រឿង​ ខ្លាឃ្មុំ​និង​ដើម​ពង្រ

មានសម័យថ្ងៃមួយ ស្ដេចខ្លាឃ្មុំមួយអផ្សុកក្នុងខ្លួនចង់ចេញពីទីបន្ទំទៅលេងព្រៃស្មសានស្ថានស្ងាត់ឆ្ងាយ ដល់ចេញត្រាច់ទៅបានមួយថ្ងៃអស់កម្លាំងក៏ដេកនៅក្រោមដើមពង្រមួយ ដើម្បីសម្រាកកម្លាំង ប៉ុន្តែនៅចុងពង្រនោះមានកូនក្មេងម្នាក់ ជាអ្នកគង្វាលគោក្របី តែងតែនឹងស្នាក់នៅចុងពង្រនោះរាល់វេលា ។

មានមួយថ្ងៃពេលព្រះសុរិយាជ្រេទេរទាបទៅ កូនក្មេងនោះចង់ចុះពីចុងពង្រដើរទៅរកប្រមូលគោក្របីមកផ្ទះ វេលានោះស្រាប់តែឃើញស្ដេចខ្លាឃ្មុំមួយយ៉ាងធំនៅដេកក្រោមម្លប់ពង្រនោះ កូនក្មេងខ្លាចស្ដេចខ្លាមិនហ៊ានចុះពីចុងពង្រ ក៏កាច់មែកទម្លាក់មកលើខ្លាឃ្មុំ ៗ នោះត្រូវនឹងមែកពង្រជាទម្ងន់ក៏ក្រោកដើរទៅទៀតមិនរួច នឹកខឹងនឹងដើមពង្រនោះខ្លាំងណាស់ថា យើអើអាដើមឈើនេះពេញហៅកាច ឯងគ្រាន់តែមកជ្រកដេកសម្រាកកម្លាំងមួយពេល វាវាយឯងត្រូវជាទម្ងន់រកនឹងទៅទៀតពុំរួចផង ខ្លាឃ្មុំគិតក្នុងចិត្តតែប៉ុណ្ណេះ ខឹងខ្លាំងក៏ខំស្ទុះក្រោកទៅខាំដើមពង្រ ហើយស្លាប់ទៅ ។

ហេតុមានរឿងព្រេងនិទានយ៉ាងនេះ បានជាសត្វខ្លាឃ្មុំស្អប់ដើមពង្រលុះដល់មកសព្វថ្ងៃនេះ ៕

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៥

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

Leave a Reply

avatar
  Subscribe  
Notify of