កោសជ្ជ គឺសេចក្ដី​ខ្ជិល​ច្រអូស

ពាក្យកាព្យរបស់ ថី ឆ-គឹមហាក់
ធ្វើរាជការនៅមន្ទីរ ប៉ុស្ដិ៍ខ្សែលួស ក្រុងភ្នំពេញ រៀបរៀង
បទពាក្យ ៧

(១)  កោសជ្ជជាភាសាបាលី  ប្រែតាមសម្ដីខ្មែរនិម្មល  គឺខ្ជិលច្រអូសក្នុងកាយពល  គ្មានគិតរវល់ពីការងារ  ។  មុននិងបរិយាយស្រាយរឿងនេះ  ខ្ញុំសូមរេរិះក្នុងទ័យា  រំឭកនឹកគុណព្រះពុទ្ធា  ធម្មាសង្ឃាធ្ងន់ពេកក្រៃ  ។  រួចខ្ញុំសូមថ្លែងចែងអធិប្បាយ  កែស្រាយរាយតាមដោយនិស្ស័យ  ប្រាជ្ញាឱនអាប់ក្រឧបមេយ្យ  ដូចពេជ្រពុំឆ្នៃអាប់រង្សី  ។  សូមពួកបណ្ឌិតព្រឹទ្ធាចារ្យ  ខមថទោសាអស់សម្ដី  ដែលខ្ញុំពោលហើយពុំគប្បី  សេចក្ដីខុសឆ្គងគងពាក្យពិត  ។ 

(៥)  សត្វលោកត្រូវដឹងប្រឹងបង្ការ  កុំឱ្យបាបណាឆ្លាមកជិត  ត្រូវខំសង្វាតឱហាតពិត  ត្រូវប្រើគំនិតគិតការល្អ  ។  ដូចជាតួរូបសេចក្ដីខ្ជិល  ក្រាលដោយមន្ទិលអធិករណ៍  ជនកបតេជៈតបៈបវរ  តោងចេះយុទ្ធតកុំឱ្យបៀត  ។  បើខំត្រសែតបណ្ដែតចិត្ត  ខ្ជិលចូលមកជិតរឹតតែស៊កសៀត  ទុក្ខារឹងផ្ទួនថួនមកទៀត  ឱរាស្ទើរខ្ទាតឃ្លាតពីប្រាណ  ។  ខ្ជិលនាំខូចខាតច្រើនពន្លឹក  មហាសន្ធឹកគុណពុំបាន  ជនានុជនកុំរាប់អាន  ទើបបានឆ្ងាយថ្កានពីអបលក្ខណ៍  ។  ខ្ជិលធ្វើការងារគ្មានធនធាន  ខ្ជិលពុំគិតរៀនគ្មានយសសក្ដិ  ខ្ជិលគោរពខាតវិស្សាសៈ  ខ្ជិលស្មគ្រព្រះពុទ្ធគ្មានចេស្ដា  ។ 

(១០)  ខ្ជិល​ដកដង្ហើមប្រាសជីវិត  ខ្ជិលគិតពុំបានថ្លាបញ្ញា  ខ្ជិលនិយាយពុំចេះវោហារ  ខ្ជិលដើរយាត្រាខ្វិនពុំខាន  ។  ខ្ជិលស្ដាប់សព្ទសូរប្រែជាថ្លង់  ខ្ជិលចង់គង់តែនឹងខាតបាន  ខ្ជិលធ្វើបុណ្យទានគង់ក្រប្រាណ  ខ្ជិលរកកម្សាន្ដខានសប្បាយ  ។  ខ្ជិលសូត្ររៀនធម៌ធ្លាក់នរក  ខ្ជិលលក់ទំនិញគ្មានលុយចាយ  ខ្ជិលងូតគង្គាគង់ក្រហាយ  ខ្ជិលសម្អាតកាយគ្មានក្លិនល្អ  ។  ខ្ជិលថែរក្សាពុំឋិតថេរ  ខ្ជិលសរសេរពុំចេះអក្សរ  ខ្ជិលពុំចង់មាននឹងបានក្រ  ខ្ជិលល្អគង់តែបានអប្រិយ  ។  ខ្ជិលមើលយូរទៅគង់ពិលខ្វាក់  ខ្ជិលថ្នាក់ថ្នមបែកក្ដីបេតី  ខ្ជិលពុំភាវនាគ្មានស្មារតី  ខ្ជិលរកខន្តីគ្មានអំណត់  ។ 

(១៥)  ខ្ជិលរៀនក្រមច្បាប់ត្រូវផ្ដន្ទា  ខ្ជិលរកទ្រព្យាគង់កម្សត់  ខ្ជិលរៀននព្វន្ត​ពុំចេះកត់  ខ្ជិលច្រត់គង់ដួលមិនខាន  ។  ខ្ជិលរៀនវិន័យត្រូវអាបត្តិ  ខ្ជិលស្កាត់ធ្វើម្ដេចនឹងចួបប្រាណ  ខ្ជិលបោសជម្រះពុំស្អាតឋាន  ខ្ជិលច្រានធ្វើម្ដេចរលំខ្លួន  ។  ខ្ជិលចងធ្វើម្ដេចនឹងបានជាប់  ខ្ជិលរាប់ធ្វើម្ដេចដឹងចំនួន  ខ្ជិលប្រើមេត្តាឆ្ងាយក្ដីស្ងួន  ខ្ជិលពួនធ្វើម្ដេចនឹងបានបាត់  ។  ខ្ជិលហៅធ្វើម្ដេចនឹងស្គាល់នាម  ខ្ជិលស្ងៀមធ្វើម្ដេចបានក្ដីស្ងាត់  ខ្ជិលដេញធ្វើម្ដេចនឹងព្រាត់ខ្ចាត់  ខ្ជិលណាត់ធ្វើម្ដេចត្រូវវេលា  ។  ខ្ជិលលាងធ្វើម្ដេចនឹងបានជ្រះ  ខ្ជិលធ្វើការហាសខាតភាលា  ខ្ជិលរក្សាសីលកើតវេរា  ខ្ជិលទារធ្វើម្ដេចគេនឹងសង  ។ 

(២០)  ខ្ជិលឱ្យធ្វើម្ដេចគេនឹងអរ  ខ្ជិលតទំនិញខាតទ្រព្យផង  ខ្ជិលចរចាល្អនាំសៅហ្មង  ខ្ជិលប៉ងម្ដេចនឹងដូចប្រាថ្នា  ។  ខ្ជិលទន្ទេញធ្វើម្ដេចនិងបានចាំ  ខ្ជិលដាំធ្វើម្ដេចបានផ្លែផ្កា  ខ្ជិលខាតធ្វើម្ដេចបានជ្រះថ្លា  ខ្ជិលស្អប់តណ្ហាទៅអបាយ  ។  ជនអើយមើលចុះខ្ជិលទ្រមក់  នាំកើតកលយុគផងទាំងឡាយ  តែងមករួមរឹតជិតកិតកាយ  នាំឱ្យអន្តរាយច្រើនពេកក្ដាត់  ។  ខានឃើញរបស់ស្រស់សោភា  អស់ទាំងទ្រព្យាសឹងរសាត់  វិនាសសាបសូន្យសណ្ដូនខ្ចាត់  ដូចថ្មលិចបាត់ក្នុងគង្គា  ។  ពុំដែលអណ្ដែតត្រសែតឡើង  ពុំដែលបានថ្កើងមួយវេលា  រមែងស្ដួចតូចដូចចន្រ្ទា  រះក្នុងទេវានាកាលបក្ខ  ។ 

(២៥)  ជនខ្ជិលក្ដីក្រក៏មកដល់  ខ្វាយខ្វល់ចិត្តជ្រួលអួលអន់អាក់  ហាក់ដូចលំពែងគ្រវែងធ្លាក់  មកចាក់ត្រូវចំដើមឱរា  ។  ហើយដើរលួចប្លន់សន្សំធន  ធ្វើបាបមហាជនច្រើនត្រៀបត្រា  ធ្វើបញ្ចវេរាគ្មានរអា  ខ្លះអត់អាហារស្លាប់ក្នុងព្រៃ  ។  មានខ្លះធ្វើជាស្មូមយាចក  សូមទានលួចឆក់ជនដទៃ  ពុំមានរអែងក្រែងគេនៃ  ពុំមានភិតភ័យខ្លាចរាជការ  ។  ខ្លួនកម្លាំងពេញកាយពល  ពុំចុះទប់ទល់លៀងជីវ៉ា  បានថង់យាមមួយស្ទួយដាក់ស្មា  ដើរសូមអាហារគេអាស្រ័យ  ។  ធ្វើឫកយ៉ាងនេះពេញជាថោក  ចាញ់ឫកក្ងោកបក្សីថ្លៃ  នាំខូចពូជពង្សវង្សាសៃយ  ពេញជាចង្រៃក្នុងលោកា  ។ 

(៣០)  ត្រកូលណាមួយមានកូនខ្ជិល  វង្សនោះមន្ទិលពុំជ្រះថ្លា  ដូចជាព្រះចន្ទក្នុងហត្ថា  រាហ៊ូយក្សាមហាសម្បើម  ។  ព្រៀងលានជិតខាងគេនិន្ទា  គេប្រជុំគ្នានិយាយដើម  ថាពូជនេះពេញជាពុំឆ្នើម  ដូចទឹកសន្សើមឆាប់វិនាស  ។  មនុស្សខ្ជិលតែងធ្វើឱ្យរដ្ឋា  អាប់ឱនឆាយាពុំឱភាស  ដូចក្អែលដែលជាប់គ្រឿងប្រាក់មាស  នាំកើតនិរាសគ្រប់ទីឋាន  ។  នគរនោះឯងដូចផ្កាចារ  គ្មានក្លិននោះណាពុំភុំផាន  បូរីប្រពៃពុំរាប់អាន  ដូចព្រះសូរ្យឆានបង់រស្មី  ។  សាសនាបម្រុងក្នុងស្រុកនោះ  ពុំបានមានឈ្មោះឆើតសិរី  ទាបទន់អន់អូនសូន្យឆាប់ខ្មី  ដូចនាងកាកីខាតលាភា  ។ 

(៣៥)  ខ្ញុំសូមដាស់តឿនក្រើនកុលបុត្រ  ដ៏វិសេសសុទ្ធកបជ័យ  ត្រូវខំសម្លាប់កោសជ្ជា  ដោយវិរិយាគឺឧស្សាហ៍  ។  ត្រូវមានស្នេហាការដែលធ្វើ  ត្រូវខំអើពើរៀនរចនា  ឱ្យបានឆោមឆើតកើតផលា  បីដូចមាតាស្មគ្របុត្រភ្ងា  ។  មិនត្រូវត្អូញត្អែរថានឿយហត់  ចិត្តត្រូវសង្កត់រាល់វេលា  ខិតខំរៀនសូត្រតាមមាគ៌ា  ដែលប្រាជ្ញានានាបានត្រាច់ហើយ  ។  ត្រជាក់រងាក្ដៅក្ដីណា  ត្រូវប្រឹងធ្វើការកុំឱ្យស្បើយ  ខំឱ្យបានយល់ដល់កោះត្រើយ  ទើបបានក្ដីល្ហើយក្នុងកាយា  ។  ធម្មជាតិបុប្ផាផ្កាកុលាប  តែងក្រាបលូតចេញពីបន្លា  ដូចជាវត្ថុដ៏ថ្លៃថ្លា  កើតពីទុក្ខារាល់ទិវា  ។ 

(៤០)  សុខតែងកើតក្រោយទុកជានិច្ច  បើសុខសូន្យលិចកើតភ័យា  គួរកុលបុត្រគ្រប់គង្គា  រេរារិះគិតពាក្យនេះណា  ។  គិតទៅនឹងយល់ស្គាល់តម្លៃ  សុខប្រសើរក្រៃជាងទុក្ខា  បើចង់បានសុខតោងឧស្សាហ៍  រៀនសូត្រធ្វើការរបរទាំងឡាយ  ។  មិនត្រូវនៅដេកត្រេកក្នុងខ្ជិល  ត្រូវចេះរមិលមើលនាយអាយ  យល់ការរាក់ជ្រៅទៅវែងឆ្ងាយ  ទើបបានសប្បាយកាយភិរម្យ  ។  ត្រូវមានព្យាយាមឱ្យណាស់សា  ឧបមាដូចសត្វធ្វើទ្រនំ  កណ្ដៀរតូចប្រាណមិនបានធំ  ពាំដីមកផ្គុំធ្វើគ្រឹហា  ។  តូចៗតិចៗប៉ិចដង្គំ  ជាដំបូកធំខ្ពស់មហិមា  កើតពីព្យាយាមតាមពណ៌នា  គួរជនកុំរាខំយ៉ាងហ្នឹង  ។ 

(៤៥)  មិនត្រូវគិតណាយស្ដាយកម្លាំង  តោងចេះតតាំងរកទីពឹង  រិះរកវិជ្ជាជាខុននឹង  តោងចេះជញ្ជឹងប្រើប្រាជ្ញា  ។  តោងយល់ថាវិជ្ជាលោកិយ  លោកុត្តរក្ដីធំណាស់សា  តម្រិះចេះតិចគេចអួតថា  ចំណេះអាត្មាឥតនរណាស្មើ  ។  គិតបែបដូចនេះប្រហែសសល់  ខ្ជិលនឹងមកផ្ដល់ខនដំណើរ  ខូចកិច្ចរៀនតម្រិះប្រសើរ  ខានដើរទៅកាន់ភូមិសុខា  ។  គំនិតគិតនេះដូចកង្កែប  ពួនអែបក្នុងទឹកអណ្ដូងណា  សម្គាល់យល់ទីនៃអាត្មា  គ្មានវាលជលសាណាស្មើបាន  ។  ប្រសិនប្រសព្វឃើញសមុទ្រ  គង់តែរន្ធត់ស្លុតមិនខាន  កង្កែបគង់គិតភិតភ្ញាក់ប្រាណ  មើលងាយទីឋានរបស់ខ្លួន  ។ 

(៥០)  បើកង្កែបឆ្លាតមានប្រាជ្ញា  គង់និងប្រាថ្នាយ៉ាងសមសួន  ចង់បាននាទីដែលធំថួន  បានខ្លួនហែលលេងជាសុខុម  ។  ដូចជាកុលបុត្រប្រកបលក្ខណ៍  ខំគិតស្វែងស្វាក់ប្រមូលផ្ដុំ  ប្រាជ្ញារករៀនវិជ្ជាធំ  ត្រសែតត្រសុំតាមវេណី  ។  តាំងពីព្រលឹមទល់ព្រលប់  ខំរៀនពុំឈប់ខំសម្ភី  ពិនិត្យធម៌អាថ៌ក្នុងគម្ពីរ  ទិយាវកវីគ្មានសម្រាន្ត  ។  ប្រឹងរៀនវិន័យបច្ច័យសុខ  ដែលព្រះពុទ្ធទុកឱ្យគ្រប់ប្រាណ  ស្គាល់ដឹងអាបត្តិទាំងប៉ុន្មាន  ដឹងអស់លាក់ឋានទោសនានា  ។  មិនចេះពោលថាអាត្មាចាស់  ឬនៅក្មេងណាស់ក្រគណនា  មិនគួរខំរៀនវិន័យា  នាំឱ្យវេទនាលំបាកកាយ  ។ 

(៥៥)  ពីព្រោះវិន័យច្រើនហើយជ្រៅ  ក្រយ៉ាងសន្ធៅទៅវែងឆ្ងាយ  ហត្ថាខ្លីសល់កុំខ្វល់ខ្វាយ  ឱនកាយក្រសោបឱបគីរី  ។  កុលបុត្រណាពោលពំនោលនេះ  ហៅថាពុំចេះល្ងង់ពេញទី  មើលសត្វស្រមោចលើប្រឹថពី  ជាទីគួរគិតពិចារណា  ។  ស្រមោចខ្លួនតូចៗពេកសល់  ប្រឹងខំរចល់ពាំអាហារ  ធំៗជាងខ្លួនបីបួនណា  យកទុកប្រើការដល់គ្រាក្រ  ។  បើពាំពុំរួចអាហារធំ  ស្រមោចកុះកុំគ្នាឈូឆរ  នាំគ្នាម្នីម្នារត់ស្រុះស្រ  ទទួលអំណរពាំចំណី  ។  ដូចពួកកុលបុត្រឧត្ដុង្គសក្ដិ  រៀនអាក់ព្រោះពុំយល់សេចក្ដី  ពាក្យក្នុងគម្ពីរបទបាលី  នាំគ្នាឃ្មាតខ្មីប្រឹងវិនិច្ឆ័យ  ។ 

(៦០)  សម្រស់សម្រួលផ្ទៀងពិនិត្យ  រាវរកពាក្យពិតពាក្យប្រពៃ  យូរទៅគង់យល់ភ្លឺសន្ធៃ  អរុណោទ័យពេញភ្លឺថ្លា  ។  តូចៗផ្គុំគ្នាកើតជាធំ  ដូចសូត្រវិញរុំធ្វើខ្សែណា  រឿងនេះខ្ញុំធៀបរៀបឧបមា  សាមគ្គីបណ្ដាកុលបុត្រ  ។  ឧស្សាហ៍សង្រ្គោះសន្ដោសគ្នា  ខំរៀនវិជ្ជាវិសេសសុទ្ធ  ព្យាយាមមាំមួនថួនទាំងមុត  គ្មានពុតខូចខិលខ្ជិលក្នុងកាយ  ។  ប្រទះតម្រិះឧត្ដមល្អ  ចេះចែកបន្តបន្តក់ផ្សាយ  ដូចមេមាន់ល្អប្រឹងកកាយ  បានបាយបំបែកចែកកូនស៊ី  ។  មិនចេះកំណាញ់ស្មូជួជាតិ  បានហើយវេចត្បៀតលាក់វក់វី  មិនគិតឱ្យកើតផលសម្ភី  ដូចដីគ្មានជីអាក្រក់សល់  ។ 

(៦៥)  កំណាញ់កើតពីខ្ជិលធ្វើទាន  ជាទីប្រធាននាំផ្ដាច់ផ្ដល់  កុំឱ្យយល់យង់វង់កុសល  ដូចខ្វាក់ពុំយល់ស្គាល់លោកា  ។  បើខ្លួនកំណាញ់លាក់តម្រិះ  មិនឱ្យគេចេះពីអាត្មា    តម្រិះតម្រាយអន្តរាយា  ខ្លួនស្លាប់កាលណាអសារបាត់  ។  ត្រូវយកតម្រាប់ព្រះសម្ពុទ្ធ  ជាគ្រូវិសុទ្ធលើបរិស័ទ  ឃើញធម៌ល្អៗបវរក្ដាត់  ទេសនាប្រាប់សត្វគ្រប់ៗគ្នា  ។  ព្រះទ័យមេត្តាសត្វទូទៅ  ពុំដែលស្ងៀមនៅមួយ​វេលា  ប្រដៅឱ្យខំរៀនធម្មា  បច្ច័យសួគ៌ានិព្វាននាយ  ។  ខ្ញុំប្រកែពីកោសជ្ជៈ  ពុំទាន់អស់លក្ខណៈទូលាយ  ឱ្យភ្លឺល្អល្អះច្បាស់ពណ្ណរាយ  សូមជនសម្ទាយអត់ទោសា  ។ 

(៧០)  រឿងនេះខ្ញុំតែងតាមគំនិត  ខំគិតរំពឹងនិងបញ្ញា  ទាបទន់ពន់ពិតឥតឧបមា  សូមទានមេត្តាកុំនិន្ទា  ។  គួរមើលពិគ្រោះអស់ពាក្យនេះ  បើល្អសូមរិះក្នុងទ័យា  កុំឱ្យបាបធម៌កោសជ្ជា  មកធ្វើជាមារពាធាបាន  ។  បើលះខ្ជិលរួចដូចបំណង  នេះពេញជាច្បងជនសព្វឋាន  ដូចជាទង់ជ័យអម្បាលម៉ាន  លោកសឹងរាប់អានហៅថាល្អ  ។  មានកេរ្ដិ៍មានឈ្មោះមានយសសក្ដិ  មានមាសមានប្រាក់ខ្ញុំកំដរ  ញ៉ាំងពូជញ៉ាំងពង្សវង្សបវរ  ញ៉ាំងឱ្យនគរមានឫទ្ធា  ។  ញ៉ាំងសាសន៍ព្រះពុទ្ធឱ្យប្រពៃ  ញ៉ាំងធម៌វិន័យនិងសង្ឃា  សន្ដោសប្រោសសត្វកាត់វេរា  ទុកជាតំណតទៅអើយ  ៕     ពាក្យកាព្យរបស់ ថី ឆ-គឹមហាក់ ធ្វើរាជការនៅមន្ទីរ  ប៉ុស្ដិ៍ខ្សែលួស ក្រុងភ្នំពេញ រៀបរៀង    

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

Leave a Reply

avatar
  Subscribe  
Notify of