ព្រះរាជ​ពិធី​បុណ្យ​រាជា​ភិសេក ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស

ចមចក្រពង្សហរិរាជ បរមិន្ធរ ភូវណៃក្រៃកែវហ្វាសុឡាឡៃព្រះចៅក្រុងកម្ពុជាធិបតីជាម្ចាស់ជីវិតលើត្បូង ក្រុងកម្ពុជាធិបតី

ព្រះរាជកំណត់បុណ្យរាជាភិសេក

ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ធរ ភូវណៃក្រៃកែវហ្វាសុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី ជាម្ចាស់ជីវិតលើត្បូង ។

ព្រះអង្គជាព្រះរាជបុត្រាច្បង នៃព្រះបាទសម្ដេច ព្រះ ស៊ីសុវត្ថិ ចមចក្រពង្ស ព្រះចៅក្រុងកម្ពុជាធិបតីនិងសម្ដេចព្រះវររាជជននី បរមបពិត្រព្រះនាម វ័ណ ទ្រង់ប្រសូតនៅក្រុងភ្នំពេញ ក្រុងកម្ពុជាធិបតី នៅថ្ងៃចន្ទ ១០កើត ខែបុស្ស​ ឆ្នាំជូត អដ្ឋស័ក ព្រះពុទ្ធសករាជ ២៤២០ មហាសករាជ ១២៣៨ ត្រូវគ្នានឹងថ្ងៃ ខែ យ៉ាំងវីយេរ ឆ្នាំបារាំង ១៨៧៥ ។

ទ្រង់បានរៀនវិជ្ជាយុទ្ធនាសង្រ្គាម ក្នុងក្រុងបារាំងសែស ហើយបានតាំងជាទីសែហ្វដឺបាតៃយ៉ុងកុំម៉ងដង្ដ មេទ័ពសក្ដិ ៤ ក្នុងក្រុមព្យុហៈបារាំងសែស ហើយបានធ្វើរាជការមានគុណបំណាច់ មហាប្រសើរបានសុវណ្ណបត្រ ជាសម្ដេចព្រះកែវហ្វា រួចទ្រង់ទទួលរាជសម្បត្តិ តពីព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ ជាព្រះវររាជបិតា តាំងពីថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំថោះ នព្វស័ក ព្រះពុទ្ធសករាជ ២៤៧០ ត្រូវគ្នានឹងថ្ងៃទី៩ ខែអ៊ូត ឆ្នាំ១៩២៧ ក្នុងព្រះជន្មវស្សា ៥២ឆ្នាំ ។

ព្រះរាជពិធីរាជាភិសេក

ចូលបុណ្យតាំងពីថ្ងៃសុក្រ ៣កើត ខែទុតិយាសាធ ឆ្នាំរោង សំរឹទ្ធិស័ក ព្រះពុទ្ធសករាជ ២៤៧១ រៀងដល់ថ្ងៃពុធ ៨កើត ខែឆ្នាំជាមួយគ្នា គឺពីថ្ងៃ ២០ សូយេត ទៅដល់ ២៥ ខែជាមួយគ្នាឆ្នាំបារាំង ១៩២៨ ។

តាំងព្រះរាជមណ្ឌលធម្ម ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យមានគ្រែពិធីជាទីតម្កល់ព្រះពុទ្ធរូប ព្រះទេវរូប និងគ្រឿងបញ្ចកកុធភណ្ឌ និងទីប្រជុំបុណ្យធំ ខាងមុខព្រះមហាស្វេតច្ឆត្រព្រះបល្លង្គ ។ មានរានទេវតា ៣ ថ្នាក់ ៨ ទិសជុំវិញ ព្រះទីន័ងទេវាវិនិច្ឆ័យ និងរានទេវតាធំ ៧ ថ្នាក់ ១ ទៀតតាំងខាងមុខ ព្រះទីន័ងទេវាវិនិច្ឆ័យ តាំងបល្លង្ក ៩ ជាន់ មានព្រះមហាបុស្បុកមាស សម្រាប់ថ្វាយទឹកស្រង់ខាងទិសបូព៌ានៃព្រះទីន័ងទេវាវិនិច្ឆ័យ ។ សង់រោងមណ្ឌល ៤ ទិសជុំវិញ តាមព្រះទ្វារក្រៅកំពែង ព្រះបរមរាជវាំង រោងមណ្ឌលមួយៗ ធំ ៤ ម៉ែត្រជ្រុងស្មើ លើរានក្រាលក្ដារ មានរបៀងនិងព្រះរាជវ័តជុំវិញ មានរានទេវតា ៣ ថ្នាក់ ១ និងដងគោមលាបថ្នាំ ១ មានគោម ១ អុជគ្រប់រោងមណ្ឌល ។

ព្រះសង្ឃនាយកទាំងពីរគណៈ និងសេនាបតីម៉ឺនសព្វមុខមន្រ្តីចៅក្រម ក្នុងក្រុងនិងក្នុងខេត្តនៃព្រះនគរ តាំងតុគ្រឿង សក្ការបូជាគោរពទេវតាក្នុងថែវ ក្នុងកំពែងសីមាព្រះបរមរាជវាំង ។

ត្រូវក្រុមរាជបណ្ឌិតពទ្ធអំបោះសីមា គ្រប់ព្រះទីន័ងព្រះដំណាក់ទាំងអស់ មកប្រជុំនិងគ្រែពិធីសូត្រមន្ត ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ។

១- ព្រះរោងមណ្ឌលធំ គឺព្រះទីន័ងទេវាវិនិច្ឆ័យត្រូវស្ដេចព្រះឥសីភទ្ទធិបតី ១ ព្រះព្រហ្មាធិរាជ ១ ព្រះមិន្ធរ ១ ព្រះជ័យាធិបតី ១ ព្រះធម្មរាជ ១ ព្រះបរមចារ ១ ព្រះទេព្វចារ ១ ព្រះឥន្ទកោរព្ភកា ១ ជា ៨ នាក់ កាន់ព្រតតាំងព្រះរាជពិធីចម្រើនព្រះសិទ្ធរសក្លស់សង្ខ ។

២- រោងមណ្ឌលទិសបូព៌ ត្រូវ ព្រះអរិយសាល ១ និងបារគូ ៣ នាក់ កាន់ព្រតតាំងព្រះរាជពិធីចម្រើនសិទ្ធរសក្លស់សង្ខ ។

៣- រោងមណ្ឌលទិសទក្សិណ ត្រូវព្រះធម្មឫទ្ធិ ១ និងបារគូ ៣ នាក់ កាន់ព្រតតាំងចម្រើចព្រះសិទ្ធរសក្លស់សង្ខ ។

៤- រោងមណ្ឌលទិសបស្ចឹម ត្រូវព្រះធម្មចារ ១ និងបារគូ ៣ នាក់ កាន់ព្រតតាំងចម្រើនព្រះសិទ្ធរសក្លស់សង្ខ ។

៥- រោងមណ្ឌលទិសឧត្តរ ត្រូវព្រះឥន្ទសរជ័យនិងបារគូ ៣ នាក់ កាន់ព្រតតាំងព្រះរាជពិធីចម្រើនព្រះសិទ្ធរសក្លស់សង្ខ ។

គម្រប់ ១ ថ្ងៃសុក្រ ៣កើត ខែទុតិយាសាធ គឺថ្ងៃ ២០ សូយេត

វេលាម៉ោង ១៦ គឺម៉ោង ៤ រសៀល រៀបពិធីឡើងព្រះទីន័ងព្រះមហាមន្ទីរជាទីប្រថាប់ និង ក្រឡាព្រះបន្ទំព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាប់នឹងព្រះទីន័ងទេវាវិនិច្ឆ័យ មានព្រះរាជបល្លង្កស្វេតច្ឆត្រខាងក្នុងសម្រាប់ទទួលក្រុមស្រ្តី ត្រង់ព្រះមហាមន្ទីរ មានព្រះទីន័ងចក្រពត្តិជាទីក្រឡាព្រះបន្ទំព្រះករុណានៅឯខាងត្បូង និងព្រះទីន័ងនារីរត្នសោភាជាទីក្រឡាបន្ទំសម្រាប់ព្រះមហេសី ឬព្រះស្នំ និងហោគ្រឿងជាទីស្ងោយ ឬទុកគ្រឿងទ្រង់នៅខាងលិច ។

ព្រះករុណាទ្រង់ព្រះពស្រ្តពណ៌ខៀវតាមពណ៌ថ្ងៃសុក្រ ស្ដេចយាងព្រះបាទលើមាគ៌ាក្រាលសំពត់ស លើកន្ទេលតាមក្បួនហែ ពីព្រះដំណាក់ចន្ទចូលទៅឡើងព្រះទីន័ងព្រះមហាមន្ទីរតាមទំនៀម ។ ឧកញ៉ាវាំងវរវៀងជ័យ ត្រូវចាំទទួលព្រះករុណាក្នុងព្រះទីន័ងព្រះមហាមន្ទីរ ។

ទីស្ដេចក្សត្រីនិងព្រះស្នំក្រមការនិងជំទាវខុនណាងក្រាបបង្គំគាល់ក្នុងព្រះទីន័ងមហាមន្ទីរ និងក្នុងព្រះទីន័ងនារីរត្នចក្រពត្តិសោភា ។

ទីស្ដេចក្សត្រានិងអគ្គមហាសេនាបតីនាម៉ឺនសព្វមុខមន្រ្តី ក្រាបបង្គំគាល់ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យមុខព្រះមហាបល្លង្កស្វេតច្ឆត្រ ។

ម៉ោង ១៧ និង ៣០ នាទី គឺម៉ោង ៥ កន្លះល្ងាច ព្រះករុណាថ្វាយបង្គំថ្វាយព្រះបិដរក្នុងហោអដ្ឋិ ។

ម៉ោង ១៨ គឺម៉ោង ៦ ល្ងាច ឧកញ៉ាហោរាធិបតីចាងហ្វាងសូត្រប្រកាសទេវតា ចូលបុណ្យរាជាភិសេកនៅរានទេវតាធំខាងមុខព្រះទីន័ងទេវាវិនិច្ឆ័យ ។

ម៉ោង ១៨ និង ៣០ នាទី គឺម៉ោង ៦ កន្លះល្ងាច អុជពន្លឺប្រទីបគ្រឿងសក្ការបូជា ក្នុងព្រះបរមរាជវាំង និងពន្លឺខាងក្នុង ខាងមុខព្រះទីន័ងទេវាវិនិច្ឆ័យនិងគ្រឿងតាំងតុ ។

ព្រះករុណាទ្រង់ព្រះពស្ត្រពណ៌ខៀវ និងព្រះភូសាពណ៌ខៀវព្រមទាំងគ្រឿងព្រះរាជឥស្សរិយយស ស្ដេចយាងព្រះបាទតាមក្បួនហែ មានស្រ្តីកាន់ផ្កាមាស ៤ ផ្កាប្រាក់ ៤ ប្រណមហែមុខ និងស្រ្តីអញ្ជើញគ្រឿង ១៦ នាក់ហែក្រោយ ។ ហែពីក្នុងព្រះទីន័ងព្រះមហាមន្ទីរចេញទ្វារព្រះផាយគ្រឿន  មកគង់នៅព្រះទីន័ងទេវាវិនិច្ឆ័យ មានសម្ដេចព្រះឥសីភន្ទធិបតី អញ្ជើញព្រះនារាយណ៍ហែមុខ ។

ទ្រង់ប្រថាប់លើព្រះទីន័ងកៅអី អុជគ្រឿងពុទ្ធបូជាថ្វាយបង្គំព្រះរតនត្រៃ ហើយស្ដេចយាងទៅអុជទៀនជ័យ ជាមួយនឹងព្រះសង្ឃនាយកក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ហើយទ្រង់ថ្វាយត្រៃព្រះសង្ឃ ២៦អង្គគ្រងរួចក្រុមសង្ឃការីទូងរគាំងអារាធនាសីលនិមន្តព្រះសង្ឃចម្រើនព្រះពុទ្ធមន្តពិធីឡើងព្រះទីន័ងមហាមន្ទីរ និងធ្វើព្រះសិទ្ធរសព្រះពុទ្ធមន្ត ទុកថ្វាយស្រង់ក្នុងបុណ្យរាជាភិសេក ។

ព្រះរាជវង្សានុវង្សគ្រប់អង្គនិងអគ្គមហាសេនាបតី នាម៉ឺនសព្វមុខមន្រ្តី ចៅក្រមក្នុងក្រុង និងក្នុងខេត្តស្លៀកសំពត់និងពាក់អាវសារបាប់ពណ៌ល្បើក ឬផាមួងនិងគ្រឿងឥស្សរិយយស ចួបជុំក្រាបថ្វាយបង្គំគាល់តាមតំណែងក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ព្រះសង្ឃចម្រើនព្រះពុទ្ធមន្ត រួចព្រះករុណា​ស្ដេច​យាងចូលតាមក្បួនហែចូលទៅប្រថាប់ក្នុងព្រះទីន័ងចក្រពត្តិទ្រង់គ្រឿងពណ៌ស ទទួលសមាទានសីលក្នុងព្រះទីន័ងទ្រង់ធម៌ជាបរិសុទ្ធក្នុងព្រះអង្គ ។

ម៉ោង ២០ គឺម៉ោង ៨ យប់ លៀងភោជនាហារ ព្រះរាជវង្សានុវង្ស អគ្គមហាសេនា សេនាបតី នាម៉ឺនសព្វមុខមន្ត្រី និងចៅក្រម ។

ពីម៉ោង ២១ ដល់ម៉ោង ២៤ គឺពីម៉ោង ៩ យប់ ទៅដល់អធ្រាត្ររាំល្ខោនក្នុងរោងព្រះទីន័ងពិធីបុណ្យ និងល្បែងមហោស្រពខាងមុខព្រះលាន អុជកាំជ្រួចរន្ទាភ្ញីទៀន ។

គម្រប់ពីរ ថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាធ គឺថ្ងៃ ២១ ខែសូយេត

ម៉ោង ៩ ព្រឹកព្រះករុណាទ្រង់ព្រះពស្រ្តនិងព្រះភូសាពណ៌ឋានខ្មៅស្ដេចយាងតាមក្បួនហែដដែល ចេញនិមន្តព្រះសង្ឃដែលបានចម្រើនព្រះពុទ្ធមន្តពីល្ងាចសូត្រពាហុំថ្វាយ វេរព្រះភោជនាហារព្រះសង្ឃឆាន់ ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យមានតូរ្យតន្រ្តីមហោរីលេងថ្វាយ រួចទ្រង់ប្រគេនទេយ្យទាន ។

ព្រះរាជវង្សានុវង្ស អគ្គមហាសេនាសេនាបតី នាម៉ឺនសព្វមុខមន្រ្តី និងចៅក្រមក្នុងក្រុង ក្នុងខេត្តស្លៀកពណ៌ដូចដែលនឹងគ្រឿងឥស្សរិយយស ចួបជុំក្រាបថ្វាយបង្គំគាល់ ។

លេងល្បែងមហោស្រព ខាងមុខព្រះបរមរាជវាំងដល់ម៉ោង ១០ ព្រឹក ។

ព្រះករុណាព្រះរាជទានគ្រឿងឥស្សរិយយស និងរបស់ទុកព្រះកេរ្តិ៍ខ្ញុំរាជការខ្មែរ ។

ពីម៉ោង ១៥ ដល់ម៉ោង ១៨ គឺពីម៉ោង ៣ រសៀលដល់ម៉ោង ៦ ល្ងាចរាំល្ខោនក្នុងព្រះទីន័ងពិធីបុណ្យ និងល្បែងមហោស្រព មុខព្រះលាន ។

ពីម៉ោង ១៨ ដល់ម៉ោង ២៤ គឺម៉ោង ៦ ល្ងាចដល់អធ្រាត្រ របៀបបុណ្យដូចថ្ងៃដំបូង ។

គម្រប់ ៣ ថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាធ គឺ ថ្ងៃ២២ ខែស៊ូយេត

របៀបបុណ្យដូចថ្ងៃគម្រប់ពីរ ។

ព្រះករុណាទ្រង់ពណ៌ក្រហម ។

គម្រប់ ៤ ថ្ងៃចន្ទ ៦កើត ខែទុតិយាសាធ គឺថ្ងៃ២៣ ខែស៊ូយេត

ពីម៉ោង ៧ និង ៥ នាទីព្រឹក ជាមួយមហាវិជ័យមង្គលឫក្ស ព្រះករុណាទ្រង់គ្រឿងពណ៌ស ព្រះភូសាផាយ ស ស្ដេចយាងតាមក្បួនហែដូចដែលមកក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ បារគូផ្លុំសង្ខគ្រលែងពីងពាំង និងប្រគុំតូរ្យតន្រ្តីថ្វាយតាមទំនៀម ព្រះករុណាថ្វាយបង្គំព្រះពុទ្ធរូប ព្រះទេវរូបនិមន្តព្រះសង្ឃដែលសូត្រព្រះពុទ្ធមន្តពីល្ងាច សូត្រជយន្តោថ្វាយជ័យស្រង់ហើយព្រះករុណាទទួលលោកឡឺគូវែរណើរយេណេរ៉ាល់ ដឺឡាំងដូស៊ីន និងលោក ឡឺរ៉េស៊ីដង្ដ សុប៉េរីយើរ ឡារ៉េពូព្លិក បារាំងសែស ក្នុងក្រុងកម្ពុជា ជាមួយនឹងសម្ដេចព្រះសង្ឃនាយកពីរគណៈ និងអគ្គមហាសេនាបតី និងស្ដេចព្រះឥសីភទ្ទធបតី ហែស្ដេចយាងឡើងលើព្រះបល្លង្កក្រោមព្រះមហាបុស្បុក តាំងខាងមុខព្រះទីន័ងទេវាវិនិច្ឆ័យ ព្រះករុណាគង់លើផែនសុវណ្ណជរដ៏រចនា និងជាតិហិង្គុលជាភាពរាជសីហ៍ ក្រាលលើស្លឹកឧទុម្ពរព្រឹក្ស សម្ដេចព្រះឥសីភទ្ទធិបតី ថ្វាយសង្ខជ័យព្រឹក្ស ព្រះករុណាទ្រង់ទទួលកាន់ព្រះហស្ដស្ដាំ ជាព្រះតេជចេស្ដា ព្រះករុណាឈមព្រះភក្ត្រទៅបូព៌ាទិសា ។

ឧកញ៉ា ហោរាធិបតី ចាងហ្វាងក្រុមហោរា សូត្រប្រកាសអញ្ជើញទេវតា សូមចម្រើនសិរីសួស្ដីជ័យមង្គល ថ្វាយព្រះករុណានៅទីរានទេវតាហើយសក្ខណាកាំភ្លើង ២១ ណាត់ ។

ព្រះសង្ឃនាយកទាំងពីរគណៈ ថ្វាយព្រះឧទកធារាពុទ្ធមន្តស្រង់សម្ដេចព្រះឥសីភទ្ទធបតី ថ្វាយព្រះសិទ្ធរសភ្លស់សង្ខ ទ្រង់ស្រង់យោងព្រះកេសាតាមទំនៀម សម្ដេចព្រះឥសីភទ្ទធិបតីថ្វាយស្លឹកព្នៅសៀតព្រះកាណ៌ធ្វេង ។

លោកឡឺគូវែរណើរយេណេរ៉ាល់ និងលោកឡឺរេស៊ីដង្ដសុប៉េរីយើរ និងអគ្គមហាសេនា សេនាធិបតី ក៏ជួយថ្វាយព្រះសិទ្ធរស ទ្រង់ស្រង់រួចហែស្ដេចយាងចុះមក ត្រូវព្រះរាមាធិបតី ចាងហ្វាងក្រុមព្រះវង្សបុព្វជូរស្រប់ព្រះបាទព្រះករុណានឹងទឹកដូង ទឹកអប់លើថាសមាសថាសប្រាក់ រួចស្ដេចយាងសណ្ឋិតលើផែន ផ្លាស់ព្រះពស្ត្រព្រះភូសា ហើយស្ដេចយាងចូលទៅក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ តាមក្បួនហែយាងទៅប្រថាប់ ក្នុងព្រះទីន័ងចក្រពត្តិវិញ ទ្រង់គ្រឿងព្រះពស្រ្ដ ព្រះភូសាផាយរត្តកម្ពល តាមមហាក្សត្រពីបុរាណពេញព្រះរាជយស ។

ម៉ោង ៩ ព្រឹក ព្រះករុណាទ្រង់គ្រឿងសម្រាប់ព្រះមហាក្សត្រាធិរាជតាមក្បួនហែធំដដែល ចេញមកក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ សម្ដេចព្រះឥសីភន្ទធបតីទទួលហែមុខទ្រង់ទទួលគំនាប់លោក ឡឺគូវែរណើរយេណេរ៉ាល់ដឺឡាំងដូស៊ីន និងលោក ឡឺរេស៊ីដង្គ សុបេរីយើរ និងអស់លោកអ្នករាជការអ្នកជំនួញបារាំងសែស ដែលមកចួបជុំជួយបុណ្យ រួចទ្រង់ថ្វាយបង្គំព្រះពុទ្ធរូប ព្រះទេវរូប ទទួលសីលថ្វាយព្រះអង្គជាពុទ្ធុបដ្ឋាក ជាធម្មុប្បដ្ឋាក ជាសង្ឃុបដ្ឋាក ហើយវេរភោជនាហារនិងគ្រឿងទេយ្យទានដល់ព្រះភិក្ខុសង្ឃៗ ថ្វាយព្រះពរនិមន្តទៅឆាន់ឯកុដិ ។

ព្រះករុណា ស្ដេចយាងទៅប្រថាប់លើព្រះទីន័ង កៅអីក្រាលសរបរិសុទ្ធឈមព្រះភក្ត្រទៅទិសបូព៌ មានព្រះរាជគ្រូបារគូបុរោហិតអង្គុយគាល់ជុំវិញទាំង ៨ ទិសមានបារគូផ្លុំសង្ខ ទើបសម្ដេចឥសីភន្ទធិបតីថ្វាយព្រះឥសូរ ទ្រង់ឱបព្រះហស្ដស្ដាំ ថ្វាយព្រះនារាយណ៍ ទ្រង់ឱបព្រះហស្ដធ្វេង ហើយព្រះរាជគ្រូអង្គុយទិសបូព៌ សូត្រថ្វាយព្រះគាថាតាមទិស រួចទ្រង់បង្វិលព្រះអង្គជាទក្ខិណា ដែលឆ្ពោះព្រះភក្រ្តទៅទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយព្យ ទិសឧត្ដរ និងទិសឦសាន ត្រូវឲ្យបុរោហិតដែលអង្គុយប្រចាំទិស សូត្រថ្វាយព្រះគាថាតាមទិសគ្រប់ៗទិសតាមទំនៀមព្រាហ្មណ៍ រួចទ្រង់ព្រះភក្រ្តទៅទិសបូព៌វិញព្រះរាជគ្រូប្រចាំទិសទាំង ៨ ថ្វាយសិរីសួស្ដីមហាជ័យមង្គលព្រមៗ គ្នារួចសម្ដេចព្រះឥសីភទ្ទថ្វាយព្រះសិទ្ធរសព្រះរាជសង្ខទ្រង់ស្ងោយ ។

ឧកញ៉ាពិនិត្យវិនិច្ឆ័យចាងហ្វាងក្រុមព្រះអាលក្ខណ៍ សូត្រព្រះសុវណ្ណ​បត្តថ្វាយព្រះនាម ។

ឧកញ៉ាមហាមន្ត្រីក្រុមរឿនហ្លួង សូត្រថ្វាយព្រះមហាមកុដរាជ្យ និងរាជសម្បត្តិសួយសារអាករ ព្រះនគរបាលក្រុងកម្ពុជាធិបតី និងព្រះរាជវង្សានុវង្សក្សត្រា និងអគ្គមហាសេនា សេនាបតី នាម៉ឺនសព្វមុខមន្រ្តី ខ្ញុំរាជការគ្រប់តំណែង គ្រប់ទាំងខាងក្នុង ខាងក្រៅ និងស្រែចម្ការច្បារដំណាំ ទឹកដីព្រៃភ្នំក្នុងខបខណ្ឌសីមា ព្រះមហានគរក្រុងកម្ពុជាធិបតី និងថ្វាយសព្ទសាធុការពរ រួចព្រះរាជវង្សានុវង្សអគ្គមហាសេនា សេនាបតី នាម៉ឺនសព្វមុខមន្រ្តីខ្ញុំរាជការទាំងអស់ ដែលមកចួបជុំនៅទីនោះ មានពាន មានតុដាក់តម្កល់ត្រាសម្រាប់យសសក្ដិ និងផ្កានិងទៀនទឹកអប់ តាមយសសក្ដិក្រាបថ្វាយបង្គំម្ដងៗ ។

ព្រះករុណាទ្រង់មានព្រះរាជឱង្ការនូវព្រះបន្ទូល សូរសីហនាទ ព្រះរាជទានសព្ទសាធុការពរហើយទ្រង់ព្រះរាជទានត្រាសម្រាប់យសសក្ដិមុខងារគ្រប់តំណែង ឲ្យអស់រាជវង្សានុវង្ស អគ្គមហាសេនា សេនាធិបតី នាម៉ឺនសព្វមុខមន្រ្តីទទួលធ្វើរាជការតាមតំណែង ឆ្លងព្រះតេជគុណ និងព្រះរាជទានស្រែចម្ការច្បារដំណាំ ទឹកដីព្រៃភ្នំ ឲ្យអស់ខ្ញុំរាជការប្រជានុរាស្រ្តនៅធ្វើរបររកស៊ីដោយសុខក្សេមក្សាន្តជាធម្មតាដូចដើមវិញ ។

ខ្ញុំរាជការទាំងអស់ទទួលក្រាបថ្វាយបង្គំម្ដង ។

ព្រះករុណាគង់លើព្រះទីន័ងកៅអីមាស ។

លោក គូវែរណើរយេណេរ៉ាល់ និងលោក ឡឺរេស៊ីដង្ដសុប៉េរីយើរ ចូលថ្វាយគំនាប់ចួបជុំ ប្រជុំធំ នាំព័ត៌មានថ្វាយសព្ទសាធុការពរ ពីគូវែរណើរម៉ង់ ដឺឡារេពូព្លីក បារាំងសែស ដែលទំនុកបម្រុងក្រុងកម្ពុជាធិបតីហើយអញ្ជើញ និងហែរស្ដេចឡើងប្រថាប់លើព្រះបល្លង្ករត្ន ក្រោមព្រះមហាស្វេតច្ឆត្រ ៩ ជាន់សក្ខណាកាំភ្លើង ២១ ណាត់ហើយសម្ដេចឥសីភទ្ទធិបតី អញ្ជើញព្រះមហាមកុដរាជ្យ ជូនទៅលោកគូវែរណើរយេណេរ៉ាល់ ទ្រង់ថ្វាយព្រះករុណាតាងព្រះនាមក្រុងបារាំងសែស ។

អញ្ជើញព្រះខ័នរាជ្យជូនទៅលោក ឡឺរេសីដង្ដសុប៉េរីយើរ ថ្វាយទៅព្រះករុណាទ្រង់ទទួលកាន់ព្រះហស្ដស្ដាំ ហើយសេនាបតីនិងចៅក្រសួងថ្វាយឋានព្រះករ ព្រះសុពណ៌បាទ និងគ្រឿងសម្រាប់រាជតាមទំនៀម ។

ខ្ញុំរាជការក្រាបថ្វាយបង្គំម្ដងទៀត ជាគម្រប់ ៣ ដងស្រេច ។

លោក គូវែរណើរយេណេរ៉ាល់ ថ្លែងអធិប្បាយថ្វាយសព្ទសាធុការពរ ។

ព្រះរាជគ្រូហែស្ដេចយាងចុះមកគំនាប់លោកគូវែរណើរយេណេរ៉ាល់ និងលោក ឡឺរេស៊ីដង្ដ សុប៉េរីយើរ ហើយទ្រង់សូត្រព្រះរាជឱង្ការ តបព្រះតេជគុណក្រុងបារាំងសែសដែលជួយរក្សានគរ និងរាជការក្រុងកម្ពុជាធិបតី និងជួយជាអធិបតី ក្នុងការបុណ្យរាជាភិសេកព្រះអង្គ ។

លោក ឡឺគូវែរណើរយេណេរ៉ាល់ និងលោក ឡឺរេស៊ីដង្គសុប៉េរីយើរ និងមហាជនបារាំងសែស ដែលមកចួបជុំទាំងអស់ ចាប់ព្រះហស្ដថ្វាយគំនាប់លាព្រះករុណាចេញទៅវិញ ។

ម៉ោង ១០ ព្រឹក ព្រះករុណា ស្ដេចយាងតាមក្បួនហែចូលទៅវិញដល់ព្រះទីន័ង ទក្សិណប្រថាប់លើព្រះទែន ។ ទើបអ្នករាជានុពង្សក្រាបបង្គំទូលឆ្លងថ្វាយអស់ព្រះរាជវង្សានុវង្សក្សត្រិយ៍ និងព្រះស្នំក្រមការព្រះស្រិង្គារ និងសព្ទសាធុការពរ ។

ភរិយាចាងហ្វាងក្រុមរឿនហ្លួង ក្រាបបង្គំទូលឆ្លងថ្វាយជំទាវខុនណាង និងខ្ញុំរាជការ​ក្សត្រីគ្រប់ក្រុម ហើយថ្វាយសព្ទសាធុការពរ ។

អស់ព្រះរាជវង្សានុវង្សក្សត្រី និងព្រះស្នំ ក្រមការ ព្រះសិង្គារជំទាវខុនណាង និងខ្ញុំរាជការស្រ្តីគ្រប់ក្រុម មានផ្កានិងទៀន ទឹកអប់ តម្កល់លើពានលើតុ តាមយសសក្ដិ គ្រប់គ្នាក្រាបថ្វាយបង្គំម្ដង ។

ព្រះករុណាទ្រង់មានព្រះរាជឱង្ការ ព្រះរាជទានពរសព្ទសាធុការវិញអស់ខ្ញុំរាជការ ស្រ្តីក្រាបថ្វាយបង្គំម្ដង ។

ព្រះករុណាទ្រង់យាងចូលទៅក្នុងព្រះទីន័ងចក្រពត្តិ អស់ខ្ញុំរាជការស្រ្តីក្រាបថ្វាយបង្គំម្ដងទៀត ជាគម្រប់ ៣ ដងស្រេច ។

ម៉ោង ១០ និង ៣០ នាទីព្រឹក ព្រះករុណាទ្រង់គ្រឿងពណ៌ដដែលស្ដេចព្រះរាជដំណើរយាងចេញតាមក្បួនហែមក ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យចួបជុំព្រះរាជវង្សានុវង្ស អគ្គមហាសេនាបតី នាម៉ឺនសព្វមុខមន្រ្តីថ្វាយព្រះទក្ខិណាបង្វិលព្រះពពិល ១៩ ជុំ ។

លែងមនុស្សទោសគ្រប់គុកក្នុងព្រះនគរ តាមព្រះរាជប្រកាសតាមសេចក្ដីសុំពីកុង្សីយ៍ សេនាបតី ។

ម៉ោង ២០ គឺម៉ោង ៨ យប់ព្រះកុរណាទ្រង់ទទួលលៀងភោជនាហារលោកឡឺគូវែរណើរយេណេរ៉ាល និងលោកឡឺរេស៊ីដង្ដសុប៉េរីយើរ ។

ម៉ោង ២២ គឺម៉ោង ១០ យប់ រាំល្ខោនព្រះរាជទ្រព្យនិងកម្សាន្តធំក្នុងព្រះពន្លាចន្ទឆាយា ។

គម្រប់ ៥ ថ្ងៃអង្គារ ៧កើត ខែទុតិយាសាធ គឺថ្ងៃ ២៤ សូយេត

ម៉ោង ៧ ព្រឹក ព្រះករុណាទ្រង់គ្រឿងព្រះពស្ត្រព្រះភូសាពណ៌ស្វាយទ្រង់ព្រះមកុដពេញព្រះរាជយស ស្ដេចយាងតាមក្បួនហែចេញពីព្រះទីន័ងទេវាវិនិច្ឆ័យ សក្ខណាកាំភ្លើង ២១ ណាត់ ស្ដេចយាងឡើងគង់ព្រះរាជយានុមាត្យ ព្រមដោយក្បួនហែធំ និងព្រះរាជវង្សានុវង្ស ទ្រង់ព្រះពស្រ្តសារបាប់​ព្រះភូសាផាយពណ៌ និងព្រះមាលាទ្រង់ព្រះពាតឬព្រះភូសាសក្ដិ ព្រះមាលាការ អគ្គមហាសេនាយោង សេនាបតីគូឃៀង ចេញប្រទក្សិណព្រះនគរ ទ្រង់ប្រោសប្រទានប្រាក់តាមមាគ៌ា តាំងពីមុខព្រះលានទៅទិសបូព៌ បត់តាមថ្នល់ទៅទក្សិណ ដល់ថ្នល់ទទឹងបត់ទៅទិសបស្ចិមដល់ស្ពាននាគចូលព្រះពន្លាភ័ក ១ ។

លោក ឡឺរេស៊ីដង្ដ សុប៉េរីយើរ និង សម្ដេចឥសីភទ្ទធិបតី ចាំទទួលព្រះករុណាស្ដេចចូលប្រថាប់ ព្រាហ្មណ៍ផ្លុំសង្ខថ្វាយជ័យថ្វាយព្រះសិទ្ធរសក្លស់សង្ខយោងព្រះកេសា ហើយទ្រង់ព្រះជដាបញ្ចកុធ ឡើងគង់លើព្រះរាជរថទឹមអស្សតរ ៦ តាមក្បួនហែរតាមផ្លូវឃ្លាំងប្រេងកាត បត់ទៅឯកើតដល់ស្ពានឥន្ទធនូ ចូលព្រះពន្លាភក័ ១ ។

លោកឡឺរេស៊ីដង្ដសុប៉េរីយើរ និងសម្ដេចឥសីភទ្ទធិបតីចាំទទួលព្រះកុរណា ព្រាហ្មណ៍ផ្លុំសង្ខថ្វាយជ័យ ថ្វាយព្រះសិទ្ធរសក្លស់សង្ខយោងព្រះកេសា រួចទ្រង់ព្រះមហាមាលាឡើងគង់ព្រះទីន័ងអស្សតរតាមធ្លាធំ មកដល់មុខផ្ទះប្រូតិកតូរ៉េត៍ ស្ដេចចូលប្រថាប់មានក្រុមយុទ្ធនាថ្វាយគំនាប់ ។

មានលោកគូវែរណើរយេណេរ៉ាល និងលោកឡឺរេស៊ីដង្គសុប៉េរីយើរ ទទួលថ្វាយសាធុការពរ ព្រាហ្មណ៍ផ្លុំសង្ខថ្វាយជ័យ ថ្វាយព្រះឧទកក្លស់សង្ខយោងព្រះកេសា រួចស្ដេចទ្រង់ព្រះមហាមាលា ទ្រង់ព្រះពាតឡើងគង់លើព្រះទីន័ងគជេន្ទ្រ ព្រះរាជដំណើរតាមក្បួនហែចូលក្នុងព្រះបរមរាជវាំង ដល់កើយខាងមុខព្រះទីន័ងសម្រាន្តភិរម្យ ទ្រង់យាងតាមព្រះទីន័ងសម្រាន្តភិរម្យ សក្ខណាកាំភ្លើង ២១ ដង ។

លោក ឡឺរេស៊ីដង្ដ សុប៉េរីយើរ និងសម្ដេចព្រះឥសីភទ្ទធិបតីទទួលហែព្រះករុណាទៅក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ព្រាហ្មណ៍ផ្លុំសង្ខថ្វាយជ័យថ្វាយព្រះសិទ្ធរសក្លស់សង្ខ រួចហែស្ដេចយាងតាមក្បួនហែចូលទៅប្រថាប់ក្នុងព្រះទីន័ងព្រះមហាមន្ទីរ ។

ល្បែងមហាស្រពលេងនិងល្ខោនរាំដល់ម៉ោង ១៨ គឺម៉ោង ៦ រសៀលលើក អុជពន្លឺប្រទីបតាំងតុដល់អធ្រាត្រ ។

ម៉ោង ២០ គឺម៉ោង ៨ យប់ លោកឡឺគូវែរណើរ យេណេរ៉ាល និងលោកឡឺរេស៊ីដង្គ សុប៉េរីយើរ រៀបរៀងថ្វាយភោជន៍ព្រះករុណាទ្រង់ស្វោយឯប្រូតិកតូរ៉ាត៍ ។

ម៉ោង ២២ គឺម៉ោង ១០ យប់ ទទួលលៀងអស់អ្នករាជការបារាំងសែស រាជការខ្មែរ និងមហាជនទាំងអស់កម្សាន្តសប្បាយក្នុងមន្ទីរប្រូតិកតូរ៉ាត៍ ។

គម្រប់ ៦ ថ្ងៃពុធ ៨កើត ខែទុតិយាសាធ គឺថ្ងៃទី ២៥ ខែសូយេត

ម៉ោង ៦ ព្រឹក សាតុដែលតាំងគ្រឿងសក្ការបូជា ។

ម៉ោង ១៧ គឺម៉ោង ៥ រសៀលព្រះករុណាទ្រង់គ្រឿងធម្មតា ស្ដេចចេញលត់ទៀនជ័យ និងប្រគេនទេយ្យធម្មព្រះសង្ឃក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ។

ក្បួនវិធីឡើងព្រះទីន័ងមហាមន្ទីរក្នុងព្រះបរមរាជវាំង

ដល់ពេលហែត្រូវបាឡាត់ទូលឆ្លងក្រុមវាំង ក្រាបបង្គំទូលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ ។

ឧកញ៉ាវាំងវរវៀងជ័យ ត្រូវរៀបក្បួនហែព្រះករុណាស្ដេចព្រះរាជដំណើរឡើងព្រះទីន័ងមហាមន្ទីរតាមលើមាគ៌ាក្រាលកន្ទេលនិងសំពត់សលើ ។

ឧកញ៉ាវង្សាសារពេជ្រចាងហ្វាង ឧកញ៉ាសុត្តន្តប្រីជា ចាងហ្វាងក្រុមព្រះរាជបណ្ឌិត ត្រូវនិមន្តព្រះពុទ្ធរូប តម្កល់លើតោក បាំងព្រះក្លស់ពណ៌ស ហែមុខព្រះករុណា ។

សម្ដេចព្រះឥសីភទ្ទធិបតី ព្រះព្រហ្មាធិរាជ ឧកញ៉ាហោរាធិបតីចាងហ្វាងហែរក្រោយព្រះពុទ្ធរូប ឧកញ៉ាកោសាធិបតីនិង ឧកញ៉ាព្រះឃ្លាំងធិបតី នាយឃ្លាំងមណីរត្ន អញ្ជើញភ្លុកដំរី ១ គូ តម្កល់លើតោក ឧកញ៉ាបរនាយកអញ្ជើញកុយ ១ គូ តម្កល់លើពានមាស របស់ទាំងនេះ ជាគ្រឿងត្រជាក់ត្រជុំ ចម្រើនព្រះសិរីសួស្ដីសុវត្ថិពិភទ្ទមង្គលជ័យ ។

ហែក្រោយព្រះករុណា

១- ស្រ្តីកែវ ១ នាក់ស្លៀកសំពត់សារបាប់ស ឬល្បើកសសម្លុយពានាតាតសប៉ានឃ្លិប អញ្ជើញព្រះទម្រង់អស្សឡីយ ។

ស្រ្តីមង្គលទាំង ៤ ទ្វីបគឺ ៖

២- ស្រ្តីបុព្វេវិទហទ្វីប ១ ស្លៀកសំពត់សារបាប់ ឬល្បើកពណ៌ពានាពណ៌លឿងកាច់ផ្កាមាស ។

៣- ស្រ្តីជម្ពូទ្វីប ១ ស្លៀកសំពត់សារបាប់ឬល្បើកពណ៌ ពានាពណ៌ពេជ្រ កាន់ផ្កាមាស ។

៤- ស្រ្តីអបរគោយានទ្វីប ១ ស្លៀកសំពត់សារបាប់ ឬល្បើកពណ៌ពានាពណ៌លឿងខ្ចីកាន់ផ្កាប្រាក់ ។

៥- ស្រ្តីឧត្តរកុរុទ្វីប ១ ស្លៀកសំពត់សារបាប់ពណ៌ឬល្បើក ពានាពណ៌មក៌ត កាន់ផ្កាប្រាក់ ។

ស្រ្តីទាំង ៥ នេះត្រូវរើសក្នុងរាជត្រកូលប្រកបដោយលក្ខណៈបរិសុទ្ធរុងរឿងល្អ ។

៦- ស្រ្តី ១ នាក់ស្លៀកសារបាប់ ឬល្បើកសម្លុយ ពានាតាតប៉ានឃ្លិបអញ្ជើញព្រះពានមាស តម្កល់ថវិកាសារបាប់ដាក់ត្បូងផ្សេង ៗ ។

៧- ស្រ្តី ១ នាក់ ស្លៀកសារបាប់ឬល្បើក សម្លុយពានា តាតប៉ានឃ្លិប អញ្ជើញព្រះពានតម្កល់ថវិកាសារបាប់ដាក់សុវណ្ណ (មាស) ។

៨- ស្រ្តី ១ នាក់ស្លៀកសារបាប់សម្លុយ ពានាតាតប៉ានឃ្លិបអញ្ជើញព្រះពានតម្កល់ថវិកា សារបាប់ដាករជដ (ប្រាក់) ។

៩- ស្រ្តី ១ នាក់ស្លៀកសារបាប់សម្លុយ ពានាតាតប៉ានឃ្លិបអញ្ជើញព្រះពានតម្កល់ មណីសិលា បិទមាសជារបស់មង្គល ។

១០- ស្រ្តី ១ នាក់ស្លៀកសារបាប់ ឬល្បើកសម្លុយ ពានាតាតប៉ានឃ្លិប អញ្ជើញព្រះពានតម្កល់ ត្រឡាចបិទមាស ។

១១- ស្រ្តី ១ នាក់ ស្លៀកសារបាប់ ឬល្បើកសម្លុយ ពានាតាតប៉ានឃ្លិប អញ្ជើញព្រះពានតម្កល់ ថវិកាដាក់លាក់បិទមាសទុកជាលក្ខិណាព្រះទីន័ង ។

១២-  ស្រ្តី ១ នាក់ ស្លៀកសំពត់សារបាប់ ឬល្បើកពានាតាមពណ៌បី នាងវិឡារឆ្មាញី ពាក់ជីដាំត្បូងពេជ្រ ត្បូងទទឹម ត្បូងមក៌ត តំណាងរាសីរក្សាព្រះទីន័ង ។

១៣-  ស្រ្តី ១២ នាក់ ស្លៀកសំពត់សារបាប់ ឬល្បើកពានាតាតពណ៌ អញ្ជើញគ្រឿងសម្រាប់ឥស្សរិយយសព្រះមហាក្សត្រ ។

ព្រះរាជវង្សានុវង្ស ស្រ្តីនិងព្រះស្នំក្រមការខ្ញុំរាជការ ស្រ្តីជំទាវខុនណាងគ្រប់ក្រុមហែតាម ។

ឯឧកញ៉ាមហាមន្ត្រី ឧកញ៉ាមហាទេព ស្លៀកសំពត់ ពាក់អាវសារបាប់និងអាវផាយ ពាក់លំផក ។

ព្រះឥន្ទកោរព្ភការ ព្រះព្រហ្មាធិរាជ ស្លៀកស ពាក់អាវផាយទាំង ៤ នាក់តំណាងទេវតា ឈរប្រចាំសោបានព្រះទីន័ងមហាមន្ទីរមានគ្រឿងចម្អាប ១ តុ បង្អែម ១ តុ និង ក្បាលជ្រូក ១ គូ សែនយក្ខទេវតា ដែលរក្សាព្រះសោបាន ។ លុះក្បួនហែមកដល់ព្រះសោបាននោះ សម្ដេចព្រះឥសីភទ្ទធិបតី និង ឧកញ៉ាហោរាធិបតីចាងហ្វាងសូត្រប្រកាសទេវតាថា ៖

ភោន្តោទេវសំឃាយោ

 (ប្រែថា) បពិត្រអស់ពពួកទេវតាដ៏ចម្រើន បានមកសន្និបាតប្រជុំព្រមនៅស្ថានទីនេះហើយ ឬ ទៅណា (ទើបតំណាងទេវតាទាំង ៤ ឆ្លើយថា ៖ យើងសណ្ឋិតនៅរក្សាមហាស្វេតច្ឆត្រ នៅស្ថានវិមានព្រះមហារាជមន្ទីរក្នុងព្រះបរមរាជវាំងនេះជានិច្ច មិនបានទៅណាទេ អ្នកមានការអ្វីសូមថ្លែងសេចក្ដីមក) ។

ទើបស្ដេចឥសីភទ្ទធិបតី និងឧកញ៉ាហោរាធិបតី ចាងហ្វាងឆ្លើយថា យើងខ្ញុំហែព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះនាមព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្ស ចមចក្រពង្សហិរាជបរមិន្ធរ ភូវណៃក្រៃកែវហ្វាសុឡាឡៃព្រះចៅក្រុងកម្ពុជាធិបតី ស្ដេចព្រះរាជដំណើរ មានគ្រឿងឥស្សរិយយស គ្រប់តាមទំនៀម មកឡើងព្រះទីន័ងមហាមន្ទីរ ជាទីគង់លើព្រះទែនក្រោមព្រះមហាស្វេតច្ឆត្រ ទ្រង់គ្រងរាជសម្បត្តិ ជាអម្ចាស់ជីវិតលើត្បូង សូមទេវតាចម្រើនព្រះជន្ម ឲ្យបាន ១០០ ព្រះវស្សា ជាសុខក្សេមក្សាន្តស្ថិតស្ថេរចីរកាលតទៅ បើទេវតាយល់ថា វេលានេះជាមហាវិជ័យមង្គលឫក្សមានជោគល្អ ចូរសម្ដែងមក ។ (ទេវតាឆ្លើយថា) យើងស្ថិតនៅរក្សាព្រះមហារាជមន្ទីរនេះ និងព្រះមហាស្វេតឆត្រ ក្នុងព្រះបរមរាជវាំងនេះ បម្រុងថ្វាយព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិមុនីវង្ស ចមចក្រពង្សព្រះចៅក្រុងកម្ពុជាធិបតី ស្រេចហើយវេលានេះ ជាជ័យមង្គលឫក្សជោគល្អ ហើយយើងជាទេវតា សូមថ្វាយព្រះមហាស្វេតច្ឆត្ររត្នមហាមន្ទីរស្ថាន សូមអញ្ជើញព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្ដេចយាងឡើងគង់លើព្រះមហាមន្ទីរស្ថាន សូមចម្រើនសេចក្ដីសុខសួស្ដីវិជ័យមង្គលមហាប្រសើរថ្វាយព្រះជន្មទីឃាយុយឺនយូរ បាន ១០០ ព្រះវស្សា ទ្រង់រាជសម្បត្តិរក្សាព្រះពុទ្ធសាសនា ច្បាប់ទំនៀមព្រះនគរ ព្រះរាជវង្សានុវង្ស ព្រះស្នំ ក្រមការ អគ្គមហាសេនា សេនាបតី នាម៉ឺនសព្វមុខមន្ត្រី កវីបណ្ឌិត ព្រាហ្មណ៍ព្រឹទ្ធាមាត្យ ជំទាវខុនណាង និងខ្ញុំរាជការ អាណាប្រជានុរាស្រ្ត ឲ្យប្រកបដោយនូវសិរីសុខាមហាប្រសើរ ស្ថិតស្ថេរចីរកាលតទៅហោង ។

ស្ដេចព្រះឥសីភទ្ទធបតី និងឧកញ៉ាហោរាធិបតី ទទួលសាធុការពរក្រាបបង្គំទូលអញ្ជើញស្ដេចយាងឡើងតាមព្រះសោបាន ទូងគងជ័យព្រាហ្មណ៍ផ្លុំសង្ខតូរ្យតន្រ្តី ។ ទើបឧកញ៉ា វាំងវរវៀងជ័យ ចេញមកទទួលក្រាបថ្វាយបង្គំ អញ្ជើញព្រះករុណាស្ដេចយាងចូលទៅក្នុងព្រះមហាមន្ទីរក្រឡាព្រះបន្ទំ ទ្រង់យាងទតគ្រប់ទី តាមសព្វព្រះរាជហឫទ័យ រួចចួបជុំព្រះរាជវង្សានុវង្ស ព្រះស្នំ ក្រមការ ព្រះគ្រូ អគ្គមហាសេនា សេនាបតី នាម៉ឺនសព្វមុខមន្រ្តីក្រាបថ្វាយបង្គំគាល់ ។

រួចព្រះករុណា ស្ដេចយាងទៅថ្វាយបង្គំ ព្រះបរមអដ្ឋិក្នុងហោព្រះអដ្ឋិហើយស្ដេចយាងចេញ ទ្រង់ព្រះសណ្ដាប់ សូត្រមន្តក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ក្នុងព្រះរាជពិធីឡើង ព្រះមហារាជមន្ទីរ និងរាជាភិសេក ។

ក្បួនរំឭកព្រះមហាក្សត្រដែលទ្រង់ព្រះរាជាភិសេក

សោមហាសន្តោ សិនេរោអធិដ្ឋានកាយំ បញ្ចាភិសេកំ អធិដ្ឋាសិ ។

ឯព្រះមហាក្សត្រ លុះបានរាជភិសេក ជាឯករាជហើយគប្បីអធិដ្ឋានព្រះអង្គថា ព្រះអង្គយើងនេះគឺភ្នំព្រះសុមេរុរាជ ដ៏តាំងនៅចារឹកព្រះធរណីក្នុងប្រថពីតល ឯព្រះនេត្ររបស់យើងខាងស្ដាំគឺព្រះអាទិត្យ ព្រះនេត្រយើងខាងឆ្វេងគឺព្រះចន្រ្ទ ដ៏ឆ្លុះបំភ្លឺលោកឲ្យភ្លឺរុងរឿង ច្បាស់ស្រឡះនៅក្នុងព្រះហឫទ័យ និងកាត់នូវទុក្ខភ័យនៃមនុស្សឲ្យប្រាកដ ក្នុងព្រះឧបេក្ខាបរិញ្ញតិ្តដែលក្ដៅក៏ឲ្យក្ដៅ ដែលត្រជាក់ក៏ឲ្យត្រជាក់ តាមព្រះបវេណី ដូចគ្នាព្រះហស្ដ ឆ្វេង ស្ដាំ នូវព្រះបាទទាំងពីរនោះ គឺទ្វីបទាំង ៤ ស្វេតច្ឆត្រទាំង ៦ ជាន់នោះគឺ ធនាវចរទាំង ៦ អធិដ្ឋានព្រះឱង្ការខ្ជាប់មិនបានញាប់ញ័រក្នុងព្រះរាជហឫទ័យ ព្រះមហាមកុដនោះសោត គឺកំពូលវិមានព្រះឥន្រ្ទ ព្រះខ័ននោះគឺប្រាជ្ញាអាចនឹងកាត់មន្ទិលនៃមនុស្សឲ្យឃើញច្បាស់ សព្វលោកធាតុ ។

ឯគ្រឿងប្រដាប់គឺព្រះភូសារត្តកម្ពលនោះ គឺភ្នំគន្ធមាទដ៏រណ្ដាប់ភ្នំព្រះសុមេរុរាជ ។ ឯព្រះអង្គមហាក្សត្រនោះគឺព្រះវិន័យធម៌ដ៏តម្រង់រាស្រ្តប្រដៅឲ្យប្រាកដភ្លឺរុងរឿងទូទាំងជម្ពូទ្វីប សុពណ៌បាទនោះគឺផែនដីជាទីរងភ្នំព្រះសុមេរុរាជ និងជាទីអាស្រ័យនៃអាណាប្រជានុរាស្រ្តទាំងឡាយ សព្វដែនខបខណ្ឌសីមា ហើយឰល្បីដោយព្រះយសព្រះតេជរបស់ព្រះមហាក្សត្រនោះផង ។

ទសបញ្ញត្តិយា មហាសត្តអប្បកាយា បញ្ញត្តិយោអប្បមាតិ 

មានក្នុងគម្ពីរព្រះបាលី ព្រះលោកបញ្ញត្តសម្រាប់ព្រះបរមក្សត្រ និងរក្សាព្រះអង្គឲ្យរុងរឿង គឺកុំឲ្យឆ្មៀងព្រះនេត្រទត មើលព្រះអាទិត្យ ១ កុំឲ្យផ្ទុំទាល់តែព្រះអាទិត្យរះឡើង ១ កុំឲ្យសោយព្រះសិទ្ធរសល្អក់ព្រះសិទ្ធរសព្រាំ និងសិទ្ធរសជ្រោះជ្រលង ១ កុំឲ្យសោយត្រីសាច់ដ៏ឆ្អាបនិងខ្លាញ់ ១ កុំឲ្យសោយព្រះឱសថដែលពេទ្យផ្សំមិនគួរនិងសោយ ១ កុំឲ្យសោយរបស់ដែលទំពារដែលខាំ ១ កុំឲ្យសេពកាមគុណនឹងស្ត្រីមានអាយុ ៤០ឆ្នាំ និង ៥០ឆ្នាំ ១ កុំឲ្យទ្រង់ព្រះភូសាមានសាច់ជ្រោកគគ្រោកគគ្រាតមិនល្អ ១ ហេតុទាំងដប់ប្រការនេះ មិនគួរដល់ព្រះបរមក្សត្រឡើយ ។

គ្រឿងទេយ្យទាន ដែលត្រូវប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យរាជាភិសេក ។

ព្រះសង្ឃចម្រើនព្រះពុទ្ធមន្ត ឡើងព្រះទីន័ងមហាមន្ទីរនិងបុណ្យរាជាភិសេក រួមទាំងអស់ ៦៧ អង្គ ។

ត្រូវក្រុមវាំងអាលក្ខណ៍ ឃ្លាំងទិញគ្រឿងទេយ្យទានដូចមានចំនួនខាងក្រោមនេះក្នុងមួយ​មុខៗ

ត្រៃព្រែម្ខាង ទេសម្ខាង ស្បង់ព្រែ ស្បែកជើងដង្គៀប កន្សែងស គោមឡតទៀនបារាំង ហោទៀនបារាំងធំវែង កាំបិតកោ ថ្មសំលៀងកាំបិតកាស្រាក់តែណាយីស៊ីម កំសៀវស្ពាន់ ស្ករបារាំង ធូបក្រអូបយ៉ាងល្អឈើគូសភ្លើង ឆត្រដងឬស្សី ។

រៀបភោជនាហារចង្ហាន់តង្វាយព្រះ ៣ សម្រាប់ ចង្ហាន់ព្រះសង្ឃ ៤៨ សម្រាប់ ។ មុខងារដាំបាយចង្ហាន់ ៤៨ អង្គ ត្រូវ ៧២ នាឡិ ទិញឧសដុត ។

ឧកញ៉ាបម្រុងសក្ការ និងព្រះប៉ាន់ធិបតី មុខងារខាងដាំតែរៀបដាំតែប្រគេនព្រះសង្ឃ ។ តែណាយីស៊ីម ៤ សំណុំ ស្ករសបារាំង ១០ នាឡិធ្យូងកោងកាង ៤០ នាឡិ ។

ក្រុមរាជការ ស្រ្តីខាងក្នុងព្រះបរមរាជវាំង ត្រូវរៀបប្រគល់ឲ្យមុខងារប្រគេន និងប្រើការក្នុងបុណ្យ គឺក្រមួនឃ្មុំ ៦០ នាឡិ អំបោះប្រឆេះ ៤ នាឡិ ធូបលឿង ៣០ សំណុំ ទៀនបារាំងស្រាត ៩ ហិប ទៀនបារាំងស្រោប ៣ ហិប ថ្នាំ ៣០ នាឡិ ស្លាស្លឹង ៣០ នាឡិ ម្លូសម្រាំង ៥ ពាន់ ស្លាជ្វា ៨ នាឡិ ស្លឹកចេកស្រស់ ២៥០ សំណុំ ស្លឹកចេកក្រៀម ១២០ សំណុំ កំបោរក្រហម ២ ដុំ ធ្យូងកោងកាង ១ ហាប ប្រេងដូង ១ នាឡិ ៕

ក្បួនហែ

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង

ប្រទក្សិណព្រះនគរ គឺជុំវិញក្រុងភ្នំពេញជាក្រុមមឿង

ក្រុងកម្ពុជាធិបតី

ក្នុងឱកាសព្រះរាជពិធីរាជាភិសេក

រៀបជា ៥ ជួរ

ទង់ជ័យរូបអាជានេយ្យធំមាស ១

ភ្លេងបារាំង ១ វង

ទង់ប្រាសាទធំ ១

ទង់ប្រាសាទធំ ១

ភ្លេងបារាំង ១ វង់

យុទ្ធនាបារាំងសែស ១ ក្រុម

នាយត្រួត ១ នាក់

ខ្លងយ៉ាវ ១ វង់

នាយត្រួត ១ នាក់

យុទ្ធនាធិការបារាំងសែស ១ ក្រុម

ក្រុមពិជ័យសង្រ្គាមខ្មែរ ១ ក្រុម

នាយត្រួត ១ នាក់

ក្រុមរក្សាស្រុក ១ វង់

ទង់នាគ ៣០

សាវ៉ាតត្រួត

ខ្លងខែក ១ វង់

សាវ៉ាតត្រួត

ទង់នាគ ៣០

ក្រុមរក្សាព្រះអង្គ ១ ក្រុម

នាយត្រួត

ភ្លេងជ្វា ១ វង់

ភ្លើងពិផាត ១ វង់

នាយត្រួត ១ នាក់

ក្រុមពិជ័យសង្រ្គាមខ្មែរ ១ វង់

ទាហានកាំភ្លើងធំ

នាយត្រួត

ភ្លេងពិផាត ១ វង់ធំ

នាយត្រួត

ទាហានកាំភ្លើងធំ

ក្រុមរក្សាស្រុក ១ វង់

នាយត្រួត

ខ្លងខែក ១ វង់

នាយត្រួត

កាវាឡីរី ជិះសេះ ២៥

ដាវខែល ៥០

មន្ត្រីយួន

ភ្លេងម៉ាឡាយូ ១ វង់

មន្ត្រីយួន

ដាវខែល ៥០

ឧកញ៉ាទេវរជូនជិះសេះ

កន្ទុយក្ងោក

មន្ត្រីចិន

នាយត្រួត

ក្រុមរក្សាព្រះអង្គ ១ ក្រុម

នាយត្រួត

ភ្លេងចិន ១ វង់

នាយត្រួត

ទង់ក្អែប ៣០

សាវ៉ាតត្រួត

សាវ៉ាតត្រួត

ទង់ក្អែប ៣០

កាវាឡីរី ជិះសេះ ២៥

មន្ត្រីចាម ជ្វា ១០

ទង់មករ

ចៅហ្វាយស្រុក ចៅហ្វាយខេត្ត

គងជ័យ

ចៅហ្វាយស្រុក ចៅហ្វាយខេត្ត

ទង់មករ

មន្រ្តីសក្ដ ២ ហូពាន់ដល់ ៨ ហូពាន់

ដើរហែ

មន្រ្តីសក្ដិ ២ ហូពាន់ដល់ ៨ ហូពាន់

ដើរហែ

តម្រួតមុខកាន់លំពែង ២០

តម្រួតមុខកាន់លំពែង ២០

ចាមរ ៥

ខ្លងធ្នាក់ក្រហម ១០

ខ្លងធ្នាក់ប្រាក់ ១០

ខ្លងធ្នាក់មាស ១០

ចាមរ ៥

មន្រ្តីចិន

ឧកញ៉ារាជវរានុកូលជិះសេះ

កន្ទុយក្ងោក

យោក្បត្រ

យោក្បត្រ

តម្រួតរំពាត់បាច់ ៣០

សុភា

ស្គរជ័យ

តម្រួតរំពាត់បាច់ ៣០

បាឡាត់

បាឡាត់

ភ្លេងមហោធិក

ព្រាហ្មណ៍ផ្លុំសង្ខ ៤

គ្រែ-ង

គ្រែ-ង

ហោរា ១

ហោរា ១

ភូវតាន ៥

ស្ដេចមាឃ ១០

ស្ដេចមាឃ ១០

ភូវតាន ៥

ព្រះវង្ស ១០

ព្រះវង្ស ១០

មន្ត្រីក្នុងសក្ដិ ៩ ហូពាន់ជិះសេះ

មន្ត្រីក្នុងសក្ដិ ៩ ហូពាន់ជិះសេះ

អភិរម្យ ៤

ឧកញ៉ាមហាមន្ត្រីជិះសេះ

ព្រាហ្មណ៍គ្រវីពឹងពាំង ១០

ព្រាហ្មណ៍គ្រវីពឹងពាំង ១០

ព្រាហ្មណ៍ផ្លុំសង្ខ ៤

ឧកញ៉ាវាំងវរវៀងជ័យ ជិះគ្រែ

ឃៀង

បាំងសែង

ព្រះរាជយានុមាត្យ ព្រះករុណាគង់

បាំងសែង

អាលក្ខណ៍អញ្ជើញ ព្រះផ្កាមាស

ផ្កាយប្រាក់

ថ្វាយបូយទាន

ឧកញ៉ាចក្រីធិបតីកុញ្ជរ ជិះគ្រែ

ឃៀង

ឧកញ៉ាក្រឡាហោមជិះគ្រែឃៀង

ព្រះវិជ្ជនិងយ

បាំងសែង

ព្រះវិជ្ជនិងយ

ឧកញ៉ាយមរាជជិះគ្រែឃៀង

ភូសាមាលាអញ្ជើញគ្រឿង

ភូសាមាលាអញ្ជើញគ្រឿង

ទង់សត្វឥន្រ្ទី ៣០

គជេន្ទ្រព្រះទីន័ងព្រះ

សាវ៉ាតត្រួត ។

កាន់ដំបងរមួល ៥០ នាក់

ដំរីសរ ១

គជេន្ទ្រព្រះទីន័ងគជាញជ័យ

មន្រ្តីក្រុមវាំង

ឧកញ៉ាអគ្គមហាសេនាធិបតីជិះ

គ្រែយោងមុខ

ឧកញ៉ាមហាទេពជិះសេះ

ព្រះអង្គម្ចាស់ជិះសាលៀង

ជិះសេះហែ

នាម៉ឺនសក្ដិ ១០ ហូពាន់ជិះគ្រែហែ

មហាតលិកអញ្ជើញគ្រឿង

នាម៉ឺនសក្ដិ ១០ ហូពាន់ជិះគ្រែ ហែរ

ព្រះអង្គម្ចាស់ជិះសាលៀង ជិះសេះ

ហែ

ទង់សត្វឥន្រ្ទី ៣០

គជេន្ទ្រចម្លងសឹក ២

តម្រួតក្រោយកាន់លំពែង ១៥

មហាតលិកប្រសែងធួន

តម្រួតក្រោយកាន់លំពែង ១៥

គជេន្ទ្រចម្លងសឹក ២

គជេន្ទ្រយោង ៤

ព្រះទីន័ងគជេន្ទ្រទ្រង់ករ

គជេន្ទ្រយោង ៤

កាន់ដំបងរមួល ៥០ នាក់

សាវ៉ាតត្រួត ។

ព្រះស្រីសាទេពជិះសេះកន្ទុយ

ក្ងោក

ដូចមានផែនទី

បូករួមក្នុងក្បួនហែ

១- អគ្គមហាសេនា ១

២- សេនាបតី ៤

មន្រ្តីក្រុមវាំង

ព្រះទីន័ងគជេន្ទ្រគង់

ព្រះទីន័ងគជេន្ទ្រគង់

មន្រ្តីក្រុមវាំង

ព្រះទីន័ងអស្សតរគង់

មន្រ្តីក្រុមវាំង

ព្រះទីន័ងអស្សតររង

ព្រះនរិន្ទសេនីយជិះសេះកន្ទុយ

ក្ងោក

ព្រះមហារាជរថទឹមសេះ ៦

៩- ចាងហ្វាង ៥

៧០

១០- ចៅក្រម ១៨

១១- ក្រឡាបញ្ជី ២០

១២- សមុហបញ្ជី ២៧

១៦

១៣- ត្រួតខេត្ត  ១

១៤- ចៅហ្វាយ ១៥

៩៧

១៥- ចៅហ្វាយស្រុក ១២

១៦- ចៅហ្វាយ ខណ្ឌ ៨៥

តុលាការខេត្ត

១៧- ចាងហ្វាង ១៤

៩០

១៨- ចៅក្រម ២០

១៩- ក្រឡាបញ្ជី ១៣

២០- សមុហបញ្ជី ៤៣

២១- សេនាទាហាន ៦ ក្រុម

២២- នាយត្រួត ៣

២៣- កាវាឡឺរីជិះសេះ ៥០

២៤- តម្រួតមុខកាន់លំពែង ៤០

ព្រះរាជវង្សានុវង្សក្សត្រ

៣៤

ព្រះអង្គម្ចាស់ ៥

៣- គឺ អ្នកអង្គម្ចាស់ ២៩

៤- មន្ត្រីសក្ដិ ១០ ហូពាន់ ក្នុង

ក្រុង ១

៥- ចាងហ្វាងក្រុមបារគូបុរោហិត ១

៦- ក្រុមបារគូបុរោហិត ២៦

៧- ចាងហ្វាងក្រុមព្រះវង្ស ១

៨- មន្ត្រីក្នុងក្រុង ៥០០

តុលាការក្នុងក្រុង

២៦- មន្ត្រីចាមជ្វា ១០

២៧- ព្រាហ្មណ៍គ្រវីពឹងពាំង ២០

២៨-  -ដ- ផ្លុំ សង្ខ ៨

២៩- ហោរា ២

៣០- ស្ដេចមាឃ ២០

៣១- ព្រះវង្ស ២០

៣២- តម្រួតក្រោយកាន់លំពែង ៣០

៣៣- តម្រួតក្រោយដំបងរបួល ១០០

៣៤- ដាវ ៥០ ខែល ៥០ ជា ១០០

៣៥- ចាមរ ១០

៣៦- ភូវ តាន ១០

៣៧- អភិរម្យ ៤

៣៨- ទង់ ១៨៣

៣៩- ភ្លេង ៦ វង្ស

៤០- ខ្លង ធ្នាក់ ៣០

៤១- គជេន្ទ្រចម្លងសឹក ៤

៤២- គជេន្ទ្រយោង ៨

២៥- តម្រួតមុខកាន់រំពាត់បាច់ ៦០

៤៤- គជេន្ទ្រ ព្រះទីន័ងព្រះ ១

៤៥- ដំរីស ១

៤៦- គជេន្ទ្រព្រះទីន័ងគជាញជ័យ ១

៤៧- ព្រះទីន័ងគជេន្ទ្រគង់ ១

៤៨- -ដ- រង ១

៤៩- ព្រះមហារាជរថ ១ ទឹមសេះ ៦

៥០- ព្រះទីន័ងអស្សតរគង់ ១ ។

៤៣- ព្រះទីន័ងគជេន្ទ្រទ្រង់ករ ១

៥១-  -ដ- រង  ១  ។

៥២- មន្ត្រីជិះសេះកន្ទុយក្ងោក ៤

៥៣- មន្ត្រីជិះសេះ ៤

បូកផ្ដាច់មនុស្ស ១៤៧៧ នាក់

–         ដំរី ១៨

–         សេះ ៦៦

ទ្រង់ព្រះរាជានុញ្ញាត

ព្រះករុណាព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិមុនីវង្ស ចមចក្រពង្សព្រះចៅក្រុងកម្ពុជាធិបតី ។

ជាអម្ចាស់ជីវិតលើត្បូង

ឡាយព្រះហស្ថលេខាៈ ព្រះស៊ីសុវត្ថិ មុនីវង្ស

យល់ព្រម

កុង្សីសេនាបតី

ក្រុមព្រះនរោត្ដម ភាណុវង្ស ទីអគ្គមហាសេនាធិបតី

ភាណុវង្ស

ឧកញ៉ាចក្រីធិបតីកុញ្ជរ      ឧកញ៉ាវាំងវរវៀងជ័យ

         ប៉ុន   ជួន

ឧកញ៉ាយោមរាជ    ក្រុមហ្លួងស៊ីសុវត្ថិ សុផានុវង្ស

         ជា     ទីក្រឡាហោម

សុផានុវង្ស

 

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖