ច្បាប់​កេរកាលថ្មី

ឣ្នកព្រះភិរម្យភាសា ឣ៊ូ ហៅ ង៉ុយ
គ.ស. ១៩២២
បទ​ព្រហ្មគីតិ

១– នេះបទព្រហ្មប្រាជ្ញប្រាយ  ខ្ញុំអធិប្បាយលើកល្បត់ល្បង  ប្រដៅកូនចៅផង  ចងជាច្បាប់ខុសនិងត្រូវ  ។  កត្ដិកខ្នើតគ្នេរគ្នាន់  ក្នុងវសន្តរដូវ  ទឹកស្រែជនលិចស្រូវ  នៅសំណល់សំណាបខ្ចី  ។  កិរកាលពីព្រេងព្រឹទ្ធ  ដើមគំនិតពីសេដ្ឋី  ខ្ញុំលើកកិរកាលថ្មី  តែងសេចក្ដីជាបរមត្ថ  ។  ក្នុងថ្ងៃពេញបូណ៌មី  ម៉ោង៨ព្រលប់ស្ងាត់  ឆ្នាំចចត្វាក្សត្រ  ផាត់សករាជកន្លងឆ្ងាយ  ។ 

៥– សាសនាព្រះសមណៈ  បានពីរពាន់បួនរយប្លាយ  ហុកសិបឆ្នាំកម្ចាយ  ចាត់អធិប្បាយពីខុសត្រូវ  ។  កិរកាលដំណាលទុក  ជាទំនុកដំណែលនៅ  តំណតរៀងទៅ  ត្រូវចិត្ដជនប្រុសស្រី  ។  កូនអើយពាក្យអាពុក  ជាទំនុកទំនើបថ្មី  អភិប្រាយរាយបាលី  អាពុកស្ដីឱ្យកូនស្ដាប់  ។  គួរស្ដាយកេរ្ដិ៍ម៉ែឪ  កិរិយាត្រូវឱ្យខំត្រាប់  កិរិយាណាខុសច្បាប់  គួរក្រឡាប់ក្រឡាស់ចោល  ។  ម្ដាយអាពុកនិងកូន  បីដូចខ្លួននិងស្រមោល  ឃើញខុសកុំដេញដោល  កុំថ្កោលទោសអ្នកមានគុណ  ។ 

១០– ល្ងង់ខ្លៅត្រូវតែសួរ  ពាក្យឱ្យគួរកុំឱ្យស៊ុន  យកពាក្យផ្អែមជាមុន  ទន់លំទោនឱនប្រណិប័តន៍​  ។  ទោះម៉ែឪស្លូតកាច  គួរតែខ្លាចដូចមហាក្សត្រ  ម្ដាយជេរពីរបីម៉ាត់  គួរតែស្ងាត់ស្ងៀមឱ្យឈឹង  ។  ប្រដៅត្រូវតែស្ដាប់  យកតម្រាប់កុំទទឹង  ម្នោម្នះចចេសរឹង  ហ្នឹងហើយហៅកូនសេសកម្ម  ។  ធម៌អាថ៌ចេះតែភ្លេច  ជេរប្រទេចចេះតែចាំ  អាពុកពត់ទៅស្ដាំ  អកុសលកម្មទាញទៅឆ្វេង  ។  អវជាតិបុត្រ  ខូចបំផុតតាំងពីក្មេង  ប្រព្រឹត្ដព្រើលផ្សេងៗ  បើលេងអ្វីស្ដីមិនស្ដាប់  ។ 

១៥– មិនស្ដាយជាតិកំណើត  ល្ងង់ស្លុតស្លើតដល់ចាស់ស្លាប់  ត្រឹមត្រូវមិនសូវស្ដាប់  ព្រួយគេប្រាប់ទាំងយប់ថ្ងៃ  ។  ម៉ែឪមានគុណណាស់  មិនសំពះខ្លាចអៀនដៃ  បើអ្នកក្រៅដទៃ  វិស័យសោះសំពះបាន  ។  ឆ្លើយបាទចា៎ះចា៎ខ្ញុំ  រាបរម្យទមនឹងសន្ដាន  ម៉ែឪឯងក្នុងឋាន  ហ៊ានឆ្លើយអីអញអឺអើ  ។  អនុជាតិបុត្រ  ស្លូតបំផុតស្រណុកប្រើ  ប្រកបការប្រសើរ  ដើរតែតាមលំអានឪ  ។  ប្រដៅទទួលយក  ចេះលៃលកស្ដាប់ខុសត្រូវ  ស្រណុកញាក់ធ្លាក់ផ្លូវ  មិនសូវភ្លេចដំបូន្មាន  ។ 

២០– អតិជាតិបុត្រ  ល្អបរិសុទ្ធស្ដាប់សីលទាន  នាំឪទៅនិព្វាន  ឈានទៅរកកន្លែងសុខ  ។  ចេះលើសគេដរាប  ជឿបុណ្យបាបប្រេតនរក  មិនល្មោភនឹងមូត្រលាមក  ភ័យនឹងភក់ភពសង្សារ  ។  នេះគឺដើមបាលី  បុត្រទាំងបីបែបកិរិយា  ស្រឡាញ់ណាស្អប់ណា  តាមសញ្ញាចូលចិត្ដចុះ  ។  អវៈធ្លាក់ផ្លូវក្រោម  ប្រព្រឹត្ដព្រមតែខាងខុស  អតិជាតិមារយាទខ្ពស់  អនុនោះយ៉ាងកណ្ដាល  ។  អតិ១០០មានមួយ  គួរតែស្ទួយដាក់លើក្បាល  អវៈគឺស្រើបស្រាល  ត្រអាលយកតែពីរយ៉ាង  ។ 

២៥– អតិជាតិកំណើត  គំនិតកើតពីកសាង  កុសលតម្កល់ខាង  សំណាងកើតពីគំនិត  ។  អនុអានាងអើយ  ខ្លួនធំហើយឱ្យចេះគិត  ចេះកាញ់ស្គាល់ឆ្ងាយជិត  ប្រព្រឹត្ដយកតែខាងត្រូវ  ។  រៀនរិះរកទ្រព្យធន  យកប្រពន្ធមើលធុនឪ  ធុនថោកជ្រកខុសផ្លូវ  អ្នកកុំទៅខ្លាចបន្លា  ។  ផ្លូវវៀចកុំបោះបង់  ផ្លូវព្រៃត្រង់កុំយាត្រា  ឈានឈរពិចារណា  ឆ្ការឱ្យស្អាតសឹមដើរទៅ  ។  កុំដើរភ្លើភ្លេចខ្លួន  ខ្លាចក្រែងចួនធ្លាក់ជ្រោះជ្រៅ  ជ្រកម្លប់សម្នាក់នៅ  កុំបោះពៅផ្ទប់គល់  ឈើ  ។ 

៣០– ឆេះខ្លោចសម្បកក្រោម  ស្រពោនញមស្លោកស្លឹកលើ  មានភ្នែកឱ្យចេះមើល៍  កុំល្ងីល្ងើល្ងង់ល្ងឹតពេក  ។  រៀនដើរឱ្យមើលផ្លូវ  ធ្វើស្រែស្រូវឱ្យមើលមេឃ  ម្លប់ធ្លកធ្លាប់ជ្រកដេក  ជាដំណេកអ្នកដំណើរ  ។  ដំណែលដែលគេដាក់  ជាដំណាក់ទំនួលផ្ញើ  ចំណាំចាំគ្រាន់បើ  ដើរក្រោយៗគ្រាន់ជ្រកទៀត  ។  ឈើណាទោសសត្រូវ  ដុះជិតផ្លូវនាំចង្អៀត  ជំពប់យប់អធ្រាត្រ  ឆ្លៀតកាប់ចេញកុំទុកវា  ។  បន្លាគល់ដង្គត់  គន្លងផុតតែភ្នែកជា  ដើរយប់ជំពប់ពារ  ក្រែងគ្រោះគ្នាអ្នកដើរក្រោយ  ។ 

៣៥– គ្នាមុតកុំចាំផ្ទាន់  ឃើញគួរជាន់កុំបណ្ដោយ  បណ្ដើរមើលខ្លាំងខ្សោយ  ឱ្យពិនិត្យពិចារណា  ។  ពាក្យពិតត្រង់ប្រាកដ  ត្រូវច្រើនបទច្រើនប្រការ  ប្រកបជាប្រស្នា  ប្រាជ្ញាអាប់ស្លាប់នឹងឆ្ងល់  ។  ផ្លូវពិតទាំងជិតឆ្ងាយ  សព្វសុសសាយមិនសេសសល់  អ្នកណាប្រាជ្ញាដល់  ដឹងយោបល់ច្រើនកន្លែង  ។  កូនអើយការកេរ្ដិ៍ឈ្មោះ  កុំចង់រស់តែម្នាក់ឯង  គិតអ្វីគិតឱ្យវែង  ក្រែងក្រក្រោយស៊យគំនិត  ។  កំណើតរាល់រូបកាយ  ចេញជួញឆ្ងាយស្ដាយជួញជិត  ចិញ្ចឹមជន្មជីវិត  គិតឱ្យស្រេចទើបបានស្រួល  ។ 

៤០– ធ្វើស្រែចង់បានស្រូវ  ដើមរដូវធ្វើស្រែទួល  ស្រែទាបមើលទំនួល  លើកទំនប់ឱ្យមាំមួន  ។  កូនអើយកេរមេ​បា  ចាំរក្សាមើលថែថួន  ធុញថប់ថយថោកខ្លួន  ចួនជាខ្សត់គេថាខ្សោយ  ។  ស្រូវខ្សោយអង្ករថ្លៃ  លក់សំចៃទុកឆ្នាំក្រោយ  អ្នកក្ររកញយៗ  ឱ្យអ្នកសុំជាងអ្នកខ្ចី  ។  សប្បុរសពេកថយធន  មូទូជនថយរាសី  ប្រពន្ធល្អច្រើនអាប់ប្ដី  ពាក្យអប្រិយចាញ់អាត្មា  ។  ឈើផ្លែចាញ់សន្លឹក  ត្រីវរវឹកទឹកមិនថ្លា  កំណាញ់ក្រៅតម្រា  សោតសឹងអាប់ប្រយោជន៍យស  ។ 

៤៥– នឹងឱ្យៗមើលភាព  ឱ្យអ្នកទាបជាងអ្នកខ្ពស់  អ្នកទិញឈប់សិនចុះ  ក្នុងតែរស់មិនស្លាប់ងាយ  ។  កំណាញ់ហួសកំណត់  ពាក្យអ្នកខ្សត់ខ្សបនិយាយ  ទេវតាផ្ដន្ទាទាយ  រលាយអស់រលស់ឯង  ។  សទ្ធាមើលធនធាន  ជាតិអ្នកមានមិនអង្វែង  កំណាញ់ដោយកន្លែង  ក្រែងគ្រោះក្រដល់ឆ្នាំក្រោយ  ។  អ្នកក្រខ្ចីនេះកុំ  អ្នកមានសុំនេះគួរឱ្យ  អ្នកប្រាជ្ញអង្គាសញយ  អស់ក៏ដោយឱ្យទៅចុះ  ។ 

៥០– អ្នកក្របានជាហាម  ពិបាកតាមទៅឯណោះ  ទាល់ទឹកចូលច្រមុះ  ច្រើនកើតឈ្លោះពីព្រោះយល់  ។  អ្នកមានគេមានខ្មាស  សងរហ័សមិនអំពល់  ចួនយើងមានរវល់  គេស្គាល់មុខស្រណុកខ្ចី  ។  អ្នកក្រៗទាំងចិត្ដ  ស្រូវឆ្មារល្អិតឱ្យមើលល្អី  វាល់ល្អកន្ដាំងបី  ទាន់ស្រូវថ្មីទារឆាប់បាន  ។  ចួនក្រែងឯងក្រវិញ  ទោះដូរទិញមើលប្រមាណ  ជឿបុលខ្ចីសន្ដាន  កុំហ៊ានពារកញ្ជើធំ  ។  ខ្លួនក្រកុំចង់ធាត់  កុំងាកមាត់អាងតែសុំ  ជឿខ្ចីល្អីក្រមុំ  ស្រូវឯងទុំស្រណុកសង  ។ 

៥៥– បើជឿខ្ចីគេឱ្យ  កុំទៅញយគេឱ្យខ្នង  ឯណេះឯណោះផង  កុំច្រើន​ដងគេមើលងាយ  ។   ក្រលុយកុំងុយដេក  ចូលដំណេកកុំនិយាយ  សំពត់ញាត់សម្ពាយ  រាយរើសរៀបញាត់សម្ពៀត  ។   រៀបដេកសំពះគុណ  កុំដេកស៊ុនឱ្យប្រុងស្នៀត  ភ្លើងឆេះយប់អធ្រាត្រ  កណ្ដៀតទូលប្រមូលរត់  ។   ខ្លួនរាស្ត្រក្រមាសប្រាក់  ភើចកន្ត្រាក់អាវសំពត់  ទម្រាំភ្លើងរលត់  ស្លៀកផ្គង់ផ្គត់សោះខ្មាសគេ  ។   កូនអើយគិតឱ្យគ្រប់  រៀងរាល់យប់កុំទំនេរ  ជាងដេកលក់ទទេ  យល់សប្ដិ​ជេរបិសាចក្រៅ  ។   ទម្លាប់មាត់មមើ  ស្រែកថាយើៗអៅៗ  ចោរខ្មាំងខ្មោចចិត្ដខ្មៅ  ហៅមេខ្មៅវ៉ៃឱ្យខ្មុក  ។   

៦០– ដេកផ្អៀងជាងអង្គុយ  ល្ងាល្ងាន់ល្ងុយកុំទ្រាំងក់  ពីល្ងាចដេកពុំលក់  មាន់រងាវជក់ស៊ីម្លូស្លា  ។   ជាងល្ងឹតឥតអំពើ  ឥតអ្វីធ្វើសូត្រធម៌អាថិ  បើច្បាស់វិបស្សនា  ស្មាស្មាធស្មឹងប្រឹងឱ្យស្មោះ  ។  គងខ្នើយដេកកើយស្មុគ  គ្របឱ្យសុខសូត្រអំបោះ  កុំដាក់ដោយកៀនកោះ  អស់នឹងសត្វកណ្ដៀរកោរ  ។   កណ្ដុរកន្លាតកាត់  ដល់កំណាត់ខានដេរខោ  ចួនកាលមានអាចោរ  លលបលួចលីទៅបាត់  ។   កុំដាក់ឆ្ងាយប្រយោល  ទុកជាចោលមិនប្រយត្ន  ប្រយោជន៍យប់យាមស្ងាត់  បង្កាត់ភ្លើងបង្គោលគោ  ។   

៦៥– បង្ការក្រែងមូសខាំ  ត្រូវចំណាំខ្យល់ជំនោរ  បាយកកផ្អកម្ហូបជោរ  ឱ្យអាលោស៊ីចាំសេះ  ។   កំណើតឆ្កែញីឈ្មោល  ដេកចំណូលតែនិងផេះ  រៀនប្រើមើលចំណេះ  រិះចំណាំតាមកិរិយា  ។   ទោះប្រើកូនតូចធំ  ឬប្រើខ្ញុំឱ្យធ្វើការ  ធ្វើកលយល់ប្រាជ្ញា  អាណាហ៊ានប្រើទៅឆ្ងាយ  ។   អាខ្លាចប្រើតែជិត  ឥតគំនិតប្រើរៀងអាយ  ខុសម្ដងកុំជេរម្ដាយ  ពេលដល់បាយកុំនាំឈ្លោះ  ។   មនុស្សឃ្លានវាហ៊ានឆ្លើយ  ស៊ីរួចហើយបន្ទោសចុះ  បានឆ្អែតប៉ោងពេញពោះ  ស្ដីខុសត្រូវមិនសូវខឹង  ។   

៧០– កូនអើយពាក្យអាពុក  ចំណាំទុកពីត្រឹមហ្នឹង  ធ្វើប្រុសឱ្យខំប្រឹង  រៀនឱ្យដឹងស្គាល់ពុតស្រី  ។   មារយាទនិងមាយា  ម្យ៉ាងចិត្ដជាចេះថ្នមប្ដី  ប្ដូរស្លាប់រស់វាហី  យកពីរបីនេះមិនបាន  ។   កុំលោភច្រើនៗព្រួយ  យកតែមួយសុខក្សេមក្សាន្ដ  ចិត្ដស្រីទាំងប៉ុន្មាន  ហ៊ានប្រមូលម៉ៅមិនខុស  ។  មិនខូចគ្រប់តែស្រី  ល្អពីរបីចាំទុកចុះ  ជាតិស្រីលោភលើប្រុស  នោះមិនខុសស្រីណាមួយ  ។  ខ្លាំងខ្សោយកុំឱ្យខ្សត់  ទោះនឿយហត់កុំរំអួយ  ធ្វើប្រុសតែងតែព្រួយ  ស្រីមិនជួយកុំត្អូញត្អែរ  ។ 

៧៥– ខ្លួនខ្លាំងកុំគិតខ្លាច  ស្រីៗកាចស្លូតដោយខែ  រដូវធ្វើស្រូវស្រែ  ចែប៉ប្រែស្ដីលើប្រុស  ។  ខែស្ទូងនិងខែច្រូត  កាចរហូតដល់ខែបុស្ស  ខែបែនបោករលស់  រលីងអស់អំពីដី  ។  ជញ្ជូនដាក់ជង្រុក  ពូជពេញទុកស្បោងពីរបី  ដំណើបបួនដប់ល្អី  ស្រីៗស្លូតហើយខែហ្នឹង  ។  ស្លូតផុតនៅខែមាឃ  ស្ដីធ្ងន់ពាក្យមិនសូវខឹង  បើប្រុសៗមិនដឹង  ប្រឹងតែព្រួតស្អប់ស្រីៗ  ។  ម្យ៉ាងទៀតមារយាទខូច  មាយាបេះក្រូចមាយាដកខ្ញី  មានប្រុសសហាយថ្មី  រឹតថ្នមប្ដីមិនឱ្យអាក់  ។

៨០– អីអើតែមាត់ក្រៅ  ចិត្ដមួម៉ៅគ្មានត្រជាក់  ត្រីសាច់ល្អលួចលាក់  ដាក់តែឆ្អឹងឱ្យឯងស៊ី  ។  បញ្ជោរចេះបញ្ចើ  បញ្ឆោតប្រើឯងវក់វី  វរវឹកព្រួតប្រុសពីរ  ស៊ីទាល់ងាប់គាប់សងខាង  ។  មួយទៀតផិតកំលោះ  ស្រឡាញ់ស្មោះស្មគ្រអស់យ៉ាង  លោមប្ដីលាសំណាង  ទាស់ក្អេងក្អាងទារសំបុត្រ  ។  បើប្ដីមិនព្រមលែង  លបជំទែងជំទយរត់  មួយទៀតខូចបំផុត  មាត់ឱ្យប្រុសសម្លាប់ប្ដី  ។  ម្យ៉ាងទៀតមារយាទជា  មានច្រើនគ្នាក្នុងលោកិយ  ប្រាកដពេញជាស្រី  ប្រុសពីរបីស្មាលាកម្ម  ។ 

៨៥– ស្លាប់រស់មួយនឹងមួយ  មិនចង់ព្រួយយកប្រុសប្រាំ  ប្ដីស្លាប់បួនដប់ឆ្នាំ  ចាំសីលទានមិនមែនទៀត  ។  ធ្វើបុណ្យផ្សងសច្ចា  សុំប្រាថ្នាចួបរាល់ជាតិ  អុជធូបដេកឱបធាតុ  កណ្ដៀតថោកោរកាន់ទុក្ខ  ។  និយាយពីពុតប្រុស  ចូរចាំចុះជាទំនុក  តំណតទៅមុខ  អាពុកប្រាប់ឱ្យស្រីចាំ  ។  ប្រពន្ធមួយមិនស្កប់  ប្រពន្ធដប់គ្រាន់តែស្កាំ  កាចស្លូតរហូតឆ្នាំ  រាំដរាបរាល់រូបា  ។  កាចម្យ៉ាងខាងល្ងាចព្រឹក  រឿងបាយទឹកថ្នាំម្លូស្លា  កាចម្យ៉ាងខាងធ្វើការ  ម្យ៉ាងទៀតណារឿងប្រចណ្ឌ  ។  

៩០– ប្រជុំជាតិចិត្ដប្រុស  ត្រូវនិងខុសជាកំណាន់  គំនិតល្អសំខាន់  ប្រកាន់មើលឥរិយាបថ  ។  ប្រចណ្ឌរាវរាលឈ្មោះ  ច្រើនកើតឈ្លោះទៅជាខ្សត់  មួយឃើញជាក់ប្រាកដ  ប្រកៀកចាប់ធ្វើទោសបាន  ។  លកលៃតែខាងប្រុស  ប្រពន្ធខុសបង្អង់ខាន  ខូចម្ដងខាតប៉ុន្មាន  រាប់អានឱបក្រសោបទៀត  ។  មួយលកលៃទាំងពីរ  នៅរកស៊ីដោយសារញាតិ  ស្រីមាយាឥតមារយាទ  ស្មាលាជាតិមិនឱ្យចួន  ។  ប្រចណ្ឌទាំងបីបទ  គួរកួចកត់ទុកក្នុងខ្លួន  លក់ពីរពេញចំនួន  កួនគុំទុកយកជាច្បាប់  ។ 

៩៥– ប្រចណ្ឌហើយយកទៀត  ហៅជួជាតិមារយាទអាប់  កូនណាយកតម្រាប់  ស្លាប់នឹងស្រីៗមើលងាយ  ។  ទោសតិចកុំទាញផ្សំ  ឃើញមិនចំកុំនិយាយ  កុំចាប់ស្ទើររវើរវាយ  នាំឱ្យវល់អំពល់ចិត្ដ  ។  ពុតប្រុសនិងពុតស្រី  ចប់សេចក្ដីពីក្បត់ផិត  រៀងរើសណាសុខចិត្ដ  គិតសម្គាល់រាល់រូបកាយ  ។  បើមានកូនក្រមុំ  គួរតែកុំបណ្ដោយឆ្ងាយ  ឱ្យមើលនាយមើលអាយ  ស្រេចនៅម្ដាយរក្សាកូន  ។  ប្រយត្នកុំឱ្យឃ្លាត  ភ្លាត់មារយាទមិនសុទ្ធសូន្យ  កុំទុកចិត្ដបងប្អូន  ជីដូនមួយជួយរក្សា  ។ 

១០០– ក្រមុំមានម្រាក់មិត្រ  មេមួយគិតនាំកិច្ចការ  កុំជឿចិត្ដនរណា  មើលកិរិយានៃកូនឯង  ។  ទោះស្ទូងដកយប់ថ្ងៃ  ដើរយកដៃដាច់សង្វែង  ប្រុសខូចលួចបន្លែង  តែទាស់ភ្នែកបែកមេបា  ។  ច្រើនណាស់តែសែនខ្មោច  កេរ្ដិ៍អាសោចផុតអាសា  នាំកូនឡើងសាលា  គេថាឱ្យជំងឺចិត្ដ  ។  បើមានកូនប្រសា  មិនទាន់ការគួរឱ្យប្រិត  កុំឱ្យបម្រើឆ្អិត  អាណិតវាៗសងគុណ  ។  យប់ថ្ងៃចូលប្រតិបត្ដិ  គាតក្រវាត់រត់រែកពុន  អាចនឹងច្រើនជឿមុន  ស៊ុនអំពីឪពុកម្ដាយ  ។

១០៥– រក្សាកូនប្រពន្ធ  រកទ្រព្យធនចង់ធូរចាយ  ជួញជិតកុំជួញឆ្ងាយ  ជួញរៀងអាយរក្សាគុណ  ។  អំពើបាបកុំរៀន  កុំអៀនប្រៀនក្នុងការបុណ្យ  លាងទោសចេញជាមុន  ទើបធ្វើបុណ្យចម្រើនផល  ។  បើនឹងចង់គង់ទ្រព្យ  កុំទម្លាប់សាងអកុសល  របិញរបុញវៀចកាចកល  ទេវតាផ្ដល់ផ្ដាច់ធនធាន  ។  កុំឈ្នានីសអ្នកខ្សត់  កុំបំភ្លាត់ទ្រព្យអ្នកមាន  បើខ្លួនខ្សត់អត់ឃ្លាន  រៀនតែរកតាមទៀងត្រង់  ។  ជួញខាងកុំឈប់ខាន  បើចង់បានកុំខ្លាចបង់  ខ្លាចបាត់ឱ្យផ្ចិតផ្ចង់  ប្រុងថែទាំឱ្យមាំមួន  ។

១១០– កុំភ្លើធ្វើជាភ្លេច  ភ្លាត់បន្ដិចខ្លាចក្រែងចួន  ក្រែងចោរចូលមកពួន  លូនលបលួចយកទ្រព្យទៅ  ។  ប្រហែសតែងតែបាត់  ប្រុងប្រយត្នតែងតែនៅ  គិតសព្វគ្រប់ដោយផ្លូវ  សូវទ្រាំនឿយកុំទ្រាំក្រ  ។  នៅផ្ទះស្រះរបង  របាចងឱ្យជាប់ល្អ  ប្រើប្រាស់ខ្ញុំកំដរ  ឱ្យបរិភោគដោយខ្លួនឯង  ។  នឹងប្រើទៅហៅមក  កុំគំហកយកកំហែង  កុំហាឡើងហងឯង  ក្រែងកំហល់ទល់កំហឹង  ។  កុំហួសពាក្យសម្ដី  ការអ្វីៗឱ្យចេះថ្លឹង  កុំប្រើព្រួតលើប្រឹង  ក្រែងកើតខឹងវានាំខាត  ។ 

១១៥– មនុស្សខឹងច្រើនៗខុស  មនុស្សច្រើនឈ្លោះច្រើនប្រមាថ  ការល្អច្រើនត្រូវខ្នាត  យើងចង់ស្អាតកុំខ្លាចយូរ  ។  ចង់ប្រាជ្ញឱ្យខំប្រឹង  ចងក្បិនតឹងរកស៊ីធូរ  គំនិតមុនគំនូរ  រៀនមានគ្រូមានគេរាប់  ។  បម្រើឪពុកម្ដាយ  អ្នកនៅឆ្ងាយគេច្រើនគាប់  អ្នកណាបម្រើខ្ជាប់  ធ្លាប់តែខុសមិនដែលត្រូវ  ។  ជាតិមនុស្សទោះខ្ពស់ទាប  មិនចោលភាពជាម៉ែឪ  ពាក្យមនុស្សវែងជាងផ្លូវ  ស្រូវច្រើនខួបខូចអង្ករ  ។  របស់ទ្រព្យថោកថ្លៃ  ទុកសំចៃលៃឱ្យល្អ  អុងអាងពាងក្រឡ  ត្រដរទិញកុំឱ្យខ្វះ  ។

១២០– កើតមកជាខ្លួនរាស្រ្ដ  ក្រប្រាក់មាសឱ្យមានខ្មាស  សារពើគ្រឿងប្រើប្រាស់  ឱ្យមានចាស់ឱ្យមានថ្មី  ។  ពូថៅដឹងកាំបិត  ពន្លាកខ្វិតចបវែងខ្លី  ខ្សែសេះគោក្របី  ឫស្សី​ផ្ដៅកាច់សង្រែក  ។  ការងាយកុំឱ្យក្រ  អាក្រក់ល្អមានដោយឡែក  ថ្ងៃនេះរបេះបែក  ស្អែកខំរើធ្វើជាឆាប់  ។  ឈ្មោះការប្រើលើដី  កុំចាំស្រីតឿនប្រើប្រាប់  ឱ្យមានគ្រប់ប្រដាប់  តម្រាប់រាល់ឱ្យសល់ប្រើ  ។  កុំខ្ជិលល្ងង់ខ្លៅពេក  ឱ្យចេះដេកឱ្យចេះដើរ  ចេះសព្វគ្រប់ប្រសើរ  កុំចង់ហើរហួសភាពខ្លួន  ។ 

១២៥– ចង់ក្ដីឱ្យរៀនច្បាប់  រស់និងស្លាប់ឱ្យចេះក្បួន  ចេះអ្វីចេះឱ្យមួន  កុំបន្លំផ្សំនឹងគេ  ។  កុំដេកចាំសំណាង  កុំក្អេងក្អាងចាំបុព្វេ  ខំរកកុំទំនេរ  រេរៀនរិះចេះឱ្យគ្រប់  ។  នឹងដើរស្វែងរកផល  មិនទាន់ដល់កុំអាលឈប់  ឈានខ្លាំងពេកជំពប់  បើដេកយប់ឱ្យស្គាល់យាម  ។  កុំដេកយូរទ្រមឹក  លក់ហួសព្រឹកខុសទំនៀម  តែភ្លឺឡើងភ្ញាក់ភ្លាម  ព្រហាមឡើងក្រោកធ្វើការ  ។  ជាតិមនុស្សទោះប្រុសស្រី  រាស្រ្ដមន្រ្ដីជាធម្មតា  ពេលព្រឹកតែងឧស្សាហ៍  ថ្ងៃក្ដៅល្អាខ្ជិលល្អិតឆ្អឹង  ។ 

១៣០– ចង់ធំខំពីតូច  បើខ្លាចខូចកុំឆាប់ខឹង  ការអ្វីឱ្យចេះថ្លឹង  កុំប្រឹងជុះតាមដំរី  ។  កុំចង់ខ្ពស់ស្មើមេឃ  កុំឱនពេកអាប់រាសី  ទោះដើរនិយាយស្ដី  លៃតែល្មមឱ្យគួរសម  ។  យល់ឆ្ងាយកុំណាយគិត  ទោះយល់ជិតកុំអាលខំ  មិនជាក់មើលឱ្យចំ  ក្រែងច្រឡំសជាខ្មៅ  ។  ទម្លាប់ធំជាងច្បាប់  បើរៀនត្រាប់កុំត្រាប់ខ្លៅ  ត្រាប់ប្រាជ្ញអាចប្រដៅ  ស្ដីកូនចៅស្ដីឱ្យស្មោះ  ។  ស្មិងស្មិលសិល្ប៍របៀន  ឱ្យគេរៀនកុំឱ្យអស់  ស្រលាញ់កុំញ៉េះញ៉ោះ  បើខឹងទាស់កុំឱ្យទាយ  ។​

១៣១– ឆ្កែព្រុស​កុំព្រួយពេក  ឃើញឆ្កែដេកកុំមើលងាយ  កំណប់ដប់សម្ពាយ  កុំនិយាយប្រាប់សម្លាញ់  ។  សម្លឹងមើលឱ្យសព្វ  បើនឹងស្អប់កុំអាលបាញ់  ក្ដីឈ្នះគេចុះចាញ់  កុំក្នាញ់តាមផ្ដន្ទាទៀត  ។  បើខឹងកុំរំលោភ  បើនឹងល្មោភឱ្យល្មមមាឌ  កុំមាត់ក្រែងភ្លាត់ស្នៀត  វាតហួសវង់ផុតគំនិត  ។  កំណើតអាក្រក់ល្អ  មាននិងក្រពីគំនិត  ពីកាលបុព្វេពិត  ងងឹតពេកមើលមិនយល់  ។ 

១៣៥– ដាំដូងឱ្យខំថែ  ចង់ស៊ីផ្លែឱ្យដុតគល់  បើចួនសំណាងដល់  រវល់តែស៊ីឆ្ងាញ់ពិសា  ។  ប្រាជ្ញប្រិតប្រៀនប្រដៅ  ចូរកូនចៅពិចារណា  រំពឹងក្នុងប្រាជ្ញា  ស្រាយបញ្ហានេះឱ្យដឹង  ។  ចេះច្បាប់កេរកាលថ្មី  អស់សេចក្ដីតែប៉ុណ្ណឹង  កូនប្រុសអ្នកខំប្រឹង  សម្លឹងចាំតទៅមុខ  ។  ពីឆ្នាំចតទៅ  ខំធ្វើស្រូវដាក់ជង្រុក  អាសូរពាក្យអាពុក  ទុកឱ្យកូនចៅគ្រប់គ្នា  ។  អាពុកកាន់តែចាស់  ស្ដាយខ្លួនណាស់ចូលជរា  ពាក្យពិតប្រាំរយឃ្លា  ជាសូរេចម្ល៉េះឯងហោង  ។ 

១៤០– អ្នកប្រាជ្ញភិរម្យល្បី  លើច្បាប់ថ្មីអស់ល្បត់ល្បង  ឈ្មោះអ៊ូហៅង៉ុយផង  ចងជាច្បាប់សម្រាប់ជន  ។  ខ្ញុំសូមផ្សងសច្ចា  កើតជាតិណាសូមមានបុណ្យ  មូលកូនមូលប្រពន្ធ  ធនសម្បត្ដិសម្បូរចាយ  ។  ស្មាលាក្រលំបាក  សូមចៀសចាកចតុរាបាយ  សូមល្អពង្សរូបកាយ  កុំឱ្យឆ្ងាយពីព្រះពុទ្ធ  ។  ប្រាជ្ញាកុំទើសទាស់  ចេះអាថិធម៌ឱ្យមាំមុត  សូមជាប់សីលបរិសុទ្ធ  រលត់ទុក្ខសោករោគភ័យ  ។  អានិសង្សបុណ្យខ្ញុំបាន  សាងប៉ុន្មានក្នុងលោកិយ  សម្បត្ដិសួគាល័យ  កុំបីឃ្លាតរវាតវែងឆ្ងាយ  ។ 

១៤៥– ជាតិនេះទៅមុខ  មូលអាពុកចួបមូលម្ដាយ  បងប្អូនកុំខ្ចាត់ខ្ចាយ  អធិប្បាយចែងចប់អេវំ  ។   

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖