តម្លៃ​សិល្បសាស្ត្រ

ឃុន​បណ្ណានុរក្ស ប៊ូ- ប៉ូ រៀបរៀង
“ប្រាជ្ញា​បុណ្យ​ផង កើត​ដោយ​ប្រតិបត្តិ[១]

សេចក្ដី​ចេះ​ដឹង​សិល្បសាស្ត្រ​មន្ត​វិជ្ជា​ការ​គ្រប់​យ៉ាង មាន​ចេះ​អក្សរ​និង​លេខ​ជា​ដើម ហៅ​ថា​​ប្រាជ្ញាៗ​នេះ​កើត​មាន​ឡើង​ដោយ​សារ​តែ​បាន​រៀន​សូត្រ​អំពី​សម្នាក់​គ្រូ​អាចារ្យ ។

សេចក្ដី​សុខ សេចក្ដី​ចម្រើន យស​សក្ដិ សម្បត្តិ​ទ្រព្យ​និង​ផល​ប្រយោជន៍​ទាំងអស់​ក្នុង​លោក​នេះ ហៅ​ថា​បុណ្យ​ ៗនេះ​កើត​ឡើង​ដោយ​សារ​តែ​មាន​សេចក្ដី​ព្យាយាម​ខំ​រៀនសូត្រឬ​ខំ​ធ្វើការ​រក​ស៊ី ​នឹង​បាន​កាន់​ច្បាប់​ទម្លាប់​ស្ដាប់​ដំបូន្មាន​មាតា​បិតា​គ្រូ​អាចារ្យ មិន​ហ៊ាន​ប្រព្រឹត្ត​កន្លង ។

ការ​ប្រព្រឹត្ត កាន់ ធ្វើ​តាម ហៅ​ថា ប្រតិបត្តិ ។ មនុស្ស​ដែល​បាន​សម្រេច​ផល​ប្រយោជន៍ គឺ​មាន​ប្រាជ្ញា​ឬ​មាន​បុណ្យ​សក្ដិ​កើត​ដោយ​ប្រតិបត្តិ​នោះ ដូច​ជា​មាន ៖

រឿង​គ្រូ​ពេទ្យ​ជីវកកោមារភត្យ[២]

ក្រុង​វេសាលី​ជា​ក្រុង​ស្ដុកស្ដម្ភ​ធំ​ទូលាយ មាន​មនុស្ស​កុះករ​ច្រើន​មីរ​ដេរដាស មាន​អាហារ​ចំណី​ក៏​សម្បូណ៌ មាន​ប្រាសាទ ៧,៧០៧ មាន​ផ្ទះ​កំពូល  ៧,៧០៧ មាន​សួន​ច្បារ  ៧,៧០៧ មាន​ស្រះ​បោក្ខរណី​ ៧,៧០៧ ស្រី​ផ្កា​មាស​ម្នាក់​ឈ្មោះ​នាង​អម្ពបាលី មាន​រូប​ល្អ​គួរ​ពិតពិល​រមិល​គួរ​ឱ្យ​ស្រឡាញ់​ត្រូវ​ចិត្ត​មនុស្ស​ពន់​ពេក ជា​ស្រី​ប្រសប់​លេង​ល្បែង​រាំ​ច្រៀង​ដេញ​ដំ​ប្រគំ ពួក​មនុស្ស​ជា​ច្រើន​នាក់​តែង​នាំ​គ្នា​ចូល​ទៅ​រក​នាង​នោះ​ៗ ក្នុង១​យប់​យក​ថ្លៃ ៥០ រៀល ក្រុង​វេសាលី​សឹង​បាន​ថ្កុំថ្កើង​រុង​រឿង​ដោយ​សារ​តែ​នាង​អម្ពបាលី​នេះ​ឯង ។

គ្រា​នោះ មាន​ពួក​កុដុម្ពី​នៅ​ក្រុង​រាជគ្រឹះ​បាន​ទៅ​ឯ​ក្រុង​វេសាលី ដោយ​មាន​កិច្ច​ណា​មួយ បាន​សង្កេត​មើល​ការ​រចនា​បែប​ភាព​លម្អ​របស់​ក្រុង​វេសាលី​សព្វ​គ្រប់​ហើយ បាន​ទាំង​ឃើញ​នាង​អម្ពបាលី​នោះ​ផង លុះ​មើល​ឃើញ​សព្វ​គ្រប់​ស្រេច​ហើយ​ក៏​ត្រឡប់​មក​ក្រុង​រាជគ្រិះ​វិញ បាន​ចូល​ទៅ​គាល់​ព្រះ​បាទ​ពិម្ពិសារ ក្រាប​បង្គំ​ទូល​អំពី​ការ​រចនា​បែប​ភាព​លម្អ​​របស់​ក្រុង​វេសាលី​ទាំងអស់​តាម​ដែល​ខ្លួន​បាន​ឃើញ ហើយ​ក្រាប​បង្គំ​ទូល​សូម​អនុញ្ញាត​តាំង​ស្រី​ផ្កា​មាស​ម្នាក់​ក្នុង​ក្រុង​រាជគ្រឹះ​ផង កាល​ស្ដេច​ទ្រង់​អនុញ្ញាត​ហើយ ពួក​កុដុម្ពី​ក៏​បាន​តាំង​នាង​កុមារី​ម្នាក់​ឈ្មោះ សាលវតី មាន​រូប​ល្អ​គួរ​ឱ្យ​ចង់​មើល គួរ​ស្រឡាញ់ មាន​សម្បុរ​ល្អ ត្រូវ​ចិត្ត​មហាជន​ពន់ពេក​ឱ្យ​ធ្វើ​ជា​ស្រី​ផ្កា​មាស នាង​នេះ​ប្រសប់​លេង​ល្បែង​រាំ​ច្រៀង​ដេញ​ដំ​ប្រគំ មាន​ប្រុស​ៗ​ស្រឡាញ់​ចូល​ចិត្ត​ទៅ​រក​នាង​ជា​ច្រើន នាង​នេះ​ក្នុង ១ យប់​យក​ថ្លៃ ១០០ រៀល ។

នាង​សាលវតី​ធ្វើ​ជា​ស្រី​ផ្កា​មាស​មិន​យូរ​ប៉ុន្មាន​ក៏​មាន​គភ៌ ទើប​នាង​រិះគិត​ថា ធម្មតា​ស្រី​តែ​មាន​គភ៌​ហើយ ប្រុស​ៗ​មិន​សូវ​ពេញ​ចិត្ត​ឡើយ ប្រសិន​បើ​គេ​ដឹង​ថា​អញ​មាន​គភ៌ មុខ​ជា​អញ​លែង​បាន​ប្រាក់​មាស​ហើយ បើ​ដូច្នោះ​មាន​តែ​អញ​ប្រាប់​គេ​ថា ខ្លួន​អញ​ឈឺ គិត​ហើយ​ក៏​ផ្ដាំ​នាយ​ទ្វារ​ថា នែ​នាយ​ទ្វារ អ្នក​ឯង​ត្រូវ​ហាម​កុំ​ឱ្យ​ប្រុស​ណា​មួយ​ចូល​មក​រក​ខ្ញុំ​ឡើយ បើ​មាន​នរណា​មក​សួរ​រក​ខ្ញុំ ត្រូវ​តែ​អ្នក​ឯង​ប្រាប់​ថា នាង​សាលវតី​ឈឺ​ទៅ​ហើយ ។ លុះ​ដល់​នាង​សាលវតី​មាន​គភ៌​គ្រប់​ខែ​ហើយ​ក៏​សម្រាល​កូន​ប្រុស ១ មក នាង​បង្គាប់​ឱ្យ​ខ្ញុំ​ស្រី​ដាក់​ទារក​ក្នុង​ចង្អេរ​ចាស់​ហើយ​ឱ្យ​យក​ទៅ​ដាក់​ចោល​លើ​គំនរ​សំរាម ចួន​ជា​ពេល​នោះ ព្រះ​អភយរាជកុមារ​ចេញ​ទៅ​គាល់​ស្ដេច​ពី​ព្រលឹម បាន​ក្រឡេក​មើល​ទៅ​ឃើញ​ទារក​នៅ​លើ​គំនរ​សំរាម​មាន​សត្វ​ក្អែក​ចោមរោម​ជុំ​វិញ ក៏​ប្រើ​មនុស្ស​ឱ្យ​រើស​យក​ទារក​ទៅ​ក្នុង​វាំង​ប្រគល់​ឱ្យ​មេដោះ​ចិញ្ចឹម ហើយ​សន្មត​ឱ្យ​ឈ្មោះ​ថា ជីវក ដោយ​ហេតុ​ទារក​នោះ​នៅ​រស់ ក្រោយ​មក​ទៀត​ឱ្យ​ឈ្មោះ​ថា កោមារភត្យ ដោយ​ហេតុ​ទារក​នោះ​អភយរាជកុមារ​បាន​រើស​យក​មក​ចិញ្ចឹម​រក្សា រួម​ឈ្មោះ​ទាំង​មុន​ទាំង​ក្រោយ​ហៅ​ភ្ជាប់​គ្នា​ថា ជីវកកោមារភត្យ ។ កាល​ចម្រើន​ធំ​ឡើង​បាន​ដឹង​ក្ដី​ហើយ ក៏​ចូល​ទៅ​គាល់​អភយរាជកុមារ ក្រាប​ទូល​សួរ​ថា បពិត្រ​ព្រះ​សម្មតិទេព ស្រី​ណា​ជា​មាតា​របស់​ខ្ញុំ ប្រុស​ណា​ជា​បិតា​របស់​ខ្ញុំ អភយរាជកុមារ​ត្រាស់​ប្រាប់​ថា ហៃ​បា​ជីវក​អើយ ទុក​ជា​ខ្លួន​អញ​ក៏​មិន​ស្គាល់​ម្ដាយ​អាពុក​បា​ឯង​ដែរ ប៉ុន្តែ​ខ្លួន​អញ​ទុក​ដូច​ជា​អាពុក​បា​ឯង​ចុះ ព្រោះ​អញ​រើស​យក​ឯង​ពី​គំនរ​សំរាម​មក​ចិញ្ចឹម​រក្សា ជីវកកោមារភត្យ​ឮ​ដូច្នោះ​គិត​ថា ពួក​រាជ​ត្រកូល​នេះ​តែ​គ្មាន​សិល្បសាស្ត្រ​ហើយ មិន​ងាយ​នឹង​ចិញ្ចឹម​ជីវិត​បាន​ស្រួល​ទេ បើ​ដូច្នោះ​មាន​តែ​អញ​រក​រៀន​សិល្បសាស្ត្រ លុះ​គិត​ហើយ​ក៏​លប​ចេញ​ពី​សម្នាក់​អភយរាជកុមារ ដើរ​សំដៅ​ទៅ​ឯ​ក្រុង​តក្កសិលា​បាន​ចូល​ទៅ​សុំ​រៀន​ក្នុង​សម្នាក់​អាចារ្យ​ទិសាបាមោក្ខ[៣] ផ្នែក​ខាង​វិជ្ជា​ពេទ្យ រៀន​សិល្បសាស្ត្រ​ចេះ​ចាំ​បាន​ច្រើន​ឆាប់​រហ័ស​ណាស់​ឥត​ភ្លេចភ្លាំង​ទៅ​វិញ​ឡើយ ។

ជីវកកោមាភរត្យ​នៅ​រៀន​វិជ្ជា​ពេទ្យ​បាន​ចំនួន ៧ ឆ្នាំ​ក៏​នឹក​ឆ្ងល់​ថា អញ​រៀន​ក្បួន​ពេទ្យ​នេះ​ចំនួន ៧ ឆ្នាំ​មក​ហើយ មិន​ដឹង​ជា​កាល​ណា​នឹង​រៀន​ចប់​ឡើយ ទើប​ចូល​ទៅ​ជម្រាប​សួរ​គ្រូ​ថា បពិត្រ​លោក អាចារ្យ កាល​ណា​ខ្ញុំ​នឹង​រៀន​វិជ្ជា​ពេទ្យ​នេះ​ចប់ អាចារ្យ​ទិសាបាមោក្ខ​ប្រាប់​ថា នៃ​ជីវក បើ​អ្នក​ឯង​សង្ស័យ​ដូច្នោះ ចូរ​អ្នក​កាន់​ចប​ជីក​ដើរ​ចេញ​ទៅ​ចម្ងាយ ១​យោជន៍ ជុំ​វិញ​ក្រុង​តក្កសិលា​ហើយ​គន់​រក​មើល​ស្មៅ​ឬ​ឈើ​ណា​ដែល​ធ្វើ​ជា​ថ្នាំ​មិន​កើត ចូរ​អ្នក​យក​ស្មៅ​ឬ​ឈើ​នោះ​មក​បង្ហាញ​ខ្ញុំ ជីវកកោមារភ​ត្យ​កាន់​ចប​ជីក​ដើរ​ទៅ​តាម​បង្គាប់​អាចារ្យ ឥត​ឃើញ​មាន​ស្មៅ​ឬ​ឈើ​ណា​ដែល​ធ្វើ​ជា​ថ្នាំ​មិន​កើត​ឡើយ ឃើញ​សុទ្ធ​តែ​ធ្វើ​ថ្នាំ​បាន​ទាំងអស់​ឥត​សល់ ទើប​វិល​ចូល​មក​ជម្រាប​អាចារ្យ​វិញ អាចារ្យ​ប្រាប់​ថា នែ​​ជីវក វិជ្ជា​ពេទ្យ​យើង​បាន​បង្រៀន​អ្នក​ចប់​សព្វ​គ្រប់​អស់​ហើយ ចំណេះ​របស់​អ្នក​ឯង​ប៉ុណ្ណេះ​ល្មម​នឹង​ចិញ្ចឹម​ជីវិត​បាន​ហើយ ចូរ​អ្នក​វិល​ទៅ​នៅ​ស្រុក​វិញ​ចុះ ថា​ហើយ​ក៏​ឱ្យ​ស្បៀង​បន្តិច​បន្តួច​នឹង​អាស្រ័យ​តាម​ផ្លូវ ជីវកកោមារភត្យ​ទទួល​យក​ស្បៀង​ហើយ សំពះ​លា​អាចារ្យ​ចេញ​ពី​នគរ​តក្កសិលា ដើរ​សំដៅ​ទៅ​ក្រុង​រាជ​គ្រឹះ លុះ​ដើរ​ទៅ​ដល់​ពាក់​កណ្ដាល​ជិត​នឹង​ក្រុង​សាកេត​ក៏​អស់​ស្បៀង​រលីង ទើប​ជីវកកោមារភត្យ​គិត​ថា ផ្លូវ​អស់​ទាំង​នេះ​ជា​ផ្លូវ​ដាច់​ស្រយាល ក្រ​បាយ​ទឹក​ចំណី​អាហារ​ណាស់ នរណា​ឥត​ស្បៀង​អាហារ​ដើរ​ទៅ​ផ្លូវ​នេះ​មិន​រួច​ទេ បើ​ដូច្នោះ​មាន​តែ​អញ​ស្វែង​រក​ស្បៀង​ឱ្យ​បាន​សិន​រួច​សឹម​ទៅ ។

គ្រា​នោះ​ក្នុង​ក្រុង​សាកេត​មាន​ភរិយា​សេដ្ឋី​ម្នាក់​កើត​រោគ​ឈឺ​ក្បាល​៧​ឆ្នាំ​មក​ហើយ ពួក​គ្រូ​ពេទ្យ​យ៉ាង​ធំៗ ច្រើន​នាក់​នាំ​គ្នា​មក​ព្យាបាល​រោគ​នោះ​មិន​ជា យក​តែ​រង្វាន់​អស់​ជាច្រើន ជីវកកាមារភត្យ​បាន​ដឹង​ដំណឹង​នោះ​ហើយ​ក៏​ចូល​ទៅ​ឯ​លំនៅ​សេដ្ឋី ប្រើ​នាយ​ទ្វារ​ឱ្យ​ចូល​ទៅ​ជម្រាប​ភរិយា​សេដ្ឋី​ៗ​សួរ​ថា​គ្រូ​ពេទ្យ​នោះ​តើ​ក្មេង​ឬ​ចាស់ នាយ​ទ្វារ​ជម្រាប​ថា បពិត្រ​អ្នក​ម្ចាស់ គ្រូ​ពេទ្យ​នោះ​នៅ​ក្មេង​ទេ ភរិយា​សេដ្ឋី​ឆ្លើយ​ថា ណ្ហើយ​កុំ​នាយ​ទ្វារ បើ​គ្រូ​ពេទ្យ​នៅ​ក្មេង​ម្ល៉េះ​ធ្វើ​ម្ដេច​នឹង​មើល​រោគ​អញ​ជា ដ្បិត​មាន​គ្រូ​ពេទ្យ​យ៉ាង​ធំ​ៗច្រើន​នាក់​មក​មើល​មិន​ជា​ទៅ​ហើយ យក​តែ​រង្វាន់​អស់​ជា​ច្រើន នាយ​ទ្វារ​ចេញ​ទៅ​ប្រាប់​ជីវកកោមារភត្យ​វិញ​តាម​ពាក្យ​ភរិយា​សេដ្ឋី​គ្រប់​ប្រការ ជីវកកោមារភត្យ​ប្រើ​នាយ​ទ្វារ​ឱ្យ​ទៅ​ជម្រាប​ម្ដង​ទៀត​ថា អ្នក​ម្ចាស់​កុំ​អាល​ឱ្យ​វត្ថុ​អ្វី​ៗ​មុន​ឡើយ ចាំ​អ្នក​ម្ចាស់​ជា​រោគ​ពេល​ណា​បើ​ចង់​ឱ្យ​របស់​អ្វី​ក៏​ឱ្យ​ពេល​នោះ​ចុះ នាយ​ទ្វារ​ចូល​ទៅ​ជម្រាប​ភរិយា​សេដ្ឋី​ៗ​ក៏​ព្រម​បើក​ឱ្យ​ចូល​ទៅ លុះ​ជីវកកោមារភត្យ ចូល​ទៅ​ដល់​ហើយ​ក៏​សង្កេត​មើល​អាការ​រោគ​បាន​ស្គាល់​ច្បាស់ ទើប​សុំ​ទឹក​ដោះ​រាវ​អំពី​ភរិយា​សេដ្ឋី ១​ទូក​ដៃ​យក​មក​ស្ល​លាយ​នឹង​ថ្នាំ​ច្រើន​មុខ​ទៀត ឱ្យ​ភរិយា​សេដ្ឋី​ដេក​ផ្ងារ​លើ​គ្រែ​ហើយ​ក៏​បញ្ច្រក​ថ្នាំ​នោះ​ៗ ក៏​ខ្ពុរ​ចេញ​ពី​មាត់​មក​វិញ ភរិយា​សេដ្ឋី​ខ្ជាក់​ថ្នាំ​នោះ​ទៅ​ក្នុង​កន្ថោរ ហើយ​ប្រើ​ខ្ញុំ​ស្រី​ឱ្យ​យក​សម្លី​​មក​ផ្តិត​យក​ទឹក​ដោះ​រាវ​ទុក ជីវកកោមារភត្យ​បាន​ឃើញ​ដូច្នោះ​គិត​ថា យីអើ អស្ចារ្យ​អ្វី​ម្ល៉េះ ស្រី​មេ​ផ្ទះ​នេះ​គម្រក់​ណាស់​តើ មិន​សម​បើ​ហ៊ាន​ប្រើ​ខ្ញុំ​ស្រី​ផ្ដិត​យក​ទឹក​ដោះ​រាវ​នេះ​ទុក​សោះ ឯទឹក​ដោះ​នេះ​សម​តែ​ចាក់​ចោល​ទៅ​វិញ​ទេ ១ ទៀត​អញ​ប្រើ​ថ្នាំ​ថ្លៃ​ៗ អស់​ជា​ច្រើន​ទៅ​ហើយ ស្រី​នេះ​នឹង​ឱ្យ​រង្វាន់​តែ​បន្តិច​បន្តួច​ដល់​អញ​ម្ដេច​បាន ឯ​ភរិយា​សេដ្ឋី​ស្គាល់​អាការ​ទឹក​មុខ​ជីវកកោមារភត្យ ប្រែ​ប្លែក​ដូច្នោះ​ក៏​ប្រាប់​ថា នែ​លោក​គ្រូ​ពេទ្យ យើង​ជា​ស្រី​គ្រប់​គ្រង​ផ្ទះ ត្រូវ​តែ​ចេះ​សំចៃ​ទឹក​ដោះ​រាវ​នេះ​ទុក ដ្បិត​ទឹក​ដោះ​រាវ​នេះ​នឹង​ធ្វើ​ជា​ថ្នាំ​លាប​ជើង​ពួក​ទាសកម្មករ​ក៏​បាន ​និង​ចាក់​ចង្កៀង​អុជ​ក៏​បាន លោក​កុំ​តូច​ចិត្ត​ឡើយ រង្វាន់​របស់​លោក​មុខ​ជា​មិន​ខូច​ខាត​ទេ ជីវកកោមារភត្យ​បញ្ច្រក​ថ្នាំ​ភរិយា​សេដ្ឋី​តែ​ម្ដង​ប៉ុណ្ណោះ ក៏​សះ​ជា​រោគ​ឈឺ​ក្បាល​ស្រឡះ​ភ្លាម ទើប​ភរិយា​សេដ្ឋី​ឱ្យ​រង្វាន់ ៤​ពាន់​រៀល កូន​ប្រុស​និង​​កូន​ប្រសា​ស្រី​បាន​ដឹង​ថា​ម្ដាយ​ខ្លួន​ជា​ជំងឺ​​ហើយ ក៏​ឱ្យ​រង្វាន់​៤​ពាន់​រៀល​ម្នាក់​ៗ​ទៀត ឯ​សេដ្ឋី​ជា​ស្វាមី​ក៏​បាន​ឱ្យ​រង្វាន់​៤​ពាន់​រៀល​ផង​ឱ្យ​ខ្ញុំ​ប្រុស​ខ្ញុំ​ស្រី​និង​រថ​ទឹម​សេះ​ថែម​ទៀត​ផង រួច​ទឹក​ប្រាក់​ទាំងអស់​បាន ១៦​ពាន់​រៀល ជីវក​កោមារភត្យ​ទទួល​យ​ក​រង្វាន់​ទាំងអស់​ចេញ​ទៅ​ឯ​ក្រុង​រាជគ្រឹះ លុះ​ដល់​ក្រុងរាជគ្រឹះ​ហើយ​បាន​ចូល​ទៅ​គាល់​អភយរាជាកុមារ​ក្រាប​ទូល​ថា សូម​ទ្រង់​មេត្តា​ប្រោស រង្វាន់​ទាំងអស់​នេះ​ជា​ស្នាដៃ​ដំបូង​របស់​ទូលបង្គំ​ជា​ខ្ញុំ សូម​ព្រះ​សម្មតិទេព​ទ្រង់​ទទួល​យក​ថ្លៃ​សម្រាប់​ចិញ្ចឹម​ទូលបង្គំ​ជា​ខ្ញុំ​ចុះ អភយរាជកុមារ​ឆ្លើយ​ថា នែ​នាយ​ជីវក ណ្ហើយ​កុំ របស់​ទាំង​នេះ​ស្រេច​នឹង​អ្នក​ឯង​ចុះ ប៉ុន្តែ​ត្រូវ​អ្នក​ឯង​សង់​ផ្ទះ​នៅ​ក្នុង​វាំង​យើង ជីវកកោរភត្យ​ក៏​ព្រម​ធ្វើ​តាម​ព្រះ​បន្ទូល ។

កាល​ជា​ចំណេរ​មក ព្រះ​បាទ​ពិម្ពិសារ​ទ្រង់​កើត​ព្រះ​រោគ​ឫស​ដូង​បាត​បាន​ត្រាស់​ហៅ​ជីវកកោមាភត្យ​ឱ្យ​មក​ព្យាបាល​ព្រះ​រោគ​នេះ ជីវក​កោមារភត្យ​បាន​យក​ថ្នាំ​ចំនួន​មួយ​ក្រចក​លាប​ផ្សះ​ព្រះ​រោគ​ឫស​ដូង​បាត​នោះ​តែ​ម្ដង​ប៉ុណ្ណោះ ព្រះ​រោគ​ក៏​សះ​ជា​ដាច់​ស្រឡះ ទើប​ព្រះ​បាទ​ពិម្ពិសារ​ទ្រង់​ត្រាស់​បង្គាប់​ឱ្យ​ស្រី​ៗ ប្រាំ​រយ​នាក់​ស្អិត​ស្អាង​គ្រឿង​អលង្ការ​គ្រប់​ប្រដាប់​ហើយ​ឱ្យ​ដោះ​ចេញ​គរ​ជា​គំនរ រួច​ទ្រង់​ព្រះ​រាជ​ទាន​គ្រឿង​អលង្ការ១​គំនរ​ ព្រម​ទាំង​ស្រី​ប្រាំ​រយ​នាក់​នោះ​ផង​ឱ្យ​ជីវកកោមារភត្យៗ ក្រាប​បង្គំ​ទូល​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស កុំ​ព្រួយ​ព្រះ​រាជហឫទ័យ​ឡើយ សូម​ព្រះ​សម្មតិទេព​គ្រាន់​តែ​ទ្រង់​រឭក​ឧបការ​របស់​ខ្ញុំ​ព្រះ​អង្គ​ចុះ ព្រះ​បាទ​ពិម្ពិសារ​ទ្រង់​ត្រាស់​ថា បើ​ដូច្នោះ ចូរ​អ្នក​ឯង​បម្រើ​យើង​ផង បម្រើ​ស្រី​ស្នំ​ផង បម្រើ​ភិក្ខុ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន​ផង ជីវកកោមារភត្យ​ក៏​ទទួល​បម្រើ​តាម​ព្រះ​រាជ​ឱង្ការ ។

ក្រោយ​ពី​នោះ​មក​ទៀត មាន​សេដ្ឋី​ម្នាក់​នៅ​ក្រុង​រាជគ្រឹះ​កើត​រោគ​ឈឺ​ក្បាល​៧​ឆ្នាំ​មក​ហើយ ពួក​គ្រូ​ពេទ្យ​ធំ​មើល​ពុំ​ជា យក​តែ​រង្វាន់​ជា​ច្រើន​ហើយ​រត់​ចោល​លែង​មើល​ទៅ មាន​គ្រូ​ពេទ្យ​ខ្លះ​ទាយ​ថា នៅ​តែ​៥​ថ្ងៃ​ទៀត​សេដ្ឋី​មុខ​ជា​ស្លាប់ មាន​គ្រូ​ពេទ្យ​ខ្លះ​ទាយ​ថា នៅ​តែ ៧​ថ្ងៃ​ទៀត​សេដ្ឋី​មុខ​ជា​ស្លាប់ វេលា​នោះ​ពួក​កុដុម្ពី​បាន​ចូល​ទៅ​គាល់​ព្រះ​បាទពិម្ពិសារ សូម​ព្រះ​រាជា​អនុញ្ញាត​ឱ្យ​ជីវកកោមារភត្យ​ទៅ​ព្យាបាល​រោគ​សេដ្ឋី​នោះ ឯ​ជីវកកោមារភត្យ​កាល​បាន​ទទួល​ព្រះ​រាជានុញ្ញាត ហើយ​ក៏​ចូល​ទៅ​ឯ​លំនៅ​សេដ្ឋី លុះ​ទៅ​ដល់​ហើយ​បាន​ពិនិត្យ​មើល​អាការ​រោគ​ក្នុង​ខ្លួន​សេដ្ឋី​ ក៏​ដឹង​ជាក់​ច្បាស់ ទើប​សួរ​សេដ្ឋី​ថា នែ​គហបតី ប្រសិន​បើ​ខ្ញុំ​មើល​ជំងឺ​លោក​ជា តើ​លោក​នឹង​ឱ្យ​អ្វី​ខ្ញុំ សេដ្ឋី​ឆ្លើយ​ថា លោក​គ្រូ​ពេទ្យ ខ្ញុំ​ជូន​សម្បត្តិ​ទ្រព្យ​របស់​ទៅ​លោក​ទាំងអស់ ទាំង​ខ្លួន​ខ្ញុំ​សោត​ក៏​ទៅ​នៅ​បម្រើ​ជា​ខ្ញុំ​លោក​ទៀត ជីវកកោ-មារភត្យ​សួរ​ថា បើ​ដូច្នេះ​លោក​សម្រាន្ត​ផ្អៀង​តែ​ម្ខាង​ចំនួន ៧ ខែ​បាន​ឬ​ទេ? បាទ​លោក​ខ្ញុំ​ដេក​បាន ចុះ​លោក​សម្រាន្ត​ផ្អៀង​ម្ខាង​ទៀត​ចំនួន ៧​ខែ​បាន​ឬ​ទេ ? បាទ​លោក​ខ្ញុំ​ដេក​បាន ចុះលោក​សម្រាន្ត​ផ្ងារ​ចំនួន ៧​ខែ​បាន​ឬ​ទេ? បាទ លោក​ខ្ញុំ​ដេក​បាន ជីវកកោមារភត្យ​ឱ្យ​សេដ្ឋី​ដេក​លើ​គ្រែ​ចង​សេដ្ឋី​ភ្ជាប់​នឹង​គ្រែ​រួច​ហើយ ក៏​វះ​ក្បាល​វែក​លលាដ៍​ចេញ​ឆ្កឹះ​យក​សត្វ​មេរោគ​ល្អិត​ៗបាន​ពីរ​ ចាប់​បង្ហាញ​ឱ្យ​គេ​មើល​ប្រាប់​ថា ហ៏​អ្នក​រាល់​គ្នា​មើល​ចុះ​សត្វ​ទាំង​ពីរ​នេះ ​អា១​តូច អា១​ធំ ពួក​គ្រូ​ពេទ្យ​ដែល​ហ៊ាន​ទាយ​ថា នៅ​តែ​៥​ថ្ងៃ​ទៀត​សេដ្ឋី​មុខ​ជា​នឹង​ស្លាប់​នោះ ព្រោះ​គេ​បាន​ឃើញ​សត្វ​មេរោគ​ធំ​នេះ តែ​ដល់​ថ្ងៃ​គម្រប់ ៥ វា​នឹង​ជញ្ជក់​ស៊ី​ខួរក្បាល​សេដ្ឋី​អស់ បាន​ជា​សេដ្ឋី​ស្លាប់ គេ​ទាយ​ដូច្នេះ​ត្រូវ​ហើយ​មិន​ខុស​ទេ ចំណែក​គ្រូ​ពេទ្យ​ខ្លះ​ដែល​ហ៊ាន​ទាយ​ថា នៅ​តែ​៧​ថ្ងៃ​ទៀត​សេដ្ឋី​មុខ​ជា​នឹង​ស្លាប់​នោះ ព្រោះ​គេ​បាន​ឃើញ​សត្វ​មេរោគ​តូច​នេះ តែ​ដល់​ថ្ងៃ​គម្រប់​៧​វា​នឹង​ជញ្ជក់​ស៊ី​ខួរក្បាល​សេដ្ឋី​អស់ បាន​ជា​សេដ្ឋី​ស្លាប់ គេ​ទាយ​ដូច្នេះ​ត្រូវ​មិន​ខុស​ទេ ប្រាប់​ហើយ​ក៏​បិទ​មុខ​របួស​ដេរ​ថ្នេរ​ភ្ជិត​ទៅ​វិញ​លាប​ថ្នាំ​ឱ្យ លុះ​សេដ្ឋី​ដេក​ផ្អៀង​តែ​ម្ខាង​បាន៧ថ្ងៃ​ក៏​និយាយ​នឹង​ជិវកកោមារភត្យ​ថា លោក​គ្រូ​ពេទ្យ ខ្ញុំ​ដេក​ផ្អៀង​តែ​ម្ខាង​ចំនួន៧​ខែ​មិន​បាន​ទេ គ្រូ​ពេទ្យ​សួរ​ថា ក្រែង​លោក​បាន​សន្យា​នឹង​ខ្ញុំ​ថា សម្រាន្ត​បាន ៧​ខែ​មែន​ទេ? បាទ​ខ្ញុំ​បាន​សន្យា​ដូច្នោះ​មែន​ហើយ តែ​ថា​បើ​លោក​បង្ខំ​ឱ្យ​ខ្ញុំ​ដេក​ផ្អៀង​តែ​ម្ខាង៧ខែ មុខ​ជា​ស្លាប់​មិន​ខាន​ទេ ។

តែ​ថា​លោក​បង្ខំ​ឱ្យ​ដេក​ផ្អៀង​តែ​ម្ខាង៧ខែ ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន​ទេ ជីវកកោមាភរត្យ​ឱ្យ​សេដ្ឋី​ដេក​ផ្អៀង​ម្ខាង​ទៀត៧ខែ សេដ្ឋី​ដេក​បាន​ត្រឹម៧ថ្ងៃ​ប៉ុណ្ណោះ​ក៏​ប្រកែក​លែង​ដេក គ្រូ​ពេទ្យ​ប្រាប់​ថា បើ​ខ្ញុំ​មិន​កំណត់​យ៉ាង​នេះ​ទេ មុខ​ជា​លោក​សម្រាន្ត​មិន​បាន៧​ថ្ងៃ៣​ដង​ដូច្នេះ​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ជា​មុន​រួច​ហើយ​ថា កាល​បើ​លោក​សម្រាន្ត​បាន៧​ថ្ងៃ៣​ដង​ដូច្នេះ​ហើយ ជំងឺ​ក្នុង​ក្បាល​លោក​មុខ​នឹង​ជា​សះ​ស្បើយ​ពិត​ប្រាកដ ឥឡូវ​លោក​ជា​រោគ​ដាច់​ស្រឡះ​ហើយ ចូរ​លោក​ក្រោក​ឡើង​ចុះ សេដ្ឋី​ក្រោក​ឡើង​ហើយ​ក៏​ប្រគល់​សម្បត្តិ​ទ្រព្យ​ទាំងអស់​និង​ខ្លួន​ឱ្យ​ជីវកកោមារភត្យ​ៗ​មិន​ព្រម​ទទួល​យក គ្រាន់​តែ​បង្គាប់​សេដ្ឋី​ថ្វាយ​ប្រាក់ ១ សែន​រៀល​ទៅ​ព្រះ​បាទ​ពិម្ពិសារ និង​ឱ្យ​ខ្លួន១សែន​រៀល​ទៀត​ផង សេដ្ឋី​ក៏​ទទួល​ព្រម​តាម​បង្គាប់ ។

សម័យ​នោះ មាន​កូន​ប្រុស​សេដ្ឋី​ម្នាក់​នៅ​ក្រុង​ពារាណសី ជា​អ្នក​លេង​ល្បែង​ដាំ​ដូង កើត​រោគ​ដុំ​ក្នុង​ពោះវៀន​ធំ បរិភោគ​បាយ​បបរ​ចូល​ទៅ​មិន​រលួយ បន្ទោឧច្ចារៈបស្សាវៈ​ក៏​មិន​ស្រួល​សោះ​ទៅ​ជា​ស្គម​ប្រដក់ សម្បុរ​អាក្រក់​លឿង​ស្លេក​ស្លាំង​ឡើង​សរសៃ​រវាម​ពេញ​ទាំង​ខ្លួន សេដ្ឋី​អាពុក​ដឹង​ជា​កូន​ឈឺ​ធ្ងន់​ដូច្នោះ​ក៏​ទៅ​ឯ​ក្រុង​រាជគ្រឹះ ចូល​ទៅ​ក្រាប​បង្គំ​សូម​ព្រះ​រាជានុញ្ញាត​ព្រះ​បាទ​ពិម្ពិសារ ឱ្យ​ជីវកកោមារភត្យ​ទៅ​មើល​ជំងឺ​កូន កាល​ជីវកកោរភត្យ​បាន​ទទួល​ព្រះ​រាជានុញ្ញាត​ហើយ​ក៏​ចូល​ទៅ​សង្កេត​មើល​អាការ​រោគ​កូន​សេដ្ឋី​នោះ លុះ​ពិនិត្យ​ដឹង​ច្បាស់​ហើយ​ក៏​បណ្ដេញ​មនុស្ស​ឱ្យ​ចេញ​មក​ខាង​ក្រៅ​អស់ បាំង​វាំងនន​ជិត​ហើយ​ក៏​ចង​សេដ្ឋី​បុត្ត​ភ្ជាប់​នឹង​សសរ ឱ្យ​ប្រពន្ធ​របស់​សេដ្ឋី​បុត្ត​នោះ​ឈរ​ចាំ​មើល​ពី​ខាង​ប្ដី ចង​រួច​វះ​ពោះ​ស្រាវ​យក​ពោះវៀន​ធំ​ចេញ​មក​ក្រៅ ហើយ​កាត់​យក​ដុំ​នោះ​មក​បង្ហាញ​ឱ្យ​ប្រពន្ធ​មើល​ប្រាប់​ថា ព្រោះ​តែ​ដុំ​នេះ​ហើយ​បាន​ជា​ប្ដី​នាង​ឈឺ​បែប​នេះ ថា​ហើយ​ក៏​បញ្ចូល​ពោះវៀន​ធំ​ទៅ​ក្នុង​ពោះ​វិញ​រួច​ដេរ​ភ្ជិត​លាប​ថ្នាំ​ឱ្យ កូន​សេដ្ឋី​ក៏​បាន​ជា​រោគ​ដាច់​ស្រឡះ​ពី​ក្នុង​ខ្លួន សេដ្ឋី​អាពុក​បាន​ជូន​រង្វាន់​គ្រូ​ពេទ្យ ១៦ ពាន់​រៀល គ្រូ​ពេទ្យ​ជីវកកោមារភត្យ​ទទួល​យក​រង្វាន់​នោះ​ត្រឡប់​វិល​មក​ក្រុង​រាជគ្រិះ​វិញ ។

គ្រា​នោះ ព្រះ​បាទ​បជ្ជោត​ក្នុង​ក្រុង​ឧជ្ជេនី​ទ្រង់​ព្រះ​អាពាធ​រោគ​លឿង មាន​ពួក​គ្រូ​ពេទ្យ​ធំ​ៗ​ជា​ច្រើន​នាក់​បាន​ព្យាបាល​ព្រះ​រោគ​នោះ​មិន​សះ​ជា​ឡើយ ទើប​ទ្រង់​ចាត់​ព្រះ​រាជ​បម្រើ​ឱ្យ​ទៅ​សុំ​គ្រូ​ពេទ្យ​ជីវកកោមារភត្យ​អំពី​ព្រះ​បាទ​ពិម្ពិសារ​មក​ព្យាបាល​ព្រះ​រោគ​នោះ ឯ​ជីវកកោមារភត្យ​កាល​បាន​ទទួល​ព្រះ​រាជានុញ្ញាត​ពី​ព្រះ​បាទ​ពិម្ពិសារ ហើយ​ក៏​ទៅ​ឯ​ក្រុង​ឧជ្ជេនី លុះ​ដល់​ហើយ​បាន​ចូល​ទៅ​គាល់​ព្រះ​បាទ​បជ្ជោត​ក្រាប​បង្គំ​ទូល​សួរ​ថា ខ្ញុំ​ព្រះ​អង្គ​នឹង​ស្ល​ទឹកដោះ​រាវ​ថ្វាយ​ទ្រង់​សោយ តើ​ព្រះ​អង្គ​នឹង​សោយ​បាន​ឬ​ទេ? ព្រះ​មហាក្សត្រ​ទ្រង់​ត្រាស់​ថា មិន​បាន​ទេ នាយ​ជីវក អ្នក​ឯង​ផ្សំ​ថ្នាំ​ឯ​ទៀត​ៗ​យើង​ចេះ​តែ​រ៉ាប់​រង​បាន​ទាំងអស់ កុំ​តែ​យក​ទឹក​ដោះ​រាវ​មក​ធ្វើ​ថ្នាំ ដ្បិត​ខ្ញុំ​ខ្ពើម​ណាស់ គ្រូ​ពេទ្យ​ជីវក​គិត​ថា​ព្រះ​រោគ​នេះ​បើ​មិន​ប្រើ​ទឹក​ដោះ​រាវ​ជា​ថ្នាំ​ទេ មុខ​ជា​មិន​សះ​ស្បើយ​ឡើយ បើ​ដូច្នេះ​មាន​តែ​អញ​ស្ល​ទឹក​ដោះ​ឱ្យ​ដូច​ជា​ទឹក​ម្ជូរ​ទាំង​ពណ៌​ទាំង​ក្លិន​និង​រស ហើយ​លាយ​ជា​មួយ​នឹង​ថ្នាំ​ផ្សេង​ៗ​ច្រើន​មុខ​ទៀត ដើម្បី​កុំ​ឱ្យ​ស្ដេច​ទ្រង់​ជ្រាប ប៉ុន្តែ​កាល​បើ​ស្ដេច​បាន​សោយ​ថ្នាំ​នេះ​ទៅ​ហើយ គង់​តែ​នឹង​ជ្រាប លុះ​បាន​ជ្រាប​ហើយ​មុខ​ជា​នឹង​ខ្ញាល់​យក​ទោស​សម្លាប់​អញ​មិន​ខាន ហេតុ​នេះ​ត្រូវ​តែ​អញ​ធ្វើ​ឧបាយ​កល ទូល​សុំ​ឱកាស​ទុក​ជា​មុន​ឱ្យ​ហើយ គិត​ឃើញ​ដូច្នេះ​ក៏​ក្រាប​ថ្វាយ​បង្គំ​លា​ចេញ​ទៅ​ស្ល​ថ្នាំ​តាម​គំនិត​នោះ លុះ​ស្ល​ថ្នាំ​បាន​ស្រេច​ហើយ​ក៏​ចូល​មក​ក្រាប​បង្គំ​ទូល​សុំ​ព្រះ​រាជានុញ្ញាត​ថា បពិត្រ​ព្រះ​សម្មតិទេព ធម្មតា​ខ្ញុំ​ព្រះ​អង្គ​ជា​គ្រូ​ពេទ្យ តែង​ត្រូវ​ការ​គាស់​យក​ឫស​ឈើ​មក​ធ្វើ​ថ្នាំ​ដោយ​ប្រញាប់​ណាស់ ហេតុ​នេះ សូម​ព្រះ​សម្មតិទេព​ទ្រង់​ត្រាស់​បង្គាប់​ពួក​អ្នក​រក្សា​ដំរី​និង​ពួក​អ្នក​រក្សា​ទ្វារ​ថា បើ​ពេទ្យ​ជីវក​ត្រូវ​ការ​យក​ដំរី​ណា​ជិះ​ក៏​បាន ត្រូវ​ការ​ចេញ​ចូល​ទ្វារ​ណា​ក៏​បាន ចង់​ចេញ​ចូល​ពេល​ថ្មើរ​ណា​ក៏​បាន កុំ​ឱ្យ​ឃាត់​ឃាំង​ឡើយ ព្រះ​បាទ​បជ្ជោត​ក៏​ទ្រង់​ត្រាស់​បង្គាប់​តាម​ដែល​ជីវកកោមារភត្យ​ទូល​សុំ កាល​បើ​គ្រូ​ពេទ្យ​ជីវក​បាន​ព្រះ​រាជានុញ្ញាត​ដូច្នោះ​ហើយ​ក៏​ថ្វាយ​ថ្នាំ​លាយ​ទឹក​ដោះ​រាវ​នោះ​ទៅ​ព្រះ​បាទ​បជ្ជោត​រួច ក្រាប​ថ្វាយ​បង្គំ​លា​ថយ​ក្រោយ​មួយ​រំពេច​ៗ ដើរ​យ៉ាង​លឿន​សំដៅ​ទៅ​ឯ​រោង​ដំរី យក​មេ​ដំរី​ឈ្មោះ​ភទ្ទវតិកា​ឡើង​ជិះ​បរ​ចេញ​ពី​ក្រុង​ឧជ្ជេនី​ទៅ ឯ​មេ​ដំរី​នេះ​ដើរ​ក្នុង១ថ្ងៃ​បាន ៥០យោជន៍ ។

គ្រា​នោះ ព្រះ​បាទ​បជ្ជោត​ទ្រង់​សោយ​ព្រះ​ឱសថ​ជ្រួតជ្រាប​ទៅ​ក្នុងព្រះ​អង្គ​ហើយ​ក៏​ទ្រង់​ចង្អោរ​ចេញ​មក​វិញ​បាន​ជ្រាប​ច្បាស់​ថា​ជា​ទឹក​ដោះ​រាវ ទើប​ត្រាស់​ប្រើ​រាជ​បុរស​ឱ្យ​រក​ហៅ​ខ្លួន​ជីវកកោមារភត្យ​ចូល​មក​គាល់ រាជ​បុរស​ក្រាប​បង្គំ​ទូល​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ពេទ្យ​ជីវក​គាត់​ជិះ​មេ​ដំរី​ភទ្ទវតិកា​ចរ​ចេញ​ពី​ទីក្រុង​បាត់​ទៅ​ហើយ ព្រះ​រាជា​ទ្រង់​ត្រាស់​ប្រើ​កាកៈបុរស​ឱ្យ​ទៅ​តាម​ថា ម្នាល​នាយ​កាកៈ ចូរ​ឯង​ទៅ​តាម​ហៅ​ពេទ្យ​ជីវក​ឱ្យ​ត្រឡប់​មក​វិញ​កុំ​ខាន មួយទៀត ​ឯង​កុំ​ទទួល​យក​របស់​អ្វី​បន្តិច​បន្តួច​ពី​ពេទ្យ​នោះ​ឡើយ ដ្បិត​ពួក​ពេទ្យ​ច្រើន​តែ​មាន​ឧបាយកល ឯ​កាកៈបុរស​នោះ​ដើរ​ក្នុង​១​ថ្ងៃ​បាន ៦០ យោជន៍​ដោយ​សារ​មាន​កម្លាំង​​អមនុស្ស​ជួយ​ផង កាល​បាន​ទទួល​ព្រះ​រាជ​តម្រាស់​ហើយ ក៏​តាម​ទៅ​ទាន់​ជីវកកោមារភត្យ​កំពុង​បរិភោគ​បាយ​ព្រឹក នៅ​ពាក់​កណ្ដាល​ផ្លូវ​ជិត​នឹង​ដល់​ក្រុង​កោសម្ពី ទើប​និយាយ​នឹង​ពេទ្យ​ជីវកកោមារភត្យ​ថា លោក​គ្រូ​ពេទ្យ ព្រះ​មហាក្សត្រ​ឱ្យ​លោក​ត្រឡប់​ទៅ​វិញ ពេទ្យ​ជីវកកោមារភត្យ​ឆ្លើយ​ថា នែ​នាយ​កាកៈ ចូរ​អ្នក​បង្អង់​ចាំ​ខ្ញុំ​បរិភោគ​បាយ​រួច​សិន ចូរ​អ្នក​មក​បរិភោគ​បាយ​ជា​មួយ​​នឹង​ខ្ញុំ កាកៈបុរស​ឆ្លើយ​ថា លោក​កុំ​ព្រួយ​កុំ​ដ្បិត​ព្រះ​មហាក្សត្រ​បាន​ផ្ដាំ​ខ្ញុំ​ថា ឯង​កុំ​ទទួល​យក​របស់​អ្វី​បន្តិច​បន្តួច​ពី​ពេទ្យ​នោះ​ឡើយ ព្រោះ​ពួក​ពេទ្យ​តែង​មាន​កល​មាយា​ច្រើន ឯ​ជីវកកោមារភត្យ​យក​ថ្នាំ​ដាក់​នឹង​ក្រចក​ហើយ​ស៊ី​ផ្លែ​កន្ទួត​ព្រៃ​ផឹក​ទឹក ហុច​ផ្លែ​កន្ទួត​ព្រៃ​មួយ​ចំហៀង​ឱ្យ​កាកៈបុរស​បរិភោគ​ផង​ប្រាប់​ថា បើ​ដូច្នោះ​អ្នក​គ្រាន់​តែ​បរិភោគ​ផ្លែ​កន្ទួត​ព្រៃ​ផឹក​ទឹក​ចុះ នាយ​កាកៈ​គិត​ថា ពេទ្យ​នេះ​ហ៊ាន​ស៊ី​ផ្លែ​កន្ទួត​ព្រៃ​ផឹក​ទឹក​ខ្លួន​ឯង ប្រហែល​ជា​មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់​អ្វី​ទេ ទើប​កាកៈ​បុរស​ទទួល​យក​ផ្លែ​កន្ទួត​ព្រៃ​មួយ​ចំហៀង​នោះ​មក​ស៊ី​រួច​ផឹក​ទឹក​ផង គ្រាន់​តែ​បរិភោគ​រួច​មួយ​រំពេច​ក៏​ចុះ​រាក​នៅ​កន្លែង​នោះ​ភ្លាម ទើប​សួរ​ពេទ្យ​ជីវកកោមារភត្យ​ថា លោក​គ្រូ​ពេទ្យ ខ្ញុំ​នៅ​មាន​ជីវិត​ត​ទៅ​ទៀត​ឬ​ទេ ជីវកកោមារភត្យ​ប្រាប់​ថា នែ​នាយ​កាកៈ​អ្នក​កុំ​ភិត​ភ័យ​ឡើយ ខ្លួន​អ្នក​ក្ដី ស្ដេច​កំណាច​ក្ដី មុខ​ជា​នឹង​សះ​ស្បើយ​រោគ​តាំង​ពី​ថ្ងៃ​នេះ​ទៅ​ហើយ ប៉ុន្តែ​ស្ដេច​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន ហេតុ​នេះ​ខ្ញុំ​មិន​ត្រឡប់​ទៅ​វិញ​ទេ ថា​ហើយ​ក៏​ប្រគល់​មេ​ដំរី​ឱ្យ​កាកៈបុរស​យក​ទៅ​​ថ្វាយ​ស្ដេច​វិញ ទើប​ចេញ​ពី​ទីនោះ​ទៅ​ឯ​ក្រុង​រាជគ្រឹះ​នាំ​រឿង​នោះ​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​ពិម្ពិសារ ។

ចំណែក​ព្រះ​បាទ​បជ្ជោត​កាល​បើ​បាន​សះ​ជា​ព្រះ​រោគ​ស្រឡះ​ពី​ព្រះ​អង្គ​ហើយ ក៏​រឭក​ឃើញ​ឧបការៈ​របស់​គ្រូ​ពេទ្យ​ជីវកកោមារភត្យ ទើប​ប្រើ​ព្រះ​រាជ​បម្រើ​ឱ្យ​ទៅ​ហៅ​ជីវកកោមារភត្យ​ថា សូម​ឱ្យ​ពេទ្យ​ជីវក​មក​កុំ​ខាន​យើង​នឹង​ឱ្យ​ពរ ឯ​ជីវកកោមារភត្យ​តប​វិញ​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​កុំ​ព្រួយ​ព្រះ​រាជហឫទ័យ សូម​ព្រះ​សម្មតិទេព​គ្រាន់​តែ​ទ្រង់​រឭក​ឧបការៈ​របស់​ខ្ញុំ​ព្រះ​អង្គ​បាន​ហើយ ព្រះ​បាទ​បជ្ជោត​ទ្រង់​ជ្រាប​ថា ពេទ្យ​ជីវក​ពុំ​ព្រម​ចូល​មក​គាល់​ដូច្នោះ ក៏​ទ្រង់​ផ្ញើ​សំពត់​សិវេយ្យកៈ[៤] ១គូ​ទៅ​ព្រះ​រាជ​ទាន​ជីវកកោមារភត្យ ។

គ្រា​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​កើត​ព្រះ​រោគ​ទល់​បាន​អនុញ្ញាត​ឱ្យ​គ្រូ​ពេទ្យ​ជីវកកោមារភត្យ​ចូល​ទៅ​ទៅ​ព្យាបាល​ព្រះ​រោគ​នោះ គ្រូ​ពេទ្យ​ជីវកកោមារភត្យ​បាន​អប់​ផ្កា​ឧប្បល៣ក្ដាប់​លាយ​នឹង​ថ្នាំ​ផ្សេង​ៗ ថ្វាយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហិត​ៗ​ផ្កា​ឧប្បល ១​ក្ដាប់​ចុះ​បាន​១០​ដង​ៗ រួម​ជា​ចុះ ៣០​ដង ទើប​ព្រះ​ដ៏​មាន​ភាគ​បាន​ស្រួល​ព្រះ​អង្គ​ជា​ប្រក្រតី​វិញ ឯ​ជីវកកោមារភត្យ​បាន​ថ្វាយ​សំពត់​សិវេយ្យកៈ ១ គូ​នោះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ៗ ទទួល​ហើយ​ទ្រង់​អនុញ្ញាត​ឱ្យ​ភិក្ខុ​សង្ឃ​ប្រើ​គហបតី​ចីវរ​តាំង​ពី​ពេល​នោះ​ដរាប​មក ។

គ្រូ​ពេទ្យ​ជីវកកាមារភត្យ​បាន​ឡើង​សក្ដិយស​ជា​មន្ត្រី​ជាន់​ខ្ពស់ ព្រម​ទាំង​មាន​សម្បត្តិ​ច្រើន​ដូច​បាន​ថ្លែង​មក​ហើយ​នោះ ដោយ​សារ​តែ​ការ​ចេះ​ដឹង​វិជ្ជា​ពេទ្យ​ហ្មត់ចត់​មុតមាំ​ក្នុង​ខ្លួន ។

ឯ​គុណ​វិសេស​របស់​ចំណេះ​វិជ្ជា​នេះ កុំ​ថា​ឡើយ​អ្នក​ចេះ​ដឹង​ច្រើន​ដល់​ម្ល៉ោះ សូម្បី​តែ​ចេះ​វិជ្ជា​តែ​មួយ​មុខ​ប៉ុណ្ណោះ​តែ​ឱ្យ​ច្បាស់​ប្រាកដ​ក៏​អាច​ឱ្យ​សម្រេច​ផល​ប្រយោជន៍​ដល់​ខ្លួន​ជា​ច្រើន​បាន ដូច​មាន

រឿង​បុរស​ចេះ​មន្ត

កាល​ពី​ព្រេង​នាយ មាន​កុមារ​ម្នាក់​លា​មាតា​បិតា​ចេញ​ពី​ស្រុក​ទៅ​នៅ​រៀន​សិល្បសាស្ត្រ​ក្នុង​សម្នាក់​អាចារ្យ​ម្នាក់​នៅ​ស្រុក​ឆ្ងាយ​អស់​ចំនួន​ពីរ​បី​ឆ្នាំ ក៏​ពុំ​បាន​ចេះ​ចាំ​វិជ្ជា​ណា​មួយ​ឡើយ ខំ​ប្រឹង​ទន្ទេញ​ចាំ​ណាស់​ដែរ ប៉ុន្តែ​ភ្លេច​អស់​ទៅ​វិញ ឯ​គ្រូ​នឹក​អាណិត​អាសូរ​សិស្ស​នោះ​ពន់​ពេក​ណាស់ ថ្ងៃ​មួយ​បាន​នាំ​សិស្ស​នោះ​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​ស្ងាត់​តែ​ពីរ​នាក់ ហើយ​ប្រាប់​ឱ្យ​ទន្ទេញ​មន្ត​មួយ​បទ​ថា “ឃដេសិ ឃដេសិ កឹការណា ឃដេសិ អហំបិ តំ ជានមិ” ប៉ុណ្ណេះ សិស្ស​នោះ​ខំ​ប្រឹង​ទន្ទេញ​មន្ត​ទាល់​តែ​ចាំ​ស្ទាត់​រត់​មាត់​លែង​ភ្លេច ទើប​អាចារ្យ​និយាយ​ផ្ដែផ្ដាំ​សិស្ស​ថា “មន្ត ១ បទ​នេះ​មាន​គុណ​វិសេស​អស្ចារ្យ​ណាស់ អាច​ការពារ​អន្តរាយ​ផ្សេង ៗ បាន ហេតុ​នេះ ត្រូវ​ឯង​តាំង​ព្យាយាម​សូត្រ​រំឭក​រាល់​ថ្ងៃ​កុំ​បណ្ដែត​បណ្ដោយ​ឱ្យ​ភ្លេច​ឡើយ បើ​ដល់​ពេល​ចូល​ដំណេក ឯង​ត្រូវ​សូត្រ​រួច​សឹម​ដេក ឯង​បាន​មន្ត​ណេះ យក​ទៅ​ចិញ្ចឹម​ខ្លួន​រស់ ១ ជីវិត​ហើយ” ផ្ដាំ​ស្រេច​ហើយ​ក៏​ឱ្យ​ស្បៀង​អាហារ ដាក់​ទៅ​អាស្រ័យ​តាម​ផ្លូវ​បើក​ឱ្យ​សិស្ស​នោះ​វិល​ត្រឡប់​ទៅ​ដល់​ស្រុក​កំណើត​ខ្លួន​វិញ ហើយ​ខំ​តាំង​ព្យាយាម​សូត្រ​រំឭក​មន្ត​មិន​ឱ្យ​ភ្លេច​តាម​បណ្ដាំ​គ្រូ ។

មាន​មួយ​ថ្ងៃ ព្រះ​មហាក្សត្រ​ក្នុង​នគរ​នោះ ចង់​ជ្រាប​ទឹក​ចិត្ត​របស់​បណ្ដា​រាស្ត្រ​ថា​ស្រឡាញ់​ឬ​ស្អប់​ព្រះ​អង្គ ក៏​ទ្រង់​ភៀស​ក្លែង​ធ្វើ​ជា​រាស្ត្រ​បន្លំ​មិន​ឱ្យ​គេ​ស្គាល់​ថា​ជា​ស្ដេច​ឡើយ ដល់​ពេល​អធ្រាត្រ​ស្ងាត់ ទ្រង់​ចេញ​ទៅ​តែ​មួយ​ព្រះ​អង្គ​ឯង ស្ដេច​តាម​ច្រកល្ហក​ផ្ទះ​រៀង​ៗដរាប​ដល់​ផ្ទះ​បុរស​អ្នក​ចេះ​មន្ត ស្រាប់​តែ​ទត​ឃើញ​ពួក​ចោរ​ជា​ច្រើន​នាក់​កំពុង​លប​កាត់​គាស់​ជញ្ជាំង​ផ្ទះ​អ្នក​ចេះ​មន្ត​នោះ ទើប​ទ្រង់​អែប​ព្រះ​អង្គ​សម្ងំ​មើល​កិរិយា​ចោរ លុះ​យូរ​បន្តិច​ឮ​ពួក​ចោរ​ខ្សឹប​ប្រាប់​គ្នា​ថា “កន​យើង គេ​ដេញ​ហើយ​វ៉ី” វេលា​នោះ​ទ្រង់​ទត​ឃើញ​ពួក​ចោរ​រត់​ខ្ចាត់ខ្ចាយ​ទៅ ទ្រង់​នឹក​ឆ្ងល់​តែ​ក្នុង​ព្រះ​ទ័យ​ហើយ​ស្ដេច​វិល​ចូល​ព្រះ​រាជវាំង​វិញ លុះ​ព្រឹក​ឡើង​ស្ដេច​ត្រាស់​ប្រើ​រាជ​បុរស​ឱ្យ​ទៅ​អ្នក​ចេះ​មន្ត​នោះ​មក ទើប​ទ្រង់​ត្រាស់​សួរ​ថា នែ​បុរស អ្នក​ឯង​បាន​រៀន​សូត្រ​ចេះ​ដឹង​អ្វី​ខ្លះ​ដែរ​ឬ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​បាន​ចេះ​មន្ត ១ បទ​ដែរ អើ បើ​ដូច្នោះ អ្នក​ឯង​បង្រៀន​យើង​ផង​បាន​ឬទេ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស បង្រៀន​បាន ទើប​ព្រះ​មហាក្សត្រ​ទ្រង់​រៀន​មន្ត​អំពី​បុរស​ទាល់​តែ​ចាំ​ស្ទាត់ ទ្រង់​ព្រះ​រាជ​ទាន​រង្វាន់​ដល់​បុរស​នោះ​ជា​ច្រើន បុរស​ក្រាប​បង្គំ​ទូល​ឱ្យ​ទ្រង់​សូត្រ​រំឭក​មន្ត​រាល់​ថ្ងៃ​ដើម្បី​ការពារ​សត្រូវ ។

ថ្ងៃ​ក្រោយ​មក មាន​មន្ត្រី​ធំ​ម្នាក់​ជា​សេនាបតី​របស់​ព្រះ​មហាក្សត្រ​នោះ កើត​ចិត្ត​អាក្រក់​ក្បត់​ព្រះ​អង្គ​ចង់​សោយរាជ្យ​សម្បត្តិ ទើប​យក​ប្រាក់ ១ ពាន់​រៀល​សូក​នាយ​ខ្មាន់​ព្រះ​កេស​ហើយ​បញ្ចេះ​ឱ្យ​អារ​ព្រះ​សុរង​ស្ដេច​ក្នុង​ពេល​ដែល​ចូល​ទៅ​ដាក់​ព្រះ​កេសា​ថ្វាយ បើ​បាន​សម្រេច​ដូច​ប្រាថ្នា​កាល​ណា នឹង​លើក​នាយ​ព្រះ​ខ្មាន់​ឱ្យ​ធ្វើ​ជា​សេនាបតី ឯ​នាយ​ខ្មាន់​ព្រះ​កេស​ក៏​ទទួល​ធ្វើ​តាម​បង្គាប់​មន្ត្រី​នោះ លុះ​ដល់​ពេល​ដាក់​ព្រះ​មស្សុ​ថ្វាយ​ស្ដេច​ក៏​ត្របះ​កាំបិត​ឱ្យ​មុត រួច​លើក​ផ្គង​ឡើង​ប្រុង​នឹង​អារ​ព្រះ​សុរង​ស្ដេច​តែ​ម្ដង​ឱ្យ​ដាច់ ក៏​ស្រាប់​តែ​ងងឹត​មុខ​ញ័រ​ចំប្រប់​ទប់​ខ្លួន​មិន​នឹង​ក្រាប​ទៀប​ព្រះ​បាទ ព្រះ​រាជា​ទ្រង់​ត្រាស់​សួរ​ហេតុ​នោះ​ជ្រាប​សព្វ​គ្រប់​ហើយ ទើប​បំបង់​សេនាបតី​ចេញ​ផុត​ពី​ដែន ហើយ​ទ្រង់​តាំង​បុរស​ចេះ​មន្ត​ឱ្យ​ធ្វើ​ជា​សេនាបតី​វិញ ។

បុរស​កម្សត់​ទុគ៌ត​ដែល​បាន​ថ្កំថ្កើង​ឡើង​ដោយ​យសសក្ដិ​ជា​មន្ត្រី​ថ្នាក់​ផុត​លេខ​យ៉ាង​នេះ ដោយ​សារ​ខ្លួន​បាន​ទន្ទេញ​ចាំ​មន្ត​តែ១បទ​ប៉ុណ្ណោះ ហេតុ​ដូច្នោះ បាន​ជា​លោក​ចង​សុភាសិត​ទុក​ច្បាប់​ក្រម​ថា “ប្រាជ្ញា​បុណ្យ​ផង កើត​ដោយ​ប្រតិបត្តិ” ៕

[១]ច្បាប់​ក្រម ។

[២]វិន័យ​បិដក មហា​វគ្គ ចីវរក្ខន្ធក៍ ។

[៣]ជា​ប្រធាន​ក្នុង​ទិស គឺ​អាចារ្យ​ដែល​ចេះ​ដឹង​នានា​វិជ្ជា​ពូកែ​ល្បី​ឈ្មោះ​ទៅ​គ្រប់​ទិស ។

[៤]បាន​ឮ​មក​ថា​ពួក​មនុស្ស​ក្នុង​ឧត្តរកុរុទ្វីប​តែង​រុំ​សាកសព​ដោយ​សំពត់​នោះ​ឯង​ហើយ​យក​ទៅ​ចោល មាន​សត្វ​បក្សី​មាន​ប្រមោយ​ដូច​ដំរី​វា​សម្គាល់​នូវ​សំពត់​នោះ​ថា​ជា​ដុំ​សាច់ ហើយ​ឆាប​នាំ​យក​ទៅ​តម្កល់​ទុក​លើ​កំពូល​ភ្នំ​ហិមពាន្ត​បក​សំពត់​នោះ​ចោល​វា​ស៊ី​សាច់​សព​នោះ ។ វេលា​នោះ​ពួក​អ្នក​ដើរ​ព្រៃ​បាន​ឃើញ​សំពត់​នោះ ហើយ​ក៏​នាំ​យក​មក​ថ្វាយ​ស្ដេច ។ សំពត់​នេះ​ហើយ​ដែល​ព្រះ​បាទ​បជ្ជោត​បាន​មក​ដោយ​ហេតុ​យ៉ាង​នេះ​ឯង  ។ សំពត់​សោវេយ្យកៈ​នេះ​មួយៗ​មាន​តម្លៃ​រាប់​ជា​ច្រើន​សែន​រៀល ។

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៤៤

ចែករំលែក

បញ្ចេញយោបល់ ៖