អំពីពាក្យ «ផ្លាក» និង «ស្លាក»

ផ្លាក ន. (ពាក្យខ្ចីពីបារាំង Plaque) សន្លឹកធ្វើអំពីលោហៈ ឈើ ឬរបស់ផ្សេងទៀតដែលមានលក្ខណៈរឹង សំប៉ែត តូចជាងផ្ទាំងនិងមានរាងផ្សេងៗ ប៉ុន្តែជាទូទៅច្រើនមានរាងចតុកោណសម្រាប់ប្រើកត់សម្គាល់លេខរថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត គេហដ្ឋាន តួនាទី កន្លែងធ្វើការ … ។
 
ស្លាក ន. សំបុត្រជាកំណត់តូចៗ ជាគ្រឿងសម្គាល់ឈ្មោះជាដើម, ឆ្នោត, ទីវ, ខ្នាច់ ៖
  • សរសេរស្លាក
  • បិទស្លាកជាសម្គាល់
  • ចាប់ស្លាក
  • ដាក់ស្លាកជាសម្គាល់កុំឱ្យច្រឡំ។
ដោយយោងទៅលើនិយមន័យនៃពាក្យខាងលើ «ស្លាក» មិនអាចប្រើជំនួស «ផ្លាក» បានឡើយ ពីព្រោះវាជា «កំណត់តូចៗ» រីឯ «ផ្លាកសញ្ញា» ដែលមានលក្ខណៈរឹង មិនអាចគ្របដណ្ដប់លើ «បដា» ដែលមានលក្ខណៈទន់បានឡើយ។ ដើម្បីគ្របដណ្ដប់លើសញ្ញាផ្សេងៗ ដែលក្នុងនោះមាន «បដា» ផង។ ប៉ុន្តែតាមវចនានុក្រមនេះ «សញ្ញាប័ដ» ជា «ដំបារឬបន្ទះស្ពាន់» ដូច្នេះពាក្យនេះក៏មិនអាចគ្រប់ដណ្ដប់លើ «បដា» បានដែរ គួរយើងយកពាក្យ «រូបសញ្ញា» វិញដើម្បីគ្របដណ្ដប់លើសញ្ញាផ្សេងៗដែលមាន «បដា» ផង ហើយរូបសញ្ញាមាន ៖
  • បដា
  • ប៉ាណូ
  • ប៉ង់កាត
  • អាហ្វ៊ីស
  • និមិត្តសញ្ញា
  • ផ្លាកយីហោ
  • ពាណិជ្ជនាម
  • បណ្ណប្រកាស
  • ពាណិជ្ជសញ្ញា
  • លក្ខណៈសញ្ញា
  • ផ្លាក​ពាណិជ្ជកម្ម
  • អក្សរ​ចារឹក​នៅតាម​​ទី​សាធារណៈ… ។
ប្រភព ៖ សទ្ទានុក្រមសទិសន័យ (ទំព័រ ៥៤)
សាស្ត្រាចារ្យ ទូច-គីមស្រ៊ាង រៀបរៀង
សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ

ចែករំលែក

បញ្ចេញយោបល់ ៖