ច្បាប់​ប្រុស​

បណ្ឌិត ម៉ឺន មៃ
បទព្រហ្មគីតិ 

(១)  នេះបទព្រហ្មគីតិ  ពីព្រេងព្រឹទ្ធទុកទូន្មាន  ចែងចងជានិទាន  ទុកគ្រាន់មើលជាច្បាប់ថ្មី   ។  ឱ្យអស់កូនចៅក្រោយ  ស្ដាប់កុំឱ្យភ្លេចស្មារតី  ប្រដៅទាំងប្រុសស្រី  យកទុកខ្លួនគ្រប់អាត្មា  ។  ធម្មតាកើតជាមនុស្ស  ទោះស្រីប្រុសក្រណាស់ណា  ក្រគិតក្នុងចិន្ដា  ឱ្យបានដឹងសមនិងគួរ  ។  នឹងអស់ញាតិសន្ដាន  សោះគេមានពាក្យថាជួ  កុំឆ្មើងកុំតែងតួ  ធ្វើកំប៉ោងកុំពាក្យធំ  ។ 

(៥)  នឹងដើរដូចភុជង្គ  ឱ្យឱនអង្គអាចបារម្ភ  ឱ្យត្រូវនឹងច្បាប់ក្រម  គួរប្រតិបត្តិកុំឱ្យឆ្គង  ។  រៀនបទរៀនបាទចាស៎  កុំច្រឡាសលើរៀមច្បង  ស្រដីនឹងអ្នកផង  ពាក្យឱ្យគួរកុំឯងវ៉ី  ។  អឺអើអញដាច់សាច់  ឆ្គងពាក្យពេចន៍គេស្រដី  ដើមដៀលឱ្យអប្រិយ  ស្រដីថាកូនអត់ពូជ  ។  ចាស់ទុំមិនប្រដៅ  ជេរកូនចៅទើបវាខូច  គេថាកូនអត់ពូជ  មិនដឹងច្បាប់នឹងចាស់ទុំ  ។  គេដៀលដល់ម៉ែឪ  កេរ្តិ៍អាស្រូវស្អុយរហ៊ុម  គេស្ដីដើមជៀវជុំ  ដំណៀលនោះដល់មកចាស់  ។ 

(១០)  កុំកាចកុំស្លូតពេក  កុំចំអៀករៀនរហ័ស  កុំខ្លាចកុំហ៊ានណាស់  ឱ្យរំពឹងរំពៃគ្រប់  ។  ទោះដេកឱ្យរហ័ស  ភ្ញាក់មុនចាស់ដោះឡើងលុប  មុខមាត់មើលឱ្យគ្រប់  ទ្រព្យរបស់សឹមដេកវិញ  ។  ស្លាម្លូស៊ីឱ្យច្រៀក  កុំបីបៀកទាំងមូលមិញ  តូចធំឱ្យច្រៀកចេញ  តាមពាក្យចាស់ថាអភព្វ  ។  ដេកយប់កុំដេកយូរ  ហើយទទូរដូចគេងាប់  សំពត់ស្លៀកឱ្យខ្ជាប់  កុំឱ្យអាក្រាតក្រៅខ្លួន  ។  នឹងដេកកុំទ្រមក់  ឱ្យលង់លក់ក្រៅពីក្បួន  បើភ្ញាក់ឱ្យដឹងខ្លួន  ឡើងអង្គុយកុំមាត់ខ្លាំង  ។ 

(១៥)  ប្រែប្រាណប្រុងវិញ្ញាណ  ខ្លាចក្រែងមានចោរចិត្តខ្មាំង  ប្រួញប្រាណប្របជញ្ជាំង  ជញ្ជូនទ្រព្យលួចយកចេញ  ។  បើឥតមោះមន្ទិល  កុំឱ្យខ្ជិលដេកទៅវិញ  ភ្ញាក់ហើយឱ្យក្រោកចេញ  រកជក់ថ្នាំស៊ីម្លូស្លា  ។  ទោះពេលពន់ព្រលប់  គន់ឱ្យគ្រប់ទ្រព្យនានា  កាំបិតខាងអាត្មា  ឱ្យសិតទឹកដាក់ចុងជើង  ។  ប្រអប់ដាក់ទឹមស្មា  ថ្វាយទេព្ពារក្សាយើង  ហើយឱ្យបំពក់ភ្លើង  នៅក្រានក្រៅកុំឱ្យដាច់  ។  កុំឱ្យអស់រលីង  រលត់ធេងហើយថាភ្លេច  សព្វថ្ងៃមើលកុំដាច់  កុំដើរយកពីផ្ទះគេ  ។ 

(២០)  ថែទាំមើលជើងក្រាន  ឱ្យអុសមានកុំទំនេរ  បង្កាត់បង្កើតកេរ្តិ៍  កុំប្រហែសឱ្យសូន្យសុង  ។  ប្រយត្នក្រែងក្រងាយ  ពុំសប្បាយឈឺពោះពុង  បង្កាត់កម្ដៅអង្គ  អុជបំភ្លឺមើលនេះនោះ  ។  មានកាលយប់ងងឹត  ភ្លេចមិនគិតចួនកូនជុះ  គ្មានភ្លើងអុជចន្លុះ  ក្រានរលុះរលត់ធេង  ។  រត់រកភ្លើងសស្រាក់  ព្រួយលំបាកតែខ្លួនឯង  ហេតុខ្ជិលពុំគិតក្រែង  ក្រយប់ថ្ងៃព្រួយដើរឆ្ងាយ  ។  ហើយឱ្យថែទាំទឹក  ទោះយប់ព្រឹកកុំគិតងាយ  ដងដាក់ក្អមរាត់រាយ  សព្វពួចពាងអាងអុងធំ  ។ 

(២៥)  កុំឱ្យស្ងួតក្អមធេង  អស់រលីងពីពាងធំ  គ្មានសោះនោះមិនសម  ចួនក្រែងក្រងាយយប់ថ្ងៃ  ។  ទោះដើរទៅឆ្ងាយជិត  កាន់កាំបិតកំដរដៃ  ក្រែងមានមែកឈើព្រៃ  កាប់កាន់មកធ្វើជាអុស  ។  ចួនកាលក្រែងបន្លា  មុតអាត្មាគ្រាន់ចាក់ជួស  ជាគ្រឿងគ្រប់មិនខុស  ការសត្រូវទោះឆ្មាឆ្កែ  ។  ដើរព្រៃឱ្យមើលលើ  ឃើញស្លឹកឈើជាបន្លែ  កាប់កាន់កុំដៃទេ  អង្គុយគន់មើលឆ្វេងស្ដាំ  ។  ក្រែងមានឈើព្រៃងាប់  គួរកាច់កាប់យកជាថ្នាំ  ផ្ញើក្រានគ្រាន់ដណ្ដាំ  បាយបានឆ្អិនឆាប់ដូចចិត្ត  ។ 

(៣០)  សោះស្រីស្រដីបាន  បើអុសមានមិនព្រួយគិត  សព្វថ្ងៃប្រុងគំនិត  ថែទាំទើបគង់របស់  ។  មាសប្រាក់ស្រូវអង្ករ  ទុកឱ្យល្អកុំសប្បុរស  សំចៃកុំឱ្យអស់  មើលថែថួនខ្លួនឯងណា  ។  សូវស្ដួចកុំឱ្យដាច់  បើវាតិចឱ្យឧស្សាហ៍  រិះរកផ្សំទៀតណា  ឱ្យបានច្រើនក្រវើនទុក  ។  នឹងចាយឱ្យគិតក្រោយ  ទោះនឹងឱ្យមើលមុខៗ  កុំឱ្យស៊ុកគ្រលុក  ទោះនឹងទុកឱ្យចំណាំ  ។  រដូវធ្វើចម្ការ  ឱ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ  ស្លឹកគ្រៃខ្ញីត្រប់ត្រុំ  ត្រាវត្រសក់សព្វបន្លែ  ។  ៣៥- កុំខ្ជិលកុំច្រអូស  ទៅងងូសរត់សុំគេ  គេមិនឱ្យឯងទេ  តែគឺមោះព្រោះខ្ជិលដាំ  ។  ទោះធ្វើស្រែចម្ការ  ឱ្យឧស្សាហ៍មើលថែទាំ  កុំខ្ជិលកុំប្រចាំ  ចបចូកជីកស្មៅវល្លិផង  ។  កុំឱ្យបង់កម្លាំង  ទោះខែប្រាំងប្រើឱ្យដង  ទឹកទៅស្រោចស្រង់ផង  ឱ្យលូតលាស់មានផ្កាផ្លែ  ។  ធ្វើការកុំគិតព្រួយ  ខ្លួនឯងមួយកុំត្អូញត្អែរ  ខ្លាំងខ្សោយកុំឱ្យល្ហែ  ខ្លាចតែនឿយហើយមិនធ្វើ  ។  ជាងយប់បិតឫស្សី  ត្បាញជាលល្អីតៅកញ្ជើ  កុំឱ្យស្រីស្ដីលើ  ឥតអំពើធ្វើលេងទៅ  ។ 

(៤០)  កុំទុកដៃទទេ  ជាងទំនេរបោចស្មៅព្រៅ  ខាងផ្ទះខាងលំនៅ  ឱ្យវាលកាលកើតសុខា  ។  ឱ្យមានក្ដីបារម្ភ  ធ្វើស្រែកុំចោលចម្ការ  ដឹងដែកកាំបិតព្រា  ទុកឱ្យជាកុំឱ្យបាត់  ។  ដេកយប់ឱ្យរាំងទ្វារ  ទ្រព្យជាៗប្រុងប្រយត្ន  ត្រចៀកចាំកុំភ្លាត់  កុំភ្លេចចោលមិនដឹងខ្លួន  ។  ប្រយត្នប្រយោជន៍យូរ  ទោះលក់ដូរមើលថែថួន  ទោះទ្រព្យរបស់ខ្លួន  ឱ្យសួរកូនសួរប្រពន្ធ  ។  កុំអាងឯងជាប្រុស  ចាយរបស់មិនគិតគន់  មិនដឹងដល់ប្រពន្ធ  ព្រមព្រៀងគ្នាឥតបើថា  ។ 

(៤៥)  ទោះបីបើបងប្អូន  ពឹងរកខ្លួនទៅណាៗ  ទោះទៅលេងឥតការ  ឥតគេរកដើរឆ្ងាយជិត  ។  ឱ្យប្រាប់អ្នកនៅផ្ទះ  កុំរលះឥតគំនិត  គេភ័យព្រួយចិត្តគិត  ព្រោះមិនដឹងជាទៅណា  ។  បើទៅជាមានភព្វ  ប្រសើរគាប់នោះឥតថា  ប្រសិនពានពស់ខ្លា  ខ្យល់ចាប់ចុកឥតគេសម  ។  ទោះដើរមានដំណឹង  ឱ្យរំពឹងគិតបារម្ភ  នឹងដើរៗឱ្យសម  យប់ព្រលប់ឱ្យមាត់ក  ។  កុំស្ងៀមកុំស្ងាត់ពួន  លបលាក់ខ្លួនខ្លាចមិនល្អ  ឱ្យមើលឱ្យមាត់ក  ដើរឱ្យស្មោះសោះគេថា  ។ 

(៥០)  ទោះខ្លួនជាប៉ុន្មាន  ពាក្យសន្ដានរែងមុសា  គេម៉ៃមកអាត្មា  តាមដំណឹងដំណើរខុស  ។  កូនអើយបាកុំធ្លោយ  កុំធ្លាយឱ្យអាប់កេរ្តិ៍យស  ធម្មតាកើតជាប្រុស  ឱ្យរករៀនច្បាប់មាត្រា  ។  លោកថាហៅឆ្កួតបី  មួយឆ្កួតស្រីមួយឆ្កួតស្រា  មួយឆ្កួតល្បែងពាលា  លេងបៀប៉ោថួកំតាត់  ។  ទាក់មាន់ទាក់ទទា  ជល់ភ្នាល់គ្នាបរបាញ់សត្វ  អន្ទាក់ដាក់បង្កាត់  ល្បែងអស់នោះមិនកំណើត  ។  ធម្មតាប៉ោនិងបៀ  មិនដែលខ្មែរណានឹងកើត  មិនឮមានកំណើត  មានតែលិចលង់ខ្លួនទេ  ។ 

(៥៥)  ចួនកាលគេចាញ់ឯង  រៀងរាល់ល្បែងតែងនឹងរេ  មានកាលឯងចាញ់គេ  កុំទុកចិត្តថាឯងប៉ិន  ។  ពីព្រឹកស្លៀកហូលជរ  ល្ងាចស្លៀកសខ្វះចងក្បិន  ពីព្រឹកត្បកក្បាលចិន  ល្ងាចមិនទាន់ចិនដាក់ខ្នោះ  ។  ចួនកាលវាចងជើង  ព្យួរខ្ពស់ឡើងដាំក្បាលចុះ  ភ្នែកស្លឹងតឹងក្រញុះ  វាទារប្រាក់ឱ្យបានឆាប់  ។  មើលមុខល្អមិនតិចអី  មិនខ្មាសស្រីផ្សារឈរស្ដាប់  មុខមិញដូចគេស្លាប់  មាត់ស្ញេញស្ញាញពេបកូនក្មេង  ។  ស្រែកថ្ងូរអេះអូយអឺយ  អាចិកអើយអាណិតលែង  អញរកប្រាក់ឱ្យឯង  ឱ្យអាចិកស្អែកនេះបាន  ។ 

(៦០)  ចិនឮព្រមស្រាយមក  បណ្ដើររកប្រាក់សន្ដាន  តឹងទារទាល់តែបាន  ទ្រព្យឱ្យទៅទើបវាលែង  ។  អ្នកអាយអ្នកអើយកុំ  គួរបារម្ភរាល់តែល្បែង  កុំលកុំលូកលេង  គួរឱ្យវាងឱ្យវៀរសោះ  ។  កុំឈរកុំឈប់ជិត  ក្រែងមិនឥតបង់កេរ្តិ៍កោះ  កុំល្បងល្បែងនោះសោះ  គួរឱ្យដោះឱ្យដើរចេញ  ។  ច្បាប់នេះចាំរាល់ខ្លួន  ទោះបងប្អូនមិត្តសម្លាញ់  ពឹងខ្លួនឯងឱ្យចេញ  ធានាទ្រព្យគេយកទៅ  ។  ឯទ្រព្យបានទៅវា  ឯងធានាស្រាប់តែនៅ  វាបានទ្រព្យយកទៅ  ខ្លួនឯងនៅធានាស្រាប់  ។ 

(៦៥)  ដល់គេមកតឹងទារ  អ្នកធានាក៏បានឆាប់  មិនបានគេប្រចាប់  ទៅជាខ្ញុំព្រោះធានា  ។  ទោះបងប្អូនធុរៈ  ក្រជំពាក់គេតឹងទារ  បើមានទ្រព្យជួយជា  កុំធានាណា៎អ្នកអាយ  ។  កូនអើយចូរបាចាំ  ឪពុកផ្ដាំកុំបីណាយ  ប្រយត្នរាល់រូបកាយ  កុំឱ្យភ្លេចពាក្យនេះណា  ។  មួយទៀតហៅឆ្កួតស្រី  គួរកុំបីសេពកាមា  វាតែងទាញអាត្មា  នាំវង្វេងភ្លេចបាបបុណ្យ  ។  ភ្លេចទានសីលសូន្យសោះ  ភ្លេចឃ្នាងខ្នោះដល់ជីពជន្ម  ភ្លេចទោសភ្លេចទាំងគុណ  ភ្លេចទាំងការកាន់រសាយ  ។ 

(៧០)  បង្កើតតែទុក្ខទោស  បើបានសុខសឹងប្រែក្លាយ  បង្កើតក្ដៅក្រហាយ  ឱ្យទាស់ទែងខឹងនឹងគ្នា  ។  ចងទោសគុំគង្គួន  មិនគិតខ្លួនខ្លាចមរណា  មានកាលក្មួយនិងមា  គុំធ្វើគ្នាឱ្យសោះសូន្យ  ។  បង្កើតតែចិត្តធំ  ចៅគំនុំនឹងជីដូន  ឯបងខឹងនឹងប្អូន  ម្ដាយនិងកូនគុំធ្វើគ្នា  ។  រីក្មេងគុំកាប់ចាស់  ឱ្យក្ដៅណាស់ក្នុងអង្គា  កើតទោសខឹងនឹងគ្នា  ជាគំនុំពុំត្រាស្បើយ  ។  មានកាលគេដាក់ឃ្នាង  វាមិនរាងចាលចិត្តឡើយ  លក់ព្នៃខ្ញុំគេហើយ  មិនខ្លាចស្លាប់ដល់អាត្មា  ។ 

(៧៥)  គេកាប់ដោតទាំងក្បាល  មិនចេះចាលចិត្តឡើយណា  ភ្លេចខ្លួនសូន្យសោះសា  នឹកតែត្រង់សេពសប្បាយ  ។  រីឯកាមកិលេស  កុំប្រហែសគួរឱ្យណាយ  ល្អិតណាស់ណាអ្នកអាយ  អ្នកអើយកុំគិតសង្ស័យ  ។  នេះឯងហៅឆ្កួតស្រី  គួរកុំបីឱ្យអាល័យ  ចូរចងចាំសព្វថ្ងៃ  ទុកទូន្មានអង្គអាត្មា  ។  អ្នកប្រាជ្ញលោកនិទាន  ទុកទូន្មានរាល់រូបា  មួយហៅឆ្កួតសុរា  នោះកុំផឹកវាស្រវឹង  ។  វានាំភ្លេចវិញ្ញាណ  ភ្លេចសីលទានសោះសូន្យឈឹង  ផឹកហើយមិនដែលនឹង  នាំចិត្តនោះឱ្យធំក្រៃ  ។ 

(៨០)  ឯខ្លួនឯងតូចទេ  មើលទៅគេប៉ុនមេដៃ  កម្លាំងឯងស្មើចៃ  មិនកោតគេតិចឡើយណា  ។  ក្អេងក្អាងពាក្យកក្អែ  អួតពូកែបទបានស្រា  មិនមានខ្លាចនរណា  ស្រដីកោងរកកលឈ្លោះ  ។  បញ្ជោរបញ្ចៀសផ្ដាស  ជេរវាងវាសមិនចំឈ្មោះ  នាំហេតុតែខាងឈ្លោះ  ឆ្លើយឆ្លងពាក្យឱ្យបានទាក់  ។  ប្រពន្ធឃើញឃាត់ទៅ  ប្ដីមិនត្រូវថាកុំអ្នក  ឯងខឹងលោវាធាក់  ដោយចិត្តធំបទបានស្រា  ។  មានកាលចួនស្រវឹង  ពុំមានដឹងខ្លួនឡើយណា  ដើរដួលដេកផ្កាប់ផ្ងារ  ស្រាតសំពត់អស់ពុំដឹង  ។ 

(៨៥)  គេឃើញអស់ខ្មាសខ្ញុំ  ក្មេងជៀវជុំសើចទ្រហឹង  ដេកដូចគេស្លាប់ឈឹង  ក្អែក្អួតពាសពេញទាំងខ្លួន  ។  កំណើតអ្នកផឹកស្រា  កុំអួតថាឯងនឹងនួន  ដឹងហើយស្រវឹងមួន  ខ្លួនខ្សត់ទេអួតថាមាន  ។  អ្នកស្លូតទៅជាកាច  ឯងអ្នកខ្លាចទៅជាហ៊ាន  ខុសត្រូវទៅបំពាន  បំពុលខ្លួនឱ្យបានបាប  ។  នេះឯងហៅឆ្កួតស្រា  ក្នុងធម៌ថាពៀរដរាប  អ្នកណាផឹកហើយបាប  បង់កិត្តិយសពុំសួស្ដី  ។  គួរកុំសេពសុរា  នាំអាត្មាឱ្យអប្រិយ  នឹងធ្លាក់ទៅអវចី  នរករងទុក្ខវេទនា  ។ 

(៩០)  ហៃអស់ជនទាំងឡាយ  កុំរាយមាយក្នុងអង្គា  ចូរស្ដាប់ច្បាប់នេះណា  ទុកទូន្មានខ្លួនសព្វថ្ងៃ  ។  នេះឯងហៅឆ្កួតបី  លោកស្រដីក្នុងធម៌ថ្លៃ  បើអ្នកណាមួយនៃ  នឹងប្រាថ្នាដោយចំណង់  ។  លោកចងជាឧបមា  ឱ្យអ្នកណាមួយផ្ចិតផ្ចង់  យកដែកដុលបោះបង់  ក្នុងភ្លើងប្រាណឆេះច្រាលឆ្អៅ  ។  បើកាន់ដែកដែលដុត`  នោះមិនមុតមិនមានក្ដៅ  កាន់បាននោះទើបហៅ  ចិត្តមុតមែនពិតគិតប្រាណ  ។  នោះទើបលោកឱ្យធ្វើ  នូវអំពើទាំងបីបាន  ដោយធម៌បូរាណ  លោកឧបមាដូចនេះណា  ។ 

(៩៥)  ចាត់ចែងតែងជាបទ  ព្រហ្មប្រាកដកាលបិតា  ប្រដៅខ្ញុំនេះណា  សព្វសេចក្ដីដូចនេះនៃ  ។  កិច្ចកាព្យរាយរៀបរោះ  ខ្ញុំនាមឈ្មោះបណ្ឌិតមៃ  គិតចងជាសេចក្ដី  ប្រដៅជនចប់ម្ល៉េះហោង ៕៚    

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖