កាព្យលោកធម៌ នេះ គឺជាព្រះរាជស្នាព្រះហស្ថដំបូងបំផុតរបស់សម្តេចព្រះសង្ឃរាជជាអម្ចាស់ ហើយទ្រង់បានព្រះរាជទានសិទ្ធិឱ្យលោក ឈឹម ស៊ុម កាន់កាប់ជាព្រះកេរ្តិ៍ ក្នុងគ្រាដែលទ្រង់មានព្រះបន្ទូលតែពីរនាក់គាត់អំពីរឿងផ្ទាល់ខ្លួន កាលទ្រង់ស្ថិតក្នុងយុវភាពនៅឡើយ… ។
កាលណោះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩១២ សម្តេចព្រះមហាសង្ឃរាជ និល ទៀង បានតែងតាំងដំឡើងឋានៈព្រះអង្គពីព្រះបាឡាត់សាក្យបុត្តីយ៍ ជួន ណាត ទៅជាព្រះគ្រូសង្ឃសត្ថា ជាហេតុធ្វើឱ្យព្រះអង្គមានព្រះទ័យរំភើបពីខាងក្នុងខ្លះៗ បានជារាត្រីនោះ ព្រះអង្គទាញគម្ពីរបាលីមកបើកទតត្រង់រឿងលោកធម៌ ហើយសរសេរប្រែមកជាសម្រាយ ចងក្រងជាពាក្យកាព្យទៀត ដើម្បីសង្កត់នូវសេចក្តីរំភើបខ្លះដែលមានក្នុងព្រះទ័យ… ។ តែព្រះរាជស្នាដៃនិពន្ធដំបូងបង្អស់នេះ ត្រូវរង់ចាំរហូតមកដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៥ ទើបសម្តេចព្រះសង្ឃរាជជាអម្ចាស់ បានសម្រេចអនុញ្ញាតឱ្យយលោក ឈឹម ស៊ុម បោះពុម្ពផ្សាយជាផ្លូវការ… ។
ខ្ញុំឈ្មោះអក្សរ ណ ផ្សំស្រះ អា ដាក់ ត មុខជាតួបង្ហើយ
ជាតួប្រកបពុំអានឡើយ ឱ្យដល់ស្រះចុងដូចបាលី ។
មានកាលយប់មួយឥតកង្វល់ ខ្វល់ខ្វាយអំពីរឿងហេតុអ្វី
មានកិច្ចតែខាងមើលបាលី ដែលព្រះជិនស្រីទ្រង់ទេសនា ។
ខ្ញុំមើលត្រង់លោកធម្មសូត្រ រហូតដល់ចប់ព្រះគាថា
មើលបណ្តើរគិតបណ្តើរដោយចិន្តា គិតថានឹងប្រែជាសម្រាយ ។
ជាប្រយោជន៍នៃជនអ្នកត្រូវការ ចង់ចេះធម៌អាថ៌តាមអភិប្រាយ
អ្នកដែលមិនចេះខាងប្រែស្រាយ បើពាក្យសម្រាយច្រើនចូលចិត្ត ។
ខ្ញុំបានផ្តើមតែងជាពាក្យកាព្យ តាមសភាពប្រាជ្ញាខ្ញុំរិះគិត
តម្រូវជាធម៌ដែលមានពិត ប្រតិដ្ឋប្រដូចឱ្យងាយយល់ ។
ខ្ញុំតែងជាកាព្យចម្រុះពាក្យ ប្រាំពីរប្រាំបីតាមយោយល់
ឃ្លាខ្លះមានកើនរហូតដល់ ប្រាំបួនពាក្យផ្តល់តាមសេចក្តី ។
ខ្ញុំសូមសម្តែងចែងពីធម៌ ដ៏បវរសម្រាប់ជនប្រុសស្រី
ឈ្មោះហៅលោកធម៌មានប្រាំបី ជាសង្ខេបខ្លីតាមគាថា ។
ធម៌ទាំងប្រាំបីប្រការនោះ មានឈ្មោះតាមបាលីភាសា
លាភោមានលាភផងនានា ទោះស្រែចម្ការទោះមាសប្រាក់ ។
អលាភោ ឥតលាភឬខាតបង់ ខុសចំណង់ឃ្វាងចំណុចទាស់ទើសទាក់
មុខស្រពោនខ្លួនស្រពន់ចិត្តអន់អាក់ គំនិតរាក់ប្រាជ្ញាវល់ពុំយល់ឆ្ងាយ ។
យសោ មានយសសក្តិថ្កើងថ្កាន បានអ្វីក៏បានមកដោយងាយ
តេជះតបៈក៏ផ្សព្វផ្សាយ ជនទាំងឡាយធំតូចសឹងរាប់អាន ។
អយសោ ឥតយសឬថ្លោះយស ខ្ពស់ចុះជាទាបមិនសមប្រាណ
ថយអំណាចតេជះមិនក្លាហាន បានអ្វីក៏បានដោយលំបាក ។
និន្ទា អ្នកផងគេតិះដៀល ចាក់ឆ្កៀលដោយលំពែងគឺមាត់ពាក្យ
ទ្រគោះបោះបោកបោកខ្ជោកខ្ជាក ជ្រោកជ្រាករិះគន់ពោលបង្កាច់ ។
បសំសា វាចាគេសរសើរ បង្ហើរសម្តីដោយបូរបាច់
ឆ្ពោះមុខឬកំបាំងគេថាស្រេច នឹងខ្លួនហើយដាច់គេទាំងអស់ ។
សុខំ សុខកាយសុខទាំងចិត្ត ឥតមានក្តីទុកមកទើសទាស់
នេះនោះទាំងគ្រប់ស្រួលទាំងអស់ ខ្ពង់ខ្ពស់ថ្លៃថ្លាពេញបំណង ។
ទុក្ខំ គឺក្តីទុក្ខក្តៅក្តួលរំជួល ជ្រួលច្រាល់មិនសមប៉ង
នាំកាយនិងចិត្តឱ្យសៅហ្មង ឱ្យអ្នកផងគេព្រួយតែរាល់ប្រាណ ។
ធម៌នេះរាប់រាយមានប្រាំបី បើផ្គូឱ្យខ្លីជាគូបាន
ត្រឹមតែបួនគូគត់តាមឋាន កើតបានតែមួយមួយឈប់កើត ។
ផ្លាស់ប្តូរជាវេនវេនតាមគូ វិញ្ញូអ្នកប្រាជ្ញដែលចេះឆើត
កំណត់សម្គាល់ស្គាល់កំណើត ទោះធម៌ណាកើតក៏អាចដឹង ។
ព្រះពុទ្ធទ្រង់ត្រាស់សម្តែងថា ឱ្យអស់បណ្តាជនផងប្រឹង
យកចិត្តទុកដាក់គិតជញ្ជឹង រំពឹងនឹកដល់ការប្រែប្រួល ។
ប្រយត្នគំនិតប្រុងស្មារតី ទោះបីសុខទុក្ខស្រួលពុំស្រួល
កើតហើយបាត់ទៅតាមដំណួល ត្រូវគិតសម្រួលតាមការណ៍ពិត ។
សត្វលោកតែងស្ទោកព្រោះលោកធម៌ បានអរបង់អន់ស្រពន់ចិត្ត
មានយសខ្ពង់ខ្ពស់រីករាយឥត មានគំនិតគិតដល់ថ្លោះយសឡើយ ។
កាលបើបានឮពាក្យគេនិន្ទា ឆ្ពោះអាត្មាឱរាក្តៅមិនស្បើយ
បើបានឮគេសរសើរហើយ ចិត្តពុំកន្តើយអរផើតៗ ។
បានសុខភ្លេចនឹកដល់ទុក្ខំ កើតកម្លាំងក្លាខ្លាំងឥតញញើត
ញញឹមញយៗអរពព្រើត រកកល់គេទើតទាស់ពុំបាន ។
លុះដល់អស់វេនសេចក្តីសុខ ធ្លាក់វេនក្តីទុក្ខមកដល់ប្រាណ
ស្រាប់តែព្រួយរកគេឱ្យជួយច្រាន ទុក្ខនោះឱ្យក្សាន្តពីអត្តភាព ។
សុខក្តីទុក្ខក្តីរបស់សត្វ ខ្ចាត់ទៅមកវិញតាមសភាព
បុណ្យបាបដែលធ្វើមករៀងរាប ស្ទាបៗឱ្យផលដល់អាត្មា ។
ព្រះសម្ពុទ្ធជាមកុដនៃត្រៃភព ទ្រង់ប្រារព្ធធម៌នេះហើយត្រាស់ថា
ឱ្យសត្វរិះគិតដោយប្រាជ្ញា កុំសាវ៉ាតាមចិត្តដែលប្រទះ ។
បានលាភត្រូវនឹកដល់ការបង់ បានយសសក្តិរុងរឿងតេជះ
កុំកក្អិលក្អេងក្អាយដោយមានះ ត្រូវនឹកខ្លះកុំភ្លេចការប្រែប្រួល ។
បើឮអ្នកផងគេនិន្ទា ដល់អាត្មាត្រូវតាំងចិត្តសម្រួល
សម្រាកក្តីក្រោធកុំរំជួល បើទុកជាក្តៅក្តួលត្រូវខំអត់ ។
គប្បីគិតភ្លាមថានិន្ទា នេះជាគ្នានឹងសរសើរជាប្រាកដ
បើអញតាំងចិត្តជាអំណត់ រាល់មាត់គេនឹងសរសើរអញ ។
ថានេះហៅពេញជាចេះអត់ ចេះសង្កត់កំហឹងដែលចេះខ្នាញ់
ធ្វើអ្នកស្អប់ឱ្យត្រឡប់ជាស្រឡាញ់ បានសុខព្រោះផ្ចាញ់សេចក្តីក្រោធ ។
មួយទៀតមានពាក្យសុភាសិត អ្នកប្រាជ្ញប្រតិដ្ឋជាចំណោទ
ថាកាលបើមានសេចក្តីក្រោធ កុំច្រឡោតត្រូវរាប់អក្សរសិន ។
រាប់អក្សរតាំងពី ក ដល់ ឡ អ័ង រួចសំកាំងគំនិតគិតដង្វិន
គ្នេរគ្នាន់រកហេតុរកផលសិន បើប្រសិនក្រោធល្មមនឹងបានស្រាក ។
ពុំនោះលោកថាឱ្យយរាប់លេខ «ពី ឯក ដល់ ទស ឈប់សម្រាក
ងមួយស្របក់នឹងបានស្រាក ឃ្លាតចាកកំហឹងដ៏ឃោរឃៅ ។
បើបានប្រកបដោយក្តីសុខ ឃ្លាតចេញពីទុក្ខសោកហ្មងសៅ
កុំអាលអរអេកត្រេកសំដៅ ដូចកង្កែបខែក្តៅត្រូវភ្លៀងធំ ។
គប្បីតាំងចិត្តគិតទៅមុខ ថាឥឡូវមានសុខមកអប់រំ
មុខជាថ្ងៃណាមួយនឹងរលំ ទុក្ខតូចឬធំមកពុំខាន ។
អ្នកណាបានសុខធំទូលាយ ដល់វេនទុក្ខផ្សាយមកដល់ប្រាណ
មានទុក្ខធំពន់ប្រមាណ តាមលំអានស្នាមសុខដែលកើតមុន ។
ហេតុនេះគួរអស់សាធុជន កុំទម្រន់គំនិតឱ្យលង់ស៊ុន
ក្នុងលោកធម៌ណាដែលកើតមុន ទោះស្រាលទោះធ្ងន់ក្តីសុខទុក្ខ ។
ទោះលាភទោះយសទោះខាតបង់ ទោះលិចលង់ថ្លោះយសមិនពេញមុខ
ទោះសរសើរទោះនិន្ទាថាកំព្រុក ត្រូវតែតាំងចិត្តជាមធ្យម ។
លុះបានតាំងចិត្តទុកដូច្នេះ ទើបរបេះឃ្លាតខ្លះពីទុក្ខធំ
ដោយហេតុមិនផ្ងំចិត្តឱ្យងំ ឱ្យរង្គំនៅក្នុងកន្លែងមួយ ។
បើមានប្រាជ្ញាប្រយោគដល់ ហេតុនិងផលដែលមានជាតម្រួយ
ទើបចិត្តនឹងអាចឃ្លាតចាកព្រួយ បើទុកជាព្រួយក៏គ្រាន់ទ្រាំ ។
ពីព្រោះបានដឹងច្បាស់ការណ៍ពិត ដោយគំនិតត្រិះរិះដ៏មួនមាំ
ដឹងថាលោកធម៌កើតជោកជាំ ស៊ាំទាំនៅក្នុងសន្តានសត្វ ។
កើតមានមិននឹងតែមួយៗ ចួនព្រួយចួនអរមានបាត់ៗ
ហើយមានឡើងវិញមិនទៀងទាត់ មួយកើតមួយបាត់ផ្លាស់ប្តូរគ្នា ។
បើដឹងដូច្នេះហើយគួរខំ អប់រំប្រាជ្ញាឱ្យក្លៀវក្លា
គួរគិតគួរគ្នេរពិចារណា សិក្សារៀនសូត្រកុំធុញទ្រាន់ ។
គួរប្រឹងសង្កេតធម៌បរមត្ថ មានអត្ថជ្រាលជ្រៅជាអនន្ត
ប្រាប់ផ្លូវមគ្គផលមិនមានភាន់ មានថ្នាក់មានជាន់តាមលំដាប់ ។
សត្វដែលនឹងបានរួចចាកទុក្ខ ព្រោះធុញជូរមុខនឹងកើតស្លាប់
មានគំនិតដូចសត្វទទាជាប់ ក្នុងទ្រុងមិនគាប់ក្តីប្រាថ្នា ។
ចេះតែស្ទុះច្រាស់ច្រាលដាលចឹកទ្រុង ចង់ឱ្យរលុងនឹងម្នីម្នា
ស្ទុះចេញឱ្យរួចហើយនឹងលា ត្រដាងស្លាបវាហើយហើរទៅ ។
អ្នកដែលធុញទ្រាន់នឹងកើតស្លាប់ ចង់ប្រញាប់ចាកចេញចោលលំនៅ
គឺវដ្តសង្សារនេះហើយទៅ កាន់លំនៅដែលទុក្ខរលត់បង់ ។
មគ្គផលនឹងមានព្រោះអាស្រ័យ ចិត្តដាច់អាល័យពីចំណង់
ហើយស្មគ្រនឹងដើរតាមផ្លូវត្រង់ ប្រកបដោយអង្គប្រាំបីយ៉ាង ។
ហៅថាអដ្ឋង្គិកមគ្គ ឥតអ្វីទើសទាក់ឥតវៀចវាង
ស្រួលដើរបំផុតដល់អ្នកសាង មានសំណាងដូចយ៉ាងព្រះសុគត ។
ផ្លូវនេះជាហេតុជាឧបាយ ឱ្យសត្វទាំងឡាយបានរលត់
ភ្លើងទុក្ខហើយលែងមានរន្ធត់ ព្រោះលោកធម៌ទាំងប្រាំបី ។
ឈ្មោះហៅថាបានព្រះនិព្វាន ជានិរោធដ្ឋានគ្មានទុក្ខភ័យ
សុខក្រៃលែងសុខឥតទុក្ខអ្វី មកប៉ះមកពាល់ដល់តិចឡើយ ។
ជាឋានគ្មានចាស់គ្មានឈឺចាប់ គ្មានកើតគ្មានស្លាប់សុខកន្តើយ
ព្រះពុទ្ធទ្រង់ត្រាស់ហៅថាត្រើយ អ្នកទៅដល់ហើយលែងមកវិញ ។
ជាទីឥតកិច្ចការគ្រប់យ៉ាង ឥតសង់ឥតសាងឥតលក់ទិញ
មានតែសុខមួយយ៉ាងជាចំណេញ ឈ្មោះថាចេញចាកទុក្ខស្រឡះហោង ។
សេចក្តីនេះពិតជាពាក្យកាព្យ តែមិនមែនកំណាព្យពាក្យឆ្គាំឆ្គង
ជាសាច់ធម៌មែនឥតមោះហ្មង គ្រាន់តែក្រងជាពាក្យមានឃ្លោងឃ្លា ។
សូមអស់អ្នកប្រាជ្ញរាជកវី កុំបីបន្ទោសដៀលនិន្ទា
ពាក្យនេះខ្ញុំតែងតាមមាត្រា សម្ផស្សវាចាមិនមានល្អៀង ។
តាមច្បាប់មេកាព្យវិលាសិនី វិធីអ្នកប្រាជ្ញលោករៀបរៀង
ជាច្បាប់សម្រាប់គ្រាន់ផ្ទឹមផ្ទៀង ឱ្យទៀងតាមបែបខ្យល់អក្សរ ។
ឥតិ ឯវំ មេ កាព្យោ បរិបុណ្ណោ តាមសាច់ធម៌
សុខិតាហោន្តុ សត្តនិករ ចូរបានអំណរសុខគ្រប់គ្នា…៕
ថ្ងៃទី ០៦ តុលា ព.ស. ២៤៩៨ គ.ស. ១៩៥៥
បានអនុញ្ញាតឱ្យអ្នកមហា ឈឹម ស៊ុម បោះពុម្ពផ្សាយចុះ…
សម្តេចព្រះមហាសុមេធាធិបតី
(ជ.ណ ជោតញ្ញាណោ) សង្ឃនាយក
បញ្ចេញយោបល់ ៖