ប្រពន្ធ​ប្រាំពីរប្រភេទ ល្អ​បួន​ អាក្រក់​បី

ប្រពន្ធ ( ន. ) [–ពន់ ]   ( សំ., បា.) (ធៀបនឹង សំ. ប្រ + ពន្ធ; បា. ប+ ពន្ធ “ជាប់ជំពាក់, ចំពាក់ឆ្វាក់; ដែលចងរឹតរួត; ចំណងចងឆ្វាក់រឹតរួត”) ស្ត្រីជាចំណងគូនឹងបុរស (ភរិយា) ។

យើងនឹកស្ដាយដោយយល់ថាពុំគួរខាន ក៏បានស្រង់យក កាព្យច្បាប់ស្រី ជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ដែលទ្រង់និពន្ធក្នុងឆ្នាំរកានព្វស័ក ព.ស. ២៣៨០ កាលព្រះអង្គមានព្រះជន្មគម្រប់ ៤១ វស្សា យកមកចុះទុកជាព្រះកេរ្តិ៍ក្នុងវចនានុ-ក្រមខ្មែរនេះ ចំពោះតែត្រង់កាព្យថ្លែងអំពីប្រពន្ធមាន ៧ ប្រភេទ ល្អបួនអាក្រក់បី, មិនវែងណាស់ណាទេ, ដូចតទៅនេះគឺ ៖

មួយសោតព្រះពុទ្ធ ទេស្នាចំហុត ថារីភរិយា មានប្រាំពីរស្មោះ  បួននោះចិត្តជា បីនោះមោហា ចិត្តខូចងាយដាយ ។

ឯប្រពន្ធជា  ឯកឈ្មោះមាតា- ភរិយាដូចម្ដាយ ឈឺឆ្អាលកូនខ្លួន រែងស្ងួនមិនណាយ មិននឹករសាយ ចិត្តចាំអាណិត ។

កូនទុក្ខទោសម្ដេច ខ្សត់ក្រច្រើនតិច ខឹងខុសខូចចិត្ត  ព្រាត់ប្រាស់យូរលង់ ពុំបង់បែកចិត្ត   គង់ចាំចិត្តគិត  ឆ្អាលកូនស្មោះ ។

ប្រពន្ធណាគាប់  ឈឺឆ្អាលប្ដីខ្ជាប់ ចិត្តចាំកាន់កោះ  ដូចម្ដាយស្រឡាញ់​ កូនពេញពីពោះ  ហៅប្រពន្ធនោះ ថ្លៃឥតផ្ទឹមដល់ ។

ប្រពន្ធជាទ្វី ឈ្មោះហៅទាសី-  ភរិយាដូចកល់  ខ្ញុំនឹងអម្ចាស់ ប្រើណាស់ខ្វាយខ្វល់    អាចមត់ទប់ទល់ ទម្ងន់បម្រើ ។

មិនមានទំនេរ  ទោះម្ចាស់វាយជេរ  អត់ឱនស័រពើ  តាមតែបង្គាប់ ប្រញាប់ចង់ធ្វើ  ចិត្តពុំសើវ៉ើចៀសវាងក្រោធា ។

ប្រពន្ធណាអត់ ឱនអង្គអំណត់  ខ្លាចប្ដីអាត្មា ដូចខ្ញុំនឹងម្ចាស់ ខ្លាចណាស់ធានា ប្រពន្ធនោះជា  ប្រសើរសុខសូន្យ ។

ប្រពន្ធជាត្រី  ឈ្មោះភគិនី-  ភរិយាដូចប្អូន ស្រឡាញ់បងពិត   លំអិតលំអូន ទទួលដំបូន-  មានមាត់ពាក្យបង ។

ផ្ដាច់ផ្ដួលតែមួយ  នឹងចងជាត្រួយ ចិត្តចាំបំណង ពំនាក់ពំនឹង ពាក់ពឹងប៉ុនប៉ង  តែនឹងអង្គបង ឥតម៉ៃទីទៃ ។

ប្រពន្ធណាចូល នឹងប្ដីមួយមូល- ចិត្តជាប់អាល័យ ដូចប្អូននឹងបង ចាំចងអាស្រ័យ  ប្រពន្ធនោះថ្លៃ មធ្យមពេកពិត ។

ប្រពន្ធចត្វា  ឈ្មោះហៅសខា-  ភរិយាដូចមិត្រ-  សម្លាញ់ស្រឡាញ់ អស់អញពេកពិត ស្មើខ្លួនស្មើចិត្ត  ស្មគ្រស្មោះចិន្ដា ។

បើមិត្រទៅបាត់ ស្ងប់ស្ងួតមុខមាត់ ទុក្ខទន់ទយា ឃើញមុខមកបាន ចិត្តក្សាន្តសោះសា  ស្រស់ស្រួលភក្រ្ដា  និរទុក្ខសោកសៅ ។

ប្រពន្ធណាចិត្ត ស្រឡាញ់ប្ដីពិត គ្មានក្នុងគ្មានក្រៅ  ដូចមិត្រនិងមិត្រ ចងចិត្តជាប់នៅ ប្រពន្ធនោះហៅ ឧត្តមក្រមាន ។

សម្ដែងភរិយា ទាំងបួនសឹងជា ក្រស្រីធ្វើបាន បើស្រីណាគិត ផ្ចង់ចិត្តសន្ដាន ស្រឡាញ់ប្ដីប្រាណ ដូចធម៌ទេស្នា ។

លោកថាស្រីនោះ  ឮកេរ្តិ៍ពីរោះ ទូទៅនានា បើអស់ជីវិត  នៅឋិតសួគ៌ា ចៀសចាកចតុរា- បាយបាបទុក្ខភ័យ ។

ប្រពន្ធពុំជា ឈ្មោះវធកា-  ភរិយាដូចនៃ សត្រូវចាំចង ទោសផងសព្វថ្ងៃ ប្រពន្ធចង្រៃ ប្ដីមានតែទុក្ខ ។

បើប្ដីខុសចិត្ត វាគ្មានអាណិត ខេរខឹងច្រអុក ចាំចងទោសប្ដី ស្រដីកិកកុក ឱ្យមាត់ឱ្យមុខ វាសវាងវ្ហោះវ្ហើយ ។

សុខទុក្ខសាំទាំ  វាមើលបំណាំ នៅស្ងៀមព្រងើយ ពុំជួយទុក្ខភ័យ ដោះដៃកន្ដើយ ស្លាប់ដោយរស់ដោយ គ្មានចិត្តមេត្រី ។

ចោរីភរិយា ប្រពន្ធពុំជា លបលួចទ្រព្យប្ដី គ្មានចិត្តករុណា មេត្តាប្រណី របស់ទ្រព្យអ្វី លក់ចាយអស់ធួន ។

អយ្យាភរិយា  ប្រពន្ធពុំជា  តម្កើងតែខ្លួន ចេះតែប្រើប្ដី ឥតបីមានស្ងួន ធ្វើឫកណាំនួន ទុកប្ដីដូចខ្ញុំ ។

ប្រពន្ធទាំងបី ធ្លាក់ទៅអវិចី  រងទុក្ខដំណំ ក្នុងខ្ទះភ្លើងក្ដៅ យូរនៅក្រៀមក្រំ ព្រោះចិត្តខ្លួនធំ ជាងប្ដីអាត្មា ។

ឯប្រពន្ធបួន-  មុខនោះគួរស្ងួន យកជាភរិយ នឹងកើតរបស់ កេរ្តិ៍យសសក្ដា ថ្កើងពូជពង្សា សោយសុខថេរឋិត ។

សម្ដែងបរិយាយ ភរិយាទាំងឡាយ ប្រាំពីរចរិត ទាំងជួទាំងជា ពណ៌នាពោលពិត ចែងចប់ពិនិត្យ តាមអត្ថគាថា ។៚

(អ្នកមានព្យាយាម បើពេញចិត្តចំពោះព្រះរាជនិពន្ធនេះ គួរទន្ទេញឲ្យចាំមាត់ ឬបង្គាប់កូនចៅតូចៗ ឱ្យទន្ទេញចាំស្ទាត់ ហើយឱ្យនាំគ្នាសូត្ររឿយៗ ដើម្បីរំឭកគ្នាក្នុងគ្រួសារ ក៏ជាការប្រពៃណាស់) ។ មើលក្នុងពាក្យ ប្ដី ទៀតផង ។

ដកស្រង់ចេញពីវចនានុក្រមខ្មែរ សម្ដេច ជួន ណាត ទំព័រ ៦៥៥ 

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖