ប្រវត្តិនៃពាក្យ ពញា

  •  
  •  

នាមសព្ទ

( ស. ប្រើពាក្យនេះជា ព្រះយា អ. ថ. ភ្រៈយ៉ា ព. សា. ថា ផ្យា; ល. ពះញា អ. ថ. ផ្ញា “ឲកញ៉ា” )

ពាក្យ ពញា នេះជា អញ្ញត្រសព្ទពីព្រោះត្រូវសរសេរផ្ញើជើង ញ ជា ព្ញា បែរជាសរសេររាយតួជា ពញា វិញ ដើម្បីកុំឱ្យច្រឡំនឹង ឭ ( ឭ ឮ ); កាលពីបុរាណព្រេងនាយ ហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យថា ពញា ដូចជា ពញាយ៉ាត, ពញាតូ ជាដើម, លុះចំណេរកាលតមក, លែងហៅ ពញា បែរជាហៅ អង្គ វិញ ដូចជា អង្គអិម, អង្គអេង, អង្គតន់, អង្គដួង ជាដើម, ចំណេរកាលតពីនោះមក ប្រែហៅថា ព្រះអង្គម្ចាស់ វិញ ដរាបដលមកសម័យបច្ចុប្បន្ននេះ ។

ក្នុងសម័យបន្ទាប់ពីប្រែ ពញា ជា អង្គ វិញនោះ ព្រះមហាក្សត្រិយ៍ទ្រង់យកពាក្យ ពញា នេះមកប្រើជាឋានន្ដរនៃមន្ត្រីថ្នាក់ខ្ពស់វិញ ប្រើជា៣ថ្នាក់គឺ ពញា, ចៅពញា, សម្ដេចចៅពញា; លុះចំណេរកាលតពីនោះមកទៀត ប្រើពាក្យ ឲកញ៉ា, អ្នកឲកញ៉ា, លោកអ្នកឲកញ៉ា ជាជំនួសពាក្យ ពញា វិញ ដរាបមកដល់សព្វថ្ងៃនេះ ; ឯពាក្យ ពញា បែរប្រើជាឋានន្ដរ មេឃុំ វិញថា ពញារក្សាភិបាលឃុំ . . . , ដល់មកសម័យរាជការសង្គមរាស្រ្តនិយមព្រះពុទ្ធសាសនាឯករាជ្យអព្យាក្រឹត្ត ផ្លាស់ពាក្យ មេឃុំ ជានាយសង្កាត់ វិញ ថា នាយសង្កាត់ . . . ; ទាំងពាក្យ ឃុំ ក៏ហៅថា សង្កាត់ ដែរ ហៅថា សង្កាត់នេះ សង្កាត់នោះ តាមឈ្មោះសង្កាត់នានាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល, ឯក្នុងព្រះរាជធានីភ្នំពេញហៅសង្កាត់តាមលំដាប់លេខរៀងថា សង្កាត់លេខ១; សង្កាត់លេខ២, សង្កាត់លេខ៣ ។ ល ។

( នេះជាប្រវត្តិនៃពាក្យ ពញា ) ។


  •  
  •  

បញ្ចេញយោបល់ ៖