ប្រវត្តិ​សង្ខេប​ព្រះ​ពុទ្ធ​រូប ៧ អង្គ

ឃុនបណ្ណានុរក្ស ប៊ូ ប៉ូរ

១ – ព្រះ​ពុទ្ធ​វិបស្សី

រាប់​អំពី​ភទ្ទ​កប្ប​នេះ​ថយ​ក្រោយ​ទៅ​បាន ៩១ កប្ប ព្រះ​ពុទ្ធ​វិបស្សី​ទ្រង់​បាន​ត្រាស់​ក្នុង​លោក ព្រះ​អង្គ​ជា​ខត្តិយ​ជាតិ ជា​កោណ្ឌញ្ញ​គោត្រ​មាន​ព្រះ​ជន្ម ៨ ម៉ឺន​ឆ្នាំ ត្រាស់​ក្រោម​ដើម​បាដលិ​ព្រឹក ( ដើម​ជ្រនៀង ) មាន​គូ​សាវក​ឈ្មោះ​ខណ្ឌ១ តិស្ស១ មាន​សាវក​សន្និបាត ៣ដង គឺ​សាវក​សន្និបាត​មាន​ភិក្ខុ ៦លាន ៨សែន​រូប​ម្ដង សាវក​សន្និបាត​មាន​ភិក្ខុ ១សែន​រូប​ម្ដង សាវក​សន្និបាត​មាន​ភិក្ខុ ៨ ម៉ឺន​រូប​ម្ដង សាវក​សន្និបាត​ទាំង ៣ ដង​នេះ​សុទ្ធ​តែ​ជា​ព្រះ​ខីណា​ស្រព​ទាំង​អស់ មាន​ភិក្ខុ​ឈ្មោះ​អសោក​ជា​ឧបដ្ឋាក ព្រះ​បិតា​ជា​ព្រះ​រាជា​ទ្រង់​ព្រះ​នាម​ពន្ធុមៈ ព្រះ​មាតា​ទ្រង់​ព្រះ​នាម​ពន្ធុមតី​ជា​ព្រះ​ជនេត្តី ( ព្រះ​មាតា​បង្កើត ) នគរ​ឈ្មោះ​ពន្ធុមតី ។

២ – ព្រះ​ពុទ្ធ​សិខី

រាប់​អំពី​ភទ្ទ​កប្ប​នេះ​ថយ​ក្រោយ​ទៅ​បាន ៧១ កប្ប ព្រះ​ពុទ្ធ​សិខី​ទ្រង់​បាន​ត្រាស់​ក្នុង​លោក ព្រះ​អង្គ​ជា​ខត្តិយ​ជាតិ ជា​កោណ្ឌញ្ញ​គោត្រ​មាន​ព្រះ​ជន្មាយុ ៧ ម៉ឺន​ឆ្នាំ ត្រាស់​ក្រោម​ដើម​បុណ្ឌ​រិក​ព្រឹក្ស ( ដើម​ស្វាយ​ស ) មាន​គូ​សាវក​ឈ្មោះ​អភិភូ ១ សម្ភវៈ ១ មាន​សាវក​សន្និបាត ៣ ដង គឺ​មាន​ភិក្ខុ ១ សែន​រូប​ម្ដង មាន​ភិក្ខុ ៨ ម៉ឺន​រូប​ម្ដង មាន​ភិក្ខុ ៧ ម៉ឺន​រូប​ម្ដង សាវក​សន្និបាត​ទាំង ៣ ដង​នេះ​សុទ្ធ​តែ​ជា​ព្រះ​ខីណាស្រព​ទាំង​អស់ មាន​ភិក្ខុ​ឈ្មោះ​ខេមង្ករៈ​ជា​ឧបដ្ឋាក ព្រះ​បិតា​ជា​ព្រះ​រាជា​ទ្រង់​ព្រះ​នាម​អរុណ ព្រះ​មាតា​ទ្រង់​ព្រះ​នាម​បភាវតី​ ជា​ព្រះ​ជនេត្តី នគរ​ឈ្មោះ​អរុណវតី ។

៣ – ព្រះ​ពុទ្ធ​វេស្សភូ

រាប់​អំពី​ភទ្ទ​កប្ប​នេះ​ថយ​ក្រោយ​ទៅ​បាន ៣១ កប្ប ព្រះ​ពុទ្ធ​វេស្សភូ​ ទ្រង់​បាន​ត្រាស់​ក្នុង​លោក ព្រះ​អង្គ​ជា​ខត្តិយ​ជាតិ ជា​កោណ្ឌញ្ញ​គោត្រ​មាន​ព្រះ​ជន្មាយុ ៦ ម៉ឺន​ឆ្នាំ ត្រាស់​ក្រោម​ដើម​សាល​ព្រឹក្ស ( ដើម​រាំង​ភ្នំ ) មាន​គូ​សាវក​ឈ្មោះ​សោនៈ ១ ឧត្ដរៈ ១ មាន​សាវក​សន្និបាត ៣ ដង គឺ​មាន​ភិក្ខុ ៨ ម៉ឺន​រូប​ម្ដង មាន​ភិក្ខុ ៧ ម៉ឺន​រូប​ម្ដង មាន​ភិក្ខុ ៦ ម៉ឺន​រូប​ម្ដង សាវក​សន្និបាត​ទាំង ៣ ដង​នេះ​ សុទ្ធ​តែ​ជា​ព្រះ​ខីណាស្រព​ទាំង​អស់ មាន​ភិក្ខុ​ឈ្មោះ​ឧបសន្តៈ ជា​ឧបដ្ឋាក ព្រះ​បិតា​ជា​ព្រះ​រាជា​ទ្រង់​ព្រះ​នាម​សុប្បតីតៈ ព្រះ​មាតា​ទ្រង់​ព្រះ​នាម​យសវតី​ ជា​ព្រះ​ជនេត្តី នគរ​ឈ្មោះ​អនោមៈ ។

៤ – ព្រះ​ពុទ្ធ​កកុសន្ធ

ក្នុង​ភទ្ទ​កប្ប​នេះ ព្រះ​ពុទ្ធ​កកុសន្ធ​បាន​ត្រាស់​ក្នុង​លោក ព្រះ​អង្គ​ជា​ព្រាហ្មណ​ជាតិ ជា​កស្សប​គោត្រ​ មាន​ព្រះ​ជន្មាយុ ៤ ម៉ឺន​ឆ្នាំ ត្រាស់​ក្រោម​ដើម​សិរីស​ព្រឹក្ស ( ដើម​ច្រេស ) មាន​គូ​សាវក​ឈ្មោះ​វិធូរៈ ១ សញ្ញីវៈ ១ មាន​សាវក​សន្និបាត​តែ​ម្ដង មាន​ភិក្ខុ ៤ ម៉ឺន​រូប សុទ្ធ​តែ​ជា​ព្រះ​ខីណា ស្រព​ទាំង​អស់ មាន​ភិក្ខុ​ឈ្មោះ​វុឌ្ឍិជៈ​ជា​ឧបដ្ឋាក ព្រះ​បិតា​ជា​ព្រាហ្មណ៍ ​នាម​អគ្គិទត្ត ព្រះ​មាតា​ជា​ព្រហ្មណី​នាម​វិសាខា ជា​ព្រះ​ជនេត្តី​ សម័យ​នោះ មាន​ព្រះ​រាជា​ព្រះ​នាម​ខេមៈ នគរ​ឈ្មោះ​ខេម​វតី ។

៥ – ព្រះ​ពុទ្ធ​កោនាគមន

ក្នុង​ភទ្ទ​កប្ប​នេះ​ ព្រះ​ពុទ្ធ​កោនាគមន​បាន​ត្រាស់​ក្នុង​លោក ព្រះ​អង្គ​ជា​ព្រាហ្មណី​ជាតិ ជា​កស្សប​គោត្រ មាន​ព្រះ​ជន្មាយុ ៣ ម៉ឺន​ឆ្នាំ ត្រាស់​ក្រោម​ដើម​ឧទុម្ពរ​ព្រឹក្ស ( ដើម​ល្វា ) មាន​គូ​សាវក​ឈ្មោះ​ភិយ្យោសៈ ១ ឧត្ដរៈ ១ មាន​សាវក​សន្និបាត​តែ​ម្ដង មាន​ភិក្ខុ ៣ ម៉ឺន​រូប សុទ្ធ​តែ​ជា​ព្រះ​ខីណាស្រព​ទាំង​អស់ មាន​ភិក្ខុ​ឈ្មោះ​សោត្ថិជៈ ជា​ឧបដ្ឋាក ព្រះ​បិតា​ជា​ព្រហ្មណ៍​នាម​យញ្ញទត្ត  ព្រះ​មាតា​ជា​ព្រហ្មណី​នាម​ឧត្ដរា ជា​ព្រះ​ជនេត្តី​ សម័យ​នោះ មាន​ព្រះ​រាជា​ព្រះ​នាម​សោភៈ នគរ​ឈ្មោះ​សោភ​វតី ។

៦ – ព្រះ​ពុទ្ធ​កស្សប

ក្នុង​ភទ្ទ​កប្ប​នេះ​ ព្រះ​ពុទ្ធ​កស្សប​បាន​ត្រាស់​ក្នុង​លោក ព្រះ​អង្គ​ជា​ព្រាហ្មណី​ជាតិ ជា​កស្សប​គោត្រ មាន​ព្រះ​ជន្មាយុ ២ ម៉ឺន​ឆ្នាំ ត្រាស់​ក្រោម​ដើម​និគ្រោធ​ព្រឹក្ស ( ដើម​ជ្រៃ ) មាន​គូ​សាវក​ឈ្មោះ​តិស្សៈ ១ ភារទ្វាជៈ ១ មាន​សាវក​សន្និបាត​តែ​ម្ដង មាន​ភិក្ខុ ២ ម៉ឺន​រូប សុទ្ធ​តែ​ជា​ព្រះ​ខីណាស្រព​ទាំង​អស់ មាន​ភិក្ខុ​ឈ្មោះ​សព្វ​មិត្ត​ជា​ឧបដ្ឋាក ព្រះ​បិតា​ជា​ព្រហ្មណ៍​នាម​ព្រហ្មទត្ត  ព្រះ​មាតា​ជា​ព្រហ្មណី​នាម​ធនវតី ជា​ព្រះ​ជនេត្តី​ សម័យ​នោះ មាន​ព្រះ​រាជា​ព្រះ​នាម​គឹកី នគរ​ឈ្មោះ​ពារាណសី ។

៧ – ព្រះ​ពុទ្ធ​គោតម

ក្នុង​ភទ្ទ​កប្ប​នេះ​ ព្រះ​ពុទ្ធ​គោតម​បាន​ត្រាស់​ក្នុង​លោក ព្រះ​អង្គ​ជា​ខត្តិយ​ជាតិ ជា​គោតម​គោត្រ មាន​ព្រះ​ជន្មាយុ ៨០ ឆ្នាំ ត្រាស់​ក្រោម​ដើម​អស្សត្ថ​ព្រឹក្ស ( ដើម​ពោធិ​បាយ ) មាន​គូ​សាវក​ឈ្មោះ​សារី​បុត្ត ១ មោគ្គល្លាន ១ មាន​សាវក​សន្និបាត​តែ​ម្ដង មាន​ភិក្ខុ ១ ពាន់ ២ រយ ៥០ រូប សុទ្ធ​តែ​ជា​ព្រះ​ខីណាស្រព​ទាំង​អស់ មាន​ភិក្ខុ​ឈ្មោះ​អានន្ទជា​ឧបដ្ឋាក ព្រះ​បិតា​ជា​ព្រះ​រាជា​ទ្រង់​ព្រះ​នាម​សុទ្ធោទនៈ  ព្រះ​មាតា​ទ្រង់​ព្រះ​នាម​មហា​មាយា ជា​ព្រះ​ជនេត្តី​ ព្រះ​នគរ​ឈ្មោះ​កបិល​វត្ថុ ។

ចប់

ស្រង់​មក​អំពី​សៀវ​ភៅ​ព្រះ​ត្រៃ​បិដក​ខ្មែរ ភាគ​ទី ១៦ ត្រង់​មហា​បទាន​សូត្រ​ទំព័រ ២៥ …. ។

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា អត្ថបទក្បាលទី១ ឆ្នាំទី១៧ ខ្សែទី២ គ.ស.១៩៤៥  – ព.ស.២៤៨៥

ចែករំលែក

បញ្ចេញយោបល់ ៖