រតនបជោត​ជាតក

បញ្ញាសជាតក

រតនបជោតជាតក

អច្ឆរិយំទំទុក្ខន្តិ ឥទំសត្ថាជេតវនេ

វិហរន្តោមាតុបោសកំ ភិក្ខុំអារព្ភកថេសិ

ប្រែជាសេចក្ដីថា សត្ថា រីសម្ដេចព្រះបរមសាស្ដាចារ្យកាលព្រះអង្គគង់នៅក្នុងជេតវនមហាវិហារ ទ្រង់ប្រារព្ធនូវភិក្ខុ ១ រូបជាអ្នកចិញ្ចឹមមាតា ហើយទ្រង់សម្ដែងធម្មទេសនានេះមានពាក្យថា អច្ឆរិយំវតីទំទុក្ខំ ដូច្នេះជាដើម រឿងនេះមានសេចក្ដីពិស្ដារប្រហែលគ្នានឹងសាមជាតក ដែលមានមកក្នុងគម្ពីរទសជាតកឯណោះ ក្នុងទីនេះមានសេចក្ដីសង្ខេបដូចនឹងពោលតទៅនេះ ។

សេចក្ដីខាងដើមរឿងនេះថា តាំងអំពីភិក្ខុនោះបានឧប្បទាហើយវេលាណា ក៏តែងតែស្វែងរកនូវបិណ្ឌបាតមកចិញ្ចឹមមាតារបស់ខ្លួន ទាល់តែភិក្ខុទាំងឡាយនាំគ្នាតិះដៀលលើកទោសថា ធម្មតាអ្នកបួសហើយទៅខំស្វែងរកអាហារបិណ្ឌបាតមកចិញ្ចឹមគ្រហស្ដនោះមិនសមគួរឡើយ ពាក្យទាំងនេះមិនបាត់ស្ងាត់ក៏ជ្រួតជ្រាបដល់ព្រះសោតទិព្វថ្លៃនៃព្រះបរមសាស្ដាចារ្យ ទើបទ្រង់មានពុទ្ធភាសិតត្រាស់ថា នៃភិក្ខុទាំងឡាយកុំបៀតបៀនមើលងាយនូវភិក្ខុដែលជាអ្នកចិញ្ចឹមមាតានេះឡើយអ្នកប្រាជ្ញទាំងឡាយអំពីបុរាណមុននាយ ក៏តែងទំនុកបម្រុងមាតារបស់ខ្លួនដោយភេទជាអ្នកបួសដូចយ៉ាងហ្នឹងដែរ ត្រាស់ដូច្នេះហើយព្រះអង្គក៏ទ្រង់ស្ងៀមនៅដោយតុណ្ហីភាព ទើបភិក្ខុទាំងឡាយនោះមានចេតនាប្រាថ្នាចង់ដឹងរឿងរ៉ាវនោះដោយពិស្ដារ ហើយក៏ក្រាបបង្គំទូលអារាធនាសូមឱ្យព្រះអង្គសម្ដែងថ្លែងធម្មទេសនាតទៅ ឯព្រះបរមគ្រូក៏ទ្រង់យឹតយោងទាញយករឿងរ៉ាវដែលកន្លងទៅហើយនោះមកសម្ដែងជាទីសណ្ដាប់ឱ្យភិក្ខុទាំងឡាយនោះស្ដាប់ក្នុងកាលគ្រានោះឯង ។

អតីតេភិក្ខវេ មេឃវតិនគរេមហារថោនាមរាជារជ្ជំការេសិ

សេចក្ដីថា នែភិក្ខុទាំងឡាយកាលដែលកន្លងទៅហើយនោះ មានព្រះមហាក្សត្រអង្គ ១ ទ្រង់ព្រះនាមថា សិរិរតនអាភា គ្រានោះព្រះបរមពោធិសត្តស្ដេចធ្វើចុត្យាការកិច្ចអំពីទេវលោក ក្នុងជាន់តុសិត ចុះមកកាន់យកបដិសន្ធិក្នុងគភ៌នៃព្រះអគ្គមហេសីអង្គនោះ ឯព្រះអគ្គមហេសីនោះលុះទ្រង់គភ៌បរិបូណ៌ហើយ ក៏បណ្ដាលឱ្យមានព្រះហឫទ័យប្រាថ្នាចង់ចេញទៅក្រសាលលេងក្នុងព្រះរាជឧទ្យានពន់ពេកណាស់ ទើបទូលព្រះរាជស្វាមីឱ្យស្ដេចជ្រាបឯសម្ដេចព្រះមហារថរាជជាព្រះស្វាមីស្ដេចបានជ្រាបហើយទើបស្ដេចទ្រង់ត្រាស់បង្គាប់ឱ្យហៅនូវឧយ្យានបាល គឺអ្នករក្សាឧទ្យានឱ្យចូលមកគាល់ ហើយទ្រង់ត្រាស់បង្គាប់ថា នែនាយឧទ្យានចូរអ្នកទាំងឡាយចាត់ការតាក់តែងសម្អាតនូវរាជូទ្យាននោះឱ្យល្អប្រពៃ ឯនាយឧទ្យាននោះក៏ទទួលព្រះរាជតម្រាស់ហើយតាំងរៀបតាក់តែងតាមព្រះរាជអាជ្ញាបង្គាប់ ស្រេចហើយទើបយកសេចក្ដីក្រាបបង្គំទូល លុះដល់ថ្ងៃដែលស្ដេចនឹងទ្រង់ព្រះរាជដំណើរទៅនោះ ព្រះមហាក្សត្រនិងព្រះរាជទេវីព្រមទាំងសេវកាមាត្យមុខមន្រ្តីនិងរាជបរិវារដ៏ច្រើន ស្ដេចក៏ទៅស្ថិតនៅក្នុងព្រះរាជឧទ្យានហើយទ្រង់ទតព្រះនេត្រនិងទ្រង់ក្រសាលសម្រាន្តតាមព្រះរាជហឫទ័យប្រាថ្នា តាំងអំពីវេលាព្រឹករហូតដល់ព្រះអាទិត្យអស្ដង្គតទៅ ព្រះមហាក្សត្រព្រមទាំងព្រះរាជទេវីមិនអាចនឹងស្ដេចចូលទៅក្នុងព្រះនគរបានឡើយ ព្រោះហួសវេលាស្ដេចក៏ទ្រង់ផ្ទំនៅក្នុងឧទ្យាននោះអស់រាត្រី ១ ។

ក្នុងថ្ងៃនោះព្រះបរមរាជានិងអគ្គមហេសី ស្ដេចក៏ផ្ទំរួមសេយ្យាសនជាមួយគ្នាទាំងពីរព្រះអង្គ លុះដល់ពេលបច្ចុសសម័យវេលាជិតព្រឹកឡើង ព្រះរាជទេពីនាងទ្រង់សុបិននិមិត្តយល់សប្ដិថាដូច្នេះ មានបុរសម្នាក់មានកាយដ៏ខ្មៅភ្នែកក្រហម សក់ក្រហម ស្លៀកសំពត់មានពណ៌ក្រហម ដៃកាន់នូវអាវុធមានមុខដ៏មុតថ្លា ដើរមកពីទិសបស្ចិម តម្រង់ចូលមកកាន់ទីល្វែងដែលព្រះរាជទេវីនាងផ្ទំ ហើយក៏ចាប់នូវផ្នួងព្រះកេសានៃព្រះរាជទេវីទាញផ្ដួលផ្ដេកព្រះអង្គនាងទៅលើផែនដីឆ្កៀលខ្វេះយកព្រះនេត្រទាំងពីរហើយកាត់ផ្ដាច់នូវព្រះហស្តខាងស្ដាំ រួចពុះទម្លាយនូវដើមទ្រូង ត្រងយកនូវតំណក់លោហិតដែលហូរចេញមកទុកទើបរូងយកសាច់បេះដូងបានហើយ ក៏បែមុខចំពោះទៅកាន់បស្ចិមទិសហើយចៀសចេញទៅ ។

ឯព្រះរាជទេវីនាងក៏មានព្រះហឫទ័យញាប់ញ័រតក់ស្លុតអំពីមរណភ័យនោះក្រៃពេកណាស់ ក៏ស្ទុះក្រោកឡើងដោយរហ័សទើបដឹងព្រះស្មារតីច្បាស់ប្រាកដ ថាឱខ្លួនអញយល់សប្ដិទេអ្ហះ ហើយនាងក៏ក្រោកឡើងរំពឹងគឹតថា សុបិនដែលអាត្មាអញឃើញនេះជាសុបិនលាមកអាក្រក់សល់ខ្នាត សេចក្ដីអន្តរាយនឹងមានដល់ខ្លួនអញ ដោយហេតុផលនៃសុបិននេះមិនខានឡើយ លុះគិតដូច្នេះហើយទើបក្រាបបង្គំទូលនូវរឿងនេះឱ្យព្រះរាជស្វាមីស្ដេចទ្រង់ជ្រាប – លុះព្រះមហាក្សត្រស្ដេចជ្រាបហើយទ្រង់ត្រាស់ប្រាប់នូវដំណើរសុបិននោះ ដល់ហោរាដែលជាអ្នកទំនាយនូវសុបិននិមិត្តថ្វាយ ឯហោរាទាំងឡាយនោះបានយល់ច្បាស់ក្នុងសុបិននោះហើយ ទើបយកសេចក្ដីក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ឯសុបិនដែលព្រះរាជទេវីទ្រង់យល់នេះ ទំនាយថាព្រះករុណាជាម្ចាស់ជីវិតនិងព្រះរាជទេពីមុខជានឹងព្រាត់ប្រាសចាកគ្នាដោយផលនៃសុបិននោះ មិនខានឡើយ សូមទ្រង់ជ្រាប ។

ព្រះមហាក្សត្រនិងព្រះអគ្គមហេសីស្ដេចទ្រង់ព្រះសណ្ដាប់ទំនាយនោះហើយព្រះអង្គក៏មានព្រះរាជហឫទ័យរន្ធត់ញាប់ញ័រព្រោះភ័យខ្លាចសេចក្ដីព្រាត់ប្រាសបែកគ្នានោះលើសប្រមាណទើបទ្រង់សួរទៅហោរនោះថា នែហោរាទាំងឡាយ ហេតុដែលធ្វើឱ្យយើងវិនាសបែកគ្នានោះតើដូចម្ដេចខ្លះ ហោរទាំងនោះក៏ក្រាបទូលថា បពិត្រព្រះសម្មតិទេវរាជក្នុងវេលារសៀលថ្ងៃនេះ មហាមេឃនឹងតាំងឡើងដោរដាលជាភ្លៀងធ្លាក់ចុះមកពេញដែនដីនេះ កាលដំបូងឡើយមានទឹកប្រមាណត្រឹមករជើងបន្តិចទៅត្រឹមជង្គង់ ត្រឹមចង្កេះ ត្រឹមដោះ ត្រឹមក ត្រឹមក្បាល រហូតដល់ជម្រៅដើមត្នោត ១ និង ៧ ដើមត្នោតឡើងទៅទើបស្ដេចទ្រង់សួរតទៅទៀតថា នែអ្នកទាំងឡាយ បើមានហេតុយ៉ាងហ្នឹងហើយ តើយើងត្រូវធ្វើដូចម្ដេចទើបបានស្រួល នេមិត្តកោទាំងឡាយក៏ក្រាបទូលថា បពិត្រសម្ដេចព្រះបរមមហារាជ រឿងនេះនឹងរកវត្ថុដទៃក្រៅចាកទូកមកជាទីពឹងពំនាក់នោះគ្មានឡើយ គ្រានោះព្រះមហាក្សត្រស្ដេចឱ្យហៅនូវជាងឈើទាំងឡាយមក ហើយទ្រង់ត្រាស់បង្គាប់ថា នែអ្នកទាំងឡាយចូរអ្នកទាំងឡាយធ្វើនូវទូកឱ្យបានឆាប់ ហើយចងភ្ជាប់គ្នាស្រេចវេលាណា ចូរអ្នកទាំងឡាយប្រាប់ដល់យើងកុំខាន នាយជាងទាំងឡាយក៏ទទួលព្រះរាជតម្រាស់ហើយក៏តាំងចាត់ចែងការតទូករួចស្រេចហើយទើបក្រាបទូលថ្វាយតាមព្រះរាជបង្គាប់ ។

លុះដល់សាយណ្ហសម័យ (ថ្ងៃរសៀល) ក៏មហាមេឃតាំងដោរបណ្ដាលជាភ្លៀងធំធ្លាក់ចុះមកឥតមានដាច់គ្រាប់ឡើយ ឯទឹកភ្លៀងនោះសោតកាន់តែច្រើនកើនឡើងឥតមានអាក់ ទីដំបូងឡើយមានទឹកប្រមាណត្រឹមកជើង យូរបន្តិចទៅមានជម្រៅត្រឹមជង្គង់ ត្រឹមចង្កេះ ជម្រៅដើមត្នោត ១ រហូតដល់ជម្រៅ ៧ ដើមត្នោតឡើងទៅដូចទំនាយ មហាជនទាំងឡាយ បានឃើញទឹកមានជម្រៅប្រមាណ ៧ ដើមត្នោតដូច្នោះហើយ ក៏មានចិត្តរន្ធត់ញាប់ញ័រខ្លាចសេចក្ដីស្លាប់តែរាល់គ្នាជាទីបំផុត ហើយក៏ខំស្វែងរកទីពឹងអាស្រ័យ ចំណែកខាងរលកធំ ៗ ក៏បោកបក់ផ្ទប់នូវមហាជនទាំងនោះឱ្យដល់នូវសេចក្ដីវិនាសយ៉ាងធំក្នុងជាន់នោះ ឯព្រះបាទមហារថរាជនិងព្រះអគ្គមហេសីក៏ស្ដេចខះខំឡើងលើទូកនោះបានហើយ រលកធំក៏បក់ផាត់បន្សាត់នូវរាជនាវានោះឱ្យអណ្ដែតត្រឡប់ត្រឡិនទៅតាមខ្សែទឹកព្រះរាជទេវីនាងទ្រង់គភ៌បរិបូណ៌គ្រប់ខែ ហើយជាស្រីប្រកបដោយសេចក្ដីភ័យខ្លាចច្រើន មិនអាចនឹងទប់ទល់តម្កល់ខ្លួនបាន នាងក៏ទ្រង់ព្រះកន្សែងខ្លាំង ទាំងទឹកព្រះនេត្រសោតក៏ហូរចេញស្រោចដូចគេស្រប់ព្រះភក្រ្ដា ទើបត្រាស់នូវព្រះគាថានេះថា ។

អច្ឆរិយំវតិទំទុក្ខំ                 សុខមត្តំនជាយតិ

កថំជីវាម្ហសេទេវ                អប្បតិដ្ឋេមហណ្ណវេ

អហោអនាថាកប្បណា       លភាម្ហសេមហោទធឹ

សលិលេអប្បតិដ្ឋស្មឹ           កថំទីបំលភាម្ហសេ

នាហន្តំទេវបស្សាមិ            អនាថាមរណញ្ចមេតិ

សេចក្ដីថា បពិត្រព្រះសម្មតិទេពព្រះស្វាមី សេចក្ដីសុខមាតាថាបន្តិចបន្តួចរបស់យើងមិនមានសោះឡើយ សេចក្ដីទុក្ខក្នុងគ្រានេះហើយជាទុក្ខធំធ្ងន់សល់ខ្នាតលើសធម្មតា ជាហេតុគួរសម្បើមជាទីអស្ចារ្យចម្លែកពេកណាស់ យើងទាំងពីរកាលបើចេះតែសាត់ទៅ ៗ ក្នុងទីជ្រៅកណ្ដាលចំណោមទឹកធំដែលរកទីជ្រកទីអាស្រ័យមិនមានហើយ ម្ដេចឡើយនឹងមានជីវិតរស់នៅតទៅទៀតបាន ឱយើងទាំងពីរអ្នកជាមនុស្សកំព្រាផុតទីពឹងត្រឹមហ្នឹងហើយ មកបានឯចំណោមទឹកធំនេះជាផ្ទះនៅកាលបើមកនៅក្នុងកណ្ដាលទឹកជ្រៅ ដែលប្រាសចាកទីពឹងហើយ ធ្វើម្ដេចឡើយនឹងជួបប្រទះនូវកោះត្រើយឯណាបាន ខ្ញុំនឹងមិនបានឃើញព្រះអង្គតទៅទៀត សេចក្ដីស្លាប់របស់ខ្ញុំមុខជារកទីពឹងមិនបាន ។

កាលព្រះរាជទេរីពោលគាថាយ៉ាងនេះហើយ ទើបព្រះបរមក្សត្រាធិរាជលួងលោមប្រលោមព្រះរាជទេវីថា នែព្រះនាងដ៏ចម្រើន ប្អូនកុំភ័យកុំខ្សឹកខ្សួលឱ្យជ្រុលពេកឡើយ ហេតុអ្វីបានជាបងពោលយ៉ាងហ្នឹង ព្រោះថាសម្បត្តិទាំងពួងដែលមានហើយ ក៏គង់ដល់នូវសេចក្ដីវិនាសពុំលែងឡើយ មានវ័យដ៏ចម្រើនក្នុងកាលខាងដើមហើយ តែងនឹងចាស់ជរាគ្រាំគ្រាក្នុងកាលជាទីបំផុត មិនមានរោគាព្យាធិក្នុងកាលខាងដើមហើយតែងនឹងមានជំងឺឈឺចាប់ក្នុងកាលខាងក្រោយ ពុំខានឡើយមានសេចក្ដីរស់នៅហើយ គង់នឹងដល់នូវសេចក្ដីស្លាប់ក្នុងទីបំផុតជាទំនៀម ព្រះមហាក្សត្រទ្រង់ប្រោសប្រទានឱវាទដល់ព្រះទេពីដូច្នេះហើយទើបព្រះអង្គត្រាស់គាថាដូច្នេះថាៈ

 មាពាឡ្ហំបរិទេវេសិ             ឯសាលោកស្សធម្មតា

អនិច្ចាវតសំខារា                សព្វពុទ្ធេហិទេសិតា

យំកិញ្ចិកុសលំកតំ             មយ្ហញ្ចេវតយាកតំ

សព្វហិតញ្ចកុសលំ            ចិន្តេព្វេហិសោភណេ

សេចក្ដីថា ព្រះនាងកុំខ្សឹកខ្សួលអួលអន់ពេកឡើយធ្វើម្ដេចសេចក្ដីប្រព្រឹត្តទៅរបស់លោកតែងមានជាធម្មតាយ៉ាងហ្នឹងហើយ សំខារធម៌ទាំងឡាយមិនទៀងទាត់ប្រាកដទេ ព្រះពុទ្ធគ្រប់ព្រះអង្គតែងត្រាស់សម្ដែងហើយយ៉ាងហ្នឹង កុសលឯណា ១ ដែលព្រះនាងបានសាងសន្សំទុកហើយក្ដី ប្រយោជន៍ទាំងពួងដែលព្រះប្អូនបានធ្វើទុកដើម្បីឱ្យបងក្ដី ចូរប្អូននឹករឭកត្រង់កុសលទាំងនោះជាចំណែកដ៏ល្អ ។

កាលព្រះបាទមហារថរាជ ស្ដេចបានប្រទានឱវាទលួងលោមព្រះរាជទេវីដូច្នោះហើយ ចំណែកខាងរលកទឹកធំ ៗ នោះក៏បក់បោកខ្លាំងខ្ទប់ចូលមក ឯនាវានោះសោតក៏បែកបាក់ទៅជាចំណែកពីរ ព្រះទេវីក៏មានសេចក្ដីភិតភ័យនឹងមរណសង្រ្គាមនោះឥតឧបមា នឹងនឹករកឧបាយណា ១ មកជួយដោះខ្លួនឱ្យរួចផុតពីសេចក្ដីគ្រោះថ្នាក់នេះមិនឃើញឡើយ នាងក៏ទ្រង់ព្រះពិលាបសោយសោក ស្រែកហៅរកព្រះរាជស្វាមីឱ្យជួយដោះនាងអំពីទុក្ខធំ ហើយត្រាស់ព្រះគាថាដូច្នេះថា៖

ឯហិគណ្ហហិមំទេវ             ខិប្បំមោចេហិទុក្ខតោ

តយាវិនានជីវាមិ                មាមំសជ្ជេថរថេសភ

សេចក្ដីថា បពិត្រព្រះសម្មតិរាជ សូមព្រះអង្គស្ដេចមកជួយខ្ញុំ ចូរដោះខ្ញុំម្ចាស់ឱ្យរួចចាកគ្រោះថ្នាក់ធំក្នុងជាន់នេះឱ្យឆាប់ឱ្យទានផង ឯខ្លួនខ្ញុំម្ចាស់សោតបើវៀរលែងព្រះអង្គហើយ នឹងមិនមានជីវិតតទៅទៀតឡើយ ព្រះអង្គស្ដេចកុំលះបង់ចោលខ្ញុំឡើយណាព្រះករុណា ។

ព្រះបាទសម្ដេចព្រះមហារថរាជ ស្ដេចបានទ្រង់ព្រះសណ្ដាប់សព្ទសំឡេងពិលាបសោយសោកនៃព្រះរាជទេវី ព្រោះសេចក្ដីនិរាសប្រាសព្រាត់ដូច្នោះហើយ ស្ដេចក៏មានព្រះហឫទ័យស្លុតស្លុងភាន់ភាំងព្រះស្មារតីទើបយកព្រះភូសារបស់ព្រះអង្គចងពាត់ព្រះអង្គនឹងព្រះរាជទេវីផ្ជាប់គ្នាយ៉ាងមាំទុកហើយ គ្រានោះព្រះភូសាសាដក ក៏ដាច់ដាចផុតចេញពីគ្នា ហាក់ដូចជាសម្ដែងឱ្យឃើញនូវផលនៃអកុសលកម្មរបស់ព្រះអង្គដែលបានធ្វើរួចហើយអំពីមុន ។

ព្រះមហាក្សត្រនិងព្រះរាជទេពីទាំងពីរព្រះអង្គ ត្រូវរលកទឹកបោកបែកគ្នាទៅតែ ១ ព្រះអង្គ ៗ ។

ពាក្យសួរថា ព្រះមហាក្សត្រនិងព្រះរាជទេវីបានធ្វើនូវអំពើអកុសលអ្វី ទើបបានមកដល់ប្រទះលើសេចក្ដីអន្តរាយដូច្នេះនេះ ។

ពាក្យឆ្លើយថា កាលអំពីជាតិមុននោះព្រះមហាក្សត្រនិងព្រះអគ្គមហេសីទាំងពីរព្រះអង្គនេះ ជាស្ដេចសោយរាជសម្បត្តិនៅក្នុងពារាណសី គ្រាមួយនោះព្រះអង្គទាំងពីរស្ដេចចុះទៅស្រង់ទឹកទៀបឆ្នេរនៃគង្គា ពេលនោះមានសាមណេរមួយអង្គអាយុបាន ៧ ឆ្នាំ អុំទូកបម្រុងចតនៅត្រង់ទីនោះ ក៏ព្រះមហាក្សត្រនិងព្រះទេពី ស្ដេចចង់ក្រសាលសប្បាយហើយទៅធ្វើទូកដែលសាមណេរជិះនោះឱ្យឃ្លេងឃ្លោងលេង ឯសាមណេរនោះសោតក៏ហេតុតែជាមនុស្សក្មេង មានសេចក្ដីភិតភ័យនឹងទូកឃ្លេងឃ្លោងនោះក្រៃពេកណាស់ ក៏ស្រែកដោយសំឡេងឡើងខ្លាំង ហេតុតែផលនៃកម្មដែលព្រះមហាក្សត្រនិងព្រះនាងឱ្យសាមណេរនោះភិតភ័យនោះឯងហើយ បានជាជាប់តាមមកធ្វើឱ្យព្រះអង្គទាំងពីរព្រាត់ព្រាកចាកគ្នាយ៉ាងនេះ ។

ឯអំពើអាក្រក់សូម្បីមាត្រាថាតូចមួយ ក៏គួរយើងរាល់គ្នាកុំធ្វើឡើយ ព្រោះហេតុហ្នឹងហើយបានជាសម្ដេចព្រះភគវាទ្រង់ត្រាស់ទេសនាហាមឃាត់ទុកថា៖

ខុទ្ទកញ្ចមិទំកម្មំ                 នតំបត្តោតិមុញ្ចតិ

ទុក្ករំសុករំកម្មំ                   នភវេយ្យកុទាចនំ

សេចក្ដីថា កម្មនេះតូចតិចពេកណាស់ ចំណែកបុគ្គលអ្នកធ្វើនោះមុកជាមិនដល់នូវផលនៃកម្មនោះឡើយគង់នឹងរបូតរួចផុតទៅទទេ ការងារដែលធ្វើអាក្រក់ក្ដី ល្អក្ដី មុកជាមិនមាន មកអំពីទីណា ១ ឡើយ បុរសប្រុសស្រីកុំមានប្រមាទយ៉ាងនឹងឡើយ ឯការដែលធ្វើអាក្រក់ឬធ្វើល្អនោះសូម្បីបន្តិចបន្តួចក៏គង់សងផលដល់អ្នកដែលធ្វើតាមកំឡាំងមិនលែងឡើយ ដូចជាព្រះបាទមហារថរាជ នឹងនាងសិរិរតនអាភា ដែលធ្វើលេងឱ្យសាមណេរភិតភ័យប៉ុណ្ណឹង ផលនោះក៏អាចសងវិញធ្វើឱ្យព្រាត់ព្រាកចាកគ្នាជាក់ស្ដែងយ៉ាងនេះមិនខាន ។

ឯព្រះរាជទេវីឃ្លាតចាកព្រះរាជស្វាមីហើយក៏អណ្ដែតសាត់ទៅដោយលំដាប់ ៗ ហើយបានទៅដល់ទៀបជើងភ្នំចន្ទបព៌តនាងក៏ស្ដេចឡើងពីទឹកនោះហើយទ្រង់ទតព្រះនេត្ររកមើលទៅក្នុងទិសខាងនេះខាងនោះក៏មិនប្រទះឃើញនូវមនុស្សម្នាឯណាមួយឡើយ ហើយទើបទ្រង់រម្សាយព្រះភូសាសាដក ហាលកម្ដៅពាក់កណ្ដាល នាងទ្រង់ស្លៀកបិទបាំងព្រះអង្គពាក់កណ្ដាល លុះប្រែត្រឡប់ស្ងួតទាំងអស់ហើយ ក៏ទ្រង់ស្លៀកតាមប្រក្រតីធម្មតា ទើបទ្រង់ស្ថិតនៅក្រោមដើមឈើមួយ ពេលនោះព្រះរាជទេវីនាងគង់នៅតែម្នាក់ឯង ជាអ្នកកំព្រាឥតមានគ្នីគ្នាមិត្តសម្លាញ់ឯណា ១ ជាទីពឹងពុំនាក់ឡើយ គួរឱ្យករុណាអាណិតពេកណាស់ នាងក៏ទ្រង់ព្រះពិលាបសោយសោក ទឹកព្រះនេត្រក៏ហូរហៀរស្រក់ស្រោចព្រះភក្រ្តា ហើយនាងមានព្រះរាជសវនីយ៍ពោលនូវព្រះគាថាដូច្នេះថា៖

វិយោគោមេកតោបុព្វេ        នរស្សមិគបក្ខិនោ

តេនកម្មវិបាកេន               វិយោគោបតិនាសហ

កថំបស្សសិមំឯកំ              មហារាជមហិប្បតិ

អនាថិទានិមេអជ្ជ              ឯកិកាវព្រហាវនេ

សេចក្ដីថា ការដែលពង្រាត់ពង្រាសមនុស្សនិងសត្វម្រិគ ឬសត្វស្លាប ទំនងជាអញបានធ្វើហើយក្នុងគ្រាមុនឱ្យគេព្រាត់ព្រាកចាកគូ ឬកូនរបស់គេដឹង លុះដល់មកជាតិនេះ ទើបអញត្រូវព្រាត់ព្រាកចាកព្រះរាជស្វាមីជាទីស្រឡាញ់របស់ខ្លួន ដោយផលនៃកម្មនោះឯងជាប់តាមមកប្រគល់ឱ្យ បពិត្រសម្ដេចមហារាជដ៏ទ្រង់នូវអំណាចគ្រប់គ្រងនូវផែនដី ធ្វើម្ដេចហើយព្រះអង្គនឹងបានមកជួបឃើញខ្ញុំម្ចាស់ ដែលជាស្រីកំព្រាម្នាក់ឯងក្នុងទីនេះទៀតទៅ ឥឡូវនេះខ្ញុំម្ចាស់ជាស្រីអនាថាត្រមោចនៅតែម្នាក់ឯងក្នុងដង្គំព្រៃធំរកទីពឹងគ្មានឡើយ មុខជានឹងរងវេទនាដរាបដល់ស្លាប់ក្នុងថ្ងៃនេះហើយព្រះករុណា ។

ក៏ហេតុតែអំណាចតេជះបុញ្ញាធិការរបស់ព្រះបរមពោធិសត្ត ដែលទ្រង់អាស្រ័យនៅក្នុងគភ៌នៃព្រះរាជទេវីនោះបណ្ដាលឱ្យពិភពសម្ដេចអមរិន្ទឥន្ទកោសី ក្ដៅក្រហាយឡើង គ្រានោះសម្ដេចព្រះសហស្សនេត្រ ទ្រង់បានជ្រាបនូវហេតុនោះគ្រប់ប្រការទើបមានទេវឱង្ការ ត្រាស់ឱ្យហៅវិស្សកម្មទេវបុត្រឱ្យចូលមកគាល់ លុះមកដល់ហើយទើបទ្រង់បង្គាប់ថា នែវិស្សកម្ម ចូរអ្នកចុះទៅកាន់ជើងភ្នំចន្ទបពត៌ហើយនិម្មិតនូវស្រះមួយ ព្រមទាំងឈូកមានផ្កាមានពណ៌ ៥ យ៉ាង ក្នុងវនប្រទេសឱ្យជាទីសប្បាយរីករាយនឹងនិម្មិតបណ្ណសាលាមួយ ព្រមទាំងគ្រឿងបរិក្ខារសម្រាប់អ្នកបួសទុកនៅក្នុងទីនោះផង រួចហើយចូរអ្នកត្រឡប់មកវិញចុះ ឯព្រះវិស្សកម្មទេវបុត្រនោះក៏ទទួលទេវអាជ្ញាហើយ ចុះមកនិម្មិតតាមព្រះរាជឱង្ការស្រេចហើយទើបចារឹកអក្សរទុកនៅក្លោងទ្វារនោះថា ។

យោបព្វជ្ជិតុកាមោយថាសុខំគណ្ហតុ សេចក្ដីថាអ្នកឯណា ត្រូវការនឹងបួស អ្នកនោះចូរកាន់នូវគ្រឿងបរិក្ខារនេះតាមសេចក្ដីសប្បាយចុះ ហើយវិស្សកម្មក៏ត្រឡប់ទៅកាន់ទីនៅរបស់ខ្លួនវិញក្រាបបង្គំទូលសេចក្ដីទាំងនោះដល់សម្ដេចព្រះឥន្រ្ទាធិរាជស្ដេចបានជ្រាបគ្រប់ប្រការ ។

ឯព្រះបាទមហារថរាជ កាលដែលអណ្ដែតដោយរលកបន្សាត់ទៅ បានរងនូវសេចក្ដីទុក្ខលំបាកក្រៃលែងលើសប្រមាណ អណ្ដែតទៅហួស ៧ ថ្ងៃ ទើបបានដល់មកនគររបស់ព្រះអង្គដដែលវិញ ។

ចំណែកខាងនាងទេវីនោះសោតនាងក៏ឆ្អែតឆ្អន់ទៅដោយសេចក្ដីទោមនស្ស តែរាល់ពេលឥតមានស្រាកស្រាន្តឡើយ ក្នុងថ្ងៃមួយនោះនាងក៏លីលាទៅតាមមគ្គមាគ៌ា បានឃើញនូវបណ្ណសាលាព្រមទាំងអក្សរចារឹកទុកនៅទីក្លោងទ្វារនោះនាងក៏ប្រឹងទតសព្វសេចក្ដីហើយ ក៏ទ្រង់ជ្រាបថាជាស្ដេចទេព្តាព្រះអង្គសាងទុកឱ្យ ទើបចូលទៅសម្នាក់អាស្រ័យក្នុងបរមសាលានោះ ហើយក៏ទ្រង់ព្រះផ្នួសបួសជាតាបសនីនៅក្នុងទីនោះ ឯនាងទេវីជាស្រីមានគភ៌បរិបូណ៌គ្រប់ខែថ្ងៃហើយ វេលានោះខ្យល់កម្មជ្ជវាតបក់កម្រើកឡើងបង្វិលគភ៌នាងហើយឱ្យទ្រង់ប្រសូតនូវព្រះរាជឱរស ដ៏ល្អមានពណ៌បីដូចជាពណ៌នៃមាសឆ្អិនក្នុងវេលាពាក់កណ្ដាលអធ្រាត្រនោះ លុះព្រឹកឡើងនាងក៏ស្រង់ទឹកជម្រះព្រះមហាសត្តហើយ ឱ្យសោយនូវក្សីរធារារួចស្រេចទើបផ្ដេកព្រះពោធិសត្តទុកក្នុងទីនោះ ។

ឯព្រះរាជទេវីកាលដែលនឹងកំណត់ព្រះនាមថ្វាយព្រះពោធិសត្តនោះ គឺព្រះនាងកាន់យកនូវនិម្មិតក្នុងថ្ងៃដែលប្រសូតនោះ ព្រោះថ្ងៃយប់នោះពន្លឺកែវគ្រប់យ៉ាងបណ្ដាលឱ្យភ្លឺព្រោងព្រាតដាសពេញក្នុងព្រៃហិមពាន្តទាំងអស់ ទើបកាន់យកហេតុនោះមកកំណត់ជាព្រះនាមថ្វាយថា រតនបជោត ដូច្នេះ ។ ក្នុងគ្រា ១ នោះព្រះរាជទេវីនាងក៏ដាក់ពោធិសត្តឱ្យទ្រង់ផ្ទំនៅក្នុងបណ្ណសាលា ហើយព្រះអង្គនាងក៏ចូលទៅក្នុងព្រៃដើម្បីស្វែងរកមើមឈើនិងផ្លែឈើតូចធំ លុះបានហើយក៏ត្រឡប់មកអង្គុយនៅក្នុងបណ្ណសាលាវិញបរិភោគនូវផលាផលទាំងនោះតាមធម្មតា ដែលនាងប្រព្រឹត្តធ្វើយ៉ាងនេះដរាបដល់ព្រះពោធិសត្តមានព្រះជន្មាយុបាន ៥ ឆ្នាំ ។

ក្នុងថ្ងៃ ១ នោះព្រះពោធិសត្តទ្រង់ត្រាស់សួរព្រះវររាជជននីថា បពិត្រអ្នកម៉ែ បិតារបស់ខ្ញុំនោះជាអ្វី នៅក្នុងទីណា?

ព្រះមាតាបានស្ដាប់ហើយ ក៏ប្រាប់ទៅវិញថាឱកូនសម្លាញ់ បិតារបស់អ្នកនោះជាស្ដេចសោយរាជ្យ មាតានេះជាព្រះរាជទេវី ហើយនាងក៏និយាយរាប់រៀបរឿងពីដើមប្រាប់ព្រះរាជបុត្រដរាបដល់ចប់ ព្រះពោធិសត្តបានទ្រង់ព្រះសណ្ដាប់រឿងនោះហើយ មិនអាចនឹងទប់ទល់ខ្លួនបាន ដោយអានុភាពនៃសេចក្ដីកតញ្ញូទើបទូលព្រះមាតាថា បពិត្រអ្នកម៉ែ តាំងអំពីថ្ងៃនេះទៅ សូមព្រះមាតានៅចាំសាលាចុះ ខ្ញុំនឹងទៅស្វែងរកមើមឈើផ្លែឈើមកបម្រើចិញ្ចឹមអ្នក ព្រះមាតាបានស្ដាប់ហើយ ទើបប្រាប់ទៅពោធិសត្វវិញដោយសេចក្ដីស្នេហានឹងកូននោះថា នែកូនសម្លាញ់អ្នកកុំចូលទៅក្នុងព្រៃឡើយ កាលបើអ្នកមានជីវិតរស់នៅ មាតាក៏ឈ្មោះថារស់នៅដែរ ព្រោះហេតុអ្វីក៏បានជាមាតា ពោលយ៉ាងហ្ននឹង ព្រោះថាខ្លួនអ្នកនៅក្មេងតូចពេកណាស់ ហេតុនោះកូនកុំទៅក្នុងព្រៃឡើយ ព្រះបរមពោធិសត្វកាលមិនបានឱកាសយ៉ាងហ្នឹងហើយ ក៏ស្ថិតនៅស្ងៀមនៅទីនោះ ។

វេលាថ្ងៃក្រោយព្រះរាជទេវីនាងក៏ស្ដេចចូលទៅក្នុងព្រៃស្វែងរកផលាផលតែរាល់ ៗ ថ្ងៃ ក្នុងថ្ងៃមួយនោះព្រះពោធិសត្វក៏ចេញចាកបណ្ណសាលា ហើយទៅតាមស្នាមព្រះបាទព្រះមាតា ព្រោះបានចាំផ្លូវនិងទិសដែលមាតាស្ដេចទៅតាំងពីដំបូងឡើយ ។

ថ្ងៃមួយនោះ ព្រះរាជទេវីស្ដេចចេញទៅព្រៃតាំងពីព្រលឹមរកបេះផ្លែឈើបានដាក់ពេញកញ្ជើហើយ ទើបគិតថា អញនឹងត្រឡប់មកបណ្ណសាលាវិញ ហើយនាងចូលទៅឈប់ក្រោមម្លប់ដើមជ្រៃ ១ ដើម្បីបន្ទោបង់នូវសេចក្ដីព្រួយកាយ រួចនាងប្រាថ្នាក្រោកឡើងចេញទៅទៀត ខណៈនោះមានយក្ខ ១ ឈ្មោះពលាហកអាស្រ័យនៅដើមជ្រៃ យក្ខនោះក៏ស្ទុះចូលមកចាប់ព្រះហស្តនាងទាញទុក  នាងក៏ទតព្រះនេត្រទៅឃើញរូបយក្ខនោះហើយក៏ញ័ររន្ធត់ស្លុតខ្លាចសេចក្ដីស្លាប់នោះពន់ប្រមាណ ហើយក៏នឹកដល់ព្រះមហាសត្តថា កូនសម្លាញ់អញអើយអ្នកនៅតូចណាស់ ហើយនាងទ្រង់ពិលាបសោយសោកបោកខ្លួន ទើបពោលនូវគាថាដូច្នេះថា៖

អនាថោទានិមេបុត្តោ          វសន្តោឯកោអស្សមេ

ផលាផលំអលទ្ធាន                      មមំទិស្វាអនយតឹ

អស្សមានិក្ខមិត្វាន                       វិចរតិព្រហាវនេ

មមបុត្តំអទិស្វាន                         មញ្ញេហេស្សាមិជីវិតំ

សោនូនកប្បណោបុត្តោ               ចីរំរត្តាយរុច្ចតិ

អឌ្ឍរត្តេចរត្តេវា                          នទីវអវសុស្សតិ

សេចក្ដីថា ឥឡូវនេះកូនអញនៅក្នុងអាស្រមតែម្នាក់ឯងរកអ្នកណាមួយ ជាទីពឹងមិនមានឡើយ មុខជានឹងមិនបានបរិភោគនូវផ្លែឈើឡើយ ហើយក៏នឹងចេញចាកអាស្រមទៅស្វែងរកអញក្នុងព្រៃធំ ព្រោះហេតុតែមិនបានឃើញអញមក អញសោតក៏មិនខានឃើញកូនរបស់អញ ហើយអាត្មាអញប្រហែលជានឹងអស់ជីវិតទៅមិនខានឡើយ ឯកូនសម្លាញ់អញសោតក៏នឹងនៅកំព្រាតែម្នាក់ឯងនឹងស្រែកយំរកម្ដាយទាំងយប់កណ្ដាលអធ្រាត្រដរាបដល់ហបហត់បាត់សំឡេងទៅ ដូចជាទឹកក្នុងស្ទឹងដែលហួតហែងនោះឯងមិនលែងឡើយ ។

គ្រានោះព្រះបរមពោធិសត្តអង្គុយនៅចាំព្រះមាតាតាំងពីព្រឹករហូតដល់វេលាល្ងាច មិនឃើញព្រះមាតាត្រឡប់មក ទើបគឹតរំពឹងថា ពេលនេះព្រះអាទិត្យអស្ដង្គតរលត់បាត់រស្មីទៅហើយ ចុះព្រះមាតារបស់អញហេតុអ្វីក៏បាត់យូរដល់ម្ល៉េះប្រហែលជាមានអ្វីមួយបៀតបៀនមិនខានឡើយ លុះគិតដូច្នេះហើយក៏ក្រោកឡើងចាកបណ្ណសាលា ស្រែកបង្កូករកហៅព្រះមាតាថា អ្នកម៉ែៗ ដូច្នេះ ទៅក្នុងទីទៀបមាត់ស្ទឹងនិងព្រៃញាតស្បាតរហូតដល់ជើងភ្នំធំនិងទីដទៃ ៗ ឯព្រះពោធិសត្តប្រាសមាតា ទ្រង់សោយទុក្ខវេទនាប្រៀបដូចកូនសុវណ្ណហង្សដែលប្រាសចាកមេ កាលបើពុំឃើញព្រះមាតាហើយក៏ចូលទៅកាន់ដើមជ្រៃដែលយក្ខចាប់ព្រះមាតាទុកនៅនោះ ។

ឯព្រះរាជទេវីសិរិរតនអាភា ទ្រង់ជ្រាបថា ព្រះមហាសត្តតាមមករក ទើបស្រែកប្រាប់ទៅកូនថា នែកូនសម្លាញ់ម្ដាយ ៗ នៅឯណេះហើយ ៗ ព្រះពោធិសត្តក៏ស្ទុះចូលទៅរកមាតា ដល់ហើយក៏ឃើញមាតាអង្គុយជិតមហាយក្ខ ព្រះអង្គក៏មានព្រះហឫទ័យសោមនស្សត្រេកអរ ហាក់ដូចជាព្រះអង្គបានត្រាស់ជាព្រះពុទ្ធក្នុងថ្ងៃស្អែក ព្រះមហាសត្តក៏ខិតចូលទៅជិតមហាយក្ខ ហើយនិយាយអង្វរយក្ខនោះថា បពិត្រមហាយក្ខ សូមអញ្ជើញអ្នកទំពារនូវសាច់ឈាមនឹងបេះដូងរបស់ខ្ញុំចុះ សូមតែអ្នកប្រោសប្រណីលែងមាតាខ្ញុំឱ្យរួចជីវិតចេញទៅជាឆាប់ រួចទើបពោលនូវព្រះគាថា ដូច្នេះថា

ខាទមេមហាយក្ខអានុភាវ             មាតុអត្ថាយជហាមិជីវិតំ

រុធិរំមេហទយំមំសំខាទ                 ខាទាហិមំបតិមុញ្ចមាតរំ

សេចក្ដីថា បពិត្រមហាយក្ខ អ្នកជាបុគ្គលមានអានុភាពធំខ្ញុំសូមលះបង់នូវជីវិតរបស់ខ្ញុំជំនួសព្រះមាតា សូមអ្នកបរិភោគនូវឈាមនិងបេះដូងនិងសាច់របស់ខ្ញុំចុះ ចូរអ្នកបរិភោគនូវរូបខ្ញុំទាំងមូលឱ្យអស់ចុះ ហើយសូមមេត្តាលែងមាតាខ្ញុំចេញទៅ ។

ព្រះពោធិសត្តនិយាយយ៉ាងនេះហើយ ទើបដើរចូលទៅជិតនៃមហាយក្ខ រួចនិយាយថា បពិត្រស្ដេចយក្ខ អ្នកអាណិតខ្ញុំ ៗ សូមឱ្យអ្នកទំពារស៊ីនូវខ្លួនខ្ញុំទៅ សូមតែលែងមាតាខ្ញុំក្នុងវេលានេះកុំខានឡើយ ។

ទើបមហាយក្ខនោះឆ្លើយទៅកាន់ពោធិសត្តវិញថា នែមហាបុរស បើអ្នកនិយាយយ៉ាងហ្នឹងពិតមែន ចូរអ្នកពុះនូវទ្រូងរូងយកបេះដូងនឹងសាច់មកឱ្យយើងស៊ីឥឡូវនេះមើល ឯបរមពោធិសត្ត ឮដូច្នោះហើយ ទើបមកគិតក្នុងព្រះអង្គថាចុះអញនឹងបានកាំបិតអំពីទីណាអេះ នឹកយ៉ាងហ្នឹងហើយទើបងើបងើយខំសម្រឹងព្រះស្មារតីសម្លឹងមើលទៅឯអាកាស ហើយត្រាស់នូវបាទព្រះគាថាដូច្នេះថា

កតញ្ញុតាយតេជេន            ពុទ្ធោហោមិអនាគតេ

ឯតេនសច្ចវជ្ជេន               សត្ថំបតតុមេមុខា

សេចក្ដីថា ខ្ញុំសូមប្រាថ្នាជាព្រះពុទ្ធមួយព្រះអង្គក្នុងកាលជាអនាគតខាងមុខ ដោយតេជានុភាពនៃចិត្តកតញ្ញូរបស់ខ្ញុំនេះសូមកាំបិតធ្លាក់ចុះមកក្នុងទីចំពោះមុខខ្ញុំកុំខានឡើយ ដោយពាក្យសច្ចនេះ ។

ពោលយ៉ាងនេះមិនទាន់ផុតពាក្យសច្ចវាចានោះវេលាណា កាំបិតសស្រ្តាដ៏មុតធ្លាក់ចុះមកអំពីទីកណ្ដាលអាកាសមកចំពោះនៅមុខនៃព្រះពោធិសត្ត ជាលំដាប់ស្មើនៃពាក្យសច្ចវាទីនោះឯង ហើយព្រះមហាសត្តនិកាយនិងយក្ខនោះទៀតថា បើខ្ញុំមុខជានឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលខាងមុខ ខ្ញុំសូមថ្វាយបង្គំលាព្រះមាតានឹងស្លាប់ សូមអ្នកឱ្យនូវជីវិតរបស់ខ្ញុំដល់ព្រះមាតាខ្ញុំកុំខានឡើយ ។ គ្រានោះព្រះមាតាក៏អង្វរឃាត់ព្រះពោធិសត្តកុំឱ្យធ្វើដូច្នោះ ឯព្រះពោធិសត្តសោតអ្នកតម្កល់នូវពាក្យព្រះមាតាលើត្បូងលើកទុកហើយក៏ពុះនូវទ្រូងរបស់ព្រះអង្គ ដោយសស្រ្តាដ៏មុត ហើយចាប់យកនូវបេះដូងទាញចេញមកតម្កល់លើត្បូងទើបពោលព្រះគាថាដូច្នេះថា ។

កតញ្ញុតាយតេជេន            ពុទ្ធោហោមិអនាគតេ

ហទយំខាទតុមយ្ហំ              មាមេយក្ខនខិយតុ

សេចក្ដីថា ខ្ញុំសូមឱ្យបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្ខក្នុងកាលខាងមុខ ដោយអំណាចធម៌កតញ្ញូកតវេទីរបស់ខ្ញុំនេះបពិត្រមហាយក្ខ អញ្ជើញអ្នកពិសានូវបេះដូងរបស់ខ្ញុំចុះ ហើយខ្ញុំសូមជីវិតរបស់ខ្ញុំកុំអាលឱ្យរលត់អស់មុនឡើយ ព្រះបរមពោធិសត្តសម្ដែងនូវព្រះគាថាដូច្នេះហើយ ទ្រង់ប្រាថ្នានឹងឱ្យនូវហទយវត្ថុដល់យក្ខនោះដោយគោរព ទើបលើកបេះដូងនោះតម្កល់លើដៃយក្ខហើយទ្រង់ប្រកាសសេចក្ដីឱ្យជាក់ច្បាស់ថា នែមហាយក្ខ ខ្ញុំឯងឱ្យសាច់ដែលមានតម្លៃស្មើជីវិតនេះជាទានមដល់អ្នក ខ្ញុំមិនប្រាថ្នាសម្បត្តិបរមចក្រពត្រាធិរាជ ឬសម្បត្តិព្រះឥន្ទ សម្បត្តិព្រះព្រហ្ម និងព្រះបច្ចេកពុទ្ធឡើយ ឯផលដែលខ្ញុំឱ្យជីវិតនេះ ខ្ញុំសូមឱ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ១ អង្គក្នុងកាលខាងមុខនឹងបានស្រោចស្រង់សត្តនិករដែលលង់លិចទៅក្នុងសមុទ្ទសាគរពោលគឺភពទាំង ៣ ប្រការ ឱ្យឡើងកាន់សុវណ្ណនាវាពោលគឺព្រះសទ្ធម្ម នឹងនាំចេញចាកសំសារភព ចម្លងទៅកាន់ត្រើយគឺព្រះនិព្វាន ដែលជាស្ថានក្សេមក្សាន្តនិរាសភ័យទាំងពួង ព្រះមហាសត្តប្រកាសយ៉ាងនេះហើយ ក៏ប្រាប់ទៅមហាយក្ខឱ្យបរិភោគនូវសាច់បេះដូងនោះតាមចេតនា ឯមហាយក្ខក៏ទទួលយកសាច់នោះទៅបរិភោគទាំងអស់មិនមានសល់ ហើយនាំយកមាតារបស់ពោធិសត្តនោះមកប្រគល់ឱ្យពោធិសត្តវិញ ។

ព្រះបរមពោធិសត្តបានជួបនឹងព្រះមាតាហើយក៏នាំទៅឱ្យគង់នៅក្រោមម្លប់ឈើ ១ ទើបក្រាបថ្វាយបង្គំទូលព្រះមាតាថាបពិត្រព្រះរាជជននីម្ចាស់ ចាប់ដើមតាំងអំពីខ្ញុំមកជ្រកនៅក្នុងព្រះឧទ្ទរអ្នកមករហូតដល់ថ្ងៃនេះ សេចក្ដីភ្លាំងភ្លាត់របស់ខ្ញុំដោយកាយវាចាចិត្តឯណា ១ សូមព្រះមាតាមេត្តាប្រោសប្រណីប្រទានទោសនោះដល់ខ្ញុំដោយសេចក្ដីការុញ្ញភាពរបស់អ្នកចុះ លុះពោលពាក្យប៉ុណ្ណឹងហើយក៏បាត់បាត់សំឡេងឈឹង ទន់ទោព្រះអង្គក្រាបចុះទៅត្រង់ទីចំពោះព្រះភក្រ្តព្រះមាតា ។

ចំណែកសម្ដេចព្រះវររាជជននីទ្រង់បានទតព្រះនេត្រឃើញព្រះមហាសត្តភាំងបាត់ ព្រះស្មារតីដូច្នោះហើយ នាងក៏ក្រោកឡើងត្រកងចាប់ព្រះហស្ដថ្នមព្រះអង្គពោធិសត្តមកផ្ទប់នឹងព្រះឱរារតន៍ មានព្រះហឫទ័យក្ដៅផ្សារហាក់ដូចជានឹងបែកថ្លើមចេញជាពីរភាគ ហើយមិនអាចទប់ទល់នូវសេចក្ដីសោកនោះបានឡើយ ហើយនាងក៏យកព្រះហស្ដទាំងពីរមកឱបក្រសោបថ្នមព្រះឱរសមកដាក់ផ្ដេកផ្ដិតជិតនឹងព្រះឱរា ហើយទ្រង់ព្រះពិលាបសោយសោកជាគាថាដូច្នេះថា ៖

បតិតោនូនមេបុត្តោ            សុរិយោវិយមហីតលេ

បតិតោទានិមេបុត្តោ           ចន្ទោវបតិតោឆមា

ឧដ្ឋេហិបុត្តមាសយេ           ទយ្ហន្តេហទយំមម

តយិមតេមរិស្សាមិ             កថំជីវាមិឯកិកា

អនាថាទានិហំបុត្ត             បុត្តនដ្ឋាយថាមិគី

អរញ្ញេវិចរិស្សាមិ               វនេហិចមរិស្សាមិ

បព្វតានិវនានិច                 រិក្ខវិមានភូមដ្ឋា

អាកាសដ្ឋទេវតាច              ជលថលាចយេទេវា

ឥន្ទទេវាសព្រហ្មកា             អញ្ជលឹតេនមស្សាមិ

ខិប្បំបុត្តំបមុញ្ចថ               ខិប្បំបុត្តំបមុញ្ចថ

សេចក្ដីថា ឱកូនអញដួលក្រាបនៅលើផែនដីហើយដូចព្រះអាទិត្យឬព្រះចន្ទដែលអស់អំណាចរស្មីហើយ ធ្លាក់ចុះមកលើផែនប្រឹថពី ឱកូនសម្លាញ់ម្ដាយ ចូរអ្នកក្រោកឡើងកុំដេកនៅឡើយ សាច់បេះដូងរបស់ម្ដាយភ្លើងគឺសេចក្ដីទុក្ខនឹងឆេះឥឡូវនេះហើយ កាលបើកូនសម្លាញ់អ្នកស្លាប់ទៅហើយម្ដាយក៏នឹងស្លាប់ជាមួយមិនខានឡើយ ម្ដាយនឹងរស់នៅឯណាបានតែម្នាក់ឯង នែបុត្រជាទីស្រឡាញ់បំផុតរបស់ម្ដាយ ឥឡូវនេះម្ដាយរកទីពឹងពុំនាក់មិនមានឡើយ ដូចមេម្រិគដែលព្រាត់ប្រាសចាកកូន ម្ដាយនឹងត្រាច់ទៅក្នុងព្រៃនឹងក្ស័យជីវិតដល់នូវមរណកាលក្នុងដងនៃព្រៃមិនខាន ។

មួយសោតទេវតាទាំងឡាយ ដែលលោកស្ថិតនៅក្នុងភ្នំនឹងព្រៃទាំងឡាយ និងដើមឈើវិមានភូមិស្ថានទាំងឡាយឬទេវតាដែលស្ថិតនៅលើអាកាសស្ថាននិងជលស្ថាននិងថលស្ថានទាំងឡាយឯណា និងសម្ដេចនរិន្រ្ទាធិរាជព្រមទាំងមហាព្រហ្ម ខ្ញុំម្ចាស់សូមប្រណម្យនមស្ការនូវទេវតាទាំងឡាយនោះសូមលោកទាំងឡាយអញ្ជើញមកជួយដោះទុក្ខកូនខ្ញុំ ឱ្យរួចផុតចាកសេចក្ដីស្លាប់ក្នុងកាលឥឡូវនេះកុំខាន ៗ ព្រះទេវីទ្រង់ឱបនូវព្រះឱរសរបស់នាងហើយទ្រង់ព្រះពិលាបដោយន័យយ៉ាងនេះ ។

គ្រានោះពិភពនៃសកទេវរាជ ក៏បណ្ដាលអាការឱ្យជាហេតុខុសចាកធម្មតា ដោយអំណាចនៃសេចក្ដីកតញ្ញូរបស់ព្រះមហាបុរសរតន៍ សម្ដេចព្រះសហស្សន័យទ្រង់រំពឹងមើលហើយទ្រង់ជ្រាបច្បាស់នូវហេតុនោះទើបស្ដេចចុះចាកសគ្គស្ថានទេវលោក មកស្ថិតនៅលើអាកាសត្រង់ទីដែលមហាយក្ខស្ថិតនៅនោះ ហើយទ្រង់សួរទៅយក្ខនោះថា នែពលាហកយក្ខហេតុអ្វីក៏ឯងធ្វើអំពើកម្មមានកម្លាំងរហ័ស់យ៉ាងនេះ នែមហាយក្ខថាបើមហាបុរសនេះមិនបានរស់ឡើងឥឡូវនេះទេអញនឹងទម្លាយនូវក្បាលរបស់អ្នកឱ្យបែកជា ៧ ភាគ ដោយវជិរាវុធនេះមិនខាន ពលាហកយក្ខ បានស្ដាប់ដូច្នោះហើយ មានចិត្តខ្លាចស្លាប់នោះក្រៃពេក ទើបស្ទុះចូលទៅលើកព្រះបរមពោធិសត្តឡើងហើយក៏លាបស្រឡាបដោយឱសថទិព្វវិសេស ១ រំពេចព្រះពោធិសត្តក៏បានភ្ងាព្រះស្មារតីឡើង ។

ឯសម្ដេចព្រះវររាជទេវីនាងក៏ទ្រង់អធិដ្ឋានថា ៖

កតញ្ញុតាយយុត្តោសោ       ពុទ្ធោហោតិអនាគតេ

មម សច្ចានុភាវេន              ខិប្បំជីវតុឱរសោ ។

សេចក្ដីថា ព្រះឱរសរបស់អញនោះជាអ្នកតាំងមាំក្នុងធម៌កតញ្ញូ មុខជានឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលដោយពិត សូមឱ្យឱរសរបស់ខ្ញុំរស់រួចជីវិតឡើងក្នុងកាលឥឡូវនេះ ដោយអានុភាពនៃសេចក្ដីពិតរបស់ខ្ញុំម្ចាស់កុំខានឡើយ ។

កាលបើចប់ពាក្យសច្ចាធិស្ឋានហើយ ព្រះមហាបុរសក៏មានពណ៌សម្បូរដ៏ផូរផង់ ហាក់ដូចជាពណ៌ទិព្វវិសេស ដោយអំណាចនៃសេចក្ដីអធិស្ឋានរបស់ព្រះរាជទេវី លុះចប់សេចក្ដីអធិស្ឋានជាគម្រប់ពីរព្រះបរមពោធិសត្តក៏មានដង្ហើមចេញចូលបានហើយប្រែព្រះអង្គត្រឡប់ទៅមកខាងឆ្វេងខាងស្ដាំ លុះចប់ពាក្យសច្ចវាទីជាគម្រប់ ៣ ព្រះពោធិសត្តមានព្រះស្មារតីដឹងប្រាកដហើយ ទើបក្រោកឡើងក្រាបថ្វាយបង្គំសម្ដេចព្រះវររាជទេវីព្រះជននីរបស់ព្រះអង្គក្នុងកាលគ្រានោះ ។

តមត្ថំបកាសេន្តោសត្ថាអាហ ព្រះបរមលោកនាថសាស្ដាចារ្យ ទ្រង់ប្រកាសនូវសេចក្ដីទាំងនោះមកដល់ត្រឹមនេះហើយទើបទ្រង់សម្ដែងនូវព្រះគាថានេះថា ៖

និរោគោឧដ្ឋហិត្វាន            វន្ទិត្វាសកមាតរំ

ឯកមន្តេនិសីទិត្វា               អាវជ្ជគុណមត្តនោ

ឯវំអាជ្ជមានោសោ             អកម្បិធរណីតទា

 សាគរោបិសំខុព្ភតិ             សិនេរុតត្ថឱនមិ

ចាតុមហារាជិកាទេវា  តាវតឹសាចយាមិកា

តុសិតាចេវយេទេវា            និម្មានរតិយេវច

បរនិម្មិតវសវត្តី                  យេព្រហ្មាបិចទេវតា

អានន្ទតាបមុទិតា               ទិសាទិសំអកំសុតេ

ទិព្វមណ្ឌារវបុប្ជំ                បទុមំបារិច្ឆត្តកំ

ទិសាទិសំឱកិរឹសុ               នភតលេនរាមរុំ

ចម្បកំសរលនិបំ                នាគបុនាគតេតលំ

ទិសាទិសំឱកិរឹសុ               ភុម្មាភុម្មដ្ឋទេវតា

សព្វេទេវាសមាគតា           បូជយឹសុនរុត្តមំ

បូជយន្តាចយេទេវា            ឥទំវចនមព្រវិ

សាធុសាធុមហាវីរ             កតវេទីនរុត្តម

អចិរេនេវកាលេន              ពុទ្ធោលោកេភវិស្សតិ

ប្រែជាសេចក្ដីថា ព្រះមហាបុរសព្រះអង្គបានប្រាសចាករោគាពាធហើយ ក៏ក្រោកឡើងឱនកាយថ្វាយបង្គំព្រះជននី អង្គុយនៅក្នុងទីដ៏សមគួរមួយ ហើយទើបនឹករឭកដល់គុណគឺសេចក្ដីល្អរបស់ខ្លួន កាលដែលទ្រង់រំពឹងយ៉ាងហ្នឹងហើយទីនោះព្រះធរណីក៏កម្រើកញាប់ញ័រ សាគរសមុទ្ទក៏បន្លឺសព្ទសំឡេងលាន់ឮគឹកកងរំពង ទាំងភ្នំសិនេរុរាជសោតក៏ទន់ទោឱនទៅក្នុងទីនោះ ឯទេវតាក្នុងជាន់ចាតុម្មហារាជិកានិងតាវត្តិង្ស យាមា តុសិត និម្មារតី និងបរនិម្មិតវសវតី រហូតដល់ទេវតាក្នុងជាន់មហាព្រហ្មសោតក៏មានសេចក្ដីសប្បាយរីករាយ តែរាល់គ្នាដោយសោមនស្សចិត្ត ទាំងផ្កាទិព្វមណ្ឌារវបារិច្ឆតកបទុមជាតិសោត ក៏ធ្លាក់ចុះរោយរាយទួទៅទាំងទិសតូចទិសធំសព្វកន្លែង ពពួកជនទួទៅទាំងអស់ក៏រោយរាយនូវគ្រាប់ខ្សាច់និងផ្កាឈើផ្សេង ៗ មានផ្កាស្រល់នឹងផ្ការាំងផ្កាខ្ទឹងនិងផ្កាបុនាគនិងផ្កាចម្ប៉ាជាដើម ឱ្យផ្សាយក្លិនរហូតទៅក្នុងអាកាសនិងទិសានុទិស ចំណែកទេវតាទាំងឡាយទាំងពួងមានភូមទេវតាជាដើម ក៏មកប្រជុំគ្នាធ្វើសក្ការបូជា មហាបុរសជានរុត្តមក្សត្រ លុះបានបូជារួចហើយក៏ពោលសរសើរព្រមគ្នាថា នរុត្តមបពិត្រព្រះមហាបុរសជានរុត្តមលោក ព្រះអង្គមានព្យាយាមធំ ទ្រង់បានសងគុណព្រះជននី ដោយកតវេទិតាធម៌រួចហើយជាកិច្ចដ៏ឧត្តមប្រពៃពេកណាស់ ព្រះអង្គមុខជានឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងលោកនេះមិនខានឡើយ ។

លំដាប់នោះ ទើបពលាហកយក្ខក្រាបថ្វាយបង្គំព្រះបរមពោធិសត្តសូមខមាទោសស្រេចហើយ ក៏ទេវតាទាំងឡាយមានសម្ដេចសក្កទេវរាជជាដើម និម្មិតនូវសុវណ្ណសិវិកា (វមាស ) អញ្ជើញព្រះរាជទេវីនិងព្រះបរមពោធិសត្តឱ្យគង់លើវមាសនោះហើយ ដង្ហែរទៅកាន់ស្រុកមេឃវតី ក្នុងវេលារាត្រីកណ្ដាលអធ្រាត្រ ហើយឱ្យគង់នូវលើរតនបញ្ចាសនឰដ៏ខាងលើប្រាសាទ ៧ ជាន់ ទើបទេវតាទាំងនោះថ្វាយបង្គំលាត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន ៗ រាល់គ្នាវិញ ។

គ្រានោះសម្ដេចព្រះបាទមហារថរាជ ព្រះអង្គក៏បានជួបប្រទះនឹងបុត្រភរិយា ហើយទ្រង់ក៏ស្គាល់ជាក់ប្រាកដជាព្រះរាជទេវីនិងព្រះពោធិសត្ត ស្ដេចក៏មានព្រះហឫទ័យសោមនស្សជាទីបំផុតចិត្តពេកណាស់ ហើយព្រះអង្គទ្រង់លើករាជសម្បត្តិឱ្យទៅរាជឱរសរបស់ព្រះអង្គសោយរាជជំនួស ឯព្រះបរមពោធិសត្ត ទ្រង់បានរាជាភិសេកសោយនូវបញ្ចកាមគុណតាមសមគួរហើយ ទ្រង់ក៏ឱ្យទានអស់ ១ ខែទើបលើករាជសម្បត្តិនោះបង្វែរថ្វាយព្រះវររាជបិតាវិញ ដើម្បីនឹងឱ្យព្រះបិតាមាតាទ្រង់ស្រង់តាក់តែងព្រះអង្គនិងសោយឱ្យស្រួលក្នុងព្រះរាជហឫទ័យទើបថ្វាយបង្គំសូមខមាទោសនិងសូមព្រះរាជានុញ្ញាតដើម្បីចេញទៅទ្រង់ព្រះផ្នួស ហើយទ្រង់លាអស់រាជវង្សានុវង្សទាំងឡាយគ្រប់គ្នា ឯមហាជនទាំងឡាយនោះ ក៏កើតសេចក្ដីសោកស្ដាយព្រះពោធិសត្តជាទីបំផុតពេក ហើយព្រះអង្គក៏ស្ដេចចេញចាកនគរទៅតែម្នាក់ឯង បែរព្រះភក្រ្តាចំពោះទៅកាន់ភ្នំហិមពាន្តហាក់ដូចជាកូនរាជហង្សហើរចេញអំពីកំពូលភ្នំធំ ។

តមត្ថំបកាសេន្តោសត្ថាអាហ ព្រះបរមសាស្ដាចារ្យ កាលទ្រង់ប្រកាសនូវរឿងទាំងនោះស្រេចហើយ ទើបទ្រង់ត្រាស់នូវគាថានេះថា៖

យតោរជ្ជំលភិត្វាន             មាសំទានំអទាសិសោ

បិតុរជ្ជំនិយាទេត្វា              ហិមវន្តំនិវត្តយិ

សេចក្ដីថា កាលណាដែលព្រះមហាសត្ត ស្ដេចបានរាជសម្បត្តិរួចហើយទ្រង់ក៏បានបរិច្ចាគនូវទានប្រមាណ ១ ខែហើយ ទើបទ្រង់បង្វែរាជសម្បត្តិនោះថ្វាយដល់ព្រះរាជបិតាវិញរួចទើបព្រះអង្គក្រាបថ្វាយបង្គំសូមព្រះរាជានុញ្ញាតនឹងត្រឡប់ទៅកាន់ព្រៃហិមពាន្តវិញ ដើម្បីនឹងបួសជាឫសី ក៏ព្រះបរមពោធិសត្តទ្រង់បព្វជ្ជាជាឫសីរួចហើយវេលាណាព្រះអង្គក៏ចម្រើនអភិញ្ញា ៥ និងសមាបត្តិ ៨ ឱ្យបរិបូណ៌ឡើងក្នុងសន្ដានទ្រង់ក៏រក្សាគុណវិសេសទាំងនោះមិនឱ្យសាបសូន្យឡើយ លុះអស់ព្រះជន្មាយុទៅក៏បានឡើងទៅកើតក្នុងស្ថានព្រហ្មលោក ។

ឯសម្ដេចព្រះបាទមហារថរាជនិងព្រះនាងសិរិរតនអាភានិងមហាជនក្នុងនគរនោះ ក៏បានតម្កល់នៅក្នុងឱវាទនៃព្រះបរមពោធិសត្តនោះបានធ្វើនូវបុញ្ញរាសីទាំងឡាយ មានទានជាដើម កាលបើអស់អាយុរាល់គ្នាទៅវេលាណាហើយ ក៏បានឡើងទៅកើតក្នុងស្ថានព្រហ្មលោកគ្រប់គ្នា ។

សត្ថាឥមំធម្មទេសនំអាហរិត្វា

សច្ចានិបកាសេត្វាជាតកំសមោធានេសិ

សម្ដេចព្រះបរមគ្រូទ្រង់នាំនូវធម្មទេសនារឿងនេះមកហើយ ទើបទ្រង់ប្រកាសនូវអរិយសច្ចទាំង ៤ ប្រការលុះចប់ហើយវេលាណា មាតុបោសក ក៏បានលុះសោតាបត្តិផលជាអរិយបុគ្គលក្នុងពុទ្ធសាសនមណ្ឌល ទើបព្រះបរមសាសា្ដទ្រង់ផ្ជុំនូវជាតកមកប្រាប់ថា នាងសិរិរតនអាភាជាមាតាពោធិសត្តនោះបានមកជានាងមហាមាយាទេវី ព្រះបាទព្រះមហារថរាជជាបិតាពោធិសត្តនោះបានមកជាព្រះបាទសិរិសុទ្ធោទនមហារាជ ព្រះសកទេវរាជបានមកជាព្រះអនុរុទ្ធត្ថេរ ពលាហកយក្ខបានមកជាព្រះអង្គុលិមាលត្ថេរ ព្រះមហាសត្វរតនបជោត នោះមិនគឺអ្នកដ៏ទៃឡើយ គឺអង្គអញតថាគតជានាយកនេះឯង អស់លោកទាំងឡាយចូរទ្រទ្រង់នូវព្រះជាតកនេះទុកដោយប្រការយ៉ាងនេះ ។

ចប់រតនបជោតជាតក

            ព្រះឧត្ដមមុនី អ៊ុំ ស៊ូរ អាចារ្យព្រះរាជបណ្ណាល័យកម្ពុជា
ប្រែនិងរៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣២

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖