រឿង​ ក្អែក​១ជា​ក្អែក​១០

រឿងពាក្យព្រេងថា ក្អែក១ជាក្អែក១០ រកស៊ីទុច្ចរិតពេលរលាយខ្លួន ដើមនិទានអំពីឈ្មោះអាខិលអាខូច នៅស្រុកទីទៃពីគ្នា គំនិតតែដោយខ្លួន ។ ឯអាខូចនោះជុះអាចម៍ដាក់ពាងច្រើនថ្ងៃទៅពេញពាង ហើយយកអាចម៍លាក់បិទភ្ជិតយ៉ាងល្អ មិនឱ្យក្លិនចេញក្រៅបាន ។ ឯអាខិលនោះធ្វើកាំបិត១ផ្លែប៉ុនចង្កឹះអកកំបោរ ដងប៉ុនកដៃ ស្រោមធំវែង១លូក អាខិលនោះក៏ស្ពាយកាំបិតដើរទៅលក់ អាខូចនោះក៏ពុនពាងអាចម៍ដើរទៅលក់ អាខិលទៅអំពីនេះ អាខូចមកអំពីនោះ ចួបគ្នាកណ្ដាលផ្លូវ អាខូចពពាយនាយថា អ្នកកើយទិញផ្អកយកទៅពិសា ផ្អកចាវយ៉ាងល្អ ស្លក៏បាន ចំហុយក៏បាន ឆ្ងាញ់របស់ខ្ញុំណាស់ ។ អាខិលឆ្លើយថា ទាស់នឹងលក់ដាវនេះមិនទាន់ដាច់គ្មានលុយទិញ បើខ្ញុំសុំដូរជាដាវនេះព្រមដូរឬទេ ។ អាខូចឃើញដាវនោះវែងក៏ឆ្លើយថាដូរក៏ដូរ ។ អាខិលប្រគល់ដាវឱ្យអាខូច ហើយភូតអួតថា ដាវខ្ញុំនេះមុតបំផុតចិត្ត មេដែករបស់ខ្ញុំផង បើត្រូវការម្ដងៗ សុំហូតកាប់អ្នកឯងកុំប្រញាប់ហូតមើល កុំហូតលរព្រើលៗ ស៊កទៅវិញមិនចុះទេ ដាវខ្ញុំពូកែខ្ញុំស្ដាយរបស់ផងខ្ញុំ បើកុំតែខែនេះវាក្រម្ហូបណាស់ នោះខ្ញុំមិនដូរទេ ។ ឯអាខូចនោះក៏ប្រគល់ពាងអាចម៍ឱ្យអាខិល ហើយហាមថា ផ្អកខ្ញុំហ្នឹងក៏ដែរ ដល់ពេលស៊ីសុំបើកយកចំហុយ កុំអាលបើកមើល ក្រែងវាស្អុយសត្វរុយវាបែង ក្រែងវាធុំខ្មោះ ស៊ីមិនទាន់អស់ វាទៅជាខារឆ្ងាញ់ នឹកឃើញជីដូនជីតាបានតែខ្វារស៊ីឆៅ អាទាំងពីរបែកគ្នាទៅដល់ផ្ទះរាល់ខ្លួន ហើយតឿនប្រពន្ធកូនថា ដណ្ដាំបាយទៅអញបានផ្អក ហើយប្រពន្ធកូនថា បានផ្អកពីណា អាខិលថា ដូរដាវគេថាផ្អកចាវស៊ីទាំងឆៅឆ្ងាញ់ណាស់ ប្រពន្ធកូនស្រាប់តែអរពេញចិត្តនឹកថា ប្ដីចេះធ្វើកាំបិតទៅដូរផ្អក ស្ទុះភ្លែតទៅលាងចានដួសបាយ ៗ ហើយ កាន់កាំបិតចាស់យ៉ាងគំរឹលកកិលទៅជិតពាងផ្អក យកកាំបិតគាស់អាចម៍លាក់នោះរបើកឡើង ហើយលូកខ្វារបាន១ក្ដាប់ដាក់ផ្លាប់ទៅក្នុងចានសល់នៅដៃប៉ុន្មាន ក៏លិតផ្លប់ភ្លក់មើល ងើយមុខឡើងលើថា យើផ្អកចាវអីក៏ស្អុយដូចអាចម៍ គ្មានឆ្អឹងនឹងសាច់កខ្វេចកខ្វក់ហ្មត់ឈឹងយ៉ាងហ្នឹង តើផ្អកត្រីអ្វី ប្ដីថាក្រែងត្រីពោ ប្រពន្ធក៏លូកកូររាវរកក្បាល លូកបានពាក់កណ្ដាលក្អួតចង្អោរជាង២០ វ៉ក ដឹងជាក់ជាអាចម៍មិនមែនផ្អកបកបន្ទោសទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួច និយាយអំពីអាខូចត្រេកអរណាស់ ដើរទៅផ្ទះក៏អួតប្រាប់ប្រពន្ធថា អាចម៍១ពាងដូរបានដាវ១ដែរទទួលខឹងនឹងឆ្កែៗនោះវានោមច្រាស់ស្លឹកគ្រៃ កន្រ្តាក់លោតទៅដល់ដី បម្រុងនឹងកាប់ផ្កែសម្លាប់ ក៏ចាប់ដងដាវហូតខ្វិច ឃើញផ្លែដាវនោះខ្លីច្រប៉ិចគេចឡើងទៅលើផ្ទះ បង្ហាញឱ្យប្រពន្ធមើលហើយសើចទាំងពីរនាក់ សើចហើយប្រាប់ប្រពន្ធថា ប្រាជ្ញាអានោះស្មើនឹងអញៗ ទៅបបួលធ្វើសម្លាញ់នឹងរកស៊ីពីរនាក់ និងបានមាសប្រាក់ដោយងាយ ដើរទៅប្រទះនឹងអាខិលដើរមកអំពីឯនាយសើចពព្រាយនិយាយសួរគ្នាថា ឯងទៅណា ឆ្លើយថា អញមកសុំឯងធ្វើសម្លាញ់ អា១ ក៏ថា អញមកសុំឯងធ្វើ​ក្លើ​ដែរ ហើយក៏សុខចិត្តដើរពីរនាក់ទៅដល់ផ្ទះមហាសេដ្ឋី១ ចាស់ជរាឈឺស្លាប់ ដាក់ក្នុងក្ដារមឈូសបម្រុងបូជាថ្ងៃស្អែក ចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នា វេលានោះអាទាំងពីរស៊ើបសួរអ្នកដើរខាងក្រៅថា អ្នកណាស្លាប់ក៏មានគេយំ គេប្រាប់ថា មហាសេដ្ឋីស្លាប់ ស្រាប់តែអាទាំងពីរនាក់គិតគ្នាថា ឯងគិតក្លែងសំបុត្រ១ច្បាប់ទៅប្រាប់គេថា សំបុត្រលោកឱ្យមកយកទ្រព្យរបស់ អញបន្លំលបដេកក្នុងមឈូសអំពីលើខ្មោចសេដ្ឋី អញចាំស្ដីតនឹងឯងថា ស្រេចអាមួយក៏ទៅបន្លំដេកដូចគំនិត អ្នកនៅជិតមិនបានឃើញមិនបានដឹង ដ្បិតភ្នែកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំងសូត្រព្រះធម្ម កូនចៅតូចធំរវល់តែយំសោក អាខូចដើររកក្រដាសបានធ្វើសំបុត្រក្លែងកាន់ទៅសម្ដែងសូត្រឱ្យគេស្ដាប់ថា សំបុត្រអំពីមហាសេដ្ឋីប្រាប់មកចៅខូចកម្សត់តាំងពីតូចទុកជាកូនធម៌ ឥឡូវអាពុកជរាហើយ កូនអើយចូរទៅយករបស់ទ្រព្យទុកចាយឱ្យសប្បាយចិត្តចុះ កូនចៅស្រីប្រុសគេមិនសុខចិត្ត ព្រោះដ្បិតគ្មានត្រាឬស៊ីញ៉េឈ្មោះសេដ្ឋី អាខូចឆ្លើយថា ខ្ញុំសូមសន្យានឹងអស់អ្នកកូនចៅ អញ្ជើញទៅហៅហើយសួរលោក បើលោកស្ដីនោះខ្ញុំត្រង់ពិត បើខ្ញុំមកក្លែងបញ្ឆោតនោះឱ្យលោកស្ងៀម កូនសេដ្ឋីចូលភ្លាមក្រាបផ្លិប ស្រែកហៅលោកឪពុក អាខិលឆ្លើយថា ហៅអី កូនសួរថា លោកឪពុកបានឱ្យសំបុត្រទៅកូនធម៌មកយករបស់ទ្រព្យមែនឬអ្វី អាខិលស្ដីថា អើកូនអញឈ្មោះអាខូច ឥឡូវនេះវាមកហើយឬអ្វី កូនឆ្លើយថា ទានប្រោសមកហើយ អាខិលបង្គាប់ថា អើមើលយករទេះ១ធំហើយយកក្របីមួយនឹមទឹមរទេះនោះហើយ យកមាសប្រាក់កែវកងសំពត់អាវវាល់ផ្ទុកក្នុងរទេះនោះឱ្យល្មមតែក្របីនោះវាអូសរួចបានប៉ុន្មាន ឱ្យវាយកទៅចុះ កូនចៅស្រីប្រុសក៏ចាញ់ឧបាយកលអាខិលអាខូច ក៏ខឹងនឹងខ្មោចសេដ្ឋីស្លាប់ហើយចេះស្ដី ហៅអស្ចារ្យឥឡូវនឹងបើកក្ដារមើលឱ្យច្បាស់ ពាក្យចាស់ហាមប្រាមថា មើលខ្មោចមិនបាន ពាក្យបុរាណថាខ្លាចដេកយប់ទៅមមើ ម្ល៉ោះហើយក៏ជឿជាក់យកមាសនិងប្រាក់ សំពត់អាវស្លៀកពាក់នឹងកន្ទេល ពូកខ្នល់ខ្នើយ ហើយថែមតុថាសចានល្អៗ អំបិលប្រហុក៤ក្រឡ អង្គរ៥ការុងដាក់ផ្លុងទៅឱ្យអាខូចអាខិល បង្វិលរទេះយ៉ាងធំ ទឹកភ្នែកជជែកយំហើយឱ្យដោយខឹង ដោយបញ្ចេះ​ទាំងស្រីទាំងប្រុសស្រុះគ្នាហើយ ក៏ដឹកក្របី១នឹមទឹមរទេះប្រគល់ឱ្យអាខូច អានោះស្រាប់តែអរឡើងបររទេះចេញទៅ អ្នកទាំងអស់ដែលនៅចេះតែជ្រួលមិនស្រួលចិត្ត ព្រោះដ្បិតខឹងហើយស្ដាយ អាខិលលួចមើលនាយអាយក៏លបចេញប្រិច រត់តាមទៅបន្តិចក៏ទាន់រទេះ ហើយនិយាយគ្នាថា យើងបានទ្រព្យរបស់តែទាស់នឹងឃ្លានបាយ នឹងឈប់ដណ្ដាំបាយនៅរៀងអាយក្រែងមិនស្ងាត់ ខ្លាចចោរវាតាមមកវាប្លន់យកទ្រព្យ១រទេះ បើដូច្នេះឯងបញ្ឈប់ចាំអញៗទៅសុំបាយគេស៊ីខ្លះ យកខ្លះមកឱ្យឯង អា១ ក៏ព្រមហើយអាមួយក៏ដើរទៅ គិតរកថ្នាំតាមផ្លូវនឹងលាយនឹងបាយឱ្យពុលស្លាប់ អន្តរាយយកទ្រព្យរបស់ទាំងអស់នោះតែម្នាក់ឯង ។ ឯអា១ដែលនៅចាំរទេះក៏ចេះធ្វើខ្នារដាក់ស្ទាក់ផ្លូវ បម្រុងឱ្យត្រូវអានោះស្លាប់នឹងយកទ្រព្យតែឯង គំនិតខែងស្មើគ្នា វេលានោះអា១សុំបាយគេស៊ីៗ រួចហើយថា សុំ១ចានផ្ញើសម្លាញ់ គេក៏មិនកំណាញ់ គេក៏រកស្លឹកចេកខ្ចប់ឱ្យហើយមានត្រីអាំង អានោះក៏តាំងលាគេដើរចេញមកហើយក៏យកថ្នាំលាបប្រលាក់បាយ មកដល់ខាងអាយក៏ត្រូវនឹងខ្នារនោះស្លាប់ អា១ដើរប្រញាប់ចាប់បាយស៊ីទាល់តែស្កាំ អាសិរពិសថ្នាំពុលស្លាប់បន្ទាប់គ្នា ឯក្របីនោះអូសរទេះចូលព្រៃរតែករតោកជ្រកក្នុងទឹកត្រពាំង ប្រទាញឆាំងដាច់ខ្សែទាមដេកត្រាំទឹក ស្រាប់តែដល់វេលាព្រឹកមានបុរសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃ នឹកម្ដងភ័យ នឹកម្ដងអរថា ឯងអ្នកក្រមិនដែលប្រទះទ្រព្យនេះច្រើនណាស់ ក្របើនឹងលៃលកនឹងយកទៅជារបស់ខ្លួនក្រែងពុំសុខ ក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃ ចងក្របីយ៉ាងជាប់ត្រឡប់ទៅផ្ទះវិញ ហើយក៏តាំងពីសោតមារយាទប្រពន្ធ គិតថាបើប្រពន្ធមារយាទល្អនឹងយកទ្រព្យនោះទុកជារបស់ខ្លួន បើនិយាយអ្វីទៅមិនចេះលាក់នឹងយករបស់ទាំងអស់ជូនរាជការផែនដី ប្រយោជន៍ដើម្បីឱ្យតែសុខខ្លួន គិតហើយដើរទៅដល់ផ្ទះក៏តាំងពោលពាក្យកុហកប្រពន្ធថា អញជុះអាចម៍ពីថ្ងៃមិញមានសត្វក្អែក ១ ហើរចេញអំពីក្ដិត តែឯងអាណិតបិទមាត់ឱ្យឈឹងកុំឱ្យនរណាគេដឹង១ជាពីរ តែចូលត្រចៀកគេបែកអាក្រក់ណាស់ កើតមានជំនុំជម្រះសួរទៅសួរមក ហើយគ្មានទាំងសាក្សីបានដឹងនឹងអាង ក្រែងគេយកអញទៅឆ្កាងឬយកទៅដាក់គុក ឯប្រពន្ធនោះវាមិនទុក ដើរប្រាប់គេថា មានក្អែកពីរហើរចេញពីក្ដិតប្ដីអញ តែឯងកុំមាត់ មេ១ទៀតមិនអត់ទៅប្រាប់ថែមថា ក្អែក៥ប្រាប់១លើសៗតគ្នាដរាបដល់ក្អែក១០ ស្រាប់តែជ្រួតជ្រាបដរាបទៅដល់មហាក្សត្រ ទ្រង់ចាត់ប្រើរាជអាមាត្យ ឱ្យមកហៅបុរសនោះ ក៏ទៅថ្វាយបង្គំគាល់ស្ដេចទ្រង់ឆ្ងល់ក៏ត្រាស់មានបន្ទូលថា មែនឬមិនមែន ។ ឯបុរសនោះក៏ទូលឆ្លើយថា ទូលបង្គំជាខ្ញុំកុហកប្រពន្ធចង់ដឹងចិត្ត ព្រោះដ្បិតឃើញទ្រព្យហើយបុរសនោះរៀបរាប់ដូចមានខាងលើរៀងមកនេះ បង្គំលាទៅទឹមរទេះយកមកថ្វាយស្ដេច ទ្រង់ចែកចាយឱ្យបុរសនោះពាក់កណ្ដាល ដំណើរដំណាលក្អែក១ជាក្អែក១០ ក៏ចប់អស់តែប៉ុណ្ណឹង អាទាំងពីរស្លាប់ចោលឆ្អឹង ត្មាតក្អែកហួរហែកស៊ី ក្នុងទីព្រៃស្ងាត់អសារឥតការ ។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៥

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

Leave a Reply

avatar
  Subscribe  
Notify of