និរាស​នគរ​វត្ត ពាក្យកាព្យ

  •  
  •  

ឧកញ៉ា​សុត្តន្ត​ប្រីជា ឥន្ទ
រៀប​រៀង

៙ និរាស​រតន៍​វត្ត​នគរ​សែន​វរ​ចិត្ត កាល​ចេញ​ចាក​លាក​ចរ​សមរមិត្រ កែវ​ជីវ៉ា​គូ​ជីវិត​ពិ​សម័យ ។

ដោយ​មាន​ការ​ចក្រ​ពង្ស​វង្ស​ក្រសត្រ ស៊ី​សុវត្ថិ​ព្រះ​កែវ​ហ្វា​សុឡា​ឡៃ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី មាន​ព្រះ​ទ័យ​ហ្មាយ​ប៉ង​ពោធិញាណ ។ ទ្រង់​យាង​មក​នគរ​វត្ត​សមោសរ ចាត់​បដិសង្ខរណ៍​ទី​បុរាណ បរិច្ចាគ​រាជ​ទ្រព្យ​ប្រដាប់​ទាន បំពេញ​ញាណ​សម្ពោធិបញ្ញា ។

កំណត់​ថ្ងៃ​យាង​នោះ​ចុះ​ខាង​ខ្នើត ប្រាំ​បួន​កើត​ភទ្របទ​មាសា ​ថ្ងៃ​ព្រហស្បតិ៍​លេខ​ប្រាំ​​ឆ្នាំ​រកា ពេល​សុរិយា​ជ្រេ​សែង​ព្រះ​រង្សី ។​

លោក​ចៅ​ហ្វាយ​ខេត្ត​​ស្រុក​ព្រះ​ដំបង ជា​នាយ​កង​ចាត់​ការរាជ​ការ​ថ្មី ព្រម​ទាំង​លោកកុម្មិ​សែរ​អធិបតី ចិត្ត​ភក្តី​ត្រេក​ត្រង់​ទាំង​ទ្វេហារ ។ រៀប​ចាត់​ចែង​តែង​តួ​តាម​ទំនួល ទៅទទួល​ព្រះ​ចម​ចៅ​ចក្រា លោក​ក៏​យក​ខ្ញុំ​បាទ​ទៅ​ផង​ណា ព្រោះ​មេត្តា​ចង់​​ឱ្យ​យល់​ទី​បុរាណ ។ គ្រាន់​នឹង​ខ័ត​ទទឹង​ប្រសាសន៍​លោក ក្រែង​ចួន​ស្ទោក​កើត​ទោស​មោះ​ដល់​ប្រាណ ខំ​តែ​កាត់​ចិត្ត​លះ​លា​កល្យាណ គូ​បុរាណ​កាល​កម្ម​ចាំ​ចាក​ចរ ។

ដល់​ពេល​ភ្ជុំ​​លោក​ធំ​ចុះ​ចាក​ស្ថាន ឡើង​រថយាន​ទឹម​សេះ​ដ៏​បវរ សារ​ថី​ជំនាញ​ទាញ​បើក​បរ បត់​បរ​​ចុះ​ដល់​កំពង់​ទឹក ។ ពួក​រាជការ​បារាំង​ទាំង​ខ្មែរ​យួន សឹង​តែង​ខ្លួន​ជូន​ដំណើរ​អឹក​ធឹក ពួក​ទាហាន​ជើង​ខ្មៅ​ប្រចាំ​សឹក ​ដង្ហែ​គ្រឹក​ចុះ​កប៉ាល់​ជា​ស្រងា ។ នាយ​តៃ​កុង​ទាញ​ខ្សែ​សប្លេ​កង លាន់​បី​ដង​ម័ត​ឡូ​ស្រាវ​យិថ្កា សទិម​ពេញ​ក៏​ចេញ​ចម​ឧត្តរា តាម​គង្គារ​ហូរ​ត្រង់​តម្រង់​ចរ ។ តៃ​កុង​យួន​ចេះ​ក្បួន​ចង្កូត​ត្រង់ កាត់​តម្រង់​តាម​ជ្រោយ​ច្រាំង​សាគរ ចក្រ​ក៏​វិល​វាយ​ទឹក​ពន្លឹក​ខ្ទរ អ្នក​នគរ​រត់​មើល​គ្រប់​លំនៅ ។

កប៉ាល់​លឿន​ដល់​គយ​ខ្ញុំ​គយ​គន់ យល់​តំបន់​មេ​គយ​ប្រាំ​ផ្លូវ មាន​សសរ​គោម​តាំង​មុខ​លំ​នៅ មើលៗ​ទៅ​ទី​លំនៅ​មិន​សម​សក្តិ ។ ផ្ទះ​រយាក​តាក​រយាល​ស្បូវ​រយោង ភាព​ជា​ខ្មែរ​កែ​ជា​រោង​យោង​ជា​ថ្នាក់ ​ឱគយ​នេះ​យ៉ាង​ជា​គ្នា​ខាត​ប្រាក់ គ្រាន់​តែ​ត្រួត​មើល​អ្នក​ចូល​ចេញ​ក្រៅ ។ នឹង​មាន​ហូត​ពន្ធដារ​​ការ​ក៏​ទេ គ្រាន់​តែ​គេ​ចូល​ប្រាប់​ក៏​ហួស​ទៅ ឱគយ​នេះ​ឥត​ពន់​ធន់​តាំង​នៅ ធ្វើ​តែ​ស្រូវ​ដាំ​ច្បារ​ចម្ការ​ស៊ី ។ រាជការ​សៀម​តាំង​គយ​នៅ​ចុង​ស្រុក​ ​ពុំ​ឃើញ​មាន​ទំនិញ​ឱ្យ​ហូត​អ្វី កោត​មេ​គយ​នៅ​ចាំ​ជា​ប្រក្រតី​ ​រាជការ​ថ្មី​លោក​លើក​ពុំ​បម្រុង ។

ឱអ្នក​គយ​គេ​ធ្វើ​ចម្ការ​ស្រែ ​មិន​ជួញ​ប្រែ​យ៉ាង​យើង​អ្នក​ស្រុក​ក្នុង​ កោត​គេ​រក​ធន​ធាន​គ្មាន​កោង​កុង ស៊ូ​ភក់​ផុង​ដិត​កាយ​ក៏​ឥត​ថា ។ ស្តាយ​តែ​រូប​នារី​រាង​ស្រឡៅ ចុះ​ស្ទូង​ស្រូវ​ត្រូវ​កម្ដៅ​ព្រះ​សុរិយា ដិត​ទាំង​ដី​ភក់​ផង់​ហ្មង​ភក្រ្តា អនិច្ចា​ជាតិ​អ្នក​ក្រ​ត្រដរ​ទៅ ។ ប្រសិន​មាន​មាស​ប្រាក់​និង​សក្តិយស ស៊ី​ក៏​ខ្ពស់​ដេក​ក៏​ខ្ពស់​ឥត​មោះ​ម៉ៅ ​បម្រុង​លាប​ទឹក​អប់​និង​ប្រេង​ម្សៅ កាល់​​ចាប់​ខ្មៅ​តែង​ខ្លួន​ឱ្យ​នួន​ល្អង ។ តែង​ប្រកួត​អួត​ឆោម​ប្រលោម​ប្រុស ត្រកូល​ខ្ពស់​យល់​ហើយ​មិន​កន្លង នេះ​មក​ត្រូវ​កម្ដៅ​ភក់​ផង់​ផង ​នឹង​ស្នាល​ស្នង​ចង​ចិត្ត​ស្និទ្ធ​ម្តេច​បាន ។ គន់ៗគិត​អាណិត​នារី​តូច កើត​ក្នុង​ពូជ​ហីន​យស​ខុស​សន្តាន តោង​ត្រដរ​នឿយ​យ៉ាក​លំបាក​ប្រាណ ទម្រាំ​បាន​មាស​ប្រាក់​ធ្លាក់​ដល់​ចាស់ ។ ចាស់​ហើយ​តើ​នឹង​តែង​តួ​ម្តេច​ល្អ ប្រុស​នឹង​តថ្លៃ​ទិញ​យល់​ក្រ​ណាស់ ឃើញ​ជា​ចុះ​ថ្លៃ​ថោក​ល្មម​បោក​ប្រាស ការ​សង្វាស​នឹង​សង្វាត​ដាច់​សង្វែង ។ សំណាង​ទន់​ក្រធន​តោង​ធន់​អត់​ ក្តី​នឿយ​ហត់​រក​ស៊ី​តាម​តំណែង គេ​អ្នក​មាន​គេ​តែង​កាយ​ចិញ្ចែង មិន​ដូច​ខ្លួន​នួន​ឯង​ភក់​ស្រមក ។

អង្គុយ​គន់​នារី​ឱ្យ​ភិស​វង់ កប៉ាល់​លឿន​ដល់​ចុង​អន្សង​សក ស្ទឹង​ក៏​តូច​បថ​ក៏​ខ្លី​បី​បួន​ច្រក សម្នាក់​កក​ដេរ​ដាស​ពាស​ពេញ​ស្ទឹង ។ នាយ​តៃ​កុង​កាច់​ចក្រ​ពុះ​សំណាត់ ចក្រ​ក៏​កាត់​ខ័ត​ណែន​កប៉ាល់​ហ្នឹង​ ពួក​ម័តឡូ​ចាក់​ថ្នោល​ដោល​ទទឹង ចក្រ​ក៏​រឹង​ផាត់​វិល​កប៉ាល់​រា ។ ពួក​អ្នក​ថ្នោល​រឹង​ដោល​សំណាត់​ញែក កប៉ាល់​ជ្រែក​វែក​ច្រាន​បាន​មួយ​គ្រា សំណាត់​ចុក​កប៉ាល់​ជាប់​ចក្រ​ខំ​ពារ មើល​វេទនា​ចក្រ​រើ​សំណាត់​រឹត ។

ខ្ញុំ​គន់​មើល​សំណាត់​រ៉ាត់​កប៉ាល់ ដូច​រាគ​កាល់​រូប​កាយ​ចុះ​ចរិត ពុំ​ឱ្យ​រូប​រើ​រួច​ពី​ទីល្ងិត[១] បំបាំង​បិទ​ត្រៃ​លក្ខណ៍​បាត់​រស្មី ។ កាម​រាគ​រោល​រឹត​សត្វ​ក្នុង​លោក ឱ្យ​សត្វ​នៅ​សៅ​សោក​ក្នុង​លោកិយ រាង​កប៉ាល់​ដូច​រូប​យើង​ប្រុស​ស្រី ​ប្រា         ជ្ញា​ខ្លី​មិន​យល់កល​ត្រៃ​លក្ខណ៍ ។ ស្លាប​ចក្រ​គឺ​បញ្ញា​ឆ្ការ​កាប់​កាត់ កង​សំណាត់​គឺ​រាគ​ឱ្យ​លាក​ធ្លាក់ បាន​រួច​ចេញ​ចាក​ទុក្ខ​សោក​រោគ​រាក់ អាស្រ័យ​ចក្រ​គឺ​បញ្ញា​ក្លៀវ​ក្លាហាន ។ គ្រឿន​កប៉ាល់​ដូច​កល​អាការ​យើង ដី​ទឹក​ភ្លើង​ខ្យល់គឺ​ធាតុ​បួន​ស្ថាន ចង្កូត​គឺ​សតិ​រំឭក​បាន ថ្នោល​ដោល​ច្រាន​គឺ​សមាធិ​ចិត្ត​ជាក់ ។ សំណាត់​គឺ​បាប​ធម៌​និវរណៈ បិទ​បាំង​កៈមិន​ឱ្យ​យល់​ត្រៃ​លក្ខណ៍ ទឹក​ហូរ​វល់​ដូច​កល​សង្សា​ចក្រ ឱ្យ​សត្វ​ធ្លាក់​នៅ​ក្នុង​អន្លង់​កាម ។ ឱអនិច្ចា​រូប​កាយ​មិន​ណាយ​លាក ​អំពី​រាគ​នៅ​តែ​រឹង​ក្រឡឹង​តាម បាន​ជា​ដល់​ទុក្ខ​មក​យំ​រហាម ព្រោះ​មិន​តាម​ពុទ្ធ​កិច្ច​ភ្លេច​ស្មារតី ។ ខ្ញុំ​គិតៗគួរ​សង្វេគ​​រូប​អាត្មា មក​លុះ​ចុះ​តណ្ហា​ការ​លោកិយ ឃើញ​ធម៌​ហើយ​ក៏​នៅ​តែ​នឹក​ស្រី ជា​ចំណី​រាគ​រឹត​បិទ​មុខ​មាត់ ។ កាច់​មិន​បាន​ច្រាន​មិន​បែរ​រឹង​តែ​បិទ អានា​ថចិត្ត​អាណិត​ចៅមក​ប្រាស​ព្រាត់ ​គ្រាន់​នឹង​តាម​ព្រះ​បន្ទូល​ជា​បន្ទាត់ លោកិយ​​អត់​កត់​មិន​នឹង​ទទឹង​គាង ។ យក​ធម៌​ព្រះ​មក​លះ​ភ្លើង​មិន​ឈប់ ងងឹត​ឈឹង​ដូច​យប់​មិន​យល់​រាង​ ឱលោកិយ​លះ​ក្រ​គ្រាន់​តែ​ញ្រង ដូច​គេ​លាង​ព្រៃ​ខ្មៅ​ត្រូវ​ជ័រ​ទឹក ។ ខំ​ដុស​លាង​យ៉ាង​ណា​មិន​ឡើង​ពណ៌ ជាតិ​ជា​ជ័រ​ជាប់​នៅ​ខ្មៅ​ស្រមឹក​ ដូច​កិលេស​ជាប់​សត្វ​ចាត់​ជា​សឹក អ្នក​កុំ​នឹក​កិត​លាង​ឱ្យ​ជ្រះ​បាន ។ ដូច​រូប​ខ្ញុំ​ខំ​លះ​រឹត​តែ​រឹង ទប់​មិន​នឹង​តាំង​មិន​នៅ​ផ្លូវ​កម្មដ្ឋាន អង្គុយ​កិត​យក​ធម៌​ទូន្មាន​ប្រាណ ដូច​គេ​ច្រានសំណាត់​សាត់​មួយ​គ្រា ។ ដល់​ហួស​ទៅ​សំណាត់​សាត់​មក​វិញ ប្រមូល​ពេញ​ដូច​ដើម​ណា​នួន​ណា ឱសំណាត់​នេះ​ប្រៀប​ដូច​តួតណ្ហា នឹង​កាប់​ឆ្ការ​យ៉ាង​ណា​ក៏​ណែន​វិញ ។ គណ់​សំណាត់​សាត់​ជាប់​ចុង​ចម្ការ ទាំង​ខ្មោច​​ឆ្កែ​ខ្មោច​ឆ្មា​ត្រា​ពាស​ពេញ​ ខ្លះ​រលួយ​ខ្លះ​ប្រេះ​ពោះ​វៀន​ចេញ ក្អែក​ត្មាត​ដេញ​គ្នា​ស៊ី​ជា​ភក្សា ។ ខ្ញុំ​គន់​មើល​សាក​សព​ចំណី​ក្អែក គិត​សង្វេគ​ដល់​រូប​នៃ​អាត្មា ឱ​សត្វ​ក្អែក​មក​លុះក្តី​មរណា សូន្យ​ជី​វ៉ា​គេ​ចោល​បណ្តែត​ទឹក ។ កាល​ពី​រស់​កឹង​កាច​អំណាច​មាន សត្វ​តិរច្ឆាន​ដូច​គ្នា​មិន​ហាន​ចឹក ដល់​ខ្លួន​ស្លាប់​គេ​អូស​បណ្តែត​ទឹក ក្អែក​ត្មាត​គ្រឹក​ចឹក​ស៊ី​មិន​គ្រាន់​ឡើយ ។ ឱអនិច្ចា​សង្ខារ​សត្វ​ទាំង​ឡាយ តែ​បែក​កាយ​រម្លាយ​ខន្ធ​ទៅ​ហើយ គេ​ក៏​កើត​ខ្ពើម​ឆ្អើម​ពុំ​ជិត​ឡើយ យើង​គេ​អើយ​គួរ​គិត​ផ្លូវ​អនិច្ចា ។

ខ្ញុំ​បាទ​ខំ​សង្វេគ​សាក​អសុភ រាគ​មិន​ឈប់​ចេះ​តែ​រោល​ទាំង​រូបា នឹក​តែ​ទៅ​ដល់​ពៅ​កែវ​សុតា​អនិច្ចា​ថា​តែ​មាត់​ចិត្ត​មិន​ចំ ។ អសុភដប់​សម្រាប់​លោក​លាង​លាក កម្ចាត់​រាគ​ចរិត​ចិត្ត​បឋម ព្រះ​យោគី​លោក​សមាធិ​ចុះ​អារម្មណ៍ ប្លែក​តែ​ខ្ញុំ​ពុំ​ចំ​អារម្មណ៍​ឡើយ ។ យក​សព​ឆ្កែ​មក​ប្រែ​នឹង​រូប​កាយ មិន​រសាយ​ណាយ​សោះ​ណា​លោក​អើយ ធ្វើ​ម្តេច​ហ្ន៎​បាន​លោក​ឯណា​អើយ ជា​កោះ​ត្រើយ​ណែ​ផ្លូវ​ឱ្យ​ទាន់​រ៉ា​ ។ មួយ​សង្ស័យ​នឹង​ពាក្យ”«អន្សង​សក» ពាក្យ​ប្រែ​បក​ដូច្នោះ​គួរ​សង្កា ​សត្វ​អន្សង​វា​សក​ពី​កាល​ណា បាន​ជា​មក​សញ្ញា​ឈ្មោះ​យ៉ាង​នេះ ។ សត្វ​អន្សង​មិន​ដែល​សក​សោះ​ទេ នេះ​ហេតុ​អ្វី​ក៏​គេ​ហៅ​ដូច្នេះ ឬ​គេ​ឃើញ​សំណក​នៅ​នេះ​អេះ បាន​ជា​រិះ​ត្រិះនាម​មក​ឥឡូវ ។ រឹង​ពិនិត្យ​គិត​មិន​យល់​សែន​ឆ្ងល់​ពេក  ការ​ឈ្មោះ​ប្លែក​នាម​សត្វ​ចាត់​មិន​ត្រូវ អន្សង​សក​លោក​ណា​ឱ្យ​នាម​ហៅ បាន​ជា​នៅ​នាម​ជាប់​ឥឡូវ​នេះ​ ។ តែ​បើ​គិត​គួរ​កោត​លោក​បុរាណ ចេះ​គិត​អាន​សន្មត​នាម​យ៉ាង​នេះ ទី​ព្រៃ​សោះ​ចេះ​ឱ្យ​ឈ្មោះ​ច្នោះ​ច្នេះ ពេញ​ជា​ចេះ​កំណត់​​កត់​នាមនៅ ។ អង្គុយ​គិត​ចិត្ត​ភ្លើន​រំភើយ​ខ្យល់ កប៉ាល់​គ្រឿន​លឿន​ដល់​ព្រែក​ក្របៅ ទឹក​ក៏​នឹង​ពុំ​ហូរ​ចុះ​ទៀត​ទៅ ឃើញ​ទឹក​ខ្មៅ​ថ្លា​យង់​ឥត​រាគា ។ ក៏​ដឹង​ថា​ជា​ទឹក​ទន្លេ​ដល់ ទឹក​ស្ទឹង​កល់​ហូរ​ទល់​ប្រសប់​គ្នា បាន​ជា​នឹង​ពុំ​ហូរ​ត្រឹម​នោះ​ណា នឹក​សង្កា​ព្រែក​ក្របៅ​ហៅ​សែន​ឆ្ងល់ ។ ព្រែក​នេះ​តើ​បែក​មក​ពី​ណា​អេះ ឃើញ​តែ​ចុង​ត្រឹម​ណេះ​មិន​ឃើញ​គល់ ឬ​ព្រែក​នេះ​ទំនាប​ជា​ភាព​ទាល់ គួរ​ពិភាល់​ចិត្ត​ណាស់​ព្រែក​ក្នុង​ព្រៃ ។ ព្រែក​នេះ​តើ​គេ​ជីក​ឬ​កើត​ឯង លោក​មក​​តែង​នាម​ក្របៅ​បាន​ច្នេះ​នៃ ខ្ញុំ​ពី​គ្រោះ​មិន​អស់​ក្តី​សង្ស័យ ​កប៉ាល់​លឿន​ដល់​កន្ត្រៃ​ថ្ងៃ​ក៏​ទាប ។ ព្រែក​កន្រ្តៃ​កាត់​ត្រង់​ត្រូវ​កញ្ជះ ទី​ស្រឡះ​គេ​ដើរ​បាន​រៀង​រាប ព្រៃ​ដុះ​ល្បោះ[២]​ចុះ​តាម​ទី​ទំនាប អ្នក​ស្វែង​លាភ​រក​រាត្រី​អាស្រ័យ​បាន ។ ព្រែក​កញ្ចះ​ទី​ស្រឡះ​គេ​ដើរ​ដល់ ស្រុក​មង្គល​បូរី​ជា​ជ័យ​ឋាន គិតៗ​ទៅ​គួរ​កោត​លោក​បុរាណ ចេះ​គិត​អាន​ចាត់​ព្រែក​ឈ្មោះ​ប្លែក​គ្នា ។ មួយ​សង្ស័យ​នឹង​នាម​កន្ត្រៃ​នេះ នរណា​រិះ​ចាត់​ឈ្មោះ​ទុក្ខ​ច្នេះ​ណា វិស័យ​ទី​ជា​ស្ថាន​ព្រៃ​ព្រឹក្សា មក​សញ្ញា​ហៅ​កន្ត្រៃ​សង្ស័យ​ស៊ុន ។ ឬ​កន្ត្រៃ​លោក​ណា​ធ្លាក់​នៅ​នេះ បាន​ជា​រិះ​យក​នាម​នេះ​មក​គុណ ​ឬ​មាន​ជាង​កន្រ្តៃ​គេ​នៅ​មុន ឬ​អ្នក​បុណ្យ​ឱ្យ​ឈ្មោះ​ព្រោះ​ជាប់​គ្នា ។

រំពឹង​គិត​មិន​យល់​ដល់​ព្រលប់ ពេល​ល​ក៏​យប់​ម៉ោង​មួយ​ដល់​បាក់​ញ្រ តែ​កុង​ទាញ​ស​ប្លេ​​ឡើង​បី​សា ប្រាប់​នាវា​ឱ្យ​ចៀស​កប៉ាល់​ចូល ។ លុះ​ចូល​ដល់​ស្ពាន​ផែ​មុខ​សាលា បោះ​យុថ្កា​ចត​ចង​តាម​ទំនួល លោក​មោន​សៀ[៣]នា​យគយ​ចិត្ត​ស្រុះ​ស្រួល​ មក​ទទួល​លោក​ធំ[៤]​ទៅ​គ្រឹហា ។ ចៅ​ភ្នាក់​​ងារ​នាំ​ឧស​ផ្ទុក​កប៉ាល់ ដាក់​ពេញ​ទាល់​ទាំង​ល្វែង​នៃ​នាវា លោក​បាឡាត់​ចាត់​លៀងមួយ​វេលា ទាំង​អស់​គ្នា​គេ​សែន​សប្បាយ​ចិត្ត ។ តែ​ខ្ញុំ​មួយ​​ព្រួយ​បា្រណ​រំខាន​សល់ ចង់​តែ​ដល់​បាន​យល់​ចម​បពិត្រ អស់​រាជការ​នឹង​បាន​វិល​ស្ថាន​ស្ថិត មិន​ដឹង​គិត​កែ​ផ្លូវ​ឱ្យ​ត្រូវ​ឡើយ ។ អង្គុយ​គិត​ដើរ​គិត​ដូច​ពុល​ផ្សិត រាគ​គ៏​រឹត​រោល​រាល​រា​មិន​ស្បើយ លុះ​ដល់​ម៉ោងពីរ​ខ្យល់​រំភើយ គ្រាន់​លំ​ហើយ​ក្តី​ទុក្ខ​ពី​មុខ​បាន ។ មើល​ទៅ​ស្ទឹង​បាក់​ញ្រ​ជា​ធ្លា​ធំ ពួក​អ្នក​ឈ្មួញ​មក​ជុំ​ទាំង​បី​ដាន មួយ​គឺ​ស្ទឹង​មង្គលបូរី​ឋាន ពីរ​គឺ​ដាន​ព្រះ​ដំបង​បី​ទន្លេ ។ ទី​ស្ទឹង​នេះ​កាល​រាជ​សៀម​ចាយ​ចែក​ ចាត់​ឱ្យ​ហៅ​សាម​យ៉ែក​ភាសា​គេ ព្រោះ​ដាន​បី​ចេញ​ទៅ​មាត់​ទន្លេ បើ​តាម​គេ​ឃើញ​ត្រូវ​ជា​ផ្លូវ​បី ។ ឯពាក្យ​ហៅ​បាក់​ញ្រ​ពី​បុរាណ គ្មាន​ភិយ៉ាន[៥]​ឡាក់​ឋាន​នឹង​រូប​អ្វី ឬ​បាក់​ញ្រ​បាក់​នេះ​ជា​ពាក្យ​ថ្មី បុរាណ​ស្តី​ថា​បាត់​កាំបិត​ញ្រ ។ នរណា​បាត់​កាំបិត​នៅ​នេះ​អេះ បាន​ជា​ជាប់​នាម​នេះ​ដូច្នេះ​ណា សព្ទ​កាំបិត​យល់​លើស​យារ​វា​ចា មក​សញ្ញា​ថា​តែ​បាក់​ញ្រ​វិញ ។ ឱបាន​លោក​ប្រាជ្ញ​ណា​នឹង​សួរ​សាក ឱ្យ​ដឹង​ពាក្យ​បាក់​ញ្រ​នេះ​ឯងមិញ រំពឹង​ទៅ​មិន​យល់​សល់​សែន​ម្នេញ កាល​ណា​លោក នឹង​ចេញ​កប៉ាល់ទៅ ។ រំខាន​ទុក្ខ​នឹង​មូស​វា​យាយី ឯណា​ទុក្ខ​នឹង​ស៊ី​ម៉ៃ​មី​ខៅ[៦] ឯណា​ទុក្ខ​នឹង​នឹក​ដល់​ឆោម​ឆ្លៅ ឯណា​ទុក្ខ​នឹង​ក្តៅ​ចង្អៀត​គ្នា ។ នឹក​ទន្ទឹង​បាន​តិច​លេច​ឡុង​បុត ​លាប​សសុទ្ធ​អុំ​អែប​មក​ម្នី​ម្នា លោក​កុម្មីសែរ​ក៏​ឡើង​កាន់​នាវា ​រ៉ឹង​ឱ្យ​ស្រាវ​យុថ្កា​ចេញ​វៃៗ ។ ខ្ញុំ​គ្រាន់​ស្បើយ​ក្តី​មោះព្រោះ​ចង់​ឆាប់ ចក្រ​រឹង​កាប់​ទឹក​ខ្ទាត​ខ្ទរ​ទាំង​ព្រៃ កប៉ាល់​គ្រឿន​​លឿន​លើ​ជលា​ល័យ បើក​អស់​ដៃ​មើល​ព្រៃ​ប្រប៉ះ​គ្នា ។ ដល់​ត្រៃ​ភព​កាច់​ប្រែ​បែ​ឧត្តរ ក៏​រឹង​ចរ​តាម​បថ​ទី​គង្គា នឹក​សង្ស័យ​ត្រៃ​ភព​នេះ​មហិមា តាំង​នាមា​ឃើញ​កើន​លើស​ប្រមាណ ។ ពាក្យ​ត្រៃ​ភព​ប្រារព្ធ​នាម​ព្រះ​ពុទ្ធ មិន​គួរ​​គេ​មក​ចុត​ឈ្មោះ​ភូមិ​ឋាន​ ​ទី​នេះ​សោត​ពួក នសាទ​គេ​រាប់​អាន តាំង​ជា​ស្ថាន​បាយាប[៧]​ចាប់​ត្រី​ទេ ។ នេះ​ហេតុ​អី​យក​នាម​ព្រះ​ឱ្យ​ឈ្មោះ មិន​គួរ​សោះ​នឹង​ពាក្យ​អ្នក​ទន្លេ នរណា​​អេះ​ចាត់​នាម​នេះ​មុន​គេ ឬ​គេ​គ្នេរ​ព្រោះ​ព្រែក​បែក​បី​ភ្លោះ ។ សព្ទ​ត្រៃ​ភព​ប្រែ​ថា​ភព​ទាំង​បី ព្រះ​ជិន​ស្រី​ជា​ត្រៃ​ភព​ចំពោះ ព្រោះ​ព្រះ​អង្គ​វិសេស​គុណ​ពី​រោះ បាន​ជា​ឈ្មោះ​ព្រះ​ចម​ត្រៃ​ភព​ភារ ។ ឯព្រែក​នេះ​ពុំ​ឃើញ​វិសេស​អ្វី ​វិសេស​តែ​នឹង​ត្រី​ជា​អាហារ ពុំ​គួរ​តាំង​នាម​ស្មើ​សាស្តាចារ្យ​ឬ​ហៅដោយ​វោហារ​អស្ចារ្យ​ក្រៃ ។ រំពឹង​គិត​មិន​យល់​សព្ទ​ត្រៃភព ចង់​តែ​ឈប់​ទៅ​មើល​ទី​នោះ​នៃ ជា​មាន​អ្វី​សាក្សី​កណ្តាល​ព្រៃ គួរ​សង្ស័យ​នឹង​ពាក្យ​ត្រៃ​ភព​នេះ ។ ឬ​សព្ទ​ត្រៃ​ហៅ​ក្រៃ​លោក​តាំង​ឈ្មោះ គង់​ពិ​គ្រោះ​តាម​ហេតុ​មាន​​ច្នោះ​ច្នេះ ឬ​ពី​ដើម​ព្រះ​យាង​មក​នៅ​នេះ បាន​ជា​រិះ​តាំង​ហៅ​ត្រៃ​ភព​ហោង ។ ឱលោក​ណា​ដឹង​ការ​ហេតុ​ដើម​ដាន សូម​មេត្តា​ប្រោស​ប្រាណ​ប្រាប់​ខ្ញុំ​ផង ខ្ញុំ​ពីគ្រោះ​មិន​យល់​រឹង​មួ​ហ្មង កប៉ាល់​ឆ្លង​កាត់​យោគ​យាង​យាវ​ខ្មី ។ លឿន​លន្លឹម​តាម​បថយាង​យាវ​ត្រង់ កាត់​តម្រង់បែរ​ត្រង់​​ដល់​ភូមិ​ថ្មី ភូមិ​នោះ​មាន​គេ​នៅ​ជា​ប្រក្រតី បថ​​ក៏​ខ្លី​ជាប់​នាម​ពាម​សីមា ។ ឱស្រុក​ពាម​ចាត់​នាម​ឈ្មោះ​ពីរោះ គេ​បញ្ចុះ​សីមា​ពី​កាល​ណា ត្រើយ​ពាម​ចាត់​នាម​ឈ្មោះ​ពីរោះ គេ​បញ្ចុះ​សីមា​ពី​កាល​ណា ត្រើយ​ខាង​ជើង​មាន​ព្រែក​បែក​ជា​ស្មា ឮ​គេ​ថា​ស្ទឹង​នោះ​ទៅ​ទឹក​ជោរ ។ ឱ​ទឹក​ជោរ​ទឹក​ហូរ​ពី​ភ្នំ​ណា ធ្លាក់​មក​ពាម​សី​មា​ដាស​ពេញ​ពោរ ​ទឹក​ទន្លេ​ឡើង​កល់​ទល់មិន​ហូរ កាត់​ទឹក​ជោរ​ដល់​ញ្រត់​វត្ត​ឈើ​ខ្មៅ ។ គន់​មើលទៅ​វត្ត​លោក​លើ​គោក​ស្រួល ជា​ទី​ទួល​សម​ជា​អារាម​នៅ ឯវត្ត​នេះ​យក​នាម​ឈើ​មក​ហៅ នាម​ឈើ​ខ្មៅ​លោក​ណា​តាំង​នាម​នេះ ។ ឬ​វត្ត​នេះ​ស្រី​ខ្មៅ​ចៅ​ធ្វើ​ទេ​ យក​នាម​គេ​មក​តាំង​ទុក​ដូច្នេះ ឬ​ពី​ដើម​មាន​ឈើ​ខ្មៅនៅ​នេះ​ បាន​ជា​រិះ​តាំង​នាម​មក​ឥឡូវ ។ ពាក្យ​ឈើ​ខ្មៅ​ហៅ​ហាក់​នាម​ខ្មៅ​បង ចិត្ត​ចាប់​ចង​នឹក​ដល់​កែវ​ឆោម​ឆ្លៅ ឱព្រះ​គុណ​ព្រះ​កែវ​វត្ត​ឈើ​ខ្មៅ ខ្ញុំ​លា​ទៅ​នគរ​វត្ត​ញ្រត់​កន្និដ្ឋា ។ សូម​ព្រះ​គុណ​ប្រោស​ជួយ​ចក្រ​ពង្ស ឱ្យ​ស្តេច​ទ្រង់​ចម្រើន​ដោយ​យសា ប្រោស​ប្រាណ​ខ្ញុំ​ឱ្យ​បាន​ទី​ឧកញ៉ា កប​សក្តាវុឌ្ឍី​ស៊ីសុវត្ថិ ។ មែន​បើ​ខ្ញុំ​សម្រេច​ដូច​ប្រាថ្នា ខ្ញុំ​នឹង​គិត​ហែ​ផ្កា​មក​ថ្វាយ​ថ្វាត់ សូម​កុសល​ព្រះ​គុណ​ជួយ​បំបាត់ សព្វ​ទុក្ខ​រោគ​ខាត់​សកល​កាយ ។ មួយ​សូម​ជ័យ​ជម្នះ​ឈ្នះ​សត្រូវ ទៅ​តាម​ផ្លូវ​កុំ​ឱ្យ​មាន​អន្តរាយ ​ទាំង​ពាល​ម្រឹគ​យង់​ឃ្នង​ផង​ទាំង​ឡាយ ចៀស​ឱ្យ​ឆ្ងាយ​ដោយ​អំណាច​ព្រះ​ចម​ត្រៃ ។

ខ្ញុំ​សំពះ​បន់​ព្រះ​វត្ត​ឈើ​ខ្មៅ កប៉ាល់​គ្រឿន​លឿន​ទៅ​តាម​ជលស័យ ត្រូវ​ព្រះ​ពាយ​រំភើយ​ខ្ញុំ​នឿយក្រៃ ក៏​លក់​តាម​សម័យ​យប់​នោះ​ឯង ។ លុះ​បើក​ដល់​មាត់​ពីរ​ចេញ​ទន្លេ កប៉ាល់​រេ​បើក​ពុះ​​ឆ្លង​វាល​វែង វា​យោយោគ​ផាត់​មក​រលក​ផ្សែង ខ្ញុំ​បាទ​ឯង​ក៏​ក្រោក​ចាក​ដំណេក ។ អង្គុយ​គន់​មើល​ទឹក​ទន្លេ​សាប ឡើង​លិច​ដាប​ព្រៃ​ព្រឹក្ស​ពន្លឹក​ពេក មើល​ទៅ​ទិស​ទក្សិណសែន​វី​វេគ ឃើញ​តែ​មេឃ​មួ​ជិត​ងងឹត​ឈឹង ។ គន់​ទៅ​ទិស​ឧត្តរត​​ឦសាន ឃើញ​ជា​ដាន​ព្រៃ​វង់​វែងរ​វឹង​ មើល​ទៅ​ទិស​បស្ចិម​វាល​ដូច​បឹង ទឹក​ឡើងនឹង​​ទឹក​ពោរ​ពេញ​មើល​ល្បោះៗ ។ កប៉ាល់​រឹង​ចក្រ​ដើរ​ស្មើ​មិន​ឈប់ រលក​ខ្ទប់​ស្ទើ​ខ្ចាត់​ចក្រ​ពាន​ពុះ រលក​យោល​ខ្ជោល​ឡើង​ដូច​គេ​បោះ កប៉ាល់​ស្ទុះ​ទឹក​បែក​ញែក​សាច​ជះ ។ វា​យោបោក​កប៉ាល់​បែរ​ល​លេ​លឿន ​រលក​គ្រឿន​ចក្រ​គ្រាន់​បើ​ជម្នះ តែ​កុង​កាច់​តាម​កៀន​រលក​ជះ ​កប៉ាល់​ទឹក​រះទឹករាយ​បែក​ថ្កា​ត្រែង ។ មើល​ទៅ​ទឹក​ធំ​ពន្លឹក​​គួរ​តែ​ខ្លាច រលាម​ល្ងាច​លិច​ព្រៃ​មើល​បែក​ផ្សែង នឹក​សង្ស័យ​ទន្លេសាប​នេះ​ឯង លោក​ណា​តែង​នាម​ត្រូវ​ទំនង​ម៉្លេះ ។ ពាក្យ​ហៅ​ថា​ទន្លេ​គ្នេ​មិន​ដល់ សព្ទ​នេះ​យល់​មិន​ត្រូវ​ពាក្យ​អ្នកចេះ ​បាលី​ទឹក​គ្មាន​តួ “ទ” ទេ​អេះ​ ហៅ​ជលេ​ដូច្នេះ​ទើប​បាន​ត្រូវ ។ នេះ​មក​ហៅ​ទន្លេ​អក្សរ “ទ” ​យក “ទ” ជា​ “ជ” ឬ​ម្តេច​កូវ តួ “ន” ជា​វគ្គន្ត​ប្រកប​នៅ ស្តាប់ៗ​ទៅ​មិន​ត្រូវ​ពាក្យ​បាលី ។ ឬ​បុរាណ​គេ​ហៅ​ជលេ​ទេ ដល់​ក្រោយ​យារ​ពាក្យ​គេ​កើត​ពាក្យ​ថ្មី ទៅ​ជា​ហៅ​ទន្លេ​ខុស​បាលី ឬ​សម្ដី​បុរាណ​ហៅ​យ៉ាង​នេះ ។ ឬ​សព្ទ​នេះ​ជា​ពាក្យ​សំស្ក្រឹត លោក​ប្រសិទ្ធិ​តួ “ជ” ជា “ទ” អេះ ​ធ្វើ​ម្តេច​ហ្ន៎​បាន​អ្នក​ប្រាជ្ញ​ណា​ចេះ នឹង​សាក​សួរ​សព្ទ​នេះ​ឱ្យ​ច្បាស់​រ៉ា​ ។ ឱទន្លេ​នេះ​ធំ​មើល​បាត់​ត្រើយ លោក​ណា​អើយ​មក​សាង​យ៉ាង​ច្នេះ​ណា ឬ​ក៏​កើត​ពី​បឋម​កល្បា ជា​ធម្មតា​ទឹក​ដី​ពី​បុរាណ ។ នឹកៗ​ទៅ​គួរ​កោត​ធម្មជាតិ​ម៉្លេះ ចេះ​រិះ​ឱ្យ​កើត​ជា​ភូមិ​ស្ថាន ជា​ទន្លេ​ព្រែក​ស្ទឹង​បឹង​បួ​បាន សម្រាប់​ទុក​ជា​ស្ថាន​មច្ឆា​នៅ ។ ទី​ខាង​លើ​ចេះ​ធ្វើ​ជា​ទួល​គោក សម្រាប់​លោក​អាស្រ័យ​នៅ​ឥត​សៅ តាំង​ជា​ភ្នំ​ក្រំ​​ថ្ម​ត​ទៀត​ទៅ ជា​លំនៅ​សព្វ​សត្វ​ម្រឹគ​បក្សី ។ ឱធម្មតា​ចេះ​ចាត់​ជា​ដានៗ សម្រាប់​ទុក​ជា​ស្ថាន​យើង​លោកិយ លោក​ណា​អេះ​បង្កើត​អស់​ទឹក​ដី តាម​បាលី​ថា កើត​ដោយ​ធម្មតា ។ តែ​ខាង​សាសន៍​អារ៉ាប់​នូវ​ជ្វា​ចាម គេ​ស្តី​តាម​តម្រា​វោហារ​ថា ទឹក​ដី​នេះ​គឺ​អង្គ​ព្រះ​អាឡា យៈហោវ៉ា​គេ​សាង​សម្រាប់​លោក​ ។ ខ្ញុំ​ពិគ្រោះ​មើល​តាម​គម្ពីរ​ជ្វា ឃើញ​ខុស​គ្នា​នឹង​ហេតុ​ទឹក​ដី​គោក បើ​អាឡា​សាង​មែន​គួរ​អធ្យោគ ឱ្យ​ត្រូវ​គ្នា​ទាំង​លោក​នោះ​យល់​មែន ។ នេះ​ទឹក​ដី​នឹង​សព្វ​សត្វ​មនុស្ស​ម្នា ឃើញ​ពិរុទ្ធ​ខុស​គ្នា​ទៅ​ទាំង​ផែន ឯណា​ល្អ​ក៏​ល្អលើស​ទាំង​ដែន ឯណា​សោ​សោសែន​[៨]ទាំង​ភារា ។ ដូច​ដី​យើង​បាត់​ដំបង​ជាតិ​ដី​ខ្មៅ ធ្វើ​ស្រែ​ស្រូវ​កើត​ផល​តែ​រាល់​គ្នា ស្រុក​សៀម​រាប​ម្តេច​ដី​ខ្សាច់​មហិមា ធ្វើ​ចម្ការ​ស្រែ​ស្រូវ​មិនសូវផល ។ មួយ​គឺ​ខាង​អឺរ៉ុប​ម្ដេច​ចាត់​ល្អ មនុស្ស​ក៏​ធំ​ចម្រើន​ទាំង​សកល  ​ខាង​ឥណ្ឌា​មនុស្ស​ខ្មៅៗ​ពិកល ខាង​មណ្ឌល​យើង​ម្តេច​មនុស្ស​តូច​ទាប ។ មួយ​ព្រឹក្សាល​តា​នាម​ដូច​គ្នា រស​ឱជា​ម្តេច​ខុស​គ្នា​រៀង​រាប ទាំង​សត្វ​សោត​ក៏​ខុស​អត្តភាព ខ្លះ​ក៏​ទាប​ខ្លះ​ក៏​ខ្ពស់​ឃើញ​ខុស​គ្នា ។ បើ​អាឡា​សាង​មែង​ម្តេច​ដូច្នោះ ខ្ញុំ​ពិ​គ្រោះ​មិន​សម​នឹង​ជ្វា​ថា វិស័យ​ព្រះ​នោះ​ប្រៀប​​ដូច​បិតា តោង​មេត្តា​ដល់​បុត្រ​ស្មើ​ព្រះ​ទ័យ ។ នេះ​មក​សាង​ឱ្យ​កូន​មិន​ស្មើ​មុខ ជា​អាពុក​មនុស្ស​ឬ​ខុស​និស្ស័យ ស្តាប់​ទៅ​យល់​មិន​ត្រូវ​អធ្យាស្រ័យ ទឹក​ដី​ព្រៃ​ក៏​កើត​ដោយ​ធម្មតា ។ ដូច​យ៉ាង​ទឹក​ទន្លេ​និង​សមុទ្ទ ​ឃើញ​ធំ​ផុត​ទូលាយ​ឆ្ងាយ​ណា​ស់សា ពួក​អ្នក​ឈ្មួញ​ដើរ​ជួញ​រក​ភោក្តា សឹង​សែន​មហា​លំបាក​ដោយ​ព្យុះ​ខ្យល់ ។ ឬ​អាឡា​ឥច្ឆា​ពួក​អ្នក​ឈ្មួញ មិន​ឱ្យ​គ្នា​ដើរ​ជួញ​ក្រៅ​មណ្ឌល បាន​ជា​មក​បង្កើត​ជា​ព្យុះ​ខ្យល់ ឱ្យ​លិច​លង់​ទុក​ទល់​ទាល់​វេទនា ។ អើ​បើ​យ៉ាង​ខ្មែរ​យើង​មិន​ចូល​សាសន៍ គួរ​ធ្វើ​ផ្តាស​ទៅ​ចុះ​ក៏​ឥត​ថា ចុះ​ពួក​ជ្វា​ដែល​គ្នាខំ​ឧស្សាហ៍​ ប្រតិបត្តិ​សព្វ​គ្រា​តាម​មហា​ម៉ាត់ ។ ឯណា​យប់​គ្នា​​បួស​កាន់​ខន្តី ថ្ងៃ​ឡើង​ឆ្លៀត​បង់​ត្រី​សំឡេះ​​សត្វ​ ឯណា​គ្នា​ហ៊ាន​ឱ្យតុក​តួន​កាត់ ខំ​ប្រតិបត្តិ​មហា​ម៉ាត់​មិន​ឱ្យ​ឆ្គង ។ គួរ​ឬ​អាល័​សៈ​ឡើ​មិន​ប្រោស​ប្រាណ មក​ក្លែង​ធ្វើ​ផល​ឋាន​ធំ​កន្លង គ្នា​នាំ​ព្រែ​ទៅ​លាក់​ស្រុក​បាត់​ដំបង ឱ្យ​គ្នា​ហ្មង​ឆ្លង​ទៅ​ត្រូវ​ព្យុះ​ខ្យល់ ។ បើ​យើង​ជា​អាល័សៈ​ឡើ​មិន​ធ្វើ​ច្នេះ ទី​ត្រង់​ណេះ​គួរ​ធ្វើ​ឱ្យ​កើត​ថ្នល់ ឱ្យ​អ្នក​ទូក​ដើរ​ស្រួល​មិន​តោង​រវល់​ នឹង​ព្យុះ​ខ្យល់​ដូច​យ៉ាង​អាឡា​សាង ។ ទី​ត្រង់​នោះ​​គួរ​សង​ជា​កោះ​ធំ ឱ្យ​ភិរម្យ​មនុស្ស​នៅ​ទាំង​សង​ខាង តាំង​ក្បាល​កោះ​ឱ្យ​កើត​ជា​ព្រះ​ប្រាង្គ​ណ៍ មាន​​មាត់​បាង​ចូល​ចេញ​ឱ្យ​សប្បាយ ។ នេះ​អាឡា​មក​សាង​ទន្លេ​សាប ដាល​តែ​ទឹក​ទៅ​រាប​ទូលាយ​ឆ្ងាយ មនុស្ស​ទៅ​មក​សែន​យ៉ាក​លំបាក​កាយ ព្រោះ​អន្តរាយ​ដោយ​ខ្យល់​តែ​រាល់​គ្នា ។ អើ​ពួក​ជ្វា​គេ​ថា​ព្រះ​គេ​សាង នឹង​អែប​​អាង​មិន​សម​នឹង​កិរិយា ពាក្យ​នេះ​អញ្ជើញ​ពិចារណា ជា​យក​ខាង​ធម្មតា​ឬ​អស់​លោក ។ ឬ​យក​ខាង​ព្រះ​អាឡា​ដែល​ថា​នោះ សូម​ពិគ្រោះ​មើល​ចុះ​តាម​អធ្យោគ ឯទឹក​ដី​ថ្ងៃ​ខែ​សម្រាប់​លោក គួរ​ប្រយោគ​មើល​ហេតុ​មើល​កិរិយា ។ កប៉ាល់​ដើរ​លុះ​ដល់​ចុង​ភ្នៀស​ថ្វាត់ តៃ​កុង​ចាត់​ចូល​ចត​បោះ​យុថ្កា នាំ​គ្នា​ដេក​សម្រាន្ត​​តាម​ធម្មតា អនិច្ចា​តែ​ខ្ញុំ​ពុំ​លក់​ឡើយ ។ ពុល​រលក​ភ្នករ​ឭក​នឹក​ដល់​ផ្ទះ កត់​មិន​ឈ្នះ​គះ​មិន​នឹង​ព្រលឹង​អើយ ​ត្រូវ​មក​ដេក​កប៉ាល់​ខ្យល់​ល្ហើយៗ ផាត់​រំភើយ​រលក​បោក​ឆាៗ ។ គន់​ទៅ​ខាង​ឃើញ​សើន[៩]​គោម​ពីរ​ភ្លោះ ភ្លើង​ភ្លឺ​ប្រុះ​​ប្លុងៗក្នុង​គង្គា គោម​ពីរ​នោះ​ឆេះ​នៅ​សព្វ​វេលា តាំង​ជា​ធ្លា​ប្រាប់​ទ្វារ​ស្រុក​សៀម​រាប ។ ខាង​មាត់​ពីរ​ក៏​តាំង​គោម​ធ្វេង​ស្តាំ អុជ​​ប្រចាំ​ចូល​ចេញ​ទន្លេ​សាប ខ្ញុំ​គន់ៗនឹក​កោត​លោក​ដរាប មក​លះ​បាប​លោភ​បុណ្យ​ចេញ​ធន​ធាន ។ ទិញ​ប្រេង​អុជ​​គ្រប់​ឋាន​ពាម​ទន្លេ ទុក​ឱ្យ​គេ​អ្នក​ដើរ​ក្នុង​ផល​ឋាន ដល់​ពេល​យប់​នឹង​ដឹង​ទី​ដែន​ដាន ចេញ​ចូល​បាន​ឥត​មាន​ក្តីចែង​វែង ។ គោម​នោះ​សោត​ឆេះ​នៅ​ជា​ប្រក្រតី ដល់​រាត្រី​ទើប​ឃើញ​ភ្លើង​ភ្លឺ​ទែង ​​ដល់​ពេល​ថ្ងៃ​ពុំ​យល់​ព្រោះ​សូរ្យ​សែង គេ​ចាត់​ចែង​ថែម​ប្រេង​ដប់​ថ្ងៃ​ម្តង ។ ខ្ញុំ​យល់ៗ​សរសើរ​លោក​បារាំង លោក​មក​តាំង​អុជគោម​ភ្លឹ​កន្លង ប្រាថ្នា​ទុក​ជា​ទាន​ឱ្យ​អ្នក​ផង បាន​ដើរ​ឆ្លង​ឃើញ​ភ្លើង​ជា​សញ្ញា ។ ឱស្រុក​ខ្មែរ​តាំងពី​នេះ​ទៅ​ មាន​តែ​សុខ​ឥត​សៅ​ឥត​ទុក្ខា បាន​បារាំង​លោក​តាំង​គ្រង​រក្សា ​តែង​សីមា​កម្ពុជាឱ្យ​ពណ្ណរាយ ។ តែ​ត្រឹម​ទី​ទន្លេ​ជា​ស្ថាន​ស្ងាត់ ​មក​ចេះ​ចាត់​អុជ​ភ្លើង​​ប្រចាំ​ហ្មាយ រាស្រ្ត​ទៅ​មក​រក​ស៊ី​តាម​ស្រុក​ឆ្ងាយ ដើរ​សប្បាយ​មិន​តោង​វង្វេង​ផ្លូវ ​ ។ ឱទន្លេ​តាំង​តែ​ពី​បុរាណ មិន​ដែល​មាន​នរណា​បំភ្លឺចៅ ឥឡូវ​នេះ​មក​បាន​បារាំង​នៅ ឱ្យ​អុជ​គោម​ទូទៅ​ទាំង​គង្គា ។ សែន​រុង​រឿង​ថ្កើង​ហើយ​ទន្លេ​សាប ពី​នេះ​ទៅ​ដរាប​ឥត​ភយា ឱរាត្រី​យប់​នេះ​ចួន​វេលា ​ខ្ញុំ​និទ្រា​​ពុំ​លក់​ជា​ទុក្ខ​ក្រៃ ។ បែ​ទៅ​ទិស​បូព៌ា​ឃើញ​​រស្មី​ ព្រះ​រង្សី​អារុណ​រះ​សែង​ថ្លៃ​ ពួក​កប៉ាល់​ក៏​ភ្ញាក់​ឡើង​ទី​ទៃ ស្រាវ​យុថ្កា​វៃៗថយ​ម្នី​ម្នា ។ កប៉ាល់​គ្រឿន​លឿន​ចូល​ទៅ​តាម​ព្រែក ​ណា​ចង្អៀត​ក៏​ជ្រែក​បែក​ជា​ធ្លា តៃ​កុង​កាច់​បត់​​តាម​ទី​គង្គា មើល​ព្រឹក្សា​ដុះ​ហែ​តាម​ក្បែរ​ផ្លូវ ។ ខ្លះ​ដើម​ខ្ពស់​លូត​លាស់​ខ្នែង​លំពង់ ខ្លះ​ទាប​ទឹក​​​លិច​ចុង​ឃើញ​ខ្មៅៗ កោត​ហ្ន៎​ឈើរ​នាម​ធន់​ណាស់​ទៅ ទឹក​លិច​នៅ​ប្រាំ​ខែ​ប្រែ​មិន​ក្ស័យ ។ ឱព្រៃ​អើយ​ព្រៃ​ដុះ​ជារ​នាម ខ្លះ​ជា​រាម​ស្បាត​ជិត​បិទ​សែង​ថ្លៃ​ ខ្លះ​ខ្ពស់​ស្រោង​ផុត​ទឹក​ពន្លឹក​ក្រៃ សត្វ​អាស្រ័យ​ជា​ស្ថាន​សម្រាន្ត​​នៅ ។ កប៉ាល់​បើក​លុះ​ដល់​កន្ធាយ​គម ឃើញ​ភ្នំ​ក្រោម​នៅ​ខាង​ឯ​លិច​ផ្លូវ ឱ​ភ្នំ​ក្រោម​តូច​ល្មម​មាន​មនុស្ស​នៅ  មើលៗ​ទៅ​ពុំ​ឃើញ​មាន​ដើម​ឈើ ។ ជា​ភ្នំ​ដិល​ត្រងិល​មាន​តែ​ស្មៅ មាន​ដើម​ពោធិ​មួយ​​នៅ កំពូល​លើ ​ក្រោយ​​ពោធិ​មាន​វិហារ​គេ​ទើប​ធ្វើ វត្ត​នោះ​តើ​លោក​ណា​សទ្ធា​សាង ។ ឯក្រោយ​ធ្លា​វិហារ​មាន​ប្រាសាទ វិចិត្រ​ស្អាត​ដោយ​ថ្ម​ក​ជា​ប្រាង្គ ជា​របស់​បុរាណ​លោក​សំអាង ​ទំនង​យ៉ាង​បញ្ចុះ​ព្រះ​ធាតុ​ក្សត្រ ។ ឬ​ជា​ទី​តម្កល់​ព្រះ​បដិមា សម្រាប់​អ្នក​សាសនា​​ឡើង​ប្រណិប័តន៍ ឱ​ប្រាង្គ​នេះ​លោក​ណា​មក​ចែក​ចាត់ មាន​នៅ​ស្ថាន​ចង្វាត់​ខឿន​ខ្វាត់​ខ្វែង ។ ឥឡូវ​នេះ​ជម្រុត​ទ្រុឌ​ទ្រោម​ធ្លាយ ថ្ម​រុះ​​រាយ​តាម​ជាយ​ជើង​កំពែង ​ស្តាយ​អើយ​ស្តាយ​ប្រាសាទ​ប្រសើរ​ស្តែង បាន​លោក​ណា​ចាត់​ចែង​ជួស​ជា​ថ្មី ។ មើល​ប្រាសាទ​លើ​ភ្នំ​ស្ទើរ​​យំ​ស្តាយ មិន​គួរ​មក​អន្តរាយ​ខ្ចាយ​ដោយ​ដី ស្តាយ​តែ​ស្នា​ដៃ​ធ្វើ​ស្មើ​កោសិយ មិន​គួរ​បី​បែក​បាក់​ធ្លាក់​ធ្លាយ​ធ្លុះ ។ ខាង​ជើង​ភ្នំ​មាន​វត្ត​លោក​សង្ឃ​នៅ ​មាន​ធ្លា​ផ្លូវ​ឡើង​ទៅ​ខាង​វត្ត​នោះ ឱភ្នំ​នេះ​ស្តាប់​ទៅ​យល់​ពីរោះ ​សញ្ញា​ឈ្មោះ​ភ្នំ​ក្រោម​ល្មម​មាន​អាង ។ ព្រោះ​ភ្នំ​គេ​សឹង​តែ​នៅ​ខាង​លើ មានដើម​ឈើ​ដុះ​លើ​ឃើញ​ច្រូង​ច្រាង ភ្នំ​មួយ​នេះ​មក​តាំង​នៅ​ក្នុង​បាង មាន​ទី​អាង​យ៉ាង​នេះ​ជា​សាក្សី ។ បាន​ជា​ហៅ​ភ្នំ​ក្រោម​ព្រោះ​ក្រោម​គេ នៅ​ខាង​ជាយ​ទន្លេ​អ្នក​ធ្វើត្រី ឥឡូវ​មាន​អ្នក​ស្រុក​នៅ​ប្រក្រតី ដាំ​ឫស្សី​ដូង​ស្លា​ចម្ការ​ចេក ។ ឱភ្នំ​នេះ​ជា​ទី​បុរាណ សម​ជា​ស្ថាន​សម្នាក់​អ្នក​វិវេក នឹក​សរសើរ​ប្រាសាទ​ប្រសើរ​ពេក ខ្ញុំ​ក្រឡេក​មើល​ទៅ​ទី​ឧត្តរា ។ ឃើញ​ទី​តាំង​ចត​នៅ​រៀង​រាយ ប្រចាំ​ទ្វីប​មករ​​ក្លាយ​កៈ​សាយ​ណា ​ទូក​គែ​ហ៊ៅ​វ៉ែត​មួង​ភាព​ផាយ​ម៉ា[១០] ក៏​ដឹង​ថា​ព្រះ​ទី​នាំង​ព្រះ​ចក្រី ។ ចៅ​ភ្នាក់​ងារ​ត្រួត​ត្រា​ព្រះ​ទី​នាំង ឱ្យ​ចត​តាំង​តាម​ថែវ​ចុង​ព្រែក​ថ្មី ទូក​រាជ​វង្ស​ចត​ក្នុង​ទូក​កុង្សីយ៍ ក្រុម​មន្រ្តី​ចត​អម​លោម​ក្រៅ​ធ្លា ។ ទូក​​អស់​នេះ​ទ្រង់​ឱ្យ​មក​ប្រចាំ មុន​ទម្រាំ​ព្រះ​បរម​រាជា ដល់ដប់​កើត​ថ្ងៃ​សុក្រ​ស្តេច​លី​លា យាង​ដោយ​រាជនាវាកប៉ាល់​ធំ ។ លុះ​កប៉ាល់​រាជការ​ស្រុក​ព្រះ​ដំបង ទៅ​ដល់​ដង​វាល​វែង​ជា​ចុង​ភូមិ លោក​ឱ្យ​បោះ​យុថ្កា​ចត​ប្រជុំ អ្នក​ជំនុំ​នាំ​គ្នា​មើល​ត្រៀប​ត្រា ។ លុះ​កប៉ាល់​ចត​ស្រេច​លេច​ទូក​បី ក្រុម​មន្រ្តី​សៀម​រាប​ទី​ឧកញ៉ា មក​ទទួល​លោក​ធំ​ជា​ឥស្សរា ថី​គេ​បក​ភាសា​ចែងការ​ផង ។ លោក​កុម្មិ​សែរ​អធ្យាស្រ័យ​តាម​ហេតុ ចាត់​ឱ្យ​លោក​ចៅ​ហ្វាយ​ខេត្ត​ព្រះ​ដំបង នៅកប៉ាល់​ឯ​ក្រោយ​ចាំ​រ៉ាប់​រង ទទួល​អង្គ​ច្បាស់​ច្បង​ស្តេច​យាត្រា ។ តែ​ខ្លួន​លោក​និង​លោក​សង្ឃ​បី​អង្គ ពុំ​រា​រង់​ចុះ​ទូក​អ្នក​ឧកញ៉ា ខ្ញុំ​បាទ​ឯង​ជា​បាវ​លោក​មេត្តា ​ឱ្យ​យាត្រា​ទៅ​មុន​ដោយ​កម្សាន្ត ។ ទើប​ជញ្ជូន​ហិប​ពួក​ដាក់​ទូក​ស្រេច មួយ​រំពេច​ក៏​ចេញ​តាម​ជល​ស្ថាន ពួក​កំណែន​កែន​ចែវ​ខំ​ចែវ​ច្រាន កាត់​ត្រង់​ដាន​ទី​ជ្រនីក​ព្រែក​ជីក​ថ្មី ។ ចែវ​អែប​រ៉ប​អប​ខាង​ព្រះ​ទីនាំង ខ្ញុំ​ក៏​តាំង​លួច​គន់​មើល​ស្រីៗ ពួក​អ្នក​ក្នុង​តែង​អង្គ​ល្អ​ប្រិម​ប្រិយ ឆវី​ភក្រ្ត​ហាក់​ស្រី​ទេព្វ​កញ្ញា ។ សឹង​ប្រដាប់​សង្វារ​ចារុ៍​ខ្សែ​ដៃ ទុំហូ​ឆ្នៃ​វិចិត្រ​រចនា ទទឹម​ពេជ្រ​លេច​សែង​ព្រះ​សុរិយា សូរ្យកាន្ត​​កែវ​កាញ្ច​នា​​ប៉ញ្រត​ញ្រយ ។ ស្លៀក​ខៀវ​ខាត់​រ័ត្ន​អេវ​ខាំ​ម៉ាស៊ី[១១] ផាត់​ឆវី​គន្ធ​រស​ពិដោ​រ​សាយ ខ្លះ​តែង​តួ​​សុភាព​​សៀម​ក្លាយ ខ្លះ​តែង​កាយ​អាវ​សាយ​ក្លាយ​បារាំង ។ ពួក​សាវ​ឡឹក​ងូត​ទឹក​ប្រឡែង​គ្នា សើច​ហេ​ហា​ហែល​ខាង​ព្រះ​ទី​នាំង ខ្លះ​មិន​ខ្លាច​អំណាច​ពួក​ក្រុម​វាំង ក៏​សើច​ខ្លាំង​លើស​គេ​តែ​ខ្លួន ។ ខ្លះ​អង្គុយ​ស៊យ​សក់​កញ្ចក់​ខាង ខ្លះ​សំអាង​សម​សក្តិ​ហាក់​នឹម​នួន តែង​ប្រកួត​អួត​អង្គ​ទ្រង់​ដោយ​ខ្លួន មើល​សម​សួន​សម​សក្តិ​ព្រះ​ចក្រា ។ ខ្ញុំ​គន់ៗសរសើ​ព្រះ​បារមី ​ព្រះ​ចក្រី​ជា​ត្បូង​លើ​កេសា កប​នារី​ស្អាតៗ​បាទ​បរិចា[១២] សែន​មហា​ចម្រើន​ព្រះ​កិត្តិយស ។ គន់​ទៅ​ទូក​ពួក​សេវកា​មាត្យ ​សឹង​ស្អាតៗ​រុង​រឿង​ដោយ​គ្រឿង​ខ្ពស់ តែង​ប្រកួត​អួត​គ្នា​តាម​សក្តិយស​ បម្រុង​តាម​ការ​រស​វេណី​ក្សត្រ ។ សរសើរ​ទូក​ខុន​ណាង​នូវ​នាង​អ្នក ខ្ញុំ​តែង​ដាក់​និរាស​នេះ​ខាត់ៗ[១៣] ពុំ​ពិស្តារ​វិត្ថារ​ឱ្យ​ច្រើន​អត្ថ ព្រោះ​ក្តី​ខាត់​ពុំ​ស្គាល់​អ្នក​ភ្នំពេញ ។ បាន​ជា​តែង​សង្ខេប​បែប​ខ្លីៗ តាម​សេចក្តី​យល់​ខ្លះ​មិន​ច្បាស់​មិញ បើ​ខ្ញុះ​ស្គាល់​ឈ្មោះ​លោក​អ្នក​ភ្នំ​ពេញ នឹង​តែង​ចេញ​ឈ្មោះ​លោក​ឱ្យ​គ្រប់​គ្នា ។ សូម​ទាន​ទោស​កុំ​ខឹង​ខ្ញុំ​អ្នក​តែង  ​មិន​សម្តែង​ឈ្មោះ​លោក​ចូល​ផង​ណា ដ្បិត​ខ្ញុំ​អ្នក​ព្រះដំបង​ក្រៅ​សេមា ហេតុ​ដូច្នោះ​បាន​ជា​តែង​កាត់​ខ្លី ។ ពួក​កំណែន​ចេវ​ស្រូត​តាម​ព្រែក​ជីក សែន​វិវេក​មើល​ព្រែក​គេ​ជីក​ថ្មី ទឹក​ក៏​រាក់​ហូរ​ចាក់​ធ្លាក់​អាចម៍ដី ចែវ​ទៅ​ដល់​ភូមិ​ថ្មី​​ឫស្សី​លក ។ ឃើញ​អ្នក​ស្រុក​តែង​ធ្លា​មាគ៌ា​ល័យ ដោត​ទង់​ជ័យ​រាយ​រៀង​តាម​មាត់​ច្រក ខ្លះ​តែ​គូ​ប្រទូ​ប៉ា​ប្រដាប់​ដក[១៤] បោះ​កំប៉ង​ពែង​ចក​អុជ​សំអាង ។ គន់​អ្នក​ស្រុក​សៀមរាប​សុភាព​គួរ នៅ​ជា​ជួរ​ដង​ស្ទឹង​ទាំង​សងខាង ស្ទឹង​ក៏​តូច​ច្រាំង​ក៏​ទាប​ជា​ភាព​បាង ទទឹង​យ៉ាង​បី​ព្យាម​ប្លាយ​ប្រាកដ ។ រយៈ​ផ្លូវ​ទៅ​ពី​ចុង​ភ្នៀស​ឯង ដល់​កំពែង​សៀម​រាប​លោក​កំណត់ បាន​បី​រយ​កៅ​សិប​ប្រាំ​សិន​គត់ លោក​វាស់​ទុក​ជា​បទ​បែប​លាយ​ថែង ។ តែ​ខ្ញុំ​ចេញ​ចាក​ទី​កន្ធាយ​គម ថ្ងៃ​ទៀប​ត្រង់​ក៏​ល្មម​ដល់​កំពែង ចែវ​ចូល​ចត​អែប​ស្ពាន​ភ្នាក់​ងារ​តែង ត្រង់​កន្លែង​សាន​ខ្វែង​ត្រើយ​ខាង​លិច ។ ពួក​បាវ​បោយ​កូន​ក្មួយ​ជួយ​គ្នា​រើ ទ្រព្យ​របស់​ដាក់​លើ​គោក​រំពេច ​ខ្លះ​ក៏​មាន​តែ​ទៃ​និង​បង្វិច ក៏​ស្ពាយ​គេច​ឡើង​គោក​ជ្រក​គ្រឹហា ។ បោយ​បារាំង​តាំង​រៀប​គ្រឿង​លើ​គោក ចាំ​មើល​លោក​នៅ​ទី​ខាង​ផ្លូវ​ធ្លា រង់​រទេះ​កំណែន​នឹង​លីលា ឡើង​ទៅ​នា​ប្រាសាទ​នគរ​វត្ត ។ លោក​ឧកញ៉ា​ស្មៀន​ត្រាស​ទ្ធា​បុណ្យ មក​និមន្ត​លោក​សង្ឃ​ទៅ​ផ្ទះ​គាត់ ចាត់​ចង្ហាន់​ប្រគេន​តាម​កិច្ច​វត្ត សម្រេច​ភត្ត​នៅ​ផ្ទះ​លោក​ស្មៀន​ត្រា ។ ឯខ្ញុំ​បាទ​នាំ​ភឿន​ទៅ​ផ្សា​ត្រី ​ទិញ​ចំណី​អាស្រ័យ​តាម​ធម្មតា សូរេច​កិច្ច​នាំ​គ្នា​ចរយាត្រា មក​ចាំ​លោក​នៅ​នា​មុខ​កំពែង ។ គន់​មើល​គ្រឹះ​ស្ថាន​ចៅ​ហ្វាយ​ស្រុក​ សែន​ជា​មុខ​សម​សក្តិ​ហាក់​គួរ​ស្ញែង តាំង​គ្រឹហា​នៅ​នា​ក្រៅ​កំពែង រៀប​ចាត់​ចែង​តែង​ការ​ទទួល​ស្តេច ។ ដោត​ទង់​ជ័យ​បី​ជាន់​ជា​ជួរ​ជុំ ប្រកប​គុំ​បុប្ផា​ផ្កា​រំលេច កែម​ស្លឹក​ឈើ​ធ្វើ​ស៊ុម​ប្រទូ​ពេជ្រ រៀប​ជា​ក្បាច់​វល្លិ​វណ្ឌ​ពាន់​ពេន​ពាក់ ។ មោន​សៀរ​រ័ក​ស៊ី​ប៉ាល់​បារាំង​សែស នាយ​ប្រទេស​ចាត់​ការ​ទាហាន​សក្តិ យក​កំពែង​សៀម​រាប​ជា​សម្នាក់ តាំង​ពិភក្ដិ​រក្សា​ការ​សត្រូវ ។ ខ្ញុំ​គន់​មើល​កំពែង​វែង​រវឹង ​ស្ងាត់​ត្រឈឹង​ពុំ​មាន​នរណា​នៅ ព្រៃ​ដុះ​ដិត​ស្បាត​ជិត​ទាំង​ក្នុង​ក្រៅ សែន​ហ្មង​សៅ​មើល​ទៅ​គួរ​តែ​ស្តាយ ។ ប៉ម​ជម្រុត​ទ្វារ​ទ្រុត​ធ្លាក់​ទី​ទៃ ពួរ​ពោធិ​ជ្រៃ​ជ្រៀត​ចាក់​បាក់​ធ្លុះ​ធ្លាយ លោក​បារាំង​តាំង​ឱ្យ​រើ​ទម្លាយ យក​ទៅ​វាយ​បំបាក់​ចាក់​ផ្លូវ​ធ្លា ។ ឱកំពែង​គេ​តែង​ដោយ​ថ្ម​ក្រៀម ស្នា​ដៃ​សៀម​គេ​ធ្វើ​កាល​យុទ្ធនា ស្រុក​ខ្មែរ​យើង​និង​យួន​កើត​ច្បាំង​គ្នា សៀម​ធានា​រ៉ាប់​រង​សង្រ្គាម​យួន ។ លោក​ចៅ​ឃុន​បឌិន​នាយ​បង្គាប់ ជា​មេ​ទ័ព​លើក​ចេញ​មក​តាម​ក្បួន ទើប​ឱ្យ​កំពែង​ប៉ម​មាំ​មួន ចាត់​ជា​ក្បួន​បន្ទាយ​ការ​ស​ត្រូវ ។ តាំង​មក​ដល់​រាជ​លោក​អង្គរ​យែម លោក​សម​សែម​ចាត់​ចែង​តែង​តាំង​នៅ កាល​ណោះ​ឯង​កំពែង​សុខ​ឥត​សៅ ​ដល់​ឥឡូវ​ត្រូវ​ដៃ​រាជ​ការ​ថ្មី ។ លោក​ឱ្យ​រើ​វាយ​ដាក់​ផ្លូវ​ធ្លា ​សម្រាប់​ឱ្យ​មនុស្ស​ម្នា​ដើរ​ប្រក្រតី ខ្ញុំ​គិតៗ​អនិច្ចំ​ទាំង​បូរី តែ​ទឹក​ដី​គង់​ដល់​ផ្លូវ​អនិច្ចា ។ ឱស្រុក​សៀម​រាប​ជា​ភាព​ចាស់ សឹង​ខ្សាច់​ដាស​មិន​ថា​ទី​ត្រង់​ណា អ្នក​នឹង​រក​ប្រយោជន៍​ស្រែ​ចម្ការ ​នឹង​បាន​ផល​ប៉ុណ្ណា​រក្សា​កាយ ។ មួយ​សង្ស័យ​នឹង​ស្រុក​សៀមរាប​នេះ បុរាណ​រិះ​ឱ្យ​ឈ្មោះ​ខុស​បរិយាយ ស្រុក​ខ្មែរ​ទេ​ម្តេច​គេ​យក​សៀម​លាយ តាម​បរិយាយ​សាវតារ​តម្រាមាន ។ កាល​ព្រះ​ចម​ចក្រី​ត្រី​នេត្រ​ក្សត្រ គ្រង​សម្បត្តិ​ឥន្ទ​បត្ត​​បូរី​ស្ថាន ​គឺ​នគរ​ធំ​នៅ​ជា​ប្រធាន ចមក្សត្រ​ក្សាន្ត​មាន​បុណ្យ​លើស​នានា ។ មាន​ព្រះ​នេត្រ​បី​ភ្នែក​ប្លែក​ជាង​ជន នេត្រ​កណ្តាល​តែ​គន់​មើល​នរណា អ្នក​នោះ​ឯង​ក៏​ដល់​ក្ស័យ​ជីវ៉ា ពួក​ភារា​ក៏​ស្ញែង​ក្រែង​បារមី ។ លុះ​ណោង​ស្នោ​គឺ​សៀម​ជា​សួយ​ទឹក ក​ជា​សឹក​លើក​មក​វាយ​បូរី ដល់​មក​ទី​ត្រង់​នេះ​បោះ​យោធី តាំង​ជា​ទី​សមរភូមិ​ជ័យ ។ គ្រាន់​ជ្រាប​ដល់​ព្រះ​នរិន្រ្ទ​ពិន​ក្រសត្រ ចម​ឥន្ទ​បត្ត​​ក៏​ទ្រង់​ព្រះ​ក្រោធ​ក្រៃ ទើប​លើក​ពួក​ចតុរង្គ​ក្នុង​​វៀង​ជ័យ ចេញ​ត​ដៃ​ពៃ​រី​ឫទ្ធិ​ហាន ។ មក​ដល់​ស្តេច​ស្តេច​បើក​ព្រះ​នេត្រ​កែវ តែ​មួយ​ប្លែវ​ត្រូវ​សៀម​ស្ងៀម​មិន​បាន ចោល​អាវុធ​ចាក​ដៃ​លុត​ក្រាប​ក្រាន រាប​ពុំ​ហាន​តឫទ្ធិ​រត់​វិញ​ទៅ ។ ហេតុ​ដូច្នោះ​បាន​ហៅ​ថា​សៀមរាប ព្រោះ​មាន​ភាព​សៀម​ខ្លាច​ព្រះ​ចម​ចៅ បុរាណ​រាជ​ចារឹក​តាំង​នាម​នៅ ដល់​ឥឡូវ​សៀម​ប្រែ​ហៅ​សៀម​រ៉ាត ។ ពាក្យ​សៀម​រ៉ាត​ប្រែ​ថា​សៀម​ឥត​ក្រែង តាំង​សម្ដែង​ឥទ្ធិ​ឫ​ទ្ធិ​គិត​ប្រមាទ ដើរ​ទន្រ្ទាន​រាន​រុក​សីហ​នាទ មិន​ក្រែង​ជាតិ​កម្ពុជា​វេលា​នោះ ។ ព្រោះ​ស្រុក​នេះ​ជា​ស្រុក​ឡើង​សៈយ៉ាម​ សៀម​ធ្វើ​តាម​អំណាច​ឥត​ខ្លាច​សោះ ពាក្យ​”រ៉ាត” សព្ទ​នេះ​ប្រែ​ដូច្នោះ បើ​រាដ្ឋៈ​វិញ​នោះ​ថា​ដែន​ស្រុក ។ ទំនង​យ៉ាង​សៀម​ប្រើ “ដ្ឋ”​ ជាខ្យល់ ប្រយោគ​​ដល់តួ “​ត” ​តាំង​ជា​មុខ ខ្ញុំ​ពិ​គ្រោះ​សព្ទ​រ៉ាត​ឧបាត​ទុក ឥឡូវ​ស្រុក​បាន​មក​ខ្មែរ​វិញ​ហើយ ។ គឺ​បាន​ដោយ​អំណាច​រាជ​និវេសន៍  ក្រុង​បារីស​យើង​តាំង​ជា​កោះ​កើយ ​សៀម​បាងកក​លូក​មក​មិន​បាន​ឡើយ យើង​បង្ហើយ​សៀម​រ៉ាត​ហៅ​សៀម​រត់ ។ ព្រោះ​កាល​សៀម​ប្រគល់​ទឹក​ដី​ឱ្យ ត្រឡប់​ក្រោយ​វិល​ទៅ​បាង​កក​ហ្មត់ ហេតុ​នោះ​គួរ​ពួក​យើង​បោះ​ប្រាកដ ​សន្មត​ហៅ​ស្រុក​សៀម​រត់​វិញ ។ ពណ៌នា​សៀម​រាប​គាប​សៀម​រ៉ាត សែន​អានាថ​នឹក​ឡើង​គួរ​តែ​ម្នេញ ព្រោះ​ពី​ដើម​ចុះ​យួន​ចួន​សៀម​វិញ ឥឡូវ​ពេញ​ដូច​មុន​គុណ​បារីស ។ អើ​ស្រុក​ខ្មែរ​កែ​មុខ​បាន​សុខ​សាន្ត ព្រោះ​រួម​ស្ថាន​ភ្នំ​ពេញ​រាជ​និវេសន៍ ​កិត្តិយស​សុសសាយ​ទួ​ប្រទេស បារាំង​សែស​វិសេស​ជា​បិតា ។ មួយ​ដូច​យ៉ាង​ប្រាសាទ​នគរ​វត្ត បុរាណ​ក្សត្រ​ចាត់​សាង​ក្នុង​សេមា ​យូរ​អង្វែង​ពុំ​ចែង​ជា​រាជ​ណា ទៅ​ជា​ព្រៃ​ព្រឹក្សា​ស្វាវា​នៅ ។ ពុំ​មាន​លោក​ឯណា​ជួស​ជុល​បាន ចោល​ជា​ស្ថាន​សម​សាន្ត​សែន​ហ្មង​សៅ ដល់​ឥឡូវ​បាន​លោក​បារាំង​នៅ លោក​ចាត់​ផ្លូវ​ជួស​ជុល​វិ​បុលា[១៥]

ពណ៌នា​បាន​តិច​លេច​រទេះ ព្រម​ទាំង​សេះ​ជំ​និះ​លោក​ឥស្សរា បរ​មក​ដល់​រចល់​ចូល​ម្នី​ម្នា ខ្ញុំ​នាំ​គ្នា​ផ្ទុក​របស់​ហើយ​បរ​ទៅ ។ លោក​កុម្មី​សែរ​ជិះ​សេះ​បរ​ទៅ​មុខ ​ពួក​អ្នក​ស្រុក​នាំ​គ្នា​មើល​ខ្មួល​ខ្មៅ ពួក​ខ្ញុំ​បាទ​ដើរ​ឃុំ​រទេះ​ទៅ ចរ​តាម​ផ្លូវ​ខ្សែ​លួស​លោក​ជួស​ថ្មី ។ ព្រះ​ទិនករ​ចរ​បែ​អារុណ​រែង ​កាំ​ដៅ​សែង​ព្រះ​អាទិត្យ​ឫទ្ធិរង្សី ពួក​អ្នក​ដើរ​សែន​ក្តៅ​សៅ​ឆវី ញ័រ​ឥន្រ្ទិយ​ញើស​សស្រាក់​ប្រឡាក់​កាយ ។ អនិច្ចា​តែ​ខ្ញុំ​គ្មាន​ឆត្រ​បាំង ត្រូវ​កម្លាំង​ព្រះ​អាទិត្យ​រឹត​ក្រហាយ ឯណា​ទុក​នឹង​នឹក​ដល់​ឆោម​ឆាយ សេចក្តី​ហ្មាយ​ឆ្ងាយ​មាស​និរាស​មក ។ ស្តាយ​អើយ​ស្តាយ​កាយ​កែវ​កន្និដ្ឋា មក​ផង​រ៉ា​នឹង​នាំ​មើល​ច្រក​ល្ហក ​ឱដើម​រោគ​ដូច​រោគ​រាគ​រឹត​រក ចៅ​ដើម​ធ្លក​មិន​ធ្លាប់​មក​ឯកា ។ គន់​ព្រឹក្សា​លតា​ដុះ​ដោយ​ព្រៃ ខ្លះ​លូត​លៃ​លំពង់​ទ្រង់​ផ្លែ​ផ្កា សកុណជាតិ​ហើរ​ចាប់​ចុង​សាខា ចឹក​ផលា​សព្ទ​ស៊ាន​អនេក​ក្រៃ ។ ភមរី​ហើរ​ត្រង់​កន្លង់​ចរ ត្រឹប​កេស​របុប្ផាពនា​ល័យ ​សព្ទ​ហ្ងឹងៗទ្រហឹង​កណ្តាល​ព្រៃ ច្រឡំ​សព្ទ​រោ​រៃ​បន្លឺ​សៀង ។ សែន​ស្រណោះ​សព្ទ​សេក​វិវេក​ចិត្ត ទំប្រជិត​សារិកា​ជា​គូគៀង ​កោកិ​លោ[១៦]​លោត​លេង​ទំរ​វៀង បំញ្ចេញ​សៀង​ភូវាំង​ក្រាំង​ក្រអៅ[១៧] ។ គន់​ចំបក់​ដូច​បង​ចំបែង​ចិត្ត ចៅ​ដើម​ខ្វិត​ដូច​បង​មក​ខ្វែង​ចៅ ឱដើម​សោក​ដូច​បង​មក​សោក​សៅ ដើម​ស្រឡៅ​នៅ​ស្រឡាញ់​ចេញ​ចោល​មក ។ ឱដើម​ថ្ងាន់​​គេ​ធ្លាប់​​លាប​ដំបៅ ដើម​ស្រឡៅ​ធ្វើ​ចែវ​គួរ​រកាប់​យក ធ្លក​អើយ​ធ្លក​មិន​ធ្លាក់​ផ្លែ​ចុះ​មក ខ្ញុំ​នឹង​យក​ធ្វើ​ប៉ុយ​បង្ហុយ​ពោះ ។ គន់​ដើម​យាង​រាង​យោរ​យោក​ដោយ​ខ្យល់ គេ​កាប់​​ដុត​យក​ជ័រ​ធ្វើ​ចន្លុះ អនិច្ចា​ដើម​យាង​ម្តេច​យ៉ាង​នោះ ឱ្យ​គេ​ចោះ​តាំង​ស្រស់​ដុត​ដូច្នេះ ។ យាង​អើយ​យាង​ចៅ​សាង​កម្ម​យ៉ាង​ណា បាន​ជា​មក​វេទនា​ឱ្យ​ភ្លើង​ឆេះ ឈើ​ឯទៀត​មិន​ដូច​ឈើ​យាង​នេះ បើ​តាម​រិះ​ឈើ​នេះ​ចុះ​តម្រា ។ សមណៈ​មាន​ទ្រព្យ​សិក្ខា​កួន ស្រី​មាន​ខ្លួន​ប្រុស​កួន​ដោយ​កាមា ព្រឹក្សា​ជាតិ​យាប់​យ៉ឺន​ព្រោះ​ផ្លែ​ផ្កា ត្រី​អាំង​មាន​ទើប​ឆ្មា​មក​យាយី ។ យាង​ឯង​យ៉ាប់​ព្រោះ​មាន​ជ័រ​ទឹក​នៅ​ បាន​ជា​ត្រូវ​កម្ដៅ​ព្រះ​អគ្គី ឈើ​ឯទៀត​ឥត​ជ័រ​គេវុឌ្ឍី គ្មាន​នរណាយាយី​ដូច​យាង​ឯង ។ ឱ​ព្រឹក្សា​ត្រូវ​ការ​មិន​ថា​អ្វី កើត​សម្រាប់​ផែន​ដី​ប្រាកដ​ស្តែង ដូច​រូបកាយ​សង្ខារ​គេ​តុប​តែង មិន​ផុត​ការ​គ្នា​ឯង​តែង​អាស្រ័យ ។ ឱព្រឹក្សា​លតា​នាម​ប្លែកៗ បុរាណ​ចែក​ចេះ​ឱ្យ​ឈ្មោះ​ទី​ទៃ កោត​ហ្ន៎​លោក​បុរាណ​ចេះ​កែ​ខៃ ឱ្យ​នាម​សត្វ​ឈើ​ព្រៃ​គ្រាន់​កំណត់ ។ រយៈ​ផ្លូវ​ទៅ​ពី​សៀម​រាប​ឯង ដល់​កន្លែង​មុខ​នាគ​នគរ​វត្ត បានមួយ​រយ​សែសិប​សិន​ទៀង​ទាត់ សេស​​ប្រាំសិន​សន្មត​កត់​មាត្រា ។ លុះ​ដើរ​ដល់​ជ្រៃ​ធំ​ត្រសុំ​ម្លប់ បបួល​គ្នា​ចូល​ឈប់​ម្លប់​សាខា សម្រាក​ញើស​រំហើយ​ដោយ​វាតា ​ព្រះ​សុរិយា​ជ្រេ​សែង​ឧនោទ័យ ។ ទើប​នាំ​គ្នា​ចរ​លី​ចាក​ទី​នោះ ​ភក្ត្រា​ឆ្ពោះ​តម្រង់​ត្រង់​ដល់​ឰ​ មន្ទីរ​ថ្មី​លោក​តាំង​ជា​វាំង​ជ័យ​សម្រាប់​ទី​ក្សត្រ​ថ្លៃ​ព្រះ​ទ្រង់​សក្តិ ។ លោក​សក្តិ​បី​ស្តី​ទី​ព្រះ​អាជ្ញា ​ជា​ឥស្សរា​ក្នុង​ការ​ព្រះ​ដំណាក់ ចៅ​ហ្វាយ​ខេត្ត​​សៀម​រាប​បម្រុង​សក្តិ ទទួល​ភ្នាក់ងារ​កេណ្ឌ​រាស្រ្ត​តែង​ផ្លូវ ។ ចៅ​ហ្វាយ​ខេត្ត​​ព្រះ​ដំបង​រ៉ាប់[១៨]​សំអាង​ កេណ្ឌ​ពួក​ជាង​រចនា​ការ​ក្នុង​ក្រៅ ចៅ​ហ្វាយ​ស្រុក​គ្រប់​ខេត្ត​គ្រប់​លំនៅ សឹង​ចុះ​ត្រូវ​កំណែន​ការ​ទី​ទៃ ។ គឺ​ឧកញ៉ា​ស្វាយ​ចេក​ចំណែក​មុខ និង​ឧកញ៉ា​ភ្នំ​ស្រុក​ខេត្ត​ជើង​ព្រៃ រួម​ឧកញ៉ា​សូរ្យ​សក្តិ​សោភ័ណ​ក្រៃ ត្រូវ​ធ្វើ​ព្រះ​ពន្លា​ជ័យ​ដំណាក់​ធំ ។ កេណ្ឌ​ឧកញ៉ា​ក្រឡាញ់​បញ្ចូល​មុខ រួម​ឧកញ៉ា​ខេត្ត​ស្រុក​សូទ្រ​និគម ត្រូវ​រោង​ខោល​រោង​សែក[១៩]​ចែក​តាម​មុម​   ឯ​រោង​ថែវ​អម​ជុំ​ត្រូវ​កម្ញី ។ គឺ​ស្រុក​ពួក​ស្រុក​មោង​ស្រុក​ត្នោត​ផង ទាំង​ទឹក​ជោរ​បាត់​ដំបង​មង្គល​បូរី ឯ​ឧកញ៉ា​មង្គល​ធរនិន្ទថ្មី ត្រូវ​បើក​ត្រី​អង្ករ​ចែក​គ្រប់​កង ។ ចៅ​ហ្វាយ​ខេត្ត​សៀម​រាប​នាយ​កំណែន ឱ្យ​កោះ​កេណ្ឌរ​រទេះ​ជាង​រយ​ហោង​ កេណ្ឌ​ទូក​ធំ សាមសិប​មាន​នាយ​កង ចាំ​រាប់​រង​ចូល​ចេញ​ខាង​ជើង​ទឹក ។ កេណ្ឌ​កូលី​មួយ​រយ​ប្រចាំ​នៅ តែ​ការ​ដល់​គេ​ហៅ​ចុះ​ចែវ​គ្រឹក រាស្រ្ត​សៀម​រាប​រវល់​ខ្វល់​ពន្លឹក ទាំង​ជើង​គោក​ជើង​ទឹក​ចេញ​គ្រប់​ដាន ។ ខាង​ការ​រហ័ស​​កេណ្ឌ​សេះ​ហាសិប​ប្លាយ ​សម្រាប់​នាយៗ​ដើរ​ពុំ​បាន​ ទាំង​រថា​សារ​ថីព្រះ​រាជ​យាន ​ប្រចាំ​រ៉ាប់​ក្សត្រ​ក្សាន្ត​ស្តេច​យាង​ដល់ ។ ពួក​ក្រមការ​​ចាត់​ការ​ព្រះ​ពន្លា ​សឹង​ប្រកួត​អួត​គ្នា​គ្រប់​មណ្ឌល ជ្រើស​តែ​ជាង​ស្ទាត់ៗ​ហត្ថ​កោសល្យ ធ្វើ​មិន​ឆ្ងល់​ក្នុង​ការ​ដំណាក់​ថ្មី ។ ឯរោង​លោក​កុម្មី​សែរ​តាំង​ខាង​ស្ពាន មាន​ទាហាន​តាំង​រាន​ចាំ​ប្រក្រតី បន្ទាប់​ត​រោង​ភ្ជុំ​ក្រុម​មន្រ្តី កណ្តាលលោក​សក្តិ​បី​រាជ​អាជ្ញា ។ ចុង​ខាង​ត្បូង​គឺ​រោងលោក​ចៅ​ហ្វាយ ព្រះ​ដំបង​តាំង​រាយ​ប្រជិត​គ្នា លោក​សក្តិ​បីនាយ​ត្រួត​លើ​ព្រះ​ពញា ឱ្យ​កេណ្ឌ​តាម​យសា​បណ្តាសក្តិ ។ សឹង​ប្រដាប់​ឈើ​ស្រស់​របស់​ព្រៃ ក្រង​ជា​ភួង​មា​លៃ​បំពេន​ពាក់ ចង​សំយុង​ជា​ភួង​របៃ​ថ្នាក់ កែម​ចម្លាក់​មើល​ចម្លែក​ភ្នែក​លាកិយ ។ ឯពួក​ចិន​តែង​ខាង​ហាង​ដាក់​ផ្សារ មាន​ទំនិញ​សព្វ​ប្រការ​គ្មាន​ខ្វះ​អ្វី ខ្លះ​តាំង​រាន​លក់ភោជន៍​ភស្ដុ​ចំណី ស្លា​បារី​កាហ្វេ​តែ​នំ​ប៉័ង ។ ខាង​ពួក​ខ្មែរ​អ្នក​ស្រុក​លក់​ចេក​ស្ងោរ នំ​ចាក់​កោរ​នំ​ជាល​នូវ​នំ​ចាំង ខ្លះ​ក៏​លក់​នំបញ្ចុក​លត​បាយ​អាំង ខ្លះ​ក៏​តាំង​រាន​មី​រាន​សុរា ។ បណ្តា​ពួក​អ្នក​ទៅ​នគរ​វត្ត ពុំ​មាន​អត់​នឹង​ស្បៀង​លៀង​ជីវ៉ា មាន​តែ​ប្រាក់​ក៏​ទិញ​បាន​ភោក្តា សែន​មហា​លោះ​លាយ​សប្បាយ​ក្រៃ ។ ដោយ​ទី​នោះ​ធ្លាក់​ទៅ​ជា​សម​សាន លោក​មក​រៀប​ជា​ស្ថាន ព្រះ​វាំង​ជ័យ មើល​សញ្រត​ភ្លឺ​ជ្រះ​ដាស​ទាំង​ព្រៃ ហាក់​មឿង​មាន​ក្សត្រ​ថ្លៃ​គង់​ប្រក្រតី ។ ឯខាង​ពួក​បារាំង​តាំង​សាង​តឹក[២០] ​មើល​ភី​លឹក[២១]​ប្រក់​សឹង​សង្កសី ជញ្ជាំង​លា​ប​​បាយ​អ​ពណ៌​លឿង​ខ្ចី គ្រឹះ​ពី​ដី​ផ្ទៃ​ស្មើ​ល្អ​បវរ ។ ផ្ទះ​នោះ​ឯង​បែង​រ៉ាប់​ទី​ប្រជុំ លោក​គូវែរណើរ​ជា​ធំ​ព្រៃ​នគរ លោក​អញ្ជើញ​មក​ដោយ​ក្តី​សាទរ​សមោ​សរ​រាជ​ការ​នគរ​វត្ត ។ ខ្ញុំ​បាទ​យល់​ទី​ស្ថាន​លោក​តែង​ថ្មី​ នឹក​សរ​សើរ​បារមី​ព្រះ​ចមក្សត្រ គ្រាន់​តែ​យាង​មួយ​​គ្រា​ក៏​កើត​ចាត់​ ទី​ព្រៃ​ស្ងាត់​ក្លាយ​កើត​ជា​វាំង​ស្ថាន ។ ឱព្រះ​គុណ​ប្រកប​ដោយ​បុណ្យ​ក្រៃ លើស​និស្ស័យ​យើង​ពុំ​ប្រមាណ​បាន ខំ​ឧស្សាហ៍​យាង​មក​ទី​បុរាណ ឱ្យ​ព្រៃ​ប្រែ​ជា​ស្ថាន​បូរី​រតន៍ ។ មើល​កសិណ[២២]​​យល់​ក្រសែ​ជលេសាយ[២៣] វាល​វែង​ឆ្ងាយ​ឱប​អម​នគរ​វត្ត ។ លោក​ជីក​ធ្វើ​ជា​គូវាំង​ស្ពាត​ស្ពាត់ មាន​ចង្វាត់​ខឿន​ខណ្ឌ​ខាត់​ពៃរី[២៤] ។ គន់​គង្គា​កសិន​វែង​រ​វឹង ខឿន​សុទ្ធ​សឹង​ថ្មី​ដា​ដាស​នទី ឆ្លាក់​ជា​រូប​ក្បាច់​ហូត​ហៀន​ពជីរ៍ ជណ្តើរ​កាច់​ក្បាច់​ភ្ញី​ដក​ចន្ទ​ន៍ចែង ។ កណ្តាល​ឋាន​មាន​ស្ពាន​ថ្ម​ដា​ដាស ចំនួន​ក្រាស់​ជាង​សិន​សែនគួរ​ស្ញែង តែ​កំណត់​ទទឹង​និង​ប្រវែង មាន​ក្នុង​ក្បួន​ល៉ាយ​ថែង​លោក​ចែង​ទុក ។ ខាង​ចុង​ស្ពាន​មាន​ធ្លា​ជា​បី​ផ្លូវ មាន​រូប​តោ​ឈរ​នៅ​គ្រប់​មុម​មុខ តោ​សិលា​ខ្លះ​នៅ​ពុំ​ទាន់​ពុក ខ្លះ​បែរ​មុខ​បាក់​ក្រាញ​ពិការ​កាយ ។ អនិច្ចា​តោ​ថ្ម​លោក​កសាង មើល​ថា​ថាង​[២៥]យ៉ាង​រស់​ស្ទុះ​ប្រែ​ប្រាយ ឥឡូវ​មក​ធ្លាយ​ធ្លាក់​បាក់​ខ្ចាត់​ខ្ចាយ ​ស្តាយ​អើយ​ស្តាយ​មិន​គួរ​មក​ពិការ ។ មាន​អ្នក​ព្រៃ​ចង្រៃ​ឥត​គំនិត ទៅ​សំលៀង​កាំ​បិត​គ្រឿង​​ប្រហារ ឱ្យ​ខូង​ខូច​ខាត​សាច់​បង់​អាសារ មិន​ស្តាយ​ការ​ស្នា​ដៃ​បុរាណ​សោះ ។ ឱតោ​អើយ​តោ​ឈរ​មិន​មើល​មៀង មក​ឱ្យ​គេ​សំលៀង​ខ្នង​តោ​ចុះ ម្តេច​មិន​ខឹង​ខាំ​វា​សំលៀង​នោះ ឱ្យ​វា​លុះ​ក្តី​មរណ៍យ​ក៍វា​ទៅ ។ អាណា​អើយ​បំផ្លាញ​រូប​តោ​លោក គ្មាន​ប្រយោគ​ឱ្យ​យល់​ការ​រាក់​ជ្រៅ​ គួរ​ឬ​លោក​ខំសាង​តាំង​ទុក​នៅ មក​សត្រូវ​បំផ្លាញ​របស់​លោក ។ គន់ៗស្ថាន​ស្ពាន​ថ្មត​ប្រជិត ជា​ក្តារ​ថ្ម​ដាស​ដិត​ប្រកិត​គោក ​ទោះ​ដំរី​បរ​ជាន់​ក៏​គ្មាន​យោក ឥឡូវ​ជ្រោក​ស្រុត​ខ្លះ​តែ​ដើរ​បាន ។ បង្កាន់​ដៃ​ឆ្នៃ​រូប​វា​សុក្រី[២៦] ដប់​សិរសី​ដូច​ស្និត​ជិត​ជុំ​ប្រាណ លើក​ពពារ​ឡើង​ពភ្លាក់​ហាក់​ហៅ​ហាន សម្ដែង​ប្រាណ​ប្រួញ​រូប​ជា​មួយ​គ្នា ។ មើល​នាគ​រាជ​អង់​អាច​អំណាច​ស្ញែង ខ្លួន​ក៏​វែង​ក្បាល​ក៏​វក់​តាម​ទ្វារា លូន​លើ​ស្ពាន​មាន​ជើង​កល់​គង្គា កន្ទុយ​បែក​ញែក​គ្នា​តាម​ធ្លា​ផ្លូវ ។ ឱរូប​វា​សុក្រីឥត​ក្រែង​គ្រុឌ តាំង​សម្តែង​ឫទ្ធិ​រុទ្រ​ត​សត្រូវ ប្រសិន​គ្រុឌ​មក​យល់​យ៉ាង​ពុំ​នៅ គង់​ស្ទុះ​ទៅ​ជ្រក​ក្នុង​កសិណ​​នេះ ។ នាគ​អើយ​នាគ​បាសា​ណ​បុរាណ​សាង ពី​ដើម​យាង​ល្អ​ឯក​ដូច​ម្តេច​អេះ ឥឡូវ​នាគ​ងាក​ធ្លាក់​បាក់​របេះ ឃើញ​តែ​រាង​យ៉ាង​នេះ​អស់​លម្អ ។ ខ្លួន​ក៏​ឃ្លាត​ក្បាល​ក៏​ឃ្លៀង​ទៅ​ដោយ​ខ្លួន ឃើញ​តែ​ក្បួន​ជើងទៀន​ប្រចាំ​ទ្រ ស្តាយ​អើយ​ស្តាយ​ស្នា​ដៃ​លោក​តែង​មក៍ មិន​តាំង​គ​ថា​វរៈឱ្យ​វែង​ទៅ ។ ឱអនិច្ចា​សង្ខារ​នាគាថ្ម ហ្មាយ​ត​ស្ថិត​ស្ថេរ​ចីរ​កាល​នៅ នេះ​ពុំ​ទាន់​ប៉ុន្មាន​មក​ហ្មង​សៅ មក​រុស​រាយ​ធ្លាយ​ទៅ​ទី​ទៃ​ផ្តាស ។ មែន​ហ្ន៎​សព្វ​សង្ខារ​ក្នុង​លោកិយ ​មិន​ថា​អ្វី​តែ​កើត​មក​គង់​វិនាស ​ចុះ​ត្រៃ​លក្ខណ៍​ជាក់​យ៉ាង​ពុទ្ធ​ប្រកាស សង្ខារ​ចាស់​គង់​ផ្តាស​ទៅ​ទី​ទៃ ។ អម្បាល​ថ្ម​គង់​ប្រេះបេះ​បាន ចំណង់​បើ​រូប​ប្រាណ​យើងសព្វ​ថ្ងៃ នឹង​មាន​ជាតិ​ខ្លឹម​សារ​ឯណា​នៃ គង់​បន្លែ​ដោយ​ដៃ​រោគ​បិណ្ឌា ។ កើត​ជា​កាយ​គង់​ធ្លាយ​សូន្យ​​ជីវី បំពេញ​ព្រះ​ធរណី​តែ​រាល់​គ្នា គួរ​នឿយ​ណាយ​បង្អន់​ភ្លើង​លោភា យក​នាគា​នគរ​វត្ត​សង្កត់​កាយ ។ ខ្ញុំ​ពិនិត្យ​គិត​ផ្លូវ​ព្រះ​ត្រៃ​លក្ខណ៍ ​ចិត្ត​មិន​ធ្លាក់​ឱ្យ​ចំអារម្មណ៍​ហ្មាយ នៅ​តែ​ស្ទុះ​ម្តងៗដល់​ឆោម​ឆាយ ព្រោះ​ឃ្លាត​ឆ្ងាយ​ក្រែង​ឃ្លៀង​លម្អៀង​ទៅ ។ ឱចិត្ត​ខ្ញុំ​លោកិយ​ដូច​ពានរ មិន​ដែល​ឈឹង​នឹង​ឈរ​ឱ្យ​នឹង​នៅ ឃើញ​ឯណេះ​នឹក​ឯណោះ​មិន​ចុះ​ផ្លូវ ថា​តែ​ក្រៅ​ក្នុង​មិន​ត្រាច់​ភ្លេច​ក្តី​ត្រេក ។ លុះ​ដើរ​ដល់​រោង​ទង​ខ្លោង​ទ្វារ​ប្រាង្គ របៀង​ខាង​យ៉ាង​ខណ្ឌ​កន្សែង​យ៉ែក តួ​កណ្តាល​មុខ​ដាច់​ជា​បួន​​ប៉ែក មាន​យ៉​សែក​បែក​ចុះ​ជា​ពីរ​ផ្លូវ ។ ប្រាង្គ​កណ្តាល​មាន​រូប​ទេព​សិលា គឺ​អ្នក​តាម​​ហារាជ​ប្រចាំ​នៅ បួន​ព្រះ​ករ​កាន់​គ្រឿង​ភ្លឺ​សន្ធៅ​ មើលៗទៅ​គួរ​សម្បើម​ស្បើម​មហិមា ។ ពួក​អ្នក​ព្រៃ​រាប់​អាន​ជា​ទេព្រក្ស យក​ក្រដាស់មាស​ប្រាក់​អុជ​បូជា បន់​អ្នក​តាមហារាជ​រឿង​ឫទ្ធា សូម​ឱ្យ​កើត​លាភា​ស្រី​សួស្តី ។ ខ្ញុំ​យល់​រូប​អ្នក​តា​ហត្ថា​សាយ ទំនង​ព្រះ​នារាយណ៍​រឿង​រង្សី ព្រោះ​បុរាណ​រាប់​អាន​ព្រះ​សូលី ឥសូរាធិបតី​តាំង​ជា​មុខ ។ ពួក​អ្នក​ព្រៃ​ពុំ​ស្គាល់​យល់​អំណាច នាំ​គ្នា​ហៅ​មហារាជ​ទៅ​ទាំង​ស្រុក ឱព្រះនារាយណ៍​រឿង​តេជវិសេសសុខ ផ្លាញ​វា​មារទ​សមុខ​បាន​សុខា ។ មើល​ដំណាក់​ប្រាង្គ​ដាក់​ព្រះ​នារាយណ៍ កំពូល​បាក់​ធ្លាក់​ធ្លាយ​ធ្លុះ​សុរិយា ឥឡូវ​មាន​គេ​ធ្វើ​ជា​បញ្ជា ប្រក់​ក្បឿង​យើង​ធម្មតា​ការ​ភ្លៀង​ខ្យល់ ។ ទ្វារ​ខាង​ត្បូង​មាន​គ្រឹះ​ឫស​ដល់​ដី បរ​រទេះ​សាលី​ទាំង​សកល ទោះ​ដំរី​ទាំង​កូប​ក៏​ឥត​ទាល់ ចុង​ផ្លូវ​ដល់​មុខ​នាគ​ជា​ដើម​ព្រត្រ ។ ផុត​រោង​ទង​រំលង​ខ្លោង​ទ្វារ​ប្រាង្គ ​លោក​សំអាង​សាង​ជា​កំពែង​ពទ្ធ តាមកសិណ​ឡោម​ជុំ​នគរ​វត្ត ​លោក​កំណត់​ទ្វារ​ចេញ​ជាបួន​ដាន ។ ចូល​ទ្វារ​ប្រាង្គ​ចេញ​ខាង​ទិស​បូព៌ា មាន​ថ្នល់​ធ្លា​ទៅ​ត្រង់​មុខ​ព្រះ​លាន លោក​វិចិត្រ​ដោយ​ថ្មក​ជា​ស្ពាន សងខាង​មាន​រូប​នាគ​បង្កាន់​ដៃ ។ រយៈ​ផ្លូវ​សិន​មួយ​មាន​ផ្លូវ​ញែក ជា​ពីរ​ប៉ែក​ចែក​ចុះ​ទៅ​ទី​ទៃ ដល់​កណ្តាល​មាន​ប្រាង្គ​ខាង​ស្តាំ​ដៃ ពួក​អ្នក​ព្រៃ​ហៅ​ថា​រោង​ក្រយា ។ ប្រាង្គ​ខាង​ធ្វេង​គេ​ហៅ​រោង​ចំណី មើល​គួរ​បី​សម​ពាក្យ​អ្នក​ព្រៃ​ថា មាន​ផ្លូវ​ចុះ​ពី​ថ្នល់​ដល់​ដូច​គ្នា តែ​ឥឡូវ​ទៅ​ជា​ព្រៃ​ដុះ​ជិត ។ រោង​ព្រះ​ស្ងោយ​ធ្វើ​ដោយ​សិលា​ភ្នំ តាំង​ជា​មុម​មុខ​បី​ជា​បី​ស្និត ឥត​កំពូល​មាន​ដំបូល​លោក​វិចិត្រ យ៉ាង​សង្ខិត​ឥត​កិត​ភាព​ស្មើ​ផ្ទៃ ។ ឱរោង​គ្រួ​មិន​គួរ​មក​ធ្លុះ​ឆ្ងាយ បាក់​ខ្ចាត់​ខ្ចាយ​អន្តរាយ​ដោយ​ពួ​រជ្រៃ គ្រាន់​នឹង​​ចូល​​ទៅ​មើល​ក៏​ស្តុក​ក្រៃ សែន​អាល័យ​ស្តាយ​រោង​ខូច​អសារ ។ លុះ​ដើរ​ដល់​មណ្ឌល​​ផ្ទះ​បារាំង ​លោក​មក​តាំង​កសាង​ប្រាង្គ​ថ្ម​ដា ឈ្មោះ​មោន​សៀរ​កុម្ម៉ៃ​ជា​មេ​ការ ចៅ​ភ្នាក់​ងារ​ទទួល​ជួស​ប្រាង្គ​ណ៍ស្ថាន ។ លោក​ឱ្យ​ជីក​អាចម៍​ដី​ដែល​លុប​ថ្នល់ ដរាប​ដល់​គ្រីះ​ថ្នល់​ពី​បុរាណ ថ្ម​ឯណា​ដែល​បាក់​ធ្លាក់​ចាក​ស្ថាន លោក​ឱ្យ​ដាក់​តាម​ដាន​សណ្ឋាន​ចាស់ ។ លោក​មោន​សៀរ​កុម៉្មៃ​ដៃ​បារាំង យក​សី​មាំង​លាប​ផ្ទាប់​ដូច​ក្រដាស ឯណា​ស្លែ​ចាប់​ខ្លាំង​មើល​មិន​ច្បាស់ លោក​ឱ្យ​លាង​បោស​ច្រាស​សម្អាត​ចេញ ។ ពួក​គូ​លី​ស៊ី​ឈ្នួល​ជួល​ធ្វើ​ការ កាប់​​ឈើ​រើ​ថ្ម​ដា​ដាក់​ពាស​ពេញ ​ខ្លះ​បោស​ធ្លា​ថ្នល់​រលីង​ឆិញ អ្នក​ចូល​ចេញ​មិន​មាន​ដិត​ធូលី ។ ខ្ញុំ​ដើរ​ដល់​យល់​ថ្នល់​លោក​សម្អាត ឃើញ​ពួក​ជាតិ​ខ្មែរ​យើង​ជា​គូលី នឹក​អាណិត​ជាតិ​ខ្មែរ​ក្រដល់​ទី ទទួល​ការ​គូលី​ស៊ី​ឈ្នួល​គេ ។ គន់​រូប​រាង​ទុព៌ល​ពោះ​កំប៉េះ សក់​ក្រញាញ់​ខ្មៅ​ក្រញេះឆ្អេះ​ដូច​ភេ ទាំង​ស្លៀក​ពាក់​សំពត់​ក៏​ខុស​គេ ឱ​ខ្មែរ​ទេ​ម្តេច​ខុស​នឹង​យើង​ម៉្លេះ ។ ឬ​ពួក​នេះ​ជា​ជាតិ​សំរែ​កួយ អ្នក​ងារ​សួយ​លេខ​វត្ត​នគរ​នេះ ឬ​ជា​ព្នងរ​​ដែ​គេ​កេណ្ឌ​អេះ បាន​ជា​ប្លែក​យ៉ាង​នេះ​គួរ​អនិច្ចា ។ លុះ​ដើរ​ដល់​មណ្ឌល​ទី​រាន​ហាល ថ្ម​ដា​ដាល​ក្រាល​សឹង​ក្តារ​សិលា ផ្ទៃ​ពី​ដី​ពេជ្រ​រួត​ត្របក​ផ្កា រៀប​ជា​សារ​ពើសូត្រ​[២៧]រួត​ថ្នាក់ៗ ។ មាន​សរសេរ​ថ្ម​ឈូក​ជា​ញក​ចេញ​ តាំង​ជុំ​វិញ​មាន​ក្បាច់​រំលេច​ដាក់ មាន​ជណ្តើរ​កាច់​ឡើង​ជា​ថ្នាក់ៗ​ បី​ប្រចក្ស​​ឡើង​ចូល​ព្រះ​ប្រាង្គ​ស្ថាន ។ ផ្ទៃ​រាន​ហាល​កាល​ដើម​បោះ​សំណ លុះ​តៗ​ដល់​យើង​អន្តរ​ធាន បាក់​សំណ​នៅ​តែ​ថ្ម​ក្រាល​ជា​លាន របៀប​រាន​រាប​ណែន​សែន​ភិរម្យ ។ គន់​ប្រាសាទ​ស្អាត​ប្រសើរ​ដំណើរ​ប្រាង្គ កំពូល​ប្រាំ​បួន​ខាងខ្ពស់​ត្រសុំ ឋាន​រួតៗ​រាល់​ជាន់​ជា​ពាន់​ជុំ ប្រាសាទ​ធំ​តាំង​កណ្តាល​ត្រដោម​ដុង ។ រួត​ពី​ដី​បី​ជាន់​រោងទង​ជុំ របៀង​មុម​មុខ​ដាច់​ក្បាច់​រលង់ ជា​ហួត​ហៀន​វៀន​វាំង​កញ្ចាំង​ចុង ឈូក​សម្យាក​ឆែក​សម្យុង​ជា​ខាន់ៗ ។ ក្បាច់​រង​ស្បូវ​ទេព​ប្រណម្យ​ដៃ​ប្រណីត​ លួស​ប្រកប​លាយ​ប្រកិត​ភ្ញី​វល្លិ​វណ្ឌ បៃ​រកា​បាំង​រកិត​ស្និត​រយ​ពាន់ របៀង​ខាន់​របៀប​ខាត់​ចាត់​ស្មើ​គ្នា ។​ ហោជាង​ឆ្លាក់​រូប​យក្ខ​ធាក់​ពានរ យុទ្ធនា​វឹក​វរ​ជា​កោលា រូប​រាហូ​បៀម​ហៀន​ហង្ស​ពាំ​ផ្កា យក្ខ​ទេវតា​ទាញ​ព្រត្រ​​វាត់​គី​រិន្ទ ។ មេ​ក្រប​ទ្វារ​បង្អួច​ក្បាច់​របក លក​ក្រចក​ភ្ជាប់​មុខ​ដូច​គេ​មឹន ផ្ទៃ​ក្តារ​ផ្តែរ​ឆ្លាក់​រូប​រាជ​ទេ​វិន្ទ តយុទ្ធ​នឹង​អសុរិន្ទ​រាជ​ចិត្រា ។ ជញ្ជាំង​ទ្វារ​ឆ្លាក់​ជា​ទេព​របាំ ក្រាយ​លំនាំ​ឈរ​រាំ​ក្បាច់​កាច់​ផ្កា ខ្លះ​បួង​សក់​ខ្នក់​បី​ចង​ជ​ដា ខ្លះ​សំយាក​កេសា​សិត​ក្របាំង ។ ខ្លះ​ពាក់​មកុដ​កំពូល​បញ្ចសិង្គ​ របៃ​មុខ​ក្រឡឹង​ភាព​កញ្ចាំង សូរង​កង​អង្កន់​ព្រះ​ហត្ថំ ស្លៀក​សម្លុយ​ថ្នក់​បាំង​ក្រោម​នាភី ។ ចង្កេះ​រៀវ​ជង្គង់​​រ៉ាប់​មួយ​ក្តាប់​ដៃ មើល​វិសេស​សុទ្ធិ​វិស័យ​សម​ឥន្រ្ទិយ សុតន​ក្បំ​សម​ក្បួននួន​មាលី ភាព​នរេត​ភេទ​នារី​ទី​ស្នេហា ។ មាន​ប្រុស​យើង​ភ្លើង​រាគ​វា​រោល​ខ្លាំង ទៅ​អង្អែល​ “មំសំ” នាង​សិលា ​ឡើង​រលង់​សឹក​រលីង​ទាំង​រូបា គេ​សញ្ញា​ហៅ​ថា​ស្រី​មាន​លក្ខណ៍ ។ មើល​មណ្ឌល​រោង​ទង​ទំនង​ស៊ុម ជញ្ជាំង​ជុំ​សឹង​ជិត​ជា​ចម្លាក់ ជា​រូប​រឿងរាម​កេរ្តិ៍​គឺ​រាម​លក្ស្មណ៍ ច្បាំង​នឹង​យក្ខ​ក្រុង​រាពណា​សូរ ។ ស្វា​ប្រចាក់​យក្ខ​ប្រចាប់​រ៉ាប់​រង​គ្នា ស្វា​ក្រទី​យក្ខ​ក្រទាកាប់​​ផ្លាស់​ប្តូរ យក្ខ​ប្រជិត​ស្វា​ប្រដាប់​ចាប់​កំពូល ​ស្វា​ប្រដាល់​យក្ខ​ដួល​ដេក​ក្សិណ​ក្ស័យ ។ គន់​គំនូរ​រឿង​រាម​សង្រ្គាម​យក្ខ ជា​អនគ្ឃ​មើល​អនេក​អនន្ត​ក្រៃ ជ្រុង​ទក្សិណ​គូរ​កាល​សហស្ស​ន័យន៍ ​គង់​នៅ​ឰ​កៃ​លាស​វិមាន​ចន្ទ ។ កៃ​លាស​ផ្អៀង​ឆៀង​ធ្លាក់​ព្រះ​សូលី ប្រើ​ក្រុង​រាពណ៍​អសុរីរាជ​កុម្ពណ្ឌ ដៃម្ភៃ​មុខ​ដប់រូប​សកន្ទ ឱ្យ​តម្រង់​ប្រាង្គ​ចន្ទកៃលាស​ស្ថាន ។ រាព​ណា​នេរ​មិត្រ​ឫទ្ធិ​សាហ័ស តម្រង់​ភ្នំកៃលាស​​ឡើង​ត្រង់​បាន ​ព្រះ​ឥសូរ​ក៏​ទ្រង់​ព្រះ​រាជ​ទាន នាង​មណ្ឌោក​ល្យាណ​ជា​ភរិយា ។ ផ្ដែរ​ខាង​បូព៌ា​គូរ​កាល​សុគ្រីព​យំ អង្វរ​អង្គ​ព្រះ​បរមរាមា ឱ្យ​ជួយ​ផ្លាញ​ជីវិត​នៃ​ស្តេច​ស្វា ក្រុង​ពាលី​ជេដ្ឋា​បច្ចា​មិត្រ ។ ព្រះរាម​រ៉ាប់​ចាប់​ធ្នូរ​ប្តូរ​ប្លែង​សរ បាញ់​ពានរ​ពាលី​សូន្យ​ជីវិត​ គូរ​ទាំង​ពួក​នារី​ស្រី​ស្នំ​ស្និទ្ធ​ សោក​អាណិត​សែន​អាណោច​ខ្មោច​ពាលី ។ ឯសុគ្រីព​ឫទ្ធិ​រុទ្រ​បុត្រ​សុរិយា ក៏សោកា​នៅ​ទៀប​ព្រះ​ទែន​ទី​ អញ្ជើញ​អង្គ​រាមា​ចូល​ធានី តាំង​ពីធី​លើក​សព​ពានរា ។ ឯជញ្ជាំង​ខាង​ត្បូង​គួរ​ព្យូហ​បាទ ដង្ហែ​អង្គនរនាថ​កេតុមាលា​ ​លើក​ជា​ក្បួន​ព្យូហយុទ្ធនា គ្រប់​ភាសា​ចូល​ពឹង​ព្រះ​បារមី ។ ខ្ញុំ​គន់​មើល​ព្រះ​កេតុគេបិទមាស គង់​លើ​អាសន៍​កណ្តាល​ពួក​សេណី សែន​រុង​រឿង​ថ្កើង​បុណ្យ​ព្រះ​ចក្រី ជា​​អស្ចារ្យ​​ផែនដី​សក​ល​អាយ ។ អង្គ​នេះ​ឬ​គឺ​ជា​បឋម​ក្សត្រ គ្រង​សម្បត្តិ​ឥន្ទបត្ត​វិសេស​សាយ ទ្រង់​សាង​ព្រះ​នគរ​វត្ត​ដ៏​ឆើត​ឆាយ ស្តេច​លើក​ថ្វាយ​ព្រះ​ពុទ្ធឃោសា ។ កាល​លោក​ទៅ​ចម្លង​ព្រះ​គម្ពីរ អំពី​រាជធានី​កោះ​លង្កា វិល​មក​ដល់​ប្រទេស​ខេមរា ចមក្សត្រា​និមន្ត​ឱ្យ​លោក​នៅ ។ លើក​ប្រាង្គ​នេះ​ប្រគេន​ជា​មណ្ឌល ​ទី​តម្កល់​ព្រះ​គម្ពីរ​គម្ភីរ​ជ្រៅ ពុទ្ធ​ឃោសាចារ្យ​លោក​គង់​នៅ បានជា​ហៅ​នគរ​វត្ត​ដោយ​កំណត់ ។ ព្រោះ​ប្រាង្គ​នេះ​ពី​ដើម​ជា​នគរ​ ដល់​ក្រោយ​ទ្រង់​សាទរ​ថ្វាយ​ជា​វត្ត ពួក​បុរី​នាំ​គ្នា​មក​សន្មត​ ហៅ​ប្រាសាទ​នគរ​វត្ត​តាម​បទ​មាន ។ ឱព្រះ​គុណ​ព្រះ​កេតុមាលា​ក្សត្រ ព្រះ​ទ័យ​កាត់​​ពុំ​ស្តាយ​ព្រះ​រាជ​ស្ថាន ថ្វាយ​ជា​វត្ត​សម្រេច​ស្តេច​ចេញ​ថ្កាន ទៅ​តាំង​ស្ថាន​ព្រៃ​ក្មេង​បេង​មាលា ។ ឥឡូវ​សូន្យ​ព្រះ​យស​ឈ្មោះ​បាត់​បង់ ឃើញ​តែ​រូប​ព្រះ​អង្គ​គង់​ច្នេះ​ណា ខ្ញុំ​បាទ​យល់​សរ​សើរ​ព្រះ​ចេស្តា លើក​ហត្ថា​បង្គំ​គុណ​ក្សត្រ​ថ្លៃ ។ គន់​មើល​ព្រះ​កេតុមិន​ឆ្អែត​ក្តី​សន្ទិះ ឱប្រាង្គ​នេះ​មើល​ទៅ​ផុត​និស្ស័យ យើង​ឥឡូវ​គិត​ទៅ​អចិន្រ្តៃយ ​​មិន​គួរ​ទៅ​ជា​ព្រៃ​សូន្យ​អសារ ។ យ៉ាង​ពី​ដើម​មនុស្ស​ច្រើន​ចម្រើន​ចេះ បាន​ជា​ធ្វើ​ប្រាង្គ​នេះ​គួរ​អស្ចារ្យ ស្នា​ដៃ​ធ្វើ​មើល​ស្មើ​ព្រះ​ពិស្ណុការ ត​ថ្ម​ដា​ស្នូល​ដែក​សែក​គ្នា​ជាប់ ។ ចោះ​ក្នុង​ថ្ម​ត​ផ្ជិត​រលាយ​សាច់ ដល់​យូរ​មក​ដែក​រេច​ដោយ​ច្រែះចាប់ ​នៅ​តែ​ព្រង់​អ្នក​ព្រៃ​ប្រាជ្ញា​អាប់ ​ថា​ស្នាម​ម្រាម​ដៃ​ចាប់​មនុស្ស​បុរាណ ។ ខ្លះ​សង្ស័យ​ថា​ដៃ​ព្រះ​ឥន្រ្ទ​ប្រើ ឱ្យ​វិស្សកម្ម​ធ្វើ​ថ្វាយ​ក្សត្រ​ក្សាន្ត ខ្ញុំ​គន់ៗមើល​សព្វ​មន្ទីរ​ស្ថាន មិន​សម​ដៃ​មឃ​វាន​លោក​ធ្វើ​ឡើយ ។ ព្រះ​ឥន្រ្ទ​អ្វី​មក​ធ្វើ​មិន​ឱ្យ​ស្រេច ​មើល​ទៅ​ក្បាច់​ខុស​គ្នា​ណា​លោក​អើយ ខ្លះ​អាក្រក់​ខ្លះ​ល្អ​មិន​ស្មើ​ឡើយ បើ​ព្រះ​ឥន្រ្ទ​ធ្វើ​ហើយ​គង់​ស្មើ​គ្នា ។ មួយ​វិញ​ទៀត​វិស័យ​ទេព​និម្មិត​ ធ្វើ​ដោយ​ឫទ្ធិ​គិត​ថ្វាយ​ស្តេច​អង្គ​ណា តែ​ស្តេច​នោះ​លុះ​អស់​ព្រះជន្មា ទី​និម្មិត​ទៅ​ជា​ផែន​ដី​វិញ ។ នេះ​ប្រាសាទ​នគរ​នៅ​ជា​គឺ នឹង​ថា​ឫទ្ធិ​នោះ​ឬ​យ៉ាង​នេះ​មិញ បើ​ឫទ្ធិ​មែន​ម៉្លេះ​សម​រលីង​ឆិញ ទី​នេះ​មិញ​ក៏​ពេញ​ទៅ​ដោយ​ព្រៃ ។ សង្ស័យ​ថ្វី​នឹង​ដុំ​ថ្ម​ធំៗ គេ​លើក​យក​ទៅ​ផ្គុំ​បាន​ទាំង​ផ្ទៃ គឺ​គេ​ប្រើ​ដោយ​យន្ត​រ៉ក​រវៃ នឹង​បាន​ប្រើ​ដោយ​ដៃ​នោះ​ក៏​ទេ ។ វិស័យ​ជាង​គេ​ចេះ​គ្នា​គេ​ច្រើន ស្តេច​ចម្រើន​ដោយ​បុណ្យ​ពី​បុព្វេ នឹង​ធ្វើ​អ្វី​ក៏​ស្រេច​ចំណេះ​គេ កុំ​ទៅ​គ្នេ​រ​ថា​អង្គ​ព្រះ​ឥន្រ្ទ​សាង ។ មាន​អ្នក​ខ្លះ​ចូល​ចិត្ត​ថា​ដី​ពិត គឺ​គេ​ដុត​យ៉ាង​ឥដ្ឋ​ជា​ថ្ម​ប្រាង្គ ព្រោះ​ឃើញ​ទីកសិណ​ដ៏​នៅ​ខាង ទំនង​យ៉ាង​យក​ដី​កសិណ​នោះ ។ ឱហ្ន៎​ជាតិ​អ្នក​ខ្លៅ​ដៅ​មិន​ចំ ម្តេច​មិន​មើល​បែប​ពុម្ព​តូច​ធំ​ច្នោះ មែន​បើ​ដី​គេ​ធ្វើ​មាន​ពុម្ព​នោះ គង់​ប៉ុន​គ្នា​អស់​នោះ​មិន​ច្នោះ​ឬ ។ នេះ​មិន​មែន​ប៉ុន​គ្នា​ជា​បែប​ពុម្ព ខ្លះ​ក៏​ធំ​ខ្លះ​ក៏​តូច​នៅ​ជា​គឺ បុរាណ​អ្វី​ឆោត​ម៉្លេះ​មិន​ដែល​ឮ មក​ប្រឹង​ធ្វើ​ដុំ​ធំ​ឱ្យ​ធ្ងន់​ក្រៃ ។ បើ​យ៉ាង​ថ្ម​បាយ​ក្រៀម​នោះ​យល់​មែន ព្រោះ​ផ្ទៃ​ផែន​ស្មើ​គ្នា​ទាំង​អស់​នៃ ​ឯ​ថ្ម​ភក់​អ្នក​ស្រុក​កុំ​សង្ស័យ គឺ​ស៊ី​ម៉ងត៍​ថ្ម​ព្រៃ​យក​ពី​ក្រៅ ។ បើ​មិន​ជឿ​អញ្ជើញ​ទៅ​មើល​ដាន ភ្នំ​ខាង​លើ​សឹង​មាន​ចំណាំង​នៅ​ ទាំង​ថ្ម​ហ៊ុប​ថ្ម​ដាប់​គរ​តាម​ផ្លូវ មាន​គេ​ទៅ​បាន​ឃើញ​ជា​អស្ចារ្យ ។ ខ្ញុំ​គន់​មើល​គំនូរ​គូរ​ជញ្ជាំង លើស​កម្លាំង​នឹង​តែង​ឱ្យ​ពិស្តារ វិល​ត្រឡប់​ទៅ​មើល​ជាន់​កណ្តាល ឃើញ​ព្រះ​រោង​ជ្រះ​ច្រាល​ក្រ​សាល​លន់ ។ ជើង​សសរ​ឆ្លាក់​រូប​ឥសី​សិទ្ធ អង្គុយ​បត់​ជើង​បិទ​ប្រសិទ្ធមន្ត ផ្ទៃ​សសរ​មាន​អក្សរ​ប្រកាស​បុណ្យ ឱ្យ​មហា​ជន​មើល​ដឹង​ដំណឹង​ទី ។ មាន​សករាជ​ក្នុង​រាជ​ស្តេច​ជាន់​ក្រោយ ​ទ្រង់​អំណោយ​សាង​ព្រះ​សាង​គម្ពីរ បាន​លែង​មនុស្ស​ជា​ខ្ញុំ​ថ្វាយ​ព្រះ​មុនី តាំង​សញ្ញី​ឈ្មោះ​ទុក​នៅ​មុខ​ព្រះ ។ លើ​ពិតាន​ធ្និម​ខាត់​ចាត់​ក្បាច់​ផ្កាយ ឈូក​សា​រាយ​លាយ​លយ​លក​ល្បះៗ គ្រឹះ​​ប្រដាប់​បួន​ប៉ែកចែក​​ស្រឡះ ចន្លោះ​ជ្រុង​មាន​ស្រះ​ជា​បួន​​ដាន ។ ឯ​ស្រះ​នោះ​មាន​ដក់​ទឹក​ភ្លៀង​ស្អាត មច្ឆ​ជាតិ​អាស្រ័យ​នៅ​ជា​ស្ថាន ឥត​ចក​ញ្រំ​ស្មៅ​ព្រៃ​ភក់​ផង់​គ្មាន​ ផ្ទៃ​សណ្ឋានបួន​​ជ្រុង​ស្មើ​ភាគ​គ្នា ។ លោក​ប្រដាប់​ដោយ​ថ្ម​ដល់​បាទ រលីង​ស្អាត​សឹង​រួត​ហួត​ពេ​ជា មាន​កើយ​កែវ​ជណ្តើរ​ចុះ​គង្គា មើល​ហាក់​ជា​ស្ថាន​ជ្រៅ​អណ្តូង​ជ្រោះ​ ។ ខ្ញុំ​យល់​ត្រី​សង្ស័យ​ហ្វូង​មច្ឆា មក​ពី​ណា​ទៅ​មាន​ក្នុង​ស្រះ​នោះ ស្រះ​លើ​ប្រាង្គណ៍​​ផុត​ជាតិ​ផែន​ដី​សោះ នឹង​មាន​ជ្រោះ​ហូរ​ជ្រាប​ក៏​គ្មាន​មុខ ។ ត្រី​ពួក​នេះ​ឧប្បត្តិ​​ក​កើត​ឯង​ឬ មួយ​គឺ​គេ​យក​មក​លែង​ទុក ខ្ញុំ​ពិគ្រោះ​ពុំ​ឃើញ​មាន​ទំនុក សែន​ជា​ទុក្ខ​នឹង​ត្រី​ពេញ​អស្ចារ្យ ។ នឹង​មាន​អ្វី​ជា​ចំណី​អាស្រ័យ​បាន ចក​សារាយ​ក៏​គ្មាន​ជា​អាហារ មាន​តែ​ល្លែ​ដុះ​ជាប់​តាម​ថ្ម​ដា មើល​អាការ​ស្រះ​នោះ​ជា​រណ្តៅ ។ មាន​រោង​ទាំងមបួនមុម​ជុំ​ស្រះ​ស្រង់ ខ្នង​បង្កង់​ជាប់​គ្នា​ជាបួន​​ផ្លូវ ​ទ្វារ​ឧត្តរ​មាន​ជ្រុង​ក្នុង​យាង​ជ្រៅ នរណា​ទៅ​គោះ​ទ្រូង​ឮ​សូរ​គង ។ មាន​អា​ការ​អស្ចារ្យ​ទី​នោះ​ម៉្លេះ បុរាណ​រិះ​ចេះ​ធ្វើ​មាន​ទំនង ផ្ទៃរាប​ស្មើ​ពុំ​មាន​អ្វី​រង គោះ​តែ​ទ្រូង​ឮ​គង​សូរ​លាន់ៗ ។ រោង​ខាង​ត្បូង​តម្កល់​ព្រះ​បដិមា ពុទ្ធ​បាទ​សាស្តា​ហៅ​ព្រះ​ពាន់ អង្គ​ខ្លះ​ឈរខ្លះ​គង់​សង្រួម​ខន្ធ មាន​អរ​ហន្ត​គង់​គាល់​ទាំង​ឆ្វេង​ស្តាំ ។ អង្គ​ព្រះ​ខ្លះ​ពិការ​បាត់​សូរង នៅ​តែ​ដង​អង្គ​កាយ​គង់​ប្រចាំ ព្រះ​ខ្លះ​ឈរ​កណ្ឌៀ​វា​ស៊ី​សាំ បែក​ព្រះ​កាយ​បាក់​ព្រះ​កាំ​ស្រាំ​ព្រះ​ករ ។ មុខ​ស​ថូប​មាន​រូប​ចក្រ​ពង្ស ពីរ​ព្រះ​អង្គ​គឺ​ព្រះ​កេតុ​ចៅ​នគរ គង់​ប្រណម្យ​បង្គំ​លើក​ព្រះ​ករ ឳន​ស្មោះ​សរ​ត​គុណ​ព្រះ​ជិន​ស្រី ។ តែ​រូប​ព្រះអង្គ​មួយ​ដែល​ទ្រង់​គ្រឿង​ ពាក់​ជ​ដារុង​រឿង​រឿង​រង្សី ខ្ញុំ​ពុំ​ស្គាល់​ព្រះ​នាម​ជា​ស្តេច​អ្វី​ គ្មាន​​ចារឹក​នឹង​ស្តី​ថា​ស្តេច​ណា ។ គន់​ព្រះ​រូប​ចិត្ត​រួញ​កង្កួញ​ក្រាប សិរោ​រាប​បង្គំ​​ព្រះ​សាស្តា​ សូត្រ​សរ​សើរ​ពុទ្ធ​គុណ​អនន្តា ស្រេច​ទើប​លា​ឡើង​ទៅ​ជាន់​ទី ៤ ។ ឋាន​ខាង​លើ​លោក​ធ្វើ​ជា​ផ្ទៃ​រាន ជួរ​ជុំ​មាន​សសរ​ចេញ​ដោយ​ខ្លួន សឹង​ក្រឡឹង​ជើង​ទៀន​ដ៏​មាំ​មួន មើល​សំនួន​ប្រមាណ​ជា​រយ​ប្លាយ ។​ ខាង​ឆ្វេង​ស្តាំ​មាន​កឹង​ទាំងពីរ​ដាច់​ប្រកប​ក្បាច់​ក្នក់​ហៀន​និង​លួស​លាយ តួ​កឹង​នោះ​ឥឡូវ​បាក់​ធ្លាក់ធ្លាយ ​គួរ​តែ​ស្តាយកឹង​ថ្ម​អន្តរ​ធាន ។ មើល​បរិវេណ​ចង្វាត់​ព្រះ​ប្រាង្គណ៍​ធំ រោង​ទង​ជុំ​តាម​ជាន់​គ្រប់ៗ​ដាន មាន​ញក​ញោច​រួត​ពេជ្រ​តាម​សណ្ឋាន លើស​ប្រមាណ​នឹង​វាស់​កត់​និយម ។ គន់​ទី​បួនប្រាង្គ​បួន​ចតុរស កំពូល​ខ្ពស់​ស្មើ​គ្នា​ទាំងបួន​មុម ខ្ញុំ​ក៏​ឡើង​ជាន់​ប្រាំ​​ប្រាសាទ​ធំ ខ្ពស់​ត្រសុំ​មើល​ត្រសែត​អណ្តែត​ចិត្ត ។ ភាព​ជណ្តើ​រ​ឡើង​ទៅ​ក៏​ខ្ពស់​ចោទ កាំ​នោះ​សោត​តូច​ៗជាន់​មិន​ស្និត បង្កាន់​ដៃ​ពុំ​មាន​នឹង​យោង​យិត ​ខំក​ខិត​ឡើង​ទៅ​ត្រា​តែ​ដល់ ។ គន់​ជណ្តើរ​ឡើង​ទៅ​ប្រាំបួន​​ស្ថាន ក្នុង​មួយ​​ជាន់​ពីរៗ​ជុំ​មណ្ឌល មាន​រួត​ថ្នាក់​ល្បាក់​ញក​លោក​តម្កល់​ ជា​ពើង​ទល់​ទាល់​ដល់​បង្កាន់​លើ ។ តួ​ប្រាង្គ​ទាំង​ប្រាំ​យ៉ាង​ចេតិយ​ រួត​ប្រាំបួនជ្រុង​ប្រាំបី​ជា​ស្មើៗ ខឿន​ប្រដាប់​ពេជ្រ​រួត​ច្រើន​អន្លើ ​ត្របក​ស្មើ​ជ្រុង​មុម​ទាំង​​បួនដាន ។ មាន​ទ្វារ​ចូល​៤​ទិស​តែ​គេ​ទាស់ បិទ​ជិត​អស់​មិន​ឱ្យ​ចូល​ជិត​បាន ស្អាង​ជា​អង្គ​ព្រះ​ឈរ​ប្រតិស្ឋាន ប្រចាំ​ដាន​​គ្រប់​ទិស​ទាំង​បួន​​ទ្វារ ។ ខាង​ក្នុង​ប្រាង្គ​យ៉ាង​ដាក់​ព្រះ​មាស​ប្រាក់ ដែល​បែក​បាក់​ធ្លាក់​បង់អង្គ​ពិការ ឬ​របស់​ឯណា​ជា​ខ្លឹម​សារ ក្រែង​ពួក​ចោរ​ពួក​មារ​វា​យា​យី ។ លោក​មោន​សៀរ​កុម្ម៉ៃ​ចៅ​ភ្នាក់​ងារ ឱ្យ​ជាប់​ទ្វារ​ខាង​ត្បូង​រូប​ព្រះ​ជីវ៍ ​រម្លើង​អង្គ​ព្រះ​ទ្វារ​ចេញ​ចាក​ទី រើ​យក​ព្រះ​ខ្ទេច​ខ្ទី​ពី​ក្នុង​ប្រាង្គ ។ ខ្ញុំ​យល់​អង្គ​ព្រះ​ទ្វារ​គេ​ដាប់​ផ្ដាច់​ បាក់​សូ​រង​រូប​ខ្ទេច​មិន​យល់​រាង នឹក​សង្វេគ​ព្រះ​ទ្វារ​គេ​រំលាង ផុត​រ​វាង​សាសនា​​ព្រះ​ទ្វារ​ហើយ ។ ព្រះ​ទ្វារ​ទាំង​​បី​​លោក​គង់​សុខ ​ពុំ​មាន​ទុក្ខ​ដូច​អង្គ​ព្រះ​ត្បូង​ឡើយ ឱព្រះ​ត្បូង​ពី​ថ្ងៃ​នេះ​ទៅ​ហើយ រម្លត់​ខន្ធ​កាន់​ត្រើយ​និញ្វន​ហោង ។ ខ្ញុំ​ខំ​ចូល​ទៅ​មើល​កន្លែង​គុក ដែល​គេ​តាំង​ព្រះ​ទុក​ពុំ​ឱ្យ​ហ្មង មើល​មិន​ច្បាស់​ព្រោះ​ជះ​ក្លិន​ម្តងៗ គឺ​ប្រចៀវ​ខ្ញៀវ​កង​វា​ឧច្ចារ ។ ទើប​លា​ថយ​ចុះ​មក​គ្រឹះ​ធរណី មើល​ពួក​ខ្មែរ​គូលី​គេ​ធ្វើ​ការ​ ជញ្ជូន​យក​អាចម៍​ដី​គឺ​ឧច្ចារ​ ចេញ​តាម​ទ្វារ​ទិស​បូព៌​បង្ហូរ​គ្នា ។ គន់​មណ្ឌល​ព្រះ​ប្រាង្គ​យ៉ាង​ល្បោលៗ ពេល​ក្របី​ចូល​ក្រោល​អស់​សុរិយា ខ្ញុំ​នាំ​គ្នា​ចុះ​មក​កាន់​ពសុធា ទៅ​រក​ទី​និទ្រា​​នា​រាត្រី ។ លុះ​ព្រឹក​ឡើង​ជា​ថ្ងៃ​មួយ​ដណ្តប់ តិត្ថីជូន​គម្រប់​ថ្ងៃ​សៅរី​​ លោក​ចៅ​ហ្វាយ​ក៏​ដល់​មណ្ឌល​ថ្មី ចែង​សេចក្តី​ថា​ថ្ងៃ​នេះ​ហ្លួង​ដល់ ។ ខ្លួន​លោក​មក​ជា​មុន​ដោយ​ប្រញាប់ ន្អាល​នឹងមក​ចាត់​រ៉ាប់​ឯមណ្ឌល ស្តេច​នឹង​យាង​មក​តាម​វិថី​ថ្នល់ កំណត់​ម៉ោងដប់មួយ​ដល់​ព្រះ​ពន្លា ។ លុះ​និយាយ​បាន​តិច​លេច​កៅ​រី ​ជិះ​ពា​ជី​មក​ដល់​ចែង​កិច្ចា ជម្រាប​លោក​សក្តិ​បី​​រាជ​អាជ្ញា ​ថាឱ្យ​រៀប​ព្រះ​ពន្លា​ស្តេច​ដល់​ឆាប់ ។ លោក​សក្តិបីឮ​ច្នោះ​ស្ទុះ​ម្នី​ម្នា ហៅ​ពួក​ក្រុម​យោធា​ជា​ប្រញាប់ ព្រម​ទាំង​ពួក​ខុន​ណាង​គ្រប់​សម្រាប់ ឱ្យ​រៀប​ខ្លួន​ឈរ​រ៉ាប់​ព្រះ​ចក្រី ។ ក្រុម​ទា​ហាន​ក៏​រៀប​ក្បួន​សៈ​លុត ឈរ​អាវុធ​វន្ទិ​យា​តាម​ថ្នល់​ថ្មី ពួក​អ្នក​ស្រុក​ក៏​ផ្អើល​ទាំង​ប្រុស​ស្រី មក​ចាំ​មើល​ចក្រី​មីរ​​ត្រៀប​ត្រា ។ ខ្លះ​ក៏​បី​កូន​តូច​ដឹក​កូន​ធំ អាតូច​យំ​អា​ធំ​យិត​ស្ទើរ​ដាច់​ស្មា ខ្លះ​ក៏​បាត់​ប្អូន​ឃើញ​បង​រក​គ្នា​ឆ្លា ខ្លះ​ឃើញ​យាយ​បាត់​តា​ហៅ​គ្នាស៊ាន ។ ខ្ញុំ​គន់ៗ​អ្នក​ព្រៃ​ចង់​តែ​សើច ត្រកូល​ខើច​មើល​ខាត​ខុស​សណ្ឋាន ទាំង​ស្លៀក​ពាក់​មិន​សម​នឹង​ខ្លួន​ប្រាណ ​សែន​រំខាន​ទាស់​ភ្នែក​ប្លែក​កន្លង ។ មាន​យាយ​ចាស់​ខ្លះ​នោះរូប​ពព្លក់ ទៅ​ពាក់​អាវ​​តម្ពក់​ដូច​គេ​ចង ពាក់​អង្កាំ​ចារ​ស្ពាន់​ព័ន្ធ​កម្រង មើល​ម្តងៗចុះ​គន្លង​ព្នង​ពិតៗ ។ ឱ​អ្នក​ព្រៃ​តែង​តួ​ឥត​សំណុំ ពុំ​ចេះ​រៀប​ចេះ​ចំ​តាម​ចរិត គន់​អ្នក​ព្រៃ​មិន​អស់​ក្តី​អាណិត ហេតុ​តែ​ក្រពិតៗ​ទើប​យ៉ាង​នេះ ។ អនិច្ចា​អ្នក​ក្រ​ត្រដរ​មក ខំ​ប្របៀត​ជ្រៀត​ជ្រក​នឹង​គេ​ច្នេះ ខ្ញុំ​សម្ភេទ​បាន​តិច​លេច​ឃើញ​សេះ ក្រមការ​គេ​ជិះ​ជា​មគ្គុ​ទេសក៍ ។ ឃើញ​ព្រះ​ទីនាំង​រាជ​រថ​ពីរ​បវរ ទឹម​អស្សត​របរ​ចូល​ដល់​និវេសន៍ ​ទ្រង់​យាង​ចុះ​លោក​ធំ​បារាំង​សែស គំនាប់​តាម​ប្រទេស​វេណី​ក្រៅ ។ នាយ​ទាហាន​ក៏​ស្រែក​ក្បួន​សៈ​លុត ចាប់​អាវុធ​វន្ទី​យាបញ្ឈរ​នៅ ពួក​នាហ្មឺន​ឱន​កាយ​បង្គំ​ទៅ ទ្រង់​រាប់​ផ្លូវ​បដិសណ្ឋារា ។ លោក​សក្តិបីទទួល​ទី​រ៉ាប់​រង ជា​បាឡាត់​ទូល​ស្នង​ការ​នានា គំនាប់​ស្រេច​​​ឡើង​កាន់​ព្រះ​ពន្លា អស់​ព្រះ​ពញាហែ​ឡើង​ដំណាក់​ស្ថាន ។ ដល់​ព្រះ​ទែន​ស្តេច​ទ្រង់​គង់​កៅ​អី ​លោក​សក្តិ​បី​​អនុកូល​ទូល​រ៉ាយ​ង៉ាន រឿង​អ្នក​ទោស​ដែល​ចាប់​ពី​ក្រៅ​ស្ថាន កាល​ពី​ស្រុក​មោះ​មាន​អាចោរ​ខ្មាំង ។ លោក​ឱ្យ​ចាប់​ទាំង​ជា​ទាំង​កាច​មក ព្រោះ​ប្រាថ្នា​ដក​យក​ស្បៀង​កម្លាំង នៃ​អាចោរ​ទុច្ច​រិត​គិត​ត​តាំង កាត់​កម្លាំង​ពួក​ចោរ​មិន​ឱ្យ​នៅ ។ បាន​ជា​កៀរ​គ្រួ​មក​ព្រះ​ដំបង ដាក់​ទោស​តាម​ទំនងដែល​ហ្មង​សៅ ចាំ​ស្រុក​រាប​កាល​ណា​នឹង​លែង​ទៅ ដល់​ឥឡូវ​ស្រុក​ក្សាន្ត​បាន​សុខា ។ គួរ​មេត្តា​យ៉ាង​ណា​ស្រេច​តែ​ទ្រង់ ​ឬ​បង្អង់​​ឈប់​រង់​មើល​ក្សិណរ៉ា ព្រះ​ចម​យស​ជ្រាប​ច្នោះ​ទ្រង់​មេត្តា ​ឱ្យ​លើក​កាត់​ទោសា​ពួក​អ្នក​ព្រៃ ។ សន្ទនា​បាន​តិច​តាម​នុសន្ទន៍ ​ឱ្យ​និមន្ត​ព្រះ​សង្ឃ​ចូល​ថ្វាយ​ជ័យ ជយន្តោ​ថ្វាយ​ពរ​ក្សត្រ​ថ្លា​ថ្លៃ​ តាម​និស្ស័យ​វេណី​ពី​បុរាណ ។ លោក​សង្ឃ​យើង​ព្រះ​ដំបង​ដប់​​អង្គ​គត់ វិន័យ​ធរ​ដើម​បទ​ជា​ប្រធាន រៀប​ព្រះ​អង្គ​ចូល​កាន់​ព្រះវាំង​ស្ថាន ទទួល​ក្តី​រាប់​អាន​តចក្រា ។ ទើប​ថ្វាយ​ព្រះជយន្តោ​ពរ​ភវ័ត ចម្រើន​រាជ​ពិភ័តមង្គលា លុះ​ចប់​ស្រេច​ស្តេច​ត្រាស់​សន្ទនា ឱ្យ​សង្ឃលា​ទៅ​ស្រុក​តាម​សម័យ ។ ព្រោះ​ក្រែង​ដាច់​វស្សាការ​សៅ​ហ្មង តាម​ទំនង​សត្តាហៈ​ប្រាំពីរ​​ថ្ងៃ លោក​សក្តិ​បី​ទទួល​ទូល​កែ​ខៃ សូម​អំណាច​ក្សត្រ​ថ្លៃ​ឃុំ​វស្សា ។ ចក្រពង្ស​ពុំ​ទ្រង់​អំណាច ព្រះ​ទ័យ​ខ្លាច​ក្រែង​ខុស​ក្នុង​សិក្ខា ​តែ​សត្តា​ហៈ​ព្រះ​ដំបង​ហួស​ហើយ​ណា ហ្លួង​នឹក​ថា​ក្រែង​លោក​ទើប​ដល់​ថ្មី ។ ពុំ​ជ្រាប​ហេតុ​ព្រះ​សង្ឃ​ព្រះ​ដំបង មក​នៅ​ចាំ​រ៉ា់ប់​រង​ព្រះ​ចក្រី តាំង​ពី​ខ្នើត​មួយ​​កើត​ចូល​តិត្ថី ដប់មួយ​សៅរី​ហួស​កំណត់ ។ សត្តាហៈ​បាន​តែ​ប្រាំពីរ​​ថ្ងៃ នេះ​ហួស​ផុត​និស្ស័យ​សិក្ខា​បទ ថ្ងៃ​ហ្លួង​ដល់ដប់មួយ​កើត​ប្រាកដ បើ​កំណត់​សត្តាហៈ​ហួស​បួន​ថ្ងៃ ។ ហេតុ​ដូច្នោះ​លោក​សង្ឃ​ព្រះ​ដំបង ដាច់​វស្សា​ហើយ​ហោង​កុំ​សង្ស័យ ខ្ញុំ​ឮ​ដូច្នោះ​អាណិត​លោក​ពេក​ក្រៃ ​ឱម្ចាស់​ថ្លៃ​គ្រង​កឋិន​ឃើញ​ជា​ខាន ។ មួយ​អាណិត​តែ​លោក​វត្ត​និវេសន៍ ជា​ប្រទេស​មង្គល​បូរី​ស្ថាន ត្រូវ​ទោស​ខុស​កាល​ស្រុក​កើត​មោះ​មាន ពួក​ទាហាន​ចាញ់​ចោរ​វរ​ក​លិយុគ ។ លោក​ភ័យ​លោក​រត់​ទៅ​ណោង​បួ ដល់​ស្រុក​រាប​នោះ​គ្រួ​សិស្ស​វិល​ស្រុក ​លោក​រាជការ​ថា​លោក​នាំ​កលិយុគ ឱ្យ​ឃុំ​ខ្លួន​មក​ទុក​ព្រះ​ដំបង ។ ឃាំង​នៅ​វត្ត​ពី​ភិត​ជា​យូរ​ខែ ទម្រាំ​តែ​ផុត​ទោស​ដែល​មោះ​ហ្មង ​មិន​ដឹង​ជា​ថ្ងៃ​ណា​នឹង​រួច​ហោង សែន​មួ​ហ្មង​ចង់​វិល​ទៅ​វត្ត​វិញ ។ រក​ឱកាស​ពុំ​បាន​រំខាន​ចិត្ត សែន​អាណិត​គិត​ទៅ​គួរ​តែ​ម្នេញ​ លុះ​ឮ​ការ​ថា​ហ្លួង​ស្តេច​យាង​ចេញ ចាក​ភ្នំ​ពេញ​មក​​ភ្ជុំ​នគរ​វត្ត ។ បាន​ឱកាស​ដោយ​ចេះ​ក្បួន​រន្ទា កាំ​ជ្រួច​ភ្ញី​គោហៀស​ម្រែក​សត្វ​លោក​វត្ត​លៀប​មេ​ការ​ទី​បាឡាត់ លោក​ក៏​ចាត់​ឱ្យ​ទៅ​ជា​មួយ​ផង ។ ឱ្យ​លោក​ជួយ​ការ​ភ្ញី​ទី​ឆ្លង​បុណ្យ ថ្វាយ​ព្រះ​គុណ​ជា​គុណ​ព្រះ​ច្បាស់​ច្បង បាន​ឱកាស​នឹង​ទូល​សុំ​ទោស​ហោង នឹង​បាន​វិល​ទៅ​គ្រង​និវេស​ន៍​វិញ ។ លុះ​ឮ​ហ្លួង​ប្រោស​លែង​អ្នក​ទោស​បង់​ ទាំង​បាសក​លោក​សង្ឃ​ដូច្នោះ​មិញ មួយលោក​សង្ឃ​បី​​អង្គ​នៅ​ភ្នំ​ពេញ ឱ្យ​វិល​វិញ​មក​នៅ​តាម​ដើម​ដាន​ ចៅអធិការ​និវេស​ន៍​ក៏​ស្បើយ​ទុក្ខ មាន​ទឹក​មុខ​រីក​រាយ​សប្បាយ​បាន ថ្វាយ​ព្រះពរ​លា​អង្គ​ចមក្សត្រក្សាន្ត វិល​ទៅ​ស្ថាន​ទី​លំនៅ​នៃ​អាត្មា ។ ចម​រាជា​សន្ទនា​នឹង​ព្រះសង្ឃ លុះ​សុរិយង្គ​រះ​រេជ្រេ​ឆាយា សង្ឃ​ទាំង​ឡាយ​ក៏​ថ្វាយ​ព្រះ​ពរលា ព្រះរាជា​ទ្រង់​សោយ​ដោយ​សម័យ ។ ស្តេច​ទ្រង់​សោយ​ព្រះ​ស្ងោយ​វេលា​​ជ្រេ សូរេច​សោយ​សុរិយេ​ជ្រេ​សែង​ថ្ងៃ ទ្រង់​បន្ទំ​​សម្រាន្ត​ព្រះ​ហឫទ័យ ពួក​ខាង​ណៃ​ទាញ​ផ្លិត​ផាត់​ថ្វាយ​ទ្រង់ ។ សែន​កម្សាន្ត​ក្សាន្ត​ភិរម្យ​បរមនាថ ព្រះ​ពាយ​ផាត់​គន្ធ​ជាតិ​ពិដោរហ្វង់ មហោរី​ប្រគំ​បន្លែង​អង្គ ចក្រ​ពង្ស​ទ្រង់​ផ្ទំ​ភិរម្យ​ខ្វ័ន ។ លុះ​ទិនករចរ​បែរ​ជ្រេរស្មី ព្រះ​ចក្រី​តើន​ចាក​ទែន​សុវណ្ណ តែង​ព្រះ​អង្គ​ចេញ​គង់​ចុង​រោង​ចន្ទន៍ ពួក​កំណាន់​គាល់​រ៉ាប់​ស្តាប់​ឱង្ការ ។ អស់​ជំ​នុំ​មន្រ្តី​កុង្សីយ៍​ធំ មក​ដល់​ជុំ​ចាត់​ទី​តាម​មុខងារ ក្រុម​ប៉ូលិស​តាំង​នៅ​ប្រចាំ​ទ្វារ មើល​ត្រួត​ត្រា​រក្សា​សត្រូវ​ទ្រង់ ។ ពួក​ក្រុម​វាំង​លោក​វាំង​នាយ​ចាង​ហ្វាង ភ្នាក់​ងារ​ខាង​ស្តី​ការ​ស្នំ​ខាង​ក្នុង​ ក្រុម​តម្រួត​នាយ​ត្រួត​ព្រះ​ដំរង្គ លោក​ព្រះ​ស្តេច​ស្តី​ការ​​សង្ឃការី ។ អង្គរាជ​យម​រាជ​ក្រុម​មឿង សត្រី​រឿង​អាជ្ញា​ការ​ផែន​ដី ​ក្រឡាហោម​ចក្រី​ទីកុង្សីយ៍ ភ្នាក់​ងារ​ស្តី​តាម​ទីចតុស្តម្ភ ។ ឯខុន​ណាង​ខាង​ក្រៅ​ណក​​តំណែង ភ្នាក់​ងារ​តែង​​គ្រប់​មុខ​ទាំង​តូច​ធំ សឹង​ព្រម​ព្រៀង​នៅ​រៀង​រោង​ថែវ​ធំ តាម​ក្រុមៗ​ខ្ញុំ​ពុំ​ស្គាល់​ទេ​លោក​អើយ ។ គ្រាន់​នឹង​តែង​ឱ្យ​គ្រប់​ឈ្មោះ​អស់​លោក​  គិត​ប្រយោគ​ទៅ​ទៀត​ពុំ​បាន​ឡើយ ពេលក៏​ចួន​ចុះ​យប់​ព្រលប់​ហើយ ខ្ញុំ​ក៏​នឿយ​វិល​ទៅ​ទីនិទ្រា ។ ពេល​យប់​នោះ​ការ​ហ្លួង​ទើប​ដល់​ថ្មី ក្រុម​មន្រ្តី​សំរ៉ាក​តែ​រាល់​គ្នា ពុំ​ទាន់​មាន​រាជការ​នឹង​ពណ៌នា ខ្ញុំ​និទ្រា​លក់​ទៅ​តាម​សម័យ ។ លុះ​ព្រឹក​ឡើង ១២ ថ្ងៃ​អាទិត្យ ចម​បពិត្រ​ព្រះ​កែវ​ហ្វាសុឡា​ឡៃ ស្តេច​រៀប​គ្រឿង​​ពលីការ​បូជា​សេយ្យ សូម​ពរ​ជ័យ​ទេវតា​រក្សា​ស្ថាន ។ មួយ​បូជា​ព្រះ​ពាន់​ពុទ្ធ​រូប នៅ​ព្រះ​សថូបចេតិយ​ពី​បុរាណ ទាំង​អ្នក​តាម​មារាជ​ឫទ្ធីហាន តាម​លំអាន​បុរាណ​រាជ​វេណី ។ លុះ​ដល់​ថ្អងៃ ១៣ តិត្ថីថួន ពួក​ខុន​ណាង​រៀប​ខ្លួនគ្រប់​នាទី ចាំ​ទទួល​លោក​ធំ​ចៅ​ធានី គូវែរណើរ​មក​ពី​ព្រៃនគរ ។ លុះ​លោក​ដល់​ក៏​ចូល​ទី​ប្រជុំ ពួក​មន្រ្តី​តូច​ធំ​គ្រប់​និករ សឹង​ទទួល​គំនាប់​ដោយ​សាទរ ចមនគរ​ក៏​ទ្រង់​ត្រេក​គំនាប់ ។ លោកសក្តិ​បីថែម​ថីបក​ភាសា ចែង​កិច្ចា​ទទួល​ក្រសែ​សព្ទ​ ចក្រ​ពង្ស​ក៏​ទ្រង់​គង់ប្រថាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាម​ព្រះ​ច្បាប់​ស្តេច​ទ្រង់​គង់​ស្តាំ​ដៃ ។ លុះ​សូរេច​សន្ទនា​វេលា​នោះ គូវែរ​ណើរ​លា​ចុះ​ឡើង​រថ​វៃ ទៅ​​ផ្ទះ​​ខាង​ត្បូង​ព្រះ​វាំង​ជ័យ សម្រាប់​ទី​អាស្រ័យ​បារាំងនៅ​ ។ ខ្ញុំ​មើល​សក្តិ​ប្រាំ​​ចាំ​មិន​ជាក់ ឃើញ​តែ​ពាក់​គ្រឿង​សក្ដិ​​ប៉ាក់​ប៉ាន​ឆ្អៅ រូប​លោក​ទាប​ភាព​ធាត់​មាត់​ស្រមូវ មើលៗ​ទៅ​គួរ​ខ្លាច​ពុំ​អាច​ជិត ។ គេច​មក​មើល​អ្នក​លេង​ល្បែង​បៀ​ប៉ោ ខ្លះ​ក៏​ចាញ់​សោហោ​ប៉ៅ​ស្វិត ខ្លះ​បាន​ឈ្នះ​ក៏​ត្រេក​តម្រេក​ចិត្ត ខ្លះ​រេ​គិត​កែ​កុន​ដោយ​កល​កោង ។ ខ្លះ​ឈ្នះ​ប៉ោ​ចាញ់​បៀសសៀរ​ធួ ចាក់​មួយ​​តៅ​ខុស​មួយ​​តួ​ក៏​ស្បើយ​ស្បោង បែរត្រ​ឡប់​ប្តូរ​ប្រាក់​ចាក់​អាប៉ោង ត្រូវ​ចិន​កោង​អស់​ប្រាក់​ធ្លាក់​ចង្កា ។ ចាប់​យី​គី​ស៊ីមួយ​សង​ដល់ដប់ ចិន​ប្រសប់​ល​ខ្មែរ​កែ​បញ្ញា ​ទោះ​ជា​ត្រូវ​យូរ​ទៅ​គង់​អបរា បាន​ដៃ​វា​ដាក់​ថង់​កុំ​សង្ស័យ ។ ខ្ញុំ​មើល​គេ​រេ​គិត​ដល់​ខ្លួន​ឯង មិន​គួរ​លុះ​ការ​ល្បែង​ឱ្យ​ចង្រៃ ទុក​ទិញ​បាយ​ចំណី​ត្រី​អាស្រ័យ យល់​ជា​មាន​កម្រៃ​បាន​ឆ្អែត​ពោះ ។ ឯ​ជាតិ​ល្បែង​លេង​ភ្នាល់​មិន​ទាល់​ចេះ ឈ្នះ​ឯណោះ​​ចាញ់​ឯណេះ​មិន​ខាន​សោះ ការ​លោភ​លន់​គង់​លាញ​ប្រទាញ​ឈ្មោះ តែ​ដល់​គ្រោះ​គង់​ក្រ​កម្រ​ក្រៃ ។ ខ្ញុំ​មើល​គេ​បាន​តិច​គេច​ទៅ​ផ្សារ​ ទិញ​ចំណី​អាហារ​បាយ​អាស្រ័យ សូរេច​កិច្ច​សុរិយេ​ជ្រេ​មាត់​ព្រៃ បាត់​សែង​ថ្ងៃ​ខែ​ខៃ​រង្សី​សែង ។ ចៅ​ភ្នាក់​ងារ​នាំ​គ្នា​តែង​រោង​រាំ ទាំង​រោង​ទង​ឆ្វេង​ស្តាំ​សឹង​ខ្វាត់​ខ្វែង អុជ​ប្រទីប​ជ្វាលា​ភ្លើង​ភ្លឺ​ទែង ជា​ជួរ​វែង​ដល់​ចុង​ផ្ទះ​បារាំង ។ លើ​ខ្លោង​ទ្វារ​អុជ​ជា​ត្រា​ផែន​ដី មកុដ​ខ័ន​រង្សី​ព្រះ​ពាន​តាំង ស្វេតឆ្ឆត្រ​​ឆ្វេង​ស្តាំ​ប្រចាំ​បាំង ភ្លឺ​ទួទាំង​រាជ​វាំង​ត្រឆា​ឆាយ ។ មើល​ពន្លឹក​គ្រឹក​គ្រឺន​អនេក​ក្រៃ ស្វាង​តែ​ព្រៃ​ដាល​ដាស​ឱភាស​សាយ បណ្តាល​ពួក​ប្រុស​ស្រី​ផង​ទាំង​ឡាយ សឹង​សប្បាយ​នាំ​គ្នា​មើល​ត្រៀប​ត្រា ។ លុះ​ដល់​ពេល​ហ៊ុម​រោង​ភ្នាក់​ងារ​ហ៊ោ ​ភេ​រី​រោ​ទ៍ណៃ​ណក​ជើត​ឈឹង​ឆា ពួក​អ្នក​ស្រុក​ក៏​ចូល​មើល​ត្រៀប​ត្រា ណែន​ទាំង​មហារាជ​រោង​កង​សព្ទ​សែ ។ សឹង​ប្របៀត​ជ្រៀត​គ្នា​ជែក​មិន​ចុះ នរណា​លុះ​ក៏​ស្ទុះ​ទៅ​មុខ​គេ នរណា​ខ្លាច​មិន​អាច​ប្របៀត​ទេ ត្រូវ​ឈរ​មើល​ក្រោយ​គេ​ឃើញ​ត្រដរ ។ នរណា​ខ្ពស់​គេ​គ្រាន់​មើល​ស្រួល​រាប នរណា​ទាប​តោង​រក​ជើង​ម៉ាត បើ​ស្រី​ណា​កាន់​ខ្លួន​ថា​នួន​ល្អ តែ​ចូល​ទៅ​ក្នុង​ច​គង់​អប្រិយ ។ ពួក​អ្នក​លែង​វា​តែង​ដើរ​ត្រដុះ ថា​ច្នេះ​ច្នោះ​ឱ្យ​លុះ​ការ​លោកិយ ខ្ញុំ​យល់ៗអាណិត​ពួក​ស្រីៗ ប្រុស​អប្រិយ​យាយី​ជា​ទី​ហ្មង ។ ខ្លះ​មាន​ញាតិ​បង​ប្អូន​ជូន​ព្យាបាល រក្សាការ​ពួក​ពាល​កុំ​កន្លង ឯណា​គ្មាន​ពូជ​ពង្ស​វង្ស​ផៅ​ផង ពាល​វា​លង​ឡក​លួន​កូន​ដោយ​កាម ។ អនិច្ចា​នារី​រូប​ស្រងាំ មិន​គួរ​មក​មើល​រាំ​ឱ្យ​ពាល​តាម ជា​កូន​ចៅ​នរណា​ម្តេច​មិន​ហាម បណ្តោយ​តាម​ចិត្ត​កូន​ឱ្យ​ខូច​ច្នោះ ។ ខ្ញុំ​ឃើញ​គេ​ឧច្ចារ​ការ​គួរ​ស្អប់ គេច​ត្រឡប់​ចាក​ចេញ​ពី​ទី​នោះ ដើរ​មក​ក្រៅ​មើល​ភ្លើង​គេ​អុជ​ប្រុះ ខំ​ដើរ​ឆ្ពោះ​ទៅ​ស្តាប់​ភ្លេង​បារាំង ។ ឃើញ​ទាហាន​ខ្មែរ​យើង​រូប​ក្មេងៗ ឈរ​ដុំកង់​តាំង​លេង​នៅ​មុខ​វាំង មាន​នាយ​ត្រួត​បន្លឺ​សព្ទ​ដូច​សង្ខ ស្គរ​មួយ​តាំង​ក្រាំងៗ​តាម​ចង្វាក់ ។ ត្រែ​តូចៗ​ដូច​ក្លុយ​ខ្លះ​វៀន​ជុំ ត្រែ​ធំៗ​រុំ​ឆ្ងាយ​ដូច​ជា​ឆ្វាក់ កាន់​សៀវភៅ​រាល់​ដៃ​ផ្លុំ​មើល​ថ្នាក់ ខិតៗ​ដាក់​តាម​ចង្វាក់​ព្រមៗ​គ្នា ។​សែន​ពីរោះ​សព្ទ​ត្រែ​សេលាន់​កង ចប់​ចុះ​ម្តង​ឡើង​ថ្មី​បំភ្លៃ​ឃ្លា មេ​ឡើង​ហែប​កូន​អែប​ប្រសប់​គ្នា ​ស្តាប់​ហាក់​ជា​ភ្លេង​កុម្ពណ្ឌ​លាន់​ឮ​សាយ ។ ពួក​បារាំង​រៀប​តាំង​លៀង​សុរា សព្វ​ក្រយា​អាហារ​គ្រឿង​ពីនាយ បោយ​បម្រើ​ទាញផ្លិត​ជាប់​រំភាយ កម្សាន្ត​កាយ​ដោយ​ភ្លេង​លេ​ប្រគំ ។ លុះ​ម៉ោង​ដប់​ចួន​យប់​រួច​ការ​លៀង ពួក​បារាំង​ព្រម​ព្រៀង​ទាំង​តូច​ធំ នាំ​គ្នា​ដើរ​មើល​ការ​ទី​ប្រជុំ សែន​ភិរម្យ​លោះ​លាយ​សប្បាយ​ក្រៃ ។ ពួក​អ្នក​លេង​ដើរ​ទិញ​បារី​ស្លា ខ្លះ​ចូល​ស្រាក៏​​ទិញ​ស្រា​អាស្រ័យ ពួក​អ្នក​លក់​ឃើញ​មនុស្ស​ទិញ​ច្រើន​ក្រៃ ដំឡើង​ថ្លៃ​យក​កម្រៃ​លើស​ប្រក្រតី ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ជ្រេ​ព្រះ​ទិនករ ចម​ភូធរ​ចេញ​គង់​ព្រះ​រោង​ថ្មី ព្រម​វង្សានុវង្ស​ក្រុម​កុង្សីយ ​ទាំង​មន្រ្តី​តូច​ធំ​ជុំ​ត្រៀប​ត្រា ។ មាន​តម្រាស់​ត្រាស់​ឱ្យ​បាត់​ចែង​ទី រាជ​ពិធី​ចម្រើន​ព្រះជន្សា មន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត​តាម​វេលា ចំនួន​គ្រប់​ជន្មាចិតសិបប្លាយ ។ លោក​មង្គល​ទេពា​ចារ្យ​ធំបំផុត ចំណែក​ខាង​ធម្ម​យុត្តិ​សង្ឃ​ទាំង​ឡាយ លោក​មហាវិមល​កប​ភិប្រាយ ជា​ពួក​ខាង​មហានិកាយ​អធិបតី ។ ព្រម​ព្រះ​គ្រូរាជា​គណៈ​ក្រៅ សឹង​ភ្ជុំ​នៅ​នា​ចុង​ព្រះ​រោង​ថ្មី ថ្វាយ​ពុទ្ធមន្ត​ចម្រើន​រាជ​សួស្តី មង្គល​កិច្ច​វុឌ្ឍី​ស៊ី​សុវត្ថិ ។ ចក្រ​ពង្ស​ទ្រង់​តាំង​លោក​ពុទ្ធ​វង្ស ប្រោស​ឱ្យ​គង់​ក្នុង​ដែន​នគរ​វត្ត ​ខាង​អាចារ្យ​បាសក​ចេះ​បរិយត្តិ គឺអាចារ្យ​អ៊ុម​គាត់​ចេះ​សាស្រ្តា ។ ប្រោស​ប្រទាន​គ្រឿង​យស​អាចារ្យ​អ៊ុម ឡើង​ជា​ធំ​ទីសទ្ធ​ម្មមេធា ​ជា​ចាង​ហ្វាង​ខាង​ពួក​ត្រៃ​វិជ្ជា ប្រចាំ​នានគរ​វត្ត​ប្រាកដ​ហោង ។ លុះ​ពេល​យប់​អុជ​កាំ​ជ្រួចរន្ទា ភ្ញី​គោ​ហៀ​នូវ​គ្រឿង​ដទៃ​ផង ពួក​ល្ខោន​ក៏​រាំ​ដូច​សព្វ​ដង អស់​មនុស្ស​ផង​មក​មើល​ដូច​សព្វ​គ្រា ។ លុះ​ដល់​ថ្ងៃ​ដប់​ប្រាំ​​វេលា​ព្រឹក​ មាន​ពិធី​ផឹក​ទឹក​ព្រះ​សច្ចា ​ប្រជុំ​​ពួក​មន្រ្តី​សេវកា ញ្រហ្មណ៍​ហោរា​ជា​ធំ​ក្នុង​ពិធី ។ តាំង​នៅ​នា​ព្រះ​ភក្រ្ត​នៃ​ព្រះ​ពាន់ ព្រះចម​ខណ្ឌ​ក៏​ទ្រង់​យាង​ចរលី ​នាំ​ព្រះ​វង្សកុង្សីយ៍​ក្រុម​យោធី ឡើង​កាន់​ទី​ប្រាង្គ​ធំ​ប្រជុំ​ការ ។ លោក​សក្តិ​ប្រាំ​​សក្តិ​បី​​ព្រៃ​នគរ ក៏​ស្មោះ​សរ​ចរ​តាម​ព្រះ​ភូវនាថ៍ ​ទាំង​នា​ហ្មឺន​ក្នុង​ក្រៅ​គ្រប់​មុខ​ងារ ទទួល​ការ​ទាន​ទឹក​ប្រណិធាន ។ លុះ​ជុំ​ព្រម​ព្រាហ្មណ៍​ហោរ​សូត្រ​ពិធី ប្រណិធាន​តាម​ទី​ពី​បុរាណ ​កូរ​អាវុធ​ចុះ​ជា​ទិព្វ​ញាណ សូរេច​ទើប​រាជ​ទាន​ក្រុម​នានា ។ ហៅ​ហ្វាយ​ខេត្ត​សៀមរាប​ព្រះ​ដំបង ជា​នាយ​ក​ង​ក្រុម​ក្រៅ​ព្រះ​រដ្ឋា លោក​កុង្សីយ​អធិបតី​ក្នុង​សីមា ទទួល​ទឹក​ព្រះ​សច្ចាការ​ភិរម្យ ។ លុះ​សូរេច​ពិធី​ទឹក​សម្បថ ចក្រ​ពត្តិ​​ក៏​ទ្រង់​គង់​ប្រជុំ ​គូវែរ​ណើរ​រេស៊ីដងត៍​កំពង់​ធំ​ គាល់​ប្រជុំ​ជំនុំ​តាម​កិច្ចា ។ ទ្រង់​ឱ្យ​ហូត​នាទី​អាជ្ញា​ហ្លួង នាយ​ក្រសួង​សក្តិ​បី​រាជ​អាជ្ញា ទាំង​លោក​ធំ​កុម្មី​សែរ​ជា​ឥស្សរា ឱ្យ​ផ្លាស់​វិល​ភារា​ភ្នំ​ពេញ​ហោង ។ យក​លោក​ធំ​រេស៊ី​ដងត៍​កំពង់​ស្វាយ ឡើង​ជា​នាយក​កុម្មីសែរ​ព្រះ​ដំបង មួយ​រាជការ​សុខ​ទុក្ខ​អស់​រាស្រ្ត​ផង ចៅ​ហ្វាយ​ខេត្ត​ព្រះ​ដំបង​ជា​ឥស្សរា ។ លុះ​ប្រជុំ​រួច​ស្រេច​វន្ទីយ៍ អញ្ជលីលា​រូប​ព្រះ​សាស្តា ទ្រង់​យាង​បាទ​ចេញ​តាម​ទ្វារ​បច្ចិមា ព្រម​ព្រះ​វង្សពង្សា​ហែ​ចេញ​ថ្កាន ។ ពួក​អ្នក​ថត​ចាំ​ថត​ព្រះ​រូប​ទ្រង់ ឱ្យ​ជាប់​ជុំ​ទាំង​វង្ស​ព្រះ​ប្រាង្គ​ស្ថាន ខ្ញុំ​ឃើញ​គេ​ពេញ​កោត​គេ​ចំណាន ថត​យក​បាន​ព្រះ​ឆាយ​កាយ​ភូធរ ។ លុះ​យាង​ដល់​រាន​ហាល​មុខ​ព្រះ​លាន ពួក​ទាហាន​អាវុធស​លុត​ឈរ​ ស្តេច​ឡើង​គង់​ព្រះ​ស​លៀង​រាជ​បរវ ពួក​អ្នក​សែង​ហែ​ចរ​ចូល​វាំង​ថ្មី ។ លុះ​ដល់​ស្រេច​ស្តេច​ចូល​ព្រះ​រោង​ធំ ថ្វាយ​បង្គំ​ព្រះ​សង្ឃ​ទាំង​ចាស់​ខ្ចី អង្គា​សភត្ត​ភេជ្ជៈបាយចំណី ក្រុម​សង្ឃការី​ចាត់​ការចង្ហាន់​សង្ឃ ។ ព្រះ​សង្ឃ​សូត្រ​ទទួល​រាជ​ភត្ត​ នាម​កំណត់​ពេល​នោះ​ថ្ងៃ​ទៀប​ត្រង់ សូរេច​កិច្ច​សង្ឃ​លា​ព្រះ​ចក្រ​ពង្ស ស្តេច​ក៏​ទ្រង់​ចូល​កាន់​ព្រះ​ពន្លា ។ លុះ​ដល់​ពេល​សុរិយេ​ជ្រេ​ស្រទន់ ឱ្យ​និមន្ត​ព្រះ​សង្ឃ​សង្គាយនា ចំនួន​អង្គ​​មួយ​ដោយ​គណនា លោក​ទេសនា​គ្រៃ​បី​តាម​ព្រេង​ព្រឹទ្ធ ។ ទី​ឧបាលី​វិន័យ​ធរ​វត្ត​តាមិម អានន្ទ​គឺ​អាចារ្យ​គិមវត្ត​ពិភិត ទីកស្សប​​ព្រះ​គ្រូវត្ត​បូរ​ពិត ចៅ​គណៈ​សង្ឃ​ស្ថិត​ស្រុក​សៀមរាប ។ សង្គាយនា​បឋម​តាម​វេណី ក្នុង​គម្ពីរ​បិដក​តាម​សភាព លុះ​ចប់​ចុះ​ពេល​ថ្ងៃ​ស្រទន់​ទាប សង្ឃ​បាន​លាភ​ក៏​វិល​វត្ត​អាត្មា ។ ពេល​យប់​នោះ​មាន​ការ​លេង​អាប៉េ ក្បួន​យី​កេ​រាំ​ឡក​បក​ភាសា ពួក​អ្នក​ស្រុក​ក៏​មកមើល​ត្រៀប​ត្រា សែន​មហា​សប្បាយ​លោះ​លាយ​ក្រៃ ។ លុះ​ដល់​ថ្ងៃ​មួយ​​រោច​​រួច​ពិធី ឱ្យ​ចាត់​ហែ​ព្រះ​គម្ពីរ​បិដក​ថ្លៃ​ ចូល​តម្កល់​​តាំង​ទុក​នៅ​ហោ​ត្រៃ សម្រាប់​នៃ​កុល​បុត្រ​អ្នក​សិក្សា ។ ថ្ងៃ​ពីរ​រោច​ឮ​ថា​ចក្រ​ពង្ស ក្រសាល​ស្រះ​ស្រង់​ទិស​បច្ចិមា ឯ​ខ្ញុំ​បាទ​ក៏​នាំ​ភឿន​យាត្រា ទៅ​មើល​ក្រុង​ភារា​នគរ​ធំ ។ លុះ​ដើរ​ដល់​ទូរ​គម​ភ្នំ​បាខែង ព្រៃ​ត្រសុំ​បាំង​សែង​សែន​ភិរម្យ ជើង​គីរី​មាន​សិង្ហ​ទាំងពីរ​មុម ឈរ​ចំអែ​បែ​ចំទិស​បូព៌ា ។ សិង្ហ​បាសាន​​បុរាណ​លោក​សំអាង មើល​ដូច​យ៉ាង​សិង្ហ​សត្វ​រាជ​សី​ហា ធាត់​ក្រអួន​ខ្លួន​ក្រអាញ​ក្រាញ​ដូច​ខ្លា ចំអេង​ស្វា​ឈរ​អើត​ចំទើត​ជើង ។ ខ្ញុំ​យល់​សិង្ហ​ឈរ​នឹង​ពុំ​កម្រើក ចង់​តែ​លើក​យក​មក​ទុក​ស្រុក​យើង តែ​ធំ​ហួស​ផុត​ការ​លើក​មិន​ឡើង នឹង​ចចើង​លើក​យក​ពុំ​រួច​ឡើយ ។ អនិច្ចា​សិង្ហ​អើយ​សិង្ហ​បា​សាណ ​ខ្ញុំ​យក​ទៅ​ពុំ​បាន​ណា​សិង្ហ​អើយ ឯង​នៅ​ចុះ​ឱ្យ​សុខ​កុំ​ទុក្ខ​ឡើយ កម្ម​សិង្ហ​ហើយ​យក​នៅ​ក្នុង​ព្រៃ​ស្ងាត់ ។ បើ​សិង្ហ​ឯង​រស់​ពិត​ជីវិត​មាន គួរ​ជា​នៅ​ស្ម​សាន​សន្តាន​សត្វ ស្វែង​អាហារ​លៀង​ជីព​ពុំ​សូវ​ខាត់ នេះ​មក​បាត់​វិញ្ញាណ​មាន​តែ​ប្រាណ ។ នឹង​ដើរ​ទៅ​ទី​ណា​ក៏​ពុំ​កើត នៅ​តែ​ឈរ​ចំអើតប្រចាំ​ដាន ស្តាយ​អើយ​ស្តាយ​រូប​សិង្ហ​លោក​បុរាណ ចោល​ក្នុង​ស្ថាន​ស្ម​សាន​អនាថា ។ ខ្ញុំ​សម្ភេទ​រូប​សិង្ហ​ប្រឹង​ឡើង​ភ្នំ ថ្ម​តូច​ធំ​ជិត​ជុំ​ជាន់រអា  ខ្ពស់​ត្រឈឹង​ខំ​ប្រឹង​ឡើង​ប្រវា លុះ​ដល់​នា​កំពូល​គីរី​ស្ថាន ។ លើ​បា​ខែង​លោក​តែង​ជា​សថូប មាន​រួត​រូប​ប្រាំ​ជាន់​ជា​ដានៗ ខាង​បូព៌ា​មាន​ប្រាង្គ​ទាំង​បួន​ស្ថាន វិចិត្រ​ដោយ​បាសាន​ឥដ្ឋ​សិលា ។ ខាង​មុខ​ប្រាង្គ​មាន​លាយ​ព្រះ​បាទ​ព្រះ ​វាល​ស្រឡះ​ពុំ​មាន​គ្រឹះ​លេខា ដាប់​ទម្លុះ​ធ្លុះ​ចុះ​ក្នុង​សិលា ខាង​លើ​លោក​តាំង​ជា​វិហារ​បាំង ។ តែ​វិហារ​នោះ​ឯង​លោក​តែង​ថ្មី ធ្វើ​ដោយ​ឈើដោយ​ឫស្សី​ប្រក​ស្បូវ​ភ្លាំង ទី​បុរាណ​មាន​តែ​រណ្តៅ​តាំង ថ្ម​រឹង​គាំង​នៅ​បណ្តូល​គោល​សិលា ។ ពុទ្ធ​បាទ​ខ្នាត​ជ្រៅ​ជម្រៅ​បាត ប្លាយ​ហាត់​ខ្នាត​បណ្តោយបួន​ហត្ថា ទទឹង​សោត​ពីរ​ហត្ថ​ជា​មាត្រា ក្នុង​បាទា​លាយ​លក្ខណ៍​កង​ចក្រ​​ជុំ ។ លោក​វិចិត្រ​បិទ​មាស​វិលាស​លឿង មើល​រុង​រឿង​គួរ​យើង​ឡើងបង្គំ សត្វ​ថ្ងៃ​មាន​លោក​យួន​គេ​ជា​ធំ នៅ​ថែ​ទាំ​ពិភក្តិ​រក្សា​ស្ថាន ។ ខ្ញុំ​យល់​ព្រះ​ពុទ្ធ​បាទ​អានា​ថ​ចិត្ត គិត​ដល់​អង្គ​អគ្គ​និដ្ឋ​ព្រះ​ទ្រង់​ញាណ កាល​ព្រះ​អង្គ​ស្តេច​នឹង​ចូល​និញ្វាន ព្រះ​ទ័យ​មាន​មេត្តា​ដល់​នរជាតិ ។ សត្វ​ឯ​ក្រោយ​ពុំ​បាន​យល់​សាស្តា បាន​ទាន់​តែ​សាសនា​បរម​នាថ ទើប​ប្រតិស្ឋាន​ព្រះ​ពុទ្ធ​បាទ និង​ឱវាទ​ឱ្យ​ប្រោស​អស់​សត្វ​ផង ។ ឱ​ព្រះ​គុណ​បាន​បុណ្យ​លន់​វិសេស ទ្រង់​កម្ចាត់​កិលេស​ជា​គ្រឿង​ហ្មង បាន​និញ្វន​នៅ​មាន​ព្រះ​ទ័យ​ចង តម្កល់​បាទ​តាង​ស្នង​ព្រះ​ពុទ្ធ​អង្គ ។ ទុក​ឱ្យ​សត្វ​ឯ​ក្រោយ​បាន​បូជា ជា​ផ្លូវ​ទៅ​សួគ៌ា​ឋាន​ទេព​ទ្រង់​ សាង​កុសល​ទាល់​បាន​កាត់​រាគ​បង់ មិង​យូរ​លង់​គង់​បាន​ស្ថាន​សុខា ។ វេលា​នេះ​ខ្ញុំ​មក​ដោយ​ការ​ខាត់ ពុំ​មាន​អ្វី​ប្រតិបត្តិ​ចាត់​បូជា មាន​តែ​ដៃ​ទាំង​ដប់​ខ្ញុំ​វន្ទា ចិត្ត​វា​ចា​បូជា​ក្នុង​គ្រា​នេះ ។ ឱព្រះ​បាទ​នេះ​ជា​ព្រះ​ជាន់​ឬ ឬ​មួយ​គឺ​គេ​សាក​​ទុក​ទេ​អេះ ក្នុង​តម្រា​ពុំ​មាន​តាំង​ភ្នំ​នេះ បើ​តាម​រិះ​យ៉ាង​សំណាក​គេ​សាក​ថ្មី ។ បញ្ច​បាទ​ទាំង​ប្រាំ​​សឹង​មាន​ដាន ឈ្មោះ​គេ​មាន​គ្រប់​ស្ថាន​ទាំង​ប្រាំ​ទី ភ្នំ​បា​ខែង​ពុំ​មាន​ក្នុង​ព្រះ​គម្ពីរ ជាក់​ជា​ទី​កើត​ក្រោយ​ដោយ​និយម ។ ខ្ញុំ​វន្ទា​ព្រះ​បាទ​ស្រេច​លា​ចុះ តម្រង់​ឆ្ពោះ​​កាត់​ទៅ​មើល​នគរ​ធំ ផ្លូវ​ធ្លា​ថ្នល់​សឹង​ឈើ​ម្លប់​ត្រសុំ គេ​រម្លំ​កាត់​ត្រង់​នគរា ។ លុះ​ដើរ​ដល់​ខ្លោង​ទ្វារ​នគរ​ធំ សុទ្ធ​សឹង​ដុំ​ថ្ម​ជិត​ប្រកិត​គ្នា កំពូល​ខ្ពស់​សិន​សេស​ដោយ​គណនា ចម្លាក់​ជា​រួប​​ទេព​ប្រណម្យ​ដៃ ។ កំពូល​លើ​ឈើ​ដុះ​ទម្លុះ​ចាក់ ថ្ម​រុះ​ជ្រុះ​ធ្លាក់​ខ្ចាយ​រាយ​ដោយ​ព្រៃ នៅ​តែ​រាង​ដូច​យ៉ាង​ព្រះ​ប្រាង្គ​ជ័យ ចូល​អាស្រ័យ​ចុះ​មនុស្ស​ជាង​រយ​នាក់ ។ ផ្ទៃ​កំពែង​តែង​ដោយ​ថ្ម​ក្រៀម​ក្រាស់ ​បូក​ដី​ដាស​ពាស​ប៉ះ​ឡើង​ថ្នាក់ៗ កម្រាស់​ក្រាស់​ប្រមាណ​បី​ព្យាម​ជាក់ ធំ​អនគ្ឃ​​វែង​អនេក​លើ​សគណនា ។ ក្រៅ​នគរ​តែង​គូ​កសិណ​សាយ មើល​វែង​ឆ្ងាយ​ឱប​អមនគរា តែ​ឥឡូវ​ស្បាត​ជិត​ដោយ​ព្រឹក្សា បិទ​គង្គា​កើត​ជា​ត្រឹប​តាប់​តាន់ ។ មើល​ខ្លោង​ទ្វា​ពណ៌​នា​ពុំ​អស់​ក្បួន ពេល​ក៏​ចួន​ទៀប​ទោរ​ព្រះ​សុរិយ័ន ខំ​កាត់​ចូល​បូរី​ដោយ​បន្ទាន់ ដល់​ប្រាសាទ​បាយ័ន​រាជ​ភិរម្យ  ។ ប្រាង្គ​បាយ័ន​លោក​សាង​ជា​ប្រាង្គ​មូល ​មាន​កំពូល​ប្រាង្គ​ចេញ​ជា​៤​មុម ក្នុង​កំពូល​មួយៗ​ឆ្លាក់​រូប​ព្រហ្ម​ បួនៗ ជុំ​គ្រប់​ប្រាង្គ​ច្រូង​ច្រាង​ក្រៃ ។ ឯ​រោង​ទង​ជុំ​វិញ​ជ្រុង​កែង​កាត់ ត្វារ​លោក​ចាត់​កាត់​មួយ​ទ្វារមួយ​នៃ ​ក្នុង​ឡប់​ឡែបែរ​មុខ​ទៅភ​ទី​ទៃ ចតុរស្ស​ស្មើ​ផ្ទៃ​បី​ជាន់​សាយ ។ ឱ​ប្រាង្គ​នេះ​មើល​ទៅ​សម្បើម​លន់​ ខ្ញុំ​គន់ៗ​គិត​ទៅ​គួរ​តែ​ស្តាយ ប្រាង្គ​នេះ​គឺ​ជាក់​អ្វី​ពី​ព្រេង​នាយ តាម​បរិយាយ​គឺ​ដាក់​ភាព​យោនី ។ គឺ​កាល​ដើម​កាន់​សាសនា​ព្រាហ្មណ៍​ ប្រព្រឹត្ត​តាម​តម្រា​ព្រះ​សូលី យក​យោនី​ឧមាភោគវតី ជា​សិរី​សួស្តី​តាំង​បូជា ។ គេ​យល់​ថា​មនុស្ស​យើង​ក្នុង​ធរណី កើត​ចេញ​ពី​យោនី​នាង​ឧមា​ ​នាង​ជា​ម្តាយ​មាន​គុណ​ទាំង​លោកា ទើ់ប​នាំ​គ្នាសាង​ជា​កំណើត​ហោង ។ បើ​មាន​ការ​មង្គល​ចម្រើន​ឫក្ស ញ្រហ្មណ៍​យក​ទឹក​ស្រោច​ភាព​ចង្ហូរ​ត្រង់​ មក​ប្រសិទ្ធ​ស្រោច​អស់​មហាជន​ផង បំបាត់​ក្តី​សៅ​ហ្មង​ចាក​ឥន្រ្ទិយ ។ ភាសា​ញ្រហ្មណ៍​គេ​កាន់​ម្រា​សៃយ​​ ទើប​កែ​ខៃ​ចម្លង​រូប​យោនី សាង​ប្រាង្គ​នេះ​តាំង​ជា​មន្ទីរ​ទី​ លោក​សញ្ញី​ឱ្យ​ហៅ​ថា​បាយ័ន ។ ឯ​សព្ទ “បា” នោះ​ថា​មូត​មួយៗ ​តាម​តម្រួយ​សព្ទ “បា” គឺ​មួយ​ខណ្ឌ យ័ន​សព្ទ​នេះពុំ​មែន​ជា​លេខ​យន្ត កុំ​ប្រកាន់​យន្ត​លេខ​តាម​ភាសិត ។ សព្ទ​ ”យ័ន” យ័ន​នេះ​គឺ​ជា​ភាសា​ញ្រហ្មណ៍ មាន​ក្នុង​ក្បួន​សព្ទ​នាម​ប្លែង​សំស្ក្រឹត ខ្ញុំ​មើលៗ​បាយ័ន​ក៏​តូច​ចិត្ត នឹក​អាណិត​ដល់​ក្សត្រ​ពី​បុរាណ ។ លោក​មាន​បុណ្យ​កសាង​ប្រាង្គ​បាយ័ន ទុក​ក្នុង​ខណ្ឌ​និវេសន៍​​នៃ​ក្សត្រ​ក្សាន្ត មាន​ទេសកាល​ក៏​ឡើង​ប្រតិស្ឋាន ស្រោច​ស្រប​ប្រាណ​ដោយ​ទឹក​នាង​ឧមា សែន​រុង​រឿង​ថ្កើង​បុណ្យ​ថ្កើង​កេរ្តិ៍​ឈ្មោះ កិត្តិ​សព្ទ​ឮ​សុស​សព្វ​ភារា បរ​ទេស​រាជ​កោត​ខ្លាច​ឡើង​វន្ទា រាស្ត្រ​​ប្រជា​សឹង​ក្សាន្ត​សម្រាន្ត​​កាយ ។ ឥឡូវនេះ​និវេស​ន៍​ទៅ​ជា​ព្រៃ ទាំង​ប្រាង្គ​ជ័យ​ក៏​ដល់​ក្តី​អន្តរាយ ឃើញ​តែ​ស្នា​ដៃ​ធ្វើ​បែប​ឡែប​ខាយ ស្តាយ​អើយ​ស្តាយ​មិន​គួរ​មក​ច្នេះ​ណា ។ ទី​ខាង​ជើង​មាន​វត្ត​លោក​សង្ឃ​នៅ ព្រះ​នាម​ហៅ​ព្រះ​ងោក​លោក​លេខា ឱ​ព្រះ​ងោកៗ​មែន​ឬ​យ៉ាង​ណា ​ឮគេ​ថា​យល់​ជា​អស្ចារ្យ​ក្រៃ ។ ខ្ញុំ​ទៅ​មើល​ពុំ​ឃើញ​ព្រះ​លោក​ងោក ​គិត​ប្រយោគ​យល់​ថា​ព្រះ​ម្ចាស់​ថ្លៃ រូប​ព្រះ​ធំលន់​លើស​ព្រះ​ដទៃ​ ឯង​រំពៃ​មើល​ងប់​​ដូច​ងោក​មក ។ វត្ត​មួយ​ខាង​បស្ចិម​គ្មាន​លោក​សង្ឃ​ កុដិ​វិហារ​ខូច​បង់​គ្មាន​ទី​ជ្រក វត្ត​នោះ​ឯង​គេ​ហៅ​វត្ត​គោក​ធ្លក ត​នោះ​មក​វត្ត​ត្បូង​ចោល​ដូច​គ្នា ។ វត្ត​នោះ​ហៅ​ព្រះ​ឥន្ទ​ទេព​កោសិយ អង្គ​ព្រះ​ជីវ៍​ក៏​ធំ​សម​រូបា កុដិ​វិហារ​បាំង​ព្រះ​គ្មាន​ឡើយ​ណា អនិច្ចា​មើល​ទៅ​សម្ភេទ​ក្រៃ ។ ឱអង្គ​ព្រះ​ឥន្ទ​ទេព​កោសិយអើយ មិន​គួរ​ឡើយ​មក​នៅកណ្តាល​ព្រៃ អាប់​រាសី​ដោយ​សែង​ហែង​ដោយ​ថ្ងៃ ទី​អាស្រ័យ​ពុំ​មាន​ក្សាន្ត​ព្រះ​កាយ ។ បើ​ព្រះ​ទៅ​គង់​ស្រុក​ខ្ញុំ​រ៉ា ខ្ញុំ​នឹង​សាង​សាលា​វិហារ​ថ្វាយ ទាំង​គ្រឿង​​តុប​គ្រឿង​​តាំង​ឱ្យ​ឆើត​ឆាយ​ ដូច​ជា​ព្រះ​ទាំង​ឡាយ​ស្រុក​ព្រះ​ដំបង ។ គ្រាន់​និមន្ត​ធ្ងន់​លើក​ទៅ​ពុំ​បាន ព្រោះ​ធំហួស​ប្រមាណ​ធ្ងន់​កន្លង ​បើ​អង្គ​តូច​ទៅ​រ៉ា​នឹង​រ៉ាប់​រង ដាក់​ដឹក​ឆ្លង​មក​ស្រុក​ទុក​បូជា ។ ឱលោក​ណា​សទ្ធា​សាង​ព្រះ​នេះ ម្តេច​មិន​រិះ​ត្រិះ​មើល​ដោយ​បញ្ហា កាល​ស្រុក​ដី​មិន​ផុត​ក្តី​អនិច្ចា មក​គិត​ថា​និច្ចំ​តាំង​ទៀង​​ទាត់ ។ កាល​ប្រទេស​រុង​រឿង​ធ្វើ​តាម​ចិត្ត ដល់​ប្រទេស​វិប​រិត​កើត​វិបត្តិ ព្រះ​ជី​វ៍ធំ​នឹង​រំកិល​ក៏​កើត​ខាត់ តោង​ចាំ​កាត់​ចិត្ត​ចោល​ទុក​ច្នេះ​ណា ។ បើ​យ៉ាង​ព្រះ​តូចៗ​ល្ម​យក​រួច តែ​ដល់​ស្រុក​ខាត់​ខូច​ដូច​ម្តេច​ម្តា ចង់​រំកិល​ក៏​កើត​ខាត់ តោង​ចាំ​កាត់​ចិត្ត​ចោល​ទុក​ច្នេះ​ណា ។ បើ​​យ៉ាង​ព្រះ​តូចៗ​ល្មម​យក​រួច តែ​ដល់​ស្រុក​ខាត់ខូច​ដូច​ម្តេច​ម្តា ចង់​រំលៀក​ក៏​បាន​ដូច​ចិន្តា ចុះ​តម្រា​ធំ​ខូច​តូច​មិន​ខាត់ ។ ដូច​រាស្រ្ត​ទាស​តាំង​ឡើង​ជា​នាហ្មឺន ប្រ​ព្រឹត្ត​កឺន​ហួស​ការ​រាជ​បញ្ញត្តិ នឹង​ដក​ចេញ​ចាក​ទី​ក៏​មិន​ខាត់ តែ​មហាក្សត្រ​វិបត្តិ​ដក​ពុំ​បាន ។ តោង​ចាំ​នៅ​​ទៅ​តាម​យថាកម្ម ​ទុក្ខ​ក៏​ទ្រាំ​ទោស​ក៏​ទ្រាំ​ទម្រាំ​ក្សាន្ត ដូច​ព្រះ​អង្គ​ឥន្ទ​ទេព​ជា​បែប​មាន​ ក្សាន្ត​ពុំ​បាន​ព្រោះ​ប្រាណ​ធំ​លើស​គេ ។ អនិច្ចា​សាសនា​ព្រះ​ជិន​វង្ស ពុំ​ស្ថិត​ស្ថេរ​ចេរ​លង់​ក្នុង​នគរេ​ ជា​បុណ្យ​បាប​អ្វី​ពី​បុព្វេ បាន​ជា​ប្រែ​បូរី​ព្រៃ​ដូច្នេះ ។ ស្រុក​នេះ​សូន្យ​តើ​សូន្យ​ពីរាជ​ណា ពង្សាវតារ​តម្រា​ឯណា​អេះ នឹង​បាន​មើល​ឱ្យ​ដឹង​រាជ​នោះ​នេះ ខ្ញុំ​នឹង​ត្រិះ​ឱ្យ​ត្រូវ​តាម​របាក្សត្រ ។ ខ្ញុំ​គន់​មើល​វត្ត​បីស្រេច​ចរ​ចីរ ទៅ​មើល​រាជ​មន្ទីរ​ចក្រ​វត្តិ​ នៅ​ខាង​ជើង​ព្រះ​ងោក​លោក​ចែង​ចាត់ ខឿន​ចង្វាត់​ខ្វាត់​ខ្វែង​វែង​រវឹង ។ ប្រាង្គ​ប្រាសាទ​បែក​បាក់​ធ្លាក់​ខ្ទេច​ខ្ទី នៅ​តែ​ទី​គ្រឹះ​ក្រោម​កាត់​ទទឹង មុខ​ប្រសាទ​ស្ថាន​រាប​ភាព​ជា​បឹង ជើង​ជណ្តើរ​ដើរ​មាន​សិង្ហ​ឈរ​ប្រឹង​ប្រែង ។ ឯ​ផ្ទៃ​​ផ្ដែរ​ឆ្លាក់​រូប​រឿង​ក្បួន​ខេន ជិះ​គជេន្រ្ទ​ហែ​ស្នួ​ជា​ជួរ​វែង ខាង​ជ្រុងៗ​រូប​គ្រុឌ​ឈរ​ចំទែង ខ្លះ​សម្តែង​ចាប់​វា​សុគ្រី​ក្រាយ ។ មុខ​ព្រះ​លាន​មាន​ប្រាង្គ​ជា​កាត់ៗ ហៅ​ប្រសាទ​សួព្រត្រ​​ខ្ពស់​ត្រសាយ ខ្ញុំ​យល់ៗ​នឹក​កោត​គេ​អម្បាយ ប្រាង្គ​ខ្ពស់​ឆ្ងាយ​ចង​ព្រត្រ​​ហ៊ាន​សួ​បាន ។​ ទី​ខាង​ក្រោយ​ប្រាសាទ​ទៅ​បាពួន មើល​ក្បាច់​ក្បួន​ឡប់​ឡែ​ជា​ដានៗ ឱបាពួន​នួន​នាង​ក្នុង​វាំង​ស្ថាន ចូល​កម្សាន្ត​​លេង​ពួន​បន្លែង​អង្គ ។ ទី​ខាង​ជើង​ខ្លោង​ទ្វារ​មាន​គ្រិះ​គ្រែ ជា​ថ្នាក់​ហែ​សឹង​រួត​ហួត​ហៀន​ហង្ស លើ​មន្ទីរ​សាង​រូប​ចក្រ​ពង្ស ស្តេច​គម្លង់​គង់​នៅ​ប្រចាំ​ទី ។ ខ្ញុំ​យល់​រូប​ព្រះ​បាទ​សង្ខចក្រ គេ​សាក​ដាក់​ជា​ឡាក់​រាជ​ធានី កើត​សម្ភេទ​វេទ​នាសល់​សែន​ទ្វី មិន​គួរ​ទី​មក​កើត​វិបត្តិ​ច្នេះ ។ ឮតម្រាប​រមបរា​ពី​បុរាណ ជា​ព្រះ​ចម​ក្សត្រ​ក្សាន្ត​នគរ​នេះ ប្រហារ​នាគ​ឈាម​នាគ​ផ្សព្វ​​ផ្សាយ​ឆេះ ត្រូវ​ព្រះ​កាយ​កើត​ប្រេះ​​ប្រែ​ជា​ឃ្លង់ ។ មើល​ពុំ​ជា​វេទនា​ពន់​ប្រមាណ ​ឥសី​សាន​មក​ប្រោះចក្រ​ពង្ស ស្តេច​ពុំ​ជឿ​តាម​ពាក្យ​ឥសី​សង្ឃ ទើប​ព្រះ​អង្គ​បង់​ការ​អាសារ​កាយ ។ ឥសី​ខឹង​ផ្តាសា​រាជ​និវេសន៍​ ចៅ​ប្រទេស​ក៏​លុះ​ក្តី​អន្តរាយ បាន​ជា​ទី​ស្រុក​នេះ​កើត​ខ្ចាត់​ខ្ចាយ ដោយ​បរិយាយ​ដៅៗពុំ​ពិស្តារ ។ ខ្ញុំ​ត្រិះៗ នឹក​តិះ​​ស្តេច​គម្លង់ ព្រះ​ទ័យ​ទ្រង់​មានះ​អហង្ការ កើត​ហេតុ​អ្វី​នឹង​នាគ​ទើប​ប្រហារ ឱ្យខូ​ច​ស្រុក​អាសារ​ស្នា​ដៃ​ខ្លួន ។ គួរ​ឬក្រុង​នគ​រេស​ប្រទេស​ធម ប៉ម​កំពែង​ជិត​ជុំ​ដ៏​មាំ​មួន សត្រូវ​ណា​នឹង​អាច​ចូល​មក​កួន តែ​គិត​ទៅ​ចុះ​ក្បួន​ព្រះ​ត្រៃ​លក្ខណ៍ ។ សត្វ​សង្ខារ​មិន​ថា​ទាំង​ស្រុក​ដី តួ​បូរី​សាយ​សព្វ​គ្រប់​ដំណាក់ ទុក​ជា​ចេះ​យ៉ាង​ណា​ក៏​គង់​ធ្លាក់ អញ្ជើញ​អ្នក​មើល​ស្តាប់​ចាប់​អារម្មណ៍ ។ នគរ​ធំ​បរម​បុរាណ​រាជ មើល​គួរ​ខ្លាច​សឹង​ព្រៃ​ស្រោង​ស្រាង​ជុំ មានអ្នក​ស្រុក​តាំង​នៅ​ជា​ដុំៗ រក​ស៊ី​តាម​និគម​អ្នក​ជន​បទ ។ រយៈ​ផ្លូវ​ទៅ​ដល់​នគរ​ធំ ដោយ​និយម​វាស់​ពី​នគរ​វត្ត ប្រមាណ​បានកៅសិប​​សិន​ប្រាកដ ចូរ​កំណត់​កត់​ចុះ​លោក​រាល់​គ្នា ។ ក្រែង​បាន​ទៅ​នឹង​ងាយ​ដឹង​ទិស​ទី​ រាជធានី​បុរាណ​ទិស​ឧត្តរា ​តែ​ឥឡូវ​បារាំង​គេ​កាប់​ឆ្ការ ទំនង​ជា​យូរ​ទៅ​គង់​សប្បាយ ។ ខ្ញុំ​​ដើរ​គន់​ដើរ​កត់​នគរ​ធំ ពុំ​បាន​ជុំ​នគ​រេទេលោ​កាយ ពេល​ក៏​ចួន​សូរិយា​ជ្រេ​ព្រះ​ឆាយ ក៏​រៀប​កាយ​វិល​មក​សៀម​រាប​វិញ ។ លោក​ចៅ​ហ្វាយ​លោក​ធំ​លោក​សក្តិ​បី សូរេច​ការ​ចក្រី​ក្រុង​ភ្នំ​ពេញ​ បង្គំ​លា​វិល​ព្រះ​ដំបង​វិញ ខ្ញុំ​ក៏​អស់​ក្តី​ម្នេញ​ការ​លោកិយ ។ ដល់​មក​ស្រុក​សាន្ត​សុខ​ឥត​ទុក្ខា ដោយ​អំណាច​ចក្រា​គ្រប​កេសី​ ទាំង​គុណ​កែវ​រតន៍​ត្រៃ​ថ្លៃ​ទាំង​បី ជួយ​ចម្រើន​រាសី​ឥត​ហ្មង​សៅ ។ រឿង​និរាស​ប្រកាស​តែ​ប៉ុណ្ណេះ សូម​ទុក​ស្លេះ​ប្រារព្ធ​បញ្ឈប់​នៅ គ្រាន់​នឹង​តែង​ត​អង្គ​ព្រះ​ចម​ចៅ កាល​ស្តេច​នៅ​ពុំ​ទាន់​វិល​ភ្នំពេញ ។ ខ្ញុំ​លា​ហើយ​ពុំ​ដឹង​ក្រោយ​យ៉ាង​ណា រាជ​កិច្ចា​ពុំ​ទាន់​ប្រកាស​ចេញ ហេតុ​ដូច្នោះ​ទុក​ឱ្យ​ប្រាជ្ញ​ភ្នំ​ពេញ គេ​តែង​ចេញ​ត​រឿង​ព្រះ​ចក្រី ។ ខ្ញុំ​ឥន្ទា​ចារ្យ​ចែង​តែង​ពុំ​បាន​ ព្រោះ​គ្មាន​ដាន​លំអាន​យោគ​សេចក្តី​ ​ហេតុ​នោះសូម​មេត្តា​ប្រោស​ប្រណី ខ្ញុំ​បញ្ចប់​សេចក្តី​តែ​ប៉ុណ្ណេះ ។

សូម​ទោស​លោក​មេ​ធីកវី​ជាតិ ពុំ​ឧបវាទ​ពាក្យ​កាព្យ​ខ្ញុំ​តែង​នេះ សូម​តម្រូវ​ឱ្យ​ត្រូវ​តាម​លោក​ចេះ បើ​មិន​ផេះ​កុំ​បើក​លើក​ចូល​ចេញ ។ កុំ​ប្រមាទ​ពាក្យ​កាព្យ​ថា​តែង​ងាយ យារ​មុខ​តាម​និយាយ​ដាក់​បំពេញ បើ​មិន​ចេះ​ពាក្យ​ស្រួល​ខ្យល់ “រ” មិញ ​ឱ្យ​ដេក​វិញ​ជា​ជាង​កុំ​តែង​ឡើយ ។ មួយ​បើ​អ្នក​ឯណា​ចង់​ចម្លង ​តាម​ទំនង​និរាស​នេះ​លោក​អើយ ចូល​រវាំង​ខ្យល់​ “រ” “ល” ​ជា​ត្រើយ តែ​បាត់​ហើយ​ខូច​ដល់​ខ្ញុំ​អ្នក​តែង ។ មួយ​ស្រៈ​ “ៃ” បំភ្លៃ​នឹង​ស្រៈ “ឺ” វិសជ៌នី​ខ្យល់ “ស” លោក​សម្តែង កុំ​ឱ្យ​ចូល​យារ​មុខ​ទង្គុក​ឯង​ឱ្យ​នៅ​តាម​កន្លែង​ទី​ដោយ​ខ្លួន ។ ពាក្យ​សំយោគ​ការន្ត​វិធី​សព្ទ ​ចូល​លំដាប់​រ៉ាប់​គ្នា​ទៅ​តាម​ចួន យោគ​​សេចក្តី​តាំង​មុខ​ឱ្យ​មាំ​មួន ​រក​ចុង​ចួន​មេកាព្យ​សភាព​អឺយ ។

ចប់

[១] – តាមត្រូវ គឺ ងងឹត តែទីនេះ តម្រូវតាម​ពាក្យ​ចួន ។

[២] – តាមត្រូវ គឺ របោះ ។

[៣] – មកពីពាក្យ​បារាំង Monsieur ។

[៤] – លោកធំ ជាពាក្យ​ជំនាន់​នោះ ហៅ​ចំពោះ Resident បារាំង ដែល​នៅ​ត្រួត​ប្រចាំ​ទី​រួម​ខេត្ត​នីមួយៗ ។

[៥] -​ ភិយ៉ាន (សៀម) = តឹកតាង ។

[៦] – ម៉ៃមីខៅ (ពាក្យសៀម) = គ្មានបាយ ។

[៧] – បាយាប = អារក្ស​ទឹក​សម្រាប់​អ្នក​នេសាទ​គោរព ។

[៨] – សោ ភាសា​អ្នក​ស្រុក​បាត់​ដំបង​សៀមរាប បាន​ន័យថា អាក្រក់, នឿយហត់, គម្រក់ ។ សោសែន = អាក្រក់​ពេក ។

[៩] – ដងគោម ឬប៉ម​ខ្ពស់ សម្រាប់​យាម​ល្បាត ។

[១០] – ភាព​សេះ​ផាយ គឺទូក​ទីនាំងមករ ។

[១១] – ខាំម៉ាស៊ី = ក្រម៉ាស៊ី គឺក្រមាពណ៌

[១២] – ក្លាយពី​ បាទបរិចារិកា = ស្ត្រី​អ្នក​បម្រើ​ជិត​ជើង (ភរិយា) ។

[១៣] – ខាត់ៗ = កាត់ៗ សង្ខេបៗ ។

[១៤] – ប្រទូប៉ា = ស៊ុម​ស្លឹក​ឈើ​ស្រស់ ។ ប្រដាប់ដក = ប្រដាប់ទៅ​ដោយ​ផ្កា ។

[១៥] – វិបុល = ក្រៃលែង, បរិបូរ ។

[១៦] – សត្វ​តាវៅ ។

[១៧] – លាន់ឮខ្ទរ​រំពង ។

[១៨] – រ៉ាប់ = ធានា, រ៉ាប់រង, ទទួល​បន្ទុក ។

[១៩] – រោងខោល = រោង​ល្ខោន ឬ​រោង​លេង​របាំ​ផ្សេងៗ ។ រោង​សែក = សម្នាក់​ដែល​មាន​ទឹក​គ្រាន់​នឹង​លុប​លាង​មុខ​ជា​ដើម ។

[២០] – គ្រឹះស្ថាន​សំខាន់ៗ (ពាក្យ​ប្រើ​តាម​សៀម) ។

[២១] – ភីលឹក = ប្លែក, គួរឱ្យឆ្ងល់ ។

[២២] – កសិណ = គូទឹក, ស្រះ​ដែល​ដឹក​ធ្វើជា​កំពែងជា​គោល​ចារឹក ។

[២៣] – ប្រឡាយ​ទឹក​យ៉ាង​វែង​អន្លាយ ។

[២៤] – ខាត់ពៃរី = ការពារ​សត្រូវ ។ កាត់​សត្រូវ ។

[២៥] – ថាថាង = ការវិការ, ឫកពា ។

[២៦] – នាគជា​ទីនាំង​ព្រះនារាយណ៍ ឯទីនេះគឺ​ នាគ ។

[២៧] – សារពើសូត្រ = ឈ្មោះ​ក្បាច់​រចនា​មាន​សណ្ឋាន​របត់​បីជ្រុង ។

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៣៤


  •  
  •  

បញ្ចេញយោបល់ ៖