អំពី​ពាក្យ​ថា​ ​ធម៌​ចាស់​ ​ធម៌​ថ្មី​

(​ពីឆ្វេង​ទៅ​ស្ដាំ​)​ ​១​-​សម្ដេចព្រះ​ធម្មលិខិត​ ​ល្វី​ ​ឯម​ ​(​កាល​ព្រះអង្គ​គង់នៅ​ក្នុងឋានៈជា​ ​ព្រះ​សិរី​សម្មតិ​វង្ស​ ​ចាងហ្វាងសាលា​បាលី​ជាន់ខ្ពស់​)​,​ ​២​-​ ​ព្រះតេជព្រះគុណ​ ​ព្រះ​ឧត្ដម​មុនី​ ​អ៊ុម​ ​ស៊ូ​ ​អធិបតី​ក្រុមជំនុំ​ព្រះ​ត្រៃបិដក​,​ ​៣​-​ ​សម្ដេចព្រះ​សង្ឃរាជ​ ​ជួន​ ​ណាត​ ​(​កាល​ព្រះអង្គ​នៅក្នុង​ព្រះឋានៈ​ជា​ ​ព្រះ​សាសន​សោភ័ណ​ ​ចាងហ្វាង​រង​សាលា​បាលី​ជាន់ខ្ពស់​)​,​ ​៤​-​ ​សម្ដេចព្រះ​មហាសុមេធាធិបតី​ ​ហួត​ ​តាត​ ​ព្រះសង្ឃនាយក​ ​គណៈមហានិកាយ​ ​(​កាល​ព្រះអង្គ​គង់នៅ​ក្នុងឋានៈជា​ ​ព្រះ​វិសុទ្ធិ​វង្ស​ ​អាចារ្យ​បង្រៀន​សំស្ក្រឹត​នៅ​សាលា​បាលី​ជាន់ខ្ពស់​)​ ​។​

​ក្រោយពេល​ដែល​សម្ដេចព្រះ​មហាសង្ឃរាជ​ ​ព្រះនាម​ ​ទៀង​ ​គង់នៅ​វត្តឧណ្ណាលោម​ទ្រង់​សោយ​ព្រះ​ទី​វង្គ​តទៅ​ ​មានឱកាស​ទំនេរ​ប្រហែល​ជាង​មួយឆ្នាំ​ ​ទើប​ព្រះករុណា​ជា​ម្ចាស់ជីវិត​ ​សម្ដេចព្រះ​បាទ​ ​ព្រះស៊ីសុវត្ថិ​ ​ទ្រង់​សព្វ​ព្រះរាជហឫទ័យ​តែងតាំង​ព្រះ​មហាថេរ​មួយ​អង្គ​ព្រះនាម​ ​កែ​ ​អ៊ុ​ក​ ​មាន​សមណសក្ដិ​ជា​ ​ព្រះធម្មលិខិត​ ​ថ្នាក់​រាជាគណៈ​ថ្នាក់​ទី១​ ​គង់នៅ​វត្តឧណ្ណាលោម​ ​ជា​ ​សម្ដេចព្រះ​ធម្មលិខិត​ ​ព្រះសង្ឃនាយក​ ​គណៈមហានិកាយ​ ​ប្រហែល​ក្នុង​គ្រិស្តសករាជ​ ​១៩១៣​ ​ឬ​ ​១៩១៤​ ​។​ ​ក្នុង​ពេល​ដែល​ ​ព្រះធម្មលិខិត​ ​ព្រះនាម​ ​កែ​ ​អ៊ុ​ក​ ​បាន​ទទួល​តំណែង​ជា​ ​សម្ដេចព្រះ​សង្ឃនាយក​ ​នោះ​ ​ព្រះសង្ឃ​ទាំងអស់​ក្នុង​វត្តឧណ្ណាលោម​ ​ពុំសូវ​មានការ​គោរព​កោតក្រែង​លោក​ប៉ុន្មាន​ទេ​ ​ព្រោះ​មាន​ព្រះ​មហាថេរ​ ​ដែល​មាន​សមណសក្ដិ​ខ្ពង់ខ្ពស់​ដូចគ្នា​ ​និង​មាន​ព្រះជន្មាយុ​ស្រករគ្នា​ហើយ​ចេះដឹង​ច្រើនជាង​សម្ដេចព្រះ​សង្ឃនាយក​ទៀតផង​ ​។​ ​ម៉្លោះហើយ​ក្នុង​សម័យ​នោះ​ ​សង​ក្នុង​វត្តឧណ្ណាលោម​ ​មានការ​រកាំរកូស​ពុំសូវ​រៀបរយ​ទេ​ ​។​ ​រី​ឯ​ផ្លូវ​ប្រតិបត្តិ​ក្នុង​ព្រះពុទ្ធ​សាសនា​វិញ​ ​កាលពីដើម​ធ្លាប់​មាន​មក​យ៉ាងណា​ ​កូន​និង​មាន​យ៉ាងនោះ​ជា​ធម្មតា​ ​ឥតមាន​ការប្រែប្រួល​អ្វី​ឡើយ​ ​។​ ​ប៉ុន្តែ​ ​មាន​អព្ភូតហេតុ​មួយ​ ​បាន​កើតឡើង​ក្នុង​សម័យ​នោះ​ ​។​ ​មានកាល​មួយ​ ​ថ្ងៃជា​ថ្ងៃ​ជិត​ចូលវស្សា​ ​ពុំ​ដឹង​ជា​ចៃដន្យ​អ្វី​ ​បណ្ដាលឱ្យ​អ្នកអង្គម្ចាស់​ក្សត្រី​មួយ​អង្គ​ ​(​ ​ខ្ញុំ​មិន​ចាំ​ឈ្មោះ​)​ ​បាន​ទៅ​ទូល​ស្នើ​សម្ដេចព្រះ​សង្ឃនាយក​ ​ព្រះនាម​ ​កែ​ ​អ៊ុ​ក​ ​សុំ​បង្កើត​ឱ្យ​មាន​ព្រះសង្ឃ​សម្ដែង​ព្រះ​វិន័យ​ក្នុង​វិហារ​វត្តឧណ្ណាលោម​រាល់​រាត្រី​ ​ដើម្បីឱ្យ​ភិក្ខុសាមណេរ​ស្ដាប់​រហូតដល់​ថ្ងៃ​ចេញវស្សា​ ​។​ ​អ្នក​អង់​ម្ចាស់​ក្សត្រី​នោះ​ ​បាន​សូម​បវារណា​បូជា​ដោយ​ចតុប្បច្ច័យ​តម្លៃ១រៀល​ ​ចំពោះ​ការសម្ដែង​ក្នុង​មួយ​លើ​កៗ​ ​។​

​​សម្ដេចព្រះ​សង្ឃនាយក​ ​ក៏​សព្វព្រះទ័យ​ទទួល​ចាត់ការ​ឱ្យ​ព្រះសង្ឃ​ក្នុង​វត្តឧណ្ណាលោម​ ​ជ្រើសរើស​រក​លោក​ដែល​អាច​ទេសនា​វិន័យ​ឱ្យបាន​ល្អ​សម្រេច​តាម​សេចក្ដី​ទូល​សុំ​របស់​អ្នកអង្គម្ចាស់​ក្សត្រី​នោះ​ ​។​

​ពេលនោះ​ ​ជា​ឱកាសល្អ​ ​ដែល​នាំ​ឱ្យ​ព្រះសង្ឃ​ក្នុង​វត្តឧណ្ណាលោម​ជ្រើសរើស​រក​លោក​ដែល​ចេះដឹង​វិន័យសិក្ខា​ ​ទៅ​សម្ដែង​ដើម្បី​ឱ្យ​ភិក្ខុសាមណេរ​ទាំងឡាយ​បាន​ស្ដាប់​ ​បាន​យល់​នូវ​អត្ថរស​នៃ​វិន័យ​ជាលើកដំបូង​ ​។​ ​

​ក្នុង​ការ​ជ្រើសរើស​រក​លោកអ្នក​ចេះ​វិន័យ​ ​ដែល​អាច​សម្ដែង​បាន​ក្នុង​ពេលនោះ​គេ​រើស​បានតែ​ព្រះ​គ្រូ​ ​៣​ ​រូប​ជាដំបូង​ ​គឺ​លោកគ្រូ​ ​ព្រះ​គ្រូ​វិមល​បញ្ញា​ ​អ៊ុម​ ​ស៊ូ​ ​១​ ​លោកគ្រូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​ព្រះនាម​ ​ជួន​ ​ណាត​ ​១​ ​និង​ ​ព្រះ​គ្រូ​សង្ឃ​វិជ្ជា​ ​គឺ​ខ្លួនខ្ញុំ​នេះ​ ​១​ ​។​ ​គេ​បាន​តម្រូវឱ្យ​ទេសនា​មួយថ្ងៃ​ម្នាក់​ ​។​ ​លោក​ថ្ងៃ​ទៀ​តៗ​ ​ក៏បាន​មក​សម្ដែង​ខ្លះ​ដែរ​ ​តែ​ការ​ទេសនា​នោះ​មិនបាន​រហូតដល់​ចេញវស្សា​ទេ​ ​ព្រោះ​ការ​ទេសនា​វិន័យ​នោះ​ ​ក៏ដូចជា​ការ​បង្រៀន​វិន័យ​ដែរ​ ​នាំឱ្យ​ភិក្ខុសាមណេរ​ក្នុង​វត្ត​ ​មានការ​យល់​ ​មានការ​ភ្ញាក់រឭក​ ​ហើយ​ចេះតែ​និយាយ​អំពី​ផ្លូវ​ប្រតិបត្តិ​ខុសត្រូវ​រៀងរាល់ថ្ងៃ​ ​។​ ​ការ​និយាយ​អំពី​ផ្លូវ​ប្រតិបត្តិ​ខុសត្រូវ​នេះ​ ​កាន់តែ​មាន​ច្រើន​ឡើង​ៗ​ ​នាំ​ឱ្យ​សម្ដេចព្រះ​សង្ឃនាយក​និង​លោក​ជាម​ហា​ថេរ​ឯ​ទៀ​តៗ​ ​បាន​ជា​ព្រះរាជា​គណៈ​ធំ​ខ្លះ​ ​តូច​ខ្លះ​ ​នៅក្នុង​វត្ត​ ​មិន​សប្បាយ​ព្រះទ័យ​ ​កើត​ទោមនស្ស​ ​ខ្ញាល់​ ​ហើយ​ពោល​តិះដៀល​ចំពោះ​លោក​ដែល​ខំប្រឹង​មើល​គម្ពីរ​ដីកា​ ​ព្រមទាំង​ចំពោះ​ភិក្ខុសាមណេរ​ដែល​នៅក្នុង​ការគ្រប់គ្រង​របស់​លោក​ ​ដោយ​សម្គាល់ថា​ ​លោ​ក​ក្មេង​ៗ​ទាំងនោះ​និយាយ​ខុសពី​ផ្លូវ​ប្រតិបត្តិ​ចាស់​ពីមុន​មក​ ​ហើយ​ហាមប្រាម​មិន​ឱ្យ​ភិក្ខុសាមណេរ​ទៅ​ស្ដាប់​វិន័យ​នោះ​ថែមទៀត​ ​។​ ​ម៉្លោះហើយ​ ​ភិក្ខុសាមណេរ​ទាំងឡាយ​ក្នុង​វត្ត​ ​ការ​លំបាក​ខ្លាំង​ណាស់​ ​។​ ​ភិក្ខុសាមណេរ​ខ្លះ​ក៏​ខាង​ទៅ​ស្ដាប់​ ​ខ្លះ​ក៏​តស៊ូ​ជម្នះ​ចិត្ត​ទៅ​ស្ដាប់​ ​។​ ​ការរអាក់រអួល​ទាំងនេះ​នាំ​ឱ្យ​ខកខាន​បាន​សម្ដែងរឿង​វិន័យ​តទៅទៀត​ ​។​ ​តែ​ទោះបី​ខកខាន​បាន​សម្ដែងរឿង​នេះ​តទៅទៀត​យ៉ាងនេះ​ក៏ដោយ​ ​ការ​ផ្ដើម​ពិនិត្យមើល​គម្ពីរ​វិន័យ​ព្រមទាំង​អដ្ឋកថា​ ​ដីកា​ ​ដែល​បាន​ដុះ​ជា​ពូជធារ​ក្នុងចិត្ត​ទៅ​ហើយ​នោះ​ ​ក៏​ចេះតែ​បន្ត​ទៅទៀត​ ​ដោយ​ព្រះសង្ឃ​ដែល​មាន​សេចក្ដី​ស្រឡាញ់​ធម៌​វិន័យ​ ​ក៏​មាន​ចំនួន​ច្រើន​ដែរ​ ​ក្នុង​សម័យ​នោះ​ ​ប៉ុន្តែ​អង្គ​ខ្លះ​មិនសូវ​ហ៊ាន​ចេញមុខ​ ​ដោយ​ព្រះ​មហាថេរ​អ្នកគ្រប់គ្រង​មិន​ពេញចិត្ត​ ​។​ ​ឯ​អង្គ​ ​ដែល​ហ៊ាន​ចេញមុខ​មាន​ចំនួន​តិចណាស់​ ​។​ ​បើ​ពោល​ដោយ​សរុបទៅ​ ​នៅក្នុង​វត្តឧណ្ណាលោម​ ​មានតែ​ព្រះ​គ្រូ​ ​៣​ ​រូប​ ​គឺ​លោកគ្រូ​ ​ព្រះ​គ្រូ​វិមល​បញ្ញា​ ​អ៊ុម​ ​ស៊ូ​ ​លោកគ្រូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​ជួន​ ​ណាត​ ​និង​ព្រះ​គ្រូ​សង្ឃ​វិជ្ជា​ ​ហួត​ ​តាត​ ​គឺ​ខ្លួនខ្ញុំ​នេះឯង​ ​ដែល​កាលនោះ​អាយុ​ប្រហែល​ ​២៣​ ​ឬ​ ​២៤​ ​ឆ្នាំ​ប៉ុណ្ណោះ​ ​។​ ​យើង​ទាំង​បី​រូប​នេះ​ ​បាន​រួបរួម​គ្នា​ដឹកនាំ​ភិក្ខុ​ឯ​ទៀ​តៗ​ ​ឱ្យ​ខំប្រឹង​មើល​គម្ពីរ​ដីកា​ក្បួនច្បាប់​ព្រះពុទ្ធ​សាសនា​ ​ហើយ​បាន​ដកស្រង់​ត្រង់​សេចក្ដី​ណា​ ​ដែល​ធ្លាប់តែ​មានការ​ភ្លាំងភ្លាត់​ពីមុន​ ​ឬក៏​មិនធ្លាប់​បាន​ចេះដឹង​ពី​ពេលមុន​ ​ហើយ​ចម្លង​ចែក​គ្នា​ឱ្យ​សិក្សា​បណ្ដើរ​ៗ​ ​ទម្រាំ​បាន​រៀបចំ​ធ្វើជា​សៀវភៅ​ទៅ​ថ្ងៃក្រោយ​ ​។​ ​

ក្នុង​រឿង​នៃ​ការរៀបចំ​ឱ្យ​មានការ​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​ធម៌​វិន័យ​នេះ​ ​មាន​សេចក្ដី​វែងឆ្ងាយ​ណាស់​ ​។​ ​ខ្ញុំ​សូម​សង្ខេប​ដោយ​ខ្លី​ៗ​ហើយនិង​និយាយ​តែ​អំពី​រឿង​ ​សម្ដេចព្រះ​សង្ឃរាជ​ ​ជួន​ ​ណាត​ ​កាល​នៅជា​ព្រះ​គ្រូ​សង្ឃសត្ថា​ ​និង​ខ្លួនខ្ញុំ​កាល​នៅជា​ ​ព្រះ​គ្រូ​សង្ឃ​វិជ្ជា​ ​វិញ​ ​។​ ​តើ​ក្នុង​សម័យ​នោះ​យើង​ធ្វើការ​រួមគ្នា​ដូចម្ដេច​ខ្លះ​ ​?​ ​យើង​ធ្វើការ​រួមគ្នា​ដូចតទៅ​នេះ​ ​៖​ ​

​​លោកគ្រូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​ជួន​ ​ណាត​ ​មើល​គម្ពីរ​វិន័យ​ក្រុង​ខន្ធកៈ​ណាមួយ​ផ្សេង​ទៅ​ ​ខ្លួនខ្ញុំ​ក៏​មើល​គម្ពីរ​វិន័យ​ដែរ​ ​តែ​ត្រង់​ខន្ធកៈ​មួយ​ផ្សេង​ដោយឡែក​ពីគ្នា​ ​ព្រមទាំង​អដ្ឋកថា​ដីកា​ ​។​ ​លុះ​មើល​រួចហើយ​ ​យើង​បាន​ដកស្រង់​លោក​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ​ផ្សេង​ៗ​ ​។​ ​នៅពេល​ជួបគ្នា​តាម​ថ្ងៃ​ដែល​បាន​កំណត់ទុក​ ​លោកគ្រូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​បានឱ្យ​សៀវភៅ​លោក​មក​ខ្ញុំ​ ​។​ ​ខ្ញុំ​ក៏បាន​ចម្លង​យក​មក​ទុក​ ​។​ ​សៀវភៅ​របស់ខ្ញុំ​ ​ខ្ញុំ​ប្រគល់​ទៅ​លោក​ ​។​ ​លោក​បាន​ចម្លង​យក​ទៅ​ ​។​ ​ការ​ធ្វើ​យ៉ាងនេះ​ ​គឺ​ដើម្បី​ឱ្យ​បាន​ចំណេញ​ពេល​ ​ព្រោះ​ការ​មើល​គម្ពីរ​ដីកា​ក្នុង​សម័យ​នោះ​ ​លំបាក​ណាស់​ ​មិនមែន​ស្រួល​ទេ​ ​ដោយ​គម្ពីរ​ដីកា​ទាំងអស់​ ​សុទ្ធតែ​ជា​គម្ពីរ​ស្លឹករឹត​ ​ហើយ​សុទ្ធតែ​ជា​ភាសាបាលី​ទាំងអស់​ ​។​

​​មិនមែន​តែ​ខាង​ផ្នែក​វិន័យ​ទេ​ ​ដែល​យើង​អាន​ ​ទោះបី​ធម៌អាថ៌​អ្វី​ ​ដែល​យើង​បាន​មើលឃើញ​ក្នុង​គម្ពីរ​ដីកា​ណាមួយ​ ​ក៏​យើង​បាន​ដកស្រង់​យក​មក​ ​ដើម្បី​រំលែក​ចែក​គ្នា​ឱ្យបាន​ចេះដឹង​ដូចគ្នា​ ​។​

​​ក្រៅពី​កិច្ចការខាង​លើ​នេះ​ ​មានតែ​ម្យ៉ាងទៀត​ដែល​យើង​ត្រូវ​ធ្វើ​រួមគ្នា​ ​គឺ​ការរៀបចំ​តែង​វិន័យ​រឿង​ពិធី​បំបួស​ ​។​ ​កិច្ចការ​នេះ​យើង​ត្រូវ​ធ្វើ​រាល់​យប់​ចាប់ពី​ម៉ោង​ ​២០​ ​ដល់ម៉ោង​ ​២៤​ ​នៅ​ទី​កុដិ​លោកគ្រូ​ ​លោកគ្រូ​សង្ឃសត្ថា​ ​ជួន​ ​ណាត​ ​ដោយមាន​លោកគ្រូ​ ​ព្រះ​គ្រូ​វិមល​បញ្ញា​ ​អ៊ុម​ ​ស៊ូ​ ​បាន​ចូល​រួបរួម​ជាមួយ​ផង​ ​។​ ​ការ​ធ្វើ​នេះ​មិន​ចំពោះតែ​ត្រង់​រឿង​ពិធី​បំបួស​ប៉ុណ្ណោះទេ​ ​សូម្បី​វិ​ន័យ​ផ្សេង​ៗ​ ​ទោះជា​ខាង​ផ្នែក​ខាង​ខន្ធកៈ​ក្ដី​ ​វិភង្គ​ក្ដី​ ​ក៏​យើង​ពិនិត្យមើល​ដោយ​ច្រើន​ ​។​ ​

​​ក្នុង​សម័យ​នោះ​ ​ភិក្ខុសាមណេរ​ទាំងឡាយ​ ​ក្នុង​វត្តឧណ្ណាលោម​ស្ទើរតែ​គ្រប់​កុដិ​ ​មានការ​ភ្ញាក់រឭក​ហើយ​ចង់​ដឹងការ​ខុសត្រូវ​ ​មិន​អាច​នៅ​ស្ងៀម​ព្រងើយកន្តើយ​ឡើយ​ ​ទោះបី​ភិក្ខុសាមណេរ​ខ្លះ​ ​ដែល​នៅក្នុង​សម្នាក់​លោកអ្នក​គ្រប់គ្រង​ជា​អ្នក​មិន​ពេញចិត្ត​នឹង​រឿង​ធម៌​វិន័យ​ ​ក៏​ខំ​លប​ហាត់រៀន​ដោ​យស្ងា​ត់ៗ​ដើម្បីឱ្យ​បាន​ចេះដឹង​នឹងគេ​ដែរ​ ​។​

​​គឺ​ក្នុង​ពេលនោះ​ហើយ​ ​ដែល​ពាក្យ​ថា​ ​ធម៌​ចាស់​ ​ធម៌​ថ្មី​ ​បាន​កើតឡើង​ជាដំបូង​បំផុត​ក្នុង​វត្តឧណ្ណាលោម​ ​។​ ​ក្រោយមក​ពាក្យ​ថា​ ​ធម៌​ចាស់​ ​ធម៌​ថ្មី​ ​នេះ​បាន​ផ្សា​យតៗ​គ្នា​ទៅ​គ្រប់​ទីកន្លែង​ ​ទាំង​ក្នុង​រាជធានី​ ​ទាំង​ក្នុង​ខេ​ត្ត​ផ្សេង​ៗ​ ​។​

​​គេ​ហៅថា​ ​ពួក​ធម៌​ចាស់​ ​នូវ​ពួក​ណា​ដែល​ប្រកាន់​ទំនៀមទម្លាប់​ភ្ជាប់​ពីដើម​រៀងមក​ ​ទោះ​ទំនៀមទម្លាប់​នោះ​ខុស​ក្ដី​ត្រូវ​ក្ដី​ ​។​ ​ពួក​នេះ​អត់​រវល់​នឹង​ពិនិត្យមើល​គម្ពីរ​ដីកា​ក្បួនច្បាប់​ឡើយ​ ​។​

​​គេ​ហៅថា​ ​ពួក​ធម៌​ថ្មី​ ​នូវ​ពួក​ណា​ដែល​មិន​ប្រកាន់​ទំនៀមទម្លាប់​ពី​បរម​បុរាណ​ ​ហើយ​បាន​ខំ​ពិនិត្យមើល​គម្ពីរ​ដីកា​ក្បួនច្បាប់​ ​។​ ​ពក់​មី​ឃើញ​ច្បាប់​យ៉ាងណា​ ​ថា​យ៉ាងនោះ​ ​ប្រតិបត្តិ​បាន​ដូច្នោះ​ ​។​ ​អ្នក​ដែល​ប្រកាន់​ខ្ជាប់​តាម​ទម្លាប់​ចាស់​ពីដើម​ធ្លាប់​សូត្រធម៌​ជា​បាលី​ ​លុះដល់​ឮ​គេ​សូត្រធម៌​ជា​បាលី​ព្រមទាំង​សេចក្ដីប្រែ​ជា​ភាសាជាតិ​ផង​ ​ក៏​ឱ្យ​ឈ្មោះ​អ្នក​សូត្រធម៌​នោះ​ថា​ជា​ ​ពួក​ធម៌​ថ្មី​ ​ទាំងអស់​ ​។​

​​តាម​ការណ៍​ពិត​ ​ពាក្យ​ថា​ ​ធម៌​ចាស់​ ​ធម៌​ថ្មី​ ​នេះ​ ​ព្រោះ​ធម៌​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ ​ទ្រង់​បាន​សម្ដែង​ទុក​មក​ទាំងប៉ុន្មាន​ ​សឹង​មាន​ចារឹក​នៅក្នុង​គម្ពីរ​ក្បួនច្បាប់​ទាំងអស់​ ​។​ ​អ្នក​ដែល​ខំប្រឹង​ស្រាវជ្រាវ​រិះរក​ផ្លូវ​ប្រតិបត្តិ​ក្នុង​ព្រះពុទ្ធ​សាសនា​ ​គឺ​ខំប្រឹង​ពិនិត្យមើល​គម្ពីរ​ដីកា​ហើយ​ស្រង់​យក​មក​ ​។​ ​ផ្លូវ​ប្រតិបត្តិ​ត្រង់ណា​ដែល​មានការ​ឃ្លៀងឃ្លាត​ខ្លះ​ ​ក៏​កែតម្រូវ​ឱ្យបាន​ត្រឹមត្រូវ​ឡើង​ ​ត្រង់ណា​ដែល​គួរ​ប្រែជា​ភាសាជាតិ​ ​ក៏​ប្រែ​ទៅ​ ​ដើម្បី​ឱ្យ​អ្នកប្រតិបត្តិ​បានដឹង​សេចក្ដីច្បាស់​លាស់​ ​កុំឱ្យ​ភាន់ច្រឡំ​ ​ក្នុង​ការប្រតិបត្តិ​តែប៉ុណ្ណោះ​ឯង​ ​គ្មាន​បាន​បង្កើត​ធម៌​ថ្មី​ឯណា​សោះ​ឡើយ​ ​។​

​​ពាក្យ​ថា​ ​ធម៌​ចាស់​ ​ធម៌​ថ្មី​ ​នេះ​ ​ជា​ពាក្យ​អពមង្គល​មួយ​ដ៏​ជាក់ស្ដែង​ ​ជា​ពាក្យ​នាំ​ឱ្យ​មានការ​បាក់បែក​សាមគ្គី​រវាង​សង្ឃ​និង​សង្ឃ​ ​រវាង​គ្រហស្ថ​និង​គ្រហស្ថ​ ​ឬ​រវាង​សង្ឃ​និង​គ្រហស្ថ​ ​ឬថា​រវាង​ពុទ្ធបរិស័ទ​រួម​ជាតិ​ជាមួយគ្នា​តែម្ដង​ ​។​ ​ការបង្កើត​ពាក្យ​ពីរ​ម៉ាត់​នេះ​ ​ជា​ការគួរ​ឱ្យ​មាន​សេចក្ដីស្ដាយ​ជា​ក្រៃលែង​ ​ព្រោះ​ជា​កំហុស​មួយ​យ៉ាង​ធំ​សម្បើម​ ​ដូច​មាន​សេចក្ដី​នៃ​ព្រះរាជ​សុន្ទរកថា​របស់​ ​សម្ដេចព្រះ​ ​នរោត្ដម​ ​សីហនុ​ ​ព្រះប្រមុខរដ្ឋ​នៃ​ប្រទេស​កម្ពុជា​ ​ដែល​ព្រះអង្គ​បាន​ថ្លែង​ក្នុង​ឱកាស​ព្រះរាជ​ពិធី​ថ្វាយព្រះ​សញ្ញាបត្រ​មហាបណ្ឌិត​ ​អក្សរសាស្ត្រ​ខ្មែរ​ ​ចំពោះ​ ​ព្រះនាម​ ​ជួន​ ​ណាត​ ​(​ជោតញ្ញាណោ​)​ ​កាលពី​ថ្ងៃទី២៨​ ​ខែឧសភា​ ​ឆ្នាំ​ ​១៩៦៧​ ​ថា​ ​៖​ ​

​​“​.​.​.​.​ ​ក្នុងករណី​នេះ​ ​គួរ​សរសើរ​ចំពោះ​ការបកប្រែ​ ​ការ​បោះពុម្ព​និង​ការផ្សាយ​ព្រះ​ត្រៃបិដក​ ​ដែល​មានដំណើរ​ជឿនលឿន​ទៅមុខ​យ៉ាង​ទៀងទាត់​ឥត​ខ្ចោះ​ ​។​ ​អ្នក​ខ្លាំង​និយាយ​ខុសទាំងស្រុង​ថា​ ​នៅក្នុង​សាសនា​យើង​ ​មាន​ ​ធម៌​ថ្មី​ ​ធម៌​ចាស់​ ​។​ ​តាម​ការណ៍​ពិត​ ​យើង​ពុំ​មានធម៌​ពីរ​ទេ​ ​មានតែ​មួយ​គត់​ ​។​ ​ដែល​និយាយ​ថា​ ​ធម៌​ថ្មី​ ​នោះ​

​ ​គឺ​ការដែល​ខំ​សម្រិតសម្រាំង​ព្រះ​សាសនា​ ​ឱ្យ​ផុត​អំពី​ជំនឿ​ខុស​ ​អំពី​ការយល់​ហួសហេតុ​ផល​ ​និង​អំពី​ទម្លាប់​ខុស​ ​គឺ​ពុំមែន​ធ្វើឱ្យ​ព្រះពុទ្ធ​សាសនា​ទៅជា​បែប​ថ្មី​ទេ​ ​។​ ​ការណ៍​ពិត​ ​គឺ​ធ្វើឱ្យ​ព្រះ​សាសនា​ត្រឡប់ទៅ​រក​ប្រភព​ដើម​ដ៏​ត្រឹមត្រូវ​ល្អ​វិញ​តែប៉ុណ្ណោះ​ ​។​ ​”​

​​ព្រះរាជ​បន្ទូល​ ​នៃ​សម្ដេចព្រះ​ប្រមុខរដ្ឋ​ខាងលើ​នេះ​ ​ពិតជា​ត្រឹមត្រូវ​ជាទីបំផុត​ ​គួរ​ពុទ្ធបរិស័ទ​ទាំងឡាយ​គោរព​តាម​ ​។​

​​កាល​ក្នុង​សម័យ​នោះ​ ​ពួក​អ្នក​ប្រកាន់​ទំនៀមទម្លាប់​ ​បាន​ពោល​ពាក្យ​រិះគន់​ ​ចាក់ដោត​ ​ស្ដីបន្ទោស​ចំពោះ​ពួក​ក្រុម​លោក​ ​អ្នក​ពេញចិត្ត​នឹង​ការសិក្សា​ ​ពេញចិត្ត​នឹង​ការ​រិះរក​ផ្លូវ​ប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវ​ ​កាន់តែ​ច្រើន​ឡើង​ៗ​ខ្លាំង​ឡើង​ ​រហូតដល់​មានការ​ព្យាបាទ​ខ្លះ​ផង​ ​ដូចជា​កុដិ​របស់​លោកគ្រូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​ជួន​ ​ណាត​ ​នឹង​កុដិ​ខ្ញុំ​ ​(​ព្រះ​គ្រូ​សង្ឃ​វិជ្ជា​ ​ហួត​ ​តាត​)​ ​ជាដើម​ ​បាន​ត្រូវ​ពួក​អ្នកមាន​ចិត្តប្រទូស្ត​ឃោរឃៅ​ ​ចោលគប់​​ដោយ​ដុំឥដ្ឋ​និង​ដុំ​ថ្ម​ជា​ញឹកញាប់​ ​ដោយ​សម្អប់​ ​។​

​​ការព្យាបាទ​ទាំងនេះ​ ​នាំឱ្យ​លោកគ្រូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​ជួន​ ​ណាត​ ​និង​ខ្លួនខ្ញុំ​ ​មានការ​ប្រុង​ប្រយត្ន​ជានិច្ច​ ​ប៉ុន្តែ​យើង​ឥត​បង្អង់​ឬ​ផ្អាក​កិច្ចការ​របស់​ខ្លួន​ឡើយ​ ​ដោយមាន​ជំនឿ​ជាក់​ថា​ ​កិច្ចការ​ទាំងប៉ុន្មាន​ដែល​យើង​បាន​ធ្វើរួច​មក​ហើយ​ ​ជា​ការត្រឹមត្រូវ​ ​ជា​ការ​មានប្រយោជន៍​ពិ​តៗ​ ​ដល់​ព្រះពុទ្ធ​សាសនា​ ​ហើយ​យើង​បាន​ខំប្រឹង​បន្ថែម​កម្លាំង​បន្ត​កិច្ចការ​ទាំងនោះ​ទៅមុខ​ជាដរាប​ ​ឥត​ថយក្រោយ​ឡើយ​ ​។​

​​ក្នុង​ពេល​ជាមួយគ្នា​នោះ​ ​ព្រះសង្ឃ​ទាំងឡាយ​ ​ទាំង​ក្នុង​រាជធានី​ ​ទាំង​ក្នុង​ខេត្ត​ក្រៅ​ ​ដែល​មានការ​ភ្ញាក់រឭក​ ​បាន​ខំប្រឹង​រៀនសូត្រ​ ​បាន​ចេះដឹង​នូវ​វិន័យសិក្ខា​ ​ច្បាប់​ព្រះពុទ្ធ​សាសនា​ ​និង​ធម៌​វិន័យ​ ​ដែល​ខ្លួន​ពុំ​ធ្លាប់​បាន​ចេះដឹង​ពីមុន​មក​ ​ហើយ​បាន​ខំប្រឹង​សម្ដែង​ពន្យល់​ដល់​ពុទ្ធបរិស័ទ​ទាំងឡាយ​ឱ្យបាន​ដឹង​ ​បានឮ​ ​បាន​យល់​តៗ​គ្នា​ជាលំដាប់​ទូទៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​។​ ​ពុទ្ធបរិស័ទ​ណា​ ​ដែល​មាន​អធ្យាស្រ័យ​ធ្ងន់​ក្នុង​ពុទ្ធសាសនា​ ​ក៏​មានចិត្ត​ត្រេកអរ​ ​ហើយ​កើត​ចិត្តជ្រះថ្លា​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ធម៌​វិន័យ​ ​ដែល​មាន​ជាក់ច្បាស់​ក្នុង​គម្ពីរ​ដីកា​ ​។​ ​ពុទ្ធបរិស័ទ​ណា​ដែល​មាន​ចិ​ត្ត​ស្រាល​ៗ​ ​ហើយ​មាន​មានះ​ប្រកាន់​តែ​រឹងត្អឹង​ ​ក៏​កើត​ទោមនស្ស​អន់ចិត្ត​ ​ដោយ​យល់ថា​ខ្លួន​ធ្លាប់​ប្រតិបត្តិ​មក​យ៉ាងនេះ​ ​ឥឡូវ​ត្រឡប់ទៅ​ជា​យ៉ាងនោះ​វិញ​ ​ហើយ​មិនព្រម​ជឿ​តាម​ឡើយ​ ​ហើយ​ថែមទាំង​មានការ​ស្អប់ខ្ពើម​ ​ចំពោះ​រូបលោក​ដែរ​ទៅ​សម្ដែងធម៌​ ​ថា​នាំ​យក​ធម៌​ថ្មី​ពី​ឯណា​មក​បំបែកបំបាក់​ ​ធ្វើឱ្យ​ឃ្លាតចាក​ផ្លូវ​ប្រតិបត្តិ​ ​ដែល​ធ្លាប់ធ្វើ​ពី​ដូនតា​មក​ ​មិន​ត្រឹមតែ​ក្រេវក្រោធ​ម្នាក់ឯង​ប៉ុណ្ណោះទេ​ ​ថែមទាំង​បរ​បួល​អ្នកឯទៀត​ដែល​មានការ​យល់​ដូច​ខ្លួន​ ​ឱ្យរួប​រួម​ជាមួយ​ហើយ​ធ្វើ​លិខិត​ប្ដឹង​ចោទចំ​ពោះ​រូបលោក​អ្នក​សម្ដែងធម៌​វិន័យ​ ​ចូល​មក​ ​សម្ដេចព្រះ​ធម្មលិខិត​ ​ព្រះនាម​ ​អ៊ុ​ក​ ​ជា​សង្ឃនាយក​គង់នៅ​វត្តឧណ្ណាលោម​ ​ដែល​មិន​ពេញ​ព្រះទ័យ​ហើយដែល​ធ្លាប់​តែ​ជេរ​ប្រ​ទិច​ចំពោះ​រូបលោក​ ​ដែល​កែប្រែ​ផ្លូវ​ប្រតិបត្តិ​នោះ​ស្រាប់​ ​។​

​​លិខិត​បណ្ដឹង​ទាំងនោះ​ ​មក​ពី​ខេត្ត​កំពង់ចាម​ខ្លះ​ ​ខេត្តព្រៃវែង​ខ្លះ​ ​និង​ខេត្តស្វាយរៀង​ខ្លះ​ ​។​ ​ក្នុង​ពាក្យបណ្ដឹង​ទាំងនោះ​ចោល​ជាអាទិ៍​ថា​ ​៖​ ​

​ទេសនា​ថា​ ​សាស្រ្តា​មហាជាតក៍​ ​ខុស​ ​។​ ​សាសនា​នេះ​គឺ​ដូនតា​មក​គេ​ធ្លាប់​ប្រកាន់​ថា​ ​សាស្រ្តា​ត្រឹមត្រូវ​ ​។​

​ទេសនា​ថា​ ​សាមណេរ​ត្រូវ​ចូលវស្សា​ដូច​ភិក្ខុ​ដែរ​ ​។​ ​ពី​ដូនតា​មក​ ​គេ​មិនដែល​ដឹង​មិន​ដែល​ឭ​ទេ​ ​។​

​ទេសនា​ថា​ ​សាមណេរ​ត្រូវ​សុំ​និស្ស័យ​ក្នុង​សម្នាក់​ព្រះ​ឧបជ្ឈាយ៍​ដូចជា​ភិក្ខុ​ដែរ​ ​។​

​ទេសនា​ថា​ ​សាមណេរ​ត្រូវ​ឃ្លុំ​ ​គ្រង​ដូចជា​ភិក្ខុ​ដែរ​ ​។​

​​ពាក្យបណ្ដឹង​ចោទ​ដូច​ខាងលើ​នេះ​ជាដើម​គឺ​គេ​បាន​សុំ​ឱ្យ​ ​សម្ដេចព្រះ​សង្ឃនាយក​ ​ជំនុំជម្រះ​វិនិច្ឆ័យ​ផ្ដន្ទាទោស​ ​ចំពោះ​រូបលោក​អ្នក​សម្ដែង​អ្នក​និយាយ​ទាំងនោះ​ ​។​

​​សម្ដេចព្រះ​ធម្មលិខិត​ ​ព្រះសង្ឃនាយក​ ​ព្រះនាម​ ​កែ​ ​អ៊ុ​ក​ ​ក៏បាន​ចាត់ការ​បញ្ជូន​ពាក្យបណ្ដឹង​ទាំងនោះ​ទៅ​ក្រសួងធម្មការ​ ​ដើម្បី​ថ្វាយព្រះ​ករុណា​ព្រះបាទ​សម្ដេចព្រះ​ ​ស៊ីសុវត្ថិ​ ​(​ព្រះ​បរម​រាជានុ​កោដ្ឋ​)​ ​សូម​ព្រះករុណា​គ្រប់​ព្រះ​វិនិច្ឆ័យ​ ​។​

​​ព្រះករុណា​ព្រះបាទ​សម្ដេច​ ​ព្រះស៊ីសុវត្ថិ​ ​ក្រោយដែល​ព្រះអង្គ​ទ្រង់​បាន​ទទួលពាក្យ​បណ្ដឹង​ទាំងនោះ​ហើយ​ ​ព្រះអង្គ​បាន​ចាត់​ឱ្យ​និមន្ត​ព្រះរាជា​គ​ណ​ធំៗ​ ​មាន​សម្ដេចព្រះ​សង្ឃនាយក​ព្រះនាម​ ​អ៊ុ​ក​ ​ជាដើម​ចូល​ទៅ​ប្រជុំ​ក្នុង​ព្រះបរមរាជវាំង​ ​។​ ​សម្ដេចព្រះ​ធម្មលិខិត​ ​ល្វី​ ​ឯម​ ​កាល​លោក​ស្ថិតនៅ​ក្នុង​ព្រះ​សមណសក្ដិ​ជា​ព្រះ​បវរ​ញាណ​វិជ្ជា​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​ជួន​ ​ណាត​ ​ព្រះ​គ្រូ​វិមល​បញ្ញា​ ​អ៊ុម​ ​ស៊ូ​ ​និង​ព្រះ​គ្រូ​សង្ឃ​វិជ្ជា​ ​ហួត​ ​តាត​ ​គឺ​ខ្លួនខ្ញុំ​ ​ក៏បាន​ត្រូវ​ក្រសួងធម្មការ​និមន្ត​ឱ្យ​ចូល​ទៅ​រួម​ប្រជុំ​ដែរ​ ​។​

​​ចំណែកខាង​គណៈរដ្ឋមន្រ្តី​ ​មាន​រដ្ឋមន្ត្រី​ក្រសួងធម្មការ​ដែល​មាន​លោកអ្នកឧកញ៉ា​ ​យោធា​នរិន្ទ​ ​វ៉ាន់​ ​ជា​ភូឈួយ​ចូល​ទៅ​ប្រជុំ​ ​។​ ​ការប្រជុំ​នោះ​បាន​ប្រព្រឹត្តទៅ​ក្រោម​ព្រះ​បរម​រាជាធិបតី​ភាព​ ​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​ដែល​មាន​ព្រះករុណា​ ​ព្រះស៊ីសុវត្ថិ​ ​មុនីវង្ស​ ​កាល​គង់នៅ​ជា​ព្រះអម្ចាស់​នៅឡើយ​ ​និង​មន្ត្រី​ក្នុង​ព្រះបរមរាជវាំង​ខ្លះទៀត​ផង​ ​អម​ព្រះអង្គ​ផង​ ​។​

​​ក្នុង​ពេល​ដែល​ជួបជុំគ្នា​ហើយ​ ​លោកអ្នកឧកញ៉ា​ ​យោធា​នរិន្ទ​ ​វ៉ាន់​ ​បាន​សូត្រ​សេចក្ដីរាយការណ៍​អំពី​ពាក្យបណ្ដឹង​ទាំងនោះ​ ​ថ្វាយព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​ទ្រង់ព្រះ​សណ្ដាប់​ ​។​ ​លុះ​ទ្រង់ព្រះ​សណ្ដាប់​ហើយ​ ​ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​សួរ​អំពី​សាស្រ្តា​ ​មហាជាតក៍​មុន​ថា​ ​“​ចុះ​ហេតុ​ដូចម្ដេច​ក៏បាន​ជា​ទៅ​ទេសនា​ពន្យល់​ប្រាប់​បណ្ដារាស្ត្រ​ថា​ ​សាស្រ្តា​មហាជាតក៍​ខុស​?​ ​សាស្រ្តា​មហាជាតក៍​នេះ​មាន​តាំងពី​បរម​បុរាណ​មក​”​ ​។​ ​ក្នុង​ពេលនោះ​លោកអ្នកឧកញ៉ា​ ​យោធា​នរិន្ទ​ ​វ៉ាន់​ ​បាន​ក្រាបបង្គំទូល​មុនគេ​បំផុត​ថា​ ​“​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​លោកអ្នក​ទស្សនា​នោះ​មិនមែន​ទេសនា​ថា​ខុស​ទាំងអស់​ទេ​ ​។​ ​លោក​ទេសនា​ថា​ខុស​ចំពោះ​សេច​ក​ក្ដី​ខ្លះ​ៗ​ ​ដែលគេ​តែង​ផ្សំ​ខាងក្រោយ​ ​ដូចជា​នៅត្រង់​សេចក្ដី​ថា​ ​តា​ជូជក​អាស្រ័យបាយ​-​សម្ល​អស់ទាំង​ខ្ទះ​ ​ហើយ​បែក​ពោះ​ឮសូរ​ខ្លាំង​ ​រហូតដល់​ផ្អើល​ទាំង​ដំរី​ក្នុង​រោង​ ​។​ ​លោក​ថា​ពាក្យ​ទាំងនេះ​ជា​ពាក្យ​ខុស​ទេ​ ​គេ​តែង​បន្ថែម​មក​ដើម្បីឱ្យ​អ្នកស្ដាប់​សើច​សប្បាយ​ ​មិនមែន​ជា​ព្រះពុទ្ធដីកា​ព្រះពុទ្ធ​ទេ​ ​។​ ​អ្នកស្ដាប់​ធម៌​ត្រូវ​ចេះ​គិតពិចារណា​ផង​”​ ​។​

​​ព្រះករុណា​ជា​អម្ចាស់​ជីវិត​ ​ទ្រង់​មាន​ព្រះបន្ទូល​ថា​ ​“​បើ​លោក​ទេសនា​ថា​យ៉ាងនេះ​វា​មាន​ខុស​អី​ ​?​ ​លោក​ខាងក្រៅ​របស់​លោក​ហើយ​តើ​ ​។​ ​លោក​ពន្យល់​ឱ្យ​យើង​ចេះ​គិតពិចារណា​ ​កុំឱ្យ​ចេះតែ​ជឿ​ផ្តេសផ្តាស​ប្រាសចាក​ការណ៍​ពិត​”​ ​។​

​​តមក​ ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​ ​ទ្រង់​ត្រាស់​សួរ​តទៅទៀត​ថា​ ​“​ចុះ​រឿង​សាមណេរ​ចូលវស្សា​ ​និង​សាមណេរ​សូមនិស្ស័យ​ពី​សម្នាក់​ព្រះ​ឧបជ្ឈាយ៍​ ​ពីដើម​មក​មិនដែល​មាន​ទេ​ ​។​ ​ចុះ​ឥឡូវនេះ​ ​ហេតុអ្វី​ក៏បាន​ជា​លោក​ទាំងអស់​នោះ​នាំគ្នា​និយាយ​ឱ្យ​គេ​ភ្ញាក់ផ្អើល​ដូច្នេះ​?​ ​ហ៎​!​ ​លោកអ្នក​ដឹងរឿង​នេះ​សូមឱ្យ​និយាយ​មក​មើល​ ​មាន​គម្ពីរ​ ​ដីកា​ ​សម្ដែង​ដូចម្ដេច​ខ្លះ​ ​?​ ​”​

​​ក្នុង​ពេលនោះ​ ​លោកគ្រូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​ជួន​ ​ណាត​ ​បាន​ទៅ​ថ្វាយព្រះពរ​ ​សូម​ព្រះ​បរម​រាជានុញ្ញាត​ថ្វាយ​សេចក្ដី​ហូរហែ​តាមច្បាប់​ដែល​មាន​ក្នុង​គម្ពីរ​វិន័យបិដក​ ​។​ ​លោក​បាន​អានបាលី​ជាគោល​ ​រួច​ប្រែជា​ភាសាខ្មែរ​គ្រប់​អន្លើ​ទាំងអស់​ ​ដោយអាង​ដល់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះពុទ្ធ​ជា​អម្ចាស់​ ​ដែល​ព្រះអង្គ​បាន​បញ្ញត្ត​ខ្លះ​ ​បាន​អនុញ្ញាត​ខ្លះ​ ​ដរាបដល់​ចប់​ ​ហើយ​លោកគ្រូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​ជួន​ ​ណាត​ ​បាន​ថ្វាយ​សេចក្ដីបន្ថែម​ថា​ ​“​ថ្វាយព្រះពរ​ ​រឿង​ទាំងអស់​នេះ​ ​មាន​ក្នុង​គម្ពីរ​វិន័យ​ច្បាស់លាស់​ណាស់​ ​ប៉ុន្តែ​ក្នុង​ប្រទេស​យើង​ ​រឿង​វិន័យ​ទាំងនេះ​ដូចជា​បាត់បង់​អស់រលីង​ ​។​ ​ដោយហេតុ​ប្រទេស​យើង​កាលពី​ក្នុង​អតីតសម័យ​ ​មាន​កើតសង្គ្រាម​ញឹកញាប់​ណាស់​ ​នាំឱ្យ​វិនាស​បាត់បង់​គម្ពីរ​ ​ដីកា​ ​ក្បួនច្បាប់​ស្ទើរតែ​អស់រលីង​ ​ហើយ​អ្នកប្រាជ្ញ​រាជបណ្ឌិត​ក្នុង​ប្រទេស​យើង​ក៏​ស្លាប់​បាត់បង់​ខ្លះទៅ​ ​ត្រូវ​ខ្មាំងសត្រូវ​កៀរយក​ទៅ​ប្រទេស​គេ​ខ្លះទៅ​ ​។​ ​ម៉្លោះហើយ​ ​ប្រទេស​យើង​ក៏​ធ្លាក់ទៅក្នុង​ហាយនភាព​វិនាស​ទាំង​អ្នកប្រាជ្ញ​ ​រាជបណ្ឌិត​ ​វិនាស​ទាំង​គម្ពីរ​ ​ដីកា​ ​ក្បួន​ច្បាប់​ផ្សេង​ៗ​ ​ស្ទើរតែ​អស់រលីង​ ​។​ ​ទើបតែ​ក្នុង​ពេល​តៗ​មក​ ​ដែល​ប្រទេស​យើង​បាន​សុខ​ស្ងប់​គ្រាន់បើ​ ​ហើយ​មាន​គម្ពីរ​ក្បួនច្បាប់​ត្រឡប់មកវិញ​ខ្លះ​ ​ឯ​អ្នករៀន​សូត្រ​ក៏​ចេះតែ​ខំ​រៀ​នប​ន្តៗ​គ្នា​មក​ទៀត​ ​។​ ​ក្នុង​សម័យ​នោះ​អ្នករៀន​សូត្រ​កន្លង​ជា​មានការ​ចេះដឹង​បន្តិច​ម្ដង​ៗ​ឡើងវិញ​”​ ​។​ ​

​​ក្នុង​ពេលនោះ​ ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​ ​ទ្រង់​បាន​ត្រាស់​សរសើរ​ចំពោះ​លោកគ្រូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​ជួន​ ​ណាត​ ​ថា​ ​លោក​ ​ណាត​ ​ចេះចាំ​ ​ល្អ​ណាស់​ ​ចាំ​ទាំង​បាលី​ដែល​មាន​ក្នុង​គម្ពីរ​ ​ដីកា​ ​ហើយ​ប្រែ​មក​ជា​ភាសាខ្មែរ​ងាយ​ស្ដាប់បាន​ណាស់​ ​។​ ​ចំពោះ​រឿង​សាមណេរ​ចូលវស្សា​និង​សុំ​និស្ស័យ​ក្នុង​សម្នាក់​ព្រះ​ឧបជ្ឈាយ៍​ ​នៅក្នុង​គម្ពីរ​ដីកា​ដូច្នេះ​ ​វា​មាន​ខុស​អី​ ​?​ ​វា​ត្រឹមត្រូវ​ហើយ​ ​។​ ​ចុះ​ហេតុ​ដូចម្ដេច​ ​ក៏បាន​ជា​មានរឿង​ប្ដឹងផ្ដល់​យ៉ាងនេះ​ ​?​ ​”​ ​។​

​​ក្នុង​ពេលនោះ​ ​ព្រះករុណា​ ​ព្រះស៊ីសុវត្ថិ​ ​មុនីវង្ស​ ​(​កាល​ព្រះអង្គ​នៅជា​ព្រះអង្គ​ម្ចាស់​នៅឡើយ​)​ ​ដែល​ទ្រង់​គង់​អម​ព្រះករុណា​ជា​ម្ចាស់ជីវិត​ជា​ព្រះ​វររាជ​បិតា​ ​នៅពេល​នោះ​ដែរ​ ​បាន​ទ្រង់​ក្រោក​ឡើង​ហើយ​ក្រាបបង្គំទូល​ព្រះ​វររាជ​បិតា​ថា​ ​“​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​លោ​ក​ក្មេង​ៗ​ ​ឥឡូវនេះ​ ​លោក​ខំ​សិក្សា​រៀនសូត្រ​បាន​ចេះដឹង​ច្បាស់លាស់​ណាស់​ ​។​ ​ឯ​លោ​ក​ចាស់​ៗ​ទាំងនេះ​ ​ខ្ជិល​ណាស់​ ​ឥត​ចេះដឹង​អ្វី​ទេ​ ​អាងតែ​ខ្លួន​ចាស់​ ​អាងតែ​ខ្លួន​ធ្វើធំ​ជាងគេ​ ​ចេះតែ​រករឿង​លោ​ក​ក្មេង​ៗ​ ​ដែល​ចេះដឹង​ខាងក្រោយ​មិន​ឱ្យ​គ្នា​មានផ្លូវ​ដើរទៅ​មុខ​រួច​ទេ​ ​។​ ​លោ​ក​ចាស់​ៗ​អស់នេះ​ ​បានតែ​ដកងារ​ចេញ​ទើបសម​”​ ​។​

​​ព្រះករុណា​ជា​ម្ចាស់ជីវិត​ ​ទ្រង់​មាន​ព្រះបន្ទូល​ថា​ ​“​អើ​ ​វា​មិនសមបើ​ធ្វើឱ្យ​មាន​ជា​រឿងរ៉ាវ​អ្វី​សោះ​ ​ព្រោះ​ច្បាប់​ព្រះពុទ្ធ​សាសនា​មាន​ ​ក្នុង​គម្ពីរ​ដីកា​ក្បួនច្បាប់​ស្រាប់ហើយ​ ​ដូច​លោក​ ​ណាត​បាន​ថ្លែង​អម្បាញ់មិញ​សព្វគ្រប់​ស្រាប់​ ​។​ ​លោក​ ​ណាត​ ​ចេះចាំ​ណាស់​ ​ខ្ញុំ​សូម​ប្រគេន​រង្វាន់​លោក​ ​២០រៀល​ ​ទុកជា​គ្រឿងបូជា​ចំពោះ​ការចេះដឹង​របស់​លោក​”​ ​។​ ​(​២០រៀល​ក្នុង​សម័យ​នោះ​ ​បើ​យើង​ព្រាប​តម្លៃនឹង​តម្លៃ​ប្រាក់​ ​ក្នុង​សម័យនេះ​មិនមែន​តិច​ទេ​)​ ​។​

​​ការ​ជំនុំ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​ព្រះករុណា​ជា​អម្ចាស់​ជីវិត​ ​ក្នុង​ពេលនោះ​គឺ​ចប់​ត្រឹម​ប៉ុណ្ណេះ​ ​។​ ​ពាក្យបណ្ដឹង​ទាំងប៉ុន្មាន​ក៏​គ្មាន​បាន​លទ្ធផល​អ្វី​ ​គឺ​វា​ដល់​នូវ​បរាជ័យ​ទាំងអស់​ ​។​

​​តពីនោះមក​ ​សម្ដេចព្រះ​ធម្មលិខិត​ ​អ៊ុ​ក​ ​ព្រះសង្ឃនាយក​ ​មានការ​អន់​ព្រះទ័យ​ច្រើន​ ​និង​មានការ​ព្រួយបារម្ភ​ក៏​ច្រើន​ ​បាន​ប្រជុំ​រាជាគណៈ​ឋានានុក្រម​ ​ក្នុង​ទី​កុដិ​របស់​លោក​ ​ហើយ​បាន​ទៅ​ពឹងពាក់​លោក​រដ្ឋមន្រ្តី​មួយ​រូប​ ​ដែល​មាន​កិត្តិនាម​ខ្ពង់ខ្ពស់​ ​សូមឱ្យ​ជួយគិត​គូរ​រក​មធ្យោបាយ​ធ្វើ​យ៉ាងណា​ ​ដើម្បី​ស្ទាក់ផ្លូវ​កុំ​ឱ្យ​លោ​ក​ក្មេង​ៗ​ជំនាន់​ក្រោយ​ ​មាន​កម្លាំង​រុល​ទៅខាងមុខ​បាន​ ​ព្រោះ​រឿង​នេះ​តទៅមុខ​ ​មុខ​ជា​នឹង​បណ្ដាល​ឱ្យ​កើតមាន​ហេតុ​ជាច​លា​ចល​ពុំខាន​ ​។​

​​មិនយូរ​ប៉ុន្មាន​ស្រាប់តែ​មាន​ព្រះរាជប្រកាស​លេខ​ ​៧១​ ​ចុះ​ថ្ងៃទី២​ ​ខែតុលា​ ​ឆ្នាំ​ ​១៩១៨​ ​បាន​ចេញផ្សាយ​ទៅ​គ្រប់​វត្ត​ ​ក្នុង​ព្រះរាជាណាចក្រ​ ​។​ ​ព្រះរាជប្រកាស​នោះ​បញ្ញត្តិ​ថា​ ​“​ភិក្ខុសាមណេរ​ទាំងឡាយ​ ​ខាង​គណៈមហានិកាយ​ ​ត្រូវ​ប្រតិបត្តិ​តាម​ទំនៀមទម្លាប់​នៃ​ ​សម្ដេចព្រះ​មហាសង្ឃរាជ​ ​ព្រះនាម​ ​ទៀង​;​ ​ខាង​គណៈ​ធម្មយុត្តិក​និកាយ​ ​ត្រូវ​ប្រតិបត្តិ​តាម​ទំនៀមទម្លាប់​នៃ​ ​សម្ដេចព្រះ​សុគន្ធាធិបតី​ ​ព្រះនាម​ ​ប៉ាន​ ​។​ ​ភិក្ខុសាមណេរ​ណា​ ​ប្រព្រឹត្ត​ប្រតិបត្តិ​ខុសពី​ទំនៀមទម្លាប់​ខាងលើ​នេះ​ ​នឹង​ត្រូវ​មាន​កំហុស​ ​ត្រូវ​ទទួលទណ្ឌកម្ម​តាម​ទោសានុទោស​ ​។​ ​

​​ក្នុង​ពេល​ដែល​ព្រះរាជប្រកាស​នេះ​ ​បាន​ចេញផ្សាយ​ហើយ​ ​សម្ដេចព្រះ​សង្ឃនាយក​ ​ព្រះនាម​ ​អ៊ុ​ក​ ​និង​រាជាគណៈ​អង្គ​ខ្លះ​ ​មាន​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ណាស់​ ​។​ ​តាំងពី​ព្រះរាជប្រកាស​នោះ​បាន​ចេញផ្សាយ​មក​ ​នៅកន្លែង​ណាក៏ដោយ​ ​ឱ្យ​តែ​មាន​ពាក្យបណ្ដឹង​ចំពោះ​រូប​ភិក្ខុសាមណេរ​ណា​ ​សម្ដេចព្រះ​សង្ឃនាយក​ ​អ៊ុ​ក​ ​និង​សាការី​របស់​លោក​ ​បាន​កាត់ទោស​បណ្ដេញ​ឬ​ ​ផ្សឹក​ភិក្ខុ​ ​សាមណេរ​នោះ​ភ្លាម​ ​ដោយអាង​ថា​ធ្វើខុស​នឹង​ព្រះរាជប្រកាស​លេខ​ ​៧១​ ​។​ ​ប៉ុន្តែ​ការ​ធ្វើទោស​ចំពោះ​ភិក្ខុសាមណេរ​ទាំងឡាយ​ ​មិន​មាន​ចំនួន​ច្រើន​ប៉ុន្មាន​ទេ​ ​។​ ​

​ចំណែកខាង​យើង​ដែល​ជា​អ្នកដឹកនាំ​ភិក្ខុសាមណេរ​ ​និង​ពុទ្ធបរិស័ទ​ទាំងឡាយ​ឱ្យ​ខំប្រឹង​សិក្សា​រៀនសូត្រ​ ​និង​ខំប្រឹង​ប្រតិបត្តិ​តាម​ធម៌​វិន័យ​ ​ក្នុង​ពេលនោះ​ ​យើង​ពុំ​មាន​សេចក្ដី​ភិតភ័យ​តក់ស្លុត​ប៉ុន្មាន​ឡើយ​ ​។​ ​យើង​រឹងរឹតតែ​ខំប្រឹង​រួបរួម​គ្នា​ធ្វើឡើង​ទៀត​ ​ហើយ​ខំប្រឹង​ធ្វើការ​ដោយ​ប្រុង​ប្រយត្ន​ទាំងថ្ងៃទាំងយប់​ ​។​ ​ក្នុង​វត្តឧណ្ណាលោម​ ​មាន​លោកគ្រូ​ ​ព្រះ​គ្រូ​វិមល​បញ្ញា​ ​អ៊ុម​ ​ស៊ូ​ ​លោកគ្រូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​ជួន​ ​ណាត​ ​និង​ព្រះ​គ្រូ​សង្ឃ​វិជ្ជា​ ​ហួត​ ​តាត​ ​គឺ​ខ្លួនខ្ញុំ​ ​ជា​អ្នកដឹកនាំ​ ​។​ ​ក្នុង​វត្ត​លង្កា​ ​មាន​ ​សម្ដេចព្រះ​ធម្មលិខិត​ ​ល្វី​ ​ឯម​ ​កាល​នៅជា​ ​ព្រះ​ញាណ​បវរ​វិជ្ជា​ ​ជា​អ្នកដឹកនាំ​ ​។​

​ខ្ញុំ​សូម​បញ្ជាក់​ថា​ព្រះរាជប្រកាស​លេខ​ ​៧១​ ​ដែល​បាន​ចេញផ្សាយ​ទូទៅ​ក្នុង​ព្រះរាជាណាចក្រ​ទាំងមូល​ ​នា​ពេលនោះ​ ​ជា​ព្រះរាជប្រកាស​ហាមឃាត់​ភិក្ខុសាមណេរ​ ​មិន​ឱ្យ​ប្រតិបត្តិ​តាមច្បាប់​ព្រះពុទ្ធ​សាសនា​ទេ​ ​បែរជា​ឱ្យ​ប្រតិបត្តិ​តែ​តាម​ទំនៀមទម្លាប់​ ​ក្នុង​សម័យ​នៃ​ ​សម្ដេចព្រះ​មហាសង្ឃរាជ​ ​ព្រះនាម​ ​ទៀង​ ​ដែល​ទ្រង់​សោយ​ព្រះ​ទី​វង្គ​តទៅ​យូរហើយ​នោះ​វិញ​ ​។​ ​ម៉្លោះហើយ​ ​អ្នកណា​នឹង​បានដឹង​ថា​ ​ក្នុង​សម័យ​នោះ​ ​មាន​ទំនៀមទម្លាប់​ដូចម្តេច​ខ្លះ​ ​។​ ​ឥតមាន​អ្នកណា​ដែល​បានដឹង​ច្បាស់លាស់​នូវ​ទំនៀមទម្លាប់​នោះ​ឡើយ​ ​។​ ​ហេតុនេះ​ ​ការ​ហាមឃាត់​នោះ​ក៏​ពុំ​មានប្រសិទ្ធភាព​ទាល់តែសោះ​ ​។​

​ភិក្ខុសាមណេរ​ ​និង​ពុទ្ធបរិស័ទ​ទាំងឡាយ​ ​បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​គម្ពីរ​ ​ដីកា​ ​ក្បួនច្បាប់​ខាង​ព្រះពុទ្ធ​សាសនា​ ​ហើយ​បាន​កត់សម្គាល់​ទុក​ថា​ជាគោល​ចារឹក​នៃ​ព្រះពុទ្ធ​សាសនា​យ៉ាង​ត្រឹមត្រូវ​ ​ដែល​ពុទ្ធបរិស័ទ​ទូទៅ​គួរតែ​ប្រតិ​បត្ដិ​តាម​ ​មិន​គួរ​យក​ទំនៀមទម្លាប់​ទុកជា​ការត្រឹមត្រូវ​ឡើយ​ ​។​ ​ម្ល៉ោះហើយ​ ​ព្រះរាជប្រកាស​នោះ​ ​ក៏​សាប​រលាប​បន្តិច​ៗ​ដោយលំដាប់​ ​។​

​ក្នុង​សម័យ​ដែល​កំពុងតែ​វឹកវរ​នោះ​ ​លោកគ្រូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​ជួន​ ​ណាត​ ​បាន​ធ្វើ​សៀវភៅ​វិន័យ​ ​១​ ​ហៅថា​ ​បាតិមោក្ខ​សង្ខេប​ ​ឯ​ព្រះ​គ្រូ​សង្ឃ​វិជ្ជា​ ​គឺ​ខ្លួនខ្ញុំ​ ​ក៏បាន​ធ្វើ​សៀវភៅ​វិន័យ​មួយ​ហៅថា​ ​ក​ឋិ​នក្ខន្ធ​ក​សង្ខេប​ ​។​ ​យើង​បាន​គិត​គ្នា​ថា​ ​សៀវភៅ​ទាំងពីរ​នេះ​ ​គួរ​យក​ទៅ​សុំ​អនុញ្ញាត​ពី​ក្រសួងធម្មការ​ ​សម្រាប់​ឱ្យ​ភិក្ខុ​ទាំងឡាយ​បាន​សិក្សា​រៀនសូត្រ​ ​កុំឱ្យ​គេ​រករឿង​ដោយអាង​ទៅលើ​ព្រះរាជប្រកាស​លេខ​ ​៧១​ ​នោះ​ ​។​ ​លោកគ្រូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​និង​ខ្ញុំ​ ​បាន​គិត​ព្រមព្រៀង​គ្នា​ហើយ​ក្នុង​វេលា​ល្ងាច​នៃ​ថ្ងៃមួយ​ ​យើង​បាន​យក​សៀវភៅ​ទាំងពីរ​នោះ​ ​ទៅកាន់​គេហដ្ឋាន​នៃ​លោកអ្នកឧកញ៉ា​អគ្គមហាសេនា​ ​ក្រសួងមហាផ្ទៃ​ ​និង​ធម្មការ​ ​ដើម្បី​ស្នើសុំ​អនុញ្ញាត​ ​ព្រោះ​សៀវភៅ​ទាំងពីរ​នេះ​ ​ជា​សៀវភៅ​មាន​ក្នុង​គម្ពីរ​វិន័យបិដក​ ​តាំងពី​បរម​បុរាណ​មក​ ​មិនមែន​ជា​សៀវភៅ​វិន័យ​ទើបនឹង​បង្កើត​ថ្មី​ទេ​ ​។​ ​មហា​ព្រះ​មហា​សេនា​ ​បាន​ទទួល​យើង​យ៉ាង​រាក់ទាក់​ ​ហើយ​លោក​បាន​មានប្រសាសន៍​ថា​ ​“​សៀវភៅ​វិន័យ​ទាំងពីរ​នោះ​ ​ឥត​ទាស់​ខុស​អ្វី​ទេ​ ​ជា​វិន័យ​គឺ​បព្វជិត​ ​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ត្រូវតែ​សិក្សា​រៀនសូត្រ​ ​។​ ​មិន​អី​ទេ​ ​សូមកុំ​ព្រួយ​ ​ចាំ​ខ្ញុំ​ព្រះករុណា​ចាត់ការ​ប្រគេន​ឱ្យ​បានសម្រេច​”​ ​។​ ​លុះ​តមក​ប្រហែល​មួយ​សប្តាហ៍​ ​ស្រាប់តែ​នាង​ចុតហ្មាយ​ក្រសួងធម្មការ​ ​ប្រាប់​យើង​ថា​ ​“​កុង្សីយ៍​សេនាបតី​ ​មិនព្រម​អនុញ្ញាត​ឱ្យ​សិក្សា​តាម​សៀវភៅ​ទាំងពីរ​នេះ​ទេ​ ​។​ ​បើ​វិន័យ​មាន​ក្នុង​ស្លឹករឹត​ទើប​គេ​អនុញ្ញាត​ឱ្យ​សិក្សា​បាន​ ​បើ​វិន័យ​មាន​ក្នុង​ក្រដាស​សៀវភៅ​ដូច្នេះ​ ​ទុកជា​វិន័យ​ថ្មី​ ​ខុសពី​ទំនៀមទម្លាប់​ក្នុង​សម័យ​ ​សម្ដេចព្រះ​មហាសង្ឃរាជ​ ​ព្រះនាម​ ​ទៀង​ ​ដោយ​សំអាង​ទៅលើ​ព្រះរាជប្រកាស​ដដែល​នោះ​”​ ​។​

​ចុតហ្មាយ​ក្រសួងធម្មការ​ ​ដែល​ឱ្យដំណឹង​ថា​ ​កុង្សីយ៍​សេនាបតី​មិនព្រម​អនុញ្ញាត​ឱ្យ​ភិក្ខុសាមណេរ​ ​សិក្សា​រៀនសូត្រ​វិន័យ​បាដិមោក្ខ​និង​ក​ឋិ​នក្ខន្ដិ​កៈ​ ​ដែល​បាន​ចារឹក​លើ​ក្រដាស​សៀវភៅ​ ​ឱ្យ​សិក្សា​បានតែ​វិន័យ​ដែល​មាន​លើ​ស្លឹករឹត​នោះ​ ​ជា​ដំណឹង​អាក្រក់​អស្ចារ្យ​ ​ឥតមាន​ភិក្ខុសាមណេរ​ណាមួយ​ ​ឬ​ពុទ្ធបរិស័ទ​ណាមួយ​ ​ដែល​មានគំនិត​ចេះ​គិតពិចារណា​ ​ទទួលយល់ព្រម​តាម​បាន​ឡើយ​ ​ព្រោះ​ស្លឹករឹត​ក្ដី​ ​ក្រដាស​ក្ដី​ ​ដូចតែ​គ្នា​ ​វា​ជា​វត្ថុ​ដែល​សម្រាប់​តែ​ចារ​និង​សរសេរ​លើ​តែប៉ុណ្ណោះ​ ​។​ ​វា​គ្មាន​ការ​ទាស់​ខុស​អ្វី​នឹង​ស្លឹករឹត​ឬ​ក្រដាស​សៀវភៅ​សោះ​ឡើយ​ ​។​

​ព្រះរាជប្រកាស​លេខ​ ​៧១​ ​ក្ដី​ ​ចុតហ្មាយ​ក្រសួងធម្មការ​ក្ដី​ ​ដែល​បាន​ចេញ​មក​យ៉ាងនេះ​ ​ប្រាកដ​ដូចជា​រុញច្រាន​កុលបុត្រ​អ្នក​ចង់​ចេះដឹង​ទាំងប៉ុន្មាន​ ​ហើយ​ខំប្រឹង​សិក្សា​រៀនសូត្រ​កាន់តែ​ខ្លាំង​ឡើង​ៗ​ ​។​ ​ដែរ​ហេតុនេះ​ ​បាន​ជា​ក្នុង​ពេលនោះ​ ​បាន​ចម្លង​វិន័យ​ទាំងនោះ​ដែល​ផ្ដិត​ពុម្ព​ចាហួយ​ ​ឱ្យ​បាន​ច្រើន​ចប់​ ​ចែក​គ្នា​សិក្សា​រៀនសូត្រ​ ​។​ ​រី​ឯ​វិន័យ​ដែល​ភិក្ខុសាមណេរ​ ​ផ្ដិត​ពុម្ព​ចែក​គ្នា​នោះ​ ​មាន​ ​បាដិមោក្ខ​សង្ខេប​ ​ជា​របស់​លោកគ្រូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​ជាដើម​ ​។​

​កាល​ចេះតែ​កន្លង​ទៅៗ​ ​មិនយូរ​ប៉ុន្មាន​ ​បណ្ដា​សៀវភៅ​ ​បាដិមោក្ខ​សង្ខេប​ ​ដែល​ភិក្ខុសាមណេរ​ផ្ដិត​ពុម្ព​ចាហួយ​ចែក​គ្នា​រៀនសូត្រ​នោះ​ ​មិនដឹងជា​អ្នកណា​យក​សៀវភៅ​មួយ​ក្បាល​ទៅ​ប្ដឹង​ក្រសួងធម្មការ​ថា​ ​សៀវភៅ​នេះ​ហើយ​ ​ដែល​ក្រសួងធម្មការ​ហាម​មិន​ឱ្យ​សិក្សា​ ​ឥឡូវ​ឃើញ​មាន​គរគោក​ ​។​ ​ក្រសួងធម្មការ​ ​ក៏បាន​ឱ្យ​និមន្ត​លោកគ្រូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​ជួន​ ​ណាត​ ​មក​សាកសួរ​អំពី​រឿង​នេះ​ ​ហើយ​បាន​បង្ខំឱ្យ​លោក​ដើរ​ប្រមូល​សៀវភៅ​ ​បាដិមោក្ខ​សង្ខេប​ ​ទាំងអស់​នោះ​ ​យក​មក​ប្រគល់​ដល់​ក្រសួងធម្មការ​ ​។​ ​ក្រសួងធម្មការ​បាន​និមន្ត​លោក​មក​សួរ​នោះ​អស់​ចំនួន​ ​២​-​៣​ ​ថ្ងៃ​ ​ដើម្បី​រករឿង​កំហុស​ ​ប៉ុន្តែ​លោក​ឆ្លើយបដិសេធ​ថា​ ​លោក​ឥត​បានដឹង​ជា​អ្នកណា​យក​ទៅ​ចម្លង​ទេ​ ​។​ល​។​ ​រឿង​នេះ​មិនយូរ​ប៉ុន្មាន​ ​ក៏​ស្ងប់​ទៅវិញ​ ​ដោយ​ ​សម្ដេចចក្រី​កុញ្ជរាធិបតី​ ​ពេជ្រ​ ​ប៉ុន​ ​ជួយ​ធ្វើអន្តរាគមន៍​ផង​ ​។​

​គួរ​ពុទ្ធបរិស័ទ​ទាំងឡាយ​ ​ទាំង​បព្វជិត​ទាំង​គ្រហស្ថ​ ​ពិចារណាមើល​ចុះ​ ​សម័យ​នោះ​ ​ជាស​ម័យ​មាន​គ្រោះថ្នាក់​ចំពោះ​ព្រះពុទ្ធ​សាសនា​ ​ជា​អ​ធម្មិក​សម័យ​ផង​ ​ជាស​ម័យ​ដុះ​ពន្លក​នៃ​ព្រះពុទ្ធ​សាសនា​ខាង​គណៈមហានិកាយ​ផង​ ​ព្រោះថា​ក្នុង​សម័យ​នោះ​ ​អ្នកណា​ដែល​ពេញចិត្ត​និង​ការសិក្សា​រៀនសូត្រ​ ​ក៏​ខំប្រឹង​ប្រែង​ឥត​សំច័យ​កម្លាំង​ ​។​ ​អ្នកណា​ដែល​មិន​ពេញចិត្ត​ ​ក៏​ខំប្រឹង​ទប់ទល់​ ​ខំប្រឹង​រករឿង​ហេតុ​ ​ឥត​ឈប់ឈរ​ឡើយ​ ​។​

​ការ​ខំប្រឹង​រករឿង​ហេតុ​ ​របស់​អ្នក​ដែល​មិន​ពេញចិត្ត​នោះ​ ​គ្មាន​បាន​លទ្ធផល​អ្វី​ទេ​ ​។​ ​ផ្ទុយទៅវិញ​ ​អ្នក​សិក្សា​រៀនសូត្រ​ចង់​ចេះដឹង​ ​ក៏​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ​ ​។​ ​សៀវភៅ​វិន័យ​សម្រាប់​បព្វជិត​សិក្សា​ក៏​មាន​កាន់តែ​ច្រើន​ឡើង​ៗ​ជាលំដាប់​ ​។​

​ក្នុង​សម័យ​ជាមួយគ្នា​នោះ​ឯង​ ​ព្រះ​គ្រូ​សង្ឃ​វិជ្ជា​ ​ហួត​ ​តាត​ ​(​គឺ​ខ្លួនខ្ញុំ​)​ ​កំពុង​ពិនិត្យមើល​គម្ពីរ​វិន័យ​ ​ហើយ​កំពុងតែ​រង់ចាំ​ឱកាសល្អ​ ​ប៉ុន្តែ​មិន​អាច​នឹង​ធន់ទ្រាំ​ឱ្យ​សម័យ​ចង្រៃ​កន្លងទៅ​ផុត​បាន​ឡើយ​ ​ក៏បាន​រៀបចំ​ធ្វើ​សៀវភៅ​វិន័យ១​ ​សម្រាប់​ឱ្យ​សាមណេរ​សិក្សា​រៀនសូត្រ​ ​ឱ្យ​ឈ្មោះថា​ ​“​សាមណេរ​វិន័យ​”​ ​។​ ​ក្នុង​សៀវភៅ​សាមណេរ​វិន័យ​នោះ​និយាយ​អំពី​ ​សិក្ខាបទ​ ​១០​ ​ទណ្ឌកម្ម​ ​១០​ ​និង​នា​សន​ង្គៈ​ ​១០​ ​ព្រមទាំង​កិច្ច​ប្រតិ​បត្តិ​ផ្សេង​ៗ​ ​រហូតដល់​ ​សេ​ក្ខិយ​វត្ត​ ​៧៥​ ​ដែល​សាមណេរ​ត្រូវ​ប្រតិបត្តិ​ ​។​ ​រៀបចំ​ធ្វើរួច​ស្រេចហើយ​ ​ខ្ញុំ​បាន​សុំ​ឱ្យ​លោកគ្រូ​ ​ព្រះ​គ្រូ​វិមល​បញ្ញា​ ​អ៊ុម​ ​ស៊ូ​ ​និង​លោកគ្រូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​ជួន​ ​ណាត​ ​ដាក់ឈ្មោះ​ថា​ ​បាន​ធ្វើ​រួម​ជាមួយគ្នា​ ​ព្រោះ​ខ្ញុំ​គិតឃើញ​ថា​ ​សៀវភៅ​នេះ​តែ​បោះពុម្ព​រួច​កាលណា​ ​មុខ​ជា​នឹង​មានរឿង​ហេតុ​កើតឡើង​មិនខាន​ ​។​ ​បើ​មានហេតុ​កើតឡើង​ ​នឹង​មាន​គ្នា​បី​រូប​ជួយ​ដោះស្រាយ​ ​។​ ​លោកគ្រូ​ទាំងពីរ​អង្គ​ ​ក៏​យល់ព្រម​ដាក់​ព្រះនាម​របស់​លោក​ជាមួយនឹង​ខ្ញុំ​ ​ជាប់​នៅ​លើ​សៀវភៅ​ ​សាមណេរ​វិន័យ​ ​រហូតដល់​សព្វថ្ងៃ​នេះ​ ​។​

​ក្នុង​ពេល​ដែល​យើង​ធ្វើ​សៀវភៅ​នេះ​រួចហើយ​ ​លោកអ្នកឧកញ៉ា​អធិបតីសេនា​ ​កេត​ ​បាន​ពេញចិត្ត​ចង់បាន​សៀវភៅ​ ​សាមណេរ​វិន័យ​ ​យក​ទៅ​បោះពុម្ព​ចែក​ប្រគេន​ព្រះសង្ឃ​ ​ក្នុងឱកាសនៃ​ពិធីបុណ្យ​ ​ឧទ្ទិស​ផល​ជូន​មាតាបិតា​របស់​លោក​ ​។​ ​យើង​ទាំង​បី​រូប​ ​ក៏បាន​ប្រគល់​សៀវភៅ​ ​សាមណេរ​វិន័យ​ ​ទៅ​លោក​ឱ្យ​បោះពុម្ព​តាមត្រូវ​ការ​ចុះ​ ​។​ ​លោកអ្នកឧកញ៉ា​ ​អធិបតីសេនា​ ​កេត​ ​មុននឹង​ជួល​រោងពុម្ព​ឱ្យ​បោះ​ ​លោក​បាន​ប្រគេន​សៀវភៅ​នេះ​ទៅ​ ​សម្ដេចព្រះ​សង្ឃនាយក​ ​ព្រះនាម​ ​អ៊ុ​ក​ ​សុំ​អ​នុញ្ញា​ត​បោះ​ពុម្ភ​ ​(​ព្រោះ​ក្នុង​សម័យ​នោះ​ ​ការ​បោះពុម្ព​សៀវភៅ​អ្វី​ៗ​ទាំងអស់​ ​ពុំ​អាច​ធ្វើ​ដោយសេរី​ទេ​ ​។​ ​បង​សៀវភៅ​ខាង​សាសនា​ ​ត្រូវ​សុំ​អនុញ្ញាត​ពី​ ​ព្រះសង្ឃនាយក​ទាំងពីរ​គណៈ​ជាមុន​សិន​ ​បើ​បាន​អនុញ្ញាត​ពេល​សម្ដេចព្រះ​សង្ឃនាយក​ ​ហើយ​ត្រូវ​បាន​អនុញ្ញាត​ទេ​កុង្សីយ៍​សេនាបតី​ ​ទើប​បោះពុម្ព​បាន​)​ ​។​ ​ក្នុង​ពេលនោះ​ ​សម្ដេចព្រះ​សង្ឃនាយក​ ​ព្រះនាម​ ​អ៊ុ​ក​ ​មិនព្រម​អនុញ្ញាត​ឱ្យ​បោះពុម្ព​ឡើយ​ ​ព្រោះ​លោក​យល់ថា​ ​ការ​បោះពុម្ព​វិន័យ​នេះ​ ​ទាស់​ខុស​នឹង​ព្រះរាជប្រកាស​លេខ​ ​៧១​ ​ហើយ​វា​នឹង​បណ្ដាល​ឱ្យ​កើតមាន​ចលាចល​ពុំខាន​ ​។​

​ ​លោកអ្នកឧកញ៉ា​ ​អធិបតីសេនា​ ​កេត​ ​កាល​លោក​មិនបាន​ទទួលអនុញ្ញាត​ពី​ ​សម្តេច​ព្រះសង្ឃនាយក​ ​ព្រះនាម​ ​អ៊ុ​ក​ ​យ៉ាងនេះ​ហើយ​ ​នោះ​ក៏​យក​សៀវភៅ​ ​សាមណេរ​វិន័យ​ ​នោះ​ ​សុំ​អនុញ្ញាត​ពី​លោក​ ​ឡឺ​រ៉េស៊ីដង់​ ​ស៊ូ​ប៉េ​រី​យើរ​ ​។​ ​លោក​ ​ឡឺ​រ៉េស៊ីដង់​ ​ស៊ូ​ប៉េ​រី​យើរ​ ​ក៏បាន​អនុញ្ញាត​ឱ្យ​បោះពុម្ព​សៀវភៅ​នោះ​តាម​សុំ​ ​។​

​ ​ក្រោយដែល​លោក​បាន​ទទួលអនុញ្ញាត​ពី​លោក​ ​ឡឺ​រ៉េស៊ីដង់​ ​ស៊ូ​ប៉េ​រី​យើរ​ ​ហើយ​ ​លោកអ្នកឧកញ៉ា​ ​អធិបតីសេនា​ ​កេត​ ​បង​យក​ទៅ​ជួល​រោងពុម្ព​ ​អាល់​ប៊ែរ​ពរ​តៃ​ ​ឱ្យ​បោះពុម្ព​ចំនួន​ ​៥០០០ចប់​ ​។​ ​ក្នុង​ពេល​ដែល​រោងពុម្ព​កំពុងតែ​បោះ​ ​គេ​បានឮ​ពាក្យ​ចចាមអារ៉ាម​និយាយ​គ្នា​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​ ​ឈ្មោះ​ណា​ដែល​ធ្វើ​សៀវភៅ​ ​សាមណេរ​វិន័យ​ ​ពួក​គិញ​កំពុងតែ​ស៊ើបរក​ឈ្មោះ​នោះ​ហើយនឹង​ចាប់​យក​ទៅ​ជំនុំជម្រះ​ ​។​ ​ខ្លួនខ្ញុំ​ដែល​បានឮ​អ្នក​និយាយ​ដូច្នេះ​ ​តែងតែបាន​ឆ្លើយតប​ទៅវិញ​ថា​ ​“​មិន​ចាំបាច់​ស៊ើបរក​ឈ្មោះ​នាំឱ្យ​ខាតពេល​វេលា​ទេ​ ​ឯ​ឈ្មោះ​អ្នកតែង​សៀវភៅ​ ​សាមណេរ​វិន័យ​ ​នោះ​មាន​បោះពុម្ព​ជាប់​នៅ​លើ​សៀវភៅ​នោះ​ស្រាប់ហើយ​”​ ​។​

​លុះ​សៀវភៅ​នោះ​បាន​ចេញពី​រោងពុម្ព​មក​ ​យើង​បាន​ចែក​ចំពោះ​អស់លោក​ដែល​ត្រូវការ​ទទួលយក​ ​។​ ​ចំណែក​លោកអ្នកឧកញ៉ា​ ​អធិបតីសេនា​ ​កេត​ ​លោក​បាន​យក​តាម​ចំនួន​ដែល​លោក​ត្រូវការ​ ​ដើម្បី​ចែក​ក្នុង​ពិធីបុណ្យ​ឧទ្ទិស​ផល​ជូន​មាតាបិតា​លោក​ ​។​

​សម្ដេចព្រះ​ធម្មលិខិត​ ​ល្វី​ ​ឯម​ ​ចៅអធិការវត្ត​លង្កា​ ​ការរស់នៅ​ជា​ ​ព្រះ​ញាណ​បវរ​វិជ្ជា​ ​នៅឡើយ​ ​បាន​ទទួលយក​សៀវភៅ​នោះ​ជាច្រើន​ក្បាល​ទៅ​ដែរ​ ​ហើយ​លោក​បាន​ថ្វាយ​សៀវភៅ​មួយ​ចំពោះ​ ​ព្រះអង្គ​ម្ចាស់​ ​មុនីវង្ស​ ​កាលមុន​ព្រះអង្គ​ទ្រង់​សោយរាជ្យ​ ​ដើម្បី​ទ្រង់​បាន​ជ្រាប​ ​។​ ​ព្រះអង្គ​ម្ចាស់​ទ្រង់​បាន​ទត​សព្វគ្រប់​ ​ទ្រង់​បាន​សរសើរ​ថា​ ​“​សៀវភៅ​នេះ​ល្អ​ណាស់​ ​ព្រោះ​មាន​សេចក្ដី​ពិស្តារ​ ​សម្រាប់​សាមណេរ​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​គោរព​ប្រតិបត្តិ​តាម​”​ ​។​ ​ហើយ​ទ្រង់​សរសើរ​ ​ចំពោះ​ឈ្មោះ​អ្នក​បាន​តែង​សៀវភៅ​នោះ​ផង​ ​។​

​តាំងពី​សៀវភៅ​ ​សាមណេរ​វិន័យ​ ​នោះ​ ​បាន​ផ្សាយ​ចេញ​ពេលណា​ ​វា​ទៈ​ផ្សេង​ៗ​ក៏​កើតឡើង​អ៊ូអរ​ ​ខ្លះ​ក៏​ពោល​សរសើរ​ដោយ​សេចក្ដី​ពេញចិត្ត​ត្រេកអរ​ ​ខ្លះ​ក៏​ពោល​និន្ទា​រិះគន់​ថា​ ​បំផ្លាញ​ព្រះពុទ្ធ​សាសនា​ ​ដោយ​ទោមនស្ស​អាក់អន់​ចិត្ត​ ​ចំពោះ​ការ​បោះពុម្ព​សៀវភៅ​ ​សាមណេរ​វិន័យ​ ​នោះ​ ​។​

​ចំណែក​ ​សម្ដេចព្រះ​ធម្មលិខិត​ ​ព្រះសង្ឃនាយក​ ​ព្រះនាម​ ​អ៊ុ​ក​ ​ក៏​មិន​សប្បាយ​ព្រះទ័យ​ ​ហើយ​បាន​ប្រជុំ​ព្រះរាជា​គណ​ធំ​តូច​ ​នៅ​ទី​កុដិ​របស់​លោក​ ​ហើយ​បាន​ធ្វើចុត​ហ្មាយ​មួយ​ច្បាប់​ ​ថ្វាយព្រះ​ករុណា​ព្រះបាទ​ ​សម្ដេចព្រះ​ស៊ីសុវត្ថិ​ ​ជា​ម្ចាស់ជីវិត​ ​ភ្ជាប់​ទាំង​សៀវភៅ​ ​សាមណេរ​វិន័យ​ ​មួយ​ក្បាល​ទៅជាមួយ​ផង​ ​។​ ​ក្នុង​ចុតហ្មាយ​ ​សម្ដេចព្រះ​សង្ឃនាយក​នោះ​ ​ដឹងពី​ឈ្មោះ​ ​៣​ ​គឺ​ ​ព្រះ​គ្រូ​វិមល​បញ្ញា​ ​អ៊ុម​ ​ស៊ូ​ ​ព្រះ​គ្រូ​សង្ឃសត្ថា​ ​ជួន​ ​ណាត​ ​និង​ព្រះ​គ្រូ​សង្ឃ​វិជ្ជា​ ​ហួត​ ​តាត​ ​(​គឺ​ខ្លួនខ្ញុំ​)​ ​ដែល​ជា​អ្នកតែង​សៀវភៅ​ ​សាមណេរ​វិន័យ​ ​ថា​ព្រះ​គ្រូ​ទាំង​ ​៣​ ​រូប​នេះ​ ​តែង​សៀវភៅ​ធ្វើឱ្យ​កើតចលាចល​ក្នុង​ប្រទេស​ ​ហើយ​ធ្វើឱ្យ​ខុស​នឹង​ព្រះរាជប្រកាស​លេខ៧១​ ​ថា​ព្រះ​គ្រូ​ទាំង​ ​៣​ ​មាន​កំហុស​ដ៏​ធ្ងន់​ ​សូម​ព្រះ​រាជានុញ្ញាត​ដេញ​ព្រះ​គ្រូ​ទាំង​ ​៣​ ​រូប​នេះ​ ​ចេញពី​វត្តឧណ្ណាលោម​ ​។​

​ថ្ងៃមួយ​ក្រោយមក​ ​ព្រះអង្គ​ម្ចាស់​ ​ព្រះស៊ីសុវត្ថិ​ ​មុនីវង្ស​ ​ទ្រង់​យាង​ទៅ​គាល់​ព្រះករុណា​ជា​ម្ចាស់ជីវិត​ ​ជា​ព្រះ​វររាជ​បិតា​ ​ក្នុង​ព្រះបរមរាជវាំង​ ​។​ ​ព្រះករុណា​ជា​ម្ចាស់ជីវិត​ទ្រង់​ត្រាស់​ចំពោះ​ព្រះអម្ចាស់​ ​ជា​ព្រះរាជ​បុត្ត​ថា​ ​“​នែកូន​ ​លោកសង្ឃ​នាយក​ ​អ៊ុ​ក​ ​ប្ដឹង​បណ្ដេញ​លោក​ ​៣​ ​អង្គ​ថា​ ​លោក​ទាំងនោះ​ ​តែង​សៀវភៅ​ខុសច្បាប់​ ​នាំឱ្យកើត​ចលាចល​ ​។​ ​រឿង​ហ្នឹង​វា​យ៉ាងម៉េច​ ​?​ ​កូន​មើល​ចុតហ្មាយ​នេះ​មើល​ ​!​ ​”​

​ព្រះអម្ចាស់​ ​ព្រះស៊ីសុវត្ថិ​ ​មុនីវង្ស​ ​លុះ​ទ្រង់​បាន​ពិនិត្យមើល​រួច​ ​បាន​ក្រាបបង្គំទូល​ ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​ថា​ ​“​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សៀវភៅ​នេះ​គឺ​សៀវភៅ​ ​សាមណេរ​វិន័យ​ ​ដែល​ជា​វិន័យ​សម្រាប់​សាមណេរ​រៀនសូត្រ​ ​។​ ​ទូលព្រះបង្គំជាខ្ញុំ​មាន​សៀវភៅ​នេះ​មួយ​ដែរ​ ​ដោយ​លោកគ្រូ​ ​ព្រះ​ញាណ​បវរ​វិជ្ជា​ ​វត្ត​លង្កា​ ​ផ្ញើ​មក​ឱ្យ​ទូលបង្គំ​ជា​ខ្ញុំ​ៗ​ ​បាន​ពិនិត្យមើល​ដល់​ចប់​ ​។​ ​សៀវភៅ​នេះ​ល្អ​ណាស់​ ​ហើយ​វា​មានប្រយោជន៍​ច្រើន​ ​ដល់​កុលបុត្រ​ដែល​បួស​ជា​សាមណេរ​ ​ក្នុង​ព្រះពុទ្ធ​សាសនា​ ​។​ ​ក្នុង​ស្រុក​យើង​ ​វាល​ខ្សត់ខ្សោយ​ ​ពុំសូវ​មាន​សៀវភៅ​ក្បួនច្បាប់​ខាង​ព្រះពុទ្ធ​សាសនា​ទេ​ ​។​ ​ឥឡូវ​មាន​លោ​ក​ក្មេង​ៗ​ខាងក្រោយ​ដែល​ខំរៀន​សូត្រ​បាន​ចេះដឹង​ ​ហើយ​ខំធ្វើ​សៀវភៅ​ឱ្យ​កើតឡើង​ ​ទុកជា​ប្រយោជន៍​ក្នុង​ព្រះពុទ្ធ​សាសនា​យ៉ាងនេះ​ ​វា​ជា​ការ​ប្រសើរណាស់​ ​។​ ​មិន​គួរបើ​លោក​ ​សង្ឃនាយក​ ​អ៊ុ​ក​ ​កើត​ទោមនស្ស​ ​ហើយ​ប្ដឹង​បណ្ដេញ​លោក​ទាំងនេះ​ដូច្នេះ​សោះ​ ​។​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​លោ​ក​ចាស់​ៗ​ទាំងអស់​នេះ​ឥត​ចេះដឹង​អ្វី​ទេ​ ​ឃើញ​លោ​ក​ក្មេង​ៗ​ចេះដឹង​ ​បែរជា​ស្អប់​គេ​ទៅវិញ​ ​មក​ពី​មានការ​ឈ្នានីស​ ​មិន​ចង់​ឱ្យ​គេ​ចេះដឹង​ ​មិន​ចង់​ឱ្យ​គេ​ធ្វើអ្វី​កើត​ ​។​ ​លោ​ក​ចាស់​ៗ​ទាំងនេះ​បានតែ​ដកងារ​ចោល​ ​ហើយ​ដេញចេញ​វិញ​ ​ទើបសម​នឹង​អំពើ​របស់​លោក​”​ ​។​ ​

​ព្រះករុណា​ជា​អម្ចាស់​ជីវិត​ ​ទ្រង់ព្រះ​សណ្ដាប់​ហើយ​ទ្រង់​មាន​ព្រះរាជ​បន្ទូល​ថា​ ​“​អើ​កូន​!​ ​លោកសង្ឃ​នាយក​នេះ​មិន​ស្រួល​ទេ​ ​ចេះតែ​រករឿង​លោ​ក​ក្មេង​ៗ​ ​ដែលគេ​ចេះដឹង​ជាង​ខ្លួន​ ​។​ ​លុះ​អស់នេះ​ខូច​ណាស់​”​ ​។​ ​ចាប់តាំងពី​ថ្ងៃ​នោះ​មក​ ​លិខិត​បណ្ដឹង​របស់​ ​សម្ដេចព្រះ​សង្ឃនាយក​ ​អ៊ុ​ក​ ​ក៏​ត្រូវ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​ ​ទ្រង់​បដិសេធ​ចោល​ជា​អសារបង់​ ​។​

​រឿង​ដែល​ខ្ញុំ​យក​មក​ថ្លែង​ក្នុង​ទីនេះ​ ​គឺ​ដើម្បី​ឱ្យ​ព្រះភិក្ខុ​សង្ឃ​ ​និង​ពុទ្ធបរិស័ទ​ទាំងឡាយ​ជ្រាប​ថា​ ​ក្នុង​សម័យ​នោះ​ ​វា​ពិបាក​ណាស់​ ​គេ​គ្រាន់តែ​តែង​ធម៌​វិន័យ​តាម​គម្ពីរ​ ​ដីកា​ ​ហើ​យស​សេរ​ដាក់លើ​ក្រដាស​ ​ឬ​បោះពុម្ព​ជា​សៀវភៅ​ក៏​មិនបាន​ ​គេ​រៀនសូត្រ​តាម​សៀវភៅ​ក៏​មិនបាន​ដែរ​ ​។​ ​គេ​ត្រូវ​ហាមឃាត់​ជាដរាប​ ​រហូតដល់​ប្ដឹង​បណ្ដេញ​ក៏​មាន​ ​ប៉ុន្តែ​គុណានុភាព​នៃ​ព្រះពុទ្ធ​សាសនា​ ​មិនទាន់​ដល់កំណត់​កាលដែល​ត្រូវ​វិនាស​នាំ​ឱ្យ​ព្រះមហាក្សត្រ​ ​គឺ​ព្រះករុណា​ព្រះបាទ​ ​សម្ដេចព្រះ​ស៊ីសុវត្ថិ​ ​និង​ព្រះអង្គ​ម្ចាស់​ ​ស៊ីសុវត្ថិ​ ​មុនីវង្ស​ ​ជា​ព្រះរាជបុត្រ​ ​ដែល​ជា​ទេវតា​ហៅថា​ ​ព្រះ​សម្មតិទេព​ ​ទ្រង់​ពុំ​ជឿស្ដាប់​តាម​ហើយ​ទ្រង់​ជួយឧបត្ថម្ភ​ ​ចំពោះ​ការសិក្សា​រៀនសូត្រ​ ​ការ​តែង​និពន្ធ​ធម៌អាថ៌​វិន័យសិក្ខា​ ​និង​ការ​បោះពុម្ព​ជា​សៀវភៅ​ ​ហើយ​មាន​អាយុ​រស់នៅ​តរៀងមក​ ​ទោះបី​ក្នុង​សម័យ​នោះ​ ​ប្រទេស​កម្ពុជា​យើង​ ​ឋិតនៅ​ក្រោមអំណាច​នៃ​រាជការ​បារាំង​ ​ព្រះមហាក្សត្រ​យើង​ ​និង​រាជរដ្ឋាភិបាល​យើង​ ​មានអំណាច​មិន​បរិបូណ៌​ក៏ដោយ​ ​ក៏​គង់​ ​នៅ​មាន​កិច្ចការ​ខ្លះ​ខាង​ព្រះពុទ្ធ​សាសនា​ ​ឋិតនៅ​ក្រោម​ព្រះ​បរម​រាជូបត្ថម្ភ​នៃ​ព្រះមហាក្សត្រ​របស់​យើង​ដែរ​ ​។​

​ហេតុ​ដូចនេះ​ហើយ​បាន​ជា​ក្នុង​សម័យ​នោះ​ ​ទោះបី​គេ​ហាមឃាត់​យ៉ាងណាក្ដី​ ​គេ​ប្រទូស្ត​រករឿង​ហេតុ​យ៉ាងណាក្ដី​ ​គេ​ក៏​មិន​អាច​នឹង​ទប់ទល់​នូវ​ការ​ចម្រើន​លូតលាស់​បាន​ឡើយ​ ​។​ ​សៀវភៅ​សម្រាប់​រៀនសូត្រ​ ​និង​សៀវភៅ​សម្រាប់​ប្រតិបត្តិ​ ​ក៏​ចេះតែ​កើនឡើង​ដល់​លំដាប់​ ​ដូច​សៀវភៅ​ ​សាមណេរ​វិន័យ​ ​សម្រាប់​សាមណេរ​ ​សៀវភៅ​ ​បាដិមោក្ខ​សង្ខេប​ ​សម្រាប់​ភិក្ខុ​រៀន​ទន្ទេញ​ចាំមាត់​ ​សៀវភៅ​ ​បព្វ​ជា​ខន្ធក​សង្ខេប​ ​សម្រាប់​បំបួស​កុលបុត្រ​ក្នុង​ព្រះពុទ្ធ​សាសនា​ ​សៀវភៅ​ ​ក​ឋិ​នក្ខន្ធ​ក​សង្ខេប​ ​សម្រាប់​ភិក្ខុ​សិក្សា​ឱ្យ​ចេះ​រឿង​កឋិន​ ​សៀវភៅ​ ​សីមា​វិនិច្ឆ័យ​សង្ខេប​ ​សម្រាប់​សិក្សា​ឱ្យ​ចេះ​រឿង​ពទ្ធសីមា​ ​និង​អពទ្ធសីមា​ ​និង​សៀវភៅ​ ​គិហិ​ប្ប​ដិ​បត្តិ​ ​សម្រាប់​គ្រហស្ថ​ ​ជា​ឧបាសក​ ​ឧបាសិកា​ ​ប្រតិបត្តិ​ជាដើម​ ​។​

​សៀវភៅ​ ​ធម៌​វិន័យ​ ​ដែល​មានឈ្មោះ​ខាងលើ​នេះ​ ​បាន​កើតឡើង​ជាលំដាប់​ ​សម្រាប់​ពុទ្ធបរិស័ទ​ជា​អ្នកបួស​ ​និង​ជា​គ្រហស្ថ​ ​ដែល​មានចិត្ត​ជ្រះថ្លា​ ​សិក្សា​រៀនសូត្រ​ ​និង​ប្រតិបត្តិ​តា​មតៗ​មក​ ​។​

​ទោះបី​សេចក្ដីព្យាយាម​ ​ខំប្រឹង​ទម្លុះទម្លាយ​ឧបសគ្គ​គ្រប់បែបយ៉ាង​ក្នុង​ការពង្រីក​ ​ធម៌​វិន័យ​ ​និង​ផ្លូវ​ប្រតិបត្តិ​តាម​គន្លង​នៃ​ព្រះពុទ្ធ​សាសនា​របស់​យើង​ ​បាន​ចម្រើន​ទៅមុខ​បន្តិច​ម្ដង​ៗ​ ​ដូច​សេចក្ដី​រៀបរាប់​ខាងលើ​គេ​ក៏ដោយ​ ​សេចក្ដី​លំបាក​របស់​យើង​ ​ក៏​ចេះតែ​នៅ​មាន​ជាប់​មក​ជាមួយ​ជាដរាប​ ​ដោយ​ព្រះរាជប្រកាស​លេខ​ ​៧១​ ​ចុះ​ថ្ងៃទី២​ ​ខែតុលា​ ​ឆ្នាំ១៩១៨​ ​នៅ​មានអំណាច​ ​អាច​នាំ​ឱ្យ​គេ​ស្វែងរក​ទោស​កំ​បុស​ពីនេះពីនោះ​ ​មិន​ចេះ​ចប់​ ​។​ ​ប៉ុន្តែ​ព្រះសង្ឃ​និង​គ្រហស្ថ​ ​ដែល​ពេញចិត្ត​ក្នុង​ការសិក្សា​ ​និង​ការប្រតិបត្តិ​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់​ព្រះពុទ្ធ​សាសនា​ ​ក៏​កាន់តែ​ចម្រើន​ឡើង​ៗ​ ​កើន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ​ ​ហើយ​មានការ​ពឹងផ្អែក​ទៅលើ​ព្រះ​ត្រៃបិដក​ផង​ទៀត​ ​ព្រោះ​ពេលនោះ​អង្គការ​បោះពុម្ព​ព្រះ​ត្រៃបិដក​ប្រែ​ ​គឺ​រាជការ​បាន​បង្កើត​រួចហើយ​ ​។​

​សូម​ពុទ្ធបរិស័ទ​ទាំងឡាយ​ ​គិតពិចារណា​មើលចុះ​ ​ក្នុង​សម័យ​នោះ​ ​សាលា​បាលី​ជាន់ខ្ពស់​បាន​កើតឡើង​ហើយ​ ​ពុទ្ធសាសនបណ្ឌិត្យ​បាន​កើតឡើង​ហើយ​ ​ក្រុមជំនុំ​ប្រែ​ព្រះ​ត្រៃបិដក​ក៏​កើត​ឡើង​ហើយ​ៗ​ ​អង្គការ​ទាំង​បី​នេះ​ ​មានភារៈ​ខាង​ការដឹកនាំ​ឱ្យ​ព្រះសង្ឃ​សិក្សា​រៀនសូត្រ​ខាង​ព្រះពុទ្ធ​សាសនា​ ​និង​មានភារៈ​ខេម​ប្រែ​គម្ពីរ​ព្រះ​ត្រៃបិដក​ ​ពី​ភាសាបាលី​ ​មក​ជា​ភាសាខ្មែរ​ ​ដើម្បីឱ្យ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ជាតិខ្មែរ​ ​ដែល​មិន​ចេះ​បាលី​បានដឹង​ ​បាន​យល់​ច្បាប់​ព្រះពុទ្ធ​សាសនា​ឱ្យបាន​ច្បាស់លាស់​ ​ហើយនិង​ប្រតិបត្តិ​តាម​ឱ្យបាន​ត្រឹមត្រូវ​តាម​ព្រះ​ឱវាទ​នៃ​ព្រះពុទ្ធ​ជា​ម្ចាស់​ ​។​ ​អង្គការ​ទាំង​បី​នេះ​ ​ជា​អង្គការ​ដែល​រាជការ​បាន​បង្កើត​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ ​។​ ​គួរណាស់តែ​អ្នកកាន់អំណាច​ខាង​ផ្នែក​ពុទ្ធចក្រ​ ​មាន​សម្ដេចព្រះ​សង្ឃនាយក​ជាដើម​ ​និង​ខាង​ផ្នែក​អាណាចក្រ​មាន​ក្រសួងធម្មការ​ជាដើម​ ​ព្រមទាំង​ខាង​ផ្នែក​រាជការ​អាណាព្យាបាល​ ​ដែល​មាន​ជាតិបារាំង​មួយ​នាក់​ ​តំណាង​រាជការ​បារាំង​ ​នៅអម​រាជការ​ខ្មែរ​ពីដើម​ ​បើក​សិទ្ធិ​ឱ្យ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ទូទៅ​ ​ខំប្រឹង​សិក្សា​រៀនសូត្រ​ ​ខំប្រឹង​ប្រតិបត្តិ​តាម​ព្រះពុទ្ធ​ឱវាទ​ ​ឱ្យបាន​ត្រឹមត្រូវ​តាម​គម្ពីរ​ដីកា​ ​ក្បួនច្បាប់​បាន​តាមបំណង​ ​។​ ​ពេលនេះ​មិន​ដូច្នោះ​ ​បែរជា​ផ្ទុយទៅវិញ​ ​ក្នុង​សម័យ​នោះ​ ​អ្នកកាន់អំណាច​ខាងលើ​នេះ​ ​(​មិនដឹង​បណ្ដាលមកពី​ការ​ប្រកាន់បក្ស​ពួក​ ​ឬក៏​បណ្ដាលមកពី​អ្វី​)​ ​បែរជា​ត្រឡប់​រក​កំហុស​ ​ចំពោះ​ព្រះសង្ឃ​ណា​និង​ពុទ្ធបរិស័ទ​ណា​ ​ដែល​ខំប្រឹង​សិក្សា​ ​ខំប្រឹង​ស្វែងរក​ផ្លូវ​ប្រតិបត្តិ​ត្រូវ​ទៅវិញ​ ​ដោយ​គេ​ចោទ​ថា​ ​ធ្វើខុស​នឹង​ព្រះរាជប្រកាស​លេខ​ ​៧១​ ​ប៉ុន្តែ​គេ​ពុំ​អាច​នឹង​ធ្វើទោស​កើត​ ​ព្រោះ​អ្នក​សិក្សា​និង​អ្នក​ដែល​ត្រូវការ​រក​ផ្លូវ​ប្រតិបត្តិ​តាម​គម្ពីរ​ ​តាមច្បាប់​ ​កាន់តែ​មាន​ចំនួន​ច្រើនលើស​លប់​ពេក​ ​។​ ​គេ​បាន​គិត​រៀបចំ​ធ្វើ​ព្រះរាជប្រកាស​មួយ​បន្ថែម​លើ​ព្រះរាជប្រកាស​លេខ៧១​ ​បញ្ញត្តិ​ឱ្យ​តឹងរ៉ឹង​ជាង​មុន​ទៅទៀត​ ​ដើម្បីឱ្យ​មានផ្លូវ​ងាយ​នឹង​ចាប់កំហុស​ ​ធ្វើទណ្ឌកម្ម​ឱ្យ​រាងចាល​ ​។​

​ក្នុង​ពេលនោះ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ទាំងឡាយ​ ​ទាំង​ក្នុង​រាជធានី​ ​ទាំង​ក្នុង​ខេត្ត​ទាំងអស់​ ​ដែល​ពេញចិត្ត​នឹង​ការសិក្សា​ ​និង​ការប្រតិបត្តិ​ត្រូវ​

​ក្រោយពី​បានដឹង​ថា​ ​អ្នកកាន់អំណាច​ចក្រ​ទាំងពីរ​ ​ប្រុងប្រៀប​នឹង​ធ្វើ​ព្រះរាជប្រកាស​បញ្ញត្ត​ឱ្យ​តឹងរ៉ឹង​មិន​ឱ្យ​សិក្សា​ ​មិន​ឱ្យធ្វើ​អ្វី​ដែល​ប្លែក​ពី​ទំនៀមទម្លាប់​ដើម​ ​ដែល​មាន​ក្នុង​សម័យ​នៃ​ ​សម្ដេចព្រះ​មហាសង្ឃរាជ​ ​ព្រះនាម​ ​ទៀង​ ​ដូច្នោះ​ហើយ​ ​ក៏បាន​ប្រុងប្រៀប​ខ្លួន​នឹង​ចូល​មក​ក្រាបបង្គំទូល​ព្រះករុណា​ជា​អម្ចាស់​ជីវិត​ក្នុង​ ​ថ្ងៃណាមួយ​ ​ដើម្បី​សូម​ព្រះ​បរម​រាជានុញ្ញាត​ឱ្យ​មាន​សិទ្ធិ​ក្នុង​ការសិក្សា​រៀនសូត្រ​ ​ឱ្យ​មាន​សិទ្ធិ​ក្នុង​ការប្រតិបត្តិ​ត្រឹមត្រូវ​តាមច្បាប់​ដែល​មាន​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​ ​។​ ​

​ការប្រុងប្រៀប​ខ្លួន​នោះ​ ​មិនមែន​ត្រឹមតែ​ខាង​ព្រះសង្ឃ​ទេ​ ​ទាំង​ពុទ្ធបរិស័ទ​ជា​គ្រហស្ថ​ក្នុង​រាជធានី​និង​ក្នុង​ខេត្ត​ក្រៅ​ ​ក៏​បបួលគ្នា​ឱ្យ​ដំណឹង​ដល់គ្នា​ទៅវិញទៅមក​ ​កំណត់​យក​ថ្ងៃណាមួយ​នឹង​មក​ប្រជុំ​រួមគ្នា​តែម្ដង​ ​។​ ​ព័ត៌មាន​ដ៏​រំជើបរំជួល​នេះ​ ​បាន​នាំឱ្យ​លោក​ ​ឡឺ​រេ​ស៊ី​ដង់​ ​ស៊ូ​ប៉េ​រី​យើរ​ ​បាន​ជ្រាប​ ​ហើយ​លោក​ប្រហែលជា​មាន​សេចក្ដី​ព្រួយបារម្ភ​ ​ក្រែង​ការ​នេះ​នឹង​ក្លាយទៅជា​ការ​សៅហ្មង​ ​និង​ការ​ស្អុះស្អាប់​ក្នុង​ប្រទេស​ ​ទើប​លោក​ខំប្រឹង​ចាត់ការ​ឱ្យ​ចេញផ្សាយ​យ៉ាង​ប្រញាប់​នូវ​ព្រះរាជ​បន្ទូល​ ​សូរសីហនាទ​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ​ព្រះបាទ​សម្ដេច​ ​ព្រះស៊ីសុវត្ថិ​ ​មុនីវង្ស​ ​ចំពោះ​ព្រះសង្ឃ​និង​ប្រជានិករ​ទូទៅ​ក្នុង​ព្រះរាជាណាចក្រ​ថា​ ​“​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ទាំងឡាយ​ ​ដែល​ត្រូវការ​សិក្សា​ ​ត្រូវការ​ប្រតិបត្តិ​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់​ព្រះពុទ្ធ​សាសនា​ ​ដែល​មាននៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​ ​គប្បី​សិក្សា​ ​គប្បី​ប្រតិបត្តិ​ ​តាម​សេច​ក​ក្ដី​ប្រាថ្នា​ចុះ​”​ ​។​ ​ចាប់តាំងពី​ពេលនោះ​មក​ ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ទាំងឡាយ​ដែល​មានបំណង​ចង់​សិក្សា​ ​ចង់​ប្រតិបត្តិ​ឱ្យ​ត្រឹមត្រូវ​នោះ​ ​ក៏បាន​សេច​ក​ក្ដី​សុខ​ស្ងប់​គ្រាន់បើ​ ​។​ ​ការរំជើបរំជួល​ក៏បាន​ស្ងប់​រម្ងាប់​បាត់​ទៅ​ ​។​

​ប៉ុន្តែ​ភិក្ខុសាមណេរ​ ​ខាង​គណៈមហានិកាយ​ ​នៅតែ​មាន​សេចក្ដី​ ​លំបាក​ ​ក្នុង​ការ​ឃ្លុំ​-​គ្រង​ចីពរ​ដោយមាន​ទម្លាប់​ខុស​យូរ​មក​ហើយ​ ​មិន​អាច​រើ​រៀបចំ​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់​ព្រះពុទ្ធ​សាសនា​បាន​ ​។​ ​កាល​ណ​រើ​រៀបចំ​ឱ្យ​ត្រឹមត្រូវ​ ​គេ​ពោលទោស​រិះគន់​ថា​ ​ធ្វើ​តែម្នាក់​នេះ​ ​ធ្វើតាម​អ្នកនោះ​ ​ឬថា​ក្លែងភេទ​ ​។​ ​លុះ​កាល​ចេះតែ​កន្លងទៅ​ ​ពាក្យ​រិះគន់​និន្ទា​ទាំងនោះ​ក៏​រលត់​ស្ងប់​ទៅ​ ​ដោយលំដាប់​ ​ប៉ុន្តែ​ចំពោះ​ការ​និមន្ត​ចូល​ទៅ​ក្នុង​ព្រះបរមរាជវាំង​ ​នៅតែ​មានការ​លំបាក​ក្នុង​រឿង​ឃ្លុំចីពរ​ ​មិនដឹងជា​មាន​ទំនៀមទម្លាប់​ជាប់​នៅ​ទីក្រុង​ណា​ ​តម្រូវឱ្យ​ភិក្ខុសង្ឃ​ខាង​គណៈមហានិកាយ​ ​ក្នុង​ពេល​ចូល​ព្រះបរមរាជវាំង​ ​ឃ្លុំ​ត្បៀតក្លៀក​ដើម្បីកុំឱ្យ​ច្រឡំ​និង​គណៈ​ធម្មយុត្ត​ ​។​ ​ម៉្លោះហើយ​ ​ការ​និមន្ត​ ​ចូល​ទៅកាន់​ព្រះ​បរម​រាជ​វាំង​ម្ដង​ៗ​ ​ព្រះសង្ឃ​ខាង​គណៈមហានិកាយ​ ​នៅតែ​មានការ​លំបាក​ក្នុង​រឿង​ឃ្លុំចីពរ​ ​គឺ​ត្រូវ​ខ្លួន​ត្បៀតក្លៀក​ ​។​ ​

​ ​លុះ​មកដល់​រជ្ជកាល​នៃ​ព្រះករុណា​ព្រះបាទ​សម្តេច​ ​ព្រះ​នរោត្តម​ ​សីហនុ​វរ្ម័ន​ ​គឺ​ចាប់តាំងពី​ព្រះអង្គ​សោយរាជ្យ​សម្បត្តិ​ឡើង​កាលណា​ ​ព្រះសង្ឃ​ខាង​គណៈមហានិកាយ​ ​ត្រឡប់​បាន​ធូរចិត្ត​គំនិត​ ​បាន​សុខ​ស្រួល​ក្នុង​ការ​ឃ្លុំចីពរ​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់​ព្រះពុទ្ធ​សាសនា​ ​។​ ​តាំងពី​ពេលនោះ​រហូតមកដល់​បច្ចុប្បន្ន​កាល​នេះ​ ​សម្ដេចព្រះ​មហាក្សត្រី​យា​នី​ ​ជា​ព្រះ​វររាជ​មាតា​ ​និង​ព្រះករុណា​ព្រះបាទ​សម្ដេច​ ​ព្រះនរោត្ដម​ ​សីហនុ​ ​វរ្ម័ន​ ​ជាង​ព្រះរាជ​ឱរស​ ​ទ្រង់​ជា​ព្រះ​អគ្គ​ពុទ្ធ​សាសនូបត្ថម្ភក៍​ ​ទ្រង់​បាន​ហាមប្រាម​ក្រុមសង្ឃការី​ ​មិន​ឱ្យ​ត្រួតត្រា​ព្រះសង្ឃ​ក្នុង​ការ​ឃ្លុំចីពរ​ ​ចូល​ទៅកាន់​ព្រះបរមរាជវាំង​ដូចមុន​ ​ព្រោះ​ព្រះអង្គ​ទ្រង់​ឈ្វេងយល់​ថា​ ​ព្រះសង្ឃ​មាន​វិន័យ​ជា​ច្បាប់​សម្រាប់​ប្រតិបត្តិ​តាម​ ​បើ​ព្រះសង្ឃ​លោក​ស្លៀកដណ្ដប់​យ៉ាងណា​ត្រឹមត្រូវ​តាមច្បាប់​ ​ត្រូវតែ​លោក​ធ្វើ​យ៉ាងនោះ​ ​មិន​ត្រូវ​អ្នកណា​ទៅ​ហាមឃាត់​លោក​ទេ​ ​។​ ​មិន​តែប៉ុណ្ណោះ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​ ​ព្រះ​នរោត្តម​ ​សីហនុ​វរ្ម័ន​ ​ទ្រង់​បាន​ចាត់​ ​ហ្មឺន​ភក្ដីឧទ័យ​ ​ប្រាក់​ ​ជា​ព្រះរាជបម្រើ​ ​ទៅ​ថ្លែង​ព្រះរាជឱង្ការ​ចំពោះ​ព្រះសង្ឃ​វត្តឧណ្ណាលោម​ ​នៅ​ចំពោះ​ព្រះ​ភក្រ្ត​នៃ​ព្រះតេជព្រះគុណ​ ​ព្រះមហាវិមលធម្ម​ ​ព្រះនាម​ ​កែវ​ ​គង់​ ​ចៅអធិការវត្ត​ឧណ្ណាលោម​ ​កាលពី​ថ្ងៃទី១៦​ ​ខែឧសភា​ ​ឆ្នាំ១៩៤១​ ​ថា​ ​ឱ្យ​ព្រះភិក្ខុ​សង្ឃ​ខាង​គណៈមហានិកាយ​ ​ឃ្លុំចីពរ​ដាក់លើ​ស្មា​ ​ចូល​ព្រះបរមរាជវាំង​ចុះ​ ​តាម​ការ​ស្រួល​របស់​ភិក្ខុសង្ឃ​ ​។​ ​

​ដកស្រង់​ចេញពី​សៀវភៅ​ ​កល្យាណមិត្ត​របស់ខ្ញុំ​ ​របស់​ព្រះ​មហាសុមេធាធិបតី​ ​ហួត​ ​តាត​

បញ្ចេញយោបល់ ៖