ច្បាប់​ល្បើក​ថ្មី

ឣ្នកព្រះភិរម្យភាសា ឣ៊ូ ហៅ ង៉ុយ
គ.ស. ១៩២២
បទ​កាកគតិ

១–  អ្នកព្រះភិរម្យ  ភាសាអ៊ូខ្ញុំ  បង្គំនឹកគុណ  ព្រះពុទ្ធព្រះធម៌  ព្រះសង្ឃជាមុន  គុណគាប់មហាធ្ងន់ មាតាបិតា ។  ឧបជ្ឈាយ៍ជាធំ  កាលចាប់ដៃខ្ញុំ  ឱ្យធម៌កេសា  អនុសាវន  ព្រះកម្មវាចា  គុណតួអក្ខរា  ទាំងសាមសិបបី ។  ខែចេត្រឆ្នាំច  ចត្វាស័កក៏  កគិតកាព្យថ្មី  លើច្បាប់ប្រដៅ  កូនចៅប្រុសស្រី  តូចក្ដីធំក្ដី  ចូរស្ដាប់គ្រប់គ្នា ។  ដ្បិតមនុស្សឥឡូវ  យកខុសជាត្រូវ  យកឆ្កួតធ្វើជា  អំពើអាក្រក់  ឡិកឡក់លីលា  ព្រហើនពានពារ  អាងមាសអាងប្រាក់ ។

៥–  អាងព្រើលអាងប្រាជ្ញ  អាងកោងអាងកាច  អាងកាប់អាងចាក់  អាងជើងអាងដៃ  អាងវាយអាងធាក់  អាងគុកច្រវាក់  អាងម៉ាស៊ីនកាត់ក ។  អាងសុទ្ធតែខុស  កូនអើយចាំចុះ  អាងនោះមិនល្អ  អ្នកគិតឱ្យល្អិត  ដ្បិតស្រុកលោកក្រ  ប្រមាណតំណ  តទៀតទៅមុខ ។  សាសនានៅឆ្ងាយ  លែងបានសប្បាយ  មានតែកើតទុក្ខ  កើតទាន់លោកិយ  ឮតែទំនុក  ដំណែលអាពុក  ចូរចាំគ្រប់គ្នា ។  អ្នកជឿពាក្យចាស់  ជឿចាំឱ្យណាស់  កុំធ្វើបំពារ  អ្នកហ៊ានស្បែកដាច  អ្នកខ្លាចស្បែកជា  មនុស្សចោរប៉ោបៀ  កុំយកខ្លួនបៀត ។  ឃើញឫកគេល្អ  ទោះបីមានក្រ  យកគេជាញាតិ  គួររាប់អ្នកក្រៅ  ផៅអ្នកឯទៀត  រាប់រើសមារយាទ  សុចរិតត្រឹមត្រូវ ។

១០–  រៀនបទរៀនបាទ  កុំកោងហួសខ្នាត  កុំភ្លាត់ខុសផ្លូវ  កុំភ្លើនភ្លេចម៉ែ  កុំប្រែហួសឪ  ឃើញចាស់សក់ស្កូវ  កុំសូវមើលងាយ ។  បន្ទន់អាត្មា  ខ្លាចមេខ្លាចបា  ខ្លាចតាខ្លាចយាយ  បម្រើមហាក្សត្រ  ប្រយត្នស្ដេចទាយ  ពាក្យពិតទំនាយ  រលាយកេរ្ដិ៍ឈ្មោះ ។  ពាក្យស្ដេចពាក្យគ្រូ  មានប្រៃមានជូរ  កម្រពីរោះ  ចួនទាយឱ្យទាប  ចួនទាយឱ្យខ្ពស់  ទាយឱ្យសក្ដិយស  ទាយចុះកុំខឹង ។  បម្រើមើលភេទ  ចំណាំព្រះនេត្រ  ហេតុខ្លួនឱ្យដឹង  ខ្លួនខ្ជិលហៃព្រើល  លោកមើលសម្លឹង  សម្លក់ឱ្យប្រឹង  ខំប្រិតសូត្ររៀន ។  បម្រើមើលពុត  ប្រាជ្ញាឱ្យមុត  ស្មារតីឱ្យមាន  បើខ្លៅឱ្យប្រាជ្ញ  បើខ្លាចឱ្យហ៊ាន  ចង់បានរបៀន  កុំអៀនកុំខ្មាស ។

១៥–  ពុតលោកថាធំ  ជ្រងោប៉ុនភ្នំ  ឯងមើលមិនច្បាស់  បម្រើលោកណា  លោកហ្នឹងជាម្ចាស់  លោកស្អប់អ្វីណាស់  ប្រាសចោលឱ្យឆ្ងាយ ។  កុំឈមឈរជិត  កុំយកធ្វើមិត្រ  ភ្លាត់ខ្លួនអន្ដរាយ  បើប្រពន្ធកូន  បងប្អូនចៅហ្វាយ  អាពុកឬម្ដាយ  ឱនកាយប្រតិបត្ដិ ។  អ្នកកុំមើលងាយ ឆ ឃើញគេរីករាយ  ព្រួយខ្លួនប្រយត្ន  ត្រកូលញាតិផៅ  កូនចៅមហាក្សត្រ  ស្មើថ្លើមប្រមាត់  ប្រមាថមិនបាន ។  ទោះអ្នកដទៃ  អ្នកព្រៀងអ្នកព្រៃ  ដែលលោករាប់អាន  កុំថាតែមនុស្ស  ទោះសត្វតិរច្ឆាន  ឯងស្អប់ប៉ុន្មាន  កុំហ៊ានប្រមាថ ។  របស់ឬទ្រព្យ  ដែលជាសម្អប់  កុំបាច់សម្អាត  ទ្រព្យណាសម្លាញ់  អស់អញឱហាត  ចូរចៅសង្វាត  ជួយថែរក្សា ។

២០–  កុំជិះកុំជាន់  ស្មៅផ្ទីអាចម៍មាន់  ពាក្យចាស់ឧបមា  បូរាណហៅផ្ទី  ពីរបីប្រការ  កុំស៊ីត្រង់ណា  ជុះដាក់ត្រង់ហ្នឹង ។  សាច់សាលោហិត  កុំផ្ដួលផ្ដេកផ្ដិត  ផ្ដួចទោសកើតប្ដឹង  អាពុកផ្ដែផ្ដាំ  ចូរចាំចេះថ្លឹង  សាច់ថ្លើមសួតឆ្អឹង  និងស្បែកខាងក្រៅ ។  សាច់សួតក្នុងខ្លួន  ទុកស្មើបងប្អួន  ប្រពន្ធកូនចៅ  សរសៃនិងស្បែក  ចែកជាញាតិផៅ  ខ្ញុំស្រីខាងក្រៅ  ជាស្មៅអាចម៍មាន់ ។  ស្រីខ្ញុំកំដរ  បើឃើញរូបល្អ  កុំលលូកលាន់  កុំលួចលបលេង  ក្រែងម្ចាស់គេទាន់  កុំភប់កុំភាន់  អាប់អន់អាត្មា ។  បើអ្នកមានយស  មានសក្ដិខ្ពង់ខ្ពស់  គាប់នឹងរាជការ  ធ្វើធំធ្វើថី  មន្ត្រីមានត្រា  ព្រះហ្លួងឧកញ៉ា  សាលាកុង្សីយ៍ ។

២៥–  ចេះច្បាប់បារាំង  កុំភ្លេចសច្ចំ  កតញ្ញូខន្ដី  កុំឆ្មើងហួសមាឌ  ភ្លេចញាតិប្រុសស្រី  ជំនុំកាត់ក្ដី  យកឧបេក្ខា ។  កុំកាន់សីហលោ  កុំកាន់លោភោ  ទោសោមោហោ  កុំជក់អាភៀន  កុំឃ្លានផឹកស្រា  កុំស្អប់ត្រង់ណា  សច្ចាយកត្រង់ ។  លួងលោមពិសោធ  កុំឆបញ្ឆោត  បញ្ចូលឱ្យបង់  ឱ្យបែកឱ្យបាក់  ពាក្យសត្យពាក្យសង្ឃ  កូនអើយផ្ចិតផ្ចង់  តម្រង់ស្មារតី ។  កុំភ្លើនឃើញប្រាក់  កុំភ្លើភ្លាត់សក្ដិ  ធ្លាក់ទៅអវចី  កាន់ធម៌ទសពិធ  រឹតឡើងរាសី  គាប់ពីលោកិយ  ដល់បរលោកនាយ ។  អ្នកក្ដីជាភ្លើង  កុំកាត់ជាន់ជើង  អ្នកម្ខាងមើលងាយ  ចៅក្រមជាទឹក  រំឭក​រម្លាយ  កុំជេរកុំវាយ  បង្ខំនាំខុស ។

៣០–  ចោរលួចចោរប្លន់  រីចោរស្មគ្រស្មន់  តណ្ហាស្រីប្រុស  កុំស្អប់ខាងណេះ  បញ្ឆេះខាងណោះ  លួងលោមបញ្ចុះ  បញ្ចូលចិត្ដក្ដី ។  កុំដុតឱ្យក្ដៅ  បើឃើញអ្នកខ្លៅ  ប្រាជ្ញាគ្នាខ្លី  កុំឃើញប្រាក់ប្រុស  បន្ដុះខាងស្រី  បើកាន់ច្បាប់ថ្មី  កុំចោលច្បាប់ចាស់ ។  កុំដៀលអ្នកស្រែ  ត្រកូលឯងខ្មែរ  កុំប្រែក្រឡាស់  ក្រឡេកមើលគុណ  ទន់ខ្លួនសំពះ  កុំធ្វើអ្នកណាស់  កុំត្មះអ្នកក្រ ។  អ្នកកុំភ្លេចគុណ  គ្រូលេខនព្វន្ដ  គ្រូសូត្រអក្សរ  កុំចាប់ដៃទាញ  គំនាប់ងក់ក  កុំជជែកត  ស្មើមិត្ដសម្លាញ់ ។  រាស្ត្ររត់ចូលជ្រក  សួរសាចទៅមក  កុំអើឯងអញ  ពាក្យពុំពីរោះ  គេកើតមួក្នាញ់  គេដៀលផ្ចាលផ្ចាញ់  អន្ដរាយកេរ្ដិ៍ឈ្មោះ ។

៣៥–  កុំឆ្មើងអាងបុណ្យ  ស្រដីឱ្យទន់  ពោលពាក្យ​ពីរោះ  ខ្លួនអ្នកនឹងថ្កើង  នឹងឡើងសក្ដិយស  កុំឆ្លៀតនាំឈ្លាះ  ញុះញង់អ្នកធំ ។  កុំស្អប់អ្នកតូច  បើឃើញគ្នាខូច  គួរគិតប្រមុម  ទោសគ្នាតិចតួច  ផ្ដួចឡើងជាធំ  ផ្សែងពួតជាដុំ  ផ្លុំឆេះជាភ្លើង ។  កុំភ្លើនភ្លេចខ្លួន  ចេះសាសន៍ចិនយួន  កុំចោលខ្មែរយើង  កុំធ្វើក្រអើត  កុំពើតកុំពើង  កុំពាក់ស្បែកជើង  ចូលវត្ដលោកសង្ឃ ។  ដោះមួកដាក់ឆត្រ  ឱនកាយប្រតិបត្ដិ  លំអុតឱនអង្គ  កុំស៊ីតាមឃ្លាន  កុំហ៊ានតាមចង់  កាន់ច្បាប់ស្រុកហ្វ្រង្ស៍  កុំបង់សាសនា ។  កុំចង់ថ្កើងពេក  កុំលើកដំណេក  ហួសមេហួសបា  តែងខ្លួនឱ្យល្មម  មើលពូជពង្សា  សង្ខេបនិដ្ឋិតា  រឿងផ្គាប់បុណ្យសក្ដិ ។

៤០–  បើទៅជារាស្ត្រ  ប្រាជ្ញាវៃឈ្លាស  គូរវាសឆ្លកឆ្លាក់  ឱ្យឆ្លៀតរែកពុន  បើធ្ងន់សុំដាក់  ខំរកមាសប្រាក់  ឱ្យគ្រាន់ទាន់ចាយ ។  រាជ្យបារាំងសេស  កូនកុំប្រហែស  កុំថ្នមរូបកាយ  ដើរគិតដេកគិត  ជួញជិតជួញឆ្ងាយ  បើចង់សប្បាយ  ស្រេចនៅមានទ្រព្យ ។  រាជ្យហ្លួងពីមុន  រកស៊ីរែកពុន  មានក្រតាមភព្វ  រាជ្យលោកឥឡូវ  ត្រូវខំឱ្យញាប់  តែខ្ជិលច្រើនជាប់  ខ្នោះជើងខ្នោះដៃ ។  តាំងពីឆ្នាំច  ចាំជាតំណ  ទំនិញឡើងថ្លៃ  ចងក្បិនឱ្យតឹង  ប្រឹងកុំសំចៃ  សញ្ជឹងយប់ថ្ងៃ  កុំឱ្យក្រខ្សត់ ។  បើចង់ស្រាលខ្លួន  រៀនសូត្រឱ្យមួន  ឱ្យមាំឱ្យស្ទាត់  កុំចេះស្ទាក់ស្ទើ  ល្ងីល្ងើឥតបទ  បើចេះប្រាកដ  ប្រាក់រត់តាមហៅ ។

៤៥–  កុំថ្នមកម្លាំង  កាប់ជីកចូកចាំង  កុំថារងាក្ដៅ  រៀនអ្វីឱ្យឆ្អិន  កុំឱ្យខ្លោចឆៅ  កុំដេកតែខ្លៅ  ក្រក្រៅសណ្ដាប់ ។  បើល្ងង់ឱ្យចេះ  រករៀនតម្រិះ  រិះរកតម្រាប់  ឥន្ទ្រីយ៍ឆ្វេងស្ដាំ  កុំចាំគេប្រាប់  រៀនស្ដីរៀនស្ដាប់  រៀនមើលឱ្យស្ដែង ។  កើតមកជាមនុស្ស  ទាំងស្រីទាំងប្រុស  មិនដែលចេះឯង  បើក្រឱ្យមាន  វិញ្ញាណចេះក្រែង  គិតគ្រប់កន្លែង  កុំដេកតែក្រ ។  កុំប្លន់កុំលួច  កុំខ្ជិលកុំខូច  កុហកឆូវឆ  បោកប្រាស់យកប្រាក់  ច្រវាក់ជាប់ក  កាន់មារយាទល្អ  សុចរិតត្រឹមត្រូវ ។  កូនអើយរកស៊ី  កកាយធរណី  ធ្វើស្រែយកស្រូវ  កុំតាមអ្នកណា  បាតាមតែឪ  លើកភ្លឺជិតផ្លូវ  កុំស្រាស់បន្លា ។

៥០–  គេដើរយប់ថ្ងៃ  មុតជើងមុតដៃ  ដឹងចៀសទៅណា  ចៀសចុះជាន់ស្រូវ  ហើយជេរផ្ដាសា  កូនម្ដាយអាណា  ស្រាស់ដើរមិនរួច ។  កុំយកគល់ឈើ  ទៅដាក់ពីលើ  ទោះធំទោះតូច  ជំពប់ជើងគេ  គេថាឯងខូច  ជេរដៀលដល់ពូជ  ប្រដូចមេបា ។  លើកភ្លឺឱ្យធំ  បង្ហាប់ឱ្យមាំ  គាប់ភ្នែកទេវតា  ស្មើបានសង់ស្ពាន  នឹងមានផលា  កើតសាធុការ  អាយុយឺនវែង ។  កូនអើយធរណី  បើតាមគម្ពីរ  ដែលលោកសម្ដែង  កុំចង់បានធំ  ក្រមុំឆ្វែលឆ្វែង  កុំលើកដីឯង  លបដាក់ស្រែគេ ។  អំពើអាក្រក់  មួយចម្រៀកសក់  ធ្លាក់ទៅនិរយេ  បច្ចុប្បន្នលោកិយ  កើតក្ដីវាយជេរ  មិនដែលសុខទេ  ព្រោះដីមួយហត្ថ ។

៥៥–  កុំជួញចង់ទាស់  ខូចខាតរបស់  អស់ទ្រព្យសម្បត្ដិ  ចង់គង់ប្រយោជន៍  ឱ្យចេះប្រយត្ន  ពាក្យឪមួយមាត់  ឱ្យគិតមួយម៉ោង ។  សម្អាតផ្ចិតផ្ចង់  លើកភ្លឺឱ្យត្រង់  កុំលើកឱ្យកោង  អ្នកកុំប្រហែស  ក្រែងមានប្រហោង  លើកមើលទំនង  ទំនាបទឹកហូរ ។  ចំនួនទឹកស្ទឹង  ទឹកព្រែកទឹកបឹង  ទឹកវាលទឹកអូរ  អ្នកលើលិចស្រូវ  ត្រូវបើកបង្ហូរ  អ្នកក្រោមកុំថ្ងូរ  បន្ធូរហួសទៅ ។  រាំងរីងថ្ងៃយប់  ឆាប់លើកឆាប់ទប់  កុំឱ្យបាក់ជ្រៅ  កត្ដិកចេញខ្យល់  តម្កល់ទឹកនៅ  បើចង់បានស្រូវ  ស្រេចនៅត្រឹមថែ ។  កុំយកគ្រាប់ត្នោត  ទៅដាំទៅដោត  ពីលើភ្លឺស្រែ  ចិត្ដគិតប្រមាណ  ចង់បានផ្កាផ្លែ  ដាំដុះដង្ហែ  បង្ហិនខ្លួនឯង ។

៦០–  ដល់ត្នោតឡើងគល់  ឡើងកើតនាំខ្វល់  ធាងលូតឡើងវែង  ភ្ជួររាស់ជាប់នឹម  ក្របីជាប់ស្នែង  ទទើសទទែង  ភ្ជួរឆ្វេងមិនត្រូវ ។  ដល់ត្នោតវាធំ  មានស្លឹកវាទុំ  វាជ្រុះក្នុងស្រូវ  ស្រែឆ្ងាយពីផ្ទះ  ឃ្លាតណាស់ពីផ្លូវ  ទម្រាំតែទៅ  រលួយស្រូវអស់ ។  កូនអើយកុំឆោត  បើចង់បានត្នោត  ដាំដោយកៀនកោះ  ដីទួលចម្ការ  ឯណាចន្លោះ  ដាំជារបស់  ជាយជួររបង ។  របៀបចម្ការ  ថែទាំរក្សា  យូរៗស្រាស់ម្ដង  ស្រាស់ឱ្យត្រូវជួរ  មើលគួរសមផង  កុំបើកមុជឆ្លង  ទៅស្រាស់ខាងក្រៅ ។  មិនគាប់ប្រសើរ  របងវាដើរ  អ្នកម្ខាងវាក្ដៅ  កើតក្ដីកើតក្ដាំ  អស់ខោអស់អាវ  ខឹងអស់ញាតិផៅ  ពីព្រោះចម្ការ ។

៦៥–  មួយទៀតរបង  ជិតផ្លូវអ្នកផង  គេទៅណាៗ  ធ្វើឱ្យទូលាយ  កុំរាយបន្លា  កាប់ឆ្កឹះទាត់ឆ្ការ  ឱ្យឆ្ងាយពីផ្លូវ ។  កុំធ្វើចង្អៀត  ក្រែងយប់អធ្រាត្រ  ខ្លះមកខ្លះទៅ  ចៀសគ្នាមិនរួច  បើកបរកាត់ស្រូវ  ជេរម្ដាយតាមផ្លូវ  រហូតដល់ផ្ទះ ។  កូនអើយអ្នកចាំ  អ្នកកុំចងកម្ម  មានពៀរច្រើនណាស់  ជាតិក្រោយខ្វាក់ខ្វិន  កខ្វេសកខ្វាស  សូវចោលដីខ្លះ  មិនខាតប៉ុន្មាន ។  កុំខ្លាចតែក្រ  ធ្វើឫកមិនល្អ  ច្រើនកើតរឱសឋាន  រអែករអោក  បាត់ញាតិសន្ដាន  ឥតគេរាប់អាន  មានតែគេស្អប់ ។  កាន់ឫកឱ្យខ្ពស់  ឱ្យខ្ពើមពាក្យឈ្លោះ  ទើបបានជាគាប់  យកឆោតដាក់ខ្លួន  ច្រើនមានគេរាប់  បើខ្លួនឥតទ្រព្យ  កុំធ្លាប់ហ៊ានខ្ចី ។

៧០–  គ្រប់ការសារពើ  ចង្អេរកញ្ជើ  កន្ដាំងតៅល្អី  រនាស់រទេះ  គោសេះក្របី  បើបានជាខ្ចី  ខ្ចីប្រាក់គេទិញ ។  យកមករកស៊ី  ខែមួយខែពីរ  សងប្រាក់គេវិញ  របស់បានយើង  ជាជើងជួញចេញ  ឯទ្រព្យនោះមិញ  ពេញជាទ្រព្យឯង ។  កុំខ្ចីគេប្រើ  តែមួយដំណើរ  មិនយូរអង្វែង  ចួនជាបាក់បែក  ជជែកទាស់ទែង  សងគេមិនលែង  ចាស់ផ្លាស់ជាថ្មី ។  កើតមកជាប្រុស  គិតឱ្យសព្វសុស  កុំឱ្យសល់អ្វី  បួសរៀនធម៌អាថ៌  សាស្រ្ដាបាលី  បរលោកលោកិយ  កុំបីចន្លោះ ។  សឹកមករកស៊ី  កកាយធរណី  ធ្វើជាគ្រហស្ថ  កុហកជឿបុល  បំណុលរុំកោះ  ច្រើនគេដាក់ខ្នោះ  អស់ស្រែចម្ការ ។

៧៥–  ធ្វើរាស្រ្ដរកស៊ី  ចិញ្ចឹមគោញី  ថែទាំព្យាបាល  ក្រហេតុពីខ្ជិល  មានដ្បិតឧស្សាហ៍  អ្នកមានប្រាជ្ញា  មិនស្មើគំនិត ។  កំណើតសំណាង  សំណូមសូមសាង  កកើតពីគិត  ពីកាលជាតិមុន  បុណ្យព្រេងអតីត  កើតរូបគំនិត  ទើបកើតសំណាង ។  ឯមនុស្សសំណល់  ល្ងង់ល្ងើងឿងឆ្ងល់  ទាស់ទែងក្អេងក្អាង  ដប់ឆ្នាំនេះហើយ  ប្រកាន់ម្យ៉ាងៗ  ខ្លះអួតសំណាង  ខ្លះអាងគំនិត ។  កូនចៅប្រុសស្រី  រកប្រពន្ធប្ដី  ឱ្យរកស្រុកជិត  បើរកស្រុកឆ្ងាយ  ឱ្យម្ដាយពិនិត្យ  ឱ្យត្រឹមត្រូវពិត  ពូជពង្សាវតារ ។  កូនអើយអ្នកចាំ  កុំជឿខែឆ្នាំ  កុំជឿតម្រា  ពាក្យក្បួនទាំងឡាយ  កើតពីមនុស្សចារ  ពីដូនពីតា  ចារតាមសម្គាល់ ។

៨០–  អ្នកជឿតែពូជ  អម្បូរធ្លាប់ខូច  វាខូចរាងរាល់  ពូជមានវាមាន  ពូជទាល់វាទាល់  កុសលអកុសល  យើងមើលមិនជាក់ ។  ប្រពន្ធនិងប្ដី  អាយុវែងខ្លី  យើងមើលមិនច្បាស់  កុំយកពូជល្បែង  ពូជភ្លេងអារក្ខ  បើម្ង៉ៃបង់ប្រាក់  រកអាយុវែង ។  អម្បូរពង្សពូជ  ត្រកូលធ្លាប់ខូច  វាខូចមិនលែង  ពូជចោរស្រីៗ  យកប្ដីចិត្ដឯង  មិនគិតកោតក្រែង  ខ្លាចចិត្ដមេបា ។  កូនចៅស្រីៗ  បើនឹងយកប្ដី  ឱ្យមើលកិរិយា  មួយភ្លេងអារក្ខ  មួយអ្នកបាណា  មួយអ្នកផឹកស្រា  មួយអ្នកចង់ស្រី ។  មួយអ្នកក្រមាច់  លេងផោមលេងអាចម៍ ច្រើនអាយុខ្លី  ប្រកាច់ដាច់លក្ខណ៍  ជាន់អារក្ខព្រៃ  មួយគឺមន្រ្ដី  ធ្វើក្រមជំទប់ ។

៨៥–  ជំទយតែដើរ  មេស្រុកគេប្រើ  ទាំងថ្ងៃទាំងយប់  មានមួកខ្វះឆត្រ  កម្រមានគ្រប់  មួយទៀតកុំភប់  ជួញប្រាំប្រការ ។  ប្រាកដជាខុស  លក់សត្វទាំងរស់  មិនចេះអនិច្ចា  សព្វសត្វអ្វីៗ  បក្សីបក្សា  ព្រាត់មេព្រាត់បា  ទេវតាលោកលក់ ។  លោកិយនេះខ្សត់  យមបាលគេកត់  នៅស្ថាននរក  មួយហួយអាប៉ោង  ប៉ោបៀគ្រប់មុខ  កូនអើយចាំទុក  ក្រគ្រប់ប្រាំបី ។  ឯអ្នកទាំងអស់  រកស៊ីម៉េះម៉ោះ  ច្រើនជាងស្រីៗ  ប្រាជ្ញានោះវែង  គំនិតនោះខ្លី  ប្រពន្ធជេរស្ដី  អាងឈ្លោះបំពាន ។  នេះពូជអ្នកក្រ  រស់ទាំងត្រដរ  ទាំងអត់ទាំងឃ្លាន  ធ្វើគុណនឹងគេ  រកគេសងគ្មាន  ហេតុនេះកុំរៀន  ទាំងប្រាំបីផ្លូវ ។

៩០–  យ៉ាងអ្នកនេសាទ  មិនដែលសង្វាត  ធ្វើស្រែបានស្រូវ  ប្រព្រឹត្ដសាងកម្ម  ប្រចាំរដូវ  វង្វេងខុសត្រូវ  ព្យាយាមសម្លាប់ ។  អន្ទាក់ជង់កុក  អង្រុតឈ្នាងឈ្នក់  គ្រប់គ្រឿងប្រដាប់  ថ្លុកបៀត្រពាំង  ទប់បាំងបាចចាប់  ចោលស្រូវកណ្ដាប់  កណ្ដុរកាត់អស់ ។  កំពប់ខ្ចាត់ខ្ចាយ  ខូចខាតអន្ដរាយ  មិនស្ដាយស្រណោះ  យប់រវល់ប្របក់  ចង់បានត្រីរ៉ស់  ខែភ្លឺរវល់ឆ្លុះ  ដើរដេញសំពោច ។  វក់តែសប្បាយ  ដើរដេញទន្សាយ  ដើរចងសន្ទូច  អំពើអស់នោះ  ច្រើនខ្វះស្រូវពូជ  ធ្វើបានតិចតួច  អាងជឿគេស៊ី ។  កូនអើយបំណុល  ចងការជឿបុល  មួយឡើងជាពីរ  អ្នកភ្លេងអារក្ខ  ច្រើនទឹមគោញី  ធ្វើស្រែមួយពីរ  ធ្វើសោះតែខាន ។

៩៥–  ថ្ងៃដេកក្រភ្ញាក់  យប់លៀងអារក្ខ  ឈឺឆ្អាលសន្ដាន  គេស្ដីគេពឹង  នឹងឈប់មិនបាន  គេរករាប់អាន  កាលមានធុរៈ ។  ផ្លុំប៉ីកូតទ្រ  ស្រែកច្រៀងវាយស្គរ  មិនបានលុយកាក់  ឯងពឹងគេវិញ  គេគ្មានជំពាក់  ពឹងបានម្នាក់ៗ  ដោយសារឱ្យថ្លៃ ។  ឡើងត្នោតភ្ជួរស្រែ  កម្រទាន់គេ  ដ្បិតដេកដល់ថ្ងៃ  ច្រូតកាត់ចង់ឆាប់  ជួលគេពេញថ្លៃ  ចំណេះចង្រៃ  នាំខាតធ្វើការ ។  ឯខ្មោចអារក្ខ  ស្លាប់ដប់រស់ម្នាក់  ថ្វាយចេកថ្វាយស្រា  សំពះនឹកគុណ  ខ្មោចប្រេតដូនតា  មិនដែលអ្នកណា  នឹកគុណអ្នកភ្លេង ។  ឯអ្នកប្រមឹក  ប្រមូលកនផឹក  ធ្វើភឿននឹងក្មេង  សម្ដីច្រើនតឹង  ស្រវឹងវង្វេង  ចំហអួតក្អេង  មិនចេះក្រខ្សត់ ។

១០០–  អួតទាំងបំពាន  ផឹកម្ង៉ៃលុយមាន  ផឹកម្ង៉ៃលុយអត់  ឯងចេះតែកិន  ចិនគិតតែកត់  ផឹកដល់កំណត់  យកស្រែបញ្ចាំ ។  សល់ថ្នាលមួយពីរ  វាយគោស្ងោរស៊ី  មិនគិតខ្លាចកម្ម  ផឹកជ្រុលហួសល្បត់  អត់បាយរាប់ឆ្នាំ  អស់ស្រែបញ្ចាំ  បញ្ចាំកូនទៀត ។  កំណើតផឹកស្រា  ផឹកផុតមេត្ដា  ផឹកជ្រុលហួសមាឌ  អ្នកមួយផឹកស្ទើរ  ល្ងីល្ងើចេះឆ្លៀត  ម្យ៉ាងផឹកផុតមារយាទ  ច្រើននៅខ្ញុំចិន ។  រែកទឹកពុះអុស  វាទញ់វាតុះ  ចាក់កែវផឹកសិន  ស៊ូរែកខំអត់  សំពត់ខើចក្បិន  ទម្រាំបាយឆ្អិន  ចិនដួសហៅស៊ី ។  ឆ្ងាញ់តែម្នាក់ឯង  ឆ្អែតហើយខំស្វែង  ខំលើកខំលី  ដងទឹកស្រោចគ្រប់  ស្រោចខ្ទឹមម្ទេសជី  ខ្ញុំចិនម្ង៉ៃពីរ  វិលទៅរវាំងផ្ទះ ។

១០៥– ឯអ្នកចង់ស្រី  ប្រពន្ធពីរបី  ថាឯងអ្នកណាស់  គន់ឯសំពត់  តែមួយបន្លាស់  ពាក់អាវបំណាស់  កម្រមានថ្មី ។  ផ្ទះលេចវាលល្វឹង  ជញ្ជាំងចងហ៊ឹង  ស្លាធ័របាយសី  ខួចប្រេងក្រមួន  ម្លូស្លាបារី  កំលោះពីរបី  ចោមរោមរៀនស្នេហ៍ ។  រៀនស្នាលរៀនស្និទ្ធ  កើតក្ដីពីក្ដិត  ព្រួយចិត្ដឪម៉ែ  កូនអើយប្រពន្ធ  អាងមន្ដពូកែ  ត្រូវគុករាប់ខែ  អស់ស្រែត្រពាំង ។  ធម្មតាប្រពន្ធ  បានដោយសីលមន្ដ  ដោយស្ងាត់កំបាំង  រកស៊ីលៀនភ្នែក  បានវែកខ្វះឆ្នាំង  បានល្អីកន្ដាំង  នៅខ្លះចង្អេរ ។  បាននេះខ្វះនោះ  ក្រហេតុពីព្រោះ  អាពុកម្ដាយជេរ  បើចូលជំនុំ  មិនរម្យដូចគេ  អង្គុយវេះវេរ  មិនហ៊ានហាលមុខ ។

១១០–  នេះពុតអ្នកក្រ  ចាំជាតំណ  តជាទំនុក  ប្រយត្នដំណៀល  គេដៀលអាពុក  កូនអើយចាំទុក  ចាំតកូនចៅ ។  រក្សាពូជពង្ស  បើខ្លួនល្ងឹតល្ងង់  ស្ដាប់ចាស់ប្រដៅ  កុំស្អប់អ្នកប្រាជ្ញ  កុំខ្លាចអ្នកខ្លៅ  បើមនុស្សឆោតឆៅ  កូនឯងកុំភប់ ។  កុំភ័យខ្លាចអត់  មើលឱ្យប្រាកដ  គួរយកគួរឈប់  គួរឈានគួរឈោង  តោងមើលឱ្យគ្រប់  កុំចេះតែងប់  មិនស្ដាប់ឪម៉ែ ។  រកប្ដីប្រពន្ធ  ឱ្យគិតឱ្យគន់  ឱ្យមើលថួនថែ  ត្រកូលក្រខ្សត់  ប្រាកដតាមខ្សែ  បីដូចឈើផ្លែ  មិនដែលចេះក្លាយ ។  ជូរផ្អែមធំតូច  ដើមក្រូចផ្លែក្រូច  ដើមស្វាយផ្លែស្វាយ  ពូជស្រីចោរក្បត់  មិនអត់សាហាយ  ពូជស្រីមេម៉ាយ  ពីម្ដាយដល់កូន ។

១១៥–  រើសពូជមិនខុស  ពូជសាំងនឹងប្រុស  ទាំងអស់បងប្អូន  ពូជសែនមេបា  ពីតាដល់ដូន  ពូជល្អសុទ្ធសូន្យ  ពីដូនដល់ចៅ ។  រករូបមិនក្រ  អាក្រក់ហើយស  មារយាទល្អហើយខ្មៅ  ស្រីក្មេងមានខ្មាស  ប្រដូចតាមផៅ  ចាស់ចង់ប្រដៅ  មិនសូវខុសខាន ។  ពាក្យចាស់លោកថា  ធ្វើស្រែចម្ការ  ស្ដាប់មហាសង្ក្រាន្ដ  ធ្វើម្ដងខុសខាត  ធ្វើម្ដងទៀតបាន  ធ្វើតាមប្រមាណ  ប្រមើលទឹកភ្លៀង ។  រកប្ដីប្រពន្ធ  ឱ្យគយឱ្យគន់  រើសរករូបរាង  ពូជថ្លៃល្មមយក  ពូជថោកល្មមវាង  រូបល្អឫកល្អៀង  នាងកុំប្រសព្វ ។  ជាតិស្រីនិងប្រុស  បើបានជាខុស  ខុសទាល់ថ្ងៃងាប់  បើបានរូបល្អ  កម្រមានភព្វ  មានខុសមានគាប់  ដូចស្រែចម្ការ ។

១២០–  មួយទៀតអ្នកចាំ  អាពុកចំណាំ  ទុកជាតម្រា  កុំយកតម្រាប់  កុំស្ដាប់អាចារ្យ  បើនឹងរៀបការ កុំការប្រថួន ។  ប្រជែងវេលា  ឮស្គរឆ្លើយគ្នា  ប្រទប់ប្រទួន  ស្រុកជិតភូមិផង  របងដោយខ្លួន  អាចារ្យអាងក្បួន  ថាសុខសប្បាយ ។  កូនអើយអ្នកចាំ  យូរណាស់៤ឆ្នាំ  ព្រាត់ប្រាសអន្ដរាយ  ច្រើនស្លាប់បីនាក់  រស់ម្នាក់មេម៉ាយ  កូនឃើញតែម្ដាយ  មិនឃើញអាពុក ។  មានកាលស្លាប់ស្រី  ស្លាប់ចោលកូនខ្ចី  ប្ដីនៅរងទុក្ខ  យកប្រពន្ធទៀត  កម្រពេញមុខ  កូននិងអាពុក  បែកគ្នាខ្ចាត់ខ្ចាយ ។  កូនចៅស្រីៗ  បើនឹងយកប្ដី  កុំយកពោះម៉ាយ  សូវនៅម្នាក់ឯង  បន្លែងនឹងម្ដាយ  អាណិតរូបកាយ  ស្ដាយខ្លួនក្រមុំ ។

១២៥–  ហៅប្រុសអភព្វ  ប្រពន្ធដើមស្លាប់  មានកូនតូចធំ  យកឯងជាចុង  បម្រុងតែយំ  ច្រើនឈ្លោះជំនុំ  ព្រួយចិត្ដម៉ែឪ ។  ហៅប្រុសចិត្ដពីរ  ពិបាករកស៊ី  រញាំរញ៉ូវ  ឯងនឿយស្ទើរស្លាប់  ផ្គាប់ចិត្ដមិនត្រូវ  បីបួនរដូវ  ខ្លួនឯងស្លាប់ទៀត ។  ចង្រៃខាងប្រុស  កូនអើយចាំចុះ  កុំយកខ្លួនបៀត  ស្រីណាខំយក  ស្រីនោះបង់មារយាទ  ប្រុសព្រួយខ្ចប់ធាតុ  ខ្ចប់គ្រប់ជាបី ។  យកទៀតជាបួន  គ្រោះដល់ស្លាប់ខ្លួន  មេម៉ាយខាងស្រី  ប្រាកដមិនខុស  ប្រុសក្នុងលោកិយ  ស៊ូនៅអត់ប្ដី  ស្លាប់រស់រូបមួយ ។  បើខ្លួនកំព្រា  រំពឹងមីងមា  រកស៊ីមិនព្រួយ  កាន់មារយាទល្អ  មិនក្រគេជួយ  បងប្អូនកូនក្មួយ  រត់ចូលឱ្យប្រើ ។

១៣០–  ពោះម៉ាយមានបី  កុំយកធ្វើប្ដី  មិនគាប់ប្រសើរ  អាមួយស្រីលែង  ស្រីគេគ្រាន់បើ  ពោះម៉ាយក្លាយដើរ  អាងលែងប្រពន្ធ ។  ពោះម៉ាយទាំងអស់  កុំយកឱ្យសោះ  ហៅប្រុសទុជ៌ន  ទុរជាតិអប្រីយ៍  ស្រីកើតទុក្ខធ្ងន់  ហៅមួយជំនាន់  ចំណាំមិនខុស ។  កំលោះចាស់យូរ  ចាស់ទុំគេប្ដូរ  ល្មមព្រមយកចុះ  រកស៊ីមានបាន  សុខសាន្ដឥតឈ្លោះ  ចម្រើនរូបរស់  អាយុយឺនយូរ ។  កុំយកប្ដីប្អូន  ថោករាសីខ្លួន  រកស៊ីមិនធូរ  គេហៅឯងធំ  សមហៅគេពូ  ច្រើនខ្ជិលមូទូ  ម៉េះម៉ោះ​នឹងល្បែង ។  វាច្រើនមើលងាយ  ហៅស្ដីនិយាយ  ហៅហងហៅឯង  ខ្លួនយើងជាស្រី  ស្រដីឥតក្រែង  យល់គេប្អូនឯង  ឯងមើលងាយជេរ ។

១៣៥–  ពាក្យចាស់លោកចង  ប្ដីទុកស្មើបង  ប្រពន្ធស្មើម៉ែ  មើលងាយរាល់ថ្ងៃ  ចង្រៃរាល់ខែ  រកស៊ីធ្វើស្រែ  ច្រើនខាតគ្រាប់ស្រូវ ។  គួរយកប្ដីបង  ពាក្យចាស់លោកចង  ទុកប្ដីស្មើឪ  ខ្លួនឯងប្រមាថ  ប្រតិបត្ដិឱ្យត្រូវ  រាសីគង់នៅ  ទេព្រក្សរក្សា ។  ប្រពន្ធនិងប្ដី  ធំស្រេចនឹងស្រី  គត់គង់ភរិយា  ឈ្លោះហើយច្រើនខ្សត់  ស្រីអត់លក្ខណា  ប្ដីខ្ជិលឧស្សាហ៍  ព្រោះឫកប្រពន្ធ ។  ជាតិស្រីមានលក្ខណ៍  ទេវតាពំនាក់  កបកើតទ្រព្យធន  ប្រទេចជេរវាយ  ចង្រៃទុជ៌ន  ជួជាតិលើសលន់  លើសលប់លើប្រុស ។  ហៅកាឡកិណី  វាយកូនជេរស្ដី  មិនដឹងត្រូវខុស  បើមានភ្ញៀវមក  រឹតរករឿងឈ្លោះ  អសោចសាយសុស  រង្គោះធនធាន ។

១៤០–  រកស្រីមារយាទខ្ពស់  ចេះខ្ពើមពាក្យឈ្លោះ  ចេះទ្រាំអត់ឃ្លាន  ចេះស្លូតចេះកាច  ចេះខ្លាចចេះហ៊ាន  ចេះខ្មាសចេះអៀន  កាចមានប្រាជ្ញា ។  កូនចៅស្រីប្រុស  ចំណាំទុកចុះ  ទុកជាតម្រា  គួរយកតម្រាប់  គួរស្ដាប់ពុទ្ធដីកា  ព្រះអង្គទេសនា  គាថាបួនបទ ។  រៀនត្រាប់អ្នកប្រាជ្ញ  បើចង់ឈ្នះកាច  យកស្លូតសង្កត់  ចង់ឈ្នះមនុស្សខឹង  ឱ្យប្រឹងខំអត់  វាជេរវាហត់  វាស្បថលែងខឹង ។  ចង់ឈ្នះអសុរោះ  ស្ដីលេងឡេះឡោះ  កុំធ្វើជាដឹង  យើងស្ដីត្រង់ណា  ឱ្យចំត្រង់ហ្នឹង  ឃើញឫកយើងរឹង  ខ្លាចយើងខាងក្រោយ ។  ចង់ឈ្នះកំណាញ់  កណ្ដេកណ្ដាញ់  សុំអ្វីមិនឱ្យ  បើបានចំណី  ហុចវាញយៗ  តិចដោយច្រើនដោយ  គង់តែវាដឹង ។

១៤៥–  នេះមន្ដព្រះពុទ្ធ  ប្រាជ្ញាឱ្យមុត  ឱ្យគិតថ្លែងថ្លឹង  កុំកាចខុសខ្នាត  កើតខាតដ្បិតខឹង  កូនអើយខំប្រឹង  កាន់ច្បាប់ទាំងបួន ។  កុំជួញរវល់  កុំតបតទល់  កើតទាស់គុំគួន  កូនណាកាន់បាន  កូននោះសុខខ្លួន  ទោសទាស់លែងចួន  លែងចួបមួយជាតិ ។  បើមនុស្សរែកទូល  មកនៅចំណូល  ញ៉េះញ៉ោះធ្វើញាតិ  ឱ្យមើលលៃលក  កុំយកខ្លួនបៀត  វាទូលទៅទៀត  អសារឥតការ ។  ចំណីចំណុក  បើឱ្យស៊ីចុក  ឱ្យដោយមេត្ដា  កុំឱ្យជឿខ្ចី  ក្រែងខុសសន្យា  កើតទាស់កាលណា  រើរែករត់បាត់ ។  មនុស្សគ្មានកន្លែង  ខុសពីមារយាទឯង  មិនប្រុងប្រយត្ន  តាមទាន់តឹងទារ  វាខឹងក្ដៅក្ដាត់  គុំកួនដោយស្ងាត់  បំភ្លាត់ឯងបាន ។

១៥០–  ហេតុនេះគួរគិត  គួរកូនពិនិត្យ  ច្បាស់សុំរាប់អាន  គួរឱ្យសុំឱ្យ  គួរខានឱ្យខាន  ដ្បិតពាក្យបូរាណ  មានពីរចំណែក ។  ចងទុកជាក្បួន  ចិត្ដល្អក្រខ្លួន  នេះពាក្យមួយប៉ែក  មួយទៀតចិត្ដល្អ  មិនក្រយូរពេក  ឆ្នាំនេះឆ្នាំស្អែក  គង់តែនឹងមាន ។  ចិត្ដល្អក្រខ្លួន  ចាំទុកជាក្បួន  ជាក្បាលនិទាន ឃើញអ្នកទុគ៌ត  កម្សត់អត់ឃ្លាន  មិនស្គាល់ពោះវៀន  ហ៊ានឱ្យជឿខ្ចី ។  ទៅទារមិនឱ្យ  តឹងតឿនញយៗ  ខឹងប្ដឹងកើតក្ដី  ខាតទាំងទ្រព្យចាស់  អស់ទាំងទ្រព្យថ្មី  ស្គមគោក្របី  រវល់ក្ដីខានថែ ។  ចិត្ដល្អមួយទៀត  មេត្រីជាញាតិ  សម្ដីខ្ចីស្រែ  បានស្រូវស៊ីស្កប់  ត្រឡប់កាច់កែ  រំលងឆ្នាំខែ  ដកហូតមិនបាន ។

១៥៥–  ឯងប្ដឹងវាត  ក្ដីទាល់តែក្រ  អស់ឆ្នាំងអស់ចាន  របស់ក៏ខាត  របរក៏ខាន  ដឹងអស់ប៉ុន្មាន  ទម្រាំចាញ់ឈ្នះ ។  ទ្រព្យធនអ្វីៗ  ចងការជឿខ្ចី  មើលមុខឱ្យច្បាស់  កុំចោលច្បាប់ខ្មែរ  កុំភ្លេចច្បាប់ព្រះ  តាមតែប្រទះ  ប្រទាញសងខាង ។  ចាំចិត្ដកណ្ដាល  បើនឹងឈឺឆ្អាល  សប្បុរសមើលយ៉ាង  រៀនស្លូតរៀនប្រាជ្ញ  កាចកុំក្អេងក្អាង  ក្រែងគ្រោះសំណាង  ខ្មោចខាងវាស្អប់ ។  ល្អមិនក្រយូរ  ស្វែងរៀនរកគ្រូ  ស៊ូកុំស្ដាយទ្រព្យ  គ្រូវាយកុំខឹង  ឱ្យប្រឹងខំផ្គាប់  ចេះមន្ដសាយសព្វ  ត្រឡប់ជាមាន ។  ធម្មតាអ្នកចេះ  អ្នកស្វែងចំណេះ  ចេះដ្បិតខំរៀន  ឆ្លាក់គូរក្បូរក្បាច់  សាច់សិល្ប៍របៀន  អ្នកខ្សត់អត់ឃ្លាន  ព្រោះចិត្ដអាក្រក់ ។

១៦០–  ខូចខិលល្ងង់ខ្លៅ  គ្រូជេរប្រដៅ  ខឹងលបសម្លក់  របិញរបុញ  ភូតភរកុហក  ស៊ូប្លន់លួចឆក់  មិនខំធ្វើស្រែ ។  អ្នកប្លន់អ្នកលួច  ឆក់បានតិចតួច  បានគ្រាន់បើដែរ  ដល់គេឃើញមុខ  ត្រូវគុកច្រើនខែ  អាក្រក់ដល់ម៉ែ  ខូចកេរ្ដិ៍ដល់ឪ ។  ចង់ខ្ពស់បានទាប  ចចើងចង់លាភ  រែងបាត់ធនទៅ  ពាក្យពីបូរាណ  លោកអានតម្រូវ  ឫកមនុស្សឥឡូវ  ត្រូវតាមតម្រាយ ។  អ្នកលួចអ្នកប្លន់  ចង់បានប្រពន្ធ  ចេញជួញស្រុកឆ្ងាយ  ទិញងារមេស្រុក  សូកធ្វើចៅហ្វាយ  ចង់ថ្កើងសប្បាយ  ចាយប្រាក់រាជការ ។  ឆបាំងបំបាត់  លួចបានដោយស្ងាត់  អាងមានប្រាជ្ញា  ក្រឡេកថ្នាំងដៃ  កាឡៃបោះត្រា  ទាស់ភ្នែកទេវតា  រក្សាផែនដី ។

១៦៥–  មួយទៀតទុជ៌ន  ធ្វើបាបបានបុណ្យ  គឺបុណ្យមន្រ្ដី  ទោសទៅចងចាប់  កាប់ឥតប្រណី  បានបុណ្យមន្រ្ដី  ព្រោះបុណ្យធ្វើបាប ។  អំពើទាំងអស់  កុំសាងឱ្យសោះ  ចៀសវាងដរាប  កាន់សីលព្រះពុទ្ធ  ឱនលុតឱនក្រាប  បើក្រដុនដាប  មានទេវតាជួយ ។  កូនអើយទេវតា  ស្ថិតសព្វព្រឹក្សា  រងោករងួយ  មនុស្សទ្រុស្ដឫស្យា  ឯណានីមួយ  ទេវតាពុំជួយ  ចំណាំស្គាល់មុន ។  មិនដែលកំបាំង  រាជការបារាំង  គេចាប់ដាក់គុក  ដល់ខ្លួនស្លាប់ទៅ  នៅរងសោយទុក្ខ  សោយទោសនរក  ទាំងពីរកន្លែង ។  នរកបារាំង  មានខ្សោយមានខ្លាំង  មានខ្លីមានវែង  នរកយមបាល  គេផ្ចាលឥតក្រែង  ព្រះអង្គសម្ដែង  ថាលានកោដិឆ្នាំ ។

១៧០–  ហេតុនេះគួរវាង  គួរចាលគួររាង  គួរចងគួរចាំ  គួរកុំធ្វើបាប  ដរាបខ្លាចកម្ម  គួរកាន់សីលប្រាំ  បណ្ដាំសាសនា ។  ហៃកូនចៅអើយ  ក្រឡាប់អស់ហើយ  មិនដូចដូនតា  ភ្លៀងជនខែប្រាំង  រាំងខែវស្សា  ឆ្នាំវករកា  ត្រីស័កនេះឯង ។  រនោចផល្គុន  រកាពីមុន  ឯកស័កជាក់ស្ដែង  ក្នុងខ្នើតផល្គុន  ជនគ្រប់កន្លែង  ទាំងគេទាំងឯង  ធ្វើស្រែមិនបានផល ។  ឆ្នាំរោងឆស័ក  វិសាខភ្លៀងធ្លាក់  ពីររោចសម្គាល់  យប់ថ្ងៃអាទិត្យ  ងងឹតព្យុះខ្យល់  ភ្លៀងជន់ពេញថ្នល់  ពេញវាលតូចធំ ។  ពេញអូរពេញជ្រោះ  ដើមឈើទាបខ្ពស់  រលុះរលំ  ឫស្សីស្រុកយើង  រលើងទាំងគុម្ព  ទើបគ្រាប់វាផ្ដុំ  ផ្ដួចដុះជាថ្មី ។

១៧៥–  ឆ្នាំចកុរជូត  រាំងរីងរហូត  គ្រប់ឆ្នំាទាំងបី  កើតទាំងជំងឺ  ស្លាប់មនុស្សប្រុសស្រី  ខាលថោះអស់ភ័យ  ធ្វើស្រែស្រូវបាន ។  ភ្លៀងឆ្នាំម្សាញ់  រលីងក្បាលក្រាញ់  ត្រូវតាមបូរាណ  កត្ដិកជន់វាល  រាលសព្វស្មសាន  អ្នកស្ទឹងប៉ុន្មាន  រលួយស្រូវអស់ ។  ដាច់ថ្នល់ខានដើរ  រាជការគេប្រើ  ទាំងចាស់កំលោះ  មមែរងកម្ម  បញ្ចាំកេរ្ដិ៍កោះ  គ្មានអ្វីស៊ីសោះ  ដាច់ពោះក្សិណក្ស័យ ។  ខែចេត្រឆ្នាំវក  ស្រឡះពពក  កើតមានសម័យ  ជាហេតុអស្ចារ្យ  សុរិយាល្ងាចថ្ងៃ  ឧត្បាតចង្រៃ  ឃើញសត្វអ្វីហោះ ។  ពីជើងទៅត្បូង  ចាស់ក្មេងមើលច្រូង  បានឃើញទាំងអស់  មើលមិនស្គាល់ជាក់  ធ្លាក់ចំចន្លោះ  បាត់ឈឹងសូន្យសោះ  មិនដឹងទៅណា ។

១៨០–  កាលមុននោះមក  ខែបុស្សឆ្នាំវក  លែងមានអាជ្ញា  មានតែមេស្រុក  វាស់បែងក្រឡា  ដីមួយហិតា  ត្រូវសែសិបថាំង ។  រង្វាន់មេស្រុក  ត្រូវហូតមួយទុក  ដប់ជូនបារាំង  ទៅដល់ប៊ុយរ៉ូ  បង្ហូរដាក់ឃ្លាំង  ពូជពីរកន្ដាំង  ក៏ជាប់ពន្ធដែរ ។  គ្មានធូរគ្មានតឹង  កូនអើយខំប្រឹង  ជាតិឯងជាខ្មែរ  ក្មេងប្រុសជំទង់  នៅក្នុងឪម៉ែ  រាជការប្រិតប្រែ  ថាឱ្យបង់ប្រាក់ ។  កូនចៅប្រុសស្រី  កើតមកលើដី  ខំរកលុយកាក់  បានហើយប្រឹងខំ  ផ្សំគ្នាទុកដាក់  គ្រាន់ទិញស្លៀកពាក់  បង់ថ្លៃរាជការ ។  ភទ្របទឆ្នាំច  ចាប់គោខ្មៅស  ដុតដែកបោះត្រា  ដល់កុរជូតឆ្លូវ  តម្រូវយ៉ាងណា  នឹងកើត​អស្ចារ្យ  រហូតរាល់ឆ្នាំ ។

១៨៥–  នគរថ្កើងប្លែក  សប្បាយតែភ្នែក  ក្នុងចិត្ដរងកម្ម  កូនប្រុសបណ្ដាច់  កុំភ្លេចបណ្ដាំ  កប្បាសសូត្រថ្នាំ  ត្រីម៉ាំលែងថោក ។  ដូងស្លាអំពៅ  អំបិលស្ករស្រូវ  មានទៅមានមក  មានចុះមានឡើង  រាស្រ្ដយើងល្មមយក  ល្មមរេលៃលក  គួរយកគួរខាន  ។  កប្បាសនិងថ្នាំ  គួរដាស់ដីដាំ  ធ្វើដៃឯងបាន  កុំអាងខ្ជិលពេក  កុំដេកឈប់ខាន  កុំចោលបូរាណ  ម៉ែឪដូនតា ។  ដីកេរគរគោក  កុំអាងខ្ជិលជោក  ទៅឈ្ងោកចិនផ្សារ  កូនចៅស្រីៗ  ខំរៀនធ្វើការ  បើគ្មានប្រាជ្ញា  មានមាត់ចេះស្ដី ។  ឱ្យសួរចាស់ៗ  រៀនបោះកប្បាស  ថ្ពេចមូរសម្លី  រៀនកូតរៀនការ  ត្រសារពាត់រវៃ  ហូលគោមគាតក្ដី  កុំបីចន្លោះ ។

១៩០–  រៀនថ្កររៀនត្បាញ  ឱ្យចាស់បង្ហាញ  បង្ហាត់ទាំងអស់  សំពត់បែបងាយ  លាយសូត្រអំបោះ  កុំទិញគេសោះ  ឈ្មោះការជាស្រី ។  ទិញដូរតែលាក់  អញ្ជុលចេសចាក់  ព្រហូតជាបី  ធ្មេញឈើឈ្នាន់ផ្សំ  ក្ដារមូរក្ដារកី  ត្រល់ខ្នារឫស្សី  មុខប្ដីជាប្រុស ។  តាំងពីឆ្នាំច  ការអ្វីក្រៗ  ខំរៀនទៅចុះ  ទាន់មានចាស់នៅ  ស្គាល់ត្រូវស្គាល់ខុស  ចាស់ស្លាប់រលស់  គ្មានមនុស្សចេះដឹង ។  រកស៊ីឱ្យញឹក  ដេកយប់រឭក  រឹតក្បិនឱ្យតឹង  បើភ្ញាក់កាលណា  កាន់ការកាលហ្នឹង  កូនអើយខំប្រឹង  ទាំងប្រុសទាំងស្រី ។  រមៀតស្លឹកគ្រៃ  ជីរម្ទេសខ្ទឹមខ្ញី  មានដីដាំចុះ  ដាំដើមអ្វីៗ  ចំណីគ្រប់ឈ្មោះ  គ្រឿងស៊ីឆ្អែតពោះ  ជុះចោលទទេ ។

១៩៥–  ជុះទិសខាងជើង  ជុះដាក់ដីយើង  កុំជុះដីគេ  កុំជុះដាក់ផ្លូវ  ត្រូវមាត់ក្មេងជេរ  ដីសល់ទំនេរ  ល្មមមាត់ជុះទៅ ។  សក់មួយជាដប់  ជ្រៀតសិតឱ្យសព្វ  កុំឱ្យសល់នៅ  បើប្រាជ្ញារាក់  ចាក់ចិត្ដឱ្យជ្រៅ  ដាំចេកអំពៅ  ដូរស្រូវអង្ករ ។  កើតមកជាមនុស្ស  មួយព្រួយចង់រស់  មួយព្រួយចង់ល្អ  ពីនេះជាធំ  វានាំឱ្យក្រ  ចាំជាតំណ  តជាទំនុក ។  មនុស្សមារយាទមិនប៉ិន  កូននៅខ្ញុំចិន  ព្រោះម្ដាយឪពុក  ធ្វើស្រែមិនត្រូវ  គ្មានស្រូវជង្រុក  កូនអើយចាំទុក  នេះមុខមេក្រ ។  មេមួយជាធំ  កំលោះក្រមុំ  ស្លៀកពាក់ចង់ល្អ  បើបានបែបខ្មៅ  ថានៅបែបស  ទើបគ្រាន់អន់ក្រ  ត្រដរចង់ថ្កើង ។

២០០–  ក្រឡាប់នគរ  រឹងរឹតកើតចោរ  ច្រើនឡើងៗ  ពាលរឹងក្រអើត  ចើតម៉ើតចើងម៉ើង  ក្រដាសយ៉ាងស្ដើង  ចាយរហែកនៅដៃ ។  ប្រាក់ចាយអស់ទៅ  ព្រោះមនុស្សឥឡូវ  ឧត្បាតចង្រៃ  ជាតិខ្មែរប្រែភេទ  ក្រឡែតកាឡៃ  ក្រឡាស់សាសន៍សៃយ  សព្វសត្វនានា ។  ជាតិខ្មែរប្រែខុស  ស្រីក្លែងធ្វើប្រុស  ប្រុសក្លែងធ្វើជ្វា  យកប្ដីប្រពន្ធ  មិនស្គាល់មីងមា  បុណ្យទានការងារ  កាប់គ្នាឥតក្រែង ។  ល្ងង់ឫកធ្វើចេះ  គោចងត្រដោកសេះ  ប្រុសៗដុះស្នែង  ស្រីពាក់អាវខ្លី  ប្រុសពាក់អាវវែង  សារុងហៀរកែង  ធ្វើឯងអ្នកគ្រាន់ ។  កាន់ចិត្ដសីហលោ  សេះទឹមនឹងគោ  ចាក់ហ៊ោលាន់ៗ  រកស៊ីមួយថ្ងៃ  ចង់បានមួយពាន់  បរគោជល់មាន់  ចាក់កាប់ជាប់គុក ។

២០៥–  រីល្បែងបៀប៉ោ  ច្រើនទៅជាចោរ  ប្រកាសហាមទុក  ចូរកូនប្រយត្ន  ប្រយោជន៍ទៅមុខ  ចាំជាទំនុក  តំណកូនចៅ ។  អ្នកកុំប្រហែស  រាជការនិរទេស  កម្ចាត់ចេញទៅ  រាជការអាណិត  ខំប្រិតប្រដៅ  កុំលោភល្ងង់ខ្លៅ  ថោកផៅត្រកូល ។  ប្រយត្នក្រែងក្រ  ផ្លូវច្បាប់ល្អៗ  អ្នកខំប្រមូល  ផ្លូវវៀចអាក្រក់  អ្នកកុំដើរចូល  ហៅផ្លូវមិនស្រួល  លង់ផុតគំនិត ។  ដើរផ្លូវកណ្ដាល  ស្រឡាញ់ស្និទ្ធស្នាល  ឈឺឆ្អាលដោយពិត  មគ្គផលសីលទាន  ឈានចូលឱ្យជិត  យកធម៌ជាមិត្រ  មិនឥតអំពើ ។  មនុស្សម្នាក់ច្រើនឆោត  ច្រើនគ្មានគេកោត  ឈឺគ្មានគេមើល  ស្លាប់ឥតគេព្រួយ  គេជួយទាំងស្ទើរ  មិនដែលឡើងលើ  ច្រមុះចុះក្រោម ។

២១០–  កូនចៅស្រីៗ  ក្រមុំសាវខ្ចី  រៀនឆោតឱ្យល្មម  ប្រុសស្មើម៉ែឪ  ឆូវឆប្រលោម  មើលរូបមើលឆោម  កុំព្រមដោយងាយ ។  កុំក្និចក្នក់ក្នាញ់  បើចិត្ដស្រឡាញ់  កុំចេញនិយាយ  បើស្អប់កុំប្ដឹង  បើខឹងកុំធ្លាយ  កុំរួស​កុំរាយ  កុំងាយធ្វើស្និទ្ធ ។  កុំដើរប្រាប់គេ  កុំអាងអួតជេរ  ក្រែងប្រុសឈឺចិត្ដ  នៅឱ្យតែនឹង  កុំរវល់ធ្វើស្និទ្ធ  ប្រុសនឹងអាណិត  គិតចូលដណ្ដឹង ។  បើម៉ែឪឱ្យ  មើលមុខមើលក្រោយ  អាក្រក់ខ្មៅឆ្អឹង  ប្រកែកដោយស្ងាត់  កុំខ្លាចម្ដាយខឹង  កើតកូនមកតឹង  ពិបាកចាយណាស់ ។  កុំឃ្លានចំណី  កុំខ្លាចអត់ប្ដី  កុំភ័យខ្លាចចាស់  មើលមុខឯងផង  កុំរើសឥតខ្មាស  ខ្លួនល្អស្រឡះ  មិនខ្វះគេស្ដី ។

២១៥–  បើបានជាខូច  ទាន់ផើមនៅតូច  ខែពីរខែបី  រវៀសឆ្លើយប្រញាប់  ប្រាប់គ្នាស្រីៗ  កុំលាក់ធ្វើអី  គង់​តែគេដឹង ។  កុំមាយាបេះក្រូច  មារយាទចេះតែខូច  មាត់ចេះតែខឹង  គេថាត្រង់ណា  ជេរគេត្រង់ហ្នឹង  ជេរហើយខំប្រឹង  យកថ្មសង្កត់ ។  រម្លាយរម្លូត  អាក្រក់តែគូទ  អួតល្អតែមាត់  មានគេឃើញច្បាស់  ម្នះរឹងហ៊ានស្បថ  ទោសនេះនឹងភ្លាត់  ធ្លាក់ទៅអវចី ។  ចោរកាចល្ងង់ខ្លៅ  ប្រាជ្ញប្រាមប្រដៅ  ហៅបារាជិកស្រី  មេបាគេកាច់  ស្លាប់ពីរស្លាប់បី  រម្លូតកូនខ្ចី  ស្មើរម្លាយព្រះ ។  មានកាលមានក្ស័យ  ខ្វិនជើងខ្វិនដៃ  កខ្វេសកខ្វាស  ខ្វាក់ភ្នែកអន្ធការ  អនិច្ចារូបណាស់  អាក្រក់កេរ្ដិ៍ខ្មាស  តកូនតចៅ ។

២២០–  អសោចសុសសាយ  សុសសព្វដល់ម្ដាយ  ដល់ពូជពង្សផៅ  ស្លាប់ទៅរងទុក្ខ  នរកឋានក្រៅ  គេស្រុះទឹកក្ដៅ  ស្លាប់ទៅរស់ទៀត ។  ស៊ីខ្ទុះឈាមឯង  ព្រះអង្គសម្ដែង  ថាម៉ឺនសែនជាតិ  ឡើងមកជាប្រេត  ហេតុកម្មមិនឃ្លាត  អត់ឃ្លាតគ្មានញាតិ  ហែកកូនឯងស៊ី ។  ព្រះពុទ្ធលែងប្រោស  ធម៌លែងសន្ដោស  សោយទុក្ខវក់វី  ហេតុចិត្ដឫស្យា  មិច្ឆាទិដ្ឋី  កើតជាជ្រូកញី  គេគ្រៀវគេចាក់ ។  អសង្ខេយ្យឆ្នាំ  ហេតុផលសេសកម្ម  កើតជាមនុស្សខ្វាក់  មនុស្សខ្វិនទ្រែមទ្រម  ជាគមជាគាក់  ខ្ទើយឆ្កួតអបលក្ខណ៍  ជាអ្នកឥតប្ដី ។  បើម្ដាយជួយព្រួត  ជួយនាំរម្លូត  រម្លាយកូនខ្ចី  នរកប្រេតព្រមគ្នា  មិនឃើញរស្មី  ដ្បិតចិត្ដតិរ្ថិយ  ទាំងម្ដាយទាំងកូន ។

២២៥–  ហេតុនេះគួរខ្លាច  ធម្មតាចោរកាច  មិនដែលស្ងាត់សូន្យ  អសោចកេរ្ដិ៍ឈ្មោះ  ទាំងអស់បងប្អូន  មេបាតាដូន  កាត់កាលលែងរាប់ ។  គួរប្រុងឥរិយា  កើតទាន់សាសនា  ហៅមហាមានភព្វ  ទាំងស្រីទាំងប្រុស  កុំបីឱ្យធ្លាប់  គួរខំរៀនផ្គាប់  បរលោកលោកិយ ។  ឯខុសនឹងគាប់  បើនឹងរៀបរាប់  រាល់រូបប្រុសស្រី  គាប់ខុសនៅចិត្ដ  ខុសគាប់នៅស្ដី  គម្រប់ជាបី  ខុសត្រូវនៅកាយ ។  កូនប្រុងប្រព្រឹត្ដ  ការកេរ្ដិ៍ឱ្យជិត  គំនិតឱ្យឆ្ងាយ  កើតមកជាខ្មែរ  កុំប្រែក្លែងក្លាយ  ធម្មតាសប្បាយ  វាតែងឱ្យទុក្ខ ។  ឱ្យទោសឱ្យទែង  ទាស់តែម្នាក់ឯង  ដល់ម្ដាយឪពុក  រីឯរឿងទោស  មានតែពីរមុខ  មួយនៅនរក  មួយនាលោកិយ ។

២៣០–  លោភោទោសោ  កើតពីមោហោ  រាល់រូបប្រុសស្រី  គួរកាន់មេត្ដា  កតញ្ញូខន្ដី  នេះជាបាលី  ទៅកាន់បរលោក ។  ពាក្យពិតប្រដៅ  ឱ្យអស់កូនចៅ  ប្រព្រឹត្ដរៀនយក  កូនណាមិនរៀន  កូននឹងមារយាទថោក  នឹងធ្លាក់ជ្រុលជ្រក  ក្នុងចតុរាបាយ ។  ធំស្រេចនៅស្លូត  សុខខ្លួនរហូត  ដរាបវែងឆ្ងាយ  ខន្ដីអំណត់  សង្កត់ក្នុងកាយ  ជាតិជនទាំងឡាយ  កម្រកាន់បាន ។  ចេះហើយមិនដឹង  ចិត្ដនៅម្នះរឹង  ប្រឹងរកកម្មដ្ឋាន  រកធម៌មិនយល់  ខ្ជិលខ្វល់ឈប់ខាន  បន្ទោសបូរាណ  ថាគ្មាននិស្ស័យ ។  រីបាបនិងបុណ្យ  មានចិត្ដជាមុន  មាត់ជាបច្ច័យ  នាំចុះនាំឡើង  ពីជើងពីដៃ  សន្សំសព្វថ្ងៃ  ឈ្មោះហៅសំណាង ។

២៣៥–  កើតក្នុងលោកិយ  រាល់រូបប្រុសស្រី  មានចិត្ដមានអាង  កុសលអកុសល  ប្រទាញសងខាង  រូបនៅតេងតាង  តែងតាមទៅមក ។  មគ្គផលសីលទាន  បើល្ងង់ឱ្យរៀន  បើគ្មានឱ្យរក  យល់ល្អសាងស្អាត  សង្វាតជ្រៀតជ្រក  ជ្រើសរើសរៀនរក  រក្សារូបកាយ ។  នេះជាហៅច្បាប់  ជាទីសណ្ដាប់  សណ្ដានទាំងឡាយ  កូនចៅប្រុសស្រី  កុំបីនឿយណាយ  សង្ខេបបរិយាយ  និដ្ឋិតំចែងចប់ ។  អ្នកព្រះភិរម្យ  អាចារ្យង៉ុយខ្ញុំ  បង្គំម្រាមដប់  លើសលស់ឆ្គាំឆ្គង  រំលងពុំគាប់  ពុំគួរសមសព្វ  សុសសាយសេចក្ដី ។  កាយកម្មវចីកម្ម  ឈ្មោះច្បាប់បណ្ដាំ  កូនចៅប្រុសស្រី  ជាបរមត្ថក្រៅ  មិនហៅបាលី  បរលោកលោកិយ  ទាំងពីរកន្លែង ។

២៤០–  បើលោកឯណា  ចេះចាំធម៌អាថ៌  ប្រាកដជាក់ស្ដែង  ឃើញខុសត្រង់ណា  កុំថាជាល្បែង  ដ្បិតពាក្យខ្ញុំតែង  ឱ្យក្មេងវាភ័យ ។  មិនមែនភរភូត  កុំថាខ្ញុំអួត  ប្រាជ្ញាខ្ញុំវៃ  ឃើញមនុស្សវង្វេង  ខ្ញុំតែងច្បាប់ថ្មី  អស់អាថ៌សេចក្ដី  អេវំចប់ហោង ៕៚    

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖