រឿង ​បុរស​កម្ជិល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍

មានរឿងព្រេងមួយ​ដែលបានឮមក ថាមានបុរសកម្ជិលម្នាក់មាននាមមិនប្រាកដតែមានប្រពន្ធគ្រប់លក្ខណ៍ មានកិរិយាល្អគោរពប្រដិបត្តិប្តីតាំងពីចាប់ដើមបានគ្នាជាប្តីប្រពន្ធនោះ បុរសខ្ជិលចេះតែពីដេកឃ្លានក្រោកឡើងស៊ី ៗ រួចដេកទៅវិញទៀតសូម្បីថ្នាំជក់ក៏ឱ្យប្រពន្ធមូរឱ្យដែរ ប្រពន្ធក៏ជាមនុស្សគោរពប្រដិបត្តិប្តីមិនមានពាក្យអាក្រក់និយាយទៅលើប្តីសោះ លើកបាយទឹកនិងរបស់អ្វីសំពះ ដល់នៅយូរទៅមានសេចក្តីក្រខ្លាំងណាស់ នាងនោះក៏រកអ្វិចិញ្ចឹមពុំបានសោះហើយ ថ្ងៃមួយ​ នាងរៀបស្លា ៥ ម៉ាត់ បារី ៥ ចូលទៅក្រាបសំពះប្តីថា ខ្ញុំសុំទោសអ្នកប្តីដ្បិតយើងសព្វថ្ងៃក្រណាស់យើងមិនបានរកស៊ីគ្មានអ្វីទទួលទានទេ សុំឱ្យអ្នកប្តីទៅរកកាប់នង្គ័លរនាស់ធ្វើស្រែនឹងគេ រដូវធ្វើស្រែហើយ ប្តីឮថាឱ្យនាងដាំបាយវេចជាសំណុំប្តីនឹងទៅរកកាប់ឈើធ្វើនង្គ័លរនាស់ ប្រពន្ធក្រោកពីយប់ដាំបាយវេចជាកញ្ចប់មានដឹងពូថៅរៀបទុកឱ្យ បុរសកម្ជិលដេកទាល់ថ្ងៃរះ ប្រពន្ធពុំហ៊ានដាស់ចាំឱ្យក្រោកខ្លួនឯង ដល់ក្រោកហើយប្រពន្ធដងទឹកទៅឱ្យលាងមុខរួចស្រេច នាងក៏ហុចស្លាបារីទៅឱ្យប្តីនិងបាយកញ្ចប់គ្រឿងប្រដាប់ បុរសនោះក៏ចុះពីលើផ្ទះទៅចូលក្នុងព្រៃរកឈើឃើញឈើមួយ​ដើមមែកសាខាម្លប់ត្រជាក់បុរសនោះក៏ដាក់បាយសំណុំដឹងពូថៅ ហើយដេកគងអន្ទាក់ខ្លាមើលទៅលើហើយនិយាយតែមាត់ឯងថា មែកនេះត្រូវធ្វើភ្នាងនង្គ័ល មែកនេះធ្វើជាយាម មែកនេះត្រូវធ្វើដង មែកនេះត្រូវធ្វើនឹម មែកនេះត្រូវធ្វើរនាស់ គ្រាន់តែដេកថាប៉ុណ្ណឹងដល់ពេលឃ្លានបាយក្រោកឡើងស្រាយបាយ សំណុំស៊ី ៗ រួចដេកថាដូចមុនទៀត ថ្ងៃរសៀលត្រឡប់​មកផ្ទះវិញ ប្រពន្ធឃើញ រត់ទៅទទួលយកគ្រឿងប្រដាប់នាំប្តីឡើងលើផ្ទះយកទឹកលាងជើងឱ្យប្តី ហើយសួរប្តីថា អ្នកទៅបានការដូចម្តេចខ្លះ ថាមិនទាន់បានទេនាង ចាំស្អែកបានទៅទៀត ដល់ព្រឹកឡើងប្រពន្ធរៀបចំដូចមុនបុរសនោះ ទៅទៀតដល់កន្លែងដើមឈើមុននោះក៏ដេកគងអន្ទាក់ខ្លាដូចមុនទៀតគ្រប់៣ថ្ងៃ ដើមឈើនោះមានអារុក្ខទេវតាអាស្រ័យនៅនោះ ឮបុរសកម្ជិលថាដូច្នោះ ក៏ភិតភ័យ ខ្លាចខូចទីលំនៅរកកន្លែងនៅគ្មាន នឹងតាមទៅវាយសម្លាប់បុរសកម្ជិលនេះឱ្យស្លាប់នៅមាត់ជណ្តើរផ្ទះកុំឱ្យវាមកកាប់ឈើនេះបាន បុរសនោះក៏ត្រឡប់មកផ្ទះវិញ អារុក្ខទេវតាតាមមកដល់មាត់របង នាងជាប្រពន្ធរត់ទៅទទួលប្តីដល់មាត់ជណ្តើរយកទឹកលាងជើងប្តីទេវតាខ្លាចសិរីសួស្តីប្រពន្ធនោះ ចូលមិនចុះ មិនហ៊ានវាយបុរសនោះ ក៏រួចពីអន្តរាយឡើងលើផ្ទះទៅប្រពន្ធសួរនិយាយដូចមុនទៀតថា បានគ្រប់សព្វអស់ហើយព្រឹកនឹងទៅកាប់ វេលានោះទេវតាភិតភ័យណាស់ បុរសនោះមុខជាកាប់ហើយព្រឹកនេះ ក៏នាំគ្នាមកនិយាយអង្វរថា សុំកុំឱ្យកាប់ដើមឈើនោះ បុរសថា អញមិនព្រមទេ ព្រឹកនេះអញទៅកាប់ហើយ ទេវតានោះភ័យណាស់ក៏មកគិតគ្នានិយាយសូកប្រាក់ទីកន្លែងកំណប់មាសប្រាក់នោះឱ្យបុរសនោះៗ ថាឱ្យកំណប់អញប៉ុន្មានកន្លែង ទេវតាថាពីរកន្លែង ថាមិនព្រមទេបើ៤កន្លែងបានព្រមហើយឱ្យដាក់ឈើសម្គាល់ឱ្យផង ទេវតាក៏ព្រមធ្វើតាមកុំឱ្យតែកាប់ដើមឈើនោះ បុរសថា ខ្ញុំលែងកាប់ព្រឹកនេះ ខ្ញុំទៅគាស់កំណប់យកហើយ ទេវតាថា ទៅចុះខ្ញុំដោតឈើសម្គាល់ឱ្យ ដល់ព្រឹកឡើងប្តីប្រពន្ធទៅគាស់កំណប់ដែលទេវតាឱ្យ ក្នុងកំណប់មួយៗជញ្ជូនបីថ្ងៃពីរនាក់ប្តីប្រពន្ធសុទ្ធតែមាសនិងប្រាក់ចាក់គរពេញផ្ទះ នាងនោះក៏រៀបចំដាក់ហិបដាក់ឡាំងមិនឱ្យអ្នកណាឃើញ ហើយក៏យកជាងមកជួសឱ្យធ្វើគ្រឿងប្រដាប់លក់ជាជំនួញ រឹតតែមានឡើងៗ បានជាសេដ្ឋីមួយ​ មានមនុស្សកុះករមូលមកនៅពឹងទ្រព្យជាច្រើនរាប់មិនអស់ ៕

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

Leave a Reply

avatar
  Subscribe  
Notify of