ខេមា​ខេមសរណ​គមនកថា

ជនទាំងឡាយដែលកើតមកក្នុងលោក តែងស្វែងរកវត្ថុជាទីពឹងគ្រប់ៗរូបដូចគ្នា ព្រោះតែប្រាថ្នាចង់បានសេចក្ដីសុខតែម្យ៉ាងប៉ុណ្ណោះ តែប្លែកគ្នានឹងជនខ្លះអប្បប្រាជ្ញា ជនខ្លះមានប្រាជ្ញា ជនដែលអប្បប្រាជ្ញាមិនបានពិចារណាឲ្យឃើញច្បាស់នូវហេតុនឹងផលគឺមិនដឹងថាហេតុយ៉ាងនេះ នឹងចម្រើនឡើងបានជាផលយ៉ាងណា នឹងមិនដឹងថាផលនេះកើតមកអំពីហេតុដូចម្ដេចសោះឡើយ ម៉្លោះហើយបើមានភ័យកើតឡើង ក៏ប្រវារកវត្ថុជាទីពឹងតាមតែប្រទះ គាប់ចិត្តត្រង់ណាក៏ធ្វើត្រង់នោះ មិនពិនិត្យត្រង់ខុសត្រូវប៉ុន្មានតាមសភាពនៃខ្លួនជាជនអប្បប្រាជ្ញា បើមិនពិនិត្យរកខុសត្រូវសោះហើយប្រឹងតែធ្វើទៅៗ ចួនពានលើខុស ចួនពានលើត្រូវ បើខុសត្រូវមិនដឹងដូច្នេះហើយ កាលណាឡើយនឹងសម្រេចប្រយោជន៍បាន ។

ជនចំពូកនេះមានជាច្រើនដូចជាជនខ្លះគ្រាន់តែឃើញគេដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងគេរៀបចំគ្រឿងសក្ការមានទៀននិងធូបជាដើមយកទៅបូជា ហើយធ្វើអភិវន្ទនាការថ្វាយបង្គំព្រះរតនត្រ័យ ក៏ចាំទំនងរបស់គេបាន ដល់មានសេចក្ដីទុក្ខកើតឡើង ក៏រៀបចំគ្រឿងសក្ការទៀនធូបទៅអុជបូជានូវគល់ឈើ ហើយថ្វាយបង្គំនូវគល់ឈើ សម្គាល់ដើមឈើថាជាទីពឹងដ៏ប្រសើរ មិនតែប៉ុណ្ណោះឡើយ ជនចំពូកខ្លះទៀតបានឃើញវត្ថុអ្វីប្លែកៗគួរឲ្យសង្ស័យ ក៏បបួលគ្នាយកគ្រឿងសក្ការទៅបូជាហើយថ្វាយបង្គំសូមសេចក្ដីសុខ ដែលធ្វើដូច្នេះ ក៏មិនព្រោះហេតុអ្វី ព្រោះតែអប្បប្រាជ្ញាហើយចង់បានសេចក្ដីសុខ ធ្វើទៅក៏មិនបានប្រយោជន៍អ្វីនាំឲ្យតែនឿយឥតអំពើ ។

ប្រៀបដូចអ្នកល្ងង់ហើយចង់ស្លប្រេង ឃើញគេអ្នកចេះស្លគេរៀបថ្មចង្រ្កាន បង្កាត់ភ្លើង តម្កល់ឆ្នាំងខ្ទះ ហើយយកគ្រាប់ល្ហុងឬគ្រាប់ល្ងមកចម្រាញ់ចេញបានជាប្រេងមក ខ្លួនក៏ខំរៀបថ្មចង្រ្កាន បង្កាត់ភ្លើង តម្កល់ឆ្នាំងខ្ទះហើយយកដុំក្រួសឬដុំថ្មមកចម្រាញ់ម្ដេចនឹងចេញបានជាប្រេង នាំឲ្យតែនឿយព្រួយឥតអំពើ ។

ជនខ្លះមានប្រាជ្ញាពិចារណាឃើញច្បាស់នូវហេតុនិងផលគឺដឹងច្បាស់ថាហេតុដូច្នេះ នឹងកើតឡើងបានជាផលដូច្នេះ ផលនេះកើតមកអំពីហេតុនេះ កាលស្វែងរកវត្ថុជាទីពឹងក៏រកវត្ថុដ៏គួរល្មមបណ្ដាលឲ្យកើតឡើងជាផលគឺសេចក្ដីសុខបាន គឺដល់នូវព្រះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងហើយ មិនវិបរិតប្រែប្រួលយកវត្ថុអ្វីជាទីពឹងទៀត ព្រោះប្រាជ្ញាដឹងច្បាស់ថាមានតែវត្ថុ៣នេះហើយជាទីពឹងដ៏ប្រសើរ កាលសទ្ធាប្រាកដមិនកម្រើកដូច្នេះហើយ សរណគមន៍ក៏មិនកម្រើកជាសរណគមន៍ដ៏ប្រកបដោយមគ្គចិត្តកើតឡើងហើយ បានឃើញច្បាស់នូវសច្ចទាំង ៤ ប្រការ គឺ ទុក្ខសច្ច ១ សមុទយសច្ច ១ និរោធសច្ច ១ មគ្គសច្ច ១ ដោយប្រាជ្ញាដ៏មាំ ក៏កំណត់នូវទុក្ខសច្ចបានដោយបរិញ្ញភិសមយ លះបង់នូវសមុទយសច្ចបានដោយបហានាភិសមយ ធ្វើឲ្យជាក់ច្បាស់នូវនិរោធសច្ចបានដោយសច្ចិកិរិយាភិសមយ ធ្វើមគ្គសច្ចឲ្យកើតឲ្យមានឡើងបានដោយភាវនាភិសមយ ឈ្មោះថាគាស់រម្លីងនូវឫសនៃសេចក្ដីទុក្ខបាន បានដល់នូវព្រះនិពាន្វជាស្ថានក្សេមផុតចាកទុក្ខ ព្រោះអាស្រ័យប្រាជ្ញាហើយស្វែងរកនូវវត្ថុជាទីពឹងដ៏ប្រសើរ ។ ប្រៀបដូចបុគ្គលក្នុងវិធីស្លប្រេងបានយកគ្រាប់ល្ហុងឬគ្រាប់ល្ងមកចម្រាញ់ក៏ចេញបានជាប្រេងមែន ។ ជនដែលស្វែងរកវត្ថុជាទីពឹងផ្សេងគ្នាដូចពោលរួចហើយខាងដើមនេះ សមដូចពុទ្ធភាសិតពាក្យដែលព្រះពុទ្ធជាម្ចាស់ត្រាស់ទុកមកដូចនឹងពោលតទៅនេះ ៖

ពុទ្ធភាសិត

ពហុំវេសរណំយន្តិ   បព្វតានិវនានិច
អារាមរុក្ខចេត្យានិ    មនុស្សាភយតជ្ជិតា
នេតំខោសរណំខេមំ    នេតំសរណមុត្តំ
នេតំសរណមាគម្ម    សព្វទុក្ខាបមុច្ចតិ

ប្រែថា មនុស្សទាំងឡាយមានប្រមាណច្រើនដែលមានភ័យគំរាមហើយៗមានប្រាថ្នាដើម្បីរួចចាកភ័យនោះ (ឬមានប្រាថ្នាចង់បានវត្ថុអ្វីមានកូនជាដើម ) តែងដល់នូវភ្នំ ព្រៃធំ សួនច្បារ និងរុក្ខចេតិយ គឺឈើដែលអ្នកស្រុកធ្លាប់បូជាជាទីពឹង ធម្មជាតិមានភ្នំជាដើមនេះមិនមែនជាទីពឹងដ៏ឧត្តមទេ បុគ្គលអាស្រ័យនូវធម្មជាតិមានភ្នំជាដើមនេះជាទីពឹងហើយមិនបានរួចចាកសកលវដ្ដទុក្ខ គឺសេចក្ដីទុក្ខក្នុងវដ្ដសង្សារទាំងពួងឡើយ ។

យោចពុទ្ធញ្ចធម្មញ្ច    សំឃញ្ចសរណំគតោ
ចត្តារិអរិយសច្ចានិ     សមប្បញ្ញាយបស្សតិ
ទុក្ខំទុក្ខសមុប្បាទំ    ទុក្ខស្សចអតិក្កមំ
អរិយដ្ឋង្គិកំមគ្គំ   ទុក្ខបសមគាមិនំ
ឯតំខោសរណំខេមំ    ឯតំសរណមុត្តមំ
ឯតំសរណមាគម្ម    សព្វទុក្ខាបមុច្ចតិ

ប្រែថា លុះតែបុគ្គលឯណា ដល់នូវព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផងជាទីពឹង ហើយឃើញច្បាស់នូវអរិយសច្ចទាំងឡាយ ៤ គឺទុក្ខអរិយសច្ច១ សមុទយអរិយសច្ច១ និរោធអរិយសច្ច១ មគ្គអរិយសច្ច១ ដោយប្រាជ្ញាដ៏មាំ ធម្មជាតមានព្រះពុទ្ធជាដើមនេះ ជាទីពឹងហើយទើបរួចចាកសកលវដ្តទុក្ខ គឺសេចក្ដីទុក្ខក្នុងវដ្ដសង្សារទាំងពួងបាន ។

អត្តនោមត្យាធិប្បាយ

ជនអ្នកស្វែងរកនូវវត្ថុជាទីពឹង ត្រូវឲ្យមានប្រាជ្ញាទើបស្វែងរកវត្ថុជាទីពឹងមិនខុស អ្នកដែលអប្បប្រាជ្ញាហើយស្វែងរកវត្ថុជាទីពឹង មានពានទៅលើខុសដោយច្រើន ទុកជាពានទៅលើត្រូវ គឺដល់នូវព្រះរតនត្រ័យជាទីពឹងហើយគង់មិនបានសម្រេចប្រយោជន៍ពេញទីក៏មាន ព្រោះគ្រាន់តែឮលោកអ្នកសម្ដែងៗថា « មានតែព្រះរតនត្រ័យជាទីពឹងដ៏ប្រសើរ » ដូច្នេះក៏យកជាទីពឹងតាមតែលោកទៅ ដែលនឹងដឹងថាប្រសើរនោះព្រោះហេតុអ្វី ឬដឹងថាព្រះរតនត្រ័យនោះដូចម្ដេចក៏គ្មានឡើយ ។

ជនខ្លះទៀតគ្រាន់តែឮលោកសម្ដែងថា « យកព្រះរតនត្រ័យជាទីពឹងទើបរួចចាកសេចក្ដីទុក្ខ » ក៏យកជាទីពឹងតាមពាក្យលោកទៅ ហើយនៅតែប្រព្រឹត្តទុច្ចរិតដដែលដោយគិតថា « អញបានយកព្រះរតនត្រ័យជាទីពឹងហើយ មុខជារួចចាកសេចក្ដីទុក្ខហើយ » បើដូច្នេះតើដូចម្ដេចនឹងសម្រេចប្រយោជន៍បាន ដូចម្ដេចនឹងរួចចាកសេចក្ដីទុក្ខបាន ។

ហេតុនេះសប្បុរសអ្នកដល់នូវសរណគមន៍ត្រូវអាស្រ័យប្រាជ្ញារបស់ខ្លួនផង អាស្រ័យនូវសេចក្ដីសុចរិតរបស់ខ្លួនផងទើបសម្រេចកិច្ចសរណគមន៍បានទើបរួចចាកសេចក្ដីទុកបាន ។

ប្រៀបដូចបុគ្គលទៅពឹងបុណ្យព្រះមហាក្សត្រិយ៍ គឺអ្នកផ្គាប់បុណ្យ បើខ្លួនមិនចេះចំណេះអ្វីសោះ ឲ្យព្រះអង្គតាំងឲ្យធ្វើការអ្វីកើត ពុំនោះសោតទេ អ្នកនោះចេះដឹងដែរតែមារយាទអាក្រក់ប្រព្រឹត្តទុច្ចរិតផ្សេងៗ ឲ្យព្រះអង្គតាំងឲ្យធ្វើជាធំដូចម្ដេចបាន ឯអ្នកទាំងអម្បាលនេះ គឺអ្នកឥតចំណេះវិជ្ជា ឬមានចំណេះវិជ្ជាតែប្រព្រឹត្តទុច្ចរិត ផុតវិស័យព្រះមហាក្សត្រិយ៍សង្គ្រោះ គឺព្រះមហាក្សត្រិយ៍សង្រ្គោះមិនបាន មានឧបមាដូចម្ដេចមិញ ។

ឯបុគ្គលអ្នកដល់នូវព្រះរតនត្រ័យជាទីពឹងហើយ ល្ងង់មិនស្គាល់ទាំងព្រះរតនត្រ័យផង ប្រព្រឹត្តទុច្ចរិតផង ក៏មិនបានប្រយោជន៍បំណាច់អ្វីអំពីកិច្ចដែលដល់នូវព្រះរតនត្រ័យជាទីពឹងនោះ មានឧបមេយ្យដូច្នោះ ។

អ្នកទៅពឹងបុណ្យព្រះមហាក្សត្រិយ៍ លុះតែប្រកបដោយសេចក្ដីចេះដឹងផង ប្រកបដោយសេចក្ដីសុចរិតផង ទើបព្រះមហាក្សត្រិយ៍ប្រោសប្រាណបាន មានឧបមាដូចម្ដេចមិញ ។

អ្នកដែលដល់នូវសរណគមន៍ លុះតែប្រកបដោយប្រាជ្ញានិងសេចក្ដីសុចរិតទើបសម្រេចប្រយោជន៍បាន មានឧបមេយ្យដូច្នោះ ។

ពាក្យនេះសមដូចពុទ្ធភាសិតសំខាន់១កន្លែងដែលព្រះពុទ្ធជាម្ចាស់ត្រាស់ទុកមក ដូចនឹងពោលតទៅខាងមុខនេះ ។

ពុទ្ធភាសិត

អត្តាហិ អត្តនោ នាថោ

ខ្លួនឯងជាទីពឹងរបស់ខ្លួន

សេចក្ដីអធិប្បាយ

បុគ្គលដែលឧប្បតិមកក្នុងសាកលលោកនេះនឹងនៅម្នាក់ឯងមិនបានជាដាច់ខាត ត្រូវពឹងពាក់សម្នាក់អាស្រ័យគ្នានឹងគ្នាជាធម្មតា យ៉ាងទារកដែលឧប្បតិមក ក៏ត្រូវអាស្រ័យលោកដ៏ជាធំ មានបិតាមាតាជាដើមចិញ្ចឹម បើមិនដូច្នោះនឹងរស់នៅមិនបាន, លុះចម្រើនវ័យធំឡើងហើយក៏ត្រូវពឹងអ្នកដទៃៗទៀតជាលំដាប់ មានពឹងគ្រូអាចារ្យជួយណែនាំប្រៀនប្រដៅក្នុងផ្លូវសិល្បសាស្រ្តនិងចរិយា សេចក្ដីប្រព្រឹត្តជាដើម លុះចម្រើនវ័យឡើងជាមនុស្សធំពេញទី វេលាដែលនឹងរកទ្រព្យសម្បត្តិមកចិញ្ចឹមជីវិត និងទំនុកបម្រុងអ្នកដែលគួរទំនុកបម្រុងក៏ត្រូវពឹងអ្នកនេះខ្លះអ្នកនោះខ្លះជាធម្មតា ដែលមិនត្រូវពឹងអ្នកណាសោះនោះគ្មាន ដែលពោលមកនេះដើម្បីនឹងឲ្យឃើញជាគ្រប់ៗរូបដែលកើតមកត្រូវពឹងអ្នកដទៃជាដរាប បើដូច្នេះហេតុអ្វីបានជាក្នុងធម៌នេះពោលថា « ខ្លួនឯងជាទីពឹងរបស់ខ្លួន » ពិតគ្រប់ៗរូបត្រូវពឹងអ្នកដទៃមែន តែដែលពឹងបានក៏ដោយសេចក្ដីល្អរបស់ខ្លួន អ្នកតូចប្រាកដជាត្រូវពឹងអ្នកធំ តែបើអ្នកតូចឯណាមិនមានគុណគឺសេចក្ដីល្អ ឬជាមនុស្សជួប្រព្រឹត្តទុច្ចរិតផ្សេងៗ អ្នកតូចនោះគង់មិនមានអ្នកធំណាជាទីពឹងទេ ប្រហែលសម្ដេចព្រះបរមសាសា្តចារ្យ ដែលព្រះអង្គជានាថរបស់លោក ជាទីពឹងរបស់សត្វទាំងឡាយ រកអ្នកដទៃក្រៃលែងជាងគ្មាន នោះក៏ជាទីពឹងចំពោះតែវេនេយ្យសត្វ គឺសត្វដែលគួរណែនាំបានប៉ុណ្ណោះ ដែលជាទីពឹងដល់ភព្វបុគ្គលផងនោះគ្មានទេ ខនេះសម្ដែងបង្ហាញសេចក្ដីឲ្យឃើញថា ខ្លួនឯងជាទីពឹងរបស់ខ្លួន អ្នកដទៃគ្រាន់តែជាបច្ច័យជួយឧបត្ថម្ភប៉ុណ្ណោះ ព្រោះហេតុដូច្នោះ ទើបមានព្រះពុទ្ធភាសិតត្រាស់ប្រដៅថា « ខ្លួនឯងជាទីពឹងរបស់ខ្លួន » ដូច្នេះ ។

ហេតុនេះអ្នកស្វែងរកវត្ថុជាទីពឹង ត្រូវអាស្រ័យប្រាជ្ញានិងសេចក្ដីសុចរិតរបស់ខ្លួនទើបសម្រេចកិច្ចទីពឹងបាន ។

ចំណែកខាងបិតាមាតាទំនុកបម្រុងកូន គ្រាន់តែហាមកូនមិនឲ្យធ្វើអំពើអាក្រក់ ឲ្យកូនតម្កល់នៅក្នុងកុសលកម្ម ឲ្យកូនសិក្សាសិល្ប៍សាស្រ្ត រៀបចំឲ្យកូនមានស្វាមីភរិយា និងចែកទ្រព្យសម្បត្តិឲ្យប៉ុណ្ណោះ ដែលនឹងចែកសម្បត្តិសួគ៌សម្បត្តិព្រះនិព្វានឲ្យនោះមិនបានឡើយ ។

បិតាមាតាហាមកូនមិនឲ្យធ្វើអំពើអាក្រក់ ឲ្យធ្វើតែអំពើល្អនោះក៏មែនពិតហើយ តែថាបើកូនមិនធ្វើអំពើល្អ ក៏នៅតែមិនបានសម្បត្តិសួគ៌សម្បត្តិព្រះនិពា្វនដដែល លុះតែកូនមានប្រាជ្ញាដឹងច្បាស់ថា « អំពើដូច្នេះ ប្រព្រឹត្តទៅដើម្បីឲ្យបានស្ថានសួគ៌ ឲ្យបានមគ្គ ផល និងព្រះនិព្វាន » ដូច្នេះហើយក៏តម្កល់ប្រាជ្ញានោះឲ្យមាននៅក្នុងសន្ដានជាធម្មតា ខំឧស្សាហ៍ធ្វើកុសលកម្មណាមួយដែលគួរនឹងបានស្ថានសួគ៌ មគ្គ ផល និងព្រះនិព្វាន នោះទើបបានដោយពិត ។

ន័យនេះគប្បីសន្និដ្ឋានទូទៅដល់ជនដទៃទៀតចុះ ។

ហេតុដូច្នេះទើបសម្ដេចព្រះសព្វញ្ញូបរមគ្រូជាម្ចាស់ទ្រង់ត្រាស់ថា « ខ្លួនឯងជាទីពឹងរបស់ខ្លួន » ដូច្នេះ ។

ម្យ៉ាងទៀត បិតាមាតាគ្រូអាចារ្យបុត្តភរិយាស្វាមី និងទ្រព្យសម្បត្តិទាំងពួង ជួយខ្លួនបានតែការងាយៗ គឺបិតាមាតាជួយកូនបានតែត្រង់កិច្ចចិញ្ចឹមរក្សា គ្រូអាចារ្យជួយសិស្សបានតែត្រង់ការបង្ហាត់បង្រៀនចំណេះវិជ្ជា បុត្តភរិយាជួយបិតាមាតានិងស្វាមីបានតែត្រង់កិច្ចប្រើប្រាស់ ស្វាមីជួយភរិយាជួយបិតាមាតានិងស្វាមីបានតែត្រង់កិច្ចប្រើប្រាស់ ស្វាមីជួយភរិយាបានតែត្រង់កិច្ចស្វែងរកទ្រព្យរបស់ឲ្យ ទ្រព្យសម្បត្តិជួយខ្លួនបានតែត្រង់ពេលដែលទាល់ក្រខ្វះខាត ការទំនុកបម្រុងទាំងបុណ្ណោះសុទ្ធតែជាការងាយៗទាំងអស់ ដែលនឹងជួយដល់ការក្រផងនោះមិនបានជាដាច់ខាត ។

ឯការក្រនោះគឺសេចក្ដីទុក្ខភ័យដែលកើតអំពីសេចក្ដីសៅហ្មង ដ្បិតថាជនណាមួយ មានសេចក្ដីសៅហ្មង គឺធ្វើនូវបាណាតិបាតកម្មជាដើមក្នុងកាលមុន ដល់មកកាលនេះ មានទុក្ខវេទនាជាផលនៃកម្មនោះកើតឡើង បណ្ដាលឲ្យឈឺចាប់ឲ្យដល់នូវសេចក្ដីស្លាប់ ទុកជាបិតាមាតាគ្រូអាចារ្យបុត្តភរិយានិងស្វាមី ក៏មិនអាចដើម្បីជួយដោះសេចក្ដីទុក្ខនោះបានឡើយ មិនអាចជួយអង្វរករថា « អ្នកកុំឈឺ អ្នកកុំស្លាប់ » ដូច្នេះបានឡើយ ឬទុកជាមានទ្រព្យសម្បត្តិច្រើនក៏មិនអាចយកទៅលោះខ្លួនពីមច្ចុសេនា គឺសេចក្ដីឈឺចាប់បានឡើយ មិនអាចយកទៅសូមអង្វរមច្ចុរាជថាកុំស្លាប់ដូច្នេះបានឡើយ ។

អ្នកទាំងអស់មានបិតាមាតាជាដើម ជួយអង្វរករថា « អ្នកកុំឈឺ អ្នកកុំស្លាប់ » ដូច្នេះតែប៉ុណ្ណោះមិនបានទៅហើយ ចំណង់បើសម្បត្តិសួគ៌ សម្បត្តិព្រះនិព្វាន ធ្វើម្ដេចនឹងចែកឲ្យបានបើទុកជាស្រឡាញ់ណាស់ហើយទាល់គំនិតនឹងអង្វរករមិនឲ្យឈឺមិនឲ្យស្លាប់មិនបានក៏ប្រថុយថា អើអ្នក បើអ្នកស្លាប់ក៏ស្លាប់ចុះ តែយើងសូមឲ្យពរអ្នក សូមឲ្យអ្នកទៅកើតស្ថានសួគ៌ដូច្នេះជាដើមក៏រឹតរឹងតែមិនបានដោយក្រៃលែង ។

ដ្បិតថា អ្នកដែលស្លាប់ទៅក៏មិនស្លាប់ដោយគេប្រថុយឲ្យស្លាប់ បើទុកជាបានទៅកើតស្ថានសួគ៌ជាដើមក៏មិនមែនទៅដោយគេយល់ព្រម គេបញ្ជូនឲ្យទៅកើត ។

ហេតុដូច្នោះបានជាអធិប្បាយថា៖ ជួយបានតែការងាយៗ ដល់ការក្រៗ ដូចសេចក្ដីទុក្ខភ័យដែលកើតអំពីសេចក្ដីសៅហ្មងរបស់ខ្លួន ក៏ជួយមិនបានដូច្នេះ ។

ឯខ្លួនឯងជាទីពឹងរបស់ខ្លួន ព្រោះថាខ្លួនឯងជួយបានក្នុងការទាំងពួងមិនថាមានមិនថាក្រ បើអ្នកណាមួយមានទុក្ខភ័យសេចក្ដីអន្តរាយ ឬក្ដៅក្រហាយដោយជំងឺឈឺចាប់ជាដើមកើតឡើងហើយ ក៏តម្កល់ប្រាជ្ញាសេចក្ដីដឹងច្បាស់ឲ្យកើតឲ្យមានក្នុងសន្ដាន បានឃើញហេតុនៃសេចក្ដីទុក្ខភ័យថា«មិនមែនកើតមកអំពីអ្វី ពិតជាកើតមកអំពីអំពើជួអាក្រក់លាមកមានសម្លាប់សត្វជាដើម » ម្ល៉ោះហើយក៏ខ្មីឃ្មាតឱហាតខំឲ្យទានរៀនធម៌អាថ៌រក្សាសីល ឬចម្រើនមេត្តាភាវនា ដោយចិត្តសទ្ធាជឿជាក់ច្បាស់នូវកម្មនិងផលនៃកម្ម អំពើទាំងនេះណាមួយ ក៏អាចនាំអ្នកនោះឲ្យបានស្ថានសុខ ប្រាសចាកសេចក្ដីទុក្ខទាំងពួងបាន គឺថាឲ្យទានរៀនធម៌អាថ៌រក្សាសីលជាកាមាវចរកុសល  ឲ្យផលនាំបដិសន្ធិឲ្យកើតក្នុងកាមាវចរសួគ៌ទាំង ៦ ជាន់ ចម្រើនមេត្តាភាវនា បានឈាននិងអភិញ្ញា បើឈាននោះជាអារម្មណូបនិជ្ឈាន មានកសិណជាដើមជាអារម្មណ៍ ហៅថាលោកិយឈាន បើជារូបាវចរលោកិយឈាន មានផលនាំបដិសន្ធិឲ្យកើតក្នុងរូបាវចរសួគ៌ បើជាអរូបាវចរលោកិយឈានមានផលនាំបដិសន្ធិឲ្យកើតក្នុងអរូបាវចរសួគ៌ បើឈាននោះជាលក្ខណូបនិជ្ឈាន មានវិបស្សនាជាជើងតម្កល់ ហៅថាលោកុត្តរឈាន មានផលធ្វើជាតិឲ្យថយចុះ មិនឲ្យអន្ទោលទៅក្នុងវដ្ដសង្សារជាច្រើនជាតិទៀតបានឡើយ ។

ប្រាជ្ញាដឹងច្បាស់មានក្នុងសន្ដានបានធ្វើបុណ្យឲ្យទានរៀនធម៌អាថ៌រក្សាសីល ឬចម្រើនមេត្តាភាវនា កុសលណាមួយក៏អាចដោះខ្លួនឲ្យរួចអំពីទុក្ខភ័យសេចក្ដីអន្តរាយ ឬក្ដៅក្រហាយដោយជំងឺឈឺចាប់ជាដើមនោះបានដោយពិត ហេតុដូច្នោះទើបសម្ដេចព្រះបរមនាថសាស្ដាចារ្យទ្រង់សម្ដែងថា ខ្លួនឯងជាទីពឹងរបស់ខ្លួន » ដូច្នេះ ។

ខ្លួនជាពឹងរបស់ខ្លួន អាចជួយខ្លួនបានក្នុងការក្រៗ ដូច្នោះបានហើយ ចាំបាច់ពោលថ្វីដល់ការងាយៗ រឹតរឹងតែជួយបានឥតសេចក្ដីសង្ស័យឡើយ ។

សប្បុរសជាបណ្ឌិតជាតិ មានប្រីជាល្អ បានពិចារណាឃើញច្បាស់ថា « ខ្លួនឯងជាទីពឹងរបស់ខ្លួន » ដូច្នេះ ហើយគប្បីរក្សាខ្លួនឲ្យល្អ គប្បីតម្កល់តម្កើងលើកខ្លួនឡើងប្រតិស្ឋាន នៅក្នុងទីប្រាសចាកសេចក្ដីអន្តរាយ កុំគប្បីសប្បាយដោយអំពើជនពាល ត្រូវត្រេកត្រអាលដោយធម៌ជារបស់សប្បុរសទើបបានឈ្មោះថារក្សាខ្លួនដោយល្អ ពាក្យនេះសមដូចពុទ្ធភាសិត១កន្លែងដែលសម្ដេចព្រះបរមត្រៃលោកាចារ្យសម្មាសម្ពុទ្ធទ្រង់សម្ដែងទុកមកដូចនឹងពោលតទៅខាងមុខនេះ ។

ពុទ្ធភាសិត

អាបទាយធនំរក្ខេ  ទារេរក្ខេធនេនបិ
អត្តានំសតតំរក្ខេ  ទារេហិបិធនេហិបិ

( ប្រែថា ) បុគ្គលគប្បីរក្សានូវទ្រព្យដើម្បីការពារនូវសេចក្ដីអន្តរាយ ។

បុគ្គលគប្បីរក្សានូវប្រពន្ធទាំងឡាយដោយទ្រព្យដែរ បុគ្គលគប្បីរក្សានូវខ្លួនឲ្យទៀងជាងប្រពន្ធទាំងឡាយផង ជាងទ្រព្យទាំងឡាយផង ។

សេចក្ដីអធិប្បាយ

បុគ្គលគប្បីរក្សានូវទ្រព្យសម្បត្តិ គ្រឿងឧបភោគបរិភោគទាំងពួង ប្រយោជន៍ដើម្បីការពារនូវសេចក្ដីអន្តរាយ បើមានសេចក្ដីអន្តារាយកើតឡើងអំពីព្រះមហាក្សត្រិយ៍រឹបជាន់ ឬចោរប្លន់ជាដើម អាចយកទ្រព្យសម្បត្តិនោះការពារបាន ។

បុគ្គលរក្សានូវប្រពន្ធទាំងឡាយក៏រក្សាដោយទ្រព្យនោះដែរ បើគ្មានទ្រព្យហើយនឹងរក្សាប្រពន្ធមិនបានឡើយ នឹងមានសេចក្ដីទុក្ខព្រួយកើតឡើងក្នុងជាខាងមិនខាន ដ្បិតជាតិស្រ្តីកម្លាំងតិចសេចក្ដីប្រាថ្នាច្រើន បន្តិចត្រូវការរបស់នេះបន្តិចត្រូវការរបស់នោះ មិនចេះស្កប់ស្កល់ បើបុរសជាស្វាមីរកឲ្យមិនបាន នឹងរំខានចិត្ត កើតវិបរិតនាំឲ្យទាស់គំនិតគ្នា ឯសេចក្ដីប្រាថ្នារបស់ស្រីដូច្នេះមានជាច្រើនក្នុងលោក ។

បុគ្គលគប្បីរក្សានូវខ្លួនឲ្យទៀងទាត់ប្រាកដល្អ ជាងរក្សានូវប្រពន្ធទាំងឡាយផង ជាងរក្សានូវទ្រព្យទាំងឡាយផង ដ្បិតថាប្រពន្ធក្ដី ទ្រព្យសម្បត្តិក្ដី មានប្រយោជន៍បំណាច់ដល់ខ្លួនតិច មិនអាចជួយខ្លួនក្នុងកិច្ចការដ៏ក្រៗបានឡើយ ឯខ្លួនឯងទើបមានគុណបំណាច់ច្រើន អាចជួយខ្លួនក្នុងកិច្ចការដ៏ក្រៗ បានដូចពោលរួចមកហើយ ។ ហេតុដូច្នេះសប្បុរសអ្នកមានប្រាជ្ញាគួរស្នេហាស្រឡាញ់ខ្លួនរបស់ខ្លួន មិនត្រូវធ្វើខ្លួនឲ្យជារបស់អប្រិយ ដ្បិតសម្ដេចព្រះជិនស្រីទ្រង់សម្ដែងថា មានតែខ្លួនហ្នឹងហើយជាទីពឹងរបស់ខ្លួន បុគ្គលអ្នកស្រឡាញ់ខ្លួនត្រូវរក្សាខ្លួនឲ្យជាជាងរបស់ទាំងអស់នោះ ។

ម្យ៉ាងទៀតថា ត្រូវរក្សាខ្លួនឲ្យល្អគ្រប់វ័យទាំង៣ គឺបឋមវ័យ មជ្ឈិមវ័យ និងបច្ចិមវ័យ ។

វ័យទាំងបីនេះ បើគិតតាមអាយុមនុស្សសព្វថ្ងៃដែលខៃថយចុះមកនៅត្រឹម ៧៦ ឆ្នាំជាកំណត់យ៉ាងច្រើនប្រមាណអាយុ ៧៦ ឆ្នាំត្រូវចែកទៅជា ៣ ចំណែក ចំណែកទី ១ ពីអាយុ ១ ឆ្នាំទៅទល់នឹងអាយុ ២៥ ឆ្នាំហៅថាបឋមវ័យ ពីអាយុ ២៦ ឆ្នាំ ទៅទល់នឹងអាយុ ៥០ ឆ្នាំ ហៅថាមជ្ឈិមវ័យ ពីអាយុ ៥១ ឆ្នាំ ទៅទល់នឹងអាយុ ៧៦ ឆ្នាំ ហៅថាបច្ចិមវ័យ អ្នកស្រឡាញ់ខ្លួនគប្បីរក្សាខ្លួនឲ្យល្អក្នុងវ័យទាំង ៣ នេះវ័យណា ១ កុំខានឡើយ ។

ពាក្យនេះសមដូចពុទ្ធភាសិត ដែលសម្ដេចព្រះមហាករុណាទិគុណអនន្តញ្ញាណ មានព្រះបន្ទូលទុកមកដូចនឹងពោលតទៅនេះ ។

ពុទ្ធភាសិត

អត្តានញ្វោបិយំជញ្ញា  រក្ខេយ្យនំសុរក្ខិតំ
តិណ្ណំអញ្ញតរំយាមំ   បដិជ្ជគ្គេយ្យបណ្ឌិតោ

( ប្រែថា ) បើបុគ្គលជាបណ្ឌិតដឹងថាខ្លួនជាទីស្រឡាញ់គប្បីរក្សាខ្លួននោះឲ្យល្អ បណ្ដាវ័យទាំង ៣ អស់វ័យណា ១ កុំខានឡើយ ។

សេចក្ដីអធិប្បាយ

បើបុគ្គលជាបណ្ឌិតជាតិ មានប្រាជ្ញាដឹងច្បាស់ថាមានតែខ្លួននេះហើយជាទីស្រឡាញ់ពេញចិត្តរបស់ខ្លួន ព្រោះតែខ្លួនជាទីពឹងរបស់ខ្លួនដូច្នេះហើយ ត្រូវរក្សាខ្លួននោះឲ្យល្អកុំប្រហែសធ្វេសឡើយ ឯកិច្ចរក្សានោះបើបុគ្គលគិតថាអញនឹងរក្សាខ្លួនដូច្នេះហើយចូលទៅនៅក្នុងប្រាសាទឬគុហាបិទទ្វារបិទបង្អួចតូច – ធំ ចូលសម្ងំក្នុងបន្ទប់ទាំងថ្ងៃទាំងយប់ថែមដាក់យាមល្បាតចាំរក្សា ការពារមិនឲ្យអ្នកឯណាចូលទៅបៀតបៀនបាន ដូច្នេះក៏មិនទាន់បានឈ្មោះថារក្សាខ្លួនដោយល្អឡើយ ។

បើគ្រហស្តត្រូវខំរៀនធម៌អាថ៌រក្សាសីលឲ្យទាន តាមសមគួរដល់កម្លាំង បើកាលនៅក្នុងបឋមវ័យរវល់នឹងលេងគ្មានអ្នកឯណាដាស់តឿនឲ្យបំពេញកុសលទាំងនោះទេនោះត្រូវខំបំពេញក្នុងមជ្ឈិមវ័យ បើកាលនៅក្នុងមជ្ឈិមវ័យរវល់នឹងធ្វើការចិញ្ចឹមកូនប្រពន្ធ ឆ្លៀតធ្វើកុសលមិនបានពេញលេញ ត្រូវខំបំពេញក្នុងបច្ចិមវ័យកុំធ្វេសប្រហែសឡើយ បើធ្វើដូច្នេះ ទើបបានឈ្មោះថារក្សាខ្លួនដោយប្រពៃ ។

ចំណែកខាងអ្នកបួសវិញ កាលនៅក្នុងបឋមវ័យត្រូវខំសិក្សារៀនធម៌វិន័យ ខំធ្វើវត្តបដិបត្តិដល់គ្រូអាចារ្យខំចម្រើនសមណធម៌ គឺសមថកម្មដ្ឋាន ឬវិបស្សនាកម្មដ្ឋាន បើនៅក្នុងបឋមវ័យរវល់នឹងកិច្ចសិក្សា និងកិច្ចធ្វើវត្តបដិបត្តិដល់គ្រូអាចារ្យ មិនបានធ្វើសមណធម៌ ត្រូវខំធ្វើក្នុងមជ្ឈិមវ័យ បើនៅក្នុងមជ្ឈិមវ័យរវល់នឹងវិនិច្ឆ័យសេចក្ដីធម៌វិន័យឬអដ្ឋកថា នឹងការបង្រៀន មិនបានធ្វើសមណធម៌ទេ ត្រូវលំហែសម្រាកកិច្ចទាំងនោះចេញក្នុងមច្ឆិមវ័យដើម្បីយកឱកាសធ្វើសមណធម៌ឲ្យពេញលេញបរិបូណ៌ ដូច្នេះទើបបានឈ្មោះថារក្សាខ្លួនដោយប្រពៃ ។

ទាំងគ្រហស្ដទាំងអ្នកបួស បើមិនធ្វើដូច្នេះហើយឈ្មោះថាមិនស្រឡាញ់ខ្លួនឡើយ មិនបានរក្សាខ្លួនដោយប្រពៃឡើយឈ្មោះថាធ្វើខ្លួនឲ្យមានមុខសំយុងចុះទៅកាន់អបាយ ។

ហេតុដូច្នោះសប្បុរសទាំងឡាយអ្នកស្វែងរកវត្ថុជាទីពឹងត្រូវទីពឹងលើខ្លួនឯងឲ្យមាំ ទើបសម្រេចប្រយោជន៍បាន បើជ្រាបច្បាស់ថាខ្លួនជាទីពឹងរបស់ខ្លួនដូច្នេះហើយ ត្រូវស្រឡាញ់ខ្លួននោះឲ្យមែន បើស្រឡាញ់ខ្លួនហើយ ត្រូវរក្សាខ្លួននោះឲ្យល្អដូចសេចក្ដីអធិប្បាយនេះចុះ ។

ខេមាខេមសរណគមនកថា ចប់

ភិក្ខុ ឈឹម-សុំ កូនសិស្សនៅថ្នាក់ឧត្ដមវិជ្ជា ឆ្នាំទី ៥ សាលាបាឡីជាន់ខ្ពស់
ប្រែនឹងរៀបរៀង

ព្រះស្រីសម្មតិវង្ស
ចាងហ្វាងសាលាបាឡីជាន់ខ្ពស់បានពិនិត្យផ្ទៀងផ្ទាត់

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣២

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖