ការសង្រ្គោះគ្នាក្នុងវេលាមានទុក្ខ

នានា​ភាសិត
ព្រះ​គ្រូ​មុនី​សោភ័ណ សោម – ឡុច
ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក នៅ​ពុទ្ធ​សាសបណ្ឌិត្យ រៀប​រៀង

 

ក្នុង​លោក​នេះ មនុស្ស​ទាំង​អស់ ទោះ​ប្រុស​ក្ដី  ស្រី​ក្ដី ក្មេង​ក្ដី ចាស់​ក្ដី រមែង​ប្រកប​ដោយ​ទុក្ខ​ច្រើន សុខ​តិច កម្រ​មាន​នរណា​នឹង​ឆ្លង​ផុត​អំពី​ទុក្ខ​បាន​ឡើយ កាល​បើ​ត្រូវ​ទុក្ខ​ជា​ទម្ងន់​ណា​មួយ​មក​បៀតបៀន​ម្ដង ៗ ហើយ​ក៏​ភិត​ភ័យ​តក់​ស្លុត​ញាប់​ញ័រ ដូច​ជា​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​បក់ ខំ​ស្រែក​អំពាវ​នាវ​គេ​ឱ្យ​ជួយ នេះ​ព្រោះ​តែ​ជីវិត​មួយ​នាំ​ឱ្យ​ព្រួយ​លំបាក​ដល់​គេ​ឯង ប្រសិន​បើ​ដឹង​ថា​គ្នីគ្នា​មាន​ទុក្ខ​ធុរៈ​គ្រោះ​ថ្នាក់​ជា​ទម្ងន់​ហើយ ពួក​មិត្ត​សម្លាញ់​មិន​ត្រូវ​ធ្វើ​តោះ​តើយ​ព្រងើយ​ទេ​ត្រូវ​តែ​ឈឺ​ឆ្អាល​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះ​ទុក្ខ​គ្នា ឱ្យ​បាន​ឆាប់​រួស​រាន់​ទាន់​ពេល​វេលា ទោះ​បី​រស់​ស្លាប់​ជា​មិន​ជា ក៏​ត្រូវ​តែ​ជួយ​សង្រ្គោះ​គ្នា​ឱ្យ​ពេញ​បន្ទុក កុំ​មើល​បំណាំ កុំ​រត់​ចោល​គ្នា ទើប​បាន​ហៅ​ថា​ស្រឡាញ់​រាប់​អាន​គ្នី​គ្នា ដោយ​ចិត្ត​ស្មោះ​ត្រង់​មែន ។

មួយ​យ៉ាង​ទៀត ក្នុង​លោក​នេះ មាន​ជន​ខ្លះ​ស្រឡាញ់​រាប់​អាន​គ្នា​ត្រង់​តែ​ទ្រព្យ​របស់​ដែល​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ពេល​ណា​គ្នា​មាន​ទុក្ខ​ធុរៈ​ជា​ទម្ងន់ ក៏​វេះ​គេច​បាត់ លែង​នឹក​នា លែង​ជួយ លែង​រវល់​សោះ ជន​បែប​នេះ​មិន​ត្រូវ​យក​ធ្វើ​ជា​មិត្ត​សម្លាញ់​ទេ ។ ការដែល​រាប់​អាន​ស្រឡាញ់​គ្នា​ដោយ​ស្មោះ​ត្រង់​ល្អ​ពិត​ប្រាកដ​នោះ មិន​មែន​បាន​តែ​ត្រឹម​ឱ្យ​របស់​អ្វី ៗ ដល់​គ្នីគ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ​ទេ គឺ​សំដៅ​យក​រហូត​ដល់​គ្នីគ្នា​មាន​ទុក្ខ​ធុរៈ​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ ស្ទើរ​តែ​នឹង​ក្សិណ​ក្ស័យ​ជីវិត ហើយ​ចេះ​គិត​គូរ​រក​ឧបាយ​ជួយ​ដោះ​ទុក្ខ​គ្នា​បាន យ៉ាង​នេះ​ឯង ទើប​បាន​ហៅ​ថា រាប់​អាន​ស្រឡាញ់​គ្នា ដោយ​ចិត្ត​ស្មោះ​ត្រង់​ពិត​មែន រឿង​នេះ​ត្រូវ​គ្នា​នឹង​ភាសិត​បុរាណ​ដែល​លោក​បាន​ពោល​ទុក​មក​ថា « ដឹង​គ្នា​ទាន់​គ្រា​ក្រ សម្បុរ​ល្អ​ទាន់​ខែ​កត្តិក » ពាក្យ​នេះ​មិន​ចាំ​បាច់​អធិប្បាយ​ទុក​ឱ្យ​ពួក​លោក​អ្នក​បញ្ញា​ទាំង​ឡាយ​ពិចារណា​មើល​ចុះ ។ ត​ពី​នេះ​ទៅ យើង​សូម​នាំ​និទាន​មក​ដាក់​បន្ទាប់​ចុង​សេចក្ដី ដើម្បី​គ្រាន់​បាន​ជា​មេ​គំនិត​របស់​អស់​លោក​អ្នក​គ្រប់​គ្នា ។

អំពី​រឿង​សត្វ​តិរច្ឆាន​ជួយ​សង្រ្គោះ​គ្នា

សូម​ដំណាល​រឿង​នោះ ដោយ​សង្ខេប​ខ្លី តាម​សេចក្ដី​ក្នុង​កុរុង្គមិគ​ជាតក​ទុក​និបាត​ថា      « ក្នុង​អតីត​កាល​កន្លង​ទៅ​ហើយ គ្រា​នោះ មាន​សត្វ​ប្រើស ១ អណ្ដើក ១ បក្សី​រងាវ​កក ១ សត្វ​ទាំង ៣ នេះ​ជា​សម្លាញ់​នឹង​គ្នា​នៅ​អាស្រ័យ​ក្នុង​ព្រៃ​ហិមពាន្ត អណ្ដើក​នៅ​ក្នុង​ស្រះ ប្រើស​នៅ​ក្នុង​ព្រៃ​ក្បែរ​ស្រះ​នោះ រងាវ​កក​នៅ​លើ​ចុង​ឈើ​ក្បែរ​ស្រះ​នោះ​ដែរ ។ ក្នុង​សម័យ​មួយ មាន​ព្រាន​ម្នាក់​ដើរ​ស្វែង​រក​បាញ់​សត្វ​ក្នុង​ព្រៃ បាន​ប្រទះ​ឃើញ​ស្នាម​ជើង​ប្រើស​ចុះ​ផឹក​ទឹក​ស្រះ​នោះ​ថ្មីៗ ក៏​យក​អន្ទាក់​ព្រត្រ ៣ ធ្លុង​ទៅ​ដាក់​ក្បែរ​កំពង់​ទឹក​នោះ លុះ​ដល់​បឋម​យាម​រាត្រី ប្រើស​នោះ​ចុះ​ទៅ​ផឹក​ទឹក ក៏​ជាប់​ក្នុង​អន្ទាក់​នោះ​បង្រាស​រើ​ខ្លួន​មិន​រួច ភ័យ​ភិត​ខ្លាំង​ពេក​ណាស់ ក៏​ស្រែក​សម្រែក​យ៉ាង​ខ្លាំង​ឮ​ដល់​ទៅ​អណ្ដើក​និង​រងាវ​កក​ជា​សម្លាញ់ សត្វ​ទាំង​ពីរ​នោះ​ក៏​បាន​មក​ចួប​ជុំ​គ្នា​គិត​រក​ឧបាយ​ជួយ​ដោះ ឯ​រងាវ​កក​និយាយ​នឹង​អណ្ដើក​ថា « នែ​អណ្ដើក ឥឡូវ​ប្រើស​សម្លាញ់​យើង​មាន​គ្រោះ​ថ្នាក់​ជាប់​អន្ទាក់​គេ​ហើយ តើ​ឯង​គិត​ដូច​ម្ដេច ? អណ្ដើក​ថា « អញ​ទាល់​គំនិត​មិន​ដឹង​គិត​ផ្លូវ​ណា​ទេ​វ៉ើយ » រងាវ​កក​ថា « បើ​ដូច្នោះ សម្លាញ់​ឯង​សុខ​ចិត្ត​ធ្វើ​តាម​អញ​ឬ​ទេ » អណ្ដើក​ថា « បើ​សម្លាញ់​ឯង​និយាយ​ត្រូវ អញ​ធ្វើ​តាម បើ​និយាយ​ខុស អញ​មិន​ធ្វើ​តាម​ទេ » រងាវ​កក​ថា « ឯង​ចាំ​ស្ដាប់​ចុះ អញ​ប្រាប់​ឧបាយ​ឱ្យ​យ៉ាង​ស្រួល​ថា អណ្ដើក​ឯង​មាន​ធ្មេញ​រឹង​ប៉ឹង​គ្រាន់​បើ អើចូរ​ឯង​ទៅ​ខាំ​អន្ទាក់​នោះ​ចុះ ​ឯ​ខ្លួន​អញ​គ្មាន​ធ្មេញ​ទេ មាន​តែ​ចំពុះ ព្រោះ​ហេតុ​នោះ ខាង​ឯ​ធ្វើ​ដំណើរ​មិន​ឱ្យ​ព្រាន​មក​ដល់​ឆាប់ ស្រេច​លើ​រូប​អញ​ទាំង​អស់ តើ​ឯង​យល់​ព្រម​ឬ​ទេ ? » អណ្ដើក​ថា « អើ​ឯង​គិត​នេះ​ពេញ​ជា​ត្រូវ​ណាស់​ហើយ អញ​ឥត​យល់​ទាស់​ទេ ប៉ុន្តែ​ថប់​ក្រែង​ចួន​ជា​ខាំ​ខ្សែ​អន្ទាក់​នោះ​ទៅ​វា​ក្រ​ដាច់​ក្រ​របើក ហើយ​ស្រាប់​តែ​លេច​ព្រាន​នោះ​មក​ដល់​ថ្លើម ខ្លួន​អញ​ជា​អណ្ដើក​មុខ​ជា​នឹង​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​ព្រាន​នោះ​មិន​ខាន​ឡើយ រងាវ​កក​ថា​សម្លាញ់​ឯង​ខំ​ប្រឹង​ប្រែង​ទៅ​ចុះ កុំ​រួញ​រា ទោះ​បី​មិន​សម្រេច​ដូច​ប្រាថ្នា​ក៏​គង់​តែ​ការ​នោះ​បាន​ធូរ​ខ្លះ​មិន​ខាន » អណ្ដើក​នោះ​ក៏​ព្រម​ធ្វើ​តាម​ហើយ​ក៏​វារ​ទៅ​ខាំ​ខ្សែ​អន្ទាក់​នោះ ។ ចំណែក​ខាង​រងាវ​កក ក៏​ហើរ​សំដៅ​ទៅ​ផ្ទះ​ព្រាន លុះ​ទៅ​ដល់​ក៏​ទំ​លើ​ចុង​ឈើ​ក្បែរ​ផ្ទះ​ព្រាន​នោះ ដើម្បី​ឃ្លាំ​ចាំ​មើល​ព្រាន​នោះ​តើ​នឹង​ចេញ​ទៅ​តាម​ផ្លូវ​ណា ។ លុះ​វេលា​បច្ចូស​សម័យ​ព្រាន​ក៏​ភ្ញាក់​អំពី​ដំណេក​ក្រោក​ឡើង​លុប​មុខ​មាត់​រួច​ស្រេច​បាច់​ហើយ​ក៏​លូក​ដៃ​ចាប់ យក​លំពែង​ចេញ​ដើរ​តាម​ទ្វារ​ខាង​កើត​ផ្ទះ ដើម្បី​នឹង​ទៅ​មើល​អន្ទាក់ រងាវ​កក​ឃើញ​ហើយ​ក៏​ហើរ​ស្ទាក់​ឆាប​មុខ​មាត់​ព្រាន​នោះ​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​បាន​ឡើយ ព្រាន​កើត​មួម៉ៅ​ក្ដៅ​ចិត្ត​ក៏​និយាយ​ស្ដី​ថា « អា​សត្វ​កាឡកណ្ណី ហេតុ​អី​បាន​ជា​ឯង​ហើរ​មក​ស្ទាក់​មុខ​អញ​ទំនង​ជា​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​អញ​ទេ​ដឹង ឬ​មួយ​យ៉ាង​ណា » ? ថា​ដូច្នោះ​ហើយ​ក៏​ត្រឡប់​វិល​ទៅ​ដេក​ឯ​ផ្ទះ​វិញ លុះ​ដេក​មួយ​ស្របក់​ភ្ញាក់​ក្រោក​ឡើង​ទាញ​លំពែង​កាន់​ដើរ​ចេញ​តាម​ទ្វារ​ខាង​លិច​ផ្ទះ​វិញ ឯ​រងាវ​កក​ឃើញ​ហើយ​ក៏​ហើរ​ទៅ​ស្ទាក់​ឆាប​មុខ​មាត់​ព្រាន​នោះ​ទៀត ព្រាន​ក្ដៅ​ចិត្ត​ខ្លាំង​ពេក​ដើរ​ទៅ​មិន​រួច ក៏​ត្រឡប់​វិល​ទៅ​ដេក​ឯ​ផ្ទះ​ម្ដង​ទៀត ។ ឈប់​ស្លេះ​ប៉ុណ្ណេះ​នឹង​និយាយ​អំពី​អណ្ដើក​ឯ​ណោះ​វិញ កាល​ក្រោយ​រងាវ​កក​មក​នោះ​ អណ្ដើក​ក៏​ខំ​ប្រឹង​ខាំ​ខ្សែ​អន្ទាក់​ដរាប​ទាល់​តែ​ឈាម​ធ្មេញ​អស់​ដាច់​បាន​តែ​ត្រឹម ២ ធ្លុង នៅ​សល់ ១ ធ្លុង ក៏​នឿយ​ហត់​អស់​កម្លាំង​នឹង​ខំ​ប្រឹង​ខាំ​ត​ទៅ​ទៀត​មិន​បាន ឈឺ​ខ្លួន​ប្រាណ​ខ្លាំង​ពេក​ក៏​ក្រាប​ដេក​ក្បែរ​អន្ទាក់​នោះ​ឯង ។ លុះ​ដល់​វេលា​ព្រះ​អាទិត្យ​រះ​ភ្លឺ​ច្បាស់​មេឃា ព្រាន​ភ្លាក់​ក្រោក​ឡើង​ម្នី​ម្នា​ប្រវា​ចាប់​យក​លំពែង​កាន់​ដើរ​ចេញ​អំពី​ផ្ទះ ប្រាថ្នា​នឹង​ទៅ​មើល​អន្ទាក់​ម្ដង​ទៀត ។ វេលា​នោះ​រងាវ​កក​ក៏​ឈប់​ហើរ​ទៅ​ឆាប​មុខ​មាត់​ព្រាន​ទៀត​ហើយ ព្រោះ​គិត​ថា​ពេល​ថ្មើរ​ណេះ ល្មម​អណ្ដើក​ខាំ​ខ្សែ​អន្ទាក់​ដាច់​អស់​ហើយ ក៏​ហើរ​ទៅ​មុន​ព្រាន​ដោយ​ឆាប់​ប្រញាប់ លុះ​ទៅ​ដល់​ហើយ​ទើប​សួរ​ទៅ​អណ្ដើក​ថា វ៉ើយ​សម្លាញ់ ឯង​ខាំ​ខ្សែ​អន្ទាក់​ដាច់​អស់​ហើយ​ឬ​នៅ មិន​ទាន់​បាន​ដាច់​អស់​ទេ​សម្លាញ់​ដាច់​បាន​តែ ២ ធ្លុង នៅ​សល់ ១ ធ្លុង​ទៀត ឥឡូវ​ឈាម​ហូរ​ចេញ​អំពី​ធ្មេញ​អំពី​មាត់​អញៗ ខំប្រឹង​ខាំ​ត​ទៅ​ទៀត​មិន​បាន​ទេ ណា​មួយ​នឿយ​ព្រួយ​អស់​កម្លាំង​ពេក​ណាស់ អញ​ឈប់​សម្រាក​បន្តិច​សិន សម្លាញ់​ឯង​ឈប់​សម្រាក​​ឯ​ណា​ក៏​បាន មិន​បាន​ទេ ព្រោះ​ព្រាន​គាត់​មក​កាន់​តែ​ជិត​ដល់​ហើយ ក្រែង​វា​ស្លាប់​ទាំង​អស់​គ្នា​ហ្នឹង​ទៅ ស្លាប់​ក៏​ស្លាប់​ចុះ​មិន​ដឹង​ធ្វើ​ម៉េច​ទេ ឱ្យ​ខំខាំ​ខ្សែ​អន្ទាក់​ទៀត ឯ​ណា​ក៏​បាន បើ​គ្នា​ឈាម​ធ្មេញ​អស់​ទៅ​ហើយ បើ​អា​សម្លាញ់​ឯង​គ្រាន់​បើ ម៉េច​ក៏​មិន​ទៅ​ល​បន្តិច​មើល ។ សត្វ​ទាំង​ពីរ​កំពុង​តែ​ជជែក​គ្នា មិន​យូរ​ប៉ុន្មាន ក៏​ស្រាប់​តែ​លេច​ព្រាន​នោះ​ទៅ​ដល់ ព្រាន​នោះ​ក្រឡេក​មើល​ទៅ​ឃើញ​ប្រើស​ជាប់​អន្ទាក់​ដូច្នោះ​ក៏​កាន់​លំពែង​ស្ទុះ​ទៅ​ប្រុង​នឹង​ចាក់ ប្រើស​ភ័យ​ណាស់​ក៏​ប្រឹង​លើក​ជើង​កន្រ្ទាក់​ខ្សែ​អន្ទាក់​ក៏​ដាច់​អស់​មួយ​រំពេច ហើយ​បោល​វេះ​គេច​ចូល​ទៅ​ក្នុង​ព្រៃ ព្រាន​ក៏​នឹក​តូច​ចិត្ត​ពេក ក្រឡេក​មើល​ទៅ​ឃើញ​អណ្ដើក​ដេក​ក្បែរ​ទី​នោះ ក៏​ស្ទុះ​ទៅ​ចាប់​រើស​ដាក់​ក្នុង​ស្បោង​ហើយ​យក​ទៅ​ពាក់​លើ​ដង្គត់​ឈើ ឯ​ប្រើស​នោះ​ងាក​មើល​​មក​ក្រោយ​វិញ ឃើញ​ព្រាន​កំពុង​តែ​ចាប់​អណ្ដើក​ដាក់​ក្នុង​ស្បោង យក​ទៅ​ពាក់​លើ​ដង្គត់​ឈើ​ដូច្នោះ​ក៏​មាន​ចិត្ត​អាណិត​ពេក​ណាស់ គិត​ថា​ឱ​សម្លាញ់​អញ កាល​អញ​មាន​ទុក្ខ​ទោស ចេះ​ជួយ​ដោះ​ទុក្ខ​អញ​បាន ឥឡូវ​សម្លាញ់​អញ​មាន​ទុក្ខ​ត្រូវ​តែ​អញ​ជួយ​ដោះ​ទុក្ខ​គេ​វិញ គិត​ដូច្នោះ​ហើយ​ក៏​ធ្វើ​ហាក់​ជា​បោល​តិចៗ ព្រាន​ក៏​រត់​ដេញ​តាម​ប្រើសៗ បោល​ចូល​ក្នុង​ព្រៃ​ជ្រៅ ព្រាន​តាម​ជ្រុល​ទៅ​ខាង​មុខ ប្រើស​វេះ​គេច​មក​ខាង​ក្រោយ​បោល​វិល​ត្រឡប់​មក​វ័ធ​ស្បោង​នោះ​ដាច់​ធ្លុះ​ធ្លាយ​ធ្លាក់​អណ្ដើក​មក​ដល់​ដី ហើយ​នាំ​យក​អណ្ដើក​បង្វេះ​គេច​ចូល​ទៅ​ក្នុង​ព្រៃ​បាត់ លុះ​ព្រាន​នោះ​តាម​រក​ប្រើស​មិន​ឃើញ​ក៏​ត្រឡប់​វិល​មក​វិញ ដល់​មក​កន្លែង​ហើយ​ក្រឡេក​មើល​ទៅ​ស្បោង​លើ​ដង្គត់​ឈើ ក៏​ធ្លាក់​ដាច់​ដោច​អស់ ទាំង​អណ្ដើក​ក៏​បាត់​រក​មើល​មិន​ឃើញ​ក៏​កើត​ទោមនស្ស​អន់​ចិត្ត​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

គ្រា​ក្រោយ​មក សត្វ​ទាំង ៣ ក៏​បាន​មក​ចួប​ជុំ​គ្នា ស្រឡាញ់​រាប់​អាន​គ្នា ត្រា​តែ​អស់​ជីវិត​រៀង​ខ្លួន ។

ចប់​រឿង​ការ​សង្រ្គោះ​គ្នា ប៉ុណ្ណេះ ។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា អត្ថបទក្បាលទី ១ ឆ្នាំទី ១៧ ខ្សែទី ២ គ.ស. ១៩៤៥ ព.ស. ២៤៨៥

បញ្ចេញយោបល់ ៖