ពាក្យ​កាព្យ​ប្រដៅ​ជន​ប្រុស​ស្រី

ឣ្នកព្រះភិរម្យភាសា ឣ៊ូ ហៅ ង៉ុយ
បទ​ពាក្យ  ៧

(១)  ខ្ញុំ​សូម​បង្គំ​ព្រះ​សម្មា  សម្ពុទ្ធ​ណាៗ​ក្នុង​ត្រៃភព  ចម្រើន​កម្មដ្ឋាន​ក្រោម​ពោធិ៍ម្លប់  ខ្ញុំ​សូម​គោរព​នមស្ការ  ។  ព្រះ​ចម​ចក្រ​ពិននរិន្ទឫទ្ធិ  ជា​ម្ចាស់​​ជីវិត​លើសិរសា  សូម​ថ្វាយ​បង្គំ​ព្រះ​ករុណា  សូម​ទ្រង់មេត្ដាប្រោសប្រណី  ។  ឱនកាយថ្វាយ​បង្គំប្រណម្យនឹក  សូម​ក្រើនរំឭករាស្រ្ដ​ប្រុស​ស្រី  ធ្លាប់​ជ្រកទីពឹង​ព្រះ​បារមី  ឱ្យ​រៀន​បាលី​ទៅ​បរ​លោក  ។  សរណគមន៍បី​ឱ្យ​ប្រតិបត្ដិ  កម្ចាយកម្ចាត់​ក្ដី​ទុក្ខ​សោក  រូប​យើង​សព្វ​ថ្ងៃ​ថ្លៃ​មិន​ថោក  បាន​មកភពភាន់​ទាន់​សាសនា  ។ 

(៥)  ផ្លូវ​ប្រេតនរក​ទៅ​ញឹកញយ  គួរ​កុំបណ្ដោយ​តាម​តណ្ហា  គួរ​គិត​សង្ខេបឃាត់សង្ខារ  សង្ឃឹម​ព្រះ​សិអារ្យ​នឹង​មកត្រាស់  ។  ជម្ពូ​ទ្វីប​នេះ​ធំ​បំផុត  មួយ​ម៉ឺន​យោជន៍គត់ដំណែល​ព្រះ​  សត្វ​ស្លាប់​តាម​កម្ម​មិន​ចាំ​ចាស់  អាយុ​ខ្លី​ណាស់​ក្រាស់​កុសល  ។  រូបំ អនិច្ចំ អនត្ដា  កើត​រូប​កាលណា​កម្ម​តាម​ដល់​  តាម​ដានដរាបបាប​ឱ្យ​ផល  បាប​ខ្លះ​សេសសល់ពីនរក  ។  ខ្លះ​មក​អំពី​ប្រេតតិរច្ឆាន  ខ្លះ​មកពី​ស្ថានសួគ៌សោយសុខ  វេរា​តាម​រក​បាន​ឃើញ​មុខ  ចុះ​មករង​ទុក្ខ​ទទួល​កម្ម  ។  អ្នក​ធ្លាក់​ទៅ​រងនរកប្រេត  ដើម​ហេតុ​ពី​ព្រោះ​ដាច់សីល៥  ទឹក​ក្ដៅខ្ទះដែក​ទៅ​ដេកត្រាំ  រាប់លានកោដិឆ្នាំ​ទម្រាំ​រួច  ។ 

(១០)  មក​កើត​ជា​មនុស្ស​ស្ថាន​កណ្ដាល  មិន​រាង​មិន​ចាល​ដល់​តិច​តួច  ប្រពន្ធ​កូន​គេ​នៅ​តែ​លួច  សត្វ​ធំ​សត្វ​តូច​រឹត​សម្លាប់  ។  ស្រារឹតតែផឹក​ឱ្យ​ស្រវឹង  គុណទោស​មិន​ដឹង​ប្រឹង​ចាក់​កាប់  ស្រេកឃ្លាន​បំពាន​ធ្វើ​លើ​ច្បាប់  មិន​ស្ដាប់​ពុទ្ធ​ដីកា​ព្រះ​អង្គផ្ដាំ  ។  ពិត​មែន​ជា​មិន​ឮ​ព្រះ​ឱស្ឋ  ព្រះ​សង្ឃទ្រង់ប្រោស​ឱ្យ​សីស៥  ទទួល​រំពេច​ភ្លេច​មិន​ចាំ  ប្រព្រឹត្ដសាងកម្ម​មិន​ព្រម​លែង  ។  កើត​មកពូជពង្ស​ពេញ​ជា​មនុស្ស  សេចក្ដី​ត្រូវ​ខុស​ចាំ​ជាក់​ស្ដែង  សម្លាប់​រូប​សត្វ​ឥត​គិត​ក្រែង  បំ​ពេញ​រូប​ឯង​ឱ្យ​ធំ​ធាត់  ។  សម្លាប់​មិន​ថា​សត្វ​ឈ្មោលញី  យក​សាច់​មក​ស៊ី​ឱ្យ​ឆ្ងាញ់​មាត់  ទទួល​សីលភ្លើ​ធ្វើ​ឱ្យ​ភ្លាត់  លក់​សត្វ​ឱ្យ​ព្រាត់មេព្រាត់​កូន  ។ 

(១៥)  ព្រាត់គូកម្សត់វដ្ដសង្សារ  ដូច​លក់​ជីតា​លក់​ជីដូន  ពុំ​នោះ​លក់​បង​បំ​បែក​ប្អូន  ងងឹតឈឹងសូន្យ​មើល​មិន​យល់  ។  ខ្លះ​ទៅ​នរក​មិន​ទាន់​មក  ខ្លះ​ឃ្លាត​ទៅ​ជ្រក​ពួក​អសុរ  ជវ័នសង្ខារលុបវិលវល់  អំពល់តែ​កើត​ស្លាប់​កើត​ស្លាប់  ។  កម្មកិត​តាម​ខ្លួន​មិន​ដែល​ឃ្លាត  គ្រប់ប្រាំរយ​ជាតិ​មិន​ដែល​ឆាប់  សត្វ​ជ្រូក​មាន់​ទាគេ​ចាក់​កាប់  សម្រាប់​គេ​ស៊ី​ជា​អាហារ  ។  សត្វ​គោក្របីដំរីសេះ  គេ​ជិះ​គេទឹមជា​ធម្មតា​  គេកាប់​លក់​សាច់​ផ្ដាច់សង្សារ  រក​ចិត្ដ​មេត្ដា​ករុណា​គ្មាន​  ។  រូបខន្ធរលត់រលាយ​ទៅ  សល់​នៅ​សង្ខារ​និង​វិញ្ញាណ  វេទនាសញ្ញានឹក​ស្រេកឃ្លាន  សន្និដ្ឋាន​ថាដូច​អ្នក​មាន​គុណ  ។ 

(២០)  សត្វ​ញី​សត្វ​ឈ្មោលអន្ទោល​ទុក្ខ  អាពុក​ឬ​ម្ដាយពី​ជាតិ​មុន​  ជាតិ​មក​ពីរ​ងទោស​ទុក្ខ​ធ្ងន់  ក្រែងស៊ុន​ទៅ​លើសាច់ញាតិ​ឯង  ។  ជ្រូក​គោក្របី​នៅ​តូច​ស្ទាវ  គេក្រៀកវះគ្រៀវ​ឃើញ​ស្ដែងៗ  បើ​គិត​ឱ្យ​សព្វ​គ្រប់​កន្លែង  ចួន​ក្រែង​ជាតិ​មនុស្ស​មកជា​សត្វ  ។  អ្នក​ពឹង​និង​អ្នក​ធ្វើ​ដៃ​ដល់  ចៅក្រម​អ​កុសល​ជំនុំ​កាត់​  បញ្ជី​ទាំង​ពីរ​ឈ្មោះ​មិន​បាត់  គេ​ចាត់​ធ្វើ​ទោស​ទាំង​អស់​គ្នា  ។  មិន​មាន​អ្នកណាធ្ងន់ណាស្រាល  យមបាលវះគ្រៀវគ្រប់​វេលា​  មាន​លោក​យមរាជរាជសភា  ជំនុំ​គិត​គ្នា​មើល​បញ្ជី  ។  បញ្ជូន​​អ្នក​ធ្វើ​ចុះ​នរក  ជំនុំឃុំទុក​អ្នក​ទិញ​ស៊ី​  ទិញ​សត្វ​ស្លាប់​រស់​ទោះ​ឈ្មោលញី  ទាំង​ពីរ​ចំណែក​ចំណាំ​មុខ  ។ 

(២៥)  អ្នក​មួយ​ទិញ​ស៊ី​មិន​រួច​ខ្លួន  ត្រឹម​ឯត្រីអូនយួនដូរ​លក់​  អណ្ដែងក្រាញ់ឆ្ដោដៀបរ៉ស់ផ្ទក់  ចង់​ទិញ​ស្ងោរជ្រក់​ទៅ​ត​ថ្លៃ  ។  ឃើញ​ច្បាស់​ជា​រស់​មិន​ទាន់​ងាប់  អង្គុយ​បង្គាប់​ឱ្យ​យួនវ៉ៃ  រកខ្យល់​ច្រឡោតដោតញ័រ​ដៃ  ឃើញ​ក្ស័យស្រាប់ៗ​មិន​ទិញ​យក  ។  អា​នេះ​បន្ធូរលែង​មិន​បាន  ត្រូវ​ច្រំធាក់​ច្រាន​ឱ្យ​ជ្រុលជ្រក  ទម្លាក់​ឱ្យ​ជ្រៅរង​ទុក្ខ​សោក  លៃលក​អ្នក​ទោស​រឿង​អ្នក​ទិញ  ។  អ្នក​ទៅ​ឃើញ​ត្រី​នៅ​បម្រះ  វេទនា​ចិត្ដ​ណាស់​ប្រាស​ដើរ​ចេញ​  អ្នក​នេះ​ត្រូវ​លែង​ឱ្យ​ទៅ​វិញ  មាន​សែហ្វលិញគិញ​ក្នុង​នរក  ។  ឱ្យ​ជូន​ខ្លា​ចក្រែងវង្វេង​ផ្លូវ  ត្រូវ​មើល​ខុស​ត្រូវ​គ្រប់​ភូមិ​ស្រុក​  បើក​ក្រាំង​សៀវភៅ​កត់​ឈ្មោះ​ទុក  បញ្ជី​ពីរ​មុខ​បាប​និង​បុណ្យ  ។ 

(៣០)  ប្រគល់​យមរាជយមបាល  ដាក់​ស្រាល​ដោយ​ស្រាលធ្ងន់​ដោយ​ធ្ងន់  អ្នក​សាងមគ្គផល​ស្គាល់​ទោសគុណ  ទៅ​សោយសុខ​មុន​តាម​ទុនទាន  ។  អ្នក​សាងធុន​ទាប​ភាពអ​កុសល  មិន​ចង់​បាន​ផលសួគ៌និព្វាន  ប្រព្រឹត្ដ​អាក្រក់​រក​ល្អ​គ្មាន​  មិន​ហ៊ាន​កាន់​សីលថា​ខ្លាច​ដាច់  ។  មិច្ឆាទិដ្ឋិ​ចូល​ពេញ​ទី  បញ្ជី​សម្រាំង​តាំង​សម្រេច​  ចុះ​វង្សអាជីវកភ្លក្ស​ស៊ី​អាចម៍  ព្រោះ​ពោល​បង្កាច់​ព្រះ​ពុទ្ធ​ដីកា  ។  វចីទុច្ចរិត​មាន​គ្រប់​យ៉ាង  ទានសីល​មិន​សាងអាងផឹកស្រា  ឮ​លោក​សម្ដែង​ធម៌ទេសនា  ពីរោះពិ​ស្ដារ​មិន​ដឹងស្ដាប់  ។  អស់​យើង​គួរ​ស្ដាយ​ជាតិ​កំណើត  សំណាង​មក​កើត​ក្នុង​ភទ្ទកប្ប  អាគារ​វិន័យ​ព្រះ​ប្រញប្ដ  ជាឫសគល់​ច្បាប់​គួរ​រក្សា  ។   

(៣៥)  សីលប្រាំ​ចងចាំឱ្យប្រាកដ  កុសលកម្មបថដប់ប្រការ  កុំឈ្លោះប្រកែកពីធម៌អាថ៌  ប្រកាន់សាសនាឱ្យប្រាកដ  ។  កើតមកជាមនុស្សមានសខ្មៅ  មានប្រាជ្ញមានខ្លៅមានក្រខ្សត់  មានខ្លាំងមានខ្សោយដោយបែបបទ  សន្មតថាល្អក៏មិនបាន  ។  ជម្ពូទ្វីបនេះមនុស្សកម្មក្រាស់  ព្រះពុទ្ធតែងត្រាស់មិនដែលខាន  ហេតុនេះមហាជនទាំងប៉ុន្មាន  សម្រាកសម្រាន្ដសម្រួលចិត្ដ  ។  បំណាច់សម្ដេចព្រះទ្រង់ញាណ  កាលហៀបនិព្វានមានកម្រិត  ផ្ដាំមហាអានន្ទឱ្យអាណិត  អនុជអ្នកប្រិតប្រោសសត្វផង  ។  សត្វផុងទៅក្នុងជ្រោះជ្រាំជ្រៅ  តថាគតនៅនាំចម្លង  ដាក់ដល់និព្វានអស់ហ្មត់ហ្មង  រួចពីចំណងវដ្ដសង្សារ  ។ 

(៤០)  នៅសល់សង្ស័យសត្វខាងក្រោយ  នន្ទអើយទុកឱ្យព្រះសិអារ្យ  អាណិតសត្វណាស់ណាអ្នកណា  តថាគតជិតនិព្វានហើយ  ។  ព្រះឱស្ឋព្រះអង្គល្មមស្រណោះ  សប្បុរសទាំងអស់កុំកន្ដើយ  ប្រះខ្នងដេកលើកន្ទេលខ្នើយ  កុំស្ងៀមមាត់ឡើយរំឭកគុណ  ។  ខ្លួនខ្ញុំកំណើតរាស្រ្ដអ្នកស្រែ  ខូចខិលខ្ជិលដែរពីកាលមុន  កាលមោហ៍បាំងបិទងងឹតស៊ុន  ធ្វើបាបនិងបុណ្យទម្ងន់ស្មើ  ។  មិនស្មោះតែរួចចតុរាបាយ  អស់លោកទាំងឡាយកុំសរសើរ  ខ្ញុំជូនដំណឹងតាមដំណើរ  ព្រោះខ្ញុំគ្រាន់បើជាងអ្នកល្ងង់  ។  ជាតិក្រោយកុំឱ្យខ្ញុំល្ងីល្ងើ  ជាតិនេះចាស់ស្ទើរខ្ញុំប្រឹងស្ទង់  ប្រឹងស្ទុះឱ្យរួចពីអន្លង់  ភ័យភិតខ្លាចផុងទៅក្នុងភក់  ។ 

(៤៥)  ក្នុងភពសង្សារខ្ញុំសង្ស័យ  សព្វថ្ងៃខ្ញុំភ័យខ្លាចនរក  ម្យ៉ាងទៀតខ្ពើមជាតិអាជីវក  ជាតិល្មោភហូបលាមកព្រោះរមិលគុណ  ។  ច្រើនល្មើសបន្ទូលបន្ទោសព្រះ  ខ្ញុំភ័យខ្ញុំណាស់ក្រែងខ្ញុំស៊ុន  ខ្ញុំសូមស្មាលាទោសពីមុន  សូមបុណ្យជួយបាំងបាបឱ្យបាត់  ។  ឱ្យបានទាន់តួព្រះសិអារ្យ  ឱ្យបែកប្រាជ្ញាឆ្លាតបរមត្ថ  ព្រះអង្គទេសនាទ្រង់ប្រោសសត្វ  សូមលុះអរហត្ដដូចបំណង  ។  បំណាច់ខ្ញុំផ្សាយច្បាប់រំឭក  អស់លោកជួយនឹកសច្ចាផ្សង    ធ្វើបុណ្យចែកផលដល់ខ្ញុំផង  នឹកឈ្មោះម្ដងៗដូចធម្មតា  ។  សប្បុរសប្រុសស្រីគប្បីស្ដាប់  ឈ្មោះច្បាប់កន្លងព្រះឱង្ការ  ឱកាសឱ្យគិតប្រិតប្រាថ្នា  ទាន់ព្រះសិអារ្យទាំងប្រុសស្រី  ។ 

(៥០)  កុំរៀនព្រហើនប្រហែសធ្វេស  កើតក្នុងប្រទេសរាជបុរី  ឱ្យមានបារម្ភភ្ញាក់ស្មារតី  សីលប្រាំប្រាំបីខំសិក្សា  ។  ជាតិមនុស្សជាន់ខ្ពស់ពីបុរាណ  គេបានចួបជាក់ឃើញភក្រ្តា  បានត្រងរងត្រាប់ព្រះពុទ្ធដីកា  បានលុះសោតាអរហត្ដហោះ  ។  យើងទាន់តែត្រឹមពាក្យបណ្ដាំ  បណ្ដូលសីលប្រាំជាកេរ្ដិ៍កោះ  កិច្ចការកងកម្មចាំមិនអស់  របស់ឫសគល់គួររក្សា  ។  នេះ​ចប់​ចំណែក​ខាង​បាសក  កុំ​ធ្វើ​អាក្រក់​រាល់​រូបបា  រំពឹង​ក្រែង​ចូល​ព្រះ​សិអារ្យ  នមស្ការ​គោរព​រំឭកគុណ  ។  ព្រះ​ចមចក្រ​ពង្ស​មុនីនាថ  កំពូល​ផុត​ជាតិ​ជាង​មហា​ជន  ទ្រង់សោយសម្បត្ដិសម្បើម​បុណ្យ  សម្បូណ៌​លើស​លន់លុប​លោកា  ។ 

(៥៥)  លោកិយដឹង​ហើយ​គួរ​កោត​ខ្លាច  ទ្រង់​មាន​អំណាច​ព្រះ​ចេស្ដា  គួរ​ស្ដាប់​ព្រះ​រាជឱង្ការ  បន្ទូល​ត្រួត​ត្រា​គួរ​ត្រងត្រាប់  ។  ព្រះ​ទ័យទ្រង់ត្រេក​ស្រឡាញ់​សង្ឃ  ប្រមាណ​សែន​អង្គ​ក្នុង​ភទ្ទកប្ប  ព្រះ​ពុទ្ធ​ទ្រង់ប្រិតប្រាមប្រញប្ដ  ឈ្មោះ​ច្បាប់​បាដិមោក្ខសំវរសីល  ។  ចែក​ចេញ​ជាកងសិក្ខាបទ  កំណត់​ពីរ​រយម្ភៃប្រាំ​ពីរ​  មិន​ឱ្យ​មាន​មោះហ្មងមន្ទិល  អ្នក​បួសកុំខ្ជិល​កាន់​ឱ្យ​ខ្ជាប់  ។  បាណាអទិន្នាជាបឋម  ជាតិ​រូប​ទៀត​ផ្សំ​ត្រូវ​ជាដប់  លោក​សង្ឃឥឡូវ​កាន់​មិន​សព្វ  កាន់​ក្នុង​បន្ទប់​លាយបន្លំ  ។  បន្លិច​លុយ​កាក់​សម្ងាត់  ទោស​ត្រូវ​អាបត្ដិលាក់សម្ងំ  បាសកផ្ញើទាន​គ្មាន​​អារម្មណ៍  សន្សំតែទ្រពក្ដៅក្រហាយ  ។ 

(៦០)  ប្រសិន​បើកាន់​ច្បាប់​ព្រះ​ពុទ្ធ  មិន​មាន​ធម្មយុត្ដិ​មហា​និកាយ  បើ​ចេះ​ខ្លា​ចក្រែង​មិន​ក្លែង​ក្លាយ  សមសុខ​សប្បាយ​មិន​ទាស់​គ្នា  ។  លោក​សង្ឃគ្រប់វត្ដ​មាន​ធំ​តូច  សង្ឃ​ខ្លះ​ខិលខូចសង្ឃ​ខ្លះ​ជា  បរិស័ទ​ថ្កោលទោស​គ្រូ​ឧបជ្ឈាយ៍  មាន​ពាក្យ​និន្ទាតែ​រាល់​វត្ដ  ។  បាដិមោក្ខ​ពីរ​រយម្ភៃប្រាំ​ពីរ  អ្នក​ល្ងង់​ហើយ​ខ្ជិលចាំ​មិន​ស្ទាត់  កងបា​ចិត្ដិយ​និង​ទុក្កដ  ចូល​មាត់​ចូល​ក​មិន​ដឹង​ខ្លួន  ។  កងបា​ចិត្ដិយកៅសិប​ពីរ  និស្សគ្គិយ៍សាមសិបបារាជិកបួន  បើ​ចេះ​ហើយ​ចាំ​ឱ្យ​មាំមួន  ល្អ​បរិ​សុទ្ធ​សួន​មិន​សាយសុស  ។  ប៉ុន្ដែសិក្ខា​មិន​សូវចាំ  ចំណាំ​ត្រង់​ណេះ​ចោល​ត្រង់​ណោះ  ត្រង់​ណា​ដែល​ដឹងជា​ខ្លួន​ខុស  ហ៊ាន​ឈ្លោះ​ពី​ព្រោះ​គេ​មិន​ដឹង  ។ 

(៦៥)  សង្ឃាទិសេស​ប្រហែស​បាន  ដប់បីសន្ដាន​ប្រមាណ​ថ្លឹង​  បើធ្លាប់សង្រួម​ឱ្យ​យ៉ាង​តឹង  មិន​អរ​មិន​ខឹង​មិន​ខាត​ខុស  ។  ឥន្រ្ទិយប្រាំ​មួយ​នាំ​ឱ្យ​ភ្លាត់  បា​ចិត្ដ​យ៍ទុក្កដលាយចម្រុះ  ឥន្ទ្រិយត្រចៀក​ភ្នែក​ច្រមុះ  ភ្នែក​មើល​ណេះណោះ​ឃើញ​សុសសាយ  ។  សោតិន្ទ្រិយោសូរ​តិច​ខ្លាំង  ចក្ខុន្រ្ទិយំ​ឃើញ​ជិត​ឆ្ងាយ​  ជីវ្ហិន្រ្ទិយា​ពោល​នាយអាយ  សើច​លេង​សប្បាយ​ចំអន់​គ្នា  ។  បរិស័ទអាបត្ដិទុក្កដញឹក  បារាជិក​ច្រើន​ណាស់​តែឧបជ្ឈាយ៍  ទ្រព្យ​ក្នុង​សម្បាច់សម្បូណ៌ហៀរ  ត្រូវ​ទោសអទិន្នាគរុភណ្ឌ  ។  ទ្រព្យ​សង្ឃជា​ដើម​គឺចំណាំ  អវហារម្ភៃប្រាំចាំគ្នេរ​គ្នា​ន់  ឱបទុក​ខ្លះ​ខ្នែងក្រែង​មិន​គ្រាន់  អវហារ​ប្រាំ​ជាន់​បារាជិក  ។ 

(៧០)  ម្យ៉ាង​ទៀត​ទ្រព្យ​សង្ឃ​ក្នុង​ចំណែក  កិបទុក​មិន​ចែក​ឱ្យ​លោក​ភិក្ខុ៍  គ្រឿង​យាវ​ជីវិក​កាលិក  ទុកខួបល្ងាច​ព្រឹក​ម៉ៅតែ​ឯង  ។  ម្យ៉ាង​ទ្រព្យ​គេហែ​ចូល​វិហារ  បាសកបូជា​ដល់​គម្ដែង  គេវេរបាលី​មាន​ខ្លីវែង  គេ​តែង​នឹង​ថាសង្ឃស្ស  ។  ប្រកាស​ប្រគេន​ជំនុំសង្ឃ  ចំពោះ​គ្រប់អង្គថាទេមៈ  លោក​សង្ឃសាធុ​គ្មាន​សល់​ម្នាក់​  សង្ឃរាជទុក​ដាក់​មិន​ចែក​ចាយ  ។  ខ្ញុំ​បាទ​តែង​តាម​ខ្ញុំ​ចេះ​ចាំ  អវហារម្ភៃប្រាំ​បែប​បរិយាយ  នេះ​សុទ្ធ​តែសីល​ផ្លូវ​អន្ដរាយ  លោក​សង្ឃ​ទាំង​ឡាយកុំប្រព្រឹត្ដ  ។  ពី​ព្រោះ​ឥន្រ្ទិយ​ទាំង​ប្រាំមួយ  លោក​ណាមិនព្រួយ​មិន​ប្រុង​គិត​  លោភោមោហោបាំងងឹត  សិស្ស​មាន​គំនិត​មិន​ហ៊ាន​ថា  ។ 

(៧៥)  សូម​ទានសន្ដោស​សម្ដែង​ច្បាប់  ព្រះ​សង្ឃកុំ​ចាប់​ចងទោសា  ខ្លួន​ខ្ញុំ​សូម​សុំបវារណា  ប្រោសប្រាណមេត្ដាគ្រប់បណ្ដាសង្ឃ  ។  ខ្ញុំ​មិន​មាន​ពោល​ពាក្យ​បង្កាច់  ខ្លាច​សីល​លោក​ដាច់​ខ្ញុំ​តម្រង់  តម្រូវ​តែ​តាម​ច្បាប់​ព្រះ​អង្គ  ព្រះ​ឱស្ឋ​ត្រឹម​ត្រង់​ត្រូវ​មាត្រា  ។  កាលអង្គ​សម្ដេច​ព្រះ​ចមភព  បន្ទូល​ប្រារព្ធ​គ្រប់ប្រការ  ប្រកាស​ប្រាកដ​បទសិក្ខា  ប្រញប្ដ​ប្ដេជ្ញា​មហា​បរិស័ទ  ។  ភិក្ខុភិក្ខុនី​អស់​អរហន្ដ  អានន្ទ​មិន​ទាន់​បាន​អរហត្ដ  ព្រះធម៌​វិន័យ​កុំ​ឱ្យ​បាត់  ប្រយត្ន​ឱ្យ​គង់​ប្រយោជន៍​យូរ  ។  ក្រោយ​នោះ​ព្រះ​អង្គ​ចូល​និព្វាន  អរហន្ដហោះធ្យាន​មាន​ជា​គ្រូ​  មិន​មាន​អ្នក​ណា​ដាក់​ទូ  ទេសនាបង្ហូរពី​ព្រះ​ឱស្ឋ  ។ 

(៨០)  ព្រះ​អគ្គសាវ័កគ្រប់​ព្រះ​អង្គ  ព្រះ​ទ័យ​ស្រោចស្រង់​ទ្រង់សន្ដោស  សម្ដែង​ធម៌អាថ៌មេត្ដាប្រោស  បាប​បុណ្យ​គុណទោស​និង​សីលទាន  ។  ឈ្វេង​យល់​ថាធម៌​នឹង​សូន្យស្ងាត់  អរហន្ដអរហត្ដ​ចូល​និព្វាន  សង្ឃសេក្ខ​បុគ្គល​មិន​ទ្រង់ញាណ  មិន​មាន​អ្នក​ណា​តែង​ទុក  ។  ព្រះ​ធម៌ប្រាំបីម៉ីនបួន​ពាន់  ស្រេចលើអានន្ទចាំទំនុក  ដំណែល​ព្រះ​អង្គដឹងគ្រប់​មុខ  ជង្រុកធម៌អាថ៌​មហា​អានន្ទ  ។  ជា​ព្រះ​អនុជអាណិត​សត្វ  ក្រែង​បាត់​បិដក​មិន​គ្រប់​គ្រាន់​  ព្រះ​ធម៌ប្រាំបី​ម៉ឺន​បួន​ពាន់  គ្នេរ​គ្នា​ន់ខ្នះខ្នែង​ចាត់​ចែងចារ  ។  ចេះ​ចប់អភិធម្មចាំ​រហូត  វិន័យ​ព្រះ​សូត្រប្រាំ​ប្រការ  ប្រកាស​អស់​អង្គអរហន្ដា  បិដកឯណាជាឫសគល់  ។ 

(៨៥)  បរមត្ថ​ព្រះ​សូត្រអានន្ទចាំ  វិន័យ​ទាំង​ប្រាំ​ឧបាលី​យល់​  អរហន្ដ​ទាំង​អស់​កើត​រវល់  អំពល់អីពី​រឿង​ធម៌អាថ៌  ។  ព្រះ​បាទអជាតៈស​ត្រូវ  ជួយ​គិត​តម្រូវ​ព្រះ​សាសនា​  សម្មតិ​ឱ្យ​ឈ្មោះ​ហៅ​ក្សត្រា  ព្រោះ​ព្រះ​មហា​ក្សត្រី​ចូល​គំនិត  ។  និយាយ​ឱ្យ​ដឹង​ដើម​កំណើត  ក​កើត​អក្ខរាចារ​ស្លឹក​រឹត  បកប្រែបាលី​សេចក្ដី​ពិត  ពិនិត្យ​ត្រឹម​ត្រូវ​តាម​ពុទ្ធ​ដីកា  ។  ទសជាតក៍​ទាំង​១០​មាន​គ្រប់វត្ដ  ប្រែ​ត្រូវ​ប្រាកដ​ព្រះ​គាថា  ព្រះ​ធម៌សូត្រមន្ដ​ឬ​សូត្រដារ  អ្នក​រៀន​អក្ខរា​ពីរ​ចំណែក  ។  ចំណេះចំណាំចាំ​ដោយ​ខ្លួន  ខ្លះ​រៀន​មាន​ក្បួន​ចាស់​ចារ​ចែក​  ហ៊ាន​ភ្នាល់​ព្រោះ​អាង​ឃើញ​នឹង​ភ្នែក  កើត​ឈ្លោះ​ប្រកែក​ប្រកួត​ខឹង  ។ 

(៩០)  ប្រកាន់​តែ​ខាង​ខុស​រហូត  មិន​រៀន​មេសូត្រ​ឱ្យ​ចេះ​ដឹង  អាង​ចេះ​តែ ក កា ប៉ុណ្ណឹង  ខំ​ប្រឹង​ចំអើតអួត​ខ្លួន​ត្រូវ  ។  ក្ដៅ​ណាស់​ពី​រឿង​យោជាយ៉ោ  ដំ​ឡើង​ភ្នែក​ស្លោ​មុខ​ក្រញូវ  ថា​ធ្លាប់​យោនាពីខ្មោចឪ  ឥឡូវយ៉ោ​ណាមិនសុខ​ចិត្ដ  ។  អ្នក​ម្ខាង​អាងស្រះតួប្រាំបី  ឱ្យ​ដឹងបាលីជា​កម្រិត​  ផ្សំតួមេសូត្រ​ប្រឹង​ប្រែប្រិត  ព្រោះ​ដ្បិត​ឱ្យ​ត្រឹម​ត្រូវ​មាត្រា  ។  អ្នក​បួសគ្រប់វត្ដគ្រប់នគរ  ស ដាក់​ជើង ល រាប់ស្លស្លា  បើ ស ជើង ម រាប់ ស្មស្មា  អ្នក​មាន​ប្រាជ្ញា​ល្មមស្ដាប់​បាន  ។  កុំល្ងង់ទាល់ងាប់​ធ្លាប់​មិន​ដឹង  បើខឹង​ខ្ញុំ​ឃាត់ថា​ឱ្យ​ខាន  ខ ដាក់​ជើង ម ពី​បូរាណ  ក្មេង​តូច​ប៉ុន្មាន​​ស្គាល់ ខ្មខ្មា  ។ 

(៩៥)  ជាតិ​រាស្រ្ដ​ចាស់​ក្មេង​កុំ​ចិត្ដ​ខ្មាំង  គួរ​ខ្មាស​បារាំង​អ្នក​រាជការ  ដើម​ហេតុ​អំពី​ព្រះ​ករុណា  ឱ្យ​សាង​សាលា​ប្រែបាលី  ។  ទ្រង់ចាំ​ទំនៀម​ពី​បូរាណ  ហើយ​បាន​ជំនុំ​ព្រម​កុង្សីយ៍  បំណាច់​ធ្វើ​ស្ដេច​គ្រង​ផែនដី  ទិស​ទាំង​ប្រាំបីរំពៃគ្រប់  ។  ព្រះ​កាយពល​មិន​រវល់រែក  ព្រះ​ទ័យរំលែក​ទាំង​ថ្ងៃ​យប់  ចូល​ទែនបន្ទំទី​បន្ទប់  បន្ទូល​មិន​ឈប់​រាល់​វេលា  ។  មេត្ដាប្រោសប្រាណ​អ្នក​មាន​សក្ដិ  ប្រទាន​លុយ​កាក់គ្រប់ភ្នាក់​ងារ​  ទ្រង់​ត្រួត​ស្រ្ដីស្នំស្រឹង្គារ  ក្រែងគ្រុនរ​ងា​មិន​បាន​សុខ  ។  ព្រះ​ទ័យមេត្ដា​សព្វ​មនុស្ស​សត្វ  សោយរាជសម្បត្ដិសម្បើមស្ដុក  ព្រះ​កាយប្រកបគង់ស្រណុក  ព្រះ​ទ័យវិតក្កជា​ធម្មតា  ។ 

(១០០)  មួយ​ព្រួយ​នឹង​ឱប​ព្រះ​នគរ  ពីរ​ព្រួយ​នឹង​ព​ព្រះ​សាសនា​  បីត្រួស​លោក​សង្ឃ​កាន់​សិក្ខា  សង្រួម​កិរិយា​មិន​បរិ​សុទ្ធ  ។  នឿយ​ណាស់​ព្រះ​នេត្រ​ព្រះ​កាណ៌ា  ព្រះ​ឱស្ឋ​ត្រួត​ត្រា​ច្រើន​បំផុត​  ដាស់តឿនបំភ័យ​ពួក​កុលបុត្រ  ឱ្យ​ប្រុងលំអុតសង្រួម​កាយ  ។  បាន​ចេញ​ប្រកាស​ដាក់​ប្រាកដ  ប្រគេន​គ្រប់វត្ដ​នោះ​ជិត​ឆ្ងាយ​  លោក​សង្ឃ​មិន​ត្រូវ​ស្រើប​សប្បាយ  អស់​ល្បែង​ទាំង​លាយគ្រប់ចំពូក  ។  មិន​ត្រូវ​ចំពោះ​ស្ដាប់តន្រ្ដី  កុំបី​មើល​រាំវា​នាំ​ភ្លូក  កុំ​ដើរ​ភ្លើៗ​មើល​អុំទូក  អ្នក​បួស​ធ្វើ​លោក​មិន​ត្រូវ​ការ  ។  បើ​មាន​ត្រូវ​កិច្ច​ដើរ​យប់​ថ្ងៃ  សង្ឃបង​និស្ស័យ​ចាស់​វស្សា​  កុំ​ដើរ​ទឹមស្មា​ទៅ​ណាៗ  អ្នក​ចេះ​សិក្ខាគេទាស់​ភ្នែក  ។ 

(១១៥)  លោក​នេនកុំសុំ​លុយ​ចិន​ចាយ  បិណ្ឌបាតតែបាយ​ម្នាក់​មួយ​វែក  គ្រឿង​ម្ហូប​ចំណីបាសក​ចែក  កុំស្ពាយពុនរែកវាថោកឫក  ។  របស់​បាសកគេ​ប្រគេន  ប្រគល់​លោក​នេន​បាន​លោក​ភិក្ខុ៍  ចិញ្ចឹម​ជីវិត​នឹង​បាយ​ទឹក  បិណ្ឌបាតតែ​ព្រឹក​យប់សូត្រ​រៀន  ។  លោក​ណា​ត្រឹម​ត្រូវ​មិន​សូវ​ខុស  ស្ងៀមស្ងាត់​ទៅ​ចុះ​កុំអន់អៀន  លោក​ណាមិន​ចេះ​កុំវេះវៀន  ពាក្យ​ប្រៀន​ប្រដៅ​ឱ្យ​ផ្អើល​ភ្ញាក់  ។  ពី​ព្រោះ​​ព្រះ​អង្គ​បាន​ផ្ដាំផ្ញើ  វិន័យ​ស្ថិត​លើស្ដេច​មហា​ចក្រ​  ព្រះ​មហា​ចមពង្សទ្រង់ចំពាក់  ចំពោះ​ធុរៈ​នឹង​សាសនា  ។  ពី​ត្រឹម​នោះ​រៀងដរាបមក  ដល់​ស្រុក​គោក​ធ្លក​មាន​សាវតារ  ប៉ុន្មាន​រាជ​ហើយ​មិន​ដឹងថា  ដល់​មក​ករុណា​យើង​សព្វ​ថ្ងៃ  ។ 

(១១០)  ហេតុ​នេះ​លោក​សង្ឃប្រុង​ពិនិត្យ  សៀវភៅ​ស្លឹក​រឹត​មាន​រាល់​ដៃ​  ផ្ទៀង​មើល​សិបផូក​វិនិច្ឆ័យ  បើ​នៅ​សង្ស័យ​ឱ្យ​សិក្សា  ។  លោក​សង្ឃ​ចាស់​ខ្ចី​គប្បីស្ដាប់  ឈ្មោះ​ច្បាប់​គន្លង​ព្រះ​ពុទ្ធ​ដីកា​  បង្គំថ្វាយ​ដល់​ព្រះ​ករុណា  សូម​ទ្រង់មេត្ដាជ្រាប​ព្រះ​ទ័យ  ។  ក្រែង​ចួប​ប្រទះ​ពាក្យ​ឆ្គាំឆ្គង  ពុំ​ត្រូវ​ទំនង​ក្រឹត្យ​វិន័យ​  សូម​ទានសន្ដោសអត់ទោសពៃរ៍  ក្រួញក្រាបសិរសី​ក្រោម​ព្រះ​បាទ  ។  ព្រះ​សង្ឃ​ទាំង​អស់​ទោះ​តូច​ធំ  អភ័យទោស​ខ្ញុំ​សូម​អនុញ្ញា​ត  ពាក្យ​ខ្ញុំ​មិន​មាន​ពោល​ប្រមាថ  សង្ឃជា​ល្អ​ស្អាត​ខ្ញុំ​មិន​ថា  ។  ខ្ញុំ​ពោល​តែ​លោក​ធ្វើ​អាក្រក់  បើ​ខ្ញុំ​កុហកខូចមុសា  ហេតុ​នោះ​ខ្ញុំ​សូម​បវារណា  និដ្ឋិតាសង្ខេបតែ​ប៉ុណ្ណោះ  ។ 

(១១៥)  ក្មេង​ណា​ប្រាថ្នា​បួស​ធ្វើ​សង្ឃ  ឱ្យ​ស្វែងតម្រង់​រៀន​តម្រិះ  ឱ្យ​មើល​តម្រាប់​លោក​អ្នក​ចេះ  កុំដេកតែអេះតិះដៀល​គ្នា  ។  អ្នក​ម្ដាយ​ឪពុក​ឱ្យ​ឈ្មោះ ​អ៊ូ  ពូជពង្សអម្បូរ​ខ្មែរ​អ្នក​ជា  អាពុក​ឈ្មោះ អ៊ុក មាន​សក្ដិ​ងារ  ចៅពញាធម្មធារា​ធ្វើ​មេ​ស្រុក  ។  ក្នុង​ខេត្ត​ភ្នំពេញ​ឃុំកំបូល  ជាប់​ផៅ​ត្រកូល​ម្ចាស់​អង្គ ប៉ុក  អាពុក​អ្នក​ម្ដាយ​ឈ្មោះ​ពញា ម៉ុក  គាត់​ធ្វើ​មេ​ស្រុក​ឃុំ​ស្ពាន​ថ្ម  ។  អ្នក​ម្តាយ​អាពុកបងប្អូន​ជិត  ជីទួត​មួយ​ពិត​ពូជ​ចិត្ត​ល្អ​  ដូនតាផ្សំផ្គុំជាតំណ  បង្ក​កើត​ខ្ញុំ​ទូលបង្គំ  ។  បង្កើត​ពី​ដើម​គំនិត  ភ័យភិត​ខ្លាច​បាប​ចង់​បាន​បុណ្យ​  បាន​បែក​ចែង​ច្បាប់​ប្រាប់​មហា​ជន  បួន​ច្បាប់​ពី​មុន​ជូន​រាជការ  ។

(១២០)  បោះ​ពុម្ព​សៀវភៅ​ចែក​សព្វ​សាយ  បណ្ណាល័យ​ចាត់​ថ្វាយ​ព្រះ​ករុណា​  មិន​បាន​ថ្វាយ​ផ្ទាល់​ដល់​ហត្ថា  សូម​ទ្រង់មេត្ដាប្រោសប្រណី  ។  ឱនកាយប្រណម្យ​សូម​អនុញ្ញា​ត  ក្រាប​ក្រោម​ព្រះ​បាទ​ព្រះ​បារមី  ចែង​ច្បាប់​បរមត្ថអត្ថបាលី  សេចក្ដី​ចែងចប់ម៉្លេះ​ហើយ​ហោង  ៕៚ 

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖