ច្បាប់​ស្រី

បណ្ឌិតម៉ឺន មៃ
បទភុជង្គលីលា 

(១)  នេះបទ​កំណត់ចងជា  ភុជង្គលីលា  ចងជាច្បាប់ស្រី  ។  កាលនាងឥរន្ទវតី  ចរចាកតាមប្ដី  គឺបុណ្ណកយក្សា  ។  នាងវិមលាជាមាតា  បើកបន្ទូលថា  ហៃកូនពិសី  ។  នាងនឹងត្រាច់ត្រង់តាមប្ដី  ចេញចាកអំពី  ពិភពនាគនេះ  ។ 

(៥)  ទៅឋានមនុស្សលោកនាយអេះ  ចូរនាងចាំចេះ  បម្រើស្វាមី  ។  ធ្វើវត្តប្រតិបត្តិប្រក្រតី  កុំឱ្យស្វាមី  អាក់អន់ចិន្ដា  ។  នាងអើយគម្ដែងក្រឡា  ជាម្ចាស់សិរសា  កូនកុំមាក់ងាយ  ។  ហៃកូនស្រីស្ងួនមាសម្ដាយ  ក្រណាស់នាងអាយ  តាមដោយច្បាប់ស្រី  ។  ក្រមួយមិនបានសម្ដី  ពាក្យទន់តិចន័យ  ឱ្យញាតិចូលចិត្ត  ។ 

(១០)  ក្រមួយមិនចេះរិះគិត  ឃើញញាតិឆ្ងាយជិត  ហៅឡើងឆីស្លា  ។  ទោះមានមិនមានក្ដីណា  ពាក្យផ្អែមចរចា  ទើបគេស្រឡាញ់  ។  កុំជួចិត្តស្មូរកំណាញ់  មិនមានអស់អញ  នឹងញាតិសន្ដាន  ។  កើតយសរបស់ផងបាន  កើតសុខក្សេមក្សាន្ដ  ពីព្រោះកូនស្រី  ។  ទោះនឹងនិយាយស្រដី  ការកេរ្តិ៍ជាស្រី  កុំស្ដីឡេះឡោះ  ។ 

(១៥)  ថាលេងដូចក្មេងញ៉េះញ៉ោះ  ឃើញប្រុសកំលោះ  សសៀរចូលជិត  ។  សើចព្រៀងបញ្ឆៀងមិនគិត  ប្រុសព្រើលបានចិត្ត  វាហ៊ានដោយសារ  ។  ហៅស្រីអប្រីយ៍ឥតការ  ឥតមានឥរិយា  មារយាទក្នុងខ្លួន  ។  សើរើពុំធ្វើនឹងនួន  ស្រដីមិនមួន  មិនមានអៀនអន់  ។  ឃើញគេបៀតបែរគយគន់  សើចសួរចំអន់  ចំអកឱ្យប្រុស  ។ 

(២០)  ហៅស្រីអប្រីយ៍ទុយ៌ស  មិនខ្លាចខ្លួនខុស  មារយាទក្រឹត្យក្រម  ។  ធ្វើការអង្គុយច្រឡំ  នឹងសមពុំសម  ផ្សាឯងជាស្រី  ។  មិនកោតមិនខ្លាចចិត្តប្ដី  ឱ្យប្រុសដទៃ  មាក់ងាយប្ដីណា  ។  ហៅស្រីឥតលក្ខណា  ឥតមានកិរិយា  មារយាទពុំសម  ។  ធ្វើការផងណាប្រើខំ  ទោះត្បាញចាក់ដំ  នាងខំឱ្យហើយ  ។ 

(២៥)  កុំទុកទៅមុខទៀតឡើយ  ថាចាំបង្ហើយ  កម្រណាស់ណា  ។  ទោះធ្វើហូលគោមព្រែផ្កា  ដាក់ត្បាញហើយណា  បានស្រេចសឹមធ្វើ  ។  ធ្វើឱ្យកើតកេរ្តិ៍ប្រសើរ  ហើយកុំឱ្យដើរ  លេងផ្ទះគេណា  ។  ឱស្ងួនខ្លឹមខ្លួនរក្សា  នាងខំធ្វើការ  ទាន់ខ្លួនក្រមុំ  ។  មានប្ដីបានអ្វីជាខំ  រវល់កូនយំ  កម្រចេះឆ្លៀត  ។ 

(៣០)  ព្រួយចិត្តគំនិតចង្អៀត  មួយហើយមួយទៀត  យំទារតែឆី  ។  រឹងព្រួយទាំងមួយទាំងពីរ  រកបានឱ្យឆី  ទើបបានបាត់មាត់  ។  ទោះកាន់ការធ្វើឱ្យស្ទាត់  ហូលគោមគាតកាត់  អន្ទងត្បាញទៅ  ។  កុំទុកក្នុងស្មុគស្មូញនៅ  ក្រែងដល់យូរទៅ  ខាតខូចអសារ  ។  ហៃកូនស្រីស្ងួនមាតា  ចូរចាំរក្សា  កុំភ្លេចស្មារតី  ។ 

(៣៥)  ចូររករៀនយកច្បាប់ស្រី  ឱ្យកោតខ្លាចប្ដី  គម្ដែងក្រឡា  ។  ធ្វើវត្តប្រតិបត្តិសោតណា  ឱ្យនាងរក្សា  ភ្នក់ភ្លើងទាំងបី  ឱ្យកាត់ឱ្យគង់ប្រក្រតី  សព្វថ្ងៃកុំបី  ភ្លេចផ្លុំឱ្យឆេះ  ។  ក្រែងរាលដួលដាលព្រាយប្រេះ  កើតក្ដៅរលេះ  រលាយអស់អង្គ  ។  ភ្លើងក្រៅកុំនាំទៅក្នុង  ឱ្យឆេះបំផ្លុង  រឹងផ្លុំបង្កាត់  ។ 

(៤០)  ភ្លើងក្នុងមិនប្រុងប្រយត្ន  នាំមកបង្កាត់  ឱ្យឆេះឯក្រៅ  ។  អុជអាលបណ្ដាលឱ្យក្ដៅ  ដាលដល់កូនចៅ  អសោចអប្រីយ៍  ។  ឱ្យនាងខំប្រឹងស្មារតី  មើលភ្លើងទាំងបី  រក្សាឱ្យគង់  ។  ភ្លើងនោះឱ្យគុណពុំលង់  នឹងឱ្យឧត្ដុង  ឧត្ដមកន្លង  ។  កើតយសរបស់ទ្រព្យផង  បរិបូរឥតហ្មង  ប្រសើរក្ដាត់ណា  ។ 

(៤៥)  ភ្លើងមួយនោះឱ្យរក្សា  គឺគុណមាតា  បិតាស្ងួនគ្រង  ។  ឱ្យនាងធ្វើដោយគន្លង  ប្រណិប័តន៍កុំឆ្គង  នឹងម្ដាយឪពុក  ។  ឱ្យខំថែទាំញ៉ិកញ៉ក់  ចំណីចំណុក  ចំណង់អាត្មា  ។  កុំឃ្លានទុកឆីឡើយណា  ឆ្ងាញ់ឈ្ងុយពិសា  ជូនជាប្រក្រតី  ។  ពាក្យពេចន៍ការកិច្ចអ្វីៗ  អត់ឱនកុំបី  ឱ្យអាក់ចិន្ដា  ។ 

(៥០)  ភ្លើងមួយគម្ដែងក្រឡា  គឺប្ដីអាត្មា  ឋិនថេររួមរក្ស .  ឱ្យនាងប្រណិប័តន៍ជឿជាក់  កុំធ្វើឱ្យអាក់  ឱ្យអន់ចិត្តប្ដី  ។  អត់ឱនខ្លាចខ្លួនជាស្រី  កុំឱ្យស្រដី  ទុកគេជាស្មើ  ។  ទោះកើតហេតុភេទសារពើ  ពាក្យពុំប្រសើរ  ជញ្ជឹងចាំស្ដាប់  ។  ទោះប្ដីស្រដីពុំគាប់  ពុំគួរឱ្យប្រាប់  បានដឹងដល់ម្ដាយ  ។ 

(៥៥)  កើតខឹងរែងរឹងខ្ចរខ្ចាយ  ឮពាក្យពីម្ដាយ  ខ្សឹបខ្សៀវប្រាប់ប្ដី  ។  មិនក្សាន្តបែកបានពីប្ដី  កើតជាសម្ដី  សួរចុះសួរឡើង  ។  ពុំស្ងាត់ស្ងៀមមាត់ចចើង  ជជែកនាំឡើង  ចចើងមិនបាត់  ។  តតាំងពាក្យខ្លាំងមិនស្ងាត់  មិនស្ងៀមឱ្យបាត់  ឱ្យបានទីសុខ  ។  ជជែកស្ទើរបែកទាំងស្រុក  មិនមានហៅសុខ  យូរលង់ឡើយនៃ  ។ 

(៦០)  នេះហៅភ្លក់ភ្លើងទាំងបី  ម្ដាយផ្ដាំកូនស្រី  ឱ្យខំរក្សា  ។  នាងអើយគម្ដែងក្រឡា  ខុសឆ្គងម្ដេចម្ដា  ម្ដាយផ្ដាំកូនស្រី  ។  ឱ្យអត់សង្កត់ហឫទ័យ  កូនកុំស្រដីដើមប្ដីកំបាំង  ។  កុំជេរកុំចេញជាខ្មា៓ង  ខ្សត់ខ្សោយខ្លៅខ្លាំង  នាងកុំមើលងាយ  ។  ល្ងង់ខ្សោយប្រើឱ្យនិយាយ  ណែនាំលេងលាយ  ឱ្យស្រួលវាចា  ។ 

(៦៥)  ទោះប្ដីស្រដីម្ដេចម្ដា  ខេខឹងជេរថា  បោះពាក្យទម្ងន់  ។  ក្រោធក្រេវឆុរឆេវមិនអន់  មិនអាក់ស្រោកស្រន់  ដោយចិត្តគ្នាន់ក្នាញ់  ។  រអ៊ូរទាំទន្ទេញ  ជេរថាជន្លេញ  ដ្បិតទាស់នឹងចិត្ត  ។  ឱ្យកូនស្រីស្ងួនខំអត់  ឱ្យបានរលត់  រលាយកំហឹង  ។  កុំកូនកាន់ខ្លួនប្រែប្រឹង  តតបទៅនឹង  អ្នកជាស្វាមី  ។ 

(៧០)  ខេខឹងក្រញឹងសម្ដី  មិនគិតខ្លួនស្រី  ស្រដីទ្រគោះ  ។  ប្រកែកស្ដីពាក្យគំរោះ  គំរាមបញ្ជោះ  បញ្ជោរឱ្យខឹង  ។  រឹងរូសមើលមុខសម្លឹង  សម្លក់ទៅរឹង  ចចើងចង់ឈ្លោះ  ។  រឹងឆ្លងឆ្លើយពាក្យបញ្ជោះ  បំបែកជាឈ្លោះ  បំបែរពុំទៀង  ។  ជេរថាឆ្កែឆ្មាបំព្រាង  ដៀលត្មះបញ្ឆៀង  បញ្ឈឺចិត្តប្ដី  ។ 

(៧៥)  បោះបោកប្រទះអ្វីៗ  ចាប់ចោលទៅដី  បែកបាក់ពុំគិត  ។  មិនស្រួលទទួលបាត់មាត់  ម្នះម្នេញក្នុងចិត្ត  ឱ្យបានប្ដីចាញ់  ។  ទើបបានសុខចិត្តជាវិញ  ហៅស្រីម្នះម្នេញ  អាប់កេរ្តិ៍យសឆ្ងាយ  ។  ហៃកូនស្រីស្ងួនមាសម្ដាយ  ខុសណាស់នាងអាយ  កុំធ្វើដូចគេ  ។  ទោះបីបើប្ដីនាងជេរ  នាងចូរទៅឯ  ដំណេកគិតសិន  ។ 

(៨០)  ចេញមកនាងយកពាក្យទន់  ស្រដីឱ្យអន់  ស្រាយទោសនោះទៅ  ។  ទោះបីបើប្ដីប្រដៅ  ចូរនាងចាំនៅ  ទុកក្នុងអាត្មា  ។  ពាក្យពេចន៍កុំភ្លេចឡើយណា  ក្រែងឆ្គងម្ដេចម្ដា  ដ្បិតបានផ្ដាំស្រាប់  ។  ព្រោះឯងមិនក្រែងមិនសាប់  ពាក្យគេបង្គាប់  បង្កើតតែឈ្លោះ  ។  ឥតសុខអាក្រក់តែឈ្មោះ  ឮគេប្រឈ្លោះ  មិនចេះហៅល្ហែ  ។ 

(៨៥)  នេះពុំរាប់ជាស្រីទេ  ជាអ្នកប៉ោឡែ  ចិត្តចោរដកទង  ។  ឱ្យមាត់បង្គ្របប្ដីផង  ឱ្យគេស្ដាប់ហោង  ថាឯងគ្រាន់បើ  ។  គឺមោះនាងនោះមិនប្រើ  មិនបើកឱ្យដើរ  បញ្ចើឱ្យទេ  ។  ទោះបីប្ដីប្រើមាសមេ  កុំកូនចំអែ  ចំអៀកមិនទៅ  ។  ឆ្ងាយជិតកុំគិតរង់នៅ  ក្រោកក្រេសដើរទៅ  កុំឱ្យប្ដីជេរ  ។ 

(៩០)  កុំទៅនៅយូរផ្ទះគេ  រវល់ទំនេរ  រវៀសមកណា  ។  ហៃកូនខ្លឹមខ្លួនមាតា  ជាស្រីនេះណា  កម្រណាស់នាង  ។  មិនថាដ្បិតល្អរូបរាង  មិនរើសដ្បិតជាង  ចេះការទាំងគ្រប់  ។  មិនបានស្គាល់ទីគោរព  ស្គាល់តែឧបទ្រព  ទាំងដប់ប្រការ  ។  ហៅតែនឹងល្អរូបា  ពិតហើយចេះការ  គួរកោតដោយយ៉ាង  ។ 

(៩៥)  មួយរូបល្អសសន្លាង  ឥតគេផ្ទឹមខាង  ច្បាប់ផងមិនចេះ  ។  ល្អពិតគំនិតមិនផេះ  ទោះខ្មៅក្ងេះ  ការសោតសមគួរ  ។  គឺមោះនាងនោះមិនជួ  ចេះដឹងសមគួរ  ស្គាល់អស់ឥរិយា  ។  នេះឯងពីព្រេងលោកថា  ហៅល្អរូបា  កបកល្យាណី  ។  ហៃកូនស្រីស្ងួនពិសី  ម្ដាយប្រាប់អំពី  ឧបទ្រពចង្រៃ  ។ 

(១០០)  កាន់ក្បាលប្ដីហើយរកចៃ  មិនបានលើកដៃ  បិទទូលសំពះ  ។  លោកទុកស្មើកុកទំផ្ទះ  រង្គំរង្គះ  នឹងបង់អស់ទ្រព្យ  ។  កន្លងជើងប្ដីពុំគាប់  ព្រោះចិត្តចង់ឆាប់  រំលងជើងប្ដី  ។  ស្មើសត្វលលកស៊ីខ្មោចខ្មី  ហើយច្រាលអប្រីយ៍  កើតព្យាធិរោគា  ។  ចង្រៃមួយនៃរាល់គ្នា  ចេញចូលមាត់ទ្វារ  ពុំបានបិទបាំង  ។ 

(១០៥)  ធ្វេសប្រាណខុសខានមិនរាំង  មិនរុញបំបាំង  មើលយល់សាយសុស  ។  ទុកស្មើគេអុជចន្លុះ  ឱ្យចោរចូលផ្ទះ  យកទ្រព្យទាំងឡាយ  ។  ស្រីមួយសើចលេងក្អាកក្អាយ  ឮលេខចម្ងាយ  រំលងផ្ទះបី  ។  ស្មើសត្វចចាតបក្សី  ចូលភូមិផងក្ដី  ចង្រៃក្ដាត់ណា  ។  ស្រីមួយដេកដាក់កាយា  ប្រះប្រែអាត្មា  ឱ្យខ្នងទៅប្ដី  ។ 

(១១០)  ទុកស្មើពស់ក្រាយអប្រីយ៍  ឡើងផ្ទះឥតបី  ឥតបើគណនា  ។  ចង្រៃកាចក្រៃពុំជា  នឹងព្រាត់ប្រាសគ្នា  ពុំបានវែងឆ្ងាយ  ។  ស្រីមួយសក់វែងអន្លាយ  រំសុសរម្សាយ  សក់សោតរេរា  ។  នៅមាត់អណ្ដូងមាត់ទ្វារ  បីដូចមជ្ជរា  ឆ្មាលាក់ក្រចក  ។  ចង្រៃឥតបីបើរក  រេរាសំកក  មិនចុកសក់ងាយ  ។ 

(១១៥)  ស្រីមួយដើរទៅទាត់ជាយ  ឮលាន់ស្ទើរធ្លាយ  ប្រឹថពីសន្ធឹក  ។  សំពត់ដាច់ដាចមិននឹក  ដើរឮគគឹក  ស្មើសូររន្ទះ  ។  ញ៉ាំញ៉ើដំណើររលះ  ដាក់ជើងលើផ្ទះ  គគ្រាំគគ្រេង  ។  កក្រើកផ្ទះទាំងបីល្វែង  ដូចកលគេសែង  របស់ចេញទៅ  ។  ស្រីមួយឃើញទ្រព្យនៅផ្លូវ  កន្លងហួសទៅ  មិនចាប់ចេញទុក  ។ 

(១២០)  ពុំចេរចំណេរទៅមុខ  ពុំចេះដាក់ទុក  រាយរាល់តែល្វែង  ។  ទ្រព្យនោះរលស់ចេញឯង  ចង្រៃទាស់ទែង  ធ្វើឱ្យអន្តរាយ  ។  ទោះឆីចំណីនូវបាយ  លបលូកកកាយ  ពមពុំសណ្ដាប់  ។  កូនអើយនេះហើយចូរស្ដាប់  ហៅក្ដីឧបទ្រព  ទាំងដប់ប្រការ  ។  ឱ្យចៀសអស់ទាំងនេះណា  ឱ្យរៀនលក្ខណា  ទាំងប្រាំពីរផង  ។ 

(១២៥)  គឺព្រះមានបុណ្យកន្លង  ទេសនាចែងចង  ជាបទគាថា  ។  មួយមាតុមួយមិត្តភរិយា  ភាតុភរិយាជា  ទាសភរិយាផង  ។  ទាំងបួនប្រសើរឥតហ្មង  គួរឱ្យចាំចង  ទុកក្នុងអង្គា  ។  រីឯហៅមាតុភរិយា  ប្រពន្ធនោះជា  លោកទុកស្មើម្ដាយ  ។  ចរិតបីប្រការក្នុងកាយ  មួយចង់ខ្វល់ខ្វាយ  ប្រយោជន៍ឱ្យប្ដី  ។ 

(១៣០)  បានថ្កើងរុងរឿងឮល្បី  មិនឱ្យអាប់ប្ដី  ឱ្យបានសក្តិយស  ។  មួយបើប្ដីស្លៀកពាក់ចាស់  យកថ្មីឱ្យផ្លាស់  ចាស់ស្លៀកខ្លួនឯង  ។  ចេះរៀបរណ្ដាប់តាក់តែង  ចំណីផងស្វែង  រកមកឱ្យប្ដី  ។  មួយបើប្ដីឈឺថ្កាត់អ្វី  ព្រួយប្រឹងមើលប្ដី  រកថ្នាំសង្កូវ  ។  រកពេទ្យមេមត់នូវគ្រូ  គ្រោះយាមគន់គូរ  មើលប្ដីឱ្យជា  ។ 

(១៣៥)  រីឯហៅភាតុភរិយា  ប្រសើរសោភា  ប្រពន្ធស្មើបង  ។  នោះមានចរិតពីរផង  ដូចប្អូននិងបង  ចិត្តមូលមួយប្រាណ  ។  មួយធ្វើឱ្យប្ដីក្សេមក្សាន្ត  របស់ប្ដីបាន  ចេះទុករក្សា  ។  មួយទោះឮពាក្យអ្នកណា  គេតិះដៀលថា  ស្រដីពីប្ដី  ។  ពុំត្រូវអាស្រូវអប្រីយ៍  ចេះការកេរ្តិ៍ប្ដី  បែរបានជាសុខ  ។ 

(១៤០)  ទោះបីបើប្ដីមានទុក្ខ  គិតឱ្យបានសុខ  យកខ្លួនធានា  ។  មួយសោតឯមិត្តភរិយា  មានចរិតជា  បីប្រការមិញ  ។  បីដូចកលមិត្តសម្លាញ់  មានចិត្តអស់អញ  មិនឱ្យមានហ្មង  ។  បីដូចកលប្អូននិងបង  ប្រាសយូរលង់ហោង  ទើបមកចួបគ្នា  ។  មានចិត្តប្រតិពទ្ធមហិមា  ដ្បិតបានចួបគ្នា  មិនឱ្យមានហ្មង  ។ 

(១៤៥)  មួយមានមារយាទកន្លង  ទោះឃើញប្រុសផង  មិនល្អៀងចិត្តទៅ  ។  រីទាសភរិយានោះកូវ  ក្នុងមាត្រាត្រូវ  ប្រពន្ធខ្ញុំប្ដី  ។  ចរិតប្រាំបីប្រការខ្មី  មួយចិត្តខ្លាចប្ដី  ក្រែងប្ដីវាយជេរ  ។  ប្រុងចិត្តការគិតខ្មាសគេ  មិនឱ្យប្ដីជេរ  បន្ទោសខ្លួនបាន  ។  ទោះខឹងប្ដីក្រៃប៉ុន្មាន  មិនចេះហៅហាន  ឆ្លើយឈ្លោះតមាត់  ។ 

(១៥០)  មួយទោះប្ដីនោះកាចក្ដាត់  ខឹងដល់វាយវាត់  ជេរចោរដកទង  ។  មិនហ៊ានឆ្លើយឈ្លោះរំលង  តតបទៅផង  ក្រែងឮកេរ្តិ៍ឆ្ងាយ  ។  មួយចេះប្រដាប់រៀបបាយ  ប្ដីដើរជិតឆ្ងាយ  មិនហ៊ានបរិភោគ  ។  អត់ចាំទម្រាំប្ដីមក  ចួបជុំទើបយក  បរិភោគផងគ្នា  ។  នេះឯងហៅទាសភរិយា  សម្ដេចភគវា  ទេសនាប្រោសប្រាប់  ។ 

(១៥៥)  បើអស់ស្រីណាបានស្ដាប់  យកទុកជាច្បាប់  ក្នុងប្រាណសព្វថ្ងៃ  ។  លុះអស់អាយុក្សិណក្ស័យ  បានទៅកើតឰ  តុសិតសួគ៌នាយ  ។  នឹងបានក្សេមក្សាន្តពណ្ណរាយ  សេពសុខសប្បាយ  និរទុក្ខកាយា  ។  រីឯប្រពន្ធពុំជា  ពេជ្ឈឃាដភរិយា  ចរិតមានបួន  ។  កុំឱ្យយកទុក្ខក្នុងខ្លួន  ឱ្យចៀសចេញចួន  កើតកម្មវេរា  ។ 

(១៦០)  មួយចិត្តគំនិតចង់ជា  ឆ្លាស់ឆ្លើយបំពារ  បំពានឱ្យប្ដី  ។  ប្រទូស្តរឹងរូសខ្ញូវខ្ញី  មិនចេះចាញ់ប្ដី  ថាឯងគ្រាន់បើ  ។  ឆ្លើយឆ្លងសួរសងបណ្ដើរ  ចង់ឈ្លោះឱ្យស្មើ  ឱ្យលើសប្ដីវិញ  ។  មួយមិនចង់ធ្វើបំពេញ  បង្គាប់ប្ដីវិញ  ឱ្យថ្កើងខ្លួនឯង  ។  អាងចេះដៀលតិះពុំក្រែង  ឱ្យប្ដីស្ដាប់ឯង  ដោយចិត្តអន្ធពាល  ។ 

(១៦៥)  មួយមានចិត្តនោះស្រើបស្រាល  ចង់ត្រេកត្រអាល  ចោរពេញមុខប្ដី  ។  មួយចិត្តទ្រឹស្ដិទ្រុស្ដអប្រីយ៍  ចង់សម្លាប់ប្ដី  ស្រឡាញ់ប្រុសទៀត  ។  គិតកាប់សម្លាប់បង់ម្សៀត  នឹងយកប្រុសទៀត  ធ្វើប្ដីមរណា  ។  រីឯសត្រូវភរិយា  ចរិតពុំជា  ប្រាំពីរប្រការ  ។  មួយមិនខ្លាចប្ដីអាត្មា  បង្គាប់ត្រង់ណា  ពុំធ្វើតាមចិត្ត  ។ 

(១៧០)  មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់  ប្ដីសួរបីម៉ាត់  ពុំស្រដីផង  ។  មួយប្ដីស្រដីគន្លង  ប្រដៅច្បាប់ផង  ពុំចូលចិត្តស្ដាប់  ។  មួយមិនចង់ឱ្យប្ដីគាប់  មិនចង់ប្រដាប់  ឱ្យប្ដីថ្កុំថ្កើង  ។  មួយទោះនឹងស្រដីឡើង  ពាក្យធំចចើង  ចចេសនឹងប្ដី  ។  មួយទោះប្ដីលោះខ្ញុំស្រី  វាបម្រើប្ដី  មិនឱ្យអាក់អន់  ។ 

(១៧៥)  ឃើញគាប់រីងស្អប់ក្នាញ់គ្នាន់  ក្នុងចិត្តប្រចណ្ឌ  ជេរថានាយអាយ  ។  មួយដ្បិតប្ដីមានសាហាយ  ហួរហែកសុសសាយ  ឱ្យប្ដីអាស្រូវ  ។  រីចោរភរិយានោះកូវ  ចរិតពុំត្រូវ  មានបីប្រការ  ។  មួយចង់ចាយទ្រព្យប្ដីណា  ឱ្យខូចអសារ  មិនគង់ជាល្អ  ។  មួយប្ដីឃ្មាតខ្មីខំរក៍  របស់បានមក៍  មិនថែទាំទុក  ។  ១៨០- លួចឱ្យទៅម្ដាយឪពុក  ប្ដីសួររកមុខ  មិនប្រាប់ឡើយណា  ។  មួយខ្ជិលមិនចង់ធ្វើការ  កុហកមុសា  ថាឯងរវល់  ។  ដេកលេងចំខែងអស់កល  លុះប្ដីគេយល់  ពុតធ្វើជាឈឺ  ។  ទទូរដេកថ្ងូរហ៊ឺៗ  ប្ដីហៅមិនឮ  ពុតចង់តែស្លាប់  ។  នេះហៅប្រពន្ធពុំគាប់  ស្រីណាកាន់ខ្ជាប់  ពុំដែលរសាយ  ។ 

(១៨៥)  លុះអស់អាយុក្ស័យក្លាយ  ធ្លាក់ទៅអបាយ  ទាំងបួនចំពូក  ។  តែងនឹងរងទុក្ខរងសោក  រំដោះរួចមក  កើតជាមនុស្សខ្ទើយ  ។  ហេតុអកុសលនេះហើយ  ដ្បិតខ្លួនឥតត្រើយ  ធ្វើខុសគន្លង  ។  ខុសវត្តប្រតិបត្តិឆ្គាំឆ្គង  មិនរាងមិនរង  ខុសនឹងច្បាប់ស្រី  ។  មាក់ងាយនោះមានប្រាំបី  មានក្នុងបាលី  ព្រះធម៌លោកថា  ។ 

(១៩០)  មាក់ងាយមួយនោះឯងណា  ដ្បិតប្ដីពិការ  មិនបានមួនមាំ  ។  ខឹងស្អប់ធុញថប់មិនទ្រាំ  មិនមានរកថ្នាំ  គ្រូគ្រោះមេមត់  ។  មើលប្ដីឱ្យជាឆាប់ឆុត  ខឹងវិញមិនអត់  បន់ឱ្យប្ដីស្លាប់  ។  មាក់ងាយមួយប្ដីខ្សត់ទ្រព្យ  គ្មានកេរកោះគាប់  ស្មើនឹងអាត្មា  ។  ដៀលត្មះថាច្រាសដោយសារ  ព្រោះខ្ជិលធ្វើការ  ទើបគ្មានរបស់  ។ 

(១៩៥)  មាក់ងាយដ្បិតប្ដីអាប់យស  ឯងត្រកូលខ្ពស់  ពូជពង្សពុំស្មើ  ។  ឆ្មើងខ្លួនឱ្យប្ដីបម្រើ  ឈ្លោះឡើងហើយដើរ  ដៀលត្មះពូជពង្ស  ។  មាក់ងាយមួយដ្បិតប្ដីល្ងង់  ខ្លៅខ្លួនទ្រមង់  ទ្រមក់យឺតយូរ  ។  ដៀលត្មះពុំចេះអាសូរ  សម្ដីខ្មោះខ្មួរ  មិនក្រែងប៉ុនសក់  ។  មាក់ងាយមួយប្ដីអាក្រក់  សាច់ខ្មៅប៉ប៉ក់  មុខអុតស៊ីសុស  ។ 

(២០០)  កន្ទ្រលរាងរលក្រអុះ  សក់ស្កាញស្កូវសុស  ពោះធំប៉ុនពាង  ។  ខ្លួនឯងចិញ្ចែងរូបរាង  ខ្លួនសល្អជាង  ថាប្ដីមិនសម  ។  មាក់ងាយមួយប្ដីមិនខំ  ធ្វើការលេលាំ  ឡែឡដើរលេង  ។  ឆ្លៀតឆ្លើយបោះពាក្យគគ្រេង  ឈ្លោះជេរមិនឈ្វេង  គិតខុសមាត្រា  ។  មាក់ងាយមួយប្ដីផឹកស្រា  ស្រវឹងចោលការ  ដើរលេងតែលតោ  ។ 

(២០៥)  ពាក្យក្អេងរាំច្រៀងឡោៗ  ឱ្យឆ្កែព្រុសឆោ  ផ្អើលភ្ញាក់កូនចៅ  ។  ឮមាត់ប្ដីហើយខឹងក្ដៅ  ប្រទេចជេរទៅ  តាមដោយចិត្តក្នាញ់  ។  មាក់ងាយមួយទៀតនោះមិញ  ដ្បិតប្ដីស្រឡាញ់  លលូកប្រឡែង  ។  មួលបិចចាក់ចុចជាល្បែង  មិនមានកោតក្រែង  បានចិត្តជេរវិញ  ។  ដ្បិតតែយល់គេស្រឡាញ់  ស្រដីផងមិញ  គំរោះគំរើយ  ។ 

(២១០)  ធ្វើក្នាញ់បែរចេញព្រងើយ  គេនឹងកន្តើយ  ក្និចក្នក់មាយា  ។  ពុំបានក្សេមក្សាន្តនឹងគ្នា  មាក់ងាយនេះជា  គម្រប់ប្រាំពីរ  ។  កូនអើយនេះហើយច្បាប់ស្រី  ឱ្យកូនពិសី  រករៀនរក្សា  ។  យកទុកក្នុងអង្គអាត្មា  ប្រសើរក្ដាត់ណា  កើតសុខសួស្ដី  ។  ប្រសើរទាំងនាលោកិយ  ទោះបរលោកក្ដី  សឹងលុះប្រាថ្នា  ។  ទោះចិត្តគន់គិតសច្ចា  ជាពុទ្ធមាតា  សឹងបានបរិបូរណ៍  ។ 

(២១៥)  ដូចចិត្តឆុតឆាប់ពុំយូរ  កបកើតសម្បូរ  សម្បត្តិទ្រព្យផង  ។  កើតយសខ្ពង់ខ្ពស់កន្លង  យឺនយូរឥតហ្មង  ដូចក្ដីប្រាថ្នា  ។  ច្បាប់នេះឧត្តមថ្លៃថ្លា  ទោះស្រីឯណា  ឮហើយមានភព្វ  ។  ជាល្អកម្របានស្ដាប់  ស្ដាប់ហើយចូរចាប់  ចូរចាំគ្រប់គ្នា  ។  បានដល់មគ្គផលសួគ៌ា  ប្រសើរសោភា  ចូរចាំកុំភ្លេច  ។ 

(២២០)  ចរចាអស់អាថ៌ពាក្យពេចន៍  ពាក្យពិតកាព្យកិច្ច  បរិបូរណ៍ប្រពៃ  ។  ប្រាជ្ញាប្រែរីឯនាមនៃ  ខ្ញុំឈ្មោះម៉ឺន មៃ  មែនមានសទ្ធា  ។  មានចិត្តកួចគិតកាព្យា  កបកើតជ្រះថ្លា  ត្រេកត្រង់កុសល  ។  សច្ចាប្រាថ្នាមគ្គផល  ផុរផុសយោបល់  លេចលើកទុកនៅ  ។  ទោះបីសេចក្ដីខុសត្រូវ  សូមទានតម្រូវ  តម្រង់ឱ្យផង  ។  ២២៥- កុំត្មះតិះដៀលឡើយហោង  សូមសាងផលផង  ទុកតសាសនា  ។  សម្រាប់ជាច្បាប់មាត្រា  សូរេចបការា  បរិបូរណ៍ចែងចប់ ៕៚    

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖