ច្បាប់​ត្រីនេតិ

បទកាកគតិ

(១)  បពិត្រ​មហារាជ  ទ្រើទ្រង់អំណាច  អញ្ជើញស្ដេចស្ដាប់  ទំនឹមទំនង  នេះហោងជាច្បាប់  ទុកជាសណ្ដាប់  នៃនរជនជាតិ  ។  នរូអ្នកណា  នឹងចូលទៅជា  វររាជអាមាត្យ  សេនាមន្រ្ដី  កវីជាអាទិ៍  រៀនច្បាប់ជាខ្នាត  តែងទុករៀងទៅ  ។  បម្រើព្រះបាទ  ព្រះបរមនាថ  អធិរាជចមចៅ  ឱ្យសមឱ្យល្មម  នឹងក្សត្រានៅ  ឱ្យឡើងគាល់ហ្វៅ  អ្នកជាអម្ចាស់  ។  មួយនោះព្រះអង្គ  ក្សត្រាទ្រើសទ្រង់  គ្រងផ្ទៃក្រោមក្រាស់  គួរមានមនោរម្យ  សុខសមសោមនស្ស  រៀនឱ្យច្បាស់លាស់  ត្រង់ច្បាប់នេះណា  ។

(៥)  អស់មុខមន្រ្ដី  ដោយព្រះបាលី  នាសតិរាជា  បើមុខមន្រ្ដី  ពុំពិចារណា  នឹងក្សិណក្សត្រា  ពុំលែងឡើយហោង  ។  ដ្បិតមុខមន្រ្ដី  សេនាបតី  ពុំដោយគន្លង  លោភោចង់បាន  បំពានរាស្រ្ដផង  រាស្រ្ដរឹងក្ដៅហោង  អង្គឥតអាស្រ័យ  ។  រាស្រ្ដដូចមច្ឆា  មន្រ្ដីសេនា  ដូចគង្គានៃ  បើប្រែជាក្ដៅ  ក្រៃក្រៅវិស័យ  រាស្រ្ដរឹងកើតភ័យ  អង្គឥតពុំនាក់  ។  មន្រ្ដីយោធា  បីដូចព្យគ្ឃា  និងពស់ពភ្លាក់  រីអស់រាស្រ្ដផង  ចរចូលពឹងពាក់  ក្សិណប្រែជាយក្ខ  យង់ឥតករុណា  ។  មួយកុបុត្ដំ  ទាសតិធនំ  បទបន្លែថា  បើមានកូនកាច  កំណាចហើយណា  សឹងវិនាសប្រា-  កដគឺសន្ដាន  ។ 

(១០)  មួយកុភូមំ  នាសតិធនំ  វិនាសធនធាន  នៅភូមិអាក្រក់  នោះនឹងកើតមាន  ព្យាធិបៀតប្រាណ  ពិតពុំប្រពៃ  ។  មួយកុគេហំ  នាសតិវិជំ  បន្លែនេះនៃ  នៅផ្ទះអាក្រក់  នឹងកើតហិនហៃ  ប្រាជ្ញាញាណញេយ្យ  អាប់ឥតមង្គល  ។  កើតកេរ្ដិ៍អាប់យស  ដោយនូវពាក្យមនុស្ស  គេដើរមកយល់  ហើយគេដឹងថា  ផ្ទះអាក្រក់សល់  កើតអពមង្គល  ដោយពាក្យគេថា  ។  ឯសុមន្រ្ដី  ដោយអាថ៌បាលី  វុឌ្ឍិរាជា  បើមុខមន្រ្ដី  មែនមានប្រាជ្ញា  ដឹងអស់អធ្យា-  ស្រ័យគ្រប់ប្រការ  ។  តម្រង់មហាក្សត្រ  សោយរាជសម្បត្ដិ  ក្សេមក្សាន្ដភពភារ  អស់រាស្រ្ដមណ្ឌល  សកលបរិពារ  សឹងអស់រង្គាល  ដល់តិចឡើយហោង  ។ 

(១៥)  ឯសុបុត្ដំ  វុឌ្ឍិកុលំ  ថាបើកូនផង  មែនមានគំនិត  ល្អឥតឯហ្មង  សឹងចម្រើនបង  ប្អូនសាច់សន្ដាន  ។  ឯសុភូមំ  វុឌ្ឍិធនំ  ថាទោះភូមិស្ថាន  ល្អហើយនោះនឹង  ចម្រើនធនធាន  សារពើសឹងបាន  ដូចចិត្ដប្រាថ្នា  ។  ឯសុគេហំ  វុឌ្ឍិវិជំ  ថានៅគ្រឹហា  ល្អហើយនោះនឹង  ចម្រើនប្រាជ្ញា  សារពើប្រាថ្នា  ពិតពុំកម្រ  ។  ទោះអ្នកផងដើរ  គេសឹងសរសើរ  ថាផ្ទះនោះល្អ  ចម្រើនសួស្ដី  ចម្រើនមាត់ម-  នុស្សផងគេសរ-  សើរផ្ទះនោះនៃ  ។  ច្បាប់នេះត្រកាល  សូមព្រះភូបាល  បរមក្សត្រិយ៍ថ្លៃ  ទ្រង់ព្រះតម្រិះ  ត្រិះដោយញាណញេយ្យ  ទុកក្នុងហឫទ័យ  ជាច្បាប់ទៅហោង  ។ 

(២០)  បពិត្រព្រះបាទ  ព្រះបរមនាថ  លើសលោកកន្លង  ជាតិជាឥសូរ  កំពូលរាស្រ្ដផង  ព្រះអង្គជាច្បង  ឯងឥតផ្ទឹមដល់  ។  យកព្រះប្រាជ្ញា  យកព្រះញាណថ្លា  ថ្លែងព្រះយោបល់  ត្រេកត្រិះតម្រាប់  អ្នកបាបកំហល់  ឱ្យនិរព្យសន៍សល់  បានដូចប្រាថ្នា  ។  ទុក្ខរាស្រ្ដទាំងឡាយ  ក្នុងក្រៅបន្ទាយ  សព្វព្រះមាត្រា  ព្រះឱស្ឋបណ្ដាំ  ទុកលើសិរសា  ទម្ងន់អាជ្ញា  លើរាជមន្រ្ដី  ។  បពិត្រមហារាជ  ទ្រើសទ្រង់អំណាច  ចេស្ដាឫទ្ធី  អញ្ជើញស្ដេចស្ដាប់  ជាច្បាប់គម្ពីរ  សព្វព្រះសម្ភី  ថ្កល់ថ្កើងចំពោះ  ។  បីៗអសារ  បីៗឥតការ  បីៗសូន្យសោះ  ម្ដេចហៅអសារ  ឥតការដូច្នោះ  ម្ដេចហៅសូន្យសោះ  ទេទៅឥតត្រើយ  ។ 

(២៥)  នាហៅអសារ  មានទ្រព្យឥតការ  ពុំធ្វើបុណ្យឡើយ  ពុំសងគុណគេ  អ្នកឯទៀតឡើយ  ញាតិឯងជាត្រើយ  ពិតពុំស្រោចស្រង់  ។  នាហៅឥតការ  ចាំសីលាចារ  មោះឥតពាក្យត្រង់  ចិត្ដចង់បានបុណ្យ  ពុំប្រណិប័តន៍សង្ឃ  ចង់យសបានអង្គ  ពិតពុំឧស្សាហ៍  ។  នាហៅសូន្យសោះ  ឮធម៌ពីរោះ  ពុំស្ដាប់ធម្មា  យល់ក្រឹត្យក្រមច្បាប់  ពុំស្តាប់ក្រឹត្យជា  ដឹងព្រះធម្មា  ពុំធ្វើបរិសុទ្ធ  ។  បីផ្គង់ស្នេហា  បីផ្គង់ភរិយា  បីៗផ្គង់បុត្រ  ម្ដេចហៅស្នេហា  ភរិយាបរិសុទ្ធ  ម្ដេចហៅផ្គង់បុត្រ  អស់ន័យនេះផង  ។  នាផ្គង់ស្នេហា  រសគាប់ពិសា  កុំភ្លេចឡើយហោង  សំណេះសំណួរ  សាកសួរស្នេហ៍ស្នង  ឧត្បាតនេះហោង  ពុំបង់ឡើយនៃ  ។ 

(៣០)  នាផ្គង់ភរិយា  រណ្ដាប់គ្រឹហា  ខ្ជាប់ខ្ជួនប្រពៃ  ទោះទ្រព្យរបស់  អម្រស់ទុកដៃ  រក្សាសំចៃ  ពុំធ្លោយឡើយណា  ។  នាហៅផ្គង់បុត្រ  ប្រពៃបរិសុទ្ធ  ឱ្យរៀនសាស្រ្ដា  សិល្ប៍សារពើគាប់  ជាច្បាប់អាត្មា  អរឱ្យភរិយា  ដូចដោយចិត្ដថ្វាត់  ។  បីៗហិនលក្ខណ៍  បីៗហិនសក្ដិ  ហិនសួស្ដីថ្វាត់  ម្ដេចហៅហិនលក្ខណ៍  ហិនសក្ដិបង់បាត់  ហិនសូន្យទៀងទាត់  ន័យនេះសោតហោង  ។  នាហិនលក្ខណា  សរសើរអាត្មា  ឯងចេះកន្លង  ពោលឥតគេស្ដាប់  សូរសព្ទសាសង  ចូលស្ថានអ្នកផង  ឥតគេស្រដី  ។  នាហៅហិនលក្ខណ៍  សព្ទគេឮជាក់  ឥតសព្ទភេរី  មានមហាក្សត្រា  ឥតមានក្សត្រី  មានរាជធានី  ហើយគ្មានបន្ទាយ  ។

(៣៥)  នាហិនសួស្ដី  លក្ខណ៍ផ្ទះអប្រីយ៍  ភូមិសោតរម្សាយ  សក្ដិសឹងពុំជា  យាត្រាទៀតឆ្ងាយ  និមិត្ដស្កុនកាយ  អង្គឱ្យអប្រីយ៍  ។  បីៗបាត់ស្និទ្ធ  បីៗបាត់មិត្ដ  បីបាត់ពន្លឺ  ម្ដេចហៅបាត់ស្និទ្ធ  បាត់មិត្ដមេត្រី  ពន្លឺរស្មី  បាត់បង់នោះណ៎ា  ។  នាហៅបាត់ស្និទ្ធ  ពោលពាក្យសុខចិត្ដ  ខ្សឹបខ្សៀវជេរថា  ធ្វើមុខអាក្រក់  កុហកជាសា  ហេតុនោះលោកថា  បាត់ស្និទ្ធពុំមាន  ។  វិន័យបាត់មិត្ដ  ពោលពាក្យពុំគិត  សត្យាសងសាន  នាស្ថានលំនៅ  ពុំទៅមកថ្កាន  ខ្ចីទ្រព្យបង្ខាន  មុខពុំឱ្យយល់  ។  នាបាត់ពន្លឺ  ភ្នែកពិតពុំភ្លឺ  ពុំយល់បរិបូណ៌  ឥតសាច់ឥតញាតិ  ស្ដាប់សព្ទស្ដាប់សូរ  ពិតពុំបរិបូណ៌  វិញ្ញាណឯងអាច  ។ 

(៤០)  បីបាត់ខុនណាង  បីៗបាត់ជាង  បីៗបាត់ប្រាជ្ញ  ម្តេចបាត់ខុនណាង  បាត់ជាងឯងអាច  ម្តេចហៅបាត់ប្រាជ្ញ  ទាំងបីនេះណ៎ា  ។  នាហៅបាត់ខុន  ណាងនេះជាមុន  ស្រីមានលក្ខណា  ពុំស្ដាប់អម្ចាស់  យប់ថ្ងៃឡើយណ៎ា  ខ្លួនចាស់ព្រឹទ្ធា  ស្រដីឡេះឡោះ  ។  រីបាត់ជាងជាតិ  ធ្វើការឥតខ្នាត  ពុំស្រេចការនោះ  វាតែងឱ្យឃ្លាត  នឹងខ្នាតសូន្យសោះ  ពុំត្រូវចំពោះ  នឹងក្បួនច្បាប់ឡើយ  ។  នាបាត់ប្រាជ្ញប្រុះ  កាលជំនុំនោះ  ស្ងៀមស្ងាត់ព្រងើយ  ពាក្យពុំស្រដី  តិរ្ថិយឥតត្រើយ  ពុំសេពគប់ឡើយ  មារយាទអប្រីយ៍  ។  បីៗបានរស  បីៗសប្បុរស  បីៗពន្លឺ  ម្ដេចហៅមានរស  សប្បុរសមេត្រី  ពន្លឺរស្មី  ចាយចែងចរចា  ។ 

(៤៥)  ទោះមានរសកាលណា  សេពសោយអាហារ  មានរសពិសា  អ្នកមានសប្បុរស  កបរសវាចា  មែនមានភរិយា  មារយាទប្រពៃ  ។  រីសប្បុរសា  ប្រកបលក្ខណា  មានធម៌សោតនៃ  ស្រដីនូវអាថ៌  ជាធម៌ឈ្លាសវៃ  គាល់អម្ចាស់ថ្លៃ  មានពិចារណា  ។  រីពន្លឺនោះ  កាលហូបបាយឆ្ពោះ  ទៀងទើបភោក្ដា  ពោលពាក្យនូវអ្នក  មានព្រះប្រាជ្ញា  ប្រកបភរិយា  ប្រណិប័តន៍សព្វកាល  ។  បីៗហិនហោច  បីៗត្រមោច  បីៗសាធារណ៍  ម្ដេចហៅហិនហោច  ត្រមោចឥតការ  ម្ដេចហៅសាធារណ៍  ស្រេចស្រាយចេញហោង  ។  នាហៅហិនហោច  អសោអសោច  ខ្លួនខ្លៅធ្វើឆ្គង  គប់នូវអ្នកផឹក  ប្រមឹកស្រាផង  ប្រពន្ធសោតហោង  ស្រដីមាយា  ។ 

(៥០)  នាហៅត្រមោច  ត្រមោលកណ្ដោច  កណ្ដែងកំព្រា  ឯងមានរបៀប  ឥតប្រៀបអ្នកណា  ឥតបុត្រស្ងួតភ្ងា  ត្រមោចសោតសល់  ។  នាហៅសាធារណ៍  មានព្រៀងឥតការ  បំបែកកិច្ចកល  ប្រពន្ធឫស្យា  អាត្មាទុព៌ល  រឹងប្រួតបំណុល  លើខ្លួនទៀតកូវ  ។  បីៗសាមាន្យ  បីអន្ដរធាន  បីៗអាស្រូវ  ម្ដេចហៅសាមាន្យ  អន្ដរធានកូវ  ម្ដេចហៅអាស្រូវ  ពាក្យនេះលោកថា  ។  នាហៅសាមាន្យ  សង់ផ្ទះនាស្ថាន  ទៀបផ្សារពុំជា  គប់នូវអ្នកពាល  សាធារណ៍មោហា  ប្រពន្ធនោះណ៎ា  ច្រើនបំណុលនៅ  ។  រីអន្ដរធាន  សង់ផ្ទះនាស្ថាន  នោះនៅជិតផ្លូវ  ខ្លួនរែងអប្រីយ៍  មានក្ដីអាស្រូវ  ប្រពន្ធនោះកូវ  ប្រមឹកស្រាផង  ។ 

(៥៥)  នាហៅអាស្រូវ  សង់ផ្ទះជិតផ្លូវ  ធ្លានោះសោតហោង  ម៉ែក្មេកពុំជា  មាត់រឹងកន្លង  ប្រពន្ធនោះហោង  គេលែងទៀតខ្មី  ។  បីៗបរលោក  បីៗពុំថោក  បីៗលោកិយ  ម្ដេចហៅបរលោក  ពុំថោកនោះក្ដី  ម្ដេចហៅលោកិយ  គួរដឹងសោះសា  ។  នាហៅបរលោក  រកគ្រូនាលោក  ដ៍មានប្រាជ្ញា  ខ្លួនសោតពុំខ្ជិល  ចាំសីលភាវនា  ចិត្ដថ្លាសទ្ធា  ពុំដែលដាច់ឡើយ  ។  នោះហៅពុំថោក  រក្សាប្រាណលោក  ដំណឹងខ្លួនហើយ  អង្គុយខ្ពង់ខ្ពស់  ថ្កើងយសជាត្រើយ  ភរិយាគាប់ហើយ  ត្រកូលថ្លៃផង  ។  នាហៅលោកិយ  ពុំយល់ឯងក្ដី  មានច្បាប់សោតហោង  ពាក្យពោលសត្យា  ចរចាឥតហ្មង  ពាក្យពីរោះផង  សាន្ដសមសាទរ  ។ 

(៦០)  បីៗប្រាសលោក  បីៗថយថោក  ប្រាសលោកុត្ដរ  ម្ដេចហៅប្រាសលោក  ថយថោកពុំប-  រិបូណ៌លោកុត្ដរ  ឱ្យពិចារណា  ។  នាហៅប្រាសលោក  ស្រដីថយថោក  ពាក្យនោះពុំជា  ខ្លួនឯងតម្អឹង  ពាក្យរឹងមហិមា  យល់ចាស់ព្រឹទ្ធា  ពិតពុំប្រណិប័តន៍  ។  ថោកប្រាណពេកណា  ទុយ៌សអសារ  អង្គុយថយក្ដាត់  អាហារថយផ្ចង់  បម្រុងពីមាត់  នេះហោងលោកកាត់  ហៅថយថោកហោង  ។  រីប្រាសលោកកូវ  គួរនោះពុំត្រូវ  ដោយធម៌ទំនង  យល់សង្ឃឥតចិត្ដ  ប្រណិប័តន៍សង្ឃផង  សីលទាននោះហោង  ពុំស្គាល់ឡើយណា  ។  មានតែបំបាត់  ជីវិតសព្វសត្វ  ឥតមានមេត្តា  ហៅប្រាសលោកកូវ  គួរនៅឯណា  មានពន្ធបីប្រ-  ការអកុសល  ។ 

(៦៥)  ព្រះអង្គមហាក្សត្រ  សោយរាជ្យសម្បត្ដិ  គ្រងរាជ្យមណ្ឌល  រើសរកសេនា  ឱ្យជាសុខពល  ហើយនឹងតម្កល់  ស្នងព្រះនេត្រន័យ  ។  ក្រឡាពាសធំ  ជាមេកងជុំ  ការសង្រ្គាមជ័យ  ស្រាល់រកអ្នកណា  ចេះអធ្យាស្រ័យ  មានប្រាជ្ញាវៃ  ស្គាល់គ្រប់រាជការ  ។  ស្គាល់ទោសស្គាល់គុណ  ស្គាល់ក្រោយស្គាល់មុន  ដើមចុងកណ្ដាល  ស្គាល់បាបស្គាល់បុណ្យ  ស្គាល់ធ្ងន់ស្គាល់ស្រាល  ស្គាល់ប្រាជ្ញស្គាល់ពាល  ស្គាល់ខ្លាចស្គាល់ហ៊ាន  ។  ស្គាល់តិចស្គាល់ច្រើន  សង្វាតក្រវើន  ស្គាល់អត់ស្គាល់ឃ្លាន  ស្គាល់វៀចស្គាល់ត្រង់  ស្គាល់ភូតស្គាល់មាន  ស្គាល់ដីស្គាល់ដែន  ស្គាល់ព្រៃស្គាល់ត្រាញ់  ។  ស្គាល់គាប់ស្គាល់ខុស  ស្គាល់ស្លាប់ស្គាល់រស់  ស្គាល់ឈ្នះស្គាល់ចាញ់  ស្គាល់បាញ់ស្គាល់បោះ  ស្គាល់ដោះស្គាល់ដេញ  ស្គាល់ចូលស្គាល់ចេញ  ស្គាល់បាត់ស្គាល់មាន  ។ 

(៧០)  ស្គាល់តឹងស្គាល់ធូរ  ស្គាល់ឆាប់ស្គាល់យូរ  ស្គាល់ហូលស្គាល់ខៀន  ស្គាល់ដើរស្គាល់ដេក  ស្គាល់ស្រេកស្គាល់ឃ្លាន  ស្គាល់បង់ស្គាល់បាន  ស្គាល់មានស្គាល់ខ្សត់  ។  បើមានកង្វល់  កលិយុគមកដល់  គេប្រាប់ប្រាកដ  បាកុំឆោតឆ្ងល់  វិលវល់រន្ធត់  កុំផ្សូរយូររត់  តម្អក់តម្អឹង  ។  កុំច្រើនវង្វេង  ងងោងងងេង  មមីមមមឹង  កុំច្រើនប្រទូស្ដ  រឹងរូសរបឹង  កុំខ្ជិលរំពឹង  តែងដេកនិទ្រា  ។  កុំលោភចង់បាន  ទ្រព្យគេបំពាន  ពន្លឹកសោះសា  កុំរៀនកំណាញ់  ស្វិតស្វាញឫស្យា  ពុំស្គាល់កាចជា  ពាក្យពេចន៍ទ្រគោះ  ។  កុំលេងជាល្បែង  រំពឹងយល់ឈ្វេង  ពាក្យពុំពីរោះ  ស្រដីឱ្យដាច់  ឱ្យស្រេចឱ្យស្មោះ  កុំធ្វើឡេះឡោះ  សសោះអន្ទង  ។ 

(៧៥)  កុំធ្វើហេងហាង  កុំអួតកុំអាង  ខុសក្ដីបំណង  កុំច្រើនក្រអែស  ប្រហែសលេងលង  ឱ្យរៀនត្រងរង  នូវក្ដីកំណត់  ។  អ្នកណាអាចស្គាល់  អាចដឹងអស់អាថ៌  ជាក់ជាងប្រាកដ  ធ្វើការសង្គ្រាម  ព្យាយាមចំហុត  ឮកេរ្ដិ៍ប្រាកដ  ដូចព្រះរាមា  ។  ស្ដេចផ្ចាញ់អសុរ  អស់ឥតសំណល់  ដល់មួយឡើយណា  បើមានសណ្ដាប់  ក្រមច្បាប់សាស្រ្ដា  ទុកអង្គអាត្មា  ទីទៃគ្រប់ប្រាណ  ។  រីច្បាប់នេះណា  បើអ្នកឯណា  យកទុកឱ្យបាន  ក្នុងអង្គអាត្មា  ជាសណ្ដាប់ប្រាណ  អ្នកនោះនឹងបាន  ជាអង្គអ្នកប្រាជ្ញ  ។  បើអ្នកឯណា  បានមើលអក្ខរា  ថាឱ្យស្រួលស្រេច  ជួយជួសសេចក្ដី  អស់អាថ៌សេចគ្រេច  ឱ្យទានបន្ដិច  កុំសើចឡើយហោង  ។ 

(៨០)  ជួយកែឱ្យត្រូវ  តម្រង់តម្រូវ  ដោយនូវគន្លង  ជាច្បាប់បូរាណ  ពិតពីព្រេងហោង  ឱ្យត្រូវបំណង  ព្រេងព្រឹទ្ធបូរាណ  ។  សេចក្ដីនេះណា  និទានអស់អាថ៌  ចប់បរិបូណ៌បាន  នេះហោងជាច្បាប់  សណ្ដាប់គ្រប់ប្រាណ  ឱ្យឱវាទទាន  និដ្ឋិតំចប់ហោង  ៕៚    

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖