ចូឡ​បទុម​ជាតក

  •  
  •  

ឃុន​សោភ័ណ​ភក្ដី អិម – ភន
ប្រែ​និង​រៀប​រៀង     

ធម្មតា​មនុស្ស​ទាំង​អស់​ក្នុង​លោក​នេះ រមែង​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​រក​គ្នា​ដោយ​សេចក្ដី​សង្រ្គោះ​ទៅ​វិញ​ទៅ​មក ដូច​យ៉ាង​មាតា​បិតានិង​បុត្ត​ធីតា ​គ្រូ​បា​អាចារ្យ​និង​សិស្សា​នុសិស្ស  ស្វាមី​និង​ភរិយា​ជា​ដើម ។ អ្នក​ដែល​បាន​ធ្វើ​សេចក្ដី​សង្រ្គោះ​គេ​មុន​ដំបូង​ឈ្មោះ​ថា​បុព្វការី អ្នក​ដែល​បាន​ទទួល​សេចក្ដី​សង្រ្គោះ​អំពី​សម្នាក់​បុព្វការី​បុគ្គល​នោះ ហើយ​សម្ដែង​សេចក្ដី​តប​គុណ​វិញ ឈ្មោះ​ថា​កតញ្ញូកតវាទី បុគ្គល​ទាំង​ពីរ​ពួក​នេះ​បើ​បាន​ប្រព្រឹត្ត​ស្មោះ​ត្រង់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក រមែង​បាន​សេចក្ដី​សុខ – ចម្រើន ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ ឯ​បុគ្គល​ទី​ពីរ​ដែល​ហៅ​ថា​កតញ្ញូកតវាទី​នោះ ឃើញ​ថា​កម្រ​មាន​ណាស់​ក្នុង​លោក​នេះ សម្បូរ​តែ​ខាង​បុគ្គល​ដែល​រមិល​គុណ​ឬ​បំភ្លេច​គុណ​គេ​ចោល​ដែល​ហៅ​ថា​អកតញ្ញូ ។ តាម​ច្បាប់​និយម​ទុក​មក​ថា ៖ អ្នក​ដែល​លុប​គុណ ​រមិល​គុណ វេរ​ឃ្នើស​​គុណ​គេ នឹង​ទៅ​ជា​មនុស្ស​អាក្រក់​បំផុត​ក្នុង​បណ្ដា​មនុស្ស​ទាំង​អស់ ហើយ​នឹង​ត្រូវ​ទទួល​រង​ទុក្ខ​ទោស​ភ័យ​អន្តរាយ​ដោយ​អនេកប្បការ ក្នុង​ឥធលោក​និង​បរលោក​ជា​ប្រាកដ ។ សូម​ស្រង់​យក​ចូឡបទុម​ជាតក​មក​ប្រតិស្ឋ​ទុក​ក្នុង​ទី​នេះ ដើម្បី​ឱ្យ​ឃើញ​ជា​ពស្ដុតាង ហើយ​គ្រាន់​ជា​គ្រឿង​ប្រដាប់​សតិ​បញ្ញា​នៃ​អស់​លោក​ដូច​សេចក្ដី​ត​ទៅ​នេះ ៖

អតីតេ ពារាណសីរញ្ញោ សត្ត បុត្តា អហេសុំ ។

តេសំសព្វជេជ្ឋកោ បទុមោ នាម កុមារោ ពោធិ​សត្តោ ។

បពិត្រ​អើយ ក្នុង​កាល​ដ៏​ខណ្ឌ​ខាំង​កំបាំង​ស្ងាត់​កន្លង រំលង​យូរ​ណាស់​ទៅ​ហើយ ឰដ៏​កាល​នោះ ព្រះ​ចៅ​ក្រុង​ពារាណសី មាន​ព្រះ​រាជ​បុត្រ ៧ អង្គ ។ បណ្ដា​ព្រះ​រាជ​ឱរស​ទាំង ៧ អង្គ​នោះ បទុម​រាជ​កុមារ​ពោធិសត្វ​ជា​បង​ច្បង​លើ​រាជ​កុមារ​ទាំង​អស់ ។ កាល​នោះ​ព្រះ​ចៅ​ក្រុង​ពារាណសី​ជា​ព្រះ​វរ​រាជ​បិតា ទ្រង់​ព្រះ​ចិន្ដា​ថា ៖ ព្រះ​រាជ​កុមារ​ទាំង​នេះ​ត​ទៅ មុខ​ជា​នឹង​នាំ​គ្នា​សម្លាប់​អញ ហើយ​ដណ្ដើម​យក​រាជ​សម្បត្តិ​តែ​សព្វៗខ្លួន​ពុំ​ខាន​ឡើយ លុះ​ទ្រង់​ព្រះ​ចិន្ដា​ឈ្វេង​យល់​ដូច្នេះ​ហើយ ក៏​កើត​សេចក្ដី​រង្កៀស​សង្ស័យ​ចំពោះ​ព្រះ​រាជ​បុត្រា​ទាំង​នោះ ទើប​មាន​ព្រះ​បន្ទូល​ថា ៖ ហៃ​បុត្រ​ស្ងួន​សម្លាញ់​មាស​ឪពុក​ទាំង​ឡាយ​អើយ ! បា​កុំ​នៅ​ក្នុង​ទី​នេះ​ឡើយ ចូរ​បា​នាំ​គ្នា​ចេញ​ទៅ​នៅ​ក្នុង​ទី​ដទៃ​សិន​ទៅ ទម្រាំ​តែ​ដល់​គ្រា​ដែល​អំណើះ​ឥត​អំពី​បិតា​ទៅ សឹម​បា​នាំ​គ្នា​ទទួល​យក​រាជ​សម្បត្តិ​ជា​ខាង​ក្រោយ​ចុះ ។ ឯ​ព្រះ​រាជ​កុមារ​ទាំង​នោះ ព្រម​ទាំង​ភរិយា​របស់​ខ្លួន ក៏​នាំ​គ្នា​ថ្វាយ​បង្គំ​លា​ព្រះ​វរ​មាតា – បិតា​ហើយ​ចេញ​ទៅ​អំពី​នគរ​ លុះ​ដើរៗទៅ​បាន​ទៅ​ដល់​ផ្លូវ​ដាច់​ស្រយាល​ក៏​ដាច់​បាយ​ដាច់​ទឹក​នៅ​ក្នុង​កណ្ដាល​អធ្វា រក​ស្បៀង​អាហារ​បរិភោគ​ពុំ​បាន ក៏​បបួល​គ្នា​កាប់​សម្លាប់​ភរិយា​នៃ​ព្រះ​រាជ​កុមារ​ពៅ​ជា​មុន ចែក​សាច់​ជា ៣ ចំណែក ​ហើយ​បរិភោគ​សាច់​ដែល​ជា​ចំណែក​របស់​ខ្លួន​តែ​រៀងៗខ្លួន ។

នឹង​ថ្លែង​ឯ​ព្រះ​បរម​ពោធិសត្វ​អគ្គ​មហា​បុរស​រត្ន ព្រះ​អង្គ​ត្រូវ​បាន​ពីរ​ចំណែក គឺ​ព្រះ​អង្គ ១  ចំណែក ភរិយា​របស់​ព្រះ​អង្គ ១ ចំណែក ។ គឺ​បណ្ដា​ចំណែក​ពីរ​ដែល​ខ្លួន​និង​ប្រពន្ធ​បាន​មក​នោះ​ព្រះ​អង្គ​បាន​តម្កល់​ទុក ១ ចំណែកៗរៀង​រាល់​ថ្ងៃ​ មិន​បរិភោគ​ឡើយ បរិភោគ​តែ ១ ចំណែក​ជា​មួយ​នឹង​ភរិយា ។ ឯ​កុមារ​ទាំង​នោះ ក៏​សម្លាប់​ស្រ្ដី​ទាំង ៦ នាក់ ក្នុង ១ ថ្ងៃ​មួយ ៗ យក​សាច់​មក​ចែក​គ្នា​បរិភោគ​តាម​ន័យ​នេះ​រៀង​រាល់​ថ្ងៃ រហូត​មក​ដល់​ថ្ងៃ​ជា​គម្រប់ ៦ ។ ចំណែក​ព្រះ​បរម​ពោធិ​សត្វ​អគ្គ​មហា​បុរស​រត្ន ​ហេតុ​តែ​ព្រះ​អង្គ​មាន​ប្រាជ្ញា​ឈ្លាស​វៃ បាន​រំលែក​ទុក​ចំណែក​ដែល​ត្រូវ​បាន​ខ្លួន​មួយ​ចំណែកៗ តែ​រាល់ៗថ្ងៃ ទើប​ដល់​មក​ថ្ងៃ​ទី ៧ ដែល​ត្រូវ​វេន​សម្លាប់​ភរិយា​របស់​ខ្លួន​នោះ​ព្រះ​អង្គ​នៅ​សល់​ចំណែក​ទាំង ៦ ដែល​បាន​រំលែក​លាក់​ទុក​ពី​ថ្ងៃ​មុនៗមក ។ ព្រះ​អង្គ​ក៏​បាន​ចំណែក​ទាំង ៦ ដល់​ព្រះ​រាជ​កុមារ​ទាំង​ឡាយ ដែល​មាន​ប្រាថ្នា ​ដើម្បី​នឹង​សម្លាប់​ភរិយា​របស់​ព្រះ​អង្គ ហើយ​ទ្រង់​ពោល​ថា ៖ ម្នាល​អ្នក​ទាំង​ឡាយ ក្នុង​ថ្ងៃ​នេះ អ្នក​ទាំង​ឡាយ ចូរ​បរិភោគ​ចំណែក​ទាំង​នេះ​សិន​ចុះ ចាំ​ដល់ថ្ងៃ​ស្អែក​សឹម​យើង​នឹង​គិត​លៃ​លក​ត​ទៅ​ទៀត ។ លុះ​ដល់​វេលា​រាត្រី កាល​ព្រះ​រាជ​កុមារ​ទាំង​​អស់​​កំពុង​ដេក​លក់​ស៊ប់ ព្រះ​អង្គ​ក៏​នាំ​ភរិយា​របស់​ព្រះ​អង្គ​រត់​គេច​ទៅ​អំពី​ទី​នោះ ។ លុះ​ដើរ​ឆ្ងាយ​បន្តិច​ទៅ​ភរិយា​អស់​កម្លាំង​មិន​អាច​ដើរ​ទៅ​ទៀត​បាន ទើប​ព្រះ​អង្គ​ក៏​លើក​ភរិយាបញ្ជិះ​លើ​ស្មា​ហើយ​ខំ​ប្រឹង​ដើរ​ទៅ កាល​ព្រះ​អាទិត្យ​រះ​ឡើង​ពេញ​ពន្លឺ ក៏​បាន​ឆ្លង​ផ្លូវ​ឆ្ងាយ​ដាច់​ស្រយាល​នោះ​ផុត ។ ឯ​ភរិយា​បាន​និយាយ​ថា ៖ បពិត្រ​អ្នក​ជា​ស្វាមី ខ្ញុំ​ស្រេក​ទឹក​ខ្លាំង​ណាស់ ។ ព្រះ​បរម​ពោធិសត្វ កាល​ណា​បើ​រក​ទឹក​ពុំ​បាន​ឱ្យ​ភរិយា​ផឹក ក៏​ជង្គង់​ខ្លួន​ដោយ​ព្រះ​ខ័ន​ដ៏​មុត យក​ឈាម​ឱ្យ​ភរិយា​ផឹក ។ ជន​ទាំង​ពីរ​នាក់ ស្វាមី​ភរិយា​នោះ ដើរ​ជា​លំដាប់​ទៅ បាន​ដល់​មហា​គង្គា ១ ក៏​ធ្វើ​បណ្ណ​សាលា ១ នៅ​ក្បែរ​ទន្លេ​គង្គា​នោះ ហើយ​ក៏​នាំ​គ្នា​នៅ​ក្នុង​ទី​នោះ​ទៅ ។ កាល​នោះ​មាន​ពួក​មនុស្ស​ជា​ច្រើន ចាប់​បាន​ចោរ​ម្នាក់​ដែល​មាន​ទោស​កំហុស​ចំពោះ​ព្រះ​រាជា​ហើយ​នាំ​យក​ទៅ​កាត់​ដៃ ជើង ត្រចៀក និង​ច្រមុះ​ឱ្យ​កំបុត​អស់ ហើយ​ដាក់​នៅ​ក្នុង​ពោង​ពាយ​បណ្ដែត​ចោល​ទៅ​ក្នុង​ទន្លេ​គង្គា​នោះ​ទៅ ។ ឯ​បុរស​កំបុត​ក៏​ស្រែក​ថ្ងូរ​ដោយ​សម្រែក​ដ៏​ខ្លាំង ហើយ​អណ្ដែត​ទៅ​ដល់​ទី​នោះ ។ ព្រះ​បរម​ពោធិសត្វ​បាន​ឮ​សំឡេង​នោះ​ហើយ​ក៏​ទៅ​ស្រង់​លើក​បុរស​កំបុត​នោះ ដោយ​សេចក្ដី​ករុណា​អាណិត​អាសូរ​នាំ​យក​ទៅ​កាន់​បណ្ណ​សាលា បាន​ធ្វើ​រណប្បតិកម្ម​​ គឺ​កិរិយា​បិទ​រុំ​ដំបៅ​ដោយ​កិច្ច​ទាំង​ឡាយ​មាន​លាង​និង​លាប ​រុំដោយ​សំពត់​ជា​ដើម ។ ឯ​ភរិយា​ព្រះ​បរម​ពោធិសត្វ​មហា​បុរស​រត្ន ខ្ពើម​រអើម​បុរស​កំបុត​នោះ​ពន់​ពេក ចេះ​តែ​ខាក​ស្ដោះៗ រាល់ៗថ្ងៃ ។ កាល​នោះ​ព្រះ​បរម​ពោធិសត្វ​តែង​ទុក​បុរស​កំបុត​នោះ​ឱ្យ​នៅ​ក្នុង​អាស្រម​ជា​មួយ​នឹង​ភរិយា ហើយ​ទ្រង់​ចេញ​ទៅ​ស្វែង​រក​ផលាផល​ដោយ​ព្រះ​អង្គ​ឯង នាំ​យក​មក​ចិញ្ចឹម​រក្សា ទ្រង់​ថែ​រក្សា​បុរស​កំបុត​រៀង​រាល់​ថ្ងៃ ទាល់​តែ​បាន​សះ​ជា​របួស​នោះ​ដោយ​ស្រួល​បួល ។ ឯ​នាង​ជា​ស្រី​អប្រិយ​មាន​ចិត្ត​គំនិត​អាក្រក់ ក្បត់​ចិត្ត​ស្វាមី​កាល​បាន​ឱកាស​ស្ងាត់​ហើយ ក៏​លប​លួច​ចង​ចិត្ត​ប្រតិពទ្ធ​នឹង​អា​កំបុត​ឥត​មាន​ចិត្ត​កោត​ក្រែង​ដល់​ស្វាមី​បន្តិច​បន្តួច​ឡើយ ហើយ​ក៏​បាន​ប្រព្រឹត្ត​មិច្ឆាចារ​ជា​មួយ​នឹង​អាកំបុត​នោះ​ទៅ មិន​តែ​ប៉ុណ្ណោះ​សោត គិត​​រក​កល​ឧបាយ​នឹង​សម្លាប់​ព្រះ​ពោធិសត្វ​ជា​ស្វាមី​របស់​ខ្លួន​ចោល ហើយ​ក៏​ធ្វើ​ជា​ក្លែង​និយាយ​ថា ៖ បពិត្រ​អ្នក​ស្វាមី​ កាល​ដែល​ខ្ញុំ​ជិះ​លើ​ស្មា​អ្នក​ចេញ​ផុត​អំពី​ផ្លូវ​ឆ្ងាយ​ដាច់​ស្រយាល​នោះ​មក បាន​ឃើញ​ភ្នំមួយ​ធំ ហើយ​ខ្ញុំ​ក៏​បាន​តាំង​សច្ចា​ប្រណិធាន​បួង​សួង​បន់​ស្រន់​ថា ៖ បពិត្រ​លោក​ទេវតា​រក្សា​ភ្នំ​ជា​ម្ចាស់​ខ្ញុំ​អើយ ! បើ​សិន​ណា​ជា​ខ្ញុំ​ព្រម​ទាំង​ស្វាមី​របស់​ខ្ញុំ​ជា​បុគ្គល​ឥត​មានជំងឺតម្កាត់​​អ្វី ហើយ​បាន​រស់​រួច​ជីវិត​កាល​ណា ខ្ញុំ​នឹង​​ត្រឡប់​​មក​ធ្វើ​ពលិកម្ម​បូជា​ដល់​លោក​ក្នុង​កាល​នោះ​ពុំ​ខាន ឥឡូវ​នេះ​ដល់​ពេល​ដែល​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​ពលិកម្ម​បូជា​ដល់​ទេវតា​នោះ ។ នាង​ថា​តែ​ប៉ុណ្ណេះ​ហើយ ក៏​នាំ​ព្រះ​ពោធិសត្វ​ទៅ​ឯ​ភ្នំ​នោះ លុះ​ដល់​ហើយ​ទើប​និយាយ​នឹង​ព្រះ​ពោធិសត្វ​ជា​ស្វាមី​ថា ៖ បពិត្រ​អ្នក​ជា​ស្វាមី ខ្លួន​អ្នក​ជា​ទេវតា​ដ៏​ឧត្ដម​បំផុត ខ្ញុំ​នឹង​ដើរ​ប្រទក្សិណ​អ្នក ៣ ជុំ ហើយ​ថ្វាយ​បង្គំ​អ្នក​ជា​មុន​សិន រួច​ហើយ​សឹម​ធ្វើ​ពលិកម្ម​បូជា​ដល់​ទេវតា​ក្នុង​កាល​ជា​ខាង​ក្រោយ ។ ស្រី​អប្រិយ​ពោល​ពាក្យ​យ៉ាង​នេះ​ហើយ ក៏​ឱ្យ​ព្រះ​ពោធិ​សត្វ​ឈរ​បែរ​មុខ​ឈម​ទៅ​រក​ជ្រោះ​ភ្នំ ហើយ​ធ្វើ​អាការ​ហាក់​ដូច​ជា​ស្រី​មាន​ប្រាថ្នា ដើម្បី​ថ្វាយ​បង្គំ​បូជា​ដោយ​ផ្កា​ភ្ញី​ទាំង​ឡាយ ឈរ​នៅ​ពី​ខាង​ក្រោយ​ខ្នង​ហើយ​ច្រាន​ព្រះ​ពោធិសត្វ​ទម្លាក់​ទៅ​ក្នុង​ជ្រោះ​ភ្នំ​នោះ​ទៅ ។ រួច​ហើយ​ក៏​ម្នី​ម្នា​ត្រឡប់​វិល​ទៅ​កាន់​សម្នាក់​បុរស​កំបុត​នោះ​វិញ​ដោយ​ប្រញាប់​ប្រញាល់ ។ ឯ​ព្រះ​ពោធិសត្វ​មហា​បុរស​រត្ន កាល​ដែល​ធ្លាក់​ចុះ​ទៅ​ក្នុង​ជ្រោះ​នោះ ហេតុ​តែ​បុណ្យ​សម្ភារ​ព្រះ​បារមី​ដែល​ព្រះ​អង្គ​បាន​កសាង​ទុក​មក​ពី​បុព្វ​ជាតិ ក៏​ធ្លាក់​ទៅ​ទើរ​លើ​គុម្ព​ឈើ​ស៊ុម​ទ្រុំ ១ លើ​ចុង​ឧទុម្ពរ ( ដើម​ល្វា ) ១ ដើម ដែល​ជា​ឈើ​ឥត​បន្លា​តែ​ទ្រង់​មិន​អាច​ដើរ​ចុះ​ទៅ​ក្នុង​ទី​ដទៃ​បាន​ឡើយ ក៏​បេះ​ផ្លែ​ឧទុម្ពរ​អង្គុយ​បរិភោក្ដា​នៅ​លើ​ប្រគាប​មែក​ឈើ​នោះ​ឯង ។ ចួន​ជា​ពេល​នោះ មាន​ស្ដេច​ទន្សង ១ មាន​សេរីរាវយវៈ​ដ៏​ធំ ជា​សត្វ​ធ្លាប់​ឡើង​អំពី​ជើង​ភ្នំ​ទៅ​រក​ស៊ី​ផ្លែ​ល្វា​នោះ ។ សត្វ​ទន្សង​នោះ កាល​ឡើង​មក​ស៊ី​ផ្លែ​ឈើ​នោះ​ស្រាប់​តែ​ក្រឡេក​មើល​ទៅ​ឃើញ​ព្រះ​បរម​ពោធិ​សត្វ ក៏​មាន​សេចក្ដី​វិស្សាសៈ​ស្និទ្ធ​ស្នាល​នឹង​ព្រះ​អង្គ ទើប​សួរ​រក​ហេតុ​ដែល​ព្រះ​ពោធិសត្វ​មក​ក្នុង​ទី​នោះ កាល​បាន​ស្ដាប់​ដឹង​នូវ​សេចក្ដី​នោះ​សព្វ​គ្រប់​ហើយ ក៏​ឱ្យ​ព្រះ​បរម​ពោធិសត្វ​អគ្គ​មហា​បុរស​រត្ន​អង្គុយ​នៅ​លើ​ខ្នង​របស់​ខ្លួន​ហើយ​វារ​ឡើង​អំពី​ជ្រោះ​ភ្នំ​នាំ​ចេញ​ទៅ​ដាក់​នៅ​នា​មហា​មាគ៌ា ហើយ​ក៏​ត្រឡប់​វិល​ចូល​ទៅ​កាន់​ព្រៃ​បាត់​ទៅ​វិញ ។ ឯ​ព្រះ​បរម​ពោធិសត្វ​ទ្រង់​ទៅ​កាន់​បច្ចន្តគ្រាម​ហើយ​នៅ​ក្នុង​ស្រុក​នោះ លុះ​អំណើះ​ឥត​អំពី​ព្រះ​វរ​រាជ​បិតា​ទៅ​ក៏​បាន​ទទួល​សោយ​រាជ្យ​ជា​ស្ដេច​ទ្រង់​ព្រះ​រាម​​ថា​ព្រះ​បាទ​បទុម​រាជ គ្រប់​គ្រង​រាជ​សម្បត្តិ​ជា​តំណ​ត​វង្ស​មក ព្រះ​អង្គ​បាន​សាង​សាលា​សម្រាប់​ឱ្យ​ទាន ៦ ខ្នង ហើយ​ចំណាយ​ទ្រព្យ​ក្នុង ១ ថ្ងៃ ៦ សែន​កហាបណៈ​ឱ្យ​ទាន​តែ​រាល់ៗថ្ងៃ​ឥត​មាន​លស់​​ថ្ងៃ​ណា​មួយ​ឡើយ ។

កាល​នោះ​ស្រី​បាប​អប្រិយ​កាឡ​កណ្ណី​ជួជាតិ​ឥត​លក្ខណ៍​នោះ បាន​បញ្ជិះ​អា​កំបុត​លើ​ស្មា​ដើរ​ចេញ​មក​អំពី​ព្រៃ ត្រាច់​ដើរ​ទៅ​ស្វែង​រក​សូម​ទាន​បាយ​ចំណី​គេ​សព្វ​ច្រក​ល្ហក​ឥត​មាន​សោះ​ចន្លោះ ក្នុង​ផ្លូវ​ជា​លំ​នៅ​នៃ​មនុស្ស​ម្នា​មហា​ជន​ផង យក​មក​ចិញ្ចឹម​រក្សា​បុរស​ពិការ​នោះ​ជា​ធម្មតា​កាល​បើ​មាន​គេ​សួរ​ថា បុរស​នេះ​ត្រូវ​ជា​អ្វី​នឹង​នាង វា​ក៏​តាំង​ពោល​ថ្លែង​រៀប​រាប់​ប្រាប់​ថា យើង​ទាំង​ពីរ​នាក់​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា គឺ​ខ្លួន​ខ្ញុំ​ជា​ធីតា​ខាង​ឪពុក​ខាង​ឪពុក​ធំ​ខាង​ម្ដាយ​នៃ​បុរស​នេះ ឯ​បុរស​នេះ ជា​កូន​របស់​ម្ដាយ​មីង​ខ្ញុំ ពួក​ចាស់​ទុំ​បាន​ផ្សុំ​ផ្គុំ​ខ្ញុំ​ឱ្យ​ជា​ភរិយា​នៃ​បុរស​ពិការ​   នេះ ។ ខ្លួន​ខ្ញុំ​ក៏​ស៊ូ​តែ​ខំ​ប្រឹង​ថែ​រក្សា​ស្វាមី​របស់​ខ្លួន សូម្បី​មាន​ទោស​ធ្ងន់​ដល់​ថ្នាក់​ដែល​គេ​ត្រូវ​សម្លាប់​ចោល​យ៉ាង​នេះ​ក៏​ដោយ ចេះ​តែ​ខំ​ត្រាច់​​ស្វះ​ស្វែង​រក​សូម​ទាន​បាយ​ចំណី​គេ​យក​មក​ចិញ្ចឹម​រក្សា​គ្នា​ទៅ ។ ពួក​មនុស្ស​បាន​ឮ​សម្ដី​សាសព្ទ​រៀប​រាប់​កុហក​ប្រាប់​ដូច្នេះ​ហើយ​ក៏​គិត​ថា នាង​នេះ​ពិត​ជា​មាន​សេចក្ដី​គោរព​ប្រតិបត្តិ​ប្ដី​ណាស់​តើ ក៏​នាំ​គ្នា​ឱ្យ​បាយ​បបរ​ជា​ច្រើន បាន​ឱ្យ​ទាំង​កញ្រ្ចែង​ផ្ដៅ ១ យ៉ាង​ជាប់​មាំ ហើយ​ប្រាប់​ថា នាង​ឯង​ចូរ​ដាក់​ប្ដី​របស់​នាង​ឱ្យ​អង្គុយ​នៅ​ក្នុង​កញ្រ្ចែង​នេះ ហើយ​ទូល​ដើរ​ទៅ​ចុះ ដើម្បី​កុំ​ឱ្យ​លំបាក​នឹង​បញ្ជិះ​លើ​ស្មា​ពេក ។ នាង​នោះ​ក៏​ធ្វើ​តាម​បង្គាប់​ដែល​គេ​ប្រាប់ ដូច្នោះ​ហើយ​ទូល​ដើរ​រៀងៗទៅ​ដល់​ក្រុង​ពារាណសី ក៏​ដាក់​អា​កំបុត​ចុះ​អំពី​ក្បាល​ឈប់​សម្រាក​បរិភោគ​អាហារ​ចំណី ក្នុង​សាលា​សម្រាប់​ឱ្យ​ទាន​នោះ រួច​ហើយ​នឹង​ត្រាច់​រង្គាត់​ទៅ​ដើរ​ទៅ​មុខ​ទៀត ។ គាប់​ចួន​ជា​ពេល​នោះ​ព្រះ​បរម​ពោធិ​សត្វ ព្រះ​អង្គ​ចេញ​ទៅ​ក្នុង​រោង​ទាន ដើម្បី​ព្រះ​រាជ​ទាន​ម្ហូប​ចំណី​ដល់​ពួក​មនុស្ស​ម្នា​មហា​ជន​ផង​ទាំង​ឡាយ​ដោយ​ផ្ទាល់​ព្រះ​ហស្ដ​ព្រះ​អង្គ​ឯង រួច​ហើយ​ត្រឡប់​ចូល​ទៅ​កាន់​ព្រះ​រាជ​និវេសន៍​វិញ ។ ស្រាប់​តែ​ឃើញ​ស្រ្ដី​នោះ​ត្រង់​ផ្លូវ​ដែល​ទ្រង់​យាង​ចូល​ទៅ ហើយ​ក៏​ត្រាស់​សួរ​អស់​​មនុស្ស​ម្នា​មហាជន​ទាំង​ឡាយ​ថា អ្វី​នេះ​ហ្នឹង ! អស់​ពួក​មនុស្ស​ទាំង​នោះ​ក៏​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះ​សម្មតិ​ទេព នាង​នេះ​ជា​ស្រ្ដី​មាន​សេចក្ដី​គោរព​កោត​ក្រែង​ដល់​ប្ដី​របស់​ខ្លួន ។ ព្រះ​បរម​ពោធិ​សត្វ ព្រះ​អង្គ​ក៏​ទ្រង់​ប្រើ​រាជ​បម្រើ​ឱ្យ​ទៅ​ហៅ​នាង​នោះ​មក​ហើយ​ទ្រង់​ជ្រាប​ច្បាស់​ថា​ជា​ភរិយា​របស់​ព្រះ​អង្គ​ពី​ដើម ទើប​ទ្រង់​ឱ្យ​គេ​លើក​បុរស​ពិកល​ពិការ​នោះ​ចេញ​មក​អំពី​ខាង​ក្នុង​កញ្រ្ចែង ហើយ​ត្រាស់​សួរ​សព្វ​គ្រប់​អន្លើ ។ នាង​នោះ​ក៏​បាន​ថ្លែង​សាសព្ទ​សេចក្ដី​ក្រាប​ទូល​សព្វ​គ្រប់​សព្វ​គ្រប់​តាម​ន័យ​ដែល​បាន​ថ្លែង​រួច​មក​ហើយ​ក្នុង​ខាង​ដើម ។ ព្រះ​រាជា​ទ្រង់​ត្រាស់​សួរ​បញ្ជាក់​ថា នាង​ឯង​ក្រែង​ជា​ភរិយា​របស់​បទុម​កុមារ​ជា​ធីតា​របស់​ស្ដេច​ឯ​ណោះ​មែន​ឬ ? ហើយ​ជា​ស្រី​មាន​ឈ្មោះ​យ៉ាង​នេះ​បាន​ផឹក​ឈាម​ក្នុង​ជង្គង់​របស់​អញ ហើយ​នាង​ឯង​ផិត​ក្បត់​ចិត្ត​អញ​ទៅ​លប​លួច​ចង​ចិត្ត​ប្រតិពទ្ធ ស្រឡាញ់​អា​កំបុត​នេះ​ បាន​ច្រាន​អញ​ទម្លាក់​ទៅ​ក្នុង​ជ្រោះ​ភ្នំ​មែន​ឬ ? ឥឡូវ​នេះ នាង​ឯង​ងងើល​ពក​ថ្ងាស​មក​ក្នុង​ទី​នេះ​ដោយ​ស្មាន​ថា​អញ​ស្លាប់​បាត់​ក្នុង​ជ្រោះ​ភ្នំ​នោះ​ទៅ​ហើយ ។ រួច​ហើយ​ទ្រង់​ត្រាស់​បង្គាប់​ទៅ​ពួក​​រាជ​អាមាត្យ​ថា នែ​អ្នក​ទាំង​ឡាយ​រាល់​គ្នា ចូរ​អ្នក​ទាំង​ឡាយ​យក​អង្រែ​មក​សំពង​សម្លាប់​អា​កំបុត​ចង្រៃ​អប្រិយ​នេះឱ្យ​ឆាប់ៗទៅ ហើយ​ចូរ​នាំ​គ្នាកាត់​ត្រចៀក ច្រមុះ នៃ​ស្រ្ដី​បាប​អប្រិយ​​កាឡកណ្ណី​អប្ប​លក្ខណ៍​នេះ​ឱ្យ​ឆាប់​កុំ​ទុក​វា​ឡើយ ។ ព្រះ​ពោធិសត្វ​ដែល​ទ្រង់​ធ្វើ​អាការ​គំរាម​កំហែង​យ៉ាង​នេះ ដើម្បី​បង្អន់​សេចក្ដី​ក្រោធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​មិន​បាន​ឱ្យ​គេ​ធ្វើ​ដូច្នោះ​ឡើយ ។ រួច​ហើយ​ព្រះ​អង្គ​ទ្រង់​ប្រើ​រាជ​អាមាត្យ​ឱ្យ​ចង​កញ្រ្ចែង​លើ​ក្បាល​នាង​នោះ​ដូច​ដើម​វិញ ហើយ​ឱ្យ​ដាក់​អា​កំបុត​ទៅ​ក្នុង​កញ្រ្ចែង​នោះ ហើយ​ទ្រង់​ត្រាស់​ឱ្យ​អាមាត្យ​នាំ​ចេញ​យក​ទៅ​ចោល​ឱ្យ​ផុត​អំពី​ព្រំ​ប្រទល់​ដែន​របស់​ព្រះ​អង្គ ។

ប្រភព  ៖ ទស្សនាវដ្ដីកម្ពុជសុរិយា អត្ថបទក្បាលទី ២ ឆ្នាំទី ១៧ ខ្សែទី ១២ គ.ស. ១៩៤៥ ព.ស. ២៤៨៥


  •  
  •  

បញ្ចេញយោបល់ ៖