ច្បាប់​កូន​ចៅ

  •  
  •  

​ក្រម ង៉ុយ

៙ កូន​ចៅ​ចូរ​ចាំ​ស្ដាប់ អាពុក​ប្រាប់​ប្រៀន​ប្រដៅ រូប​ល្អ​ស​សាច់​ក្រៅ កុំ​ឱ្យ​ខ្មៅ​ចិត្ត​ខាង​ក្នុង ។ កូន​ចាំ​ចង​ទុក​ចុះ ជាតិ​ជា​មនុស្ស​មិន​ខុស​ពង្ស រូប​ក្រៅ​យ៉ាង​ខ្មៅ​យង់ ចិត្ត​ខាង​ក្នុង​ស​ល្អ​ស្អាត ។ ពាក្យ​ពិត​គិត​ឧបមា កុំ​ត្រាប់​ខ្លា​រៀន​ត្រាប់​ត្មាត សត្វ​ក្អែក​ខ្លៅ​ហួស​ខ្នាត ឫក​ខូច​ខាត​នោះ​កុំ​ត្រាប់ ។ មើល​ឫក​សេក​លលក ល្មម​រៀន​យក​ទុក​តម្រាប់ ជាតិ​ឆ្កែ​ត្រកូល​អាប់ គួរ​កុំ​ត្រាប់​ឱ្យ​ត្រាប់​ស្វា ។ កុំ​ត្រាប់​មាន់​មាន​បាប ត្រាប់​ពុត​ចាប​បែក​ប្រាជ្ញា កុំ​ត្រាប់​ខ្លែង​ឫស្យា ត្រាប់​ពង្សា​ត្រកូល​ហង្ស ។ កុំ​ត្រាប់​ពុត​កង្កែប ឱ្យ​ត្រាប់​បែប​សត្វ​កន្លង់ កុំ​ត្រាប់​ពុត​ប្រមង់ ផ្ចង់​ត្រាប់​ពុត​សារិកា ។ កូន​ចៅ​ចូរ​ចាំ​ស្ដាប់ អាពុក​ប្រាប់​ប្រែ​បញ្ហា មនុស្ស​ល្អ​ដូច​ទេវតា ចិត្ត​ឫស្យាអន្យតិរ្ថិយ ។ ចិត្ត​ក្នុង​ពាល់​រលាក ផ្អែម​តែ​ពាក្យ​និង​សម្ដី កូន​ចៅ​ទាំង​ប្រុស​ស្រី កុំ​បី​ត្រាប់​មនុស្ស​យ៉ាង​ហ្នឹង ។ ត្រាប់​មនុស្ស​ខ្មៅ​កក្រិត ខាង​ក្នុង​ចិត្ត​ល្អ​ស​ភ្លឹង អ្នក​ស្រុក​ស្រណុក​ពឹង រឹង​តែ​ពាក្យ​សម្ដី​ក្រៅ ។ មាន​ការ​ខឹង​ដោយ​យ៉ាង ស្ដី​ក្អេងក្អាង​មាត់​លឡៅ ជេរ​វ៉ៃ​ស្ដី​ប្រដៅ ជេរ​ហើយ​ហៅ​ឱ្យ​ស៊ី​ចុក ។ អ្នក​ម្យ៉ាង​ស​ទាំង​អស់ គ្មាន​ខ្មៅ​សោះ​រឹត​តែ​សុខ យ៉ាង​ហ្នឹង​ចូរ​ចាំ​ទុក បួន​ប្រាំ​ស្រុក​មិន​ទាន់​មាន ។

និយាយ​រឿង​ឫក​ខ្លា ស៊ី​អាហារ​តាម​ចិត្ត​ឃ្លាន ខាំ​គេ​ទាំង​បំពាន ហ៊ាន​មិន​ថា​គេ​តូច​ធំ ។ សត្វ​ត្មាត​រូប​អាក្រក់ បើ​សម្លក់​រក​ទ្រនំ អត់​ស៊ី​សំកុក​ទំ ឮ​ក្អែក​យំ​ស្រាប់​តែ​អរ ។ អាដែង​សត្វ​សុនខ ឫក​អាក្រក់​ដេក​តែ​ក្រ ឃើញ​គ្នា​ទោះ​ខ្មៅ​ស មិន​ដែល​អរ​ស្រាប់​តែ​ខឹង ។ ចេះ​មួយ​តែ​ស្អប់​គ្នា ត្រង់​ខូច​ជា​មិន​ទាន់​ដឹង ឃើញ​ឆ្កែ​កន្ទុយ​ឆ្កឹង ប្រឹង​ដេញ​ឆ្កឺត​ប្រខាំ​ឈ្លោះ ។ កំណើត​សត្វ​ពានរ អង្គុយ​ឈរ​ដេក​ទី​ខ្ពស់ ដៃ​ជើង​លោត​ឡើង​ចុះ រស់​នឹង​ស្លឹក​ឈើ​ផ្លែ​ឈើ ។ សត្វ​ក្អែក​ចិត្ត​ចោរ​ខ្មាំង លួច​ត្រី​អាំង​គេ​ទុក​ទើ ត្រីខ​​ព្យួរ​ខាង​លើ ចឹក​បើក​រើ​លួច​លប​ឆក់ ។ ពង​មាន់​ស៊ី​មិន​កើត ចេញ​ចូល​អើត​ភ្នែក​ស្លឺត​ស្លក់ ចិត្ត​ខ្មាំង​ខ្មៅ​អាក្រក់ ឆក់​ទៅ​ចោលក្រៅ​របង ។ លលក​សេក​បក្សី ស៊ី​ចំណី​ជុំ​គឹកកង មាន​ភ័យ​ផ្អើល​ម្ដងៗ ហើរ​ត្រសង​មិន​ឈ្លោះ​គ្នា ។ មាន់​ព្រៃ​និង​មាន់​ស្រុក ដេក​សំកុក​មិន​ចេះ​រងា ចេះ​ល្ងាវ​ចាំ​វេលា ជុះ​បង្ហៀរ​ដាក់​បង្គង ។ សត្វ​ចាប​សឹង​ចេះ​គិត ដឹង​ថា​ជិត​ថ្ងៃ​ខែ​ពង ពាំ​ស្មៅ​ម្ដង​មួយ​ទង ចេះ​ផ្គូរ​ផ្គង​ធ្វើ​សម្បុក ។ ប្រមង់​ខ្លែង​ចោរ​ប្លន់ ឆាប​កូន​មាន់​កណ្ដាល​ស្រុក មេ​មាន់​យំ​រំអុក ហែក​បញ្ចុក​រស់​កូន​ឯង ។ កំណើត​ហង្ស​បក្សី មាន​រស្មី​ល្អ​ចិញ្ចែង ក្បូរ​ក្បាច់​រំលេច​ខែង គេ​តែង​ធ្វើ​រូប​តាង​ទុក ។ មាន​វត្ត​មាន​ព្រះ​អង្គ មាន​រាជ​ហង្ស​នៅ​ខាង​មុខ មិន​ដែល​បែក​បាក់​ពុក ទុក​តម្កើង​លើ​ដង​ទង់ ។ បក្សី​សត្វ​សារិកា មាន​ប្រាជ្ញា​មិន​សូវ​ល្ងង់ សម្បុរ​សោត​ខ្មៅ​យង់ ស្ដេច​តែង​ទ្រង់​ប្រោស​ប្រណី ។ មាន​រឿង​ក្នុង​មហោសថ វែង​បំផុត​មិន​មែន​ខ្លី ឈប់​ស្លេះ​រឿង​បក្សី ចែង​សេចក្ដី​រឿង​កង្កែប ។ ដេក​នៅ​ផ្ទាប់​គល់​ឈូក ខ្នង​ស្រកូក​សម្ងំ​អែប ផ្កា​ឈូក​ល្អ​អស់​បែប មិន​ដឹង​ក្លែប​ក្លិន​យ៉ាង​ណា ។ កន្លង់​សត្វ​បក្សី នៅ​ក្នុង​ព្រៃ​ដែន​បព្វតា ស្វែង​ហើរ​រក​អាហារ ជញ្ជក់​ផ្កា​ឈូក​យក​បាន ។ អធិប្បាយ​ឱ្យ​ហូរហែ ជាតិ​ជា​ខ្មែរ​ទាំង​ប៉ុន្មាន មាន​ឈ្មោះ​ខ្ពស់​ថ្កើងថ្កាន ញាតិ​សន្ដាន​និង​ព្រះ​ពុទ្ធ ។ ប្រពៃ​ពូជ​ព្រះ​អង្គ បួស​ជា​សង្ឃ​ពង្ស​កុលបុត្រ កាន់​សីល​មិន​បរិសុទ្ធ ចៀស​គេច​ផុត​ផ្លូវ​និព្វាន ។ នេះ​ឯង​មនុស្ស​កង្កែប មាត់​ច្រវែប​បែប​មិន​ឃ្លាន អត់​ចិត្ត​អត់​វិញ្ញាណ មិន​មាន​ដឹង​រស​ក្លិន​ផ្កា ។ អ្នក​ខ្លះ​គ្មាន​តម្រិះ មិន​ចង់​ចេះ​ដឹង​អក្ខរា មិន​ស្រើប​នឹង​ធម៌​អាថ៌ មាន​ឧបមា​ដូច​កង្កែប ។ អ្នក​ម្យ៉ាង​មិន​បួស​សោះ ចិត្ត​ជឿ​ស្មោះ​អស់​បទ​បែប បាន​ភព​ប្រសព្វ​សេព អែប​ឱប​សីល​ដូច​កន្លង់ ។ ប្រដូច​មនុស្ស​នឹង​សត្វ ផ្លូវ​បរមត្ថ​កាន់​តម្រង់ តម្រាប់​ច្បាប់​ព្រះ​អង្គ កុំ​លះបង់​ព្រះ​សាសនា ។ ជាតិ​ខ្មែរ​ចិត្ត​ខ្មៅ​ខូច មាន​ប្រដូច​ពូជ​ក្រូចឆ្មារ មិន​ដែល​ឆ្ងាញ់​ពីសា ជូរ​យ៉ាង​ណា​ជូរ​ទាល់​ងាប់ ។ មនុស្ស​ម្យ៉ាង​ដូច​ននោង ខ្ចី​ដំបូង​ប្រសើរ​គាប់ ចាស់​ស្វិត​សាញ​ស្រទាប់ គេ​លែង​រាប់​ស្អប់​លែង​ស្ល ។ ស្វាយ​ខ្ចី​ចាស់​ជូរ​ដែរ ទុំ​ទៅ​ប្រែ​ជា​ផ្អែម​ល្អ ជាតិ​ខ្មែរ​ចិត្ត​ខ្មៅ​ស កម្រ​បាន​បែប​ដូច​ស្វាយ ។ ច្រើន​ដូច​ក្រូច​ននោង ពូជ​ត្នោត​ដូង​ប្រយោជន៍​ឆ្ងាយ ជម្ពូ​ទ្វីប​យើង​អាយ មនុស្ស​ទាំងឡាយ​ត្រាប់​មិន​បាន ។ កាល​គ្រាប់​នៅ​កម្រោល គេ​បោះ​ចោល​មិន​រាប់អាន ដេក​ដុះ​តាម​កម្សាន្ត ធំ​ប៉ុន្មាន​ប្រាក់​ប៉ុណ្ណឹង ។ ប្រយោជន៍​ជាតិ​ដូង​ត្នោត មនុស្ស​ណា​ឆោត​គិត​មិន​ដឹង គេ​កាប់​មិន​ចេះ​ខឹង ប្រឹង​តែ​លូត​លាស់​ជា​ថ្មី ។ មិន​ឥត​អំពើ​សោះ ត្រូវ​ទាំងអស់​ការ​ខាង​ខ្លី ខ្ពស់​ឃ្លាត​ផុត​ពី​ដី ស្លឹក​ខ្លីៗគេ​ធ្វើ​ផ្លិត ។ ត្បាញ​ស្មុគ​ចាក់​កាតំ គេ​ចេះ​ផ្សំ​ប្រើ​តាម​ចិត្ត អ្នក​ណា​ប្រាជ្ញា​ល្អិត ប្រើ​ហើយ​ប្រិត​បាន​ប្រាក់​ពាន់ ។ ធាង​តូច​ត្រូវ​ចំណង ទាល់​ម្ដងៗធ្វើ​បន់​ស្រន់ រក​ណេះ​ណោះ​មិន​ទាន់ ធ្វើ​រូស​រាន់​តាម​ប្រញាប់ ។ ខាង​ពោះ​ធ្វើ​របង ប៉ែក​ខាង​ខ្នង​ចង​កណ្ដាប់ កណ្ដាល​ហាល​ថ្ងៃ​ស្លាប់ ក្របែល​កាប់​ដុត​ដាំ​បាយ ។ ត្នោត​មួយ​ដើម​លៃ​លុយ​កាក់ បូក​ទាំង​ប្រាក់​មួយ​ពាន់​ប្លាយ មនុស្ស​រស់​រាល់​រូប​កាយ បាន​ប្រាក់​ចាយ​ពី​ដើម​ត្នោត ។​ ស្រទាប់​ធាង​និង​ស្លឹក មាន​ផ្កា​ទឹក​ធ្វើ​ស្ករ​ប៉ោត ស្ករ​ផែន​ម៉ឺន​សែន​កោដិ ក្បាប​វា​សោត​គេ​ដោត​ត្រី ។ ចាស់​ល្មម​ឡៅ​លក់​ដូរ ស្ល​កកូរ​ផ្លែ​ខ្ចីៗ ផ្លែ​ទុំ​ជ្រុះ​ដល់​ដី  មនុស្ស​ប្រុស​ស្រី​រើស​ធ្វើ​នំ ។ ចោល​គ្រាប់​ដុះ​កំពីង ដាប់​លួង​ក្មេង​កុំ​ឱ្យ​យំ ជក់​ចាស់​សរសៃ​ធំ ចង​ប្រមុម​​ធ្វើ​ជា​ប្រែង ។ ជក់​ល្អិត​សរសៃ​ខ្ចី វេញ​ខ្សែ​ខ្លី​វេញ​ខ្សែ​វែង ប្រយោជន៍​ច្រើន​កន្លែង អ្នក​ណា​ឯង​អាច​ត្រាប់​បាន ។ ជាតិ​ខ្មែរ​ចិត្ត​ខ្មៅ​ស អាក្រក់​ល្អ​មាន​គ្រប់​ប្រាណ បើ​ចង់​សុខ​ក្សេមក្សាន្ត មើល​លំអាន​ពុត​ដើម​ស្វាយ ។ កុំ​ត្រាប់​ននោង​ក្រូច ក្រែង​មិន​រួច​ចតុរាបាយ ដូង​ត្នោត​ប្រយោជន៍​ឆ្ងាយ មនុស្ស​ទាំងឡាយ​ពិបាក​ត្រាប់ ។ លលក​សេក​កន្លង គួរ​ផ្ចិតផ្ចង់​យក​ជា​ច្បាប់ សត្វ​ណា​កិរិយា​អាប់ ខុស​សណ្ដាប់​ចៀស​ឱ្យ​ឆ្ងាយ ។ ពាក្យ​ពិត​ពោល​ប្រដូច សត្វ​ធំ​តូច​បែប​បរិយាយ រំពឹង​គិត​ក្នុង​កាយ សត្វ​ទាំងឡាយ​ចិត្ត​ខុស​គ្នា ។ សត្វ​ស្វា​ប្រាជ្ញា​វៃ មាន​ទុក្ខ​ភ័យ​រាល់​វេលា គំនិត​ចិត្ត​ល្អ​ជា ទ្រាំ​ក្ដៅ​រងា​ទាំង​ថ្ងៃ​យប់ ។ មាន​ឆោត​ជា​ទំនៀម ដេក​លក់​ស្ងៀម​ពី​ព្រលប់ ចុះ​ដី​បី​ដង​ម្យប់ ស្ទាប​គល់​គ្រប់​ក្រែង​រលំ ។ មែក​តូច​មិន​ខ្លាច​បាក់ អធ្រាត្រ​ភ្ញាក់​ផ្អើល​ស្រែក​យំ នេះ​ឯង​ហៅ​ឆោត​ធំ មែក​តូច​ធំ​ជុំ​គ្នា​ដេក ។ អាដែង​ត្រដេវវិច ជើ​ង​តូច​តិច​អាង​ធាក់​មេឃ ឆោត​ហើយ​ព្រហើន​ពេក ដេក​តែ​ផ្ងារ​មិន​ដែល​ផ្កាប់ ។ អាដែង​ក្រៀល​បក្សី ខ្លាច​ផែនដី​ផ្អៀង​ក្រឡាប់ លប​ឈាន​មិន​ហ៊ាន​ចាប់ ខ្លាច​ដី​ផ្កាប់​លើក​ជើង​ម្ខាង ។ ជន្លេន​សត្វ​ពូជ​ប្រេត ស៊ី​មិន​ឆ្អែត​តាម​សំណាង ផែនដី​ធំ​អស់​យ៉ាង ស៊ី​ខាងៗខ្លាច​អស់​ដី ។ កំណើត​សត្វ​ទាំង​បួន ឆោត​ផុង​ខ្លួន​ប្រាជ្ញា​ខ្លី ជាតិ​មនុស្ស​ទាំង​ប្រុស​ស្រី កុំ​បី​ឆោត​ជ្រុល​គំនិត ។ រាល់​រូប​ទាំង​ស្រី​ប្រុស ចង់​តែ​រស់​ជន្ម​ជីវិត គួរ​ជឿ​គម្ពីរ​ពិត មិន​គួរ​គិត​ជឿ​អាគម ។ មិន​ជឿ​ធម៌​ព្រះ​ពុទ្ធ ជឿ​មេមត់​ខ្មោច​ស្ដោះ​ផ្លុំ ខ្សែ​ក​អារក្ខ​ធំ ចង​ពទ្ធ​រុំ​រាំង​ផ្លូវ​ស្លាប់ ។ ជឿ​ណាស់​តែ​ខ្សែ​ក ត្រង់​ព្រះ​ធម៌​មិន​ខ្វល់​ស្ដាប់ ព្រះ​កាល​មក​តឿន​ប្រាប់ ព្រម​ប្រញាប់​ទាំង​បំណង ។ អាគម​ខ្សែ​ក​ស្រាប់ ម្ដេច​មិន​ចាប់​ព្រះ​កាល​ចង អារក្ខ​ស្ដោះ​ផ្លុំ​ម្ដង ឆ្លង​មិន​រួច​អកុសល​កម្ម ។ នេះ​ឯង​ត្រដេវវិច មាត់​តូច​តិច​ដេក​ផ្ងារ​បាំង ជើង​តូច​ដូច​សម្រាម ចាំ​ធាក់​មេឃ​យក​រួច​ខ្លួន ។ មេឃ​ណា​ចេះ​រលំ បំផុត​ធំ​គ្រប​ទ្វីប​បួន ពពក​បក់​ប្រពូន ព្រះ​ពាយ​ជូន​មិន​ផុត​មេឃ ។ ជន្លេន​ខ្លាច​អស់​ដី មនុស្ស​តិរ្ថិយ​កំណាញ់​ពេក មាន​ទ្រព្យ​ច្រើន​អនេក ដេក​តែ​មើល​មិន​ធ្វើ​ទាន ។ ស៊ី​សោត​មិន​ពេញ​ពោះ ឱ្យ​តែ​រស់​សោះ​តែ​ឃ្លាន សន្សំ​ទុក​ធ្វើ​ទាន មិន​ហ៊ាន​ទិញ​ស៊ី​ស្ដាយ​ប្រាក់ សត្វ​ក្រៀល​ឆោត​ភ្លើៗ ទំ​មែក​ឈើ​មិន​ខ្លាច​បាក់ ដើរ​ដី​ជើង​ម្ខាង​ដាក់ ម្ខាង​លើក​លាក់​ខ្លាច​ផ្កាប់​ដី ។ នេះ​ឯង​ហៅ​ឆោត​ព្រើល ម្ដេច​មិន​មើល​សត្វ​ដំរី ធំ​លើស​សត្វ​អ្វីៗ ដើរ​លើ​ដី​មិន​ក្រឡាប់ ។ ដូច​ចាស់​បូរាណ​មុន លោក​មាន​គុណ​ច្រើន​ចេះ​ច្បាប់ ធ្វើ​ការ​មិន​ប្រញាប់ រៀប​រណ្ដាប់​មិន​ដែល​ខាន ។ ចាស់​ធ្វើ​គួរ​យើង​គោរព ថា​ចាស់​ឆោត​ថា​មិន​បាន បើ​តាម​បែប​លំអាន សាច់​សន្ដាន​និង​សត្វ​ក្រៀល ។ ធ្វើ​ការ​ប្ដី​ប្រពន្ធ រៀប​ភោជន​ពេញ​ពាស​វាល អុជ​ភ្លើង​ភ្លឺ​រន្ទាល ថ្ងៃ​រសៀល​ក្រុង​ពលី ។ រាប់​រៀប​រឿង​ភស្ដុភារ ថ្វាយ​បូជា​អស់​ផ្កា​ភ្ញី នាង​ហ៊ីង​ព្រះ​ធរណី មាន​ឫទ្ធី​សោយ​ចំណី ។ ចំណែក​ចំណាំ​ចាស់ ប្រាកដ​ណាស់​មាន​រាសី ទឹម​គោ​ទឹម​ក្របី ភ្ជួរ​រាស់​ដី​ម្ដេច​មិន​សុំ ។ រៀបការ​ប្ដី​ប្រពន្ធ ដី​មិន​ធ្ងន់​មិន​ថ្ងូរ​យំ ភ្ជួរ​រាស់​ស្រែ​តូច​ធំ ស្មៅ​រលំ​រលើង​អស់ ។ មិន​ដែល​ក្រុង​ពលី ម្ចាស់​ធរណី​មិន​នឹក​សោះ ភ្ជួរ​ហើយ​មាន​ថែម​រាស់ ដូច​គេ​រាស់​ល្មម​សង្ស័យ ។ ទោះ​ភ្ជួរ​ចម្ការ​ស្រែ ពីរ​បី​ខែ​ធ្វើ​រាល់​ថ្ងៃ កាប់​គាស់​មិន​សំចៃ មិន​ឱ្យ​ថ្លៃ​ដី​មិន​ខឹង ។ អ្នក​ខ្លះ​ទាយ​តាម​ចេះ ថា​ដី​នេះ​រក​ស៊ី​តឹង បើ​ទ្រាំ​នៅ​ត្រង់​ណឹង ប្រឹង​ទាល់​គាប់​ជាប់​តែ​ក្រ ។ បើ​តាម​ព្រះ​ពុទ្ធ​ដីកា មនុស្ស​ឫស្យា​ចិត្ត​មិន​ល្អ កំណាញ់​ច្រើន​តំណ ក្រ​ពីព្រោះ​មិន​ធ្វើ​ទាន ។ អ្នក​ចិត្ត​ល្អ​ជ្រះ​ថ្លា នៅ​ត្រង់​ណា​ចេះ​តែ​មាន មិន​ដែល​ខ្សត់​អត់​ឃ្លាន ព្រោះ​ផល​ទាន​ពី​ជាតិ​មុន ។ អ្នក​ខ្លះ​ទុក្ខ​វេទនា មាន​រោគា​រងា​គ្រុន ស្លាប់​កូន​ស្លាប់​ប្រពន្ធ ហោរ​គូរ​គន់​ថា​គ្រោះថ្នាក់ ។ មាន​ទោស​ពីព្រោះ​ដី គំនិត​ខ្លី​ឆោត​ជឿជាក់ ឆោត​បង់​ទាំង​លុយ​កាក់ រើ​លើក​ដាក់​រក​ដី​ល្អ ។ ដី​នោះ​រវល់​រុះ​រើ មាន​ឫស​ឈើ​និង​ក្រួស​ថ្ម បើ​គិត​តាម​ច្បាប់​ធម៌ ស្លាប់​និង​ក្រ​អកុសល​កម្ម ។ បាណា​ធ្វើ​ដរាប សាង​ផ្លូវ​បាបៗឱ្យ​ផល ជាតិ​នេះ​ពៀរ​មក​ផ្ដល់ ខ្យល់​មិន​ស្រួល​ទទួល​កម្ម ។ ហោរ​មួយ​ថា​ទាស់​ដី ហោរ​ពីរ​បី​ថា​គ្រោះ​ឆ្នាំ អ្នក​ចេះ​អួត​អាង​ចាំ វេរាប្រាំបំភ្លេច​ចោល ។ ជឿ​ហើយ​នៅ​សង្ស័យ ដូច​លូក​ដៃ​ចាប់​ស្រមោល ឆោត​ឆៅ​ខ្លៅ​កម្រោល ជឿ​តែលតោល​តេងតាង​ចិត្ត ។ ដី​ដេក​មិន​កម្រើក មិន​ចេះ​បើក​មិន​ចេះ​បិទ មិន​ខឹង​មិន​អាណិត ជា​ឋាន​ឋិត​មនុស្ស​គួរ​នៅ ។ ផ្កាប់​ផ្ងារ​ដោយ​សារ​ភ្ជួរ ស្ទឹង​បឹង​បួ​មាន​រាក់​ជ្រៅ អ្នក​ឆ្លង​ពឹង​ទូក​ទៅ អ្នក​សំពៅ​ពឹង​សមុទ្ទ ។ អ្នក​ប្រាជ្ញ​ពឹង​គម្ពីរ អ្នក​រក​ស៊ី​ពឹង​ពាក្យ​ឆុត ខ្លាច​ស្លាប់​ភេទ​ក៏​ស្លុត រត់​ស្លឺត​ស្លក់​ទៅ​រក​ក្បួន ។ កង្កែប​ហ៊ីង​គីង្គក់ បាន​ទឹក​ថ្លុក​ថា​មាំមួន ក្អេងក្អាង​មិន​វេះ​ពួន នឹក​ថា​ខ្លួន​បាន​សាន្ត​សុខ ។ កង្កែប​ពឹង​ត្រពាំង មាន​ព្រៃ​បាំង​មាន​ល្បាប់​ផុក ទឹក​ជ្រៅ​លំនៅ​ស្ដុក ស្រួល​ស្រណុក​ចិត្ត​គ្រាន់​បើ ។ តាំង​ឫក​ថា​ខ្លួន​ថ្កើង លោត​ចុះ​ឡើង​ស្រួល​ដេក​ដើរ គិត​ថា​គាប់​​ប្រសើរ មិន​ទាន់​ស្មើ​និង​សមុទ្ទ ។ កង្កែប​បែប​ទាំង​បួន អួត​រាល់​ខ្លួន​មិន​តក់ស្លុត បើ​តាម​ពាក្យ​ព្រះ​ពុទ្ធ គេច​មិន​ផុត​គឺ​ផល​កម្ម ។ ទឹក​ជ្រៅ​តែង​មាន​ជ្រោះ មាន​សត្វ​ពស់​វា​ពួន​ចាំ កង្កែប​អែប​ទ្រោល​ត្រាំ ពស់​លេប​ខាំ​លេប​មិន​លែង ។ ជាតិ​មនុស្ស​ដូច​កង្កែប មាន​ច្រើន​បែប​ផ្ទះ​សម្បែង អ្នក​ម្យ៉ាង​ខ្ទម​ពីរ​ល្វែង នឹក​ថា​ឯង​អស់​ប៉ុណ្ណឹង ។ អ្នក​ម្យ៉ាង​ផ្ទះ​គ្រឿង​ឈើ ប្រក់​ស្លឹក​ឈើ​ដេក​សម្លឹង ចេញ​ឫក​ឱ្យ​គេ​ដឹង ប្រឹង​មើល​ងាយ​អ្នក​នៅ​ខ្ទម ។ អ្នក​ម្យ៉ាង​អាង​ផ្ទះ​ក្បឿង រុំ​រុងរឿង​នឹង​រូប​ឆោម របស់​ទ្រព្យ​មាន​ព្រម នៅ​មិន​ល្មម​ស្មើ​ផ្ទះ​ថ្ម ។ ព្រះ​កាល​កេណ្ឌ​កម្ម​កាច មិន​កោត​ខ្លាច​អ្នក​មាន​ក្រ បើ​សីល​បរិសុទ្ធ​ល្អ ទើប​អង្វរ​ព្រះ​កាល​បាន ។ ព្រះ​កាល​ដឹង​ប្រាកដ ដល់​កំណត់​មិន​ព្រម​ខាន មហាជន​ទាំង​ប៉ុន្មាន គួរ​សន្និដ្ឋាន​ចូល​ចិត្ត​ចុះ ។ ប្រិត​ប្រុង​ក្នុង​គំនិត កុំ​ប្រព្រឹត្ត​អំពើ​ខុស រាល់​រូប​ទាំង​ស្រី​ប្រុស គិត​ឱ្យ​អស់​កុំ​ឱ្យ​សល់ ។ ផ្ទះ​ឈើ​និង​ផ្ទះ​ថ្ម អាក្រក់​ល្អ​ស្រេច​នូវ​ផល ជាតិ​មុន​ធ្វើ​បុណ្យ​ដល់ កុសល​ច្រាន​បាន​ផ្ទះ​ថ្ម ។ អ្នក​ខ្លាច​ស្អប់​អ្នក​ហ៊ាន ជាតិ​អ្នក​មាន​ស្អប់​អ្នក​ក្រ អាក្រក់​ស្អប់​អ្នក​ល្អ ព្រោះ​គេ​ឈូឆរ​រាប់អាន ។ អ្នក​ខូច​និង​អ្នក​ជា នៅ​ជិត​គ្នា​មិន​សូវ​បាន អ្នក​កាន់​ច្បាប់​បូរាណ មិន​ខាន​ស្អប់​ទំនើប​ថ្មី ។ អ្នក​ស្លូត​ស្អប់​អ្នក​កាច ឫក​អ្នក​ប្រាជ្ញ​ស្ងៀម​មិន​ស្ដី ឫក​មនុស្ស​កាឡកិណី ស្អប់​សិរី​មិន​ចង់​ជិត ។ អ្នក​ស្វិត​ចិត្ត​ស្មូរ​ជន ចាយ​ទ្រព្យ​ធន​ចាយ​ក្នុង​គិត ឱ្យ​ទាន​ឱ្យ​មិន​ពិត គំនិត​នៅ​ក្នុង​កំណាញ់ ។ កំណើត​ចិត្ត​តិរ្ថិយ ស៊ី​ចំណី​មិន​សូវ​ឆ្ងាញ់ ស៊ី​ហើយ​តែ​គិត​កាញ់ គ្មាន​សម្លាញ់​នឹង​ឈ្មោះ​ណា ។ បើ​គេ​ស្វិត​ដូច​ខ្លួន ខឹង​គុំ​កួន​ជេរ​ផ្ដាសា ខ្លួន​ឯង​ស្វិត​ឫស្យា មាន​គេ​ថា​មិន​សុខ​ចិត្ត ។ កូន​ចៅ​ជឿ​ចាំ​ចុះ ធ្វើ​ជា​ប្រុស​ឱ្យ​ប្រុង​ប្រិត ពិចារណា​ឱ្យ​ល្អិត ទុក​ជា​ក្រឹត្យ​ក្រម​ប្រដៅ ។ ប្រដូច​មនុស្ស​និង​សត្វ បែប​បរមត្ថ​ចិត្ត​ស​ខ្មៅ ស្លូត​កាច​ប្រាជ្ញ​និង​ខ្លៅ ចូរ​កូន​ចៅ​ពិចារណា ។ កើត​មក​មាន​ពូជ​ពង្ស កុំ​ងងឹត​ល្ងង់​លង់​ប្រាជ្ញា ខំ​រៀន​ខំ​សិក្សា ទុក​ជា​ការ​ប្រយោជន៍​ខ្លួន ។ រំពឹង​ប្រឡង​ធី ពាក្យ​គម្ពីរ​និង​ពាក្យ​ក្បួន ចេះ​ចាំ​ឱ្យ​មាំមួន ចួន​ចួប​ចប់​ម្ល៉េះ​ហើយ​ហោង ៕៚

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី៥


  •  
  •  

បញ្ចេញយោបល់ ៖