បរាភវសូត្រ

 វិនាស ១២ ប្រការ

បរាភវសូត្រ គឺជាធម៌សម្ដែងនូវវិនាសទាំង ១២ ប្រការដែលជាការទូលសួររបស់ទេព្ដានិងការឆ្លើយតបរបស់ព្រះសាស្ដា ។

បទបឋ្យាវត្ត

បរាភវន្តំ បុរិសំ មយំ បុច្ឆាម គោតមំ ភវន្តំ បុដ្ឋុមាគម្ម កឹ បរាភវតោ   មុខំ ។

យើងខ្ញុំទាំងឡាយមកសូមទូលសួរ                នូវហេតុដែលគួរចម្រើនវិនាស
ប្រុសស្រីក្នុងលោកសន្និវាស                     ដែលនឹងវិនាសសាបសូន្យចាកគុណ ។
ឆ្ពោះព្រះគោតម ព្រះអង្គមានបុណ្យ            មេត្តានិមន្តសម្តែងឱ្យទាន
ធម្មជាតដូចម្តេចដែលជាប្រធាន                  នាំសត្វឱ្យមានសេចក្តីវិនាស ។

ព្រះសាស្តា ឆ្លើយតបនឹងទេព្តាថា ៖

សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ ធម្មកាមោ ភវំ ហោតិ   ធម្មទេស្សី បរាភវោ ។

អ្នកដែលចម្រើនតថាគតស្គាល់ងាយ                អ្នកដែលអន្តរាយតថាគតស្គាល់ពិត
អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត                                ហើយខំប្រព្រឹត្តនឹងបានចម្រើន ។
អ្នកដែលទ្រុស្តធម៌ស្អប់ធម៌ឥតកើន                   ឥតកើនចម្រើនវិនាសទៅមុខ ។

ឥតិហេតំ វិជានាម បឋមោ សោ បរាភវោ ទុតិយំ ភគវា ព្រូហិ កឹ        បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី១ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                           សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី២អ្វីជាប្រធាន                                          នាំសត្វឱ្យមានសេចក្តីវិនាស ។

អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ អសតំ ធម្ម រោចេតិ តំ បរាភវតោ មុខំ ។

អ្នកដែលស្រឡាញ់ពេញចិត្តស្នេហា                តែនឹងមនុស្សណាអសប្បុរស
តែងមិនស្រឡាញ់ពេញចិត្តទាំងអស់              នឹងអ្នកសប្បុរសមកធ្វើជាមិត្រ   ។
សេចក្តីស្រឡាញ់ពេញចិត្តគំនិត                      ហើយទៅគប់ពិតអសប្បុរស
គាប់ចិត្តក្នុងធម៌ឬមួយរបស់                              ហេតុនោះទាំងអស់នាំឱ្យវិនាស ។

ឥតិហេតំ វិជានាម ទុតិយោ សោ បរាភវោ តតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី២ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                           សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៣អ្វីជាប្រធាន                                         នាំសត្វឱ្យមានសេចក្តីវិនាស   ។

និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោ អលសោ កោធបញ្ញាណោ តំ បរាភវតោ មុខំ ។

អ្នកដេកច្រើន១និយាយច្រើន១                         និងអ្នកឥតព្រួយឥតគិតប្រឹងប្រែង
អ្នកខ្ជិលច្រអូសមិនមានខ្នះខ្នែង                        ខឹងច្រើនសម្តែងឱ្យគេឃើញបាន ។
ហេតុធម៌ទាំងនោះមិនជាកល្យាណ                 នាំឱ្យខកខានខាតខូចប្រយោជន៍
មានជាប្រធានតិចច្រើនដោយហោច             នាំបង់ប្រយោជន៍ហើយឱ្យវិនាស ។

ឥតិហេតំ វិជានាម តតិយោ សោ បរាភវោ ចតុត្ថំ ភគវា ព្រូហិ កឹ        បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                  វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្ដីវិនាសនេះបើរាប់សង្គ្រោះ                                  វិនាសនោះឈ្មោះទី៣ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                              សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៤អ្វីជាប្រធាន                                             នាំសត្វឱ្យមានសេចក្តីវិនាស ។

យោមាតរំ វា បិតរំ វា ជិណ្ណក៓ៗ គតយោព្វនំ បហុសន្តោ ន ភរតិ តំ បរាភវតោ មុខំ ។

នរជនណាមានទ្រព្យធនធាន                         ហើយខ្លួនមិនបានចិញ្ចឹមរក្សា
មាតាបិតាដែលចាស់ជរា                                   ហេតុនោះទៅជានាំឱ្យវិនាស ។

ឥតិហេតំ វិជានាម ច តុត្ថោ សោ បរាភវោ បញ្ចមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី៤ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                           សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៥អ្វីជាប្រធាន                                          នាំសត្វឱ្យមានសេចក្តីវិនាស ។

យោ សមណំ ព្រាហ្មណំ វា អញ្ញំ វាបិ វនិព្វក៓ មុសាវាទេន វញ្ចេតិ តំ បរាភវតោ មុខំ ។

ជនបញ្ឆោតព្រាហ្មណ៍ឬពួកសមណៈ              ពួកស្មូមឬអ្នកដទៃៗ
ដោយមុសាវាទឃ្លាតពាក្យប្រពៃ                     នោះប្រធាននៃសេចក្តីវិនាស ។

ឥតិហេតំ វិជានាម បញ្ចមោ សោ បរាភវោ ឆដ្ឋមំ ភគវា ព្រូហិ កឹ  បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង             វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                              វិនាសនោះឈ្មោះទី៥ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                          សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៦អ្វីជាប្រធាន                                        នាំសត្វឱ្យមានសេចក្តីវិនាស ។

បហុតវិត្តោ បុរិសោ សហិរញ្ញោ សភោជនោ ឯកោ ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ ។

បុរសអ្នកមានទ្រព្យធនធានច្រើន                 មាសប្រាក់ចម្រើននិងគ្រឿងអាហារ
លបលាក់របស់ដែលឆ្ងាញ់ពិសា                    ស៊ីម្នាក់ឯងជាប្រធានវិនាស ។

ឥតិហេតំ វិជានាម ឆដ្ឋមោ សោ បរាភវោ សត្តមំ ភគវា ព្រូហិ កឹ  បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី៦ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                           សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៧អ្វីជាប្រធាន                                         នាំសត្វឱ្យមានសេចក្តីវិនាស ។

ជាតិត្ថទ្ធោ ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោ នរោ សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោ មុខំ ។

អ្នកដែលប្រកាន់ជាតិទ្រព្យត្រកូល                   ហើយមិនប្រមូលសាច់ញាតិសន្តាន
មើលងាយញាតិខ្លួនដោយអាងខ្លួនមាន         នោះជាប្រធានសេចក្តីវិនាស ។

ឥតិហេតំ វិជានាម សត្តមោ សោ បរាភវោ អដ្ឋមំ ភគវា ព្រូហិ កឹ   បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                 វិនាសនោះឈ្មោះទី៧ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                             សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៨អ្វីជាប្រធាន                                           នាំសត្វឱ្យមានសេចក្តីវិនាស ។

ឥត្ថីធុត្តោ សុរាធុត្តោ អក្ខធុត្តោ ច យោ នរោ លទ្ធំ លទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ ។

ជនអ្នកប្រព្រឹត្តល្បែងបីប្រការ                       ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមានឱ្យអន្តរាយ                           ការល្បែងទាំងឡាយនោះនាំវិនាស ។

ឥតិហេតំ វិជានាម អដ្ឋមោ សោ បរាភវោ នវមំ ភគវា ព្រូហិ កឹ   បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                     វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                       វិនាសនោះឈ្មោះទី៨ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                                  សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៩អ្វីជាប្រធាន                                                 នាំសត្វឱ្យមានសេចក្តីវិនាស ។

សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ ។

ប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួន                       ហើយទៅជាប់ចួននឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធកូនជននានា                             ហេតុនោះទៅជានាំឱ្យវិនាស ។

ឥតិហេតំ វិជានាម នវមោ សោ បរាភវោ ទសមំ ភគវា ព្រូហិ កឹ    បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                   វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                    វិនាសនោះឈ្មោះទី៩ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                                សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១០អ្វីជាប្រធាន                                            នាំសត្វឱ្យមានសេចក្តីវិនាស ។

អតីត យោព្វនោ បោសោ អានេតិ តិម្ពរុត្ថនី តស្សា ឥស្សា ន សុបតិ តំ បរាភវតោ មុខំ ។

បុរសមានវ័យដែលចាស់ហួសពេក           ហើយមានតម្រេកដោយក្ដីតណ្ហា
នាំយកស្រីក្មេងមកធ្វើភរិយា                      ហេតុនោះទៅជានាំឱ្យវិនាស ។

ឥតិហេតំ វិជានាម ទសមោ សោ បរាភវោ ឯកាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី១០ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                           សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១១អ្វីជាប្រធាន                                      នាំសត្វឱ្យមានសេចក្តីវិនាស ។

ឥត្ថី សោណ្ឌី វិកិរណឹ បុរិសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ ។

បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ                  ឬស្រីទាំងឡាយតាំងបុរសនោះ
ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះ                អំពើទាំងនោះនាំឱ្យវិនាស ។

ឥតិហេតំ វិជានាម ឯកាទសមោ សោ បរាភវោ ទ្វាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី១១ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                          សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១២អ្វីជាប្រធាន                                      នាំសត្វឱ្យមានសេចក្តីវិនាស ។

អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ សោ ច រជ្ជំ     បត្ថយតិ តំ បរាភវតោ មុខំ ។

ជនណាកើតក្នុងត្រកូលជាក្សត្រ                         អ្នកក្សត់សម្បត្តិហើយប្រាថ្នាធំ
ចង់បានជាស្តេចសោយរាជ្យស្តុកស្តម្ភ              ហេតុនោះនឹងនាំឱ្យដល់វិនាស ។

ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ អរិយទស្សន សម្បន្នោ ស លោកំ ភជតេ សិវំ ៕៚

ជនជាបណ្ឌិតគំនិតប្រសើរ                                   បានឃើញដំណើរនៃហេតុវិនាស
ដល់សត្វក្នុងលោកសន្និវាស                               គេចពីវិនាសគប់រកចម្រើន ៕៚

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖