ឆ្នាំងបាយរបស់គ្រូបោក គឺមនុស្សឆោត

មន្តអាគម​គាថា យ័ន្ត​កថា កើតឡើង​អំពី​ការ​មិនដឹង​នូវ​សច្ចភាព​នៃ​ជីវិត ។ រឿង​ទាំងអស់​នេះ បើ​ទោះជា​មានប្រសិទ្ធភាព ក៏​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ហាម​ភិក្ខុសង្ឃ​មិន​ឲ្យ​ធ្វើ​ដែរ គឺ​ហាម​ទាំង​ធ្វើឲ្យ​គេ ហាម​ទាំង​ធ្វើ​ប្រើ​ខ្លួនឯង ព្រោះ​ជា​វិជ្ជា​មួយ​ដែល​បិទបាំង​នូវ​ចំណេះដឹង​ក្នុង​រឿង​ជីវិត ជា​វិជ្ជា​នាំឲ្យ​មនុស្ស​ជឿ​ខុស ព្រះអង្គ​ទ្រង់​ហៅថា តិរច្ឆាន​វិជ្ជា (វិជ្ជា​ដែល​ទទឹងទាស់ ឬ​ខ្ទាស់​នឹង​ច្បាប់​ធម្មជាតិ) ។

​វិជ្ជា​ដែលគេ​ជឿ​ថា​ខ្លាំងពូកែ មិនមែន​សុទ្ធតែ​មិន​សក្តិ​សិទ្ធ​នោះ​ទេ ប៉ុន្តែ​ពី​បុរាណកាល​មក អ្នករៀន​វិជ្ជា​ទាំងនោះ ត្រូវតែ​មាន​ត្រណម​តឹង​រឹង​ទើប​អាច​រក្សា​មន្តានុភាព​បាន ។ ម្យ៉ាងទៀត គ្រូ​ពី​បុរាណ មុននឹង​បង្រៀន ឬ​ផ្ទេរ​វិជ្ជា​ទាំងនោះ​ដល់​សិស្ស ពួកគាត់​តែងតែ​ពិសោធ​ទឹកចិត្ត​សិស្ស ថា​តើ​សិស្ស​នោះ​អួត​ក្អេងក្អាង​ឬ​ល្មោភ​លោភលន់​ដែរ​ឬទេ ។ ត្រណម​ដែល​អ្នករៀន​របៀន​ទាំងនោះ​ត្រូវ​តម​មាន​ដូចជា ៖​

  • ​មិន​ឲ្យ​យក​វិជ្ជា​ទាំងនោះ​ទៅ​រកស៊ី គឺ​ទុក​គ្រាន់តែ​ការពារ​ខ្លួន ឬ​ទុក​គ្រាន់តែ​សង្គ្រោះ​អ្នកដទៃ ដោយ​មិន​ឲ្យ​ទាមទារ​សគុណ ។
  • ​ទ្រនឹប មានត្រឹមតែ​ទៀន៥ ធូប​ប្រាំ ចេកមួយស្និត ផេះ​មួយ​ត្រឡោក (អាច​មាន​ផ្សេងៗ​គ្នា​ខ្លះ ប៉ុន្តែ​មិន​ចំណាយ​ច្រើន​ឡើយ) ទុក​សម្រាប់​ថ្វាយគ្រូ ។
  • ​ហាម​អួតអាង​ថា​ខ្លួន​ពូកែ ដោយហោចទៅ​សូម្បីតែ​និយាយ​ថា ខ្លួន​ចេះ​នេះ​ចេះ​នោះ​ក៏​មិនបាន អ្នកដទៃ​អាច​ដឹង​ថា​ពូកែ​ពេល​ដែល​ខ្លួន​សង្គ្រោះ​គេ​ប៉ុណ្ណោះ (មិន​ផ្សាយ ទុកឲ្យ​គេ​មករ​ក​ដោយខ្លួនឯង) ។
  • ​មិន​ប៉ះពាល់ ឬ​លេងសើច​ជាមួយ​មាតុគ្រាម (ស្រី) ។
  • ​មិន​ឲ្យ​ជេរ​ម្តាយ​គេ​ជាដើម ។

លោក​នេះ​ពិតជា​ងងឹត​ខ្លាំង​ណាស់ ទោះ​ព្រះអាទិត្យ១០រះ​ក្នុង​គ្រា​តែមួយ ក៏​មិន​អាច​ឲ្យ​សត្វលោក​ទាំងអស់​ភ្លឺស្វាង​បាន​ដែរ សូម្បីតែ​ព្រះពុទ្ធ ដែល​មាន​បញ្ញា​ខ្ពង់ខ្ពស់​ស្ទង់​មិនដល់ ក៏​មិន​អាច​ពន្យល់​សត្វលោក​ឲ្យ​យល់​អស់​បាន ល្មមតែ​ព្រះអង្គ​ឈប់​ចង់​នៅក្នុង​លោក​នេះ​ទៀត​មែន ។
​គ្រូ​បោក​នៅ​ស្រុកខ្មែរ បើ​មើលតាម​បច្ចេកទេស​នៃ​ការ​បោក គឺ​អន់​ខ្លាំង​ណាស់ ឃើញថា​ជា​ការ​បោក​នៅ​លើ​គោ​កៗ ប៉ុន្តែ​មនុស្ស​ជឿ​ច្រើនជាង​អ្នក​និយាយ​ការណ៍​ពិត​ឆ្ងាយណាស់ ។

​តាម​វត្ត​ព្រះពុទ្ធ​សាសនា​មួយចំនួន ក៏​ជា​អ្នកចូលរួម​ធ្វើឲ្យ​ប្រជាជន​កាន់តែ​ល្ងង់​ទៅ ឆោត​ទៅៗ ដែល​ជាហេតុ​ឲ្យ​គ្រូ​ខូច​បោក​ពុទ្ធបរិស័ទ​បាន​យ៉ាង​ងាយ ព្រោះ​ប្រើ​តែ​វិធីសាស្ត្រ ដែល​ធ្វើឲ្យ​បរិស័ទ​រេចរឹល​បញ្ញា​អស់ ដូចជា​ស្រោចទឹក រំដោះគ្រោះ សូធ្យ​ជ័យ ក្រុងពាលី បរ​ចង្រៃ​ជាដើម ។ សូម​គិត​ឡើងវិញ​ទៅ​មើល តើ​វិធី​ទាំងអស់​នេះ​បាន​ផ្តល់​អ្វី​ដល់​បរិស័ទ​? តើ​ពាក្យ​ថា កម្ម ផល នៅឯណា​? ខ្ញុំ​សូម​និយាយ​ឲ្យ​លំបាក​ស្តាប់​បន្តិច​ទៅចុះ​ថា ពិធី​ទាំងអស់​នេះ គឺ​ប្រឆាំង​ព្រះពុទ្ធ​ចំ​តួ​តែម្តង ។ សូម្បីតែ​ធម៌​សូត្រ​មន្ត អ្នក​សូត្រ​ដ៏​ច្រើន មិន​យល់ថា ធម៌​ដែល​ខ្លួន​កំពុង​សូធ្យ មានន័យ​ដូចម្តេច​ផង តើ​ឲ្យ​អ្នក​ស្តាប់​យល់​ម្តេច​នឹង​កើត​? ដូចជា​ធម៌​ជ​យន្តោ ដែលគេ​និយម​ចូលចិត្ត ព្រះពុទ្ធ​ទ្រង់​ចង់​ប្រាប់​ថា មង្គល សិរី​សួស្តី កើត​ចេញពី​កាយសុចរិត វចីសុចរិត និង​មនោសុចរិត ប៉ុន្តែ​ទាំង​អ្នក​សូធ្យ​និង​អ្នក​ស្តាប់​ផ្តោត​តែ​ទៅលើ​ទឹកមន្ត​ទៅវិញ ។

​ឲ្យ​ប្រាប់​ថា នរណា​ជា​អ្នក​បោក​ខ្លះ ខ្ញុំ​ពិតជា​ប្រាប់​មិន​អស់​ទេ ព្រោះថា​អ្នក​បោក​នឹង​ចេញ​មក​បោក​ជាបន្តបន្ទាប់​ទៀត មិន​ចេះ​អស់​ទេ ឲ្យតែ​មាន​មនុស្ស​ឆោត គ្រាន់តែ​គេ​ប្រើ​វិធីសាស្ត្រ​ខុស​គ្នា​បន្តិចៗ​ប៉ុណ្ណោះ ប៉ុន្តែ​បំណង​មិនសូវ​ខុសគ្នា​ទេ គឺ​រកស៊ី ។
​បោក​បាន ចេះតែ​បោក​ទៅ​…​…​…​.​. ព្រោះ​មនុស្ស​ត្រូវ​បោក​មាន​ច្រើន​ទៀត ។
​ឆ្នាំងបាយ​របស់​គ្រូ​បោក គឺ​មនុស្ស​ឆោត ។

​ព្រះភិក្ខុ​វជិរ​ប្ប​ញ្ញោ សាន សុ​ជា​

​ព្រហស្បតិ៍ ២កើត មិគសិរ វក ២៥៦០ – ០១ ធ្នូ ២០១៦​​

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖