មន្ធាតុរាជ​ជាតក

  •  
  •  

អាចារ្យ គី-គឹមស៊ីវ ប្រែ​និង​រៀបរៀង

យាវតា ចន្ទិមសុរិយាតិ ឥទំ សត្ថា ជេតវនេ វិហរន្តោ ឧក្កណ្ឋិតភិក្ខុ អារព្ភ កថេសិ ។

សត្ថា រី​អង្គ​សម្ដេច​ព្រះ​បរម​សាស្ដា​ចរិយាវង្ស កាល​ស្ដេច​ទ្រង់​សម្រេច​សម្រាន្ត​ព្រះ​ឥរិយាបថ កំណត់​នៅ​ក្នុង​ព្រះ​វិហារ​ជេតពនសុគន្ធកុដិស្រីមហាវិហារ អារព្ភ ទ្រង់​ព្រះ​ប្រារព្ធ​ភិក្ខុ​អ្នក​អផ្សុក​មួយ​រូប​ឱ្យ​ជា​ហេតុ កាថេសិ ទើប​ទ្រង់​សម្ដែង​ជាតក​នេះ​ដោយ​គាថា​ថា យាវតា ចន្ទិមសុរិយាតិ ដូច្នេះ​ជាដើម ។

កិរ ដូច​បាន​ឮ​មក​ថា​មាន​ភិក្ខុ ១ រូប​ត្រាច់​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​សាវត្ថី បាន​ឃើញ​ស្ត្រី​មាន​កាយ​ប្រដាប់​ដោយ​គ្រឿង​អលង្ការ ក៏​កើត​សេចក្ដី​បដិពទ្ធ​ក្នុង​ស្ត្រី​នោះ ហើយ​មាន​សេចក្ដី​អផ្សុក​ប្រាថ្នា​នឹង​សឹក​ចេញ​ជា​ឃរាវាស ភិក្ខុ​ទាំងឡាយ​ដឹង​រឿង​នោះ ទើប​នាំ​ភិក្ខុ​នោះ​ទៅ​គាល់​សម្ដេច​ព្រោះ​លោក​នាថ​ហើយ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ភិក្ខុ​នេះ​ជា​អ្នក​មាន​សេចក្ដី​អផ្សុក ។

សម្ដេច​ព្រះ​បរម​សាស្ដា​មាន​ព្រះ​ពុទ្ធ​តម្រាស់​សួរ​ថា ម្នាល​ភិក្ខុ បាន​ឮ​ថា អ្នក​មាន​សេចក្ដី​អផ្សុក​ពិត​មែន​ឬ ។ ភិក្ខុ​នោះ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ​អផ្សុក​ពិត​មែន ទើប​មាន​ព្រះ​ពុទ្ធ​តម្រាស់​ថា ម្នាល​ភិក្ខុ បើ​អ្នក​សឹក​ចេញ​ទៅ​ជា​ឃរាវាស អ្នក​នឹង​អាច​ញ៉ាំង​សេចក្ដី​ប្រាថ្នា​ឱ្យ​ពេញ​បាន​ដែរ​ឬ ? ធម្មតា​តណ្ហា​គឺ​សេចក្ដី​ប្រាថ្នា​ក្នុង​កាម​គុណ​ទាំង ៥ នេះ​ជា​របស់​ដែល​បុគ្គល​ណា​មួយ​មិន​គប្បី​ឱ្យ​ពេញ​បាន ប្រៀប​ដូច​មហា​សមុទ្រ​ដ៏​ធំ​ទូលាយ​មិន​ងាយ​នឹង​ឱ្យ​ពេញ​ដោយ​វារី​ដែល​ហូរ​មក​អំពី​មហានទី​ទាំង៥ដូច្នោះ សូម្បី​បុរាណ​បណ្ឌិត​ទាំងឡាយ ដែល​បាន​សោយ​សិរីរាជ​សម្បត្តិ​ជា​បរម​ចក្រពត្រាធិរាជ​មាន​អំណាច​ផ្សាយ​ទៅ​ក្នុង​ទ្វីប​ធំ​ទាំង៤ មាន​ទ្វីប​តូច២ពាន់​ជា​បរិវារ និង​បាន​សោយ​ទិព្វ​ស្រឹង្គារ​ក្នុង​ជាន់​ចាតុម្មហារាជិកា ទាំង​បាន​សោយ​ទិព្វ​សម្បត្តិ​ក្នុង​តាវត្តិង្ស​ទេវលោក​ឋិត​នៅ​ក្នុង​វិមាន​សម្ដេច​សក្កទេវរាជ​អស់​កាល​យូរ រហូត​សម្ដេច​មឃវា​កន្លង​ទៅ​ដល់ ៣៦ ព្រះ​អង្គ ក៏​នៅ​តែ​មិន​ញ៉ាំង​កាម​តណ្ហា​គឺ​សេចក្ដី​ប្រាថ្នា​ក្នុង​កាម​គុណ​ទាំង ៥ ឱ្យ​បរិបូណ៌​ពេញ​ទី​បាន ម្នាល​ភិក្ខុ ​អ្នក​អាច​នឹង​ធ្វើ​កាម​តណ្ហា​ឱ្យ​បរិបូណ៌​ពេញ​ទី​បាន​ដែរ​ឬ? កាល​មាន​ព្រះ​ពុទ្ធ​តម្រាស់​ដូច្នេះ​ហើយ ទើប​ទ្រង់​នាំ​រឿង​ក្នុង​អតីតកាល​មក​ត្រាស់​ទេសនា​ដូច​តទៅ​នេះ ។

អតីតេ បឋមកប្ប មហាសត្តោ នាម រាជា អហោសិ ។

ក្នុង​កាល​បឋមកប្ប​កន្លង​ទៅ​ហើយ  មាន​ព្រះ​រាជា​មហា​សម្មតិវង្ស ១ ព្រះ​អង្គ ព្រះ​រាជ​ឱរស​របស់​ព្រះ​អង្គ​នោះ បាន​ជា​ក្សត្រ​ទ្រង់​ព្រះ​នាម​ថា ព្រះ​ចៅ​រោជរាជ ព្រះ​រាជ​ឱរស​ព្រះ​ចៅ​រោជរាជ​នោះ បាន​ជា​ក្សត្រ​ទ្រង់​ព្រះ​នាម​ព្រះ​ចៅ​វររោជរាជ ព្រះ​រាជ​ឱរស​ព្រះ​ចៅ​វររោជរាជ​នោះ​បាន​ជា​ក្សត្រ​ទ្រង់​នាម​ថា ព្រះ​ចៅ​កល្យាណបតី ព្រះ​រាជ​ឱរស​ព្រះ​ចៅ​កល្យាណបតី​នោះ​បាន​ជា​ក្សត្រ​ទ្រង់​ព្រះ​នាម​ថា ជា​ព្រះ​ចៅ​ឧបោសថរាជ ព្រះ​រាជ​ឱរស​ព្រះ​ចៅ​ឧបោសថរាជ​នោះ​បាន​ជា​ក្សត្រ​ទ្រង់​ព្រះ​នាម​ថា ព្រះ​ចៅ​វរឧបោសថរាជ ព្រះ​រាជ​ឱរស​ព្រះ​ចៅ​វរឧបោសថរាជ​នោះ បាន​ជា​ក្សត្រិយ៍​ទ្រង់​ព្រះ​នាម​ថា​ព្រះ​ចៅ​មន្ធាតុរាជ ព្រះ​ចៅ​មន្ធាតុរាជ​នោះ​ប្រកប​ដោយ​រាជឫទ្ធិ​សក្ដា​តេជះ​បរិបូណ៌​ដោយ​រ័តន៍​ពិសេស ៧ ប្រការ ជា​បរមចក្រពត្រាធិរាជ មាន​បុញ្ញានុភាព​អស្ចារ្យ​ក្នុង​កាល​ដែល​ព្រះ​អង្គ​ទ្រង់​បត់​ព្រះ​ហស្ត​ខាង​ឆ្វេង សណ្ដូក​ព្រះ​ហស្ត​ខាង​ស្ដាំ ភ្លៀង​កែវ ៧ ប្រការ​ក៏​បង្អុរ​ចុះ​មក​ប្រមាណ​ត្រឹម​ជានុមណ្ឌល ដូច​ជា​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​មក​អំពី​អាកាស ព្រះ​ចៅ​មន្ធាតុរាជ​ជា​មនុស្ស​អស្ចារ្យ​យ៉ាង​នេះ កាល​ព្រះ​អង្គ​ទ្រង់​វ័យ​នៅ​ជា​កុមារ​ប្រកប​ដោយ​ការ​លេង កំណត់​កាល​ដ៏​យូរ​បាន ៨ ម៉ឺន ៤ ពាន់​ឆ្នាំ កាល​បើ​សោយ​សិរី​រាជ​សម្បត្តិ​ជា​បរម​ចក្រពត្រាធិរាជ កំណត់​កាល​បាន ៨ ម៉ឺន ៤ ពាន់​ឆ្នាំ ព្រះ​ជន្មាយុ​របស់​ព្រះ​ចៅ​មន្ធាតុរាជ​នោះ​មាន​កំណត់​បាន ១ អសង្ខេយ្យ ។

លុះ​ត​មក​មាន​មួយ​ថ្ងៃ​ ព្រះ​ចៅ​មន្ធាតុ​បរម​ចក្រពត្រាធិរាជ​នោះ មិន​អាច​នឹង​ញ៉ាំង​កាម​តណ្ហា​ឱ្យ​ល្មម​ព្រះ​ទ័យ​បាន ទើប​ទ្រង់​សម្ដែង​អាការ​ដែល​ព្រះ​អង្គ​ទ្រង់​អផ្សុក គឺ​មិន​ត្រេកអរ​ក្នុង​រាជ​សម្បត្តិ ។ ពួក​អាមាត្យ​រាជ​បរិស័ទ ក្រាប​បង្គំ​ទូល​សួរ​ថា បពិត្រ​ព្រះ​អង្គ​ជា​សម្មតិ​ទេវរាជ អាការ​ដែល​ព្រះ​អង្គ​ទ្រង់​អផ្សុក​នោះ បណ្ដាល​មក​អំពី​ហេតុ​អ្វី ? នែ ! អាមាត្យ​ទាំងឡាយ យើង​ឃើញ​កម្លាំង​បុណ្យ​របស់​យើង​មាន​ច្រើន សិរីរាជ​សម្បត្តិ​ប៉ុណ្ណេះ​មិន​ល្មម​ដល់​សេចក្ដី​ត្រេកអរ​របស់​យើង​ទេ សិរីរាជ​សម្បត្តិ​ក្នុង​ឋាន​ណា​ហ្ន៎ ទើប​ជា​ទី​រីករាយ​ជាង​នេះ ​? បពិត្រ​ព្រះ​អង្គ​ជា​សម្មតិ​ទេវរាជ ទេវលោក ទើប​ជា​ទី​រមណីយដ្ឋាន សម្រាន្ត​ព្រះ​ទ័យ​ជាង​មនុស្ស​លោក​នេះ ។ ព្រះ​ចៅ​មន្ធាតុ​បរម​ចក្រពត្តិ បាន​ទ្រង់​ព្រះ​សណ្ដាប់​ដូច្នោះ​ហើយ ក៏​ទ្រង់​ធ្វើ​ចក្រ​កែវ​ឱ្យ​នាំ​ទៅ​ក្នុង​ខាង​មុខ ហើយ​ស្ដេច​យាត្រា​ព្រម​ដោយ​រាជ​បរិស័ទ​តាម​ចក្រ​កែវ​នោះ​ឡើង​ទៅ​កាន់​អាកាស​វិថី ។

ចំណែក​ស្ដេច​ចាតុម្មហារាជិកា​ទាំង ៤ ឃើញ​ព្រះ​ចៅ​មន្ធាតុ​បរម​ចក្រពត្តិ ស្ដេច​មក​ក៏​កាន់​ទិព្វ​មាលា​មាន​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់ នាំ​ពួក​ទេពនិករ​ទាំងឡាយ​ជា​បរិវារ​មក​ធ្វើ​បច្ចុគមនាការ នា​ពាក់​កណ្ដាល​មាគ៌ា អញ្ជើញ​ស្ដេច​ឡើង​ទៅ​ប្រថាប់​ក្នុង​ជាន់​ចាតុម្មហារាជិកា ហើយ​ក៏​បង្វែរ​សិរី​សម្បត្តិ​ក្នុង​ជាន់​ចាតុម្មហារាជិកា​ថ្វាយ​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ សូម្បី​បាន​សោយ​ទិព្វ​សម្បត្តិ​ក្នុង​ជាន់​ចាតុម្ម-​ហារាជិកា ព្រម​ដោយ​រាជ​បរិស័ទ​និង​ទេវបរិស័ទ​អស់​កាល​យូរ ក៏​នៅ​មិន​អាច​នឹង​ធ្វើ​សេចក្ដី​ប្រាថ្នា​ឱ្យ​ពេញ​បាន ទើប​សម្ដែង​អាការ​ដែល​ព្រះ​អង្គ​អផ្សុក​ទ្រង់​មិន​បាន​ត្រេកអរ​ក្នុង​ទេវសម្បត្តិ​ក្នុង​ជាន់​ចាតុម្ម​ហារាជិកា​នោះ​ទៀត ។ សម្ដេច​ចាតុម្មហារាជិកា​ទាំង ៤ ក៏​ក្រាប​ទូល​បង្គំ​ទូល​សួរ​ថា បពិត្រ​មហារាជ​ព្រះ​អង្គ​អផ្សុក​ដោយ​ហេតុ​អ្វី ? ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​ត្រាស់​ថា សិរី​សម្បត្តិ​ត្រឹម​ប៉ុណ្ណេះ​នៅ​មិន​ជា​ទី​ត្រេកអរ​ល្មម​ដល់​សេចក្ដី​ប្រាថ្នា​របស់​យើង​ទេ ហើយ​ត្រាស់​សួរ​ថា សិរី​សម្បត្តិ​ក្នុង​ទីណា​ហ្ន៎ ទើប​ជា​ទី​ត្រេកអរ​វិសេស​ជាង​នេះ​ទៀត ? សម្ដេច​ចាតុម្មហារាជិកា​ទាំង ៤ ក្រាប​បង្គំ​ទូល​ថា បពិត្រ​មហា​រាជ ខ្ញុំ​ព្រះ​អង្គ​ទាំងឡាយ​នេះ​ជា​អ្នក​ទទួល​ធ្វើការ​ក្រោម​បង្គាប់​ស្ដេច​នៃ​ទេវតា​ទេ ទី​ដែល​រមណីយដ្ឋាន​ជាង​នោះ​មាន​តែ​តាវត្តិង្ស​ទេវលោក​ឯណោះ ទើប​ជា​ទី​រីករាយ​ទៅ​ដោយ​កាមារម្មណ៍​ដ៏​ឧត្ដម​ជាង​ជាន់​ចាតុម្មហារាជិកា​នេះ ។ កាល​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ បាន​ទ្រង់​ព្រះ​សណ្ដាប់​ដូច្នោះ​ហើយ ទើប​ទ្រង់​ធ្វើ​ចក្ក​កែវ​ឱ្យ​នាំ​ទៅ​ក្នុង​ខាង​មុខ ព្រះ​អង្គ​ព្រម​ដោយ​រាជ​បរិស័ទ ក៏​ស្ដេច​បែរ​ព្រះ​ភក្រ្ត​ចំពោះ​ទៅ​តាវត្តិង្ស​ទេវលោក ។    

លំដាប់​នោះ​សម្ដេច​សក្កទេវរាជ ទត​ព្រះ​នេត្រ​ឃើញ​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​ស្ដេច​មក ទើប​ទ្រង់​កាន់​ទិព្វ​មាលា​សុគន្ធ​ជាតិ មាន​អមរទេវតា​ចោម​រោម​ជា​បរិវារ ស្ដេច​ចេញ​ទៅ​ធ្វើ​បច្ចុគមនាការ​ទទួល​ចាប់​ព្រះ​ហស្ត​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​ហើយ​ត្រាស់​ថា សូម​អញ្ជើញ​ស្ដេច​យាង​មក​ខាង​ណេះ លុះ​ព្រះ​ចៅ​មន្ធាតុរាជ​ស្ដេច​ទៅ​ដល់​សម្នាក់​ស្ដេច​មឃវា​ហើយ ពួក​រតនបរិវា​យក​ពល​កែវ​ក៏​នាំ​ចក្ក​កែវ​ព្រម​ទាំង​រាជ​បរិស័ទ​ត្រឡប់​ចុះ​មក​កាន់​មនុស្ស​លោក​វិញ ចំណែក​សម្ដេច​មឃវា​ទេវរាជ​នោះ លុះ​នាំ​ព្រះ​ចៅមន្ធាតុបរមចក្រពត្តិ​មក​ដល់​តាវត្តិង្ស​ទេវភព​ហើយ ក៏​បែង​ទិព្វ​សម្បត្តិ​ថ្វាយ​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​នោះ​ពាក់​កណ្ដាល​ហើយ​ឱ្យ​ប្រថាប់​នៅ​ក្នុង​តាវត្តិង្ស​ទេវនគរ ។

ចាប់​ដើម​អំពី​នោះ​មក ព្រះ​រាជា​ទាំង​ពីរ​ព្រះ​អង្គ​គឺ ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ និង​សម្ដេច​កោសិយសក្កទេវរាជ​ក៏​សោយ​ទិព្វ​សម្បត្តិ​រជ្ជ​សុខ​ស្មើ​គ្នា​ក្នុង​តាវត្តិង្ស​ទេវភព​នោះ​កំណត់​កាល​បាន ៣ កោដិ ៦០សែន​ឆ្នាំ លុះ​សម្ដេច​កោសិយសក្កទេវរាជ​អង្គ​នោះ​ព្រះ​ជន្មាយុ​ចុតិ​ទៅ សម្ដេច​សក្កទេវរាជ​អង្គ​ថ្មី​មក​ឧប្បត្តិ​ជំនួស​ឡើង​ទៀត ហើយ​សោយ​រជ្ជ​សុខ​ពាក់​កណ្ដាល​ដូច​អង្គ​មុន កាល​បើ​អស់​អាយុក្ខ័យ​​ហើយ​ចុតិ​ទៅ សក្កទេវរាជ​ដែល​ឧប្បត្ដិ​ឡើង​នឹង​ចុតិ​ទៅ​វិញ​ដោយ​ទំនង​នេះ រាប់​បាន ៣៦ ព្រះ​អង្គ​ចំណែក​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​នោះ មាន​ព្រះ​សរីរកាយ​ជា​មនុស្ស​បាន​សោយ​ទិព្វ​សុទ្ធា​ភោជន៍​ដ៏​បរិសុទ្ធ​ទើប​មិន​ចុតិ​ចាក​ទេវស្ថាន ។

លុះ​ដល់​សម្ដេច​សក្កទេវរាជ​អង្គ​ទី ៣៧ ឧប្បត្តិ​ឡើង​ក្នុង​តាវត្តិង្ស​ទេវភព​ទៀត ក៏​បាន​សោយ​ទិព្វ​សម្បត្តិ​រជ្ជ​សុខ​ពាក់​កណ្ដាល​ដូច​អង្គ​មុន​ៗ ឯ​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​មាន​សេចក្ដី​ប្រាថ្នា​ក្នុង​បញ្ចពិធ​កាមគុណ​មិន​មាន​ទី​បំផុត ក៏​កើត​សេចក្ដី​ខ្វល់ខ្វាយ​ចិត្ត​មិន​គាប់​ព្រះ​ទ័យ​ក្នុង​រជ្ជ​សុខ​ត្រឹម​ប៉ុណ្ណេះ ទើប​ទ្រង់​ព្រះ​តម្រិះ​ថា​ប្រយោជន៍​អ្វី​ដែល​មក​សោយ​ទិព្វ​សម្បត្តិ​តែ​ត្រឹម​ពាក់​កណ្ដាល​ប៉ុណ្ណេះ  យើង​នឹង​ផ្ដាច់​ព្រះ​ជន្មជីព​សម្ដេច​មឃវា​អង្គ​ថ្មី​នេះ​ចេញ ហើយ​នឹង​អាច​សោយ​ទិព្វ​សម្បត្តិ​ក្នុង​ជាន់​តាវត្តិង្ស​នេះ​ឱ្យ​ជា​បរមសុខ​តែ​ម្នាក់​ឯង តែ​ទ្រង់​មិន​អាច​នឹង​ផ្ដាច់​ព្រះ​ជន្មជីព​ស្ដេច​មឃវា​នោះ​បាន​ឡើយ កាល​មិន​បាន​សម្រេច​ព្រះ​រាជ​បំណង​ដូច​ទ្រង់​ព្រះ​តម្រិះ​ទុក ក៏​កើត​ទុក្ខ​ទោមនស្ស​តូច​ព្រះ​ទ័យ​គ្រប់​ទិវា​រាត្រី ។

ធម្មតា​កាមគុណ គឺ​សេចក្ដី​ប្រាថ្នា​ក្នុង​កាមគុណ​នេះ​ជា​មូល​នៃ​សេចក្ដី​វិបត្តិ ព្រោះ​ហេតុ​នោះ អាយុ​សង្ខារ​របស់​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​ក៏​ត្រូវ​វិនាស​ទៅ ខណៈ​នោះ​ជរា​ក៏​ចូល​មក​បៀតបៀន​ព្រះ​សរីរកាយ​ឱ្យ​គ្រាំគ្រា​ទ្រុឌទ្រោម​ទៅ តែ​ធម្មតា​សរីរាវយវៈ​មនុស្ស​ជាត​ទាំងឡាយ មិន​ដែល​បែក​ធ្លាយ​ក្នុង​ទេវលោក​នោះ​ឡើយ ព្រោះ​ហេតុ​ដូច្នោះ ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ ក៏​ត្រូវ​ចុតិ​ចាក​ទេវលោក​ចុះ​មក​នៅ​ក្នុង​ព្រះ​រាជ​ឧទ្យាន ។

ចំណែក​ឧ្យានបាល (អ្នក​រក្សា​សួន) បាន​ឃើញ​ស្ដេច​មន្ធាតុរាជ​ស្ដេច​មក​នៅ​ក្នុង​ឧទ្យាន​ដូច្នោះ នាំ​សេចក្ដី​នោះ ទៅ​ក្រាប​បង្គំ​ទូល​ដល់​រាជ​ត្រកូល​ៗ ក៏​នាំ​គ្នា​មក​តាក់តែង​ទី​ព្រះ​ក្រឡា​បន្ទំ​ក្នុង​ព្រះ​រាជ​ឧទ្យាន ថ្វាយ​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​ផ្ទំ​ជា​អនុដ្ឋាន​សេយ្យាសន៍ ។

ក្នុង​ខណៈ​នោះ ពួក​សេវកាមាត្យ​ទាំងឡាយ​នាំ​គ្នា​ក្រាប​បង្គំ​ទូល​សួរ​ថា បពិត្រ​ព្រះ​អង្គ​ជា​សម្មតិ​ទេវរាជ ឥឡូវ​នេះ​ព្រះ​អង្គ​នឹង​ឱ្យ​ខ្ញុំ​ទូល​បង្គំ​ទាំងឡាយ​ធ្វើ​ដូចម្ដេច​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​អង្គ ? ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​ត្រាស់​ថា អ្នក​ទាំងឡាយ​ចូរ​ឱ្យ​ដំណឹង​នេះ​ដល់​មហាជន​ឱ្យ​បាន​ដឹង​គ្រប់​គ្នា​ថា ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​បាន​សោយ​រាជ​សម្បត្តិ​ជា​បរម​ចក្រពត្រាធិរាជ មាន​ឥស្សរភាព​ផ្សាយ​ទៅ​ក្នុង​ទ្វីប​ធំ​ទាំង​៤ មាន​ទ្វីប​តូច​២​ពាន់​ជា​បរិវារ​នឹង​បាន​សោយ​ទិព្វ​សម្បត្តិ​ក្នុង​ជាន់​ចាតុម្មហារាជិកា​ក៏​យូរ​អង្វែង ទាំង​បាន​ឡើង​ទៅ​សោយ​ទិព្វ​សម្បត្តិ​ក្នុង​តាវត្តិង្ស​ទេវលោក រហូត​ដល់​អស់​អាយុ​របស់​ព្រះ​ឥន្ទ្រ ៣៦​ព្រះ​អង្គ ក៏​នៅ​មិន​អាច​ញ៉ាំង​សេចក្ដី​ត្រេកអរ សេចក្ដី​ប្រាថ្នា​ក្នុង​កាមារម្មណ៍​ឱ្យ​ពេញ​ព្រះ​ទ័យ​បាន ដល់​ទី​បំផុត​ក៏​ត្រូវ​ចុតិ​ឃ្លាត​ចាក​ទេវលោក​ចុះ​មក​ផ្ទំ​ក្នុង​ព្រះ​រាជ​ឧទ្យាន ឥឡូវ​នេះ​ស្ដេច​ទិវង្គត​ហើយ ។ ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​មាន​ព្រះ​រាជ​តម្រាស់​ផ្ដាំ​ដូច្នេះ​ហើយ ក៏​ស្ដេច​ទិវង្គត​ទៅ​តាម​យថាកម្ម​របស់​ព្រះ​អង្គ ។

សត្ថា តមំ ធម្មទេសនំ អាហរិត្វា សម្ដេច​ព្រះ​បរម​សាស្ត្រាចារ្យ​ទ្រង់​នាំ​ព្រះ​ធម្មទេសនា គឺ​ជាតក​នេះ​មក​សម្ដែង​ហើយ ទើប​ត្រាស់​នូវ​បទ​ព្រះ​គាថា​ទាំងឡាយ​ដូច​តទៅ​នេះ

យាវតា    ចន្ទិមសុរិយា  ហរិហរន្ត  ទិសា   ភន្តិ     វិរោចមានា

សព្វេវ  ទាសា មន្ធាតុ  យេ     បាណា បឋវិនិស្សិតា

នកហាបណវស្សេន     តិត្តំ     កាមេ   នវិជ្ជតិ

អប្បសាទា      ទុក្ខា    កាមា ឥតិ     វិញ្ញាយេ   បណ្ឌិតោ

អបិ     ទិព្វេសុ កាមេសុរតឹ      សោ    នាធិកច្ឆតិ

តណ្ហក្ខយរតោ  ហោតិ  សម្មាសម្ពុទ្ធសាវកោ ។

សេចក្ដី​ថា​ព្រះ​ចន្ទ​និង​ព្រះ​អាទិត្យ​ទាំងឡាយ​កាល​រះ​ឡើង​ដើរ​វិល​វង់​ក្បែរ​ភ្នំ​សិនេរុរាជ មាន​រស្មី​ដ៏​ភ្លឺ​ស្វាង​រុងរឿង​ផ្សាយ​ទៅ​ក្នុង​ទិស​ទាំង ១០ ដោយ​ទី​មាន​កំណត់​ត្រឹម​ណា សត្វ​គឺ​មនុស្ស​ទាំងឡាយ​ដែល​អាស្រ័យ​នោះ​លើ​ផែនដី​ក្នុង​ទី​មាន​កំណត់​ត្រឹម​ណោះ ជា​ខ្ញុំ​ព្រះ​ចៅ​មន្ធាតុរាជ​ទាំងអស់ ព្រះ​ចៅ​មន្ធាតុរាជ​កាល​ទ្រង់​មាន​ព្រះ​រាជ​បំណង​នឹង​សង្គ្រោះ​ដល់​មនុស្ស​ដែល​ជា​ខ្ញុំ​ទាំង​ប៉ុណ្ណោះ ទ្រង់​ទះ​ព្រះ​ហស្ត​ក្នុង​កាល​ណា ក្នុង​កាល​នោះ ភ្លៀង​កែវ​ទាំង ៧ ប្រការ​ក៏​បវត្តនាការ​ធ្លាក់​ចុះ​មក សូម្បី​យ៉ាង​នោះ សេចក្ដី​ឆ្អែត​ក្នុង​វត្ថុ​កាម​និង​កិលេស​កាម ក៏​នៅ​មិន​ល្មម​ដល់​ព្រះ​ចៅ​មន្ធាតុរាជ​នោះ ក៏​បណ្ឌិត​កាល​ដឹង​ច្បាស់​ថា កាម​ទាំងឡាយ​មាន​សេចក្ដី​ត្រេកអរ​តិច គឺ​មាន​សេចក្ដី​សុខ​តិច ប្រកប​ទៅ​ដោយ​សេចក្ដី​ទុក្ខ​ច្រើន​ដូច្នេះ ក៏​មិន​សេចក្ដី​ត្រេកអរ​ក្នុង​កាម​ទាំងឡាយ មួយទៀត ​សាវក​របស់​ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់ លោក​ក៏​មិន​មាន​សេចក្ដី​ប្រាថ្នា​នឹង​ត្រេកអរ​ក្នុង​កាម​ដ៏​ជា​ទិព្វ​នោះ​ឡើយ លោក​ប្រាថ្នា​ត្រេកអរ​តែ​ក្នុង​ព្រះ​និព្វាន​ធម៌​ដែល​ជា​ទី​អស់​ទៅ​នៃ​តណ្ហា​ដោយ​ចំណែក​មួយ​ប៉ុណ្ណោះ ។

កាល​សម្ដេច​ព្រះបរមសាស្តាចារ្យ ទ្រង់​នាំ​អតីត​និទាន​មក​ត្រាស់​ទេសនា​យ៉ាង​នេះ​ហើយ ទើប​ទ្រង់​ប្រកាស​នូវ​អរិយសច្ច​ទាំងឡាយ លុះ​ចប់​អរិយសច្ច​ហើយ ភិក្ខុ​ដែល​អផ្សុក​នោះ​ក៏​បាន​សម្រេច​សោតាបត្តិផល ព្រម​ទាំង​ភិក្ខុ​ទាំងឡាយ​ដទៃ​ក៏​បាន​សម្រេច​ផល​មាន​សោតាបត្តិផល​ជា​ដើម ទើប​សម្ដេច​ព្រះ​លោកុត្តមាចារ្យ​ទ្រង់​ប្រជុំ​ជាតក​ថា ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​ក្នុង​គ្រា​នោះ​គឺ​អង្គ​តថាគត​ហ្នឹង​ឯង ៕

ចប់​មន្ធាតុរាជ​ចាតក ។

    ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៤៤


  •  
  •  

បញ្ចេញយោបល់ ៖