ល្បើក​ប្រេត

ដោយ សុង ស៊ីវ
ពាក្យ ៤ បទកាកគតិក្លាយ

ក្នុងសុត្តន្តបិដក ខុទ្ទកនិកាយ គម្ពីរបេតវត្ថុ សម្ដែងអំពីប្រេត ១២ ពួក កំពុងសោយផលនៃបាបកម្មផ្សេងៗគ្នា

(១)  ឥ.ស្វា.សុ.សូម  បង្គំរួបរួម  ចំពោះរត្នបី  ព្រះពុទ្ធព្រះធម៌  ព្រះសង្ឃចាស់ខ្ចី  សូមមានសួស្ដី  សព្វគ្រប់ប្រការ  ។  ឥតោបរំ  ទើបខ្ញុំផ្ដើមតាំង  ចាប់លើកសាស្ត្រា  បេតវត្ថុ  បាលីភាសា  ហើយកាន់ប៉ាកកា  ចារចួនជាខ្មែរ  ។  មុនអភិប្រាយ  សូមញាតិទាំងឡាយ  អ្នកក្រុងអ្នកស្រែ  បើបានជ្រាបរឿង  ប្រេតនេះខំកែ  គំនិតឱ្យប្រែ  បែរចាកកំហុស  ។  ប្រេតមានច្រើនក្រុម  មានតូចមានធំ  មានស្រីមានប្រុស  គ្រប់សាស្ត្រទាំងអស់  លាយឡំចម្រុះ  កើតតាមកំហុស  ដែលខ្លួនបានធ្វើ  ។ 

(៥)  ប្រេតខ្លះដើរបាន  ដើរសព្វភូមិឋាន  ស្រុកក្រោមស្រុកលើ  ដើរគ្រប់ប្រទេស  ឥតមានទើសទើរ  ដើររុះដើររើ  រើសរកអាហារ  ។  ពួកប្រេតធុនហ្នឹង  ច្រើននឹករំពឹង  រកញាតកា  បងប្អូនកូនចៅ  ជីដូនជីតា  ព្រោះឃ្លានអាហារ  ខ្លោចផ្សាពេកក្រៃ  ។  ខ្លះអត់អាហារ  ដប់ពាន់ឆ្នាំណា  ព្រោះខ្លួនចង្រៃ  ញាតិមិត្តផ្សាយឱ្យ  បញ្ជូនរាល់ថ្ងៃ  តែគ្មាននិស្ស័យ  អាស្រ័យផលបាន  ។  ប្រេតខ្លះកម្មស្រាល  ផលមិនបណ្ដាល  ឱ្យហួសប្រមាណ  បើញាតិផ្សាយឱ្យ  ទទួលផលបាន  ទើបប្រាជ្ញបុរាណ  គិតអានភ្ជុំបិណ្ឌ  ។  ពួកប្រាជ្ញព្រឹទ្ធា  បបួលគ្នីគ្នា  អ្នកប្រាជ្ញាប៉ិន  នាំគ្នានិពន្ធ  អានិសង្សបិណ្ឌ  រៀបរាប់យ៉ាងឆ្អិន  សង្កិនរឿងប្រេត  ។ 

(១០)  គម្ពីរនោះថា  បើជនរូបណា  មិននឹកដល់ប្រេត  ក្នុងពេលភ្ជុំបិណ្ឌ  នឹងបុណ្យចូលចេត្រ  ជននោះត្រូវប្រេត  ប្រទេចផ្ដាសា  ។  ព្រោះកើតច្រើនជាតិ  សម្បូរពួកញាតិ  ព្រោងព្រាតត្រៀបត្រា  ខ្លះជាញាតិមិត្រ  មាតាបិតា  ជាបុត្រភរិយា  រាប់រយកោដិនាក់  ។  លែងអ្វីមានញាតិ  ដែលភ្លាត់មារយាទ  ឃ្លៀងឃ្លាតជ្រុលធ្លាក់  កើតជាពួកប្រេត  ពិតជាមានជាក់  យ៉ាងតិច១០នាក់  មានប្រាកដណាស់  ។  ក្នុងធម៌តិរោក  ថាប្រេតគរគោក  ដើរឈរពាសដាស  ពេញភូមិពេញស្រុក  ពេញទីអាវាស  ខ្លះនៅអាកាស  តែមើលមិនយល់  ។  ប្រេតមួយក្រុមទៀត  ផលកម្មចង្អៀត  ទៅណាពុំដល់  ព្រោះមានកម្មក្រាស់  ឋិតនៅហ្នឹងថ្កល់  ឬក៏វិលវល់  នៅមួយកន្លែង  ។ 

(១៥)  ពួកប្រេតក្រុមនេះ  សូមលើកទុកស្លេះ  ពុំទាន់ថ្លាថ្លែង  នឹងទាញពួកប្រេត  ១២កន្លែង  យកមកចារចែង  ជូនជាសណ្ដាប់  ។  សូមលោកអ្នកប្រុង  ស្មារតីឱ្យស្លុង  ពិនិត្យហើយស្ដាប់  បើបានជ្រាបហើយ  សូមប្រែក្រឡាប់  ចៀសខុសឱ្យឆាប់  ចាប់យកខាងត្រូវ  ។  បើដឹងជាខុស  កុំថប់ទញ់តុះ  នាំឱ្យទាស់ផ្លូវ  កុំគិតកុំនឹក  ខំធ្វើបុណ្យទៅ  បុណ្យឈ្នះសត្រូវ  ទៀងតែបានសួគ៌  ។  បាបទាំងប៉ុន្មាន  ដែលខ្លួនបានសាង  វិនាសបាត់តួ  ឱ្យផលមិនបាន  ចាញ់បុណ្យឋានសួគ៌  បើជ្រាបហើយគួរ  ធ្វើបុណ្យឆាប់ៗ  ។  ខំធ្វើបុណ្យច្រើន  បញ្ញាចម្រើន  យល់ធម៌កើតស្លាប់  អនិច្ចំទុក្ខំ  អនត្តាច្បាប់  ជាធម៌ចំណាប់  វិសេសក្នុងលោក  ។

(២០)  ធ្វើបុណ្យច្រើនជាតិ  ផលបុណ្យជាញាតិ  តាមឱ្យជ័យជោគ  ឱ្យច្រើនៗដង  ផលកើនគរគោក  មានជ័យក្នុងលោក  បាបចាញ់លែងឈ្នះ  ។  ក្នុងពុទ្ធុប្បាទ  ផលបុណ្យល្អស្អាត  នាំចួបនឹងព្រះ  បានស្ដាប់សព្ទធម៌  ចិត្តផុតមានះ  បុណ្យលាងបាបជ្រះ  បានដល់និព្វាន  ។ 

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖