រឿង​សុមន​មាលាការ ពាក្យកាព្យ

កាព្យ​ពាក្យ ៧
អ្នក​ឧកញ៉ា​ភក្ដី​សា​ទេព កែ – នេត រៀប​រៀង
ព្រះ​មហា ឡុច និង​មហា ទិន – ហួត ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក
នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ជា​អ្នក​ជួយ​ពិនិត្យ​ផ្ទៀង​ផ្ទាត់

ពាក្យ​នមស្ការ

ខ្ញុំ​សូម​លើកហត្ថ​​ថ្វាយ​បង្គំ ចំពោះ​ព្រះ​បរម​សាស្ដា ទ្រង់​គុណ​បរិសុទ្ធ​ផុត​លោកា ករុណា​ដល់​សត្វ​ក្នុង​ភព​ត្រៃ ។ ព្រម​ទាំង​ព្រះ​ធម៌​ប្រាំបី​ម៉ឺន ​បួន​ពាន់​ខន្ធ​ច្រើន​ប្រសើរ​ក្រៃ ទ្រង់​ប្រោស​ប្រទាន​ជា​កម្រៃ ឱ្យ​សត្វសព្វ​ថ្ងៃ​ប្រតិបត្តិ​យក ។ ព្យាយម​សូត្រ​រៀន​តាម​បញ្ញត្តិ នឹង​បាន​ឆ្លង​កាត់​ព្យុះ​រលក គឺ​សង្សា​វដ្ត​រក​ទី​ជ្រក កើត​មក​រង​ទុក្ខ​វេទនា ។ ព្រោះ​តែ​មោហៈ​មក​បិទ​បាំង រារាំង​បញ្ញា​យើង​គ្រប់​គ្នា នាំ​លិច​អណ្ដែត​ជា​ច្រើន​គ្រា ស្លាប់​កើត​គណនា​រាប់​ពុំ​បាន ។ ព្រម​ទាំង​សាវក​ព្រះ​មាន​បុណ្យ ប្រកប​ដោយ​គុណ​ឥត​ប្រមាណ ផ្ដាច់​អកុសល​ក្នុង​សន្ដាន កើត​សុខ​ក្សេម​ក្សាន្ត​ដោយ​បញ្ញា ។ លោក​ជា​ស្រែ​បុណ្យ​នៃ​សព្វ​សត្វ ខំ​ប្រតិបត្តិ​តាម​សាសនា កម្ចាត់​អស់​កង្ខា បរិសុទ្ធ​ជ្រះ​ថ្លា​សឹង​ផូរ​ផង់ ។ សម្រេច​និព្វាន​ផុត​អស់​ទុក្ខ លែង​កើត​ទៅ​មុខ​អស់​ចំណង់ ចំណែក​អវិជ្ជា​លែង​មក​ត្រង់ ដាច់​ខ្ទេច​ដូច​កង់​រថ​នោះ​ឯង ។ ចប់​នមស្ការ​តែ​ប៉ុណ្ណេះ ឈប់​ស្លេះ​មិន​បាន​ពិស្ដារ​វែង បន្ទាប់​ពី​នេះ​សូម​សម្ដែង ចា​រ​ចែង​រឿង​សុមនមាលា ។ នាយ​ជាង​ក្រង​ផ្កា​ម្លិះ​ថ្វាយ​ស្ដេច រំលេច​ក្បូរ​ក្បាច់​សឹង​ថ្លៃ​ថ្លា ថ្វាយ​ពិម្ពិសារ​រាជា រាជ​គ្រិះ​មហា​បុរី​ថ្លៃ ។ វេលា​ព្រឹក​ព្រាង​ឡើង​កាល​ណា រចនា​ផ្កា​ម្លិះ​តែ​សព្វ​ថ្ងៃ នាំ​យក​ទៅ​ថ្វាយ​គ្មាន​សំចៃ ដើម្បី​កម្រៃ​ចិញ្ចឹម​ប្រាណ ។ ស្ដេច​ទ្រង់​ប្រទាន​គ្រឿង​រង្វាន់ គ្រប់​គ្រាន់​ប្រាំ​បី​កហាប័ណ​បាន ជាង​ផ្កា​ទទួល​ស្រេច​វិល​ថ្កាន ដល់​គេហដ្ឋានឱ្យ​ភរិយា ។ យក​ទៅ​ទិញ​ដូរ​គ្រឿង​បរិភោគ តាម​ធម្មតា​លោក​សព្វ​វេលា ​គ្រាន់​តែ​ចិញ្ចឹម​អស់​គ្នី​គ្នា គឺ​បុត្ត​ភរិយា​ញាតិ​សន្ដាន ។

ពេល​ព្រឹក​ថ្ងៃ​មួយ​ព្រះ​សាស្ដា មាន​ពួក​សាវកា​ច្រើន​ប្រមាណ ហែ​ហម​ចោម​រោម​ចរ​ចេញ​ថ្កាន ចាក​ពី​វត្ត​ឋាន​ទ្រង់​បិណ្ឌ​បាត ។ អ្នក​ក្រុង​រាជ​គ្រឹះ​រាប់​រយ​ពាន់ ផ្អើល​ឆោ​ឡោ​លាន់​រត់​ព្រោង​ព្រាត នាំ​យក​ចង្ហាន់​ទៅ​ដាក់​បាត្រ តាម​មាគ៌ា​ស្អាត​ធំ​ថ្លៃ​ថ្លា ។ ព្រះ​សម្ពុទ្ធ​ស្ដេច​ទ្រង់​គោចរ រុង​រឿង​បវរ​ដោយ​សីលា ប្រោស​សត្វឱ្យ​បាន​រួច​ទុក្ខា ដោយ​មហា​ករុណា​ប្រសើរ​ក្រៃ ។ គ្រា​នោះ​សុមន​មាលា កាន់​ផ្កា​ម្នី​ម្នា​ជាប់​នៅ​ដៃ ដើរ​ទៅ​ដល់​អង្គ​ព្រះ​ចម​ត្រៃ កើត​កួច​ពិសម័យ​ក្នុង​ចិន្តា ។ ឃើញ​ឆវី​វណ្ណ​ព្រះ​សម្ពុទ្ធ រស្មី​ភ្លឺ​ផុត​លើស​លោកា ចេញ​ពី​ព្រះ​កាយ​រុង​រឿង​ថ្លា កើត​សោមនស្សា​ត្រេក​អរ​ក្រៃ ។ គិត​ថា​ពេល​នេះ​មាន​លាភ​ធំ ប្រសើរ​ឧត្ដម​ជាង​សព្វ​ថ្ងៃ បាន​ចួប​ព្រះ​ពុទ្ធ​សឹង​ប្រពៃ វិសេស​ថ្លា​ថ្លៃ​រក​ប្រៀប​គ្មាន ។ ឥឡូវ​អញ​មាន​តែ​ផ្កា​ម្លិះ បើ​យ៉ាង​ដូច្នេះ​គួរ​ថ្វាយ​​ទាន​បូជា​ដល់​អង្គ​ព្រះ​ទ្រង់​ញាណ នឹង​បាន​អានិសង្ស​ច្រើន​កល្យា ។ ផ្កា​នេះ​សម្រាប់​ទុក​ថ្វាយ​ស្ដេច មិន​ដែល​វេះ​គេច​ពី​អាជ្ញា តែង​យក​ទៅ​ថ្វាយ​សព្វ​វេលា កន្លង​មួយ​គ្រា​ខុស​បញ្ញត្តិ ។ មាន​ទោស​ជាប់​គុក​ជាប់​ច្រវាក់ ពេជ្ឈ​ឃាដ​វាយ​ធាក់​នាំ​ទៅ​កាត់ ដៃ​ជើង​បី​បួន​ប្រាំ​កំណាត់ ព្រោះ​តែ​បំបាត់​ព្រះ​អាជ្ញា ។ វេលា​នេះ​គួរ​អញ​លះ​បង់ ជីវិត​កុំ​ចង់​រស់​ដល់​ណា យក​ផ្កា​ទៅ​ថ្វាយ​ព្រះ​សាស្ដា នឹង​បាន​ផលា​អង្វែង​ឆ្ងាយ ។ ទោះ​ស្ដេច​ប្រាថ្នា​នឹង​ធ្វើ​ទោស ឬ​មួយ​ទ្រង់​ប្រោស​គង់​ឮ​សាយ ព្រោះ​មាន​សទ្ធា​មិន​ក្លែង​ក្លាយ ពុំ​ស្ដាយ​ជីវិត​នឹង​បុណ្យ​ទាន ។ ថ្វាយ​ស្ដេច​បាន​ត្រឹម​តែ​រង្វាន់ ទប់​ទល់​មិន​គ្រាន់​សេចក្ដី​ឃ្លាន បើ​អញ​ថ្វាយ​ដល់​ព្រះ​ទ្រង់​ញាណ នឹង​មាន​ផល​ច្រើន​ឥត​ឧបមា ។ ច្រើន​ជាតិ​ច្រើន​ជាន់​សឹង​ខ្ពង់​ខ្ពស់ តាម​ព្រះ​ទ្រង់​យស​ត្រាស់​ទេសនា ថា​ជន​ធ្វើ​ទានចិត្ត​ក្លៀវ​ក្លា តែង​បាន​ផលា​រក​ប្រៀប​គ្មាន ។ គិត​ស្រេច​កាន់​ផ្កា​ដើរ​ចូល​ទៅ ថ្វាយ​នៅ​ទៀប​បាទ​ព្រះ​ទ្រង់​ញាណ ហើយ​តាំង​ប្រាថ្នា​អធិដ្ឋាន ឱ្យ​បាន​ផ្កា​នោះ​ហែ​ព្រះ​អង្គ ។ ផ្កា​ពីរ​កម្រង​ជា​ពិតាន ពីរ​កម្រង​បាន​បាំង​ក្រោយ​ទ្រង់ ពីរ​ទៀត​បាំង​ស្ដាំ​បាំង​ឈរ​ត្រង់ ខាង​ឆ្វេង​ព្រះ​អង្គ​ពីរ​កម្រង ។ ព្រះ​ពុទ្ធ​ទ្រង់​យាង​តាម​មាគ៌ា ផ្កា​ល្អ​មហិមា​ហែ​ត្រសង ដូច​ជា​មាន​មនុស្ស​កាន់​ត្រកង អស្ចារ្យ​កន្លង​គ្រា​នោះ​ឯង ។ ហាក់​ដូច​រនាំង​បាំង​ព្រះ​អង្គ ក្រអូប​ក្លិន​ឆ្វង់​សាយ​គួរ​ស្ញែង ពួក​ជន​ប្រុស​ស្រី​ច្រើន​ក្រៃ​លែង សឹង​តែ​កោត​ក្រែង​ព្រះ​សាស្ដា ។ លាន់​ឮ​គឹក​កង​ព្រះ​ធរណី អស្ចារ្យ​ពេញ​ទី​ខ្លាំង​ណាស់​ណា សរសើរ​បារមី​គ្រប់​វាចា ផ្អើល​ដល់​ទេវតា​ទាំង​ភព​ត្រៃ ។ ថ្វាយ​សាធុការ​កង​រំពង ឮ​ក្រៃ​កន្លង​ក្នុង​ក្រុង​ក្រៃ ខ្លះ​កាន់​ផ្ដិល​បាយ​ជាប់​នៅ​ដៃ ភាន់​ភាំង​រំពៃ​មើល​ព្រះ​អង្គ ។ សឹង​តែ​សរសើរ​ព្រះ​សាស្ដា មិន​ដែល​ឃើញ​ផ្កា​ដ៏​ផូរ​ផង់ ចោម​រោម​ជុំ​ជិត​ខាង​ព្រះ​អង្គ ឈរ​មើល​រហង់​សព្វ​ទិស​ទី ។ ព្រះ​ពុទ្ធ​ទ្រង់​ឃើញ​ឧបនិស្ស័យ ​ធម្មា​ភិសម័យ​ដោយ​ឫទ្ធី នាយ​មាលាការលះ​ជីវី ប្រាកដ​ពេញ​ទី​ព្រោះ​ជ្រះ​ថ្លា ។ លែង​គិត​ត្រង់​ការ​ស្លាប់​និង​រស់ ចង់​បាន​ជាន់​ខ្ពស់​បូជា​ផ្កា​ កម្រ​មាន​រូប​បុគ្គល​ណា ដូច​ជាង​ក្រង​ផ្កា​ម្លិះ​នេះ​ឯង ។ នាយ​សុមនមាលាការ ឃើញ​ហេតុ​អស្ចារ្យ​ប្រាកដ​ស្ដែង រឹង​រឹត​សោមនស្ស​ក្រៃ​លើស​លែង វិល​ទៅ​ចាចែង​ប្រាប់​ភរិយា ។ ដល់​ហើយ​ទើប​ថ្លែង​សរសើរ​គុណ នៃ​បុណ្យ​ដែល​បាន​បូជា​ផ្កា ចំពោះ​ដល់​អង្គ​ព្រះ​សាស្ដា ឃើញ​ថា​ប្លែក​ឫទ្ធិ​លើស​លប់​ក្រៃ ។ លឿន​លយ​បាំង​អង្គ​ព្រះ​ចម​ភព តាម​គ្រប់​ជំហាន​វិសេស​ថ្លៃ ផ្កា​នោះ​ហាក់​ដូច​មាន​ដួង​ចៃ បង​ត្រេក​អរ​ក្រៃ​ក្នុង​ចិន្ដា ។ ថ្ងៃ​នេះ​បង​ខាន​យក​ទៅ​ថ្វាយ មហា​ក្សត្រ​ពណ្ណរាយ​លើ​សិរសា ទទួល​ទុក្ខ​ទោស​ព្រះ​អាជ្ញា ទ្រង់​ធ្វើ​យ៉ាង​ណា​តាម​ព្រះ​ទ័យ ។ ស្រេច​ហើយ​នឹង​បុណ្យ​ដ៏​ខ្ពង់​ខ្ពស់ ទោះ​បី​ស្លាប់​រស់​បង​មិន​ភ័យ ផ្សង​តាម​សំណាង​ហេតុ​បច្ច័យ ក្សិណ​ក្ស័យ​ជីវិត​មិន​គិត​ស្ដាយ ។ ព្រោះ​កើត​មក​នេះ​ក្រ​បាន​ចួប ព្រះ​ពុទ្ធ​គ្រប់​រូប​មនុស្ស​ទាំង​ឡាយ បើ​បាន​ចួប​ហើយ​គួរ​តែ​ថ្វាយ ទាន​ផង​កុំ​ស្ដាយ​ទុក​សំចៃ ។ ភរិយា​ស្ដាប់​ហើយ​ខឹង​ច្រឡោត ឃោរ​ឃៅ​ក្រេវ​ក្រោធ​ថា​ឱប៉ៃ អ្នក​ឯង​មិន​ដឹង​ទេ​កូវ​នៃ អំណាច​ខ្លាំង​ក្រៃ​រាជ​អាជ្ញា ។ អ្នក​ណា​កន្លង​រាជ​បញ្ញត្តិ ស្ដេច​យក​ទៅ​កាត់​ដោត​សិរសា ទុក​ជា​បម្រាម​រាស្រ្ត​ប្រជា ប្រុស​ស្រី​នានា​កុំ​បី​ត្រាប់ ។ អ្នក​ឯង​ហៅ​ពេញ​ជា​ចង្រៃ បញ្ញត្តិ​សព្វ​ថ្ងៃ​មិន​ព្រម​ស្ដាប់ ចចេស​មុខ​រឹង​គង់​នឹង​ស្លាប់ ខ្ញុំ​ប្រាប់ឱ្យ​បាន​ដឹង​សេចក្ដី ។ ចាប់​តាំង​អំពី​ពេល​នេះ​ឯង ​ខ្ញុំ​លែង​យក​អ្នក​ធ្វើ​ជា​ប្ដី ព្រោះ​អ្នក​ជា​មនុស្ស​កាឡកណ្ណី អស់​ត្រូវ​ការ​អ្វី​នឹង​អ្នក​ហើយ ។ ថា​ស្រេច​រៀប​ខ្លួន​ដើរ​ចេញ​ទៅ ទូល​ព្រះ​ចម​ចៅ​ម្ចាស់​ត្រាណ​ត្រើយ តាម​រឿង​ខ្លួន​ខឹង​មិន​មាន​ស្បើយ ឥត​គិត​អ្វី​ឡើយ​ពី​ស្លាប់​រស់ ។ ទូល​ថា​បពិត្រ​ព្រះ​នរបតី ទ្រង់​គុណ​បារមី​ព្រះ​កិត្តិយស ​ស្វាមី​ខ្ញុំ​ម្ចាស់​ឥត​សប្បុរស មិន​ដឹង​ទាប​ខ្ពស់​កិច្ច​នានា ។ ហ៊ាន​យក​ផ្កា​ម្លិះ​ជា​តង្វាយ សម្រាប់​ទុក​ថ្វាយ​ព្រះ​រាជា ទៅ​ថ្វាយ​ដល់​អង្គ​ព្រះ​សាស្ដា ​ជ្រះ​ថ្លា​មិន​គិត​ស្ដាយ​ជីវិត ។ ឥឡូវ​ខ្ញុំ​ម្ចាស់​និង​ស្វាមី លែង​រួម​មេត្រី​ត្រេក​ស្នាល​ស្និទ្ធ ពី​ថ្ងៃ​នេះ​ទៅ​ជា​កម្រិត សូម​មហា​បពិត្រ​កុំ​កង្ខា ។ ព្រះ​ករុណា​ជា​ម្ចាស់​នៃ​ផែន​ដី កុំ​ត្រា​ប្រណី​ដោយ​មេត្តា ​ធ្វើ​ទោស​សុមនមាលា ឱ្យ​បាន​វេទនា​បាត់​កេរ្តិ៍​ឈ្មោះ ។ ឯ​ខ្លួន​ខ្ញុំ​ម្ចាស់​មិន​មូល​មិត្ត រួម​ចូល​គំនិត​នឹង​គាត់​នោះ ព្រះ​អង្គ​កុំ​ទ្រង់​អនុគ្រោះ ធ្វើ​ទោស​ចំពោះ​ប្ដី​នោះ​ឯង ។ គ្រា​នោះ​សម្ដេច​ព្រះ​ចម​ពង្ស ស្ដេច​ទ្រង់​តម្រិះ​ឃើញ​ច្បាស់​ទែង ថា​មេ​នេះ​ចិត្ត​អាក្រក់​ស្ដែង មិន​ស្វែង​រក​គុណ​ប្រសើរ​សោះ ។ ស្រី​នេះ​ហៅ​ពេញ​កាឡកណ្ណី ហ៊ាន​ពោល​សម្ដី​ច្រឡោត​បោះ បង្ខូច​ប្ដី​ឯងឱ្យ​អាប់​ឈ្មោះ បាត់​សូរ​ពីរោះ​ដោយ​ឫស្យា ។ ស្វាមី​ផង​ខ្លួនៗប្រមាទ ​មើល​ងាយ​ហួស​ខ្នាត​ខុស​តម្រា មិន​មាន​អាណិត​ប្ដី​ឡើយ​ណា ដោះ​សា​យក​រួច​តែ​ខ្លួន​ឯង ។ កាល​គ្រា​ប្ដី​មាន​សម្បត្តិ​ពិត ត្រេក​អរ​យក​ចិត្ត​បែប​ខែង​រ៉ែង ដល់​ប្ដី​មាន​ទុក្ខ​ទោស​គិត​លែង យក​សុខ​តែ​ឯងឱ្យ​ប្ដី​ស្លាប់ ។ គ្រា​នោះ​ព្រះ​បាទ​ពិម្ពិសារ ស្ដេច​ធ្វើ​ជា​ខ្ញាល់​ហើយ​សារសព្ទ ទ្រង់​ព្រះ​តម្រាស់​ជា​ប្រញាប់ តាម​ច្បាប់​ដល់​សុមនមាលា ។ ចិត្ត​ធំ​មិន​ខ្លាច​រាជ​បម្រាម ដែល​យើង​បាន​ហាម​ពី​រឿង​ផ្កា ហ៊ាន​យក​ទៅ​ថ្វាយ​ព្រះ​សាស្ដា មិន​ខ្លាច​អាជ្ញា​ព្រះ​មហា​ក្សត្រ ។ នាង​ឯង​ឈប់​សិន​កុំ​អាល​លែង ចាំ​យើង​ចាត់​ចែង​ដោយ​សម្ងាត់ ពិនិត្យ​សួរ​សិន​សឹម​អារ​កាត់ ក្រែង​ប្ដី​រត់​បាត់​នាង​ខ្មាស​គេ ។ នាង​នោះ​ត្រឡប់​ក្រាប​ទូល​ឃាត់ ថា​ខ្ញុំ​មិន​យក​គាត់​នោះ​ទេ ព្រោះ​ប្ដី​នោះ​ឫក​មិន​ដូច​គេ សូម​ទ្រង់​រិះរេ​ពិចារណា ។ ទូល​ស្រេច​ក្រាប​ថ្វាយ​បង្គំ​ចុះ ចំពោះ​ទៅ​ផ្ទះ​នៃ​អាត្មា នាំ​យក​កូន​ចៅ​ចេញ​យាត្រា គ្មាន​ចិត្ត​មេត្តា​ដល់​ស្វាមី ។ ទៅ​នៅ​សម្នាក់​នឹង​ពួក​ញាតិ ធ្វើ​ឫក​មារយាទ​បែប​ប្រឹម​ប្រិយ មិនឱ្យ​ជន​ណា​ដឹង​សេចក្ដី គេ​សឹង​ប្រណី​ដោយ​មេត្តា ។ ចំណែក​ខាង​​អង្គ​ព្រះ​សម្ពុទ្ធ មាន​ញាណ​មុះ​មុត​ដូច​ពេជ្រ​ថ្លា ទ្រង់​បាន​ទទួល​កម្រង​ផ្កា ស្រេច​ស្ដេច​យាត្រា​ត្រឡប់​ទៅ ។ ឯ​ផ្កា​រនាំង​បាំង​ព្រះ​អង្គ ក្រអូប​ក្លិន​ឆ្វង់​តាម​ជាប់​នៅ ព្រះ​សង្ឃ​សាវក​ហែ​ខ្មួល​ខ្មៅ​ឆ្ពោះ​ទៅ​វាំង​ស្ដេច​ពិម្ពិសាររាជ ។ ដើម្បី​នឹង​ធ្វើ​កិច្ច​ភត្តា ឱ្យ​ស្ដេច​ជ្រះ​ថ្លា​ពេញ​អំណាច ថ្វាយ​ទាន​ឥត​មាន​ព្រះ​ទ័យ​ខ្លាច អង់​អាច​ស្មោះ​ត្រង់​ដោយ​ការណ៍​​ពិត ។ គ្រា​នោះ​មហា​ជន​សឹង​ខ្លាច​កោត ដៃ​សោត​កាន់​ទង់​ហែជុំ​ជិត ច្រើន​ណែន​តាន់​តាប់​ខ្មៅ​ងងឹត ដោយ​ឫទ្ធិ​បារមី​ព្រះ​សាស្ដា ។ នាំ​គ្នា​ស្រែក​ហៅ​កោលាហល រំពង​ឮ​ដល់​ព្រះ​រាជា ទ្រង់​នឹក​ពិភាល់​ឆ្ងល់​ណាស់​ណា ត្រាស់​ប្រើ​អមច្ចាឱ្យ​ទៅ​មើល ។ ថា​ឯង​ប្រញាប់​ឆាប់​ម្នី​ម្នា កុំ​ដើរ​រេរា​ធ្វើ​ងងើល អាមាត្យ​បង្គំ​រត់​ជជើល ទៅ​មើល​ឃើញ​អង្គ​ព្រះ​ជិន​ស្រី ។ មាន​សាវក​ច្រើន​ជា​លំដាប់ ណាស់​ណាន់​តាន់​តាប់​ដោយ​បារមី ត្រឡប់​មក​ទូល​ព្រះ​នរបតី ថា​ព្រះ​ជិន​ស្រី​និង​សាវក ។ ទ្រង់​ស្ដេច​មក​ប្រោស​ជន​ប្រុស​ស្រី ដោយ​ក្ដី​ករុណា​ជា​ពំនាក់ មហា​ក្សត្រ​ទ្រង់​ជ្រាប​ប្រាកដ​ជាក់ ព្រះ​ទ័យ​​ស្មោះ​ស្មគ្រ​ឥត​ឧបមា ។ ទើប​ទ្រង់ឱ្យ​ចាត់​ភត្ត​យ៉ាង​ឯក ល្អ​ប្លែក​មាន​រស​ឆ្ងាញ់​ពិសា នាំ​យក​ទៅ​ថ្វាយ​ព្រះ​សាស្ដា និង​សាវកា​មុខ​ព្រះ​លាន ។ ឯ​អស់​ពួក​ស្រី​ស្នំ​កញ្ញា រូប​ឆោម​ឆាយា​ស្រស់​កល្យាណ និង​ពួក​នាហ្មឺន​ទាំង​ប៉ុន្មាន តាក់​តែង​ខ្លួន​ប្រាណ​ហែ​ព្រះ​អង្គ ។ ដល់​មុខ​ព្រះ​លាន​ឃើញ​ព្រះ​ពុទ្ធ ឱន​អង្គ​លំអុត​ឆ្ពោះ​តម្រង់ ក្លិន​ផ្កា​ក្រអូប​ប៉ះ​មក​ត្រង់ ព្រះ​ទ័យ​ផូរផង់​រឹង​ជ្រះ​ថ្លា ។ នឹក​ដល់​ពុទ្ធ​គុណ​ជា​អនេក ឃើញ​អស្ចារ្យ​ប្លែក​ជាង​ធម្មតា សរសើរ​បារមី​ព្រះ​សាស្ដា ថា​រក​នរណា​​ប្រៀប​ពុំ​បាន ។ ទើប​ស្ដេច​លើក​គ្រឿង​ភត្តាហារ នឹក​អស់​បរិក្ខារ​ទាំង​ប៉ុន្មាន ថ្វាយ​ដល់​សម្ដេច​ព្រះ​ទ្រង់​ញាណ នឹង​សាវក​បាន​គ្រប់​ទាំង​អស់ ។ ព្រះ​អង្គ​ទទួល​បិណ្ឌបាត​ស្រេច សម្រេច​ភត្ត​កិច្ច​ព្រះ​អង្គ​ទ្រង់​យស សម្ដែង​អំពី​អម្រឹត​​រស​ ជា​ធម៌​ជាន់​ខ្ពស់​ប្រោស​រាជា ។ លុះ​អនុមោទនា​រួច​ហើយ​ស្រេច ព្រះ​ស​ព៌េជ្ញ​ក៏​ថ្វាយ​ព្រះ​ពរ​លា ត្រឡប់​ចាក​ក្រុង​រាជ​ភារា ទៅ​គង់​នៅ​នា​គន្ធ​កុដិ ។ រី​ឯ​ផ្កា​ម្លិះ​ស​ត្រសុស ជ្រុះ​ចុះ​ដេរ​ដាស​លើ​ផែន​ដី ក្បែរ​ស៊ុម​ទ្វារ​វត្ត​ព្រះ​ជិន​ស្រី មើល​ទៅ​គប្បីឱ្យ​ជ្រះ​ថ្លា ។ ព្រះ​បាទ​ពិម្ពិសារ​វិសេស​សុទ្ធ ដង្ហែ​ព្រះ​ពុទ្ធ​ស្រេច​កាល​ណា ស្ដេច​ថ្វាយ​បង្គំ​ព្រះ​សាស្ដា ទ្រង់​លា​វិល​ទៅ​ប្រាសាទ​ថ្លៃ ។ ទើប​ត្រាស់ឱ្យ​ហៅ​នាយ​មាលា ជា​ជាង​ក្រង​ផ្កា​ថ្វាយ​សព្វ​ថ្ងៃ ឱ្យ​ចូល​មក​គាល់​ព្រះ​ភូវន័យ ក្សត្រ​ថ្លៃ​ទើប​មាន​បន្ទូល​ថា ។ នែ​វ៉ឺយ​អ្នក​ជាង​ផ្កា​កម្រង យើង​អរ​កន្លង​ឥត​ឧបមា ចំពោះ​គុណ​អ្នក​ដ៏​ថ្លៃ​ថ្លា កម្រ​នរណា​នឹង​ធ្វើ​បាន ។ អ្នក​ឯង​ចេះ​ជឿ​គុណ​ព្រះ​ពុទ្ធ​ ស៊ប់​សួន​មុះ​មុត​ក្នុង​សន្ដាន នេះ​ហៅ​ដើរ​ត្រូវ​លើ​ឋាន ទី​សុខ​ក្សេម​ក្សាន្ត​គឺ​និព្វាន ។ យើងឱ្យ​រង្វាន់​តប​គុណ​អ្នក ព្រោះ​បាន​ជឿ​ជាក់​ថ្វាយ​ផ្កា​ទាន ដល់​អង្គ​សម្ដេច​ព្រះ​ទ្រង់​ញាណ ឥត​មាន​នរណា​ធ្វើ​ដូច​អ្នក ។ យើង​នឹង​ប្រទាន​ទ្រព្យ​របស់ ដោយ​ចិត្ត​សប្បុរស​មិន​ទើស​ទាក់ សេះ​និង​ដំរី​ទាំង​ទ្រមាក់ សឹង​តែ​បំពាក់​គ្រឿង​នានា ។ មាន​ទាំង​ខ្ញុំ​ប្រុស​និង​ខ្ញុំ​ស្រី សុទ្ធ​តែ​ប្រាំ​បី​ស្មើៗគ្នា តាម​ពិត​ដូច​យើង​បាន​ពណ៌នា ទាំង​ស្រី​សោភា​ប្រាំ​បី​នាក់ ។ និង​គ្រឿង​ប្រដាប់​សម្រាប់​តែង មាស​ពេជ្រ​ចិញ្ចែង​គ្រឿង​ស្លៀក​ពាក់ យើងឱ្យ​ដោយ​ចិត្តពិត​​ស្មោះ​ស្មគ្រ ព្រោះ​អ្នក​វិសេស​ប្រសើរ​ក្រៃ ។ ប្រទាន​ទាំង​ផ្ទះ៨ខ្នង ធំ​ហើយ​ល្អ​ផង​ខ្ពស់​ត្រឈៃ ប្រាំ​បី​ពាន់​ប្រាក់​ជា​កម្រៃ និង​គ្រឿង​តម្លៃ​ឥត​មាន​ខ្វះ ។ ហើយ​ទ្រង់​បង្គាប់​មុខ​ក្រសួង ឱ្យ​នាំ​គ្រឿង​ហ្លួង​មក​ទៀត​ខ្លះ ប្រទាន​ព្រះ​ទ័យ​ផុត​ស្រឡះ បាន​ជ្រះ​កំណាញ់​ជា​ប្រធាន ។ ស្រេច​ហើយ​ទើប​នាយ​កម្រង​ផ្កា បង្គំ​ក្រាប​លា​ថយ​ចេញ​មាន ស្រី​ស្រស់​រូប​ល្អ​ស្ដេច​ប្រទាន ​ហែ​ហម​ដល់​ឋាន​ទី​គ្រឹហា ។ ទើប​រៀប​ចាត់​ចែង​ផ្ទះ​ប្រាំ​បី ឱ្យ​ភរិយា​ថ្មី​នៅ​ផ្សេង​គ្នា ដើម្បី​កុំឱ្យ​គេ​និន្ទា សម​តាម​វេលា​ជា​ប្រក្រតី ។ គ្រា​នោះ​អានន្ទ​មាន​គំនិត បាន​ចូល​ទៅ​ជិត​ព្រះ​ជិន​ស្រី បង្គំ​ទួល​សួរ​រឿង​សេចក្ដី ​ការ​បូជា​ថ្មី​នៃ​ជាង​ផ្កា ។ ដែល​បាន​ថ្វាយ​ដល់​ព្រះ​សម្ពុទ្ធ ទ្រង់​គុណ​វិសុទ្ធ​ដ៏​ថ្លៃ​ថ្លា តើ​ទាន​នោះ​មាន​ផល​យ៉ាង​ណា សូម​ទ្រង់​មេត្តា​ប្រោស​សម្ដែង ។ រី​អង្គ​សម្ដេច​ព្រះ​ភគវា ទទួល​អារាធនា​ពេល​នោះ​ឯង ជ្រាប​ដោយ​ព្រះ​ញាណ​ឃើញ​ច្បាស់​ទែង ទើប​ទ្រង់​សម្ដែង​ប្រទាន​ប្រាប់ ។ ថា​នែ​អានន្ទ​អានុជ​អ្នក ចូរ​ត្រងឱ្យ​ជាក់​រង់​ចាំ​ស្ដាប់ នាយ​ជាង​ក្រង​ផ្កា​ដែល​ប្ដូរ​ស្លាប់ ផល​ជូន​ឆុត​ឆាប់​ដូច​ប្រាថ្នា ។ ព្រោះ​មាន​សទ្ធា​ខ្លាំង​លើស​លន់ លើស​លប់​ពេក​ពន់​ឥត​ឧបមា បាន​យក​ចង្កោម​កម្រង​ផ្កា បូជា​តថា​គតនេះ​ឯង ។ ផល​នេះ​វិសេស​វិសាល​ណាស់ ប្រាកដ​ជាក់​ច្បាស់​ជួយ​តាក់​តែង ឱ្យ​បាន​ទ្រព្យ​ធន​ធំ​ចិញ្ចែង ចិញ្ចាច​គួរ​ស្ញែង​ស្ញប់​គ្រប់​គ្នា ។ ច្យុត​ពី​ទី​​នេះ​បាន​ទៅ​កើត យោន​យក​កំណើត​ជា​ទេវា សោយ​សុខ​មិន​អាច​នឹង​គណនា អស់​កាល​វេលា​អង្វែង​ឆ្ងាយ ។ អន្ទោល​ចុះ​ឡើង​ក្នុង​ត្រៃ​ភព កុសល​ជួយ​ទប់​ទល់​រូប​កាយ មិនឱ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ ផុត​ពី​អន្តរាយ​មួយ​សែន​កប្ប ។ លុះ​ដល់​ទៅ​ជាតិ​ទី​បំផុត បាន​ជា​បច្ចេក​ពុទ្ធ​សឹង​ឆុត​ឆាប់ ត្រាស់​ធម៌​អាថ៌​យ៉ាង​ចំណាប់ តថា​គត​ប្រាប់​ដូច្នេះ​ឯង ។ ទ្រង់​នាម​ជា​ព្រះ​សុមនៈ ជ្រះ​អស់​រាគៈ​គ្រឿង​ចំបែង អវិជ្ជា​ឫស​គល់​នាំ​តាក់​តែង ស្រឡះ​បាត់​ផ្សែង​ចូល​និព្វាន ។ ជន​ណា​ឧស្សាហ៍​សាង​កុសល ខំ​ប្រឹង​ខ្វាយ​ខ្វល់​រក​សីល​ទាន ភាវនា​ធម៌​អាថ៌ឱ្យ​កើត​មាន ជន​នោះ​នឹង​បាន​ឋាន​សុខ​ពិត ។ កុំឱ្យ​ត្រេក​អរ​ធម៌​តិរច្ឆាន នរក​ប្រែត​សាមាន្យ​មក​ជា​មិត្ត ក្រសាវ​ក្រសោប​ឱប​រួប​រឹត ងងឹត​ងងល់​ដល់​ខ្លួន​ប្រាណ ។ ធម៌​ណា​អាក្រក់​ព្រោះ​លោក​ប្រាប់ គួរ​តែ​យើង​ស្ដាប់​ចាំឱ្យ​បាន ​ដូច​ជា​វេរា​ទាំង៥​ឋាន ព្រះ​អង្គ​លោក​បាន​ហាម​គ្រប់​គ្នា ។ ទី១បាណាតិបាតា កុំឱ្យ​ប្រាថ្នា​ផ្ដាច់​ជន្មា ជីវិត​មនុស្ស​សត្វ​ផង​នានា ដោយ​ចិត្ត​ពាលា​មិន​គិត​ខ្លាច ។ ហាម​តាំង​ពី​ពង​មាន់​ពង​ទា កុំឱ្យ​ស្ងោរ​វា​ទាំង​អំណាច​ដរាប​ដល់​ពួក​សត្វ​តូច​តាច ជា​ដើម​គួរ​អាច​វៀរឱ្យ​បាន ។ ទី២ហាម​ផ្ដាច់​គំនិត​ខូច យ៉ាង​ដូច​ជា​បទ​អទិន្នាទាន កុំឱ្យ​លួច​ប្លន់​ដើរ​រុក​រាន ឆបោក​ធន​ធាន​ជន​នានា ។ ទី៣កាមេសុមិច្ឆា កុំឱ្យ​ប្រាថ្នា​បុត្ត​ភរិយា របស់​គេ​ដែល​ថែ​សព្វ​វេលា ទោស​ធ្ងន់​មហិមា​ក្រៃ​កន្លង ។ ទី៤អំពី​មុសាវាទ​កុំ​ពោល​ឃ្លៀង​ឃ្លាត​ខុស​ទំនង កុហក​បញ្ឆោត​គេ​ម្ដងៗ នាំឱ្យ​សៅ​ហ្មង​ពន់​ប្រមាណ ។ ទី៥សុរាមេរយៈ ត្រូវ​ដាក់​ធុរៈ​ចេញ​កុំ​ខាន កុំ​យក​មក​ផឹក​ថា​ស្រួល​ប្រាណ ស្រួល​បាន​តែ​បាប​ប៉ុណ្ណោះ​ឯង ។ ទោស​ផឹក​សុរា​ធ្ងន់​ពេក​ណាស់ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្ដែង ពួក​អ្នក​ប្រមឹក​គួរ​វៀរ​លែង ញញើត​កោត​ក្រែង​ភ្លើង​​អវិចី ។ វេរា​ទាំង៥ដូច​បាន​ថ្លែង ​ស្ដាប់​ឮ​ជាក់​ស្ដែង​ទាំង​ប្រុស​ស្រី ត្រូវ​លះ​ចោល​ចេញ​កុំ​ស្ដាយ​ថ្វី នាំ​កាឡកណ្ណី​បាប​ដល់​ខ្លួន ។ ពី​នេះ​សម្ដែង​រឿង​សច្ចៈ រៀង​ជា​រយៈ​តាម​ចំនួន ​លោក​បាន​ពោល​ទុក​ថា​មាន៤ តាម​ក្បួន​ច្បាប់​ពុទ្ធ​សាសនា ។ សច្ចៈទី១បាន​ខាង​ទុក្ខ តែង​តាម​លុយ​លុក​រាល់​រូបា តាំង​ពី​នៅ​ក្នុង​ផ្ទៃ​មាតា ឥត​មាន​នរណា​វេះ​គេច​បាន ។ វេលា​ប្រសូត​ចេញ​មក​ទៀត ទុក្ខ​តាម​ជ្រៀត​បៀត​គ្មាន​ស្រាក​ស្រាន្ត ដរាប​ទៅ​ដល់​ពេល​ចែក​ឋាន ទុក្ខ​ខ្លាំង​ប្រមាណ​ឥត​ឧបមា ។ ទុក្ខ​សច្ច​លោក​ចាត់​ថា​ជា​ផល គួរ​គិតឱ្យ​ដល់​កុំ​កង្ខា ឱ្យ​ឃើញ​ជាក់​ច្បាស់​ដោយ​បញ្ញា ដូច​អង្គ​សាស្ដា​ទ្រង់​សម្ដែង ។ សច្ចៈ​ទី២នោះ​ដោយ​ឡែក ព្រះ​ពុទ្ធ​ទ្រង់​បែក​តាម​តំណែង បាន​ខាង​តណ្ហា​នាំ​តាក់​តែង ទុក្ខ​យូរ​អង្វែង​រៀង​រាល់​ជាតិ ។ តណ្ហា​ជា​ហេតុ​ជា​ប្រមុខ ដឹក​នាំ​កង​ទុក្ខ​មិន​រវាត មិន​ងាយ​សព្វ​សត្វ​នឹង​បាន​ឃ្លាត លុះ​តែ​ផុត​ជាតិ​ទើប​ទុក្ខ​គ្មាន ។ សច្ចៈ​ទី៣បាន​ខាង​ឋាន សុខ​ស្រួល​ក្សេម​ក្សាន្ត​គឺ​និព្វាន ​រម្លត់​គ្រឿង​ទុក្ខ​មិនឱ្យ​មាន ដូច​បាន​និទាន​ប្រាប់​កុំ​ឆ្ងល់ ។ និរោធ​សច្ច​នេះ​ឯង​ណា ពោល​តាម​ពុទ្ធ​ដីកា​ថា​ជា​ផល ព្រោះ​កើត​អំពី​បុណ្យ​កុសល ​តែង​ជួយ​តម្កល់​តម្កើង​សត្វ ។ សច្ចៈ​ទី៤បាន​ខាង​មគ្គ ជា​ផ្លូវ​ឯក​អគ្គ​ប្រសើរ​ក្ដាត់ សម្រាប់​ពួក​ជន​អ្នក​ប្រតិ​បត្តិ ដើរ​កាត់​ទៅ​កាន់​អម្រឹត​បុរី  ។ ផ្លូវ​នេះ​ប្រាកដ​ជា​ផ្លូវ​ត្រង់ បើ​ចែក​តាម​អង្គ​មាន​ប្រាំ​បី អស់​ពួក​សប្បុរស​ទាំង​ប្រុស​ស្រី ធ្លាប់​ជ្រាប​សេចក្ដី​ខ្លះ​ដែរ​ហើយ ។ ផ្លូវ​នេះ​សម្រាប់​ជន​ប្រសើរ តែង​ធ្វើ​ដំណើរ​ទៅ​កាន់​ត្រើយ និព្វាន​រម្លត់​ទុក្ខ​សះ​ស្បើយ ឋាន​ហ្នឹង​ឯង​ហើយ​ផុត​កង្វល់ ។ មគ្គ​សច្ចៈ​នេះ​ចាត់​ជា​ហេតុ នាំ​សត្វ​អណ្ដែត​ឡើង​ទៅ​ដល់ នាទី​ខ្ពង់​ខ្ពស់​គឺ​មគ្គ​ផល ផ្ដាច់​អកុសល​ក្នុង​សង្សារ ។

និទាន​អំពី​នាយ​មាលា និង​បទ​វេរា​ប្រាំ​ប្រការ សច្ច​ធម៌​បួន​មាន​ខ្លឹម​សារ ពុំ​បាន​ពិស្ដារ​ទូលាយ​វែង ។ រៀប​រៀង​រឿង​នេះ​មិន​បាន​សព្វ សូម​ស្លេះ​បញ្ចប់​ប៉ុណ្ណេះ​ឯង បន្ទាប់​ពី​នេះ​នឹង​សូម​ថ្លែង នាម​ខ្ញុំ​អ្នក​តែង​និង​ងារ​ខ្លួន ។ ខ្ញុំ​ឈ្មោះ​កែ – នេត តែង​ចូល​ចេញ នៅ​ក្រុង​ភ្នំពេញ​ឃុំ​លេខ៤ បាន​ធ្វើ​រាជការ​ពេញ​សំនួន យស​សម្រាប់​ខ្លួន​ខាង​លិខិត ។ ងារការ​ខ្ញុំ​នោះ​ថ្នាក់​ជា​ទី ឧកញ៉ា​ភក្ដីសា​ទេព​ពិត ព្រះ​ករុណា​ជា​ម្ចាស់​ថ្លៃ​ជីវិត ស្ដេច​ទ្រង់​មាន​ឫទ្ធិ​ប្រទានឱ្យ ។ ខ្ញុំ​ខំ​រៀប​រៀង​តែង​សេចក្ដី ប្រយោជន៍​ដើម្បី​ជន​ខាង​ក្រោយ គ្រាន់​បាន​អាន​មើល​ដឹង​ជ្រុង​ជ្រោយ កុំឱ្យ​ថ្លោះ​ធ្លោយ​ការ​ប្រតិ​បត្តិ ។ រៀបរាប់​ពី​រឿង​នាម​ងារការ តាម​ដោយ​វោហារ​ដែល​បាន​ចាត់ ចែង​ទុក​ការពារ​ប្រុង​ប្រយត្ន បើ​រូប​ទៅ​បាត់​ឈ្មោះ​ខ្ញុំ​នៅ ។

ចប់

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា អត្ថបទក្បាលទី ២ ឆ្នាំទី ១៧ ខ្សែទី ៩ គ.ស. ១៩៤៥ ព.ស. ២៤៨៥

ចែករំលែក

បញ្ចេញយោបល់ ៖