ពាក្យកាព្យ សុវិជ្ជា

ថី ឆ-គឹមហាក់
ជាអ្នកត្រួតត្រារាជការខ្សែលួស  នៅស្រុកមោងឬស្សី រៀបរៀង
បទកាកគតិ

៙ សុវិជ្ជានេះ  ខ្ញុំទើបនឹងរិះ  គិតជាបឋម  តែងជាពាក្យបួន  ចួនពុំឧត្ដម  អ្នកប្រាជ្ញចាស់ទុំ  កុំបីនិន្ទា  ។  ខ្ញុំសូមរាប់រៀប  តែងតាមរបៀប  ពីសុវិជ្ជា  គឺវិជ្ជាល្អ  ក្រៃក្រមហិមា  ឈ្នះអស់មារា  តិះរកច្រើនក្រៃ  ។  នរូឯណា  ស្អប់ខ្ពើមទុក្ខា  កើតក្នុងភពត្រៃ  ចង់ធ្វើឱ្យប្រាស  និរាសចង្រៃ  ត្រូវគិតកែខៃ  រៀនសិល្បសាស្រ្ត  ។  រៀនសុវិជ្ជា  ឫទ្ធីសំការ  ភ្លឺផ្លេកស្អាងស្អាត  ជនត្រូវប្រាថ្នា  មិនត្រូវប្រមាទ  ត្រូវឆ្លៀតសង្វាត  ស្វែងយកឱ្យបាន  ។ 

(៥)  បើមិនខំរក  ទុកនឹងចូលមក  ជ្រៀតជ្រកក្នុងប្រាណ  ញាប់ញ័ររន្ធត់  ស្លុតចិត្តឥតក្សាន្ត  ដាច់ក្ដីរាប់អាន  សន្ដានមើលងាយ  ។  នាទីប្រជុំ  បណ្ឌិតតូចធំ  ខ្លៅពុំពណ្ណរាយ  ដូចជាសត្វក្អែក  ខ្លៅហួសនិយាយ  កណ្ដាលហ្វូងនាយ  បក្សាហង្សសត្វ  ។  រីព្រះសុរិយា  រស្មីជ្រះថ្លា  អាកាសឆ្វៀលឆ្វាត់  ពុំស្មើវិជ្ជា  ភ្លឺគ្មានចេះបាត់  ពុំចេះរសាត់  អាប់ឱនទៅណា  ។  អស់ទ្រព្យសម្បត្តិ  ចួនកាលប្រែខ្ចាត់  វិនាសអសារ  វិជ្ជានេះឯង  តែងជាប់កាយា  ចោរនឹងប្រាថ្នា  លួចលាក់ពុំបាន  ។  អាវុធនានា  សឹងចាញ់ឫទ្ធា  វិជ្ជាកល្យាណ  មុតលើសព្រះខ័ន  ពេជ្រនិលសូរ្យកាន្ត  សស្រ្តាប៉ុន្មាន  ពុំស្មើឡើយនៃ  ។ 

(១០)  វិជ្ជាឱ្យមាន  សម្បត្តិធនធាន  មាសប្រាក់ទីទៃ  ទាសីទាសា  សួនច្បារប្រពៃ  ឱ្យមានជោគជ័យ  ល្បីសព្វទិសា  ។  វិជ្ជាឱ្យមិត្ត  ឱ្យញាតិរឹងរឹត  ស្រឡាញ់ស្នេហា  ឱ្យយសថ្កុំថ្កើង  រុងរឿងសក្ដា  វិជ្ជាក្លៀវក្លា  ការពារអកុសល  ។  វិជ្ជាឱ្យសុខ  គ្មានព្រួយវិតក្ក  ទុក្ខពុំហ៊ានពាល់  ធ្វើឱ្យចិន្ដា  ជ្រះថ្លាពេកសល់  វិជ្ជាតម្កល់  ក្ដីសុខក្នុងកាយ  ។  បូរីឯណា  មានពួកបណ្ដា  រាស្រ្តច្រើនប្រាជ្ញប្រាយ  បូរីនោះឯង  រែងល្បីសព្វសាយ  នគរទាំងឡាយ  ខ្លបខ្លាចតេជដៃ  ។  បិតាមាតា  បើបានបុត្រា  ឆ្លាតវិជ្ជាក្រៃ  លោកសឹងសរសើរ  ដំណើរបុត្រថ្លៃ  ដោយបុណ្យនិស្ស័យ  ទ័យាក្សេមក្សាន្ត  ។ 

(១៥)  វិជ្ជាជាគុណ  ឱ្យអស់មហាជន  គន់គិតគ្រប់ប្រាណ  សម្គាល់ត្រូវខុស  ទាបខ្ពស់ប៉ុន្មាន  ឱ្យយល់សណ្ឋាន  សន្ដានពាលខ្លៅ  ។  ឱ្យស្គាល់តូចធំ  ស្គាល់ក្មេងចាស់ទុំ  ដឹងត្រជាក់ក្ដៅ  ឱ្យស្គាល់ធ្ងន់ស្រាល  ដុតអាលឆ្អិនឆ្អៅ  ស្គាល់ទីក្នុងក្រៅ  ស្គាល់ហៅក្រាស់ស្ដើង  ។  បានបុណ្យកាលណា  ឱ្យដឹងខ្លួនថា  មិនត្រូវដំឡើង  ត្រូវតែបន្ទាប  សូភាពទើបថ្កើង  មិនត្រូវឱ្យឆ្មើង  យើងគេនិន្ទា  ។  ឱ្យចេះរក្សា  ឱ្យចេះខាំងខា  ឱ្យប្រឹងការពារ  កេរ្តិ៍អាពុកម្ដាយ  សាយសព្វនានា  ឱ្យបាននាមា  ក្រអូបលុបផ្កា  ។  ឱ្យចេះតបស្នង  មិនឱ្យកន្លង  គុណគ្រូអាចារ្យ  ឱ្យចេះអភិវាទ  មាតាបិតា  ស្រឡាញ់ស្នេហា  រក្សារួមរក្ស  ។ 

(២០)  បើចង់ធ្វើឈ្មួញ  តុបតែងជំនួញ  លក់ដូរបណ្ដាក់  វិជ្ជាឱ្យស្គាល់  យល់ការជ្រៅរាក់  ឋានពពួកអ្នក  ពាណិជរាល់គ្នា  ។  វិជ្ជាចង្អុល  ប្រឹងខំពន្យល់  បង្ហាញមាគ៌ា  ដឹកនាំទំនិញ  ចេញចូលនាវា  ឱ្យកើតលាភា  អនេកឱភាស  ។  ពាណិជមួយៗ  ឱ្យចេះមានព្រួយ  រិះរកប្រាក់មាស  កុំឆកុំឆក់  កុហកអស់រាស្រ្ត  សូវឱ្យវិនាស  ជាជាងលួចគេ  ។  ឱ្យចេះសម្ដី  កាន់ជនប្រុសស្រី  វៃវេះរិះរេ  ឱ្យជនផងស្ងួន  ដូចកូននិងមេ  នោះឯងទើបគេ  ជួយទិញជួយដូរ  ។  ធ្វើចិត្តឱ្យត្រង់  រស់ធម៌កុំបង់  កុំកំណាញ់ស្មូ  ជនជាតិអបលក្ខណ៍  ចិត្តស្មគ្រអសូរ  ករុណាឱ្យផូរ  ផង់រាល់វេលា  ។ 

(២៥)  វិជ្ជាឱ្យស្គាល់  ឱ្យកោតខ្លាចដល់  អង្គព្រះពុទ្ធា  បរមសាស្ដា  ទេវតាយក្សមារ  ឱ្យខំបូជា  វន្ទាសព្វថ្ងៃ  ។  ឱ្យស្គាល់មេត្តា  ឧត្ដមសាក្យា  មុនីចរណៃ  លុបលើសសត្វផង  កន្លងភពត្រៃ  ជនមាននិស្ស័យ  ក្រេបរសពុំខាន  ។  ឱ្យស្គាល់ព្រះធម៌  ប្រកបដោយពណ៌  ភ្លឺជាងសុរិធាន  មរណៈជរា  ព្យាធិប៉ុន្មាន  និរាសទៅបាន  អមតៈបូរី  ។  ឱ្យស្គាល់ព្រះសង្ឃ  ផុតដាច់ចំណង់  ត្រេកកាមលោកិយ  តណ្ហាស្ងប់ស្ងាត់  បង់បាត់រស្មី  គួរជនប្រុសស្រី  អើពើធ្វើទាន  ។  ព្រះសង្ឃដូចស្រែ  ជាប់ជីឥតល្ហែ  លូតលាស់ធនធាន  ឱ្យផលឧត្ដម  ស្ដុកស្ដម្ភក្រមាន  ចេះញ៉ាំងឱ្យទាន  ឱ្យរីករាយដាស  ។ 

(៣០)  វិជ្ជាឱ្យដឹង  ឱ្យជនប្រុងប្រឹង  ធ្វើតាមពុទ្ធសាសន៍  វចនៈប្រសើរ  ជាតិប្រហើរណាស់  ឱ្យអស់ក្មេងចាស់  សង្វាតសិក្សា  ។  ឱ្យខំធ្វើបុណ្យ  មិនឱ្យទុជ៌ន  កំណាញ់ឫស្យា  កុសលតូចធំ  តោងខំប្រវា  យកមកប្រើការ  បណ្ដេញលោភោ  ។  វិជ្ជាជួយឆ្លុះ  ឱ្យដឹងថាខុស  ទោសនោះជ្រងោ  តែកើតឡើងហើយ  អ្នកកើយសន្ធោ  ដូចភ្លើងនៅរោ-  រពនរកណា  ។  ឱ្យចេះពិតពិល  ឱ្យខំរមិល  សម្គាល់តណ្ហា  តែងបង្វឹកចិត្ត  ឱ្យស្និទ្ធប្រាថ្នា  នាំកើតសោកា  ឱរាផ្សាក្ដៅ  ។  លោភៈវាយដំ  ឈឺឆួលអួលក្រំ  ដំណំហ្មងសៅ  ញាំញីដួងចិត្ត  ប្រព្រឹត្តការខ្លៅ  លោភៈប្រដៅ  ឱ្យចង់តែបាន  ។ 

(៣៥)  បានហើយចង់ទៀត  ឱរាចង្អៀត  ស្ទើរប្រេះពីប្រាណ  ហឫទ័យកង្វល់  សល់សែនរំខាន  ក្នុងខន្ធសន្ដាន  ពីព្រោះប្រាថ្នា  ។  វិជ្ជាពន្យល់  ឱ្យចេះតទល់  សម្លាប់តណ្ហា  ឱ្យបរិចាគទាន  ជាគ្រឿងសស្ដ្រា  មកផ្ចាញ់ចេស្ដា  តណ្ហាអប្រិយ  ។  វិជ្ជាពញ្ញាក់  ធ្វើឱ្យសត្វភ្ញាក់  រាល់រូបប្រុសស្រី  ដឹងគិតទៅថា  លោកាទាំងបី  ទោសៈអប្រិយ  ដុះមីរត្រៀបត្រា  ។  គួរឱ្យប្រយត្ន  គួរខំកម្ចាត់  បំបាត់ទោសា  នាំកាយឱ្យព្រួយ  រលួយចិន្ដា  ខុសនឹងរាជការ  ខាតទ្រព្យសម្បត្តិ  ។  វិជ្ជាឱ្យដឹង  បើចង់បាត់ខឹង  ឱ្យកាន់សីលថ្វាត់  សីលប្រាំប្រាំបី  ប្រយោជន៍ច្រើនក្ដាត់  សីលអាចនាំសត្វ  កាត់រកនិព្វាន  ។ 

(៤០)  សីលជាឱសថ  ពូកែចំហុត  រកអ្វីស្មើគ្មាន  វិជ្ជាញ៉ាំងជន  ឱ្យធន់សូត្ររៀន  សីលជាប្រធាន  នាំក្ដីសុខា  ។  វិជ្ជាបង្អើល  ឱ្យជនផ្អូកផ្អើល  បារម្ភចិន្ដា  ថាបានមួយមាំ  សម្បើមណាស់ណា  គឺគួរមោហា  វង្វេងងងឹត  ។  ឃើញតូចថាធំ  ឃើញរាយថាដុំ  ឃើញឆ្ងាយថាជិត  គុណថាជាទោស  សត្រូវថាមិត្ត  ជនអើយគួរគិត  អាសូរអាត្មា  ។  មើលមានវិជ្ជា  ឱ្យយកភាវនា  ពិឃាដមោហា  ចោរកាចពន្លិច  តែងដិតរូបា  កាន់ទុក្ខសោកា  មហាច្រើនសល់  ។  ភាវនាជាថ្នាំ  សម្រាប់ដុសត្រាំ  មើលឧបាយកល  វង្វេងកើតហើយ  អ្នកអើយកុំឆ្ងល់  យកភាវនាផ្ដល់  ផ្ដាច់តួមោហា  ។ 

(៤៥)  ហៃសប្បុរស  ចូលចេះលោតផ្លោះ  ឱ្យចាកចេញណា  ពីមេបាបបី  ស្ដេចចោរក្លៀវក្លា  ទើបឃើញអមតា  និព្វានពណ្ណរាយ  ។  ចូលខំប្រព្រឹត្ត  ចិញ្ចឹមជីវិត  ឱ្យល្អព្រោងព្រាយ  តាមធម៌សុចរិត  កុំឱ្យបាបលាយ  នាំឱ្យរាយមាយ  អាប់ឱនសិរី  ។  ឱ្យត្រាប់ពុតឃ្មុំ  គំនិតរម្យទម  លើសលើបក្សី  ព្រឹកឡើងកាលណា  ចូលកាន់រក្ខី  ក្រេបរសពិសី  បុប្ផាទាំងឡាយ  ។  ដូចជាបណ្ឌិត  ប្រកបគំនិត  យល់ការវែងឆ្ងាយ  ចេះប្រឹងស្វែងរក  វត្ថុឆើតឆាយ  ពុំដែលមានណាយ  រសាយទ័យា  ។  កុំត្រាប់ពុតរុយ  មារយាទទុយមុយ  អាក្រក់មហិមា  ព្រឹកព្រាងស្វាងថ្វាត់  ត្រាច់កាត់ម្នីម្នា  រករោមអស់លា-  មកស្អុយជាប់ដាស  ។ 

(៥០)  សត្វរុយប្រៀបដូច  បុគ្គលពាលខូច  ប្រាថ្នាកាមក្រាស់  មិនស្គាល់រសពិត  ភាសិតពុទ្ធសាសន៍  នាំខ្លួនឱ្យប្រាស  និរាសក្ដីសុខ  ។  សប្បុរសគប្បី  ស្គាល់ជាតិលោកិយ  ច្រើនកាមវិតក្ក  កិលេសអប់រំ  នាំកាយអផ្សុក  ពុំបានស្រណុក  ក្នុងលោកនេះណា  ។  គួរខំវេះវាង  បញ្ញាឱ្យឃ្វាង  ចេះធ្វើរូបា  កុំឱ្យដេកត្រាំ  ក្នុងកាមតណ្ហា  ឱ្យខំសិក្សា  អដ្ឋង្គិកមគ្គ  ។  រីផ្កាបទុម  ពីដោរភីរម្យ  បរិបូណ៌នរលក្ខណ៍  កើតពីភក់  បឹងត្លុកជ្រៅរាក់  តែពុំចេះស្មគ្រ  នឹងសង្ខារខ្លួន  ។  ប្រឹងដុះលូតលាស់  រសាយចេញអស់  ល្បាតធំធួន  ផុតទឹកកាលណា  បុប្ផាក្លាយខ្លួន  ក្លិននោះគួរស្លួន  ដល់ជននានា  ។ 

(៥៥)  នេះដូចសប្បុរស  ចង់តែរដោះ  ពីកិលេសមារ  ប្រឹងខំធ្វើទាន  មានសីលភាវនា  តាមផ្លូវពុទ្ធា-  នុញ្ញាតវិសេស  ។  កុំធ្វើតាមជ្រូក  យកភក់​ធ្វើពូក  ដេកធ្វើក្រអែស  បានបាយភោក្ដា  ថាខ្លួនវិសេស  ចេះតែប្រហែស  មិនគិតតទៅ  ។  រូបជាប់ក្នុងទ្រុង  របងចង្រ្គុង  ធំៗសន្ធៅ  ពុំដែលចង់ចេញ  ចាកទីលំនៅ  ភក់ច្រើនយ៉ាងជ្រៅ  នៅស៊ូតែត្រាំ  ។  មិងដឹងខ្លួនថា  បន្តិចទៀតណា  ខ្លួននិងសោយកម្ម  គេនឹងសម្លាប់  សាច់សាប់ចិញ្រ្ចាំ  យកមកស្ងោរដាំ  ប្រឡាក់ញាំឆា  ។  ជ្រូកដូចពាលខ្លៅ  ចិត្តអាក្រក់ខ្មៅ  អាប់ឥតប្រាជ្ញា  ហឫទ័យប្រតិពទ្ធ  នឹងវដ្ដសង្សារ  ថាគ្មានឋានណា  ប្រសើរជាងបាន  ។ 

(៦០)  ជនអើយសូមគិត  សូមជួយពិនិត្យ  ពាក្យអម្បាលម៉ាន  ដែលខ្ញុំបានពោល  ចំពោះសន្ដាន  បើល្មមរាប់អាន  ចូរសិក្សាហោង  ៕៚

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖