នីតិសាស្ត្រ ពាក្យកាព្យ

  •  
  •  

អាចារ្យ ហិម
ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃបិដក​រៀប​រៀង

អារម្ភកថា

ខ្ញុំ​ផ្គុំ​ម្រាម​ទាំង​ដប់ បរិបូណ៌​គ្រប់​នូវ​ក្រចក បី​ដូច​កល់​ត្របក កេសរ​ផ្កា​ឈូក​ក្រពុំ ។ ដោម​ដាក់​ដល់​លើ​ភ្នែក ត្រង់​លង្វែក​នា​ប្រជុំ ចិញ្ចើម​ថ្វាយ​បង្គំ ឆ្ពោះ​ព្រះ​ពុទ្ធ​មកុដ​លោក ។ ហើយ​ក្រាប​អភិវាទ ព្រះ​ធម៌​ស្អាត​ឥត​ស្មោក​គ្រោក ដែល​ព្រះ​ពុទ្ធ​មាន​ជោគ ទ្រង់​សម្ដែង​ប្រដៅ​ជន ។ ហើយ​ក្រាប​ថ្វាយ​បង្គំ ព្រះ​សង្ឃ​សម​ប្រសើរ​លន់ សាវក​ព្រះ​មាន​គុណ ជា​ស្រែ​បុណ្យ​ដល់​សព្វ​សត្វ ។ សូម​គុណ​រតន​ត្រ័យ ប្រសើរ​ក្រៃ​ជួយ​កម្ចាត់ ទុក្ខ​សោក​រាគ​ឱ្យ​បាត់ ដោយ​អំណាច​ក្រាប​បង្គំ ។ ខ្ញុំ​ជា​វង្ស​បណ្ឌិត នាម​ឈ្មោះ​ពិត​ប្រសើរ​សម អាចារ្យ​ហិម​ឧត្តម អ្នក​សន្សំ​សីល​ភាវនា ។ សូម​តែង​សេចក្ដី​ពិត ដោយ​សង្ខិត្ត​ពាក្យ​កាព្យា ប្រែ​មក​ពី​គាថា លោក​នីតិ​បាលី ។ ដោយ​មាន​ចិត្ត​ប្រាថ្នា សង្គ្រោះ​មហា​ជន​ប្រុស​ស្រី ឱ្យ​ឆ្លាស​ការ​លោកីយ៍ ដូច​សេចក្ដី​ត​នេះ​ទៅ ។

នីតិសាស្ត្រ

បទ​ព្រហ្មគីតិ

ជាតិ​ខ្ជិល​ឥត​សិល្ប​សាស្ត្រ ទ្រព្យ​វិនាស​ព្រោះ​ល្ងង់​ខ្លៅ ខ្សត់​ទ្រព្យ​ឥត​ញាតិ​ផៅ រក​រាប់​អាន​ចោម​រោម​ច្រើន ។ គ្មាន​ញាតិ​មិត្ត​ទំនុក ពុំ​បាន​សុខ​ពុំ​បាន​ចម្រើន វាសនា​ពុំ​កើន កប់​ជាប់​ក្នុង​សង្សារា ។ មាន​ទ្រព្យ​គាប់​គ្រាន់​បើ តែ​ពុំ​ស្មើ​នឹង​វិជ្ជា ចេះ​ចាំ​កិច្ច​វិទ្យា ចោរ​លប​លួច​យក​ពុំ​បាន ។ វិជ្ជា​ទុក​ដូច​មិត្ត លោកីយ៍​ពិត​ពេញ​ថ្កើង​ថ្កាន បរលោក​ក៏​ក្សេម​ក្សាន្ត សុខ​សម្រាន្ត​បាន​ជា​ពូជ ។ កុំ​មាក់ងាយ​បញ្ញា ដោយ​គិត​ថា​មាន​តិច​តូច មិន​សម្រេច​ប្រយោជន៍ ដោយ​ចំណេះ​ចេះ​ប្រាជ្ញ​ព្រោក ។ ដូច​ឆ្នាំង​បើក​មាត់​បើ លើក​ដាក់​លើ​ក្បាល​ដំបូក តំណក់​ភ្លៀង​ជោរ​ជោក យូរៗទៅ​គង់​ពេញ​បាន ។ កុំ​មើល​ងាយ​ចំណេះ ដែល​ខ្លួន​ចេះ​តិច​ប៉ុន្មាន ឱ្យ​តែ​ចាំ​ចំណាន គង់​នឹង​បាន​មាន​កេរ្តិ៍​ឈ្មោះ ។ គេ​ពឹង​ក្នុង​លោកីយ៍ ដោយ​មាន​ល្បី​ឈ្មោះ​ពីរោះ ការ​គេ​ពឹង​ពរ​នោះ ជា​ប្រយោជន៍​ដ៏​ស្ដុក​ស្ដម្ភ ។ ជាតិ​កែវ​មណី​ល្អ​ឆើត មិន​ដែល​កើត​សព្វ​ថ្ម​ភ្នំ គជ់​មាន​ថ្លៃ​ឧត្ដម មិន​មាន​សព្វ​គជេន្ទ្រ​ជ័យ ។ ខ្លឹម​ចន្ទន៍​ក្រអូប​អប់ មិន​មាន​សព្វ​តំបន់​ព្រៃ អ្នក​ប្រាជ្ញ​ព្រឹទ្ធ​ប្រពៃ មិន​ដែល​កើត​មាន​សព្វ​ស្ថាន ។ ប្រសិន​បើ​ឮ​ថា អ្នក​ណា​ចេះ​ចំណាន មក​ថ្លែង​សម្ដែង​អាន ធម៌​អាថ៌​អត្ថ​ក្នុង​ទី​ណា ។ ត្រូវ​ខំ​គិត​ខ្នះ​ខ្នែង ដោយ​ខ្លួន​ឯង​មាន​ឧស្សាហ៍ សង្វាត​ចរ​យាត្រា ទៅ​ស្ដាប់​រៀន​ក្នុង​ទី​នោះ ។ រៀន​សិល្ប​កុំ​រួស​រាន់ ញាប់​បន្ទាន់​ចិត្ត​ដូច្នោះ រក​ទ្រព្យ​សន្សំ​ចុះ គំនិត​ថ្នម​ដូច​ឡើង​ភ្នំ ។ សេព​កាម​គួរ​បន្ថយ សេព​ញយ​ៗ​គួរ​តែ​ធុំ ធ្វើ​ការ​កុំ​បង្ខំ ឱ្យ​សន្សំ​តាម​ធម្មតា ។ សិល្ប​សាស្ត្រ​ក្នុង​លោកីយ៍ ដប់​ប្រាំ​បី​តាម​មាត្រា ១ ចេះ​ស្ដាប់​ភាសា ២ ចេះ​ឆន្ទ​សាស្ត្រ​ជាក់ ។ ៣ ចេះ​លេខ​នព្វន្ត ៤ អត់​ធន់​ចេះ​ចាំង​ឆ្លាក់ ៥ ចេះ​ទាយ​លក្ខណៈ ៦ ចេះ​ទាយ​ជោគ​ជ័យ ។ ៧ ចេះ​ច្រៀង​រាំ​ស្ទាត់ ៨ ផ្ទាត់​ក្រួស​ត្រង់​ក្រៃ ៩ ចេះ​ធ្នូ​សិល្ប​សៃយ ១០ ចេះ​លៃ​លក​វាចា ។ ១១ ចេះ​ក្បួន​ពេទ្យ ១២ ហេតុ​ចេះ​កាព្យា ១៣ ត្រៃ​វិទ្យា ១២ ចេះ​ព្យូហ៍​សត្រូវ ។ ១៥ ចេះ​នីតិ​សាស្រ្ត ១៦ ឆ្លាស​គ្នេរ​គ្នាន់​ត្រូវ ១៧ ចេះ​ខាប​ហៅ ១៨ ចេះ​ចិត្ត​ជឿ​ជាក់ ។ បណ្ឌិត​ពិត​ពេញ​គួរ គ្មាន​គេ​សួរ​សាក​ប្រត្យក្ស ស្ងៀម​ស្ងាត់​មិន​ហើប​ហាក់ ដូច​ស្គរ​ធំ​ឥត​គេ​វាយ ។ បើ​គេ​សួរ​កាល​ណា មាន​វាចា​ចេញ​រួសរាយ ហូរ​ហែ​តាម​បរិយាយ មាន​គួរ​នា​ដូច​ភ្លៀង​ធ្លាក់។ ជាតិ​ពាល​មិន​ដឹង​គួរ គ្មាន​គេ​សួរ​សាក​ចង់​ជាក់ ឆ្លើយ​ឆ្លង​ផង​រាក់​ទាក់ ក្បួន​ហិន​លក្ខណ៍​ធ្លាក់​លើ​ខ្លួន ។ សិល្ប​សាស្រ្ត​មិន​ចាំ​មាត់ មាន​ប្រាកដ​នៅ​ក្នុង​ក្បួន ដល់​ពេល​ដែលចួបចួន គេ​សួរ​សាក​ពិបាក​គេច ។ ទ្រព្យ​ធន​ផង​ខ្លួន​ក្ដី ឱ្យ​គេ​ខ្ចី​ទោះ​ច្រើន​តិច ដល់​ត្រូវ​ធ្វើ​ការ​ម្ដេច នឹង​បាន​ចាយ​ឈ្មោះ​ថា​គ្មាន ។ ទ្រព្យ​លើក​ឱ្យ​គេ​ខ្ចី ចេះ​ដឹង​អ្វី​ឆ្លើយ​មិន​បាន ភរិយា​នៅ​ឆ្ងាយប្រាណ ឈ្មោះ​ថា​គ្មានៗដូច​គ្នា ។ ប្រមាណ​ទឹក​ពិនិត្យ ដក​ព្រលឹត​វាស់​វែង​វា ប្រមាណ​មនុស្ស​កាច​ជា មើល​កិរិយា​អាការ​ចេញ ។ ប្រមាណ​អ្នក​ប្រាជ្ញ​ប្រាយ ស្ដាប់​បរិយាយ​ពោល​មក​មិញ ប្រមាណ​ដី​ជី​ដេញ មើល​ស្មៅ​ខៀវ​ទើប​ដឹង​បាន ។ ធ្វើ​ស្រែ​ឱ្យ​មើល​ស្មៅ រៀប​កូន​ចៅ​មើល​សន្ដាន ទី​នៅ​មើល​ភូមិ​ស្ថាន ស៊ី​ប្រមាណ​មើល​អាហារ ។ ខ្លៅ​រៀន​សូត្រ​តិច​តួច គិត​ថា​ស្រួច​គ្រប់​កិច្ចការ មិន​ដឹង​រស​ធម៌​អាថ៌ ដូច​កង្កែប​បែប​កម្លៅ ។ នៅ​ក្នុង​អណ្ដូង​ទាល់ មិន​ដែល​ស្គាល់​សមុទ្ទ​ជ្រៅ សម្គាល់​ទី​ដែល​នៅ ថា​ធំ​ជ្រៅ​ប៉ុណ្ណេះ​ឯង ។ វ័យ​ទីមួយគឺ​ថា គ្រប់​អាត្មា​កាល​នៅ​ក្មេង កុំ​ខ្ជិល​កុំ​ដើរ​លេង កុំ​កាន់​ល្បែង​ផង​នានា ។ ខំប្រឹង​ប្រែង​ឧស្សាហ៍ ខំ​ប្រិត​ប្រៀន​តួ​អក្ខរា បឋម​វិជ្ជា ឱ្យ​ចេះ​ចាំ​ស្ទាត់​ចំណាន ។ វ័យ​ទីពីរក្នុង​កាល ខ្លួន​កណ្ដាល​ត្រូវ​ឱ្យ​មាន ខ្វល់​ខ្វាយ​រក​ធន​ធាន ទ្រព្យ​បរលោក​ទ្រព្យ​លោកីយ៍ ។ កុំ​បី​មាន​ប្រមាទ ប្រឹង​ឱហាត​ចិត្ត​មេត្រី ក្នុង​ធម៌​សុចរិត​បី ជា​វិន័យ​គ្រប់​រូបា ។ នា​វ័យ​ទីបីនោះ កាល​ខ្លួន​ចុះ​ជរា សោមនស្ស​ក្នុង​ភាវនា បោះ​ចិត្ត​ភ្ជាប់​ក្នុង​ត្រ័យ​លក្ខណ៍ ។ ឱ្យ​ដឹង​ថា​មិន​ទៀង ព្រួយ​រៀង​ៗទៅ​តាម​ថ្នាក់ ឥត​ខ្លឹម​ឥត​សារ​ធ្លាក់ ចុះ​ក្នុង​សូន្យ​គ្រប់​អាត្មា ។ ហៃ​បា​បុត្ត​ឧត្ដម ចូរ​បា​ខំ​រៀន​សិក្សា បើ​ខ្ជិល​រៀន​វិជ្ជា ចុះ​បម្រើ​គេ​មិន​ខាន ។ បើ​បា​ខំ​រៀន​ចេះ ក្នុង​លោក​នេះ​គេ​រាប់​អាន មាន​យស​សក្ដិ​ថ្កើង​ថ្កាន ចូរ​ខំ​ហាត់​ឱ្យ​ស្ទាត់​ទៅ ។ មាតា​និង​បិតា ជា​វេរា​ឬ​សត្រូវ ណែ​នាំ​កូន​ខុស​ផ្លូវ មិន​បង្ខំ​ឱ្យ​រៀន​សូត្រ ។ លុះ​កូន​ធំ​កាល​ណា ចូល​ពាលា​ខុស​រហូត ដឹក​នាំ​ដោយ​ក្រេវ​ក្រោធ ឬ​លោម​លួង​ពត់​មិន​ឡើង ។ អាប់​មុខ​ក្នុង​ជំនុំ មន្ទិល​រុំ​មិន​ឱ្យ​ថ្កើង ដូច​កុក​លោត​ចរចើង ចូល​ក្នុង​ហ្វូង​រាជ​ហង្ស ។ ភ្នំ​បន្លា​ស្រួច​ឯង គ្មាន​ចាត់​ចែង​តាម​ចិត្ត​ចង់ ភ្នែក​ម្រឹគ​ខ្មៅ​ថ្លា​យង់ តាម​ធម្មតា​គ្មាន​ថ្នាំ​ជប់ ។ ផ្កា​ឧប្បល​ក្រអូប​ឯង គ្មាន​ចាត់​ចែង​ចាក់​ទឹក​អប់ កុលបុត្ត​ចេះ​ដឹង​សព្វ កុំ​ចាំ​បាច់​គេ​តឿន​ក្រើន ។ កូន​ណា​ឧស្សាហ៍​ត្រាប់ ប្រឹង​រៀន​ស្ដាប់​ចេះ​ដឹង​ច្រើន កូន​នោះ​នឹង​ចម្រើន ផល​ប្រយោជន៍​ក្ដី​សុខា ។ ១ សុខ​ក្នុង​មនុស្ស​លោក គ្មាន​ទុក្ខ​សោក​នឹង​រោគា ២ សុខ​ក្នុង​ទេវតា ៣ សុខ​បាន​និព្វាន​ពិត ។ ទ្រព្យ​ពុំ​ស្មើ​វិជ្ជា ពាល​ពាធា​ដេញ​ប្រកិត ពុំ​ស្មើ​រោគ​រោម​រឹត កាយិន្រ្ទីយ៍​យើង​នេះ​សោះ ។ ស្រឡាញ់​អ្វី​ពុំ​ស្មើ​បាន នឹង​ខ្លួន​ប្រាណ​នៃ​យើង​នោះ កម្លាំង​អ្វី​ប្រជុំ​ចុះ ក៏​ពុំ​ស្មើ​កម្លាំង​កម្ម ។ ហង្ស​នៅ​ក្នុង​ហ្វូង​ក្អែក រាជសីហ៍​សែក​នៅ​តម្រាំ ក្នុង​ហ្វូង​គោ​ក៏​ទ្រាំ ក្ដី​រំខាន​តែ​រាល់​គ្រា ។ អាជានេយ្យ​នៅ​ច្រឡំ ស្មគ្រ​ស្មាគម​ដោយ​ហ្វូង​លា អ្នក​ប្រាជ្ញ​ព្រឹទ្ធ​ប្រីជា នៅ​ក្នុង​ពួក​ពាល​សាមាន្យ ។ លំនៅៗបួន​នេះ ទាល់​តម្រិះ​ហៅ​ខុស​ស្ថាន ពុំ​សុខ​ពុំ​ក្សេម​ក្សាន្ត បាន​ថោក​ទាប​ភាព​ប្លែក​ៗ ។ ពាល​នៅ​ផង​បណ្ឌិត អស់​ជីវិត​លង់​អនេក មិន​ដឹង​ធម៌​អាថ៌​ឯក ប្រៀប​ដូច​វែក​មិន​ដឹង​រស ។ ប្រាជ្ញ​នៅ​ផង​អ្នក​ប្រាជ្ញ រំពេច​អាច​ដឹង​ធម៌​អស់ ដូច​អណ្ដាត​ដឹង​រស សាប​ប្រៃ​ស្រស់​ក្រៀម​ដឹង​បាន ។ អ្នក​ប្រាជ្ញ​មិន​ប្រកាស ក្ដី​វិនាស​អន្តរធាន មិន​ឱ្យ​ក្ដៅ​ក្នុង​ប្រាណ និង​សន្ដាន​បុត្រ​ភរិយា ។ គ្មាន​ឆ​បោក​បញ្ឆោត គ្មាន​ក្រេវ​ក្រោធ​ក្រៅ​ធម្មា គ្មាន​មើល​ងាយ​គ្នី​គ្នា ក្នុង​គ្រឹហា​ឬ​ញាតិ​មិត្ត ។ ជន​ណា​ដឹង​គួរ​សម ដឹង​ភិរម្យ​ពាក្យ​ពោល​ពិត មិន​ខឹង​ក្រោធ​ក្រៅ​ក្រឹត្យ ជន​នោះ​ពិត​ជា​អ្នក​ប្រាជ្ញ ។ មនុស្ស​ខ្សត់​អត់​ធន​ធាន ឡើង​ជោរ​មាន​ចិត្ត​ល្ហ​ល្ហាច កើត​ចង់​រស់​អង់​អាច លក់​បញ្ចាំ​ឱ្យ​តែ​ឆ្ងាញ់ ។ មនុស្ស​ខ្សោយ​ខ្សត់​កម្លាំង ឡើង​ជោរ​តាំង​លេង​ឈ្នះ​ចាញ់ ក្អេង​ក្អាង​អួត​ថា​អញ ពេញ​ជា​មនុស្ស​ខ្លាំង​ពូកែ ។ មនុស្ស​អាប់​ឥត​ប្រាជ្ញា គ្មាន​វិជ្ជា​ចេះ​អត្ថ​ប្រែ និយាយ​ខុស​ហូរ​ហែ ណាស់​តែ​ពាក្យ​ពោល​អាង​អួត ។ មនុស្ស ៣ ពួក​នេះ​ឯង លោក​សម្ដែង​ថា​ស្មើ​ឆ្កួត ព្រោះ​ជោរ​ឡើង​អំនួត ល្មោភ​ល្មើស​លើស​ហួស​ប្រមាណ ។ មនុស្ស​ណា​ឆ្លេ​ឆ្លា​ចិត្ត ទៅ​មក​ឥត​គេ​រាប់​អាន ឡើង​ផ្ទះ​គេ​ហៅ​ហាន កើត​រំខាន​ដល់​គេ​ឯង ។ ឬ​ឥត​គេ​សាក​សួរ មិន​ដឹង​គួរ​ឡើង​ថ្លា​ថ្លែង ឆ្លើយ​ឆ្លង​ឥត​មាន​ក្រែង កាត់​គេ​ឯង​ថ្លែង​បំពាន ។ ឬ​ឥត​គេ​សរសើរ តាម​ដំណើរ​ចិត្ត​ឈ្លាន​ពាន អួត​សរសើរ​ធន​ធាន ឬ​អ្វីៗហួស​ដំណាក់ ។ មនុស្ស ៣ ពួក​នេះ​ឯង លោក​សម្ដែង​ថា​ហិន​លក្ខណ៍ ចុះ​ទាប​ភាព​យស​សក្ដិ ជា​មនុស្ស​ធ្លាក់​ចាក​ថ្កុំថ្កើង ។ មនុស្ស​ថោក​សម្ដី​ខ្ពស់ ឥត​ឥស្សរិយ​យស​ឫក​ចចើង ប្រាជ្ញា​តិច​ស្ដួចស្ដើង ប្រឹង​ដំឡើង​អំនួត​ចេញ ។ ដូច​ទឹក​កន្លះ​ក្អម ទោះ​លើក​ថ្មម​យ៉ាង​ណា​មិញ ឃ្លេងឃ្លោង​ក្រឡក​ចេញ ក្រ​នឹង​ទប់​ឱ្យ​នឹង​បាន ។ ឬ​ដូច​មេ​គោ​តិច ទឹក​ដោះ​គេច​គាយ​ផ្នោះ​ក្រាន ធាក់​ច្រំ​បន្លំ​ដាន មិន​ឱ្យ​កូន​បៅ​អាត្មា ។ កង្កែប​ច្រហោង​ស្រែក អាង​សម្រែក​ស្មើ​សីហា អួត​ទាល់​រោយ​ចង្កា ដូច​ពាលា​ឡើង​អំណាច ។ អួត​ចេះ​ដឹង​ជ្រៅ​ជ្រះ ចោទ​ឆ្លើយ​​ឈ្នះ​លោក​អ្នក​ប្រាជ្ញ ពោល​ខុស​ក៏​មិន​ខ្លាច បន្លំ​កាច​បន្លប់​ថា ។ កុលបុត្រ​កប​រូប​ទ្រង់ កើត​ក្នុង​វង្ស​មាន​សក្ដា មិន​ចេះ​សិល្ប​សាស្ត្រា ដូច​ផ្កា​ចារ​ឥត​ក្លិន​ភ្ញី ។ ស្រស់​តែ​ពណ៌​សម្បុរ ច្រាល​សន្ធោ​ដូច​អគ្គី កុលបុត្រ​មិន​ចេះ​អ្វី កើត​ថោក​ទាប​សាប​អំណាច ។ អ្នក​ទាប​ជា​អមាត្យ កូន​ពាល​ឆ្លាត​ជា​អ្នក​ប្រាជ្ញ កូន​អ្នក​ក្រ​ដាច់​ដាច ឡើង​ជា​អ្នក​មាន​ធន​ធាន ។ ប្រុស​អើយ​ចូរ​អ្នក​ស្ដាប់ យើង​ថ្លែង​ប្រាប់​ឱ្យ​មាន គំនិត​កុំ​បំពាន ពាក្យ​ប្រមាទ​មើល​ងាយ ។ ស្មូន​ឆ្នាំង​ដំ​សំពង ក្អម​ឆ្នាំង​ប៉ង​ឱ្យ​ល្អ​ទេ គ្រូ​ហាត់​ទោះ​វាយ​ជេរ ប៉ង​នាំ​សិស្ស​ចេះ​សិល្ប​សាស្ត្រ ។ អ្នក​វេច​រុំ​ក្រស្នា ស្លឹក​ធម្មតា​ឬ​ក្រដាស ពីដោរ​ផ្សាយ​ផ្សព្វពាស ក្រអូប​អប់​អ្នក​វេច​នោះ ។ ស្លឹក​ឈើ​ឬ​ក្រដាស ជាប់​ក្លិន​ពាស​ពេញ​ចំពោះ គប់​ប្រាជ្ញ​អាច​ភ្លឺ​ឆ្លុះ មាន​ដូច្នោះ​គួរ​ឱ្យ​ត្រេក ។ អ្នក​សេព​គប់​សប្បុរស មាន​សោមនស្ស​ប្រសើរ​ពេក ចេះ​ដឹង​ធម៌​អនេក ដឹង​បាប​បុណ្យ​គុណ​ទោស​នៅ ។ ហៃ​ចៅ​ជាតិ​ពិសី ចូរ​លះ​ក្ដី​ច្រឡាស​ទៅ ដោយ​ជន​ពាល​ឃោរឃៅ ចូរ​គប់​នៅ​ពួក​សប្បុរស ។ ចូរ​ធ្វើ​បុណ្យ​ប្រក្រតី សព្វ​រាត្រី​ថ្ងៃ​ទាំង​អស់ ឱ្យ​មាន​ចិត្ត​សោមនស្ស នឹក​ត្រៃ​លក្ខណ៍​ជា​គ្រឿង​ទ្រង់ ។ ផ្លែ​ឧទុម្ពរ​ចាស់​ទុំ សម្បក​រុំ​ក្រៅ​រលង់ គ្រាប់​សោត​សឹង​មមង់ ក្រៅ​និង​ក្នុង​មិន​ត្រូវ​គ្នា ។ ចិត្ត​ពាល​ដូច​ទេវទត្ត ល្អ​តែ​មាត់​ដូច​ទេវតា ឧទុម្ពរ​យ៉ាងណា ពួក​ពាលា​យ៉ាង​នោះ​ឯង ។ ខ្នុរណាំង​ទុំ​បន្លា ច្រូង​ច្រាង​មហា​ស្រួច​ជាក់​ស្ដែង ក្លិន​ក្លែប​ពិដោរ​ឈ្វេង ឱជារស​ផ្អែម​ពិសា ។ ប្រៀប​ដូច​ពួក​សប្បុរស ក្រៅ​មិន​ស្រស់​ប៉ុន្តែ​ថា ខាង​ក្នុង​គួរ​ស្នេហា ព្រោះ​សុចរិត​ឥត​ត្មះ​បាន ។ ខ្លឹម​ចន្ទន៍​ក្រៀម​ក្រញង់ មិន​លះ​បង់​ក្លិន​កល្យាណ ដំរី​សឹក​ក្លាហាន ចូល​សង្គ្រាម​ដោយ​ឧបាយ ។ មិន​លះ​ដំណើរ​ល្អ ទោះ​តាំង​ត​ល្គាយ​ល្គង​ក្រាយ អំពៅ​ផង​ទាំង​ឡាយ ទោះ​នៅ​ក្នុង​ឃ្នាប​គាប​រឹត ។ មិន​លះ​បង់​សភាព ផ្អែម​ដរាប​រស​ល្អ​ពិត អ្នក​ប្រាជ្ញ​ដែល​ប្រព្រឹត្ត ទោះ​មាន​ទោស​ទុក្ខ​យ៉ាង​ណា ។ មិន​លះ​ធម៌​សុចរិត នៅ​ប្រព្រឹត្ត​តាម​ធម្មតា សិស្ស​ហាត់​រៀន​សិក្សា ចូរ​យាត្រា​ផ្លូវ​នេះ​ចុះ ។ រាជ​សីហ៍​ស្ដេច​ម្រឹគ ខ្លាំង​ពន្លឹក​អធិក​ទោះ អត់​ឃ្លាន​យ៉ាង​ណា​នោះ មិន​បរិភោគ​សាច់​ដំរី ។ កុលបុត្រ​មាន​ពូជ​ពង្ស រក្សា​វង្ស​ស្រី​សួស្ដី ក្រ​ខ្សត់​យ៉ាង​ណា​ក្ដី មិន​ប្រព្រឹត្ត​ការ​ទាប​ពេក ។ កន្លង់​ប៉ង​ត្រឹប​ផ្កា ប្រាជ្ញ​ប្រីជា​​​ប៉ង​ត្រឹប​ត្រេក រស​ធម៌​អាថ៌​អនេក មិន​ជិន​ឆ្អន់​រស​ធម៌​ឡើយ ។ រុយ​ប៉ង​រោម​លាមក ពាល​ឥត​គ្មក់​កាន់​កៀក​កើយ ធម៌​បាប​ថា​អស់​ហើយ ស្រឡាញ់​បាប​មិន​ងាក​មុខ ។ ពាល​ស្វែង​បាប​អកុសល មិន​ស្កប់​ស្កល់​ដូច​ជ្រូក​ស្រុក ស្វែង​រក​ជ្រាំ​មូត្រ​ល្មក់ ជា​អាហារ​នឹង​ខ្នាច​ខ្លួន ។ ប្រាជ្ញ​ស្វែង​បុណ្យ​កុសល មិន​ស្កប់​ស្កល់​មិន​ល្មម​ធួន ដូច​ហង្ស​ហើរ​ស្វែង​កួន ស្រះ​ចុះ​ចឹក​ក្សេរ​បុប្ផា ។ ឆ្កែ​ឃើញ​ឆ្កែ​គ្នា​ឯង តាំង​សម្ដែង​ប៉ង​ពាធា ជន​ជួរ​ចួប​គ្នា​វា រក​រឿង​ហេតុ​ឈ្លោះ​រុក​រាន ។ បាប​មិន​ទាន់​ឱ្យ​ផល ពាល​គិត​យល់​ថា​បាប​គ្មាន ឃើញ​បុណ្យ​ពី​បូរាណ រឹង​រឹត​ហាន​ធ្វើ​បាប​ទៀត ។ កាល​ណា​អស់​បុណ្យ​នោះ បាប​ក៏​ស្ទុះ​មក​ជ្រៀត​បៀត ឱ្យ​ផល​ខ្វល់​ចង្អៀត ពាល​រង​ទុក្ខ​ធំ​កាល​ណោះ ។ ពាល​ណា​ដឹង​ខ្លួន​ឯង ថា​បែប​លេង​មិន​ល្អ​ព្រោះ ទទួល​ទុក​ចំពោះ ហើយ​លើក​ចិត្ត​ឡើង​ប្រព្រឹត្ត ។ ធ្វើ​ទាន​សីល​​ភាវនា មាន​មេត្តា​កាន់​សុចរិត ពួក​ពាល​នោះ​ឯង​ពិត ជា​អ្នក​ប្រាជ្ញ​ស្ដែង​ក្នុង​លោក ។ ប្រាជ្ញ​ណា​តាំង​ខ្លួន​ឯង ឡើង​ថ្លា​ថ្លែង​ថា​ប្រាជ្ញ​ព្រោក អស្មិមានះ​ជោក មួយ​ស្រវឹង​ក្នុង​លាភា ។ ប្រាជ្ញ​នោះ​លោក​កំណត់ ថា​ប្រាកដ​ជា​ពាលា មិន​មែន​ប្រាជ្ញ​ប្រីជា ព្រោះ​ទុច្ចរិត​វៀចវេរ ។ ខ្ញុំ​តែង​ច្បាប់​នេះ​ទុក ដោយ​ទំនុក​បម្រុង​ត សាសនា​ឱ្យ​បាន​ល្អ ជា​សង្ខេប​ប៉ុណ្ណេះ​ហោង ។

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៣៥


  •  
  •  

បញ្ចេញយោបល់ ៖