រឿង ​បុរស​ម្នាក់​ឈ្មោះ​ចៅ​អាចម៍​សេះ

មានបុរសម្នាក់ឈ្មោះមិនប្រាកដ តែគេហៅថាចៅអាចម៍សេះ ព្រោះនៅជាខ្ញុំសេដ្ឋីគេឲ្យឃ្វាលសេះប្រហែលជា ៥០ សេះឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ ប៉ុន្តែបុរសនោះជាប់រំឭកគុណព្រះពុទ្ធ បើឃ្វាលសេះក្តីឬធ្វើការអ្វីក្តីជាប់ទន្ទេញថា សម្មាសម្ពុទ្ធោ អញទៅដេញសេះ សម្មាសម្ពុទ្ធោ អញទៅលើកអាចម៍សេះ ធ្វើការអ្វីនីមួយក៏ទន្ទេញជាប់ដរាបទៅ ឯអាចម៍សេះនោះទៀតមិនលើកចោលទេច្រកការុងទុកជាច្រើន មានថ្ងៃ១ សំពៅ៥០០ បើកមកពីស្រុកចិននាំទំនិញមកលក់ បុរសនោះក៏ស្រែកហៅថា ឲ្យចូលមកនេះសិនសំពៅក៏ចូលមក ក៏សួរថាអ្នករាល់គ្នាបើសំពៅមកពីណា នាយសំពៅក៏ថាមកពីស្រុកចិន បុរសនោះក៏ថាអ្នកឯងស្គាល់ស្តេចក្រុងចិនទេ នាយសំពៅឆ្លើយថាស្គាល់ ព្រោះខ្ញុំនៅជិតព្រះរាជវាំង បុរសនោះថាស្តេចក្រុងចិននោះក្លើអញហើយជាមិត្រសម្លាញ់ពីថ្ងៃមុនរៀងមក បើអ្នកឯងត្រឡប់ទៅស្រុកចិនវិញចូលមក អញផ្ញើរបស់ទៅក្លើអញផង នាយសំពៅទាំងអស់ឆ្លើយថាបាទ នាំគ្នាចេញសំពៅទៅលក់ដូរប្រហែល ១៥ ថ្ងៃនាយសំពៅត្រឡប់មកវិញចូលទៅរកបុរសនោះហើយសួរថាអ្នកឯងបានអីផ្ញើទៅ យកមក ខ្ញុំទៅឥឡូវហើយ បុរសនោះថាខ្វះអីរបស់ខ្ញុំរៀបដាក់ក្នុងការុងបម្រុងផ្ញើទៅនាយសំពៅក៏ប្រើជើងឈ្នួលឲ្យជញ្ជូនដាក់សំពៅប្រហែល ៤០០ ការុងសុទ្ធតែការុងអាចម៍សេះ ហើយក៏លាបុរសនោះចេញសំពៅទៅស្រុកចិន ដល់ទៅដំណាក់ផែស្តេចស្រុកចិនហើយក៏បោះយុថ្កាឡើងទៅទូលស្តេចស្រុកចិន ថាមានក្លើស្តេចផ្ញើរបស់ពីស្រុកខ្មែរនោះ ក៏មានបន្ទូលឲ្យទៅជញ្ជូនការុងអាចម៍សេះនោះដាក់គរមុខព្រះលាន ស្តេចចាត់ឲ្យស្រាយមាត់ការុងចាក់មើលរបស់អ្វីខ្លះ ដល់ស្រាយចាក់ទៅឃើញសុទ្ធតែដុំមាសគ្រប់ការុងស្តេចក៏មានព្រះទ័យត្រេកអរណាស់រកទីបំផុតគ្មាន ក៏ទ្រង់គិតក្នុងព្រះចិន្តាថានឹងបានអ្វីផ្ញើទៅគេវិញ មានតែព្រះរាជបុត្រី១ ព្រះជន្ម១៨ឆ្នាំ ព្រះរូបព្រះឆោមល្អឯកលើសស្រីទាំងអស់គិតផ្ញើទៅឲ្យគេ គិតហើយក៏ចាត់ឲ្យជាងធ្វើស្គរ ១យ៉ាងធំពាសស្បែកសត្វទាំងសងខាង មានតែកន្លែងបើកចេញចូលពីខាងហើយក៏ដាក់ព្រះរាជបុត្រីនោះទៅក្នុងស្គរ ហើយមានទាំងកន្សែងបក់បោយមួយ​ផង ហើយចាត់បម្រើបើកសំពៅនាំទៅឲ្យចៅអាចម៍សេះដល់ទីកន្លែងបុរសនោះហើយក៏ស្រែកហៅថា ស្តេចក្រុងចិនក្លើផ្ញើស្គរមកឲ្យអ្នកផង១ ឲ្យវាយលេង បុរសនោះឮហើយក៏អរណាស់ អ្នកបម្រើក៏យកស្គរទៅចងក្នុងរោងសេះនោះ បុរសនោះក៏ចេះតែវាយលេងថាក្លើអញស្រឡាញ់អញ ផ្ញើឲ្យអញវាយលេង ដល់ថ្ងៃមួយ​ បុរសនោះវាយស្គរហើយទៅឃ្វាលសេះនាងដែលនៅក្នុងស្គរនោះចេញមករៀបបាយទឹកទុកបម្រុងឲ្យបុរសនោះហើយចូលទៅក្នុងស្គរវិញ បុរសនោះត្រឡប់មកឃើញបាយថានរណាយកបាយមករៀបឲ្យអញ ៗ ឃ្លានបាយអញស៊ីហើយ ធ្វើយ៉ាងនេះជាច្រើនថ្ងៃ បុរសនោះនឹកសង្ស័យថាអ្នកណាយកបាយមកឲ្យអញ ស៊ីរាល់ថ្ងៃម្ល៉េះអញចាំលបមើល ក៏ឃើញនាងនោះចេញពីក្នុងស្គរមករូបក៏ល្អឯកហើយបក់បោយអាហារកើតឡើងមួយរំពេច បុរសនោះក៏ភ័យស្រែកថាសម្មាសម្ពុទ្ធោមកពីណាល្អម៉្លេះអញរត់ហើយ ក៏រត់ទៅ នាងនោះក៏រត់ដេញតាម បុរសនោះក៏ស្រែក សម្មាសម្ពុទ្ធោ កុំចាប់អញអាណិតអញលែងអញទៅ នាងថាខ្ញុំមិនលែងទេអ្នកឯងជាប្តីខ្ញុំហើយ អាពុកខ្ញុំឲ្យមកធ្វើជាប្រពន្ធអ្នកឯងផ្ញើមាសប្រាក់ទៅអាពុកខ្ញុំច្រើនណាស់ ប្រកែកថាទេខ្ញុំមិនយកទេ ក៏នាងនោះនិយាយលួងលោមច្រើនដងក៏ស្ងៀមនាងក៏ដឹកដៃបុរសនោះមករោងសេះវិញ ក្នុងវេលាយប់នោះនាងអធិដ្ឋានកន្សែងបក់បោយហើយបក់ទៅកើតជាប្រាសាទវាំងរឿ មានមនុស្សគឹកកងរំពងក្នុងព្រះរាជវាំង បុរសចៅអាចម៍សេះហើយនឹងនាងនោះក៏នៅលើប្រាសាទមានមនុស្សច្រើនឆ្វេងស្តាំ អ្នកស្រុកទាំងពួងឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នា ក៏រត់ទៅប្រាប់សេដ្ឋីជាចៅហ្វាយបុរសនោះថាមានកើតប្រាសាទ វាំងរឿត្រង់ខ្ទមចៅអាចម៍សេះនោះច្រើនណាស់ សេដ្ឋីសង្ស័យរត់ទៅមើលឃើញហើយ ក៏ភិតភ័យរត់ទៅទូលស្តេចក្នុងនគរនោះតាមរឿង ។

ស្តេចជ្រាបហើយក៏ចាត់បម្រើឲ្យទៅពិនិត្យមើលឃើញពិតដូច្នោះមែន ស្តេចក៏មានព្រះទ័យទោមនស្សជាខ្លាំងថាឈ្មោះណាហ៊ានមកសាងប្រាសាទវាំងរឿក្នុងនគរអញ មានតែអញហើយជាស្តេចក្នុងនគរនេះ ក៏ចាត់ឲ្យនាហ្មឺនសព្វមុខមន្រ្តីមកគាល់ក៏មានព្រះបន្ទូលចាត់ឲ្យរៀបរេពលលើកទៅចាប់អាចោរកំណាចវាមកពីណា ស្តេចក៏យាងទៅជាមួយផង វេលានោះមានបម្រើទៅប្រាប់ចៅអាចម៍សេះ ហើយនិងនាងជាប្រពន្ធ ឯចៅអាចម៍សេះបានឮហើយក៏មានសេចក្តីភិតភ័យណាស់ ឯនាងបានប្រាប់ប្តីថា កុំឲ្យភ័យទុកឲ្យខ្ញុំច្បាំងនឹង​ស្តេច​នេះ នាងក៏រៀបខ្លួនចេញទៅហើយអធិដ្ឋានកន្សែងបក់បោយបក់ស្តេចនេះឲ្យខ្ចាត់ចេញពីនគរនេះចេញទាំងរេពលទាំងអស់ នាងក៏បក់ទៅ ស្តេចក៏អណ្តែតត្រសែតចេញបាត់ទៅ ហើយចៅអាចម៍សេះនិងនាងនោះបានសោយរាជ្យធ្វើជាស្តេចដោយអំណាចរំឭកគុណព្រះពុទ្ធ ៕

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖