សាស្ត្រា​ជុច

(អត្ថាធិប្បាយនិងអត្ថបទដើម)
សិក្សាស្រាវជ្រាវដោយ លី – ធាមតេង

ដើម្បីបានជាពន្លឺសម្រាប់អ្នកអាន អ្នកសិក្សាស្រាវជ្រាវស្នាដៃអត្ថបទសាស្ត្រាជុចនេះ យើងសុំល្បងធ្វើការពិនិត្យសង្កេតជាមុនដូចតទៅ ៖

១– ប្រភព

សេចក្ដីផ្ដើមក្ដី សេចក្ដីបញ្ចប់ក្ដី នៃសាស្ត្រានេះ ឥតមានបញ្ជាក់ប្រាប់ថា រឿងនេះ មានប្រភពដើមដកស្រង់ឬប្រតិស្ឋយកពីក្នុងទីណា គម្ពីរណាឡើយ ។ ហេតុនេះ នាំឱ្យអ្នកសិក្សាសម្គាល់ទុកជាសេចក្ដីសន្មតិមួយទៅតាមប្រភេទអត្ថបទ តាមលក្ខណៈអក្សរសាស្ត្រទៅវិញ ។

អត្ថបទនេះ ជាប្រភេទរឿងល្បើក (Fable) ដែលមានលក្ខណៈសម្គាល់ត្រង់ ៖

– សរសេរជាពាក្យកាព្យ សម្ដីខ្លីៗ តែច្បាស់មិនអណ្ដែតអណ្ដូង

– ដំណើររឿងខ្លីៗ គ្រាន់តែឱ្យជាគតិដំបូន្មាន

– យកតួអង្គជាសត្វ ជាធម្មជាតិ (ជុចនិងត្រី)

ដូច្នេះ រួមសេចក្ដីទៅ គឺសាស្ត្រាជុចមានប្រភពជារឿងល្បើកដែលកវីនឹងឃើញ ប្រដូចប្រចមគំនិតទៅនឹងដំណើររឿងយ៉ាងខ្លី ។

២– កាលបរិច្ឆេទ

ក្នុងអត្ថបទសាស្ត្រានេះ គ្មានចុះកាលបរិច្ឆេទនៃការតែងរឿងទេ នាំឱ្យមានការលំបាករាវរកឱ្យបានច្បាស់ ។ បើប្រសិនជាយកសម្ផស្សកាព្យ សំនួនវោហារ ពាក្យសម្ដីដែលប្រើក្នុងនេះ មកធ្វើជាគ្រឿងឆ្លុះមើលពេលវេលា យើងសម្គាល់បានថា អត្ថបទនេះមិនឆ្ងាយហួសពីសតវត្សទី១៨ ឬ ១៧ ទេ ។ ព្រោះថា បើអត្ថបទសរសេរពីសតវត្សទី ១៦ – ១៥ ឡើងទៅនោះ មានពាក្យសម្ដីប្លែកច្រើនពីភាសាយើងសព្វថ្ងៃ ដូចមានពាក្យខ្មែរបុរាណសុទ្ធ ពាក្យក្លាយមកពីបាលី – សំស្ក្រឹតច្រើន….. ។

៣– អ្នកនិពន្ធ

នាមអ្នកនិពន្ធក៏មិនបានកំណត់ក្នុងសាស្ត្រានេះដែរ ដូច្នេះ យើងពុំអាចដឹងថាជាស្នាដៃលោកណាតែងឡើយ ។

តាមចាស់ៗ និយាយតៗគ្នា ៖ ខ្លះថា លោកតា សុគន្ធមានបុណ្យ ដែលជានាយកសង្ឃក្នុងសតវត្សទី១៧ ជាអ្នកតែង ព្រោះលោកធ្លាប់បានតែងសាស្ត្រាច្បាប់ឯទៀតដែរ ដូចជាច្បាប់ក្រមជាដើម ។ មិនតែប៉ុណ្ណោះ គេនិយាយថា លោkតា សុគន្ធមានបុណ្យ ចង់ប្រដៅមនុស្ស ពិសេសគឺសិស្សគណផ្ទាល់របស់លោក ឱ្យស្គាល់នូវកម្លាំងនៃ “ទុក្ខសំសារវដ្ដ” ដោយលោកលើកយកធម្មជាតិមាន ជុចនិងត្រីមកធ្វើជាតំណាង គឺត្រីជាសត្វលោក ឯជុចជាសំសារទុក្ខ ។ រាល់ថ្ងៃសំសារទុក្ខរមែងនៅរង់ចាំសត្វលោកជានិច្ច ឱ្យតែរុលត្បុលចូលហើយ កាន់តែតឹងណែនខ្លាំងឡើងៗ គ្មានចេះធូរថយ ។ ឯសត្វលោកវិញ បើទោះជាដឹងថាកងទុក្ខក្នុងសំសារវដ្ដនៅពីមុខយ៉ាងណា ក៏នៅតែខំសសុលត្បុល មិនគិតងាកបែររកផ្លូវគេចដែរ លុះដឹងថាខ្លួនជាប់ហើយវាខកពេលស្រេច នឹងរាថយក៏មិនរួច ម៉្លោះហើយមានតែរុលទៅមុខឱ្យទាល់តែអស់កម្លាំងត្រឹមណា ស្លាប់ត្រឹមនោះទៅ ។ នេះហើយជាទស្សនៈសំខាន់នៃ ល្បើកជុចនិងត្រី ។

តាមពាក្យចាស់ៗ និយាយតៗគ្នានេះ គួរជឿបានដែរ ព្រោះលោកតា សុគន្ធមានបុណ្យ លោកមានបញ្ញាជ្រៅ ចង់បង្ហាញទស្សនវិជ្ជា ដែលលំបាកយល់ ឱ្យមានជារូបរាងស្រួលយល់ឡើង ដោយប្រើឧបមានវិធី ធៀបទៅនឹងរូបធម្មជាតិដូច្នេះ ។

បើតាមការស្រាវជ្រាវរបស់លោក ឈឹម – ស៊ុម ពីប្រវត្តិ លោក វិសេសដូង ចុះក្នុងកម្ពុជសុរិយាលេខ២ ឆ្នាំ១៩៦៨ រាប់ក្នុងតារាងស្នាដៃរបស់វិសេសថា រឿងល្បើកជុច ជាស្នាដៃរបស់លោក វិសេសដូង ដែរ ។ ប៉ុន្តែលោកឥតមានបញ្ជាក់ពីហេតុផលឬមានសេចក្ដីវែងឆ្ងាយទៅទៀតឡើយ ។

ការណ៍ទាំងនេះ ទុកនៅជាបទស្រាវជ្រាវតទៅទៀត ៖

៤- ឧត្តមគតិ

ដូចបានរៀបរាប់ក្នុងវគ្គស្ដីពីអ្នកនិពន្ធរួចហើយ រឿងនេះមានន័យក្នុងការអប់រំមនុស្ស ពិសេសគឺអប់រំខាងផ្លូវចិត្តឱ្យមនុស្សបានយល់ច្បាស់នូវទស្សនវិជ្ជាព្រះពុទ្ធសាសនាផង ។ បើគេទាញយកយោបល់នេះ ពីក្នុងសាស្ត្រាជុច មកធ្វើជាដំបូន្មានទូទៅ គេនឹងស្រង់បានន័យថា ៖

មនុស្សដែលកើតឡើង តែងមានទុក្ខសំសារវដ្ដរង់ចាំជានិច្ចហើយទោះជាមនុស្សមិនហៅរកក៏ដោយ ។ ប៉ន្តែបើគេយល់ច្បាស់លាស់ហើយ រកគេចចៀសវាងបានខ្លះៗដែរ ដោយរម្ងាប់ចិត្តលោភៈ ទោសៈ មោហៈ ហើយតាំងខ្លួនឱ្យមានចិត្តស្មោះស្មើ គ្មានផ្អើលភ្ញាក់ផ្ដេសផ្ដាស ។

ល្បើកជុច
ចម្លងចេញពីសាស្ត្រាស្លឹករឹត
បទបន្ទោលកាក [១]

(១)  ថ្លែងដោយទំនង  ដំណើរត្រីផងយាត្រា  ពើបនឹងជុចណា  ត្រីស្រែកថាវើយចៀសចេញ  ។  ជុចថាអើះអើ  បទអ្នកនេះតើម្ដេចមិញ  ហ៊ានមកប្រើអញ  ចៀសចេញឱ្យអ្នកជាល្បែង  ។  ត្រីថាបើច្នោះ  អញនឹងទម្លុះចៅឯង  ឱ្យយល់ជាក់ស្ដែង  ដ្បិតឯងមកនៅរាំងផ្លូវ  ។  ជុចថាអើះហោង  បើឯងចង់លងឥឡូវ  សមត្រូវនឹងម្ជូរ  ប្រហើញាំភ្លាសាអាំង  ។ 

(៥)  ត្រីថាអើះអើ  ប៉ើងរើងទេតើម្ដេចខ្លាំង  អួតមានកម្លាំង  ក៏ស្មានជាអញខ្លាចហោង  ។  ជុចថាបើច្នោះ  អញ្ជើញមកចុះចង់លង  ឱ្យយល់នេះម្ដង  ឫទ្ធីតេជះតេជដៃ  ។  ត្រីស្ទុះភ្លាមចូល  ក្នុងជុចរមួលហើយនៃ  ជំពាក់ក្រក្រៃ  នឹងថយក៏ពុំរួចឡើយ  ។  ជុចថាអើចៅ  ឥឡូវម្ដេចនៅព្រងើយ  ស្ងៀមស្ងាត់កន្តើយ  សម្រឹងសម្រាន្តធ្វើអ្វី  ។  ត្រីឮជុចថា  ខំស្ទុះបំពារទៅខ្មី  រឹងអស់ឥន្ទ្រិយ  ដួចគេរឹតរួតអាត្មា  ។ 

(១០)  ជុចថាអើច្នេះ  កម្លាំងប៉ុណ្ណេះទេណា  អួតឯងបំពារ  ទម្លុះទម្លាយមិញតើ  ។  ត្រីថាម្ចាស់ថ្លៃ  ពាក្យខ្ញុំនេះនៃបញ្ចើ  ឥឡូវនេះតើ  អ្នកម្ចាស់មានឫទ្ធីក្រៃ  ។  ជុចថាឫទ្ធី  តេជះបារមីអ្វីនៃ  ឯងកុំចេះស្ដី  ចំអកចំអន់ឱ្យគ្នា  ។  ត្រីថាម្ចាស់ថ្លៃ  អស់ពាក្យនេះនៃខ្ញុំថា  ជាល្បែងទេណា  អ្នកម្ចាស់កុំយកទោសខ្ញុំ  ។  ជុចថាអើល្បែង  ឯងអួតគគ្រេងស្រេចហើយ  ពិតពុំលង់ឡើយ  ខំស្ទុះបំពារមកហោង  ។ 

(១៥)  ត្រីថាម្ចាស់ខ្ញុំ  សេចក្ដីពុំសមមែននៃ  អ្នកជុចម្ចាស់ថ្លៃ  ម្ចាស់អើយលែងខ្ញុំទៅរ៉ា  ។  ជុចថាអើលែង  មារយាទអ្នកឯងទេណា  អញឃាត់អញថា  ប្រែជាដៀលអញបំផ្លាង  ។  ត្រីថាឱអញ  ម្ដងនេះឯងមិញក្រក្រៃ  អ្នកជុចម្ចាស់ថ្លៃ  អ្នកអើយយកតែបុណ្យហោង  ។  ជុចថាបុណ្យៗ  អំនួតពីមុនរំពង  បុណ្យអ្វីនោះហោង  ឱ្យដឹងឫទ្ធីតេជដៃ  ។  ត្រីថាម្ចាស់ខ្ញុំ  សេចក្ដីពុំសមមែននៃ  អ្នកជុចម្ចាស់ថ្លៃ  ប្រោសយកសម្បត្តិសួគ៌ា  ។ 

(២០)  ជុចថាឯងចេះ  ឯងមានចំណេះចេះថា  សម្បត្តិសួគ៌ា  សាច់ឯងពិសាណាស់នៃ  ។  ត្រីថាអញក្រ  ណាស់ពេកកម្រក្រក្រៃ  អ្នកជុចម្ចាស់ថ្លៃ  អ្នកអើយយកតែផលា  ។  ជុចឆ្លាស់ឆ្លើយថ្វាត់  ថាឯសម្បត្តិផលា  សាច់ឯងពិសា  គេស៊ីឯងបានបុណ្យថ្កើង  ។  ត្រីថាបើច្នោះ  អ្នកហារមាត់ចុះខ្ពស់ឡើង  ខ្ញុំក្រាបបាតជើង  សំពះសូមចុះសូមចាញ់  ។  ជុចថាអញឆោត  ឯងមកបំពោតលើអញ  ឯងនឹងស្ទុះចេញ  បានអ្វីជាម្ដងឆីបាយ  ។ 

(២៥)  ត្រីថាឱអញ  ម្ដងនេះឯងមិញអន្តរាយ  មិនសមរូបកាយ  ខ្លួនអើយអសារទេណា  ។  ជុចថាមិនស្លាប់  ឯងកុំមកប្រាប់លើគ្នា  សាច់ឯងពិសា  ឆ្ងាញ់ហើយវាសើមមាត់ផង  ។  ត្រីថាម្ចាស់ខ្ញុំ  អញប្រោសប្រាណកុំច្នោះហោង  កាញ់កួចចិត្តចង  ក្រែងមានវេរាបាបពៀរ  ។  ជុចថាបើបាប  សឹងស្អុយឆ្អេះឆ្អាបអញវៀរ  ចៀសអស់ពំនៀរ  តែសាច់ឯងអត់មិនបាន  ។  ត្រីថាអ្នកថ្លៃ  ថាម្ដេចច្នោះនៃពុំមាន  ធម៌ថាបាបគ្មាន  ដូចអ្នកឯងស្ដីឡើយណា  ។ 

(៣០)  ជុចថាអ្នកត្រី  ចែងចេះសម្ដីណាស់ណា  អណ្ដើកជាក់ជា  ល្អហើយទៅក្ដក់ហៅឆ្កែ  ។  ត្រីថាតាយហោង  គ្នានិយាយផងប្រែខ្វែ  ទំនឹមឯឆ្កែ  វាដាច់ឆីអាចម៍គេនៅ  ។  ជុចថាអើយអញ  ពុំដឹងបានមិញណានូវ  ឯងថាមិញត្រូវ  ល្បងជុចខួរហើយស៊ីសាច់  ។  ត្រីថាអ្នកជុច  អ្នកមិនថយថុចពាក្យពេចន៍  អ្នកអើយបំណាច់  ខ្ញុំលោមអ្នកកុំច្នោះឡើយ  ។  ជុចពុំស្ដាប់ហោង  រឹតរឹងកន្លងពុំស្បើយ  ពុំមានធូរស្បើយ  តឹងឡើងស្ទើរដាច់ខ្យល់ខ្មី  ។ 

(៣៥)  មានស្មារតីជាក់  ឈាមជុចថាអ្នកខ្ញុំឥ-  ឡូវពុំដឹងអ្វី  ត្រង់រស់ត្រង់ស្លាប់នោះឡើយ  ។  បើម៉្ងៃនឹងស្លាប់  ឱ្យខ្ញុំបានប្រាប់កូនហើយ  បណ្ដាំទុកក្រោយ  ឱ្យអញឯងផ្ដាំឱ្យឆាប់  ។

បទព្រហ្មគីតិ

ក្សិណនោះឯមច្ឆា  ហៅបុត្រភ្ងាមកឆាប់ៗ  កូនមកហើយទួញប្រាប់  ថាឱកូនពន្លកម្ដាយ  ។  ខ្លួនម្ដាយនឹងស្លាប់ហើយ  កុំកូនអើយនៅព្រៃអាយ  ទៅរកស៊ីឱ្យឆ្ងាយ  ពីព្រៃនេះផុតមនុស្សម្នា  ។  ខ្លួនម្ដាយនេះតឹងណាស់  នឹងបម្រះពុំរួចណា  ឈឺអស់អង្គអាត្មា  ម្ដាយខំតែផ្ដាំមាសស្ងួន  ។ 

(៤០)  មាសអើយម្ដាយស្លាប់ទៅ  ចូរមាសនៅប្រយត្នខ្លួន  រកស៊ីឆាប់ជ្រកពួន  ដោយព្រៃស្ងាត់កុំប្រហែស  ។  ឃើញមនុស្សកុំទ្រមឹង  ឈប់សម្លឹងមើលក្រអែស  ឃើញឆាប់រត់កុំធ្វេស  ក្រែងវាចាក់នឹងច្បូកណា  ។  បើមាសស៊ីកូនចក  ឆាប់មុជជ្រកឱ្យបាត់ខ្លួន  ក្រែងមនុស្សអុំទូកចួន  ឃើញកូនស្ងួនវាលោចាក់  ។  មាសអើយមួយវិញទៀត  ច្រកចង្អៀតដែលមនុស្សដាក់  ជុចនោះកុំបីអ្នក  ដើរត្រង់នោះចៀសឱ្យឆ្ងាយ  ។  ខ្លួនអញខូចទាំងម៉្លេះ  ហេតុប្រហែសគិតសប្បាយ  ចូរមាសមើលខ្លួនម្ដាយ  ហេតុតែឆោតទាល់ស្លាប់ខ្លួន  ។ 

(៤៥)  ហេតុនោះកូនព្រលឹង  ចូររំពឹងឱ្យមាំមួន  ម្ដាយស្លាប់ៗហើយស្ងួន  កុំកូនឆោតដូចម្ដាយឡើយ  ។  ឯមច្ឆានោះនៃ  សោកកូនក្រៃរតន៍ពុំងា  រន្ធត់អស់អង្គា  លុះសន្លប់បាត់ស្មារតី  ។  ទៀងទួញទាល់សន្លប់  ញ័រចំប្រប់អស់ឥន្ទ្រិយ  លុះដល់មានស្មារតី  ទួញរៀបរាប់សព្វដោយព្រៃ  ។  ឱអញគិតទៅហើយ  កូនមាសអើយចង់តែក្ស័យ  ខ្លួនអើយស្លាប់ឆាប់វៃ  អញនឹងនៅអ្វីឡើយណា  ។  រស់ហើយវាលំបាក  ខ្លួនតោកយ៉ាករងវេទនា  មិនចង់រស់ឡើយណា  ឃើញកូនវានឹងខ្លោចផ្សា  ។ 

(៥០)  រីត្រីទួញនេះនៃ  ទាល់តែក្ស័យជីវិតណា  រីឯកូនមច្ឆា  រកស៊ីតែឯកអង្គឯង  ។  រីនិទាននេះនៃ  ជុចនិងត្រីនោះវាតែង  ដើរទៅរកស្វះស្វែង  ក៏ចួបចួននោះឯងហោង  ។

បទបន្ទោលកាក

នេះនឹងសម្ដែង  និទានថ្លាថ្លែងទំនង  ពីម្ចាស់ជុចហោង  ឱ្យអ្នកផងដឹងដំណើរ  ។  ម្ចាស់ជុចលុះព្រឹក  ប្រហាមរឭកទៅមើល៍  បេះម្ទេសទុកទើរ  មើលទៅថ្ងៃរះភ្លឺជាក់  ។  ស្រេចគាត់ស្ទុះផាង  ទៅយកសៀនខាងប្របភ្នាក់-  ដៃដែលគាត់ដាក់  ប្របនៅខាងក្អមនោះនៃ  ។ 

(៥៥)  ហើយឈោងទៅសិត  ទឹកមកខ្ពុរមាត់ហើយនៃ  យកកន្សែង ស្លាវៃ  មកវេចម្លូស្លាហើយណា  ។  លុះវេចស្រេចហោង  ស្ទុះទៅចាប់ដងប្រវា  និងកាំបិតព្រា  និងផ្ដៅមួយដើមទៅផង  ។  គាត់ចុះទៅទូក  អង្គុយលូកខ្សែដែលចង  មកស្រាយចំណង  ដែលចង់ទូកគាត់សព្វថ្ងៃ  ។  ស្រាយរួចច្រានទូក  គាត់អុំគគ្រូកទៅព្រៃ  ដែលដាក់ជុចនៃ  ភ្នែកតែងរំពៃឆ្វេងស្ដាំ  ។  អុំបានតិចទៅ  បាយាបទំនៅលើចាំ  លាន់ភឹបឆ្វេងស្ដាំ  ហើរទៅហើយមកជាក់ស្ដែង  ។ 

(៦០)  ម្ចាស់ជុចថាឱ  បាយាបវើយចោរឥតក្រែង  ស្ទើរឆាបអំបែង  ក្បាលអញពុំដឹងមនុស្សម្នា  ។  ថ្ងៃនេះទីទៃ  មានលាភមានជ័យឬជា  ឥតលាភទេណា  បាយាបតឿនអង្គឺក្ដី  ។  អុំទៅទៀបដល់  ជុចនោះមិនយល់ត្រូវត្រី  ដល់មួយឥតបី  សង្ឃឹមមិនបានទៅស្ល  ។  ខាងជុចបីបួន  នោះសោតជាក់ចួនច្រកល្អ  នឹងបានទៅស្ល  តែជុចបីបួននោះឯង  ។  គាត់អុំទូកដល់  ជុចចំណេរយល់ជាក់ស្ដែង  ជៀងជាក់អរឯង  កខិបកខុបងេកងោក  ។ 

(៦៥)  វាតទូកឈោងចាប់  កន្ទុយជុចជាប់ទាញមក  ក្រពើវាយក  ត្រីជុចនោះទៅស៊ីបាត់  ។  ម្ចាស់ជុចចុកទ្រូង  ជេរម្ដាយរលូងពេកក្ដាត់  ទៅជុចមួយថ្វាត់  តាចាស់ខំឆ្លៀតរលេញ  ។  ធ្វើជាមាត់ក  ញញឹមញញែមឡើងវិញ  ធ្លាប់ពីមុនមិញ  ក្រពើស៊ីអស់គ្មានសល់  ។  តែឥឡូវឯង  ឃើញមួយកណ្ដែងនឹងថ្កល់  លងមួយចេះយល់  ក្រញោនភ្នែកសចង្គ្រាង  ។  រីជុចយល់ម្ចាស់  សរសើរខ្លួនណាស់ហើយអរ  ឆ្លើយប្រាប់ម្ចាស់មក៍  ពីក្នុងទឹកនោះអន្ទាក់  ។ 

(៧០)  តាអើយអ្នកតា  ស្ដាប់ខ្ញុំសច្ចាប្រាប់អ្នក  តាឱ្យដឹងជាក់  កាលត្រីវាមកនោះណា  ។  ហែលមកដល់ខ្ញុំ  វាមិនបារម្ភសោះសា  ជាចៅអ្នកតា  ប៉ងចង់លងលៗលើ  ។  ស្ដីថាអាឃ្នាង  ម្ដេចអាចង្គ្រាងនេះតើ  ផ្លូវដែលអញដើរ  ចៀសចេញអញនឹងដើរទៅ  ។  ខ្ញុំថាផ្លូវអា  ពីដូនពីតាមកនៅ  ក្នុងព្រៃនេះកូវ  អង្កាល់អញមិនដឹងផង  ។  ត្រីថាអាខូច  កាលអានៅតូចណាស់ហោង  ផ្លូវច្រកជ្រលង  បឹងបួរនោះសឹងអញត្រាច់  ។ 

(៧៥)  ខ្ញុំថាបើច្នោះ  ចិត្តអើយធ្វើម្ដេចលងគាត់  ខ្ញុំចូលមកកាត់  ទម្លាយលងមើលឥឡូវ  ។  ត្រីថាអើអញ  លងឯងមិញចេញនោះកូវ  អញបោលឥឡូវ  ទម្លាយឱ្យបាក់ឆ្អឹងឆ្អែង  ។  ខ្ញុំថាបើច្នោះ  អញ្ជើញមកចុះកុំក្រែង  ឆ្អឹងអញនេះឯង  តែងជាសម្រាប់ឱ្យអា  ។  ត្រីស្ទុះភ្លាមចូល  ក្នុងជុចរមួលទទា  ប្រដូចនូវជា  ប្រមាញ់ដំរីសោះសា  ។  ជុចដណ្ដឹងត្រី  ថាឯងធ្វើអ្វីច្នោះណា  អួតឯងបំពារ  ទម្លុះទម្លាយណាចៅ  ។ 

(៨០)  ខ្មាសពាក្យជុចខ្ញុំ  ប្រឹងឡើងពិតពុំរួចទៅ  មកនៅខាងផ្លូវ  ទ្រមឹងក្នុងជុចព្រងើយ  ។  ត្រីថាឱអ្នក  ជុចថ្លៃកុំអាក់ចិន្តា  ខ្ញុំម្ចាស់បានជា  អួតអាងនឹងអ្នកជុចថ្លៃ  ។  អាសូរខ្ញុំទៅ  ឱ្យខ្ញុំរស់នៅផងនៃ  ខ្ញុំចូលប្រស្រ័យ  ជាខ្ញុំបម្រើអ្នកហោង  ។  ខ្ញុំថាអញឆោត  ឯងមកបំពោតលើលង  ម្ចាស់អញបំណង  ចង់ជ្រក់តែខួរសព្វថ្ងៃ  ។  ត្រីឮពាក្យជុច  ភិតញ័ររន្ធត់ពេកក្រៃ  ឱអ្នកម្ចាស់ថ្លៃ  អ្នកប្រោសយកតែបុណ្យផង  ។ 

(៨៥)  ខ្ញុំថាកុសល  អញមើលមិនយល់ទេហោង  ឆ្ងាយក្រៃកន្លង  អញមកពុំបានឡើយណា  ។  ជុចដំណាលប្រាប់  ឱ្យម្ចាស់ស្ដែងស្ដាប់ហើយរ៉ា  ដំណើរអាត្មា  កាលត្រឹមក៏ត្រូវនោះនៃ  ។  ម្ចាស់ស្ដាប់ហើយណា  ផ្ដែផ្ដាំជុចថាកុំធ្លោយ  ថ្ងៃនេះថ្ងៃក្រោយ  អ្នកលេងឱ្យបួនពីដៃ  ។  ផ្ដាំស្រេចហើយណា  ដាក់ជុចម្នីម្នាវៃៗ  រួចស្រេចហើយនៃ  គាត់អុំទូកវិលវិញខ្មី  ។  អុំមកក្នុងបឹង  ហើយគាត់រសម្លឹងរំពៃ  ថាឱអញឥ-  ឡូវនេះវាថ្លៃខ្ពស់ថួន  ។ 

(៩០)  រកឧសបានតិច  ហើយអញនឹងក្ដិចត្រកួន  ត្រកៀតត្រាវសួង  អន្លក់ម្ជូរសណ្ដាន់  ។  បេះបានសព្វគ្រប់  គាត់អុំគ្មានឈប់រួសរាន់  ដល់ហើយរន្ថាន់  ចងទូកហើយឡើងម្នីម្នា  ។  បានដងច្រវា  និងកាំបិតព្រាហើយណា  ពុនទាំងត្រីប្រា  និងឧសបន្លែម្ជូរជា  ។  ដល់ទៅមុខផ្ទះ  ហើយទើបតាច្រាសឧសណា  រីឯភរិយា  ភ្ញាក់ឡើងឃើញប្ដីត្រីផង  ។  ឯប្ដីនោះណា  កាប់ត្រីម្នីម្នាហើយហោង  លាងដៃហ្មត់ហ្មង  គាត់ចូលទៅដេកលក់ក្រៃ  ។ 

(៩៥)  រីឯភរិយា  ស្លហើយម្នីម្នាវៃៗ  ដស់ដួសហើយនៃ  ចូលទៅដាស់ប្ដីនោះណា  ។  អ្នកអើយអ្នកឆាប់  អញ្ជើញប្រញាប់ពិសា  ក្រែងត្រជាក់ណា  ហើយអ្នកពិសាមិនបាន  ។  ប្ដីក្រោកម្នីម្នា  ចរចេញទៅឯក្រៅឋាន  ហើយហៅថាភាន  យកទឹកមកទន់ឆាប់ខ្មី  ។  ទន់ស្រេចហើយណា  រីឯភរិយានោះនៃ  លើកបាយលើកត្រី  អស់នូវសម្លហាមុខ  ។  មានអាំងសាបប្រៃ  អាំងសាបនោះនៃគ្រាន់ជ្រក់  ទឹកគ្រឿងជ្រលក់  អន្លក់សណ្ដែកត្រកួនខ្ចី  ។ 

(១០០)  ហូបស្រេចហើយណា  រីឯភរិយានោះនៃ  គាត់មូរបារី  ហើយគាត់បៀកស្លាឱ្យប្ដី  ។  រីយើងនិទាន  ដំណើរដោយដានជុចត្រី  សូរេចហើយនៃ  បរិបូណ៌ចែងចប់ម៉្លេះហោង  ។

  • [១] ឈ្មោះបទនេះ បើសរសេរឱ្យត្រឹមត្រូវគឺ “មណ្ឌុកគតិ” ប្រែថាដំណើរកង្កែប ឬ កង្កែបលោត ព្រោះសំនៀងបទនេះ មានចង្វាក់យារវែងម្ដង ហើយញាប់ញឹក ២ ម្ដង ដូចកង្កែបលោតប្លោតទៅហើយ ដើរញាប់ៗ ៤ – ៥ ជំហានរួចលោតប្លោត​ទៅទៀត  ។ 

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖