ភណ្ឌុតិណ្ឌុក​ជាតក

  •  
  •  

តឹសតិនិបាត សត្តមភាគ
ព្រះ​បាឡាត់​ពោធិរាម យូរ – ប៉ុណ្ណ ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក
 ប្រែ​រៀប​រៀង

កាល​ព្រះ​សាស្ដា​គង់​នៅ​ក្នុង​វត្ត​ជេត​ពន ទ្រង់​ប្រារព្ធ​នូវ​រាជោវាទ​ហើយ​ត្រាស់​សម្ដែង​ធម៌​ទេសនា​ថា អប្បមាទោ អមតំ បទំ ដូច្នេះ​ជា​ដើម ។

មាន​សេចក្ដី​ដំណាល​ថា ថ្ងៃមួយ ព្រះ​រាជា​កោស​ល​ទ្រង់​បាន​វិនិច្ឆ័យ​នូវ​ហេតុ​ដែល​កើត​ឡើង​ក្នុង​ដែន​របស់​ព្រះ​អង្គ ដែល​គេ​វិនិច្ឆ័យ​មិន​ត្រូវ​តាម​ច្បាប់ ប្រកប​ដោយ​អគតិ ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ធម៌ រួច​ហើយ​ព្រះ​អង្គ​ទ្រង់​ព្រះ​តម្រិះ​ចង់​ទៅ​ក្រាប​បង្គំ​ទូល​ដំណើរ​នោះ ចំពោះ​ព្រះ​មាន​ព្រះ​ភាគ លុះ​ដល់​ពេល​សោយ​ព្រះ​ក្រយា​ស្ងោយ​រួច ស្ដេច​ឡើង​គង់​លើ​ព្រះ​ទីន័ង​រាជ​រថ​ទាំង​ថ្ងៃ​ត្រង់ ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ ក្រាប​ថ្វាយ​បង្គំ​ទៀប​ព្រះ​បាទា​ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ ។

គ្រា​នោះ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ថា បពិត្រ​មហា​រាជ ស្ដេច​យាង​មក​ទាំង​ថ្ងៃ​ត្រង់ តើ​មាន​ការ​ដូច​ម្ដេច ? ព្រះ​រាជា​កោសល​ក្រាប​បង្គំ​ទូល​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ថ្ងៃ​នេះ​ខ្ញុំ​ព្រះ​អង្គ​បាន​វិនិច្ឆ័យ​នូវ​ហេតុ​ដែល​កើត​ឡើង​ក្នុង​ដែន ដែល​គេ​វិនិច្ឆ័យ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់ ប្រកប​ដោយ​អគតិ ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ធម៌ ខ្ញុំ​ព្រះ​អង្គ​មិន​មាន​ពេល​ឯ​ណា​ក្រៅ​ពី​ពេល​នេះ មក​ទូល​សួរ​រឿង​នោះ​ចំពោះ​ព្រះ​អង្គ​ឡើយ ព្រោះ​ខ្ញុំ​ព្រះ​អង្គ​មាន​កិច្ចការ​ច្រើន បាន​ជា​មក​ទាំង​ថ្ងៃ​ត្រង់ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​អត់​ទោស​ឱ្យ​ទាន ។

ព្រះ​សាស្ដា​ទ្រង់​ត្រាស់​ថា បពិត្រ​មហា​រាជ ឯ​ការ​វិនិច្ឆ័យ​ដែល​មហា​រាជ​កាត់​សេចក្ដី​ប្រកប​ដោយ​ធម៌​នេះ​ក៏​ជា​កុសល​ជា​ដំណើរ​ទៅ​កាន់​សុខ​គតិ​ប្រាកដ តែ​ឯ​ការ​វិនិច្ឆ័យ​នេះ មហា​រាជ​បាន​មក​ទទួល​យក​ឱវាទ​អំពី​សម្នាក់​តថា​គត​ដែល​បាន​ត្រាស់​ដឹង​ហើយ​យក​ទៅ​វិនិច្ឆ័យ​ដោយ​ធម៌​នោះ​មិន​មែន​ជា​ការ​អស្ចារ្យ​ទេ កាល​ពី​ព្រេង​នាយ​មាន​មហា​ក្សត្រ​ដែល​បាន​ទ្រង់​ព្រះ​សណ្ដាប់​នូវ​ឱវាទ​នៃ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ ដែល​មិន​ទាន់​បាន​ត្រាស់​ដឹង​ដូច​ជា​តថាគត​នៅ​ឡើយ ហើយ​យក​ទៅ​វិនិច្ឆ័យ​នូវ​ហេតុ​ដែល​កើត​ឡើង​ក្នុង​ដែន​ឱ្យ​ប្រកប​ដោយ​ធម៌ លះ​បង់​នូវ​អគតិ ៤ យ៉ាង មិន​ញាប់​ញ័រ​ក្នុង​ទស​ពិធរាជ​ធម៌ គ្រប់​គ្រង​រាជ្យប្រកប​ដោយ​ធម៌ បំពេញ​ផ្លូវ​សុគតិ​បាន​គ្រប់​គ្រាន់ នេះ​ទើប​ពេញ​ជា​អស្ចារ្យ ។ ព្រះ​រាជា​កោសល​បាន​អារាធនា​ឱ្យ​ព្រះ​អង្គ​សម្ដែង ព្រះ​សាស្ដាក៏​ទ្រង់​នាំ​អតីត​និទាន​ថា អតីតេ ។ ល ។ អហមេវាតិ ។

អតីតេ ក្នុង​កាល​ដែល​កន្លង​ទៅ​ហើយ មាន​ក្សត្រ​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ព្រះ​បាទ​បញ្ចាល សោយ​រាជ្យ​ក្នុង​ឧត្តរ​បញ្ចាល​នគរ ក្នុង​ដែន​កបិលៈ ជា​ស្ដេច​ប្រកប​ដោយ​អគតិ មាន​សេចក្ដី​ប្រមាទ​ក្នុង​អកុសល​ធម៌ ។ ទាំង​ពួក​រាជ​អាមាត្រ ក៏​សុទ្ធ​តែ​ប្រកប​ដោយ​អកុសល​ធម៌​ទាំង​អស់ ។ មហា​ក្សត្រ​នោះ ចាត់​ចែង​ការ​រាជ​ការ​មិន​ត្រូវ​តាម​ច្បាប់​បវេណី​ក្សត្រ​ពី​ដើម បណ្ដោយ​ឱ្យ​ពួក​អ្នក​រាជការ​មន្រ្តី​តូច – ធំ បៀត​បៀន​រឹប​ជាន់​រាស្រ្ត​ប្រជា​ដោយ​សួយ​សារ​អាករ យក​ពន្ធដារ​ឥត​មាន​ច្បាប់​ទម្លាប់​ពួក​រាស្រ្ត​ប្រជា​ដែល​នៅ​ក្នុង​ដែន​ទាំង​ប៉ុន្មាន​ក៏​កើត​សេចក្ដី​ក្ដៅ​ក្រហាយ​រក​ស៊ី​ធ្វើ​ការ​មិន​បាន​សេចក្ដី​សុខ – ចម្រើន ដល់​ពេល​ថ្ងៃ​រះ​ឡើង យក​បន្លា​និង​មែក​ឈើ​មក​ស្រាស់​មាត់​ទ្វារ​ផ្ទះ ហើយ​នាំ​ប្រពន្ធ​កូន​ទៅ​នៅ​ក្នុង​ព្រៃ ដូច​ជា​ពួក​ម្រឹគ ដោយ​ខ្លាច​រាជ​បុរស​រឹប​ជាន់ ពេល​ល្ងាច​ទើប​បាន​នាំ​កូន​ប្រពន្ធ​វិល​មក​ផ្ទះ​វិញ ដល់​ពេល​យប់​ត្រូវ​ពួក​ចោរ​ចូល​មក​លួច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ទៀត ឥត​មាន​បាន​សុខ​ពេល​ណា​សោះ ពេល​ថ្ងៃ​ត្រូវ​ពួក​រាជ​បុរស​រឹប​ជាន់ ពេល​យប់​ត្រូវ​ពួក​ចោរ​ប្លន់​ដណ្ដើម​យក​ទ្រព្យ ។

គ្រា​នោះ ព្រះ​ពោធិ​សត្វ​កើត​ជា​រុក្ខ​ទេវតា​ឈ្មោះ​ភណ្ឌុតិណ្ឌុកៈ អាស្រ័យ​នៅ​ខាង​ក្រៅ​នគរ ព្រះ​មហាក្សត្រ​តែង​យក​គ្រឿង​សក្ការៈ​ដ៏​ឧត្ដម​ទៅ​បូជា​រាល់ៗឆ្នាំ ពោធិសត្វ​ដឹង​ហេតុ​ដែល​កើត​មាន​នៅ​ក្នុង​នគរ​ហើយ​ក៏​មាន​សេចក្ដី​ត្រិះ​រិះ​ថា ស្ដេច​នេះ ចាប់​តាំង​ពី​បាន​សោយ​រាជ្យ​មក មាន​សេចក្ដី​ប្រមាទ មិន​ប្រព្រឹត្ត​តាម​ច្បាប់​បវេណី មិន​កាន់​ទស​ពិជ​រាជ​ធម៌​សោះ រមែង​ញាំង​ជន​ឱ្យ​វិនាស​សាប​សូន្យ​ទៅ បើ​អាត្មា​អញ​មិន​ទៅ​ជួយ​ស្រោច​ស្រង់​ញ៉ាំង​ស្ដេច​នេះ​ឱ្យ​ឋិត​នៅ​ក្នុង​ធម៌​ទេ មុខ​ជា​មាន​សេចក្ដី​អន្តរាយ​ណា​មួយ​ដោយ​ពិត ព្រោះ​ស្ដេច​នេះ មាន​ឧបការ​ដល់​អញ​ច្រើន​ណាស់​គួរ​អញ​ទៅ​ទូន្មាន​ឱ្យ​ឋិត​នៅ​ក្នុង​ទស​ពិជ​រាជ​ធម៌ លុះ​ពោធិសត្វ​គិត​ដូច្នេះ​ហើយ​ក៏​ហោះ​ចូល​ទៅ​កាន់​ទី​សេយ្យាសន៍​នៃ​ស្ដេច​ហើយ​បញ្ចេញ​នូវ​ពន្លឺ​រស្មី​ភ្លឺ​ពាស​ពេញ​ទាំង​ប្រាសាទ​។ ស្ដេច​បញ្ចាល​បាន​ទត​ឃើញ​នូវ​ពន្លឺ​រស្មី​នោះ​ហើយ​ក៏​ត្រាស់​សួរ​ថា​នរណា​នេះ ? អ្នក​ឯង​ជា​អ្វី ? មក​ក្នុង​ទី​នេះ​ដោយ​ហេតុ​ដូច​ម្ដេច ? ពោធិសត្វ​តប​ថា បពិត្រ​មហា​រាជ ខ្ញុំ​ព្រះ​អង្គ​ជា​ទេវតា​ឈ្មោះ​ភណ្ឌុតិណ្ឌុកៈ មក​ដើម្បី​ថ្វាយ​ឱវាទ​ដល់​ព្រះ​អង្គ ។ ស្ដេច​ត្រាស់​សួរ​ថា​អ្នក​ឯង​ឱ្យ​ឱវាទ​ដល់​ខ្ញុំ​ដូច​ម្ដេច ។ ពោធិ​សត្វ​តប​ថា បពិត្រ​មហា​រាជ ព្រះ​អង្គ​គ្រប់​គ្រង​រាជ្យ​ក្នុង​នគរ​នេះ​មិន​ប្រកប​ដោយ​ធម៌​ទេ មាន​សេចក្ដី​ប្រមាទ​ណាស់ ដែន​របស់​ព្រះ​អង្គ​នេះ​មុខ​ជា​នឹង​វិនាស​សាប​សូន្យ​ទៅ​ពុំ​ខាន ធម្មតា​ស្ដេច​សោយ​រាជ្យ​ក្នុង​នគរ​មួយៗ តែ​មាន​សេចក្ដី​ប្រមាទ​ហើយ​នឹង​ធ្វើ​ជា​ម្ចាស់​ដែន​ពុំ​បាន​ទេ នឹង​មាន​សេចក្ដី​វិនាស​ក្នុង​បច្ចុប្បន្ន​នេះ លុះ​ដល់​បរលោក​នាយ​ក៏​ទៅ​កើត​ក្នុង​មហា​នរក​ទៀត មួយ​យ៉ាង​ទៀត បើ​មហា​រាជ​ប្រមាទ​ហើយ​ពួក​ជន​ខាង​ក្នុង គឺ​ពួក​អ្នក​រាជការ​ធំ – តូច ដែល​ធ្វើ​ការ​ថ្វាយ​ព្រះ​អង្គ​ក្ដី ពួក​ជន​ខាង​ក្រៅ គឺ​ពួក​រាស្រ្ត​ប្រជា​ដែល​ជា​អ្នក​ធ្វើ​កិច្ចការ​រក​ស៊ី​ចិញ្ចឹម​ជីវិត ជា​អ្នក​រក​សួយសារ​អាករ​ថ្វាយ​ព្រះ​អង្គ​ក្ដី ក៏​សុទ្ធ​តែ​មាន​បមាទ​ធម៌​ទាំង​អស់ ។ ព្រោះ​ហេតុ​នោះ សូម​ព្រះ​អង្គ​តាំង​ព្រះ​ទ័យ​ឱ្យ​ល្អ​កុំ​មាន​សេចក្ដី​ប្រមាទ​ឡើយ ។ពោធិ​សត្វ​ទូន្មាន​យ៉ាង​នេះ​ហើយ ទើប​សម្ដែង​ធម៌​ទេស​នា​ត​ទៅ​ទៀត​ថា ៖

អប្បមាទោ អមតំ បទំ   បមាទោ មច្ចុនោ បទំ

អប្បមត្តាំ ន មីយន្តិយេ បមត្តា យថា មតា ។

មទា បមាទោ ជាយេថ  បមាទា ជាយតេ ខយោ

ខយា ច ទោសា ជាយន្តិ មា មទោ ភរតូសភ ។

ពហូ ហិ ខត្តិយា ជិណ្ណាអត្ថំ រដ្ឋំ បមាទិនោ

អថោបិ តាមិនោ កាមាអនាគារា អគារិនោ ។

ខត្តិយស្ស បមត្តស្ស      រដ្ឋស្មឹ រដ្ឋវឌ្ឍន

សព្វេ ភោគា វិនស្សន្តិ    រញ្ញោ តំ វុច្ចតេ អឃំ ។

នេស ធម្មោ មហា​រាជ   អតិ​វេលំ បមជ្ជសិ

ឥទ្ធំ ដីតំ ជនបទំចោរា វិទ្ធំ​សយន្តិ នំ ។

ន តេ បុត្តា ភវិស្សន្តិ       នហិរញ្ញំ ន ធានិយំ

រដ្ឋេ វិលុម្បមានម្ហិសព្វភោគេហិ ជិយ្យសិ ។

សព្វភោគបរិ​ជិណ្ណំរាជានំ វាបិ ខត្តិយំ

ញាតិមិត្តា សុហជ្ជា ច   ន តំ មញ្ញន្តិ មន្តិយំ ។

ហត្ថារោហា អនីកដ្ឋា   រថិកា បត្តិការកា

តមេវមុប​ជីវន្តា  ន តំ មញ្ញន្តិ មន្តិយំ ។

អសំវិហិតកម្មន្តំ ពាលំ ទុម្មន្តិ មន្តិនំ

សិរី ជហតិ ទុម្មេធំ         ជិណ្ណំវ ឧរគោ តចំ ។

សុសំវិហិតកម្មន្តំ         កាលុដ្ឋាយឹ អតន្ទិតំ

សព្វេ ភោគាភិវឌ្ឍន្តិ      គាវោ ស ឱសភាមិវ ។

ឧបស្សុតឹ មហា​រាជ       រដ្ឋេ ជនបទេ ចរ

តត្ថ ទិស្វា ច សត្វា ច    តតោ តំ បដិបជ្ជសីតិ ។

សេចក្ដី​មិន​ប្រមាទ​ជា​ផ្លូវ​នៃ​សេចក្ដី​មិន​ស្លាប់ សេចក្ដី​ប្រមាទ ជា​ផ្លូវ​នៃ​សេចក្ដី​ស្លាប់ ពួក​ជន​អ្នក​មិន​ប្រមាទ ឈ្មោះ​ថា​មិន​ស្លាប់ ពួក​ជន​ឯ​ណា ជា​អ្នក​ប្រមាទ ពួក​ជន​នោះ ដូច​ជា​ស្លាប់​ហើយ ។ សេចក្ដី​ប្រមាទ​កើត​ឡើង ព្រោះ​សេចក្ដី​ស្រវឹង ការ​អស់​ទៅ ( នៃ​ពួក​ញាតិ​ជា​ដើម ) ក៏​រមែង​កើត​ឡើង ព្រោះ​សេចក្ដី​ប្រមាទ សេចក្ដី​ថ្នាំង​ថ្នាក់​ក្នុង​ចិត្ត រមែង​កើត​ឡើង ព្រោះ​ការ​អស់​ទៅ ( នៃ​ទ្រព្យ​និង​យស ព្រោះ​ហេតុ​នោះ ) បពិត្រ​ស្ដេច​ជា​ចម្បង​ក្នុង​ដែន ព្រះ​អង្គ​កុំ​ប្រមាទ​ឡើយ ។ ពួក​ក្សត្រ​ជា​ច្រើន​អង្គ បើ​មាន​សេចក្ដី​ប្រមាទ​ហើយ រមែង​សាប​សូន្យ​ចាក​ប្រយោជន៍​និង​ដែន ចំណែក​ខាង​ពួក​មេ​ស្រុក ក៏​រមែង​សាប​សូន្យ​ចាក​ស្រុក ពួក​អ្នក​បួស​ក៏​សាប​សូន្យ ​     ( ចាក​កិច្ចការ​របស់​អ្នក​បួស ) ពួក​គ្រហស្ថ​ក៏​សាប​សូន្យ ( ចាក​កិច្ចការ​របស់​គ្រហស្ថ ) ។ បពិត្រ​ស្ដេច​ជា​អ្នក​ញ៉ាំង​ដែន​ឱ្យ​ចម្រើន ភោគ​សម្ប័ទ​ទាំង​អស់​របស់​ក្សត្រ​ជា​អ្នក​ប្រមាទ រមែង​វិនាស​ទៅ​ដោយ​ពិត សេចក្ដី​វិនាស​នោះ គេ​ហៅ​ថា​ជា​ទុក្ខ​របស់​ស្ដេច ។ បពិត្រ​មហា​រាជ សេចក្ដី​ប្រមាទ​នេះ មិន​មែន​ជា​ធម៌ ( របស់​ពួក​ស្ដេច​ទេ ) ព្រះ​អង្គ​ប្រមាទ​ហួស​ពេក​ណាស់ ពួក​ចោរ​នឹង​កម្ចាត់​បង់​នូវ​ជន​បទ​ដែល​សម្បូណ៌​ថ្កុំថ្កើង ( ដោយ​បាយ​ទឹក​មាស​ប្រាក់ ) នោះ​បាន ។ បុត្រ​របស់​ព្រះ​អង្គ​មិន​មាន​ទេ ទាំង​ប្រាក់​ក៏​មិន​មាន ទាំង​ធានី​ក៏​មិន​មាន​ដែរ កាល​បើ​ចោរ​ប្លន់​រាស្រ្ត ( យ៉ាង​នេះ ) ព្រះ​អង្គ​នឹង​សាប​សូន្យ​ចាក​ភោគ​សម្ប័ទ​គ្រប់​យ៉ាង ។ ពួក​ញាតិ មិត្ត សម្លាញ់ ក៏​មិន​សម្គាល់​នូវ​ស្ដេច​ឬ​ក្សត្រ​ដែល​សាប​សូន្យ​ចាក​ភោគ​សម្ប័ទ​ទាំង​ពួង ដែល​គួរ​សម្គាល់ ( ថា​ជា​ស្ដេច ) បាន​ទេ ។ ពួក​ពល​ដំរី ពួក​សេនា ពល​រថ ពល​ថ្មើរ​ជើង និង​ពួក​កម្មករ ដែល​អាស្រ័យ​ចិញ្ចឹម​ជីវិត​នឹង​ស្ដេច​នោះ​ឯង ក៏​មិន​សម្គាល់​នូវ​ស្ដេច​ដែល​គួរ​សម្គាល់​បាន ។ សិរី​គឺ​យស​សម្បត្តិ រមែង​លះ​បង់​បុគ្គល ពាល​អ្នក​មិន​ចេះ​ចាត់​ចែង​ការងារ មាន​គំនិត​អាក្រក់​អាប់​ឥត​ប្រាជ្ញា ដូច​ជា​ពស់​លះ​បង់​នូវ​សំណក​ចាស់ ។ ភោគ​សម្ប័ទ​ទាំង​អស់​រមែង​ចម្រើន​ដល់​បុគ្គល​អ្នក​ចេះ​ចាត់​ចែង​ការងារ​ដោយ​ល្អ ក្រោក​ឡើង​ទាន់​កាល​សម័យ ជា​អ្នក​មិន​ខ្ជិល​ច្រអូស ដូច​ជា​ហ្វូង​គោ​ព្រម​ទាំង​គោ​ឧសក ។ បពិត្រ​មហា​រាជ សូម​ព្រះ​អង្គ​យាង​ទៅ​កាន់​ស្រុក​ក្រៅ​ចាំ​ស្ដាប់ ( ពាក្យ​រាស្រ្ត ) ក្នុង​ដែន និង​ជន​បទ​របស់​ព្រះ​អង្គ លុះ​បាន​ឃើញ​ឬ​បាន​ឮ​ក្នុង​ដែន​នឹង​ជន​បទ​នោះ​ហើយ ត​ទៅ​សូម​ព្រះ​អង្គ​ធ្វើ​តាម​ដំណើរ​នោះ​ចុះ ។

ពោធិសត្វ​ថ្វាយ​ឱវាទ​ដល់​ស្ដេច​ដោយ​គាថា ១១ នេះ​ហើយ ក៏​ទូល​ថែម​ទៀត​ថា សូម​ឱ្យ​ព្រះ​អង្គ​យាង​ទៅ​ឱ្យ​ឆាប់ៗទៅ ​កុំ​បង្អង់​ឡើយ ។ ទេវតា​ថា​ហើយ​ក៏​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​របស់​ខ្លួន​វិញ ។

ស្ដេច​បាន​ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​ទេវតា​ពោល​ប្រដៅ​យ៉ាង​នេះ ហើយ​ក៏​មាន​សេចក្ដី​តក់​ស្លុត លុះ​ព្រឹក​ឡើង​ក៏​ប្រគល់​រាជ​សម្បត្តិ​ឱ្យ​អាមាត្យ​ហើយ​ក្លែង​ភេទ​ធ្វើ​ដូច​ជា​មនុស្ស​ធម្មតា ចេញ​ចាក​ព្រះ​រាជ​វាំង​ទៅ​តាម​ទ្វារ​ខាង​លិច​ជាមួយ​នឹង​បុរោហិត​ម្នាក់ សំដៅ​ទៅ​កាន់​ស្រុក​មួយ​ចម្ងាយ​ផ្លូវ ១ យោជន៍ ។ ស្រុក​នោះ​មាន​បុរស​ចាស់​ម្នាក់ កំពុង​ទាញ​បន្លា​យក​មក​ស្រាស់​ទ្វារ​របង​ផ្ទះ ហើយ​ក៏​នាំ​ប្រពន្ធ​កូន​ចូល​ទៅ​ក្នុង​ព្រៃ លុះ​ពេល​ល្ងាច​ពួក​រាជ​បុរស​ចៀស​ចេញ​អស់​ទៅ ទើប​នាំ​ប្រពន្ធ​កូន​មក​វិញ ដើរ​មក​ដល់​មាត់​ទ្វារ​របង​បន្លា​ក៏​មុត​ជើង​គាត់ៗ អង្គុយ​ជោះ​បន្លា​បណ្ដើរ​ជេរ​ស្ដេច​បណ្ដើរ​ដោយ​ពាក្យ​ថា ៖

ឯវំ វេទេតុ បញ្ចាលោ     សង្គាមេ សរមប្បិតោ

យថាហមជ្ជ វេទេមិ       កណ្ដកេន សមប្បិតោ ។

ខ្លួន​អញ​ដែល​ត្រូវ​បន្លា​មុត ហើយ​ដឹង​ច្បាស់​ក្នុង​ថ្ងៃ​នេះ យ៉ាង​ណា​សូម​ឱ្យ​ស្ដេច​បញ្ចាល ​  ( ក្នុង​នគរ​នេះ ) ត្រូវ​សរ​មុត​ក្នុង​សង្រ្គាម ហើយ​ដឹង​ច្បាស់​យ៉ាង​នេះ​ដែរ ។

ចួន​ជា​ពេល​នោះ ស្ដេច​នឹង​បុរោហិត​ក៏​នៅ​ជិត​បុរស​ចាស់​នោះ​ដែរ បុរោហិត​ឮ​ពាក្យ​បុរស​ជេរ​ស្ដេច​ដូច្នោះ​ហើយ ក៏​សួរ​ថា ៖

ជិណ្ណោ ទុព្វល​ចក្ខូសិ  ន រូបំ សាធុ បស្សសិ

កឹ តត្ថ ព្រហ្ម​ទត្តស្ស     យំ តំ មគ្គេយ្យ កណ្ដកោ ។

អ្នក​ជា​មនុស្ស​ចាស់​មាន​ភ្នែក​ទុព្វល មើល​រូប​មិន​ឃើញ​បាន​ដោយ​ស្រួល​ទេ បន្លា​មុត​ជើង​អ្នក​ឯង ដោយ​ហេតុ​ឯ​ណា ទោស​របស់​ស្ដេច ព្រហ្ម​ទត្ត​ចំពោះ​ហេតុ​នោះ​តើ ដូច​ម្ដេច ( ទើប​អ្នក​ឯង​ជេរ​ស្ដេច​វិញ ) ។

បុរស​ចាស់​ឆ្លើយ​ថា ៖

ពហ្វេត្ថ ព្រហ្ម​ទត្តស្ស     សោហំ មគ្គស្មិ ព្រហ្មណ

អរក្ខិតា ជានបទា អធម្ម​ពលិនា ហតា ។

រត្តិញ្ច ចោរា ខាទន្តិទិវា ខាទន្តិ តុណ្ឌិយា

រដ្ឋស្មឹ កូដ រាជស្សពហុ អធម្មិកោ ជនោ ។

ឯតា​ទិសេ ភយេ តាត      ភយដ្ដា តាវ មានវា

និល្លេនកានិ កុព្វន្តិ      វនេ អាហត្វា កណ្ដក់ ។

ម្នាល​ព្រាហ្មណ៍ ទោស​របស់​ស្ដេច​ព្រហ្មទត្ត​មាន​ច្រើន​ណាស់​ក្នុង​ហេតុ​នេះ​គឺ​ខ្ញុំ​ដែល​ដើរ​ក្នុង​ផ្លូវ ( មាន​បន្លា​ក៏​ត្រូវ​បន្លា​មុត ) ទាំង​ពួក​អ្នក​ជន​បទ ក៏​ស្ដេច​មិន​រក្សា ចេះ​តែ​ឱ្យ​បៀត​បៀន​ដោយ​ពលិកម្ម ( សួយសារ​អាករ ) មិន​ប្រកប​ដោយ​ធម៌ ។ ពិត​ណាស់​ក្នុង​វេលា​យប់ ពួក​ចោរ​ដើរ​ប្លន់ ( អ្នក​ស្រុក ) វេលា​ថ្ងៃ ពួក​អ្នក​ចាក់​រុក​គឺ​ពួក​អ្នក​រាជការ​ក៏​ប្លន់ ( រាស្រ្ត​ថែម​ទៀត ព្រោះ​តែ ) ស្ដេច​ខូច​កាច​សោយ​រាជ្យ​ក្នុង​ដែន ទើប​មាន​ជន​មិន​ប្រកប​ដោយ​ធម៌​ច្រើន​ណាស់ ។

ម្នាលព្រហ្មណ៍ កាលបើភ័យយ៉ាងនេះកើតឡើងហើយ មនុស្សទាំងឡាយដែលលំបាកដោយភ័យ ( យ៉ាងនេះ ) ទើបបានជានាំគ្នាយកបន្លាក្នុងព្រៃមកធ្វើជាទីសម្រាប់ពឹងពួន ។

ព្រះបាទព្រហ្មទត្តបានទ្រង់ព្រះសណ្ដាប់ពាក្យបុរសចាស់នោះហើយ ក៏ហៅបុរោហិតមកប្រាប់ថា បុរសចាស់នេះនិយាយត្រូវណាស់ មកយើងនឹងត្រឡប់ទៅសោយរាជ្យឱ្យប្រកបដោយធម៌វិញ ។

ទើបទេវតាគឺពោធិសត្វបញ្ចូលចិត្តបុរោហិតឱ្យទូលស្ដេចថា សូមឱ្យព្រះអង្គយាងទៅឈ្លបស្រុកឯទៀតៗមើលសិន ស្ដាប់ការស្ដាប់ដំណឹងឱ្យបានដឹងហេតុសព្វគ្រប់ ហើយសឹមយាងទៅសោយរាជ្យប្រព្រឹត្តទសពិជរាជធម៌ឱ្យគ្រប់គ្រាន់ៗ ស្ដេចក៏យាងចេញអំពីស្រុកនេះទៅកាន់ស្រុក ១ ទៀត បានទ្រង់ព្រះសណ្ដាប់សំឡេងស្ត្រី​ចាស់ម្នាក់កំពុងតែជេរស្ដេច ។

ឯស្រ្ដីចាស់នោះ ជាអ្នកក្រីក្រលំបាក មានកូនស្រីពីរនាក់មិនទាន់មានប្ដីនៅឡើយ ម្ដាយរក្សាមិនឱ្យដើរទៅណាមកណាទេ ដើរទៅរកស៊ីធ្វើការដោយខ្លួនឯង ចិញ្ចឹមកូនស្រី ថ្ងៃនោះស្រីចាស់កំពុងឡើងដើមឈើបេះអន្លក់ ក៏ស្រាប់ធ្លាក់ពីដើមឈើ ហើយជេរស្ដេចថា ៖

កទាស្សុ នាម យំ រាជា        ព្រហ្មទត្តោ មរិស្សតិ

យស្ស រដ្ឋម្ហិ ជីយន្តិ   អប្បតិកា កុមារិកា ។

ពួកកុមារីជាស្រីគ្មានប្ដី រមែងចាស់ទៅក្នុងដែននៃស្ដេចព្រហ្មទត្តឯណា ព្រះបាទព្រហ្មទត្តនោះ នឹងស្លាប់ទៅក្នុងកាលណាអេះ ។

បុរោហិតបានឮហើយឃាត់ថា ៖

ទុព្ភាសិតញ្ហិ តេ ជម្មិ អនត្ថបទកោវិទេ

កុហឹ រាជា កុមារីនំ ភត្តារំ បរំយេសតិ ។

នែនាងលាមក ជាស្រីមិនឈ្លាសក្នុងហេតុនិងផល ពាក្យនាងឯង ជាពាក្យអាក្រក់ អម្បាលយ៉ាងស្ដេច មកស្វែងរកប្ដីឱ្យពួកនាងកុមារីដូចម្ដេចកើត ។

ស្រីចាស់នោះឆ្លើយតបថា ៖

ន មេ ទុព្ភាសិតំ ព្រហ្មេ        កោវិទត្ថបទា អហំ

អរក្ខិតា ជានបទា   អធម្មពលិនា ហតា ។

រត្តឹ ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា

រដ្ឋស្មឹ កូដរាជស្ស   ពហុ អធម្មិកោ ជនោ ។

ទុជ្ជីវេ ទុព្ភរេ ទារេ   កុតោ ភត្តា កុមារិយា ។

នែព្រាហ្មណ៍ ពាក្យនាងខ្ញុំមិនអាក្រក់ទេ នាងខ្ញុំជាស្រីឆ្លៀសឆ្លាស ក្នុងហេតុនិងផលដែរ ពួកអ្នកជនបទ ក៏ស្ដេចមិនរក្សាចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌ ទេ ។ ពិតណាស់ក្នុងវេលាយប់ ពួកចោរដើរប្លន់អ្នកស្រុក វេលាថ្ងៃ ពួកអ្នករាជការប្លន់រាស្រ្តព្រោះតែស្ដេចខូចកាចសោយរាជ្យក្នុងដែន បានជាជនច្រើនតែមិនប្រកបដោយធម៌ កាលបើរាស្រ្តរស់នៅដោយលំបាក ទាំងប្រពន្ធដែលគេចិញ្ចឹមក៏បានដោយលំបាក ( យ៉ាងនេះ ) តើពួកនាងកុមារីបានប្ដីពីណាកើត ។

ស្ដេចនិងបុរោហិតបានស្ដាប់ហើយគិតថា ស្រីនេះនិយាយត្រូវណាស់ ហើយក៏យាងហួសទៅទៀត បានឮសំឡេងអ្នកស្រែម្នាក់ផាលមុតជើងគោ ក៏ស្រែកជេរស្ដេចថា ៖

ឯវំ សយតុ បញ្ចលោ សង្គាមេ សត្តិយា ហតោ

យថាយំ កបណោ សេតិ ហតោ ផាលេន សាលិយោ ។

គោឈ្មោះសាលិយៈនេះ ជាសត្វកំព្រាត្រូវផាលមុតជើងដេកស្រតឹកយ៉ាងណា សូមឱ្យស្ដេចបញ្ចាលត្រូវគេសម្លាប់ដោយលំពែងក្នុងសង្រ្គាមដេកស្ដូកយ៉ាងនោះចុះ ។

បុរោហិតឃាត់អ្នកស្រែនោះថា ៖

អធម្មេន តុវំ ជម្ម       ព្រហ្មទត្តស្ស កុជ្ឈសិ

យោ ត្វំ សបសិ        វាជានំ អបរជ្ឈិត្វាន អត្តនោ ។

នែបុរសលាមក អ្នកឯងដែលប្រទូស្ដខឹងនឹងស្ដេចរបស់ខ្លួន អ្នកឯងឈ្មោះថាខឹងទៅរកស្ដេចព្រហ្មទត្ត ដោយហេតុមិនត្រូវតាមធម៌ទេ ។

អ្នកភ្ជួរស្ដាប់នូវពាក្យនោះហើយ ពោលតបថា ៖

ធម្មេន ព្រហ្មទត្តស្ស អហំ កុជ្ឈាមិ ព្រាហ្មណ

អរក្ខិតា ជានបទាអធម្មពលិនា ហតា ។

រត្តិញ្ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា

រដ្ឋស្មឹ កូដរាជស្ស ពហុ អធម្មិកោ ជនោ ។

សានូន បុន រេ បក្កាវិកាលេ ភត្តមាហរិ

ភត្តហារឹ អវេក្ខន្តោ  ហតោ ផាលេន សាលិយោ ។

ម្នាលព្រាហ្មណ៍ ខ្ញុំខឹងចំពោះស្ដេចព្រហ្មទត្ត ដោយហេតុត្រូវតាមធម៌ ( ព្រោះថា ) ពួកអ្នកជនបទ ស្ដេចមិនដែលរក្សាទេ ចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌ ។ ពិតណាស់ ក្នុងវេលាយប់ ពួកចោរប្លន់ ( អ្នកស្រុក ) វេលាថ្ងៃ ពួកអ្នករាជការប្លន់ ( រាស្រ្ត ព្រោះ​តែ ) ស្ដេចខូចកាចសោយរាជ្យក្នុងដែន បានជាជនច្រើនតែមិនប្រកបដោយធម៌ ។ ស្រីជាដាំបាយក្នុងវេលាព្រឹក ( នាំយកមកឱ្យខ្ញុំ ក៏ត្រូវខ្ញុំកំដររបស់ស្ដេចព្រហ្មទត្តរឹបជាន់យកបាយអស់ ) លុះវេលាថ្ងៃរសៀលទើបនាំយកបាយមក ( ឱ្យខ្ញុំ ) ខ្ញុំក៏ទន្ទឹងចាំមើល នូវស្រ្តីអ្នកយកបាយមកឱ្យ ទាំងគោឈ្មោះសាលិយៈ ក៏ត្រូវផាលមុតជើងទៀត ។

ស្ដេចនិងបុរោហិតឮហើយក៏ទៅស្រុក ១ ទៀត ។ បុរសអ្នករឹតទឹកដោះមេគោ ក៏ត្រូវមេគោធាក់ធ្លាក់ភាជន៍ទឹកដោះពីដៃហើយក៏ជេរស្ដេចថា ៖

ឯវំ ហញ្ញតុ បញ្ចលោ សង្គាមេ អសិនា ហតោ

យថាហមជ្ជ បហតោខីរញ្ច មេ បវត្តិតំ ។

ក្នុងថ្ងៃនេះ ខ្លួនអញត្រូវមេគោធាក់ ទាំងទឹកដោះក៏ធ្លាក់ពីដៃរបស់អញយ៉ាងណា សូមឱ្យស្ដេចបញ្ចាលត្រូវគេសម្លាប់ដោយដាវក្នុងសង្រ្គាមលំបាកយ៉ាងនោះចុះ ។

បុរោហិតឮហើយ សួរថា ៖

អយំ បសុ ខីរំ ឆឌ្ឌេសិ បសុ ផាលញ្ច ហឹសតិ

កឹ តត្ថ ព្រហ្មទត្តស្សយំ នោ គរហតេ ភវំ ។

សត្វចិញ្ចឹមនេះរមែងចោលនូវទឹកដោះ សត្វចិញ្ចឹមរមែងបៀតបៀននូវផាល ដោយហេតុឯណា អ្នកមិនគួរតិះដៀលនូវស្ដេចដ៏ចម្រើនដោយហេតុឯណា កំហុសរបស់ស្ដេចព្រហ្មទត្ត ចំពោះហេតុនោះ ៗ តើដូចម្ដេច ?

បុរសអ្នករឹតទឹកដោះឆ្លើយតបវិញថា ៖

ការយ្ហោ ព្រហ្មេ បញ្ចលោ    ព្រហ្មទត្តស្ស រាជិនោ

អរក្ខិតា ជានបទា   អធម្មមពលិនា ហតា ។

រត្តឹ ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា

រដ្ឋស្មឹ កូដរាជស្ស   ពហុ អធម្មិកោ ជនោ ។

ចណ្ឌា អកត្ថនា កវី យំ បុរេ ន ទុហាមសេ

តំទានិ អជ្ជ ទោហាម ខីរកាមេហុបទ្ទុតា ។

ម្នាលព្រហ្មណ៍ ស្ដេចបញ្ចាលរបស់រាជត្រកូលព្រហ្មទត្ត គួរអ្នកផងគេតិះដៀលហើយ      ( ព្រោះថា ) ពួកអ្នកជនបទ ស្ដេចមិនដែលជួយរក្សាការពារទេ ចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌ ។ ពិតណាស់ តែក្នុងវេលាយប់ ពួកចោរដើរប្លន់ ( យកទ្រព្យសម្បត្តិអ្នកស្រុក ) វេលាថ្ងៃ ពួកអ្នករាជការរឹបជាន់ប្លន់ ( រាស្រ្ត ) ( ព្រោះតែ ) ស្ដេចខូចកាចសោយរាជ្យក្នុងដែន បានជាជនច្រើនតែមិនប្រកបដោយធម៌ ។ មេគោកាចផ្លាង ក្នុងកាលពីមុនយើងមិនបានរឹតទឹកដោះឯណា ក្នុងថ្ងៃនេះ ឥឡូវនេះ ពួកយើងក៏ត្រូវពួករាជបុរសអ្នកប្រាថ្នានូវទឹកដោះមករឹបជាន់ ទើបរឹតទឹកដោះនោះ ( បើស្ដេចសោយរាជ្យប្រកបដោយធម៌ ភ័យមិនមានដល់យើងទេ ) ។

ស្ដេចនិងបុរោហិតនិយាយថា បុរសនេះថាត្រូវណាស់ ហើយក៏ចៀសចេញទៅកាន់ស្រុកមួយទៀត ។ សម័យមួយ ពួកអ្នករាជការសម្លាប់កូនគោយកស្បែកធ្វើស្រោមដាវ មេគោក៏រត់ឆ្លេឆ្លាដោយសេចក្ដីសោកស្ដាយកូនរបស់វា ។ ពួកក្មេងអ្នកស្រុកជាអ្នកឃ្វាលគោ ក៏ស្រែកជេរស្ដេចថា ៖

ឯវំ កន្ទតុ បញ្ចលោវិមុត្តោ បរិធាវតុ

យថាយំ កបណា កវីវិមុត្តា បរិធាវតិ ។

មេគោនេះ ជា​សត្វ​កំព្រា ជាសត្វព្រាត់ប្រាស និរាស រីងស្ងួត កន្ទក់កន្ទេញ សូម​ឱ្យ​ស្ដេច​បញ្ចាល​ក៏​យ៉ាងនោះចុះ ។

បុរោហិតសួរថា ៖

យំ បសុ បសុចាលស្ស      បព្ភមេយ្យ រវេយ្យ វា

កោនីធ អបរាធត្ថិព្រហ្មទត្តស្សរាជិនោ ។

កាលដែលបុរសអ្នករក្សានូវសត្វចិញ្ចឹម ចំណែកខាងសត្វចិញ្ចឹមក៏ស្ទុះឆ្លេឆ្លាឬស្រែកដោយហេតុឯណា កំហុសរបស់ស្ដេចព្រហ្មទត្តរមែងមានក្នុងហេតុនេះ តើដូចម្ដេច ។

ពួកក្មេង ៗ អ្នកស្រុកឆ្លើយតបថា ៖

អបរាធោ មហាព្រហ្មេ       ព្រហ្មទត្តស្ស រាជិនោ

អរក្ខិតា ជានបទាអធម្មពលិនា ហតា ។

រត្តឹ ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា

រដ្ឋស្មឹ កូដរាជស្ស   ពហុ អធម្មិកោ ជនោ ។

កថំ នោ អសិកោសត្ថា      ខីរបា ហញ្ញតេ បជា ។

បពិត្រមហាព្រាហ្មណ៍ កំហុសរមែងមានដល់ស្ដេចព្រហ្មទត្តដោយពិត ព្រោះថា ពួកអ្នកជនបទ ស្ដេចមិនដែលរក្សាដល់ម្ដងទេ ចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌ ។ តែក្នុងវេលាយប់ ពួកចោរដើរប្លន់ (អ្នកស្រុក ) វេលាថ្ងៃ ពួកអ្នករាជការរឹបជាន់ប្លន់ ( រាស្រ្ត ) តាមអំណាច ព្រោះតែស្ដេចខូចកាចសោយរាជ្យក្នុងដែន ( មិនប្រកបដោយ   ធម៌ ) បានជាជនច្រើនតែមិនប្រកបដោយធម៌ដែរ កូននោះកំពុងតែបៅដោះ មានប្រយោជន៍ដល់ស្រោមដាវ រមែងលំបាកយ៉ាងណាទៅ ។

ស្ដេចនិងបុរោហិតនិយាយថា ពួកក្មេងៗអ្នកស្រុកនេះចេះនិយាយត្រូវណាស់ហ្ន៎ ! ហើយក៏ចៀសចេញទៅ ។ គ្រានោះ ពួកក្អែកកំពុងតែចាប់ចឹកកង្កែបស៊ីជាអាហារ ក្នុងស្រះបោក្ខរណី ១ រីងទឹកអស់ ក្នុងរវាងពាក់កណ្ដាលផ្លូវ ព្រះពោធិសត្វក៏បណ្ដាលឱ្យកង្កែបជេរស្ដេចថា ៖

ឯវំ ខជ្ជតុ បញ្ចលោហតោ យុទ្ធេ សបុត្តកោ

យថាហមជ្ជ ខជ្ជាមិគាមិកេហិ អរញ្ញជោ ។

អាត្មាអញកើតក្នុងព្រៃ ត្រូវពួកក្អែកក្នុងស្រុកចឹកស៊ីក្នុងថ្ងៃនេះយ៉ាងណា សូមឱ្យស្ដេចបញ្ចាលព្រមទាំងបុត្រត្រូវគេកាប់ក្នុងចម្បាំងដាច់ខ្ទេចខ្ទីយ៉ាងនោះចុះ ។

បុរោហិតស្ដាប់ហើយ និយាយនឹងកង្កែបថា ៖

ន សព្វភូតេសុ វិធេន្តិ រក្ខំ

រាជានោ មណ្ឌូក មនុស្សលោកេ

នេត្តាវតា រាជា អធម្មចារី

យំ តាទិសំ ជីវមទេយ្យុ ធង្កា ។

នែកង្កែប ព្រះរាជាទាំងឡាយ ក្នុងមនុស្សលោក ( នេះ ) មិនចាត់ចែងនូវការរក្សាចំពោះពួកសត្វទាំងឡាយទេ ពួកក្អែកស៊ីនូវសត្វរស់ប្រាកដដូច្នោះ ដោយហេតុឯណា ព្រះរាជាមិនមែនប្រព្រឹត្តមិនប្រកបដោយធម៌ ដោយហេតុប៉ុណ្ណោះទេ ។

កង្កែបស្ដាប់ហើយនិយាយតបវិញថា ៖

អធម្មរូបោ វត ព្រហ្មចារី

អនុប្បិយំ ភាសសិ ខត្តិយស្ស

វិលុម្បមានាយ បុថុប្បជាយ

បូជេ សិ រាជំ បរមប្បវាទឹ ។

សចេ ឥទំ ព្រហ្មេ សុរជ្ជកំ សិយា

ដីតំ រដ្ឋំ មុទិតំ វិប្បសន្នំ

ភុត្វា ពលឹ អគ្គបិណ្ឌញ្ច កាកា

ន មាទិសំ ជីវមទេយ្យុ ធង្កា ។

អ្នកដូចជាព្រហ្មចារីបុគ្គល តែមានសភាពមិនមែនជាអ្នកធម៌សោះ ពោលនូវពាក្យគួរដល់សេចក្ដីស្រឡាញ់ចំពោះក្សត្រ កាលបើប្រជាជនជាច្រើនដែលស្ដេចរឹបជាន់ អ្នកបូជា         ( សរសើរ ) ចំពោះស្ដេចថាជាអ្នកមិនពោលពាក្យដ៏ប្រសើរ ។ នែព្រាហ្មណ៍ ប្រសិនបើដែននេះមានរាជការល្អ ជាដែនស្ដុកស្ដម្ភ មានរាស្រ្តរីករាយជ្រះថ្លា ទាំងពួកក្អែក ក៏បានស៊ីនូវដុំបាយដ៏ប្រសើរ ជាគ្រឿងបូជា ( របស់មនុស្ស ) ពួកក្អែកនឹងលែងស៊ីសត្វរស់ប្រាកដដូចជាខ្ញុំមិនខាន ។

ហេតុដែលជេរបន្ទោសដល់ស្ដេចទាំង ៦ កន្លែងនេះ គឺដោយអំណាចពោធិសត្វមកបញ្ចូលចិត្ត ឱ្យអ្នកទាំងអស់គ្នាគិតឃើញយ៉ាងនេះ ដើម្បីរំឭកស្ដេចបញ្ចាលឱ្យលោកបានប្រព្រឹត្តត្រឹមត្រូវតាមទសពិធរាជធម៌ ឱ្យពួកជនដែលអាស្រ័យនៅក្នុងដែនបានសេចក្ដីសុខក្សេមក្សាន ដោយសារគុណបុណ្យបារមីរបស់ស្ដេចតទៅ ។

ឯព្រះបាទបញ្ចាលនិងបុរោហិត លុះបានឮនូវហេតុនោះហើយក៏វិលត្រឡប់ទៅនគរគ្រប់គ្រងរាជ្យដូចដើមវិញ ទទួលយកនូវឱវាទនៃពោធិសត្វមកតម្កល់ទុកក្នុងព្រះទ័យ ហើយចាត់ចែងរៀបចំការរាជការ ក្នុងព្រះនគរឱ្យបានរៀបរយតាមបវេណី ប្រព្រឹត្តនូវទសពិធរាជធម៌ដោយគ្រប់គ្រាន់ ពួករាស្រ្តប្រជាក៏បានសេចក្ដីសុខ – ចម្រើន ទាំងភោគសម្ប័ទក៏សម្បូណ៍សប្បាយចាយវាយឥតខ្វះខាតឡើយ ។

ព្រះមានព្រះភាគទ្រង់នាំអតីតនិទានមកពន្យល់ដល់ព្រះរាជាកោសល ដូចបានអធិប្បាយមកនេះ ហើយទ្រង់រំឭកដាស់តឿនថា បពិត្រមហារាជ សូមឱ្យមហារាជលះបង់នូវអគតិចេញ ហើយគ្រប់គ្រងរាជ្យ​ប្រកបដោយធម៌ចុះ ។

ចប់ភណ្ឌុតិណ្ឌុកជាតកតែប៉ុណ្ណេះ ។

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា អត្ថបទក្បាលទី ២ ឆ្នាំទី ១៧ ខ្សែទី ៨ គ.ស. ១៩៤៥ ព.ស. ២៤៨៥ និង​អត្ថបទក្បាលទី ២ ឆ្នាំទី ១៧ ខ្សែទី ៩ គ.ស. ១៩៤៥ ព.ស. ២៤៨៥


  •  
  •  

បញ្ចេញយោបល់ ៖