និទាន​វចនៈ​ – អាការ ១០ យ៉ាង និងហេតុ ​៥ ប្រការ

និទាន​វចនៈ​
ពាក្យ​លំនាំ​ជា​ហេតុ​ជា​ទី​តម្កល់​ខាង​ដើម​
ព្រះ​ពុទ្ធ​សករាជ​ ២៤៦៨
មហា​សករាជ​ ១៨៤៧ ចុល្លសករាជ ១២៨៧ គ្រិស្ត​សករាជ​
១៩២៦ បច្ចុប្បន្ន​ ឆ្នាំ​ឆ្លូវ​ សប្ដស័ក ។
ព្រះ​មហា​វិមល​ធម្ម​ ឧត្ដម​មេធាវី​មហា​បរិយត្តិ​ នាយក​
ចាងហ្វាង​សាលា​បាលី​ជាន់​ខ្ពស់ ។

យើង​សូម​ប្រកាស​សេចក្ដី​ពិត​របស់​យើង​ ដែល​យើង​បាន​ពិនិត្យ​ពិចារណា​មើល​ធម៌​វិន័យ​ ដែល​ជា​ព្រះ​ពុទ្ធ​វចនៈ​ដែល​មាន​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក​ដោយ​ច្រើន​ ហើយ​បាន​យល់​ឃើញ​ន័យ​ផ្សេង​ៗ​ចំពោះ​ខ្លួន​ ដល់​សាធុ​សប្បុរស​ទាំង​ឡាយ​ ដែល​ជា​អ្នក​ប្រតិបត្តិ​តាម​ពុទ្ធ​ឱវាទ​ប្រាកដ​ដើម្បី​សម្អាត​ចិត្ត​ឱ្យ​ស្អាត​ចាក​មន្ទិល​ គឺ​រាគា​ទិកិលេស​ទាំង​ពួង​ ហើយ​ប្រាថ្នា​នឹង​ឈោង​ចាប់​យក​លោកុត្តរ​ធម៌ ​ ជា​ធម៌​សម្រាប់​ធ្វើ​ឱ្យ​ផុត​ចាក​ទុក្ខ​ក្នុង​ខាង​មុខ ។

ហៃ​សាធុ​សប្បុរស​ទាំង​ឡាយ​សម័យ​នេះ​ ជា​សម័យ​ដ៏​ឧត្ដម​ប្រសើរ​ពេក​ណាស់​ ដោយ​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​នូវ​រាជ​ការ​ប្រូតិកតូរាត៍​ បារាំងសែស​ជា​ធំ​ ក៏​លោក​ជួយ​ឧបត្ថម្ភ​ទំនុកបម្រុង​ពេញ​ទី​ទាំង​គ្រឿង​រៀន​សូត្រ​ទៀត​ ក៏​មាន​បរិបូណ៌​គ្រប់​គ្រាន់​ឥត​មាន​ខ្វះ​ អ្នក​ប្រាជ្ញ​ចេះ​ដឹង​ក៏​មាន​ច្រើន​ វិជ្ជា​អ្វី​ដែល​កើត​ឡើង​ក្នុង​ជាន់​នេះ​ សុទ្ធ​តែ​វិសេស​សុទ្ធ​តែ​ប្រាកដ​ទាំង​អស់​ ព្រោះ​មាន​អ្នក​ប្រាជ្ញ​ក្នុង​ប្រទេស​អឺរ៉ុប​ដែល​ចេះ​ដឹង​ភាសា​បាលី​ព្រះ​ត្រៃ​បិដក​ នូវ​ភាសា​សំស្ក្រឹត​ដ៏​ចំណាប់​ៗ​ក៏​ច្រើន​ ហើយ​អាច​ទៅ​កមរក​គ្នា​បាន​ និង​ចង់​ផ្ទៀង​ផ្ទាត់​គម្ពីរ​បាលី​ធម៌​វិន័យ​ ទៅ​វិញ​ទៅ​មក​បាន​ដោយ​ងាយ​ លោក​អ្នក​ប្រាជ្ញ​ទាំង​នោះ​ មិន​មែន​ចេះ​ដឹង​តែ​ដោយ​សារ​មើល​គម្ពីរ​បាលី​ក្បួន​ខ្នាត​នោះ​ទេ​ គឺ​ចេះ​ដោយ​មាន​ព្យាយាម​បាន​ត្រាច់ចរ​ទៅ​មើល​ទី​កន្លែង​ ដែល​ជា​ដំណែល​ធ្លាប់​មាន​ព្រះ​ពុទ្ធ​សាសនា​ឯ​ណា​ៗ​គ្រប់​តំបន់​ទាំង​អស់​ តែ​មាន​ចន្លោះ​ដោយ​ជាក់​ច្បាស់​នឹង​ភ្នែក​ ដូច​ជា​កន្លែង​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ប្រ​សូត​ក្ដី​ ទ្រង់​ត្រាស់​ដឹង​នូវ​បរមាភិ​សម្ពោធិញ្ញាណ​ក្ដី​ ឬ​ទី​កន្លែង​ដែល​ព្រះ​ពុទ្ធ​ទ្រង់​យាង​ទៅ​កាន់​ទី​ណា​ៗ​ក្ដី​ ក៏​បាន​ឃើញ​ទាំង​អស់​ ហើយ​បាន​ទាំង​ថត​គូរ​ជា​គំរូ​ផែន​ទី​ យក​មក​ឱ្យ​ឃើញ​ដល់​ភ្នែក​យើង​រាល់​គ្នា​ផង​ នេះ​ជា​ការ​ពិត​ណាស់​ គួរ​ឱ្យ​សាធុ​សប្បុរស​ទាំង​ឡាយ​រាល់​គ្នា​ ខំ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ធម៌​វិន័យ​ឱ្យ​ណាស់​ ត​ទៅ​មុខ​ៗ​ថា​នឹង​មាន​សេចក្ដី​ចម្រើន​វិជ្ជា​ចំណេះ​ ច្រើន​ក្រៃ​លែង​ជាង​នេះ​ទៅ​ទៀត​ ដោយ​ប្រទេស​យើង​សព្វ​ថ្ងៃ​នេះ​ ក៏​កាន់​តែ​រុង​រឿង​ស្ដុកស្ដម្ភ​ មាំ​មួន​ជាង​ពី​ដើម​បន្តិច​ហើយ​ តែ​ថា​បើ​អ្នក​ប្រតិបត្តិ​ធម៌​វិន័យ​ឱ្យ​ភាន់​ច្រឡំ​ ដោយ​ប្រកាន់​មាំ​ក្នុង​អាការ​ទាំង​១០​យ៉ាង​ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្ដែង​ទុក​ក្នុង​ កាលាម​សូត្រ ​ ដែល​មាន​ក្នុង​គម្ពីរ​ អង្គុត្តរ​និកាយ​ តិក្កនិបាត​ ប្រារព្ធ​នឹង​ពួក​ជន​ជា​កាលាម​គោត្រ​ នោះ​ហើយ​ព្រះ​ពុទ្ធ​សាសនា​ ក៏​នឹង​វិនាស​សាប​សូន្យ​អាប់​ឱន​ទៅ​ដោយ​ឆាប់​មិន​ខាន​ ផ្លូវ​ប្រតិបត្តិ​សោត​ក៏​នឹង​កើត​វិប​រិត​វិបត្តិ​ប្រែ​ប្រួល​រក​គោល​ចារឹក​គ្មាន​ ជា​ហេតុ​នាំ​ឱ្យ​មនុស្ស​ល្ងង់​វង្វេង​វិល​វល់​អាប់​ឥត​ប្រាជ្ញា​យល់​ខុស​ថា​ជា​ត្រូវ​ ហេតុ​នេះ​អ្នក​ប្រតិបត្តិ​ធម៌​វិន័យ​ ត្រូវ​ឱ្យ​លះ​បង់​អាការ​ទាំង​១០​យ៉ាង​ ដែល​ទ្រង់​ហាម​មិន​ឱ្យ​ជឿ​កាន់​យក​នោះ​ចេញ​ស្រឡះ​ពី​ខន្ធ​សន្ដាន​ ទើប​នឹង​ចម្រើន​វិជ្ជា​ចំណេះ​ និង​ផ្លូវ​ប្រតិបត្តិ​ត្រង់​ទៅ​បាន​ ព្រះ​ពុទ្ធ​សាសនា​ក៏​នឹង​រុង​រឿង​ដោយ​សារ​អ្នក​ប្រតិបត្តិ​ត្រឹម​ត្រូវ​ មិន​ឱ្យ​ភាន់​ច្រឡំ​នោះ​ឯង​ដោយ​ជាក់​ស្ដែង ។

ឯ​អាការ​ទាំង​១០​ យ៉ាង​នោះ

១ – អនុស្ស​វេន​ ប្រកាន់​ជឿ​តាម​ពាក្យ​ដែល​ឮ​តាម​ៗ​គ្នា​មក​ ជឿ​ដោយ​ឮ​ដំណឹង​គេ​និយាយ​ត​ៗ​គ្នា​មក​ មិន​មាន​ពិនិត្យ​ពិចារណា​សាក​សួរ​អ្នក​ប្រាជ្ញ​ ឬ​រៀន​សូត្រ​ឱ្យ​ឃើញ​ប្រាកដ​ជាក់​ច្បាស់​តាម​ពុទ្ធ​វចនៈ​ ស្រាប់​តែ​ឮ​ហើយ​ក៏​ជឿ​កាន់​យក​តែ​ម្ដង​ទៅ ។

២ – បរម្បរាយ​ ប្រកាន់​ជឿ​តាម​ពាក្យ​បរម្បរា​គឺ​ពាក្យ​ជា​លំដាប់​គ្នា​មក​ ប្រកាន់​ជឿ​ទំនៀម​ទម្លាប់​ឯ​ណា​ខុស​ៗ​ ដែល​ធ្លាប់​ឃើញ​គេ​ធ្វើ​ពី​ដើម​ៗ​មក (ទំនៀម​ទម្លាប់​ខុស​ចាក​ព្រះ​ពុទ្ធ​វចនៈ)

៣ – ឥតិកិរាយ ​ ប្រកាន់​ជឿ​ដោយ​ចូល​ចិត្ត​ ថា​បាន​ឮ​មក​ថា​ហេតុ​នេះ​យ៉ាង​ដូច្នេះ​ ប្រកាន់​ជឿ​ដោយ​អាង​ថា​ខ្ញុំ​បាន​ឮ​មក​ដូច្នេះ​ប្រាកដ​យ៉ាង​នេះ (ពាក្យ​ព្រេង​ដែល​គេ​និយាយ​លេង​ត​ៗ​គ្នា​មក) ។

៤ – បិដក​សម្បទានេ ន​ ប្រកាន់​ជឿ​ដោយ​អាង​ថា​ពាក្យ​នេះ​ សម​មួយ​អន្លើ​ដោយ​របៀប​បិដក​របស់​យើង​ហើយ​ គឺ​អាង​ក្បួន​តម្រា​ដែល​ខុស​អំពី​ព្រះ​ពុទ្ធ​វចនៈ ។

៥ – តក្កហេតុ​ ប្រកាន់​ជឿ​ដោយ​សេចក្ដី​ប្រកាន់​នូវ​ហេតុ​ ដែល​គិត​ស្មាន​ប្រមាណ​យក​ដោយ​ខ្លួន​ឯង​ គឺ​ឃើញ​យ៉ាង​ណា​ក៏​ជឿ​កាន់​យក​យ៉ាង​នោះ (ស្រេច​តែ​នឹង​នឹក​ឃើញ​មិន​រវល់​ពី​ខុស​ត្រូវ​ឡើយ ) ។

៦ – នយហេតុ ប្រកាន់​ជឿ​ដោយ​គ្នេរ​គ្នាន់​ កាត់​តម្រួយ​ផ្សែ​ផ្សំ​យក​ គឺ​សម្គាល់​យក​ពាក្យ​ឯ​ណា​មួយ​ ដែល​មាន​ទំនង​ប្រហែល​ៗ​គ្នា​មក​ផ្សែ​ផ្សំ​ផ្គូ​ផ្គង​ប្រកប​គ្នា​ ហើយ​ក៏​ឱ្យ​ឈ្មោះ​តាម​ទំនង​នោះ​ទៅ​ ដូច​ពាក្យ​ថា​អាសង្ស​៥​ មាតិកា​៨​ ដែល​មាន​ក្នុង​កថិន​ខន្ធ​ គឺ​ជា​សេចក្ដី​ផ្សេង​អំពី​សីល​៥​ សីល​៨​ ឃើញ​ថា​៥​ៗ , ៨​ៗ​ ដូច​គ្នា​ដូច្នោះ​ក៏​ពោល​ប្រកប​ឱ្យ​ឈ្មោះ​ថា​ អានិសង្ស​៥​នោះ​ គឺ​សីល​៥​ មាតិកា​៨​ គឺ​សីល​៨​ដូច​ពាក្យ​ព្រះ​ត្រៃ​លក្សណ៍​ ឃើញ​មាន​អក្សរ​លាក់​ចូល​ក្នុង​នោះ​ខ្លះ​ ក៏​សម្គាល់​ថា​ព្រះ​ត្រៃ​លក្ខណ៍​នោះ​អ្នក​ណា​និយាយ​មិន​បាន​ទេ​ ព្រោះ​ព្រះ​ពុទ្ធ​លោក​លាក់​មិន​ឱ្យ​ប្រាប់​អ្នក​ណា​ទេ  ដូច​ពាក្យ​ថា​ នមោពុទ្ធាយ ​ អក្សរ​៥​តួ​នេះ​ ជា​ពាក្យ​បាលី​សម្រាប់​នមស្ការ​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធ​ ឃើញ​ពាក្យ​បាលី​នេះ​មាន​អក្សរ​៥​តួ​ដូច្នោះ​ ក៏​យក​ទៅ​ផ្សំ​ប្រកប​តម្រូវ​និង​ព្រះ​នាម​ព្រះ​ពុទ្ធ​ទាំង​៥​ព្រះ​អង្គ​ ដែល​មាន​ក្នុង​ភទ្ទ​កប្ប​នេះ​ ហើយ​ពោល​ថា​ នមោពុទ្ធាយ ​ នេះ​គឺ​តួ​ព្រះ​ពុទ្ធ​ទាំង​៥​ព្រះ​អង្គ​ ឯ​ពាក្យ​ប្រកប​ដូច្នោះ​ខុស​ចាក​ពុទ្ធ​វចនៈ ។

៧ – អាការ​បរិវិតក្កនេន  ប្រកាន់​ជឿ​ដោយ​កិរិយា​ត្រិះ​រិះ​ដោយ​ហេតុ​ថា​ ហេតុ​នេះ​ល្អ​គឺ​ហេតុ​អ្វី​ៗ​ដែល​កើត​ឡើង​ហើយ​ តែ​មិន​មែន​ជា​ធម៌​ពិត​ក៏​យក​ហេតុ​នោះ​មក​ត្រិះ​រិះ​ផ្គូ​ផ្គង​មើល​ បើ​ហេតុ​ឯ​ណា​ដែល​ពេញ​ចិត្ត​ខ្លួន​ក៏​ពោល​ថា​ល្អ​ ថា​ត្រូវ​ហើយ​ៗ​ ក៏​ប្រព្រឹត្ត​កាន់​យក​តាម​សេច​ក្ដី​ត្រិះ​រិះ​នោះ​ទៅ ។

៨ – ទិដ្ឋិនិជ្ឈានក្ខន្តិយា  ប្រកាន់​ជឿ​ដោយ​គិត​ថា​ហេតុ​នេះ​ សម​និង​យោបល់​យើង​ដែល​សម្លឹង​ឃើញ​ថា​គួរ​អ្នក​កាន់​យក​ គឺ​ហេតុ​អ្វី​ៗ​ ដែល​មិន​មែន​ជា​ធម៌​ពិត​ កើត​ឡើង​ហើយ​ត្រូវ​នឹង​គំនិត​ខ្លួន​ដែល​ធ្លាប់​គិត​ទុក​មក​ ក៏​ចូល​ចិត្ត​ថា​ហេតុ​នោះ​ត្រូវ​ហើយ​ ពិត​ហើយ​ៗ​ក៏​ប្រតិបត្តិ​កាន់​យក​តាម​ហេតុ​ ដែល​សម​និង​យោបល់​គំនិត​នោះ​ឯង​ទៅ ។

៩ – កព្វរូបតាយ  ប្រកាន់​ជឿ​ដោយ​គិត​ថា​ លោក​នេះ​ជា​អ្នក​អង់​អាច​ចេះ​ដឹង​ គួរ​តែ​យើង​ជឿ​កាន់​យក​តាម​ពាក្យ​លោក​នេះ​ គឺ​បើ​មាន​អ្នក​ណា​មួយ​គេ​ចេះ​ប្រសប់​ឆ្លាស​ក្នុង​ពាក្យ​សម្ដី​ថ្វី​មាត់​ ចេះ​និយាយ​ស្រួល​ពីរោះ​ឥត​អាក់​ តែ​ពាក្យ​សម្ដី​នោះ​មិន​មែន​ជា​ធម៌​ពិត​ទេ​ ស្ដាប់​ហើយ​ក៏​ប្រកាន់​ជឿ​តាម​ពាក្យ​ដែល​គេ​និយាយ​ស្រួល​នោះ​ទៅ ។

១០ – សមណោ នោ គរុ  ប្រកាន់​ជឿ​ដោយ​គិត​ថា​សមណៈ​នេះ​ ជា​គ្រូ​របស់​យើង​ គួរ​យើង​កាន់​ យក​តាម​ពាក្យ​សមណៈ​នេះ​ ប្រកាន់​ជឿ​តាម​លទ្ធិ​គ្រូ​របស់​ខ្លួន​ បើ​ទុក​ជា​គ្រូ​នោះ​និយាយ​ខុស​ក៏​ដោយ​ ក៏​ចេះ​តែ​ជឿ​កាន់​យក​តាម​ទាំង​អស់​ ទោះ​មាន​អ្នក​ណា​មួយ​ក្រៅ​អំពី​គ្រូ​របស់​ខ្លួន​ គេ​និយាយ​ត្រូវ​តាម​ធម៌​វិន័យ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ដូចម្ដេច​ៗ​ ក៏​មិន​ជឿ​មិន​កាន់​យក​តាម ។

អ្នក​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌​វិន័យ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ត្រូវ​តែ​រវាំង​តាំង​សតិ​បញ្ញា​ឱ្យ​មាន​មាំ​មួន​ កុំ​ឱ្យ​អាការ​ទាំង​១០​យ៉ាង​នេះ​ ចូរ​មក​ដល់​ពាល់​ត្រូវ​ក្នុង​ចិត្ត​សន្ដាន​បាន​ឡើយ ។

មួយ​ទៀត​ព្រះ​ពុទ្ធ​សាសនា​ ដែល​នឹង​សាប​សូន្យ​ថោក​ថយ​ទៅ​ ព្រោះ​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​ហេតុ​៥​ប្រការ​ ដែល​ព្រះ​សព្វញ្ញូពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្ដែង​ទុក​ក្នុង​គម្ពីរ​ អង្គុត្តរនិកាយ​បញ្ចក​និបាត ។

ឯ​ហេតុ​ ៥​ ប្រការ​នោះ​គឺ ៖

១ – ន សក្កច្ចំ  ធម្មំ   សុណន្តិ  មិន​ស្ដាប់​ធម៌​ដោយ​គោរព​ គឺ​ស្ដាប់​ធម៌​ដោយ​មិន​សង្រួម​កាយ​ វាចា​ ផ្ចង់​ស្មារតី​គោរព​ធម៌​ គឺ​មិន​បង្អោន​កាយ​ វាចា​ ចិត្ត​ទៅ​រក​ធម៌ ។

– ន សក្កច្ចំ  ធម្មំ  បរិយាបុណន្តិ មិន​រៀន​ទន្ទេញ​ធម៌​ដោយ​គោរព​ គឺ​រៀន​ទន្ទេញ​តែ​មាត់​ មិន​បាន​ប្រុង​ស្មារតី​កំណត់​ឱ្យ​ចាំ​ប្រាកដ​នូវ​ធម៌​នោះ ។

៣ – ន សក្កច្ចំ  ធម្មំ  ជារេន្តិ  មិន​បាន​ទ្រ​ទ្រង់​នូវ​ធម៌​ទុក​ក្នុង​ចិត្ត​ដោយ​គោរព​ គឺ​មិន​បាន​រៀន​នូវ​ធម៌​ឱ្យ​ត្រូវ​តាម​អត្ថ​ព្យញ្ជនៈ​ គឺ​រៀន​ធម៌​ឱ្យ​ឃ្លាត​ ឱ្យ​ភ្លាត់​ខុស​ចាក​អក្ខរ​សម្បត្តិ ។

៤ – ន សក្កច្ចំ  ធតានំ ធម្មានំ  អត្ថំ  ឧបបរិក្ខន្តិ  មិន​ពិចារណា​នូវ​សេចក្ដី​នៃ​ធម៌​ដែល​ខ្លួន​ទ្រ​ទ្រង់​ទុក​នោះ​ ដោយ​គោរព​គឺ​មិន​ដឹង​មិន​យល់​ច្បាស់​ នូវ​សេចក្ដី​អធិប្បាយ​នៃ​ធម៌​ដែល​ខ្លួន​ទ្រទ្រង់​នោះ ។

៥ – ន សក្កច្ចំ  អត្ថមញ្ញយ  បដិបជ្ជន្តិ  ដឹង​នូវ​សេចក្ដី​អធិប្បាយ​នៃ​ធម៌​ហើយ​ មិន​ប្រតិបត្តិ​តាម​ដោយ​គោរព​ គឺ​ចេះ​ដឹង​ធម៌​វិន័យ​ ព្រម​ទាំង​សេចក្ដី​អធិប្បាយ​ មិន​ប្រតិបត្តិ​ឱ្យ​ត្រូវ​តាម​ច្បាប់​ធម៌​វិន័យ​នោះ ។

អាការ​ទាំង​១០​យ៉ាង​ក្ដី​ ហេតុ​ទាំង​៥​ប្រការ​ក្ដី​ ដូច​បាន​សម្ដែង​ពណ៌នា​មក​ដោយ​សង្ខេប​នេះ​ ជា​ហេតុ​នាំ​ឱ្យ​ព្រះ​ពុទ្ធ​សាសនា​វិនាស​សាប​សូន្យ​ទៅ​ដោយ​ពិត​ បើ​អ្នក​ប្រតិបត្តិ​តាំង​ចិត្ត​ ប្រុង​ស្មារតី​ គិត​វៀរ​លែង​អាការ​១០​យ៉ាង​ ហេតុ​៥​ប្រការ​នេះ​ហើយ​ ព្រះ​ពុទ្ធ​សាសនា​នឹង​ថ្កុំថ្កើង​ រុង​រឿង​វែង​ឆ្ងាយ​ត​ទៅ ។

(ចប់​បរិបូណ៌​តែ​ប៉ុណ្ណេះ)

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩២៦

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖