំ​ជា​តំណ បង្ក​កើត​ខ្ញុំ​ទូល​បង្គំ ។ បង្កើត​អំពី​ក្នុង​គំនិត ភ័យ​ភិត​ខ្លាច​បាប​ចង់​បាន​បុណ្យ បាន​បែក​ចែង​ច្បាប់​ប្រាប់​មហាជន បួន​ច្បាប់​ពី​មុន​ជូន​រាជការ ។ បោះពុម្ព​សៀវភៅ​ចែក​សព្វ​សាយ ម៉ាដឺមូហ៊្សែល​ចាត់​ថ្វាយ​ព្រះ​ករុណា មិន​បាន​ថ្វាយ​ផ្ទាល់​ដល់​ហត្ថា សូម​ទ្រង់​មេត្តា​ប្រោស​ប្រណី ។ ឱន​កាយ​ប្រណម្យ​សុំ​អនុញ្ញាត ក្រាប​ក្រោម​ព្រះ​បាទ​ព្រះ​បារមី ចែង​ច្បាប់​បរមត្ថ​អត្ថ​បាលី សេចក្ដី​ចែង​ចប់​ម្ល៉េះ​ហើយ​ហោង ។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី៧


  •  
  •  

បញ្ចេញយោបល់ ៖