ច្បាប់​សុភាសិត

ច្បាប់សុភាសិត
ប្រសើរពេកពិត  ប្រែពីគាថា
បន្ទូលព្រះពុទ្ធ  ចំហុតទេសនា
ឱ្យអស់ទាំងមហា-  ជនផងត្រងត្រាប់ ។
និព្វានប្បច្ចយោ  ហោតុ មេ ។
របស់
ឧកញ៉ាវង្សាសារពេជ្ញ នង ចាងហ្វាងក្រុមរាជបណ្ឌិត្យ
ក្នុងរាជព្រះបាទសម្ដេចព្រះហរិក្សរាមាឥស្សរាធិបតី
(ព្រះអង្គដួង) ។
អារម្ភកថានិងពាក្យនមស្ការ

សុភសេដ្ឋោ  ឯកសប្តឯកទោ  សំវច្ឆរេ  ចសុនខំ  ចន្ទំវារេ  អាសាឡ្ហមាសេ  បុណ្ណមិយំ ។  កាយោមយា  នងនាមនា  មនោរថំ  បីតិបិយោ  សីលោរក្ខំ  សុភាសិតំ  កាព្យករោ ។  អហំនមា-  មិសិរសា  សុសម្ពុទ្ធោ  តិលោកានំ  សេដ្ឋំអត្តោ  នរទេវោ  វរនាថំ ។  មហាវីរោ  សុវិជេយ្យោ  មារសេនំ  អាតច្ឆិយោ  សម្ពោធិតំ  អនន្តញ្ញាណំ  លោកុត្តមោ ។  នកេវលៈ-  មេវពុទ្ធៈ-  ធម្មនាថោ  នមាមិហំ  អដ្ឋង្កិកោ  អរិយបថោ  ទេវជនំ ។  សន្តិករោ  និយ្យានិកោ  មោក្ខប្បនំ  បនមាមិ  អរិយសង្ឃំ  សីលសុទ្ធំ  សន្តិន្រ្ទិយា ។  បុញ្ញក្ខោត្តំ  សត្តេគុណំ  នមស្សមានោ  រតនត្តយំ  ហិតំបញ្ញោ  កយំទុក្ខោ  នីអលំត្ថំ ។  សុកមស្តុ  សួស្ដីស្រីសុ-  ភមង្គលំ  ពហុលចេស្ដា  ជយាវរំ  ឯកស័ប្តឯកំ  ទោតិរេកេ ។  ស័កសោត្តមំ  ចនក្សត្រំ  ពេញបូណ៌មីខែ  អសាឍចន្ទៈ  ពារៈទេវេ  វុឌ្ឍិវវេ  សាធុការា ។

ឯអង្គអញខ្ញុំ  នាម នង សោតសម  ចិត្តចេតនា  សូមមានមនោ  បរិយោសទ្ធា  ព្យាយាមឧស្សាហ៍  ត្រេកត្រង់កុសល ។  ដ្បិតខ្ញុំនេះណា  ទើបរៀនចងជា  កាព្យកិច្ចការកល  គន់គិតដោយនា  ប្រាជ្ញាយោបល់  ពុំសូវឆ្ងាយយល់  ជ្រៅជ្រះកាព្យា ។  ខ្ញុំផ្ទឹមទសករ  កាយកបបវរ  រូរត្នបុស្បា  បុស្បបទបង្គំ  ប្រណម្យអភិវាទ៍  វន្ទីយ៍ព្រះមហា  សារពេជ្ញ​ពុទ្ធោ ។  សុរាឥន្ទព្រហ្ម  មូលមកបង្គំ  ក្រាបក្រោមបាទោ  ប្រកបកង់ចក្រ  លាយលក្ខណ៍វរោ  វរំអគ្គោ  ឯកឥតទុតិយំ ។  ព្រះស្រីសម្ពុ-  ទ្ធោធម៌វិសុទ្ធ  វិសេសសេដ្ឋំ  ជាតិជាមកុដ  អង្គឧត្តមំ  ប្រោសសត្វទូទាំង  ត្រីត្រ័យភពភារ ។  សរសើរបារមី  វរញាណជិនស្រី  ក្រាស់ក្រៃពិស្ដារ  សែនកោដិកល្បកាត់  ផ្ដាច់វដ្ដសង្សារ  ផ្ចាលផ្ចាញ់មោហ៍មារ  មានះបបបាន ។  ព្រះលោកុត្តរ  សុពណ៌បវរ  ភារភេត្រាយាន  យោនយោងសត្វសល់  ដាក់ដល់និព្វាន  និរនេសមិនមាន  មរណ៍មកដិតដល់ ។  ព្រះសង្ឃសីលសុទ្ធ  វិសេសពង្សពុទ្ធ-  ឱរសនិម្មល  អស្តារិយសង្ឃ  ទ្រទ្រង់សីលសល់  អង្គឥតអំពល់  វដ្ដសង្សារា ។  ស្រគត់អស់ឥ-  ន្រ្ទីយ៍អង្គអចិ-  ន្ត្រៃយ៍ទ្រង់ករុណា  សព្វសត្វដាក់ដល់  មណ្ឌលសួគ៌ា  គុណគាប់ជាតិជា  ស្រូវស្រែបុណ្យផល ។  ទាំងបីព្រះអង្គ  ប្រសើរទ្រទ្រង់  ករុណាសត្វសល់  ផ្ទេរផ្ទុកសំពៅ  នាំទៅដាក់ដល់  ត្រង់ត្រើយថ្នាក់ថ្នល់  និរនេសបាបបង់ ។  ហេតុនោះខ្ញុំថ្វាយ  បុស្បបង្ក័ជកាយ  កបកោមលផ្ចង់  សរសើរបារមី  ទាំងបីព្រះអង្គ  រុងរឿងអភិម-  ង្គលគុណថ្លៃថ្លា ។  តេជតេជះខ្ញុំ  ថ្វាត់ថ្វាយបង្គំ  ត្រង់ត្រៃរតនា  សូមទេពទិសទស  សោឡសសួគ៌ា  ចម្រើនទីឃា-  យុយឺនក្សេមក្សាន្ត ។  ស្រេចខ្ញុំនឹងថ្លែង  ស្រាវស្រង់សម្ដែង  សណ្ដាប់និទាន  សុភាសិតសព្ទ  ធម៌គាប់ទូន្មាន  សព្វសត្វឱ្យបាន  អភិរម្យរូបា ។  ព្រះធម៌ប្រធាន  ប្រសើររូយាន  រត្នរឿងសុវណ្ណា  នាំសត្វពីក្នុង  វដ្ដសង្សារា  ដោមដាក់ដល់នា  សុខសួគ៌ាល័យ ។  ធម៌នេះជាច្បាប់  ប្រសើរមហាគាប់  ចូរជនទីទៃ  រួសរៀនត្រងត្រាប់  ជាច្បាប់ប្រពៃ  តាមដោយអាថ៌នៃ  បទព្រះគាថា ។

១- យោសម្បន្នំ  អាយុវស្សំ  ឯកសតា  អរក្ខិតំ  សីលំអសា-  ធុអសមា-  ហិតោជនំ ។  យេចនរា  នរឯកា-  ហំជីវិតំ  សេយ្យោរក្ខៈ  សីលវន្តំ  សជ្ឈាយិនំ  សាធុជនា ។

អាទិបទេ  ដើមបទបន្លែ  បាលីនេះថា  យោចជនោ  នរូអ្នកណា  មួយមានជន្មា  រយឆ្នាំប្រាកដ ។  អរក្ខិតា  បើពុំរក្សា  សីលជាកំណត់  អសាធុនា  ធម៌ថាឥតបទ  ឥតបុណ្យប្រាកដ  ពិតពុំប្រពៃ ។  យេចនរា  នរូអ្នកណា  ទើបកើតមួយថ្ងៃ  បើមានសីលំ  សេដ្ឋំប្រពៃ  ប្រសើរលើសក្រៃ  អ្នកចាស់វិញណា ។  ដ្បិតសីលជាយាន  នាំរូបរួចបាន  ចៀសចាកចតុរា-  បាយបាបបានដល់  មណ្ឌលសួគ៌ា-  ល័យលុះមហា-  និព្វានសេដ្ឋំ ។

២- យោចនរោ  ធនលោភោ  កុតោសីលំ  សុរាមេរយ  កុតោសច្ចំ  លោភោមំសំ  កុតោទយា ។

អាថ៌ព្រះបាលី  នេះលោកស្រដី  ថាអ្នកឯណា  មួយលោភទ្រព្យធន  ពេកពន់មហិមា  រីសីលសត្យា  ពីណានឹងមាន ។  នាអ្នកប្រមឹក  ស្រាស្រេកចង់ផឹក  ពិតពុំគិតប្រាណ  ធ្លាប់ទីនរក  ទល់ទុក្ខឥតក្សាន្ត  ហើយតើនឹងមាន  ពាក្យសត្យពីណា ។  បើលោភចំណី  ចំណង់ចង់ស៊ី  សាច់សត្វមហិមា  ហើយតើរីក្ដី  មេត្រីទយា  អាសូរករុណា  ពុំមានឯងឯ ។

៣- នត្ថិលោកំ  រហោនាមំ  បុញ្ញចាបេ  នរាកតំ  បឋមំចិត្តេ  ជានេយ្យទ្វេ  រក្ខទេវា ។

នាអ្នកផងធ្វើ  កិច្ចការអំពើ  បុណ្យបាបវេរា  កម្មកាលលោកិយ  នាបីហៅជា  ស្ងាត់បាត់នៅនា  អាយអង្គឺមាន ។  កាលប្រថមគិត  ជាដើមមានចិត្ត  ឯងដឹងស្រេចបាន  ជាពីរនឹងអា-  រក្ខនាសព្វឋាន  ទេព្ដាមានញាណ  ពិតពុំកំបាំង ។

៤- បង្គំចលេ  ជនិតំលោកេ  ធោវនបង្គំ  ជលចាបេ  ចិត្តេជនិតំ  ធោវនកម្ម  ចាបចិត្តេ ។

លោកថាកំណើត  ភក់ផងសឹងកើត  ពីទឹកឯងឯ  បើនឹងលាងភក់  អាក្រក់ឱ្យថែ  ឱ្យជ្រះមានតែ  ទឹកទើបជ្រះហោង ។  រីអំពើបាប  ពៀរពិតដរាប  អកុសលផង  សឹងកើតពីចិត្ត  គំនិតធ្វើឆ្គង  ពុំតាមគន្លង  ធម៌ព្រះទេសនា ។  បើនឹងចង់ផ្ដាច់  បាបបង់សម្រេច  លះលែងវេរា  មានប៉ុនតែចិត្ត  គន់គិតរក្សា  សីលសូមប្រាថ្នា-  ភិរម្យរូបំ ។

៥- បេមតោជា-  យតេសោកោ  បេមជាយ-  តេភយំវិ-  ប្បមុត្តស្ស  នត្ថិសោកោ  កុតោកយា ។

នាអ្នកផងមាន  ភ័យភិតពុំក្សាន្ត  សែនសោយសោកា  សោតសឹងកើតពី  ហេតុក្ដីស្នេហា  ស្រឡាញ់ទើបជា  ទុក្ខទៀងក្រាស់ក្រៃ ។  ថាបើមិនមាន  ស្រឡាញ់ក្នុងប្រាណ  ឥតក្ដីអាល័យ  ហើយតើអំពល់  សោកសល់នោះនៃ  ទល់ទុក្ខភិតភ័យ  នឹងមានពីណា ។

៦- អត្តាតហេ  និវត្តន្តេ  មិត្តពន្ធា  វាសុសានេ  សុខេទុក្ខា  កម្មំអត្តា  នតច្ឆន្តី ។

លោកថារីទ្រព្យ  ផងសឹងក្រឡាប់  វិលវឹងអំពី  ព្រៃព្រឹក្សពុំបាន  តាមប្រាណទៅខ្មី  បុត្រភរិយាក្ដី  តាមទៅពុំបាន ។  មានតែអំពើ  បុណ្យបាបបានធ្វើ  ពិតពីមុនមាន  ពៀរពិតនិត្យនៅ  តាមទៅដោយប្រាណ  ប្រាកដមិនមាន  ឃ្លាតឃ្លារូបា ។

៧- សច្ចំនត្ថិ  តបោឥន្រ្ទី-  យនិត្តហា  នត្ថិសព្វេ  ភូតេទយា  ឯតំចណ្ឌា-  លលក្ខណំ ។

អ្នកបួសពុំមាន  ពាក្យសត្យពុំបាន  សង្រួមកាយំ  ពុំមានទយា  មេត្តាកុរណំ  ភូតេសព្វំ  សព្វសត្វទាំងឡាយ ។  លោកថាពុំមាន  ផលបរិបូរណ៍បាន  បុណ្យបរលោកនាយ  ពុំមានតបះ  តេជះសីលសាយ  ជាអ្នកកាចកាយ  ចណ្ឌោលលក្ខណោ ។

៨- ព្រហ្មាសច្ចំ  ព្រហ្មាតបំ  ឥន្រ្ទីយនិត្តហោ  សព្វសត្តា  ទយាវរោ  ព្រហ្មចរិយោ  លក្ខណោតី ។

អ្នកបួសបើមាន  ពាក្យសត្យសោតបាន  សង្រួមឥន្រ្ទិយ  មែនមានមេត្តា  ករុណាខន្តី  សព្វសត្វឥតបី  ចងជាទោសា ។  ប្រសើរឯផល  បានបរិបូណ៌ដល់  ដូចដោយប្រាថ្នា  មែនមានតបះ  ដោយព្រះធម៌ថា  ជាលក្ខណា  នៃអ្នកបួសខ្មី ។

៩- ឧប្បជ្ជតេ  កថំករណេ  ធម្មោវុឌ្ឍី  សច្ចំទយា  ខមាធម្មី  វិនាសតី  ចិត្តំកោធា ។

លោកថារីព្រះ  ធម៌ធារជ្រៅជ្រះ  កើតកបសីលា  ហេតុមានសច្ចំ  ទៀងទាំងទយា  អាសូរខមា  អំណត់នឹងទៅ ។

១០- កេសសតា  គុណំកប្បា  សហស្សចីវរេ  ទសសីលំ  សតំសហស្សេ  ពុទ្ធវន្ទេ  ចអនន្តំ ។

អ្នកណាមួយមាន  ចិត្តចង់បុណ្យបាន  កាត់កោរកេសំ  ថ្វាត់ថ្វាយព្រះពុទ្ធ  ចំហុតផលំ  សតកប្បំ  រយកល្បបាបបាត់ ។  ពាក់ចីវរស្បាន់  បានផលមួយពាន់  កាលកប្បទៀងទាត់  ចប់ត្រៃសរណា-  គមនាផលខ្ចាត់  មួយសែនកល្បកាត់  បាបបានបុណ្យថ្លៃ ។  នាអ្នកកាន់សីល  ព្យាយាមពុំខ្ជិល  នឹងព្រះរត្នត្រ័យ  បានថ្វាយបង្គំ  ប្រណម្យសព្វថ្ងៃ  ផលបុណ្យបានក្រៃ  ឯកអនន្តំ ។

១១- មិត្តសត្យេ  កលុសធម្មេ  សុខេនវិជ្ជំ  ផរុសេនា-  រិបតាបរំ  ធនសម្បទំ  អជ្ជចិន្តី ។

ពាក្យនេះលោកថា  នរូអ្នកណា  ចង់ចងមេត្រី  ឱ្យមានពាក្យសត្យ  បរមត្ថវាទី  ទោះរៀនធម៌ក្ដី  កុំមុសាវាទ ។  ទោះបីនឹងរៀន  ចំណេះរបៀន  អាគមសិល្បសាត្រ  ឱ្យមានត្រណម  តឹងតមកុំឃ្លាត  បើនឹងប្រុសប្រា-  ថ្នាចង់បានស្រី ។  ឱ្យមានពាក្យនោះ  ផ្អែមល្អែមពីរោះ  ជាមិត្រមេត្រី  ចង់មានសម្បត្តិ  ថេរឋិតវុឌ្ឍី  យឺនយូរកុំបី  បៀតបៀនទ្រព្យគេ ។

១២- យោអនន្តំ  វទត្វានំ  ជរាកាលេ  សហស្សកំ  បិន្ទំរោតេ  ព្យាធិសតេ  មរណំឯកំ ។

លោកជានាកាល  នៅក្មេងពេញពាល  កាត់សទ្ធាខ្លាំង  ចែកចាយធនធាន  ជាទានសេដ្ឋំ  ធ្វើមួយកម្លាំង  បានមួយអនន្ត ។  លុះខ្លួនចាស់បាន  ធ្វើបុណ្យឱ្យទាន  មួយជាមួយពាន់  កាលខ្លួនមានព្យាធិ៍  អាពាធទុរន់  ឱ្យទានមួយគុណ  បានមួយរយនៅ ។  កាលខ្លួនមរណ៍ចាក  ឋានលែងលះលាក  ចេញចោលកូនចៅ  ធ្វើបុណ្យចន្លោះ  ចំពោះជូនទៅ  មួយជាមួយនៅ  ដើមដែលវិញាណ ។

១៣- សុទិធនំ  តេហេវរំ  មិត្តភរិយា  តច្ឆន្តិយេ  កាលេវរា  វរំវិជ្ជា  បុញ្ញោមិត្តំ ។  ព្យាធិបិន្ទ-  កាលេវរ-  មិត្តោសថំ  មរណកាល  ធម្មេវរំ  មិត្តនាថំ  បរលោកេ ។

ធម៌ថាឋានឋិត  បើបានបាំងបិទ  ជុំជិតគេហេ  រីភរិយាយំ  មិត្តំពន្ធេ  ជាមិត្រវរេ  វរំឧត្តមោ ។  កាលបើណាបាន  ចរចេញចាកឋាន  ទៅទូរតោ  អង្គអនាថំ  មិត្តំបុញ្ញោ  វិជ្ជាសដ្ឋោ  ជាមិត្តវរំ ។  កាលកើតអាពាធ  ជារោគរូបព្យាធិ៍  បិន្ទារូបំ  បៀតបៀនទល់ទុក្ខ  ពុំសុខកាយំ  ឯឱសថំ  ជាមិត្រអាត្មា ។  កាលខ្លួនមរណ៍ទៅ  លះលែងលំនៅ  ភូមិភពមនុស្សា  មានតែព្រះធម៌  សម្មាថ្លៃថ្លា  ជាមិត្រស្នេហា  ពំនាក់រូបោ ។

១៤- អហពស្សា  សតំទានា  សហស្សបុណ្ណោ  ចសង្រ្កាន្តំ  សតំសហេស្សោ  រាហុចន្ទោ  ចអនន្តំ ។

លោកថាឱ្យទាន  ថ្ងៃពុំសីលបាន  ផលរយកម្លាំង  ឱ្យទានថ្ងៃពេញ  បុណ្ណមីយំ  សហសហសគុណំ  បានបរិបូណ៌បុណ្យ ។  ថ្ងៃមហាសង្ក្រាន្ត  ឱ្យទានសោតបាន  ផលមួយសែនគុណ  ថ្ងៃគ្រោះបើបាន  ឱ្យទានទ្រព្យធន  បានមួយអនន្ត-  គុណផលសេដ្ឋំ ។

១៥- បស្សសលា  សរោរសា  វាទិសច្ចំ  តស្សសរោ  រសោវរំ  និតុរិយំ  រសោតាលា ។

មលាចាបេ  រសោភវេ  ធនុសង្កា-  មចររសោ  កាមយោបន្ធា  រសោអាហា-  រសរសោ ។  នាកាវិនិ-  ច្ឆយកវិ  រសោធម្ម  តិលោកានំ  វរំសេដ្ឋោ  អាចរិយោ  បកាសិតា ។  រីរសក្រសាល  ត្រអាលខ្ញៀវខ្ញារ  សាន្តសោមនស្សា  ពុំស្មើឥតទុក្ខ  សាន្តសុខចិន្ដា  រីរសវាចា  ពុំស្មើពាក្យសត្យ ។  សូរភ្លេងដទៃ  ពុំស្មើស្រឡៃ  ឮលេចឡើងខ្ចាត់  រសអកុសល  អំពល់បាបបាត់  មិនក្រៃអ្នកកាត់  ស្រឡាញ់បាបបាន ។  រសឯចម្បាំង  សឹកសោតតតាំង  គ្រឿងគ្រប់ប្រុងប្រាណ  ពុំស្មើធ្នូជ័យ  វាតវៃបាញ់បាន  រសកាមាមាន  មិត្រមូលវាស្នា ។  មិនក្រៃនឹងភ្លោះ  ក្រមុំកាន់កោះ  កួចកើតកាមា  ឯអស់អាហារ  ត្រកាលឱជា-  រសរែងពិសា  មិនក្រៃនឹងឃ្លាន ។  រីរសបង្គាប់  សេចក្ដីប្រៀបប្រាប់  ពុំស្មើអ្នកមាន  ប្រាជ្ញាឈ្លាសវៃ  រសត្រៃភពឋាន  ប្រសើរសោតមាន  តែព្រះធម្មា ។

១៦- ជានាសយេ  ភជាពន្ធេ  វមិភយា  កមេអប្ប-  ទសតថា  មិត្តទារា  វិភវខ្យេ ។

ចង់ដឹងពុតអា-  មាត្យគាល់ក្សត្រា  ជាម្ចាស់សិរេ  ចេញអង្គុយគាល់  ផ្ទាប់ផ្ទាល់វេះវេ  ដឹងចិត្តញាតិប្រែ  កាលកើតភ័យខ្មី ។  ទោះនូវចង់ជាក់  ដឹងចិត្តក្លើម្រាក់  សម្លាញ់ភ្ងាប្រិយ  កាលកើតកម្មកល  ដូចដល់មានក្ដី  ចង់ដឹងពុតស្រី  កាលថ្លោះទ្រព្យា ។

១៧- យោចពាលោ  ឥត្ថីធុត្តោ  អក្ខសុរា-  ធុត្តោធនំ  លទ្ធំវិនា-  សេតិបរា-  ភវតោមុខំ ។

នាអ្នកខ្លៅល្ងង់  វង្វេងចិត្តចង់  ស្រឡាញ់ល្បែងខ្លាំង  ល្បែងស្រីល្បែង​ស្រា  បៀបាស្កាតាំង  ធនធានតំណាំង  ស្រើបស្រាលពុំធ្ងន់ ។  អ្នកនោះនឹងមាន  ភ័យភិតព្រួយប្រាណ  ដំនៀលអង្គអ-  ន្តរធានខ្ចាត់ខ្ចាយ  ខូចខាតទ្រព្យធន  ទល់ទុក្ខទុក្ខទុរន់  លុះបរលោកំ ។

១៨- យោរូបយោ-  ព្វនសម្បន្នោ  វិសាសលកុលំ  សុសម្ភវា  វិជ្ជាហីនំ  នត្ថិកន្ធំ  តវកីសុកា ។

អាថ៌អធិប្បាយ  បន្លែស្រេចស្រាយ  បាទបាលីថា  អ្នកណាមួយមាន  សន្តានថ្លៃថ្លា  រូបរាងសោភា  សុភាពរាបសា ។  បើឥតចំណេះ  ប្រាជ្ញាពុំចេះ  សិល្បសាស្ត្រវោហារ  ពុំពេញជាមនុស្ស  ទុយ៌សឥតការ  ដូចកល់ផ្កាចារ  ឯងឥតគន្ធំ ។

១៩- ឥត្ថីធនោ  រូបំបុរិសោ  ធនកុលំ  សប្បោនាម  ពលវិសំ  រាជានាមំ  ធនពលោ ។

ពាក្យពិតធម៌ថា  ស្រីយករូបជា  ទ្រព្យអង្គអគ្គោ  ប្រុសយកទ្រព្យា  ជាក់ជាវង្សោ  វង្សាវរោ  ត្រកូលថ្លៃថ្លា ។  ពស់ពាលសាមារ  យកពិសប្រហារ  ជាតជាពលា  ក្សត្រាយកទ្រព្យ  ប្រដាប់ឱ្យជា  រង្វាន់យោធា  ជាតជាកម្លាំង ។

២០-នារិតុនេ  ចតុលោកេ  ចសុជាកំ  សុវចនៈ  រក្ខធនំ  បតិរក្ខំ  តហទេវា ។

លោកថាបើស្រី  ណាចេះផ្គាប់ប្ដី  ចេះរៀបបណ្ណា-  ការស្លដណ្ដាំ  ភ្លាញាំសាច់សា  កបកើតឱជា-  រសរក្សាប្ដី ។  រៀបរាប់រក្សា  ធនធានទ្រព្យា-  ករកបសម្ដី  មិនឱ្យមានអាក់  អន់បាក់ចិត្តប្ដី  ប្រសើរជាស្រី  ស្មោះស្មើទេព្ដា ។

២១- យោបុត្តលោ  លជ្ជិរញ្ញោ  កុតោយសា  លជ្ជិតុរូ  កុតោបញ្ញា  លជ្ជិករិយា  កុតោបុត្តី ។

បទបន្លែថា  នរូអ្នកណា  ច្រអូសអប្រិយ  ខ្ជិលផ្គាប់ព្រះមហា-  ក្សត្រាធិបតី  បានបុណ្យបទអ្វី  អ័ប្បអង្គអាស្រូវ ។  រីសិស្សតំអឹង  ចិត្តចោររែងរឹង  ខ្ជេញខ្ជិលនឹងគ្រូ  នឹងបានពីណា  ប្រាជ្ញាមូទូ  អ័ប្បអង្គឯនូវ  អសារសូន្យសោះ ។  មួយថាស្វាមី  បើចិត្តខ្មាសស្រី  អន់អៀនពុំស្មោះ  ខ្ជិលពុំស្នេហា  ចិន្ដាកាន់កោះ  តើនឹងមានមោះ  កូនកើតនឹងអ្វី ។

២២- អសន្តោសោ  យតិនដ្ឋោ  មហិបតី  សន្តុដ្ឋោសៈ  លជ្ជាតណី-  កានលជ្ជី  កុលំនរា ។

និទានបន្លែ  បាលីថាឯ  ភិក្ខុឯណា  មួយមិនសន្ដោស  ទោសទុក្ខពុំជា  ប្រយោជន៍អង្គអា-  សារសូន្យសល់ ។  មួយនីក្សត្រា-  ធិរាជចេស្ដា  រក្សរាស្ត្រមណ្ឌល  បើមានសន្ដោស  ទុក្ខទោសអំពល់  អំពីពុំស្កល់  រាជរម្យរដ្ឋា ។  មួយស្រីផ្កាមាស  បើមានចិត្តខ្មាស  ពេកពុំបានជា  ប្រយោជន៍នៃប្រាណ  ពុំបានទ្រព្យា  អង្គឥតអ្នកណា  ចូលចង់អង្គប្រាណ ។  មួយនីអ្នកណា  មួយមានពង្សា  ត្រកូលសន្ដាន  បើមិនមានខ្មាស  ពព្លាសឈ្លានពាន  អ្នកនោះនឹងមាន  ប្រយោជន៍ពីអ្វី ។

២៣- ធនសាធូនំ  អប្បម្បិតំ  កូបវារី-  វនិក្ខយំ  បហុតតម្បី  សាធុវារី-  វអន្វេខ្យំ ។

លោកថាធនធាន  ទ្រព្យនៃអ្នកមាន  សប្បុរសសេដ្ឋំ  ទោះតិចក្ដីណា  ហេតុសទ្ធាខ្លាំង  ចែកជាទានំ  ឱ្យដល់អ្នកផង ។  នេះនូវគួរនា  ដូចកល់គង្គា  អណ្ដូងគេដង  ពិតពុំហែងហួត  រីងស្ងួតឡើយហោង  នៃនរអ្នកផង  អាស្រ័យសឹងបាន ។  រីទ្រព្យរបស់  អ្នកឥតសប្បុរស  ទោះច្រើនប៉ុន្មាន  ទ្រព្យនោះសឹងក្ស័យ  អាស្រ័យពុំបាន  ហេតុពុំឱ្យទាន  ធ្វើបុណ្យឡើងនៃ ។  នេះនូវគួរនា  ដូចកល់ទឹកមហា-  សមុទ្ទសោតប្រៃ  សឹងសូន្យអសារ  ឥតការពេកក្រៃ  ឥតអ្នកអាស្រ័យ  បានបរិភោគ ។

២៤- កក្កដានំ  នត្ថិសិរំ  សប្បាជាទា  នគច្ឆន្តិ  កុក្កុដថនា  នត្ថិនរមា-  វមញ្ញីមតី ។

ពាក្យពិតឧបមា  ក្ដាមឥតក្បាលវា-  ចេះដើររកស៊ី  ពស់សោតឥតជើង  ចេះឡើងឈើខ្មី  មាន់ជាបក្សី  សត្វសោតគ្មានដោះ ។  ចិញ្ចឹមកូនបាន  រស់រូបមិនមាន  ក្សិណក្ស័យសូន្យសោះ  មនុស្សផងទាំងឡាយ  កុំមើលងាយស្មោះ  ដ្បិតមានបុណ្យនោះ  ពុំយល់កំបាំង ។

២៥- និវតិក្ខោ  វជាវកោ  តិក្ខោទិវំ  ទុវចនា  មហាតិក្ខំ  ទិវជាវកំ  មហាតិក្ខា ។

លោកថារីព្រះ  សូរ្យសែងរឿងរះ  កណ្ដាលវេហាស៍  ក្ដៅក្ដាត់ចំហាយ  សូរ្យាយមហិមា  មោះពុំស្មើនា  កម្ដៅអគ្គី ។  នាអ្នកកាន់កាច  ពោលពាក្យកំណាច  ពិតពុំមេត្រី  នោះក្ដៅក្រៃលែង  សូរ្យសែងរង្សី  ក្រៃលែងអគ្គី  ក្ដៅក្ដាត់មហិមា ។

២៦- មធុសុណិ  ជាលបក្ខិ-  កសុណិជ្ជា-  លាពុទ្ធេសៈ  សុណិសាស្រ្តា  ចចន្ទិមា  សុណិបុណ្ណមី ។

លោកថារីឃ្មុំ  ខ្មីឃ្មាតខិតខំ  យកកេសរភ្ញី  តែម្ង៉ៃតើបាន  ប៉ុន្មានមួយនី  ចាបជាបក្សី  សត្វសោតចង់បាន ។  ខិតខំរកធ្វើ  សម្បុកម្ង៉ៃតើ  បានច្រើនប៉ុន្មាន  នេះដូចអ្នកណា  ប្រាជ្ញាញេយ្យញាណ  រៀនខំឱ្យបាន  ចេះតែមួយថ្ងៃ ។  តើបានប៉ុន្មាន  ហេតុនោះឱ្យមាន  ការព្យាយាមនៃ  ដូចកល់ព្រះចន្ទ្រ  សោភ័ណថ្លាថ្លៃ  ទើបកើតតែម្ង៉ៃ  តើពេញបុណ្ណមី ។

២៧- ទិសេនត្ថិ  តិរិវមិ  ខិតំតិរី  នាមទិសេ  និត្ថិកវី  កកាកិកី  ចបណ្ឌិតា ។

លោកថាទីឋាន  ណាមួយមិនមាន  ភ្នំធំឡើយណា  មានតែដំបូក  សោតលោកហៅថា  ភ្នំវិញប្រុះប្រា-  កដកបសឹងបាន ។  មួយនីលោកថា  ប្រទេសឯណា  សូន្យសោះមិនមាន  អ្នកប្រាជ្ញបណ្ឌិត  គន់គិតរិះធ្យាន  ប្រុងប្រែពុំបាន  បាលីគាថា ។  មានតែអ្នកខ្លៅ  ពិតពុំចេះជ្រៅ  អប្បឥតប្រាជ្ញា  ជួជាតិតែឡែ[១]  ចេះតែកកា  កិកីហៅថា  អ្នកប្រាជ្ញបានខ្ញី ។

២៨- យំកុទេស  កុច្ឆិមជំ  ពន្ធកុច្ឆី  តំកុទារៈ  កុច្ឆភូមី  ទូរេបេរិ-  វិវជ្ជយេ ។

បទបន្លែថា  ប្រទេសឯណា  កាចកលរិះរេ  មួយបើមនុស្សកាច  កំណាចវៀចវេរ  មួយញាតិផងប្រែ  ចិត្តកាចកិច្ចកល ។  មួយបើភរិយា  កាចកិច្ចកើតជា  កំហឹងកំហល់  មួយស្ដេចកំណាច  កាន់កាចឥតកល  លោកពុំឱ្យយល់  ចៀសឱ្យទូរគោ[២] ។

២៩- បព្វតោភា-  រោចតុសា-  តរភារោ  មិត្តទុព្ភា  ភារាគតោ  វិយន្តកោ  បញ្ចានន្តំ ។

លោកថារីភ្នំ  ចិញ្ចែងធារធំ  ក្រាស់ក្រៃទៀងទាំង  មហាសមុទ្រ  បួនគម្ភិរំ  ធ្ងន់ឥតឧបមំ  ឧបមេយ្យឡើយណា ។  រីអ្នកទ្រុស្តមិត្ត  សម្លាញ់ស្នេហ៍ស្និទ្ធ  ធ្ងន់ក្រៃលែងសា-  គរគម្ពីររឹង  ក្រៃនឹងបព្វតា  ស្មើនឹងបញ្ចា-  នន្តរិកោ ។

៣០- បឋវីស-  ព្វានភារៈ  ជលវហោ  នភារានៈ  យេចសិស្សោ  គុរុទេហា  តរោការា ។

នេះលោកស្រដី  ថាប្រឹថពី  កម្រាសគណនា  ពីរសែនយោជន៍ថួន  ប្លាយបួនហ្មឺនជា  ទម្ងន់លោកថា  ពុំធ្ងន់ឡើយនៃ ។  រីទឹកនព្វមហា-  សមុទ្រគណនា  ជម្រៅជ្រៅក្រៃ  ប្រាំបីហ្មឺនស្បាន់  បួនពាន់យោជន៍នៃ  លោកឧបមេយ្យ  ថាស្រាលវិញណា ។  រីសិស្សកំណាច  ចិត្តចោរកៀចកាច  ទ្រុស្តគ្រូអាត្មា  បាបធ្ងន់ក្រាស់ក្រៃ  លែងនៃក្រឡា  បឋវីសា-  គរគម្ភីរំ ។

៣១- បតិមាយេ  នេវកុព្វេ-  ថវិសាសំ  ខលោឥវ  សប្បុរក្ខំ  ចិរកាលំ  វទុស្សតេ ។

នរូអ្នកណា  មួយមានប្រាជ្ញា  គិតគាប់ថួនថែ  គួរកុំបីភប់  ប្រសព្វស្នាលស្នេហ៍  ស្និទ្ធទុកចិត្តឯ  មិត្រកាចកម្លៅ ។  គួរនាដូចឯ  ពស់ពិសកាចគេ  រក្សាលង់ទៅ  ខឹងខាំម្ចាស់ឯង  ឥតក្រែងរាក់ជ្រៅ  ហេតុដ្បិតកម្លៅ  កម្លាំងមោហោ ។

៣២- ចន្ទបុណ្ណ-  មិយោឯកៈ  សសិរាត្រោ  កិលាសភាខ្យំ  សិលម្ភកាមោ  ទាត្រសរោ  សុរេសេនា ។  តជេន្ទស្សៈ  លង្ការុទ្ធៈ-  រេសចេស្តា  ឥត្ថីសោឡ-  សវសិរោ-  តិសុភរនា  សយោបុត្តំ ។

លោកថារីព្រះ  ចន្ទចែងរឿងរះ  ពេញបុណ្ណមិយំ  ពុំល្អប្រពៃ  ស្មើថ្ងៃឯកំ  មិតិត្ថិយំ  មួយរោចឡើយហោង ។  មួយនីនៃអ្នក  ចេះសិល្ប៍សិទ្ធសក្ដិ  គាថាមន្តផង  បើពុំចាំមាត់  ស្ទើរស្ទាត់ជាម្ដង  ពុំប្រសើរហោង  ជាចេះឡើយណា ។  រីអ្នកទាហាន  សេនាថ្កើងថ្កាន  សាហ័សក្លៀវក្លា  បើគ្មានថ្វីដៃ  ឥតជ័យចេស្ដា  ពុំរាប់ហៅថា  ទាហានឡើយនៃ ។  មួយសោតគជសារ  ធាត់ធំឧទារ  ខ្លោះខ្លាំងនិរភ័យ  បើបានចូលសឹក  ពន្លឹកជាញជ័យ  រែងមានតេជជ័យ  ទើបប្រសើរហោង ។  មួយសោតលោកណា  ស្រីមានរូបា  សោឡសឆ្នាំងផង  ពុំហៅល្អល្អះ  ត្រចះហ្មត់ហ្មង  លុះមានកូនម្ដង  សុសោភតេ[៣] ។

៣៣- មណ្ឌុកោសំ-  របទុមំ  បុច្ឆគន្ធេ  អលិប្បភូ-  មរោទូរេ  បុប្ផគន្ធេ  នលិប្បតិ ។

ពាក្យពិតលោកថា  កង្កែបឯងអា-  សារសូន្យអប្រិយ  នែបនិត្យនៅនា  បទុមាស្រះស្រី  ពុំត្រឹបត្រង់វី-  សេសសុគន្ធ ។  រីឯកន្លង់  នៅឆ្ងាយត្រាច់ត្រង់  ត្រឹបត្រងកេសរ  លម្អងបុប្ផា  បទុមាឈូកឈរ  ក្លិនបុប្ផាភរ-  ភាយផាត់គន្ធា ។

៣៤- ពហុសេលំ  ចបព្វតំ  មណិជាតា  ចទុល្លកោ  មហាទុល្លកា  អរញ្ញវនា  ពហុរុក្ខោ ។  ចន្ទជាតា  ចទុល្លកា  មហាទុល្លកោ  នតរេច  ពហុនរោ  សប្បុរិសោ  ចទុល្លកា ។

លោកថាថ្មដុំ  ដេរដាសដោយភ្នំ  ច្រើនឥតគណនា  មោះនឹងរើសរក  កម្របានជា  មណីរត្នថ្លៃថ្លា  ក្រៃក្រនឹងមាន ។  មួយសោតរីឈើ  ច្រើនពណ៌អន្លើ  ដុះដោយសព្វឋាន  សុសសព្វឈូងឆក  រិះរកក្របាន  ជាខ្លឹមចន្ទន៍មាន  តម្លៃឡើយហោង ។  រីឯនគរ  មនុស្សផងវឹកវរ  ច្រើនក្រៃកន្លង  ក្រនឹងមានមនុស្ស  សប្បុរសស្នេហ៍ស្នង  ខ្លួនខ្លាចបាបផង  ក្រមានឯងឯ ។

៣៥- សិរឹបញ្ច  ហត្ថំអស្ស  ទសហត្ថេរ  សតហត្ថំ  តជំនាមេ  ចទស្សតេ  ពិទូរជនា ។

សត្វណាមានស្នែង  លោកឱ្យគិតក្រែង  ចៀសចេញវាងវា  បានប្រាំហត្ថគត់  កំណត់ធម៌ជា  កុំចរយាត្រា  ទៅទៀបឡើយហោង ។  រីសេះសោតណា  ឱ្យចៀសវាងវា  ដប់ហត្ថជាម្ដង  រីគជសារ  ឧទារទ្រើសឃ្នង  ឱ្យចៀសរំលង  ចេញបានរយហត្ថ ។  នាអ្នកទុជ៌ន  ជួជាតិអង្គអ-  ន្ធពាលអស្សត្យ  លោកឱ្យលះលាក  ចៀសចាកចេញថ្វាត់  រើផ្ទះខ្ចាត់ខ្ចាយ  រកភូមិទៀតខ្មី ។

៣៦- មាតាកិសកោ  ទ្វារងាលា  ហុតោលិក្ខី-  តោពាណិជ្ជា  មហាសេដ្ឋី  រាជវសី-  កោនិច្ឆយោ ។  រាជាសេនំ  សមណតុណំ  កវតុរ្វ  វិរុទ្ធនៈ-  ករោងោសោ  ឥមជនោ  មិត្តំវឌ្ឍតី ។

ធម៌នេះលោកថា  ឱ្យអ្នកផងជា  មិត្រមានមេត្រី  អ្នកប្រាំដណ្ដប់  ឱ្យគ្រប់កុំបី  ចងចិត្តជាក្ដី  ប្រមាទឡើយណា ។  មួយម្ដាយមួយគឺ  ពេទ្យមើលជំងឺ  មួយគឺហោរា  មួយគឺអ្នកកត់  កំណត់ត្រួតត្រា  មួយអ្នកទ្វារមហា-  ក្សត្រាធិបតី ។  មួយគឺអ្នកនាយ  សំពៅទាំងឡាយ  មួយគឺសេដ្ឋី  មួយគឺសុភា  ពិចារណាក្ដី  មួយគឺមន្ត្រី  អង្គអគ្គសេនា ។  មួយគឺព្រះវង្ស  មួយនីគឺអង្គ  ព្រះមហាក្សត្រា  មួយគឺអ្នកបួស  ទ្រង់ផ្នួសចរិយា  មួយអ្នកឯណា  មានគុណស្ងួនគ្រង ។  មួយគឺអ្នកប្រាជ្ញ  បណ្ឌិតឯងអាច  ចេះធម៌អាថ៌ផង  មួយគឺអ្នកជា  គ្រូអាត្មាហោង  គិតគួរកុំចង  ចិត្តជាទោសំ ។

៣៧- សត្តពិន្ទឱរៈ-  លស្មាសត្តមៈ-  តាលបតាលំ  ចន្ទកុលេ  រវេជាតំ  និរធនំ  នបស្សតី ។

ទោះអ្នកឯណា  ទំហំអង្គា  ប្រាំពីរដំរី  កម្ពស់សុរិល  ប្រាំពីរត្នោតក្ដី  រូបរាងឥន្រ្ទិយ  ធាត់ធំមហិមា ។  សន្ដានអម្បូរ  ជាមួយព្រះសូរ្យ  និងព្រះចន្រ្ទា  ថាបើពុំមាន  ធនធានទ្រព្យា  អង្គឥតអ្នកណា  មួយនឹងយល់ឡើយ ។  លោកិយប្រធាន  ប្រសើរសោតមាន  តែទ្រព្យជាត្រើយ[៤]  ជាញាតិជាមិត្រ  ស្នេហ៍ស្និទ្ធឯងហើយ  ឥតអ្វីទៀតឡើយ  ទ្រព្យជានាថោ ។  ៣៨- យស្សរុក្ខិ  ឆាយាយនិ-  សីទយវា  សយយតនៈ  តស្សសាខា  កញ្ជយវា  មិត្តទុព្ភោ ។  នរូព្រឹក្សា  មួយមានសាខា  ស្លោមស្លឹករុក្ខោ  ទោះអ្នកឯណា  ចិន្ដាមោហោ  មោហៈពាលោ  ពាលពន់វិស័យ ។  ចូលចតសម្នាក់  អាស្រ័យពឹងពាក់  ក្រោមម្លប់ព្រឹក្សព្រៃ  នោះហើយមានចិត្ត  គំនិតកាចក្រៃ  កាន់កាច់កាប់នៃ  ស្លោមស្លឹកសាខា ។  លោកហៅទ្រឹស្ដិទ្រុះ  មិត្រមានបាបលុះ  បទចិត្តមោហា  ធ្លាក់ទៅនរក  អាក្រក់ឈឺផ្សា  ខ្លោចខ្លួននៅនា  ភូមិភ័យនិរយំ ។

៤០- យោចជនោ  អរក្ខិតោ  មហិចេកំ  តយោតវា  ឆសុនខំ  សត្តអស្សំ  បញ្ចមជ្ជារា ។  អដ្ឋកុញ្ជៈ  រាទ្វេកេសៈ  រាទ្វេអាវុធា    ទ្វេករិយាយំ  អវមង្គលា  ភយំអសា-    ធុកំជនេ ។

ពាក្យនេះលោកថា  ពុំឱ្យរក្សា  នូវក្របីតែ  មួយមានចង្រៃ  ទុក្ខភ័យឯងឯ  គោ៣សោតគេ  ពុំឱ្យរក្សា ។  ឆ្មា៥នូវឆ្កែ  ប្រាំមួយឯងឯ  សេះប្រាំពីរណា  ដំរីប្រាំបី  អប្រីយ៍សា  ចុងសក់បែកជា  ពីរពុំប្រពៃ ។  ប្រពន្ធពីរណា  ដាវពីរពុំជា  សោតសឹងចង្រៃ  អពមង្គល  អំពល់ទុក្ខភ័យ  ពិតពុំប្រពៃ  នៃអ្នកនោះណា ។

៤១- នកត្តឃៈ  កន្តំឯវៈ  ហង្សកាកា  ភាសំឯវៈ  ចកោកិលា  មណ្ឌូធវិកា  ឯវសីហោ ។

ធារធម៌វិសាល  វិសេសបរិបាល  បរមត្ថសេដ្ឋោ  កណ្ដូបគន់គិត  គំនិតអសោ  ចិត្តមោះមោហា  ហេតុតិរច្ឆាន ។  កាលណាលោតទៅ  ទំលើចុងស្មៅ  ហើយអួតឯប្រាណ  ដំណើរអញណា  ដូចមហាហង្សបាន  ឥតនឹងហង្សមាន  អញតាងបានហោង ។  ក្អែកសោតកាលវា  ហើរទៅទំនា  ចុងបង្គោលផង  អួតសំឡេងថា  ឥតតាវៅហោង  មានអង្គអញស្នង  តាវៅបក្សី ។  កង្កែបកាលណា  ចេញពីរន្ធវា  យំហើយគិតខ្មី  អួតអង្គឯងអាច  ដូចរាជសីហ៍  ចរចេញអំពី  គុហាសុវណ្ណ ។

៤២- ទលិទ្ទសៈ  ជនំមរៈ  ទូភាកា  ក្សត្រីអវិ  ព្យាបណ្ឌិតា  អាចរិយា  សច្ចំមរណំ ។

ពាក្យពិតសារសត្យ  សារសច្ចបរមត្ថ  បរមសេដ្ឋំ  អ្នកណាពុំមាន  ធនធានទ្រព្យ[៥]  ទុកស្មើមរណំ  រស់ឥតរូបឥតការ ។  ក្សត្រីបើមាន  ដំនៀលដល់ប្រាណ  សោតសឹងអសារ  អសោចអាសៅ  លោកហៅស្រើបស្រាល  សូន្យសោះឥតការ  ឥតកេរ្តិ៍ស្មើស្លាប់ ។  មួយនាអ្នកប្រាជ្ញ  បណ្ឌិតឯងអាច  ពុំឈ្លាសវៃឆាប់  អង្គឥតប្រាជ្ញា  លោកថាស្មើស្លាប់  សោតសឹងឱនអាប់  អង្គឯងនោះនៃ ។  មួយអង្គអាចារ្យ  ឥតសព្ទឥតសារ  ឥតសិល្បសាស្ត្រសៃយ  ឥតមានពាក្យសត្យ  ភ្លាំងភា្លត់ហឫទ័យ  ស្មោះស្មើក្សិណក្ស័យ  ដ្បិតចិត្តមោហោ ។

៤៣- យោសុនខំ  ឌំសេងាទំ  សាយស្សសោ  នឌំសេងា-  ទំសុនខោ  ចបណ្ឌិតោ  នាលំកុជ្ឈតី ។

ពាក្យពិតឧបមា  រីឆ្កែសោតសា-  ហាវហានអប្រីយិ៍  ខឹងខាំបាទា  អ្នកណាមួយក្ដី  អ្នកនោះទោះបី  ខឹងដល់ប៉ុន្មាន ។  ពុំដែលនឹងប្រែ  វិលខាំជើងឆ្កែ  វិញពុំដែលមាន  នេះដូចអ្នកប្រាជ្ញ  ឯងអាចញេយ្យញាណ  ពុំដែលខឹងថ្កាន  តបអ្នកពាលោ ។

៤៤- ឯកបក្ខា  មហារាជា  ឯកកាមោ  ទេវីមហន្តំ  ឯកំយសោ  នានុវត្តយោ  មហាសុខា ។

លោកថាមហាក្សត្រ  សោយរាជសម្បត្តិ  រក្សរាស្ត្ររដ្ឋា  កុំមានហឫទ័យ  អាល័យស្នេហា  ស្រឡាញ់ករុណា  តែអ្នកមួយឡើយ ។  រីរាជជាយា  អង្គអគ្គមហា  មហេសីហើយ  កុំមានចំណង់  ចិត្តចង់ច្រើនឡើយ  ដ្បិតក្សត្រត្រាណត្រើយ  ឥសូរសិរសី ។  មួយសោតអ្នកណា  មួយនឹងចង់ជា  ឯកអគ្គមន្ត្រី  កុំឱ្យសរសើរ  ដំណើរពិតពី  ស្រីសុខសួស្ដី  អង្គឯងប្រាកដ ។  ប្រកបប្រុងប្រែ  ស្រង់ស្រាយបានសែ  សិបបួនជាបទ កាកកាព្យដោយអាថ៌  ធារធម៌កំណត់  ទើបចង់ជាបទ  ព្រហ្មៈគីតិថា ៖

៤៥- និនិនិវាបិ  រដ្ឋេវិរាជិកា  នារីវិវត្ថោ  បរុក្ខាពនាលិ ។  រុក្ខោវិប្បតោ  ចនសោកភត្តេនិ  ខីរធេនុវិ  សុភាសិតកថា ។

លោកថារីស្រះស្ងួត  រីងហែងហួតឥតគង្គា  នគរឥតក្សត្រា  ស្រីឥតស្បៃដណ្ដប់ប្រាណ ។  រីព្រៃសោតថាបើ  មិនមានឈើដុះដោយដាន  ឈើសោតបើពុំមាន  សន្លឹកឡើយសឹងសូន្យសោះ ។  មេគោសោតឥតក្សីរ  ក្សិណនេសនីរនៃទឹកដោះ  រីពាក្យពុំពីរោះ  សឹងសូន្យសោះពុំសេដ្ឋោ ។

៤៦- យោធម្មសីលា  ជិតមានទោសា  វិធ្យាវិនិតោ  នបរោបតិ ។  សទារតុដ្ឋា  បរទារវជ្ជិ  កយានិកិញ្ចិ  នត្ថិតសលោកំ ។

នរូអ្នកឯណា  ចិត្តចិន្តាដោយធម្មំ  សីលោរក្ខិតំ  រក្សាសីលពុំដែលដាច់ ។  កំហឹងខឹងមានះ  លែងលាកលះបរិបូណ៌ស្រេច  រួសរិះរៀនសូត្រសេច  ធម៌ពិនិត្យពិនិស្ច័យ ។  ប្រាជ្ញាជ្រាបជ្រះជ្រៅ  មិនកម្ដៅអ្នកដទៃ  វៀរបរទារការនៃ  ត្រេកអរនូវបុត្រភរិយា ។  ឯងឯអស់អំពល់  ពិតពុំដល់ជិតអង្គា  អ្នកនោះលោកិយគ្រា  នេះនីរនេសភិតភ័យខ្លាំង ។

៤៧- បក្ខិមររុក្ខោ  ពាណិជ្ជោមរនោវំ  ភិក្ខុមរសីលំ  រាជាមរសង្កាមា ។

លោកថាសត្វបក្សី  សោតទោះបីនឹងមរណា  លុះលើមែករុក្ខា  ទើបប្រសើរជាបក្សី ។  រីឈ្មួញសោតមរណា  លើភេត្រាត្រាច់ជលធី  ភិក្ខុទ្រង់សីលវី-  សេសសោតមរក្នុងសីលសង្ឃ ។  ព្រះមហាក្សត្រាធិរាជ  ទ្រង់អំណាចមរណាក្នុង  សង្គ្រាមជ័យទ្រើសទ្រង់  កេរ្តិ៍ប្រសើរជាក្សត្រា ។

៤៨- យោចបុត្តលោ  ទុជ្ជនោទោសំមា-  នាយទុត្តន្ធា-  និឥវសូករោ ។  សុជនោគុណៈ  សង្គហយហង្សោ  ខីរបិវម្ភតោ  សប្បុរិសសេដ្ឋោ ។

អ្នកកាចកាន់យកទោស  ពុំសន្ដោសលោកគួរនា  ដូចជ្រូកឈ្លូសយកអា-  សោចសឹងល្មក់ទុគ្គន្ធំ[៦] ។  រីអ្នកសប្បុរស  លោកចោលអស់ទាំងទោសំ  ប្រមូលយកគុណំ  ដូចហង្សចង់ក្សីរភោក្ដា[៧] ។

៤៩- សសេសសេល  ភេធនភរិយា  ញាតិសសេសា  សេលភេជដ្ឋកោ ។

នាអ្នកមួយធ្លាប់មាន  ទ្រព្យបើបានបង់ធនោ[៨]  ចិន្តេសិកសមោ  ចិត្តចង់បានដូចដែលវិញ ។  មួយធ្លាប់មានភរិយា  ស្និទ្ធស្នេហាដោយស្រឡាញ់  បើស្លាប់ភរិយាមិញ  ចង់យកភរិយាទៀតណា ។  អ្នកមួយធ្លាប់មានញាតិ  បើឃ្លាឃ្លាតព្រាត់ប្រាស់គ្នា  ចិត្តចង់រកអ្នកណា  សប្បុរសជាញាតិផង ។  អ្នកមួយធ្លាប់ជាធំ  បើថ្លោះអំពីយសផ្គង  រីចិត្តអ្នកនោះហោង  នៅធំដូចអតីតំ[៩] ។

៥០- កដ្ឋកម្មំពៈ  មរភូមឧទកំ  ឧជូសនច្ចំ  វាចាកម្មំសាស្រ្តា ។

លោកថាឈើណាមូល  ពុំទាន់ចូលព្រមរណា  នោះអ្នកប្រាជ្ញលោកថា  ពុំទាន់ហៅជាមូលមាន ។  ភូមិណាមួយបើរាប  ចាំងច្រាសប្រាបទួលទីឋាន  ពុំទាន់ស្ទង់ទឹកបាន  លោកពុំហៅជារាបឡើយ ។  ឈើត្រង់សោតបើពុំ  ទាន់ផ្ទាត់តម្រង់ជាត្រើយ  ពុំទាន់ហៅត្រង់ឡើយ  លុះផ្ទាត់ទើបហៅត្រង់ហោង ។  អ្នកណាមួយស្រដី  មានបាលីគាថាផង  លោកឱ្យជឿជាម្ដង  កុំសន្ទិះចិត្តចិន្ដា ។

៥១- ឥមេកាព្យាហិ  ករោមិចសុភា-  សិតំហិកាថា  បញ្ញាសនិដ្ឋិតំ ។  ឥមិនាតរជេ  នបុញ្ញេកុសលំ  យាវនិព្វានំ  បច្ចយោហោតុមេ ។

(ចប់)
  • [១]– ប៉ោឡែ, ក្រឡែក្រឡ ។
  • [២] – ឱ្យឆ្ងាយ ។
  • [៣] – រឹងរឹតតែល្អឡើង, ល្អជាងក្រមុំ ។
  • [៤] – ទ្រព្យដែលបានមកដោយសុចរិត ឬ អរិយទ្រព្យទាំង ៧ មានសទ្ធាជាដើម ទើបមានឈ្មោះថាទ្រព្យប្រសើរ ។
  • [៥] – លោកសំដៅយកអរិយទ្រព្យទាំង ៧ មានសទ្ធា សីល ជាដើម ។
  • [៦] – មានក្លិនអាក្រក់, ស្អុយ ។
  • [៧] – ចង់ផឹកទឹកដោះ ។
  • [៨] – បង់ទ្រព្យ ។
  • [៩] – ដូចពីដើម ។   

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖