​របស់​តិច​នាំ​បំផ្លាញ​របស់​ច្រើន

  •  
  •  

​នានា​ភាសិត
ព្រះ​គ្រូ​មុនី​សោភ័ណ សោម – ឡុច ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក
នៅ​ពុទ្ធ​សាសបណ្ឌិត្យ រៀប​រៀង

ក្នុង​លោក​នេះ មាន​ជន​ចំពូក​ខ្លះ ច្រើន​ប្រកប​ដោយ​សេចក្ដី​លោភ​ជ្រុល​ជ្រួស​ប្រមាណ ចង់​មាន ចង់​បាន​ខ្លាំង​ពេក ឥត​គិត​មុខ​គិត​ក្រោយ ឥត​យល់​មុខ​នរណា​ជា​នរណា ឱ្យ​តែ​ប្រទះ​ដៃ​ត្រង់​ណា​យក​ត្រង់​ហ្នឹង គិត​ខាង​ឱ្យ​បាន​តែ​ចំណូល​និង​ចំណេញ ត្រង់​ចំណាយ​ឬ​ក៏​វិនាស​អន្តរាយ​បង់​ខាត​ទៅ​វិញ មិន​គិត​ផង​សោះ ជន​បែប​នេះ​លោក​ហៅ​ថា ឆ្អិន​ក្បាល ស៊ី​ក្បាល ឆ្អិន​កន្ទុយ ស៊ី​កន្ទុយ នឹង​យក​ជា​ការ​ប្រមាណ​មិន​បាន ។

មួយ​ទៀត ក្នុង​ត្រៃ​ភព ទោះ​វត្ថុ​មាន​វិញ្ញាណ​ក្ដី ឥត​វិញ្ញាណ​ក្ដី មាន​រូប​ក្ដី ឥត​រូប​ក្ដី សុទ្ធ​តែ​មាន​ហេតុ​មាន​ទំនង ល្មម​ឱ្យ​គិត​ឃើញ​បាន​ទាំង​អស់ ព្រោះ​របស់​ទាំង​នោះ​សឹង​មាន​ជា​គូៗនឹង​គ្នា​ហូរ​ហែ​មក​ជា​ធម្មតា ដូច​ពាក្យ​ថា « បុណ្យ​គូ​នឹង​បាប គុណ​គូ​នឹង​ទោស សុខ​គូ​នឹង​ទុក្ខ ល្អ​គូ​នឹង​អាក្រក់ បាន​គូ​នឹង​បង់​ឬ​បាត់​ទៅ​វិញ » រួម​ខ្លី​ថា បុណ្យ​បាប គុណ​ទោស សុខ​ទុក្ខ ល្អ​អាក្រក់ បាន​បង់ ឬ​បាត់​ទៅ​វិញ ប៉ុណ្ណេះ​ជា​ដើម ។

ជន​អ្នក​មាន​បញ្ញា គួរ​ត្រិះ​រិះ​គិត​របស់​ទាំង​នោះ កុំ​ឱ្យ​ដាច់​គូ​គ្នា ដើម្បី​ការពារ​កុំ​ឱ្យ​ទុក្ខ​គ្រប​សង្កត់​ខ្លាំង​ពេក បើ​មិន​បាន​គិត​ទុក​ជា​មុន​ទេ ដល់​ពេល​មាន​គ្រោះ​ថ្នាក់​ធ្លាក់​មក​ដល់​ខ្លួន​ម្ដងៗ ចិត្ត​វា​ញាប់​ញ័រ​រន្ធត់​តក់​ស្លុត​ស្លន់​ស្លោ​សង្រេង​សង្រៃ អាឡោះ​អាល័យ​សោក​ស្ដាយ​ពេក​ណាស់ បើ​បាន​ធ្វើ​បុណ្យ​យសសក្ដិ​ជា​ធំ​ហើយ កុំ​ស្រវឹង​វង្វេង​ភ្លេច​ខ្លួន​ពេក ត្រូវ​គិត​ដល់​បាប​គឺ​អំពើ​លាមក​ណា​មួយ​ដែល​ជា​ហេតុ​នាំ​ខ្លួន​ឱ្យ​សាប​សូន្យ​ទៅ​វិញ​ផង មាន​គុណ​ធម៌​ល្អ​ក្នុង​ខ្លួន​ហើយ ត្រូវ​គិត​ដល់​ទោស​ផង បាន​សុខ​ស្រួល​ហើយ ត្រូវ​គិត​ដល់​ទុក្ខ​ផង បាន​ល្អ​ហើយ ត្រូវ​គិត​ដល់​អាក្រក់​ផង រក​ទ្រព្យ​សម្បត្តិ​បាន​ហើយ ត្រូវ​គិត​ដល់​ការ​វិនាស​បង់​ខាត​ទៅ​វិញ​ផង ហេតុ​បាន​ជា​គិត​ដូច្នោះ​នោះ ព្រោះ​វត្ថុ​ទាំង​មាន​វិញ្ញាណ ឥត​វិញ្ញាណ​ដែល​កើត​មាន​ក្នុង​ត្រៃ​ភព សុទ្ធ​តែ​ជា​របស់​មិន​ទៀង រមែង​ផ្អៀង​ក្រឡាប់​ផ្កាប់ ចុះ​ចូល​មក​នៅ​ក្នុង​ផ្ទៃ​ព្រះ​ត្រៃ​លក្ខណ៍​ទាំង ៣ គឺ​អនិច្ចំ ទុក្ខំ អនត្តា ទាំង​អស់ គ្មាន​សល់មួយ​ឡើយ លើក​តែ​ឋាន​ព្រះ​និព្វាន​ចេញ ក្រៅ​ពី​ឋាន​ព្រះ​និព្វាន​ហើយ កុំ​សង្ឃឹម​ថា​បាន​សុខ​ស្រួល​ល្អ​នោះ គ្មាន​ទេ តែង​ប្រែ​ប្រួល​វិនាស​សាប​សូន្យ​ទៅ​វិញ​ជា​ធម្មតា ​បើ​ជន​ណា​មិន​បាន​គិត​គូរ​របស់​ទាំង​នោះ​ទេ ត្រឡប់​ទៅ​ជា​បណ្ដែត​បណ្ដោយ​ឱ្យ​ចិត្ត​ផុង​លង់​ទៅ​ក្នុង​អារម្មណ៍​ណា​មួយ​ហើយ ជន​នោះ​ឯង​មិន​ងាយ​នឹង​ទង់​ទាញ​ចិត្ត​ឱ្យ​បាន​ផុត​ស្រឡះ​មក​វិញ​ឡើយ ត្រូវ​តាំង​ចិត្ត ជា​កណ្ដាល​ទើប​បាន​ល្អ គឺ​ថា​កុំ​ស្រឡាញ់​ពេក កុំ​មិន​ស្រឡាញ់​ពេក កុំ​អរ​ពេក កុំ​មិន​អរ​ពេក កុំ​សប្បាយ​ពេក កុំ​មិន​សប្បាយ​ពេក កាល​បើ​ស្រឡាញ់​របស់​ណា​ខ្លាំង ទុក្ខ​ក៏​ខ្លាំង ស្រឡាញ់​យ៉ាង​ល្មម ទុក្ខ​ក៏​ល្មម ស្រឡាញ់​បន្តិច​បន្តួច ទុក្ខ​ក៏​បន្តិច​បន្តួច បើ​មិន​ស្រឡាញ់​សោះ ទុក្ខ​ក៏​គ្មាន​ដែរ ។

អធិប្បាយ​ថា ដូច​ជា​មាតា​បិតា​ស្រឡាញ់​បុត្ត​ណា​មួយ​ដែល​ជា​ទី​ពេញ​ចិត្ត ស្ទើរ​តែ​បាត់​ពី​មុខ​មិន​បាន វេលា​ណា បុត្ត​នោះ​មាន​ជំងឺ​ឈឺ​ចាប់ ស្លាប់​បាត់​បង់​ទៅ ឬ​មួយ​ក៏​ព្រាត់​ប្រាស​ទៅ​នៅ​ទី​ណាៗបាត់​ទៅ​ក៏​កើត​ទុក្ខ​ទួញ​យំ​សោក​ស្ដាយ​ខ្លាំង​ពេក​ណាស់ ១០ឆ្នាំ ២០ឆ្នាំ ឡើង​ទៅ ក៏​មិន​ងាយ​នឹង​បាត់​ទុក្ខ​នោះ​ឡើយ នេះ​ហៅ​ថា​ស្រឡាញ់​ខ្លាំង ទុក្ខ​ក៏​ខ្លាំង ព្រោះ​ហេតុ​នោះ បាន​ពន្យល់​ថា ត្រូវ​ឱ្យ​តម្កល់​ចិត្ត​ជា​កណ្ដាល បើ​មិន​តម្កល់​ចិត្ត​ជា​កណ្ដាល​ទេ ពេល​ណា​តែ​មាន​គ្រោះ​ថ្នាក់​ប៉ះ​មក​ដល់​ម្ដងៗ ក៏​កើត​ទុក្ខ​យ៉ាង​ខ្លាំង នឹង​រក​វត្ថុ​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន​ដូច​ស្វា​នឹង​គ្រាប់​ពោត ។

អំពី​រឿង​ស្វា​នឹង​គ្រាប់​ពោត

សូម​ដំណាល​រឿង​នោះ ដោយ​សង្ខេប​ខ្លី តាម​សេចក្ដី​ក្នុង​កាឡាយ​មុដ្ឋ​ជាតក ទុក​និបាត​ថា « ក្នុង​អតីត​កាល កាល​កន្លង​ទៅ​ហើយ គ្រា​នោះ​មាន​ស្ដេច​មួយ​ព្រះ​អង្គ ទ្រង់​ព្រះ​នាម​ព្រហ្ម​ទត្ត សោយ​រាជ្យ​ក្នុង​ក្រុង​ពារាណសី ។

វេលា​នោះ ព្រះ​ពោធិសត្វ​នៅ​ជា​អាមាត្យ​គាល់​បម្រើ​នឹង​ប្រដៅ​ធម៌ ថ្វាយ​ស្ដេច​នោះ ។ មាន​កាល​សម័យ​ថ្ងៃ​មួយ ព្រះ​បាទ​ព្រហ្ម​ទត្ត​ស្ដេច​លើក​ពួក​ពល​សេនា​យោធា​ចេញ​ទៅ​បង្រ្កាប​សត្រូវ​ដែល​នាំ​បណ្ដាល​ហេតុ​បះ​បោរ​ធ្វើ​ជា​ចោរ​លួច​ប្លន់​កាប់​សម្លាប់​ពួក​អ្នក​ស្រុក​បច្ចន្ត​គ្រាម ព្រះ​ពោធិសត្វ​ក៏​បាន​ជាប់​ទៅ​ជា​មួយ​ស្ដេច​ផង​ដែរ ពេល​នោះ​នៅ​មាន​ភ្លៀង​កំពុង​ធ្លាក់​ជោក​ជាំ​ជោរ​ជន់ ពេញ​ស្ទឹង​ពេញ​អូរ​ហៀរ​ហូរ​រសាយ​លិច​ទួល​តូច​ធំ ព្រះ​បាទ​ព្រហ្ម​ទត្ត​ទ្រង់​ស្ដេច​ធ្វើ​ព្រះ​រាជ​ដំណើរ​ទៅ ក៏​លំបាក​ពេក​ណាស់ ទើប​ទ្រង់​ស្ដេច​នាំ​ពួក​ពល​នោះ​ទៅ​ឈប់​ក្នុង​សួន​ឧទ្យាន​ដើម្បី​នឹង​ប្រជុំ​ពួក​ពល​ឱ្យ​ដឹង​ចំនួន​តិច​ច្រើន ។

ចំណែក​ខាង​ពួក​ទាហាន​សេះ​ក៏​នាំ​គ្នា​ស្ងោរ​គ្រាប់​ពោត​ឆ្អិន​ស្រេច​ដួស​ស្រង់​ចាក់​ទៅ​ក្នុង​ស្នូក​ដើម្បី​ទុក​ឱ្យ​ពួក​សេះ​ស៊ី ។ ក្នុង​សួន​ឧទ្យាន​នោះ មាន​ពួក​ស្វា​នៅ​ជា​ច្រើន មាន​ស្វា ១ ខិល​ខូច​ជាង​គេ​រវះ​រវាម​ខាង​ឯ​ចំណី ក្រឡេក​មើល​ទៅ​ឃើញ​គ្រាប់​ពោត​ស្ងោរ​ថ្មីៗ ក៏​មាន​សេចក្ដី​ចង់​ស៊ី​ខ្លាំង​ពេក​ណាស់ អត់​ទ្រាំ​មិន​បាន ក៏​សម្រូត​ខ្លួន​ចុះ​ពី​ដើម​ឈើ​ទៅ​លប​លួច​គ្រាប់​ពោត​នោះ​ពម​ពេញ​ក្នុង​មាត់ ហើយ​ក្រសាវ​ចាប់​ក្ដាប់​ពេញៗ ដៃ​ទាំង​ពីរ​ថែម​ទៀត ហើយ​បោល​ត្រឡប់​ឡើង​ទៅ​លើ​ដើម​នោះ​វិញ ក៏​អង្គុយ​ទំពា​ស៊ី​គ្រាប់​ពោត​នោះ លុះ​ទំពា​ស៊ី​មិន​ទាន់​បាន​ជា​យូរ​ប៉ុន្មាន ​ក៏​ស្រាប់​តែ​គ្រាប់​ពោត ១ របូត​ជ្រុះ​ពី​ដៃ​ម្ខាង ធ្លាក់​រហូត​ដល់​ដី ឯ​ស្វា​កាឡកណ្ណី​ក៏​មាន​សេចក្ដី​ស្ដាយ​ពេក​ណាស់ ស៊ូ​ខ្ជាក់​គ្រាប់​ពោត​ពី​មាត់​ទាំង​បាច​សាច​គ្រាប់​ពោត​ពី​ដៃ​ទាំង​ពីរ​ចោល​ចេញ​អស់ ហើយ​ចុះ​ពី​ដើម​ឈើ​ជា​ប្រញាប់​តាម​ទៅ​អើត​ឈ្ងោក​រក​មើល​លើ​ផែន​ដី ក៏​រក​មិន​ឃើញ​នេះ​ហៅ​ថា សត្វ​ល្ងង់​ឥត​បញ្ញា សត្វ​ចង្រៃ មិន​ដែល​មាន បាន​គ្រាប់​ពោត​ពេញ​មាត់ ពេញ​ដៃ​មិន​ស្ដាយ ត្រឡប់​ទៅ​ស្ដាយ​ពោត ១ គ្រាប់​វិញ ត្រូវ​នឹង​ពាក្យ​ចាស់​លោក​ថា « ការ​ប៉ុន​ភ្នំ មិន​គិត ទៅ​គិត​សព្វ​បើ​ស្គរ​កំបែក​មាត់ » យ៉ាង​ណា​មិញ ឯ​ស្វា​យ៉ាង​នោះ​ដែរ ត្រង់​គ្រាប់​ពោត​ច្រើន​ដែល​ខ្លួន​បាន​បាច​សាច​ចោល​អស់ មិន​គិត​ស្ដាយ ទៅ​គិត​ស្ដាយ ពោត ១ គ្រាប់​ដែល​របូត​ជ្រុះ​ពី​ដៃ​ទៅ​វិញ លុះ​ខំ​គយ​គន់​រក​ត្រង់​ណេះ​ត្រង់​ណោះ​មិន​ឃើញ ទើប​ត្រឡប់​ឡើង​ទៅ​លើ​ដើម​ឈើ​វិញ ក៏​អង្គុយ​សំកុក​កើត​ទុក្ខ​ស្ទើរ​តែ​នឹង​ដាច់​ខ្យល់​ស្លាប់ ។ វេលា​នោះ ព្រះ​បាទ​ព្រហ្ម​ទត្ត​ស្ដេច​ទ្រង់​ទស្សនា​ការ​ឃើញ​កិរិយា​ស្វា​ដូច្នោះ​ហើយ ក៏​ទ្រង់​ត្រាស់​សួរ​ពោធិសត្វ​ថា « ហេតុ​អ្វី​បាន​ជា​ស្វា​នោះ​អង្គុយ​សំកុក​កើត​ទុក្ខ​ខ្លាំង​ម៉្លេះ » ? ពោធិសត្វ​ក្រាប​បង្គំ​ទូល​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ធម្មតា​មនុស្ស​ល្ងង់​ឥត​បញ្ញា ច្រើន​ចូល​ចិត្ត​សម្លឹង​មើល​របស់​ណា​ដែល​តិចៗ ត្រង់​របស់​ដែល​ច្រើនៗ មិន​សម្លឹង​មើល​សោះ ដូច​ជា​ស្វា​នោះ​ឯង វា​សម្លឹង​មើល​តែ​គ្រាប់​ពោត ១ គ្រាប់ ​ត្រង់​ពោត​ច្រើន នៅ​ពេញ​មាត់ ពេញ​ដៃ មិន​សម្លឹង​មើល​ទេ ត្រឡប់​ជា​បាច​ចោល ចេញ​អស់​រលីង ងាក​ទៅ​រក​ខាង​ណោះ​ក៏​បាត់ ងាក​ទៅ​រក​ខាង​ណេះ​ក៏​បាត់ ព្រោះ​ហេតុ​នោះ បាន​ជា​កើត​ទុក្ខ​ព្រួយ​ចិត្ត​ខ្លាំង​យ៉ាង​នេះ​ឯង សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ដូច​ក្នុង​ពេល​នេះ ទឹក​នៅ​កំពង់ ជោរ​ជន់​ខ្លាំង​ពេក​ណាស់ មិន​ងាយ​នឹង​ស្រក​ទៅ​វិញ​ទេ ព្រោះ​ភ្លៀង​ធ្លាក់​មក​រាល់​ថ្ងៃៗ  បើ​ព្រះ​ករុណា​ស្ដេច​ធ្វើ​ព្រះ​រាជ​ដំណើរ​ទៅ​បង្រ្កាប​សត្រូវ​ពេល​នេះ អស់​ពួក​ពល​មុខ​ជា​នឹង​វិនាស​ដោយ​ទឹក​ពុំ​ខាន សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស បាន​ដំណឹង​មក​ថា​ពួក​ខ្មាំង​សត្រូវ​នោះ​តិច​ដែរ ពួក​ពល​ឯ​ណេះ​ច្រើន​ពេក​ណាស់ សូម​ព្រះ​ករុណា កុំ​ស្ដេច​សម្លឹង​មើល​ទៅ​របស់​តិច សូម​ទ្រង់​ស្ដេច​សម្លឹង មើល​មក​របស់​ច្រើន​វិញ ​ទើប​បាន​សេចក្ដី​ចម្រើន​ល្អ ។ ស្ដេច​បាន​ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​ពោធិសត្វ​នោះ​ហើយ ក៏​ស្ដេច​ទ្រង់​អនុវត្ត​តាម ហើយ​នាំ​ពួក​ពល​ត្រឡប់​ចូល​មក​ក្នុង​ក្រុង​វិញ ។ ចំណែក​ពួក​ខាង​ខ្មាំង​សត្រូវ កាល​ដែល​ឮ​ថា​ស្ដេច​លើក​ពួក​ពល​ទៅ ក៏​មាន​សេចក្ដី​ភ័យ​ខ្លាច​អំណាច​បារមី​នៃ​ស្ដេច​នោះ​ពេក​ណាស់ ទើប​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​អស់​ទៅ » ។

ចប់ កាឡាយ​មុដ្ឋ​ជាតក ប៉ុណ្ណេះៗ

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា អត្ថបទក្បាលទី ១ ឆ្នាំទី ១៧ ខ្សែទី ១ គ.ស. ១៩៤៥ ព.ស. ២៤៨៥


  •  
  •  

បញ្ចេញយោបល់ ៖