វិជ្ជា​គុណ​កថា ពាក្យកាព្យ

  •  
  •  

ភិក្ខុ (សទ្ធម្មបញ្ញា) ឈិម ស៊ុម
ក្រុមជំនុំប្រែព្រះត្រៃបិដកក្នុងក្រសួងពុទ្ធសាសនបណ្ឌិត្យ
រៀបរៀង
ព.ស. ២៤៧៨ – គ.ស. ១៩៣៤

វិជ្ជាគុណកថា

កាព្យពាក្យ ៧

អហំរី​ខ្ញុំ​អក្សរ​ស៊ ស្រៈ​ឧ​ខ្យល់​ម​ប្រកប​មុខ នាម​នេះ​ពិត​ពី​ម្ដាយ​អាពុក លោក​បាន​ដាក់​ទុក​ជា​សញ្ញា ។ រី​នាម​ទី​ពីរ​លោក​កំណត់ ហៅ​តាម​ដោយ​បទ​បាលី​ថា ភិក្ខុ​សទ្ធម្ម​បញ្ញា តាម​កម្ម​វាចា​នឹង​ឧប្បជ្ឈាយ៍ ។ សូម​ថ្លែង​តាម​ដោយ​ពិនិត្យ​យល់ នៅ​លើ​សកល​ផែន​ពសុធា ជន​ផង​ដែល​កើត​មក​គ្រប់​គ្នា មិនមាន​នរណា​ទំនេរ​មួយ ។ សុទ្ធ​សឹង​មាន​កិច្ចការ​រវល់ រជើប​រចល់​កង្វល់​ព្រួយ ព្រោះ​តែ​ចិញ្ចឹម​ជីវិត​មួយ ជា​ហេតុ​ឱ្យ​ព្រួយ​ខាន​មិន​បាន ។ ខ្លះ​មាន​អាហារ​ដោយ​សព្វ​គ្រប់ តែ​មិន​ទាន់​ស្កប់​ក្នុង​សន្ដាន ខំ​ប្រឹង​រក​គ្រឿង​តម្កើង​ប្រាណ ខ្លះ​ចង់​ឱ្យ​បាន​គេ​កោត​ខ្លាច ។  បំណង​ប៉ុណ្ណេះ​ជា​ដើម​ទង ធ្វើ​ឱ្យ​អ្នក​ផង​ប្រឹង​ប្រសាច អ្នក​ណា​ប្រសប់​ទើប​អង់​អាច គឺ​ថា​អ្នក​ប្រាជ្ញ​ទើប​បាន​ព្រម ។ អ្នក​មាន​ប្រាជ្ញា​មាន​គំនិត ចេះ​អ្វី​ចេះ​ពិត​ប្រព្រឹត្ត​ល្មម មិន​ល្មោភ​លោភ​ល្មើស​លើស​ទាំង​ព្រម ចេះ​ថ្នាក់​ចេះ​ថ្នម​រក្សា​ខ្លួន ។ ទើប​ពេញ​បំណង​ប៉ង​ប្រាថ្នា ត្រូវ​ការ​អ្វី​បាន​គ្រប់​ចំនួន តាម​ដោយ​ចំណេះ​ចេះ​រាល់​ខ្លួន ចេះ​បី​ចេះ​បួន​គង់​ចម្រើន ។

រីឯ​ចំណេះ​ក្នុង​លោកីយ៍ បើ​នឹង​ស្រដី​ឃើញ​មាន​ច្រើន សុទ្ធ​តែ​វិជ្ជា​ត្រូវ​ក្រវើន ជា​ហេតុ​ចម្រើន​ដល់​អាត្មា ។ មាន​ដប់​ប្រាំ​បី​បាលី​ចែង ដូច​នឹង​សម្ដែង​តែង​មាតិកា ១- គឺ​ចេះ​ស្ដាប់​សព្ទ​ភាសា ២- ចេះ​សាស្ត្រា​ធម៌​អាថ៌​ជាក់ ។ ៣- ចេះ​លេខ​បូក​លេខ​គុណ​ហារ ៤- មាន​ប្រាជ្ញា​ចេះ​គូរ​ឆ្លាក់ ៤- ចេះ​តម្រា​ទាយ​លក្ខណៈ ៦- ចេះ​ជាក់​ឫក្ស​ជោគ​ជ័យ ។ ៧-ចេះ​ចាំ​ច្រៀង​រាំ​ស្ទាត់ ៨- ចេះ​ផ្ទាត់​ដោយ​ម្រាម​ដៃ ៩- ចេះ​មន្ត​ធ្នូ​សិល្ប​សៃយ ១០- គឺ​ចេះ​លៃ​លក​វាចា ។ ១១- ចេះ​ពេទ្យ​រក្សា​រោគ ១២- ចេះ​យោគ​យោង​កាព្យា ១៣- ចេះ​ភេទ​ត្រៃវេទ្យា ១៤- មាយា​ព្យូហ៍​សត្រូវ ។ ១៤- ចេះ​ឆន្ទតិសាស្រ្ត ១៦- ចេះ​គាត​គ្នេ​រក្នុង​ក្រៅ ១៧- ចេះ​មន្ត​សែក​ហា​ហៅ ១៨- ចេះ​ផ្លូវ​សទ្ធា​ខ្ជាប់ ។ សិប្បៈ​ទាំង​ដប់​ប្រាំ​បី​នេះ អ្នក​ប្រាជ្ញ​ត្រិះរិះ​ជា​ប្រដាប់ ឱ្យ​អស់​អ្នក​ផង​បាន​ត្រង​ត្រាប់ តាំង​ទុក​ជា​ច្បាប់​ក្នុង​លោកីយ៍ ។

ហៃ​សាធុជន​ផង​ទាំងឡាយ គួរ​ខំ​ខ្វល់​ខ្វាយ​ទាំង​ប្រុស​ស្រី កុំ​ធ្វេស​ប្រហែស​ភ្លេច​ស្មារតី សង្វាត​ឃ្មាតខ្មី​រៀន​វិជ្ជា ។ ត្រូវ​តែ​យើង​ខំ​ប្រកប​កិច្ច ឱ្យ​បាន​សម្រេច​តាម​វេលា បឋម​វ័យ​ត្រូវ​យើង​រៀន​វេទ្យា អក្ខរ​វិជ្ជា​លេខ​ភាសា ។ ឱ្យ​បាន​ចេះ​ចាំ​ជា​ប្រធាន រួច​ទើប​គិត​អាន​ពិចារណា រើស​រក​វិជ្ជា​ដែល​ថ្លៃ​ថ្លា គេ​រាប់​ត្រង់​ណា​ចាប់​ត្រង់​នោះ ។ វិជ្ជា​ទាំងអស់​ដូច​បាន​ថ្លែង រាប់​រៀប​សម្ដែង​រៀង​រាល់​ឈ្មោះ មិន​មែន​សក្ដិសិទ្ធសព្វ​សាយ​សុស មាន​ត្រូវ​មាន​ខុស​តាម​សម័យ ។ ស្រេច​ហើយ​នឹង​យើង​ប្រឹង​សង្កេត មើល​បែប​ផែន​ភេទ​ស៊ីវិឡៃ កុំ​ធ្មេច​ងងឹត​ទាំង​យប់​ថ្ងៃ វិជ្ជា​ណា​ថ្លៃ​ត្រូវ​យើង​រក ។ ដូច​ជា​របស់​ភស្តុ​សម្ទាយ ជន​ផង​ទាំង​ឡាយ​គេ​ចង់​យក ចង់​ទិញ​ចង់​ដូរ​ត្រូវ​យើង​រក ហើយ​គិត​លៃ​លក​លក់​យក​ថ្លៃ ។ ចំណេះ​មិន​មែន​ចេះ​តែ​គេ បើ​យើង​រិះរេ​គង់​វៀង​វៃ ស្រេច​នឹង​សន្សំ​សព្វ​ៗ​ថ្ងៃ គង់​បាន​កម្រៃ​មិន​សូវ​ខ្វះ ។ ប្រៀប​ដូច​អុង​អាង​ពាង​ក្រឡ បើក​មាត់​​ចំហ​ឱ្យ​ស្រឡះ ដាក់​ត្រង​ទឹក​ភ្លៀង​គង់​ពេញ​ខ្លះ យូរ​ទៅ​ប្រទះ​ពេញ​មិន​ខាន ។ កំណើត​វិជ្ជា​ដូច​ឫស្សី ដាំ​មួយ​ដុះ​បី​បួន​ក៏​មាន វិជ្ជា​ចេះ​ចាំ​ក្នុង​សន្តាន សង្វាត​ហាត់​អាន​គង់​ចេះ​ច្រើន ។  វិជ្ជា​ជា​ទ្រព្យ​វិសេស​ថ្លៃ មិន​បាច់​សំចៃ​គង់​ចម្រើន ចាយ​ណាស់​កើត​ណាស់​រឹត​តែ​ច្រើន អ្នក​ណា​ក្រវើន​អ្នក​នោះ​ចេះ ។

អ្នក​មាន​វិជ្ជា​មិន​ល្ងង់​ខ្លៅ ទោះ​បី​ខ្លួន​ខ្មៅ​មុខ​ក្ងេះ អាក្រក់​តែ​រូប​ប៉ុន្តែ​ចេះ គេ​ថា​អ្នក​នេះ​ជា​មនុស្ស​ល្អ ។ អ្នក​ណា​មិន​ចេះ​ចំណេះ​អ្វី ទោះ​​ប្រុស​ឬ​ស្រី​សម្បុរស សាច់​ឈាម​ល្អូក​ល្អិន​មុខ​មាត់​ល្អ អ្នក​ផង​គេ​ក៏​ថា​មិន​សម ។

អ្នក​មាន​ជំងឺ​មិន​​សប្បាយ ក្រហល់​ក្រហាយ​កាយ​ក្រៀម​ក្រំ ត្រូវ​ការ​ណាស់​ត្រង់​មន្ត​អាគម ឬ​ពេទ្យ​ចេះ​ផ្សំ​ឱសថ​ថ្លៃ ។ នេះ​ឯង​ជា​តួ​ឧបមា ដូច​ជន​គ្រប់​គ្នា​គ្រា​សព្វ​ថ្ងៃ ត្រូវ​ការ​អ្នក​ប្រាជ្ញ​ចេះ​វៀង​វៃ អាច​ចេះ​លក​លៃ​សម្រួល​ចិត្ត ។ ហេតុ​នេះ​គួរ​ដឹង​ថា​អ្នក​ចេះ អ្នក​មាន​ចំណេះ​ប្រសើរ​ពិត ប្រៀប​ដូច​គ្រូ​ពេទ្យ​ចេះ​ពិនិត្យ ជា​មនុស្ស​ពេញ​ចិត្ត​អ្នក​ជំងឺ ។

អ្នក​នៅ​ក្នុង​ទី​ងងឹត​ឈ្លប់ ទាំង​ថ្ងៃ​ទាំង​យប់​មិន​យល់​ភ្លឺ មិន​មាន​ពេល​ណា​មាន​ពន្លឺ ឃើញ​ភ្លើង​ភ្លឺៗគាប់​ចិត្ត​ពេក ។ ដូច​ជា​មហា​ជន​ក្នុង​លោកីយ៍ ទាំង​ប្រុស​ទាំង​ស្រី​ច្រើន​អនេក ក្ដី​ល្ងង់​បិទ​ជិត​ងងឹត​ពេក ឃើញ​ប្រាជ្ញ​ហើយ​ត្រេក​អរ​សាទរ ។ ជាតិ​ជន​អ្នក​ចេះ​ដូច​ភ្លើង​គោម ពន្លឺ​ទ្រលោម​ឆោម​បវរ ជន​ផង​ចូល​ចិត្ត​រឹត​ត្រេក​អរ រាប់​អាន​ឈូឆរ​ទាំង​ស្រុក ។

ស្បង្ក័ជសេតុប្បលរត្តុប្បល លូត​លាស់​ផុស​ផុល​ពី​ក្នុង​ភក់ ផុត​ផែន​ប្រឹថពី​ទី​គគ្រក់ កន្លង់​តត្រុក​ត្រឹប​កេសរ ។ ក្លិន​ក្លែប​ពិដោរ​ក្រអូប​សាយ កន្លង់​ទាំង​ឡាយ​តែង​ត្រេកអរ បទុម​ក្រពុំ​ក្លិន​បវរ កន្លង់​តែង​ចរ​មិន​គេច​ចេញ ។ តែង​ត្រេក​ត្រាច់​ត្រង់​តម្រង់​ត្រឹប មីរ​មូល​រសឹប​ត្រឹប​ពេញៗ បទុម​ជាតិ​នេះ​ដូច​ម្ដេច​មិញ ប្រុស​ប្រាជ្ញ​លំគេញ​ក៏​ដូច្នេះ ។ គឺ​ថា​កុលបុត្ត​វិសុទ្ធ​ថ្លៃ កម្ម​ព្រេង​ដឹក​ដៃ​ឱ្យ​ច្យុត​ចុះ ចាប់​ជាតិ​ត្រកូល​ទន់​ទាប​តុះ កើត​ឡើង​លេច​ឈ្មោះ​ជា​អ្នក​ប្រាជ្ញ ។ លំអុត​ឱន​អង្គ​ត្រង់​សិក្ខា នរណា​ៗ​ក៏​កោត​ខ្លាច យ៉ម​ខ្លួន​ជា​ខ្លៅ​ទៅ​ប្រសាច ប្រសប់​រក​ប្រាជ្ញ​ដូច​កន្លង់ ។

បុប្ផជាតិ​ដែល​គ្មាន​សុគន្ធា ដូច​ជា​ផ្កា​ចារ​រីក​រហង់ ឬ​ផ្កា​រលួស​គួរ​ភិសវង់ លេច​ឡើង​មាន​ទ្រង់​ពណ៌​ឆ្អិនឆ្អៅ ។ ប៉ុន្តែ​គេ​មិន​មាន​ប្រាជ្ញា សូម្បី​ភមរា​ក៏​កល់​ជិន ព្រោះ​ឃើញ​ជាតិ​ផ្កា​នោះ​ឥត​ក្លិន នរៈ​នារិន្ទក៏​ដូច្នោះ ។ គឺ​ថា​បុរស​ឬ​ស្រី​ណា កប​ពូជ​ពង្សាមិន​ទាប​តុះ ជាតិ​សក្ដិសម​តែ​ឈ្មោះ ល្ងង់​ខ្លៅ​សូន្យ​​សោះ​ទាស់​កិរិយា ។ អ្នក​ផង​មិន​មាន​ក្ដី​ត្រេក​អរ សូម្បី​អ្នក​ក្រ​មិន​ប្រាថ្នា ព្រោះ​ល្ងង់​សូន្យ​សុង​គ្មាន​បញ្ញា ពាក្យ​ចាស់​លោក​ថា​មិន​គ្រប់​ដប់ ។

ប្រុស​មាន​វិជ្ជា​ជា​ធន​ធាន ស្រី​មាន​ឫកពា​ទុក​ជា​ទ្រព្យ អ្នក​គ្មាន​ចំណេះ​ឥត​គេ​រាប់ លោក​ថា​ឥត​ភព្វ​ទុគ៌ត​ក្រៃ ។ ថ្វី​បើ​ខ្លួន​ជា​កូន​អ្នក​មាន សម្បូរ​ធន​ធាន​វិសេស​ថ្លៃ ទ្រព្យ​នោះ​បើ​មិន​ចេះ​សំចៃ គង់​តែ​ចង្រៃ​អន្តរធាន ។ ទុក​ជា​ចេះ​គិត​យ៉ាង​ពូកែ យូរ​ទៅ​គង់​តែ​រក​មួយ​គ្មាន បាន​មក​ចាយ​បាត់​ធ្វើ​ម្ដេច​មាន ខំ​រក​ឈ្លាន​ពាន​គង់​នៅ​ខ្វះ ។ ចាយ​តិច​អស់​ច្រើន​ចម្រើន​ថយ ប្រើ​ដប់​អស់​រយ​នៅ​កន្លះ កន្លង​យូរ​ទៅៗជា​ខ្វះ គង់​បាន​ប្រទះ​ទុក្ខ​វេទនា ។ បើ​មាន​វិជ្ជា​ជា​ទ្រព្យ​ថ្លៃ ចាយ​ឥត​សំចៃ​សព្វ​វេលា ចាយ​មួយ​កើត​ម៉ឺន​កើន​សព្វ​គ្រា នៅ​ទី​នានា​ក៏​មិន​ក្រ ។ ទ្រព្យ​គឺ​វិជ្ជា​ចាយ​មិន​ទាល់ ទិញ​ភោជន៍​ទិញ​ផល​ទិញ​សម្ល ទិញ​ម្ហូប​ចំណី​បបរ ទិញ​ស្រុក​នគរ​ក៏​សឹង​បាន ។ ទិញ​ខោ​ទិញ​ខៀន​ចិញ្ចៀន​អាវ ទិញ​សព្វ​បាវ​ព្រាវ​ញាតិ​សន្ដាន ទិញ​មិត្រ​សម្លាញ់​ទាំង​ប៉ុន្មាន ទិញ​បាន​ទាំង​បុណ្យ​ទៅ​បរលោក ។ ទិញ​ទាំង​សួគ៌ា​ជា​សុខ​សាន្ត ទិញ​ទាំង​និព្វាន​ស្ថាន​សិវមោក្ខ ចាយ​តាំង​ពី​ក្នុង​ឥធ​លោក ហើយ​យោគ​ទៅ​ចាយ​បរលោក​ទៀត ។ ហេតុ​នេះ​គួរ​ឃើញ​ថា​អ្នក​មាន វិជ្ជា​ប៉ុន្មាន​មិន​ចោល​ម្សៀត គួរ​កែ​គួរ​គប់​គួរ​ប្របៀត គួរ​ប្រឹង​គួរ​ឆ្លៀត​យក​ជា​គ្នា ។

អ្នក​ប្រាជ្ញ​ប្រត្យក្ស[១]​ហាក់​ភោជន ជា​គ្រឿង​សម្រន់​ជន​នានា នៅ​ក្នុង​កំឡុង​ភព​ភារា ក្នុង​គ្រា​ទុរភិក្ស[២]នឹក​ប៉ុន​ប៉ង ។ ពុំ​នោះ​ដូច​ជា​វារី[៣]ថ្លា ជា​ទី​ប្រាថ្នា​នៃ​ជន​ផង ក្នុង​គ្រា​ដែល​ក្រ​វា​រីម្ដង ប្រជាជន​ផង​ប៉ង​រក​ទឹក ។ គឺ​ថា​ប្រជាជន​ទាំងឡាយ ស្រេក​ទឹក​ឃ្លាន​បាយ​ជា​ទុក្ខ​នឹក សង្រេង​សង្រៃ​ក្រៃ​ពន្លឹក ឃ្លាន​បាយ​ស្រេក​ទឹក​ជា​ទុក្ខ​ផ្សា ។ សន្ធឹក​សន្ធៃ​ល្ហិតល្ហៃ​ខ្លាំង ស្ងួត​ស្ងប់​ហទ​យំ​គាំង​ឱរា លុះ​បាន​បរិភោគ​ឆ្អែត​កាល​ណា ជលសា​បំបាត់​សេចក្ដី​ក្ដៅ ដូច​ជា​អ្នក​ប្រាជ្ញ​បើ​អ្នក​ខ្លៅ ចូល​ទៅ​សេព​គប់​គង់​បាន​ក្សាន្ត ។

នរោ​នរៈ​ជន​គ្រប់​គ្នា មាន​សុវិជ្ជា[៤]​ក្នុង​សន្ដាន ប្រព្រឹត្ត​ត្រឹម​ត្រង់​ត្រូវ​ប្រមាណ ប្រមើល​មើល​ប្រាណ​ប្រមាណ​កាល ។ គង់​កែ​អត្ត​ភាព​ដុន​ដាប​ទាល់ ឱ្យ​បាន​ទៅ​ស្គាល់​ទី​ត្រអាល  ព្រះ​បាទ​ចមចៅ​ម្ចាស់​ភូបាល គង់​លោក​ឈឺ​ឆ្អាល​ប្រោស​ប្រណី ។ នឹង​បាន​ជា​ម្លប់​សម្រាប់​ជ្រក ជន​ផង​ទៅ​មក​ទាំង​ប្រុស​ស្រី មាន​ទុក្ខ​មាន​ទោស​ទាល់​ក្រ​អ្វី ក្សេម​ក្សាន្ត​បាន​ក្ដី​សុខ​សម្រាន្ត ។ សម្រួល​សម្រាក​ក្ដី​វិបត្តិ នាំ​ខ្លួន​ឆ្លង​កាត់​ទៅ​និព្វាន កេរ្តិ៍​ឈ្មោះ​សាយ​សុះ​ទៅ​សព្វ​ស្ថាន ដូច​នាំ​និទាន​មក​ប្រតិស្ឋ ។

អតីតេកាលេ​កាល​កន្លង ភព​ភាន់​រំលង​ទៅ​ហើយ​ពិត ព្រះ​ពោធិសត្វ​សាង​សីល​សិទ្ធ កើត​នៅ​ទី​ជិត​ពារាណសី ។ នាម​សេនកៈ​រាជ​បណ្ឌិត ចេះ​អ្វី​ចេះ​ពិត​មាន​ឫទ្ធិ​ល្បី ទើប​មក​ពី​រៀន​សិល្ប​ថ្មីៗ អំពី​បុរី​តក្កសិលា ។ ព្រះ​បាទ​ជនក​រាជ​ភូមិន្ទ នរិន្ទ​ចម​ក្សត្រ​ខត្តិយា  ម្ចាស់​ក្រុង​ពារាណសី​រដ្ឋា ទ្រង់​ព្រះ​មេត្តា​ប្រោស​ប្រណី ។ ប្រទាន​មហិស្សរយស ឧត្ដម​ខ្ពង់​ខ្ពស់​ជាង​ប្រុស​ស្រី ជា​ទី​មហាមាត្រ​រាជ​កវី ព្រះ​ចម​ចក្រី​ប្រទាន​សក្ដិ ។ ទ្រង់​តាំង​ធ្វើ​ឱ្យ​អ្នក​ប្រាជ្ញ​ធំ ក្នុង​បុរី​រម្យ​ជា​ឯក​អគ្គ អាច​ប្រៀន​ប្រដៅ​ព្រះ​ចម​ចក្រ និង​អស់​ពួក​អ្នក​និគម​ផង ។ អស់​ប្រជាជន​ទាំង​ប្រុស​ស្រី ទាំង​រាស្ត្រ​មន្ត្រី​ច្រើន​កន្លង ទាំង​ព្រះ​ភូវនាថ​ជាតិ​ជា​ច្បង តែង​តែ​ត្រាប់​ត្រង​ស្ដាប់​ទេសនា[៥] ។ ព្រះ​ពោធិវង្ស​ទ្រង់​សន្ដោស សម្ដែង​ធម៌​ប្រោស​សព្វ​វេលា ដល់​ពួក​មហា​ជន​គ្រប់​ៗ​គ្នា ទំនង​ដូច​ជា​ព្រះ​ពុទ្ធ​ថ្លៃ ។

គ្រា​នោះ​មាន​តា​ព្រាហ្មណ៍​ចាស់​ម្នាក់ ដើរ​សូម​លុយ​កាក់​សព្វ​ៗ​ថ្ងៃ សន្សែ​សន្សំ​បាន​ច្រើន​ក្រៃ សំចៃ​មួយ​ពាន់​កហាបណៈ ។ ផ្ញើ​នឹង​ត្រកូល​ព្រាហ្មណ៍​មួយ ឱ្យ​ចាត់​ចែង​ជួយ​ថែ​ទុក​ដាក់  ហើយ​គាត់​លា​ចេញ​ចាក​សម្នាក់ ស្វែង​សូម​មាស​ប្រាក់​ត​ទៅ​ទៀត ។ គ្រា​ក្រោយ​តា​ព្រាហ្មណ៍​ទៅ​បាត់​ទៅ ត្រកូល​ព្រាហ្មណ៍​នៅ​វិបត្តិ​បៀត ខូច​ខាត​សម្បត្តិ​ខាត​បង់​សៀត ទើប​នាំ​គ្នា​ឆ្លៀត​យក​ចាយ​អស់ ។  លុះ​ដល់​តា​ព្រាហ្មណ៍​មក​តឹង​ទារ ប្រគល់​ធីតា​រូប​ល្អ​ស្រស់ ឱ្យ​ជា​ភរិយា​ជួស​របស់ តា​ព្រាហ្មណ៍​សោមនស្ស​នាំ​ទៅ​ស្រុក ។

ឯ​នាង​ព្រាហ្មណី​ជា​ស្រី​ក្មេង ព្រួយ​ចិត្ត​សង្រេង​តែង​ជា​ទុក្ខ តូច​ចិត្ត​ដ្បិត​ចាស់​អាម៉ាស់​មុខ ចង់​កែ​អផ្សុក​រក​មួយ​ទៀត ។ ហើយ​គិត​បណ្ដេញ​តា​ព្រាហ្មណ៍​ទៅ ឱ្យ​ឆ្ងាយ​លំនៅ​ស្រណុក​ឆ្លៀត ទើប​ចូល​ទៅ​ជិត​ស្ថិត​ប្របៀត លោម​ទោម​ដោយ​ស្នៀត​ឧបាយ​ថា ។

តា​អឺយៗតា​សម្លាញ់​ចៅ ខ្លួន​ខ្ញុំ​សែន​ក្ដៅ​ណាស់​ណា​តា ការ​ច្រើន​ចំពូក​ឥត​គណនា មិន​មាន​អ្នក​ណា​មួយ​គ្រាន់​ប្រើ ។ ទ្រាំ​អ្វី​កម្លាំង​ខ្លួន​ជា​ស្រី សង្ឃឹម​លើ​ប្ដី​ថា​គ្រាន់​បើ ស្មាន​ជា​មាន​ខ្ញុំ​គ្រាន់​បម្រើ ឥឡូវ​ម្ល៉េះ​តើ​ធ្វើ​ម្ដេច​តា ។ អ្នក​ណា​ដាំ​បាយ​អ្នក​ណា​ស្ល អ្នក​ណា​បបរ​ឱ្យ​ពិសា  អ្នក​ណា​ប្រតិបត្តិ​គ្រប់​វេលា រង​ទុក្ខ​វេទនា​ណាស់​តា​អឺយ ។ ហេតុ​នេះ​បើ​តា​អាណិត​ចៅ ចូរ​តា​កុំ​នៅ​ធ្វើ​ព្រងើយ បើ​តែ​ម្ល៉េះៗស្លាប់​ខ្ញុំ​ហើយ ទៅៗតា​អឺយ​នៅ​បាន​អ្វី ។ តា​ទៅ​សូម​លុយ​តា​សូម​កាក់ តា​សូម​មាស​ប្រាក់​គោ​ក្របី តា​សូម​រទេះ​សេះ​ដំរី សូម​ខ្ញុំ​ប្រុស​ស្រី​មក​គ្រាន់​ប្រើ ។

តា​ព្រាហ្មណ៍​ស្លុត​ចិត្ត​គំនិត​ភាន់ ទទួល​រួស​រាន់​ថា​អឺយ​អើ មិន​អី​ទេ​ពៅ​ស្រី​ប្រសើរ គង់​បាន​ខ្ញុំ​ប្រើ​កុំ​ឱ្យ​ថប់ ទើប​ប្រុង​ប្រដាប់​សម្រាប់​ប្រាណ វត្ថុ​ប៉ុន្មាន​សឹង​មាន​សព្វ សតូវ​ខៅតាក​ប្រហុក​ខ្នប់ ត្បាល់​បុក​ប្រអប់​ច្រក​ក្នុង​ទៃ ។  រៀប​ស្រេច​តា​ព្រាហ្មណ៍​ស្ពាយ​លើ​ស្មា តាន​តឹង​ឱរា​ស្ទើរ​ក្សិណ​ក្ស័យ ឈាន​ជើង​ចេញ​ទៅ​នៅ​អាល័យ អាឡោះ​ស្រី​ថ្លៃ​ហទ័យ​តឹង ។ ខំ​ទៅ​ទាំង​ទាល់​ខាន​ពុំ​បាន ថ្វី​បើ​ខ្លួន​ប្រាណ​ចាស់​ប៉ុណ្ណឹង ស្រី​ប្រើ​ហើយ​ត្រូវ​តែ​ខំ​ប្រឹង ចេញ​ដើរ​ទំហឹង​ទៅ​ចាក​ស្ថាន។  ព្រាហ្មណ៍​ដើរ​ជជ្រក​មក​សូម តាម​ធម្មតា​ស្មូម​ចង់​តែ​បាន សូម​នេះ​សូម​នោះ​មិន​លោះ​ខាន សូម​ត្រា​តែ​បាន​ដូច​បំណង ។ បាន​ប្រាក់​៧​រយ​កហាបណៈ ព្រាហ្មណ៍​ប្រមូល​ដាក់​ចុះ​ក្នុង​ថង់  ច្រក​ញាត់​ក្នុង​ទៃ​ស្ពាយ​តម្រង់ សំដៅ​ទៅ​ត្រង់​លំនៅ​ស្ថាន ។  មក​ដល់​ទី​ពាក់​កណ្ដាល​ផ្លូវ ឈប់​យក​សតូវ​ចម្អែត​ប្រាណ បរិភោគ​ម្នាក់​ឯង​រែង​រំខាន ក្នុង​ចិត្ត​សន្ដាន​មិន​ក្សាន្ត​នឹក ។ បរិភោគ​រួច​ហើយ​ទើប​តា​ព្រាហ្មណ៍ ក្រោក​ដើរ​ទីមទាម​ទៅ​រក​ទឹក មាត់​ទៃ​ចំហ​មិន​បាន​នឹក ពស់​ពិស​ពន្លឹក​ចូល​ពេន​នៅ ។ តា​ព្រាហ្មណ៍​ពុំ​បាន​ពិចារណា មក​ដល់​ស្រវា​ស្ពាយ​ទៅ  ដើរ​ដោយ​ដែន​ដុង​ដង​ព្រៃ​ជ្រៅ នឹក​តែ​ស្រី​ពៅ​ភ្លេច​នឹក​ស្លាប់ ។ កាលណោះមាន​រុក្ខ​ទេព្ដា នៅ​ដើម​ព្រឹក្សា​មេត្តា​ប្រាប់ ថា​បើ​តា​ទៅ​ដល់​ផ្ទះ​ឆាប់ ប្រពន្ធ​តា​ស្លាប់​ចោល​មិន​លែង ។  បើ​តា​មិន​ទៅ​ឱ្យ​ដល់​ឆាប់ ស្អែក​មុខ​ជា​ស្លាប់​ខ្លួន​តា​ឯង តា​ព្រាហ្មណ៍​ឮ​ហើយ​រឹង​ចំបែង កណ្ដោច​កណ្ដែង​រែង​ព្រួយ​ចិត្ត ។ គិត​ទៅ​គិត​មក​រក​ទំនង មិន​ដឹង​ដើម​ទង​តុះ​គំនិត មិន​បាន​ឃើញ​រូប​អ្នក​ប្រាប់​ពិត តា​ព្រាហ្មណ៍​រឹង​រឹត​តែ​ភិត​ភ័យ ។ ភាន់​ភាំង​ក្នុង​ចិត្ត​ឥត​បើ​ថា តាន​តឹង​ឱរា​ស្ទើរ​ក្សិណ​ក្ស័យ តា​ព្រាហ្មណ៍​ខ្សឹកខ្សួល​អួល​ហទ័យ រវាសរវៃ​ទៅ​ប្រញាប់ ។ ទៅ​ដល់​មាត់​ទ្វារ​ក្រុង​ពារាណសី ឃើញ​មនុស្ស​ប្រុស​ស្រី​មី​តាន់​តាប់ គ្រប់​គ្នា​សុទ្ធ​សឹង​កាន់​ប្រដាប់ ភ្ញី​ផ្កា​មក​ស្ដាប់​ធម៌​ទេសនា ។ ដែល​ព្រះ​បរម​ពុទ្ធង្កុរ ជាតិ​ជា​បណ្ដូល​ពង្ស​ពុទ្ធា សេនកបណ្ឌិត​សិទ្ធ​វិទ្យា ប្រដៅ​ប្រជាជន​និករ ។  តា​ព្រាហ្មណ៍​ឃើញ​នឹក​គិត​ថា ឱ​ទី​នេះ​ណា​គួរ​ត្រេក​អរ ជន​ផង​ប្រជុំ​គ្នា​ឈូឆរ ស្ដាប់​សព្វ​ព្រះ​ធម៌​កម្សាន្ត​ចិត្ត ។ បើ​អញ​ចូល​ស្ដាប់​ប្រហែល​ស្រួល ក្រែង​ពាន​ទំនួល​កែ​វិបរិត ធម្មតា​ធម៌​លោក​អ្នក​ប្រាជ្ញ​ពិត ជា​ធម៌​ស្រួល​ចិត្ត​វិបរិត​បាត់ ។  ហើយ​ព្រាហ្មណ៍​ទន្ទប​លន្លប​ទៅ ចូល​ជ្រៀត​ឈរ​នៅ​ក្នុង​បរិសទ្យ ស្ពាយ​ទៃ​នៅ​ស្មា​មិន​ឱ្យ​ខ្ចាត់ ទើប​ព្រះ​មហា​សត្វ​សាក​សួរ​ថា ។ អឺ​តា​ព្រាហ្មណ៍​ដែល​ទើប​មក​ដល់​ថ្មី តា​ស្វែង​រក​អ្វី​មក​ពី​ណា  តា​កើត​ទុក្ខ​ពី​រឿង​អ្វី​តា បាន​ជា​ភក្ត្រា​ក្រៀម​ក្រោះ ។ តា​ព្រាហ្មណ៍​ឮ​ហើយ​ក៏​ត្រេក​អរ សន្ដាន​ស្មោះ​សរ​ជា​សោមនស្ស  ទូល​តប​សេចក្ដី​សព្វ​គ្រប់​អស់ ទើប​មហា​បុរស​សួរ​ទៀត​ថា ។ កាល​ដែល​ព្រាហ្មណ៍​ឯង​បរិភោគ​ស្រេច ព្រាហ្មណ៍​ឯង​ចរ​ត្រាច់​ទៅ​ទី​ណា មាន​ដើរ​ចោល​ទៃ​ទេ​ឬ​តា ព្រាហ្មណ៍​តប​វិញ​ថា​ព្រះ​បាទ​ម្ចាស់ ។  ខ្ញុំ​បាទ​ទុក​ទៃ​នៅ​ទី​នោះ ហើយ​ខ្ញុំ​បាទ​ចុះ​ទៅ​ក្នុង​ស្រះ ទទួល​ទាន​ទឹក​ដោយ​រហ័ស រួច​រាល់​ស្រឡះ​ឡើង​មក​ហោង ។ លុះ​ខ្ញុំ​មក​ដល់​ទៃ​កាល​ណា ទើប​ខ្ញុំ​ស្រវា​ក្របួច​ចង  មាត់​ទៃ​ហើយ​ស្ពាយ​មិន​ផ្សូរផ្សង ត្រាច់​តាម​គន្លង​ដង​មាគ៌ា ។  ស្រាប់​តែ​បាន​ឮ​ពាក្យ​ដូច្នោះ នៅ​ក្បែរ​ផ្លូវ​នោះ​ក្នុង​អរញ្ញា  សូម​ទាន​ព្រះ​គុណ​ទ្រង់​មេត្តា ព្យាករ​ប្រស្នា​នេះ​ឱ្យ​ទាន ។ ព្រះ​មហា​បុរស​ប្រាជ្ញ​ប្រត្យក្ស លោក​បាន​ជ្រាប​ជាក់​ដោយ​ញេយ្យញាណ ប្រាប់​ថា​ក្នុង​ទៃ​តា​ឯង​មាន ពស់​វែក​គង្គាន​ចូល​ពេន​នៅ ។ ហេតុ​នេះ​បើ​តា​ឯង​ប្រញាប់ ទៅ​ដល់​ផ្ទះ​ឆាប់​គ្រា​ឥឡូវ  ប្រពន្ធ​តា​រត់​ទទួល​ផ្លូវ យក​ទៃ​ស្រាយ​ទៅ​ពស់​ចឹក​ស្លាប់ ។ បើ​តា​បង្អង់​ពុំ​ទាន់​ទៅ សំចត​ឈប់​នៅ​ពុំ​ប្រញាប់ ពេល​ល្ងាច​តា​ស្រាយ​មាត់​ទៃ​ឆាប់ ពស់​វែក​ចឹក​ស្លាប់​ខ្លួន​តា​ឯង ។ ទើប​ពោធិសត្វ​ចាត់​ឱ្យ​យក ទៃ​តា​ព្រាហ្មណ៍​មក​ពី​កន្លែង ដាក់​ក្នុង​ទី​វាល​ស្រឡះ​ចែង ឱ្យ​យក​ឈើ​វែង​ឆ្កឹះ​ស្រាយ​គោះ ។ មនុស្ស​ផង​ទទួល​ព្រះ​បង្គាប់ ឆ្កឹះ​ស្រាយ​ប្រញាប់​បាន​ឃើញ​ពស់  លូន​ចេញ​ពី​ទៃ​តា​ព្រាហ្មណ៍​នោះ ឃើញ​ពិត​ដូច្នោះ​ខ្លាច​ស្ញប់​ស្ញែង ។  ទើប​អាលម្ពាយ​ហ្ម​ពស់​ម្នាក់ ចាប់​អូស​កន្ត្រាក់​ពី​កន្លែង កន្លង​ទី​ឆ្ងាយ​ដាច់​សង្វែង អាលម្ពាយ​លែង​ពស់​នោះ​ទៅ ។ ពួក​ជន​ទាំងឡាយ​ទាំង​ប្រុស​ស្រី ទាំង​រាស្ត្រ​មន្ត្រី​ដែល​ស្ថិត​នៅ  ក្នុង​ទី​ស្រុក​ក្រុង​ឬ​ស្រុក​ក្រៅ មក​ប្រជុំ​នៅ​នា​ទី​នោះ ។  បាន​ឃើញ​ពិត​ហើយ​ក៏​ស្ញប់​ស្ញែង គួរ​កោត​គួរ​ក្រែង​រអែង​ឆ្ពោះ ត្រង់​ព្រះ​ប្រាជ្ញា​បារមី​នោះ ទាយ​ត្រូវ​ចំពោះ​ដូច​ព្រះ​ពុទ្ធ ។ ទះ​ដៃ​ស្រែក​ឱ្យ​សាធុការ សំឡេង​ខ្ទរ​ខ្ទារ​ដូច​កល​ទ្រុឌ កល​ទ្រោម​ផែន​ដី​ញ័រ​រន្ធត់ ញ័រ​ទាំង​សមុទ្ទ​បព៌ត​ផង ។ ភ្លៀង​ធ្លាក់​កើត​ជា​រតនាករ គួរ​ឱ្យ​ត្រេក​អរ​ច្រើន​កន្លង បូជា​ពោធីសត្វ​ច្បាស់ច្បង អស់ពួកជនផងត្រេកអរ​ក្រៃ ។ ឯ​ព្រាហ្មណ៍​ក៏​អត់​ទ្រាំ​ពុំ​បាន ទ្រព្យ​ទាំង​ប៉ុន្មាន​មិន​សំចៃ  ចាត់​ចែង​បូជា​មហា​សត្វ​ថ្លៃ មិន​មាន​អាល័យ​អាឡោះ​ឡើយ ។ ព្រះ​ពោធិសត្វ​ទ្រង់​មេត្តា ទើប​មាន​វាចា​ឃាត់​ថា​ណ្ហើយ ខ្ញុំ​មិន​យក​ទេ​តា​ព្រាហ្មណ៍​អើយ ខ្ញុំ​អរគុណ​ហើយ​ណ្ហើយ​កុំ​តា ។ ស្រេច​ហើយ​ប្រទាន​ប្រាក់​ទៅ​ព្រាហ្មណ៍ បី​រយ​ភ្លាម​ៗ​ដោយ​ករុណា បន្ថែម​ឱ្យ​គ្រប់​គម្រប់​ជា មួយ​ពាន់​ផង​គ្នា​នឹង​ប្រាក់​គាត់ ។ ហើយ​ព្រះ​អង្គ​សួរ​ថា​អើ​តា តា​ចរ​យាត្រា​ត្រាច់​ខ្ចាត់​ភ្លាត់ ចោល​ស្រុក​ចោល​ទេស​ទៅ​រង្គាត់ ស្វែង​សូម​ព្រោះ​ខ្សត់​ឬ​គេ​ប្រើ ។ ព្រាហ្មណ៍​តប​ថា​ឱ​ព្រះ​គុណ​ធ្ងន់ រឿង​នេះ​ប្រពន្ធ​ខ្ញុំ​ទេ​តើ គេ​ថ្អូញ​ថា​គ្មាន​ខ្ញុំ​បម្រើ ហើយ​គេ​ចាត់​ប្រើ​ឱ្យ​ស្វះ​ស្វែង ។  ព្រះ​អង្គ​សួរ​ថា​ចុះ​ភរិយា នោះ​ចាស់​ជរា​ដូច​តា​ឯង ឬ​មួយ​នៅ​ក្មេង​ល្អ​ចិញ្ចែង បាន​ជា​ឱ្យ​ស្វែង​មិន​ប្រណី ។ ព្រាហ្មណ៍​តប​ថា​ក្មេង​ទេ​ព្រះ​គុណ ទើប​បាន​ពេល​មុន​នេះ​ថ្មីៗ សម្លូត​សម្លាញ់​ពេញ​បេតី ល្អ​ល្អះ​ឥត​បី​ស្រី​ណា​ដល់ ។ ព្រះ​អង្គ​ជ្រាប​ច្បាស់​ដោយ​ប្រាជ្ញា ទើប​ប្រាប់​ព្រាហ្មណ៍​ថា​តា​កុំ​ឆ្ងល់ នេះ​ឯង​ជា​កិច្ច​ឧបាយ​កល តា​ឥត​យោបល់​ចាញ់​កលស្រី ​។ ប្រពន្ធតាឯងមានទៀតហើយ នែតាព្រាហ្មហ៍អើយគិតវា​ថ្វី ណ្ហើយ​ចុះ​បើ​ចង់​ច្បាស់​សេចក្ដី តា​ទៅ​រាត្រី​នេះ​ឱ្យ​ដល់ ។ យក​ប្រាក់​លាក់​ទុក​ក្រៅ​លំនៅ សឹម​តា​ចូល​ទៅ​សង្កេត​កល គង់​បាន​ដឹង​ពិត​ឥត​ពី​ផល ដេញ​ពុត​ឱ្យ​ទាល់​កល​ប៉ុណ្ណឹង ។ តា​ព្រាហ្មណ៍​ទទួល​តាម​បង្គាប់ រិះ​គិត​សព្វៗគួរ​តែ​ខឹង  ក្រាប​បង្គំ​លា​ហើយ​ខំ​ប្រឹង ដើរ​អស់​ទំហឹង​ឆ្ពោះ​សំដៅ ។ ទៅ​ស្រុក​មិន​មាន​ឈប់​សម្រាក មិន​គិត​លំបាក​ព្រោះ​ក្ដី​ក្ដៅ យក​ប្រាក់​ទៅ​លាក់​ទុក​ខាង​ក្រៅ ហើយ​ចូល​សំដៅ​ទៅ​ដោយ​ស្ងាត់ ។  ដល់​ហើយ​ឃើញ​អុជភ្លើង​ភ្លឺៗ តែ​មិន​ទាន់​ឮ​សូរ​សព្ទ​មាត់ ព្រោះ​នាង​កំពុង​តែ​សម្ងាត់ តា​ព្រាហ្មណ៍​លើក​ហត្ថ​គោះ​ទ្វារ​ហៅ ព្រាហ្មណី​ឮ​ហើយ​ក៏​លត់​ភ្លើង ក្រោក​ភ្លែត​ភ្លាម​ឡើង​ចេញ​មក​ក្រៅ  ដឹក​ដៃ​ប្ដី​ថ្មី​ឱ្យ​អែប​នៅ នាំ​ព្រាហ្មណ៍​ចូល​ទៅ​ដល់​ក្នុង​ផ្ទះ ។ បបោស​អង្អែល​សព្វ​សារពាង្គ ដុស​ខាត់​ជូត​លាង​ដោយ​ការ​ល្ហះ ហើយ​សួរ​ថា​តា​បាន​អ្វី​ខ្លះ តា​ព្រាហ្មណ៍​ថា​ខ្វះ​អ្វី​ភាណើយ ។ តា​បាន​មួយ​ពាន់​កហាបណៈ ឥឡូវ​តា​លាក់​ទុក​ទៅ​ហើយ លាក់​ទុក​ត្រង់​នោះ​ណានាងើយ កុំ​មាត់​ក​ឡើយ​ក្រែង​គេ​ដឹង ។ ព្រាហ្មណី​ឮ​ស្រេច​គេច​ចេញ​ទៅ ប្រាប់​ប្រុស​ដែល​នៅ​ជិត​នៅ​ហ្នឹង ប្រុស​នោះ​រក​ឃើញ​ឆក់​យក​វឹង ព្រឹក​ឡើង​ព្រាហ្មណ៍​ដឹង​ជា​ប្រាក់​បាត់ ។ ទោមនស្ស​ទាស់​ចិត្ត​ឥត​បើ​ថា ហើយ​ចេញ​យាត្រា​ត្រាច់​ចរ​កាត់ សំដៅ​លំនៅ​ពោធិសត្វ ព្រាហ្មណ៍​ក្រាប​ប្រតិបត្តិ​សព្វ​ប្រការ ។ ព្រះ​អង្គ​ជ្រាប​ច្បាស់​ដោយ​ញេយ្យញាណ ទើប​ទ្រង់​ប្រទាន​ស្បៀង​អាហារ ភោជន​ចំណី​គ្រប់​បរិក្ខារ ល្មម​ព្រាហ្មណ៍​ចាត់​ការ៧​ថ្ងៃ​បាន​។ ហើយ​ប្រាប់​ថា​តា​ព្រាហ្មណ៍​ឯង​ទៅ កាន់​ទី​លំនៅ​គេហស្ថាន ឱ្យ​នាង​ព្រាហ្មណី​ហៅ​សន្ដាន ដែល​វា​រាប់​អាន​តាម​ចិត្ត​ស្មគ្រ ។ ចំនួន​ដប់​បួន​ទាំង​អស់​គ្នា ទាំង​ញាតិ​ខាង​វា​ញាតិ​ខាង​អ្នក មក​ជុំ​ជប់​លៀង​ដោយ​រាក់​ទាក់ ធ្វើ​កល​ដូច​ហាក់​គ្មាន​ហេតុ​អ្វី ។ មួយ​ថ្ងៃ​បន្ថយ​ចេញ​ពីរ​នាក់ តាម​ដោយ​ចិត្ត​ស្មគ្រ​នាង​ព្រាហ្មណី ត្រូវ​ធ្វើ​ដូច្នេះ​ជា​ប្រក្រតី ប្រាំ​ពីរ​រាត្រី​ជា​កំណត់ ។ បន្ថយ​ទុក​សល់​តែ​ពីរ​នាក់ ពិនិត្យ​ឱ្យ​ជាក់​ស្ដែង​ប្រាកដ មើល​តែ​ព្រាហ្មណ៍​ដែល​វា​ឃាត់ ភ្ញៀវ​ណា​កំណត់​ប្រាំ​ពីរ​ថ្ងៃ ។ ចូរ​តា​ប្រាប់​ខ្ញុំ​កុំ​បង្អង់ ខ្ញុំ​ហ៊ាន​ចោទ​ត្រង់​ពុំ​សង្ស័យ ចាប់​វា​បាន​យក​ថ្វី​ដៃ ឱ្យ​ចោរ​ចង្រៃ​វា​រអា ។ តា​ព្រាហ្មណ៍​ធ្វើ​ត្រាប់​តាម​បង្គាប់ ស្រេច​ទើប​ត្រឡប់​យាត្រា ជម្រាប​រឿង​រ៉ាវ​ស្រេច​កាល​ណា ទើប​មាន​វាចា​ប្រើ​បម្រើ ។ ឱ្យ​ហៅ​ព្រាហ្មណ៍​ចោរ​ចូល​មក​ដល់ ព្រះ​អង្គ​ទត​ស្គាល់​សួរ​ថា​អើ ទ្រព្យ​តា​ព្រាហ្មណ៍​នេះ​មួយ​ពាន់​តើ ឯង​យក​ទៅ​ធ្វើ​អ្វី​ទៅ​ហើយ ។ ព្រាហ្មណ៍​ចោរ​ជជែក​ប្រ​កែក​ថា សូម​ទាន​មេត្តា​ព្រះ​គុណើយ ខ្ញុំ​បាទ​មិន​បាន​យក​សោះ​ឡើយ ម្ចាស់​ថ្លៃ​ខ្ញុំ​អើយ​ទេ​ព្រះ​អង្គ ។ ព្រះ​ពោធិសត្វ​ឆ្លើយ​កាត់​ថា នែ​ចោរ​មោហា​ថា​ឱ្យ​ត្រង់ គេ​ហ៊ាន​ថា​ហើយ​មិន​មែន​ល្ងង់ នេះ​ពេញ​ជា​ពង្ស​អង្គ​អ្នក​ប្រាជ្ញ ។ ហ្នឹង​ហើយ​ឈ្មោះ​សេនកបណ្ឌិត ល្បី​ល្បាញ​រឹង​ឫទ្ធិ​គេ​កោត​ខ្លាច មិន​ស្គាល់​ទេ​ឬ​ចោរ​កំណាច បើ​ឯង​ស្គាល់​ប្រាជ្ញ​កុំ​ប្រកែក ។ ព្រាហ្មណ៍​ចោរ​ភិត​ភ័យ​តក្កមា ក្នុង​ចិត្ត​គិត​ថា​ឱ​ចម្លែក ថា​នេះ​ដូច​ជា​ឃើញ​នឹង​ភ្នែក មិន​ហ៊ាន​ប្រកែក​ត​ទៅ​ទៀត ។ ជម្រាប​រឿង​រ៉ាវ​ទៅ​តាម​ត្រង់ ហើយ​ទើប​ព្រះ​អង្គ​ទ្រង់​ឆ្លាស​ឆ្លៀត ដណ្ដឹង​បញ្ជាក់​ថែមៗទៀត ចោរ​ខូច​ចោល​ម្សៀត​មិន​ហ៊ាន​លាក់ ។ ក្រសួង​រាជការ​រដ្ឋបាល ចាំ​ស្ដាប់​ន្អាលនឹង​ទាញ​ទៅ​ដាក់ ធ្វើ​ទោស​តាម​ដោយ​ពិនិត្យ​ជាក់ យក​ចោរ​អប្បលក្ខណ៍​ដាក់​អាជ្ញា ។ ព្រះ​ពោធិសត្វ​ទ្រង់​ប្រទាន មាស​ប្រាក់​ធន​ធាន​ដោយ​មេត្តា ដល់​រូប​តា​ព្រាហ្មណ៍​អនាថា ដែល​ពឹង​ចេស្ដា​ព្រះ​បារមី ។

រឿង​រ៉ាវ​ដូច​ថ្លែង​សម្ដែង​មក ខ្ញុំ​បាន​ស្រង់​យក​ពី​បាលី មក​ដាក់​បញ្ជាក់​ខ​សេចក្ដី ឱ្យ​ជន​ប្រុស​ស្រី​ស្ដាប់​បាន​ងាយ ។ សូម​លោក​អ្នក​ស្ដាប់​ពិចារណា តាម​ដោយ​ប្រាជ្ញា​ដ៏​ទូលាយ ឱ្យ​ឃើញ​ហេតុ​ផល​ទៅ​វែង​ឆ្ងាយ ដូច​បាន​អធិប្បាយ​ជា​ទំនង ។ ដំណើរ​សេចក្ដី​ក្នុង​រឿង​នេះ យើង​ត្រូវ​ត្រិះ​រិះ​តាម​គន្លង ព្រះ​ពោធិសត្វ​ពី​ដើម​ទង ដោយ​ន័យ​ទំនង​ដ៏​វែង ។ ហៃ​សាធុ​ជន​ទាំង​អស់​គ្នា ចំណេះ​វិជ្ជា​ទាំង​សម្ទាយ មាន​គុណ​វិសេស​ធំ​ទូលាយ គួរ​យើង​វេច​ស្ពាយ​កុំ​ខ្លាច​ធ្ងន់ ។ មិន​លំបាក​ទុក​ស្រណុក​លាក់ ជា​ជាង​មាស​ប្រាក់​សព្វ​ទ្រព្យ​ធន មិន​ខ្លាច​ចោរ​លួច​ឬ​ចោរ​ប្លន់ ទៅ​គ្រប់​តំបន់​​គ្រាន់​ជា​ស្បៀង ។ ឥត​កណ្ដៀរ​កោរ​កណ្ដុរ​កាត់ ចាយ​ណាស់​មិន​បាត់​មិន​មាន​ល្អៀង ប្រើ​ច្រើន​កើត​ច្រើន​ចម្រើន​ទៀង ពី​បច្ចុប្បន្ន​រៀង​ទៅ​បរ​លោក ។ មាន​សុវិជ្ជា​គង់​មាន​ទ្រព្យ អ្នក​ផង​មិន​ស្អប់​មិត្ត​មូល​មក មាន​មិត្ត​ហើយ​បុណ្យ​តែង​រត់​រក ស្លាប់​ទៅ​បរលោក​យោគ​ស្ថាន​សួគ៌ ។ វិជ្ជា​មាន​គុណ​ដូច​បាន​ថ្លែង សម្ដែង​មក​នេះ​ក៏​សម​គួរ សង្ខេប​សេចក្ដី​ត្រឹម​ស្ថាន​សួគ៌ ចប់​តាម​សម​គួរ​អម្បាលណេះ ។ សូម​លោក​អ្នក​ប្រាជ្ញ​ខមាទោស សូម​ទាន​សន្ដោស​កុំ​ដៀល​តិះ ខ្ញុំ​នឹក​ឃើញ​រឿង​រ៉ាវ​ដូច្នេះ ដោយ​ត្រិះ​រិះ​ផ្សំ​នឹង​បាលី ។ គម្ពីរ​នានា​ជា​មគធៈ ឃើញ​ប្រាកដ​ជាក់​ដូច​សេចក្ដី ដែល​បាន​ថ្លែង​មក​ដោយ​ខ្លីៗ ប្រយោជន៍​ដើម្បី​អ្នក​ល្ងង់​ខ្លៅ ។

វិជ្ជា​គុណ​កថា​ចប់ ក្នុង​ពេល​ព្រលប់​យប់​ថ្ងៃ​សៅរ៍ បួន​នឹង​ដប់​រោច​មិគសិរ​នៅ ហេមន្ត​រដូវ​ឆ្នាំ​រកា ។ បញ្ចស័ក​ជាប់​ទាក់​ឆ្នាំ​បារាំង ចាប់​ពី​ក​តាំង​គ្រិស្ត​សាសនា មួយ​ពាន់ប្រាំបួនរយ​សាម​បី​ជា កំណត់​វេលា​ចប់​ឯង​ហោង ។

[១]ភាសា​សំស្ក្រឹត ប្រែ​ថា​អ្នក​ចេះ​ជាក់​ច្បាស់ ។

[២]គ្រា​ក្រ​បាយ ។

[៣]ទឹក ។

[៤]ចំណេះ​ល្អ (មិន​មាន​ទោស) ។

[៥]ត្រូវ​អាន​ថា ទេស្នា ។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជាសុរិយា ឆ្នាំ១៩៣៤


  •  
  •  

បញ្ចេញយោបល់ ៖